VOA News: ព័ត៌មាន: “ទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រីថៃនាំឲ្យទំនាក់ទំនងកម្ពុជាថៃវិលទៅរកប្រក្រតីភាព” plus 7 more |
- ទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រីថៃនាំឲ្យទំនាក់ទំនងកម្ពុជាថៃវិលទៅរកប្រក្រតីភាព
- អំពើពុករលួយនៅកម្ពុជាធ្វើឲ្យអ្នកវិនិយោគបរទេសខ្លាចរអា
- ក្មេងបៅដោះមេគោមានសុខភាពល្អ តែជីតាខ្លាចអ្នកជិតខាងចម្អកពេលវាធំឡើង
- អ្នកជំនាញពិនិត្យសុខភាពជនចុងចោទអៀង ធីរិទ្ធឡើងវិញ
- ព័ត៌មានអន្តរជាតិសង្ខេប៖ ១៥ កញ្ញា
- តុលាការពិសេសសម្រាប់ពួកខ្មែរក្រហមចាប់ផ្តើមដំណើរការនីតិវិធីបណ្តឹងប្រឆាំងវីអូអេ ពីបទ«ជ្រៀតជ្រែកចូលក្នុងកិច្ចការតុលាការ»
- ប្រជាពលរដ្ឋបឹងកក់ស្វះស្វែងរកជំនួយពីប្រទេសផ្តល់ជំនួយ
- អាជ្ញាធរបិទអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុកមួយ
ទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រីថៃនាំឲ្យទំនាក់ទំនងកម្ពុជាថៃវិលទៅរកប្រក្រតីភាព Posted: 15 Sep 2011 02:11 PM PDT នៅថ្ងៃព្រហស្បតិ៍នេះ នាយករដ្ឋមន្ត្រីកម្ពុជា និងថៃបានឯកភាពគ្នាធ្វើឲ្យប្រសើរឡើងវិញនូវទំនាក់ទំនងទ្វេភាគី។ ការចរចារយៈពេលជាង ២ម៉ោងរវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកស្រីនាយករដ្ឋមន្ត្រីថៃ យីងឡាក់ ស៊ីណាវ៉ាត្រ (Yingluck Shinawatra) នេះបានផ្តោតជាសំខាន់ទៅលើការពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យកាន់តែប្រសើរឡើងវិញ បន្ទាប់ពីមានភាពសៅហ្មងនៃទំនាក់ទំនងទ្វេភាគីអស់រយៈពេលជាងបីឆ្នាំកន្លងមកនេះ។ លោកខៀវ កញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងក្រុមអ្នកយកព័ត៌មាន ក្រោយកិច្ចប្រជុំថា ជម្លោះប្រទេសខាងគឺជារឿងធម្មតា។ «បេសកកម្មរបស់លោកស្រី នេះជាបេសកកម្មអណ្តាតនិងធ្មេញ បានន័យថាមកសម្របសម្រួល ដើម្បីឲ្យទំនាក់ទំនងរវាងប្រទេសទាំងពីរនេះបានល្អឡើងវិញ»។ លោក ហោ ណាំហុង បានបញ្ជាក់ថា នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ បានឯកភាពគ្នាថា ធ្វើយ៉ាងណាឲ្យវិស័យផ្សេងៗទៀតបន្តសម្រុះសម្រួល និងអភិវឌ្ឍវិស័យផ្សេងៗទៀត ដូចជាពាណិជ្ជកម្ម និងទេសចរណ៍។ «លោកស្រី យីងឡាក់ បានស្នើឲ្យមានការបើកការតាំងពិព័ណពាណិជ្ជកម្មថៃ និងកម្ពុជា។ សម្តេចតេជោ បានឯកភាពលើបញ្ហានេះ ហើយលោកស្រីក៏បានលើកអំពីបញ្ហាលោក វីរ៉ា (Veera) និងអ្នកស្រី រ៉ាទ្រី (Ratree) ដែលជាប់គុកនៅកម្ពុជា។ សម្តេចបានលើកថា យើងកំពុងតែពិនិត្យមើលករណីនេះ។ យើងអាចស្នើទៅព្រះមហាក្សត្របន្ថយទោសជាជំហ៊ានៗ ហើយយើងត្រូវតែពិនិត្យទៀត។ កម្ពុជាត្រូវតែគោរពច្បាប់របស់តុលាការកម្ពុជាដែលតម្រូវឲ្យជាប់ទោសពីរភាគបីសិន»។ ចំពោះបញ្ហាជម្លោះព្រំដែននៅក្បែរប្រាសាទព្រះវិហារ លោក ហោ ណាំហុង បានថ្លែងថា ភាគីទាំងពីរត្រូវតែគោរពតាមការបកស្រាយសាលក្រមឆ្នាំ១៩៦២របស់តុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេ។ លោក ហោ ណាំហុង បានបន្តថាលោកស្រី យីងឡាក់ បានឯកភាពអនុវត្តតាមសេចក្តីសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេ អំពីតំបន់គ្មានកងទ័ពបណ្តោះអាសន្ននៅតំបន់ជម្លោះព្រំដែនក្បែរប្រាសាទព្រះវិហារ និងតួនាទីរបស់ប្រទេសឥណ្ឌូនេស៊ី។ «សម្តេចមានប្រសាសន៍ថា រដ្ឋាភិបាលសព្វថ្ងៃក៏មិនអាចដកថយបានអំពីតំបន់ ៤,៦គីឡូម៉ែត្រក្រឡានេះ ដោយសារជាទឹកដីរបស់កម្ពុជា។ កម្ពុជាក៏មិនអាចដកថយបានអំពីទឹកដី ៤,៦គីឡូម៉ែត្រក្រឡានេះ។ ដូច្នេះ យើងទុកឲ្យតុលាការយុត្តិធម៌អន្តរជាតិបកស្រាយបញ្ហានេះ"។ ចំពោះសេចក្តីសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេស្តីពីតំបន់គ្មានកងទ័ព លោក ហោ ណាំហុង បានបញ្ជាក់ថាយើងរក្សាឲ្យបាននូវតំបន់គ្មានកងទ័ពបណ្តោះអាសន្នរហូតដល់តុលាការបកស្រាយសាលក្រមឆ្នាំ១៩៦២។ ចំពោះបញ្ហាប្រេង និងឧស្ម័ននៅតំបន់ត្រួតគ្នានៅឈូងសមុទ្រថៃនោះ លោក ហោ ណាំហុង បានថ្លែងថាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែនបានលើកឡើងថា ភាគីទាំងពីរបន្តអនុវត្តន៍អនុស្សារណៈយោគយល់ឆ្នាំ២០០១។ «សម្តេចបានស្នើថា ឥឡូវយើងចរចាចំហររវាងរដ្ឋាភិបាលទាំងពីរ។ ចរចាជាចំហ ដើម្បីដោះស្រាយបញ្ហាតំបន់ត្រួតគ្នានៅសមុទ្រនេះ។ ដោយផ្អែកលើអនុស្សារណៈយោគយល់ឆ្នាំ២០០១ និងយន្តការដែលមានស្រាប់ដើម្បីដោះស្រាយបញ្ហានេះ»។ លោក ហោ ណាំហុង បានបន្ថែមថា នាយករដ្ឋមន្ត្រីទាំងពីរបានឯកភាពឲ្យមានអាជ្ញាធរនៅតាមព្រំដែននៃប្រទេសទាំងពីរជួបគ្នាដោះស្រាយបញ្ហាសណ្តាប់ធ្នាប់ បញ្ហារត់ពន្ធមនុស្ស បញ្ហាជួញដូរគ្រឿងញៀន និងការបើកច្រកព្រំដែនថ្មីទៀត។ ទស្សនកិច្ចផ្លូវការរបស់លោកស្រីនាយករដ្ឋមន្ត្រីថៃ យីងឡាក់ មកកាន់ទីក្រុងភ្នំពេញ នៅថ្ងៃព្រហស្បតិ៍នេះ បានធ្វើឡើងមួយថ្ងៃ មុនការមកដល់របស់លោកអតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត្រ (Thaksin Shinawatra) ដែលជាបងប្រុសរបស់លោកស្រី។ លោក ថាក់ស៊ីន នឹងស្នាក់នៅកម្ពុជារហូតដល់ថ្ងៃទី២៤ ខែកញ្ញានេះ៕ This posting includes an audio/video/photo media file: Download Now |
អំពើពុករលួយនៅកម្ពុជាធ្វើឲ្យអ្នកវិនិយោគបរទេសខ្លាចរអា Posted: 15 Sep 2011 02:42 PM PDT ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក លោកស្រី ខារ៉ូល រ៉ដលី (Carol Rodley) បានរំឭកនៅថ្ងៃ ព្រហស្បតិ៍នេះថា អំពើពុករលួយធ្វើឲ្យកម្ពុជាខកខានក្នុងការសម្រេចសក្តានុពលរបស់ខ្លួនឲ្យបានពេញលេញ និងធ្វើឲ្យក្រុមអ្នកវិនិយោគមានការភ័យខ្លាច។ ការកត់សម្គាល់របស់មន្ដ្រីការទូតសហរដ្ឋអាមេរិកធ្វើឡើងក្នុងសេចក្ដីថ្លែងការណ៍របស់លោកស្រីក្នុងពិធីបើកសន្និសីទថ្នាក់ជាតិមួយស្ដីពីការចូលរួមរបស់អង្គការសង្គមស៊ីវិលក្នុងសកម្មភាពប្រឆាំងនឹងអំពើពុករលួយក្នុងទីក្រុង ភ្នំពេញ។ លោកស្រី រ៉ដលី បានបញ្ជាក់ថាអំពើពុករលួយបានរារាំងការអភិវឌ្ឍនិងធ្វើឲ្យប្រទេសជាតិទន់ខ្សោយ។ លើសពីនោះទៀត វាក៏បំផ្លាញការទុកចិត្តរបស់ប្រជាពលរដ្ឋផងដែរ។ «អំពើពុករលួយរារាំងប្រទេសនានា ដូចជាប្រទេសកម្ពុជាជាដើមមិនឲ្យសម្រេចនូវសក្កានុពលពេញលេញរបស់ខ្លួន។ អំពើពុករលួយទាញយកផលចំណូលសាធារណៈទៅឲ្យជនមួយក្ដាប់តូច។ អំពើពុករលួយជាមូលហេតុដែលអ្នកវិនិយោគគិនអន្ដរជាតិរារែកក្នុងការធ្វើការវិនិយោគ។ អំពើពុករលួយបំផ្លាញសេចក្ដីទុកចិត្តរបស់ប្រជាពលរដ្ឋចំពោះរដ្ឋាភិបាលនិងនីតិរដ្ឋ» កម្ពុជាបានទទួលរងការរិះគន់ជាច្រើនទាក់ទងនឹងអំពើពុករលួយ ខណៈដែលប្រទេសនេះ ត្រូវការពឹងពាក់ជំនួយបរទេសប្រមាណជា១.០០០ លានដុល្លាក្នុងមួយឆ្នាំ។ ភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្ដរជាតិ (USAID) ធ្លាប់បានបញ្ចេញរបាយការណ៍ដែលបង្ហាញថា កម្ពុជាបាត់បង់ចំណូលថវិការរដ្ឋចន្លោះពី៣០០ ទៅ៥០០ លានដុល្លាអាមេរិកក្នុងមួយឆ្នាំៗ។ លោក កែវ រ៉េមី អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយរបស់រដ្ឋាភិបាលមានប្រសាសន៍ថា កម្ពុជាកំពុងធ្វើការផ្សព្វផ្សាយអំពីការប្រឆាំងនឹងអំពើពុករលួយ ហើយកម្ពុជាកំពុងធ្វើការជំរុញការទប់ស្កាត់បញ្ហានេះបន្ដទៀត។ «រាជរដ្ឋាភិបាលកម្ពុជាដឹងបញ្ហានេះហើយ។ ដូច្នេះហើយទើបយើងធ្វើកិច្ចការបានច្រើនក្នុងរយៈពេលខ្លី។ ហើយវាទាមទារការអប់រំ វិធានការទប់ស្កាត់តាមរយៈការប្រកាសទ្រព្យសម្បតិ្ត។ ហើយការប្រកាសទ្រព្យសម្បតិ្តយើងនៅបន្ដរាល់ថ្ងៃ»។ ច្បាប់ប្រឆាំងអំពើពុករលួយរបស់កម្ពុជា បានចូលជាធរមានកាលពីឆ្នាំ ២០១០។ ច្បាប់នេះបានស៊ីពេលជាងដប់ឆ្នាំសម្រាប់ការរៀបចំតាក់តែង និងជាច្បាប់ដែលបានទទួលរងសម្ពាធពីសហគមន៍ និងប្រទេសផ្ដល់ជំនួយចំពោះភាពយឺតយ៉ាវក្នុងការអនុម័តសម្រាប់យកមកប្រើប្រាស់។ មានជនសង្ស័យមួយចំនួនតូចប៉ុណ្ណោះត្រូវចាប់ខ្លួន និងចោទប្រកាន់ពីបទពាក់ព័ន្ធនឹងអំពើខុសច្បាប់ខាងលើនេះ។ ក្រុមអង្គការសង្គមស៊ីវិលដែលបានចូលរួមក្នុងសន្និសីទនៅថ្ងៃនេះមានតំណាងអង្គការតម្លាភាពអន្ដរជាតិមកពីប្រទេសបង់ក្លាដេស និងការិយាល័យអង្គការសហប្រជាជាតិប្រឆាំងគ្រឿងញៀន និងឧក្រិដ្ឋកម្មផងដែរ។ អ្នកតំណាងនីមួយៗបានបង្ហាញបទពិសោធន៍ និងតួនាទីក្នុងការប្រឆាំងអំពើពុករលួយ។ លោក ហង្ស ឆាយា នាយកប្រតិបត្តិនៃវិទ្យស្ថានខ្មែរដើម្បីលទ្ធិប្រជាធិបតេយ្យ និងជាអនុប្រធានក្រុមប្រឹក្សាភិបាលនៃអង្គការតម្លាភាពកម្ពុជា បញ្ជាក់ក្រោយពីសន្និសីទនៅថ្ងៃនេះថា ក្រុមសង្គមស៊ីវិល ចង់ឃើញការកាត់បន្ថយអំពើពុករលួយដើម្បីចៀសវាងការរារាំងដល់កិច្ចអភិវឌ្ឍនៅកម្ពុជា។ «ចង់ឃើញការអភិវឌ្ឍប្រកបដោយតម្លាភាព កាត់បន្ថយអំពើពុករលួយ គួបផ្សំនឹងអ្វីដែលរដ្ឋាភិបាលដាក់ចុះនូវគោលនយោបាយប្រឆាំងអំពើពុករលួយ ដូច្នេះយើងចង់ឃើញមានសន្ទុះរីកចំរើនផ្នែកនេះ»។ លោកស្រី ផេនី រីឆាតស៍ (Penny Rechards) ឯកអគ្គរដ្ឋទូតប្រទេសអូស្ដ្រាលីរំពឹងថា ក្រុមអង្គការសង្គមស៊ីវិលនឹងអាចបង្កើតសម្ព័ន្ធដ៏រឹងមាំមួយប្រឆាំងនឹងអំពើពុលរលួយនៅកម្ពុជា។ លោកកែវ រ៉េមី អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយមានប្រសាសន៍ថា រដ្ឋាភិបាលបើកចំហឲ្យមានកិច្ចសហការពីគ្រប់មជ្ឈដ្ឋានសម្រាប់ការប្រយុទ្ធនឹងអំពើពុករលួយនេះ៕ This posting includes an audio/video/photo media file: Download Now |
ក្មេងបៅដោះមេគោមានសុខភាពល្អ តែជីតាខ្លាចអ្នកជិតខាងចម្អកពេលវាធំឡើង Posted: 15 Sep 2011 02:30 PM PDT គ្រូពេទ្យនិយាយថា ទឹកដោះម្តាយផ្តល់សុខភាពល្អបំផុតសម្រាប់ទារក។ តែក្មេងប្រុសម្នាក់នេះយល់ផ្សេង ហើយបានមកបៅដោះមេគោ ប្រហែលជាយល់ថា បៅដោះ៤ល្អជាងបៅដោះពីរ។ លោកអ្នកមិនស្រវាំងភ្នែកទេ ក្មេងនេះបៅដោះមេគោមែន។ លោកអុំ អឿងជាជីតារបស់ក្មេងនេះ។ គាត់និយាយថា ក្មេងនេះបៅដោះមេគោកាលពីមួយខែមុននេះ គឺនៅពេលឪពុកម្តាយទៅធ្វើការនៅប្រទេសថៃ។ «ថ្ងៃណោះខ្ញុំទៅបោចចំបើងគោ។ វាទៅជាមួយខ្ញុំ។ វាចេះដើរ វាទៅជាមួយខ្ញុំ។ វាឃើញកូនគោមឹមមេវា វាចេះតែដើរចូលទៅ។ ខ្ញុំថា អាអូន! អាអូន! ប្រយ័ត្នគោជាន់។ អ្ហែងថយមកវិញ! វាក៏ឈរធ្មឹងនៅជិតនោះ។ ឈរសើចៗ នៅជិតនោះឯង។ ខ្ញុំស្មានតែវានៅស្ងៀម ខ្ញុំក៏បោចចំបើង។ ងាកទៅ ឃើញវាទៅទប់ជើងគោមួយចំហៀង វាចាប់ដោះគោ។ ខ្ញុំទម្លាក់ចំបើងចោល ហើយរត់ទៅយកវាមក វិញ។ វាយំ។ ខ្ញុំថា អានេះយ៉ាងម៉េច? ចង់មឹមគោនឹងគេដែរអញ្ចឹង? ដល់ខ្ញុំលេងវាទៅទៀត។ វាក៏ចាប់ផ្តើមមឹម។ ចាប់ផ្តើមទាញដោះមកក៏មឹម»។ <!--AV--> ជីតារបស់កុមារនេះនិយាយថា គាត់ចង់ឲ្យក្មេងអាយុ១៨ខែនេះឈប់បៅដោះមេគោ ព្រោះគាត់ខ្លាចអ្នកភូមិចម្អកឲ្យ។ អ្នកស្រីប្រាក់ភ័ណយល់ស្រប។ «នេះជាលើកទីមួយ។ ខ្ញុំចង់សើចឃើញក្មេងទៅបៅមេគោ។ ដៃមួយវាលេងដោះមេគោ។ ដៃមួយឱប មាត់វាបៅ។ ចម្លែកត្រង់នោះឯង»។ មេគោរបស់គ្រួសារនោះមិនបានកំណាញ់ទេ ឬប្រហែលជាស្រឡាញ់កុមារនេះ ដូចកូនរបស់ខ្លួនដែរ៕ This posting includes an audio/video/photo media file: Download Now |
អ្នកជំនាញពិនិត្យសុខភាពជនចុងចោទអៀង ធីរិទ្ធឡើងវិញ Posted: 15 Sep 2011 12:07 PM PDT គ្រូពេទ្យជំនាញចំនួនបួនរូបទើបតែចាប់ផ្តើមពិនិត្យសុខភាពជនជាប់ចោទអៀង ធីរិទ្ធ ក្នុងសំណុំរឿង០០២ ឡើងវិញ កាលពីថ្ងៃច័ន្ទ និងថ្ងៃអង្គារ ក៏ប៉ុន្ដែក្រុមគ្រូពេទ្យនៅមិនទាន់ធ្វើការវាយតម្លៃយ៉ាងណានៅឡើយទេ។ លោក នេត្រ ភក្ដ្រា អ្នកនាំពាក្យសាលាក្ដីខ្មែរក្រហម មានប្រសាសន៍នៅថ្ងៃពុធនេះថា ក្នុងចំណោមគ្រូពេទ្យជំនាញទាំងបួនរូប មានគ្រូពេទ្យកម្ពុជាពីររូប និងគ្រូពេទ្យអន្ដរជាតិចំនួនពីររូប ដែលត្រូវបាន តែងតាំងដោយអង្គជំនុំជម្រះសាលាដំបូងឲ្យធ្វើការត្រួតពិនិត្យបន្ថែមលើសុខភាពជនជាប់ចោទវ័យ ៧៩ឆ្នាំរូបនេះ រយៈពេលពីរសប្ដាហ៍ ក៏ប៉ុន្ដែការពិនិត្យសុខភាពជនជាប់ចោទទើបតែត្រូវបានធ្វើឡើងបានចំនួនពីរថ្ងៃដំបូងតែប៉ុណ្ណោះ។ លោកបញ្ជាក់ថា នៅមិនទាន់មានរបាយការណ៍អំពីបញ្ហានេះនៅឡើយ។ «យើងមិនទាន់មានព័ត៌មានលម្អិតទាក់ទងទៅនឹងការវាយតម្លៃផ្នែកវេជ្ជសាស្ដ្រនៅពេលនេះទេ»។ កាលពីចុងខែសីហា អង្គជំនុំជម្រះសាលាដំបូងរបស់សាលាក្ដីខ្មែរក្រហម បានបើកសវនាការរយៈពេលបីថ្ងៃ ដើម្បីពិចារណាលើសម្បទា និងស្មារតីជនជាប់ចោទអៀង ធីរិទ្ធ អតីតរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច និងនួន ជា អតីតប្រធានសភាខ្មែរក្រហមនៅក្នុងការចូលរួមសវនាការ និងលទ្ធភាពរបស់ពួកគាត់នៅក្នុងការអង្គុយនៅក្នុងសវនាការរយៈពេលយូរ។ នៅក្នុងសវនាការនោះ លោកសាស្ដ្រាចារ្យ ចន ខាំបែល (John Campbell) គ្រូពេទ្យជំនាញផ្នែកជំងឺមនុស្សចាស់បានបញ្ជាក់ថា លោកបានរកឃើញថា អៀង ធីរិទ្ធ មានបញ្ហាសុខភាពធ្ងន់ធ្ងរ។ ខួរក្បាលរបស់គាត់មានភាពច្របូកច្របល់ក្នុងខួរក្បាល បាត់ការចងចាំ ព្រមទាំងពិបាកក្នុងការចោទជាសំណួរលើរូបគាត់នៅក្នុងសវនាការ ហើយគាត់ថែមទាំងមិនអាចចូលរួមសវនាការតាមរយៈវីដេអូភ្ជាប់ចូលទៅកាន់បន្ទប់គាត់បានទៀតផង។ ក៏ប៉ុន្ដែលោក ចន ខាំបែល បញ្ជាក់ថា នួន ជា នៅមានលទ្ធភាពដែលអាចចូលរួមសវនាការបានគ្រប់គ្រាន់ និងនៅមានស្មារតីក្នុងការផ្ចង់អារម្មណ៍បាន។ លោក ផាត់ ពៅស៊ាង សហមេធាវីកម្ពុជារបស់អៀង ធីរិទ្ធ មានប្រសាសន៍ថា អាចនឹងមានសវនាការមួយថ្មីទៀតរបស់អង្គជំនុំជម្រះសាលាដំបូង ដើម្បីសម្រេចលើបញ្ហាសុខភាពរបស់កូនក្ដីរបស់លោក នៅពេលដែលរបាយការណ៍វេជ្ជសាស្ដ្រទីពីរនឹងចេញជាលទ្ធផល។ «គេត្រូវមានសវនាការ ហើយនៅពេលនោះអ្នកជំនាញត្រូវមកឆ្លើយបំភ្លឺចំពោះការសួរដេញដោល»។ អៀង ធីរិទ្ធ រួមជាមួយនឹងជនជាប់ចោទបីនាក់ផ្សេងទៀតក្នុងសំណុំរឿង០០២ ត្រូវចោទប្រកាន់ពីបទឧក្រិដ្ឋកម្មសង្គ្រាម ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងបទប្រល័យពូជសាសន៍ ដែលនាំឲ្យស្លាប់ប្រជាពលរដ្ឋកម្ពុជាអស់ជិតពីរលាននាក់ចន្លោះពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩។ រហូតមកទល់ពេលនេះមិនទាន់មានគម្រោងការស្ដីពីការប្រកាសការសម្រេចលើសវនាការស្ដីពីបញ្ហាសុខភាពកាលពីខែមុននោះនៅឡើយ។ ការកាត់ទោសពេញអង្គសេចក្ដីលើជនជាប់ចោទទាំងបួនត្រូវគេរំពឹងថា នឹងអាចប្រព្រឹត្តទៅបានក្នុងអំឡុងឆមាសទី១ឆ្នាំ២០១២៕ This posting includes an audio/video/photo media file: Download Now |
ព័ត៌មានអន្តរជាតិសង្ខេប៖ ១៥ កញ្ញា Posted: 15 Sep 2011 01:32 AM PDT ព័ត៌មានចុងក្រោយបំផុត៖ កម្ពុជា/ថៃ៖ លោកស្រីយីងឡាក់ ស៊ីណាវ៉ាត់ នាយករដ្ឋមន្រ្តីថៃបានអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជានៅថ្ងៃព្រហស្បតិ៍នេះ ដោយសង្ឃឹមថានឹងធ្វើឲ្យទំនាក់ទំនងរវាងប្រទេសទាំងពីរមានភាពដូចប្រក្រតីឡើងវិញ បន្ទាប់ពីមានការវាយប្រយុទ្ធគ្នាមួយចំនួនតាមព្រំដែនដែលបណ្តាលឲ្យមានមនុស្សស្លាប់ទាំងសងខាង។ លីប៊ី៖ លោកនាយករដ្ឋមន្រ្តី David Cameron នៃប្រទេសអង់គ្លេស និងលោកប្រធានាធិបតី Nicolas Sarkozy នៃប្រទេសបារាំង បានអញ្ជើញទៅប្រទេសលីប៊ី ដើម្បីធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាលស្តីទីរបស់ប្រទេសនេះ។ ទស្សនកិច្ចនេះបានធ្វើឲ្យលោកទាំងពីរក្លាយជាប្រមុខរដ្ឋបរទេសមុនគេ ដែលបានទៅទស្សនាប្រទេសលីប៊ី ចាប់តាំងពីមានការទម្លាក់អតីតមេដឹកនាំ Moammar Gadhafi ចេញពីតំណែងមក។ សហរដ្ឋអាមេរិក/ប៉ាគីស្ថាន៖ រដ្ឋមន្រ្តីក្រសួងការពារប្រទេសសហរដ្ឋអាមេរិក លោក Leon Panetta បានព្រមានប្រទេសប៉ាគីស្ថានកាលពីថ្ងៃពុធថា សហរដ្ឋអាមេរិកនឹង«ធ្វើអ្វីទាំងអស់ដែលខ្លួនអាចធ្វើបាន» ដើម្បីការពារប្រឆាំងនឹងជនសកម្មប្រយុទ្ធដែលមានមូលដ្ឋាននៅក្នុងប្រទេសប៉ាគីស្ថាន ហើយដែលកំពុងធ្វើការវាយប្រហារនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។ អ៊ីស្រាអែល//ប៉ាឡេស្ទីន៖ មន្រ្តីប៉ាឡេស្ទីនម្នាក់បាននិយាយថា ប្រជាពលរដ្ឋប៉ាឡេស្ទីននឹងបង្ហាញពាក្យសុំរបស់ខ្លួននៅសប្តាហ៍ក្រោយ ដើម្បីឲ្យអង្គការសហប្រជាជាតិទទួលស្គាល់រដ្ឋប៉ាឡេស្ទីននៅពេលដែលប្រេសិតបស្ចិមប្រទេសបន្តជំរុញឲ្យមានការចាប់ផ្តើមកិច្ចចរចារសន្តិភាពរវាងប្រទេសអ៊ីស្រាអែល និងប្រទេសប៉ាឡេស្ទីនជាថ្មីឡើងវិញ។ យេម៉ែន៖ ការវាយប្រយុទ្ធគ្នាជាថ្មីទៀតរវាងកងទ័ពដែលគាំទ្រលោកប្រធានាធិបតី Ali Abdullah Saleh និងពួកកុលសម្ព័ន្ធអ្នកប្រឆាំងបានសម្លាប់មនុស្សយ៉ាងតិច៣នាក់ នៅក្នុងសង្កាត់ខាងជើងនៃរដ្ឋធានី Sana'a ក្នុងពេលអំពើហិង្សាកំពុងបន្តនៅឡើយ នៅតំបន់ដែលមានភាពវឹកវរក្នុងប្រទេសយេម៉ែនភាគខាងត្បូង។ អង់គ្លេស/ស្វ៊ីស៖ នគរបាលនៅក្រុងឡុងដ៍និយាយថា ពួកគេបានចាប់ខ្លួនបុរសម្នាក់ ដែលជាប់ចោទពីការធ្វើពាណិជ្ជកម្មក្លែងក្លាយ ដែលធ្វើឲ្យធនាគារប្រទេសស្វីសឈ្មោះ UBS ខាតប្រាក់អស់ចំនួន ២ពាន់លានដុល្លារ។ នគរបាលនិយាយថា ភ្នាក់ងារបានចាប់ខ្លួនបុរសនេះនៅថ្ងៃព្រហស្បតិ៍អំពីបទសង្ស័យថាគាត់បានប្រើតំណែងរបស់គាត់ដើម្បីធ្វើការលួចបន្លំនេះ។ <!--AV--> ព័ត៌មាននៅពេលមុននេះ៖ <!--IMAGE-RIGHT--> ចិន៖ នាយករដ្ឋមន្ដ្រីចិន លោក វ៉េន ជិបាវ ថ្លែងថា ចិននឹងបន្ដពង្រីកវិនិយោគនៅក្នុងតំបន់ប្រើប្រាក់អឺរ៉ូ តែថ្លែងថា សេដ្ឋកិច្ចបស្ចឹមប្រទេសធ្ងន់ធ្ងរដោយបំណុលច្រើន សមនឹងកាត់បន្ថយឧនភាពថវិកា ជាជាងពឹងផ្អែកមកលើប្រទេសលោក ក្នុងការជួយបន្ធូរវិបត្ដិសកល។ ឥណ្ឌា៖ រដ្ឋាភិបាលឥណ្ឌា បានសរសេរសេចក្ដីព្រាងច្បាប់មួយដែល នឹងផ្ដល់តម្លៃថោកដល់គ្រាប់ធញ្ញជាតិ រហូតដល់២ភាគ៣ នៃមនុស្ស ១ពាន់២ រយលាននាក់របស់ខ្លួនដែលរស់នៅក្នុងប្រទេសប៉ះពាល់ខ្លាំងពីអាហារឡើងថ្លៃ និង ប្រេងថ្លៃខ្ពស់។ អាស៊ី៖ រដ្ឋាភិបាលអាស៊ីបានទទួលផែនការដាស់តឿនទៅអនាគតអំពីចំនួនកាន់តែច្រើននៃពលរដ្ឋអាយុច្រើនយ៉ាងឆាប់រហ័សរបស់តំបន់មិនធ្លាប់មានក្នុងប្រវត្ដិសាស្រ្ដរបស់មនុស្សជាតិ។ ភូមា៖ ប្រិយសិតពិសេសរបស់សហរដ្ឋអាមេរិកលោក Derek Mitchell ថ្លែងថា មន្ដ្រីភូមាបាននិយាយទាមទារថាខ្លួនប្ដេជ្ញានឹងធ្វើការកែទម្រង់ តែលោកអំពាវនាវដល់មន្ដ្រីទាំងនោះ សុំ ឲ្យគោរពពាក្យសន្យារបស់ខ្លួន ដោយធ្វើសកម្មភាពដុំកំភួន។ លីប៊ី៖ មន្ដ្រីថ្នាក់ខ្ពស់ក្រសួងការបរទេសសហរដ្ឋអាមេរិក លោក Jeffrey Feltman ថ្លែងថាលោកបាននិយាយធានាប្រាប់មន្ដ្រីលីប៊ីថា រដ្ឋបាលសហរដ្ឋអាមេរិកនឹងគោរពអធិបតេយ្យភាពរបស់លីប៊ី ហើយលោកនិយាយបន្ថែមថា អនាគតរបស់លីប៊ីស្ថិតនៅក្នុងដៃរបស់ពលរដ្ឋ។ អឺរ៉ុប៖ មេដឹកនាំក្រិក បារាំង និងអាល្លឺម៉ង់ បានបើកសន្និសីទទូរស័ព្ទ កាលពីថ្ងៃពុធ ដើម្បីស្វែងរកមធ្យោបាយទប់ស្កាត់វិបត្តិបំណុលរបស់អឺរ៉ុប។ អ៊ីរ៉ង់៖ មន្ដ្រីអាមេរិកាំងម្នាក់ បានទិតៀនសេចក្ដីស្នើរបស់អ៊ីរ៉ង់ ថានឹងបើកចំហរច្រើនឡើងថែមទៀតមកលើ កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់។ដោយហៅវិធានការនោះថា «ការវាយលុកដោយប្រើស្នេហ៍» ដែលមិនអាចបំបាត់ការព្រួយបារម្ភពីអន្ដរជាតិមកលើលទ្ធភាពនៃការគំរាមពីកម្មវិធីនុយក្លេអ៊ែរនោះ។ សហរដ្ឋអាមេរិក៖ សេចក្ដីរាយការណ៍គន្លឹះរបស់សហព័ន្ធបានដាក់កំហុសភាគច្រើន មកលើក្រុមហ៊ុន BP អំពីការលេចប្រេងច្រើនសន្ធឹកនៅក្នុងឈូងសមុទ្រម៉េចស៊ីកូ ដែលជាការលេចប្រេងនៅបាតសមុទ្រដ៏ធ្ងន់ធ្ងរបំផុតនៅក្នុងប្រវត្ដិសាស្រ្ដសហរដ្ឋអាមេរិក។ អង់ហ្គោឡា៖ យន្ដហោះយោធាមូយ បានធ្លាក់ ក្នុងតំបន់កណ្ដាលអង់ហ្គោឡា បណ្ដាលឲ្យមនុស្សស្លាប់ ៣០នាក់ រាប់ទាំងឧត្ដមសេនីយនៃកងកម្លាំងយោធាអង់ហ្គោឡា៣នាក់ផងដែរ។ អាហ្វហ្គានីស្ថាន៖ មេបញ្ជាការយោធា នៃកងកម្លាំង អាមេរិកំាង និង អូតង់ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន និយាយថា ការឡោមព័ទ្ធ ២០ ម៉ោងដោយក្រុមបះបោរក្នុងទីក្រុង កាប៊ូល ជាបរាជ័យរបស់ក្រុមតាលីបង់តែ វា ក៏ជាការឃោសនាជ័យជំនះរបស់ក្រុមនោះដែរ។ This posting includes an audio/video/photo media file: Download Now |
Posted: 15 Sep 2011 05:57 AM PDT (សម្គាល់៖ ដើម្បីផ្តល់សេវាដល់សាធារណជន វីអូអេ ផ្នែកខេមរភាសា ផ្សាយការបកប្រែក្រៅផ្លូវការជាភាសាខ្មែរនូវសេចក្តីថ្លែងការណ៍របស់អ្នកសារព័ត៌មានគ្មានព្រំដែន ដែលបានផ្សាយកាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១១) ផ្សាយថ្ងៃព្រហស្បតិ៍ទី១ ខែកញ្ញា ឆ្នាំ២០១១៖ ក្រុម «អ្នកយកព័ត៌មានគ្មានព្រំដែន» (Reporters Without Borders) ស្រងាកចិត្ត បន្ទាប់ពីបានដឹងថា តុលាការពិសេសមួយ ដែលគាំទ្រដោយអង្គការសហប្រជាជាតិ ហើយកំពុងធ្វើការកាត់ទោសអតីតមេដឹកនាំខ្មែរក្រហមពីបទប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាម បានធ្វើពាក្យបណ្តឹងអំពីរឿង «ជ្រៀតជ្រែកចូលក្នុងកិច្ចការរដ្ឋបាលតុលាការ» ប្រឆាំងនឹងក្រុមផ្សាយជាភាសាខ្មែរនៃវីអូអេសំឡេងសហរដ្ឋអាមេរិក ក្នុងបទចោទថា បានបង្ហើបព័ត៌មានសម្ងាត់អំពីរឿងក្តីថ្មីមួយប្រឆាំងនឹងពួកខ្មែរក្រហម។ ក្រុម«អ្នកយកព័ត៌មានគ្មានព្រំដែន» ថ្លែងថា៖ «ជាការគួរឲ្យរន្ធត់ដោយគ្រាន់តែនឹកក្នុងអារម្មណ៍ថា តុលាការដែលអង្គការសហប្រជាជាតិគាំទ្រ ហើយដែលត្រូវបានចំណាយពេលអស់ជាង១០ឆ្នាំដើម្បីបង្កើតឲ្យមានជារូបរាងឡើង អាចប្តឹងអង្គការព័ត៌មានមួយ ដែលគ្រាន់តែបានខំប្រឹងធ្វើការអស់ពីសមត្ថភាពដើម្បីផ្សាយកិច្ចការរបស់តុលាការតែប៉ុណ្ណោះ។ យើងអំពាវនាវឲ្យតុលាការនេះបោះបង់ចោលពាក្យបណ្តឹងប្រឆាំងនឹងវីអូអេសំឡេងសហរដ្ឋអាមេរិក ហើយកំណត់ព្រំដែនលើខ្លួនឯងនៅត្រឹមតែកាតព្វកិច្ចដែលខ្លួនមាននៅក្រោមកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិ»។ ក្រុមផ្សាយជាភាសាខ្មែរនៃវីអូអេសំឡេងសហរដ្ឋអាមេរិកបានស្រង់ពាក្យពីឯកសារផ្លូវការមួយរបស់តុលាការ សរសេរជាអត្ថបទ និងផលិតជាវីដេអូ ស្តីអំពីរឿងក្តីទីបួន និងជារឿងក្តីបញ្ចប់ ដែលអត្ថបទនេះត្រូវបានដាក់ផ្សាយនៅលើគេហទំព័ររបស់ខ្លួននៅថ្ងៃទី ១០ សីហា ។ វីអូអេ ផ្សាយថា បច្ចុប្បន្នតុលាការកំពុងពិចារណាការចោទប្រកាន់ថ្មីក្នុងរឿងសម្លាប់មនុស្សដ៏ច្រើនដោយមន្រ្តីខ្មែរក្រហមបីនាក់ពីឆ្នាំ ១៩៧៥ ដល់ ១៩៧៩។ តុលាការបានចេញការព្រមានជាច្រើនពីអតីតកាលចំពោះបណ្តាញព័ត៌មាន និងអ្នកយកព័ត៌មានថា ពូកគេអាចប្រឈមនឹងការបណ្តឹងអំពីបទ «ជ្រៀតជ្រែកចូលក្នុងកិច្ចការរដ្ឋបាលតុលាការ» បើសិនជាពួកគេបង្ហើបព័ត៌មានសម្ងាត់របស់តុលាការ ក៏ប៉ុន្តែបើតាមទីភ្នាក់ងារព័ត៌មានបារាំង Agence France-Presse នេះជាលើកដំបូងហើយ ដែលតុលាការអនុវត្តការព្រមានរបស់ខ្លួន។ នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី៣១ ខែសីហា នាយកក្រុមផ្សាយវីអូអេជាភាសាខ្មែរ លោក គ្រិស ឌែកគើដ (Chris Decherd) ថ្លែងថា «ក្រុមផ្សាយភាសាខ្មែររបស់វីអូអេសំឡេងសហរដ្ឋអាមេរិកគាំទ្រកិច្ចការរបស់តុលាការ ហើយជួយផ្តល់ព័ត៌មានជូនសាធារណជនកម្ពុជា ដោយធ្វើសេចក្តីរាយការណ៍អំពីកិច្ចការរបស់តុលាការ»។ លោកបន្ថែមថា «មុខនាទីរបស់ក្រុមផ្សាយជាភាសាខ្មែររបស់វីអូអេ គឺបម្រើប្រជាពលរដ្ឋកម្ពុជាចំនួន១៤លាននាក់ ដោយធ្វើសេចក្តីរាយការណ៍ ផលិត និងផ្សាយព័ត៌មានអំពីពិភពលោក សហរដ្ឋអាមេរិក ទ្វីបអាស៊ី និងអំពីកម្ពុជាដែលមានសារៈសំខាន់ និងដែលត្រូវនឹងសភាពការណ៍សម្រាប់ប្រជាពលរដ្ឋកម្ពុជា។ ប្រជាពលរដ្ឋកម្ពុជាសក្តិសមនឹងដឹង និងបានទទួលផលប្រយោជន៍ពីការផ្សាយព័ត៌មានល្អៗ និងមិនលម្អៀងស្តីអំពីរឿងរ៉ាវ និងប្រធានបទដែលមានផលប៉ះពាល់ និងឥទ្ធិពលលើជីវភាពប្រចាំថ្ងៃរបស់គេ»៕ This posting includes an audio/video/photo media file: Download Now |
ប្រជាពលរដ្ឋបឹងកក់ស្វះស្វែងរកជំនួយពីប្រទេសផ្តល់ជំនួយ Posted: 14 Sep 2011 03:41 PM PDT ប្រជាពលរដ្ឋនៅតំបន់បឹងកក់ចំនួនពីរភូមិ គឺភូមិ២២ និងភូមិ២៤ ចំនួន៣៤គ្រួសារនៅថ្ងៃពុធនេះ បានដាក់ញត្តិដោយឡែកៗពីគ្នាទៅកាន់ស្ថានទូតសហរដ្ឋអាមេរិក អង់គ្លេស បារាំង អូស្រ្តាលី អាឡឺម៉ង់ និងសហគមអឺរ៉ុប ដើម្បីឲ្យជួយអន្តរាគមន៍ដល់រដ្ឋាភិបាល ឲ្យផ្តល់ប្លង់កម្មសិទ្ធដីធ្លីស្របច្បាប់ដល់ពួកគេ។ ការដាក់ញត្តិទៅកាន់ស្ថានទូតបស្ចឹមប្រទេសសំខាន់ៗដូចនេះ បានកើតមានក្រោយពេលពីរថ្ងៃ បន្ទាប់ពីសាលាសង្កាត់ស្រះចកបានបិទបញ្ជីឈ្មោះសម្រាប់អ្នកដែលទទួលបានដីធ្លីជាលើកដំបូង នៅក្នុងភូមិ២២។ ប្រជាពលរដ្ឋបានអះអាងថា ប្រជាពលរដ្ឋនៅក្នុងភូមិ២២ ចំនួន២៤គ្រួសារ ភូមិ២៤ ចំនួន១០ គ្រួសារ មិនមានឈ្មោះនៅក្នុងបញ្ជីនោះទេ តែបែរជាមានឈ្មោះលោកឧកញ៉ា ឡាវ ម៉េងឃីន និងអ្នកស្រី ជីង សុភាព រហូតដល់២១ប្លង់កម្មសិទ្ធិដីធ្លី។ <!--IMAGE-RIGHT-->លោកឧកញ៉ា ឡាវ ម៉េងឃីន និង អ្នកស្រី ជីង សុភាព ប្រធានក្រុមហ៊ុនស៊ូកាគូអ៊ីនដែលទទួលសិទ្ធិផ្តាច់មុខក្នុងការអភិវឌ្ឍនៅតំបន់បឹងកក់មិនអាចទាក់ទងដើម្បីសុំបំភ្លឺបានទេនៅថ្ងៃពុធនេះ។ ក៏ប៉ុន្តែលោក កែប ជុតិមា កាលពីថ្ងៃអង្គារ បានថ្លែងប្រាប់ វីអូអេសំឡេងសហរដ្ឋអាមេរិកផ្នែកភាសាខ្មែថា លោកឧកញ៉ា ឡាវ ម៉េងឃីន បានទិញដីនេះ ពីប្រជាពលរដ្ឋ ហើយសាលាក្រុងភ្នំពេញ ពុំមានគោលការណ៍ណាមួយផ្តល់កម្មសិទ្ធិស្របច្បាប់ដល់អ្នករស់នៅមាត់បឹងនោះទេ។ អ្នកស្រី ទេព វន្នី តំណាងអ្នកភូមិនៅតំបន់បឹងកក់បាននិយាយថា លោកឡាវ ម៉េងឃីន បានទិញដីពីប្រជាពលរដ្ឋទាំងបង្ខំនៅមុនពេលដែលលោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានធ្វើប្រទានកម្មដល់ប្រជាពលរដ្ឋ។ អ្នកស្រីបានបញ្ជាក់ថា បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានកាត់ដីចំនួន ១២.៤៤ហិចតា សម្រាប់ឲ្យប្រជាពលរដ្ឋធ្វើការអភិវឌ្ឍដោយខ្លួនឯង។ អ្នកស្រីមិនដែលឃើញក្រុមគ្រួសារណាមួយលក់ដីទៅឲ្យក្រុមហ៊ុនស៊ូកាគូអ៊ីននោះទេ។ «ការមិនផ្តល់ប័ណ្ណកម្មសិទ្ធិជូនពួកគាត់ដែលនៅជាប់មាត់បឹងទាំងអស់ហ្នឹងគឺបង្កប់នូវភាពអំពើពុករលួយមួយហ្នឹងហើយគឺការកេងប្រវ័ញ្ចដីជូនទៅឲ្យក្រុមហ៊ុន ព្រោះអីលោកឡាវ ម៉េងឃីន គាត់ជាប្រធានរបស់ក្រុមហ៊ុនស៊ូកាគូអ៊ីន គាត់បានទិញដីពីប្រជាពលរដ្ឋ មានទិញដីដោយយុត្តិធម៌ទេតាមស្របច្បាប់ទេ។ គាត់ទិញទាំងបង្ខំ ទាំងបំផិតបំភ័យ ហើយគាត់ទិញមុននឹងអនុក្រឹត្យសម្តេចចេញទៀត»។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី១១ សីហា កន្លងទៅនេះ បានចេញអនុក្រឹត្យមួយច្បាប់ កាត់ដីចំនួន១២.៤៤ហិចតាចេញពីគម្រោងអភិវឌ្ឍឲ្យប្រជាពលរដ្ឋធ្វើការអភិវឌ្ឍដោយខ្លួនឯង។ ក៏ប៉ុន្តែ ក្នុងចំណោមប្រជាពលរដ្ឋជិតប្រាំបីរយគ្រួសារមានប្រជាពលរដ្ឋនៅក្នុងភូមិ១ ភូមិ២២ ភូមិ២៤ និងភូមិ៦ ប្រមាណ៦៤គ្រួសារត្រូវបានសាលាក្រុងភ្នំពេញបានកាត់ចេញមិនផ្តល់ប្លង់កម្មសិទ្ធិជូន។ អ្នកស្រី ជា សុខជឿន អាយុ៣២ឆ្នាំ រស់នៅភូមិ២២បានថ្លែងថា ដីរបស់អ្នកស្រីដែលបានទិញនៅក្នុងឆ្នាំ១៩៩៥ ត្រូវបានសាលាក្រុងបដិសេធមិនចេញប្លង់កម្មសិទ្ធិឲ្យទេ។ លោកស្រីបានបញ្ជាក់ទៀតថា លោកស្រីមិនដែលឃើញលោក ឡាវ ម៉េងឃីន មករស់នៅតំបន់បឹងកក់នឹងមកចូលរួមតវ៉ាជាមួយប្រជាពលរដ្ឋទេ ហេតុអ្វីបានជាលោកមានឈ្មោះរហូតទៅដល់ ២១ប្លង់កម្មសិទ្ធិស្របច្បាប់នៅក្នុងភូមិ២២។ «ឮសាលាក្រុងលើកឡើងពាក្យសម្តីហ្នឹង ខ្ញុំអត់ទទួលស្គាល់ទេ។ ព្រោះអីឯកសារខ្ញុំរស់នៅតាំងពីឆ្នាំ៩៥ មានឯកសារពិតប្រាកដទាំងអស់។ ហើយឯកសារ ខ្ញុំដែលថតលេខកូដហ្នឹង គេដាក់ខ្ញុំ ប្រជាជនរស់នៅដីគោក តំបន់ដីគោក ហើយគាត់ឆ្លើយមកថា រស់នៅតាមមាត់បឹង មាត់ទឹកហ្នឹង ខ្ញុំឥតទទួលស្គាល់ទេ។ ខ្ញុំ សុំបដិសេធ»។ ក្នុងចំណោមស្ថានទូតបស្ចឹមប្រទេសសំខាន់ៗ មានតែស្ថានទូតសហរដ្ឋអាមេរិក និងស្ថានទូតបារាំងទេដែលបានឆ្លើយតបសំណួររបស់វីអូអេ សំឡេងសហរដ្ឋអាមេរិលតាមរយៈសារអេឡិកត្រូនិក ឬអ៊ីម៉ែល។ លោក សន ម៉ាគីនថូស (McIntosh) អ្នកនាំពាក្យស្ថានទូតសហរដ្ឋអាមេរិកបាននិយាយថា ស្ថានទូតអាមេរិកនឹងបន្តតាមដានករណីសិទ្ធិដីធ្លីនៅកម្ពុជាបន្តទៅទៀត។ ចំណែកលោកស្រី ឡូរ៉េន បែនណាដី (Laurence Bennardi) អ្នកនាំពាក្យស្ថានទូតបារាំងបាននិយាយថា លោកស្រីបានទទួលញត្តិហើយកាលពីព្រឹកមិញ ហើយយើងមិនទាន់ឆ្លើយតបនៅក្នុងដំណាក់កាលនេះនៅឡើយទេ៕ This posting includes an audio/video/photo media file: Download Now |
អាជ្ញាធរបិទអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុកមួយ Posted: 14 Sep 2011 03:09 PM PDT លោក ចាន់ រស្មី អតីតនាយកអង្គការមូលនិធិកុមារកំព្រាកម្ពុជា បានថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មាននៅឯអតីតអគាររដ្ឋសភាជាតិនៅថ្ងៃច័ន្ទនេះថា ការចោទប្រកាន់របស់ក្រសួងមហាផ្ទៃ ដែលឈានទៅដល់បិទអង្គការរបស់លោក មិនត្រឹមត្រូវទេ ហើយលោកបានទទូចឲ្យក្រសួងមហាផ្ទៃ អនុញ្ញាតឲ្យអង្គការរបស់លោកដំណើរការឡើងវិញ។ «ចង់ឲ្យមហាផ្ទៃ លោកពិចារណាឡើងវិញដើម្បីឲ្យអង្គការរបស់ខ្ញុំមានដំណើរការល្អឡើងវិញ។ កុំឲ្យជឿទៅស្តាប់ជនតែម្ខាង ហើយគាត់ដើរនិយាយពីរឿងបរិហារកេរ្តិ៍របស់យើង គ្មានការពិចារណាអញ្ចឹង។ វាឥតត្រឹមត្រូវ»។ ក្រសួងមហាផ្ទៃ កាលពីថ្ងៃ១៩ ខែសីហា កន្លងទៅនេះ បានចេញលិខិតមួយច្បាប់ ដោយមានចុះហត្ថលេខាដោយលោក នុត សាអាង រដ្ឋលេខាធិការ ដោយបានសម្រេចលុបឈ្មោះអង្គការមូលនិធិកុមារកំព្រាកម្ពុជា ដែលមានមូលដ្ឋាននៅខេត្តសៀមរាបចេញពីបញ្ជីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដោយយោងតាមលិខិតរបស់សាលាខេត្តសៀមរាប និងស្ថានទូតអេស៉្បាញប្រចាំកម្ពុជា។ លោកឧត្តមសេនីយ៍ឯក ខៀវ សុភ័ក្រ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា មូលហេតុដែលនាំឲ្យក្រសួងមហាផ្ទៃសម្រេចលុបឈ្មោះអង្គការមូលនិធិកុមារកំព្រាចេញ ដោយសារអ្នកដឹកនាំអង្គការនេះ អសមត្ថភាព។ ក្រុមប្រឹក្សាភិបាលរបស់អង្គការបានប្រព្រឹត្តិអំពើអាសលើកុមារកំព្រា និងប្រើប្រាស់អនីតិជនសម្រាប់បម្រើផ្លូវភេទរបស់ខ្លួនហើយបច្ចុប្បន្ន ជនប្រព្រឹត្តិអំពើអាសកំពុងជាប់ពន្ធនាគារ។ លោក ខៀវ សុភ័ក្រ បានបញ្ជាក់ទៀតថា ក្រសួងមហាផ្ទៃអនុញ្ញាតឲ្យបើកអង្គការនេះចំនួនតែមួយកន្លែងប៉ុណ្ណោះ ក៏ប៉ុន្តែអង្គការនេះបានពង្រីកទីតាំងរបស់ខ្លួនចំនួនពីរកន្លែងផ្សេងទៀត ដែលពុំមានច្បាប់អនុញ្ញាត។ «ការបិទនេះគឺយើងចង់បញ្ជាក់ថា ក្មេងៗរបស់យើងដែលគ្នាកំព្រាហើយទៅរស់នៅមណ្ឌលកុមារកំព្រា គ្នាមានភាពកក់ក្តៅ ក៏ប៉ុន្តែស្រ្តីរងគ្រោះដោយអំពើអនាចារអញ្ចឹងទៅទៀត។ ក៏ប៉ុន្តែ ដូច្នេះក្រសួងក៏បានពិចារណាលើហេតុផលនេះដើម្បីផ្អាកលុបបញ្ជីគាត់ចេញ»។ លោក ចាន់ រស្មី អតីតនាយកអង្គការមូលនិធិកុមារកំព្រា បានបញ្ជាក់ថា បទល្មើសដែលបានកើតមានឡើងកន្លងទៅនេះជាប់ពាក់ព័ន្ធនឹងលោក នីកូលឡាស់ ផាត់ទ្រីក (Nicolas Patrick) ជាអតីតប្រធានក្រុមប្រឹក្សាភិបាលដែលទទួលរងនៅការចោទប្រកាន់ពីបទអំពើអាស លើអនីតិជនអាយុក្រោម១៥ឆ្នាំ ដែលបានប្រព្រឹត្តិទៅកាលពីឆ្នាំ២០០៧។ លោកបានបញ្ជាក់ថា អង្គការរបស់លោកដែលបានបង្កើតឡើងកាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០០៩ មិនជាប់ពាក់ព័ន្ធទៅនឹងករណីអតីតប្រធានក្រុមប្រឹក្សាភិបាលទេ។ «ខ្ញុំឥតមានមកបរិហារ។ ខ្ញុំ ចង់ថា ខ្ញុំមកសម្តែងឆន្ទៈស្មោះត្រង់របស់ខ្ញុំ ដែលខ្ញុំមិនបានប្រព្រឹត្តិខុស ហើយអស់លោកតែងតែយល់ច្រឡំ ជឿតែតាមសម្តីមួយជំហៀង។ ហើយគាត់ឥតបានយកទៅពិចារណា ហើយគាត់ចេះតែចោទ ចេះតែបង្កើត។ រហូតដល់មានការយល់ច្រឡំ រហូតដល់មានការបិទអង្គការរបស់ខ្ញុំ លុបបញ្ជីពីមហាផ្ទៃទៅទៀត។ លោក ខៀវ សុភ័ក្រ បានបញ្ជាក់ទៀតថា ក្រសួងមហាផ្ទៃនៅតែមិនយល់ព្រមតាមសំណើនេះទេ ពីព្រោះអង្គការនេះបានរំលោភច្បាប់។ អង្គការមូលនីធិកុមារកំព្រាកម្ពុជា មានទីតាំងនៅក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ដែលមានក្មេងកំព្រារស់ចំនួន ៥៩នាក់ ក្នុងនោះមានស្រ្តីចំនួន២០នាក់៕ This posting includes an audio/video/photo media file: Download Now |
You are subscribed to email updates from VOA News: ព័ត៌មាន To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |