VOA News: ព័ត៌មាន: “ថាក់ស៊ីន ស៊ីនណាវ៉ាត់ គ្រោងទស្សនកិច្ចកម្ពុជា” plus 2 more |
- ថាក់ស៊ីន ស៊ីនណាវ៉ាត់ គ្រោងទស្សនកិច្ចកម្ពុជា
- អាមេរិកជួយកម្ពុជាបង្កើតប្រព័ន្ធស្គែនប្រឆាំងភេរវកម្ម
- ព័ត៌មានអន្តរជាតិសង្ខេប៖ ១២ កញ្ញា
ថាក់ស៊ីន ស៊ីនណាវ៉ាត់ គ្រោងទស្សនកិច្ចកម្ពុជា Posted: 12 Sep 2011 01:37 PM PDT លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងនៅថ្ងៃច័ន្ទនេះថា លោកអតីតនាយករដ្ឋមន្ត្រីថៃ ថាក់ស៊ីន ស៊ីនណាវ៉ាត់ (Thaksin Shinawatra) នឹងចាប់ផ្តើមមកបំពេញទស្សនកិច្ចនៅកម្ពុជាចាប់ពីថ្ងៃសុក្រនេះ។ ដំណើរទស្សនកិច្ចរបស់លោកថាក់ស៊ីន ស៊ីនណាវ៉ាត់ បានធ្វើឡើង បន្ទាប់ពីដំណើរទស្សនកិច្ចផ្លូវការរបស់លោកស្រីនាយករដ្ឋមន្ត្រីថៃ យីងឡាក់ ស៊ីនណាវ៉ាត់ (Yingluck Shinawatra) ដែលនឹងធ្វើទស្សនកិច្ចរយៈពេលមួយថ្ងៃនៅថ្ងៃទី១៥។ កាលពីថ្ងៃច័ន្ទនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងនៅក្នុងពិធីប្រគល់សញ្ញាប័ត្រក្នុងទីក្រុងភ្នំពេញថា លោក ថាក់ស៊ីន ស៊ីនណាវ៉ាត់ នឹងស្នាក់នៅកម្ពុជាចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២៤ ខែកញ្ញា និងចូលរួមសន្និសីទស្តីពីអនាគតសេដ្ឋកិច្ចអាស៊ីដែលបានរៀបចំដោយរាជបណ្ឌិតសភាកម្ពុជា។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា លោកនឹងមិននិយាយជាមួយលោក ថាក់ស៊ីន ស៊ីនណាវ៉ាត់ អំពីផលប្រយោជន៍នៃប្រទេសទាំងពីរទេ ហើយក៏គ្មានការចរចាអំពីបញ្ហាប្រេង និងឧស្ម័នរវាងលោក ថាក់ស៊ីន ស៊ីនណាវ៉ាត់ និងកម្ពុជានោះដែរ។ «ខ្ញុំសូមបញ្ជាក់ថា លោក ថាក់ស៊ីន ស៊ីនណាវ៉ាត់ គ្មានភារកិច្ចនឹងចរចាលើករណីអ្វីទាំងអស់ក្នុងផលប្រយោជន៍រឿងទំនាក់ទំនងរវាងកម្ពុជា ថៃ ព្រោះនេះជាតួនាទីរបស់រាជរដ្ឋាភិបាលថៃ មិនមែនជាតួនាទីរបស់លោក ថាក់ស៊ីន ស៊ីនណាវ៉ាត់ ទេ»។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបន្តថា គ្មានកិច្ចព្រមព្រៀងត្រូវបានសម្រេចអំពីបញ្ហាប្រេងនេះទេ។ ទោះបីជាការចរចារវាងកម្ពុជា និងថៃបានធ្វើឡើងជាសម្ងាត់ និងចំហក្តី ការចរចាទាំងអស់មិនទាន់បានចេញលទ្ធផលណាមួយទេ ហើយក៏មិនអាចមានរឿងផលប្រយោជន៍អាថ៌កំបាំងណាមួយទេ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា លោកនឹងទទួលលោក ថាក់ស៊ីន ជាផ្លូវការនៅទីស្តីការគណៈរដ្ឋមន្ត្រី និងនិយាយអំពីការអភិវឌ្ឍសេដ្ឋកិច្ច។ «នៅថ្ងៃទី១៦ លោក ថាក់ស៊ីន ស៊ីនណាវ៉ាត់ មកដល់កម្ពុជា។ ខ្ញុំទទួលលោក ថាក់ស៊ីន ស៊ីនណាវ៉ាត់ នៅទីស្តីការគណៈរដ្ឋមន្ត្រី និងបាយនៅទីស្តីការគណៈរដ្ឋមន្ត្រី លោកឯងថាអ្វីខ្ញុំ។ ប្រទេសខ្ញុំ ទីស្តីការគណៈរដ្ឋមន្ត្រីខ្ញុំ»។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា ក្នុងអំឡុងពេលស្នាក់នៅកម្ពុជាពីថ្ងៃទី១៦ដល់ថ្ងៃទី២៤ លោក ថាក់ស៊ីន នឹងធ្វើបទឧទេ្ទសនាមនៅឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចនៅថ្ងៃទី១៧។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងលេងកូនហ្គោលជាមួយលោក ថាក់ស៊ីន នៅថ្ងៃទី១៨។ លោក ថាក់ស៊ីន ធ្វើឧទ្ទេសនាមនៅសិក្ខាសាលាស្តីពីអនាគតសេដ្ឋកិច្ចអាស៊ីនៅទីស្តីការគណៈរដ្ឋមន្ត្រីនៅថ្ងៃទី១៩។ នៅថ្ងៃទី២០ លោក ថាក់ស៊ីន ជិះយន្តហោះទៅកាន់ខេត្តសៀមរាបដើម្បីជួបជាមួយក្រុមមេដឹកនាំចលនាអាវក្រហម និងអ្នកគាំទ្រ។ សមាជិកសភាកម្ពុជា និងថៃ និងមន្ត្រីជាន់ខ្ពស់នឹងលេងបាល់ទាត់នៅពហុកីឡាដ្ឋានជាតិអូឡាំពិកក្នុងទីក្រុងភ្នំពេញនៅថ្ងៃទី២៤។ លោក កឹម សុខា ប្រធានគណបក្សសិទ្ធិមនុស្ស បានថ្លែងថា កម្ពុជាត្រូវតែមានការប្រុងប្រយ័ត្នចំពោះដំណើរទស្សនកិច្ចរបស់លោក ថាក់ស៊ីន ដើម្បីជៀសវាងជម្លោះដែលអាចកើតមានរវាងកម្ពុជា និងថៃ។ «ថៃមិនដែលនៅក្រោមយើងទេ ច្រើនតែកេងពីយើង។ ខ្ញុំសុំឲ្យគាត់ ប្រយ័ត្នចាញ់កល់ល្បិចគេយកចំណេញសេដ្ឋកិច្ចពីយើង»។ លោក សុន ឆ័យ តំណាងរាស្ត្រគណបក្សសម រង្សី បានថ្លែងថា កម្ពុជាគួរតែទទួលបានការយល់ព្រម ឬការស្រុះស្រួលជាមួយថៃមុននឹងអនុញ្ញាតឲ្យលោកថាក់ស៊ីន មកកម្ពុជា។ «យើងសង្កេតឃើញថា មានរដ្ឋាភិបាលថ្មីដែលមានប្អូនស្រីរបស់លោក ថាក់ស៊ីន ជានាយករដ្ឋមន្ត្រីនេះ ហាក់ដូចជាយើងអាចនឹងមានការស្រុះស្រួលគ្នាជាងមុខក៏ពិតមែន ក៏ប៉ុន្តែបើទោះជាយ៉ាងណាក៏ដោយ ប្រទេសកម្ពុជាត្រូវតែគោរពសេចក្តីសម្រេចរបស់តុលាការប្រទេសថៃ និងមិនត្រូវធ្វើឲ្យមានការប៉ះពាល់ទៅលើច្បាប់ទម្លាប់ប្រទេសគេ ជាពិសេសប្រទេសជិតខាងយើងនោះទេ»។ ក្នុងរដ្ឋាភិបាលរបស់អតីតនាយករដ្ឋមន្ត្រី អាភីស៊ីត វីចាជីវៈ (Abhisit Vejjajiva) បានទាមទារឲ្យរដ្ឋាភិបាលទីក្រុងភ្នំពេញចាប់បញ្ជូនខ្លួនលោក ថាក់ស៊ីន ទៅប្រទេសថៃដើម្បីប្រឈមនឹងតុលាការ ប៉ុន្តែទីក្រុងភ្នំពេញបានបដិសេធ៕ This posting includes an audio/video/photo media file: Download Now |
អាមេរិកជួយកម្ពុជាបង្កើតប្រព័ន្ធស្គែនប្រឆាំងភេរវកម្ម Posted: 12 Sep 2011 02:47 PM PDT រដ្ឋបាលសនិ្តសុខនុយក្លេអ៊ែរជាតិរបស់សហរដ្ឋអាមេរិកទើបតែបានជួយកម្ពុជាបង្កើតប្រព័ន្ធស្គែនទំនិញមួយសម្រាប់ទប់ស្កាត់ការរត់ពន្ធសារធាតុនុយក្លេអ៊ែរឆ្លងកាត់ច្រកកំពង់ផែស្វយ័តខេត្តព្រះសីហនុដែលជាកំពង់ផែដ៏សំខាន់បំផុតរបស់កម្ពុជា។ មន្ដ្រីផ្លូវការនៃប្រទេសទាំងពីរបានអះអាងនៅថ្ងៃច័ន្ទនេះថា ការទប់ស្កាត់ការរត់ពន្ធសារធាតុប្រភេទនេះគឺជាការរួមចំណែកទប់ស្កាត់ការប៉ុនប៉ងបម្រើឲ្យវិស័យភេរវកម្មដោយអាវុធនុយក្លេអ៊ែរ។ ប្រពន្ធ័ថ្មីនេះនឹងអនុញ្ញាតឲ្យក្រុមមានសមត្ថកិច្ចធ្វើការស្គែនរកវត្តមានរបស់ជាតិនុយក្លេអ៊ែរ ដែលមានគ្រោះថ្នាក់បំផុតនៅក្នុងទូផ្ទុកទំនិញនាំចេញ និងទំនិញនាំចូលឆ្លងកាត់តាមច្រកកំពង់ផែសមុទ្រកម្ពុជា។ លោក លូ គឹមឈុន អគ្គនាយកកំពង់ផែស្វយ័តខេត្តព្រះសីហនុ បានប្រាប់វីអូអេខ្មែរតាមទូរស័ព្ទថា មន្ដ្រីរដ្ឋបាលកំពង់ផែចំនួនប្រាំបីរូប និងមន្រ្ដីគយកម្ពុជាមួយចំនួនទៀតកំពុងទទួលការបណ្ដុះបណ្ដាលពីមន្ដ្រីជំនាញមកពីសហរដ្ឋអាមេរិកសម្រាប់ធ្វើប្រតិបត្តិការជាមួយម៉ាស៊ីនស្គែនមុននឹងចាប់ផ្ដើមដំណើរការជាផ្លូវការ។ លោក លូ គឹមឈុន មានប្រសាសន៍ថា នេះគឺជាការួមចំណែកដល់កម្ពុជាក្នុងការប្រយុទ្ធទៅនឹងអំពើភេរវកម្ម ហើយវានឹងធានាពីសុវត្ថិភាពនៃទំនិញឆ្លងកាត់កំពង់ផែកម្ពុជា។ «កាលណាទំនិញឆ្លងកាត់កំពង់ផែ នាំចេញទៅកាន់ទីផ្សារផ្សេងៗ ដូចជាសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប នឹងមានភាពច្បាស់លាស់ថា ទំនិញទាំងនោះនឹងមិនមានជាតិវិទ្យុសកម្ម និងវត្ថុធាតុដើមសម្រាប់ធ្វើអាវុធបរមាណូ។ ហើយវាក៏បញ្ជាក់ច្បាស់ថា ទំនិញប្រភេទនោះនឹងមិនអាចនាំចូលមកស្រុកខ្មែរដោយឆ្លងកាត់កំពង់ផែកំពង់សោមបានទេ»។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលសនិ្តសុខនុយក្លេអ៊ែរជាតិ កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុនបានបង្ហាញថា ប្រព័ន្ធស្គែននេះមានសមត្ថភាពស្កេន១០០ ភាគរយដើម្បីឆែករកសារធាតុនុយក្លេអ៊ែរនោះ រួមទាំងធាតុវិទ្យុសកម្មផ្សេងៗទៀត។ លោកស្រី អ៊ែន ហារីងតុន (Anne Harrington) នាយករងនៃរដ្ឋបាលសនិ្តសុខនុយក្លេអ៊ែរជាតិរបស់សហរដ្ឋអាមេរិកមានគូសបញ្ជាក់ក្នុងសេចក្ដីថ្លែងការណ៍កាលពីសប្ដាហ៍មុននោះថា៖«សហប្រតិបត្តិការជិតស្និទ្ធជាមួយរដ្ឋាភិបាលកម្ពុជាក្នុងការដាក់ឧបករណ៍នេះគឺជាការបង្ហាញការប្ដេជ្ញាចិត្តរួមក្នុងការទប់ស្កាត់សារធាតុដ៏គ្រោះថ្នាក់ និងឧបករណ៍វិទ្យុសកម្មដទៃទៀតមិនឲ្យធ្លាក់ក្នុងដៃភេរវករ ក្រុមអ្នករត់ពន្ធ និងអ្នកពង្រីកការសាយភាយអាវុធបរមាណូ» ។ យ៉ាងណាក៏ដោយ យោងតាមលោកលូ គឹមឈុន ប្រព័ន្ធថ្មីនេះទំនងជានឹងចាប់ផ្ដើមដំណើរការក្នុងពេលឆាប់ៗនេះ។ សូមបញ្ជាក់ថា ការដាក់ប្រព័ន្ធប្រឆាំងការរត់ពន្ធសារធាតុអាវុធបរមាណូនេះ ធ្វើឡើងស្របពេលដែលកងទ័ពសហរដ្ឋអាមេរិក អូស្ដ្រាលី និងកម្ពុជា នឹងធ្វើសមយុទ្ធរួមគ្នាក្នុងខែនេះ នៅតំបន់ក្រុងភ្នំពេញ និងនៅខេត្តព្រះសីហនុ។ សមយុទ្ធនេះនឹងផ្ដោតលើអន្ដរាគមន៍ឆ្លើយតបនឹងវិបត្តិការពង្រឹងភាពជាដៃគូ ផ្នែកសន្ដិសុខ និងការរួមចំណែកក្នុងការថែរក្សាស្ថេរភាពក្នុងតំបន់។ នេះបើផ្អែកតាមសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតអាមេរិកនៅថ្ងៃនេះ៕ This posting includes an audio/video/photo media file: Download Now |
ព័ត៌មានអន្តរជាតិសង្ខេប៖ ១២ កញ្ញា Posted: 11 Sep 2011 07:25 PM PDT ព័ត៌មានចុងក្រោយបំផុត៖ សហរដ្ឋអាមេរិក៖ លោកប្រធានាធិបតីសហរដ្ឋអាមេរិកបារ៉ាក់ អូបាម៉ា មានប្រសាសន៍ថា មួយទសវត្សរ៍បន្ទាប់ពីការវាយប្រហារភេរវកម្មថ្ងៃទី១១ ខែកញ្ញា បង្ហាញពីការត្រឡប់មករកភាពដូចដើមវិញសម្រាប់សហរដ្ឋអាមេរិក។ ថ្លែងនៅខួបទី១០នៃការវាយប្រហារភេរវកម្មដែលបានសម្លាប់មនុស្សជិត៣ពាន់នាក់ លោកប្រធានាធិបតីបានមានប្រសាសន៍ថា សហរដ្ឋអាមេរិកបានឆ្លងកាត់ព្រឹត្តិការណ៍ដ៏ឈឺចាប់ ហើយបានងើបឡើងវិញខ្លាំងក្លាជាងមុន។ លោកមានប្រសាសន៍បន្តទៀតថាសហរដ្ឋអាមេរិកបានបង្ហាញនូវការដោះស្រាយរបស់ខ្លួនដើម្បីការពារពលរដ្ឋ និងបែបផែននៃការរស់នៅរបស់សហរដ្ឋអាមេរិក។ សហរដ្ឋអាមេរិក៖ មនុស្សនៅជុំវិញពិភពលោកមានភាពស្រងូតស្រងាត់នៅពេលប្រារព្ធខួបលើកទី១០នៃការវាយប្រហារភេរវកម្មថ្ងៃទី១១ ខែកញ្ញា មកលើសហរដ្ឋអាមេរិកដែលបានសម្លាប់មនុស្សជិត៣ពាន់នាក់ក្នុងរយៈពេលមួយថ្ងៃនៅក្នុងទីក្រុងញូវយ៉ក រដ្ឋធានីវ៉ាស៊ីនតោន និងតំបន់ជនបទនៃរដ្ឋ Pennsylvania។ សាកលលោក/ក្រិក៖ សេចក្តីភ័យខ្លាចដែលថាប្រទេសក្រិក នឹងមិនអាចបំពេញតាមលក្ខខណ្ឌនៃប្រាក់កម្ចីដែលបានព្រមព្រៀងកាលពីឆ្នាំទៅបានធ្វើឲ្យផ្សារភាគហ៊ុនសាកលលោកធ្លាក់ចុះ និងប្រាក់យូរ៉ូចុះថ្លៃយ៉ាងខ្លាំង។ សហរដ្ឋអាមេរិក៖ នៅថ្ងៃច័ន្ទនេះ លោកប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា នឹងស្នើសុំជាផ្លូវការឲ្យរដ្ឋសភាអនុម័តសេចក្តីព្រាងច្បាប់របស់លោកដែលមានទឹកប្រាក់៤៥០ពាន់លានដុល្លារដែលបានប្រកាសកាលពីពេលថ្មីៗនេះក្នុងគោលបំណងបង្កើតការងារ និងបញ្ចៀសការភ័យខ្លាចចំពោះការមិនរីកចម្រើនសេដ្ឋកិច្ចលើកទី២នៅក្នុងប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនជាងគេបំផុតក្នុងពិភពលោក។ អង់គ្លេស/រុស្ស៊ី៖ លោក David Cameron នាយករដ្ឋមន្រ្តីនៃប្រទេសអង់គ្លេសកំពុងស្ថិតក្នុងរដ្ឋធានីម៉ូស្គូ ដែលជាដំណើរបំពេញទស្សនកិច្ចលើកទីមួយរបស់មេដឹកនាំអង់គ្លេសទៅកាន់ប្រទេសរុស្ស៊ីក្នុងរយៈពេល៦ឆ្នាំកន្លងមកនេះ។ ក្វាតេម៉ាឡា៖ ប្រជាពលរដ្ឋក្វាតេម៉ាឡាដែលមានបំណងចង់បានជីវភាពធូរធារ និងគេចចេញពីឧក្រិដ្ឋកម្មដែលមិនអាចត្រួតត្រាបាន បានធ្វើការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីកាលពីថ្ងៃអាទិត្យ។ អូស្រ្តាលី៖ គណបក្សការងារ (Labor Party) ដែលជាគណបក្សដឹកនាំប្រទេសនៃប្រទេសអូស្រ្តាលី បានព្រមព្រៀងនៅថ្ងៃច័ន្ទនេះ ក្នុងការស្នើនូវសេចក្តីព្រាងច្បាប់ដែលនឹងអាចឲ្យរដ្ឋាភិបាលអនុវត្តការផ្លាស់ប្តូរជនភៀសខ្លួនទៅវិញទៅមកជាមួយប្រទេសម៉ាឡេស៊ី។ ជប៉ុន៖ នៅថ្ងៃច័ន្ទនេះ លោកនាយករដ្ឋមន្រ្តីជប៉ុនយ៉ូស៊ីហ៊ីកុ ណូដា (Yoshihiko Noda) បានតែងតាំងលោកយូគីអុ អេដាណុ (Yukio Edano) ជារដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជំនួសឲ្យលោកយូស៊ីអុ ហាឈីរ៉ូ (Yoshio Hachiro) ដែលបានចុះចេញពីតំណែងកាលពីសប្តាហ៍មុនបន្ទាប់ពីបានប្រព្រឹត្តនូវកំហុសដ៏អាម៉ាស់មុខមួយ។ តៃវ៉ាន់/សហរដ្ឋអាមេរិក៖ បេក្ខជនប្រធានាធិបតីគណបក្សប្រឆាំងនៃកោះតៃវ៉ាន់ បានធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក នៅថ្ងៃច័ន្ទនេះដោយសន្យាធ្វើឲ្យមានចំណងទាក់ទងកាន់តែជិតស្និទ្ធឡើងជាមួយរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ប្រសិនបើគណបក្សរបស់លោកស្រីឈ្នះការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅឆ្នាំក្រោយ។ ព័ត៌មាននៅពេលមុននេះ៖ <!--IMAGE-LEFT-->សហរដ្ឋអាមេរិក៖ ជាមួយគារវកិច្ចដ៏ឱឡារិក សហរដ្ឋអាមេរិកប្រារព្ធខួបឆ្នាំទី១០នៃការវាយប្រហារដោយភេរវកម្មកាលពីថ្ងៃទី១១ កញ្ញា ២០០១ ដែលបានបណ្តាលឱ្យមនុស្សជិត៣ពាន់នាក់ស្លាប់ ហើយបានជំរុញប្រទេសអាមេរិកឱ្យចូលក្នុងសង្គ្រាមមួយទសវត្សរ៍មកហើយ។ សហរដ្ឋអាមេរិក៖ មនុស្សនៅទូទាំងពិភពលោកបានប្រារព្ធដោយស្រងូតស្រងាត់ខួបឆ្នាំទី១០នៃការវាយប្រហារភេរវកម្មកាលពីថ្ងៃទី១១ កញ្ញា ២០០១ ទៅលើសហរដ្ឋអាមេរិក ដែលបានបណ្តាលឱ្យមនុស្សជិត៣ពាន់នាក់ស្លាប់ក្នុងពេលតែមួយថ្ងៃ។ អ៊ីរ៉ាក់៖ បព្វជិតអ៊ីស្លាមប្រឆាំងនឹងអាមេរិកាំងម្នាក់ក្នុងប្រទសអ៊ីរ៉ាក់បានអំពាវនាវដល់ពួកអ្នកដើរតាមលោកឱ្យឈប់ធ្វើការវាយប្រហារលើពួកទាហានអាមេរិក ពីព្រោះលោកមិនចង់ឱ្យពួកអាមេរិកាំងមានលេសក្នុងការស្ថិតនៅក្នុងប្រទេសតទៅទៀត។ អាហ្វហ្គានីស្ថាន៖ កាលពីថ្ងៃអាទិត្យកងកម្លាំងដឹកនាំដោយអង្គការអូតង់និយាយថាអ្នកដាក់គ្រាប់បែកអត្តឃាតតាលីបង់ម្នាក់បានបើកទ្បានមានផ្ទុកគ្រឿងផ្ទុះចូលទៅក្នុងច្រកប៉ុស្តិ៍ជួរមុខមួយរបស់ក្រុមចម្រុះ នៅក្នុងផ្នែកកណ្តាលនៃប្រទេសនេះ បណ្តាលឱ្យជនស៊ីវិលយ៉ាងតិចណាស់៤នាក់ស្លាប់និងជាង១០០នាក់ទៀតត្រូវរបួស។ លីប៊ី៖ កងកម្លាំងរដ្ឋាភិបាលបណ្តោះអាសន្ននៃប្រទេសលីប៊ីបានជំរុញទៅកាន់ទ្វារនៃក្រុងBani Walid ដែលជាសំបុកមួយក្នងបណ្តាសំបុកនៅសេសសល់របស់ Moammar Gadhafi មេដឹកនាំត្រូវបណ្តេញចេញពីតំណែង។ អេហ្ស៊ីប៖ អ្នកគ្រប់គ្រងយោធាប្រទេសអេហ្ស៊ីបបានពន្យាពេលលើកទៅថ្ងៃក្រោយការឆ្លើយជាកសិណសាក្សីរបស់លោកនៅក្នុងការកាត់ក្តីលោកអតីតប្រធានាធិបតី Hosni Mubarak ដោយលោកបាននិយាយថាលោកជាប់រវល់ជាមួយស្ថានការសន្តិសុខជាតិ។ អ៊ីស្រាអែល៖ ថ្លែងថាខ្លួននិយាយជាមួយប្រទេសអេហ្ស៊ីបអំពីការវិលត្រទ្បប់នៃឯកអគ្គរដ្ឋទូតម្នាក់ទៅកាន់ក្រុង Le Caire វិញ ក្រោយពីពួកបាតុករបានចូលលុកក្នុងស្ថានទូតអ៊ីស្រាអែលថ្ងៃសុក្រ បណ្តាលឱ្យមានការជម្លៀសពួកបុគ្គលិកអ៊ីស្រាអែលទៅកាន់ប្រទេសខ្លួនវិញ។ This posting includes an audio/video/photo media file: Download Now |
You are subscribed to email updates from VOA News: ព័ត៌មាន To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |