VOA News: ព័ត៌មាន: “ធនាគារអភិវឌ្ឍន៍អាស៊ីថាសេដ្ឋកិច្ចកម្ពុជាកើនឡើង” plus 3 more |
- ធនាគារអភិវឌ្ឍន៍អាស៊ីថាសេដ្ឋកិច្ចកម្ពុជាកើនឡើង
- សេចក្តីថ្លែងការណ៍របស់វីអូអេសំឡេងសហរដ្ឋអាមេរិកអំពីការព្រមានដល់អ្នកយកព័ត៌មាននៅកម្ពុជា
- ទឹកជំនន់ឡើងលិចខេត្តជាច្រើននៅក្នុងប្រទេសកម្ពុជា
- ព័ត៌មានអន្តរជាតិសង្ខេប៖ ១៤ កញ្ញា
ធនាគារអភិវឌ្ឍន៍អាស៊ីថាសេដ្ឋកិច្ចកម្ពុជាកើនឡើង Posted: 14 Sep 2011 02:51 PM PDT ធនាគារអភិវឌ្ឍន៍អាស៊ីនៅថ្ងៃពុធនេះ បានការព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជាឡើងដល់ ៦,៨ភាគរយ ក្នុងឆ្នាំ២០១១ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្យាករណ៍កំណើនសេដ្ឋកិច្ចកម្ពុជាថាអាចនឹងកើនឡើងចំនួន ៨,៧ភាគរយនៅក្នុងឆ្នាំ២០១១នេះ។ លោក ភីធរ ចន ប្រ៊ីមបល (Peter John Brimble) សេដ្ឋវិទូជាន់ខ្ពស់ប្រចាំកម្ពុជានៃធនាគារអភិវឌ្ឍន៍អាស៊ី បានថ្លែងប្រាប់ក្រុមអ្នករាយការណ៍ព័ត៌មាននៅទីចាត់ការធនាគារថា និន្នាការវិជ្ជមាននៅក្នុងរយៈពេលប្រាំមួយខែ ដើមឆ្នាំ២០១១នេះនឹងជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជាឲ្យកើនឡើងដល់៦,៨ភាគរយ នៅក្នុងឆ្នាំ២០១១ ពោលគឺកើនឡើងច្រើនជាងការព្យាករណ៍កាលពីខែមេសាដែលធនាគារអភិវឌ្ឍន៍អាស៊ី បានវាយតម្លៃថា សេដ្ឋកិច្ចកម្ពុជាមានកំណើនត្រឹម៦,៥ភាគរយ។ «ការព្យាករណ៍កំណើនសេដ្ឋកិច្ចនេះ បានផ្អែកទៅលើតម្លៃនៃការនាំចេញសម្លៀកបំពាក់របស់កម្ពុជាទៅសហរដ្ឋអាមេរិកនៅក្នុងរយៈពេលប្រាំមួយខែដើមឆ្នាំនេះ ដែលបានកើនឡើងជាង២៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១០។ ក្នុងពេលជាមួយគ្នានេះ ចំនួនភ្ញៀវទេសចរណ៍មានការកើនឡើងជាង១៣ភាគរយ ហើយការនាំអង្ករចេញក៏មាននិន្នាការកើនឡើងផងដែរ»។ លោក ភីធរ ចន ប្រ៊ីមបល បានបន្ថែមថា កម្ពុជានៅតែអាចរក្សាបាននូវកំណើនសេដ្ឋកិច្ចរឹងមាំសម្រាប់ឆ្នាំ ២០១១នេះ ដោយសារតែការងើបឡើងលឿនជាងការរំពឹងទុកនូវការនាំចេញសម្លៀកបំពាក់ និងវិស័យទេសចរណ៍ និងដោយសារទស្សនវិស័យវិជ្ជមាននៃការពង្រីកផលិតកម្មកសិកម្ម។ ប៉ុន្តែ ការថយចុះសកម្មភាពពាណិជ្ជកម្មជាសកលដែលកំពុងកើតមាននាបច្ចុប្បន្ននេះនឹងបង្អន់ល្បឿនកំណើនសេដ្ឋកិច្ចកម្ពុជានៅក្នុងឆ្នាំ២០១២។ «យើងនៅតែជឿជាក់លើកំណើនសេដ្ឋកិច្ចកម្ពុជា។ ប៉ុន្តែយើងចង់ប្រើឱកាសដើម្បីធ្វើបច្ចុប្បន្នកម្មលើទស្សនវិស័យអភិវឌ្ឍន៍អាស៊ីនេះ ក្នុងគោលបំណងគូសបញ្ជាក់អំពីការប្រឈមសំខាន់ៗ មួយចំនួន។សេដ្ឋកិច្ចសំខាន់ៗ មួយចំនួនប្រថុយនឹងគ្រោះថ្នាក់នៅក្នុងខែកក្កដានេះ ដែលយើងគិតថា កម្ពុជាប្រឈមនឹងបញ្ហានេះនៅក្នុងរយៈពេលពីរបីឆ្នាំខាងមុខទៀត»។ របាយការណ៍ស្តីពីទស្សនវិស័យអភិវឌ្ឍន៍អាស៊ីឆ្នាំ២០១១ បច្ចុប្បន្នកម្មបានព្យាករណ៍ថា កំណើនឆ្នាំ២០១២នឹងថយចុះមកនៅត្រឹម ៦,៥ភាគរយពីចំនួន ៦,៨ភាគរយ នៅក្នុងឆ្នាំ២០១១ ហើយការថយចុះនេះ ឆ្លុះបញ្ចាំងពីអស្ថិរភាព ដែលកំពុងកើតមាននៅក្នុងទីផ្សារសកលនឹងធ្វើឲ្យប៉ះពាល់ដល់តម្រូវការផលិតផលពីកម្ពុជានៅក្នុងឆមាសទីពីរឆ្នាំ២០១១ និងឆ្លងចូលទៅក្នុងឆ្នាំ២០១២។ របាយការណ៍នេះ បានលើកឡើងថា និន្នាការថយចុះក្នុងទីផ្សារសកលនេះនឹងមិនប៉ះពាល់ដល់និន្នាការវិជ្ជមាន ដែលបានសង្កេតឃើញកន្លងមកនោះទេ។ ប៉ុន្តែបញ្ហាប្រឈមរយៈពេលវែងនៅតែមានសម្រាប់សេដ្ឋកិច្ច ដែលមានមូលដ្ឋានចង្អៀតរបស់កម្ពុជា ហើយវាទាមទារឲ្យមានពិពិធកម្មសេដ្ឋកិច្ច ការធ្វើលម្ហសារពើពន្ធ ការដោះស្រាយបញ្ហាអភិបាលកិច្ច និងការពង្រីកបរិយាកាសវិនិយោគ។ លោក ភីធរ ចន ប្រ៊ីមបល បានថ្លែងថា កម្ពុជាចាំបាច់ត្រូវដោះស្រាយបញ្ហារយៈពេលវែងទាំងនេះ ទើបអាចសម្រេចបានកំណើនប្រកបដោយសក្តានុពល។ ការកាត់បន្ថយចំណាយខ្ពស់លើការដឹកជញ្ជូន ថាមពល និងពិពិធកម្មផលិតផលកសិកម្ម និងវិស័យទេសចរណ៍មានសារៈសំខាន់យ៉ាងខ្លាំង ហើយបញ្ហាទាំងអស់នេះនឹងត្រូវបានលើកយកមកដោះស្រាយក្រោមយុទ្ធសាស្ត្រភាពជាដៃគូប្រចាំប្រទេសឆ្នាំ២០១១-២០១៣ របស់ធនាគារអភិវឌ្ឍន៍អាស៊ី។ សេចក្តីថ្លែងការណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ី បានបញ្ជាក់ថា អត្រាអតិផរណានឹងមានកម្រិតជាមធ្យមប្រមាណ៥,៥ភាគរយនៅក្នុង ឆ្នាំ២០១១ និងឆ្នាំ២០១២។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងកាលពីថ្ងៃច័ន្ទថា កំណើនសេដ្ឋកិច្ចកម្ពុជាមានលទ្ធភាពកើនឡើង៨,៧ភាគរយនៅក្នុងឆ្នាំ២០១១ ស្របតាមការប៉ាន់ស្មានរបស់វិទ្យាស្ថានសេដ្ឋកិច្ចកម្ពុជា។ ប៉ុន្តែ រដ្ឋាភិបាលកម្ពុជាបានព្យាករណ៍ថា កំណើនសេដ្ឋកិច្ចផ្លូវការឆ្នាំ២០១១មានចំនួន៦ភាគរយ។ មូលនិធិរូបិយវត្ថុអន្តរជាតិ IMF បានព្យាករណ៍កំណើនសេដ្ឋកិច្ចកម្ពុជាប្រមាណ៧ភាគរយ និងធនាគារពិភពលោកប្រមាណ ៦,៥ភាគរយ នៅក្នុងឆ្នាំ២០១១នេះ៕ This posting includes an audio/video/photo media file: Download Now |
Posted: 14 Sep 2011 12:33 PM PDT រដ្ឋធានីវ៉ាស៊ីនតោន ថ្ងៃទី ១ កញ្ញា ២០១១៖ វីអូអេ សំឡេងសហរដ្ឋអាមេរិក មានសេចក្តីព្រួយបារម្ភចំពោះការចេញការព្រមានមួយតាមផ្លូវច្បាប់ទាក់ទងទៅនឹងសេចក្តីរាយការណ៍របស់សំឡេងសហរដ្ឋអាមេរិកស្តីអំពីតុលាការដែលមានអង្គការសហប្រជាជាតិគាំទ្រនៅក្នុងប្រទេសកម្ពុជា ដែលបាននិងកំពុងធ្វើការស៊ើបអង្កេតអំពើឃោរឃៅរបស់អតីតរបបខ្មែរក្រហម។ នៅថ្ងៃទី៣១ ខែសីហា សហចៅក្រមស៊ើបអង្កេតនៃសាលាក្តីកម្ពុជាដែលអង្គការសហប្រជាជាតិគាំទ្រ បានប្រកាសថា តុលាការបានចាប់បើកដំណើរការនីតិវិធីនៃ«ការជ្រៀតជ្រែកចូលក្នុងកិច្ចការរដ្ឋបាលតុលាការ» ទាក់ទងទៅនឹងសេចក្តីរាយការណ៍របស់ក្រុមផ្សាយជាភាសាខ្មែរនៃវីអូអេសំឡេងសហរដ្ឋអាមេរិក។ សេចក្តីថ្លែងដែលមិនមានចុះហត្ថលេខា ពីអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា បានលើកឡើងអំពីការប្រើឯកសារសម្ងាត់របស់តុលាការដោយវីអូអេសំឡេងសហរដ្ឋអាមេរិកនៅក្នុងសេចក្តីរាយការណ៍មួយដែលបានផ្សាយនៅថ្ងៃទី១០ ខែសីហា ដោយបានចង្អុលបង្ហាញអត្តសញ្ញាណមនុស្សថ្មីដែលអាចជាចុងចោទ។ សេចក្តីថ្លែងការណ៍បញ្ជាក់ថា ដំណើរការបណ្តឹងនេះត្រូវបានធ្វើឡើងទាក់ទងនឹង «ការជ្រៀតជ្រែកចូលក្នុងកិច្ចការរដ្ឋបាលរបស់តុលាការ» បន្ទាប់ពីវីអូអេសំឡេងសហរដ្ឋអាមេរិកបាន «ដកស្រង់ទាំងស្រុងនូវខ្លឹមសារនៃឯកសារសម្ងាត់» ហើយ «ថែមទាំងបានបង្ហាញឯកសារនោះក្នុងវីដេអូ» ទៀតផង។ សេចក្តីថ្លែងការណ៍នោះ បានបន្ថែមថា «បុគ្គលរូបណាដែលមានបំណងចង់បង្ហាញឯកសារសម្ងាត់តុលាការថាសំណុំរឿងរបស់ពួកគេអាចនឹងត្រូវបញ្ជូនទៅ ព្រះរាជអាជ្ញាជាតិស្របតាមវិធាន ៣៥ (២) (គ)»។ វីអូអេសំឡេងសហរដ្ឋអាមេរិកមានសេចក្តីព្រួយបារម្ភអំពី «ផលអាក្រក់» ដែលកើតចេញពីការគំរាមរបស់សហចៅក្រមស៊ើបអង្កេតនេះ ទៅលើការផ្សាយព័ត៌មានអន្តរជាតិដ៏សំខាន់។ អង្គការសិទ្ធិមនុស្សខ្លះបានចោទថា ចៅក្រមនៅក្នុងសាលាក្តី ខកខានមិនបានធ្វើការស៊ើបអង្កេតឲ្យបានពេញលេញអំពីរឿងក្តីដែលព្រះរាជអាជ្ញាបានលើកឡើងនោះទេ។ វីអូអេសំឡេងសហរដ្ឋអាមេរិកជឿថា ការចេញការព្រមានរបស់សហចៅក្រមនេះ ជាការមិនត្រឹមត្រូវទេ។ វីអូអេសំឡេងសហរដ្ឋអាមេរិកមានការទទួលខុសត្រូវខាងព័ត៌មាននិងច្បាប់ ក្នុងការផ្សាយព័ត៌មានឲ្យបានប្រកបដោយតុល្យភាព និងភាពទូលំទូលាយ ស្តីអំពីរឿងរ៉ាវសំខាន់ៗ។ ការប្រើប្រភព និងឯកសារសម្ងាត់ដោយប្រុងប្រយ័ត្ន ដែលជួយផ្តល់ការយល់ដឹងស៊ីជម្រៅទៅក្នុងបញ្ហាសំខាន់ៗ ជាការអនុវត្តដែលក្រុមអ្នកយកព័ត៌មានឯករាជ្យបានប្រើជាយូរមកហើយនៅជុំវិញពិភពលោក។ លើសពីនេះទៅទៀត ឯកសារទាំងនេះបានត្រូវក្រុមផ្សាយព័ត៌មានដទៃទៀតយកទៅប្រើមុនហើយ។ វីអូអេសំឡេងសហរដ្ឋអាមេរិក និងក្រុមផ្សាយជាភាសាខ្មែររបស់វីអូអេ ប្តេជ្ញាផ្តល់ព័ត៌មានពិត គ្មានលម្អៀង និងទូលំទូលាយទាក់ទងនឹងការស៊ើបអង្កេតជាបន្តអំពីអំពើឃោរឃៅរបស់ពួកខ្មែរក្រហម និងបញ្ហាដែលមានសារៈសំខាន់ដល់ប្រជាពលរដ្ឋនៅក្នុងតំបន់ និងនៅក្នុងពិភពលោក។ សេចក្តីថ្លែងការណ៍នេះមាននៅក្នុងគេហទំព័រ www.insidevoa.com។ សម្រាប់ការសាកសួរដើម្បីផ្សាយព័ត៌មាន សូមទាក់ទង លោក ខាយល៍ ឃីង (Kyle King) នៅក្រុងវ៉ាស៊ីនតោន តាមសារអេឡិកត្រូនិក kking@voanews.com៕ --- វីអូអេសំឡេងសហរដ្ឋអាមេរិកជាសេវាផ្សាយព័ត៌មានអន្តរជាតិតាមរយៈបណ្តាញជាច្រើន ដែលទទួលថវិកាពីរដ្ឋាភិបាលសហរដ្ឋអាមេរិក ក្រោមការគ្រប់គ្រងនៃក្រុមប្រឹក្សាភិបាលផ្សាយព័ត៌មាន (Broadcasting Board of Governors)។ វីអូអេសំឡេង សហរដ្ឋអាមេរិក ផ្សាយព័ត៌មាន ដំណឹងផ្សេងៗ កម្មវិធីអប់រំ កម្មវិធីវប្បធម៌ ប្រហែល ១.៥០០ ម៉ោងក្នុងមួយសប្តាហ៍ ជូនអ្នកស្តាប់ចំនួនប្រមាណ ១២៣ លាននាក់នៅជុំវិញពិភពលោក។ កម្មវិធីទាំងនេះមានផ្សាយចេញជា ៤៤ ភាសា ហើយមានបំណងផ្សាយជូនតែប្រិយមិត្តនៅក្រៅសហរដ្ឋអាមេរិកប៉ុណ្ណោះ។ បើចង់បានព័ត៌មានបន្ថែម សូមទូរស័ព្ទទៅការិយាល័យទំនាក់ទំនងសាធារណៈរបស់វីអូអេ លេខ (២០២) ២០៣-៤៩៥៩ ឬតាមសារអេឡិកត្រូនិក askvoa@voanews.com។ សូមមើលយើងតាម Twitter @VOABuzz និងតាម Facebook នៅទំព័រ InsideVOA។ This posting includes an audio/video/photo media file: Download Now |
ទឹកជំនន់ឡើងលិចខេត្តជាច្រើននៅក្នុងប្រទេសកម្ពុជា Posted: 14 Sep 2011 09:41 AM PDT ខេត្តមួយចំនួនក្នុងប្រទេសកម្ពុជា នៅតាមព្រំដែនជាមួយប្រទេសថៃ មានការលិចលង់ដោយសារទឹកជំនន់ ដែលបណ្តាលមកពីមានភ្លៀងជោគជាំ ហូរធ្លាក់មកពីលើភ្នំនៅជិតនោះ។ <!--AV--> ទឹកភ្លៀងដែលហូរធ្លាក់មកពីលើភ្នំដងរែក បានបណ្តាលឲ្យលិចស្រុកយ៉ាងតិចបួននៅក្នុងខេត្តសៀមរាប កាលពីថ្ងៃសៅរ៍ ហើយក្រោយមកបានហូរហៀរទៅដល់ខេត្តបាត់ដំបងនិងឧត្តរមានជ័យកាលពីថ្ងៃច័ន្ទ នៅពេលដែលមានភ្លៀងធ្លាក់យ៉ាងខ្លាំងនៅតាមបណ្តោយព្រំដែនប្រទេសថៃ ដែលធ្វើឲ្យស្ថានការណ៍មានភាពរិតតែធ្ងន់ធ្ងរឡើងទៀត។ <!--IMAGE-RIGHT-->អ្នកស្រុកនៅខេត្តសៀមរាបបាននាំគ្នាដើរនិងជិះម៉ូតូតាមផ្លូវដែលលិចទឹក ហើយឈរនៅលើស្ពានស្ទូចត្រីក្នុងស្ទឹងដែលមានទឹកហៀរពាសពេញ។ អ្នកស្រុកម្នាក់ថ្លែងថា៖ «ចង់ឲ្យអាជ្ញាធរចាត់វិធានការដើម្បីឲ្យឆាប់ស្រកទឹកហ្នឹងបាទ ឲ្យប្រជាជនទាំងអស់បានធូរធារបាទ»។ មន្រ្តីបានបញ្ជូនម៉ាស៊ីនធំៗឲ្យទៅជួយបូមទឹកចេញពីផ្លូវថ្នល់។ អាជីវករម្នាក់និយាយថា៖ «ភ្លៀងផង ទឹកជំនន់ផង បានវាលិច ខ្ញុំរកស៊ីអត់កើត»។ គ្មានសេចក្តីរាយការណ៍អំពីមនុស្សរងគ្រោះ ឬអំពីការខូចខាតដ៏ធ្ងន់ធ្ងរណាទេ៕ This posting includes an audio/video/photo media file: Download Now |
ព័ត៌មានអន្តរជាតិសង្ខេប៖ ១៤ កញ្ញា Posted: 14 Sep 2011 12:25 AM PDT ព័ត៌មានចុងក្រោយបំផុត៖ កម្ពុជា៖ ខេត្តមួយចំនួនក្នុងប្រទេសកម្ពុជា នៅតាមបណ្តោយព្រំដែនជាមួយប្រទេសថៃ មានការលិចលង់ដោយសារទឹកជំនន់ ដែលបណ្តាលមកពីមានភ្លៀងហូរធ្លាក់ជោគជាំមកពីលើភ្នំនៅជិតនោះ។ អាហ្វហ្គានីស្ថាន៖ ការវាយប្រហារស្ទើរពេញមួយថ្ងៃរបស់ពួកឧទ្ទាមនៅចំកណ្តាលទីក្រុង កាប៊ុល បានចប់នៅថ្ងៃពុធនេះ នៅពេលដែលកងកម្លាំងអាហ្វហ្គានីស្ថាន និងកងកម្លាំងចម្រុះបានសម្លាប់ជនសកម្មប្រយុទ្ធចុងក្រោយ ដែលបានធ្វើការវាយប្រហារពីចម្ងាយទៅលើស្ថានទូតសហរដ្ឋអាមេរិកនិងមន្ទីរចាត់ការរបស់អង្គការអូតង់។ លីប៊ី៖ នៅថ្ងៃពុធនេះ ប្រធានក្រុមប្រឹក្សាអន្តរកាលជាតិរបស់ប្រទេសលីប៊ី ហៅកាត់ថា NTC កំពុងជួបប្រជុំជាមួយមន្រ្តីអាមេរិកជាន់ខ្ពស់បំផុតដែលបានអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសនេះ ចាប់តាំងពីកងកម្លាំងរបស់អាជ្ញាធរបណ្តោះអាសន្នបានបណ្តេញលោក ម៉ូអាម៉ា ហ្កាដាហ្វី ចេញពីអំណាចរួចមក។ អ៊ីរ៉ង់/សហរដ្ឋអាមេរិក៖ ក្រសួងយុត្តិធម៌ប្រទេសអ៊ីរ៉ង់ឲ្យដឹងថា សេចក្តីសម្រេចអំពីការដោះលែងអ្នកធ្វើដំណើរកំសាន្តជាតិអាមេរិកាំងពីរនាក់ ដែលតុលាការកាត់ឲ្យមានទោសអំពីបទចារកម្មនៅក្នុងប្រទេសអ៊ីរ៉ង់នៅមិនទាន់បានធ្វើទេ ក្រោយពីមានសេចក្តីរាយការណ៍ថាអ្នកទាំងពីរប្រហែលជាអាចរួចខ្លួនវិញក្នុងពេលឆាប់ៗ។ អ៊ីរ៉ាក់៖ មន្រ្តីប្រទេសអ៊ីរ៉ាក់ និយាយថា ការវាយប្រហារដោយគ្រាប់បែកនៅក្នុងតំបន់ភាគខាងលិចនិងខាងត្បូងនៃប្រទេស បានសម្លាប់មនុស្សយ៉ាងតិចចំនួន ១៣នាក់ និងធ្វើឲ្យមនុស្សជាង ៣០នាក់ទៀតរងរបួស។ <!--AV--> ព័ត៌មាននៅពេលមុននេះ៖ <!--IMAGE-RIGHT-->លីប៊ី៖ លោកប្រធានាធិបតី Jacob Zuma នៃប្រទេសអាហ្វ្រិកខាងត្បូងនិយាយថាសហភាពអាហ្វ្រិកមិនបានទទួលស្គាល់រដ្ឋាភិបាលអន្តរកាលរបស់ប្រទេសលីប៊ីទេ។ យេម៉ែន៖ ពួកមន្ត្រីសិទ្ធិមនុស្សអង្គការសហប្រជាជាតិនិយាយថាអំពើហិង្សាទាក់ទិននឹងបាតុកម្ម៦ខែក្នុងប្រទេសយេម៉ែនបានបណ្តាលឱ្យមនុស្សរាប់រយនាក់ស្លាប់ហើយមានមនុស្សរាប់ពាន់នាក់ទៀតបានត្រូវរបួស។ អេហ្ស៊ីប៖ សមាជិកជាន់ខ្ពស់ម្នាក់នៃពួកមន្ត្រីជិតស្និទ្ធបំផុតរបស់លោកអតីតប្រធានាធិបតីអេហ្ស៊ីប Hosni Mubarak បានឆ្លើយជាកសិណសាក្សីកាលពីថ្ងៃអង្គារនៅក្នុងបន្ទប់តុលាការមួយក្នុងក្រុង Le Caire ដោយមានការហាមប្រាមមិនឱ្យមានការយកព័ត៌មានទេនៅក្នុងការកាត់ក្តីអតីតចៅហ្វាយនាយរបស់លោក។ ប៉ាឡេស្ទីន៖ ពួកមេដឹកនាំប៉ាឡេស្ទីនហាក់ដូចជាប្រុងប្រៀបធ្វើឱ្យមានការទទួលស្គាល់ពេញលេញដោយអង្គការសហប្រជាជាតិ ទោះជាមានការព្រមានពីប្រទេសអាមេរិកថាចំណាត់ការមួយបែបនេះអាចធ្វើឱ្យមានផលមិនល្អដល់កិច្ចខិតខំប្រឹងប្រែងស្វែងរកសន្តិភាពជូនភូមិភាគមជ្ឈឹមបូព៌ាក៏ដោយ។ អាហ្វហ្គានីស្ថាន៖ ពួកបះបោរតាលីបង់ប្រដាប់ដោយអាវកាក់មានគ្រឿងផ្ទុះសម្រាប់ធ្វើអត្តឃាតនិង Rockets ធុនB-40 បានវាយប្រហារទីស្នាក់ការធំរបស់អង្គការអូតង់ ស្ថានទូតអាមេរិកនិងពួកប៉ូលីសក្នុងក្រុងកាប៊ុល។ មានមនុស្សយ៉ាងតិចណាស់៧នាក់បានស្លាប់។ អ៊ីរ៉ង់៖ ហ៊ីលឡារីគ្លីនតុន រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក ថាលោកស្រីបានត្រូវលើកទឹកចិត្តដោយអត្ថាធិប្បាយរបស់ប្រធានាធិបតីអ៊ីរ៉ង់ដែលប្រកាសថាជនជាតិអាមេរិកាំង២នាក់ដែលដើរលេងក្នុងតំបន់ភ្នំហើយត្រូវកាត់ទោសពីបទធ្វើចារកម្មក្នុងប្រទេសអ៊ីរ៉ង់នឹងត្រូវដោះលែងក្នុងពេលឆាប់ៗនេះ។ លីប៊ី៖ អ្នកស្រុកនៅក្នុងទីតាំងមួយនៅសេសសល់របស់អតីតមេដឹកនាំលីប៊ី Moammar Gadhafi បាននាំគ្នាគេចខ្លួនចេញពីទីនោះនៅថ្ងៃអង្គារ ពេលដែលអង្គការអូតង់និងក្រុមយុទ្ធជននៃអាជ្ញាធរបណ្តោះអាសន្នលីប៊ីបានបន្តធ្វើការវាយប្រហារលើកងកម្លាំងលម្អៀងទៅខាង Gadhafi។ This posting includes an audio/video/photo media file: Download Now |
You are subscribed to email updates from VOA News: ព័ត៌មាន To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |