VOA News: ព័ត៌មាន: “អ្នកភូមិបឹងកក់ថាមន្ត្រីក្រុមហ៊ុនយកដីពួកគាត់” plus 5 more |
- អ្នកភូមិបឹងកក់ថាមន្ត្រីក្រុមហ៊ុនយកដីពួកគាត់
- អ្នកវិភាគឃើញទំព័រថ្មីក្នុងដំណើរទស្សនកិច្ចនៃប្រមុខរដ្ឋាភិបាលថៃ
- ខ្មែរពីររូបទទួលពានរង្វាន់សិទ្ធិមនុស្ស
- ប្រេងកាតអាចស្ថិតក្នុងរបៀបវារៈនៃជំនួបប្រមុខរដ្ឋាភិបាលខ្មែរនិងថៃ
- ព័ត៌មានអន្តរជាតិសង្ខេប៖ ១៣ កញ្ញា
- នាយករដ្ឋមន្រ្តីថៃថ្មីពិភាក្សាអំពីកម្ពុជាក្នុងអំឡុងទស្សនកិច្ចនៅឥណ្ឌូណេស៊ី
អ្នកភូមិបឹងកក់ថាមន្ត្រីក្រុមហ៊ុនយកដីពួកគាត់ Posted: 13 Sep 2011 01:05 PM PDT ប៉ុន្មានម៉ោងតែប៉ុណ្ណោះ បន្ទាប់ពីសាលាសង្កាត់ស្រះចកបានបង្ហាញឈ្មោះកម្មសិទ្ធិដីធ្លីជាផ្លូវការដល់ប្រជាពលរដ្ឋ ដែលនៅសេសសល់ពីការបណ្តេញចេញដោយបង្ខំនៅតំបន់បឹងកក់ ប្រជាពលរដ្ឋមួយចំនួនបានស្រែកយំនឹងបានដាក់បណ្តាសា ដល់មន្រ្តីសាលាក្រុងភ្នំពេញ បន្ទាប់ពីឈ្មោះរបស់ពួកគេមិនមាននៅក្នុងបញ្ជីប្លង់កាន់កាប់កម្មសិទ្ធិដីធ្លី។ «មន្ត្រីពុកអាឡួយ (ពុករលួយ) ប្រជាពលរដ្ឋក្តៅក្រហាយ សូមឲ្យអាឯងវិនាស ឲ្យឯងក្តៅក្រហាយ។ ឲ្យវាវិនាស ឲ្យវារលាយ កុំឲ្យវាបានសេចក្តីសុខ»។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីដើមខែសីហា បានប្រកាសកាត់ដីចំនួនជាង១២ហិកតា ផ្តល់ជូនប្រជាពលរដ្ឋដែលនៅសេសសល់ប្រមាណជាង៨០០គ្រួសារ សម្រាប់ធ្វើការអភិវឌ្ឍដោយខ្លួនឯង។ ក៏ប៉ុន្តែ ក្នុងចំណោមប្រជាពលរដ្ឋទាំងនោះ មានចំនួន៦៤គ្រួសារទៀត ដែលភាពច្រើន ជាប្រជាពលរដ្ឋរស់នៅលើផ្ទៃទឹក មិនមានឈ្មោះនៅក្នុងប្លង់ផ្តល់កម្មសិទ្ធិដីធ្លីទេ។ ក្នុងបញ្ជីឈ្មោះផ្តល់កម្មសិទ្ធដីធ្លី ដែលបានបិតបង្ហាញកាលពីថ្ងៃច័ន្ទ នៅពីមុខសាលាសង្កាត់ស្រះចក បានបង្ហាញឲ្យឃើញថា ប្រជាពលរដ្ឋដែលរងគ្រោះពិតប្រាកដមិនមានឈ្មោះ ក៏ប៉ុន្តែ បែរជាមានឈ្មោះ លោកឧកញ៉ា ឡាវ ម៉េងឃីន និងអ្នកស្រី ជឹង សុភាព ប្រធានក្រុមហ៊ុនស៊ូកាកូអ៊ីន រហូតទៅដល់ប្លង់ម្ភៃមួយកម្មសិទ្ធិដីធ្លី។ <!--IMAGE-LEFT-->ក្រុមប្រជាពលរដ្ឋមួយចំនួនដែលពុំមានឈ្មោះបានចោទប្រកាន់ថា មន្ត្រីសាលាក្រុងភ្នំពេញ បានប្រព្រឹត្តអំពើពុករលួយ និងបក្ខពួកនិយមក្នុងការចេញប្លង់កម្មសិទ្ធិដីធ្លីដល់លោកឧកញ៉ា ឡាវ ម៉េងឃីន។ កំពុងតែឈរកាន់អំបិលលាយឡំនឹងអង្ករមួយចាននៅក្រោមម្លប់ដើមឈើមួយ អ្នកស្រី ង៉ែត ឃុន អាយុ៧១ឆ្នាំ រស់នៅភូមិ២២ បាននិយាយថា អ្នកស្រីគ្មានឈ្មោះនៅក្នុងបញ្ជីនៅក្នុងដីទំហំ ជាង១២ហិកតា ដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាត់ឲ្យនោះទេ។ លោកស្រីបាននិយាយទៀតថា សាលាសង្កាត់ស្រះចក និងសាលាក្រុងភ្នំពេញ បានឃុបឃិតជាមួយនឹងក្រុមហ៊ុនស៊ូកាកូអ៊ីន ប្លន់យកដីរបស់អ្នកស្រី។ «ក្រុមមន្ត្រីមួយចំនួនដែលនៅពុករលួយហ្នឹង។ អាជ្ញាធរ មន្រ្តីខាងសាលា សុរិយោដី ហើយនឹងក្រុង សង្កាត់ ខណ្ឌ គេពុករលួយជាមួយគ្នាទាំងអស់ មកកាត់ប្រជាពលរដ្ឋដែលពួកខ្ញុំ ដែលរងគ្រោះពិតប្រាកដឥតមាន។ ខ្ញុំទៅតវ៉ាផ្ទះរបស់ខ្ញុំ វាយខ្ញុំឡើងបែកក្បាល បែកអីទាំងអស់ហើយ នៅតែជាឥតមានឈ្មោះ»។ បន្ទាប់ពីបាត់ឈ្មោះ ប្រជាពលរដ្ឋនៅភូមិ២២បានមកដុតសម្បកកង់ឡានចាស់ៗ ដើម្បីតវ៉ានៅភូមិរបស់ខ្លួន ហើយមានប្រជាពលរដ្ឋមួយចំនួនផ្សេងទៀតបានបាចអង្ករ លាយនឹងអំបិល ដាក់បណ្តាសាដល់ក្រុមហ៊ុន និងមន្រ្តីសាលាក្រុងភ្នំពេញ។ «ខ្ញុំសូមដាក់បណ្តាសាឲ្យមន្ត្រីណាដែលជាប់ពាក់ព័ន្ធជាមួយ សុំឲ្យលោកវិនាស។ សូមឲ្យក្តៅក្រហាយដូចខ្ញុំដុតអំបិលអញ្ចឹង»។ អ្នកស្រី ហេង មុំ កំពុងតែឈរបាចអំបិលជាមួយប្រជាពលរដ្ឋពីរនាក់ផ្សេងទៀត ទៅលើអណ្តាតភ្លើងនៃសម្បកកង់ឡានដែលកំពុងតែឆេះយ៉ាងសន្ធោសន្ធៅ។ អ្នកស្រីបាននិយាយថា អ្នកស្រីមិនសុខចិត្តទេ បន្ទាប់ពីការតវ៉ាអស់រយៈពេលជាច្រើនឆ្នាំ បែរជាមិនមានឈ្មោះទៅវិញ។ «ដីនេះ ដីសម្តេចប្រទានកម្មឲ្យប្រជាពលរដ្ឋ ដែលរស់នៅកន្លែងនេះ លោកមិនកាត់ប្រជាជនណាម្នាក់ទេ។ គាត់ឲ្យប្រជាជនដែលនៅសេសសល់ទាំងប៉ុន្មានរស់នៅលើដីជាង១២ហិកតា បែរជាមន្ត្រីក្រុមហ៊ុនទាំងលោក ឡាវ ម៉េងឃីន មានឈ្មោះនៅក្នុងដី ១២ហិកតា។ តើមូលហេតុប្រជាពលរដ្ឋ ដែលរងគ្រោះនៅកន្លែងហ្នឹង ហេតុអីក៏គ្មានដី គ្មានឈ្មោះរស់នៅ»។ វីអូអេខ្មែរបានព្យាយាមទាក់ទងលោកលោកឡាវ ម៉េងឃីន ដើម្បីឆ្លើយបំភ្នឺ តែមិនអាចទាក់ទងបាន។ ប៉ុន្តែលោក កែប ជុតិមា អភិបាលក្រុងភ្នំពេញបានបា្រប់វីអូអេខ្មែរនៅថ្ងៃអង្គារនេះខណៈដែលលោកបានទៅចូលរួមនៅក្នុងការកាន់បិណ្ឌថ្ងៃទី១ នៅវត្តប្រជុំសាគរថា លោកឧកញ៉ា ឡាវ ម៉េងឃីន បានទិញដីនេះពីប្រជាពលរដ្ឋ ទើបលោកមានឈ្មោះនៅក្នុងបញ្ជីនេះ។ លោក កែប ជុតិមា បានបញ្ជាក់ទៀតថា សមា្រប់ប្រជាពលរដ្ឋដែលនៅសេសសល់នៅលើផ្ទៃទឹក សាលាក្រុងភ្នំពេញមិនចេញបណ្ណកម្មសិទ្ធិដីធ្លីទេ។ «ប៉ុន្មានថ្ងៃហ្នឹង មានបងប្អូនដែលគាត់តវ៉ា ថាគាត់ឥតមានឈ្មោះ។ តាមពិត យើងហ្មត់ចត់ណាស់ អ្វីជាបឹង អ្វីជាដីគោក។ អ្វីដែលយើងកាត់តាមបញ្ជាសម្តេចនាយកគឺដីគោក ឯដីបឹងគឺយើងមិនអាចប្រគល់ឲ្យគាត់បានទេ។ យើងឃើញថា ប្រជាជនបីបួនពាន់នាក់គាត់ចេញនៅក្នុងកត្តាបែបម៉េច គាត់បានចេញ។ អញ្ចឹង ខ្ញុំចង់ឆ្លៀតឱកាសនេះប្រាប់ថាទាំងនោះគឺជាបឹង»។ លោក កែប ជុតិមា បានបញ្ជាក់ទៀតថា ប្រជាពលរដ្ឋ ដែលនៅសេសសល់ មានប្រមាណជាង ៤២គ្រួសារ មិនមែន៦៤គ្រួសារទេ ហើយសាលាក្រុងភ្នំពេញកំពុងតែសម្របសម្រួលផ្តល់សំណងហើយ។ លោក សៀ ភារម្យ នាយកក្រុមការងារពិសេសសិទ្ធិលំនៅដ្ឋាន បាននិយាយថា លោកមានការងឿងឆ្ងល់ថាតើហេតុអ្វីបានជាក្រុមហ៊ុន ស៊ូកាគូអ៊ីន បានទៅទិញដីពីប្រជាពលរដ្ឋ ដែលកំពុងមានបញ្ហាទៅវិញ។ លោកបានបញ្ជាក់ថា សាលាក្រុងគួរតែបានបកស្រាយឲ្យបានច្បាស់ ដល់ប្រជាពលរដ្ឋដើម្បីជៀសវាងការចោទប្រកាន់ផ្សេងៗ។ «ធម្មតាក្នុងនាមជារដ្ឋាភិបាលមួយ ដែលជាអ្នកបម្រើប្រជាពលរដ្ឋ ដែលធ្វើអ្វីគិតគូរអ្វីៗ ដើម្បីប្រជាពលរដ្ឋ មិនមែនដើម្បីតែក្រុមរបស់ខ្លួនទេ។ គឺថាត្រូវដោះស្រាយយ៉ាងម៉េចដើម្បីឲ្យតែប្រជាពលរដ្ឋ លោកកើតទុក្ខមិនសុខចិត្ត ព្រោះកាលណាកើតទុក្ខមិនសុខចិត្តហើយ វាធ្វើឲ្យបញ្ហាហ្នឹងរវល់តែដោះស្រាយបណ្តើរៗ»។ សាលាក្រុងភ្នំពេញ ធ្លាប់បានផ្តល់សំណងជូនប្រជាពលរដ្ឋ ដែលរស់នៅលើផ្ទៃទឹក នៅក្នុងមួយគ្រួសារចំនួន ប្រាំបីពាន់ដូល្លាសហរដ្ឋអាមេរិច និងពីរលានរៀល ក៏ប៉ុន្តែ សម្រាប់ប្រជាពលរដ្ឋ ដែលនៅសេសសល់នេះ សាលាក្រុងភ្នំពេញនៅមិនទាន់បានដោះស្រាយឲ្យបានចប់សព្វគ្រប់នៅឡើយទេ៕ This posting includes an audio/video/photo media file: Download Now |
អ្នកវិភាគឃើញទំព័រថ្មីក្នុងដំណើរទស្សនកិច្ចនៃប្រមុខរដ្ឋាភិបាលថៃ Posted: 13 Sep 2011 10:47 AM PDT ក្រុមអ្នកវិភាគនិយាយនៅថ្ងៃអង្គារនេះថា ដំណើរទស្សនកិច្ចរបស់បងប្អូនបង្កើតនាយករដ្ឋមន្ត្រីថៃលោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រ (Yingluck Shinawatra) មកកាន់កម្ពុជា នៅក្នុងសប្តាហ៍នេះ អាចនឹងពិភាក្សាលើបញ្ហាជម្លោះព្រំដែន ការអភិវឌ្ឍធនធានប្រេង និងការដោះលែងអ្នកទោសជនជាតិថៃ។ លោកអតីតនាយករដ្ឋមន្ត្រីថៃ ថាក់ស៊ីន ស៊ីណាវ៉ាត្រ (Thaksin Shinawatra) នឹងមកទស្សនកិច្ចនៅកម្ពុជា បន្ទាប់ពីដំណើរទស្សនកិច្ចផ្លូវការរបស់លោកស្រីនាយករដ្ឋមន្ត្រីថៃ យីងឡាក់ ស៊ីណាវ៉ាត្រ ដែលនឹងធ្វើទស្សនកិច្ចរយៈពេលមួយថ្ងៃនៅថ្ងៃទី១៥ ខែកញ្ញានេះ។ លោកបណ្ឌិត ផាវីន ឆាឆាវ៉ាលផុងភុង (Pavin Chachavalpongpun) អ្នកស្រាវជ្រាវជាន់ខ្ពស់អំពីយុទ្ធសាស្ត្រ និងនយោបាយនៅវិទ្យាស្ថានសិក្សាស្រាវជ្រាវតំបន់អាស៊ីអាគ្នេយ៍ បានថ្លែងថា ដំណើរទស្សនកិច្ចនេះអាចមានរបៀបវារៈចំនួនបីគឺទី១ ការពិភាក្សានឹងផ្តោតទៅលើការសម្រុះសម្រួលគ្នា ជាពិសេស ព្យាយាមធ្វើឲ្យយល់គ្នាទៅវិញទៅមកក្នុងករណីប្រាសាទព្រះវិហារ និងទី២ ភាគីទាំងពីរអាចពិភាក្សាគ្នាអំពីការបែងចែកការអភិវឌ្ឍក្នុងដែនសមុទ្រដែលមានជម្លោះ ឬការពិភាក្សាអំពីប្រេង និងឧស្ម័នប៉ុន្តែលោកស្រី យីងឡាក់នឹងត្រូវធ្វើឲ្យប្រាកដប្រជាថា ដំណើរការនេះមានតម្លាភាព ហើយនឹងមិនមែនជាផលប្រយោជន៍សម្រាប់បុគ្គលណាមួយជាពិសេស ហើយទី៣ ដំណើរទស្សនកិច្ចនេះ អាចលើកឡើងអំពីការដោះលែងអ្នកទោសជនជាតិថៃពីរនាក់ ដែលបានជាប់ពន្ធនាគារនៅកម្ពុជាកាលពីឆ្នាំទៅ។ «ខ្ញុំគិតថា វាជាទស្សនកិច្ចប្រកបដោយវិជ្ជមាន ហើយ ខ្ញុំជឿថា វានឹងមានលទ្ធផលវិជ្ជមានពីដំណើរទស្សនកិច្ចនេះ។ ខ្ញុំគិតថានេះគឺជាការចាប់ផ្តើមថ្មីមួយនៃទំនាក់ទំនងកម្ពុជា និងថៃដោយពិចារណាថា ឥឡូវនេះ រដ្ឋាភិបាលទាំងពីរកំពុងចង់ពិភាក្សាគ្នា ហើយដោយសង្ឃឹមថា រដ្ឋាភិបាលទាំងពីរក៏នឹងសម្រុះសម្រួលគ្នាទៅវិញទៅមក និងមានរបៀបវារៈជាច្រើនក្នុងអំឡុងទស្សនកិច្ចនេះ»។ លោកបណ្ឌិត ផាវីន ឆាឆាវ៉ាលផុងភុង បានបញ្ជាក់ថា សម្រាប់លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រ លោកនឹងមិនដឹងអ្វីដែលជាប្រភេទនៃការចរចានោះទេ ប៉ុន្តែផលប្រយោជន៍បុគ្គលអាចជាបញ្ហាមួយនៃបញ្ហាជាច្រើន។ សម្រាប់លោកថាក់ស៊ីន យើងដឹងថា គាត់មានរបៀបវារៈផ្សេងទៀតមកកាន់កម្ពុជា របៀបវារៈឯកជន របៀបវារៈផ្ទាល់ ខ្លួន និងរបៀបវារៈជំនួញ។ លោកបណ្ឌិត ផាវីន ឆាឆាវ៉ាលផុងភុង បានថ្លែងថា លោកអតីតនាយករដ្ឋមន្ត្រីថៃថាក់ស៊ីន តែងតែចង់មកទស្សនកិច្ចនៅកម្ពុជា ដែលជាប្រទេសជាប់ជិតខាងប្រទេសរបស់លោក។ លោក ថាក់ស៊ីន ចង់បង្ហាញថា លោកជាមេដឹកនាំស្របច្បាប់ ហើយចង់បង្ហាញថា នៅពេលនេះ សត្រូវរបស់លោកនឹងមិនបញ្ឈប់លោកមិនឲ្យធ្វើដំណើរបានទេ។ លោកបណ្ឌិត ផាវីន ឆាឆាវ៉ាលផុងភុង គិតថាលោក ថាក់ស៊ីន ឆ្លៀតយកទស្សនកិច្ចក្នុងសប្តាហ៍តែមួយដូចទស្សនកិច្ចរបស់ប្អូន ស្រីលោក ដើម្បីដាក់បញ្ចេញមុខមាត់របស់លោកជាថ្មីម្តងទៀត។ សម្រាប់ចំណុចវិជ្ជមាន វាហាក់ដូចជាថា ចំណងទាក់ទងទ្វេភាគីរវាងប្រទេសទាំងពីរ គឺស្ថិតនៅលើការជុសជុល។ «យើងអាចមើលឃើញការធ្វើឲ្យប្រសើរឡើងនូវទំនាក់ទំនងដ៏ឆាប់ៗនេះ»។ លោកបណ្ឌិត ផាវីន ឆាឆាវ៉ាលផុងភុង គិតថា លទ្ធផលនៃការពិភាក្សានឹងផ្តល់ផលប្រយោជន៍ដល់ប្រទេសទាំងពីរ ជាពិសេស ចំណែកនៃការជំរុញតួនាទីអំណាចរបស់ពួកគេនៅក្នុងកិច្ចការនយោបាយផ្ទៃក្នុងប្រទេសរៀងៗខ្លួនរបស់ពួកគេ។ លោក ឈាង វណ្ណារិទ្ធ នាយកប្រតិបត្តិនៃវិទ្យាស្ថានកម្ពុជាដើម្បីកិច្ចសហប្រតិបត្តិការ និងសន្តិភាព បានថ្លែងថា ដំណើរទស្សនកិច្ចនេះអាចមានប្រសិទ្ធិភាពច្រើនយ៉ាងលើទំនាក់ទំនងទ្វេភាគី ដែលអាចនឹងមានជោគជ័យរវាងប្រទេសទាំងពីរ។ លោក ឈាង វណ្ណរិទ្ធ បានបន្ថែមថា បញ្ហាព្រំដែន ទាំងព្រំដែនគោក និងព្រំដែនសមុទ្រកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍរួមគ្នា ជាពិសេសនៅតាមតំបន់ព្រំដែន និងការដោះលែងអ្នកទោសជនជាតិថៃពីរនាក់ អាចជាប្រធានបទនៃការពិភាក្សាគ្នា។ «សន្តិភាព និងស្ថេរភាពនៅតំបន់ប្រាសាទព្រះវិហារ ពីព្រោះកម្ពុជាបានចំណាយច្រើនណាស់សម្រាប់ទ្រទ្រង់ដល់កងទ័ពនៅតំបន់ប្រាសាទព្រះវិហារ។ ការចំណាយលើកងទ័ពអាចធ្លាក់ចុះ។ ពាណិជ្ជកម្ម ចំនួនទេសចរណ៍ និងការវិនិយោគរវាងប្រទេសទាំងពីរអាចនឹងមានការកើនឡើង។ នេះគឺជាទំព័រថ្មីមួយរបស់ប្រវត្តិសាស្ត្រកម្ពុជា ថៃ និងជាផលប្រយោជន៍ ដែលយើងនឹងអាចឃើញនៅពេលខាងមុខនេះ»។ លោក ឈាង វណ្ណារិទ្ធ បានបញ្ជាក់ថា លទ្ធផលនៃការពិភាក្សានឹងមានផលប្រយោជន៍ឈ្នះឈ្នះសម្រាប់ប្រទេសកម្ពុជា និងប្រទេសថៃ។ «ប៉ុន្តែ អ្វីដែលប្រទេសកម្ពុជាគួរមានការប្រុងប្រយ័ត្នឲ្យបានច្រើនអំពីការពិភាក្សាប្រេង និងឧស្ម័នដែលគួរតែមានតម្លាភាពឲ្យកាន់តែច្រើន។ ការធ្វើទស្សនកិច្ចនេះ បានផ្តល់ផលប្រយោជន៍ទាំងសងខាង ទាំងកម្ពុជា និងទាំងថៃ។ ចំពោះកម្ពុជា យើងចង់បានកិច្ចព្រមព្រៀងមួយ ជាពិសេសនៅដែនសមុទ្រ ដែលយើងនឹងទាញយកប្រេងនៅចុងឆ្នាំក្រោយនោះ។ ដូច្នេះបើពុំមានកិច្ចព្រមព្រៀងណាមួយជាមួយភាគីថៃនោះទេ យើងពុំអាចទាញយកប្រេងបានទេ»។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងកាលពីថ្ងៃច័ន្ទថា លោកនឹងមិននិយាយជាមួយលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រ អំពីផលប្រយោជន៍នៃប្រទេសទាំងពីរទេ ហើយក៏គ្មានការចរចាអំពីបញ្ហាប្រេង និងឧស្ម័នរវាងលោក ថាក់ស៊ីន និងប្រទេសកម្ពុជានោះដែរ៕ This posting includes an audio/video/photo media file: Download Now |
ខ្មែរពីររូបទទួលពានរង្វាន់សិទ្ធិមនុស្ស Posted: 13 Sep 2011 02:12 PM PDT ប្រជាពលរដ្ឋកម្ពុជាពីររូបនឹងទទួលពានរង្វាន់សម្រាប់ការតស៊ូដើម្បីបុព្វហេតុសិទ្ធិមនុស្សនៅកម្ពុជានៅថ្ងៃពុធស្អែកនេះនៅទីក្រុងបាងកក ប្រទេសថៃ។ នេះជាពានរង្វាន់ ហេល្លមែន ហាមេ្មត្ត (Hellman Hammett) ដែលនឹងត្រូវប្រគល់ដោយអង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) ដែលមានមូលដ្ឋាននៅក្រុងញូវយ៉ក សហរដ្ឋអាមេរិក។ លោក ហង្ស ចក្រា និពន្ធនាយកកាសែតខ្មែរម្ចាស់ស្រុក ដែលត្រូវបានផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារដោយសារការផ្សាយពាក់ព័ន្ធនឹងការចោទប្រកាន់អំពីអំពើពុករលួយក្នុងរដ្ឋាភិបាល និងព្រះតេជគុណ លួន សាវ៉ាត ត្រូវបណ្ដេញចេញពី វត្តលង្កា ក្រុងភ្នំពេញ ដោយសារតែព្រះតេជគុណបាននិមន្ដចូលរួមគាំទ្រការធ្វើបាតុកម្មតវ៉ារបស់អ្នកភូមិបឹងកក់ប្រឆាំងនឹងការបំពានយកដីធ្លី។ បុគ្គលទាំងពីររូបគឺជាជ័យលាភីពានរង្វាន់នេះ។ លោក ហ្វ៊ីល រ៉ប៊តសិន (Phil Robertson) នាយករងនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សប្រចាំតំបន់អាស៊ី បានប្រាប់ វីអូអេខ្មែរតាមទូរស័ព្ទថា ពលរដ្ឋកម្ពុជាទាំងពីររូបមានសេចក្ដីក្លាហានក្នុងការបង្ហាញទស្សនៈរបស់ ខ្លួនសម្រាប់បម្រើឲ្យសិទ្ធិមនុស្ស។ «ពិតហើយករណីព្រះតេជគុណ លួន សាវ៉ាត ទាក់ទងនឹងការរឹបអូសយកដីធ្លី ហើយដែលបញ្ហារំលោភសិទ្ធិមនុស្សស្ថិតនៅក្នុងរឿងនោះ។ រីឯលោក ហង្ស ចក្រា ទាក់ទងនឹងរឿងអំពើពុករលួយ ហើយជាការពិតគាត់បានផ្ដន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេលមួយឆ្នាំដោយសារការនិយាយអំពីទស្សនៈរបស់គាត់ និងដោយមិនព្រមបង្ហាញប្រភពក្នុងអត្ថបទរបស់គាត់។ ដូច្នេះនៅក្នុងករណីទាំងពីរនេះមានសេចក្ដីក្លាហានក្នុងការប្រឈមចំពោះការកាត់ទោសសម្រាប់ទស្សនៈរបស់ពួកគេ»។ លោក ហង្ស ចក្រា អាយុ៥៧ឆ្នាំ ត្រូវបានផ្តន្ទាទោសដោយតុលាការក្រុងភ្នំពេញនៅឆ្នាំ២០០៩ ឲ្យជាប់ពន្ធធានាគារ រយៈពេលមួយឆ្នាំ បន្ទាប់ពីលោកបានផ្សាយនូវអត្ថបទស្តីពីការចោទប្រកាន់ទៅនឹងអំពើពុករលួយ ដែលពាក់ព័ន្ធនឹងលោកឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី រដ្ឋមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រី សុខ អាន។ រីឯព្រះតេជគុណ លួន សាវ៉ាត ព្រះជន្ម ៣៣ព្រះវស្សា ត្រូវសម្តេចព្រះសុមេធាធិបតី នន្ទ ង៉ែត ព្រះសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា ដាក់ពិន័យមិនឲ្យគង់នៅក្នុងវត្តលង្កា ហើយសម្តេចព្រះសុមាធាធិបតី ក៏បានដាក់បម្រាមដល់ទីអារាមវត្តផ្សេងទៀត មិនឲ្យទទួលព្រះតេជគុណ លួន សាវ៉ាត គង់នៅ។ ជ័យលាភីកម្ពុជា ទាំងពីររូបឋិតនៅក្នុងចំណោមជ័យលាភីចំនួន ៤៨រូប របស់អង្កការឃ្លាំមើលសិទ្ធិមនុស្សសម្រាប់ឆ្នាំ២០១១។ ជ័យលាភីចំនួន៣៣រូបឋិតនៅក្នុងអាស៊ីភាគបូព៌ា ដែលក្នុងនោះ ១២រូប មកពីឥណ្ឌូនេស៊ី ១០រូបមកពីចិន ៨រូបមកពីវៀតណាម ២រូបមកពីថៃ និងជ័យលាភី ១រូបមកពីម៉ាឡេស៊ី។ លោក ហង្ស ចក្រា បានសម្តែងសេចក្តីរីករាយ ចំពោះការទទួលពានរង្វាន់នេះ ដោយលោកចាត់ទុកថា នេះគឺជាជ័យជម្នះក្នុងអាជីពរបស់លោក។ «រង្វាន់នេះ ជាការលើកទឹកចិត្តធំធេងបំផុតសម្រាប់ខ្ញុំ សម្រាប់ការរួមចំណែកក្នុងការតស៊ូបញ្ចេញមតិនៅលើទំព័រសារព័ត៌មានរបស់ខ្ញុំ។ គេបានសម្លឹងឃើញថា ការតស៊ូបញ្ចេញមតិរបស់ខ្ញុំនេះ គឺដើម្បីសមធម៌ និងសង្គមធម៌ នៅក្នុងសង្គមកម្ពុជាតែប៉ុណ្ណោះ បាទ! ហើយ ខ្ញុំគិតថានេះ ជាជោគជ័យមួយនៅក្នុងជីវិតរបស់ខ្ញុំ ក្នុងអាជីពសារព័ត៌មាន»។ ការប្រគល់ពានរង្វាន់ ការប្រគល់ពានរង្វាន់ ហេល្លមែន ហាមេ្មត្ត ត្រូវបង្កើតឡើងនៅឆ្នាំ១៩៨៩ បន្ទាប់ពីអ្នកនិពន្ធអាមេរិក ដ៏ល្បីល្បាញមួយរូប ដែលធ្លាប់ទទួលរងការធ្វើទុក្ខបុកម្នេញ គឺលោកស្រី លីល្លាន ហាមេ្មត្ត (Lillian Hammett) បានសម្រេចចិត្តចែកមរតក ដែលជាអចលនទ្រព្យរបស់លោកស្រីសម្រាប់ជាជំនួយហិរញ្ញវត្ថុ ទៅដល់អ្នកនិពន្ធនានានៅក្នុងពិភពលោកសម្រាប់ការបញ្ចេញទស្សនៈរបស់ពួកគេ ហើយពានរង្វាន់ ដែលរៀបចំដោយអង្កការឃ្លាំមើលសិទ្ធិមនុស្ស នេះ មានទឹកប្រាក់ចាប់ពីប្រាំរយដុល្លារអាមេរិក រហូតទៅដល់មួយម៉ឺនដុល្លារអាមេរិក។ លោក ហង្ស ចក្រា និពន្ធនាយកខ្មែរម្ចាស់ស្រុក មានប្រសាសន៍ថា សិទ្ធិសេរីភាពបញ្ចេញមតិ និងសេរីភាពសារព័ត៌មាននៅកម្ពុជា កំពុងស្ថិតនៅក្នុងការប្រឈមនៅឡើយ។ ព្រះតេជគុណ លួន សាវ៉ាត មិនអាចធ្វើទំនាក់ទំនងបានទេនៅថ្ងៃនេះ ដោយសារព្រះតេជគុណ បាននិមន្តទៅក្រៅប្រទេស។ ក៏ប៉ុន្តែ ហ្វ៊ីល រ៉ប៊តសិន មានប្រសាសន៍ថា ព្រះតេជគុណ លួន សាវ៉ាត នឹងអវត្តមាននៅថ្ងៃទទួលពានរង្វាន់ នៅថ្ងៃស្អៃកនេះ៕ This posting includes an audio/video/photo media file: Download Now |
ប្រេងកាតអាចស្ថិតក្នុងរបៀបវារៈនៃជំនួបប្រមុខរដ្ឋាភិបាលខ្មែរនិងថៃ Posted: 13 Sep 2011 02:33 PM PDT មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជាបានទទូចឲ្យមានការចាប់ផ្តើមការចរចាឡើងវិញរវាងកម្ពុជា និងថៃអំពីការវិនិយោគរួមលើធនធានប្រេងកាតលើដែនសមុទ្រត្រួតស៊ីគ្នានៅក្នុងអំឡុងដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីថៃដែលទើបនឹងជាប់ឆ្នោត លោកស្រី យីងឡាក់ ស៊ីនណាវ៉ាត្រ នៅសប្តាហ៍ក្រោយនេះ។ លោកស្រី យីងឡាក់ គ្រោងនឹងធ្វើដំណើរទស្សនកិច្ច រយៈពេលមួយថ្ងៃនៅកម្ពុជានៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែកញ្ញា នេះ ដែលមន្ត្រីផ្លូវការនៃប្រទេសកម្ពុជា បានហៅថា គឺជាដំណើរទស្សនកិច្ចធម្មតា ដើម្បីពង្រឹងទំនាក់ទំនងជាមួយប្រទេសជិតខាង បន្ទាប់ពីលោកស្រីយីងឡាក់ ទទួលជ័យជម្នះ នៅក្នុងការបោះឆ្នោតកាលពីខែកក្កដា កន្លងទៅ។ លោក សុខ អាន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រី បានថ្ងែងប្រាប់អ្នកយកព័ត៌មាននៅក្នុងសន្និសីទព័ត៌មានមួយនៅព្រលានយន្តហោះក្រុងភ្នំពេញថា ការជជែកឡើងវិញអំពីការរុករកធនធានប្រេងកាតជាមួយនឹងប្រទេសថៃគួរតែឈានដល់ពេលវេលាសមស្របហើយ។ «បាទ ខ្ញុំគិតថា វាត្រូវចាប់ផ្តើម មិនអាចឲ្យទុកឲ្យប្រេងកាតយើង ឧស្ម័នយើង ដែលយើងហៅថា មាសខ្មៅនោះ បន្តដេកនៅក្រោមបាតសមុទ្រទៀតទេ។ នេះ វាត្រូវធ្វើយ៉ាងម៉េចត្រូវឲ្យមាសខ្មៅរបស់យើងគឺបានមកចូលរួមអភិវឌ្ឍកម្ពុជា»។ លោក សុខ អាន បានមានប្រសាសន៍យ៉ាងដូច្នេះ នៅក្នុងពេលដែលលោក ត្រឡប់មកពីសន្និសីទអន្តរជាតិរបស់គណបក្សនយោបាយនៅក្នុងទ្វីបអាស៊ីរយៈពេលបួនថ្ងៃ នៅក្នុងខេត្តណាណីម ប្រទេសចិន។ កម្ពុជា និងថៃបានចុះអនុស្សារណៈយោគយល់គ្នា ដើម្បីធ្វើការអភិវឌ្ឍលើតំបន់ត្រួតស៊ីគ្នា នៅក្នុងដែលសមុទ្ររួមកាលពីឆ្នាំ២០០១។ ក៏ប៉ុន្តែ រដ្ឋាភិបាលថៃមុននៅក្នុងអាណត្តិរបស់លោក អាភីស៊ីត វេចាជីវ៉ៈបានសម្រេចលុបចោលកិច្ចព្រមព្រៀងនេះជាឯកត្តោភាគីកាលពីឆ្នាំកន្លងទៅ។ កាលពីថ្ទៃទី៣១ ខែសីហា អាជ្ញាធរជាតិប្រេងកាតកម្ពុជាក៏បានអំពាវនាវឲ្យមានការចរចារជាថ្មីឡើងវិញ ការធ្វើអាជីវកម្មរួមលើប្រេងកាត និងឧស្ម័នជាមួយថៃផងដែរ។ លោក ថានី ថងផាឌី អ្នកនាំពាក្យក្រសួងការបរទេសថៃ មិនអាចទាក់ទងបានថ្ងៃនេះ ដោយសារតែទូរស័ព្ទរបស់លោករោរ៍ជាច្រើនដងតែគ្មានអ្នកលើក។ យ៉ាងណាក៏ដោយ លោក សង់ ប៉បប៉ុងឡាចន្ទ អគ្គនាយកនៃនាយករ៉ែប្រេងរបស់ក្រសួងថាមពលថៃត្រូវបានគេហទំព័រភ្នំពេញសែគ្យួរីធី ស្រង់សម្តីថា រដ្ឋាភិបាលថ្មីរបស់ថៃបានរៀបចំខ្លួនជាស្រេចរួចហើយសម្រាប់ភ្ជាប់ការចរចារបញ្ហាប្រេងកាត និងឧស្ម័ននៅតំបន់ត្រួតស៊ីគ្នាជាមួយកម្ពុជាឡើងវិញ។ គ្មានប្រភពណាមួយនៃប្រភពទាំងពីរអះអាងអំពីកាលបរិច្ឆេទនៃការចរចាឡើងវិញនោះទេ។ លោក គុយ កួង អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបរទេសខ្មែរ មានប្រសាសន៍ថា ដំណើរទស្សនៈរបស់លោកស្រី យីងឡាក់ ស៊ីនណាវ៉ាត្រ នៅសប្តាហ៍ក្រោយនេះ នឹងធ្វើឲ្យមានការផ្សះផ្សាទំនាក់ទំនងនៃប្រទេសទាំងពីរឡើងវិញ។ ប្រទេសទាំងពីរ ដែលឈានទៅដល់ការប្រឈមមុខប្រដាប់អាវុធដាក់គ្នាចាប់ពីខែកក្កដា ឆ្នាំ២០០៨មកម៉្លេះ រហូតមកទល់ពេលនេះនៅមិនទាន់មានការចរចាអំពីការដកកងទ័ព្ធចេញពីកន្លែងជម្លោះជាផ្លូវការទេ។ លោកស្រី យីងឡាក់ ស៊ីនណាវ៉ាត្រ និងត្រូវធ្វើដំណើរទស្សនកិច្ចក្នុងតំបន់អាស៊ីជាលើកដំបូងបន្ទាប់ពីលោកស្រីជាប់ឆ្នោត។ នៅថ្ងៃសៅរ៍ស្អែកនេះ លោកស្រីយីងឡាក់ធ្វើដំណើរទៅកាន់ប្រ៊ុយណេ បន្ទាប់មកឥណ្ឌូនេស៊ី និងមកកាន់កម្ពុជា មុននឹងធ្វើដំណើរទស្សនកិច្ចឆ្ពោះទៅឡាវ៕ This posting includes an audio/video/photo media file: Download Now |
ព័ត៌មានអន្តរជាតិសង្ខេប៖ ១៣ កញ្ញា Posted: 13 Sep 2011 01:36 AM PDT ព័ត៌មានចុងក្រោយបំផុត៖ អាហ្វហ្គានីស្ថាន៖ ក្រុមបះបោរតាលីបានបានបញ្ជាក់ពីការទទួលខុសត្រូវក្នុងការវាយប្រហារជាបន្ដបន្ទាប់គ្នា នៅក្នុងរដ្ឋធានីកាប៊ុលនៃប្រទេសអាហ្វហ្គានីស្ថាន នៅថ្ងៃអង្គារនេះ ដោយតម្រង់ទិសដៅមកលើទីស្នាក់ការកណ្តាលរបស់កងកម្លាំងសម័្ពន្ធអន្ដរជាតិ និងអគាររដ្ឋាភិបាល។ ប៉ាគីស្ថាន៖ មន្ដ្រីប៉ាគីស្ថាននិយាយថា ខ្មាន់កាំភ្លើងបានវាយប្រហារមកលើរថយន្ដដឹកសិស្សសាលារៀនមួយគ្រឿង នៅភាគពាយ័ព្យប្រទេសប៉ាគីស្ថាន កាលពីថ្ងៃអង្គារ បណ្ដាលឲ្យកុមារសិស្សសាលាយ៉ាងតិច៣នាក់ និងអ្នកបើកបររថយន្ដស្លាប់។ វៀតណាម៖ អង្គការសិទ្ធិមនុស្ស និងគ្រួសាររបស់អ្នកទោសនយោបាយវៀតណាមដ៏ល្បីល្បាញមួយរូប និយាយថា អ្នកទោសនយោបាយរូបនោះបានស្លាប់នៅក្នុងពន្ធនាគារក្នុងរយៈពេលតែប៉ុន្មានសប្ដាហ៍ប៉ុណ្ណោះបន្ទាប់ពីបានវិលមកកាន់មន្ទីរឃុំឃាំងវិញពីការអនុញ្ញាតឲ្យទៅព្យាបាលសុខភាព។ ភូមា៖ ខ្សែភាពយន្ដថ្មីមួយអំពីជីវប្រវត្ដិរបស់មេដឹកនាំលទ្ធិប្រជាធិបតេយ្យភូមា លោកស្រីអង់សានស៊ូឈី នឹងបញ្ចាំងជាលើកទីមួយនៅក្នុងពិធីបុណ្យខ្សែភាពយន្ដនៃទីក្រុងតូរ៉ុងតូ ប្រទេសកាណាដា កាលពីថ្ងៃច័ន្ទ។ អ៊ីរ៉ង់៖ បណ្ដាញព័ត៌មាននៅសហរដ្ឋអាមេរិក NBC រាយការណ៍ថា ខ្លួនបានទទួលព័ត៌មានពីប្រធានាធិបតីអ៊ីរ៉ង់ លោក Mahmoud Ahmadinejad ថា បុរសជនជាតិអាមេរិកពីររូប ដែលជាប់ចោទពីបទធ្វើចារកម្មក្នុងប្រទេសអ៊ីរ៉ង់ នឹងត្រូវដោះលែងនៅពេលឆាប់ៗខាងមុខនេះ។ លីប៊ី៖ មេដឹកនាំរដ្ឋាភិបាលអន្ដរកាលនៅក្នុងប្រទេសលីប៊ី បានជំរុញក្រុមអ្នកគាំទ្រហ៊ោរកញ្ជ្រៀវរាប់ពាន់នាក់នៅក្នុងទីក្រុងទ្រីប៉ូលី កាលពីរសៀលថ្ងៃច័ន្ទ ឲ្យគាំទ្ររដ្ឋស៊ីវិលប្រជាធិបតេយ្យមួយ ដែលផ្ដល់កិត្ដិយសដល់សាសនាអ៊ីស្លាម និងគោរពនីតិរដ្ឋ។ អ៊ីស្រាអែល/ប៉ាឡេស្ទីន៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោកបារ៉ាក់ អូបាម៉ា មានប្រសាសន៍ថា លោកនឹងប្រឆាំងដាច់ខាតចំពោះការជំរុញដែលអាចទៅរួចឲ្យមានការទទួលស្គាល់របស់អង្គការសហប្រជាជាតិចំពោះរដ្ឋប៉ាឡេស្ទីន ដោយលោកថ្លែងថា វិធានការដូច្នោះនឹងមិនផ្ដល់លទ្ធផលល្អទេ។ សហរដ្ឋអាមេរិក៖ លោកប្រធានាធិបតីបារ៉ាក់ អូបាម៉ា កំពុងធ្វើដំណើរទៅកាន់រដ្ឋ Ohio នៅថ្ងៃអង្គារនេះ ដើម្បីស្វែងរកការគំាទ្រពីសាធារណជនចំពោះសំណើដែលមានតម្លៃ ៤៤៧ ពាន់លានដុល្លារសម្រាប់ការបង្កើតការងារ និងជំរុញសេដ្ឋកិច្ចដ៏ខ្សោយរបស់ជាតិឲ្យរីកចម្រើន។ សហរដ្ឋអាមេរិក៖ បេក្ខជនសម្រាប់តំណែងប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋរបស់សហរដ្ឋអាមេរិកចំនួន៨រូប បានធ្វើការពិភាក្សាដេញដោលគ្នាអំពីកម្មវិធីសង្គម បញ្ហាអន្ដោប្រវេសន៍ និង សង្រ្គាមនៅអាហ្វហ្គានីស្ថាន នៅក្នុងការពិភាក្សាដេញដោលលើកទីពីររបស់ពួកគេក្នុងមួយសប្ដាហ៍ ខណៈពេលដែលការប្រកួតប្រជែងជំហានដំបូងនៃការបោះឆ្នោតជ្រើសរើសប្រធានាធិបតីឆ្នាំ២០១២លេចចេញជារូបរាងឡើង។ ជប៉ុន៖ នាយករដ្ឋមន្ដ្រីជប៉ុន លោកយ៉ូស៊ីកុ ណូដា (Yoshihiko Noda) មានប្រសាសន៍ថា ប្រទេសជប៉ុនគួរតែកាត់បន្ថយការពឹងផ្អែកលើថាមពលនុយក្លេអ៊ែរឲ្យបានកាន់តែច្រើនកាន់តែល្អក្រោយពីមានមហន្ដរាយមកលើរោងចក្រនុយក្លេអ៊ែរហ្វូគូស៊ីម៉ាមក។ អាស៊ី/អឺរ៉ុប៖ បណ្តាមន្ដ្រីមកពីទ្វីបអឺរ៉ុប និងតំបន់អាស៊ីអាគ្នេយ៍ បានសន្យាថានឹងធ្វើការជាមួយគ្នាឲ្យបានជិតដិតបន្ថែមទៀត ដើម្បីការពារ និងឆ្លើយតបទៅនឹងគ្រោះមហន្ដរាយធម្មជាតិផ្សេងៗ។ សាកលលោក៖ នាង Leila Lopes មកពីប្រទេសអង់ហ្គោឡា បានទទួលជ័យជំនះក្នុងការប្រកួតបវរកញ្ញាពិភពលោកឆ្នាំ២០១១ កាលពីយប់ថ្ងៃច័ន្ទ នៅក្នុងទីក្រុង Sao Paulo ប្រទេសប្រេស៊ីល។ អាស៊ី៖ ធនាគារអភិវឌ្ឍអាស៊ី ចេញសេចក្ដីព្រមានឲ្យដឹងអំពីកង្វះអាហាររូបត្ថម្ភ និងគ្រោះទុរ្ភិក្សដែលបានកើនឡើងក្នុងចំណោមប្រជាពលរដ្ឋក្រីក្របំផុតនៃតំបន់ប៉ាស៊ីហ្វិក ប្រសិនបើប្រទេសទាំងនោះ មិនចាត់វិធានការដោះស្រាយឲ្យបានឆាប់ចំពោះការគំរាមកំហែង ដែលបណ្តាលមកពីការប្រែប្រួលធាតុអាកាស។ ជប៉ុន/កូរ៉េខាងជើង៖ មន្ដ្រីជប៉ុននិយាយថា ខ្លួនបានសួរចម្លើយមនុស្សចំនួន៩នាក់ ដែលបានប្រកាសថាខ្លួនជាជនជាតិកូរ៉េខាងជើងរត់ចោលប្រទេសដើម្បីធ្វើដំណើរទៅកាន់ប្រទេសកូរ៉េខាងត្បូង។ <!--AV--> ព័ត៌មាននៅពេលមុននេះ៖ <!--IMAGE-LEFT-->សហរដ្ឋអាមេរិក៖ ស្តូបអនុស្សាវរីយ៍ជាតិថ្ងៃទី១១ កញ្ញា ២០០១ បានបើកសម្រាប់សាធារណជនហើយនៅថ្ងៃច័ន្ទនៅក្នុងបូរីញូយ៉ក ជាងមួយទសវត្សរ៍ក្រោយពីពួកភេរវជនបានបំផ្លាញមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក។ ស៊ីរី៖ រុស្សីបានច្រានចោលការអំពាវនាវពីសហរដ្ឋអាមេរិកនិងពួកប្រទេសក្នុងទ្វីបអឺរ៉ុបខាងលិចឱ្យមានការដាក់ទណ្ឌកម្មធំជាងមុនប្រឆាំងនឹងប្រទេសស៊ីរីចំពោះការបង្ក្រាបដ៏ឃោរឃៅរបស់ខ្លួនលើក្រុមបាតុករ។ លីប៊ី៖ ក្រុមយុទ្ធជននៃក្រុមប្រឹក្សាជាតិអន្តរកាលរបស់ប្រទេសលីប៊ីបាននិយាយថាកងកម្លាំង ស្មោះត្រង់នឹងអតីតមេដឹកនាំលីប៊ី Moammar Gadhafi បានសម្លាប់ឆ្មាំយ៉ាងតិចណាស់១៥នាក់នៅក្នុងការវាយប្រហារមួយនៅខាងក្រៅរោងចក្រចំរាញ់ប្រេងសំខាន់មួយនៅក្រុង Ras Lanuf ជាប់ឆ្នេរសមុទ្រ។ សេដ្ឋកិច្ច៖ កាលពីថ្ងៃចន្ទ ហ៊ុននៅក្នុងពិភពលោកនិងប្រាក់អឺរ៉ូបានចុះថ្លៃនៅពេលដែលពួកអ្នកបណ្តាក់ទុនព្រួយបារម្ភថាប្រទេសក្រិកប្រហែលមិនអាចសងបំណុលប្រាក់ជំនួយសង្គ្រោះរបស់ខ្លួនបានទេ។ សេដ្ឋកិច្ច៖ ប្រធានាធិបតីបារ៉ាក់ អូបាម៉ាបានសុំដល់សភាឱ្យអនុម័តសំណើរបស់លោកមានទឹកប្រាក់់៤៤៧ពាន់លានដុល្លារដែលមានគោលដៅបង្កើតការងារនិងបញ្ចៀសកុំឱ្យមានការព្រួយបារម្ភអំពីដំណើរសេដ្ឋកិច្ចមិនចម្រើនទៅមុខនៅក្នុងប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេក្នុងពិភពលោក។ យេម៉ែន៖ ប្រធានាធិបតី Ali Abdullah Saleh ប្រទេស យេម៉ែនបានអនុញ្ញាតឱ្យភូឈួយរបស់លោកចាប់ផ្តើមធ្វើកិច្ចចរចាជាមួយក្រុមប្រឆាំងនៅក្នុងកិច្ចខិតខំប្រឹងប្រែងមួយដើម្បីបញ្ចប់វិបត្តិនយោបាយដែលមានរយៈពេលច្រើនខែមកហើយ។ សហរដ្ឋអាមេរិក៖ ពួកបេក្ខជនប្រធានាធិបតីសហរដ្ឋអាមេរិក ខាងគណបក្សសាធារណរដ្ឋនឹងប្រឈមមុខដាក់គ្នានៅយប់ថ្ងៃចន្ទនេះនៅក្នុងការជជែកដេញដោលគ្នាលើកទីពីររបស់ពួកអស់លោកក្នុងរយៈពេលមួយសប្តាហ៍នៅពេលដែលការប្រកួតប្រជែងបោះឆ្នោតដំបូងសម្រាប់ឆ្នាំ២០១២ចាប់ផ្តើមធ្វើ។ This posting includes an audio/video/photo media file: Download Now |
នាយករដ្ឋមន្រ្តីថៃថ្មីពិភាក្សាអំពីកម្ពុជាក្នុងអំឡុងទស្សនកិច្ចនៅឥណ្ឌូណេស៊ី Posted: 13 Sep 2011 06:36 AM PDT មេដឹកនាំនៃប្រទេសថៃ និងឥណ្ឌូណេស៊ី បានសន្យាជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មនិងសន្តិសុខ។ ការសន្យានេះបានកើតមានឡើងកាលពីថ្ងៃច័ន្ទក្នុងអំឡុងពេលនៃដំណើរបំពេញទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីថៃ Yingluck Shinawatra ទៅកាន់រដ្ឋធានីហ្សាការតា។ នេះជាទស្សនកិច្ចទី២ នៅក្នុងទស្សនកិច្ចដើម្បីឲ្យស្គាល់គ្នាសម្រាប់មេដឹកនាំថៃថ្មីដែលបានបំពេញទស្សនកិច្ចប្រទេសព្រុយណេកាលពីថ្ងៃសៅរ៍។ លោកស្រីនឹងធ្វើដំណើរទៅកាន់ប្រទេសកម្ពុជានៅថ្ងៃព្រហស្បតិ៍ ដែលជាទីកន្លែងដែលលោកស្រី ត្រូវគេរំពឹងនឹងអំពាវនាវឲ្យមានការដោះលែងសកម្មជនជាតិថៃដែលជាប់ពន្ធនាគារ២នាក់។ លោកស្រីនឹងបំពេញទស្សនកិច្ចប្រទេសឡាវនៅថ្ងៃសុក្រ។ លោកស្រី Yingluck និយាយថាលោកស្រីនិងប្រធានាធិបតី Susilo Bambang Yudhoyono មានការសប្បាយរីករាយដោយបានឃើញពាណិជ្ជកម្មរីកចម្រើនរវាងប្រទេសទាំងពីរ ហើយបានពិភាក្សាពីមធ្យោបាយផ្សេងៗទៀតដើម្បីពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច។ លោកស្រីនិយាយថាដំណើរបំពេញទស្សនកិច្ចនេះជាជោគជ័យមួយ។ ប្រធានាធិបតី Yudhoyono និងលោកស្រីមានការពិភាក្សាប្រកបដោយផ្លែផ្កាដោយគ្របដណ្តប់ក្នុងវិស័យនៃកិច្ចសហប្រតិបត្តិការទាំងអស់ចាប់តាំងពីបញ្ហាទ្វេភាគី តំបន់ និងពហុភាគី។ លោកស្រីនិយាយទៀតថា ការចរចាមានផ្លែផ្កា និងគ្របដណ្តប់លើបញ្ហាក្នុងតំបន់និងទ្វេភាគី។ លោក Yudhoyono និយាយថា មេដឹកនាំទាំងពីរ បានពិភាក្សាជម្លោះព្រំដែនរបស់ប្រទេសថៃជាមួយប្រទេសកម្ពុជា ដែលបានសម្លាប់មនុស្ស១៨នាក់ហើយនឹងធ្វើឲ្យអ្នកភូមិរាប់ពាន់នាក់គ្មានទីកន្លែងរស់នៅក្នុងអំឡុងពេលនៃការប៉ះទង្គិចនៅឆ្នាំនេះ។ ក្នុងនាមជាប្រធានសមាគមប្រទេសជាតិអាស៊ីអាគ្នេយ៍ ប្រទេសឥណ្ឌូណេស៊ី កំពុងធ្វើជាអ្នកសម្របសម្រួលជម្លោះនោះ។ លោក Yodhoyona ថ្លែងថា ចំពោះបញ្ហាព្រំដែនកម្ពុជាថៃដែលបានក្លាយជាបញ្ហាអន្តរជាតិ លោកមានការសប្បាយរីករាយដែលឮពីលោកស្រីនាយករដ្ឋមន្រ្តីថាមានការរីកចម្រើនល្អនោះ។ លោកថ្លែងថាលោកស្រីនាយករដ្ឋមន្ត្រី Shinawatra ក៏មានផែនការបំពេញទស្សនកិច្ចប្រទេសកម្ពុជាក្នុងពេលអនាគតឆាប់ៗនេះ។ ក្នុងនាមជាប្រធានសមាគមអាស៊ាន លោកស្វាគមន៍ចំពោះការរីកចម្រើន ហើយសង្ឃឹមថាបញ្ហានេះ អាចត្រូវដោះស្រាយដោយសន្តិវិធី។ លោកមានប្រសាសន៍បន្តទៀតថាលោកមានការសប្បាយចិត្តដែលបានឮថាទំនាក់ទំនងកម្ពុជា ថៃ កំពុងល្អប្រសើរឡើងចាប់តាំងពីលោកស្រី Yingluck បានចូលកាន់តំណែងកាលពីខែសីហា។ ជម្លោះនោះត្រូវគេរំពឹងនឹងគ្របដណ្តប់នៅក្នុងជំនួបរបស់លោកស្រី Yingluck ក្នុងទីក្រុងភ្នំពេញ។ ពួកមន្រ្តីថៃ និយាយថា លោកស្រី ក៏នឹងអំពាវនាវឲ្យមានការដោះលែងសកម្មជនជាតិនិយមជ្រុលថៃ Veera Somkwankid និងលេខាធិការរបស់លោក ដែលបានជាប់ពន្ធនាគារក្នុងប្រទេសកម្ពុជាម្នាក់រយៈពេល៨ឆ្នាំនិងម្នាក់ទៀត៦ឆ្នាំក្នុងបទចោទប្រកាន់ចារកម្ម។ Veera ជាសមាជិកសភារបស់គណបក្សប្រជាធិបតេយ្យដែលជាគណបក្សប្រឆាំងដែលបានចាញ់ការបោះឆ្នោតគណបក្សភឿថៃដែលជាគណបក្សរបស់លោកស្រី Yingluck នៅក្នុងខែកក្កដា។ ការដោះលែងលោកនឹងជួយជំរុញការផ្សះផ្សារជាតិរវាងភាគីដែលមានការបែកបាក់យ៉ាងខ្លាំងក្នុងប្រទេសថៃ។ លោក Thaksin Shinawatra ដែលជាបងប្រុសរបស់លោកស្រី Yingluck ក៏ត្រូវគេរំពឹងនឹងសុំឲ្យដោះលែងពួកសកម្មជនក្នុងអំឡុងពេលនៃដំណើរបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជារយៈពេលមួយថ្ងៃបន្ទាប់ពីទស្សនកិច្ចរបស់លោកស្រី។ លោក Thaksin អតីតនាយករដ្ឋមន្រ្តី បានត្រូវកាត់ឲ្យជាប់ទោសដោយអវត្តមានលើបទចោទប្រកាន់ពុករលួយដោយអតីតរដ្ឋាភិបាលថៃហើយលោកបានរស់នៅនិរទេសខ្លួនដើម្បីជៀសវាងការជាប់ពន្ធនាគារ៕ ប្រែសម្រួលដោយ ជឹង ប៉ូជីន This posting includes an audio/video/photo media file: Download Now |
You are subscribed to email updates from VOA News: ព័ត៌មាន To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |