VOA News: ព័ត៌មាន: “ប្រតិកម្មចំពោះវត្តមានរបស់លោកថាក់ស៊ីន ស៊ីណាវ៉ាត្រនៅកម្ពុជា” plus 1 more |
ប្រតិកម្មចំពោះវត្តមានរបស់លោកថាក់ស៊ីន ស៊ីណាវ៉ាត្រនៅកម្ពុជា Posted: 16 Sep 2011 02:56 PM PDT លោកអតីតនាយករដ្ឋមន្ត្រីថៃថាក់ស៊ីន ស៊ីណាវ៉ាត្រ (Thaksin Shinawatra) គ្រោងនឹងមកដល់ទីក្រុងភ្នំពេញនៅយប់ថ្ងៃសុក្រនេះ ដើម្បីជួបជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងចូលរួមក្នុងសន្និសីទស្តីពីសេដ្ឋកិច្ចអាស៊ី។ ដំណើរទស្សនកិច្ចរបស់លោកថាក់ស៊ីន ស៊ីណាវ៉ាត្រ បានធ្វើឡើងមួយថ្ងៃ ក្រោយពីដំណើរទស្សនកិច្ចរបស់លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រ នាយករដ្ឋមន្ត្រីថៃថ្មី ដែលជាប្អូនស្រីរបស់លោកថាក់ស៊ីន។ ក្រុមអ្នកវិភាគបានផ្តល់ប្រតិកម្មចម្រុះទៅនឹងដំណើរទស្សនកិច្ចរបស់លោក ថាក់ស៊ីន មកកម្ពុជាពីថ្ងៃទី១៦ដល់ថ្ងៃទី២៤ ខែកញ្ញានេះ។ លោក អ៊ូ វីរៈ ប្រធាននៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានថ្លែងយ៉ាងដូច្នេះថា៖ «យើងជ្រើសរើសយកចលនាអាវក្រហម ហើយយើងបានប្រឆាំងជាចំហចំពោះក្រុមនយោបាយដទៃ។ ជាទូទៅខ្ញុំមើលទៅនយោបាយបែបហ្នឹងជានយោបាយមួយគ្រោះថ្នាក់ពីព្រោះរបបនយោបាយតែងតែកែប្រែ ហើយយើងធ្វើឱ្យមានបក្ខពួកបែបហ្នឹងជារឿងមួយធ្វើឱ្យមានអស្ថេរភាពទំនាក់ទំនងរវាងកម្ពុជា និងថៃ អាចមានភាពល្អល្អុកល្អើន និងភាពសៅហ្មងដែលខ្ញុំមើលទៅមិនឃើញផលប្រយោជន៍ប្រទេសកម្ពុជាយូរអង្វែងទេ»។ លោក អ៊ូ វីរៈ បានបញ្ជាក់ថារដ្ឋាភិបាលកម្ពុជាអនុញ្ញាតឱ្យលោក Thaksin ចូលមកប្រទេសកម្ពុជា ដើម្បីពិភាក្សាគ្នាអំពីការអភិវឌ្ឍនៅក្នុងខេត្តកោះកុងច្រើនជាងការធ្វើបទឧទ្ទេសនាមទាក់ទងរឿងសេដ្ឋកិច្ចអាស៊ី។ «លោក ថាក់ស៊ីន មានផលប្រយោជន៍ច្រើនពីការវិនិយោគនៅក្នុងប្រទេសកម្ពុជា ហើយលោកថាក់ស៊ីន ចង់បន្តការវិនិយោគនៅខេត្តកោះកុង និងពង្រឹងផ្នែកផ្សេងទៀត ហើយទាក់ទងនឹងរឿងប្រេង។ អញ្ចឹងប្រទេសកម្ពុជាមានឆន្ទៈឱ្យលោកថាក់ស៊ីន ចូលមកដើម្បីចរចារឿងវិនិយោគមួយចំនួន ហើយលោក ថាក់ស៊ីន ចង់ចូលមកប្រទេសកម្ពុជា ដើម្បីធ្វើឱ្យដំណើរទស្សនកិច្ចមកកាន់ប្រទេសជាប់ជាមួយប្រទេសថៃជាសញ្ញាមួយថា ការធ្វើបែបហ្នឹងជារឿងមួយធម្មតា»។ លោក គីមសួរ ភីរិទ្ធ សមាជិកសភាគណបក្សសម រង្ស៊ី បានថ្លែងថាវត្តមានរបស់លោកថាក់ស៊ីន នេះគ្រាន់តែជានិមិត្តរូបនៃនយោបាយរបស់រដ្ឋាភិបាលកម្ពុជាជាមួយរដ្ឋាភិបាលថៃដែលទើបតែជាប់ឆ្នោតថ្មី និងគ្រាន់តែជារូបភាពល្អនៃទំនាក់ទំនងជាមិត្តភាពរវាងលោក ថាក់ស៊ីន និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តែប៉ុណ្ណោះ។ ប៉ុន្តែវាមិនឃើញមានផលចំណេញសម្រាប់កម្ពុជាទេ។ «វត្តមាន ថាក់ស៊ីន នៅទឹកដីកម្ពុជាមិនពិតជាកត្តាជំរុញឱ្យកម្ពុជាអាចផ្លាស់ប្តូរមុខមាត់ថ្មីសម្រាប់ទាំងសេដ្ឋកិច្ច និងនយោបាយឡើយ ពីព្រោះខ្ញុំគិតថាលោកថាក់ស៊ីន នៅជាប់ជំពាក់នឹងបញ្ហាផ្លូវច្បាប់នៅក្នុងប្រទេសថៃនៅឡើយ។ អញ្ចឹង លោក ថាក់ស៊ីនមិនមែនជានិមិត្តរូបតំណាងឱ្យរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃទេ។ ដូច្នេះ វាមិនបង្ហាញអំពីទំនាក់ទំនងពិតជាល្អរវាងកម្ពុជា និងថៃនោះឡើយ។ គ្រាន់តែថាវាបង្ហាញពីរូបភាពទំនាក់ទំនងរវាងរដ្ឋាភិបាលថៃថ្មី និងរដ្ឋាភិបាលកម្ពុជាតែប៉ុណ្ណោះ»។ លោក ហេង ស៊្រាង សាស្ត្រាចារ្យបង្រៀននៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានថ្លែងថាលោក ថាក់ស៊ីន អាចផ្តល់ចំណេះដឹង និងបទពិសោធន៍ផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការអភិវឌ្ឍរបស់លោក ដើម្បីជួយប្រទេសកម្ពុជា។ «រដ្ឋាភិបាលយើងចេះប្រើប្រាស់ ឬ ក៏ចេះទាញយកចំណេះដឹង និងតួនាទីរបស់លោកថាក់ស៊ីន មកជួយប្រទេសកម្ពុជាក្នុងការអភិវឌ្ឍប្រទេសកម្ពុជាតាមរបៀបវៃឆ្លាតរបស់គាត់។ លោកមានគំរូផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មដែលថ្មី សម្រាប់យកមកប្រើប្រាស់ឱ្យមានប្រយោជន៍ដល់ប្រទេសកម្ពុជា។ ភាពឆ្លាតពូកែរបស់គាត់បានជួយប្រទេសថៃឱ្យផុតពីវិបត្តិកាលពីចុងទសវត្សរ៍ឆ្នាំ១៩៩០ និងឆ្នាំ២០០០»។ លោកសាស្ត្រចារ្យ ហេង ស៊្រាង បានបន្តថា បើនិយាយពីរឿងនយោបាយនោះ វត្តមានរបស់លោក ថាក់ស៊ីននៅកម្ពុជា នឹងមានផលចំណេញដល់កម្ពុជា។ «បើរដ្ឋាភិបាលយកតួនាទីរបស់គាត់ទៅជាប់នឹងរឿងនយោបាយ ខ្ញុំគិតថា វាគ្មានចំណេញអ្វីដល់កម្ពុជាទេ។ វាបានធ្វើជនជាតិថៃ ឬក្រុមនយោបាយនៅប្រទេសថៃមួយចំនួននោះមានកំហឹង ឬចោទប្រទេសកម្ពុជាថា ជាអ្នកមានទំនាក់ទំនងនយោបាយ ឬ ផ្តល់សិទ្ធិជ្រកកោន កន្លែងសុខសាន្តសម្រាប់លោកថាក់ស៊ីន ធ្វើនយោបាយហ្នឹង។ ខ្ញុំគិតថាវាជាការខាតវិញទេ»។ កាសែត Bangkok Post បានរាយការណ៍នៅថ្ងៃសុក្រនេះថាលោកអតីតនាយករដ្ឋមន្ត្រី អាភីស៊ី វេចាជីវៈ (Abhisit Vejjajiva) បានអះអាងថា មានភស្តុតាងពីប្រភពជាច្រើនចង្អុលបង្ហាញថាលោកបានព្យាយាមធ្វើកិច្ចព្រមព្រៀងជំនួយសម្រាប់ធនធានប្រេង និងឧស្ម័ននៅក្នុងឈូងសមុទ្រថៃ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងកាលពីថ្ងៃច័ន្ទថា លោកនឹងមិននិយាយជាមួយលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រ អំពីផលប្រយោជន៍នៃប្រទេសទាំងពីរទេ ហើយគ្មានការចរចាអំពីបញ្ហាប្រេង និងឧស្ម័នរវាងលោកថាក់ស៊ីន ស៊ីណាវ៉ាត្រ និងកម្ពុជានោះទេ៕ This posting includes an audio/video/photo media file: Download Now |
ពិធីបុណ្យអុំទូកនៅអាមេរិកជួយដល់មន្ទីរពេទ្យនៅកម្ពុជា Posted: 16 Sep 2011 03:21 PM PDT ពិធីបុណ្យអុំទូកនៅក្រុងឡូវែល (Lowell) រដ្ឋម៉ាស្សាឈូស៊ែត (Massachusetts) គឺជាឱកាសសម្រាប់គ្រប់ស្ថាប័នផ្សព្វផ្សាយគម្រោងការងារ លទ្ធផល និងផលិតផលរបស់ខ្លួន និងរកមូលនិធិមនុស្សធម៌។ អ្នកស្ម័គ្រចិត្តរបស់ Hope Worldwide ក៏ផ្សព្វផ្សាយអំពីមន្ទីរពេទ្យព្រះសីហនុមណ្ឌលនៃក្តីសង្ឃឹម (Sihanouk Hospital Center of Hope) នៅភ្នំពេញ និងមន្ទីរពេទ្យ Sonja Kill មណ្ឌលនៃក្តីសង្ឃឹមនៅខេត្តកំពត ដែលជាកិច្ចការមនុស្សធម៌ជួយព្យាបាលជនជាតិខ្មែរក្រីក្រនៅប្រទេសកម្ពុជាផងដែរ។ <!--AV--> លោកវេជ្ជបណ្ឌិត្យ Milton Drake ធ្វើការនៅមន្ទីរពេទ្យក្រុងឡូវែល បានស្ម័គ្រចិត្តចុះទៅព្យាបាលអ្នកជំងឺនៅប្រទេសកម្ពុជា១០ដងក្នុងមួយឆ្នាំ។ លោកនិយាយថា៖ «រឿងសំខាន់អស្ចារ្យដែលខ្ញុំទៅធ្វើការនៅមន្ទីរពេទ្យព្រះសីហនុមណ្ឌលនៃក្តីសង្ឃឹម គឺមានការគាំទ្រ និងអ្នកស្ម័គ្រចិត្តពីអង្គការ និងសប្បុរជនជាច្រើន។ ជំនួយសំខាន់គឺ Medicare នៅស.រ.អា. បានផ្តល់ថ្នាំដល់មន្ទីរពេទ្យនេះ តម្លៃជាង១២០លានដុល្លារក្នុងពេល១៥ឆ្នាំកន្លងមក តាមរយៈ Hope Worldwide ក្រោយពីមន្ទីរពេទ្យនេះបានបើកសម្ពោធកាលពី១៥ឆ្នាំមុខ»។ លោកនិយាយថា ក្រៅពីព្យាបាលអ្នកជំងឺទូទៅ និងជួយពន្យារជីវិតអ្នកជំងឺអេដស៍ជាង៣ពាន់នាក់ដោយឥតគិតថ្លៃ មន្ទីរពេទ្យនេះក៏ជួយព្យាបាលផ្លូវចិត្តអ្នកជំងឺតាមរយៈកម្មវិធីមេត្តាធម៌ផងដែរ។ លោកនិយាយថា នៅប្រទេសកម្ពុជាខ្វះថ្នាំពេទ្យព្យាបាល ជាពិសេសអ្នកក្រគ្មានលុយទិញថ្នាំ ដែលជាកត្តាចាំបាច់នាំឲ្យកើតមានមន្ទីរពេទ្យនេះឡើង។ លោក Bernard Krisher ប្រធានអង្គការជំនួយអាមេរិកាំងសម្រាប់កម្ពុជា និងជំនួយជប៉ុនសម្រាប់កម្ពុជា និងលោកបណ្ឌិត្យ Haruhisa Handa នៅជប៉ុនគឺជាអ្នកគំនិតផ្តួចផ្តើមគំនិតបង្កើតមន្ទីរពេទ្យព្យាបាលអ្នកជំងឺដោយឥតគិតថ្លៃនេះ។ Hope Worldwide និងស្ថាបនិកផ្សេងទៀតបានចូលរួមធ្វើឲ្យមន្ទីរពេទ្យនេះកើតចេញជារូបរាង។ អ្នកស្រី Debbie Drake គឺជាអ្នកស្ម័គ្រចិត្តធ្វើការឲ្យ Hope Worldwide មកផ្សព្វផ្សាយអំពីសកម្មភាពមនុស្សធម៌របស់មន្ទីរពេទ្យព្រះសីហនុមណ្ឌលនៃក្តីសង្ឃឹម។ អ្នកស្រីនិយាយថា៖ «ខ្ញុំមកចូលរួមបុណ្យអុំទូកនេះដើម្បីប្រមូលមូលនិធិសម្រាប់មន្ទីរពេទ្យព្រះសីហនុ មណ្ឌលនៃក្តីសង្ឃឹមនៅភ្នំពេញ។ មន្ទីរពេទ្យនេះជាបេះដូងរបស់យើង ព្រោះវាជួយអ្នកក្រនៅប្រទេសកម្ពុជា។ មានអ្នកជំងឺក្រីក្រជាង១លាននាក់ហើយ បានមកទទួលការព្យាបាលឥតគិតថ្លៃ។ យើងមកផ្សព្វផ្សាយនៅទីនេះ ពីព្រោះមានជនជាតិខ្មែរច្រើនណាស់មកទីនេះ ហើយយើងចង់ឲ្យគេដឹងអំពីសកម្មភាពមនុស្សធម៌នៅទីនោះ»។ អ្នកស្រីពន្យល់ថា ពិធីបុណ្យអុំទូកនេះគឺជាឱកាសល្អពង្រីកការយល់ដឹងអំពីសកម្មភាពមនុស្សធម៌របស់មន្ទីរពេទ្យព្រះសីហនុមណ្ឌលនៃក្តីសង្ឃឹម រីឯការប្រមូលមូលនិធិគឺគោលបំណងទីពីរ។ «ខ្ញុំគិតថា យើងពង្រីកការយល់ដឹងមានប្រសិទ្ធិភាពជាងការប្រមូលមូលនិធិនៅទីនេះ តែនេះជារឿងល្អ ព្រោះថា ការយល់ដឹងនឹងនាំមកនូវមូលនិធិ។ យើងមានជំនឿលើព្រះជាម្ចាស់ សង្ឃឹមថា ព្រះអង្គនឹងជួយរកមូលនិធិ»។ លោកឈុំ វណ្ណដារ៉ា គឺជាអ្នកស្ម័គ្រចិត្តមកពីវិហារគ្រិស្តសាសនាមួយ។ លោកនិយាយថា កន្លងមកវិហារគ្រិស្តសាសនា Boston Church of Christ និងវិហារផ្សេងទៀតបានរៀបចំកម្មវិធីបាល់បោះ ប្រមូលមូលនិធិបាន៥ពាន់ដុល្លារបញ្ជូនទៅជួយមន្ទីរពេទ្យព្រះសីហនុមណ្ឌលនៃក្តីសង្ឃឹមនៅភ្នំពេញ និងមន្ទីរពេទ្យ Sonja Kill មណ្ឌលនៃក្តីសង្ឃឹមនៅខេត្តកំពត។ «យើងមកនេះដើម្បីប្រមូលមូលនិធិជួយខ្មែរនៅស្រុកខ្មែរ ហើយនឹងផ្សព្វផ្សាយការយល់ដឹងប្រាប់សហគមន៍ខ្មែរនៅក្រុងឡូវែល អំពីពេទ្យមនុស្សធម៌នេះ»។ កញ្ញាសុខាជាបុគ្គលិកស្ម័គ្រចិត្តរបស់ Hope Worldwide។ នាងមកជួយពន្យល់ជាភាសាខ្មែរ ប្រាប់អ្នកចូលរួមបុណ្យអុំទូកអំពីមន្ទីរពេទ្យព្យាបាលមិនយកកម្រៃដែលជាមណ្ឌលនៃក្តីសង្ឃឹមទាំងពីរនៅប្រទេសកម្ពុជា។ សុខាឲ្យនិយាយថា៖ «ដីសាងសាងមន្ទីរពេទ្យនេះបរិច្ចាកពីសម្តេចសីហនុដោយផ្ទាល់ ហើយអគារមន្ទីរពេទ្យនេះគឺបរិច្ចាគពីលោក Bernard Krisher។ គាត់ជាជនជាតិអាមេរិកាំង ហើយវេជ្ជបណ្ឌិត្យទៅពីស.រ.អា.នេះបរិច្ចាកពេលវេលា ទៅព្យាបាលអ្នកជំងឺនៅស្រុកខ្មែរ។ ពេទ្យនេះព្យាបាលអ្នកជំងឺក្រីក្រដោយឥតគិតថ្លៃ»។ មន្ទីរពេទ្យដែលបម្រើសហគមន៍នៅស.រ.អា. ដូចជាមន្ទីរពេទ្យមេត្តា នៅក្រុងឡូវែល ក៏មកផ្សព្វផ្សាយកម្មវិធី និងសេវារបស់ខ្លួនដែរ ហើយក៏បានណែនាំអ្នកចូលរួមបុណ្យអុំទូកអំពីវិធីថែទាំសុខភាព។ ក្រៅពីតូបអប់រំអំពីសុខភាព នៅមានតូបលក់គ្រឿងសិប្បកម្ម ម្ហូបអាហារ និងតូបផ្សេងទៀតជិត១០០ ដែលបម្រើសេចក្តីត្រូវការអ្នកដើរលេងក្នុងពិធីបុណ្យនេះ៕ This posting includes an audio/video/photo media file: Download Now |
You are subscribed to email updates from VOA News: ព័ត៌មាន To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |