VOA News: ព័ត៌មាន: “អ្នកស្រីអ៊ឹម ចែម៖ ការចោទដោយតុលាការជាការផ្តន្ទាទោសដល់ជីវិត” plus 4 more |
- អ្នកស្រីអ៊ឹម ចែម៖ ការចោទដោយតុលាការជាការផ្តន្ទាទោសដល់ជីវិត
- សាលារាជធានីភ្នំពេញចាប់សង់ស្តូបរំលឹកពីសោកនាដកម្មកោះពេជ្រ
- ព័ត៌មានអន្តរជាតិសង្ខេប៖ ១១ សីហា
- អតីតកម្មាភិបាលខ្មែរក្រហមថាមិនខ្លាចតុលាការនិងយមបាល
- ជនរងគ្រោះខ្មែរក្រោមថាសាលាក្តីមើលរំលងវាលពិឃាតនៅខេត្តពោធិ៍សាត់
អ្នកស្រីអ៊ឹម ចែម៖ ការចោទដោយតុលាការជាការផ្តន្ទាទោសដល់ជីវិត Posted: 11 Aug 2011 03:14 PM PDT អតីតកម្មាភិបាលខ្មែរក្រហមមួយរូបដែលជាជនសង្ស័យម្នាក់ក្នុងចំណោម៥នាក់នៃសំណុំរឿងបន្ថែមវាយបកចំពោះការចោទប្រកាន់របស់សហព្រះរាជអាជ្ញាអន្តរជាតិពីបទជាប់ទាក់ទិននឹងអំពើឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងឧក្រិដ្ឋកម្មផ្សេងៗទៀត ដោយព្រមានថានេះជាការចោទប្រកាន់សម្លាប់អាយុជីវិត។ អ្នកស្រី អ៊ឹម ចែម អាយុ៦៥ឆ្នាំជាអតីតចៅហ្វាយស្រុកព្រនេតព្រះនៅក្នុងខេត្តនៅភាគពាយព្យនិងធ្លាប់ជាប្រធានគុកភ្នំត្រយូងដែលមានមនុស្សយ៉ាងតិច៤០.០០០នាក់ស្លាប់នៅក្នុងទសវត្សរ៍១៩៧០។ បើតាមដីកាសន្និដ្ឋានរបស់សហព្រះរាជអាជ្ញាដដែល ដែលវីអូអេផ្នែកខេមរភាសាទទួលបានពីប្រភពស្និទ្ធនឹងតុលាការដែលសុំលាក់ឈ្មោះព្រោះជារឿងរសើបនោះ សហព្រះរាជអាជ្ញាអន្តរជាតិចោទប្រកាន់ជាបឋមថា អ្នកស្រីអ៊ឹម ចែមមានជាប់ទាក់ទិននឹងឧក្រិដ្ឋកម្មជាច្រើនមានដូចជាមនុស្សឃាត ធ្វើទារុណកម្ម ធ្វើទុក្ខបុកម្នេញផ្នែកសាសនាជាពិសេសជនជាតិចាម ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិដូចជនសង្ស័យ៤នាក់ផ្សេងទៀតក្នុងសំណុំរឿង០០៣ និង០០៤។ ថ្លែងប្រាប់វីអូអេផ្នែកខេមរភាសាកាលពីពាក់កណ្តាលខែកក្កដាឆ្នាំ២០១១ ក្នុងកិច្ច សម្ភាសជាពិសេសដ៏កំរមួយនៅផ្ទះរបស់អ្នកស្រីនៅក្នុងស្រុកអន្លង់វែងខេត្តឧត្តរមានជ័យអ្នកស្រី អ៊ឹម ចែម បានថ្លែងថាការចោទប្រកាន់អ្នកស្រីថាមានជាប់ទាក់ទិននឹងឧក្រិដ្ឋកម្មនានាសម័យខ្មែរក្រហមគឺជារឿងធ្ងន់ធ្ងរខុសពីការណ៍ពិត ជារឿងចោទសម្លាប់អ្នកស្រីឲ្យអស់ជីវិត។ <!--IMAGE--> «អស់ជីវិតដូចថាចោទខ្ញុំគ្រប់គ្រងគុកអី ខ្ញុំអត់បានដឹងផង។ បើអញ្ចឹងព្រះរាជអាជ្ញា នេះថាខ្ញុំនេះប្រព្រឹត្តអំពើអាក្រក់ យក(ខ្ញុំ)ទៅតុលាការ កាត់ទោសអញ្ចឹងទៅ ខ្ញុំមិន ត្រូវអស់ជីវិតហើយ (សើច)»។ អ្នកស្រីសុំឲ្យព្រះរាជអាជ្ញាជួយរកយុត្តិធម៌ជូនអ្នកស្រីដោយបង្ហាញពីក្តីបារម្ភចំពោះ ការចោទប្រកាន់ដែលអ្នកស្រីចាត់ទុកថាខុស។ «ខ្ញុំងាកមកខ្វល់ខ្វាយពីរឿងអ្នកដែលរាយការណ៍ចោទខ្ញុំវិញ។ មិនដឹងជាឈ្មោះណា មួយ ដែលចោទប្រកាន់ខ្ញុំហ្នឹង? រឿងនេះសុទ្ធតែជារឿងដល់អាយុជីវិតហើយពាក់ព័ន្ធនឹងនយោបាយ ហើយខុសនឹងការអនុវត្ត ការប្រព្រឹត្តិរបស់ខ្ញុំ ផ្ទុយគ្នា ស្រឡះដូចមេឃនិងដី»។ ក៏ប៉ុន្តែនៅក្នុងដីកាសន្និដ្ឋានលើកទី៣ជាឯកសារសម្ងាត់របស់សហព្រះរាជអាជ្ញាអន្តរជាតិចំនួន១១២ទំព័រជាភាសាអង់គ្លេសដែល វីអូអេខេមរភាសាទទួលបានពី ប្រភពស្និទ្ធនឹងតុលាការ សហព្រះរាជអាជ្ញាអន្តរជាតិបានស្នើកាលពីថ្ងៃ២០ខែវិច្ឆិកាឆ្នាំ២០០៨ ឲ្យសហចៅក្រមស៊ើបអង្កេត ធ្វើការទៅតាមច្បាប់ ស៊ើបអង្កេតអ្នកស្រី អ៊ឹម ចែមពីបទឧក្រិដ្ឋកម្មជាច្រើនរួមទាំងឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ។ ឯកសារដដែលនោះបានរៀបរាប់ពីឧក្រិដ្ឋកម្មលម្អិតនិងចំនួនមនុស្សស្លាប់ក្នុងមន្ទីរឃុំឃាំងនីមួយៗក្នុងស្រុកព្រនេតព្រះ គឺមន្ទីរឃុំឃាំងភ្នំត្រយ៉ូង ភូមិចក្រី វត្តព្រនេតព្រះនិង ចំការតាលីង ទំនប់ត្រពាំងថ្ម ស្ពានស្ពែ្រងនិងទំនប់ព្រៃរនាម។ ឯកសារជាដីកាសន្និដ្ឋានដំបូងដដែលបានបញ្ជាក់ថា «អ្នកស្រីអ៊ឹម ចែមត្រូវគេបញ្ជាក់ឲ្យដឹងថាជាប្រធាននៃមន្ទីរឃុំឃាំងភ្នំត្រយ៉ូងដែលមានអ្នកជាប់ឃុំឃាំង៤០.០០០នាក់ស្លាប់ពី ការសម្លាប់ អត់ឃ្លាន និងធ្វើការហួសកម្លាំង»។ ទោះបីជាយ៉ាងណាក៏ដោយអ្នកស្រី អ៊ឹម ចែមដូចជាជនសង្ស័យ៤នាក់ទៀតក្នុងសំណុំរឿង០០៣/០០៤ គឺស្ថិតក្នុងដៃសហចៅក្រមស៊ើបអង្កេតដែលត្រូវសម្រេចថា នឹងចាប់ខ្លួនមកឃុំបណ្តោះអាសន្ន ស៊ើបអង្កេតឬយ៉ាងណានោះ។ តែអ្នកស្រីអ៊ឹម ចែមបានអះអាងថាអ្នកស្រីជាអ្នកចូលទៅគ្រប់គ្រងថ្មីគ្មានជាប់ទាក់ទិននឹងអំពើ ឧក្រិដ្ឋកម្មហើយក៏មិនដឹងពីអំពើកាប់សម្លាប់នោះដែរ។ «មូលហេតុដែលខ្ញុំថាអត់ដឹងគឺអត់ដឹងមែន។ តែអ្នកដែលទទួលមុនខ្ញុំគេប្រព្រឹត្តក៏ ខ្ញុំអត់ដឹងព្រោះខ្ញុំទៅពីឆ្ងាយទៅខ្ញុំគិតតែទៅដើម្បីបំផុស ផ្សព្វផ្សាយឲ្យប្រជាជនខំ ដាំដុះ ខំធ្វើ ខំដកខំស្ទូងដើម្បីចិញ្ចឹមជីវិតកូនចៅតែប៉ុណ្ណឹង។ ភារកិច្ចខ្ញុំមានតែដឹកនាំ ប្រជាជនធ្វើស្រែធ្វើចំការដើម្បីចិញ្ចឹមជីវិតតែប៉ុណ្ណឹង។ ឯរឿងអីទៀតគេធ្វើមុនមកខ្ញុំ អត់ដឹង»។ អ្នកស្រី អ៊ឹម ចែមបានបដិសេធពីការបង្ខំឲ្យប្រជាជនទៅធ្វើទំនប់ត្រពាំងថ្មដែល បណ្តាលឲ្យមនុស្សជាច្រើនម៉ឺននាក់ស្លាប់ដោយអត់បាយនិងបាក់កម្លាំងឬការ សម្លាប់នោះដែរ។ ក៏ប៉ុន្តែអ្នកស្រីអះអាងថា នៅចុងឆ្នាំ១៩៧៧ អ្នកស្រី បានទទួល បញ្ជីឈ្មោះប្រជាជន១០០.០០០នាក់ពេលអ្នកស្រីទៅដល់ស្រុកព្រនេតព្រះបន្ទាប់ផ្លាស់ពីខេត្តតាកែវទៅ។ «គេប្រគល់បញ្ជីឲ្យខ្ញុំឃើញមាន១០ម៉ឺនមែនប៉ុន្តែដល់ខ្ញុំដើរពិនិត្យទៅវា បញ្ជីហ្នឹង ក៏ធ្វើខុសដែរ។ ខុសត្រង់ថាវាអត់គ្រប់ចំនួនដែលខ្ញុំគិតតាមភូមិនីមួយៗសរុបទៅ បានតែ៩ម៉ឺនទេ។អាបញ្ជី១០ម៉ឺនវាបាត់១ម៉ឺន»។ នៅពេលសួរថាតើបញ្ជីនោះគ្រាន់តែធ្វើសម្រាប់គ្រប់គ្រងចំនួនមនុស្សឬធ្វើដើម្បីអ្វី? អ្នកស្រី អ៊ឹម ចែមបាន អះអាងថា៖ «គេធ្វើ។មិនដឹងជាផែនការគេពីមុនយ៉ាងម៉េចតែគេយកបញ្ជីហ្នឹងមកប្រគល់ឲ្យខ្ញុំគឺខ្ញុំគ្រប់គ្រងចំនួនប្រជាពលរដ្ឋដែលនៅក្នុងស្រុកហ្នឹងមែន»។ អ្នកស្រីអ៊ឹមចែមបានចូលធ្វើសមាទានសីលកាលពីឆ្នាំ២០០៥ ដើម្បីសាងបុណ្យ សន្សំ កុសលតាមប្រពៃណីអ្នកកាន់ព្រះពុទ្ធសាសនា។ អ្នកស្រីទៅកាន់វត្តអារាមក្បែរផ្ទះជារៀងរាល់ថ្ងៃសីលនិងពិធីបុណ្យតាមព្រះពុទ្ធសាសនាផ្សេងៗ។ ចៅក្រមកម្ពុជាក្នុងតុលាការកាត់ទោសខ្មែក្រហមប្រកាន់ជំហរដូចរដ្ឋាភិបាលកម្ពុជាគឺជំទាស់នឹងការប៉ុនប៉ងនាំខ្លួនជនសង្ស័យ៥នាក់បន្ថែមទៀតនៃសំណុំរឿង ០០៣/ ០០៤មកកាត់ទោស ដោយបារម្ភខ្លាចប៉ះពាល់ដល់សន្តិភាពដែលទើបកើតមានក្នុងប្រទេសកម្ពុជា។ តែរដ្ឋាភិបាលកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនត្រូវទទួលរងការចោទប្រកាន់ថាជ្រៀតជ្រែកផ្នែកនយោបាយក្នុងដំណើការស្វែងរកយុត្តិធម៌របស់តុលាការ។ សំណុំរឿង០០៣/០០៤ មានលោកស៊ូ ម៉េត លោកមាស មុត តាទិត តា អាន និង អ្នកស្រី អ៊ឹម ចែម។ ឈ្មោះទាំង៥នាក់នេះត្រូវបញ្ចេញជាសាធារណៈជាលើកដំបូងដោយបណ្តាញព័ត៌មាន The Scoop នៃប្រទេស New Zealand និង The Christian Science Monitor នៅពេលថ្មីៗនេះដែរ។ ជនសង្ស័យម្នាក់ក្នុងចំណោម៥នាក់គឺអ្នកស្រីអ៊ឹម ចែម បច្ចុប្បន្នជាជំទប់ទី១នៃឃុំ ត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ អ្នកស្រីមានស្រុកកំណើតនៅភូមិក្បាលអូ ស្រុកត្រាំកក់ ខេត្តតាកែវ។ តុលាការខ្មែរក្រហមដែលចូលរួមដោយអង្គការសហប្រជាជាតិគ្រោងនៅខែកញ្ញាខាងមុខនឹងកាត់ទោសសំណុំរឿង០០២ឬសំណុំរឿងមេដឹកនាំកំពូលៗ ដែលមានវ័យចំណាស់ៗ៤នាក់នៃរបបកម្ពុជាប្រជាធិបតេយ្យមាន នួន ជាបងធំ ទី២ ខៀវ សំផន ប្រមុខរដ្ឋ អៀង សារី រដ្ឋមន្ត្រីការបរទេស និង អៀង ធីរិទ្ធរដ្ឋមន្ត្រី ក្រសួងសង្គមកិច្ចពីបទជាប់ទាក់ទិននឹងឧក្រិដ្ឋកម្មនានាដែលមានពលរដ្ឋជាង១,៧នាក់ស្លាប់ចន្លោះឆ្នាំ១៩៧៥ដល់១៩៧៩។ តុលាការបានកាត់ទោសសំណុំរឿង០០១ គឺកាំង ហ្កេកអ៊ាវហៅឌុចអតីតប្រធានគុកទួលស្លែងស ២១របស់ខ្មែរក្រហមដែល ទទួលខុសត្រូវចំពោះការកាប់សម្លាប់ពលរដ្ឋស្លូតត្រង់ជាង១២.០០០នាក់៕ This posting includes an audio/video/photo media file: Download Now |
សាលារាជធានីភ្នំពេញចាប់សង់ស្តូបរំលឹកពីសោកនាដកម្មកោះពេជ្រ Posted: 11 Aug 2011 02:08 PM PDT នៅថ្ងៃព្រហស្បតិ៍នេះ សាលារាជធានីភ្នំពេញបានចាប់ផ្តើមកសាងស្តូបរំលឹកវិញ្ញាណក្ខន្ធដល់អ្នកស្លាប់ចំនួន៣៥៤នាក់ក្នុងឧបទ្ទវហេតុរត់ជាន់គ្នានៅលើស្ពានកោះពេជ្រកាលពីប្រាំបួនខែមុននេះ។ អ្នកដើរលេងកម្សាន្តចំនួន៣៥៤នាក់បានស្លាប់ និង៣៩៣នាក់ផ្សេងទៀតបានរងរបួសនៅក្នុងឧបទ្ទវហេតុភ័យស្លន់ស្លោររត់ជាន់គ្នានៅលើស្ពានកោះពេជ្រនៅយប់ថ្ងៃទី២២ខែវិច្ចិកាឆ្នាំ២០១០ ដែលជាថ្ងៃចុងបញ្ចប់នៃព្រះរាជពិធីបុណ្យអុំទូក។ លោក កែប ជុតិមា អភិបាលរាជធានីភ្នំពេញ បានថ្លែងប្រាប់ក្រុមអ្នករាយការណ៍ព័ត៌មានថាសាលារាជធានីភ្នំពេញកសាងស្តូបរំលឹកវិញ្ញាណក្ខន្ធនេះ ដើម្បីចងចាំនូវមហាសោកនាដកម្មនេះ និងដើម្បីឧទ្ទិសដល់វិញ្ញាណក្ខន្ធអ្នកដែលបានបាត់បង់ជីវិតនៅក្នុងឧបទ្ទវហេតុនេះឲ្យបានទទួលនូវសេចក្តីសុខសេចក្តីចម្រើន។ «អត្ថន័យរបស់ស្តូបនេះគឺសម្រាប់រំលឹកដល់ឧបទ្ទវហេតុដែលកើតឡើង ហើយឧបទ្ទវហេតុនោះគឺបានកត់ត្រាទុកក្នុងប្រវត្តិសាស្ត្ររបស់រាជធានីភ្នំពេញ ហើយដែលជាមេរៀនដ៏ឈឺចាប់មួយដែលគ្មាននរណាមួយអាចបំភ្លេចបានទេ ជាពិសេសសមត្ថកិច្ចខ្លួនឯងនេះ គឺត្រូវតែគិតបញ្ហានេះឲ្យបានហ្មត់ចត់ នៅពេលដែលមានពិធីបុណ្យជាតិធំៗ និងនៅពេលដែលមានមនុស្សម្នាមកចូលរួម។ វិធានការធំ របស់យើងត្រូវធានាសុវត្ថិភាពឲ្យបងប្អូនប្រជាពលរដ្ឋរបស់យើង»។ គម្រោងកសាងស្តូប បានបង្ហាញថាស្តូបរំលឹកវិញ្ញាណក្ខន្ធនេះត្រូវបានសាងសង់នៅលើដីទំហំ៣៣ម៉ែត្រគុណ៣២ម៉ែត្រជាប់គល់ស្ពានពេជ្រត្រើយខាងលិច ជាទីកន្លែងដែលឧបទ្ទវហេតុបានកើតឡើង។ ស្តូបនេះត្រូវកសាងឡើងដោយថ្មភក់ទំហំ៧០សង់ទីម៉ែត្រគុណ៧០សង់ទីម៉ែត្រនិងមានកម្ពស់៥ម៉ែត្រ។ សសរគោលព្រហ្មមុខបួន ជាការឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធជនរងគ្រោះទៅកាន់ឋានព្រហ្ម ឬ ឋានសុគតិភព។ អក្សរចារឹកមាននៅគ្រប់ជ្រុងទាំងបួន។ បង្គោលសីមាមានបង្កប់អំពូលភ្លើងខាងក្នុង។ បង្គោលសីមាទាំងអស់មានចំនួន២២ដើម (ម្ខាង១១ដើម) តំណាងឲ្យថ្ងៃទី២២ ខែ១១ ដែលជាថ្ងៃកើតឧបទ្ទវហេតុ។ ច្រវ៉ាក់ភ្ជាប់ពីបង្គោលមួយទៅបង្គោលមួយតំណាងឲ្យខ្សែកាបស្ពាន។ យោងតាមសេចក្តីថ្លែងការណ៍របស់សាលារាជធានីភ្នំពេញ សសរគោលព្រហ្មមុខបួននេះមានទម្រង់បែបសិល្បៈខ្មែរទំនើប ដោយផ្អែកលើមូលដ្ឋានសិល្បៈបុរាណ និងជំនឿរបស់ខ្មែរ ព្រមទាំងមានលក្ខណៈសមស្របនឹងបរិស្ថាននៅតំបន់នោះ។ លោក កែប ជុតិមា បានបញ្ជាក់ថាស្តូបនេះត្រូវចំណាយអស់ជាង១២០.០០០ដុល្លារអាមេរិក ហើយនឹងត្រូវកសាងចប់នៅមុនខួបមួយឆ្នាំនៃការកើតឧបទ្ទវហេតុ។ លោកស្រី ចឹក បូភី ម្តាយសពរបស់កញ្ញា ឌុក ស្រីមុំ ដែលបានស្លាប់នៅលើស្ពានកោះពេជ្រនេះ បាននិយាយថាអ្នកស្រីមានការពេញចិត្ត ចំពោះការកសាងស្តូបនេះសម្រាប់រំលឹកវិញ្ញាណក្ខន្ធអ្នកស្លាប់នៅលើស្ពានកោះពេជ្រនេះ។ លោកស្រី យល់ថាស្តូបនេះមិនមែនត្រឹមតែរំលឹកវិញ្ញាណក្ខន្ធអ្នកស្លាប់ប៉ុណ្ណោះទេ ថែមទាំងជាការចងចាំសម្រាប់អាជ្ញាធរ និងប្រជាពលរដ្ឋគ្រប់រូបអំពីឧបទ្ទវហេតុដ៏ប្រល័យនេះ ព្រមទាំងជាសញ្ញាព្រមានយ៉ាងសំខាន់ណាស់ដល់អាជ្ញាធរឲ្យមានការប្រុងប្រយ័ត្នក្នុងការគ្រប់គ្រងមនុស្សច្រើនរាប់ពាន់នាក់នៅពិធីបុណ្យជាតិសំខាន់នៅពេលអនាគត។ «គេធ្វើស្តូបគោរពវិញ្ញាណក្ខន្ធសពដែលស្លាប់នៅស្ពានកោះពេជ្រ ដើម្បីទុកជាប្រវត្តិសាស្ត្រឲ្យបងប្អូន ក្មួយៗ កូនចៅក្រោយ ឲ្យចងចាំ កុំឲ្យភ្លេចថាកន្លែងណាជាប្រជុំជន កន្លែងហ្នឹងមានគ្រោះថ្នាក់ហើយ»។ លោក កែប ជុតិមា បានថ្លែងថាសាលារាជធានីភ្នំពេញនឹងរៀបចំវិធានការឲ្យបានហ្មត់ចត់បំផុតសម្រាប់គ្រប់ពិធីបុណ្យជាតិ សំខាន់បំផុតវិធានការនៃការគ្រប់គ្រងមនុស្ស។ «ឥឡូវនេះ យើងកំពុងកសាងស្ពានថ្មីពីរទៀតចេញពីកោះពេជ្រ ដើម្បីសម្រួលការធ្វើចរាចរណ៍ពីកោះពេជ្រមកដីគោកនេះ។ បទពិសោធ ដែលយើងបានឆ្លងកាត់កាលពីយប់ថ្ងៃទី២២ ខែវិច្ចិកា គឺជាបទពិសោធដ៏ឈឺចាប់មួយដែលយើងត្រូវតែកត់ត្រាទុក ហើយត្រូវតែមានវិធានការចាំបាច់ក្នុងការគ្រប់គ្រងមនុស្ស»។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានហៅសោកនាដកម្មនៅលើស្ពានកោះពេជ្រនេះថាជាសោកនាដកម្មដ៏ធំធេងបំផុត ចាប់តាំងពីរបបវាលពិឃាតរបស់ពួកខ្មែរក្រហមបានដួលរលំ៕ This posting includes an audio/video/photo media file: Download Now |
ព័ត៌មានអន្តរជាតិសង្ខេប៖ ១១ សីហា Posted: 10 Aug 2011 08:47 PM PDT ព័ត៌មានចុងក្រោយបំផុត៖ កម្ពុជា៖ ប្រទេសកម្ពុជានិងប្រទេសថៃបានព្រមព្រៀងធ្វើកិច្ចប្រជុំគណ:កម្មាធិការមួយដើម្បីពិភាក្សាគ្នាអំពីជម្លោះព្រំដែនក្ដៅគគុករបស់គេទំនងដូចជាមុនដំណាច់ខែនេះ។ កម្ពុជា៖ យុទ្ធជនសហរដ្ឋអាមេរិកកំពុងតែចូលរួមក្នុងប្រតិបត្ដិការណ៍រួមជាមួយកងកម្លាំងយោធាកម្ពុជា នៅក្នុងបេសកកម្មជំនួយក្នុងខេត្ដដាច់ស្រយាលមួយ។ សេដ្ឋកិច្ចពិភពលោក៖ ផ្សារអឺរ៉ុបចាប់ផ្ដើមថ្ងៃលក់ដូររបស់ខ្លួននៅក្នុងបិរយាកាសជាវិជ្ជមាននៅថ្ងៃព្រហស្បតិ៍ ក្រោយពីដំណឹងអាក្រកក់ច្រើនទៀតអំពីសេដ្ឋកិច្ចសកលលោកដោយហេតុមកពីការលក់ដូរហ៊ុនឡើងចុះនៅប្រទេសអាស៊ី។ វៀតណាម៖ នាយកទទួលបន្ទុកកិច្ចការបរទេសនៃសហភាពអឺរ៉ុប កំពុងតែបញ្ជាឲ្យប្រទេសវៀតណាមដោះលែងជនជាតិបារាំងមានដើមកំណើតជាវៀតណាម ដែលជាអ្នកអប់រំនិងជាអ្នកសរសេរទំព័រប្លុក(blog) ដែលទទួលសាលក្រមនៅអាទិត្យនេះក្នុងបទវិទ្ធង្សនា។ អាហ្វហ្គានីស្ថាន៖ កងទ័ពចម្រុះអន្ដរជាតិប្រយុទ្ធនៅក្នុងប្រទេសអាហ្វហ្គានីស្ថានឲ្យដឹងថា យុទ្ធជនប្រាំនាក់ត្រូវបានសម្លាប់នៅក្នុងការផ្ទុះគ្រាប់បែកបង្កប់តាមផ្លូវនៅក្នុងភាគខាងត្បូងនៃប្រទេសនេះ។ ប៉ាគីស្ថាន៖ ក្រុមមន្ដ្រីប៉ាគីស្ថាននិយាយថាស្ដ្រីដាក់គ្រាប់បែកអត្ដឃាតម្នាក់បានសម្លាប់ខ្លួនឯងហើយនឹងស្ដ្រីម្នាក់ទៀត នៅជិតច្រកចេញចូលរបស់ប៉ូលីសនៅក្នុងទីក្រុង Peshawar ស្ថិតនៅភាគពាយ័ព្យនៃប្រទេសនេះ។ ស៊ីរី៖ សកម្មជនសិទ្ធិមនុស្សនិយាយថា កងកម្លាំងស៊ីរីបានចូលសម្រុកទៅក្នុងស្រុកមួយនៅភាគពាយ័ព្យស្ថិតនៅជិតព្រំដែនប្រទេសទួកគី។ កូរ៉េ៖ ប្រទេសកូរ៉េខាងត្បូងនិងខាងជើងឈ្លោះគ្នាតាមពាក្យសម្ដី នៅថ្ងៃព្រហស្បតិ៍ មួយថ្ងៃក្រោយពីមានការបាញ់ដាក់គ្នាដោយកាំភ្លើងធំ នៅក្នុងដែនទឹកស្ថិតនៅជិតព្រំដែនសមុទ្រលឿង ដែលបណ្ដាលឲ្យការតានតឹងកើនឡើង។ អង់គ្លេស៖ ប៉ូលីសអង់គ្លេសចាប់ផ្ដើមលុកលុយចូលទៅក្នុងផ្ទះនៅទីក្រុងឡុងដ៍នៅថ្ងៃព្រហស្បតិ៍ ដែលពាក់ព័ន្ធនឹងកុបកម្មដែលធ្វើឲ្យប្រទេសអង់គ្លេសទទួលរងក្នុងពេលមួយអាទិត្យកន្លងទៅនេះ។ ម៉ាឡេស៊ី៖ លោក Najib Razak នាយករដ្ឋមន្ដ្រីនៃប្រទេសម៉ាឡេស៊ី សុំឲ្យជនរួមជាតិរបស់លោកដែលរស់នៅក្នុងប្រទេសអង់គ្លេសប្រុងប្រយ័ត្នខ្លួនក្រោយពីរូបភាពបញ្ចាំងតាមវីដេអូឲ្យឃើញការប្លន់និស្សិតម៉ាឡេស៊ី ម្នាក់ពេលមានកុបកម្មនៅទីក្រុងឡុងដ៍។ ឥណ្ឌូនេស៊ី៖ ជនសកម្មប្រយុទ្ធឥណ្ឌូនេស៊ីម្នាក់ជាប់សង្ស័យក្នុងការដាក់គ្រាប់បែកនៅទីក្រុងបាលីនៅឆ្នាំ២០០២ ត្រូវបានបញ្ជូនពីប្រទេសប៉ាគីស្ថានទៅប្រទេសឥណ្ឌូនេស៊ីហើយ។ ចិន៖ បណ្ដាញព័ត៌មានរបស់រដ្ឋនៃប្រទេសចិន មិនអើពើនឹងការគំរាមយោធារបស់នាវាដឹកយន្ដហោះថ្មីរបស់ប្រទេសនេះទេ ដោយឲ្យដឹងថាក្នុងពេលពី១៥ដល់២០ឆ្នាំទៀតទំរាំប្រទេសចិនអាចមាននាវាដឹកយន្ដហោះដែលធ្វើសង្គ្រាមបាន។ ទីបេតិ៍៖ ជនជាតិទីបេតិ៍និរទេសខ្លួនឲ្យដឹងថា ប្រទេសចិនកំពុងតែរៀបចំឲ្យ Panchen Lama ដែលរដ្ឋាភិបាលបានតែងតាំង ទៅធ្វើទស្សនកិច្ចនៅវត្ដមានវិបត្ដិមួយ ស្ថិតនៅក្នុងខេត្ដ Gansu នៅភាគខាងលិចប្រទេស ទោះបីមានការជំទាស់ពីព្រះសង្ឃនៅក្នុងស្រុកក៏ដោយ។ ភូមា៖ រដ្ឋាភិបាលថ្មីនៃប្រទេសភូមាបានប្រកាសអំពីការរៀបចំជាថ្មីម្ដងទៀតនៃវិធីដែលខ្លួនផ្ដល់ព័ត៌មានជាផ្លូវការទៅឲ្យសាធារណ:ជន។ អ៊ីស្រាអែល/ប៉ាឡេស្ទីន៖ ក្រសួងមហាផ្ទៃអ៊ីស្រាអែលយល់ព្រមចំពោះសំណង់ផ្ទះថ្មី១.៦០០ខ្នងនៅទីក្រុង Jerusalem ភាគខាងកើត ជាច្រើនថ្ងៃក្រោយពីស.រ.អ.ឲ្យដឹងថាខ្លួនព្រួយបារម្ភអំពីការសង់សំណង់ជាបន្ដទៅទៀតរបស់អ៊ីស្រាអែល។ ជនជាតិប៉ាឡេស្ទីនដែលមានអរិភាពជាមួយអ៊ីស្រាអែលយូរណាស់មកហើយចង់យកទីក្រុង Jerusalem ភាគខាងកើតធ្វើជារដ្ឋធានី។ ឥណ្ឌា៖ ប្រធានាធិបតីនៃប្រទេសឥណ្ឌា បានច្រានចោលញត្ដិលើកលែងទោសឲ្យបុរសបីនាក់ ដែលមានទោសក្នុងបទធ្វើឃាតលោកអតីតនាយករដ្ឋមន្ដ្រី Rajiv Gandhi។ ភូមា៖ លោកស្រីអោងសានស៊ូជី មេដឹកនាំគណបក្សគាំទ្រប្រជាធិបតេយ្យនៃប្រទេសភូមានិយាយថា គម្រោងវារីអគ្គីសនីចិនភូមាកំពុងតែធ្វើឲ្យរអាក់រអួលដល់ការហូរទឹកនៅក្នុងទន្លេឥរវតី (Irrawaddy) ដែលជាទន្លេធំជាងគេមួយនៅប្រទេសភូមា។ <!--AV--> ព័ត៌មាននៅពេលមុននេះ៖ <!--IMAGE--> វៀតណាម៖ នៅថ្ងៃពុធនេះ តុលាការមួយនៅក្នុងប្រទេស វៀតណាម បានកាត់ទោសសកម្មជន បារាំងដើមកំណើតវៀតណាមម្នាក់ឲ្យជាប់គុក៣ឆ្នាំតាមបទញុះញុងឲ្យមានការបះបោរ។ អាល្លឺម៉ង់៖ ប្រទេសអាល្លឺម៉ង់បានដោះលែងយន្ដហោះមួយគ្រឿងរបស់ព្រះអង្គម្ចាស់ស្នងរាជព្រះមហាក្សត្រថៃ ដែលបានត្រូវរឹបអូសយកដោយសារតែរដ្ឋាភិបាលថៃជាប់បំណុលជាមួយក្រុមហ៊ុនសំណង់របស់អាល្លឺម៉ង់។ សេដ្ឋកិច្ចសកលលោក៖ នៅថ្ងៃពុធនេះ តម្លៃមាសឡើងខ្ពស់ដូចព្រួញ ជាឯតទគ្គៈក្នុងការទិញដូរហ៊ុនស្ដុកកាលពីថ្ងៃពុធ តាមតម្លៃ១៨០១ដុល្លារក្នុងមួយអោននៅក្នុងក្រុង New York។ សេដ្ឋកិច្ចសកលលោក៖ នៅថ្ងៃពុធនេះ ទីផ្សារភាគហ៊ុនសហរដ្ឋអាមេរិកបានធ្លាក់ចុះវិញរហូតដល់៣% ហើយទីផ្សារហ៊ុនអឺរុបក៏ចុះខ្លាំងដែរ ដោយមានការព្រួយបារម្ភពីសេដ្ឋកិច្ចទន់ខ្សោយរបស់សរអ និងការព្រួយបារម្ភកាន់តែខ្លាំងមកលើបញ្ហាប្រាក់បំណុលអឺរុប។ តែទីផ្សារហ៊ុនអាស៊ីនៅពេលបិទទ្វារ បានទទួលការចំណេញ។ ចិន៖ ប្រទេសចិនបានចេញបញ្ជាឲ្យបញ្ឈប់គម្រោងការផ្លូវដែក និងកាត់បន្ថយល្បឿនរថភ្លើងលឿននៅពេលនេះ ដើម្បីធានាឲ្យមានភាពកក់ក្ដៅដល់ប្រជាជនចិន ក្រោយពីមានរទេះភ្លើងបើកបុកគ្នាកាលពីខែមុន។ ចិន៖ នាវាផ្ទុកយន្ដហោះរបស់ចិនលើកទីមូយ បានបើកចេញពីផែសមុទ្រដាលិយាន ដើម្បីសាកល្បង កាលពីថ្ងៃពុធនេះ បណ្ដាលឲ្យមានមោទនភាពដល់ជនជាតិចិន ព្រមទាំងការព្រួយបារម្ភពីប្រទេសជិតខាងជាច្រើន។ អង់គ្លេស៖ នាយករដ្ឋមន្ដ្រីប្រទេសអង់គ្លេស លោក ដេវីឌ កាមេរិន បានឲ្យអាជ្ញាធរប្រើ កាណុងបាញ់ទឹក ក្រោយពីមានកុបកម្មបះបោរ៤យប់ ការលួចប្លន់ទ្រព្យសម្បត្ដិ និងការដុតឆេះអាគារ ដោយនិយាយថាជាការឆ្លើយតប និងដើម្បីរៀបចំឲ្យមានការគោរពច្បាប់ និង សណ្ដាប់ធ្នាប់ឡើងវិញនៅតាមដងផ្លូវ។ អាហ្វហ្គានីស្ថាន៖ គ្រួសាររបស់ជនអន្ដោប្រវេសន៍ឡាវនៅសហរដ្ឋអាមេរិកនិយាយថា សមាជិកមួយរបស់ខ្លួន ស្ថិតក្នុងចំណោម ទាហានអាមេរិកាំង៣០នាក់ស្លាប់ពីការធ្លាក់ឧទ្ធម្ភាកចក្រ ក្នុងប្រទេស អាហ្វហ្គានីស្ថានសប្ដាហ៍មុន។ អាហ្វហ្គានីស្ថាន៖ មេបញ្ជាការយោធាសហរដ្ឋអាមេរិក និងអូតង់ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន និយាយថា ការវាយប្រហារតាមអាកាសបានសម្លាប់ជនសកម្មប្រយុទ្ធដែលជាអ្នកបាញ់ទម្លាក់ ឧទ្ធម្ភាគចក្រ ដែលបានប្រល័យជីវិតជនជាតិអាមេរិកាំង៣៨នាក់ និងជនជាតិអាហ្វហ្គាន កាលពីសប្ដាហ៍មុន។ ក្រុមបះបោរបានបាញ់ទម្លាក់យន្ដហោះ Chinook នៅកណ្ដាលខេត្ដវ៉ាដាក កាលពីថ្ងៃសៅរ៍។ ស៊ីរី៖ មានមនុស្សយ៉ាងតិច១២នាក់ស្លាប់ ពេលដែលកងកម្លាំងសន្ដិសុខស៊ីរីបានបើកការវាយឆ្មក់ថ្មីមកលើក្រុមបាតុករ ទោះជាមានការកៀបសង្កត់ពីអន្ដរជាតិក៏ដោយ ហើយក៏ស្របពេលដែលក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិត្រៀមពិភាក្សាអំពីការបះបោរនៅក្នុងប្រទេសនេះ។ This posting includes an audio/video/photo media file: Download Now |
អតីតកម្មាភិបាលខ្មែរក្រហមថាមិនខ្លាចតុលាការនិងយមបាល Posted: 10 Aug 2011 04:13 PM PDT អតីតកម្មាភិបាលខ្មែរក្រហមមួយរូបដែលជាជនសង្ស័យម្នាក់ក្នុងចំណោមជនសង្ស័យចំនួនប្រាំនាក់នៃសំណុំរឿងបន្ថែម បដិសេធចំពោះការចោទប្រកាន់ពីបទជាប់ទាក់ទិននឹងអំពើឧក្រិដ្ឋកម្មប្រល័យពូជសាសន៍និងឧក្រិដ្ឋកម្មនានាក្នុងសម័យខ្មែរក្រហម ដោយបានអះអាងថាខ្លួនជាជនគ្មានកំហុស។ តា អាន ឬ អោម អានអាយុ៧៨ឆ្នាំជាអតីតអនុប្រធានតំបន់មជ្ឈិម ឬខេត្តកំពង់ចាមដែលមានមនុស្សជាង១៥០.០០០នាក់ស្លាប់ក្នុងរបបខ្មែរក្រហម។ ជិតពាក់កណ្តាលនៃចំនួននេះជាជនជាតិចាម។ សហព្រះរាជអាជ្ញាអន្តរជាតិនៃសាលាក្តីខ្មែរក្រហមប៉ុនប៉ងនាំខ្លួនជនសង្ស័យមួយចំនួនផ្សេងទៀតទៅជំនុំជម្រះទោសពីបទឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងបទឧក្រិដ្ឋមួយចំនួនទៀតក្នុងសំណុំរឿង០០៣ និង០០៤។ នេះបើយោងតាមដីកាសន្និដ្នានជាសម្ងាត់របស់សហព្រះរាជអាជ្ញាបរទេសដែលវីអូអេខ្មែរទទួលបានពីប្រភពស្និទ្ធនឹងតុលាការខ្មែរក្រហម។ ថ្លែងប្រាប់វីអូអេខ្មែរកាលពីល្ងាចថ្ងៃ២៧ ខែកក្កដា ឆ្នាំ២០១១ ក្នុងកិច្ចសម្ភាសជាពិសេសដ៏កម្រមួយនៅផ្ទះរបស់លោកនៅក្នុងភូមិមួយជាប់នឹងផ្លូវធំមួយ នៃស្រុកកំរៀង ខេត្តបាត់ដំបង តា អាន បានថ្លែងថា លោកមិនព្រួយបារម្ភនឹង តុលាការ និងយមបាល ដែលកាត់ទោសមនុស្សមានបាប និងប្រព្រឹត្តអាក្រក់បន្ទាប់ពីស្លាប់ទៅនោះទេ។ តា អានថ្លែងថា៖ «បច្ចុប្បន្ននេះក៏ខ្ញុំអត់ភ័យនឹងតុលាការ។ ទៅអនាគតទៀត ពេលខ្ញុំស្លាប់ ក៏ខ្ញុំអត់ភ័យនឹងយមបាល។ អត់ភ័យទេ។ បុណ្យឥឡូវខ្ញុំធ្វើ។ សីលខ្ញុំកាន់។ ពីមុនមក ខ្ញុំអត់មានកាប់សម្លាប់។ ខ្ញុំខ្លាចយមបាល? ខ្ញុំអត់ខ្លាចទេ»។ តា អានថ្លែងដូច្នេះដោយយោងថា លោកបានផ្លាស់ពីខេត្តកំពតទៅកាន់កាប់តំបន់មជ្ឈិមនៅកំពង់ចាមដែលមានស្រុកជាច្រើន ដែលរួមមាន ស្រុកព្រៃឈរ ពាមជីកង កំពង់សៀម និងបាធាយ កាលពីចុងឆ្នាំ១៩៧៧។ តា អាននិយាយថា ពេលនោះ គាត់ពុំដឹងថាគេដកប្រជាពលរដ្ឋ ទៅណាអស់នោះទេ។ តា អាន បញ្ជាក់ថា មុនពេលគាត់ដល់ តំបន់នោះស្ថិតក្រោមការគ្រប់គ្រងរបស់កែ ពកដែលជាប្រធានភូមិភាគ។ តា អាន បានថ្លែងប្រាប់វីអូអេខ្មែរថា៖ «ខ្ញុំ បើមានសិទ្ធិតវ៉ាដូចខ្ញុំថាអញ្ចឹងគឺខ្ញុំអត់មានបញ្ហាអីទាក់ទិននឹងឃាតកម្មអស់ហ្នឹងទេ។ អត់មានទេដូចខ្ញុំជម្រាបប្រសាសន៍អញ្ចឹងគឺថាពេលដែលខ្ញុំទៅគឺអស់ហើយពីក្រោមរហូតដល់លើនៅតែកែ ពកមួយទេ។ រួចខ្ញុំទៅរៀបចំភូមិ ឃុំថ្មី។ ខ្ញុំមានការទាក់ទិនរឿងអី? អត់»។ នៅពេលសួរបញ្ជាក់ជាថ្មីថាតើពេលគេផ្លាស់គាត់ឲ្យទៅកាន់កាប់តំបន់កំពង់ចាមនោះ ប្រជាពលរដ្ឋត្រូវគេសម្លាប់អស់ក្នុងពេលច្របូកច្របល់នោះមែនឬយ៉ាងណា? តា អានបានបញ្ជាក់ថា៖ <!--IMAGE--> «បាទ! គេដោះស្រាយ (សម្លាប់) អស់ហើយ រួចបានខ្ញុំទៅក្រោយ។ ទៅអស់ហើយ។ ខ្ញុំរៀបចំក្រោយ។ នៅតែ កែ ពកមួយ។ ភូមិ ឃុំ ស្រុក តំបន់ រួចខ្ញុំអត់មានទៅប្រឡាក់ប្រឡូសអីទេ។ អាហ្នឹងដែលខ្ញុំចង់តវ៉ាអញ្ចឹងឯង តើខ្ញុំមានបញ្ហាអីទាក់ទិន? ហើយមកដល់ឆ្នាំ១៩៧៧ ឆ្នាំ១៩៧៨ ហើយនឹងឆ្នាំ១៩៧៩អស់ហើយ»។ ក៏ប៉ុន្តែនៅក្នុងដីកាសន្និដ្ឋានលើកទី៣ដែលជាឯកសារសម្ងាត់របស់សហព្រះរាជអាជ្ញាអន្តរជាតិចំនួន១១២ទំព័រជាភាសាអង់គ្លេសដែលវីអូអេខ្មែរទទួលបានពីប្រភពស្និទ្ធនឹងតុលាការ ហើយសុំលាក់អត្តសញ្ញាណដោយសារតែនេះជាបញ្ហារសើបនោះ សហព្រះរាជអាជ្ញាអន្តរជាតិបានស្នើកាលពីថ្ងៃ២០ខែវិច្ឆិកាឆ្នាំ២០០៨ ឲ្យសហចៅក្រមស៊ើបអង្កេតធ្វើការចោទប្រកាន់ និងស៊ើបអង្កេត តា អាន ពីបទឧក្រិដ្ឋជាច្រើនរួមទាំងឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ធ្វើទារុណកម្ម និងការធ្វើទុក្ខបុកម្នេញផ្នែកសាសនា ជាពិសេសចំពោះជនជាតិចាមជាដើម។ ឯកសារដដែលនោះបានរៀបរាប់ពីឧក្រិដ្ឋកម្មលម្អិត និងចំនួនមនុស្សស្លាប់ក្នុងមន្ទីរឃុំឃាំងនីមួយៗក្នុងខេត្ត កំពង់ចាម។ មន្ទីរឃុំឃាំងវត្តអូត្រកួនស្ថិតនៅក្នុងឃុំពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម មានពលរដ្ឋត្រូវគេសម្លាប់ជាង៣២.០០០នាក់។ ការសម្លាប់នៅមន្ទីរឃុំឃាំងផ្សេងៗទៀតក្នុងខេត្តកំពង់ចាមដែលមួយកន្លែងៗមានចាប់ពី១.០០០នាក់ ដល់១០.០០០នាក់។ ដោយឡែកនៅក្នុងមន្ទីរឃុំឃាំងក្នុងខេត្តកំពង់ធំដែលជាផ្នែកមួយនៃតំបន់មជ្ឈិមដែរនោះ មានប្រជាពលរដ្ឋចាប់ពី ១៥.០០០នាក់ស្លាប់ ២០.០០០នាក់ និង៤០.០០០នាក់ក៏មាន។ នៅក្នុងដីកាសន្និដ្នាន បឋមរបស់សហព្រះរាជអាជ្ញាអន្តរជាតិដដែល ដែលគេដាក់ថាជាឯកសារសម្ងាត់បានបញ្ជាក់ថាតា អានគ្រប់គ្រងគុកចំនួន២៥ក្នុងតំបន់មជ្ឈិម។ ឯកសារដដែល នោះបានបញ្ជាក់ថា៖ «បន្ថែមទៅនឹងការកម្ចាត់ចោលមន្ត្រីក្នុងមុខតំណែង បន្ទាប់ពីការមកដល់ក្នុង តំបន់មជ្ឈិមរបស់តា អាននិងក្រុមមន្ត្រីមកពីទិសនិរតី មានកំណើនយ៉ាងខ្លាំង ចំពោះការចាប់ខ្លួន ការសម្លាប់ និងបំបាត់ខ្លួននិងការកើតឡើងនូវស្ថានភាពរស់នៅដ៏អាក្រក់ផ្សេងៗទៀតក្នុងចំណោមប្រជាពលរដ្ឋ។ គំរូដ៏ជាក់លាក់មួយដែលកើតមាននៅតំបន់មជ្ឈិមបន្ទាប់ពីការមកដល់របស់តា អាន និងក្រុមនិរតីនោះ គឺតម្រូវឲ្យពលរដ្ឋ ធ្វើការច្រើនថែមទៀត ផ្តល់ម្ហូបអាហារកាន់តែតិចដល់ពលរដ្ឋ ចំនួនច្រើនត្រូវចាប់ខ្លួន ហើយមិនធ្លាប់ឃើញវិលមកវិញទេ»។ ទោះបីជាវាសនា តា អាននិងជនសង្ស័យ៤នាក់ទៀតក្នុងសំណុំរឿង០០៣/០០៤ ស្ថិតក្នុងដៃសហចៅក្រមស៊ើបអង្កេតក្តីតែ តា អានបានអះអាងថាលោកគ្រាន់ តែជាអ្នកចូលទៅគ្រប់គ្រងថ្មីប៉ុណ្ណោះ។ លោកបានថ្លែងថាតុលាការមិនអាចនាំខ្លួនលោកទៅកាត់ទោស បានទេ ដោយចាត់ទុកថាការចោទប្រកាន់រូបលោក ពាក់ព័ន្ធទៅនឹងឧក្រិដ្ឋកម្មនានាក្នុងសម័យខ្មែរក្រហមគឺជាការភ័ន្តច្រឡំ។ លោក ថ្លែងដូច្នេះដោយយោងថាសូម្បីតែ កែ ពក បញ្ជារឲ្យបោសសម្អាតឬសម្លាប់ប្រជា ជន១៧មេសា ក៏លោកពុំបានធ្វើតាមផងគឺមានតែលាក់សង្គ្រោះក្នុងការដ្ឋាន។ «សង្គ្រោះមានប៉ុន្តែរីឯការប្រហារពិឃាតខ្ញុំអត់យល់ទេ។ សង្គ្រោះច្រើនណាស់។ បើគេចាប់បញ្ជូនមក ខាងភូមិភាគគេយកបញ្ជូនមក គេឲ្យកម្ចេច កែ ពកគេសួរ ទៀតទៅណាកម្លាំង? កម្ចេច(ហើយ)តែ(តាមពិត)នៅការដ្ឋានឯណោះ។ តើឲ្យខ្ញុំ និយាយថាម៉េចទៅអញ្ចឹង?បើខំលាក់ប៉ុណ្ណឹងហើយធ្វើម៉េចទៅទៀត? (សើច) អញ្ចឹងដែលអត់ខ្លាចទេ អត់ខ្លាចទេ»។ កែ ពកប្រធានភូមិភាគមជ្ឈិមបានស្លាប់កាលពីខែកុម្ភៈឆ្នាំ២០០២នៅមុនពេល ដែល តុលាការខ្មែរក្រហម រៀបចំបង្កើតច្បាប់កាត់ទោសអតីតមេដឹកនាំខ្មែរ ក្រហមជាន់ខ្ពស់ដែលត្រូវគេចោទប្រកាន់ពីការទទួលខុសត្រូវចំពោះការស្លាប់ បាត់បង់ជីវិតពលរដ្ឋខ្មែរជាង១,៧លាននាក់នៅចន្លោះឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៧៩។ ចៅក្រមកម្ពុជាក្នុងតុលាការកាត់ទោសខ្មែក្រហមប្រកាន់ជំហរដូចរដ្ឋាភិបាល កម្ពុជា គឺជំទាស់នឹងការប៉ុនប៉ងនាំខ្លួនជនសង្ស័យ៥នាក់បន្ថែមទៀតនៃសំណុំរឿង០០៣/០០៤មកកាត់ទោស ដោយបារម្ភខ្លាចប៉ះពាល់ដល់សន្តិភាពដែលទើបកើតមានក្នុងប្រទេសកម្ពុជា។ តែរដ្ឋាភិបាលកម្ពុជារបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនត្រូវទទួលរងការចោទប្រកាន់ថាជ្រៀតជ្រែកផ្នែកនយោបាយក្នុងដំណើការស្វែងរកយុត្តិធម៌របស់តុលាការ។ សំណុំរឿង០០៣/០០៤ មានលោកស៊ូ ម៉េត លោកមាស មុត អ្នកស្រី អ៊ឹម ចែម តាទិតនិងតា អាន។ ឈ្មោះទាំង៥នាក់នេះត្រូវបញ្ចេញជាសាធារណៈដោយ បណ្តាញព័ត៌មាន The Scoop នៃប្រទេសនូវែលសេឡង់ (New Zealand) និង The Christian Science Monitor នៅពេលថ្មីៗនេះដែរ។ ជនសង្ស័យម្នាក់ក្នុងចំណោម៥នាក់គឺតា អាន បច្ចុប្បន្នជាប្រជាកសិករសាមញ្ញម្នាក់រស់នៅជាមួយភរិយានិងកូនស្រីម្នាក់។ លោកដាំពោត សណ្តែក ដំឡូងនិង ដំណាំកសិកម្មផ្សេងទៀតដើម្បីចិញ្ចឹមជីវភាព។ តា អានជាអតីតព្រះសង្ឃមានស្រុកកំណើតនៅខេត្តកំពង់ឆ្នាំង បានថ្លែងថាដោយសារស្រឡាញ់ស្តេចតាំងពីជីតាមក លោកបានចូលរួមក្នុងចលនាតស៊ូ ជាមួយសម្តេចឪព្រះនរោត្តមសីហនុដើម្បីដណ្តើមជ័យជម្នះថ្វាយសម្តេចឪវិញ នៅពេលលោកសេនាប្រមុខលន់ ណុលធ្វើរដ្ឋប្រហារទំលាក់សម្តេចឪកាលពីថ្ងៃ ១៨មិនាឆ្នាំ១៩៧០។ «សរុបមកការឈ្នះនៅឆ្នាំ១៩៧៥ ហើយ ទាំងអស់គ្នាវាភ្ញាក់ទាំងអស់តែគ្នាទេ។ វាទៅជាលើកទង់សង្គមនិយម កុំម្មុយនីស្តស្អីអីណា វាភ្ញាក់ខ្លួនទាំងអស់តែគ្នា ហ្នឹងទេ។ ទាំងអស់គ្នាកន្លងមក ការរួបរួមជាតិកម្ពុជាហ្នឹងក្រោមទង់រណសិរ្សដែលមានសម្តេចឪជាប្រធាន។អាហ្នឹងខ្ញុំសូមជម្រាបប៉ុណ្ណឹង អាហ្នឹងខ្លួនខ្ញុំផ្ទាល់ទេ ណា»។ សម្តេចឪដែលធ្លាប់មានព្រះរាជបន្ទូលថាមានសមាជិករាជ្យវង្សានុវង្សប្រមាណ ១៩អង្គត្រូវពួកខ្មែរក្រហមសម្លាប់ក៏បានលាឈប់ពីប្រធានចលនាតស៊ូឬ រណសិរ្សរួបរួមជាតិកាលពីឆ្នាំ១៩៧៦។ ថ្ងៃ១៧មេសាឆ្នាំ១៩៧៥ជាថ្ងៃជោគជ័យ ដែលខ្មែរក្រហមបានកាន់កាប់អំណាចនឹងចាប់ផ្តើមកើតមានការកាប់សម្លាប់។ តុលាការគ្រោងនឹងបើកសវនាការសំណុំរឿង០០២ឬសំណុំរឿងមេដឹកនាំកំពូលៗ ដែលមានវ័យចំណាស់ៗ៤នាក់នៃរបបកម្ពុជាប្រជាធិបតេយ្យមាន នួន ជាបងធំ ទី២ ខៀវ សំផន ប្រមុខរដ្ឋ អៀង សារី រដ្ឋមន្ត្រីការបរទេស និង អៀង ធីរិទ្ធរដ្ឋមន្ត្រី ក្រសួងសង្គមកិច្ចនៅខែកញ្ញខាងមុខ។ តុលាការបានកាត់ទោសសំណុំរឿង០០១ គឺកាំង ហ្កេកអ៊ាវហៅឌុចអតីតប្រធានគុកទួលស្លែងស ២១របស់ខ្មែរក្រហមដែល ទទួលខុសត្រូវចំពោះការកាប់សម្លាប់ពលរដ្ឋស្លូតត្រង់ជាង១២.០០០នាក់៕ This posting includes an audio/video/photo media file: Download Now |
ជនរងគ្រោះខ្មែរក្រោមថាសាលាក្តីមើលរំលងវាលពិឃាតនៅខេត្តពោធិ៍សាត់ Posted: 10 Aug 2011 04:50 PM PDT ក្រុមមេធាវីតំណាងឲ្យដើមបណ្ដឹងរដ្ឋប្បវេណីបាននិយាយនៅថ្ងៃពុធនេះថា ចៅក្រមបានខកខានក្នុងការបង្ហាញតំបន់ស៊ើបអង្កេតសំខាន់មួយក្នុងខេត្តពោធិ៍សាត់ ដែលនៅទីនោះពលរដ្ឋខ្មែរកម្ពុជាក្រោមជាច្រើនត្រូវបានធ្វើទុក្ខបុកម្នេញ និងសម្លាប់ចោលក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។ កាលពីថ្ងៃច័ន្ទសហចៅក្រមស៊ើបអង្កេតលោកយូ ប៊ុនឡេង និងលោក ស៊ិកហ្វ្រិត ប៊្លុង របស់សាលាក្ដីខ្មែរក្រហមបានចេញផ្សាយជាសាធារណៈនូវព័ត៌មានស្ដីពីការស៊ើបអង្កេតក្នុងសំណុំរឿង០០៤ដោយបង្ហាញទីតាំងស៊ើបអង្កេតក្នុងខេត្តចំនួនប្រាំមួយដូចជាខេត្តបាត់ដំបង ពោធិ៍សាត់ បន្ទាយមានជ័យកំពង់ចាម តាកែវ និងខេត្តកំពង់ធំ។ មន្ទីរសន្ដិសុខ និងទីតាំងសម្លាប់មនុស្សសរុបចំនួន ៣០កន្លែង បានស្ថិតនៅក្រោមការស៊ើបអង្កេតនេះ។ ក៏ប៉ុន្ដែក្រុមមេធាវីលើកឡើងនៅក្នុងសេចក្ដីថ្លែងការណ៍កាលពីថ្ងៃអង្គារថា ក្រុមចៅក្រមមិនបានបង្ហាញការស៊ើបអង្កេតនៅក្នុងស្រុកបាកាននៃខេត្តពោធិ៍សាត់ទេ។ យោងតាមឯកសាររបស់មជ្ឈមណ្ឌលឯកសារកម្ពុជា ប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោមចម្លោះពី៥០០ទៅ៧០០នាក់ត្រូវបានសម្លាប់ដោយខ្មែរក្រហមនៅក្នុងស្រុកបាកាន ជាពិសេសក្នុងឃុំរំលេច។ លោក សំ សុខគង់ មេធាវីតំណាងឲ្យដើមបណ្ដឹងរដ្ឋប្បវេណីមួយរូបដែលមានកូនក្ដីជាប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោមប្រមាណ១០០នាក់ បានថ្លែងនៅថ្ងៃនេះថា ពួកខ្មែរក្រហមបានសម្លាប់ស្ទើរតែផុតពូជនូវប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោមក្នុងស្រុកបាកាននេះ។ លោកថ្លែងដុច្នេះថា៖ «ក្នុងស្រុកបាកាននេះ ឃើញថា មានប្រជាពលរដ្ឋខ្មែរក្រោមស្លាប់ច្រើននាក់ ហើយឃើញថាអ្នកដែលរស់រានមានជីវិត គឺមានប្រហែលជា៣គ្រួសារតែប៉ុណ្ណោះ ក្រោយពីសម័យខ្មែរក្រហមបានដួលរលំ។ អញ្ចឹងហើយខាងពួកខ្ញុំសុំថា ឲ្យចៅក្រមយោគយល់ ធ្វើបំពេញបញ្ជាក់ទៅលើរឿងរបស់គាត់ហ្នឹងព្រោះអីគាត់ចង់ឡើងធ្វើសក្ខីកម្ម ក៏ដូចជាគាត់ចង់បានយុត្តិធម៌មួយដែលខាងខ្មែរក្រហម មេដឹកនាំទាំងបួនហ្នឹងដែលបានធ្វើទៅលើខ្មែរក្រោមនៅក្នុងសម័យខ្មែរក្រហមហ្នឹង» ។ កាលពីខែមិថុនា សហព្រះរាជអជ្ញាអន្ដរជាតិ លោកអ៊ែនឌ្រូ ខេលី (Andrew Cayley) បានស្នើឲ្យសាលាក្ដីខ្មែរក្រហមធ្វើការស៊ើបអង្កេតបន្ថែមលើសំណុំរឿង០០៤ទាក់ទងនឹងឧក្រិដ្ឋកម្មប្រឆាំងនឹងប្រជាពលរដ្ឋខ្មែរក្រោមក្នុងខេត្តពោធិ៍សាត់ និងតាកែវ។ ក្រុមមេធាវីការពារដើមបណ្ដឹងរដ្ឋប្បវេណីដែលជាពលរដ្ឋខ្មែរកម្ពុជាក្រោមបានលើកក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនថា សហចៅក្រមស៊ើបអង្កេតមិនបាននិយាយយោងដល់លក្ខខណ្ឌនៃសំណើរបស់សហព្រះរាជអជ្ញាបរទេសនោះទេ។ លោក ម៉ាសដេវ ម៉ូហាន (Mahdev Mohan) មេធាវីបរទេសតំណាងឲ្យដើមបណ្ដឹងរដ្ឋប្បវេណីបាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍នោះថា កូនក្ដីរបស់លោកប្រថុយដាក់ភស្ដុតាងនៃឧក្រិដ្ឋកម្មដែលពួកគេបានទទួលរង ឥឡូវនេះពួកគេរង់ចាំយ៉ាងអន្ទះសារ។ ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ខ្លួនសហចៅក្រមស៊ើបអង្កេតទាំងពីររូបបានបង្ហាញពីការស៊ើបអង្កេតលើគុកលេខ៨ក្នុងឃុំស្យា ស្រុកកណ្ដៀង និងទីតាំងសម្លាប់មនុស្សក្នុងស្រុកកណ្ដៀងដដែលនេះ។ ក្រៅពីនោះមានការស៊ើបអង្កេតលើមន្ទីរសន្ដិសុខវត្តប្រធាតុ ក្នុងស្រុកគិរីវង់ ខេត្តតាកែវ ដែលតំណាងឲ្យភូមិភាគនិរតីរបស់ពួកខ្មែរក្រមហមផងដែរ។ លោកមេធាវី សំ សុខគង់ មានប្រសាសន៍ថា វិសាលភាពនៃការស៊ើបអង្កេតក្នុងខេត្តតាកែវបានស៊ីគ្នាជាមួយនឹងឧក្រិដ្ឋកម្មដែលបានកើតឡើងចំពោះពលរដ្ឋខ្មែរក្រោម។ ក៏ប៉ុន្ដែមានការខ្វះចន្លោះក្នុងការស៊ើបអង្កេតក្នុងខេត្តពោធិ៍សាត់។ មេធាវីដដែលបញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោមពេលនោះ ត្រូវបានដាក់ឲ្យរស់នៅដាច់ដោយឡែកពីពលរដ្ឋដទៃ ហើយត្រូវសម្លាប់ចោលទាំងពូជ។ លោកថ្លែងថា៖ «ពួកគាត់ហ្នឹងត្រូវបានគេចាត់គាត់ ពួកគាត់ឲ្យរស់នៅដាច់ពីខ្មែរយើងធម្មតា។ គឺគេចោទគាត់ហ្នឹងថាជាអ្នកចូលដៃជាមួយយួន ហើយមានអ្នកខ្លះត្រូវបានគេដឹកយកទៅសម្លាប់ទាំងខ្សែៗតែម្តង។ ខ្មែរក្រហមហ្នឹងគាត់សម្លាប់ទាំងពូជៗ តែម្តង ទាំងប្រពន្ធ ទាំងកូនអត់ឲ្យសល់»។ លោក ឡាស អលសិន មន្ដ្រីផ្នែកទំនាក់ទំនងកិច្ចការច្បាប់របស់សាលាក្ដីខ្មែរក្រហមមានប្រសាសន៍ថា វិសាលភាពនៃការស៊ើបអង្កេតអាស្រ័យទៅតាមសំណើររបស់សហព្រះរាជអជ្ញា ហើយដើមបណ្ដឹងរដ្ឋប្បវេណីអាចស្នើសុំឲ្យមានការស៊ើបអង្កេតដោយយោងទៅតាមអ្វីដែលមាននៅក្នុងសំណើររបស់សហព្រះរាជអជ្ញានោះដែរ។ យោងតាមគេហទំព័ររបស់សហព័ន្ធខ្មែរកម្ពុជាក្រោម (Khmer Kampuchea Krom Federation) មានប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោមប្រមាណ១៥០.០០០ នាក់បានស្លាប់ក្នុងរបបខ្មែរក្រហម៕ This posting includes an audio/video/photo media file: Download Now |
You are subscribed to email updates from VOA News: ព័ត៌មាន To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |