VOA News: ព័ត៌មាន: “ខេត្ត​តាម​ទន្លេ​មេគង្គ​ឈានដល់​ចំណុច​ប្រកាស​អាសន្ន” plus 2 more

VOA News: ព័ត៌មាន: “ខេត្ត​តាម​ទន្លេ​មេគង្គ​ឈានដល់​ចំណុច​ប្រកាស​អាសន្ន” plus 2 more


ខេត្ត​តាម​ទន្លេ​មេគង្គ​ឈានដល់​ចំណុច​ប្រកាស​អាសន្ន

Posted: 08 Aug 2011 02:15 PM PDT

លោក​ ម៉ៅ​ ហាក់​ អគ្គនាយករង​​ទទួល​បន្ទុក​កិច្ចការ​បច្ចេកទេស​ និង​​ជា​ប្រធាន​នាយកដ្ឋាន​ជលសាស្រ្ត​​របស់​ក្រសួង​ធនធានទឹក​ បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃច័ន្ទ​​នេះ​ថា​ ក្នុង​រយៈពេល​​២​​ទៅ​​៣​ថ្ងៃ​ខាង​មុខ​ទៀត​ ខេត្ត​ចំនួន​២​ ដែល​នៅ​ជាប់​ដង​ទន្លេ​មេគង្គ​ គឺ​ខេត្ត​ស្ទឹងត្រែង​ និង​​ខេត្ត​ក្រចេះ​នឹង​ឈាន​ទៅ​ដល់​ចំណុច​ប្រកាស​អាសន្ន​ ដោយសារ​តែ​ទឹក​ជំនន់​កើន​ឡើង​ខ្ពស់​ខុស​ពី​ធម្មតា។

«បើ​យោង​តាម​ការព្យាករណ៍​របស់​យើង​ឃើញ​ថា​ ថ្ងៃ​ទី​​១២​​ សីហា​ ទឹក​ទន្លេ​មេគង្គ​​នៅ​ស្ទឹងត្រែង​អាច​ឡើង​ដល់​​១១,៣០​​ម៉ែត្រ​ ហើយ​ថ្ងៃ​បន្ទាប់​មក​ទៀត​គឺ​ថ្ងៃ​ ១៣​ ហ្នឹង​ នៅ​ក្រចេះ​អាច​ឡើង​ដល់​​២១,៩០​ម៉ែត្រ​ អញ្ចឹង​​កម្រិត​ទឹក​ហ្នឹង​វា​ដល់​កម្រិត​មួយ​​ដែល​យើង​មាន​ត្រូវ​ប្រុង​ប្រយ័ត្ន»។

លោក​ ម៉ៅ​ ហាក់​ បាន​បញ្ជាក់​ទៀត​ថា​ មូលហេតុ​ដែល​បណ្តាល​ឲ្យ​មាន​ទឹកជំនន់​កើន​ឡើង​នេះ​ ដោយសារ​តែ​កម្ពុជា​ទទួល​ឥទ្ធិពល​ព្យុះ​ ណុក​ ថិន​ ពី​ប្រទេស​វៀតណាម​ ថៃ​ និង​ប្រទេស​ឡាវ​ ដែល​បាន​បណ្តាល​ឲ្យ​មាន​ភ្លៀង​ធ្លាក់​យ៉ាង​ច្រើន​នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​ក្នុង​ប្រទេស​កម្ពុជា។

មក​ដល់​ថ្ងៃ​ច័ន្ទ​ នេះ​កម្ពស់​ទឹក​ក្នុង​ខេត្តស្ទឹងត្រែង​ មាន​កម្ពស់​ ១០​ម៉ែត្រ​គឺ​ទាប​ជាង​កម្រិត​ដែល​ត្រូវ​ប្រុង​ប្រយ័ត្ន​ 0,៧​ ម៉ែត្រ។​ ខេត្ក​ក្រចេះ​ កម្ពស់​ទឹក​ ២០,១៧ ​ម៉ែត្រ​ទាប​ជាង​កម្រិត​ដែល​ត្រូវ​ប្រុង​ប្រយ័ត្ន​ ១,៨៨​ ម៉ែត្រ។

លោក​ ម៉ៅ​ ហាក់​ បាន​មាន​ប្រសាសន៍​ទៀត​ថា​ នៅ​ខេត្តស្ទឹងត្រែង​ កម្ពស់​ទឹក​អាច​កើន​ឡើង​ដល់​ ១១,៣០​ ម៉ែត្រ​ ហើយ​នៅ​ក្នុង​ខេត្តក្រចេះ​អាច​កើនឡើង​ដល់​ ២១,៩០​ ម៉ែត្រ។

«ក្រៅ​ពី​នេះ​ ខេត្ត​កំពង់ចាម​ និង​ខេត្ដ​ដទៃទៀត​ដែល​ស្ថិតនៅ​តាម​ដង​ទន្លេ​មេគង្គ​ហ្នឹង​ គឺ​ទឹក​វា​នៅ​បន្តឡើង​ ប៉ុន្តែ​មិន​មាន​ទាន់​ជា​អ្វី​ដែល​យើង​គួរ​ព្រួយបារម្ភ​ ហើយ​យើង​នឹង​តាម​ដាន​តទៅទៀត»។

លោក​ ឡូយ​ សុផាត​ អភិបាល​ខេត្ត​ស្ទឹងត្រែង​ បាន​មាន​ប្រសាសន៍​ថា​ កម្រិត​ទឹក​នៅ​ក្នុង​ខេត្ត​ស្ទឹងត្រែង​បាន​កើន​ឡើង​ដល់​កម្រិត​ប្រកាស​អាសន្ន​ ជា​ផ្លូវការ​ហើយ។​ លោក​បាន​មាន​ប្រសាសន៍​ទៀត​ថា​ ស្រុក​ដែល​ប៉ះពាល់​មុន​គេ​ មាន​ស្រុក​ថៈឡាបរិវ៉ាត់​ ស្រុក​សៀមបូក​ ស្រុក​សេសាន​ និង​ក្រុង​ស្ទឹងត្រែង។

លោក​ឡូយ​ សុផាត​មាន​ប្រសាសន៍​ថា៖

«ទី​មួយ​គឺ​ឲ្យ​ប្រជាពលរដ្ឋ​ លោក​យល់​ ផ្សព្វផ្សាយ​ដើម្បី​ និង​កំណត់​គោលដៅ​ទៅ​រក​កន្លែង​មាន​សុវត្ថិភាព​ និង​ម្ចាស់ការ​បង្កា​រាល់​ការ​ធ្វើដំណើរ​ឆ្លងកាត់។​ ទី​ពីរ​ បាន​យើង​គិត​ដល់​កម្លាំង​ត្រៀម​អន្តរាគមន៍ ​ហើយ​ទី​បី​យើង​គិត​ដល់​គ្រប់​មធ្យោបាយ​ នៃ​បណ្តា​ស្ថាប័ន​ទាក់ទង​គ្រប់​ទាំង​អស់»។

លោក​ ខាំ​ ភឿន​ អភិបាល​ខេត្តក្រចេះ​បាន​មាន​ប្រសាសន៍ថា​ លោក​មិនទាន់​បាន​ទទួល​សេចក្តី​ជូនដំណឹង​ ពី​ក្រសួង​ធនធាន​ទឹក​ នៅ​ឡើយ​ទេ​ ក៏​ប៉ុន្តែ​អាជ្ញាធរ​បាន​តាម​ដាន​កម្រិត​ កម្ពស់​ទឹក​ជំនន់​ជាប់​ជា​ប្រចាំ។

លោក​បានបញ្ជាក់​ទៀត​ថា​ នៅ​ក្នុង​ខេត្តក្រចេះ​នៅ​ក្នុង​តែ​រយៈពេល​ មួយ​យប់​ មួយ​ថ្ងៃ​តែ​ប៉ុណ្ណោះ​ ទឹក​ឡើង​កម្ពស់​ពី​0,៤​ម៉ែត្រ​ ទៅ​0,៥​ម៉ែត្រ​ ហើយ​ឃុំ​ដែល​ទទួលរង​ប៉ះពាល់​មុន​គេ​ គឺ​ឃុំបុស្សលាវ​ និង​ព្រែកសាម៉ាន់។

«ជាពិសេស​ អ្នក​ដែល​រស់​នៅ​ផ្ទះ​ នៅ​លើ​ទឹក​ ប្រុងប្រយ័ត្ន​កូន​ ចៅ​ដែល​វា​ត្រូវ​ធ្វើ​អី​ចុះ​ឡើង​ ប្រុងប្រយ័ត្ន​ក្រែង​វា​មាន​បញ្ហា​ធ្វើ​អី​ធ្លាក់​ អញ្ចឹង​ ទុក​ដាក់​កូនចៅ​ឲ្យ​មាន​អ្នក​ថែ​ទាំ​ឲ្យ​បាន​ច្បាស់លាស់​ផង​ អញ្ចឹង​ទើប​កូន​ចៅ​វា​មាន​សុវត្ថិភាព»។

លោក​ ខាំ​ ភឿន​ បាន​មាន​ប្រសាសន៍​ទៀត​ថា​ អ្នកនេសាទ​ត្រូវ​បាន​ហាមឃាត់​ ពីរ​ឬ​បី​ថ្ងៃ​ខាង​មុខ​ ដើម្បី​ជៀសវាង​គ្រោះថ្នាក់​ដោយ​សារ​ទឹក​ជំនន់៕

This posting includes an audio/video/photo media file: Download Now

ចៅក្រម​ចេញផ្សាយ​ទីតាំង​ស៊ើបអង្កេត​ក្នុង​ករណី​ដ៏​ចម្រូង​ចម្រាស

Posted: 08 Aug 2011 01:40 PM PDT

សហ​ចៅក្រម​ស៊ើបអង្កេត​លោកយូ​ ប៊ុនឡេង​ និង​លោក​ ស៊ិកហ្វ្រិត ​ប៊្លុង ​របស់​សាលាក្ដី​ខ្មែរ​ក្រហម​​បាន​ចេញ​ផ្សាយ​​ជា​សាធារណៈ​នូវ​ព័ត៌មាន​ស្ដីពី​ការស៊ើបអង្កេត​ក្នុង​សំណុំរឿង​០០៤ ​នៅថ្ងៃ​​ច័ន្ទ​នេះ​ដោយ​បង្ហាញ​នូវ​​ទី​តាំង​ស៊ើបអង្កេត​ក្នុង​ខេត្ត​ចំនួន​ប្រាំមួយ ​រួមទាំង​មន្ទីរ​សន្ដិសុខ​​និង​ទីតាំង​​សម្លាប់​មនុស្ស​ទៀតផង។

ការចេញ​ទម្លាយ​នូវព័ត៌មាន​ស្ដីពី​ការស៊ើប​អង្កេត​នេះ​ធ្វើឡើង​បួនថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់​មាន​ការ​ជំរុញ​​ពី​សហ​​ព្រះរាជ​អាជ្ញា​​អន្ដរជាតិ​លោក​​ អាន់ឌ្រូ ខេយលី (Andrew​ Cayley)។ ​លោក​​ អាន់ឌ្រូ ខេយលី​ ចាត់ទុក​ថា ​ការ​ផ្ដល់​​ព័ត៌មាន​អំពី​សំណុំ​រឿង​០០៤​នេះ​ដល់​ជនរងគ្រោះ​នឹង​​ផ្ដល់​​ផល​​ប្រយោជ​ន៍​​យ៉ាង​សំខាន់​សម្រាប់​ពួកគេ​ដែល​​ចង់ចូល​រួម​​​ក្នុង​​​ដំណើរការ​ក្ដី​​​ចុងក្រោយ​​នេះ។

មានការធ្វើ​ឲ្យមាន​សម្ពាធ​ប្រកប​ទៅ​ដោយ​ការ​រិះគន់​ជាខ្លាំង​ទៅលើ​ក្រុម​សហ​ចៅក្រម​ស៊ើបអង្កេត​​ដោយសារ​តែ​ការ​រក្សា​ព័ត៌មាន​នៃ​ការស៊ើប​អង្កេត​ក្នុង​សំណុំរឿង​០០៣​និង​សំណុំ​រឿង​០០៤​ទុកជា​​ការណ៍​សម្ងាត់។

នៅក្នុង​សេចក្ដី​ថ្លែងការណ៍​របស់​ខ្លួន​សហ​ចៅក្រម​ស៊ើបអង្កេត​លោក​ យូ ​ប៊ុនឡេង​ និងលោក​​ស៊ិតហ្វ្រិក​​ ប៊្លុង ​ហាក់ដូចជា​ចង់​សម្អាត​នូវ​សេចក្ដី​អត្ថាធិប្បាយ​ក្រៅ​ផ្លូវការ​មួយ​ចំនួន​ដោយ​លើកឡើង​​ថា ​ការ​ចេញផ្សាយ​តាម​បណ្ដាញ​ផ្សព្វផ្សាយ​នូវ​ព័ត៌មាន​ជាច្រើន​​នាពេល​កន្លង​មក​ទាក់ទង​នឹង​សំណុំ​​រឿង​​០០៤​​ គឺជា​​ព័ត៌មាន​«ដែល​មាន​លក្ខណៈ​ជា​ការ​ប៉ាន់ស្មាន»​ និង​ប្រកប​ទៅ​ដោយ«ការ​ភ័ន្ដច្រឡំ»។

សហ​ចៅក្រម​ស៊ើប​អង្កេត​ទាំងពីរ​រូប​បាន​រៀបរាប់​ជាចំណុច​គោលៗ​ដោយ​ពុំមាន​សេចក្ដី​អធិប្បាយ​​ឡើយ​អំពី​ទីតាំង​ដែល​មាន​ការ​ស៊ើបអង្កេត​​ដូចជា​នៅ​ក្នុង​ភូមិភាគ​កណ្ដាល​នៃ​ខេត្ត​កំពង់ចាម​រួមមាន​​មន្ទីរ​សន្ដិសុខ​ក្នុង​ស្រុក​ចំនួនប្រាំ ​ក្នុងនោះ​ដែរ​ក៏មាន​ការបង្ហាញ​អំពី​ទីកន្លែង​សម្លាប់មនុស្ស ​និង​ការដ្ឋាន​​ធ្វើការ​ដោយ​បង្ខំ​​​ក្នុង​ស្រុក​ទាំងប្រាំ​​និង​ការប្រល័យ​ពូជសាសន៍​លើ​ជនជាតិចាម។ មាន​មន្ទីរ​សន្ដិសុខ​ និង​ទីកន្លែង​សម្លាប់​ចំនួន​បួន​នៅ​ក្នុង​ភូមិភាគ​កណ្ដាល​នៃ​ខេត្ត​កំពង់ធំ។​ ក្នុង​ខេត្តពោធិ៍សាត់​ក្រុម​​ចៅក្រម​បង្ហាញ​ការស៊ើប​អង្កេត​លើ​គុកលេខ​ ៨​ក្នុងឃុំស្យា ​ស្រុកកណ្ដៀង ​និង​ទីតាំង​សម្លាប់​មនុស្ស​​ក្នុង​ស្រុក​កណ្ដៀង​ដូចគ្នា​នេះ។ មាន​ទីតាំង​សម្លាប់មនុស្ស ​និង​មន្ទីរ​សន្ដិសុខ​ចំនួន​ប្រាំពីរ​ក្នុង​ខេត្ត​បាត់ដំបង។

ដោយឡែក​សហចៅ​ក្រមស៊ើប​អង្កេត​បាន​បង្ហាញ​​ការស៊ើបអង្កេត​ក្នុង​តំបន់​ចំនួន​ប្រាំបី​​ក្នុង​​ខេត្តបន្ទាយ​មានជ័យ​​ក្នុង​នោះ​មាន​មន្ទីរ​សន្ដិសុខ ​ទីតាំង​សម្លាប់​មនុស្ស​ និង​ការដ្ឋាន​ធ្វើការ​ដោយ​បង្ខំ​​ដូចជា​ការដ្ឋាន​ទំនប់​ត្រពាំងថ្ម ​និង​ការដ្ឋាន​ស្ពានស្រែង​ និង​ទំនប់​ព្រៃ​រនាម​ក្នុង​ស្រុក​ព្រះនេតព្រះ។ ក្រៅពីនោះ​មាន​ការស៊ើប​អង្កេត​លើ​មន្ទីរ​សន្ដិសុខ​វត្ត​ប្រធាតុ ​ក្នុង​ស្រុក​គិរីវង់​ខេត្តតាកែវ ​ដែល​តំណាង​​ឲ្យ​ភូមិភាគ​និរតី ​របស់​ពួក​ខ្មែរក្រម។ ​សហ​ចៅក្រម​ស៊ើបអង្កេត​ក៏​បាន​បញ្ជាក់​ពី​ការស៊ើបអង្កេត​ លើ​គោលការណ៍​បោសសម្អាត​ក្នុង​ភូមិ​ភាគ​កណ្ដាល​ និង​ការបោស​សម្អាត​នៅ​ភូមិភាគ​ពាយ័ព្យ​ផងដែរ។

លោក​ អាន់ឌ្រូ ខេយលី ​បាន​​ឆ្លើយ​តាម​សារ​អេឡិកត្រូនិក​ជាមួយ​វីអូអេ​សំឡេង​សហរដ្ឋ​អាមេរិក​នៅ​​ថ្ងៃនេះ​ថា​ លោក​មាន​សេចក្ដី​រីករាយ​ជាខ្លាំង​ដែល​ថា​​សហ​ចៅក្រម​ស៊ើបអង្កេត​«ធ្វើ​តាម​ច្បាប់» ​របស់​​តុលាការ​ហើយ​បាន​ធ្វើ​តាម​សំណើ​របស់​លោក។ លោក​សង្កត់ធ្ងន់​ថា ​ប្រជាពលរដ្ឋ​ដែល​តុលាការ​​បម្រើ​រូបគាត់​នោះ ​មាន​សិទ្ធិ​នឹង​ទទួល​ព័ត៌មាន​ទាំងនេះ។

លោកស្រី ​​ស៊ីល ស្ទូហ្សិនស្គី (Silke ​Stuzensky)​​ មេធាវី​​មួយ​រូប​តំណាង​​ឲ្យ​​ដើម​បណ្ដឹង​​រដ្ឋប្បវេណី​​​ក៏បាន​សម្តែង​ស្វាគមន៍​ដូចគ្នា​នេះ​ដែរ។

«ខ្ញុំ​សូម​ស្វាគមន៍​សេចក្ដី​ថ្លែងការណ៍​ជា​សាធារណៈ​ស្ដីពី​វិសាលភាព​នៃ​ការ​ស៊ើប​អង្កេត​ក្នុង​សំណុំរឿង​​០០៤។​ ឥឡូវ​យ៉ាងហោចណាស់​ជនរងគ្រោះ​​ស្ថិតក្នុង​ជំហរ​មួយ​ចំពោះ​អ្វី​ដែល​កំពុង​ស្ថិត​ក្រោម​ការ​ស៊ើបអង្កេត​​ដើម្បី​សម្រេចចិត្ត​ថា​ តើ​ពួកគាត់​ចង់ក្លាយ​ជា​ដើមបណ្ដឹង​រដ្ឋប្បវេណី​ឬទេ?»

សហ​ចៅក្រម​​​ស៊ើប​អង្កេត​​ បាន​បិទ​បញ្ចប់​ការស៊ើប​អង្កេត​សំណុំរឿង​​០០៣​ កាលពី​​​ខែ​​​មេសា​ ក៏ប៉ុន្តែ​​លោក​​ អាន់ឌ្រូ ខេយលី ​បាន​ហៅ​ការ​ស៊ើបអង្កេត​នោះ​ថា​មិនទាន់​ពេញលេញ។

នៅ​ក្នុង​សេចក្ដី​ប្រកាស​របស់​ខ្លួន​នៅ​ថ្ងៃនេះ ​សហ​ចៅក្រម​ស៊ើបអង្កេត​ក៏បាន​អំពាវនាវ​ឲ្យ​ជនរងគ្រោះ​​ចាប់​ផ្ដើម​ដាក់ពាក្យ​ស្នើ​សុំតាំងខ្លួន​ជា​ដើមបណ្ដឹង​រដ្ឋប្បវេណី​ចាប់ពី​ពេលនេះ​សម្រាប់​សំណុំរឿង​០០៤៕

This posting includes an audio/video/photo media file: Download Now

ព័ត៌មាន​អន្តរជាតិ​សង្ខេប៖ ៨ សីហា

Posted: 07 Aug 2011 07:00 PM PDT

ព័ត៌មាន​ចុង​ក្រោយ​បំផុត៖

សេដ្ឋកិច្ច​ពិភពលោក៖ ទីផ្សារ​ភាគហ៊ុន​ស្តុក​សាកល​នៅ​តែ​បន្ដ​ចុះ​តម្លៃ​ដោយសារ​តែ​មាន​ការ​ភ័យ​ខ្លាច​ពី​បំណុល​ពាក់ព័ន្ធ​នឹង​ការ​បន្ទាប​អត្រា​ឥណទាន​របស់​ស.រ.អ. ​ធ្វើ​ឡើង​ដោយ​ទី​ភ្នាក់ងារ​ S&P​ និង​វិធានការ​របស់​ធនាគារ​កណ្ដាល​អឺរ៉ុប​ដើម្បី​ជួយ​ពង្រឹង​គោលជំហរ​ហិរញ្ញវត្ថុ​របស់​ប្រទេស​ អ៊ីតាលី​និង​អេស្ប៉ាញ។

ភូមា៖ មេដឹកនាំ​គណបក្ស​ជំទាស់​នៅ​ក្នុង​ប្រទេស​ភូមា​លោកស្រី អ៊ុងសានស៊ូជី (Aung San Suu Kyi) បាន​តទល់​នឹង​រដ្ឋាភិបាល​ភូមា​ ដោយ​លោកស្រី​ទៅ​ចូលរួម​ក្នុង​ពិធី​ផ្ដល់​កិត្ដិយស​ដល់​ជនរងគ្រោះ​ក្នុង​ការ​ បះបោរ​គ្មាន​ជោគជ័យ​ប្រឆាំង​រដ្ឋាភិបាល​យោធា​ភូមា​កាល​ពី​ឆ្នាំ​១៩៨៨។

ឡាវ៖ ប្រធានាធិបតី​នៃ​ប្រទេស​ឡាវ​លោក ​ឈំមាលី​ សាយាសន​ បាន​ធ្វើ​ដំណើរ​ដល់​ទីក្រុង​ហាណូយ​ ដើម្បី​ធ្វើ​ទស្សនកិច្ច​បី​ថ្ងៃ​ ដោយ​លោក​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​ពី​ប្រទេស​ឡាវ។

ម៉ាឡេស៊ី៖ ចៅក្រម​នៃ​តុលាការ​ម៉ាឡេស៊ី​ បាន​ពន្យារ​ពេល​ការ​កាត់ក្ដី​អតីត​ មេដឹកនាំ​គណបក្ស​ជំទាស់​ លោក​ អាន់វ៉ា​ អ៊ីប្រាហ៊ីម​ ដែល​បាន​ត្រូវ​ចោទ​ប្រកាន់​ពី​បទ​សេព​កាម​មិន​ប្រក្រតី​ នៅ​ពេល​ដែល​ក្រុម​មេធាវី​ការពារ​ក្ដី​ បាន​ត្រូវ​អនុញ្ញត​ឲ្យ​សម្ភាស​សាក្សី​ រាប់​ទាំង​នាយករដ្ឋមន្ដ្រី​ ណាជិព​ រ៉ាហ្សាក ​ផង​ដែរ។

ចិន៖ បណ្ដាញ​ព័ត៌មាន​ផ្លូវការ​ចិន​រាយការណ៍​ថា​ កម្មករ​ខិតខំ​តស៊ូ​ដើម្បី​សង្រ្គោះ​រោងចក្រ​គីមី​មួយ​នៅ​តំបន់​ឦសាន​ប្រទេស​ចិន​ ក្រោយ​ពី​មាន​រលក​សមុទ្រ​ធំៗ​ បណ្ដាល​មក​ពី​ខ្យល់ព្យុះ​ត្រូពិក​ បាន​ទម្លាយ​ទំនប់​កាល​ពី​ព្រឹក​ថ្ងៃច័ន្ទ។

វៀតណាម៖ គ្រាប់​កំាភ្លើង​ធំ​ជំនាន់​ចាស់​នៃ​សង្រ្គាម​ក្នុង​ប្រទេស​វៀតណាម​បានផ្ទុះ​បណ្ដាល​ឲ្យ​មនុស្ស​ពីរ​នាក់​ស្លាប់​នៅ​ពេល​ដែល​ជននោះ​ខិតខំ​បំបែក​គ្រាប់​ជា​ពីរ។

ស៊ីរី៖ ប្រទេស​អារាប៊ី​សាអ៊ូឌីត​បាន​កោះហៅ​ឯកអគ្គរដ្ឋទូត​របស់​ខ្លួន​ប្រចំា​នៅ​ក្នុង​ប្រទេស​ស៊ីរី​ ហើយ​បាន​ថ្កោលទោស​ការ​វាយបង្រ្កាប​ដ៏​បង្ហូរ​ឈាម​ខណៈ​ដែល​សហគមន៍​អន្ដរជាតិ​ ធ្វើ​ការ​គាប​សង្កត់​មក​លើ​រដ្ឋាភិបាល​ស៊ីរី​ ដើម្បី​ឲ្យ​បញ្ឈប់​ការ​វាយ​បង្រ្កាប​មក​លើ​ក្រុម​បាតុករ​ប្រឆាំង​រដ្ឋាភិបាល។

អាហ្វហ្គានីស្ថាន៖ កងកម្លាំង​ជើង​ទឹក​ពិសេស​របស់​ស.រ.អ.​ Navy Seals ​និង ​កងកម្លាំង​អាហ្វហ្គានីស្ថាន​ដែល​បាន​ប្រយុទ្ធ​តទល់​នឹង​ក្រុម​បះបោរ​នៅ​ចំ​កណ្ដាល​ខេត្ដ​វ៉ាដាក​ ទី​កន្លែង​ជិត​ឧទ្ធម្ភាគចក្រ​នៃ​កង​កម្លាំង​អាមេរិកាំង​ធ្លាក់​ កាល​ពី​ព្រលឹម​ថ្ងៃ​អាទិត្យ ​បណ្ដាល​ឲ្យ​ទាហាន​អាមេរិកាំង​៣០​នាក់​ស្លាប់។

ទីបេតិ៍៖ មេដឹកនាំ​ថ្មី​នៃ​រដ្ឋាភិបាល​ទីបេតិ៍​នៅ​ក្រៅ​ប្រទេស​បាន​ធ្វើ​សម្បថ​ឡើង​កាន់​តំណែង​កាល​ពី​ថ្ងៃ​ច័ន្ទ ​ដោយ​លោក​សច្ចា​ថា​នឹង​បន្ដ​ឲ្យ​មាន​ចីរភាព​ដល់​ចលនា​នៅ​ក្រៅ​ប្រទេស​រហូត​ដល់​សេចក្ដី​សម្រេច​ឲ្យ​មាន​សេរីភាព​នៅ​ក្នុង​ដែនដី​ទីបេតិ៍។

អ៊ុយក្រែន៖ ចៅក្រម​ម្នាក់​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​បាន​បដិសេធ​កាល​ពី​ថ្ងៃ​ច័ន្ទ​នូវ​សេចក្ដី​ស្នើ​របស់​មេធាវី​ការពារក្ដី​នៃ​អតីត​នាយករដ្ឋមន្ដ្រី​លោក​ស្រី​ ជូលីយ៉ា ​ទិម៉ូសិនកូ​ (Yulia Tymoshenko)​ ដើម្បី​រំដោះ​លោក​ស្រី​ចេញ​ពី​មន្ទីរ​ឃុំឃាំង​នៅ​ពេល​ការ​កាត់​ទោស​លោកស្រី​ពីបទ​បំពាន​អំណាច​នៅ​ពេល​កាន់​តំណែង។

ម៉ាឡេស៊ី៖ តុលាការ​ជាន់ខ្ពស់​របស់​ប្រទេស​ម៉ាឡេស៊ី​បាន​រាំងខ្ទប់​រដ្ឋាភិបាល​មិន​ឲ្យ​បញ្ជូន​ក្រុម​ជនភៀសខ្លួន​អ្នក​ស្វែងរក​ទីលំនៅ​ថ្មី​រហូត​ដល់​ពេល​ដែល​តុលាការ​អាច​ស្ដាប់​សេចក្ដី​រាយការណ៍​នៃ​ច្បាប់​តទល់​នឹង​ផែនការ​របស់​រដ្ឋាភិបាល​នៅ​ចុង​ខែ​នេះ។

ព័ត៌មាន​នៅ​ពេល​មុន​នេះ៖

<!--IMAGE-->វៀតណាម៖ មនុស្សប្រមាណមួយរយ​នាក់​បាន​ធ្វើ​ការ​តវ៉ា​នៅថ្ងៃ​អាទិត្យ​ក្នុង​រដ្ឋធានី​ហាណូយ ប្រទេស​​​វៀតណាម ដើម្បី​ប្រឆាំង​នឹង​ការ​ប្រកាស​ទាមទារ​ទឹកដី​របស់​ចិន​ក្នុង​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង ដែល​ជា​បាតុកម្ម​ជាបន្តបន្ទាប់​ប្រឆាំង​នឹង​ចិន​ក្នុងរយៈពេល​ពីរ​ខែ​កន្លង​មកនេះ។ ការប្រឆាំង​តវ៉ា​បែប​នេះជា​ការ​កម្រ​មាន​មួយក្នុង​ប្រទេស​វៀតណាម​ផ្តាច់ការ​នេះ ​ដែលការ​ប្រឆាំង​ជា​សាធារណៈ​ត្រូវ​បង្អាក់ ​ហើយ​ជា​ធម្មតាត្រូវ​ទទួល​ទណ្ឌកម្ម។ ចិន​បាន​ទាមទារ​ទឹកដី​ក្នុង​សមុទ្រ​ទាំងអស់​ ដោយធ្វើ​ឲ្យ​មាន​ការ​ឈ្លោះ​ប្រកែក​ជាមួយ​វៀតណាម​ ហ្វីលីពីន​ ម៉ាឡេស៊ី​ និង​ប្រទេស​ព្រុយណេ ​ដែល​បាន​ទាមទារ​ដែនទឹក​នោះដែរ។ ទាំង​រដ្ឋាភិបាល​រដ្ឋធានីហាណូយ ​និង​រដ្ឋាភិបាលក្រុង​ម៉ានីល ​បាន​អះអាង​ថា ​នាវា​ចិន​បាន​ជ្រៀតជ្រែកការរុករក​​ឧស្ម័ន​ធម្ម​ជាតិ ​និង​ប្រេងក្នុង​ផ្ទៃទឹក ​ដែល​ពួកគេ​អះអាង​ថាជា​តំបន់​សេដ្ឋកិច្ច​ពិ​សេសរបស់​ខ្លួន។

សហរដ្ឋ​អាមេរិក៖ នាយក​ចាត់ចែង​ទីភ្នាក់ងារ​ពិន្ទុ​ឥណទាន ​Standard ​and ​Poor ​និយាយ​ថាមាន​ឧកាស​មួយ​ក្នុង​ចំណោម៣​ដែល​អត្រា​ពិន្ទុ​សហរដ្ឋ​អាមេរិក នឹង​បញ្ចុះ​ថែមទៀត​ក្នុង​រយៈពេល​៦ខែ​បន្ទាប់​ទៀតនៅ​ចន្លោះពេល​ពីរឆ្នាំនេះ។

អឺរ៉ុប៖ សន្ទស្សន៍​ភាគ​ហ៊ុន​នៅ​អឺរ៉ុប​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​កាលពី​ថ្ងៃ​សុក្រ​នៅពេល​មាន​ការព្រួយ​កង្វល់​ពីរដ្ឋាភិបាល​ដែល​រួមរឹត​ទៅដោយ​បំណុល​ទាំ​ងក្នុង​ប្រទេស​អ៊ីតាលី​ និង​អេស៉្បាញ​ ដែល​មាន​សេដ្ឋ​កិច្ច​ធំទី៣​និង​ទី​៤​នៅ​អឺរ៉ុប​គម្រាម​កំហែង​ដល់​ប្រាក់​ Euro។

ស៊ីរី៖ ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​ នៃ​ប្រទេស​ស៊ីរី និយាយ​ថា ​កងទ័ព​រដ្ឋាភិបាល​ដែល​គាំទ្ររថ​ពាសដែក​បាន​សម្លា​ប់​មនុស្សយ៉ាង​ហោច៥៣​នាក់​ដែរ ​នៅក្នុង​ការវាយ​ប្រហារ​ទៅលើ​ទីក្រុង​ពីរដែល​ជាទីកន្លែង​ជនស៊ីវិល​បាន​ប្រឆាំង​តវ៉ា​ការ​កាន់​អំណាច​ផ្តាច់ការ​របស់​ប្រធានាធិបតី​ Bashar al – Assad ។

យេម៉ែន៖ ពួក​មន្រ្តី​នៃ​ប្រទេស​អារ៉ាប់​ប៊ីសាអូឌីត ​និង​យេម៉ែន ​និយាយ​ថា​ប្រធានាធិបតី​ Ali​ Abdellah​ Saleh ​នៃ​ប្រទេស​យ៉េម៉ែន​បានចាក​ចេញ​ពីមន្ទីរពេទ្យ​ក្នុង​រាជធានី​ Riyadh ​ជាទីកន្លែង​ដែល​លោក​បាន​ព្យាបាល​ការលាក​ដ៏ខ្លាំង​បំផុត​នៅក្នុង​ការ​វាយប្រហារ​ដោយ​គ្រាប់បែក​កាលពី​ថ្ងៃ​ទី៣ ខែ​មិថុនា​នៅបរិវេណ​គេហដ្ឋាន​របស់​លោក​ក្នុង​រដ្ឋធានី​សាណាអា។

នេប៉ាល់៖ ប្រទេសនេប៉ាល់​ បាន​បង្កើត​ច្បាប់​ថ្មី​មួយហាម​ឃាត់​ការជក់​បារី​នៅកន្លែង​សាធារណ។ វិធានកាណ៍​ដែល​ចូល​ជាធរមាន​កាលពី​ថ្ងៃ​អាទិត្យ​បាន​ចាត់ទុក​ថាខុស​ច្បាប់​ចំពោះ​ការជក់​បារី​នៅ​ចំណត​អាកាសយានដ្ឋាន​ សណ្ឋាគារ​ ការិយាល័យ​រដ្ឋា​ភិបាល និង​អាគារ​សាធារណៈ។

អ៊ីរ៉ាក់៖ ប៉ូលីស​អ៊ីរ៉ាក់​និយាយ​ថា ​ការវាយ​ប្រហារ​របស់​ពួក​បះបោរ​ ក្នុង​ផ្នែក​ជាច្រើន​បាន​សម្លាប់​មនុស្ស​៨នាក់​ រួម​មាន​សមាជិក​៦​នាក់​ដែល​ផ្ទះ​របស់​ពួកគេ​ បាន​ផ្ទុះ​ក្នុង​តំបន់​ភាគ​កណ្តាល​ប្រទេសអ៊ីរ៉ាក់។

អាហ្វហ្គានីស្ថាន៖ អង្គការ​អូតង់​ដែល​កំពុង​ស៊ើបអង្កេត​ការអះអាង​របស់​ពួក​តាលីបាន​ថា ​ពួកគេ​បាន​បាញ់​ទម្លាក់ឧត្ថម្ភាគចក្រ​សហរដ្ឋ​អាមេរិក​១គ្រឿងនៅ​តំបន់​កណ្តាល​អាហ្វហ្គា​នី​ស្ថាន ​​​ដោយ​បាន​សម្លាប់​មនុស្ស៣៨​នាក់​រួមមាន​កង​កម្លាំង​ពិសេស​របស់​សហរដ្ឋ​អាមេរិក​ផង។

This posting includes an audio/video/photo media file: Download Now

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!