VOA News: ព័ត៌មាន: “គណៈសង្ឃកំពូលគាំទ្រសាលាក្តីខ្មែរក្រហម” plus 3 more |
- គណៈសង្ឃកំពូលគាំទ្រសាលាក្តីខ្មែរក្រហម
- ធនាគារពិភពលោកបង្កកប្រាក់កម្ចីដោយសារគ្មានដំណោះស្រាយជម្លោះដីធ្លីនៅបឹងកក់
- ជំរឿន៖ ប្រទេសកម្ពុជាមានសហគ្រាសខ្នាតតូចច្រើន
- ព័ត៌មានអន្តរជាតិសង្ខេប៖ ៩ សីហា
គណៈសង្ឃកំពូលគាំទ្រសាលាក្តីខ្មែរក្រហម Posted: 09 Aug 2011 11:46 AM PDT នៅល្ងាចថ្ងៃអង្គារនេះ គណៈសង្ឃជាន់ខ្ពស់នៅកម្ពុជាមួយអង្គបានថ្លែងគាំទ្រការកាត់ទោសអតីតមេដឹកនាំខ្មែរក្រហមដោយរំពឹងថា ការកាត់ទោសនោះនឹងនាំមកនូវការព្យាបាលរបួសផ្លូវចិត្តរបស់ប្រជាពលរដ្ឋកម្ពុជា។ សម្តេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត ព្រះសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជាបានបកស្រាយការកាត់ទោសអតីតមេដឹកនាំខ្មែរក្រហមដោយពន្យល់ថា នោះគឺជាវដ្ដនៃកម្មពៀរ។ សម្តេចមានសង្ឃដីកាថា៖ «សូមអបអរសាទរក្រៃលែងចំពោះអស់លោកមន្ដ្រីរាជការគ្រប់លំដាប់ថ្នាក់ក្នុងពិភពលោកដែលបានជួយរកយុត្តិធម៌ឲ្យខ្មែរបានបាត់ឈឺចិត្ត។ បើនិយាយតាមសាសនាអ្នកដែលធ្វើអាក្រក់ទទួលបានផលអាក្រក់»។ ព្រះតេជគុណ នន្ទ ង៉ែត មានសង្ឃដីកាយ៉ាងដូច្នេះនៅចំពោះព្រះភ័ក្ដ្រព្រះសង្ឃចំនួន៤២០អង្គក្នុងក្រុងភ្នំពេញក្នុងពិធីផ្សព្វផ្សាយអំពីការវិវត្តន៍នៃដំណើរការកាត់ទោសពួកអតីតមេដឹកនាំខ្មែរក្រហមដើម្បីផ្សព្វផ្សាយពត៌មានផ្ទាល់ជាលើកដំបូងដល់ព្រះសង្ឃ។ លោកក្រាញ់ តូនី ប្រធានរដ្ឋបាលស្ដីទីរបស់សាលាក្ដីខ្មែរក្រហមបានរៀបរាប់ពីការវិវត្តន៍នៃដំណាក់កាលកាត់ទោសអតីតប្រធានគុកទួលស្លែងឬមន្ទីរស ២១ កាំង ហ្គិចអ៊ាវ ហៅឌុច និងការត្រៀមកាត់ទោសសំណុំរឿង ០០២។ សំណុំរឿងនេះដែលមានជនជាប់ចោទជាអតីតមេដឹកនាំកំពូលខ្ពស់បំផុតនៃរបបខ្មែរក្រហមរួមមាន នួន ជា អតីតប្រធានសភាខ្មែរក្រហម ខៀវ សំផន អតីតប្រមុខរដ្ឋ អៀង សារី អតីតឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីក្រសួងការបរទេស និងប្រពន្ធរបស់គាត់អៀង ធីរិទ្ធ អតីតរដ្ឋមន្ដ្រីក្រសួងសង្គមកិច្ច។ ការកាត់ទោសអតីតមេដឹកនាំខ្មែរក្រហមទាំងបួនរូបដែលគេជឿថា នឹងជួយបកស្រាយអាថ៌កំបាំងនានាក្នុងសម័យដែលពួកគេគ្រប់គ្រងអំណាច។ ក្នុងអំឡុងពេលពួកខ្មែរក្រហមកាន់អំណាចចន្លោះពីថ្ងៃទី១៧ ខែមេសា ឆ្នាំ ១៩៧៥ ដល់ថ្ងៃទី៦ខែមករា ឆ្នាំ ១៩៧៩ មានជនរងគ្រោះកម្ពុជាស្លាប់បាត់បង់ជីវិតយ៉ាងតិចចំនួន១,៧លាននាក់។ <!--IMAGE-->លោករដ្ឋមន្ដ្រីក្រសួងធម្មការ និងសាសនា មិន ឃិន មានប្រសាសន៍ថា វត្តព្រះពុទ្ធសាសនាចំនួនជាង៣.០០០វត្ត ព្រះសង្ឃជិត៦០.០០០អង្គ និងបព្វជិតសាសនាផ្សេងៗត្រូវបានបំផ្លាញនិងសម្លាប់ចោលនិងផ្សឹកដោយបង្ខំ។ លោកក្រាញ់ តូនី ដែលជាប្រធានរដ្ឋបាលសាលាក្តីខ្មែរក្រហម បានមានប្រសាសន៍ថា ការចូលរួមរបស់ព្រះសង្ឃមានសារៈសំខាន់ណាស់ក្នុងដំណើរការកាត់ទោសដើម្បីលុបបំបាត់ការគុំនំ និងជួយរំសាយការឈឺចាប់របស់ជនរងគ្រោះដោយរបបខ្មែរក្រហម។ លោក គ្នុត រ៉ូសានដ៍ហូហ្គ (Knut Rosandhaug) អនុប្រធានរដ្ឋបាលសាលាក្ដីខ្មែរក្រហមបានថ្លែងទៅកាន់ព្រះសង្ឃកម្ពុជាថា ការកាត់ក្ដីក្នុងសំណុំរឿង០០២ខាងមុខនេះនឹងត្រូវបញ្ចូលអង្គហេតុនៃការប្រព្រឹត្តិមកលើពុទ្ធសាសនិកជន។ លោកគ្នុត បានថ្លែងតាមរយៈអ្នកបកប្រែភាសាថា ការធ្វើទុក្ខបុកម្នេញផ្នែកសាសនាគឺជាបទល្មើសទាក់ទងនឹងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។ លោកថ្លែងថា៖ «ប្រសិនបើតុលាការរកឃើញថា ជនជាប់ចោទពិតជាបានប្រព្រឹត្តដូចការចោទប្រកាន់មែននោះជនជាប់ចោទអាចត្រូវជាប់ពិរុទ្ធពីបទធ្វើទុក្ខបុកម្នេញផ្នែកសាសនាដែលជាបទល្មើសមួយក្នុងបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិ»។ សាលាក្ដីខ្មែរក្រហមក្នុងរយៈពេលចុងក្រោយនេះបានបង្ហាញពីការបោះជំហានមួយទៀតទៅរកការធ្វើឲ្យមានភាពប្រាកដលើសំណុំរឿងបន្ថែមចំនួនពីរទៀតគឺសំណុំរឿង ០០៣ និង០០៤។ ប្រសិនបើសំណុំរឿងទាំងពីរនឹងត្រូវធ្វើឲ្យបានសម្រេចក្នុងពេលខាងមុខ ជនជាប់សង្ស័យចំនួនប្រាំនាក់បន្ថែមទៀតនឹងត្រូវនាំខ្លួនចូលក្នុងរង្វង់ក្រចកសេះ។ ក៏ប៉ុន្ដែមន្ដ្រីទទួលខុសត្រូវនៃសាលាក្ដីខ្មែរក្រហមមិនបានបង្ហាញការវិវត្តន៍បន្ថែមនេះដល់ព្រះសង្ឃក្នុងទីក្រុងភ្នំពេញទាំងជាង៤០០អង្គនោះទេ៕ This posting includes an audio/video/photo media file: Download Now |
ធនាគារពិភពលោកបង្កកប្រាក់កម្ចីដោយសារគ្មានដំណោះស្រាយជម្លោះដីធ្លីនៅបឹងកក់ Posted: 09 Aug 2011 09:33 AM PDT ធនាគារពិភពលោកនៅថ្ងៃអង្គារនេះបានដាក់សម្ពាធថ្មីមួយដល់រដ្ឋាភិបាលឲ្យធ្វើការដោះស្រាយជាបន្ទាន់ចំពោះបញ្ហាដែលនៅសេសសល់ជាមួយនឹងប្រជាពលរដ្ឋនៅតំបន់បឹងកក់ដោយដាក់លក្ខខណ្ឌបង្កកបា្រក់កម្ចីដល់កម្ពុជាប្រសិនណាបើរដ្ឋាភិបាលព្រងើយកន្តើយចំពោះបញ្ហារបស់អ្នកភូមិនៅតំបន់បឹងកក់។ លោកស្រី អាណ្ណែត្តិ៍ ឌីកសុន (Annette Dixon) នាយកធនាគារពិភពលោកប្រចាំកម្ពុជាបានប្រាប់វីអូអេខ្មែរនៅថ្ងៃអង្គារនេះតាមរយៈសារអេឡិចត្រូនិចថា ធនាគារពិភពលោកបានផ្តល់ប្រាក់កម្ចីដល់កម្ពុជាកាលពីខែធ្នូឆ្នាំ២០១០។ លោកស្រីបានមានប្រសាសន៍ទៀតថា ធនាគារពិភពលោកនឹងមិនផ្តល់ប្រាក់កម្ចីបន្ថែមទៀតដល់កម្ពុជាទេល្គឹកណាកិច្ចព្រមព្រៀងមួយត្រូវបានផ្តល់ដល់ប្រជាពលរដ្ឋនៅតបន់បឹងកក់។ ប្រជាពលរដ្ឋនៅតំបន់បឹងកក់ដែលនៅសេសសល់ជាង១.០០០គ្រួសារ ពេលនេះបានបែកចេញជាពីរក្រុមដោយក្រុមម្ខាងទាមទារដីទំហំ៤ម៉ែត្រគុណនឹង១៦ម៉ែត្រសម្រាប់ការអភិវឌ្ឃនៅនឹងកន្លែងចំណែកឯមួយក្រុមផ្សេងទៀតទាមទារឲ្យអាជ្ញាធរក្រុងភ្នំពេញកាត់ដីចេញពីគម្រោងអភិវឌ្ឃន៍សម្រាប់សង់លំនៅដ្ឋានខ្លួនឯង និងផ្តល់សំណងទៅតាមតម្លៃទីផ្សារ។ ការទាមទាររបស់ពលរដ្ឋទាំងពីរក្រុមនេះមិនទាន់ទទួលបានដំណោះស្រាយពីមន្ត្រីរដ្ឋាភិបាលនៅឡើយទេ។ ការមិនមានដំណោះស្រាយនេះបង្កឲ្យក្រុមប្រជាពលរដ្ឋសា្វត់ស្វែងរកអន្តរាគមន៍ពីគ្រប់ស្ថាប័ននានា អង្កការក្រៅរដ្ឋាភិបាល និងស្ថានទូតមួយចំនួនប្រចាំកម្ពុជា។ លោកស្រី អាណ្ណែត្តិ៍ ឌីកសុន បានបញ្ជាក់ថា ធនាគារពិភពលោក កំពុងបន្តលើកទឹកចិត្តរដ្ឋាភិបាលកម្ពុជាឲ្យមានកិច្ចព្រមព្រៀងមួយក្នុងការផ្តល់ទីជម្រកដល់ប្រជាពលរដ្ឋនៅតំបន់បឹងកក់។ លោកស្រីបានបញ្ជាក់ទៀតថា ការពិភាក្សារវាងរដ្ឋាភិបាលនិងអ្នកភូមិបឹងកក់កំពុងតែបន្ត ហើយធនាគារពិភពលោកនឹងរងចាំមើលដំណោះស្រាយចំពោះបញ្ហានេះក្នុងពេលឆាប់ៗខាងមុខ។ លោកស្រីមានប្រសាន៍ថារដ្ឋាភិបាលកម្ពុជាកំពុងដាក់ចេញនូវកម្មវិធីជាច្រើន ហើយយើងកំពុងធ្វើការជាមួយរដ្ឋាភិបាលដើម្បីធានាថាតើគម្រោងទាំងអស់នោះនឹងត្រូវបានអនុវត្តទៅតាមច្បាប់ដូចអ្វីដែលយើងរំពឹងទុក ឬក៏អត់។ កាសែត The Cambodia Daily បានចេញផ្សាយនៅថ្ងៃអង្គារ៍នេះថា ក្រុមប្រឹក្សាប្រតិបត្តិនៃធនាគារពិភពលោកនៅក្នុងទីក្រុងវ៉ាស៊ីនតោនបានគាំទ្ររបាយការណ៍ឯករាជ្យមួយដែលមានការសន្និដ្ឋានថាគម្រោងចេញប័ណ្ណកម្មសិទ្ឋិដីធ្លីរបស់ខ្លួនមានទឹកប្រាក់ចំនួន២៤,៣លានដុល្លារមានការរៀបចំមិនបានល្អ គ្រប់គ្រងមិនបានត្រឹមត្រូវ ហើយឥឡូវនេះលែងដំណើរការ។ អ្នកស្រីទេព វន្នី ដែលជាតំណាងអ្នកភូមិបឹងកក់បានគាំទ្រការប្រកាសរបស់ធនាគារពិភពលោក។ អ្នកស្រីបានបញ្ជាក់ថា អ្នកភូមិបឹងកក់មិននឹកស្មានថា ធនាគារពិភពលោកយកចិត្តទុកដាក់បញ្ហារបស់ពួកគេទេ។ អ្នកស្រីបានបន្ថែមថា ក្រុមរបស់អ្នកស្រីបានជូបជាមួយនឹងមន្ត្រីរបស់ធនាគារពិភពលោកប្រចាំកម្ពុជាចំនួនបីលើក ហើយក្រុមរបស់អ្នកស្រី បានលើកអំពីកង្វល់របស់អ្នកភូមិបឹងកក់អំពីអ្វីដែលយើងបានជួបប្រទះ។ អ្នកស្រីមានប្រសាសន៍ថា៖ «ប្រជាពលរដ្ឋនៅតំបន់បឹងកក់ គាត់មិនចង់ធ្វើអ្វីឲ្យប្រទេសរបស់យើងហ្នឹងអាម៉ាសមុខឬមានការផ្តាច់ជំនួយអ្វីទេ។ ពួកខ្ញុំគ្រាន់តែចង់បានដំណោះស្រាយយុត្តិធម៌សម្រាប់ពលរដ្ឋខ្មែរដែលរងគ្រោះនៅតំបន់បឹងកក់។ ខ្ញុំសង្ឃឹមថាអ្វីដែលពលរដ្ឋស្នើនឹងដោះស្រាយជូនប្រជាពលរដ្ឋក្នុងពេលឆាប់ៗនេះ»។ លោក ផៃ ស៊ីផាន អ្នកនាំពាក្យនៃទីស្តីការគណរដ្ឋមន្ត្រីបាននិយាយថា លោកមិនបានដឹងច្បាស់ពីគម្រោងនេះនៅឡើយ។ លោកបានប្រាប់វីអូអេខ្មែរថា៖ «មិនដឹង Position យ៉ាងណា។ កាលពីឆ្នាំទៅគេសម្រេចចិត្តផ្សេងទៅ។ ថ្ងៃនេះគេសម្រេចចិត្តផ្សេងទៅ។ បញ្ហាសួរអញ្ចេះបើ Freeze (បង្កក) ក៏ Freeze ទៅចុះ។ ចុះឧបមាប៉ុន្មាន Project (គម្រោង) ថែមទៀត Freeze ទៀតធ្វើយ៉ាងម៉េចទៅ»។ គេហទំព័ររបស់ធនាគារពិភពលោកប្រចាំកម្ពុជាបញ្ជាក់ថា ធនាគារពិភពលោកមិនបានយល់ព្រមលើគម្រោងណាមួយនៅកម្ពុជាទេ ចាប់តាំងពីថ្ងៃទី៣១ខែមករាមក។ គម្រោងចំនួនបីដែលមានទឹកប្រាក់សរុបចំនួន១២៨លានដុល្លារសុទ្ធតែកំពុងស្ថិតក្នុងការពិចារណា៕ This posting includes an audio/video/photo media file: Download Now |
ជំរឿន៖ ប្រទេសកម្ពុជាមានសហគ្រាសខ្នាតតូចច្រើន Posted: 08 Aug 2011 03:12 PM PDT លោក ឆាយ ថន រដ្ឋមន្ត្រីក្រសួងផែនការបានថ្លែងនៅថ្ងៃច័ន្ទនេះថា ប្រទេសកម្ពុជាមានសហគ្រាសសរុបចំនួន៥០៣.០០៨ កំពុងដំណើរការធ្វើអាជីវកម្មនៅទូទាំងប្រទេស ហើយតួលេខនេះនឹងផ្តល់ព័ត៌មានអំពីសកម្មភាពសេដ្ឋកិច្ចនានានៃស្ថានភាពបច្ចុប្បន្ននៃសេដ្ឋកិច្ចកម្ពុជា។ ជំរឿនសហគ្រាសឆ្នាំ២០១១ បានធ្វើឡើងជាលើកទីមួយនៅកម្ពុជាពីថ្ងៃទី១ដល់ថ្ងៃទី៣១ ខែមិនា និងបានចំណាយអស់ទឹកប្រាក់ចំនួន៣,២៦លាន ដុល្លារអាមេរិក រួមមាន២,៧៨លានដុល្លារអាមេរិកពីរដ្ឋាភិបាលជប៉ុន និង៤៨០.០០០ដុល្លារអាមេរិកពីរដ្ឋាភិបាលកម្ពុជា។ លោក ឆាយ ថន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ជំរឿនសហគ្រាសនេះផ្តល់ព័ត៌មានស្ថិតិសំខាន់ៗសម្រាប់សកម្មភាពសេដ្ឋកិច្ច និងការកំណត់ទីតាំងនៃអាជីវកម្មសម្រាប់អភិវឌ្ឍសេដ្ឋកិច្ច រួមចំណែកពង្រឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល សំដៅអភិបាលកិច្ចល្អ រៀបចំផែនការអភិវឌ្ឍន៍ជាតិ និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។ ការធ្វើជំរឿនសហគ្រាសជាតម្រូវការចាំបាច់របស់រដ្ឋាភិបាលក្នុងដំណាក់កាលបច្ចុប្បន្ន ក្នុងការអភិវឌ្ឍប្រទេស ក៏ដូចជាទទួលបានការគាំទ្រពីដៃគូអភិវឌ្ឍន៍ និងវិនិយោគិនទាំងក្នុងផ្ទៃប្រទេស និងក្រៅប្រទេស»។ សេចក្តីថ្លែងការណ៍ស្តីពីការផ្សព្វផ្សាយលទ្ធផលបណ្តោះអាសន្ននៃជំរឿនសហគ្រាសឆ្នាំ២០១១ បានបង្ហាញថា ទីក្រុងភ្នំពេញមានសហគ្រាសចំនួន៩៥.៤៦៧ ឬ ១៩ភាគរយនៃចំនួនសហគ្រាសសរុបនៅកម្ពុជា ខេត្តកំពង់ចាមមានសហគ្រាសចំនួន៥៥.៩០៣ខេត្តកណ្តាលមានសហគ្រាសចំនួន៤០.៣៥៩ ខេត្តបាត់ដំបងមានសហគ្រាសចំនួន ៣៣.៩៨២ និងខេត្តសៀមរាបមានសហគ្រាសចំនួន៣២.០៣៤។ ទីក្រុងភ្នំពេញ និងខេត្តទាំងប្រាំរួមមាន៥០ភាគរយនៃចំនួនសហគ្រាសសរុប។ សេចក្តីថ្លែងការណ៍នេះបានបញ្ជាក់ថាចំនួនសហគ្រាសដែលមានអ្នកធ្វើការក្រោម១០នាក់មានសមាមាត្រ៩៨ភាគរយនៅកម្ពុជា។ បើពិនិត្យទៅលើក្រុមបួននៃសហគ្រាសសរុប សហគ្រាសដែលមានអ្នកធ្វើការពីមួយនាក់ទៅ១០នាក់ មាន៤០៣.១១៧សហគ្រាស ស្មើនឹង៩៨ភាគរយនៃសហគ្រាសសរុប។ សេចក្តីថ្លែងការណ៍នេះ បានបន្តថាបើពិនិត្យទៅលើចំនួនសហគ្រាសខ្នាតធំដែលមានអ្នកធ្វើការពី១០០នាក់ឡើងទៅ យើងឃើញថានៅទីក្រុងភ្នំពេញមាន៣៤៨សហគ្រាស។ នៅខេត្តកណ្តាលមាន៤៩សហគ្រាស នៅខេត្តសៀមរាបមាន៣៩សហគ្រាសនិងខេត្តព្រះសីហនុ មាន២៩សហគ្រាស។ សេចក្តីថ្លែងការណ៍នេះបានបន្ថែមថាបើពិនិត្យទៅលើចំនួនសហគ្រាសខ្នាតមធ្យមដែលមានអ្នកធ្វើការពី៥១ទៅ១០០នាក់យើងឃើញថានៅទីក្រុងភ្នំពេញមាន២៩៧សហគ្រាស។ លោកឆាយ ថន បានថ្លែងថាជំរឿនសហគ្រាសនឹងផ្តល់នូវទិន្នន័យឆ្លុះបញ្ចាំងពីស្ថានភាពជាក់ស្តែងរបស់ប្រទេសពាក់ព័ន្ធនឹងសហគ្រាស ការបែងចែកតំបន់ (រាជធានី ខេត្ត) ការគណនា ការចងក្រងគណនេយ្យជាតិដែលកន្លងមកប្រើតាមការប៉ាន់ស្មាន។ «ឥឡូវនេះយើងអាចធ្វើការពិនិត្យសារឡើងវិញយ៉ាងត្រឹមត្រូវ យើងអាចធ្វើផែនការ គោលនយោបាយអភិវឌ្ឍន៍តាមវិស័យសេដ្ឋកិច្ចផ្នែកសេដ្ឋកិច្ចនីមួយៗ។ ទាំងនេះជាផលចំពេញដែលរាជរដ្ឋាភិបាលនឹងទទួលបាន ហើយវិស័យឯកជនក៏ទទួលបានផលចំណេញពីជំរឿនសហគ្រាសនេះដែរ ហើយមានស្ថិតិជំរឿនគ្រប់គ្រាន់នឹងជំរុញអ្នកវិនិយោគិនធំៗ ឲ្យមកវិនិយោគនៅកម្ពុជា»។ លោកហ៊ីរ៉ូស្ស៊ី កាវ៉ាមូរ៉ា (Hiroshi Kawamura) ឯកអគ្គរាជទូតជប៉ុនរងប្រចាំកម្ពុជាបានបញ្ជាក់យ៉ាងដូច្នេះថា៖ «វាមានសារៈសំខាន់ណាស់ ពីព្រោះវានឹងបង្ហាញនូវរូបភាពពិតអំពីការវិវត្តន៍សេដ្ឋកិច្ចរបស់ប្រទេសនេះ»។ លោក យ៉ាស៊ូជីរ៉ូ ស៊ូជូគី (Yasujiro Sujuki) ប្រធានអង្គការ JICA ប្រចាំនៅកម្ពុជាបានថ្លែងថា លោកមានជំនឿជឿជាក់ថាលទ្ធផលនៃជំរឿនសហគ្រាសនេះនឹងធ្វើឲ្យកំណើនសេដ្ឋកិច្ចចីរភាព ការកាត់បន្ថយភាពក្រីក្រនិងវិបុលភាពយូរអង្វែងសម្រាប់ប្រទេសកម្ពុជា៕ This posting includes an audio/video/photo media file: Download Now |
ព័ត៌មានអន្តរជាតិសង្ខេប៖ ៩ សីហា Posted: 08 Aug 2011 07:33 PM PDT ព័ត៌មានចុងក្រោយបំផុត៖ កម្ពុជា៖ ធនាគារពិភពលោកនិយាយកាលពីថ្ងៃអង្គារនេះថា ខ្លួននឹងមិនយល់ព្រមឲ្យប្រទេសកម្ពុជាខ្ចីប្រាក់កម្ចីថ្មីទៀតទេ ដរាបណារដ្ឋាភិបាលមិនទាន់បានដោះស្រាយជម្លោះជាមួយពលរដ្ឋរបស់ខ្លួន ដែលបានត្រូវបណ្ដេញចេញពីទីកន្លែងអភិវឌ្ឈន៍នៅជុំវិញបឹងមួយ(បឹងកក់)នៃទីក្រុងភ្នំពេញ។ វៀតណាម/ចិន៖ មន្ដ្រីផ្លូវការនៃប្រទេសវៀតណាមនិយាយថា ខ្លួនបានជួបសន្ទនាជាមួយសមភាគីចិន ដើម្បីដាក់ពាក្យតវ៉ាតាមផ្លូវការទៅនឹងសកម្មភាពរុករកស្រាវជ្រាវរបស់ចិននៅសមុទ្រចិនខាងត្បូង ជិតឆ្នេរសមុទ្រវៀតណាម។ លីប៊ី៖ មេដឹកនាំក្រុមបះបោរនៅក្នុងប្រទេសលីប៊ី បានរុះរើសាខាប្រតិបត្ដិរបស់រដ្ឋាភិបាលបណ្ដោះអាសន្នរបស់ខ្លួនក្នុងកិច្ចប្រឹងប្រែងដើម្បីបន្ធូរស្ថានការតានតឹងពីការបាញ់សម្លាប់មេបញ្ជាការយោធារបស់ក្រុមបះបោរ កាលពីខែមុន។ ចិន៖ អតិផរណានៅក្នុងប្រទេសចិនឡើងដល់កម្រិតខ្ពស់បំផុតជាងបីឆ្នាំមកហើយ បណ្ដាលឲ្យមានការព្រួយបារម្ភថ្មីដល់សេដ្ឋកិច្ចសកលដែលកំពុងតែមានបញ្ហា។ ជប៉ុន៖ មេដឹកនាំជប៉ុនបានស្នើឲ្យរកមធ្យោបាយថ្មីជៀសវាងមិនប្រើថាមពលនុយក្លេអ៊ែរ ក្នុងអំឡុងពិធីស្រងូតស្រងាត់មួយកាលពីថ្ងៃអង្គារដើម្បីរំឭកខួបឆ្នាំទី៦៦នៃការទម្លាក់គ្រាប់បែកបរមាណូមកលើក្រុង ណាហ្គាសាគី (Nagasaki)។ អង់គ្លេស៖ កុប្បកម្មនៃទីក្រុងឡុងដ៍បានរីកសាយដល់ក្រុងដទៃខណៈដែលរាជធានីឡុងដ៍រងទុក្ខវេទនាយប់ទីបី។ ប៉ូលីសនៃក្រុង Birmingham និង Liverpool រាយការណ៍ថា មានការដុតឆេះអគារនិងការចូលប្លន់ទ្រព្យសម្បត្ដិ។ ភូមា៖ សារលិខិតបើកចំហរបស់អ្នកតាក់តែងច្បាប់ភូមា២៣នាក់ បាន អំពាវនាវឲ្យជនទាំងឡាយណាដែលមានចិត្ដចង់បញ្ចប់ជម្លោះជាតិសាសន៍សុំឲ្យជៀសវាងវិធានការណាដែលបំផ្លាញសាមគ្គីជាតិ។ ព្យុះអាស៊ី៖ កិច្ចប្រតិបត្ដិការបោសសម្អាតបានចាប់ផ្ដើមកាលពីថ្ងៃអង្គារ នៅក្នុងប្រទេសចិននិងប្រទេសកូរ៉េខាងត្បូង ក្រោយពីខ្យល់ព្យុះត្រូពិក Muifa បានបក់បោកមកលើតំបន់សមុទ្រលឿងនៃឆ្នេរសមុទ្រ របស់ប្រទេសទាំងពីរ។ ភូមា៖ បណ្ដាញព័ត៌មានភូមានិយាយថា រដ្ឋាភិបាលបានស្នើទៅអង្គការមូលនិធិហិរញ្ញវត្ថុអន្តរជាតិ (IMF) ឲ្យជួយខ្លួនក្នុងការកែទម្រង់ប្រព័ន្ធរូបិយប័ណ្ណរបស់ខ្លួន ដែលជាឧបសគ្គដល់ការលូតលាស់សេដ្ឋកិច្ច។ សេដ្ឋកិច្ចពិភពលោក៖ ទីផ្សារអាស៊ីនិងអឺរ៉ុបចុះថោកនៅថ្ងៃអង្គារនេះខណៈដែលក្រុមវិនិយោគិនមានប្រតិកម្មទៅនឹងការវាយបន្ទាបអត្រាឥណទានរបស់រដ្ឋាភិបាលស.រ.អ.និងការព្រួយបារម្ភដ៏រាំរ៉ៃនៅក្នុងប្រទេសអឺរ៉ុបអំពីបញ្ហាប្រាក់បំណុលនិងការលូតលាស់សេដ្ឋកិច្ចសកល។ អាហ្វហ្គានីស្ថាន៖ សាកសពរបស់ទាហានអាមេរិកស្លាប់ពីការធ្លាក់ឧទ្ធម្ភាគចក្រកាលពីថ្ងៃសៅរ៍នៅលើតំបន់កណ្ដាលប្រទេសអាហ្វហ្គានីស្ថាន ត្រូវកំណត់នឹងយកមកស.រ.អ.វិញ នៅពេលដែលមន្ដ្រីអាមេរិកនិយាយថាគ្រោះថ្នាក់នោះមិនបានធ្វើឲ្យខូចចិត្ដដល់កិច្ចប្រឹងប្រែងសង្រ្គាមទេ។ ទួកគី/ស៊ីរី៖ រដ្ឋមន្ដ្រីការបរទេសនៃប្រទេសទួកគីនឹងទៅទស្សនាប្រទេសស៊ីរី នៅថ្ងៃអង្គារនេះ ដើម្បីគាបសង្កត់មកលើរដ្ឋាភិបាលស៊ីរីឲ្យបញ្ឈប់ការវាយបង្រ្កាបដ៏ឃោរឃៅមកលើក្រុមបាតុករដែលប្រឆាំងរដ្ឋាភិបាល។ <!--AV--> ព័ត៌មាននៅពេលមុននេះ៖ <!--IMAGE--> សេដ្ឋកិច្ចសកលលោក៖ មាសបានឡើងថ្លៃដល់កម្រិតខ្ពស់មួយដោយលើសពី១ពាន់៧រយដុល្លាក្នុងមួយអោន នៅពេលដែលអ្នកវិនិយោគទុនមានការព្រួយបារម្មណ៍អំពីការបញ្ចុះពិន្ទុឥណទានបំណុលសហរដ្ឋអាមេរិក និងវិបត្តិបំណុលរបស់អឺរ៉ុបកាលពីពេលថ្មីៗនេះ ស្របពេលនឹងការរីកលូតលាស់សេដ្ឋកិច្ចដ៏យឺតយ៉ាវរបស់ពិភពលោក។ ថៃ៖ លោកស្រីយីងឡាក់ ស៊ីណាវ៉ាត្រា នាយករដ្ឋមន្រ្តីថ្មីប្រទេសថៃបានចូលកាន់តំណែងកាលពីថ្ងៃច័ន្ទ ដោយបានសន្យាធ្វើការដើម្បីសន្តិភាព និងការផ្សះផ្សា ជាតិ។ លោកស្រី យីងឡាក់ បានឈ្នះឆ្នោតដ៏ច្រើនសន្ធឹកសន្ធាប់ក្នុងការបោះឆ្នោតថ្ងៃទី៣ កក្កដា ហើយបានក្លាយជានាយករដ្ឋមន្រ្តីស្រ្តីដំបូងដោយការបោះឆ្នោតសភានៅថ្ងៃសុក្រ។ ហើយលោកស្រីបានទទួលស្គាល់ដោយព្រះមហាក្សត្រ Bhumibol Adulyadej នៃប្រទេសនេះ មុនពេលលោកស្រីចូលកាន់តំណែង។ ក្នុងសន្ទរកថាមួយនៅទីស្នាក់ការធំរបស់គណបក្សភឿថៃ លោកស្រីនាយករដ្ឋមន្រ្តីបានសន្យាប្រើប្រាស់ចំណេះដឹង សមត្ថភាព និងគតិបណ្ឌិតរបស់លោកស្រី ដើម្បីធ្វើឲ្យមាន សាមគ្គីភាពក្នុងប្រទេសថៃ បន្ទាប់ពីជ្រួលច្របល់និងអំពើហិង្សាអស់រយៈពេលជាច្រើនឆ្នាំមក។ សហរដ្ឋអាមេរិក៖ ប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា មានប្រសាសន៍ថា លោកសង្ឃឹមថាការបញ្ចុះឥណទានរបស់សហរដ្ឋអាមេរិកកាលពីសប្តាហ៍មុននឹងធ្វើឲ្យសមាជិកសភាបន្តគិតសាជាថ្មីឡើងវិញ ដើម្បីព្រមព្រៀងលើការកាត់បន្ថយឲ្យកាន់តែច្រើនឡើងក្នុងឳនភាពថវិការដ្ឋាភិបាល។ សេដ្ឋកិច្ចសកលលោក៖ ទីផ្សារហិរញ្ញវត្ថុសកលលោក បានធ្លាក់ចុះយ៉ាងខ្លាំងកាលពីថ្ងៃច័ន្ទ ជាប្រតិកម្មនឹងការបញ្ចុះពិន្ទុឥណទានដែលមិនធ្លាប់មានកាលពីពេលមុនរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក និងបានបន្តក្តីព្រួយកង្វល់អំពីបញ្ហាបំណុលអឺរ៉ុប និងការរីកលូតលាស់សេដ្ឋកិច្ចសកលលោក។ ស៊ីរី៖ ទូរទស្សន៍រដ្ឋស៊ីរី ប្រាប់ឲ្យដឹងថា ប្រធានាធិបតី Sashar al- Assad បានដាក់ជំនួសរដ្ឋមន្រ្តីក្រសួងការពារប្រទេស នៅពេលដែលរដ្ឋាភិបាលទីក្រុងដាម៉ាសស្ថិតនៅក្រោមគំនាបកាន់តែខ្លាំងឡើងពីប្រទេសអារ៉ាប់ ដែលជាប្រទេសជិតខាងលើការបង្ក្រាបដ៏សាហាវប្រឆាំងការងើបបះបោរនោះ។ ស៊ីរី៖ ប្រទេសបារ៉ែន និងកូវ៉ែតប្រាប់ឲ្យដឹងថា ខ្លួននឹងចូលរួមជាមួយប្រទេសអារ៉ាប់ប៊ីសាអូឌីតនៅក្នុងការហៅមកវិញនូវឯកអគ្គរាជទូតរបស់ខ្លួនពីរដ្ឋធានីដាម៉ាស ដើម្បីពិគ្រោះការប្រើប្រាស់កម្លាំងរបស់ប្រទេសស៊ីរី ប្រឆាំងពួកបាតុករ។ លីប៊ី៖ ពួកឧទ្ទាមលីប៊ី កំពុងកាន់កាប់ទីក្រុងវាលខ្សាច់ភាគខាងលិច ដែលបានរឹបអូសយកពីកងទ័ពរដ្ឋាភិបាលកាលពីថ្ងៃសៅរ៍ ដែលជាការកត់សម្គាល់នៃខិតចូលកាន់តែជិតបំផុតរបស់ពួកឧទ្ទាមជិតរដ្ឋធានី Tripoli នៅក្នុងការប្រយុទ្ធអស់រយៈពេលជាច្រើនខែ។ អាហ្វ្រិកខាងកើត៖ សហរដ្ឋអាមេរិកនឹងផ្តល់ប្រាក់១រយលានដុល្លាសម្រាប់គ្រោះ រាំងស្ងួត និងទុរភិក្សដល់អាហ្វ្រិកខាងកើត ពេលដែលក្រុមមន្រ្តីជាន់ខ្ពស់សហរដ្ឋអាមេរិកកំពុងបំពេញទស្សនៈកិច្ចតំបន់នោះ។ អ៊ីរ៉ង់៖ កាសែតអ៊ីរ៉ង់ប្រាប់ឲ្យដឹងថា រោងចក្រថាមពលនុយគ្លែអ៊ែរទីមួយរបស់អ៊ីរ៉ង់ នឹងមិនចាប់ផ្តើមប្រតិបត្តិការនៅចុងខែនេះទៅតាមផែនការទេ ព្រោះតែការពន្យាពេលអ្នកតាក់តែងច្បាប់អ៊ីរ៉ង់ដែលស្តីបន្ទោសលើក្រុមហ៊ុនរុស្ស៊ីដែលជាអ្នកស្ថាបនា។ អង់គ្លេស៖ ប៉ូលីសអង់គ្លេសបានប៉ះទង្គិចជាមួយពួកយុវជនដែលធ្វើកុប្បកម្មនៅក្នុងថ្ងៃទីបី ដែលបណ្តាលមកពីបាញ់ប្រហាររបស់ប៉ូលីសកាលពីសប្តាហ៍មុន។ វ៉េណេស៊ុយអេឡា៖ លោក Hugo Chavez ប្រធានាធិបតីប្រទេស វ៉េណេស៊ុយអេឡា និយាយថា លោកត្រូវចាប់ផ្តើមព្យាបាលជំងឺមហារីករបស់លោកដោយប្រើឧសថជាលើកទី២នៅរដ្ឋធានីឡាហាវ៉ាណក្នុងរយៈពេលប៉ុន្មានម៉ោងទៀតនេះ។ អាហ្វហ្គានីស្ថាន៖ អង្គការអូតង់កំពុងការពារទីកន្លែងដែលឧទ្ធម្ភាគចក្រមួយគ្រឿងបានធ្លាក់ក្នុងតំបន់ភាគកណ្តាលប្រទេសអាហ្គានីស្ថាន ដែលមនុស្ស៣៨នាក់ រួមមានសមាជិកនៃកងទ័ពទាហានម៉ារីនពិសេស SEAL របស់សហរដ្ឋអាមេរិក ជាងម្ភៃនាក់បានត្រូវសម្លាប់ នៅពេលដែលឧទ្ធម្ភាគចក្របានត្រូវគេរាយការណ៍ថាបានត្រូវបាញ់ទម្លាក់ដោយពួកបោះបោរ។ This posting includes an audio/video/photo media file: Download Now |
You are subscribed to email updates from VOA News: ព័ត៌មាន To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |