VOA News: ព័ត៌មាន: “ទឹក​ជំនន់​ទន្លេ​ប៉ះពាល់​ខេត្ត​នៃ​ភូមិភាគ​ឦសាន” plus 2 more

VOA News: ព័ត៌មាន: “ទឹក​ជំនន់​ទន្លេ​ប៉ះពាល់​ខេត្ត​នៃ​ភូមិភាគ​ឦសាន” plus 2 more


ទឹក​ជំនន់​ទន្លេ​ប៉ះពាល់​ខេត្ត​នៃ​ភូមិភាគ​ឦសាន

Posted: 12 Aug 2011 12:47 PM PDT

មន្ត្រី​ខេត្ត​បាន​និយាយ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា ផ្ទះ​សម្បែង​របស់​ប្រជាពលរដ្ឋ​ប្រមាណ​៥.០០០​ខ្នង​នៅ​ភាគ​ឦសាន​ប្រទេស​ ត្រូវ​បាន​ទឹក​ជំនន់​ទន្លេមេគង្គ​ជន់​លិច​ ហើយ​ក្រុម​សង្គ្រោះ​ច្រើន​រាប់រយ​នាក់​កំពុង​ត្រៀម​កម្លាំង​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​ ខណៈ​ដែល​ទឹក​ទន្លេមេគង្គ​នៅ​តែ​បន្ត​ឡើង។

កម្ពស់​ទឹក​ទន្លេមេគង្គ​នៅ​ក្នុង​ខេត្ត​ស្ទឹងត្រែង​បាន​ឡើង​ដល់​១០,៨៨​ម៉ែត្រ​នៅ​ថ្ងៃសុក្រ​នេះ​ដោយ​ហួស​កម្រិត​កំណត់​ចំនួន​០,១៨​ម៉ែត្រ​ពី​កំពស់​ទឹក​១០,៧៥​ម៉ែត្រ​កាល​ពី​ថ្ងៃព្រហស្បតិ៍​ ហើយ​កម្ពស់​ទឹក​នៅ​ក្នុង​ខេត្ត​ក្រចេះ​បាន​ឡើង​ដល់​២១,៧១​ម៉ែត្រ​នៅ​ថ្ងៃសុក្រ​នេះ​ពី​កម្ពស់​ទឹក​ ២១,៦២​ម៉ែត្រ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍។ នេះ​បើ​តាម​ការ​អះអាង​របស់​មន្ត្រី​ខេត្ត។

លោក​ឡូយ​ សុផាត​ អភិបាល​ខេត្ត​ស្ទឹងត្រែង​ បាន​ថ្លែងថា​ភូមិ​ចំនួន​៣៧​ដែល​មាន​ប្រជា​ពលរដ្ឋ​ជាង​៥០០​គ្រួសារ​ និង​ផ្លូវ​ថ្នល់​តាម​ដង​ ទន្លេមេគង្គ​ប្រវែង​ជាង​៤០​គីឡូម៉ែត្រ​នៅ​ក្នុង​ស្រុក​ថាឡាបរិវាត់​ ក្រុង​ស្ទឹងត្រែង​ និង​សៀមបូក​ ត្រូវ​បាន​ទឹក​ទន្លេមេគង្គ​ជន់​លិច។

លោក​ឡូយ​ សុផាត​ បាន​បញ្ជាក់ថា អ្នក​ភូមិ​ចំនួន​៥០​គ្រួសារ​ត្រូវ​បាន​ជន្លៀស​ទៅ​កាន់​ទីទួល​សុវត្ថិភាព។

«យើង​បាន​ដាក់​ពង្រាយ​កម្លាំង​សង្គ្រោះ​ជាង​១៥០​នាក់​រួមមាន​កង​នគរបាល​ កង​យោធា​ និង​កង​រាជ​អាវុធហស្ថ​ ព្រម​ទាំង​អ្នក​ស្ម័គ្រ​ចិត្ត​កាកបាទ​ក្រហម​ ដើម្បី​ចុះ​ទៅ​តាម​ស្រុក​នីមួយៗ​ដែល​ទទួល​រង​គ្រោះ​នៃ​ទឹក​ជំនន់​នេះ​ ដើម្បី​ជួយ​ជន្លៀស​ពួក​គាត់​ និង​គោ​ក្របី​សត្វ​ផ្សេង​ៗ​ទៀត​របស់​ពួក​គាត់​ទៅ​កាន់​ទី​កន្លែង​សុវត្ថិភាព។​ ស្ថានភាព​ទឹក​ជំនន់​នៅ​ក្នុង​ខេត្ត​ស្ទឹងត្រែង​នៅ​តែ​ជា​កង្វល់។ និយាយ​រួម​ទៅ​ ទឹក​នៅ​តែ​បន្ត​ឡើង​នៅ​ឡើយ​ និង​នៅ​តែ​ជា​កង្វល់​នៅ​ឡើយ»។

លោក ខាំ​ ភឿន​ អភិបាល​ខេត្ត​ក្រចេះ​ បាន​បញ្ជាក់​ថា ឃុំ​ចំនួន​ជាង​៣០ ផ្ទះសម្បែង​របស់​ប្រជាពលរដ្ឋ​ប្រមាណ​៤.០០០​ខ្នង​ វត្តអារាម​ចំនួន​ប្រាំ​ សាលា​រៀន​ចំនួន​២៦​កន្លែង​ ផ្លូវ​ថ្នល់​ប្រមាណ​៤០​គីឡូម៉ែត្រ​ ព្រម​ទាំង​សន្ទូង​ និង​សំណាប​ជាង​៥.០០០​ហិកតា​ និង​ដំណាំ​ផ្សេងៗ ​ជាង​១៤០​ហិកតា​នៅ​ក្នុង​ស្រុក​សម្បូណ៌​ ស្រុក​ព្រែកប្រសប់​ ស្រុក​ឆ្លូង​ ស្រុក​ចិត្របូរី​ និង​ក្រុង​ក្រចេះ​​ត្រូវ​បាន​ទឹក​ជំនន់​ទន្លេមេគង្គ​ជន់​លិច។

លោក​ឧត្តមសេនីយ៍​ត្រី​ ជួង​ ស៊ាងហាក់​ ស្នងការនគរបាលខេត្តក្រចេះបាន​បញ្ជាក់​ថា​ប្រជាពលរដ្ឋ​មិន​ទាន់​​ចាក​ចេញ​ពី​លំនៅដ្ឋាន​របស់​ពួក​គាត់​នៅ​ឡើយ​ទេ​រហូត​មក​ដល់​ម៉ោង​នេះ​ ថ្វីត្បិតតែ​ទឹក​ឡើង​លិច​ក្រោម​ផ្ទះ​របស់​ពួក​គាត់​រហូត​ដល់​ជាង​មួយ​ម៉ែត្រ​ក៏​ដោយ។

«យើង​គិត​ថា ទឹក​នៅ​តែ​មាន​កម្លាំង​បន្ត​ឡើង​នៅ​ឡើយ​ទេ។​ សរុប​ទៅ​ កម្លាំង​នគរបាល​ក្នុង​ក្របខណ្ឌ​ទូទាំង​ខេត្ត​មាន​ប្រមាណ​៥០០​នាក់​សរុប​ទាំង​ក្រុង​ទាំង​ស្រុក​ដែល​យើង​ត្រៀម​ធ្វើ​អន្តរាគមន៍​សម្រាប់​ពេល​ដែល​មាន​សំណូមពរ​ចាំបាច់។​ យើង​បារម្ភ​ខ្លាច​ នៅ​ពេល​ដែល​មាន​ខ្យល់​ព្យុះ​មក​ វា​អាច​ធ្វើ​ឱ្យ​មាន​បញ្ហា​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ។​ យើង​បារម្ភ​ខ្លាច​ទឹក​វា​លិច​ទៅ​ហើយ​ ច្រាំង​ទន្លេ​បាក់​ស្រុត​ដែល​យើង​ត្រូវ​មាន​គ្រោង​ការ​ទុក​ជា​មុន»។

ក្រុម​មន្ត្រី​ខេត្ត​ទាំង​ពីរ​ បាន​និយាយ​ថា​គ្មាន​របាយការណ៍​អំពី​គ្រោះថ្នាក់​ស្លាប់​ដោយ​សារ​ទឹក​ជំនន់​ទន្លេ​មេគង្គ​នេះ​ទេ។

លោក​ចាន់​ យុត្ថា​ នាយក​ឧទ្ទកាល័យ​ក្រសួង​ធនធាន​ទឹក​ និង​ឧត្តុនិយម​ បាន​ថ្លែង​ថា​នៅ​ម៉ោង​៥​រសៀល​នេះ​ ខេត្ត​ស្ទឹងត្រែង​មាន​កម្ពស់​ ទឹក​១០,៨៨​ម៉ែត្រ​ដែល​ស្ថិត​នៅ​នឹងថ្កល់​តាំង​ពី​ម៉ោង​១០​ព្រឹក​មក​ ហើយ​កម្ពស់​ទឹក​នេះ​នឹង​ចាប់​ផ្តើម​ស្រក​នៅ​ថ្ងៃ​សៅរ៍​ស្អែក។ ខេត្ត​ក្រចេះ​មាន​កម្ពស់​ទឹក​២១,៧១​ម៉ែត្រ​នៅ​ម៉ោង​៥​រសៀល​ បើ​ប្រៀបធៀប​នឹង​កម្ពស់​ទឹក​នៅ​ម៉ោង​៧​ព្រឹក​មាន​ការ​កើន​ឡើង​០,០៧​ម៉ែត្រ​ ហើយ​កម្ពស់​ទឹក​នេះ​នឹង​ចាប់​ផ្តើម​ស្រក​ចុះ​វិញ​នៅ​ថ្ងៃ​ទី​១៤។​ ខេត្ត​កំពង់ចាម​ ​​មក​ដល់​ម៉ោង​៤​រសៀល​មាន​កម្ពស់​ទឹក​១៥,០០​ម៉ែត្រ​ ហើយ​កម្ពស់​ទឹក​នេះ​អាច​នឹង​ស្រក់​ចុះ​វិញ​នៅ​ថ្ងៃ​ទី​១៥៕

This posting includes an audio/video/photo media file: Download Now

ជន​ជាប់​ចោទ​ជរា​នឹង​ត្រូវ​ចូល​សវនាការ​អំពី​រឿង​សុខភាព

Posted: 12 Aug 2011 12:23 PM PDT

អតីត​មេដឹកនាំ​កំពូល​ខ្មែរក្រហម​ចាស់ជរា​ចំនួន​ពីរ​រូប​នឹង​ត្រូវ​បាន​នាំខ្លួន​ចូល​សវនាការ​ថ្មី​មួយ​ទៀត​​ក្នុង​អង្គ​ជំនុំជម្រះ​សាលា​ដំបូង​​នៅចុង​ខែ​សីហា​នេះ​ដើម្បី​ជជែក​ដេញដោល​ពី​ស្ថានភាព​សុខភាព​​របស់​ពួកគេ​ថា​តើ​​ពួកគេ​​មាន​កាយ​សម្បទា​គ្រប់គ្រាន់​ដើម្បី​ចូលរួម​​ដំណើរការ​កាត់ទោស​ពួកគេ​​បានដែរ​​ឬ​យ៉ាងណា។ នេះបើ​យោង​តាម​​ដីកា​ដែល​ត្រូវ​បាន​ចេញ​ដោយ​លោកចៅក្រម​ និល​ ណុន​ ប្រធាន​អង្គ​ជំនុំ​ជម្រះ​​សាលាដំបូង​របស់​សាលាក្ដី​ខ្មែរក្រហម​​នៅ​ថ្ងៃ​សុក្រ​នេះ។

លោក ​នួន​ ជា ​អតីត​ប្រធាន​សភា​ខ្មែរក្រហម ​អាយុ ​៨៥ ឆ្នាំ​ និង​លោក​ស្រីអៀង​ ធីរិទ្ធ​ អាយុ​៧៩ ​ឆ្នាំ​​និង​ជាអតីត​រដ្ឋមន្ដ្រី​ក្រសួង​សង្គមកិច្ច​នឹង​ត្រូវ​ចូល​សវនាការ​រយៈពេល​បីថ្ងៃ​ចាប់ពី​ថ្ងៃទី ​២៩ ​ដល់​៣១​ ខែ​សីហា​នេះ ​ខណៈ​ដែល​ជនជាប់​ចោទ​ពីរនាក់​ទៀត​គឺអៀង ​សារី ​អ​តីត​រដ្ឋមន្ដ្រី​ការបរទេស ​និង​​ខៀវ​ សំផន ​អតីត​ប្រមុខ​រដ្ឋខែ្មរ​ក្រហម​មិនបាន​ប្ដឹង​តវ៉ា​ឲ្យមាន​ការជំនុំជម្រះ​សម្រេច​សេចក្ដី​ពី​ភាពអាច​ចូល​​រួម​សវនាការ​បាន​ដោយ​បញ្ហាសុខភាព​នោះទេ។

នេះគឺជា​សវនាការ​លើក​ទី២​ក្នុង​សំណុំរឿង​​០០២​ មុននឹង​អង្គជំនុំជម្រះ​សាលាដំបូង​អាចបើក​សវនាការ​ពេញអង្គ​សេចក្ដី​នៅក្នុង​អំឡុង​ចុងឆ្នាំ​២០១១​ នេះ។

កាល​ពីចុង​ខែមិថុនា​សាលាដំបូង​បាន​បើក​សវនាការ​បឋម​មួយ​ដែល​ជា​សវនាការ​លើកដំបូង​​សម្រាប់​សំណុំរឿង​ដ៏មានសារ​សំខាន់នេះ។ សវនាការ​នោះ​ដែល​ត្រូវ​ចាត់​ទុកថា​ គឺ​ដំណើរ​ឆ្ពោះ​ទៅ​រក​ការ​កាត់ទោស​លើ​អតីត​មេដឹកនាំ​កំពូល​ខ្មែរក្រហម​ចំនួន​បួននាក់​ដែល​នៅ​មាន​ជីវិត​ក្នុង​ភាពជរា​នេះ។

លោក​ នេត ​ភក្ដ្រា​ អ្នកនាំពាក្យ​សាលាក្ដី​ខ្មែរក្រហម​បញ្ជាក់​ថា ​សវនាការ​លើកនេះ​នឹង​ជួយ​ឲ្យ​ចៅក្រម​​សាលា​ដំបូង​ធ្វើការ​កំណត់​កាលវិភាគ​ការកាត់​ទោសពេញអង្គ​​ឲ្យបាន​ត្រឹមត្រូវ​យោងតាម​ស្ថានភាព​​សុខភាព​របស់​ជនជាប់ចោទ។

«កាយ​សម្បទា​នេះ​សំខាន់​ពីព្រោះ​យើង​ឃើញ​ថា ​ការ​អង្គុយ​ឬ​ការ​ចូលរួម​ក្នុង​សវនាការ​រយៈពេល​យូរ​​ដូច្នេះ​អង្គជំនុំជម្រះ​សាលាដំបូង​គាត់​ត្រូវការ​ដឹង។ ពេល​ដែល​ទទួល​បាន​ការ​វាយ​តម្លៃ​រួច​​ហើយ​គឺ​អង្គជំនុំជម្រះ​អាច​នឹង​ឈានដល់​ការ​កំណត់​លើ​កាលវិភាគ​រៀបចំ​សវនាការ​លើ​អង្គសេចក្ដី»។

នួន ​ជា ​អៀង ​សារី​ ខៀវ ​សំផន​ និង​អៀង​ ធីរិទ្ធ​ ត្រូវ​ចោទ​ប្រកាន់​ពីបទ​ឧក្រិដ្ឋកម្ម​សង្គ្រាម ​ឧក្រិដ្ឋកម្ម​ ប្រឆាំង​មនុស្សជាតិ ​និង​បទ​ប្រល័យ​ពូជសាសន៍​​ទាក់ទង​ទៅនឹង​ការស្លាប់​របស់​ប្រជាពលរដ្ឋ​កម្ពុជា​អស់ជិតពីរលាននាក់​ចន្លោះ​ពី​ឆ្នាំ ១៩៧៥ ​ដល់​ឆ្នាំ ១៩៧៩​ ដែល​ពួក​គេ​កាន់កាប់​អំណាច។

ក្រុម​​មេធាវី​​ធ្លាប់​បាន​​ឲ្យ​ដឹង​​ថា ​អៀង​​​ ធី​រិទ្ធ ​​មាន​​​​ជំងឺ​​​​ជង្គង់​​ ជំងឺ​​​ភ្នែក​​ និង​​​​មាន​​​​ជំងឺ​​​គេង​​​មិន​លក់។ អៀង ​​សារី ​មាន​​ជំងឺ​​បេះ​ដូង​ ​និង​​ជំងឺ​​ឆ្អឹង​ខ្នង​​ រីឯ​​នួន​​ ជា ​​មាន​​ជំងឺ​​លើ​ស​ឈាម ​​និង​​បញ្ហា​​ភ្នែក​​ខ្លាំង។ រីឯ​ខៀវ​ សំផន ​ហាក់ដូចជា​មិន​មាន​របាយការណ៍​ពី​បញ្ហា​សុខភាព​គួរកត់​សម្គាល់​ឡើយ​ក្រៅពី​គាត់​ធ្លាប់​មាន​​ជម្ងឺ​លើស​ឈាម​មុននឹង​គាត់ត្រូវ​ចាប់ខ្លួន។

សាលាក្ដី​ខ្មែរក្រហម​បាន​ប្រគល់​ភារកិច្ច​ជូន​​លោក​សាស្ដ្រាចារ្យ​​ចន ​ខាំបែល្ល ​(John Campbell )វេជ្ជ​បណ្ឌិត​​ជំនាញ​ខាងផ្នែក​ថែទាំ​ជំងឺមនុស្សចាស់​​មកពី​ប្រទេស​នូវ៉ែលហ្ស៊េឡង់​ ធ្វើការ​ពិនិត្យ និង​វាយតម្លៃ​​លើ​​កាយ​សម្បទា​ជនជាប់ចោទ​ទាំងបួន។

នៅក្នុង​ដីកា​កំណត់​ថ្ងៃ​សវនាការ​លើ​កាយសម្បទា​ជនជាប់ចោទ​នៅថ្ងៃនេះ ​លោក​ចៅក្រម​និល ​ណុន​ បាន​ឲ្យដឹង​ថា ​លោក​​ខៀវ ​សំផន​ មិន​ទទួល​យក​ការត្រួតពិនិត្យ ​និង​វាយតម្លៃ​លើ​កាយ​សម្បទា​​របស់​​គាត់ទេ។ រីឯ​អតីត​បង​ធំ​ទី៣​ អៀង ​សារី ​ក៏​មិនបដិសេធ​នូវ​អ្វី​ដែល​វេជ្ជបណ្ឌិត​រូបនេះ​បាន​​រកឃើញ​​​​នោះ​​​​​ដែរ។

លោក​ សុន ​អារុណ​​ សហ​មេធាវី​កម្ពុជា​របស់​នួន ​ជា ​មាន​ប្រសាសន៍ថា​ លោក​វេជ្ជបណ្ឌិត​ ​ចន ​ខាំបែល្ល បាន​សរសេរ​ក្នុង​របាយការណ៍​ថា ​កូនក្ដី​របស់​លោក​មាន​សុខភាព​មាំទាំ​អាចចូល​រួម​សវនា​​ការបាន​ ក៏ប៉ុន្ដែ​លោក​ចាត់ទុកថា​ នោះគឺ​ជា​របាយការណ៍​ដែល​មិនឆ្លើយតប​នឹង​ស្ថានភាព​ពិត​នៃ​​សុខ​​ភាព​កូន​ក្ដីរ​បស់លោក។​ លោក​មាន​ប្រសាសន៍​ថា៖

«គេថា​គាត់មាន​សុខភាពល្អ។ ចំណែក​យើងៗ​មើល​កូនក្ដី​រាល់ថ្ងៃ​យើង​ដឹង​ថា​​កូនក្ដី​​មាន​សុខភាព​​មិន​​ល្អ។ យើង​ជំទាស់​ការពិនិត្យ​របស់​វេជ្ជបណ្ឌិត​នេះ»។

ដោយឡែក​សហ​មេធាវី​កម្ពុជា​លោក​ ផាត់​ ពៅសៀង​ ការពារក្ដី​ឲ្យ​លោក​ស្រីអៀង ​ធីរិទ្ធ ​មិន​ផ្ដល់​​សេចក្ដី​អត្ថា​ធិប្បាយ​ណាមួយ​នោះទេ ​ដោយ​លោកអះអាង​ថា ​លោក​កំពុង​ជាប់រវល់៕

This posting includes an audio/video/photo media file: Download Now

ព័ត៌មាន​អន្តរជាតិ​សង្ខេប៖ ១២ សីហា

Posted: 11 Aug 2011 07:50 PM PDT

This posting includes an audio/video/photo media file: Download Now

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!