VOA News: ព័ត៌មាន: “រដ្ឋាភិបាលយកចិត្តទុកដាក់បន្ថែមលើបញ្ហាបឹងកក់” plus 3 more |
- រដ្ឋាភិបាលយកចិត្តទុកដាក់បន្ថែមលើបញ្ហាបឹងកក់
- កម្ពុជាប្រកាសទទួលជំនួយយោធាគ្រប់យ៉ាងពីបរទេសតែសុំកុំដាក់លក្ខខណ្ឌ
- ការតស៊ូមតិរវាងយុវជននយោបាយស្តីអំពីពលកម្មចំណាកស្រុក
- ព័ត៌មានអន្តរជាតិសង្ខេប៖ ១០ សីហា
រដ្ឋាភិបាលយកចិត្តទុកដាក់បន្ថែមលើបញ្ហាបឹងកក់ Posted: 10 Aug 2011 03:12 PM PDT អាជ្ញាធរដែនដីហាក់ដូចជាមានការយកចិត្តទុកដាក់ខុសពីធម្មតាលើបញ្ហាអភិវឌ្ឍនៅបឹងកក់ បន្ទាប់ពីមានការគំរាមបង្កកប្រាក់កម្ចីពីធនាគារពិភពលោក។ អ្នកស្រី ទេព វន្នី តំណាងអ្នកភូមិបឹងកក់បាននិយាយនៅថ្ងៃពុធនេះថាអាជ្ញាធរក្រុងភ្នំពេញបានបង្ហាញលិខិតកិច្ចព្រមព្រៀងមួយរវាងសាលាក្រុងភ្នំពេញនិងក្រុមហ៊ុនរបស់លោកឧកញ៉ាសុខ គង់។ អ្នកស្រីបានបញ្ជាក់ថា ការបង្ហាញលិខិតរបស់អាជ្ញាធរក្រុងភ្នំពេញនេះបានកើតមានឡើងក្រោយពេលដែលធនាគារពិភពលោកបានព្រមានពីការបង្កកប្រាក់កម្ចីដល់កម្ពុជាដោយសារតែរដ្ឋាភិបាលកម្ពុជាមិនបានដោះស្រាយប្លង់កម្មសិទ្ធិដីធ្លីដល់ប្រជាពលរដ្ឋនៅតំបន់បឹងកក់។ លោកស្រីបានបញ្ជាក់ទៀតថា លោកឧកញ៉ាសុខ គង់ បានចុះទៅពិនិត្យស្ថានភាពបូមខ្សាច់ផ្ទាល់នៅតំបន់បឹងកក់ជាលើកដំបូង និងបានសន្យាជាមួយប្រជាពលរដ្ឋថា ការបូមខ្សាច់នឹងមិនធ្វើអោយលិចលុងផ្ទះប្រជាពលរដ្ឋដែលនៅក្បែរៗមាត់បឹងទេ។ អ្នកស្រីទេព វន្នី មានប្រសាសន៍ថា៖ «ចាប់តាំងពីធនាគារពិភពលោកគាត់ចេញមក ប៉ុន្នានថ្ងៃនេះមានគេ call មកខ្ញុំដែរសួរថាបញ្ហាទឹកក្រុមហ៊ុនមានលួចបូមទៀតអត់? ទឹកមានច្រាលអត់? ថ្ងៃម្សិលមិញ គេយកចិត្តទុកដាក់ខ្លាំងគេចាប់ផ្តើមកាយលូ»។ លោកស្រីអាណ្ណែត្តិ៍ ឌិកសុន (Annette Dixon) នាយកធនាគារពិភពលោកប្រចាំតំបន់ កាលពីថ្ងៃអង្គារបានប្រាប់វីអូអេខ្មែរ តាមរយៈសារអេឡិចត្រូនិកថា ធនាគារពិភពលោកបានផ្តល់ប្រាក់កម្ចីដល់កម្ពុជាកាលពីខែធ្នូ ឆ្នាំ២០១០។ ធនាគារពិភពលោកនឹងមិនផ្តល់ប្រាក់កម្ចីបន្ថែមដល់កម្ពុជាទេប្រសិនបើគ្មានកិច្ចព្រមព្រៀងដោះសា្រយបញ្ហាប្រជាពលរដ្ឋនៅតំបន់បឹងកក់។ លោកផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីបានបញ្ជាក់ថា រដ្ឋាភិបាលទាមទារការពន្យល់ឲ្យបានច្បាស់ពីធនាគារពិភពលោកជុំវិញការប្រកាសតាមរយៈបណ្តាញព័ត៌មាន។ លោកបានប្រាប់វីអូអេខ្មែរថា៖ «អានេះជាការប្រើប្រាស់សិទ្ឋិមួយ។ យើងដឹងថាសិទ្ឋិទី១សិទ្ឋិទ្វេភាគី ដែលយើងទទួលក្នុងការចុះហត្ថលេខាព្រមព្រៀងនីមួយៗ។ ហើយការរំលោភនៃកិច្ចព្រមព្រៀងនេះ យើងមិនអាចទទួលយកបាន។ យើងនឹងដោះស្រាយតាមផ្លូវច្បាប់»។ ការចាក់ដីដើម្បីលប់បំពេញផ្ទៃបឹងកក់បណ្តាលឲ្យមានការជម្លៀសប្រជាពលរដ្ឋនៅតំបន់បឹងកក់ច្រើនរាប់ពាន់គ្រួសារ។ យោងតាមកិច្ចព្រមព្រៀងរវាងសាលាក្រុងភ្នំពេញ និងក្រុមហ៊ុនស៊ូកាគូអ៊ីន តំបន់អភិវឌ្ឍបឹងកក់នេះមានទំហំជាង១៣៣ហិកតា។ គម្រោងនេះត្រូវបានរៀបចំឡើងដោយសាលាក្រុងភ្នំពេញ និងក្រុមហ៊ុនស៊ូកាគូអ៊ីនរបស់លោកឧកញ៉ាឡាវ ម៉េងឃីន សមាជិកព្រឹទ្ឋសភាខាងគណបក្សប្រជាជនកម្ពុជា និងក្រុមហ៊ុនចិនមួយទៀតដើម្បីជួលដីបឹងកក់រយៈពេល៩៩ឆ្នាំសម្រាប់អភិវឌ្ឍតំបន់នេះឲ្យទៅជាមជ្ឃមណ្ឌលពាណិជ្ជកម្មទំនើបៗ សណ្ឋាគារ និងផ្ទះល្វែង។ ក្រុមជនរងគ្រោះបានស្នើសុំឲ្យរដ្ឋាភិបាលផ្តល់ដីមួយចំណែកឲ្យខ្លួនដើម្បីជៀសវាងការទៅរស់នៅជាយក្រុងភ្នំពេញ។ ក្រុមអ្នកស្រុកបឹងកក់ធ្លាប់បានធ្វើការតវ៉ាជាច្រើនលើកដើម្បីស្វែងរកដំណោះស្រាយ ក៏ប៉ុន្តែជាញឹកញាប់ត្រូវបានអាជ្ញាធរបង្ក្រាប និងចាប់ខ្លួន៕ This posting includes an audio/video/photo media file: Download Now |
កម្ពុជាប្រកាសទទួលជំនួយយោធាគ្រប់យ៉ាងពីបរទេសតែសុំកុំដាក់លក្ខខណ្ឌ Posted: 10 Aug 2011 02:44 PM PDT ប្រទេសកម្ពុជាបានប្រកាសទទួលយកជំនួយយោធាដោយគ្មានលក្ខខណ្ឌពីបណ្តាប្រទេសផ្សេងៗសម្រាប់យកមកការពារប្រទេសប្រឆាំងនឹងសត្រូវឈ្លានពាន ខណៈដែលកងទ័ពអាកាសសហរដ្ឋអាមេរិកបានចាប់ធ្វើសកម្មភាពផ្តល់ជំនួយយោធាផ្នែកស៊ីវិលនៅខេត្តកោះកុង។ លោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា បានថ្លែងកាលពីថ្ងៃអង្គារនៅក្នុងសិក្ខាសាលាថ្នាក់ជាតិស្តីពីការស្វែងយល់អំពីអនុសញ្ញាអាវុធគីមីថា៖ «យើងរក្សាសិទ្ធិទទួលជំនួយបរទេសជាសម្ភារៈយោធា អាវុធ គ្រាប់រំសេវ ការហ្វឹកហ្វឺនកងកម្លាំងប្រដាប់អាវុធនិងជំនួយផ្សេងៗទៀតដើម្បីការពារខ្លួន ធានាសណ្តាប់ធ្នាប់ និងសន្តិសុខសាធារណៈនៅផ្ទៃក្នុងប្រទេស»។ ប្រទេសកម្ពុជាបានទទួលជំនួយយោធាពីសហរដ្ឋអាមេរិកនិងប្រទេសចិន ដូចជា ការហ្វឹកហាត់ជំនាញយោធា នាវាល្បាតសមុទ្រ រថយន្តយោធា និងឯកសណ្ឋានយោធា។ សេចក្តីថ្លែងការណ៍របស់ស្ថានទូតអាមេរិកប្រចាំកម្ពុជា បាននិយាយថាកាលពីថ្ងៃច័ន្ទ បុគ្គលិកកងទ័ពអាកាសសហរដ្ឋអាមេរិកបានចាប់ផ្តើមសកម្មភាពផ្តល់ជំនួយយោធាផ្នែកស៊ីវិលនៅខេត្តកោះកុងជាមួយសមភាគីកម្ពុជាពីកងកម្លាំងសន្តិសុខ ក្រុមវិស្វកម្ម និងក្រុមគ្រូពេទ្យនៃ កងយោធពលខេមរៈភូមិន្ទ។ សេចក្តីថ្លែងការណ៍នេះ បានបន្តថាបេសកម្មរយៈពេលមួយសប្តាហ៍នេះដែលមានឈ្មោះថា«ប្រតិបត្តិការទេវតាតំបន់ប៉ាស៊ីហ្វិក១១-១» គឺជាផ្នែកមួយនៃសកម្មភាពរួមគ្នាផ្នែកជំនួយមនុស្សធម៌ដែលមានជាបន្តបន្ទាប់និងចូលរួមដោយអង្គភាពយោធាកម្ពុជា អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក និងក្រុមទ័ពអាកាសសហរដ្ឋអាមេរិកប្រចាំតំបន់ប៉ាស៊ីហ្វិក។ យ៉ាងណាក៏ដោយលោក ទៀ បាញ់ បានបន្ថែមថាព្រះរាជាណាចក្រកម្ពុជាបានប្រកាន់ខ្ជាប់ជានិច្ចនូវគោលនយោបាយអព្យាក្រិត្យ មិនចូលបក្សសម្ព័ន្ធ រួមរស់ដោយសន្តិសហវិជ្ជមានជាមួយប្រទេសជិតខាង និងប្រទេសដទៃទៀតទាំងអស់នៅលើសកលលោក។ ក្រុមគណបក្សប្រឆាំងនៅក្នុងប្រទេសកម្ពុជាក៏បញ្ជាក់ពីសិទ្ធិរបស់កម្ពុជាក្នុងការទទួលយកជំនួយយោធាសម្រាប់បម្រើផលប្រយោជន៍ប្រទេស ក៏ប៉ុន្តែរំលឹកឱ្យប្រយ័ត្នប្រយែងចំពោះជំនួយដែលអាចមាននឹងប្រើប្រាស់ដើម្បីជាប្រយោជន៍បរទេសវិញ។ លោក កឹម សុខា ប្រធានគណបក្សសិទ្ធិមនុស្ស បានថ្លែងថា៖ «ជំនួយបរទេសសម្រាប់ការពារអធិបតេយ្យភាព និងបូរណភាពទឹកដីខ្លួនឯងដែលមិនមានឥទ្ធិពលនយោបាយពីបរទេសទេ។ តាមការយល់ឃើញរបស់ខ្ញុំដូចជាមិនមានបញ្ហាអ្វីទេ។ ប៉ុន្តែបើសិនជាជំនួយភ្ជាប់មកជាមួយឥទ្ធិពលនយោបាយបរទេសដើម្បីមហិច្ឆតាបរទេសមួយ ដើម្បីខ្ចីដៃយើងសម្រាប់ទប់ទល់ជាមួយបរទេសមួយផ្សេងទៀត វាប៉ះពាល់ដល់រដ្ឋធម្មនុញ្ញ»។ លោកយឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសម រង្ស៊ីបានថ្លែងថាគណបក្សសម រង្ស៊ីទទួលស្វាគមន៍ការផ្តល់ជំនួយបរទេសផ្នែកយោធាសម្រាប់ការពារប្រទេសកម្ពុជា ប៉ុន្តែជំនួយនោះមិនត្រូវមានលក្ខខណ្ឌទេ។ «យើងអាចឆ្លៀតយកចំណេញពីជំនួយបរទេសផ្នែកយោធាសម្រាប់បម្រើឱ្យផលប្រយោជន៍ការពារជាតិពិតប្រាកដ។ ការទទួលជំនួយនេះមិនត្រូវឱ្យមានលក្ខខណ្ឌទេ ដូចជា ដៃម្ខាងហុចជំនួយ ប៉ុន្តែដៃម្ខាងទៀតសុំសម្បទានព្រៃឈើ និងសម្បទានដីធ្លីដោយគ្មានតម្លាភាព និងការទទួលខុសត្រូវ។ នេះជារឿងដែលរដ្ឋាភិបាលគួរតែជៀសវាង»។ លោកយឹម សុវណ្ណ បានបន្ថែមថាក្នុងអតីតកាល ប្រទេសកម្ពុជាមានប្រវត្តិដ៏ជូរចត់នៅពេលដែលប្រទេសកម្ពុជាបានទទួលជំនួយយោធាពីបរទេស ហើយវាបានកើតមានសង្ក្រាមស៊ីវិល និងរបបប្រល័យពូជសាសន៍៕ This posting includes an audio/video/photo media file: Download Now |
ការតស៊ូមតិរវាងយុវជននយោបាយស្តីអំពីពលកម្មចំណាកស្រុក Posted: 10 Aug 2011 01:00 PM PDT វិទ្យាស្ថានសាធារណរដ្ឋអន្តរជាតិរបស់សហរដ្ឋអាមេរិក (IRI) បានបើកវេទិកាសួរដេញដោលមតិយុវជនពហុបក្សសម្រាប់យុវជនមកពីគណបក្សប្រជាជនកម្ពុជា និងគណបក្សសម រង្សី នៅមជ្ឈមណ្ឌលវប្បធម៌កូរ៉េខាងត្បួងដើម្បីពិភាក្សាអំពីបញ្ហាពលករចំណាកស្រុក។ វេទិកាសួរដេញដោលមតិយុវជនពហុបក្សនេះបានធ្វើឡើងជាមធ្យោបាយមួយសម្រាប់ឲ្យយុវជនត្រៀមធ្វើការសម្រេចបោះឆ្នោតពេលខាងមុខជូនគណបក្សណាមួយដែលអាចដោះស្រាយបញ្ហារបស់ខ្លួន។ កម្ពុជានឹងធ្វើការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កត់នៅឆ្នាំ២០១២ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅក្នុងឆ្នាំ២០១៣។ លោក អ៊ិន សំអុល តំណាងយុវជនគណបក្សសម រង្សី នៅថ្ងៃពុធនេះ បានរិះគន់រដ្ឋាភិបាលអំពីអសមត្ថភាពក្នុងការបង្កើតការងារធ្វើសម្រាប់យុវជននៅក្នុងស្រុក ខណៈដែលពលករចំណាកស្រុកខ្មែរបានកើនឡើងទៅដល់ចំនួន១៣៧.០០០នាក់នៅពាក់កណ្តាលឆ្នាំ២០១១នេះ។ លោក អ៊ិន សំអុល បានថ្លែងថាពលករចំណាកស្រុកកម្ពុជាធ្វើការនៅម៉ាឡេស៊ីដូចជាទាសករ។ លោកថ្លែងថា៖ «យើងយល់ឃើញថា លំហូរពលកររបស់យើងទៅក្រៅប្រទេសជាសញ្ញាណមួយបង្ហាញឲ្យឃើញថាប្រទេសកម្ពុជាខ្វះខាតនូវការងារ។ ប្រទេសដែលទទួលយកពលករ បានមើលងាយមើលថោកដល់ប្រទេសយើង។ ហេតុនេះ យើងត្រូវទប់ស្កាត់ឲ្យបាននូវលំហូរចេញពលករខ្មែរយើងទៅក្រៅប្រទេស។ យើងត្រូវបណ្តុះការងារដល់យុវជនទាំងនោះ ជាពិសេសពលករទាំងនោះ ឲ្យគាត់មានជំនាញមួយ ដើម្បីធ្វើការងារនៅក្នុងស្រុក ជៀសវាងការហូរចេញទៅក្រៅប្រទេស»។ កម្ពុជាបញ្ជូនពលករទៅម៉ាឡេស៊ី ថៃ កូរ៉េខាងត្បូង និងជប៉ុន ។ នៅក្នុងឆ្នាំ២០១០ ធនាគារពិភពលោកបានប៉ាន់ស្មានថា មានពលករចំណាកស្រុកខ្មែរប្រមាណ៣៥០.០០០នាក់នៅបរទេស។ អង្គការពលកម្មពិភពលោក បានប៉ាន់ស្មានថា យុវជនកម្ពុជារវាងពី២៥០.០០០នាក់ទៅ៣០០.០០០នាក់ចូលទៅក្នុងទីផ្សារការងារ ជារៀងរាល់ឆ្នាំ។ បើមានការងារតិចតួចនៅក្នុងប្រទេស យុវជនមួយចំនួនត្រូវបង្ខំចិត្តស្វែងរកការងារធ្វើនៅក្រៅប្រទេស។ លោក ស សុពុទ្ធត្រា តំណាងយុវជនគណបក្សប្រជាជនកម្ពុជា បានថ្លែងនៅក្នុងវេទិការដេញដោលមតិយុវជនពហុបក្សថា លំហូរពលករខ្មែរទៅក្រៅប្រទេសនេះ គឺជារឿងល្អសម្រាប់រកប្រាក់ចំណូលលើកកម្ពស់ជីវភាពគ្រួសារនៅក្នុងឧស្សាហកម្មការងារអន្តរប្រទេស។ លោកថ្លែងដូច្នេះថា៖ «ការធ្វើលំហូរពលករចេញទៅក្រៅប្រទេសមិនមែនសុទ្ធតែអវិជ្ជមាន សុទ្ធតែអាក្រក់ទាំងអស់នោះទេ។ កត្តាវិជ្ជមានគឺផ្តល់នូវកម្រៃ។ អ្នកចេញខាងក្រៅពិតប្រាកដតាមក្រុមហ៊ុនដែលមានអាជ្ញាប័ណ្ណពិតប្រាកដ គឺទទួលបានប្រាក់ខែខ្ពស់ណាស់ ដើម្បីជួយជីវភាពគ្រួសារ។ ប៉ុន្តែអ្វីដែលជាអវិជ្ជមាន ដោយសារពួកគាត់ចាញ់កលរបស់ក្រុមហ៊ុន ឬមេខ្យល់មួយចំនួនដែលបានបញ្ចុះបញ្ចូលពួកគាត់ឲ្យទៅធ្វើការនៅក្រៅប្រទេសដោយខុសច្បាប់»។ សេចក្តីថ្លែងការណ៍ស្តីពីលទ្ធផលនៃសម័យប្រជុំគណៈរដ្ឋមន្ត្រី បានបង្ហាញថាគិតមកដល់ឆ្នាំ២០១០ ពលករខ្មែរដែលកំពុងធ្វើការនៅបរទេស មានចំនួន១២៦.៣០៤នាក់ដោយបានទទួលចំណូលពីប្រាក់ឈ្នួលសរុបជាមធ្យមចំនួន៣៦០លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។ ជាមធ្យមពលករម្នាក់ៗបញ្ជូនប្រាក់ចំណូលរបស់ខ្លួនតែ៥០ភាគរយនៃប្រាក់ឈ្នួលមកគ្រួសារនៅក្នុងប្រទេសវិញ។ ការគិតចំណូលនេះ នៅមិនទាន់បានគិតពលករដែលទើបបញ្ជូនថ្មីនៅឆមាសទី១ ឆ្នាំ២០១១ ចំនួន១០.៦៥៤នាក់នេះទេ។ រហូតមកដល់ពេលនេះ ពលករដែលបានត្រឡប់មកប្រទេសវិញ មានចំនួន៤០.៤៤៤នាក់ ដោយបាននាំមកនូវបទពិសោធន៍ បច្ចេកទេស ជំនាញ និងភាសា ដែលជាតម្រូវការសម្រាប់អ្នកវិនិយោគទុនបរទេសនៅកម្ពុជា៕ This posting includes an audio/video/photo media file: Download Now |
ព័ត៌មានអន្តរជាតិសង្ខេប៖ ១០ សីហា Posted: 09 Aug 2011 07:48 PM PDT ព័ត៌មានចុងក្រោយបំផុត៖ ចិន៖ នាវាផ្ទុកយន្តហោះលើកដំបូងរបស់ចិនបានបើកចេញពីកំពង់ផែ Dalian ដើម្បីសាកល្បងនៅថ្ងៃពុធ ដែលជាមោទនភាពយ៉ាងខ្លាំងសម្រាប់ប្រជាពលរដ្ឋចិន ក៏ប៉ុន្តែជាប្រភពនៃការបារម្ភសម្រាប់ប្រទេសជិតខាងជាច្រើន។ សេដ្ឋកិច្ចពិភពលោក៖ នៅថ្ងៃពុធនេះ ទីផ្សារភាគហ៊ុននៅទូទាំងទ្វីបអាស៊ីបានបិទទ្វារដោយមានលទ្ធផលជាវិជ្ជមាន ដែលឆ្លុះបញ្ចាំងពីការងើបឡើងវិញយ៉ាងខ្លាំងនៅឯទីផ្សារភាគហ៊ុន Wall Street កាលពីមួយថ្ងៃមុនដែលខុសពីថ្ងៃច័ន្ទដែលមានការលក់ចោលនូវភាគហ៊ុនយ៉ាងច្រើនសន្ធឹកសន្ធាប់។ កូរ៉េខាងត្បូង៖ មន្ដ្រីកូរ៉េខាងត្បូងនិយាយថា ប្រទេសកូរ៉េខាងជើងនិងខាងត្បូង បាញ់កាំភ្លើងធំដាក់គ្នាទៅវិញទៅមកនៅថ្ងៃពុធ នៅក្នុងតំបន់ស្ថិតនៅជិតព្រំដែនជាមួយ ប្រទេសកូរ៉េខាងជើង។ ស៊ីរី៖ ទីប្រឹក្សាសន្ដិសុខអ.ស.ប.កំពុងតែជួបប្រជុំនៅថ្ងៃពុធនេះ ដើម្បីពិភាក្សាគ្នាអំពីស្ថានការណ៍នៅប្រទេសស៊ីរី មួយអាទិត្យក្រោយពីបានចេញសេចក្ដីថ្លែងការណ៍ថ្កោលទោសយ៉ាងធ្ងន់ធ្ងរដល់រដ្ឋាភិបាលក្នុងការបង្រ្កាបក្រុមអ្នកតវ៉ាជំទាស់ហើយអំពាវនាវឲ្យឈប់ធ្វើអំពើហឹង្សា។ ប៉ាគីស្ថាន៖ មន្ដ្រីស៊ើបការណ៍សម្ងាត់ប៉ាគីស្ថាននិយាយថា ការទម្លាក់គ្រាប់បែករបស់យន្ដហោះ drone គ្មានអ្នកបើកបរ បានសម្លាប់ពួកសកម្មប្រយុទ្ធយ៉ាងតិច២០នាក់នៅក្នុងតំបន់ពួកកុលសម្ព័ន្ធ North Waziristan ស្ថិតនៅតាមបណ្ដោយព្រំដែនប្រទេស អាហ្វហ្គានីស្ថាន។ អង់គ្លេស៖ នៅថ្ងៃពុធនេះ ទីក្រុងឡុងដ៍មានសភាពស្ងប់ស្ងាត់ ក៏ប៉ុន្ដែកុបកម្មដែលឆាបឆេះនៅក្នុងរាជធានីរបស់ចក្រភពអង់គ្លេស ក្នុងរយ:ពេលប៉ុន្មានយប់កន្លងទៅនេះ បានរាលដាលទៅដល់ទីក្រុងដទៃៗទៀត រួមមានទីក្រុងម៉ាន់ឆេស្ទ័រ (Manchester) និង ប៊រមីងហ៊ែម (Birmingham)។ <!--AV--> ព័ត៌មាននៅពេលមុននេះ៖ <!--IMAGE-->សេដ្ឋកិច្ចសកលលោក៖ ទំនុកចិត្តប្រាក់ដុល្លារជារូបិយប័ណ្ណសំខាន់មួយរបស់ពិភពលោកជាយូរមកហើយ បានចុះថយនៅពេលដែលអ្នកវិនិយោគទុនមាន មន្ទិលសង្ស័យអំពីសេដ្ឋកិច្ចមិនរឹងមាំរបស់សហរដ្ឋអាមេរិក និងសមត្ថភាពរបស់រដ្ឋាភិបាលអាមេរិកដើម្បីដោះស្រាយបំណុលរយៈពេលយូរអង្វែង។ សេដ្ឋកិច្ចសកលលោក៖ ពួកមន្រ្តីកំពូលធនាគារកណ្តាលសហរដ្ឋអាមេរិកនិយាយថា ពួកលោកនឹងរក្សាអត្រាការប្រាក់ឲ្យនៅទាបដដែល យ៉ាងហោចណាស់ក៏ដល់ពាក់កណ្តាលឆ្នាំ២០១៣ដែរ។ ធនាគារកណ្តាលប្រាប់ឲ្យដឹងថា ខ្លួនមានការព្រួយកង្វល់ថាការរីកលូតលាស់សេដ្ឋកិច្ចមានការយឺតជាងការរំពឹងទុក ហើយទីផ្សារការងារសហរដ្ឋអាមេរិកក៏ខ្សោយជាងការរំពឹងទុកដែរ។ សេដ្ឋកិច្ចសកលលោក៖ អង្គការនៃបណ្តាប្រទេសនាំប្រេងចេញបានប្រាប់ឲ្យដឹងកាលពីថ្ងៃអង្គារថា នៅពេលដែលការរើបឡើងវិញនូវសេដ្ឋកិច្ចសកលលោកមិនមាននៅពេលនេះ ប្រទេសនានានៅជុំវិញពិភពលោកនឹងប្រើប្រាស់ប្រេងតិច។ អង្គការ OPEC ឲ្យដឹងទៀតថា ភាពអន់ថយនៃសេដ្ឋកិច្ចសកលលោកកំពុងតែប៉ះពាល់ទីផ្សារប្រេងរួចទៅហើយ។ ស៊ីរី៖ ប្រទេសតួកគី និងមហាអំណាចបរទេសផ្សេងៗទៀតបានធ្វើការអំពាវនាវជាថ្មីម្តងទៀតដល់ប្រទេសស៊ីរីឲ្យបញ្ឈប់ការបង្ក្រាបដោយអំពើហិង្សាលើពួកអ្នកប្រឆាំងនយោបាយ។ ការអំពាវនាវបានកើតមានឡើងពេលដែលសកម្មជនសិទ្ធិមនុស្សនិយាយថា រដ្ឋាភិបាលបានបន្តការវាយប្រហារកាលពីថ្ងៃអង្គារ ហើយសម្លាប់មនុស្សយ៉ាងហោចណាស់ក៏២៥នាក់ដែរ។ លីប៊ី៖ ប្រទេសកាណាដាបានបញ្ជាឲ្យពួកអ្នកការទូតលីប៊ីដែលនៅសេសសល់នៅស្ថាតទូតក្នុងរដ្ឋធានី អូតាវ៉ា ឲ្យចាកចេញពីប្រទេសខ្លួន នៅក្នុងកិច្ចខិតខំមួយ ដើម្បីធ្វើឲ្យឯកោ និងធ្វើមិនឲ្យស្របច្បាប់ដល់រដ្ឋាភិបាល Muammar Gadhafi។ អាហ្រ្វិកខាងកើត៖ អង្គការស្បៀងអាហារពិភពលោកបានឲ្យដឹងថា ខ្លួនកំពុងបង្កើនជំនួយបន្ថែមទៀតទៅកាន់តំបន់អាហ្រ្វិកខាងកើត ដែលនៅទីនោះខ្លួនកំពុងព្យាយាមជួយប្រជាពលរដ្ឋចំនួន ១១លាន ៥សែននាក់ ដែលកំពុងដោះស្រាយជាមួយនឹងវិបត្តិរាំងស្ងួត និងគ្រោះទុរភិក្សនៅក្នុងតំបន់នោះ ។ ជប៉ុន៖ រាជរដ្ឋាភិបាលជប៉ុនបានសំរេចមិនបន្តនូវការណែនាំពីការជម្លៀសប្រជាពលរដ្ឋសម្រាប់តំបន់ខ្លះនៅជុំវិញរោងចក្រនុយក្លេអ៊ែ Fukushima Daiichi ដែលបានបង្កើតនូវឱកាសឲ្យប្រជាពលរដ្ឋរាប់ពាន់នាក់បានវិលត្រឡប់ទៅកាន់លំនៅដ្ឋានរបស់ខ្លួនវិញ ។ អង់គ្លេស៖ លោកនាយករដ្ឋមន្រ្តីអង់គ្លេស David Cameron បានសន្យាកែលម្អឡើងវិញនូវសណ្តាប់ធ្នាប់ និងដាក់ទណ្ឌកម្មដល់ជនដែលទទួលខុសត្រូវលើកុបកម្មហិង្សា ដែលបានរាលដាលពាសពេញទីក្រុងឡុងមកទល់នឹងថ្ងៃទី ៣ និងកំពុងតែរាលដាលដល់ទីក្រុងផ្សេងៗទៀត ។ លោកនាយករដ្ឋមន្រ្តីបានហៅអំពើហិង្សានេះថាជា «ឧក្រិដ្ឋកម្មពិតៗ»។ សហរដ្ឋអាមេរិក៖ លោកប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា បានអញ្ជើញទៅដល់ទីតាំងទ័ពអាកាស Dover ដើម្បីគោរពវិញ្ញាណខ័ណ្ណទាហានអាមេរិកាំង៣០នាក់ដែលបានស្លាប់នៅក្នុងការធ្លាក់ឧទ្ធម្ភាគចក្រនៅក្នុងប្រទេសអាហ្គានីស្ថាន។ ឥណ្ឌា៖ ប៉ូលីសក្នុងរដ្ឋធានីនៃប្រទេសឥណ្ឌាបានបាញ់ទឹក និងវាយទៅលើពួកបាតុករនៅខាងក្រៅសភានៅពេលដែលពួកគេ ព្យាយាមបញ្ឈប់ការផ្ទុះកំហឹងកាន់តែខ្លាំងឡើងលើរឿងពុករលួយជាបន្តបន្ទាប់។ This posting includes an audio/video/photo media file: Download Now |
You are subscribed to email updates from VOA News: ព័ត៌មាន To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |