VOA News: ព័ត៌មាន

VOA News: ព័ត៌មាន


អង្គការ​ពីរ​ចាប់​ផ្តើម​យុទ្ធនាការ​ការ​ប្រែប្រួល​​អាកាសធាតុ

Posted: 25 Feb 2011 03:47 PM PST

ចាប់​តាំង​ពី​ខែ​មករា​ឆ្នាំ​២០១១​នេះ​មក ​អង្គការ Plan ​អន្តរជាតិ​ប្រចាំ​នៅ​កម្ពុជា​ និង​​មជ្ឈមណ្ឌល​សិក្សា​និង​ការ​អភិវឌ្ឍ​កសិកម្ម​កម្ពុជា បាន​ចាប់​ផ្តើម​គម្រោង​រួម​គ្នា​មួយ​ ដើម្បី​អប់រំ​ប្រជាកសិករ​ក្នុង​ស្រុក​ចំនួន​បួន​នៃ​ខេត្ត​សៀមរាប​ និង​ស្រុក​ចំនួន​ពីរ​របស់​ខេត្ត​កំពង់ចាម​ ដើម្បី​ឲ្យ​កសិករ​នៃ​ស្រុក​ទាំងប្រាំ​មួយ​នេះ​ដាំ​ដំណាំ​កសិកម្ម​របស់​ពួក​គាត់​ទៅ​តាម​ការ​ប្រែប្រួល​របស់​អាកាសធាតុ​នា​ពេល​បច្ចុប្បន្ន។

លោក ​សួស សុវណ្ណ ​ទីប្រឹក្សា​កម្មវិធី​សន្តិសុខ​សេដ្ឋកិច្ច​គ្រួសារ​របស់​អង្គការ ​Plan អន្តរជាតិ​ប្រចាំ​នៅ​កម្ពុជា​បាន​មាន​ប្រសាសន៍​នៅក្នុង​សិក្ខាសាលា​សម្ពោធ​គម្រោង​នេះ​កាលពី​ថ្ងៃ​អង្គារ​ក្នុង​រាជធានី​​ភ្នំពេញ​​ថា​ ការ​អប់រំ​ប្រជាពលរដ្ឋ​នឹង​ត្រូវ​ផ្ដោត​លើ​ការ​យល់​ដឹង​ពី​ការ​ធ្វើ​កសិកម្ម​ឲ្យ​សមស្រប​ទៅ​តាម​អាកាសធាតុ​ដូច​ជា​ការ​ជ្រើស​រើស​គ្រាប់ពូជ ​ការ​ទប់ទឹក​ និង​ការ​ទប់ស្កាត់ការ​ច្រោះ​ជីជាតិ​ដី​ជាដើម។ លោក ​សុវណ្ណ​ បន្ត​ថា៖

«បណ្តុះបណ្តាល​ឲ្យ​គាត់​ដឹង​អំពី​ឥទ្ឋិពល​នៃ​ការ​ប្រែប្រួល​អាកាសធាតុ​នេះ​ វា​ប៉ះពាល់​ទៅ​ដល់​ជីវភាព​គាត់​ដូចម្តេច កសិកម្ម​គាត់​ដូច​ម្តេច ​ហើយ​គាត់​ត្រូវ​ទប់​ស្កាត់​ដូច​ម្តេច។ ហើយ​យើង​មាន​ការ​ដាំ​ដុះ​ឲ្យ​មើល​ ឲ្យ​កសិករ​រៀន​តាម​រយៈ​កសិដ្ឋាន​គំរូ​ គឺ​កន្លែង​កសិករ​ដែល​គាត់​ធ្វើ​កសិកម្ម​ ចម្រុះ​ឬ​កសិកម្ម​បែប​និរន្តរភាព​បាន​ជោគជ័យ។ យើង​ឲ្យ​គាត់​ទៅ​ទស្សនកិច្ច​កន្លែង​នោះ​ដើម្បី​មើល​គេ​រៀន​សូត្រ​តាម​គេ​ផ្ទាល់»។

ផែនការ​អប់រំ​ប្រជាកសិករ​នៅក្នុង​ខេត្ត​ទាំងពីរ​នឹង​មាន​រយៈ´​​ពេលប្រាំ​ឆ្នាំ​ គឺ​រហូត​ដល់ឆ្នាំ​២០១៥ ដោយ​ទទួល​មូលនិធិ​ជំនួយ​ចំនួន​ជាង​ ២.៩៦ ​លាន​ដុល្លាអាមេរិក​ពី​សហគមន៍​អឺរ៉ុប។

លោក ​យ៉ង់ សាំងកុមារ​ ប្រធាន​មជ្ឈមណ្ឌលសិក្សា និង​ការអភិវឌ្ឍ​កសិកម្ម​កម្ពុជា​ ហៅកាត់​ថា សេដាក ​បាន​មាន​ប្រសាសន៍​ថា​ ប្រជាពលរដ្ឋ​នៅ​ស្រុក​ចំនួន​ប្រាំមួយ​ក្នុង​ខេត្ត​ទាំង​ពីរ​ខាង​នេះ ​បាន​កំពុង​ប្រឈមមុខ​ជាខ្លាំង​ចំពោះ​ទិន្នផល​កសិកម្ម​របស់​គាត់​មាន​ការ​ធ្លាក់​ចុះ ដូចជា​ ជា​មធ្យម​ស្រូវ​ក្នុង​មួយហិកតា ពួក​គាត់​ទទួល​បាន​ជាង​១តោន​ប៉ុណ្ណោះ​ តែ​ជាទូទៅ​ផល​ស្រូវ​នៅតំបន់​ផ្សេង​នៃប្រទេស​កម្ពុជា​អាច​ទទួល​បាន​យ៉ាងហោច​ណាស់​ជាង​២តោន​ក្នុង​១ហិកតា​។ លោក​បាន​បញ្ជាក់ថា ​មូលហេតុ​ដោយសារ​តែ​ស្រុក​ទាំង​ប្រាំមួយ ​គឺ​ជា​ស្រុក​ដែល​ងាយ​នឹង​រងគ្រោះ​ដោយភាព​រាំង​ស្ងួត​ខ្លាំង​ជាង​គេ​បំផុត។ លោក​ថ្លែង​ដូច្នេះ​ថា៖

«វាមិន​ត្រឹម​ផ្តល់ផល​វិបាក​ដល់​កសិករ​ទេ​ ផ្តល់ផ​​លវិបាក​ដល់​សង្គមជាតិ​ទាំងមូល។ ទីមួយ​បញ្ហា​ជីវភាព​កសិករ។ ​បញ្ហា​ទីពីរ​បញ្ហា​សន្តិសុខ​ស្បៀង​របស់​សង្គម​ទាំងមូល នៅ​ពេល​អាកាសធាតុ​ មាន​ការ​ផ្លាស់ប្តូរ ផលិតកម្ម​កសិកម្ម​មាន​ការ​ផ្លាស់​ប្តូរ ហើយ​បើយើង​អត់មាន​ការ​ផ្លាស់ប្តូរ​បន្ស៊ាំ​ការ​ផ្លាស់ប្តូរ​តាម​អាកាសធាតុ​ទេ វា​អាច​ប៉ះពាល់​ដល់​ផលិតផល​កសិកម្ម។ អញ្ចឹង​កាលណា​អាកាសធាតុ​មាន​ការ​ប្រែប្រួល ​អ្វីដែល​យើង​មាន​ការបារម្ភ​គឺ​ថា តើ​កសិករ​យើង​អាច​មាន​ការ​ប្រែប្រួល​ខ្លួន​បន្ស៊ាំ​ខ្លួន​ឬ​ក៏​យើង​អាច​វាយតប​ទៅ​វិញ​បាន​ក្នុងការ​ប្រែប្រួល​អាកាសធាតុ​នោះ​ឬអត់។ អានេះ​វា​ទាមទារ​នូវ​ការ​ ពង្រឹង​សមត្ថភាព​ ពង្រឹង​ភាពច្នៃប្រឌិត»។

កម្ពុជា​មាន​ផ្ទៃដី​ដែល​បាន​កំពុង​ធ្វើ​កសិកម្ម​សរុប​ចំនួន​ជាង​៣លានហិចតា។ យោងតាម​សៀវភៅ​របស់​មជ្ឈមណ្ឌល​ស្រាវជ្រាវ​កម្ពុជា​ដើម្បី​អភិវឌ្ឍ​កាល​ពីឆ្នាំ២០០៨ កម្ពុជា​ងាយ​រងគ្រោះ​ជា​ខ្លាំង​ដោយសារ​ការ​ប្រែប្រួល​អាកាស​ធាតុ។​ កសិកម្មកម្ពុជា​ដែល​ជាវិស័យ​សំខាន់​មួយ​របស់​សេដ្ឋកិច្ច​ជាតិ​ពឹង​អាស្រ័យ​លើ​ទឹកភ្លៀង​ធម្មជាតិ​ និង​របប​ទឹក​ជំនន់​ប្រចាំ​ឆ្នាំ​នៃ​ទន្លេមេគង្គ​ និងបឹ​ង​ទន្លេសាប។ អាស្រ័យ​ហេតុនេះ ​កសិកម្ម​នៅ​កម្ពុជា​មាន​ការពាក់​ព័ន្ធ​ជាមួយ​នឹង​ការប្រែប្រួល​ ដែល​អាច​កើតមាន​ក៏ដូចជា​របប​ខ្យល់​មូសុង។ សៀវភៅ​ដដែល​លើក​ឡើង​ថា ​ទិន្នន័យ​រយៈពេល​៥ឆ្នាំ​ចុង​ក្រោយ​នេះ​ បាន​ប​ង្ហាញ​ថា​៧០ភាគរយ​នៃ​ផលិតកម្ម​ស្រូវ ដែល​ខូច​ខាត​គឺ​បណ្តាល​មកពី​ទឹក​ជំនន់ ហើយ​ការ​ខូច​ខាត​ប្រមាណ​ជាង​២០​ភាគរយ​​ទៀត​បណ្តាល​មក​ពី​គ្រោះ​រាំង​ស្ងួត។

លោក​គិត សេង​ អនុរដ្ឋលេខាធិការ​ក្រសួង​កសិកម្ម​បាន​គ្រាំទ្រ​ចំពោះ​គម្រោង​​នេះ ​ដោយ​លោក​បាន​មាន​ប្រសាសន៍​ថា ​ប្រជាពលរដ្ឋ​ភាគច្រើន​មិន​ទាន់​សូវ​យល់​ពី​ការ​ធ្វើ​កសិកម្ម​ឲ្យសមស្រប​ទៅ​នឹង​បម្រែ​បម្រួល​អាកាសធាតុ​នៅ​ឡើយ។ លោក​ថ្លែង​ថា៖

«កាលណា​មាន​បម្រែបម្រួល​អាកាសធាតុ​ វា​មិនមែន​តែ​រាំងស្ងួត ​ទឹកជំនន់​នោះទេ ​ជូនកាល​វាមាន​បញ្ហា​ជំងឺ​សត្វចង្រៃ​មមាចត្នោត​វាផ្ទុះឡើង។ អានេះ​វាសុទ្ធ​តែ​ជា​បញ្ហា​ដែល​ទាមទារ​សមត្ថភាព​ចំណេះ​ដឹង​ខាង​ធម្មជាតិ​ ខាង​វិទ្យាសាស្រ្ត​ជ្រៅជ្រះ ​ការ​យល់ដឹង​របស់​កសិករ​នៅ​មាន​កម្រិត​ណាស់​ ទាមទារ​ឲ្យ​អ្នកវិទ្យាសាស្ត្រ ​អ្នក​បច្ចេកទេស​ធ្វើការ​ផ្សព្វផ្សាយ​ឲ្យ​បាន​ច្រើន។ ផ្សព្វផ្សាយ ហើយ​ផ្សព្វ ផ្សាយ​ទៀត​ទម្រាំ​ទាល់តែ​គាត់យល់ ​ទម្រាំ​ទាល់តែ​គាត់​ទទួល​យក​បាននោះ»។

សៀវភៅ​របស់​មជ្ឈមណ្ឌល​ស្រាវជ្រាវ​កម្ពុជា ​ដើម្បី​អភិវឌ្ឍ​ដដែល​នោះ​ក៏​បាន​ឲ្យ​ដឹង​ផង ដែរថា ​សីតុណ្ហភាព​ខ្ពស់ និង​ការ​ប្រែប្រួល​របប​ទឹកភ្លៀង​នឹង​ជះឥទ្ធិពល​លើ​ទិន្នផល និង​ផលិតភាព​ដំណាំ។ ទិន្នផល​ដំណាំ​អាច​ថយចុះ ​ដោយសារ​តម្រូវការ​ឲ្យ​មាន​ការ​ស្រោចស្រព​ច្រើន​ហួសហេតុ​ កំណើន​កំពស់​ទឹកភ្លៀង​ដែល​បង្ក​ឲ្យ​មាន​សំណឹក​ដី ​និង​ការហូរ​ច្រោះ​ជីជាតិ​ដី ​ព្រមទាំង​ការ​ខូចខាត​ដំណាំ​ដោយសារ​កំណើន​បាតុភូត ​អាកាសធាតុ​មិន​ប្រក្រតី៕

This posting includes an audio/video/photo media file: Download Now

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!