Koh Santipheap Daily |
- ឧប្បត្តិហេតុគ្រោះថ្នាក់តាមផ្លូវអាកាសឆ្នាំ២០១០ ទាបបំផុតជាប្រវត្តិសាស្ត្រ
- សេក គឹមផាន ជម្រះបញ្ជីជាមួយឯម វុត្ថា
- សម្តេចតេជោហ៊ុន សែន ក្រើនរំលឹកដល់កងកម្លាំង បង្កើនការប្រុងប្រយ័ត្នកម្រិតខ្ពស់ជួយបង្កលក្ខណៈងាយស្រួលដល់អ្នកសង្កេតការណ៍
- កម្ពុជាដកហូតកុមារពីការងារធ្ងន់ធ្ងរបាន៣ម៉ឺននាក់
- សៀវភៅសដីធ្លីជាការតម្រង់ទិសក្នុងវិស័យដីធ្លីនៅកម្ពុជា
- ស្ត្រីបម្រើដែលលួចផ្លោះរបងផ្អើលដល់សមត្ថកិច្ចប្រឆាំងការជួញដូរមនុស្សក្រុងភ្នំពេញ
- វាយប្រហារអត្តឃាតនៅទីក្រុងភាគខាងជើងអ៊ីរ៉ាក់ស្លាប់11នាក់
- លោកឧត្តមសេនីយ៍ឆេ ខា អតីតប្រធានយោធាខេត្តព្រះសីហនុ និងសាច់ញាតិស្ត្រីអាណិកជនបារាំងម្នាក់បានស្លាប់ដោយរថយន្ត បុកគ្នា
- សត្វតោអាហ្វ្រិកឡើងដើមឈើបានយ៉ាងខ្ពស់
- លោកពូទីនណែនាំដល់លោកខាងលិចកុំឱ្យឡូកឡំក្នុងការបះបោរនៃពិភពអារ៉ាប់
- ប្រេសិត អ.ស.ប ទទួលបន្ទុកសិទ្ធិមនុស្សកោតសរសើរកម្ពុជាជឿនលឿន សេដ្ឋកិច្ច នយោបាយ សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ
- នគរបាលប៉ុស្តិ៍វត្តភ្នំចុះបង្ក្រាបស្ត្រីរកស៊ីផ្លូវភេទ
- ក្រុមអាជីវករលក់ទូរស័ព្ទនៅផ្សារធំទួលសង្កែបន្តការប្តឹងតវ៉ាកាន់តែខ្លាំងក្លាជាងមុន
- រថយន្តស៊ីអ័រវីបុករថយន្តទេសចរម៉ាកហ៊ីយ៉ាន់ដាយបះជើងច្រងាងៗពេលរាត្រី
- អ្នកបើកតាក់ស៊ី និងព្រូជាប់ចោទជំរិតទារប្រាក់ពីពលករ
- ២ថ្ងៃបន្តបន្ទាប់រដ្ឋបាលព្រៃឈើកំពតចាប់ឈើគ្រញូងបាន៥០៦គីឡូក្រាម
- នាងជេស៊ីកា ស៊ីមសុន ព្យាយាមសម្រកទំងន់សំរាប់ថ្ងៃរៀបការ
- សរសៃគុយទាវ៤៩០គីឡូក្រាមត្រូវយកទៅដុត និងកប់ចោល
- លីប៊ី ៖ ស្លាប់ដល់2000នាក់ក្នុងការប៉ះទង្គិចគ្នា
- លោកកាដាហ្វីចោទពួកអាល់កៃដាថានៅពីក្រោយការបះបោរ
ឧប្បត្តិហេតុគ្រោះថ្នាក់តាមផ្លូវអាកាសឆ្នាំ២០១០ ទាបបំផុតជាប្រវត្តិសាស្ត្រ Posted: 24 Feb 2011 11:57 PM PST ស្រាវជ្រាវ ៖ តាមប្រភពពីភ្នាក់ងារព័ត៌មានបរទេសដែលបានចុះផ្សាយដោយយោងតាមលទ្ធផលអង្កេតចុងក្រោយរបស់សមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA) បង្ហាញឱ្យដឹងថា ការធ្វើដំណើរតាមយន្តហោះក្នុងឆ្នាំ២០១០ មានស្ថិតិកើតឧប្បត្តិហេតុទាបបំផុតជាប្រវត្តិសាស្ត្រក្នុងមជ្ឈដ្ឋានការហោះហើរ ។ នៅក្នុងរបាយការណ៍បង្ហាញថា IATA ដែលមានស្នាក់ការធំនៅទីក្រុងម៉ុងត្រេអាល ប្រទេសកាណាដា បានបង្ហើបឱ្យដឹងពីលទ្ធផលអង្កេតចុងក្រោយថា អត្រានៃការកើតឧប្បត្តិហេតុរបស់យន្តហោះដឹកអ្នកដំណើរនៅទូទាំងពិភពលោកកាលពីឆ្នាំមុន មានចំនួនទាបបំផុតជាប្រវត្តិសាស្ត្រ ។ ក្នុងនោះមានឧប្បត្តិេហតុធ្ងន់ធ្ងរត្រឹមតែ១៧ករណីពីចំនួនជើងហោះហើរសរុបជាង៣៦,៨លានជើងហោះហើរនៅទូទាំងពិភពលោកក្នុងឆ្នាំ២០១០ ឬបើគិតពីឱកាសនៃការកើតឧប្បត្តិហេតុ គឺ១លើកក្នុងចំនួនជើងហោះហើរ១,៦លានជើងហោះហើរ ។ ចាត់ទុកថា ជាស្ថិតិកើតឧប្បត្តិហេតុធ្លាក់ចុះកាលពី១០ឆ្នាំមុនដល់ទៅ៤២% ទោះបីជាតួលេខខាងលើជាការគណនាចំពោះយន្តហោះដែលផលិតនៅសហរដ្ឋអាមេរិក និងប្រទេសនៅអឺរ៉ុបខាងលិចក៏ដោយ ខណៈពេលតួលេខអ្នកធ្វើដំណើរតាមយន្តហោះនៅទូទាំងពិភពលោកក្នុងឆ្នាំ២០១០ មានចំនួនច្រើនដល់ទៅ២.៤០០លាននាក់ ។ ទោះបីជាចំនួនឧប្បត្តិហេតុគ្រោះថ្នាក់ដែលកើតឡើងពីការធ្វើដំណើរតាមផ្លូវអាកាសក្នុងឆ្នាំ២០១០ មានការធ្លាក់ចុះក៏ដោយ ប៉ុន្តែលទ្ធផលអង្កេតបែរជាប្រទះឃើញថា ចំនួនអ្នកស្លាប់ពីការធ្វើដំណើរតាមយន្តហោះកាលពីឆ្នាំមុន (២០១០) មានដល់ទៅ៧៨៦នាក់ គឺជាតួលេខកើនលើសពីឆ្នាំ២០០៩ ដល់ទៅ១០១នាក់ ។ IATA បង្ហើបឱ្យដឹងទៀតថា ឧប្បត្តិហេតុតាមផ្លូវអាកាសភាគច្រើនកើតឡើងនៅទ្វីបអាហ្វ្រិក ដោយមានផលចំណែកច្រើនដល់ទៅ២៣% នៃឧប្បត្តិហេតុតាមផ្លូវអាកាសនៅលើសាកលលោក ខណៈពេលនៅអាហ្វ្រិកមានអត្រាចំណែកហោះហើរនៅក្នុងទីផ្សារពិភពលោកត្រឹមតែ២%ប៉ុណ្ណោះ ៕ |
សេក គឹមផាន ជម្រះបញ្ជីជាមួយឯម វុត្ថា Posted: 24 Feb 2011 11:55 PM PST រាជធានីភ្នំពេញ ៖ សេក គឹមផាន អ្នកប្រដាល់មកពីក្លឹបសឹករងខេត្តសៀមរាប ប្រកាសជម្រះបញ្ជីជាមួយឯម វុត្ថា មកពីក្លឹបគ្រុឌមានជ័យ នៅលើសង្វៀនប្រដាល់ស្ថានីយទូរទស្សន៍បាយ័ននារសៀលថ្ងៃទី២៧ កុម្ភៈ។ សេក គឹមផាន ក៏ជាអ្នកប្រដាល់ស្ថិតក្នុងចំណោមអ្នកខ្លាំង១រូបដែរ ដែលមានភាពរហ័សរហួន និងអាចប្រើការបានគ្រប់ស្នៀត។ កាលពីដើមខែមករា កន្លងមក គឹមផាន ធ្លាប់ប្រកួតចាញ់ពិន្ទុ ឯម វុត្ថា ម្តងទាំងមិនអស់ចិត្ត ទើបពេលនេះគេសុំសងសឹក។ ចំពោះឯម វុត្ថា ក៏ត្រៀមស្វាគមន៍ជានិច្ចចំពោះគឹមផាន ដែលមានបំណងចង់សងសឹកនោះ ។ វុត្ថា មានចរិតហ្នឹងនរមិនចេះច្រឡោតផ្តេសផ្តាសទេ ការប្រកួតរបស់គេប្រកបដោយបច្ចេកទេសខ្ពស់។ តាមការសងសឹករបស់គឹមផាន ទំនងមិនងាយស្រួលនោះឡើយ ។ ចន្ថា សារីម មកពីក្លឹបយុវកីឡាខេត្តកណ្តាល ត្រូវជួបប្រកួតជាមួយជឹម ដារ៉ា មកពីក្លឹបសិង្ហកីឡា។ សារីម ជាសិស្សច្បងរបស់ដារ៉ា ពីមុនសារីម មិនធម្មតាទេ ជាអ្នកប្រដាល់ជើងចាស់ដែលមានបទពិសោធន៍ពេញខ្លួន តែមួយរយៈចុងក្រោយនេះទោះបីគេនៅរក្សាបាននូវវិជ្ជាគុនល្អតែបញ្ហាកម្លាំងហាក់ដូចជាបាត់បង់ ឬថមថយច្រើន ។ ចំណែកជឹម ដារ៉ា ក៏មិនថ្មីប៉ុន្មានដែរអ្នកប្រដាល់រូបនេះមានជំនាញទាត់ល្អ និងកម្លាំងរបស់គេក៏ធានាបានប្រាំទឹកដែរ ។ ពេលខ្លះដារ៉ា ខ្ជះខ្ជាយបន្តិចដោយសារការប្រើកម្លាំងរបៀបកំរោលមិនសូវគិតពីបញ្ហាបច្ចេកទេស ។ ទោះបីជាយ៉ាងណាគូនេះមិនអាចទស្សន៍ទាយលទ្ធផលទុកជាមុនបានទេ ។ រស់ ស៊ីណាត មកពីក្លឹបនិរោធមានជ័យ ត្រូវប្រកួតជាមួយសូយ ចិត្រា មក ពីក្លឹបអូដឹមកីឡា។ លោកសូយ សុខុម គ្រូបង្វឹករបស់សូយ ចិត្រា បានពោលអួតពី កូនសិស្សរបស់គាត់ថានឹងបំបាក់សីុណាត មិនឱ្យរួចផុតពីទឹកទី៣ ទេ ។ ទូច សាក់ មកពីក្លឹបរស្មីកុមារកំព្រាត្រូវប្រកួតជាមួយ ម៉ន ភិរម្យ មកពីក្លឹបព្រែកឯងកីឡា ។ នៅមានការប្រកួតរបស់កីឡាការិនី១គូទៀត រវាងកញ្ញា គីន ស្រីយ័ន មកពីក្លឹបដីឡូមានឫទ្ធិ ខេត្តបាត់ដំបង ជាមួយកញ្ញា វី ស្រីខួច មកពី ក្លឹបឥន្ទ្រីយ៍បង្ក្រាបគ្រឿងញៀន ។ កាលពីថ្ងៃទី៦ កុម្ភៈ កន្លងមកនៅលើសង្វៀនបាយ័នដដែលនេះ ស្រីយ័ន និងស្រីខួច ធ្លាប់ប្រកួតគ្នាម្តងរងរួចមកហើយ ដោយទទួលបានលទ្ធផលស្មើគ្នា ។ ចាំមើលមើល៍ការជួបគ្នាជាលើកទី២ នេះ ទទួលបានលទ្ធផលបែបណា រវាងការប្រកួតរបស់កីឡាការិនី១គូនេះត្រូវទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់អ្នកទស្សនា ៕ |
Posted: 24 Feb 2011 11:53 PM PST រាជធានីភ្នំពេញ ៖ សម្តេចតេជោនាយករដ្ឋមន្ត្រីហ៊ុន សែន បានមានប្រសាសន៍ក្រើនរំលឹកដល់នាយទាហាន នាយទាហានរង និងពលទាហាន ព្រមទាំងកងកម្លាំងប្រដាប់អាវុធទាំងអស់ដែលកំពុងឈរជើងការពារទឹកដីនៅតាមខ្សែបន្ទាត់ព្រំដែន ជាពិសេសព្រំដែនប្រាសាទព្រះវិហារ ឱ្យបង្កើនស្មារតីប្រុងប្រយ័ត្នខ្ពស់ ប្រុងជើងការជាប់ជានិច្ច មិនត្រូវធ្វេសប្រហែសបន្តិចណាឡើយ ប៉ុន្តែការអត់ធ្មត់ក៏ត្រូវមានកម្រិតខ្ពស់ផងដែរ ដើម្បីចៀសវាងការផ្ទុះអាវុធនាំមកនូវគ្រោះភ័យ និងមហន្តរាយផ្សេងៗ លើសពីនេះទៀតត្រូវបង្កលក្ខណៈងាយស្រួលដល់អ្នកសង្កេតការណ៍ឥណ្ឌូណេស៊ី ដែលមកពិនិត្យ និងឈរជើងនៅតំបន់ជម្លោះ ។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានលើកឡើងបែបនេះកាលពីព្រឹកថ្ងៃទី២៥ កុម្ភៈ ២០១១ នៅឯកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ។ សូមបញ្ជាក់ថា គណៈរដ្ឋមន្ត្រីមានបើកសម័យប្រជុំពេញអង្គរបស់ខ្លួន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី ដើម្បីពិភាក្សាលើរបៀបវារៈដូចខាងក្រោម ៖ សម្តេចតេជោនាយករដ្ឋមន្ត្រីបានលើកឡើងទៀតថា ការប្រុងប្រយ័ត្នរបស់កងកម្លាំងប្រដាប់អាវុធទាំងអស់គឺត្រូវមានជំហរការពារទឹកដី និងអត់ធ្មត់ក្នុងការបញ្ជៀសការផ្ទុះអាវុធរហូតដល់ដំណាក់កាលចុងក្រោយ...ហើយកងកម្លាំងទាំងអស់ត្រូវយកចិត្តទុកដាក់ជួយសម្រួលការងារឱ្យបានល្អដល់អ្នកសង្កេតការណ៍ឥណ្ឌូណេស៊ីដែលមកកាន់តំបន់ជម្លោះនេះ ក៏ដូចជាបេសកជនពិសេសផ្សេងៗរបស់ស្ថាប័នជាតិ-អន្តរជាតិពាក់ព័ន្ធ រួមមានអង្គការយូណេស្កូជាដើម ។ បន្ទាប់មកទៀត សម្តេចតេជោបានណែនាំដល់កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋាន ស្ថាប័នពាក់ព័ន្ធជួយសម្រួលសុខទុក្ខដល់ប្រជាពលរដ្ឋភៀសសឹក ឱ្យបានទៅកាន់លំនៅឋានវិញ ស្រួលបួលផង ជាពិសេសគិតគូរស្បៀងអាហារភ្លើងទឹក សាលារៀន ថ្នាំសង្កូវ... ។ |
កម្ពុជាដកហូតកុមារពីការងារធ្ងន់ធ្ងរបាន៣ម៉ឺននាក់ Posted: 24 Feb 2011 11:49 PM PST រាជធានីភ្នំពេញ ៖ លោកវង សូត រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានថ្លែងថា តាមរយៈអង្គការវីនរ៉ក់ និងអង្គការអន្តរជាតិខាងការងារ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈសម្រេចដកហូតកុមារពីការងារដែលប្រកបដោយគ្រោះថ្នាក់បានប្រមាណ៣ម៉ឺន នាក់ និងបានជួយគ្រួសារកុមារក្រីក្រប្រមាណ៤ពាន់គ្រួសារ ដើម្បីឱ្យកុមារទាំងនោះទទួលបានការអប់រំរៀនសូត្រ និងទទួលបានមុខជំនាញវិជ្ជាជីវៈ ។ ជាមួយនេះ ក្រសួងការងារសហរដ្ឋអាមេរិក ក៏បានផ្តល់ថវិកាប្រមាណ២០លានដុល្លារអាមេរិក សម្រាប់សហការជាមួយអង្គការអន្តរជាតិខាងការងារ និងវីនរ៉ក់អន្តរជាតិ ក្នុងគោលបំណងលុបបំបាត់ទម្រង់ធ្ងន់ធ្ងរបំផុតនៃពលកម្មកុមារនៅកម្ពុជា ។ លោកវង សូត បានថ្លែងបែបនេះ ខណៈពេលលោកអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និសីទថ្នាក់ជាតិស្តីពីផែនការនិរន្តរភាពឆ្ពោះទៅរកការលុបបំបាត់ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារនៅកម្ពុជា ដែលរៀបចំឡើងដោយអង្គការវីនរ៉ក់អន្តរជាតិ នៅសណ្ឋាគារភ្នំពេញកាលពីថ្ងៃទី២៤ កុម្ភៈ ។ លោករដ្ឋមន្ត្រីបានបន្តថា ក្នុងនាមសមាជិកអង្គការអន្តរជាតិខាងការងារ កម្ពុជាបានផ្តល់សច្ចាប័ន លើអនុសញ្ញារបស់អន្តរជាតិខាងការងារចំនួន១៣ ដែលក្នុងនោះមានអនុសញ្ញាស្នូលលេខ១៣៨ និងលេខ១៨២ ដែលពាក់ព័ន្ធនឹងពលកម្មកុមារ ។ លើសពីនេះទៀត កិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី៣០២ របស់អង្គការអន្តរជាតិខាងការងារនាពេលថ្មីៗកន្លងទៅនេះ ពលកម្មកុមារ ពលករបម្រើតាមផ្ទះ និងការងារសមរម្យសម្រាប់យុវជន បានក្លាយជាបរិបទដ៏ចម្បងនៃវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។ និយាយជារួម ការលុបបំបាត់ពលកម្មកុមារ គឺជាកិច្ចការដ៏សំខាន់មួយរបស់រាជរដ្ឋាភិបាលក្នុងចំណោមកិច្ចការចាំបាច់ជាច្រើនទៀត ដើម្បីកសាងប្រទេសជាតិឱ្យថ្កុំថ្កើង និងលើកស្ទួយជីវភាពប្រជាពលរដ្ឋ ជាពិសេសការអភិវឌ្ឍធនធានមនុស្ស និងសេដ្ឋកិច្ចសង្គម ។ ពិសេសការកាត់បន្ថយពលកម្មកុមារពី១៦,៥% នៅឆ្នាំ១៩៩៩ មកត្រឹម៨% នៅដំណាច់ឆ្នាំ២០១៥ ដូចដែលមានចែងក្នុងគោលនយោបាយអភិវឌ្ឍន៍ សហស្សវត្ស និងស្របតាមគោលនយោបាយជាតិកាត់បន្ថយភាពក្រីក្រ ផែនការជាតិសម្រាប់ការអប់រំទាំងអស់គ្នា និងផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមរបស់រាជរដ្ឋាភិបាល ។ ជាក់ស្តែង ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានផ្តោតទៅលើកត្តាសំខាន់មួយរួមមាន ការលុបបំបាត់ទម្រង់ធ្ងន់ធ្ងរបំផុតនៃពលកម្មកុមារ និងកាត់បន្ថយពលកម្មកុមារនៅកម្ពុជា តាមរយៈការដកហូតកុមារពីការងារ ប្រកបដោយគ្រោះថ្នាក់ ផ្តល់ការអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈ និងធ្វើសមាហរណកម្មកុមារទៅក្នុងសង្គមជាតិ |
សៀវភៅសដីធ្លីជាការតម្រង់ទិសក្នុងវិស័យដីធ្លីនៅកម្ពុជា Posted: 24 Feb 2011 11:43 PM PST រាជធានីភ្នំពេញ ៖ ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានរៀបចំបើកសិក្ខាសាលាពិគ្រោះយោបល់ស្តីពីការរៀបចំសេចក្តីព្រាងគោលគំនិតសំខាន់ៗសម្រាប់តាក់តែងគោលនយោបាយដីធ្លីទូលំទូលាយ (សៀវភៅសដីធ្លី) កាលពីថ្ងៃទី២៤ កុម្ភៈ នៅសណ្ឋាគារសាន់វេ ។ លោកជំទាវបណ្ឌិត អ៊ូ វ័ឌី អគ្គលេខាធិការរងអចិន្ត្រៃយ៍នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាគោលនយោបាយដីធ្លី បានថ្លែងថា ចាប់តាំងពីការដាក់ឱ្យអនុវត្តនូវក្របខណ្ឌយុទ្ធសាស្ត្រគោលនយោបាយដីធ្លីឆ្នាំ២០០២ និងច្បាប់ភូមិបាល ឆ្នាំ២០០១ មក រាជរដ្ឋាភិបាលកម្ពុជាបានខិតខំអនុវត្ត និងរៀបចំនូវគោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្តជាច្រើនទៀត ។ ដោយមានការគាំទ្រពីក្រសួងសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ តាមរយៈអង្គការ GIZ លើការរៀបចំគោលនយោបាយ និងបទដ្ឋានគតិយុត្តក្នុងវិស័យដីធ្លី អគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាគោលនយោបាយដីធ្លី មានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំង ដែលមកដល់ពេលនេះយើងបានសម្រចនូវគោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្តជាច្រើន ដូចជា សេចក្តីថ្លែងការណ៍ស្តីពីគោលនយោបាយដីធ្លី គោលនយោបាយចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិច សេចក្តីព្រាងគោលនយោបាយស្តីពីការរៀបចំដែនដី (នឹងអនុម័តក្នុងពេលដ៏ឆាប់ខាងមុខ) សេចក្តីព្រាងគោលនយោបាយជាតិស្តីពីលំនៅឋាន (នឹងដាក់ឆ្លងប្រជុំក្រុមប្រឹក្សាគោលនយោបាយដីធ្លីនៅខែក្រោយ) សេចក្តីព្រាងគោលនយោបាយវាយតម្លៃថ្លៃដី (នឹងដាក់ពិគ្រោះយោបល់សាធារណៈនៅពេលឆាប់ៗខាងមុខ) ព្រមទាំងលិខិតបទដ្ឋានកម្រិតរាជរដ្ឋាភិបាល និងកម្រិតក្រសួងជាច្រើនទៀត...។ល។ គោលនយោបាយដីធ្លីទូលំទូលាយ ឬហៅថា «សៀវភៅសដីធ្លី» គឺជាការសម្រេចជាបណ្តុំគោលនយោបាយដីធ្លី និងជាការតម្រង់ទិសក្នុងវិស័យដីធ្លីរបស់រាជរដ្ឋាភិបាល ប្រកបដោយចក្ខុវិស័យច្បាស់លាស់ ហើយដែលគ្រប់ក្រសួងស្ថាប័ន អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវខិតខំអនុវត្តតាមដោយខ្ជាប់ខ្ជួន ស្របតាមភារកិច្ច ឬការទទួលខុសត្រូវតាមវិស័យរៀងៗខ្លួន ដើម្បីគ្រប់គ្រង រៀបចំ ប្រើប្រាស់ និងបែងចែកដីធ្លីប្រកបដោយសមធម៌ តម្លាភាព ប្រសិទ្ធភាព និងចីរភាព រួមចំណែកដល់ការកាត់បន្ថយភាពក្រីក្រ ធានាសន្តិសុខស្បៀង កិច្ចការពារបរិស្ថាននិងធនធានធម្មជាតិ កិច្ចការពារជាតិ និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។ តាមការចង្អុលទិសនៃឯកសារបឋមគោលនយោបាយដីធ្លីឆ្នាំ២០០២ ក្នុងជំពូកចុងក្រោយអំពីជំហានបន្ត បានណែនាំឱ្យរៀបចំសៀវភៅសដីធ្លី ដោយបញ្ញត្តិថា «ក្របខណ្ឌគោលនយោបាយដីធ្លីទូលំទូលាយ (សៀវភៅសដីធ្លី) នឹងត្រូវបានតាក់តែងឡើង» ។ អនុវត្តតាមផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិបច្ចុប្បន្នកម្មឆ្នាំ២០០៩-២០១៣ បានតម្រូវឱ្យរៀបចំសៀវភៅសដីធ្លីនេះ ។ សេចក្តីថ្លែងការណ៍របស់រាជរដ្ឋាភិបាលស្តីពីគោលនយោបាយដីធ្លី ឆ្នាំ២០០៩ បានតម្រូវឱ្យ «បន្តរៀបចំគោលនយោបាយដីធ្លីទូលំទូលាយ (សៀវភៅសដីធ្លី)»។ ស្របតាមបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សាគោលនយោបាយដីធ្លី ក្រុមការងារតាក់តែងសៀវភៅសដីធ្លី ត្រូវបានបង្កើតឡើងដែលមានសមាសភាពទាំងអស់ចូលរួមសិក្ខាសាលាថ្ងៃ នេះ ៕ |
ស្ត្រីបម្រើដែលលួចផ្លោះរបងផ្អើលដល់សមត្ថកិច្ចប្រឆាំងការជួញដូរមនុស្សក្រុងភ្នំពេញ Posted: 24 Feb 2011 11:22 PM PST រាជធានីភ្នំពេញ ៖ បន្ទាប់ពីកោះសន្តិភាពលេខ៧១៩៧ ចេញផ្សាយថ្ងៃទី២៤ កុម្ភៈ ពីអត្ថបទមួយមានចំណងជើងថា «ស្ត្រីបម្រើតាមផ្ទះដូចទាសករប្រើគ្មានពេលបានឈប់សម្រាកទ្រាំមិនបាននាងផ្លោះរបងរត់» ក៏ត្រូវបានយកចិត្តទុកដាក់ពីការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ។ នៅព្រឹកថ្ងៃទី២៤ កុម្ភៈ លោកខាត់ ផល្លា ប្រធានផ្នែកប្រឆាំងការជួញដូរមនុស្សបានដឹកនាំកម្លាំងជំនាញជាច្រើនរូបចុះស្រាវជ្រាវរកនារីឈ្មោះឌៀប ភា អាយុ២៣ឆ្នាំ មានស្រុកកំណើតនៅភូមិត្រពាំងអំពៅ ឃុំព្រែកត្នោត ស្រុកទឹកឈូខេត្តកំពត ដែលត្រូវគេបង្ខំឱ្យធ្វើការផ្ទះដោយគ្មានពេលសម្រាក ហើយមិនអាចស៊ូទ្រាំនឹងការងារបាន ។ ជាមួយនេះ ដោយសារនាងនឹកឪពុកម្តាយនៅឯស្រុកកំណើតផង នាងក៏សុំថៅកែទៅលេងផ្ទះ តែថៅកែមិនព្រមឱ្យទៅ ទើបនៅយប់ថ្ងៃទី២០ កុម្ភៈ នាងសម្រេចចិត្តឡើងផ្លោះរបងផ្ទះថៅកែកម្ពស់២ម៉ែត្រ បណ្តាលឱ្យរបូតដៃធ្លាក់មកដីរយះបាតដៃ និងបាក់ជើង ។ នាងត្រូវបានសន្តិសុខពីរនាក់ឈរយាមមុខផ្ទះគេនៅជិតនោះជួយជូនទៅជួបប៉ូលិស បន្ទាប់មកប៉ូលិសបានជូននាងទៅព្យាបាលនៅមន្ទីរពេទ្យព្រះកុសុមៈ ។ ពេលសមត្ថកិច្ចដឹកនាំកម្លាំងជំនាញចុះស្រាវជ្រាវដល់មន្ទីរពេទ្យព្រះកុសុមៈ រកនារីរងគ្រោះនោះមិនឃើញទេ ដោយគ្រូពេទ្យប្រាប់ថា នាងបានចេញពីមន្ទីរពេទ្យទាំងមិនបានធ្វើសំបុត្របញ្ជាក់ចេញពីពេទ្យផង ដោយចេញតាំងពីថ្ងៃទី២២ កុម្ភៈ ម៉្លេះ ។ លោកខាត់ ផល្លា បានបញ្ជាក់ថា ការចុះមកដល់មន្ទីរពេទ្យនេះ គឺចង់ស៊ើបសួរពីនារីរងគ្រោះ ឈ្មោះឌៀប ភា ដើម្បីស្រាវជ្រាវវែកមុខម្ចាស់ផ្ទះជាថៅកែរបស់នាងដែលប្រើនាងដូចទាសកររំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ។ លោកបញ្ជាក់ទៀតថា បើនារីរងគ្រោះចង់ដាក់ពាក្យប្តឹងពីថៅកែនោះ ខាងសមត្ថកិច្ចរង់ចាំទទួលជានិច្ច ៕ |
វាយប្រហារអត្តឃាតនៅទីក្រុងភាគខាងជើងអ៊ីរ៉ាក់ស្លាប់11នាក់ Posted: 24 Feb 2011 11:04 PM PST ប៉ូលិសមួយរូបនិយាយថា ជនអត្តឃាតម្នាក់បានវាយប្រហារដោយការបំផ្ទុះគ្រាប់បែកបណ្តាលឱ្យស្លាប់មនុស្ស១១នាក់ នៅក្នុងទីក្រុងរ៉ាម៉ាឌី ភាគខាងលិច ប្រទេសអ៊ីរ៉ាក់ កាលពីល្ងាចថ្ងៃទី២៤ កុម្ភៈ កន្លងមកនេះ ។ តាមប្រភពព័ត៌មានថា ជនអត្តឃាតនោះបានបំផ្ទុះគ្រាប់បែកដែលដាក់ភ្ជាប់នឹងខ្លួននៅមជ្ឈមណ្ឌលវប្បធម៌មួយដែលជាកន្លែងដែលមានមនុស្សជាច្រើនកំពុងចូលរួមក្នុងពិធីរំលឹកគុណព្រះមហាម៉ាត់នៅវេលាម៉ោង៦ល្ងាចម៉ោងក្នុងស្រុកថ្ងៃទី២៤ |
Posted: 24 Feb 2011 10:54 PM PST ខេត្តព្រះសីហនុ ៖ លោកឧត្តមសេនីយ៍ត្រី ឆេ ខា អតីតប្រធានយោធាខេត្តព្រះសីហនុ ដែលបច្ចុប្បន្នបានផ្លាស់ប្តូរទៅកាន់នាយរងសេនាធិការយោធភូមិ ភាគ៣ បានទទួលមរណភាពគួរឱ្យរន្ធត់ ជាមួយសាច់ញាតិរបស់លោកម្នាក់ទៀតជាស្ត្រីអាណិកជន មកពីប្រទេសបារាំង ដោយកៀបជាប់ក្នុងរថយន្តរបស់លោក ខណៈបុកគ្នាពេញទំហឹងជាមួយរថយន្តកុងតឺន័រមួយគ្រឿងផ្សេងទៀត ធ្វើដំណើរបញ្ច្រាសទិសគ្នា កាលពីវេលាម៉ោងប្រមាណជិត៨យប់ថ្ងៃទី២៤ កុម្ភៈ ២០១១ លើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចចុះចំណោតភូមិសម្តេចតា ឃុំចំការហ្លួង ស្រុកកំពង់សិលា ខេត្តព្រះសីហនុ ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៣១ និង១៣២ ស្ថិតនៅចម្ងាយ៣គីឡូម៉ែត្រពីរមណីយដ្ឋានពិចនិក ភ្នំតាងិល ។ ចំណែកអ្នកបើកបររថយន្តកុងតឺន័របានរងរបួសធ្ងន់ ហើយត្រូវបានគេរំដោះចេញទៅបាត់រកមិនឃើញ ។ |
សត្វតោអាហ្វ្រិកឡើងដើមឈើបានយ៉ាងខ្ពស់ Posted: 24 Feb 2011 10:36 PM PST សត្វតោអាហ្វ្រិកមួយក្បាលបានធ្វើឱ្យអ្នកស្រាវជ្រាវទាំងឡាយមានការភ្ញាក់ផ្អើលដោយសារវាអាចតោងឡើងដើមឈើបានយ៉ាងខ្ពស់។ សត្វតោនេះចិញ្ចឹមនៅតំបន់អភិរក្សសត្វព្រៃមួយក្បែរទីក្រុង Livingston ប្រទេសហ្សំប៊ី ហើយឡើងដើមឈើកាលពីពេលថ្មីៗកន្លងមក ។ |
លោកពូទីនណែនាំដល់លោកខាងលិចកុំឱ្យឡូកឡំក្នុងការបះបោរនៃពិភពអារ៉ាប់ Posted: 24 Feb 2011 10:36 PM PST លោកវ្ល៉ាឌីមៀរ ពូទីន នាយករដ្ឋមន្ត្រីរុស្ស៊ីកាលពីថ្ងៃទី២៤ កុម្ភៈ បានព្រមានដល់លោកខាងលិចប្រឆាំងនឹងការជ្រៀតជ្រែកចូលក្នុងការបះបោរប្រជាជនដែលកំពុងពុះកញ្ជ្រោលក្នុងពិភពអារ៉ាប់ ដោយលោកអះអាងថា ការបះបោរទាំងនេះនឹងអាចជួយសំរួលដល់ការបង្កើតរបបជ្រុលនិយមទាំងឡាយ។ |
Posted: 24 Feb 2011 08:11 PM PST រាជធានីភ្នំពេញ ៖ វេលាថ្ងៃសុក្រ ទី២៥ កុម្ភៈ ២០១១ នេះ លោកស៊ូយ៉ាប្រាសាត ស៊ូប៊ែឌី អ្នកសរសេររបាយការណ៍ពិសេសរបស់លោកអគ្គលេខាធិការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា នឹងចាកចេញពីប្រទេសកម្ពុជាហើយ បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចលើកទី៤ រយៈពេល១០ថ្ងៃនៅកម្ពុជានោះរួចមក ។ កាលពីថ្ងៃទី២៤ កុម្ភៈ ម្សិលមិញ លោកបានសម្តែងការព្រួយបារម្ភអំពីបញ្ហាសិទ្ធិមនុស្សមួយចំនួន ជាពិសេសអំពីសេរីភាពក្នុងការសម្តែងមតិ និងសិទ្ធិលើដីធ្លី...។ លោកស៊ូយ៉ាប្រាសាត ស៊ូប៊ែឌី បានមានប្រសាសន៍ថា ខ្ញុំយល់ថា ការសម្តែងមតិដោយសន្តិវិធីមិនគួរយកក្រមព្រហ្មទណ្ឌមកដោះស្រាយឡើយ ។ លោកបានលើកឧទាហរណ៍អំពីបទបរិហារកេរ្តិ៍ និងការផ្សាយព័ត៌មានមិនពិតដែលគេតែងចោទប្រកាន់មកលាតត្រដាងថា ការរិះគន់មិនមែនជាបទល្មើសទេ ផ្ទុយទៅវិញ វាគឺជាការប្រើប្រាស់សេរីភាពខាងសម្បជញ្ញៈ ប៉ុន្តែលោកក៏បានរំលឹកដល់អ្នករិះគន់ដែរថា ការរិះគន់នឹងមានប្រយោជន៍ក្នុងករណីដែលការរិះគន់នោះធ្វើឡើងក្នុងន័យស្ថាបនា ។ ទោះជាយ៉ាងណា លោកស៊ូប៊ែឌី ក៏បានកោតសរសើរដល់រដ្ឋាភិបាលកម្ពុជា ចំពោះសមិទ្ធផលជាច្រើនដែលកម្ពុជាសម្រេចបានទាំងផ្នែកសេដ្ឋកិច្ច នយោបាយ និងផ្នែកសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ជាពិសេសក្នុងការកសាងឡើងវិញនូវក្របខណ្ឌគតិយុត្តិ និងប្រព័ន្ធយុត្តិធម៌របស់ប្រទេសចេញពីបាតដៃទទេ ៕ |
នគរបាលប៉ុស្តិ៍វត្តភ្នំចុះបង្ក្រាបស្ត្រីរកស៊ីផ្លូវភេទ Posted: 24 Feb 2011 08:08 PM PST រាជធានីភ្នំពេញ ៖ យោងតាមផែនការអនុវត្តភូមិ-សង្កាត់មានសុវត្ថិភាព លុបបំបាត់ស្រ្តីរកស៊ីផ្លូវភេទ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលវត្តភ្នំ បានចុះបង្ក្រាបក្រុមស្ទាវបោយដៃ និងស្ត្រីរកស៊ីផ្លូវភេទ នៅចំណុចរមណីយដ្ឋានវត្តភ្នំ ដែលតែងតែបង្កភាពអនាធិបតេយ្យបាត់បង់សណ្តាប់ធ្នាប់ សាធារណៈ កាលពីវេលាម៉ោង២និង៣០នាទី រំលងអធ្រាត្រឈានចូល ថ្ងៃទី២៥ កុម្ភៈ ២០១១ ។ មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលវត្តភ្នំបាននិយាយថា តាមបទបញ្ជាអធិការនគរបាលខណ្ឌដូនពេញ ក៏ដូចជាផែនការគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលវត្តភ្នំ បានចុះបង្ក្រាប និងប្រមូលជនអនាថា ក្មេងហិតកាវ និងស្ត្រីរកស៊ីផ្លូវភេទឈរបោយដៃ ហៅម៉ូយតាមផ្លូវសាធារណៈ សួនច្បារ និងរមណីយដ្ឋានវត្តភ្នំ ជាក់ស្តែងនៅវេលាម៉ោង២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៥ កុម្ភៈ ២០១១ ជាលទ្ធផលឃាត់ខ្លួនស្ត្រីរកស៊ីផ្លូវភេទ ក្រុមហៅម៉ូយបានសរុបចំនួន១៤នាក់ ក្នុងនោះមានស្ត្រីចំនួន៧នាក់ ។ សូមបញ្ជាក់ថា រយៈពេលមួយសប្តាហ៍កន្លងមកនេះ នគរបាលប៉ុស្តិ៍រដ្ឋបាលវត្តភ្នំបានបង្ក្រាប និងប្រមូល ជនអនាថា ក្មេងហិតកាវ និងស្ត្រីរកស៊ីផ្លូវភេទសរុបចំនួន៣៥នាក់ ក្នុងនោះមានស្ត្រីចំនួន២០នាក់ ហើយពួកគេត្រូវបានបញ្ជូនទៅសាលាខណ្ឌដូនពេញ បន្ទាប់មកប្រគល់ឱ្យមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ ។ មន្ត្រីសាលាខណ្ឌដូនពេញបានឱ្យដឹងថា រយៈពេលពីរខែដើមឆ្នាំ២០១១ គណៈបញ្ជាការឯកភាពខណ្ឌដូនពេញសហការជាមួយសាលាសង្កាត់ និងនគបាលប៉ុស្តិ៍ បានបង្ក្រាប និងប្រមូលជនអនាថា ក្រុមហិតកាវ និងស្ត្រីរកស៊ីផ្លូវភេទចំនួន២៣០នាក់ហើយ ៕ |
ក្រុមអាជីវករលក់ទូរស័ព្ទនៅផ្សារធំទួលសង្កែបន្តការប្តឹងតវ៉ាកាន់តែខ្លាំងក្លាជាងមុន Posted: 24 Feb 2011 08:06 PM PST រាជធានីភ្នំពេញ ៖ ក្រុមអាជីវករប្រមាណជាង៤០នាក់ ដែលលក់ទូរស័ព្ទនៅផ្សារធំទួលសង្កែ ហៅផ្សារសាំហាន់ បានកើតទុក្ខមិនសុខចិត្តតទៅទៀត លើកគ្នាទៅធ្វើការប្តឹងប្តល់ដល់សាលាសង្កាត់ទួលសង្កែ កាលពីព្រឹកថ្ងៃទី២៥ កុម្ភៈ ២០១១ ដើម្បីឱ្យជួយអន្តរាគមន៍ ធ្វើយ៉ាងណាកុំឱ្យខាងក្រុមហ៊ុនវិនិយោគផ្សារយកលុយពីពួកគាត់ថ្លៃទឹកតែ៥០០ដុល្លារ ខណៈការតវ៉ានេះ បានកើតឡើងជិតមួយសប្តាហ៍ហើយ នៅពុំទាន់មានដំណោះស្រាយ ។ ការតវ៉ារបស់ក្រុមអាជីវករលក់ទូរស័ព្ទនៅ ផ្សារធំទួលសង្កែ ហៅផ្សារសាំហាន់ នេះត្រូវបានធ្វើឡើងជាបន្តបន្ទាប់ដូចជាកាលពីម្សិលមិញនេះ ថ្ងៃទី២៤ កុម្ភៈ ក្រុមអាជីវករដដែលបានទៅធ្វើការតវ៉ាដល់សាលារាជធានីភ្នំពេញ ប៉ុន្តែពុំទាន់មានដំណោះស្រាយដដែល ហើយខាងសាលារាជធានីភ្នំពេញ បានរុញឱ្យទៅដាក់ពាក្យបណ្តឹងពីអាជ្ញាធរមូលដ្ឋាន ឡើងមកថ្នាក់លើវិញ ទើបពួកអាជីវករត្រឡប់ទៅប្តឹងចៅសង្កាត់បែបនេះ... តើពួកអាជីវករនឹងត្រឡប់ចុះត្រឡប់ឡើងដល់ពេលណា? គួររលឹកថា កាលពីព្រឹកថ្ងៃទី២៣ កុម្ភៈ ២០១១ អាជីវករលក់ទូរស័ព្ទនៅផ្សារធំទួលសង្កែ ហៅផ្សារសាំហាន់ ចំនួន៤៥ទូ បានបិទទូរបស់ខ្លួនផ្អាកការលក់ដូរជាបណ្តោះអាសន្ន ហើយលើកគ្នាទៅធ្វើការតវ៉ានៅមុខទីស្នាក់ការក្រុមហ៊ុនវិនិយោគផ្សារអំពីការឡើងថ្លៃតូប និងបង់ប្រាក់ថ្លៃទឹកតែក្នុង១ទូ៥០០ដុល្លារ ។ សូមបញ្ជាក់ថា កាលពីថ្ងៃទី២២ កុម្ភៈ ២០១១ ក្រុមហ៊ុនផ្សារធំទួលសង្កែ ហៅផ្សារសាំហាន់ នេះបានចេញសេចក្តីជូនដំណឹងមួយប្រាប់អាជីវករថា សូមឱ្យក្រុមអាជីវករដែលដាក់ទូតាំងលក់ទូរស័ព្ទនៅមុខផ្សារទាំងអស់ចូលទៅជួបជុំគ្នានៅទីស្នាក់ការ ដើម្បីធ្វើកិច្ចសន្យាថ្មី ស្តីពីការដំឡើងថ្លៃតូប, ប្រាក់កក់ និងប្រាក់ថ្លៃទឹកតែ...។ កន្លងមកទូលក់ទូរស័ព្ទរបស់អាជីវករផ្សារធំទួលសង្កែត្រូវខាងក្រុមហ៊ុនតម្រូវឱ្យបង់តម្លៃ៨០ដុល្លារ ក្នុងមួយខែ ឥឡូវនេះដំឡើងទៅ១០០ដុល្លារ ក្នុងមួយខែ ចំណែកប្រាក់កក់២០០ដុល្លារ និងប្រាក់ថ្លៃទឹកតែ៥០០ដុល្លារថែមទៀត... ។ ក្រុមអាជីវករដែលកំពុងឈូឆរនៅមុខស្នាក់ការក្រុមហ៊ុនផ្សារធំទួលសង្កែនេះ បាននិយាយថា រឿងឡើងថ្លៃតូប២០ដុល្លារនេះ មិនសូវជាបញ្ហាទេ អ្វីដែលពួកគាត់កើតទុក្ខមិនសុខចិត្តនោះ គឺប្រាក់កក់២០០ដុល្លារ និងប្រាក់ថ្លៃទឹកតែ៥០០ដុល្លារ ឃើញថា ប្រាក់ទឹកតែនេះថ្លៃពេក និងរញ៉េរញ៉ៃទៀតផង ដូច្នេះពួកគាត់មិនសុខចិត្តទេ គឺត្រូវតែធ្វើការតវ៉ាហើយ...៕ |
រថយន្តស៊ីអ័រវីបុករថយន្តទេសចរម៉ាកហ៊ីយ៉ាន់ដាយបះជើងច្រងាងៗពេលរាត្រី Posted: 24 Feb 2011 07:51 PM PST រាជធានីភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍គួរឱ្យរន្ធត់មួយបានកើតឡើងនៅចំណុចមុខធនាគារកម្ពុជាពាណិជ្ជ កែងមហាវិថីព្រះមុនីវង្ស និងផ្លូវលេខ១១៤ ស្ថិតក្នុងសង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ កាលពីវេលាម៉ោង១០និង២០នាទី យប់ថ្ងៃទី២៤ កុម្ភៈ ឆ្នាំ២០១១ រវាងរថយន្តស៊ីអ័រវី និងរថយន្តទេសចរណ៍ហ៊ីយ៉ាន់ដាយ បណ្តាលឱ្យរថយន្តហ៊ីយ៉ាន់ដាយ បះកង់ឡើងលើប៉ុន្តែមិនមានមនុស្សណាម្នាក់ស្លាប់ ឬរបួសនោះទេ គ្រាន់តែខូចខាតរថយន្តទាំងពីរគ្រឿងធ្ងន់ធ្ងរប៉ុណ្ណោះ ។ សាក្សីដែលឃើញហេតុការណ៍បាននិយាយឱ្យដឹងថា មុនពេលកើតហេតុមានរថយន្តមួយគ្រឿងម៉ាកស៊ីអ័រវី ពាក់ស្លាកលេខ ភ្នំពេញ 2F-6249 បើកលើកំណាត់មហាវិថីព្រះមុនីវង្ស ឆ្ពោះទៅទិសខាងជើង លុះមកដល់កែងផ្លូវលេខ១១៤ ស្ថិតក្នុងសង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ បានបុកជាមួយនឹងរថយន្តទេសចរណ៍១២កៅអី ម៉ាកហ៊ីយ៉ាន់ដាយ ចំពាក់កណ្តាលរថយន្ត បណ្តាលឱ្យក្រឡាប់បះកង់ឡើងលើ ខណៈពេលរថយន្តហ៊ីយ៉ាន់ដាយបើកតាមបណ្តោយផ្លូវលេខ១១៤ ឆ្ពោះទៅទិសខាងកើត ។ នៅពេលរថយន្តទេសចរណ៍ហ៊ីយ៉ាន់ដាយបះកង់ឡើងលើនេះ គេឃើញជនបរទេស៤នាក់ រួមទាំងអ្នកបើកបរម្នាក់ផង បានព្យាយាមលូនចេញតាមទ្វាររថយន្តមានទឹកមុខស្លេកស្លាំង តែពុំមានរបួសអ្វីធ្ងន់ធ្ងរឡើយ រីឯភាគីម្ចាស់រថយន្តស៊ីអ័រវីវិញ ក៏មិនមានរងរបួសអ្វីនោះដែរ គ្រាន់តែខូចខាតរថយន្តធ្ងន់ប៉ុណ្ណោះ នេះចាត់ទុកជាសំណាងមួយក្នុងមួយពាន់គ្រោះថ្នាក់ ។ សាក្សីបានបញ្ជាក់ថា នៅពេលរថយន្តទាំងពីរគ្រឿងបុកគ្នាយ៉ាងពេញទំហឹងនេះ ខណៈដែលភ្លើងស្តុបឱ្យសញ្ញាពណ៌លឿង ហើយពួកគេមិនបានជាន់ហ្វ្រាំងបន្ថយល្បឿននោះទេ ទំនងជាអាងថា ពេលយប់មិនសូវមានអ្នកធ្វើដំណើរ ។ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះមិនមានសមត្ថកិច្ចជំនាញណាម្នាក់អះអាងថា ភាគីខាងរថយន្តណាមួយជាអ្នកខុសនោះទេ ក្រោយពីនគរបាលវាស់វែងរួចក៏បានស្ទូចយករថយន្តទាំងពីរគ្រឿងយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីដោះស្រាយតាមច្បាប់ ៕ |
អ្នកបើកតាក់ស៊ី និងព្រូជាប់ចោទជំរិតទារប្រាក់ពីពលករ Posted: 24 Feb 2011 07:45 PM PST ខេត្តបន្ទាយមានជ័យ ៖ ពលករខ្មែរម្នាក់ដែលធ្វើការនៅប្រទេសថៃ ហើយត្រឡប់មកស្រុកវិញ បានត្រូវអ្នកបើកបររថយន្ត និងព្រូចាប់ជំរិតទារលុយ និងយកអស់សំភារ ខណៈជិះរថយន្តឈ្នួលនោះ ហើយជនរងគ្រោះបានរត់ទៅប្តឹងប៉ូលិសទីបំផុតក្រុមជនល្មើសបានរត់ចោលរថយន្ត និងឃាត់ខ្លួនបានតែអ្នករត់ម៉ូតូឌុបនៅវេលាម៉ោង៨យប់ ថ្ងៃទី២១ កុម្ភៈ ឆ្នាំ២០១១ នាំមកកាន់អធិការដ្ឋានក្រុងសិរីសោភ័ណ ។ សមត្ថកិច្ចប៉ូលិសក្រុងសិរីសោភ័ណបានឱ្យដឹងថា ជនរងគ្រោះឈ្មោះសួយ សឹង ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅភូមិផ្គាំ ឃុំផ្គាំ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ បានប្តឹងចោទប្រកាន់ក្រុមអ្នករត់តាក់ស៊ីថា ចាប់ជំរិតយកលុយ ខណៈពេលខ្លួនមកពីធ្វើការនៅប្រទេសថៃ ហើយត្រឡប់ទៅស្រុកវិញ ត្រូវបានព្រូ និងអ្នកបើកបរ ក៏មិនស្គាល់ឈ្មោះ ហៅឱ្យជិះរថយន្តរបស់គេពីក្រុងប៉ោយប៉ែត មកកាន់ទីរួមខេត្តបន្ទាយមានជ័យ ។ ពេលជិះមកដល់ពាក់កណ្តាលផ្លូវអ្នកបើកបររថយន្តបានទារលុយពីខ្លួនចំនួន៦០០បាត ប៉ុន្តែខ្លួនមិនព្រមឱ្យ បន្ទាប់មកអ្នកបើកបរនោះបានបើកមកដល់ចំណុចខាងក្រោយសាលាក្រុងសិរីសោភ័ណ រួចចាប់ជំរិតយកលុយអស់ ៣៥.០០០រៀល និង១០០០បាត ព្រមទាំងទូរស័ព្ទដៃ២គ្រឿង ។ បន្ទាប់មកពួកគេបានហៅម៉ូតូឌុបឱ្យខ្លួនជិះបន្តទៅផ្ទះ លុះជិះទៅដល់មុខអធិការដ្ឋានប៉ូលិសក្រុងសិរីសោភ័ណ ខ្លួនក៏លោតចុះមកប្តឹងសមត្ថកិច្ចឱ្យជួយធ្វើអន្តរាគមន៍។ ពេលនោះប៉ូលិសបានធ្វើការឃាត់ខ្លួនម្ចាស់ម៉ូតូឌុបឈ្មោះអៀង សុវណ្ណ មានទីលំនៅភូមិសែសិន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ រួមនឹងម៉ូតូមួយគ្រឿងម៉ាកហុងដា C125 ពណ៌ខ្មៅ ។ មន្ត្រីប៉ូលិសបានបន្តទៀតថា ក្រោយពីឃាត់ខ្លួនអ្នករត់ម៉ូតូឌុប ទើបសមត្ថកិច្ចឈានដល់ការឃាត់រថយន្តនៅថ្ងៃទី២២ កុម្ភៈ ឆ្នាំ២០១១ តែបានតែរថយន្តប៉ុណ្ណោះ ចំណែកអ្នកបើកបរ និងព្រូបានរត់គេចខ្លួនអស់ហើយ ។ រថយន្តនេះម៉ាកកាមរី ពណ៌.ស ស៊េរីឆ្នាំ១៩៩១ ពាក់ស្លាកលេខបន្ទាយមានជ័យ 2A 1943 ។ បើតាមការពិនិត្យគឺអ្នករត់ម៉ូតូពុំមានការពាក់ព័ន្ធទេ ប៉ុន្តែគេអាចធ្វើសាក្សីបានក្នុងករណីខាងលើ បន្ទាប់មកក៏ឱ្យអ្នកម៉ូតូឌុបរូបនោះ វិលត្រឡប់ទៅវិញ ។ បើតាមការរៀបរាប់បន្ថែមរបស់ជនរងគ្រោះឈ្មោះសួយ ស៊ឹង ឱ្យដឹងថា ពេលរូបគេមកពីថៃដល់ក្រុងប៉ោយប៉ែត គឺដើរតែម្នាក់ឯង ហើយព្រូ និងអ្នកបើកបរតាក់ស៊ីបានហៅជិះ រថយន្តគេដោយនិយាយថា ដឹកតែម្នាក់ក៏គេចេញដែរ ។ ពេលនោះខ្លួនគេក៏ឡើងជិះពេលមកដល់ពាក់កណ្តាលផ្លូវ ស្រាប់តែពួកគេទារលុយចំនួន៦០០បាត តែ រូបគេមិនព្រម គឺឱ្យតែតម្លៃធម្មតាប៉ុណ្ណោះ លុះពេលបើកមកដល់ខាងក្រោយសាលាក្រុងសិរីសោភ័ណអ្នកបើកបររថយន្ត និងព្រូបានចាប់គេបង្ខំយកលុយ និងទូរស័ព្ទតែម្តង ។ ប៉ូលិសក្រុងសិរីសោភ័ណបានបញ្ជាក់ថា ក្រោយពីការស្រាវជ្រាវរកឃើញរថយន្ត សមត្ថកិច្ចបានរៀបចំសំណុំរឿងបញ្ជូនរថយន្តនោះទៅសាលាដំបូងខេត្ត ចំណែកអ្នកបើកបរ និងព្រូរថយន្តសមត្ថកិច្ចបន្តធ្វើការស្រាវជ្រាវតាមវិធានការជំនាញ ដើម្បីឈានដល់ការចាប់ឃាត់ខ្លួនជនល្មើសទាំងនោះមកផ្តន្ទាទោសតាមច្បាប់ ៕ |
២ថ្ងៃបន្តបន្ទាប់រដ្ឋបាលព្រៃឈើកំពតចាប់ឈើគ្រញូងបាន៥០៦គីឡូក្រាម Posted: 24 Feb 2011 07:35 PM PST ខេត្តកំពត ៖ ឈើគ្រញូងចំនួន៥០៦គីឡូក្រាមត្រូវសមត្ថកិច្ចរដ្ឋបាលព្រៃឈើកំពត-កែបបង្ក្រាបបាន ព្រមទាំងរឹបអូសរថយន្តដឹកជញ្ជូនពីរគ្រឿង និងចាប់ឃាត់ខ្លួនជនជាប់ចោទម្នាក់ផងដែរ ។ យោងតាមមន្ត្រីរដ្ឋបាលព្រៃឈើកំពត-កែបមួយរូបនិយាយថា ប្រជាពលរដ្ឋបានផ្តល់ព័ត៌មានមកថា គេឃើញរថយន្តធុនតូចមួយគ្រឿងដឹកឈើគ្រញូងតាមបណ្តោយផ្លូវជាតិលេខ៣៣ ឆ្លងកាត់ស្រុកអង្គរជ័យ ស្រុកបន្ទាយមាស រួចឆ្លងចូលតាមផ្លូវលំ ឆ្ពោះទៅច្រកទ្វារទ្វេភាគីតន់ហន់ ។ ក្រោយពីដឹងព័ត៌មាននេះ កម្លាំងសមត្ថកិច្ចក៏បានការចង្អុលណែនាំពីនាយខណ្ឌរដ្ឋបាលព្រៃឈើកំពត ឱ្យដាក់កម្លាំងពួនស្ទាក់នៅចំណុចខាងលើ ។ នៅវេលាម៉ោង៣និង៣៥នាទីរសៀលថ្ងៃទី២១ កុម្ភៈ ក៏ប្រទះឃើញរថយន្តកាមរីមួយគ្រឿង ពណ៌សំបកឪឡឹក ពាក់ស្លាកលេខខ.ម 04-2-3982 ដែលអ្នកបើកបររថយន្តកាមរីនោះក្រោយពីឃើញរថយន្តសមត្ថកិច្ចបម្រុងព្យាយាមរត់គេចខ្លួនដែរ ប៉ុន្តែដោយរថយន្តសមត្ថកិច្ចព្យាយាមបើកតាមក្រោយ ពេលនោះម្ចាស់រថយន្តកាមរីក៏ឈប់រថយន្តរួចរត់គេចខ្លួនបាត់បន្សល់ទុករថយន្តនៅក្នុងភូមិសាស្ត្រឃុំព្រែកក្រើស (ច្រកទ្វេភាគី) ស្រុកកំពង់ត្រាច ។ ដោយមានការសង្ស័យ សមត្ថកិច្ចជំនាញបានសហការជាមួយអាជ្ញាធរមូលដ្ឋានពិនិត្យឆែកឆេរឃើញមានឈើគ្រញូងនៅក្នុងរថយន្តចំនួន៨៩ដុំ ស្មើនឹងទម្ងន់៤០៥គីឡូក្រាម ។ ក្រោយពីពិនិត្យឃើញវត្ថុតាងល្មើសច្បាប់ហើយសមត្ថកិច្ចក៏បាននាំរថយន្តកាមរីនោះមកកាន់ទីស្នាក់ការខណ្ឌរដ្ឋបាលព្រៃឈើកំពត ។ ដោយឡែក កាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី២២ កុម្ភៈ សមត្ថកិច្ចបានឃាត់រថយន្តកូរ៉េ ចំណុះ៥តោន មួយគ្រឿង ដែលមានផ្ទុកឈើគ្រញូងចំនួន១០ដុំស្មើនឹង១០១គីឡូក្រាម បើកបរដោយឈ្មោះ ង៉ែត យូ ភេទប្រុស អាយុ៤៥ឆ្នាំ មានទីលំនៅភូមិក្តី ឃុំសឹង ស្រុកសំរោង ខេត្តតាកែវ ។ រថយន្តកូរ៉េដែលសមត្ថកិច្ចឃាត់ទុកនេះ ពាក់ស្លាកលេខភ្នំពេញ 3A-6834 ។ តាមអ្នកបើកបរបានឱ្យសមត្ថកិច្ចដឹងថា ឈើដែលដឹកក្នុងរថយន្តនេះជារបស់ក្រុមហ៊ុនដឹកចេញពីតំបន់ការដ្ឋានទំនប់វារីអគ្គិសនីភ្នំកំចាយទឹកឈូ ប៉ុន្តែអ្នកបើកបររថយន្តនោះពុំបានបំភ្លឺមេព្រៃថាយកទៅដាក់នៅចំណុចណាទេ ។ ទាំងរថយន្តកាមរី ទាំងរថយន្តកូរ៉េ ព្រមទាំងឈើគ្រញូងសរុបចំនួន៩៩ដុំ ស្មើនឹង៥០៦គីឡូក្រាម រួមនិងជនសង្ស័យម្នាក់ផង ត្រូវបាននាំយកមករក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើកំពតដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ។ គួររំលឹកថា ករណីរកស៊ីឈើខុសច្បាប់ នៅចំណុចភ្នំកំចាយទឹកឈូគឺកើតមានការលួចដឹកចេញនៅពេលយប់ជាហូរហែនាពេលកន្លងមក ដោយសំអាងលេសមានក្រុមហ៊ុនស្របច្បាប់ឱ្យកាប់ឆ្ការឈើមុខទ្វារទឹកតំបន់វារីអគ្គិសនីភ្នំកំចាយ ៕ |
នាងជេស៊ីកា ស៊ីមសុន ព្យាយាមសម្រកទំងន់សំរាប់ថ្ងៃរៀបការ Posted: 24 Feb 2011 07:27 PM PST តារាហូលីវូដនាង ជេស៊ីកា ស៊ីមសុន រៀបចំខ្លួនថែរាងកាយឲ្យបានសមសួនសំរាប់ថ្ងៃរៀបអាពាហ៍ពិពាហ៍របស់នាង ។ ដើម្បីរៀបចំខ្លួនមុនថ្ងៃរៀបការជាមួយគូដណ្តឹង Eric Johnsonតារាចំរៀងរូបនេះបានចុះឈ្មោះក្នុងក្លឹបហាត់ ប្រាណដើម្បីជាជំនួយ ។ គ្រូបង្វឹកហាត់ប្រាណរបស់នាងមានឈ្មោះថា Tracy Andersonដែលនឹងធ្វើឲ្យនាងក្លាយជាតារាដែលមានរូបរាងស្តើងស្អាត ។ គ្រូបង្វឹក Tracy Anderson និយាយប្រាប់សារព័ត៌មាន Us Weekly ថា នាងចង់បានសុខភាពល្អ ។ បន្ទាប់ពីច្រើនសប្តាហ៍ ជាមួយនឹងការហាត់ប្រាណ៧៥នាទីសំរាប់រយៈពេល៤ដងក្នុងមួយសប្តាហ៍ឃើញថា នាងទទួលបានលទ្ធផលគួរជាទីពេញចិត្ត ។ នាងជេស៊ីកា ស៊ីមសុនដែលមានវ័យ៣០ឆ្នាំក្រៅពីការហាត់ប្រាណគឺសម្រកទំងន់ថែមទៀតផង។មានដំណឹងថា ក្នុងឆ្នាំនេះនាងរកប្រាក់ចំណូលបាន១ពាន់លានដុល្លារ តែមិនត្រូវបានគេប្រកាសឲ្យដឹងឡើយ។ ជាងនេះទៅទៀតកាលបរិច្ឆេទនៃថ្ងៃរៀបការមិនត្រូវបាន |
សរសៃគុយទាវ៤៩០គីឡូក្រាមត្រូវយកទៅដុត និងកប់ចោល Posted: 24 Feb 2011 07:26 PM PST ខេត្តបន្ទាយមានជ័យ ៖ សរសៃគុយទាវចំនួន៤៩០គីឡូក្រាម ត្រូវបានសមត្ថកិច្ចចំរុះនាំយកទៅដុត និងកប់ចោលកាលពីរសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១១ នៅភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ។ លោកវរសេនីយ៍ត្រី ចាប សុផាឫទ្ធិ នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋានខេត្តបានឱ្យដឹងថា ដោយមានបញ្ជាពីលោកព្រះរាជអាជ្ញាធរសាលាដំបូងខេត្តស្នងការដ្ឋាននគរបាលខេត្តបានបង្កើតគណៈកម្មការចម្រុះមួយ រួមមានកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត កម្លាំងនគរបាលប្រឆាំងបទល្មើសនៃនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច អគ្គស្នងការដ្ឋាននគរបាលជាតិ កាំកុងត្រូលខេត្ត និងមន្ទីរសុខាភិបាលខេត្ត បាននាំយកសរសៃគុយទាវចំនួន៤៩០គីឡូក្រាមទៅដុត និងកប់ចោលនៅរសៀលថ្ងៃទី២២ ខែកុម្ភៈ នៅភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណសរសៃគុយទាវទាំងនេះត្រូវបានដកហូតពីសិប្បកម្មផលិតសរសៃគុយទាវដែលមានយីហោមានជ័យ កាលពីព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១១ កន្លងទៅតាមដីការបស់លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បង្គាប់ឱ្យឆែកឆេរលំនៅឋាន និងរុករកវត្ថុតាង។ លោកស៊ាន ស៊ីណាត អនុប្រធានកាំកុងត្រូលខេត្តបានឱ្យដឹងថា តាមការពិសោធន៍ សមត្ថកិច្ចចម្រុះបានរកឃើញថា សរសៃគុយទាវទាំងនេះមានសារធាតុគីមី (ជាតិបូរ៉ាក់) ជាសារធាតុមួយដែលច្បាប់ហាមឃាត់មិនឱ្យអ្នកលក់ដូរ ឬអ្នកផលិតចំណីអាហារយកទៅលាយជាមួយចំណី និងម្ហូបអាហារ ព្រោះជាកត្តានាំឱ្យប៉ះពាល់ដល់សុខភាពអ្នកបរិភោគ។ ជាមួយគ្នានេះដែរ សមត្ថកិច្ចបានរកឃើញសារធាតុគីមីបូរ៉ាក់ចំនួន៣ការុងកន្លះផងដែរដែលម្ចាស់សិប្បកម្មទុកប្រើប្រាស់។ លោកឧត្តមសេនីយ៍ត្រីខេង ស៊ុម ស្នងការនគរបាលខេត្តបានអំពាវនាវដល់ម្ចាស់សិប្បកម្មទាំងអស់មិនត្រូវប្រើប្រាស់សារធាតុគីមីអ្វីដែលច្បាប់ហាមឃាត់យកទៅលាយជាមួយម្ហូបអាហារឡើយ ពិសេសជាតិបូរ៉ាក់ ព្រោះវាប៉ះពាល់ធ្ងន់ធ្ងរណាស់ចំពោះអ្នកបរិភោគប្រចាំថ្ងៃ ៕ |
លីប៊ី ៖ ស្លាប់ដល់2000នាក់ក្នុងការប៉ះទង្គិចគ្នា Posted: 24 Feb 2011 06:54 PM PST ភាគខាងកើតលីប៊ី លែងស្ថិតក្រោមការត្រួតត្រារបស់ប្រមុខរដ្ឋលោកកាដាហ្វីទៀតហើយ ។ ឯកអគ្គរដ្ឋទូតបារាំងទទួលបន្ទុកខាងសិទ្ធិមនុស្សលោក FRANÇOIS ZIMERAY វាយតម្លៃថា តុល្យការនៃជនរងគ្រោះដោយសារការប៉ះទង្គិចគ្នានៅលីប៊ីអាចឡើងដល់២០០០នាក់។ប៉ុន្តែឯកអគ្គរដ្ឋទូតរូបនេះ និយាយថា ពុំមានមធ្យោបាយត្រួតពិនិត្យលើតុល្យការនោះឡើយសំរាប់ពេលនេះ ។ លោកយល់ថា របបរបស់លោកកាដាហ្វី អាចរស់រានបានប៉ុន្មានថ្ងៃទៀត ឬប៉ុន្មានម៉ោងទៀតប៉ុណ្ណោះ ។ |
លោកកាដាហ្វីចោទពួកអាល់កៃដាថានៅពីក្រោយការបះបោរ Posted: 24 Feb 2011 06:54 PM PST មេដឹកនាំលីប៊ីបានថែ្លងកាលពីថ្ងៃទី២៤ កុម្ភៈ ដើម្បីស្នើដល់ប្រជាជនលោកឱ្យដណ្តើមយកអាវុធរបស់ពួកបះបោរ ។ បន្ទាប់ពីបាត់បង់ការត្រួតត្រាភាគខាងកើតប្រទេសទីក្រុងជាច្រើននៅភាគខាងលិចពេលនេះ ក៏ធ្លាក់ក្នុងការត្រួតត្រារបស់ពួកប្រឆាំងដែរ ។ ពួកប្រឆាំងបានត្រួតត្រាពាក់កណ្តាលភាគខាងកើតប្រទេស និងទីក្រុងជាច្រើននៅភាគខាងលិចជាប់សមុទ្រមេឌីទែរ៉ាណេ ។ កងកម្លាំងស្មោះត្រង់នឹងលោកវរសេនីយ៍ឯកកាដាហ្វី បានបើកការវាយបកមួយលើទីក្រុងទាំងនោះ បណ្តាលឱ្យមនុស្សស្លាប់ជាច្រើននាក់ ។ |
You are subscribed to email updates from Koh Santepheap Daily To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |