VOA News: ព័ត៌មាន: “សាលាក្រុងភ្នំពេញបានបដិសេធសំណើសហគមន៍បឹងកក់ដែលសុំអភិវឌ្ឍនៅនឹងកន្លែង” plus 6 more |
- សាលាក្រុងភ្នំពេញបានបដិសេធសំណើសហគមន៍បឹងកក់ដែលសុំអភិវឌ្ឍនៅនឹងកន្លែង
- ចៅក្រមមិនផ្តល់ឱកាសឲ្យមេធាវីលោកសម រង្ស៊ីឆ្លើយតបនឹងមេធាវីរដ្ឋាភិបាល
- សាលាក្ដីខ្មែរក្រហមអនុម័តវិសោធនកម្មវិធានផ្ទៃក្នុងដើម្បីបញ្ចៀសការរាំងស្ទះក្នុងដំណើរការកាត់ទោស
- សហគមន៍ខ្មែរនៅសាន់ ហូហ៊្សេនឹងប្រជុំពិភាក្សាពីការទាមទារសំណងពីសាលាក្តីខ្មែរក្រហម
- អ្នកវិភាគកម្ពុជាស្វាគមន៍លទ្ធផលជំនួបដែលឈានដល់ការបញ្ជូនអ្នកសង្កេតការណ៍
- អាស៊ានចូលសម្របសម្រួលជម្លោះរវាងកម្ពុជានិងថៃ
- អ្នកវិភាគ៖ ការបកស្រាយសាលក្រមតុលាការគឺជាជម្រើសបញ្ចប់ជម្លោះកម្ពុជា-ថៃ
សាលាក្រុងភ្នំពេញបានបដិសេធសំណើសហគមន៍បឹងកក់ដែលសុំអភិវឌ្ឍនៅនឹងកន្លែង Posted: 23 Feb 2011 11:38 AM PST ភ្នំពេញ៖ អាជ្ញាធរសាលាក្រុងភ្នំពេញបានបដិសេធសំណើរបស់ប្រជាពលរដ្ឋសហគមន៍បឹងកក់ដែលសុំការអភិវឌ្ឍនៅនឹងកន្លែង។ ប្រជាពលរដ្ឋនៅបឹងកក់បានសម្តែងការមិនសប្បាយចិត្តចំពោះការបដិសេធរបស់សាលារាជធានីភ្នំពេញនេះ និងបានប្តេជ្ញាថា នឹងបន្តជំរុញគម្រោងការអភិវឌ្ឍន៍នេះឱ្យបានសម្រេច។ សាលារាជធានីភ្នំពេញបានផ្តល់កិច្ចសន្យាជួលរយៈពេល៩៩ឆ្នាំដល់ក្រុមហ៊ុនអភិវឌ្ឍន៍ឯកជន Shukaku Inc.ដោយមានតម្លៃ៧៩លានដុល្លារអាមេរិក សម្រាប់ការអភិវឌ្ឍទីក្រុងទំនើប។ មន្ត្រីជាន់ខ្ពស់សាលារាជធានីភ្នំពេញបានបដិសេធជាផ្លូវការនូវគម្រោងអភិវឌ្ឍន៍របស់ប្រជាពលរដ្ឋបឹងកក់ ដែលកំពុងតែប្រឈមនឹងលទ្ធភាពនៃការបណ្តេញចេញដោយបង្ខំស្របពេលដែលមានគម្រោងអភិវឌ្ឍន៍។ សហគមន៍បឹងកក់បានស្នើសុំសាលារាជធានីភ្នំពេញផ្ទៃដីទំហំ១៥ហិចតាដើម្បីសាងសង់លំនៅដ្ឋាននិងហេដ្ឋារចនាសម្ព័ន្ធសម្រាប់ប្រជាពលរដ្ឋចំនួន១៥០០គ្រួសារកាលពីថ្ងៃទី២៦ ខែមករា។ ប្រជាពលរដ្ឋនៅតំបន់អភិវឌ្ឍន៍បឹងកក់បាននិយាយថា ពួកគាត់ចង់បានការអភិវឌ្ឍដីទំហំ១៥ហិចតានៃផ្ទៃដីសរុប១៣៣ហិចតា ជំនួសឱ្យការបណ្តេញចេញពីផ្ទះសម្បែងរបស់ពួកគាត់ចំពោះការទិញយក។ គម្រោងអភិវឌ្ឍន៍សហគមន៍បឹងកក់ទំហំ១៥ហិចតា ដែលបានស្នើឡើងនេះ រួមមានគម្រោងសាងសង់ផ្ទះចំនួន១៥០០ខ្នង មជ្ឈមណ្ឌលសហគមន៍ចំនួន៣ ផ្សារចំនួន១ តំបន់បៃតង់ និងដីប្រើប្រាស់សេវាផ្សេងៗ។ លោកកែប ជុតិមា អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់នៅក្នុងលិខិតចុះថ្ងៃទី១៧ ខែកុម្ភៈ ថា សាលារាជធានីភ្នំពេញនឹងមិនទទួលយកគម្រោងនេះទេ។ លោកកែប ជុតិមាបានបន្ថែមថា ចំពោះសំណើសុំអភិវឌ្ឍនៅនឹងកន្លែងលើផ្ទៃដីទំហំ១៥ហិចតា នៅក្នុងតំបន់បឹងកក់នេះ សាលារាជធានីភ្នំពេញមិនអាចដោះស្រាយជូនបានទេ។ តំណាងសហគមន៍បឹងកក់បាននិយាយនៅថ្ងៃពុធនេះថា ប្រជាពលរដ្ឋបឹងកក់នឹងបន្តជំរុញគម្រោងអភិវឌ្ឍន៍នេះ។ក្នុងជម្លោះដីនៅបឹងកក់ ដែលកំពុងតែបន្តនេះ មានប្រជាពលរដ្ឋច្រើនរាប់រយគ្រួសារត្រូវបង្ខំឱ្យចេញពីផ្ទះសម្បែងរបស់ពួកគាត់ទៅកាន់កន្លែងតាំងលំនៅថ្មីនៅជាយរាជធានីភ្នំពេញ ដែលប្រជាពលរដ្ឋបាននិយាយថា មិនអាចទទួលយកបាន។ អ្នកស្រីទេព វន្នី តំណាងសហគមន៍បឹងកក់ បានថ្លែងប្រាប់សន្និសីទកាសែតថា ប្រជាពលរដ្ឋបឹងកក់មិនសប្បាយចិត្តចំពោះការបដិសេធរបស់សាលារាជធានីភ្នំពេញនេះទេ។ «កាលពីម្សិលម៉ិញ យើងខ្ញុំទាំងអស់គ្នាមានការខកចិត្តយ៉ាងខ្លាំងដោយបានទទួលលិខិតមួយច្បាប់ពីសាលារាជធានីភ្នំពេញ ដែលបានបដិសេធសំណើរបស់យើងខ្ញុំ។ ការបដិសេធលើគម្រោងអភិវឌ្ឍន៍នៅនឹងកន្លែងនេះ គឺជាការរំលោភបំពានលើកិច្ចសន្យាដើមរវាងសាលារាជធានីភ្នំពេញ និងក្រុមហ៊ុន Shukaku Inc»។ ប្រជាពលរដ្ឋនៅសហគមន៍បឹងកក់បានអំពាវនាវឲ្យសាលារាជធានីភ្នំពេញ និងក្រុមហ៊ុន Shukaku Inc ពិចារណាឡើងវិញអំពីជំហររបស់ខ្លួន និងទទួលយកសំណើសុំអភិវឌ្ឍនៅនឹងកន្លែងរបស់សហគមន៍បឹងកក់។ អ្នកស្រីទេព វន្នី តំណាងសហគមន៍បឹងកក់ បានបញ្ជាក់យ៉ាងដូច្នេះថា «ទោះបីជាមានការវាយដំ គំរាមកំហែង បំភិតបំភ័យ និងបង្ខំឱ្យយើងខ្ញុំចាកចេញពីលំនៅដ្ឋានក៏ដោយ ក៏យើងខ្ញុំត្រៀមខ្លួនជាស្រេច អង្គុយរួមគ្នាដើម្បីពិភាក្សាប្រកបដោយសមភាព ត្រឹមត្រូវនិងរកដំណោះស្រាយប្រកបដោយចីរភាពសម្រាប់វិវាទកំពុងបន្តនេះ»។ ក្រុមហ៊ុនអភិវឌ្ឍន៍បានបន្តបូមដីចាក់បំពេញបឹងដែលធ្វើឱ្យជន់លិចផ្ទះសម្បែងរបស់ប្រជាពលរដ្ឋបន្ថែមទៀត។ នៅក្នុងខែកុម្ភៈ ឆ្នាំ២០០៧ សាលារាជធានីភ្នំពេញបានផ្តល់កិច្ចសន្យាជួលរយៈពេល៩៩ឆ្នាំដល់ក្រុមហ៊ុនអភិវឌ្ឍន៍ឯកជន Shukaku Inc. ហើយកិច្ចសន្យាជួលនេះមានតម្លៃ៧៩លានដុល្លារអាមេរិក។ សាលារាជធានីភ្នំពេញបានផ្តល់សំណងជាទឹកប្រាក់ចំនួន៨៥០០ដុល្លារអាមេរិកបូកនឹងប្រាក់២លានរៀលបន្ថែមទៀត ដល់គ្រួសារដែលបានស្ម័គចិត្តចាកចេញពីតំបន់បឹងកក់នេះ៕ This posting includes an audio/video/photo media file: Download Now |
ចៅក្រមមិនផ្តល់ឱកាសឲ្យមេធាវីលោកសម រង្ស៊ីឆ្លើយតបនឹងមេធាវីរដ្ឋាភិបាល Posted: 23 Feb 2011 11:25 AM PST ភ្នំពេញ៖ មេធាវីការពារក្ដីឲ្យមេដឹកនាំគណបក្សប្រឆាំង បានសម្តែងការខកចិត្តនៅពេលដែលក្រុមប្រឹក្សាជំនុំជម្រះមិនអនុញ្ញាតឲ្យលោកបកស្រាយតបនឹងមេធាវីរបស់រដ្ឋាភិបាលនៅក្នុងសវនាការរបស់តុលាការកំពូលទេ។ បន្ទាប់ពីសវនាការអស់រយៈពេលជិតបីម៉ោង លោកឃឹម ប៉ុណ្ណ ប្រធានចៅក្រមជំនុំជម្រះ បានអះអាងថា សាលក្រមរឿងក្ដីនេះនឹងប្រកាសនៅថ្ងៃទី១ខែមិនាខាងមុខនេះ។ បន្ទាប់ពីតុលាការកំពូលបានបញ្ចប់សវនាការអស់រយៈពេលជាងពីរម៉ោងចំពោះរឿងក្តីរបស់លោកសម រង្ស៊ី មេដឹកនំាគណបក្សប្រឆាំង និងលោកព្រំ ជា ព្រមទាំងអ្នកស្រីមាស ស្រី ពាក់ព័ន្ធនឹងការដកតម្រុយបង្គោលព្រំដែនលេខ១៨៥រវាងប្រទេសកម្ពុជា និងប្រទេសវៀតណាមនោះ លោកជួង ជូងី មេធាវីការពារក្តីជនជាប់ចោទទាំងបីរូប បានសម្តែងការខកចិត្តចំពោះលោកឃឹម ប៉ុណ្ណ ប្រធានចៅក្រមជំនុំជម្រះនៃតុលាការកំពូល ដែលមិនអនុញ្ញាតឲ្យលោកបកស្រាយចំពោះការលើកឡើងរបស់មេធាវីរដ្ឋាភិបាល។ លោកជួង ជូងីបានថ្លែងប្រាប់ក្រុមអ្នកកាសែតនៅក្រៅបន្ទប់សវនាការថា លោកត្រូវឆ្លើយតបនឹងមេធាវីរបស់រដ្ឋាភិបាល ក៏ប៉ុន្តែមិនត្រូវបានអនុញ្ញាត។ នេះគឺជាការបំបិទសិទ្ធិមួយដែលមិនអនុញ្ញាតឲ្យលោកបកស្រាយឲ្យបានពេញលេញនៅក្នុងអង្គសវនាការ។ «ទង្វើនេះគឺមានភាពលម្អៀង មិនផ្តល់ពេលគ្រប់គ្រាន់ឲ្យខ្ញុំឆ្លើយតបទៅនឹងមេធាវីរបស់ដើម បណ្តឹង»។ តុលាការកំពូល នៅថ្ងៃពុធនេះ បានបើកសវនាការជំនុំជម្រះបណ្តឹងសារទុក្ខរបស់សាលាឧទ្ធរណ៍ចំពោះរឿងក្តីរបស់លោកសម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំង។ លោកស្រីមាស ស្រី និងលោកព្រំ ជា ជាប់ពាក់ព័ន្ធនឹងការដកតម្រុយបង្គោលព្រំដែនលេខ១៨៥រវាងប្រទេសកម្ពុជា និងប្រទេសវៀតណាម និងញុះញង់ឲ្យមានការរើសអើងជាតិសាសន៍ដែលបានប្រព្រឹត្តធ្វើឡើងកាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០០៩ នៅស្រុកចន្ទ្រា ខេត្តស្វាយរៀង។ សាលាឧទ្ធរណ៍បានតម្កល់សាលដីការបស់សាលាដំបូងខេត្តស្វាយរៀង ដោយផ្តន្ទាទោសឲ្យ លោកសម រង្ស៊ី និងលោកស្រីមាស ស្រី ព្រមទាំងលោកព្រំ ជា ជាប់ពន្ធនាគារក្នុងម្នាក់ៗចំនួនពីរឆ្នាំ និងពិន័យជាប្រាក់រួមគ្នាប្រមាណជាង៦០លានរៀល។ អ្នកស្រីមាស ស្រី និងលោកព្រំ ជា ត្រូវបានសាលាឧទ្ធរណ៍ដោះលែងឲ្យនៅក្រៅឃុំកាលពី ខែតុលា ឆ្នាំ២០១០កន្លងទៅនេះ ក៏ប៉ុន្តែទោសដែលនៅសល់ត្រូវព្យួរ។ លោកស្រីមាស ស្រី និងលោកព្រំ ជាបានប្រាប់អង្គសវនាការរបស់តុលាការកំពូលថា ពួកគេមិនបានចូលរួមដកតម្រុយបង្គោលព្រំដែនលេខ១៨៥ទេ ក៏ប៉ុន្តែនៅក្នុងហេតុការណ៍នោះ ពួកគេមានវត្តមានជាមួយលោកសម រង្ស៊ីផងដែរ។ លោកព្រំ ជា អាយុ៤៣ឆ្នាំ និងអ្នកស្រីមាស ស្រី អាយុ៤០ឆ្នាំ បានបញ្ជាក់ទៀតថា តុលាការគួរតែទម្លាក់ចោលនូវការចោទប្រកាន់ ហើយនិងសំណងដ៏ច្រើនសន្ធឹកសន្ធាប់នេះ។ ពួកគេគ្មានលទ្ធភាពសងទេ។ លោកជួង ជូងី មេធាវីការពារក្តីជនជាប់ចោទទាំងបីរូប បានប្រាប់អង្គសវនាការថា លោកសម រង្ស៊ីពិតជាបានដកតម្រុយបង្គោលព្រំដែនមែន បន្ទាប់ពីបានទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋថា ការបោះតម្រុយបង្គោលព្រំដែននេះពិតជាបានចូលដីស្រែរបស់ប្រជាកសិករពិតប្រាកដមែន។ លោកជួង ជូងីបានមានប្រសាសន៍ទៀតថា ក្នុងនាមលោកសម រង្ស៊ីជាអ្នកតំណាងរាស្រ្តលោកត្រូវតែគិតគូរអំពីផលប្រយោជន៍របស់ប្រជាពលរដ្ឋ ហើយលោកបានចាត់ទុកថា រឿងក្តីនេះពាក់ព័ន្ធនឹងរឿងនយោបាយ។ ចំណែកលោកចាន់ សុខយាង មេធាវីការពារក្តីរដ្ឋាភិបាលវិញ បាននិយាយថា រឿងក្តីនេះមិនមែនជារឿងនយោបាយទេ គឺជារឿងបទល្មើសព្រហ្មទណ្ឌ។ លោកបានមានប្រសាសន៍ទៀតថា លោកសម រង្ស៊ី ជាជនជាប់ចោទ ហើយពិតជាអ្នកនយោបាយមែន ក៏ប៉ុន្តែលោកមិនអាចធ្វើអ្វីស្រេចតែចិត្តបានទេ។ បន្ទាប់ពីបានបើកសវនាការអស់រយៈពេលជាងពីរម៉ោង លោកឃឹម ប៉ុណ្ណ ប្រធានចៅក្រមជំនុំជម្រះនៃតុលាការកំពូល បានប្រកាសថា សាលក្រមរឿងក្តីនេះនឹងត្រូវប្រកាសនៅថ្ងៃទី១ខាងមុខនេះ៕ This posting includes an audio/video/photo media file: Download Now |
Posted: 23 Feb 2011 11:01 AM PST ភ្នំពេញ៖ បន្ទាប់ពីបានបើកកិច្ចប្រជុំពេញអង្គលើកទី៩ អស់រយៈពេលបីថ្ងៃរួចមក នៅថ្ងៃពុធនេះ ក្រុមចៅក្រមនិងព្រះរាជអាជ្ញារបស់សាលាក្ដីខ្មែរក្រហមបានអនុម័តវិសោធនកម្មវិធានផ្ទៃក្នុងមួយចំនួន ដែលនឹងអាចបញ្ចៀសភាពរាំងស្ទះក្នុងដំណើរការកាត់ទោសបាន។ បើទោះជាជនជាប់ចោទមានបញ្ហាផ្នែកសុខភាព ឬភាពធ្ងន់ធ្ងរដទៃផ្សេងទៀតដែលធ្វើឲ្យខកខានក្នុងការចូលរួមសវនាការក៏ដោយ ក៏ដំណើរការកាត់ទោសនឹងនៅតែបន្ដទៅមុខទៀតដដែល។ នេះគឺជាបទបញ្ញត្តិដែលត្រូវបានចែងក្នុងវិធានផ្ទៃក្នុងដែលទើបត្រូវបានធ្វើវិសោធនកម្មដោយកិច្ចប្រជុំពេញអង្គលើកទី៩របស់ក្រុមចៅក្រម និងព្រះរាជអាជ្ញានៃសាលាក្ដីខ្មែរក្រហម។ កិច្ចប្រជុំពេញអង្គរយៈពេលបីថ្ងៃបានបញ្ចប់នៅថ្ងៃពុធនេះ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់សាលាក្ដីខ្មែរក្រហម។ បទបញ្ញត្តិថ្មីដែលត្រូវគេមើលឃើញថា ជាការត្រៀមបញ្ចៀសឧបសគ្គក្នុងការកាត់ក្ដីអតីតមេដឹកនាំកំពូលៗខ្មែរក្រហមក្នុងសំណុំរឿង០០២។ គេដឹងថា សំណុំរឿងនេះអាចនឹងត្រូវយកមកជំនុំជម្រះក្នុងអំឡុងខែមិថុនាខាងមុខ ក្នុងនោះមានជនជាប់ចោទ នួន ជា ខៀវ សំផន អៀង សារី និងអៀង ធីរិទ្ធ។ សេចក្ដីប្រកាសព័ត៌មានដដែលបញ្ជាក់ថា បទបញ្ញត្តិ ដែលត្រូវបានកែសម្រួលនោះ អនុញ្ញាតឲ្យអង្គជំនុំជម្រះបន្ដដំណើរការនីតិវិធីរបស់ខ្លួនដោយអវត្តមានជនជាប់ចោទ។ បើមិនធ្វើវិសោធនកម្មទេ អវត្តមានរបស់ជនជាប់ចោទនឹងធ្វើឲ្យមានការយឺតយ៉ាវខ្លាំងដល់ដំណើរការនីតិវិធី។ តាមវិសោធនកម្មនេះ ប្រសិនបើករណីអវត្តមានបែបនេះកើតឡើង អង្គជំនុំជម្រះអាចបង្គាប់ឲ្យជនជាប់ចោទចូលរួមសវនាការតាមរយៈមធ្យោបាយសោតទស្សន៍ គឺមានន័យថា តាមរយៈការភ្ជាប់ខ្សែវីដេអូទៅកាន់បន្ទប់ជនជាប់ចោទ។ លោកឌឹម សុវណ្ណារុំ អ្នកនាំពាក្យសាលាក្ដីខ្មែរក្រហម ពន្យល់បន្ថែមថា បទបញ្ញត្តិនេះនឹងត្រូវអនុវត្ត បើទោះជាមានការយល់ព្រម ឬមិនយល់ព្រមពីជនជាប់ចោទក៏ដោយ។ «ចំណុចដែលសំខាន់ត្រង់ថា កិច្ចប្រជុំពេញអង្គលើកទី៩នេះបានសម្រេចថា បើទោះបីជាជនជាប់ចោទយល់ព្រម ឬមិនយល់ព្រមយ៉ាងណាក៏ដោយ ក៏អង្គជំនុំជម្រះសាលាដំបូងអាចបន្ដដំណើររបស់ខ្លួនដោយគ្មានវត្តមានរបស់ជនជាប់ចោទ ហើយបើសិនជាមានបញ្ហាសុខភាព ឬបញ្ហាធ្ងន់ធ្ងរដទៃទៀត ដែលធ្វើឲ្យជនជាប់ចោទមិនអាចចូលរួមបាន ក៏អង្គជំនុំជម្រះនៅតែបន្ដនីតិវិធី»។ លោកអាង ឧត្តម សហមេធាវីការពារក្ដីឲ្យអៀង សារី អតីតរដ្ឋមន្ដ្រីការបរទេសខ្មែរក្រហម ចាត់ទុកថា វិសោធនកម្មនេះគឺជាការចាប់បង្ខំឲ្យជនជាប់ចោទចូលរួមសវនាការ។ «គេចង់បង្ខំឲ្យជនជាប់ចោទចូលរួម ប្រហែលជាគេដឹងថា ជនជាប់ចោទមិនអាចចូលរួមពេញពេលវេលានៃសវនាការទេ»។ លោកសុន អរុណ សហមេធាវីការពារក្ដីឲ្យនួន ជា អតីតបងធំទីពីរបន្ទាប់ពីប៉ុល ពត អធិប្បាយថា វិធានផ្ទៃក្នុង ដែលត្រូវបានកែប្រែនេះ នឹងបង្កជាបញ្ហាដល់កូនក្ដីរបស់លោក។ នៅក្នុងបណ្ដឹងមួយទៅកាន់អង្គជំនុំជម្រះសាលាដំបូង កាលពីថ្ងៃទី៧កុម្ភៈ លោកមេធាវីស សាវ៉ាន លោកមេធាវី Jacque Verges និងលោកមេធាវី Phillipe Greciano បញ្ជាក់ថា លោកខៀវ សំផន អតីតប្រមុខរដ្ឋខ្មែរក្រហមចង់មានវត្តមានដោយផ្ទាល់នៅក្នុងសវនាការកាត់ទោសរូបលោក។ ជាមួយគ្នានេះដែរ កាលពីថ្ងៃទី១៩ ខែមករា លោកអៀង សារីបានស្នើសុំឲ្យអង្គជំនុំជម្រះសាលាដំបូងបើកសវនាការត្រឹមតែពាក់កណ្ដាលថ្ងៃប៉ុណ្ណោះ ដោយសារមូលហេតុសុខភាព។ ក៏ប៉ុន្ដែសហព្រះរាជអាជ្ញាបានជំទាស់សំណើរនេះ។ សូមបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំពេញអង្គរយៈពេលបីថ្ងៃនោះ ក្រុមចៅក្រមនិងព្រះរាជអាជ្ញារបស់សាលាក្ដីខ្មែរក្រហមក៏បានអនុម័តការកែសម្រួលវិធានស្ដីពីភាពអាចទទួលយកបាននៃបណ្ដឹងដិតចិត្ត ប្រឆាំងចៅក្រមណាម្នាក់ក្នុងអង្គជំនុំជម្រះសាលាដំបូង។ កិច្ចប្រជុំនេះក៏បានបង្កើតបទបញ្ញត្តិថ្មីមួយដែលអនុញ្ញាតឲ្យអង្គជំនុំជម្រះសាលាដំបូងបំបែកដំណើរការក្ដី ឬបំបែកបទចោទប្រកាន់ជនជាប់ចោទផងដែរ។ សាលាក្ដីខ្មែរក្រហមគ្រោងនឹងបើកកិច្ចប្រជុំមួយនៅដើមខែមេសាខាងមុខនេះដើម្បីរៀបចំនីតិវិធីបើកសវនាការសម្រាប់ជនជាប់ចោទអៀង សារី ខៀវ សំផន អៀង ធារិទ្ធ និងនួន ជា ចំពោះការទទួលខុសត្រូវលើការស្លាប់បាត់បង់ជីវិតរបស់ប្រជាពលរដ្ឋកម្ពុជាយ៉ាងតិច១,៧លាននាក់ចន្លោះពីឆ្នាំ១៩៧៥ ដល់ ឆ្នាំ១៩៧៩៕ This posting includes an audio/video/photo media file: Download Now |
សហគមន៍ខ្មែរនៅសាន់ ហូហ៊្សេនឹងប្រជុំពិភាក្សាពីការទាមទារសំណងពីសាលាក្តីខ្មែរក្រហម Posted: 23 Feb 2011 09:37 AM PST រដ្ឋធានីវ៉ាស៊ីនតោន៖ ក្រុមមេធាវីការពារក្តីឱ្យពលរដ្ឋខ្មែរ-អាមេរិកាំងនឹងជួបជុំជាមួយកូនក្តីរបស់ពួកគេនៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ នៅទីក្រុងសាន់ ហូហ៊្សេ(San Jose) រដ្ឋកាលីហ្វ័រញ៉ា (California) ដើម្បី ផ្តល់ដំណឹងដល់ពួកគេអំពីការវិវត្តចុងក្រោយទាក់ទងនឹងសាលាក្តីខ្មែរក្រហម។ នេះជាលើកទីមួយហើយដែលសហគមន៍ខ្មែរនៅទីក្រុងសាន់ ហូហ៊្សេនេះនឹងជួបជាមួយក្រុមមេធាវីការពារក្តីរបស់ពួកគេចាប់តាំងពីពួកគេបានដាក់ពាក្យប្តឹងទៅសាលាក្តីខ្មែរក្រហមក្នុងសំណុំរឿងលេខ០០២ ដែលនឹងកាត់ទោសមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហម។ ការជួបជុំនេះក៏ដើម្បីពិភាក្សាគ្នាអំពីបញ្ហាសំណងដែលក្រុមជនរងគ្រោះពីរបបខ្មែរក្រហមទាំងនេះចង់បាន ក្រោយពីការកាត់ក្តីបានបញ្ចប់ នេះបើយោងតាមសេចក្តីជូនដំណឹងពីក្រុមអ្នករៀបចំការជួបប្រជុំដែលនឹងប្រព្រឹត្តទៅនៅក្នុងបរិវេណវត្តខេមររង្សីនាថ្ងៃសៅរ៍នេះ។ ជនរងគ្រោះអាចនឹងទាមទារចង់បានសំណងជាសមូហភាពដែលមានដូចជាបណ្ណាល័យ ស្តូបវិមាន ឬសេវាកម្មសម្រាប់សហគមន៍ជាដើម។ សម្រាប់សហគមន៍ខ្មែរ លោកស្រីនូស្ស៊ីន សាការ៉ាទី មេធាវីនៃមជ្ឈមណ្ឌលសម្រាប់យុត្តិធម៌និងការទទួលខុសត្រូវនិងតំណាងឱ្យពលរដ្ឋខ្មែរអាមេរិកាំងបានបញ្ជាក់ជាគំនិតខ្លះឆ្លងតាមរយៈការជួបពិភាក្សាកន្លងមកថា ពួកគេអាចសុំសាងសង់ជាសារៈមន្ទីរមួយដើម្បីចារឈ្មោះជនរងគ្រោះនិងរក្សាទុករូបថត និងវត្ថុអនុស្សាវរីយ៍ដែលអ្នកបាត់បង់ជីវិតធ្លាប់ប្រើប្រាស់។ «សំណើទាមទារសំណងរបស់យើងនឹងតំណាងឱ្យពលរដ្ឋខ្មែរ អាមេរិកាំង ដែលយើងមាននៅក្នុងបញ្ជី ប៉ុន្តែភាគីដើមបណ្តឹងរដ្ឋប្បវេណីភាគច្រើននៅចង់បានសំណងឬសេវាកម្មនៅកម្ពុជា។ ពួកគេគិតថា វាមានអត្ថន័យច្រើន បើមានការសាងសង់វិមានណាមួយនៅក្នុងប្រទេសកម្ពុជាជាជាងនៅសហរដ្ឋអាមេរិក»។ ការជួបជុំនៅចុងសប្តាហ៍នេះក៏ផ្តល់ជាឱកាសដល់ក្រុមគ្រួសារជនរងគ្រោះយកវត្ថុអនុស្សាវរីយ៍ឬក៏រូបថតដែលបន្សល់ក្រោយពីរបបខ្មែរក្រហមមកបង្ហាញ ហើយពួកគេអាចនឹងមកនិយាយរៀបរាប់នូវរឿងរ៉ាវខ្លោចផ្សានិងបទពិសោធឈឺចាប់របស់គេដែលរស់នៅឆ្លងកាត់របបខ្មែរក្រហមនិងផលវិបាកនៅពេលបន្ទាប់ពីនោះ។ លោកស្រីបណ្ឌិត នូ លក្ខិណា នាយកប្រតិបត្តិនៃវិទ្យាស្ថានស្រាវជ្រាវអនុវត្តន៍សង្គមនៃកម្ពុជា ដែលជាអ្នករៀបចំឱ្យមានការជួបប្រជុំនេះបានបញ្ជាក់ថា ក្រុមការងាររបស់លោកស្រីនឹងធ្វើដំណើរទៅតាមរដ្ឋផ្សេងៗទៀតនៅអាមេរិកដើម្បីជួបជាមួយពលរដ្ឋខ្មែរ-អាមេរិកាំង ទាំងអ្នកដែលបានដាក់ពាក្យប្តឹងនិងអ្នកដែលមិនបានដាក់ ដើម្បីជួយពួកគេឱ្យយល់កាន់តែច្បាស់ពីដំណើរការកាត់ក្តីខ្មែរក្រហមនិងលើកទឹកចិត្តឱ្យអ្នកដែលនៅរស់រានមានជីវិតមានមោទនភាពចំពោះជីវិតរបស់គេឡើង។ «រឿងនេះមិនត្រឹមតែទាមទារយុត្តិធម៌ពីតុលាការថា ឥឡូវនេះពួកបួននាក់ ខៀវ សំផន នួន ជា អៀង សារី អៀង ធារិទ្ធ បានចូលគុកហើយនោះ យើងសប្បាយចិត្ត។ នេះមិនមែនត្រឹមតែរឿងយកពួកគាត់ទៅដាក់ចូលគុកទេ គឺយើងចង់ឱ្យពង្រឹងសង្គមយើង។ យើងចង់ឱ្យការបាក់បែកគ្នាហ្នឹង លែងមានតទៅទៀត។ យើងចង់ឱ្យសង្គមខ្មែរយើងឈានទៅមុខ ឱ្យមានសាមគ្គី ហើយនឹងចង់ឱ្យមានការសប្បាយចិត្តជាកូនខ្មែរ»។ មានពលរដ្ឋខ្មែរអាមេរិកាំង១៧០នាក់បានដាក់ពាក្យប្តឹងតាមរយៈវិទ្យាស្ថានស្រាវជ្រាវអនុវត្តន៍សង្គមនៃកម្ពុជាក្នុងករណី០០២។ អ្នកខ្លះដាក់ពាក្យបណ្តឹងក្នុងនាមជាជនរងគ្រោះនិងអ្នកខ្លះដាក់ពាក្យសុំតាំងខ្លួនជាដើមបណ្តឹងរដ្ឋប្បវេណី។ លោកស្រីបៃ សុផានី រស់នៅទីក្រុងសាន់ ហូហ៊្សេ ហើយដែលបានដាក់ពាក្យប្តឹងសុំតាំងខ្លួនជាដើមបណ្តឹងរដ្ឋប្បវេណី បានបញ្ជាក់ថា លោកស្រីត្រូវតស៊ូទាមទាររកយុត្តិធម៌សម្រាប់កូនចំនួនបីនាក់ដែលបានស្លាប់និងសមាជិកក្រុមគ្រួសារដទៃទៀត៖ «ខ្ញុំដាក់ពាក្យប្តឹងគឺថា ប្តឹងដើម្បីរកយុត្តិធម៌ឱ្យព្រលឹងខ្មោចកូនខ្ញុំ ព្រោះខ្ញុំមិនអាចបិទភ្នែកជិតទេ កាលណាខ្ញុំមិនបានរកយុត្តិធម៌ឱ្យកូនខ្ញុំ ហើយឪពុកម្តាយខ្ញុំ ស្លាប់អស់មួយពូជនៅស្រុកកំពង់ឆ្នាំងឯណោះ។ វាវាយចោលអស់មួយពូជ។ សូម្បីតែក្មួយបង្កើតមួយក៏អត់មានដែរឥឡូវនេះ គឺអត់មានទេ»។ មានពលរដ្ឋខ្មែរជិតពីរលាននាក់បានស្លាប់បាត់បង់ជីវិតក្នុងរបបខ្មែរក្រហម ដោយសារការកាប់សម្លាប់ ការធ្វើទារុណកម្ម ដោយធ្វើការហួសកម្លាំង ការបង្អត់បាយ និងជំងឺដម្កាត់ជាដើម។ បច្ចុប្បន្នមានមេដឹកនាំខ្មែរក្រហមជាន់ខ្ពស់ចំនួនបួននាក់គឺនួន ជា ខៀវ សំផន អៀង សារី និងអៀង ធីរិទ្ធកំពុងជាប់ឃុំឃាំងរង់ចាំការកាត់ទោសដោយអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាដែលនឹងគ្រោងបើកសវនាការនៅពាក់កណ្តាលឆ្នាំនេះ៕ This posting includes an audio/video/photo media file: Download Now |
អ្នកវិភាគកម្ពុជាស្វាគមន៍លទ្ធផលជំនួបដែលឈានដល់ការបញ្ជូនអ្នកសង្កេតការណ៍ Posted: 22 Feb 2011 04:35 PM PST ស្របនឹងជំហររបស់អាស៊ាន ក្រុមអ្នកសង្កេតការណ៍កម្ពុជាបានគាំទ្រចំពោះការបញ្ជាក់ឡើងវិញរបស់កម្ពុជានិងថៃ អំពីកិច្ចឈប់បាញ់គ្នា ហើយបន្តដោះស្រាយបញ្ហាជម្លោះព្រំដែនដោយសន្តិវិធី ក្រៅពីគាំទ្រផងដែរចំពោះការទទួលយកក្រុមអ្នកសង្កេតការណ៍អាស៊ាន៤០នាក់មកកាន់តំបន់ជម្លោះនេះ។ អ្នកសង្កេតការណ៍ខ្លះចាត់ទុកថាលទ្ធផលនេះគឺជាជំហានដំបូងនៅឡើយទេក្នុងការដោះស្រាយជម្លោះព្រំដែននិងបូរណភាពទឹកដីនៃប្រទេសកម្ពុជា-ថៃ។ លោកអ៊ូ វីរៈ នាយកមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានអះអាងថា វត្តមានរបស់ អ្នកសង្កេតការណ៍ ឬជាភាគីទី៣ គឺជាជោគជ័យសម្រាប់កម្ពុជានិងប្រជាពលរដ្ឋ ដែលរស់នៅតាមព្រំដែននៃប្រទេសទាំងពីរ នឹងជួយការពារប្រាសាទព្រះវិហារ ទប់ស្កាត់ការឈប់បាញ់គ្នារវាងកងទ័ពកម្ពុជានិងថៃដែលស្ថិតនៅតំបន់ជម្លោះ ហើយក៏លែងមានការចោទប្រកាន់គ្នាទៅវិញទៅមកអំពីភាគីណា ការវាយ ប្រហារភាគីណាមុន ភាគីណារំលោភបំពានបូរណភាពដែនដីប្រទេសណា។ «អញ្ចឹងជោគជ័យហ្នឹង គ្រាន់តែជំហានមួយប៉ុណ្ណោះ នៅមានជំហានផ្សេងទៀត ដែលត្រូវបំពេញការងារបន្តទៀតអស់រយៈពេលយូរអង្វែងទៀត។ ប៉ុន្តែវាមាន ការពិបាកប៉ុន្តែមានជំហានមួយច្បាស់លាស់បែបនេះ ខ្ញុំជឿជាក់ ថាវាអាចធ្វើឲ្យយើងរៀបចំតំបន់ហ្នឹងឲ្យបានល្អ រៀបចំព្រំប្រទល់ហ្នឹងឲ្យបានល្អ»។ លោក វីរៈដែលអះអាងថាដំណោះស្រាយនេះជាសម្ពាធពីអាស៊ាន លោកបាន បញ្ជាក់ថាកម្ពុជានិងថៃអាចនឹងចាប់ផ្តើមដោះស្រាយបញ្ហាវិវាទ ព្រំដែនការបោះ បង្គោលព្រំដែនតាមរយៈកិច្ចព្រមព្រៀង អនុស្សរណៈ ឆ្នាំ ២០០០ ដែលភាគី ទាំងពីរពុំទាន់បានបញ្ចប់នៅឡើយនោះ។ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ហៅកាត់ថាអាស៊ាន ១០ ប្រទេសបានស្វាគមន៍ ចំពោះកម្ពុជានិងថៃដែលសុខចិត្តទទួលយកអ្នកសង្កេតការណ៍ស៊ីវិល៤០នាក់ របស់ប្រទេសឥណ្ឌូនេស៊ី ម្ខាង២០នាក់ដើម្បីប្រចាំការនៅតំបន់ ជម្លោះតាម ព្រំដែននៃប្រទេសកម្ពុជាថៃ ដើម្បីបញ្ឈប់ការប៉ះទង្គិចប្រដាប់ អាវុធបន្តទៅទៀត។ លោក បណ្ឌិតឈាង វណ្ណារិទ្ធ នាយកប្រតិបត្តិនៃវិទ្យាស្ថានខ្មែរសម្រាប់ សហប្រតិបត្តិការនិងសន្តិភាពបានអះអាងដែរថាដំណោះស្រាយនៅសមាគមអាស៊ានជាជោគជ័យមួយសម្រាប់ពលរដ្ឋទាំងពីរប្រទេស និងសន្តិសុខក្នុងតំបន់ ហើយជា ច្រកចេញដ៏វិជ្ជមានមួយឆ្ពោះទៅកាន់ដំណោះស្រាយផ្នែកសម្រាប់នយោបាយ។ «ដំណោះស្រាយបញ្ហាព្រំដែនកម្ពុជាត្រូវការពីរគឺដំណោះស្រាយនយោបាយនិងដំណោះស្រាយតុលាការ។ដូច្នេះអ្វីដែលនៅជាបញ្ហាដែលយើងមិនទាន់ដឹងនោះគឺបញ្ហាដោះស្រាយតាមផ្លូវតុលាការ។ វាត្រូវការរយៈពេលយូរដូច្នេះដើម្បីយើងរង់ចាំនូវការដោះស្រាយ ឬការឆ្លើយបំភ្លឺពីតុលាការយើង ត្រូវតែមានក្រុមប្រឹក្សា មានអ្នកសង្កេតការណ៍ដើម្បីថែរក្សាសន្តិភាពនៅតាមព្រំដែន។ ពីព្រោះយើងមិនអាចឲ្យតុលាការដោះស្រាយរឿងហ្នឹងពេលយើងកំពុងតែបាញ់គ្នាបានទេ»។ គេគ្មានបញ្ចាក់ថាតើអ្នកសង្កេតការណ៍ទាំង៤០នាក់នោះ មានអាណត្តិយូរប៉ុន្មាន ហើយក៏គ្មានការបញ្ជាក់ថាពួកគេនឹងត្រូវធ្វើដំណើរទៅកាន់តំបន់ជម្លោះនៃប្រទេសទាំងពីរនៅពេលណាទេ។ លោក បណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគឯករាជ្យមួយរូបបានអះអាងថា នេះជាសញ្ញាវិជ្ជមានក្នុងដំណោះស្រាយបញ្ហារំលោភបំពានបូរណភាពដែនដី។ តែលោកបានចោទសួរចំពោះប្រសិទ្ធភាពរបស់អ្នកសង្កេតការណ៍អាស៊ានដែលត្រូវទៅសង្កេតការណ៍ ហើយនឹងស្ថានភាពជាក់ស្តែងនៅនិងតំបន់ជម្លោះ។ លោក បណ្ឌិតឡៅ ម៉ុងហៃបានបង្ហាញពីការដោះស្រាយមិនចេះចប់នៅក្នុងប្រទេស មជ្ឈិមបូព៌ាមួយចំនួន និងដែនដីកាស្មៀរ ដែលប្រទេសឥណ្ឌានិង ប៉ាគីស្ថាន កំពុង ដណ្តើមគ្នាកាន់កាប់មិនចប់រាប់សិបទសវត្សរ៍មកហើយនោះ។ «មានប្រទេសខ្លះគឺមានកងទ័ពរក្សាសន្តិសុខសន្តិភាពអ.ស.បផងក៏នៅរ៉ាំរ៉ៃរាប់សិបឆ្នាំអញ្ចឹងទៅ។ ហើយខ្ញុំព្រួយបារម្ភត្រង់ហ្នឹងទេ។ តើគ្រាន់តែថាឈប់បាញ់ គ្នា ហើយមានអ្នកសង្កេតការណ៍ អត់មានអាវុធកាន់ទៅមើលតាមទល់ដែន ឬ តាមព្រំដែនប្រទេសទាំងសងខាងហ្នឹងតើគេចូលដល់ណា?»។ លោក បណ្ឌិតឡៅ ម៉ុងហៃបានចោទសួរពីការចរចាដោះស្រាយជម្លោះ ដែល តម្រូវឲ្យមានការចូលរួមពីប្រធានអាស៊ានជាភាគីទី៣នោះ តើនឹងមានឥទ្ធិពល ប៉ុណ្ណា? យល់ដឹងបញ្ហាបានកម្រិតណា និងចូលដល់កម្រិតណា? លោកថ្លែងយ៉ាងដូច្នេះដោយយោងថា៖ ដំណោះស្រាយសន្តិភាពអាចធ្វើបានច្រើន ក្នុងក្របខ័ណ្ឌអាស៊ាន តែដំណោះស្រាយជាស្ថាពរលោកនៅមានការសង្ស័យច្រើននៅឡើយ។ លោកកុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជារីករាយនឹងលទ្ធផលនៃកិច្ច ប្រជុំអាស៊ានដោយចាត់ទុកថាវត្តមានរបស់អ្នកសង្កេតការណ៍ជាភាគីទី៣និងនាំឲ្យមានការពិនិត្យមើលច្បាស់លាស់ពីហេតុការណ៍៖ «ដូច្នេះវត្តមានរបស់អ្នកសង្កេតការណ៍អាស៊ាន ជាពិសេសគឺឥណ្ឌូនេស៊ីនាពេលខាងមុខនេះគឺជាសាក្សីដ៏សំខាន់ណាស់ក្នុងការបំភ្លឺចំពោះប្រទេសណា ថៃឬកម្ពុជាដែលជាបង្កបំពានគ្នាទៅវិញទៅមក ពីព្រោះ កន្លងមកតែងតែចោទគ្នាទៅវិញទៅមក»។ នៅពេលសួរថា តើបើអាស៊ានមិនអាចដោះស្រាយបាននិងមានយន្តការយ៉ាងណា? លោកកុយ គួងបានអះអាងថានោះជាជំហានបន្ទាប់ដែលលោកបាន យោងទៅលើអត្ថាធិប្បាយរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន។ ថ្លែងជាសាធារណៈក្នុងពេលចែកសញ្ញាប័ត្រក្នុងទីក្រុងភ្នំពេញកាលពីថ្ងៃអង្គារ លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានបញ្ជាក់ពីតួនាទីតុលាការអន្តរជាតិដែលត្រូវដោះស្រាយបញ្ហាជម្លោះព្រំដែនកម្ពុជានេះ ដោយលោកចាត់ទុកថា លទ្ធផលនៃកិច្ចប្រជុំអាស៊ានគឺជារឿងគ្រាន់តែបន្ធូរភាពតានតឹងប៉ុណ្ណោះ។ «ព្រោះរឿងវាមិនចប់ត្រឹមហ្នឹងទេ នេះគឺសម្រាលស្ថានការណ៍រង់ចាំដំណោះ ស្រាយ ស្ថាពរលើដំណោះស្រាយព្រំដែន។ហើយដំណោះស្រាយនេះវាពិបាកណាស់។មួយប្រើផែនទីដែល តុលាការ អន្តរជាតិដែលតុលាការទីក្រុងឡាអេទទួលស្គាល់ នៅក្នុងអង្គហេតុនៃសាលក្រម តុលាការក្រុងឡាអេឯមួយទៀតគូសតាម ឯកតោភាគី បើអញ្ចឹងវិធីតែមួយគត់ អាស៊ានក៏ដោះស្រាយមិនចេញដែររឿងហ្នឹង ក្រុមប្រឹក្សាសន្តិសុខ ក៏មិនមានសមត្ថកិច្ចដោះស្រាយរឿងហ្នឹងទេ គឺមានតែតុលាការយុត្តិធម៌អន្តរជាតិ តែប៉ុណ្ណោះ»។ ក៏ប៉ុន្តែ មន្ត្រីតុលាការយុត្តិធម៌អន្តរជាតិម្នាក់បានថ្លែងប្រាប់ VOA ខេមរភាសាពី ប្រទេសហូឡង់មកថាករណីប្រាសាទព្រះវិហារបានចប់ហើយ។ ហើយសំណុំ រឿងនេះ ក៏បានបិទរួចហើយដែរ។ មន្រ្តីដដែលបានអះអាងថាការស្នើសុំឲ្យមានការពន្យល់ណាមួយចំពោះសំណុំរឿងនេះឡើងវិញលុះត្រាតែមានការស្នើសុំពីប្រទេសទាំងពីរព្រមគ្នា។ ការស្នើតែប្រទេសមួយមិនអាចកើតឡើងបានទេ។ មន្ត្រីដដែលបានបញ្ជាក់ថារហូតមកទល់ពេលនេះពុំឃើញមានសំណើពីប្រទេសណាមួយនៅឡើយទេ។ កងទ័ពនៃប្រទេសទាំងពីរនៅមានភាពតានតឹងនៅឡើយតាមបណ្តោយព្រំដែន កម្ពុជាថៃ ហើយក៏គ្មានកិច្ចព្រមព្រៀងដកកងទ័ពថយនោះដែរ ក្រៅពីភាគីទាំង ពីរ បានបញ្ជាក់ពីកិច្ចឈប់បាញ់គ្នានោះ។ ប្រទេសកម្ពុជានិងថៃបានវាយប្រយុទ្ធគ្នាជាច្រើនលើកកាលពីថ្ងៃ៤-៧ កុម្ភៈដោយសារការចោទប្រកាន់គ្នាទៅវិញទៅមកអំពីការឈ្លានពានបូរណភាពទឹកដី ដែល ស្ថិតនៅក្បែរតំបន់ប្រាសាទព្រះវិហារ។ ការវាយប្រយុទ្ធគ្នានោះ បង្កឲ្យមានការស្លាប់និងរបួសទាហានទាំងសងខាង ខូចខាតប្រាសាទព្រះវិហារ ដែលជា បេតិកភណ្ឌពិភពលោក និងបង្កឲ្យពលរដ្ឋរាប់ពាន់គ្រួសារ នៃ ប្រទេសទាំង ពីរចាកចេញពីផ្ទះសម្បែងរបស់ពួកគេ៕ This posting includes an audio/video/photo media file: Download Now |
អាស៊ានចូលសម្របសម្រួលជម្លោះរវាងកម្ពុជានិងថៃ Posted: 22 Feb 2011 03:33 PM PST ក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី៖ កាលពីថ្ងៃអង្គារប្រទេសថៃនិងកម្ពុជាបានយល់ព្រមទទួលយកអ្នកសង្កេតការណ៍ជាតិឥណ្ឌូនេស៊ីហើយជៀសវាងការវាយប្រយុទ្ធគ្នាជាថ្មីនៅក្នុងជម្លោះព្រំដែន។ កិច្ចព្រមព្រៀងនេះជាជោគជ័យមួយសម្រាប់សមាគមប្រទេសអាស៊ីអាគ្នេយ៍ ឬអាស៊ាន (ASEAN) និងសម្រាប់ប្រធានបច្ចុប្បន្ន គឺរដ្ឋមន្រ្តីការបរទេសឥណ្ឌូនេស៊ី លោក ម៉ារទី ណាតាលេហ្កាវ៉ា ដែលបានដើរតួនាទីដ៏សកម្មនៅក្នុងការសម្របសម្រួលជម្លោះ។ បន្ទាប់ពីបានទទួលកិច្ចប្រជុំមួយរវាងរដ្ឋមន្រ្តីការបរទេសខ្មែរនិងរដ្ឋមន្រ្តីការបរទេសថៃនៅក្រុងហ្សាការតារួចហើយលោករដ្ឋមន្រ្តីការបរទេសឥណ្ឌូនេស៊ី ម៉ារទី ណាតាលេហ្កាវ៉ា (Marty Natalegawa) បានប្រកាសថាកិច្ចព្រមព្រៀងពិសេសមួយបានសម្រេចហើយដើម្បីបញ្ចប់ការវាយប្រយុទ្ធគ្នាដ៏សាហាវរវាងប្រទេសទាំងពីរ។ ភាគីទាំងពីរបានវាយប្រយុទ្ធគ្នាដណ្តើមទឹកដីមួយកន្លែងនៅជិតប្រាសាទហិណ្ឌូខ្មែរនៅតាមព្រំដែនខ្មែរថៃ។ លោក ណាតាលេហ្កាវ៉ា ថ្លែងថា រដ្ឋមន្រ្តីការបរទេសបានយល់ព្រមគ្នាតាមអ្វីដែលលោកហៅថាបទឈប់បាញ់គ្នាក្រៅផ្លូវការមួយដើម្បីអនុញ្ញាតឲ្យក្រុមអ្នកសង្កេតការណ៍យោធានិងស៊ីវិលឥណ្ឌូនេស៊ីដែលគ្មានអាវុធចូលទៅអនុវត្តបទឈប់បាញ់គ្នា រួចហើយធ្វើកិច្ចចរចាឧភតោភាគីបន្ថែម ដោយមានការចូលរួមរបស់ប្រទេសឥណ្ឌូនេស៊ីនៅក្នុងពេលអនាគតដ៏ខ្លីខាងមុខនេះផងដែរ។ លោក ណាតាលេហ្កាវ៉ា ថ្លែងថា លោកមិនព្រួយបារម្ភអំពីរឿងមានបទឈប់បាញ់គ្នាក្រៅផ្លូវការនោះទេ ដរាបណាភាគីទាំងពីរសុខចិត្តធ្វើតាម។ «សេចក្តីថ្លែងនិយាយអំពីការជៀសវាងការប៉ះទង្គិចគ្នាដោយអាវុធ។ គឺចំណុចនេះហើយដែលយើងយល់ថាជាបទឈប់បាញ់គ្នា។ រួចហើយនឹងមានកិច្ចប្រជុំបន្ថែមទៀតរវាងភាគីទាំងពីរ ដើម្បីពង្រឹងស្ថានការណ៍បច្ចុប្បន្ន។ ដូច្នេះ ខ្ញុំមិនទុកឲ្យខ្លួនខ្ញុំគាំងជាប់នៅក្នុងភាសាច្បាប់ ដែលថា "តើមានបទឈប់បាញ់គ្នាមួយឬមិនមាន" នោះទេ។ ដរាបណាគ្មានស្នូរកាំភ្លើង ទាំងតូចទាំងធំ នោះខ្ញុំមានសេចក្តីត្រេកអរជាទីបំផុត»។ អ្នកវិភាគនយោបាយនៃភូមិភាគអាស៊ីអាគ្នេយ៍ លោក ខល ធេយ័រ (Carl Thayer) ជាសាស្រ្តាចារ្យសកលវិទ្យាល័យ ញូ សៅត៍ វេលស៍ (New South Wales)។ លោកបានសរសើរលោក ណាតាលេហ្កាវ៉ា ដែលបានចាប់ផ្តើមធ្វើកិច្ចការផ្លូវទូត ក្នុងឋានៈជាប្រធានរបស់អាស៊ាន ដើម្បីទៅទស្សនាប្រទេសទាំងពីរក្នុងពេលមួយខែកន្លងទៅនេះ ហើយបានចូលរួមក្នុងកិច្ចប្រជុំរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនៅបូរីញូយក (New York)។ លោក ធេយ័រ ថ្លែងថា កិច្ចប្រឹងប្រែងប្រកបដោយជោគជ័យបានធ្វើឲ្យ អាស៊ាន ទទួលការជឿទុកចិត្តជាថ្មី នៅក្នុងបញ្ហាដែលប៉ះពាល់ទៅលើសន្តិភាពនិងស្ថេរភាពនៅក្នុងតំបន់។ «ខ្ញុំមានសុទិដ្ឋិនិយមច្រើន។ នេះជាជំហានដ៏ធំមួយសម្រាប់អាស៊ាន។ បញ្ហានេះបាននាំយកទៅជូនក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ តែក្រុមប្រឹក្សាសន្តិសុខបានបញ្ជូនបញ្ហានេះបកមកឲ្យអាស៊ានដោះស្រាយវិញ។ ហើយក្នុងឋានៈជាប្រធាន រដ្ឋមន្រ្តីការបរទេសឥណ្ឌូនេស៊ីបានប្រកាន់យកមុខនាទីដ៏សកម្មមួយ ហើយបានទទួលកិច្ចព្រមព្រៀងពីប្រទេសថៃនិងកម្ពុជាសម្រាប់ទុកបង្ហាញជាភស្តុតាង នៅពេលដែលប្រទេសថៃបាននិយាយថា ជម្លោះនេះអាចដោះស្រាយបានតែជាឧភតោភាគីទេ»។ អាស៊ានមាននយោបាយតឹងរ៉ឹងមួយអំពីការមិនចូលជ្រៀតជ្រែកនៅក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសជាសមាជិក ហើយបានទទួលការរិះគន់ថាបានបំពេញកិច្ចការតិចតួចពេកដើម្បីដោះស្រាយជម្លោះនិងដើម្បីរក្សាសន្តិសុខក្នុងតំបន់។ ក៏ប៉ុន្តែ លោក ណាតាលេហ្កាវ៉ា ពោលថា នៅពេលដែលការប៉ះទង្គិចគ្នាបានចាប់ផ្តើមនៅដើមខែកុម្ភៈ លោកមើលឃើញមុខនាទីមួយសម្រាប់អាស៊ាន។ «នេះជាព្រឹត្តិការណ៍មួយដែលទាក់ទងទៅនឹងសមត្ថភាពរបស់អាស៊ាន ក្នុងការដោះស្រាយស្ថានការណ៍ដែលមានជម្លោះ។ នៅពេលដែលការប៉ះទង្គិចគ្នាបានផ្ទុះឡើងនៅថ្ងៃទី ៤ ខែកុម្ភៈ ក្នុងឋានៈជាប្រធាន យើងដឹងប្រាកដថាមិនយូរមិនឆាប់ បញ្ហានេះនឹងធ្លាក់មកលើបន្ទុករបស់អាស៊ានជាមិនខាន។ ដូច្នេះជាការប្រសើរបំផុតបើសិនជាយើងចាប់ផ្តើមឲ្យបានឆាប់រហ័ស ដើម្បីកុំឲ្យខាតពេល និងអាចរកជម្រើសបានល្អ»។ នៅពេលដែលបទឈប់បាញ់គ្នា ជាជោគជ័យដ៏សំខាន់មួយ លោក ណាតាលេហ្កាវ៉ា ថ្លែងថា កិច្ចការសម្របសម្រួលគ្នាគ្រាន់តែបានចាប់ផ្តើមតែប៉ុណ្ណោះ។ ការស្វែងរកដំណោះស្រាយជាអចិន្ត្រៃយ៍មួយសម្រាប់ជម្លោះព្រំដែននឹងត្រូវប្រើពេលវេលាយូរ និងតម្រូវឲ្យមានកិច្ចចរចាគ្នាជាច្រើនទៅថ្ងៃមុខទៀត៕ ប្រែសម្រួលដោយ កែរ យ៉ាន This posting includes an audio/video/photo media file: Download Now |
អ្នកវិភាគ៖ ការបកស្រាយសាលក្រមតុលាការគឺជាជម្រើសបញ្ចប់ជម្លោះកម្ពុជា-ថៃ Posted: 22 Feb 2011 04:14 PM PST កាលពីមុនប៉ុន្មានម៉ោងដែលសមាគមប្រទេសអាស៊ានជួបប្រជុំដោះស្រាយជម្លោះសមាជិករបស់ខ្លួនចំនួនពីរក្នុងចំណោម១០ប្រទេសគឺកម្ពុជានិងថៃ ក្រុមអ្នកវិភាគក្នុងប្រទេសកម្ពុជាបានអះអាងថាជម្លោះរវាងប្រទេសទាំងពីរអាចដោះស្រាយបានលុះត្រាតែតុលាការយុត្តិធម៌អន្តរជាតិបកស្រាយសាលក្រមសម្រេចក្តីលើសំណុំរឿងប្រាសាទព្រះវិហារកាលពីឆ្នាំ១៩៦២ឡើងវិញ។ ក្រុមអ្នកវិភាគអះអាងយ៉ាងដូច្នេះដោយយោងថាសមាគមអាស៊ានទំនងជាអាចគ្រាន់តែជួយផ្សះផ្សារជម្លោះទាំងពីរប្រទេសបានទៅលើបញ្ហាឈប់បាញ់គ្នានិង បញ្ហាស្ថេរភាពក្នុងតំបន់ប៉ុណ្ណោះ។ ក៏ប៉ុន្តែមិនអាចដោះស្រាយបានចំពោះការចោទប្រកាន់អំពីការឈ្លានពានបូរណភាពដែនដីជាពិសេសបញ្ហាដីជាប់ព្រំដែននៅក្បែរតំបន់ប្រាសាទព្រះវិហារទំហំ៤,៦គីឡូម៉ែតក្រឡា។ ព្រះអង្គម្ចាស់នរោត្តម រណឫទ្ធិ អតីតនាយករដ្ឋមន្ត្រីទីមួយនិងជាប្រធានគណបក្សនរោត្តម រណឫទ្ធិ មានបន្ទូលថាជម្រើសចុងក្រោយដែលនៅសល់គឺការបកស្រាយសាលក្រមតុលាការអន្តរជាតិថ្ងៃ១៥ខែមិថុនាឆ្នាំ១៩៦២។ ព្រះអង្គម្ចាស់នរោត្តម រណឫទ្ធិមានបន្ទូលថាក្រុមប្រឹក្សាសន្តិសុខអ.ស.បមាន លទ្ធភាពអាចស្នើឲ្យមានការបកស្រាយបាន ដោយសួរតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ថា«តើដីទំហំ៤,៦ ជារបស់នរណា?»។ ព្រះអង្គម្ចាស់នរោត្តម រណឫទ្ធិដែលដាក់ចម្ងល់ថាតើហេតុអ្វីបានជាក្រុមប្រឹក្សាសន្តិសុខមិនធ្វើកិច្ចការនេះ បានអះអាងដោយបន្ទូលដើមរបស់ព្រះអង្គថា៖ «បើមិនសួររបៀបដូច្នេះទេ បញ្ហាកម្ពុជានិងថៃ មិនអាចដោះស្រាយ បានឡើយ»។ លោកបណ្ឌិត ឈាង វណ្ណារិទ្ធ នាយកប្រតិបត្តិនៃវិទ្យាស្ថានខ្មែរសម្រាប់សហប្រតិបត្តិការនិងសន្តិភាព បានបង្ហាញទស្សនៈស្រដៀងគ្នានេះដែរ ថាការតវ៉ាតាមផ្លូវច្បាប់ ត្រូវធ្វើស្របពេលនឹងការចរចាផ្នែកនយោបាយ។ លោកថ្លែងថាការស្នើសុំឲ្យមានការបកស្រាយពីតុលាការយុត្តិធម៌អន្តរជាតិ គឺជាជំហានបន្ទាប់។ «មានតែតុលាការទេដែលអាចកំណត់បានថាដីហ្នឹងជារបស់នរណា? ពីព្រោះយន្តការអ.ស.ប យន្តការរបស់អាស៊ានគឺជាយន្តការនយោបាយ ដើម្បីឲ្យមានស្ថេរភាពនិងសន្តិភាព សន្តិសុខនៅតាមតំបន់ព្រំដែនហ្នឹងទេ មិនអាចរកដំណោះស្រាយដើម្បីដឹងថាតើផ្នែកណាជារបស់ថៃ ផ្នែកណា ជារបស់កម្ពុជាក្នុងបញ្ហាជម្លោះហ្នឹង ដូច្នេះវាត្រូវការយន្តការតុលាការ ដើម្បីដោះស្រាយបញ្ហាហ្នឹង»។ សមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ហៅកាត់ថាអាស៊ានទាំង១០ប្រទេស រួមទាំងកម្ពុជានិងថៃផងនោះ គ្រោងនឹង ជួបប្រជុំគ្នានៅព្រឹកនេះថ្នាក់រដ្ឋមន្ត្រីការ បរទេស ក្នុងទីក្រុងហ្សាការតាប្រទេសឥណ្ឌូនេស៊ីដើម្បីដោះស្រាយជម្លោះកម្ពុជានិងថៃដែលមានការវាយប្រយុទ្ធគ្នាចាប់តាំងពីថ្ងៃ៤ ដល់ថ្ងៃ៧កុម្ភៈ និងកំពុងមានភាពតានតឹងផ្នែក យោធាដោយសារតែជម្លោះបូរណភាពដែនដី។ ក្រុមប្រឹក្សាសន្តិសុខអ.ស.បដែលមានមហាអំណាចទាំង៥ប្រទេសជាសមាជិកអចិន្ត្រៃយ៍បានទទូចឲ្យកម្ពុជានិងថៃបញ្ឈប់ការវាយប្រយុទ្ធគ្នា ដោះស្រាយដោយសន្តិវិធីក្រៅពីផ្ទេរបញ្ហាជម្លោះកម្ពុជាថៃមកឲ្យអាស៊ានដោះស្រាយ។ ក្រុមអ្នកវិភាគក្នុងប្រទេសកម្ពុជាមួយចំនួនបានចោទសួរពីតួនាទីរបស់អាស៊ាន ដែលមិនមានឥទ្ធិពលយោធាក្រៅតែពីឥទ្ធិពលការទូតតិចតួចនោះ។ ដោយទំនងជាមិនចង់ជំទាស់នឹងសំណើរបស់ក្រុមប្រឹក្សាអ.ស.ប និងជំទាស់នឹង សមាគមអាស៊ានផង ក្រុមអ្នកវិភាគនិយាយថា កម្ពុជាទំនងជាត្រូវរង់ចាំមើល លទ្ធផលនៃការដោះស្រាយរបស់អាស៊ានជាមុនសិនដែរ មុននឹងសម្រេចស្នើឲ្យ តុលាការយុត្តិធម៌អន្តរជាតិ បកស្រាយសាលក្រមតុលាការ ក្នុងជម្លោះកម្ពុជាថៃនេះ។ ក៏ប៉ុន្តែ មន្ត្រីតុលាការយុត្តិធម៌អន្តរជាតិម្នាក់ បានថ្លែងប្រាប់ VOA ខេមរភាសាពីប្រទេសហូឡង់មកថា ករណីប្រាសាទព្រះវិហារបានចប់ហើយ។ ហើយសំណុំ រឿងនេះ ក៏បានបិទរួចហើយដែរ។ មន្រ្តីដដែលបានអះអាងថាការស្នើសុំឲ្យមានការពន្យល់ ណាមួយចំពោះសំណុំរឿងនេះឡើងវិញលុះត្រាតែមានការស្នើសុំពីប្រទេសទាំងពីរព្រមគ្នា។ ការស្នើតែប្រទេសមួយមិនអាចកើតឡើងបានទេ។ មន្ត្រីដដែលបានបញ្ជាក់ថារហូតមកទល់ពេលនេះពុំឃើញមានសំណើពីប្រទេសណាមួយនៅឡើយទេ។ ព្រះអង្គម្ចាស់នរោត្តម រណឫទ្ធិបានអះអាងថាបញ្ហាចុងក្រោយ គឺនៅលើឆន្ទៈ នយោបាយ។ ព្រះអង្គអះអាងតាមបន្ទូលដើមថា«ខ្មែរយើងមានឆន្ទៈហើយ នៅសល់តែប្រទេសថៃទេ»។ នាយករដ្ឋមន្ត្រីថៃ អាប់ភីស៊ីត វីចាជីវ៉ា ក្នុងសេចក្តីប្រកាសព័ត៌មាន របស់លោក កាលពីថ្ងៃ១៨ កុម្ភៈ លោកបានប្រកាន់យកគោលការណ៍ដោះស្រាយទ្វេភាគីដោយ បានហៅការដោះសា្រយក្នុងក្របខ័ណ្ឌអាស៊ាននោះ ថាជាកិច្ចពិភាក្សា ដែលគ្មានអន្តរាគមន៍ពីអាស៊ាន។ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាលោក កុយ គួង បានអះអាងថា ការដោះស្រាយយ៉ាងណាគឺទុកលទ្ធភាពជូនអាស៊ានដោះស្រាយ។ តែការទទូចរបស់ថៃ រឿងទ្វេភាគីនោះមិនអាចទៅរួចទេទៀតទេ ព្រោះកម្ពុជាបានអត់ធ្មត់ជិត៣ឆ្នាំរហូតដល់កើតជាសង្រ្គាមទៅហើយៗ អន្តរជាតិក៏បានដឹងពីជំហររបស់កម្ពុជាដែលកម្ពុជាចង់បាននោះដែរ។ នៅពេលសួរពីយន្តការដោះស្រាយដោយការប្រើប្រាស់សាលក្រមតុលាការ យុត្តិធម៌ អន្តរជាតិក្នុងការដោះស្រាយជម្លោះកម្ពុជានិងថៃ ប្រសិនបើអាស៊ានមិនអាចបញ្ចប់ជម្លោះនេះបាន។ លោក កុយ គួងបានបញ្ជាក់ ថា កម្ពុជាបច្ចុប្បន្ននេះ គឺគិតត្រឹមតែយន្តការអាស៊ាន ជាមុនសិន ដែលនេះ ជាសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអ.ស.ប។ ទោះជាយ៉ាងណាក៏ដោយក្រុមប្រឹក្សាសន្តិសុខអ.ស.បនៅបើកចំហរក្នុងការស្វែងរកដំណោះស្រាយសម្រាប់បញ្ហាកម្ពុជានិងថៃប្រសិនបើអាស៊ានពុំអាចរកដំណោះស្រាយដល់ប្រទេសទាំងពីរជាសមាជិករបស់ខ្លួនបាន។ ថៃនិងកម្ពុជាមានទំនាស់ព្រំដែនរាប់សិបទសវត្សរ៍មកហើយជាពិសេសពេលដែលកម្ពុជាដាក់ប្រាសាទព្រះវិហារចូលក្នុងបញ្ជីបេតិកភណ្ឌអន្តរជាតិឆ្នាំ២០០៨ ដែល ថៃធ្លាប់បានជំទាស់។ ថៃចង់បានការគ្រប់គ្រងរួមគ្នាលើដីក្បែរតំបន់ប្រាសាទ ព្រះវិហារដែលកម្ពុជាបាន អះអាងថៃបានប្រើប្រាស់ផែនទីដែលខ្លួនគូសជាឯកតោភាគី ក្រោយពេលចាញ់ក្តី ប្រាសាទព្រះវិហារឆ្នាំ១៩៦២ ដែលសម្តេចឪព្រះនរោត្តមស៊ីហនុពេលនោះ បានតវ៉ាដណ្តើមពីការគ្រប់គ្រងរបស់ថៃបានជោគជ័យ៕ This posting includes an audio/video/photo media file: Download Now |
You are subscribed to email updates from VOA News: ព័ត៌មាន To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |