Koh Santipheap Daily |
- ចោរ៨នាក់ប្រដាប់កាំភ្លើងអាកា៧ដើមចូលប្លន់ផ្ទះលក់មាស-ប្តូប្រាក់នៅផ្សារពង្របាញ់ផ្អើល
- អ្នកស្រីជួន ចាន់រតនា ហៅនាងក្អយ តារាកំប្លែងល្បីឈ្មោះត្រូវគេប្តឹងរឿងជំពាក់ប្រាក់វ័ណ្ឌ.ក
- ឈ្មួញវៀតណាមទាស់គ្នាបែកផ្សែងដណ្តើមម៉ូយស្រូវ
- អ្នករត់ម៉ូតូឌុបចាញ់ល្បិចកលចោរដាក់ថ្នាំសណ្តំសន្លប់ក្នុងព្រៃ
- ស៊ីបាយបោកឆ្នាំងមានបំណងរំលោភកូនស្រីម្ចាស់ផ្ទះត្រូវចាប់ខ្លួន
- មេឃងងឹតមិនហ៊ានជិះកង់ដឹកបណ្តើរត្រូវម៉ូតូបុកហើយវាយថែមទៀតរបួសធ្ងន់
- ១០៨ប្រទេសមិនប្រើគ្រាប់បែកចង្កោមបែរជាថៃបាញ់មកលើកម្ពុជា
- សំឡេងផ្ទុះគ្រាប់បានលាន់កក្រើកមួយប៊ឹង នៅខ្សែត្រៀមជួរមុខតំបន់ភ្នំទ្រព្យរវាងកម្ពុជា-ថៃ
- សមត្ថកិច្ចចម្រុះបង្ក្រាបបទល្មើសនេសាទនៅតំបន់ព្រំប្រទល់ខេត្ត២
- បេសកជនពិសេសរបស់យូណេស្កូមកដល់កម្ពុជាថ្ងៃទី២៧ កុម្ភៈ
- ១៥ថ្ងៃមន្ត្រីផ្នែករដ្ឋបាលព្រៃឈើក្រចេះបង្ក្រាបបានឈើច្រើនម៉ែត្រគូប
- ទីប្រឹក្សាសភាអាមេរិកមកស្វែងយល់អំពីតុលាការខ្មែរក្រហមដោយផ្ទាល់
- កូរ៉េខាងជើងអាចបង្កហេតុថ្មីក្នុងសមយុទ្ធរួមអាមេរិក-កូរ៉េខាងត្បូង
- ប៉ះទង្គិចគ្នាជាថ្មីនៅតំបន់ដាហ្វួរប្រទេសស៊ូដង់ស្លាប់27នាក់
- រថយន្តស្ទូចហ៊ីយ៉ាន់ដាយប៉ះអ្នកជិះម៉ូតូបោកក្បាលបែកធ្លាយខួរ
- បុរសអ្នកចែកចាយគ្រឿងញៀនមាឌយក្សត្រូវនគរបាលចាប់ខ្លួន
- លោកយាយអាយុ97ឆ្នាំបង្កើតឯតទគ្គកម្មជាស្ត្រីពេស្យាអាយុចាស់បំផុត
- អេហ្ស៊ីប ៖ កងទ័ពនឹងមិនប្រើប្រាស់ប្រឆាំងបដិវត្តន៍
ចោរ៨នាក់ប្រដាប់កាំភ្លើងអាកា៧ដើមចូលប្លន់ផ្ទះលក់មាស-ប្តូប្រាក់នៅផ្សារពង្របាញ់ផ្អើល Posted: 25 Feb 2011 08:42 PM PST ខេត្តកំពង់ឆ្នាំង ៖ ចោរប្រដាប់ដោយកាំភ្លើងអាកា៨នាក់បានចូលប្លន់ផ្ទះលក់មាស-ប្តូរប្រាក់ និងកាតទូរស័ព្ទដោយទាញកាំភ្លើងវាយបំបែកទូកញ្ចក់ប្រមូលទ្រព្យសម្បត្តិយ៉ាងក្រាស់ក្រែលនិងទាញកៅអីវាយម្ចាស់ផ្ទះពីរនាក់ប្តី-ប្រពន្ធបែកក្បាលរងរបួសធ្ងន់គួរសមផងដែរ កាលពីវេលាម៉ោង៦ និង៣០នាទីល្ងាច ថ្ងៃទី២៥ កុម្ភៈ ២០១១ នៅផ្សារពង្រ (ផ្ទះលក់មាសជុំវិញផ្សារ) ឃុំពង្រ ស្រុករលាប្អៀរ បង្កឱ្យមានការភ្ញាក់ផ្អើលភ័យរន្ធត់យ៉ាងខ្លាំង ខណៈចោរបានបាញ់ការពារខ្លួនបន្ទាប់ពីមានបុរស២នាក់ផ្សេងទៀតបានចូលមកដល់ ហើយបណ្តាលឱ្យបុរសទាំង២នាក់នោះរងរបួសយ៉ាងដំណំ ត្រូវបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យភ្លាមៗ ។ បុរសម្ចាស់ផ្ទះខាងលើឈ្មោះ ឈួ លាង អាយុ៣៥ឆ្នាំ មានប្រពន្ធឈ្មោះ គា មួយគា អាយុ៣២ឆ្នាំជាអាជីវករលក់មាសប្តូរប្រាក់ និងលក់កាតទូរស័ព្ទ នៅផ្ទះដែលសង់ជុំវិញផ្សារពង្រ អ្នកទាំង២ត្រូវចោរទាញកៅអីវាយបែកក្បាលយ៉ាងដំណំ និងមិនឱ្យស្រែកឡើយ បើហ៊ានតែស្រែកវានឹងបាញ់សម្លាប់ចោលទាំងអស់...បន្ទាប់មកពួកចោរបានទាញកាំភ្លើងអាកាកាត់ស្វាយវាយបំបែកទូកញ្ចក់ប្រមូលយកមាស១០តម្លឹង, លុយខ្មែរ១០លានរៀល កាតទូរស័ព្ទ១០០០ដុល្លារ និងទូរស័ព្ទ២គ្រឿង ។ ភ្លាមៗនោះមានបុរស២នាក់ផ្សេងទៀតដែលមិនដឹងហេតុការណ៍បានចូលមកដើម្បីប្តូរប្រាក់ ក៏ត្រូវបានអ្នកជិតខាងស្រែកប្រាប់ថា កុំចូលទៅទីនោះអី...ចោរកំពុងតែប្លន់...ប៉ុន្តែជ្រុលដំណើរបាត់ទៅហើយ...ចំណែកក្រុមចោរពេលលឺសម្រែកឆោឡោបែបនេះក៏ស្លន់ស្លោផងដែរ ហើយគេបានទាញកាំភ្លើងបាញ់ប្រាវតែម្តងបណ្តាលឈ្មោះឱគឹសួ អាយុ២៤ឆ្នាំត្រូវ១គ្រាប់ចំស្មាខាងស្តាំធ្លាយទៅក្រោយ និងត្រូវ១គ្រាប់ទៀតចំកំភួនជើងស្តាំ, ចំណែកម្នាក់ទៀតឈ្មោះ ស៊ីវ វាសនា អាយុ២២ឆ្នាំ ត្រូវប្រអប់ដៃស្តាំ១គ្រាប់ ភ្លៅស្តាំ១គ្រាប់បណ្តាលឱ្យដេកដួលក្នុងផ្លុកឈាមហើយត្រូវបានបញ្ជូនទៅសង្រ្គោះជាបន្ទាន់។ ចំណែក្រុមចោរក្រោយពេលផ្អើលឆោឡោបែកការណ៍ហើយក៏នាំគ្នារត់គេចខ្លួនចេញតាមផ្លូវក្រោយចូលទៅក្នុងព្រៃបាត់ស្រមោល ខណៈស្បៃរាត្រីបានទម្លាក់ភាពងងឹតចុះមករកមើលអ្វីចាក់ភ្នែកមិនយល់...បន្តិចក្រោយមកប៉ូលិស-ប៉េអឹម បានមកដល់ ប៉ុន្តែយឺតពេលបន្តិចទៅហើយ បានត្រឹមតែដេញតាមពីក្រោយចោរ និងព័ទ្ធចាប់ខ្យល់ប៉ុណ្ណោះ និងឃើញតែការបន្សល់ទុកអំបែងទូកញ្ចក់ អីវ៉ាន់អារត់អារាយ កៅអីដួលច្រងែងច្រងាង និងស្នាមឈាមស្រក់នៅលើកំរាលឥដ្ឋ ។ សូមបញ្ជាក់ថា ចោរមានគ្នា៨នាក់ប្រដាប់ដោយកាំភ្លើងអាកាកាត់ស្វាយ៧ដើម ពេលរត់គេចខ្លួនពួកគេបានបន្សល់ទុកម៉ូតូ២គ្រឿង គឺម៉ាកសុយស៊ុយគីវ៉ាន់ឌឺឡាវ ពណ៌ក្រហម១គ្រឿង និងម៉ូតូម៉ាកសង់កូរ៉េពណ៌ក្រហម១គ្រឿង ៕ |
Posted: 25 Feb 2011 03:33 AM PST រាជធានីភ្នំពេញ ៖ អ្នកស្រីជួន ចាន់រតនា ហៅនាងក្អយ តារាសម្តែង និងតួកំប្លែងល្បីឈ្មោះបោះសម្លេងនោះត្រូវបានម្ចាស់បំណុលចូលខ្លួនទៅសាលាសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ប្តឹងទាមទារបំណុលចំនួន៧.៥០០ដុល្លារ ដែលអ្នកស្រីបានខ្ចីគេរយៈពេលជិត១ឆ្នាំមកហើយ មិនទាន់សងគេវិញគិតតែពីគេចខ្លួនរហូត ហើយសមត្ថកិច្ចគ្រោងនឹងចេញស្វែងរកនាំខ្លួននាងមកសាកសួរឆាប់ៗនេះហើយ ខណៈដែលអ្នកស្រីជួន ចាន់រតនា ហៅនាងក្អយ ឥឡូវកំពុងតែលង់ខ្លួនល្បែងស៊ីសងតាមកាស៊ីណូជំពាក់គេរំកោះ ។ ទាក់ទិននឹងបញ្ហាខាងលើនេះម្ចាស់បំណុលបានចូលទៅសាលាសង្កាត់ទួលសង្កែប្តឹងទាមទារប្រាក់ពី អ្នកស្រីជួន ចាន់រតនា ហៅនាងក្អយ នេះ កាលពីល្ងាចថ្ងៃទី២៤ កុម្ភៈ ២០១១ ពីសំណាក់ម្ចាស់បំណុលឈ្មោះច័ន្ទ សិរីពរ ភេទស្រី អាយុ៥៥ឆ្នាំ មានទីលំនៅផ្ទះលេខ៦២E ផ្លូវលេខ៣៣៦ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ។ តាមមន្ត្រីសាលាសង្កាត់ទួលសង្កែបានឱ្យដឹងថា អ្នកស្រីជួន ចាន់រតនា ហៅនាងក្អយ អាយុ២៦ឆ្នាំ ដែលមានទីលំនៅផ្ទះលេខ២១២Z ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ត្រូវបានម្ចាស់បំណុលចូលខ្លួនទៅសាលាសង្កាត់ប្តឹង ដើម្បីទាមទារប្រាក់ចំនួន៧.៥០០ដុល្លារ ពិតប្រាកដមែន។ តាមពាក្យបណ្តឹងរបស់អ្នកស្រីច័ន្ទ សិរីពរ អាយុ៥៥ឆ្នាំ ជាអ្នកលក់ដូរមានទីលំនៅផ្ទះលេខ៦២E ផ្លូវលេខ៣៣៦ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក បានគោរពចូលទៅចៅសង្កាត់ទួលសង្កែ សុំប្តឹងពីឈ្មោះជួន ចាន់រតនា ហៅនាងក្អយ ភេទស្រី អាយុ២៦ឆ្នាំ មុខរបរសំអាងការ និងជាតារាសម្តែង។ នៅក្នុងពាក្យបណ្តឹងបានបញ្ជាក់ថា កាលពីថ្ងៃទី៥ កក្កដា ឆ្នាំ២០១០ ឈ្មោះជួន ចាន់រតនា ហៅនាងក្អយ បានមកខ្ចីប្រាក់ពីអ្នកស្រីច័ន្ទ សិរីពរ ៧.៥០០ដុល្លារ ដោយបានសន្យាថា ឱ្យការប្រាក់ក្នុង១ខែចំនួន២០% នៃទឹកប្រាក់ទាំងនេះ ។ នៅក្នុងការខ្ចីនោះកិច្ចសន្យាបញ្ជាក់ថា ១ខែសងវិញ ទាំងដើមទាំងការ លុះដល់ថ្ងៃកំណត់មិនឃើញឈ្មោះជួន ចាន់រតនា យកប្រាក់ទៅសងឡើយ ហើយនាងបិទលេខទូរស័ព្ទថែមទៀត ។ នៅក្នុងពាក្យបណ្តឹងក៏បានបញ្ជាក់ថា នៅថ្ងៃទី១៩ កុម្ភៈ ឆ្នាំ២០១១ រូបគាត់ (ម្ចាស់បំណុល) បានដើររកជួបប្តីរបស់នាងអយ ក៏បានធ្វើកិច្ចសន្យាថា នៅថ្ងៃទី២៣ កុម្ភៈ ឆ្នាំ២០១១ នឹងយកប្រាក់មកសងចំនួន១ពាន់ដុល្លារ ហើយប្រាក់ដែលនៅសល់នឹងទូទាត់សងឱ្យគ្រប់ក្នុងរយៈពេល២ខែ គឺចាប់ពីថ្ងៃទី២៣ កុម្ភៈ រហូតដល់ថ្ងៃទី២៤ មេសា ឆ្នាំ២០១១...ប៉ុន្តែពុំដូច្នេះទេ គឺពួកគេបានគេចរហូត មិនព្រមចូលមកសងប្រាក់ឡើយ ទើបអ្នកស្រីច័ន្ទ សិរីពរ ម្ចាស់បំណុលបានសម្រេចចិត្តប្តឹងបែបនេះ ។ តាមប្រភពព័ត៌មានបានឱ្យដឹងទៀតថា អ្នកស្រីជួន ចាន់រតនា ហៅនាងក្អយ មិនមែនជំពាក់ប្រាក់គេតែ១ម្ចាស់បំណុលប៉ុណ្ណោះទេ គឺនៅមានម្ចាស់បំណុលច្រើននាក់ទៀតកំពុងស្វែងរកមុខនាងផងដែរ ។ ដោយឡែកភាគីសាច់ញាតិរបស់អ្នកស្រីជួន ចាន់រតនា ហៅនាងក្អយ បានឱ្យដឹងតបវិញថា បំណុលនេះមិនមែនជារបស់អ្នកស្រីជួន ចាន់រតនា ហៅនាងក្អយ ទេ គឺនាងគ្រាន់តែនាំគេផ្សេងទៀតមករកខ្ចីប្រាក់ពីម្ចាស់បំណុលខាងលើតែប៉ុណ្ណោះ...ពោលគឺគេពឹងឱ្យនាងក្អយ ជួយស្វែងរកខ្ចីប្រាក់ពីនរណាម្នាក់ ហើយនាងអយ ក៏នាំអ្នកនោះមកខ្ចីប្រាក់ពីអ្នកស្រីច័ន្ទ សិរីពរ តែម្តង លុះដល់អ្នកខ្ចីលុយមិនទាន់សងគ្រប់ចំនួនម្ចាស់បំណុលក៏ដាក់ពាក្យបណ្តឹងទាមទារពីនាងក្អយ ដែលនេះគឺជាការបរិហារកេរ្តិ៍មួយគួរឱ្យថ្កោលទោសណាស់។ ភាគីសាច់ញាតិរបស់អ្នកស្រីជួន ចាន់រតនា ហៅនាងក្អយ បានសង្កត់វិញថា រឿងនេះពួកគាត់មិនសុខចិត្តទេ នឹងដាក់ពាក្យបណ្តឹងទៅតុលាការ ដើម្បីទាមទាររកយុត្តិធម៌ ៕ |
ឈ្មួញវៀតណាមទាស់គ្នាបែកផ្សែងដណ្តើមម៉ូយស្រូវ Posted: 25 Feb 2011 02:48 AM PST ខេត្តកំពត ៖ ក្រុមឈ្មួញទិញស្រូវជនជាតិវៀតណាមបានទាស់ពាក្យសម្តីគ្នាយ៉ាងខ្លាំងកាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី២៤ កុម្ភៈនៅចំណុចមុខប៉ុសិ៍្តនគរបាលការពារព្រំដែនគោក និងប៉ុសិ៍្តទាហានការពារព្រំដែនគោកក្នុងភូមិសាស្ត្រឃុំព្រៃទន្លេ ស្រុកបន្ទាយមាស។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុថា នៅថ្ងៃទី២៣ កុម្ភៈ ក្រុមឈ្មួញទិញស្រូវទាំងឈ្មួញខ្មែរទាំងក្រុមឈ្មួញជនជាតិវៀតណាមបានឈ្លោះគ្នាម្តងមកហើយ តែនៅព្រឹកថ្ងៃទី២៤ កុម្ភៈក៏ទាស់សម្តីគ្នាម្តងទៀត សុទ្ធតែជនជាតិវៀតណាមដូចគ្នាតែមិនបានបង្ករបួសស្នាមអ្វីទេ ។ ក្រុមអ្នករកស៊ីទិញស្រូវឆ្លងដែនទៅវៀតណាមនេះទាស់គ្នាផ្អើលដល់អាជ្ញាធរបន្ទាប់ពីអាជ្ញាធរការពារព្រំដែនខ្មែរហាមឃាត់ទូកដឹកស្រូវវៀតណាមមិនឱ្យចូលតាមច្រករបៀងផ្សេងទៅដឹកស្រូវនៅភូមិរបស់ពលរដ្ឋខ្មែរ ។ សមត្ថកិច្ចបានឃាត់ទូកដឹកស្រូវរបស់វៀតណាម២គ្រឿងតាមការប្តឹងរបស់ឈ្មួញ ។ លោកកែវ វណ្នី មន្ត្រីគយប្រចាំការច្រកទ្វារតន់ហន់មានប្រសាសន៍ថា អ្នករកស៊ីទិញស្រូវជនជាតិវៀតណាមមិនចុះសម្រុងនឹងគ្នាទេ គឺមកពីកាច់កុងគ្នាដណ្តើមម៉ូយស្រូវពីឈ្មួញខ្មែរ ។ តាមពិតទៅអ្នកដឹកជញ្ជូនស្រូវ និងទំនិញផ្សេងៗឆ្លងកាត់តាមច្រករបៀង ពិតជាខុសច្បាប់របស់រដ្ឋ ។ មន្ត្រីគយបញ្ជាក់ថា ទំនិញទាំងឡាយមានស្រូវជាដើមគួរណាស់តែដឹកជញ្ជូនតាមច្រកទ្វារទើបងាយស្រួលត្រួតពិនិត្យ ។ លោកសួន សេរីមង្គល មេបញ្ជាការវរសេនាតូចលេខ៦០១ នគរបាលការពារព្រំដែនគោកមានប្រសាសន៍ថា ការកើតមានជម្លោះរបស់ក្រុមឈ្មួញវៀតណាមនេះ គ្រាន់តែប្រកែកគ្នាជាពាក្យសម្តី ហើយត្រូវនគរបាលសម្រួលចប់ហើយ។ ពាក់ព័ន្ធរឿង ឃាត់ទូកវៀតណាមនេះព្រោះពួកគេមិនមានប៉ាស្ព័រឆ្លងដែនទេ ចំណែកនគរបាលអន្តោប្រវេសន៍ច្រកទ្វារតន់ហន់ប្រាប់ថា កន្លងមកខាងវៀតណាមចូលទៅទិញស្រូវនៅដីខ្មែរ ហាក់ដូចជាអនាធិបតេយ្យ ខ្លាំងណាស់ ព្រោះពួកគេមិនបានចូលមកដឹកស្រូវតាមច្រកទ្វារត្រឹមត្រូវទេ ធ្វើឱ្យមានការរញ៉េរញ៉ៃ ។ តាមសេចក្តីរាយការណ៍ផ្សេងមួយទៀតឱ្យដឹងថា មានក្រុមហ៊ុនឯកជនមួយប្រមូលទិញស្រូវឱ្យចុះតាមច្រកទ្វារតន់ហន់តែមួយប៉ុណ្ណោះ សម្រាប់ទុកលក់ឱ្យឈ្មួញវៀតណាម ប៉ុន្តែឈ្មួញវៀតណាមមិនបានចូលទិញស្រូវតាមច្រកទ្វារ ស្របច្បាប់ទេ ដោយសារពេលដឹកស្រូវទៅប្រទេសខ្លួនត្រូវមន្ត្រីគយវៀតណាមចាប់ឱ្យបង់ពន្ធនាំចេញខ្ពស់ ៕ |
អ្នករត់ម៉ូតូឌុបចាញ់ល្បិចកលចោរដាក់ថ្នាំសណ្តំសន្លប់ក្នុងព្រៃ Posted: 25 Feb 2011 02:43 AM PST ខេត្តកំពង់ស្ពឺ ៖ បុរសម្នាក់ត្រូវគេប្រទះឃើញដេកស្តូកស្តឹងក្នុងព្រៃកាលពីវេលាម៉ោង១ និង៣០នាទីរសៀលថ្ងៃទី២៣ កុម្ភៈ ត្រង់ចំណុចផ្លូវចូលដឹកខ្សាច់ចេញពីផ្លូវជាតិលេខ៤ ចម្ងាយ២២៥ម៉ែត្រ ខាងកើតភូមិស្លា ឃុំវល្លិស ស្រុកសំរោងទង ។ ប៉ូលិសព្រហ្មទណ្ឌស្រុកសំរោងទងអះអាងថា ជនរងគ្រោះដេកសន្លប់ស្តូកស្តឹង និងចេញពពុះមាត់នៅក្រោមដើមស្នាយក្នុងព្រៃរបោះ ហើយបានហៅរថយន្តមន្ទីរពេទ្យបង្អែកខេត្តដឹកទៅសង្គ្រោះបន្ទាន់ ។ ជនរងគ្រោះឈ្មោះសាំង រ៉ុម អាយុ៣៥ឆ្នាំ ជាអ្នករត់ម៉ូតូឌុបរស់នៅភូមិរើងពើង ឃុំស្គុះ ស្រុកសំរោងទង ត្រូវចោរដាក់ថ្នាំសណ្តំយកម៉ូតូម៉ាក C125 ស៊េរី២០០៨ ពាក់ស្លាកលេខកំពង់ស្ពឺ 1A 9958 ។ ស្ត្រីជាប្រពន្ធឈ្មោះខៀវ ចាន់ អាយុ៣២ឆ្នាំ ប្រាប់ឱ្យដឹងថា ប្តីរបស់នាងតែងតែចេញរត់ម៉ូតូឌុបរាល់ថ្ងៃនៅផ្សារកំពង់ស្ពឺ ។ បន្ទាប់ពីមានការយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យបង្អែកខេត្តនៅម៉ោងប្រហែល៧យប់ថ្ងៃដដែលប្តីរបស់នាងបានដឹងខ្លួនវិញអាចនិយាយជាមួយក្រុមគ្រួសារបានខ្លះៗ ។ សមត្ថកិច្ចបន្តទៀតថា ក្មេងឃ្វាលគោប្រាប់ថា បានឃើញជនល្មើស២នាក់ជិះម៉ូតូ C125 ពណ៌ខ្មៅដោយម្នាក់ជាអ្នកឌុប និងម្នាក់ទៀតអោបជនរងគ្រោះពីក្រោយ ។ ពេលដល់ព្រៃរបោះជនម្នាក់ដែលជិះពីក្រោយបានលើកយកជនរងគ្រោះទៅទម្លាក់ចោល រួចប្រញាប់បើកម៉ូតូចេញបាត់ ទៅ ។ ជនរងគ្រោះប្រាប់ថា នៅម៉ោងប្រហែល១២ថ្ងៃត្រង់ជនល្មើសម្នាក់ហៅគេឱ្យឌុបពីផ្សារកំពង់ស្ពឺ ទៅផ្សារត្រពាំងអំពិល (ថ្នល់ទទឹង) ហើយឱ្យចូលយកគ្នាគេម្នាក់ទៀតទៅជាមួយនៅម្តុំដើមពោធិ៍ជិតផ្ទះសំណាក់ថ្មត្រជាក់ ។ បន្ទាប់មកជនទាំង២នាក់នោះបបួលរូបគេចូលស៊ីផឹករងគ្រោះបែបនេះ ។ ពេលនោះរូបគេបានចូលរួមផឹក ទើបអស់ស្រាបៀរ២ដប ដោយមិនដឹងថា ចោរដាក់ថ្នាំទេ ៕ |
ស៊ីបាយបោកឆ្នាំងមានបំណងរំលោភកូនស្រីម្ចាស់ផ្ទះត្រូវចាប់ខ្លួន Posted: 25 Feb 2011 02:32 AM PST ខេត្តបន្ទាយមានជ័យ ៖ បុរសម្នាក់ដែលធ្លាប់ដេកស៊ីបាយផ្ទះកុមារីរងគ្រោះក្នុងខណៈពេលឪពុកម្តាយនាងមិននៅ ក៏មានបំណងរំលោភកុមារីជាកូនដែលទើបមានអាយុ១២ឆ្នាំ តែមិនបានសម្រេច ហើយត្រូវកុមារីនោះប្តឹងឱ្យប៉ូលិសចាប់ឃាត់ខ្លួនភ្លាមៗតែម្តង។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី២៣ កុម្ភៈ ឆ្នាំ២០១១ នៅភូមិថ្នល់ដាច់ ឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។ លោកអនុសេនីយ៍ឯក យ៉ត រ៉ាយ អធិការនគរបាលស្រុកថ្មពួក បានឱ្យដឹងថា ការចាប់ឃាត់ខ្លួនបុរសឈ្មោះលីវ គក់ អាយុ២៧ឆ្នាំ នៅភូមិថ្នល់ដាច់ ឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ធ្វើឡើងតាមបណ្តឹងរបស់ក្មេងស្រីរងគ្រោះឈ្មោះស.ម.ស ហៅម អាយុ១២ឆ្នាំ នៅភូមិជាមួយគ្នា ដែលបានចោទប្រកាន់ឈ្មោះលីវ គក់ ថា កាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី២៣ កុម្ភៈ បុរសល្មោភកាមរូបនេះ បានលបឡើងទៅលើផ្ទះរបស់នាងចូលទៅបន្លំដេក ហើយចាប់អោបស្ទាបកេរ្តិ៍ខ្មាសរបស់នាងបំណងរំលោភ ប៉ុន្តែត្រូវនាងភ្ញាក់ទាន់។ ពេលនោះជននេះបានយកដៃមកខ្ទប់មាត់នាងមិនឱ្យស្រែក តែនាងបានរើបំរះស្ទុះរត់រួចទៅរកបងប្រុសរបស់នាងដែលកំពុងដេកនៅក្រោមផ្ទះឱ្យជួយ ទើបរួចផុតពីចង្កូមបិសាចតណ្ហានេះ ។ បើតាមសំដីស្ត្រីម្នាក់ជាម្តាយមីងកុមារីរងគ្រោះបាននិយាយរៀបរាប់ថា ជនប៉ុនប៉ងចាប់រំលោភក្មួយស្រីរបស់គាត់នេះ កន្លងមកធ្លាប់នៅដេកស៊ីបាយផ្ទះបងប្រុសរបស់គាត់ដែលត្រូវជាឪពុកក្មួយស្រីគាត់ ប៉ុន្តែខណៈឪពុកម្តាយនាងមិននៅរវល់ទៅកាប់ឈើនៅតែបងប្រុសដេកក្រោមផ្ទះ និងរូបកុមារីដេកលើផ្ទះម្នាក់ឯង ជាឱកាសល្អ ទើបគេហ៊ានប្រព្រឹត្តនូវអំពើដ៏លាមកនេះ មិនខុសពីពាក្យចាស់លោកថា ស៊ីបាយបោកឆ្នាំងនោះឡើយ ។ បើតាមសំដីរបស់បុរសជាប់ចោទឈ្មោះលីវ គក់ បានសារភាពថា នៅយប់នោះពេលគេត្រឡប់មកពីផឹកស្រាវិញ បានដើរកាត់មុខផ្ទះកុមារីនោះ ហើយក៏ឡើងទៅដេកលើផ្ទះ ត្រង់អ្វីដែលគេបានប្រព្រឹត្តទៅលើក្មេងស្រីនោះ មិនដឹងច្បាស់ទេ ព្រោះរូបគេស្រវឹងស្រាខ្លាំងពេក ។ ប៉ុន្តែជននេះបានទទួលស្គាល់ថា នាយប់នោះ ខ្លួនបានយកដៃអោបស្ទាបអង្អែលកេរ្តិ៍ខ្មាសរបស់កុមារីនោះពិតមែន ។ លោកវរសេនីយ៍ឯក ពូន សានិត ស្នងការរងនិងជាប្រធានការិយាល័យកណ្តាលនគរបាលយុត្តិធម៌នៃស្នងការដ្ឋានខេត្តបានមានប្រសាសន៍ថា ផ្អែកតាមចម្លើយសារភាពរបស់ជនល្មើស និងបណ្តឹងរបស់កុមារីរងគ្រោះ មន្ត្រីការិយាល័យនគរបាលប្រឆាំងការជួញដូរ និងការពារអនីតិជនបានរៀបចំសំណុំរឿងបញ្ជូនជននេះទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕ |
មេឃងងឹតមិនហ៊ានជិះកង់ដឹកបណ្តើរត្រូវម៉ូតូបុកហើយវាយថែមទៀតរបួសធ្ងន់ Posted: 25 Feb 2011 02:19 AM PST រាជធានីភ្នំពេញ ៖ បុរសវ័យចំណាស់ម្នាក់បានរងគ្រោះដោយត្រូវម៉ូតូបុក ហើយអ្វីដែលស្ទើរតែមិនជឿនោះ គឺគាត់ត្រូវគេវាយថែមទៀតបណ្ដាលឱ្យដាច់ចង្កា រយះមុខ ស្មងជើងនិងបែកក្បាល កាលពីវេលាម៉ោងប្រមាណ៦ និង៣០នាទីល្ងាចថ្ងៃទី២៤ កុម្ភៈ ។ នេះគឺជាការអះអាងរបស់សាច់ញាតិបុរសរងគ្រោះ ។ តាមបុរសឈ្មោះឈុន ហេង អាយុ៣០ឆ្នាំ ដែលអះអាងថា ត្រូវជាសាច់ញាតិរបស់បុរសរងគ្រោះបានឱ្យដឹងថា បុរសរងគ្រោះឈ្មោះស៊ុំ សាន អាយុ៦៦ឆ្នាំ មានទីលំនៅភូមិព្រៃសាលាទី២ សង្កាត់កាកាប ខណ្ឌដង្កោ ។ ជារៀងរាល់ថ្ងៃបុរសរងគ្រោះតែងតែទៅស្រោចដំណាំត្រឡាច និងននោង ដែលគាត់សុំដីឡូត៍គេដាំនៅខាងជើងវត្ដតាំងក្រសាំង ហើយនៅថ្ងៃទី២៤ កុម្ភៈ គាត់បានជិះកង់ចេញទៅស្រោចដំណាំដូចធម្មតា ។ លុះស្រោចរួច នៅម៉ោងប្រមាណ ៦ល្ងាចគាត់ក៏ត្រឡប់មកផ្ទះវិញ ប៉ុន្តែដោយសារជាវេលាព្រលប់មេឃងងឹតបន្តិចទៅហើយនោះ គាត់មិនហ៊ានជិះទេ ក៏បណ្ដើរកង់មកផ្ទះ ។ លោកឈុន េហង បានរៀបរាប់បន្តថា ពេលបណ្ដើរកង់ចេញពីចំការបានចំងាយប្រមាណ៣០០ម៉ែត្រ មានម៉ូតូមួយគ្រឿងបើកមកពីមុខ និងមានម៉ូតូពីរគ្រឿងទៀតបើកវ៉ាមកទន្ទឹមគ្នា បណ្ដាលឱ្យម៉ូតូបុកគាត់ដែលកំពុងបណ្ដើរកង់នោះដួលបោកក្បាលទៅនឹងថ្នល់ ហើយកង់របស់គាត់ត្រូវខូចរមូរខ្នងកង់ខាងមុខ ចំណែកម៉ូតូអ្នកបុកនោះក៏ធ្លាយពោះវៀនចេញមកក្រៅដែរ ។ ពេលនោះគាត់ងើបឡើងទាំងរវើរវាយរត់តាមម៉ូតូដែលបុកគាត់រហូតជិតដល់កន្លែងដាំដំណាំវិញ ដោយឃាត់មិនឱ្យម្ចាស់ម៉ូតូរត់ទៅណា ស្រាប់តែជនដែលបុកគាត់នោះឈប់បណ្ដើរម៉ូតូ រួចស្ទុះមកវាយគាត់ និងថែមទាំងស្ដីឱ្យគាត់ថាបណ្ដើរកង់ភ្លើៗ ។ ពេលកើតហេតុនោះគ្មាននរណាឃើញទេ គឺមានតែបុរសរងគ្រោះ និងម្ចាស់ម៉ូតូ បន្ទាប់មកក៏មានអ្នកជិះកង់ពីរនាក់ដែលឃើញនិយាយគ្នាឮដល់ប៉ូលិសប៉ុស្ដិ៍ក្រាំងធ្នង់ក៏ទៅមើលកន្លែងកើតហេតុ ទើបបុរសរងគ្រោះប្រាប់ឱ្យប៉ូលិសទូរស័ព្ទទៅប្រាប់កូនគាត់ពីការរងគ្រោះ ។ លោកឈុន ហេង អះអាងថា គាត់ដឹងរឿងរ៉ាវនេះតាមតែបុរសរងគ្រោះនិយាយប្រាប់ពេលទៅដល់កន្លែងកើតហេតុប៉ុណ្ណោះ ដោយគាត់ចេះតែនិយាយទាំងរវើរវាយថា ជិះម៉ូតូមកបុកគាត់ ហើយវាយគាត់ទៀត រហូតដល់ព្រឹកថ្ងៃទី២៥ កុម្ភៈ ទើបគាត់និយាយដឹងខុសត្រូវ និងនៅតែនិយាយអីុចឹងដដែល ។ ពេលប៉ូលិសទៅដល់កន្លែងកើតហេតុបានឃាត់ម្ចាស់ម៉ូតូហើយយកម៉ូតូ និងកង់ទៅរក្សាទុកនៅប៉ុស្ដិ៍ក្រាំងធ្នង់ ហើយបញ្ជូនជនរងគ្រោះទៅព្យាបាលនៅគ្លីនិកឯកជនជិតវត្ដសំរោងអណ្ដែត ដោយបញ្ជូនទាំងបុរសរងគ្រោះ និងម្ចាស់ម៉ូត ព្រោះម្ចាស់ម៉ូតូក៏ត្រូវរបួសដាច់ចិញ្ចើមបន្ដិចដែរ តែដោយសារបុរសរងគ្រោះរបួសធ្ងន់ធ្ងរ ទើបខាងគ្លីនិកបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យព្រះកុសុមៈទាំងយប់ ។ លោកបន្ដថា ពេលមកដល់មន្ទីរពេទ្យម្ចាស់ម៉ូតូបាននិយាយថា ម៉ូតូរបស់គេភ្លើងមិនសូវភ្លឺ ពេលជិះម៉ូូតូមកជិតដល់កង់ហើយទើបមើលឃើញកង់ តែដោយសារកំពុងជិះក្នុងល្បឿនលឿន ណាមួយហ្វ្រាំងម៉ូតូមិនស៊ីផងនោះ ទើបបណ្ដាលឱ្យបុកតែម្ដង ។ ចំណែកលោកអនុសេនីយ៍ទោម៉ក់ មី នាយប៉ុស្ដិ៍រដ្ឋបាលក្រាំងធ្នង់បានឱ្យដឹងថា ករណីនេះជារឿងគ្រោះថ្នាក់ចរាចរណ៍មិនមែនរឿងវាយតប់ទេ ហើយលោកដោះស្រាយរឿងគ្រោះថ្នាក់ចរាចរណ៍ និងមិនបានទទួលពាក្យបណ្ដឹងរឿងវាយនោះឡើយ ហើយនៅវេលាម៉ោង២រសៀលថ្ងៃទី២៥ កុម្ភៈ លោកកោះហៅភាគីទាំងពីរមកសំរបសំរួល ។ ប៉ូលិសប៉ុស្ដិ៍រដ្ឋបាលក្រាំងធ្នង់បានឱ្យដឹងថា ម្ចាស់ម៉ូតូឈ្មោះអូន ឡា អាយុ២៥ឆ្នាំ ជាកម្មករសំណង់ មានទីលំនៅភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌដង្កោ ៕ |
១០៨ប្រទេសមិនប្រើគ្រាប់បែកចង្កោមបែរជាថៃបាញ់មកលើកម្ពុជា Posted: 25 Feb 2011 02:04 AM PST ខេត្តកំពង់ចាម ៖ ទោះបីជាប្រទេសចំនួន ១០៨ នៅលើពិភពលោក បានចុះហត្ថលេខា លើបម្រាមដែលមិនអនុញ្ញាតឱ្យប្រើប្រាស់គ្រាប់បែកចង្កោមយ៉ាងណាក្តី ក៏ប្រទេសថៃបានប្រើគ្រាប់នេះបាញ់ចូលមកក្នុងតំបន់ប្រាសាទព្រះវិហាររបស់ខ្មែរយើងជ្រុះរាយប៉ាយដែលបង្កឱ្យមានគ្រោះថ្នាក់ខ្លាំងណាស់់ ។ នេះជាប្រសាសន៍របស់លោក ប្រាក់ សុខុន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអនុប្រធានអាជ្ញាធរមីនកម្ពុជា ថ្លែងក្នុងឱកាសបូកសរុបលទ្ធផលបញ្ចប់គម្រោង CMAC-HIB និងទិវាអប់រំ យល់ដឹងអំពីមីន២៤ កុម្ភៈ ក្នុងទីបញ្ជាការកងឯកភាពកំចាត់មីនទី៥កាលពីព្រឹកថ្ងៃទី២៤ កុម្ភៈ ឆ្នាំ២០១១ ស្ថិតនៅឃុំជប់ ស្រុកត្បូងឃ្មុំ ។ លោកស្រី ខុង ស៊ុនអេង អភិបាលរងខេត្តបានថ្លែងថា ខេត្តកំពង់ចាមស្ថិតនៅភូមិភាគបូព៌ានៃព្រះរាជាណាចក្រកម្ពុជា មានចម្ងាយជាង១២៤គីឡូម៉ែត្រពីរាជធានីភ្នំពេញ មានផ្ទៃដីចំនួន៩.៧៩៨,៦០ គីឡូម៉ែត្រការ៉េ មានស្រុក១៥ និងក្រុង២ ចែកចេញជា១៧៦ឃុំ និង៦សង្កាត់ ប្រជាពលរដ្ឋសរុបចំនួន១.៨៣២.១៥៦នាក់ ជាទឹកដីដែលធ្លាប់បានឆ្លងកាត់ព្រឹត្តិការណ៍ជាច្រើនក្នុងប្រវត្តិសាស្រ្ត និងជាប៉ុស្តិ៍ប៉មជួរមុខក្នុងសម័យសង្រ្គាមជិត៣ទសវត្ស ។ លោកស្រី ខុង ស៊ុនអេង អភិបាលរងខេត្តបានបន្តថា ក្រោយពីប្រទេសជាតិបានទទួលនូវសុខសន្តិភាពពេញលេញចាប់ពីឆ្នាំ១៩៩៨ ក្រោមការដឹកនាំដ៏ឈ្លាសវៃនិងប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ អាជា្ញធរគ្រប់លំដាប់ថ្នាក់ ប្រជាពលរដ្ឋ មន្ទីរ ស្ថាប័ន អង្គភាពពាក់ព័ន្ធគ្រប់ដែនសមត្ថកិច្ចបានខិតខំពុះពារព្យាយាមជម្នះនូវការលំបាកគ្រប់បែបយ៉ាង ក្នុងសកម្មភាពស្តារនិងអភិវឌ្ឍន៍ប្រទេសជាតិមាតុភូមិលើគ្រប់វិស័យ ដោយមានការឧបត្ថម្ភគាំទ្រនិងរួមចំណែកយ៉ាងសកម្មពីសំណាក់ស្ថាប័នកំពូលទាំង៣នៃព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាលកម្ពុជា ឥស្សរជននយោបាយប្រទេសជាមិត្តជិតឆ្ងាយ អង្គការ សមាគម សប្បុរសជនជាតិអន្តរជាតិ រួមទាំងដៃគូអភិវឌ្ឍន៍ជាច្រើនទៀត ។ ក្នុងនោះមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា(CMAC) បានដើរតួនាទីយ៉ាងសំខាន់ក្នុងសកម្មភាពបោសសំអាតមីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទចាប់តាំងពីឆ្នាំ១៩៩២ ដោយមានកិច្ចសហប្រតិបត្តិការជាមួយកងកម្លាំងសន្តិសុខអង្គការសហប្រជាជាតិ ក្នុងបុព្វហេតុដ៏ថ្លៃថ្លា ក្នុងការកាត់បន្ថយអត្រាគ្រោះថ្នាក់ដោយសារមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ប្រែក្លាយផ្ទៃដីដែលញាំញីក្នុងសម័យសង្រ្គាមដ៏រ៉ាំរៃ ទៅជាផ្ទៃដីសំរាប់បង្កបង្កើនផលនិងសាងសង់លំនៅឋានក៏ដូចជាផលប្រយោជន៍ក្នុងសកម្មភាពសង្គមសេដ្ឋកិច្ចដទៃទៀត ។ លោកហេង រតនា អគ្គនាយកCMAC និង ជាទីប្រឹក្សាសម្តេចតេជោ នាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ថ្ងៃទី២៤ កុម្ភៈ គឺជាទិវាជាតិយល់ដឹងពីមីនដែលមានកំណើតតាំងពីឆ្នាំ១៩៩៥មកម្ល៉េះ ហើយទិវានេះធ្វើឡើងដើម្បី ៖ ដើម្បីឱ្យកម្មវិធីនេះកាន់តែមានអត្ថន័យជ្រាលជ្រៅនិងអធិកអធមថែមទៀតនោះ ក្នុងថ្ងៃទី២៤កុម្ភៈ ២០១១នេះ CMAC និងHIB បានរៀបចំកម្មវិធីនិងសកម្មភាព សំខាន់ៗដូចជា ការរៀបចំក្បួនសិស្សដើរដង្ហែពីសាលាទួលទ្រាកាត់តាមដងផ្លូវដោយមានកាន់បដាពាក្យស្លោករហូតដល់វេទិកា និងការសម្តែងឈុតខ្លីៗស្តីពីការយល់ដឹងអំពីគ្រាប់មីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះជូនប្រជាពលរដ្ឋទស្សនា ។ លោកជីរ៉ូន ស្តូល នាយកអង្គការជនពិការអន្តរជាតិបែលហ្ស៊ិកប្រចាំប្រទេសកម្ពុជា បានលើកឡើងថា រូបលោកសូមថ្លែងអំណរគុណដល់ស៊ីម៉ាក ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងល្អ ។ អង្គការជនពិការអន្តរជាតិ មានការរីករាយយ៉ាងខ្លាំងចំពោះលទ្ធផលដ៏ល្អដែលបានធ្វើក្នុងអំឡុងជាង១ឆ្នាំកន្លងទៅនេះ ជាមួយនោះដែរសូមធ្វើការអបអរសាទរក្រុមបោសសំអាតសំណល់សង្រ្គាម ដែលបានចំណាយពេលពេញ១ឆ្នាំ រស់នៅជាមួយសហគមន៍ដែលមានកម្រិតនៃការគំរាមកំហែងខ្ពស់ និងបានបំពេញភារកិច្ចយ៉ាងខ្លាំងក្លា ដើម្បីប្រែក្លាយភូមិទាំងឡាយឱ្យទៅជាភូមិដែលមានសុវត្ថិភាពសំរាប់ការរស់នៅ ។ លោកប្រាក់ សុខុន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីនិងជាអនុប្រធានអាជ្ញាធរមីនកម្ពុជា មានប្រសាសន៍សំណេះសំណាលដោយបានគូសបញ្ជាក់ថា អកុសលប្រទេសកម្ពុជាគ្រាប់ដែលបាននៅរាយប៉ាយពាសពេញប្រទេសមិនទាន់ទាំងបានបោសសំអាតឱ្យអស់នៅឡើយផងនោះ បែរជាប្រទេសថៃបានបាញ់គ្រាប់បែកចង្កោមចូលមកកាន់តំបន់ប្រាសាទព្រះវិហារនិងតំបន់ជុំវិញប្រាសាទដែលមានកាលពីដើមខែកុម្ភៈ ២០១១នេះទៀតដែលបង្កការគ្រោះថ្នាក់ខ្លាំងណាស់ដល់ប្រជាពលរដ្ឋខ្មែរដែលចូលទៅក្នុងព្រៃ ។ លោកបានបន្ថែមថា រយៈពេលកន្លងមកនេះនៅពេលប្រទេសថៃធ្វើសមយុទ្ធគេបានបាញ់គ្រាប់ផ្លោងចំនួន២គ្រាប់ចូលមកក្នុងទឹកដីនៃប្រទេសកម្ពុជា នៅពេលដែលខាងភាគីកម្ពុជាសួរនាំបែរជាខាងថៃនិយាយថា «បាញ់ច្រឡំទៅវិញ»។ តាមពិតមុននឹងបាញ់តាមលក្ខណៈបច្ចេកទេសត្រូវតែមានអ្នកចាំឱ្យតំរុយត្រូវបាញ់ ចុះហេតុអីពេលដែលបានបាញ់១គ្រាប់ដំបូងដឹងថា ចូលមកដីខ្មែរ ម្តេចក៏មិនព្រមមើលឱ្យច្បាស់ ។ ក្រោយពីមានជម្លោះនៅតំបន់ប្រាសាទព្រះវិហារ ក្នុងពេលដែលសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ពាក្យបណ្តឹងទៅអង្គការសហប្រជាជាតិ បែរជាខាងភាគីថៃចោទមកលើកម្ពុជាថាជាអ្នកបង្កទៅវិញ។ តាមពិតប្រាសាទព្រះវិហារត្រូវបានតុលាការអន្តរជាតិក្រុងឡាអេកាត់ក្តីឱ្យខ្មែរឈ្នះក្តីក្នុងឆ្នាំ១៩៦២ ។ ពេលចុងក្រោយនេះទៀតប្រធានអាស៊ានបានចាត់ឱ្យក្រុមអ្នកសង្កេតការណ៍មកកាន់តំបន់ជម្លោះព្រំដែនកម្ពុជា-ថៃនឹងអាចស្រាវជ្រាវរកឃើញគ្រាប់បែកចង្កោមដែលភាគីថៃបានបាញ់មកលើកម្ពុជាជាក់ជាមិនខាន ៕ |
សំឡេងផ្ទុះគ្រាប់បានលាន់កក្រើកមួយប៊ឹង នៅខ្សែត្រៀមជួរមុខតំបន់ភ្នំទ្រព្យរវាងកម្ពុជា-ថៃ Posted: 25 Feb 2011 01:54 AM PST ព្រំដែនប្រាសាទព្រះវិហារ ៖ មេបញ្ជាការកងពលអន្តរាគមន៍លេខ៣ ប្រចាំតំបន់ព្រំដែនប្រាសាទព្រះវិហារ លោកឧត្តមសេនីយ៍ទោ ស្រី ឌឹក បានប្រាប់សន្តិភាពតាមទូរស័ព្ទនៅរសៀលថ្ងៃសុក្រនេះថា កាលពីវេលាម៉ោង១២ និង៤៥នាទីថ្ងៃត្រង់ថ្ងៃទី២៥ កុម្ភៈ ២០១១ នេះ មានស្នូរផ្ទុះ១គ្រាប់នៅខាងទឹកដីថៃមានចម្ងាយជាច្រើនរយម៉ែត្រពីតំបន់ភ្នំទ្រព្យ ។ លោកស្រី ឌឹក បន្តថា ស្នូរផ្ទុះនេះខាងភាគីថៃបានពន្យល់ប្រាប់ខាងកម្ពុជាថា ជាការផ្ទុះគ្រាប់មីនពីសម័យចាស់ ប៉ុន្តែតាមការសន្និដ្ឋានរបស់លោកឧត្តមសេនីយ៍ទោ ស្រី ឌឹក គឺស្នូរផ្ទុះនេះអាចជាការផ្ទុះគ្រាប់បែកដៃ។ គួរបញ្ជាក់ដែរថា នេះជាការផ្ទុះគ្រាប់លើកទី១ហើយ នៅព្រំដែនប្រាសាទព្រះវិហារ បន្ទាប់ពីកម្ពុជា-ថៃបានឯកភាពគ្នាលើបទឈប់បាញ់នៅក្នុងកិច្ចប្រជុំស្វែងរកដំណោះស្រាយជម្លោះតានតឹងមួយដែលមានការចូលរួមពីថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន នៅទីក្រុងហ្សការតា ប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃទី២២ កុម្ភៈ កន្លងមកថ្មីៗនេះ ។ ស្នូរផ្ទុះនេះក៏កើតឡើងនៅទន្ទឹមគ្នានឹងដំណើរមកដល់របស់បេសកជនពិសេសអង្គការយូណេស្កូ លោកកូអ៊ិជិ ម៉ាត់ស៊ូរ៉ា អតីតអគ្គនាយកអង្គការយូណេស្កូ ក្នុងប្រទេសថៃនាថ្ងៃសុក្រ ទី២៥ កុម្ភៈ នេះ ៕ |
សមត្ថកិច្ចចម្រុះបង្ក្រាបបទល្មើសនេសាទនៅតំបន់ព្រំប្រទល់ខេត្ត២ Posted: 25 Feb 2011 01:51 AM PST ខេត្តកំពង់ឆ្នាំង ៖ សមត្ថកិច្ចចម្រុះដឹកនាំដោយព្រះរាជអាជ្ញា និងព្រះរាជអាជ្ញារងពីរខេត្ត គឺខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់ កាលពីព្រឹកថ្ងៃទី២៤ កុម្ភៈ បានចុះពិនិត្យនិងបង្ក្រាបបទល្មើសនេសាទមួយកន្លែងដែលបានប្រើរបាំងសាច់អួនក្រឡាញឹក និងមានប្រវែងយ៉ាងវែងខុសលក្ខណៈបច្ចេកទេសនៃច្បាប់ស្តីពីជលផលនៅចំណុចព្រែកស្តេចក្មេង ភូមិកំពង់ថ្គោល ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដែលជាប់ព្រំប្រទល់ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ។ ក្នុងការចុះពិនិត្យនិងបង្ក្រាបនេះ ខាងខេត្តកំពង់ឆ្នាំង ដឹកនាំដោយលោកពេញ វិបុល ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត និងសមត្ថកិច្ចចូលរួមមានលោកកែវ ថាយ នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង ព្រមទាំងមន្ត្រីជលផល ប៉ូលិសសេដ្ឋកិច្ច និងកងរាជអាវុធហត្ថជាច្រើនរូប។ ចំណែកខាងខេត្តពោធិ៍សាត់ ដឹកនាំដោយលោកប៉ង់ ចាន់សុយុធ្ធារ៉ា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត លោកច្រឹង តាំងលី នាយផ្នែកជលផលស្រុកក្រគរ រួមទាំងមន្ត្រីប៉ូលិស ប៉េអឹម និងការចូលរួមពីលោកប្រាក់ ធុយ នាយរងអធិការដ្ឋានជលផលខាងត្បូងបឹងទន្លេសាប។ សមត្ថកិច្ចចម្រុះបានទៅដល់កន្លែងមានបទល្មើសដែលបានដាក់របាំងសាច់អួនក្រឡាញឹកដល់ចំណុចព្រែកស្តេចក្មេង ដោយបានជួបជាមួយមេការនៃអ្នកទទួលមើលការខុសត្រូវក្នុងបទល្មើសនេះ ឈ្មោះហេង ថុន អាយុ៤២ឆ្នាំ រស់នៅស្រុកបរិបូណ៌។ ឈ្មោះហេង ថុន បាននិយាយឱ្យដឹងថា ថៅកែក្នុងការប្រព្រឹត្តបទល្មើសនេះឈ្មោះហុង ម៉េង រស់នៅក្នុងឃុំពន្លៃ ស្រុកបរិបូណ៌ ឯរូបគាត់ជាអ្នកមើលការខុសត្រូវឱ្យថៅកែឈ្មោះហុង ម៉េងនេះ។ របាំងសាច់អួនដែលមានក្រឡាត្រឹមតែ២,៦ហ៊ុន គឺបានដាក់នៅដើមខែកុម្ភៈនេះប៉ុន្តែបោះបង្គោលតាំងពីចុងខែធ្នូ ឆ្នាំ២០១០ មកម៉្លេះ ដោយមានប្រវែង៣ទៅ៤រយម៉ែត្រ ហើយប៉ុន្មានថ្ងៃមុននេះបានកាប់ចោលអស់ខ្លះហើយ ព្រោះថា ខុសច្បាប់ គឺទុកតែប្រវែង៥០ម៉ែត្រប៉ុណ្ណោះ ដោយថៅកែប្រាប់ថា មានច្បាប់ត្រឹមត្រូវពីជលផល។ ទោះបីជាយ៉ាងណាសមត្ថកិច្ចចម្រុះបានពិនិត្យឃើញថា នេះជាបទល្មើសខុសច្បាប់ទាំងស្រុង ព្រោះមានក្រឡាត្រឹមតែ២,៦ហ៊ុនប៉ុណ្ណោះ ឯក្នុងច្បាប់គឺចាប់ពីក្រឡា៤ហ៊ុនឡើង។ ម្យ៉ាងវិញទៀត មានប្រវែងយ៉ាងវែងដែលតាមប្រភពក្រៅផ្លូវការ គឺរាប់ពាន់ម៉ែត្រឯណោះ ប៉ុន្តែដោយសារបែកការណ៍មុនពេលចុះបង្ក្រាប ទើបកាប់ចោល និងដកចេញខ្លះ ។ របាំងសាច់អួននេះ តាមផ្លូវច្បាប់ គឺអនុញ្ញាតត្រឹមតែរបាំងលប «ណរ៉ាវ» ប៉ុណ្ណោះ ឯការធ្វើបែបនេះ គឺខុសច្បាប់ដែលគេហៅថា ធ្វើរហូតដល់លប «រ៉ូយ៉ាល់» ឬហៅថា របាំងលបសម័យ ។ លោកច្រឹង តាំងលី នាយផ្នែករដ្ឋបាលជលផលស្រុកក្រគរ បានមានប្រសាសន៍ថា នេះគឺជាបទល្មើសនេសាទខុសច្បាប់ ហើយបទល្មើសនេះត្រូវផាកពិន័យ និងរឹបអូសឧបករណ៍ ចំណែកជនល្មើសកសាងសំណុំរឿងទៅតុលាការតាមផ្លូវច្បាប់ ។ ចំណែកលោកពេញ វិបុល ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង បានថ្លែងថា បទល្មើសនេះថ្វីបើជាប់ព្រំប្រទល់ពីរខេត្តក៏ពិតមែន ប៉ុន្តែវាបានកើតឡើងលើទឹកដីខេត្តពោធិ៍សាត់ច្រើនជាង ហើយលោកក៏សុំប្រគល់សំណុំរឿងនេះ ឱ្យទៅសមត្ថកិច្ចខេត្តពោធិ៍សាត់ ចាត់ការតាមនីតិវិធីច្បាប់បន្ត ។ តាមប្រភពព័ត៌មានខាងក្រៅផ្លូវការវិញ បានឱ្យដឹងថា បទល្មើសនេះកើតឡើងដោយសារការឃុបឃិតគ្នារវាងសមត្ថកិច្ចជំនាញដែលតាមមាត់ចាបមាត់ព្រាបថា បានបង់លុយ សែនព្រេនរាប់ពាន់ដុល្លារឯណោះ ។ ទោះបីជាយ៉ាងណា នៅចំណុចនោះគេហៅថា «កដប» ហើយបទល្មើសដាក់របាំងសាច់អួនបិទភ្ជិតចរាចរណ៍ត្រីចុះឡើងមានបីចំណុច គឺចំណុចស្តេចក្មេង ចំណុចរបាំងវែង និងចំណុចព្រែកក្រចាប់ និងនៅសល់តែមួយចំណុចទេ គឺព្រែកបើកកប៉ាល់។ តាមប្រភពព័ត៌មានក្រៅផ្លូវការដដែលបានបន្តថា ថៅកែខាងលើបានប្រព្រឹត្តបទល្មើសនេះ ជាងរៀងរាល់ឆ្នាំក្រោមលេសសុំគោលការណ៍ថ្នាក់លើ ហើយពេលធ្វើគឺខុសនឹងច្បាប់តែម្តង។ គេរង់ចាំមើលថា តើក្រោយការចុះបង្ក្រាបនេះហើយនឹងមានបទល្មើសបំផ្លាញមច្ឆជាតិបែបដដែលនេះកើតមានវិញដែរឬអត់? |
បេសកជនពិសេសរបស់យូណេស្កូមកដល់កម្ពុជាថ្ងៃទី២៧ កុម្ភៈ Posted: 25 Feb 2011 01:41 AM PST ប្រភពព័ត៌មានផ្លូវការរាយការណ៍កាលពីថ្ងៃទី២៤ កុម្ភៈ ថា អតីតអគ្គនាយកអង្គការយូណេស្កូ លោកកូអ៊ីជីរ៉ូ ម៉ាតស៊ូអ៊ូរ៉ា នឹងអញ្ជើញមកបំពេញទស្សនកិច្ចរយៈពេល៣ថ្ងៃមួយនៅកម្ពុជាក្នុងឋានៈជាបេសកជនពិសេសរបស់អង្គការនេះចាប់ពីថ្ងៃទី២៧ កុម្ភៈ ទៅ។ លោកផៃស៊ីផាន អ្នកនាំពាក្យរបស់ទីស្តីការគណៈរដ្ឋមន្ត្រីឱ្យដឹងថា លោកម៉ាតស៊ូអ៊ូរ៉ា អញ្ជើញមកដល់កម្ពុជានាថ្ងៃទី២៧ កុម្ភៈ ហើយលោកនឹងស្ថិតនៅកម្ពុជារហូតដល់ថ្ងៃទី ១ មីនា។ បេសកជនពិសេសរូបនោះនឹងជួបជាមួយលោកសុខ អាន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រី។ ក៏ប៉ុន្តែលោកផៃស៊ីផានពុំបានគូសបញ្ជាក់ថា តើលោកម៉ាតស៊ូអ៊ូរ៉ា នឹងទៅកាន់ប្រាសាទព្រះវិហារដែលត្រូវបានបញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកកាលពីឆ្នាំ២០០៨ដែរ ឬយ៉ាងណាឡើយ។ មុនពេលមកកាន់ទីក្រុងភ្នំពេញលោកម៉ាតស៊ូអ៊ូរ៉ាបានមកកាន់ទីក្រុងបាងកកកាលពីថ្ងៃទី២៥ កុម្ភៈ។ ដំណើរទស្សនកិច្ចនេះរបស់លោកមានទិសដៅថែរក្សាប្រាសាទព្រះវិហារដែលរងការបំផ្លាញដោយគ្រាប់កាំភ្លើង និងគ្រាប់ផ្លោងរបស់កងទាហានថៃក្នុងពេលមានការប្រយុទ្ធគ្នាពីថ្ងៃទី៤ដល់ទី៧ កុម្ភៈ រវាងកងទ័ពនៃប្រទេសទាំង២។ កម្ពុជា និងថៃសុទ្ធតែបានផ្តល់សច្ចាប័នលើអនុសញ្ញាបេតិកភណ្ឌពិភពលោកឆ្នាំ១៩៧២ ៕ |
១៥ថ្ងៃមន្ត្រីផ្នែករដ្ឋបាលព្រៃឈើក្រចេះបង្ក្រាបបានឈើច្រើនម៉ែត្រគូប Posted: 25 Feb 2011 01:35 AM PST ខេត្តក្រចេះ ៖ ក្នុងរយៈពេល១៥ថ្ងៃ មន្ដ្រីជំនាញផ្នែករដ្ឋបាលព្រៃឈើក្រចេះបង្ក្រាបការដឹកជញ្ជូនឈើខុសច្បាប់គ្រប់ប្រភេទបានចំនួនរាប់សិបម៉ែត្រគូប ព្រមទាំងរថយន្ដជាច្រើនគ្រឿង នេះបើតាមការឱ្យដឹងពីមន្ដ្រីផ្នែករដ្ឋបាលព្រៃឈើ។ មន្ដ្រីផ្នែករដ្ឋបាលព្រៃឈើក្រចេះ បានឱ្យដឹងកាលពីថ្ងៃទី២៤ កុម្ភៈ ថា ដោយមានការដឹកនាំពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ដ កងកំលាំងប្រដាប់អាវុធគ្រប់ស្ថាប័ន មន្ដ្រីផ្នែករដ្ឋបាលព្រៃឈើក្រចេះ និងមន្ដ្រីតាមបណ្ដាសង្កាត់ក្នុងដែនសមត្ថកិច្ចផ្នែករដ្ឋបាលព្រៃឈើក្រចេះ បានចុះល្បាតគ្រប់ច្រកល្ហកនិងធ្វើការបង្ក្រាបបទល្មើសដឹកជញ្ជូនឈើខុសច្បាប់របស់ក្រុមជនខិលខូចលួចធ្វើចរាចរណ៍តាមផ្លូវគោក និងផ្លូវទឹកគ្រប់រូបភាព។ គិតចាប់ពីថ្ងៃទី៩ កុម្ភៈ ដល់ថ្ងៃទី២៣ កុម្ភៈ គឺក្នុងរយៈពេល១៥ថ្ងៃជាប់ៗគ្នាធ្វើការរឹបអូសបានឈើប្រណីតប្រភេទបេង ធ្នង់ និងនាងនួនចំនួន១១៤កំណាត់ ស្មើនឹងជិត២០ម៉ែត្រូគូប ឈើអារលេខ១ និងលេខ២ បានជាង៨ម៉ែត្រគូប សសរមូល៦ដើម ព្រមទាំងឃាត់បានរថយន្ដកាមរីចង្កូតស្ដាំ សេ៊រីឆ្នាំ៩៣ បានចំនួន៣គ្រឿង តែមិនមានការចាប់បានជនល្មើសណាម្នាក់ទេ ។ លោកបួយ រតនា នាយរងផ្នែករដ្ឋបាលព្រៃឈើក្រចេះ បានឱ្យដឹងថា ការចុះបង្ក្រាបបទល្មើសដឹកជញ្ជូនឈើខុសច្បាប់នេះ គឺបន្ទាប់ពីមន្ដ្រីជំនាញចុះល្បាតទាំងយប់ទាំងថ្ងៃនៅក្នុងដែនសមត្ថកិច្ចផ្នែករដ្ឋបាលព្រៃឈើក្រចេះ ក្នុងស្រុកពីរ គឺស្រុកសំបូរ និងស្រុកចិត្របុរី។ ជាក់ស្ដែងនៅវេលាម៉ោង៨យប់ថ្ងៃទី២៣ កុម្ភៈ កម្លាំងជំនាញរដ្ឋបាលព្រៃឈើសហការជាមួយកម្លាំងប្រដាប់អាវុធ បានស្ទាក់ឃាត់រថយន្ដមួយគ្រឿងម៉ាកកាមរីស៊េរីឆ្នាំ៩៣ ពណ៌ស្លែ ពាក់ស្លាកលេខយោធា នៅលើផ្លូវជាតិលេខ៧ នៅត្រង់ភូមិសាស្ដ្រភូមិស្ទឹងស្វាយ ឃុំដារ ស្រុកចិត្របុរី ខណៈពេលដែលរថយន្តមួយគ្រឿងនេះ មានផ្ទុកឈើប្រណីតប្រភេទធ្នង់ និងនាងនួនចំនួន១១កំណាត់ធំៗ ហើយអ្នកបើកបររថយន្ដបានរត់គេចខ្លួនបន្ទាប់ពីព្យាយាមបើករត់រហូតឆេះកង់។ លោកព្រាប សុធារ៉ា នាយផ្នែករដ្ឋបាលព្រៃឈើក្រចេះ បានមានប្រសាសន៍បន្ថែមថា ក្នុងសកម្មភាពចុះបង្ក្រាបរថយន្ដដឹកឈើខុសច្បាប់នេះ គឺសមត្ថកិច្ចជំនាញជួបការលំបាកច្រើនខណៈពេលដែលក្រុមជនខិលខូចព្យាយាមបើកបរយានយន្ដដឹកឈើក្នុងល្បឿនលឿនមិនគិតពីសុវត្ថិភាព តែទោះបីជាយ៉ាងណាក៏កម្លាំងនៅតែព្យាយាមបន្ដសកម្មភាពនេះទៅមុខទៀតជាប្រចាំ។ លោកនាយផ្នែកបានបញ្ជាក់ថា សំភារដែលសមត្ថកិច្ចធ្វើការរឹបអូសបានទាំងនេះរួមមានឈើ និងរថយន្តត្រូវបានយកទៅរក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើក្រចេះ ដើម្បីកសាងសំណុំរឿងចាត់វិធានការបន្តតាមនីតិវិធី៕ |
ទីប្រឹក្សាសភាអាមេរិកមកស្វែងយល់អំពីតុលាការខ្មែរក្រហមដោយផ្ទាល់ Posted: 25 Feb 2011 01:35 AM PST រាជធានីភ្នំពេញ ៖ ទីប្រឹក្សាជាន់ខ្ពស់នៃគណៈកម្មការការបរទេសនៃសភាសហរដ្ឋអាមេរិកបានមកធ្វើទស្សនកិច្ចនៅអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជានៅថ្ងៃទី២៤ កុម្ភៈ នេះដើម្បីស្វែងយល់អំពីការងាររបស់តុលាការ និងស្ថានភាពនៃមន្ទីរឃុំឃាំង ។ ដំណើរទស្សនកិច្ចនេះគឺជាផ្នែកមួយនៃដំណើរទស្សនកិច្ចរយៈពេល៤ថ្ងៃ របស់លោកហ្វ្រែង ចានូហ្ស៊ី នៅព្រះរាជាណាចក្រកម្ពុជា ។ លោកហ្វ្រែង ចានូហ្ស៊ី ដែលទទួលបន្ទុកកិច្ចការអាស៊ីខាងកើត និងអាស៊ីប៉ាស៊ីហ្វិក អមដំណើរដោយមន្ត្រីមកពីស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា បានដើរមើលសាលសវនាការ និងមន្ទីរឃុំឃាំងរបស់ អ.វ.ត.ក បន្ទាប់មកជួបពិភាក្សាជាមួយសហព្រះរាជអាជ្ញា និងពិភាក្សាជាមួយប្រធាន និងអនុប្រធានការិយាល័យរដ្ឋបាលនៃ អ.វ.ត.ក នៅក្នុងជំនួបដាច់ដោយឡែកពីគ្នា ។ លោកចានូហ្ស៊ី បានពិភាក្សាជាមួយលោកអេនឌ្រូ ខេលី សហព្រះរាជអាជ្ញាអន្តរជាតិ និងលោកយ៉េត ចរិយា សហព្រះរាជអាជ្ញារងជាតិ អំពីផលជាវិជ្ជមានរបស់ អ.វ.ត.ក ទៅលើប្រព័ន្ធយុត្តិធម៌ក្នុងស្រុក និងទៅលើសង្គមកម្ពុជាទូទៅ ។ លោកបានសម្តែងការអបអរសាទរថា «ខ្ញុំដឹងថា កិច្ចការដែលលោកកំពុងធ្វើមានសារសំខាន់ខ្លាំងណាស់ ។ ប្រធានរបស់ខ្ញុំមានសេចក្តីរីករាយយ៉ាងខ្លាំង ដោយបានឃើញសមិទ្ធផលការងារដែលលោកសម្រេចបាន ហើយយើងតែងតែគាំទ្រលោកជានិច្ច» ។ លោកចានូហ្ស៊ី បានបន្ថែមថា អ.វ.ត.ក អាចក្លាយជាគំរូសម្រាប់ការស្វែងរកយុត្តិធម៌ចំពោះឧក្រិដ្ឋកម្មអន្តរជាតិផ្សេងៗទៀត ។ លោកក្រាញ់ តូនី និងលោកឃ្នុត រ៉ូសិនហក ប្រធានស្តីទី និងអនុប្រធានការិយាល័យរដ្ឋបាលនៃ អ.វ.ត.ក បានជម្រាបជូនលោកចានូហ្ស៊ី អំពីទិដ្ឋភាពទូទៅនៃ អ.វ.ត.ក បទដ្ឋាននៃសមិទ្ធផលដែលតុលាការសម្រេចបាន និងអំពីការលំបាកនានាដែលតុលាការនឹងត្រូវប្រឈមមុខនាពេលអនាគត ខណៈដែលតុលាការត្រៀមខ្លួនសម្រាប់ការបើកសវនាការកាត់សេចក្តីជាសាធារណៈក្នុងសំណុំរឿង០០២ ។ លោកទាំង២ក៏បានអំពាវនាវឱ្យសហរដ្ឋអាមេរិក បន្តកិច្ចគាំទ្ររបស់ខ្លួនដល់ អ.វ.ត.ក ដើម្បីឱ្យតុលាការនេះអាចបន្តការងារក្នុងការកាត់សេចក្តីអតីតមេដឹកនាំខ្មែរក្រហម ស្វែងរកយុត្តិធម៌ជូនប្រជាពលរដ្ឋកម្ពុជា ចំពោះឧក្រិដ្ឋកម្មដែលបានកើតឡើងក្នុងអំឡុងរបបកម្ពុជាប្រជាធិបតេយ្យ ៕ |
កូរ៉េខាងជើងអាចបង្កហេតុថ្មីក្នុងសមយុទ្ធរួមអាមេរិក-កូរ៉េខាងត្បូង Posted: 25 Feb 2011 01:20 AM PST រដ្ឋមន្ត្រីការពារប្រទេសកូរ៉េខាងត្បូង លោក Kwan-Jin ថ្លែងនៅថ្ងៃទី២៥ កុម្ភៈ ថា កូរ៉េខាងត្បូងមិនអាចមើលស្រាលពីលទ្ធភាពនៃការបង្កហេតុជាថ្មីទៀតដោយកូរ៉េខាងជើងបានឆ្លើយក្នុងអំឡុងពេលដែលក្រុងសេអ៊ូល និងក្រុងវ៉ាស៊ីនតោន ធ្វើសមយុទ្ធរួមប្រចាំឆ្នាំ ។ លោក Kim Kwan-Jin ថ្លែងប្រាប់សភាថា កូរ៉េខាងជើងអាចបង្កហេតុដោយកម្លាំងយោធា ដើម្បីឆ្លើយតបចំពោះការធ្វើសមយុទ្ធរួមគ្នារវាងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកដែលនឹងរៀបចំឡើងចាប់ពីថ្ងៃទី២៨ កុម្ភៈ រហូតដល់ថ្ងៃទី១០ មីនា ខាងមុខ ។ |
ប៉ះទង្គិចគ្នាជាថ្មីនៅតំបន់ដាហ្វួរប្រទេសស៊ូដង់ស្លាប់27នាក់ Posted: 25 Feb 2011 01:20 AM PST មនុស្សយ៉ាងហោចណាស់២៧នាក់ បានត្រូវស្លាប់នៅក្នុងការប៉ះទង្គិចគ្នាជាថ្មីទៀតរវាងកងកម្លាំងប្រដាប់អាវុធស៊ូដង់ជាមួយក្រុមឧទ្ទាមនៅតំបន់ដាហ្វួររបស់ប្រទេសស៊ូដង់ កាលពីព្រឹកថ្ងៃទី២៥ កុម្ភៈ ។ អ្នកនាំពាក្យកងកម្លាំងប្រដាប់អាវុធស៊ូដង់ (SAF) លោក Al-Sawormi Khalid Saad និយាយក្នុងសេចក្តីថ្លែងការណ៍មួយថា កងកម្លាំង SAF កាលពីព្រឹកថ្ងៃទី២៥ កុម្ភៈ បានបើកការវាយប្រហារទីតាំងរបស់ក្រុមឧទ្ទាមនៅតំបន់ Sharfa នៅភាគពាយ័ព្យតំបន់ Tamari ហើយបានប៉ុនប៉ងបំផ្លាញចោលទីតាំងនោះ និងបណ្តាញពួកឧទ្ទាមនេះចេញពីតំបន់នោះក្នុងការវាយប្រហាររយៈពេល២ម៉ោង ៕ |
រថយន្តស្ទូចហ៊ីយ៉ាន់ដាយប៉ះអ្នកជិះម៉ូតូបោកក្បាលបែកធ្លាយខួរ Posted: 25 Feb 2011 01:17 AM PST ខេត្តព្រះសីហនុ ៖ បុរសម្នាក់បានស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័មដោយឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍មួយ កាលពីយប់ថ្ងៃទី២៣ កុម្ភៈ ត្រង់ចំណុចមុខស្ថានីយប្រេងឥន្ធនៈ ស្ថិតក្នុងក្រុមទី១៥ ភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ វេលាម៉ោង២០និង៣០នាទី ។ ឧប្បត្តិហេតុនេះបង្កឡើងដោយរថយន្តស្ទូចម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវខ្ចី ពាក់ស្លាកលេខភ្នំពេញ 3A-9423 និងម៉ូតូម៉ាកសូនិច ពណ៌ ក្រហម គ្មានស្លាកលេខ បើកបរដោយឈ្មោះអ៊ុក វណ្ណារិទ្ធ ហៅលី ភេទប្រុស អាយុ២៨ឆ្នាំ ជាជាងជួសជុលរថយន្តប្រចាំក្រុមហ៊ុនស៊ិនទ្រី ទីលំនៅបច្ចុប្បន្ននៅក្រុម៦ ភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ។ ពាក់ព័ន្ធនឹងហេតុការណ៍នេះពុំមាននរណាម្នាក់បានឃើញផ្ទាល់នោះទេ ប៉ុន្តែបើយោងតាមរបាយការណ៍របស់កងរាជអាវុធហត្ថក្រុងព្រះសីហនុ បានឱ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តខាងលើបានបើកបរចេញពីក្រុងក្នុងទិសដៅពីលិចទៅកើតសំដៅទៅកន្លែងធ្វើការដែលមានទីតាំងនៅក្បែរកន្លែងកើតហេតុ។ រីឯអ្នកជិះម៉ូតូបើកសំដៅទៅលំនៅឋានពីកើតទៅលិច ។ រហូតមកដល់ចំណុចកើតហេតុក៏បានប៉ះគ្នាជាមួយរថយន្តស្ទូច ម៉ាកហ៊ីយ៉ាន់ដាយ៤.៥T បណ្តាលឱ្យអ្នកបើកបរម៉ូតូបោកក្បាលនឹងជញ្ជាំងរថយន្តផ្នែកខាងស្តាំធ្លាយខួរទើរលើរថយន្តស្លាប់គួរឱ្យអាណោចអាធ័ម ។ ក្រោយពីកើតហេតុអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ស្រមោល ។ បច្ចុប្បន្នរថយន្តនិងម៉ូតូបង្កហេតុត្រូវបានរក្សាទុកនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងព្រះសីហនុ ទីតាំងឃ្លាំងលើ ដើម្បីធ្វើការស្រាវជ្រាវរកអ្នកបើកបររថយន្តមកដោះស្រាយតាមផ្លូវច្បាប់ ៕ |
បុរសអ្នកចែកចាយគ្រឿងញៀនមាឌយក្សត្រូវនគរបាលចាប់ខ្លួន Posted: 25 Feb 2011 12:52 AM PST ខេត្តកំពត ៖ សមត្ថកិច្ចនគរបាលខេត្ត បាន ចាប់ខ្លួនបុរសម្នាក់ឈ្មោះអ៊ឹង លីហួត អាយុ២៨ឆ្នាំ នៅភូមិកំពង់បាយ សង្កាត់កំពង់បាយ ក្រុងកំពត កាលពីវេលាម៉ោង៤រសៀលថ្ងៃទី២៤ កុម្ភៈ ពីបទពាក់ព័ន្ធនឹងការចែកចាយគ្រឿងញៀន ។ មន្ត្រីនគរបាលបានឱ្យដឹងថា កាលពីល្ងាចថ្ងៃទី២៣ កុម្ភៈ ឈ្មោះអ៊ឹង លីហួត បានជិះម៉ូតូរបស់ខ្លួនមកចែកចាយគ្រឿងញៀនឱ្យមិត្តភក្តិរបស់គេផ្សេងទៀត នៅជិតរបងពហុកីឡដ្ឋានខេត្ត ហើយនគរបាលខេត្តបានព័ទ្ធចាប់ ប៉ុន្តែការព័ទ្ធនោះមិនទាន់អាចចាប់បានភ្លាមៗទេ ដោយសារអ្នកចែកចាយថ្នាំញៀននេះមានមាឌធំ តែបានចោលថ្នាំញៀន២កញ្ចប់នៅកន្លែងប្រវាយប្រតប់គ្នា ។ លុះមកដល់រសៀលថ្ងៃទី២៤ កុម្ភៈ ទើបនគរបាលតាមចាប់យុវជនរូបនេះបន្តទៀត និងចាប់បាននៅចំណុចស្ពានកំពង់បាយថ្មី ។ លោកអ៊ិន ជីវ៉ា ស្នងការរងនគរបាលខេត្ត ជាប្រធានការិយាល័យកណ្តាលនគរបាលយុត្តិធម៌ បានប្រាប់ឱ្យដឹងថា ឈ្មោះអ៊ឹង លីហួត គឺជាមុខសញ្ញាចាស់ចែកចាយគ្រឿងញៀននៅក្រុងកំពត ហើយក្រោយពីចាប់ខ្លួនត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត៕ |
លោកយាយអាយុ97ឆ្នាំបង្កើតឯតទគ្គកម្មជាស្ត្រីពេស្យាអាយុចាស់បំផុត Posted: 25 Feb 2011 12:50 AM PST ទីភ្នាក់ងារព័ត៌មានបរទេសផ្សាយថា លោកយាយម៉ៃលី គូព័រ អាយុ៩៧ឆ្នាំ ជនជាតិអង់គ្លេសនៅតែធ្វើជាស្ត្រីពេស្យាសំរាប់ភ្ញៀវទេសចរដែលមានអាយុច្រើនបំផុតនៅលើពិភពលោក ក្រោយពីលោកយាយបានបម្រើផ្លូវភេទតាំងពីអំឡុងពេលសង្គ្រាមលោកលើកទី២ និងនាពេលបច្ចុប្បន្ន នៅតែជាស្ត្រីពេស្យាដែលមានប្រាក់ចំណូល៥០.០០០ផោនក្នុងមួយឆ្នាំ ។ ក្នុងអំឡុងពេលក្រោយមកលោកយាយម៉ៃលីបានលែងលះជាមួយប្តី និងទទួលកេរមរតកចំនួន១០០.០០០ផោន ប៉ុន្តែនៅតែបំពេញការងារជាមេបន បន្ត ដើម្បីរ៉ាប់រងបន្ទុកជីវភាពរបស់ខ្លួន ។ នៅក្នុងឆ្នាំ១៩៧៩ លោកយាយបានបញ្ឈប់អាជីពជាមេបនដែលបានដំណើរការជិត២៥ឆ្នាំ និងងាកទៅចាប់អាជីពចាស់ជាស្ត្រីពេស្យាសម្រាប់ភ្ញៀវទេសចរវិញ ។ |
អេហ្ស៊ីប ៖ កងទ័ពនឹងមិនប្រើប្រាស់ប្រឆាំងបដិវត្តន៍ Posted: 25 Feb 2011 12:36 AM PST កងទ័ពអេហ្ស៊ីបបានសន្យាកាលពីថ្ងៃទី២៤ កុម្ភៈថា ខ្លួននឹងធ្វើការប្រុងប្រយ័ត្នចំពោះការខិតខំប្រឹងប្រែងនានាសន្មត់ថា ជារបស់មនុស្សជំនិតលោកហូស្នី មូបារ៉ាក់ មួយចំនួនដើម្បីរក្សាអំណាចដែលពួកបាតុករផ្តួលរំលំប្រធានាធិបតីចាត់ទុករឿងបែបនេះថា ជាការប្រឆាំងបដិវត្តន៍។ |
You are subscribed to email updates from Koh Santepheap Daily To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |