Koh Santipheap Daily |
- ចិនចាប់ខ្លួនពួកអ្នកប្រើអ៊ីនធើរណេតផ្សាយការអំពាវនាវឱ្យធ្វើបាតុកម្ម
- ចំនួនអ្នកស្លាប់ដោយសាររញ្ជួយដីនៅនូវែលសេឡង់កើនឡើងដល់98នាក់
- កិច្ចប្រជុំស្តីពីយុទ្ធសាស្ត្រអភិវឌ្ឍន៍ទេសចរណ៍កម្ពុជា២០១១-២០២០
- រ៉ុក្កែតមួយគ្រាប់បាញ់ចេញពីហ្គាហ្សាធ្លាក់ក្នុងទីក្រុងអ៊ីស្រាអែល
- កម្ពុជានឹងធ្វើសមយុទ្ធជាមួយអាមេរិកដើម្បីរក្សាសន្តិសុខផ្តោតលើការសង្គ្រោះជនរងគ្រោះ
- រដ្ឋាភិបាលជប៉ុនគ្រោងផ្តល់ជំនួយឥតសំណង៣៧៨,៣៤២ដុល្លារ សម្រាប់ស្តារប្រព័ន្ធធារាសាស្ត្រ
- អ្នកបើកបរគោយន្តស្រវឹងធ្លាក់ជង្ហុកក្រឡាប់សង្កត់ចំក្បាលស្លាប់
- ការសិក្សាថ្មីបង្ហាញថាទទួលទានគ្រឿងស្រវឹង ក្នុងកម្រិតមធ្យមជួយការពារជំងឺបេះដូង
- របួសធ្ងន់១ស្រាល១ដោយសាររថយន្តប៉ាហ្សេរ៉ូ បែកកង់
- ម៉ាហ្គារីតូនិយាយថាខែមិថុនាគេនឹងរៀបចំខ្លួនរួចរាល់ជួបជាមួយមីហ្គែល កូតូ
- ចៅ ផលឌឿ ចង់ស្គាល់កណ្តាប់ដៃស្វាយ រដ្ឋា លើរេញ
- លោកកាដាហ្វី នៅត្រួតត្រាក្រុងទ្រីប៉ូលី តែបាត់បង់ការត្រួតត្រាភាគខាងកើតប្រទេស អ្នកស្លាប់ខ្លះថា 640នាក់ ខ្លះថា 1.000នាក់ ខ្លះថា 1ម៉ឺននាក់
- ធ្វើល្បិចចូលក្នុងរថយន្តលោកទីប្រឹក្សាដោះយកខ្សែ.ករត់ត្រូវចាប់ខ្លួនបាន២នាក់
- ឆ្មក់ចាប់ជនជាតិនីហ្សេរីយ៉ា និងមិត្តស្រីក្នុងបន្ទប់ផ្ទះសំណាក់ពាក់ព័ន្ធគ្រឿងញៀន
- ចិនអំពាវនាវឱ្យបន្តការចរចា6ភាគី
- ប៉េរូផ្អាកទំនាក់ទំនងជាមួយលីប៊ី
- បារ៉ែនដោះលែងអ្នកទោសជាង300នាក់ក្រោមសម្ពាធរបស់ពួកបាតុករ
- បារ៉ែនដោះលែងអ្នកទោសជាង300នាក់ក្រោមសម្ពាធរបស់ពួកបាតុករ
- ប្រេសិតទទួលបន្ទុកសិទ្ធិមនុស្ស អ.ស.ប នឹងធ្វើសន្និសីទកាសែតនៅការិយាល័យឧត្តមស្នងការប្រចាំកម្ពុជា
- សន្និសីទអន្តរជាតិស្តីពីការអប់រំវិទ្យាសាស្ត្រ និងគណិតវិទ្យា
ចិនចាប់ខ្លួនពួកអ្នកប្រើអ៊ីនធើរណេតផ្សាយការអំពាវនាវឱ្យធ្វើបាតុកម្ម Posted: 23 Feb 2011 11:12 PM PST ពួកសកម្មជនចិនអះអាងថា ពួកអ្នកប្រើប្រាស់អ៊ីនធើរណេតចិន ដែលផ្សាយការអំពាវនាវឱ្យធ្វើបាតុកម្មបានត្រូវចាប់ខ្លួន ហើយទទួលការចោទប្រកាន់ពីបទធ្វើវិច្ឆេទកម្មដោយអាជ្ញាធរចិន ដែលប៉ុនប៉ងរាំងខ្ទប់រាល់បាតុកម្មដើម្បីលទ្ធិប្រជាធិបតេយ្យនៅចិនយកគំរូតាមអ្វីដែលកើតមាននៅអាហ្វ្រិក និងតំបន់មជ្ឈិមបូព៌ា ។ |
ចំនួនអ្នកស្លាប់ដោយសាររញ្ជួយដីនៅនូវែលសេឡង់កើនឡើងដល់98នាក់ Posted: 23 Feb 2011 11:12 PM PST ប៉ូលិសនូវែលសេឡង់បានអះអាងបញ្ជាក់នៅថ្ងៃទី២៤ កុម្ភៈ ថា មនុស្សដល់ទៅ៩៨នាក់ ហើយបានស្លាប់បាត់បង់ជីវិតនៅក្នុងការរញ្ជួយដីដែលបង្កការបំផ្លិចបំផ្លាញបំផុតក្នុងទីក្រុង Christchurch កាលពីថ្ងៃទី២២ កុម្ភៈ កន្លងមក ចំណែកមនុស្សជិត៣០០នាក់ ទៀតនៅបាត់ខ្លួននៅឡើយ ។ |
កិច្ចប្រជុំស្តីពីយុទ្ធសាស្ត្រអភិវឌ្ឍន៍ទេសចរណ៍កម្ពុជា២០១១-២០២០ Posted: 23 Feb 2011 11:08 PM PST រាជធានីភ្នំពេញ ៖ នៅក្រសួងទេសចរណ៍កាលពីថ្ងៃទី២៣ កុម្ភៈ មានបើកកិច្ចប្រជុំមួយទាក់ទងទៅនឹងយុទ្ធសាស្ត្រអភិវឌ្ឍន៍ទេសចរណ៍កម្ពុជាឆ្នាំ២០១១-២០២០ ។ លោកថោង ខុន រដ្ឋមន្ត្រីរសួងទេសចរណ៍អញ្ជើញជាអធិបតីភាពក្នុងពិធីបើកកិច្ចប្រជុំនេះ ដោយមានការចូលរួមពីសំណាក់មន្ត្រីពាក់ព័ន្ធមកពីគ្រប់ស្ថាប័ន រួមទាំងផ្នែកឯកជនផង សរុបប្រមាណ៧០នាក់ ។ លោកថោង ខុន បានមានប្រសាសន៍គូសបញ្ជាក់ថា កិច្ចប្រជុំថ្ងៃនេះ ជាត្រីវិស័យមួយសំរាប់ជំរុញការអភិវឌ្ឍន៍ទេសចរណ៍កម្ពុជាដោយចីរភាព និងការទទួលខុសត្រូវស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលដែលបានកំណត់វិស័យទេសចរណ៍ជា «មាសបៃតង» បន្ទាប់ពី «មាសស» ដែលផ្តោតលើការនាំចេញអង្ករ ។ លោករដ្ឋមន្ត្រីបញ្ជាក់ថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កម្ពុជាបច្ចុប្បន្នមានសុខសន្តិភាព ស្ថិរភាព នយោបាយ សន្តិសុខ សណ្តាប់ធ្នាប់ សង្គមពេញលេញ និងមានការអភិវឌ្ឍន៍រីកចំរើនលើគ្រប់វិស័យក្នុងនោះវិស័យទេសចរណ៍ ក៏មានការរីកចំរើនគួរឱ្យកត់សំគាល់ផងដែរ ។ ជាក់ស្តែងក្នុងឆ្នាំ២០១០ កន្លងមក ភ្ញៀវទេសចរណ៍ទស្សនាកម្ពុជាមានចំនួនជាង២,៥លាននាក់ កើនឡើងជាង១៦% បើប្រៀបធៀបរយៈពេលដូចគ្នានៅឆ្នាំ ២០០៩ ព្រមជាមួយនោះ យើងទទួលបានចំណូល១.៧៨៦លានដុល្លាររួមចំណែកប្រមាណជាង១០% នៃ GDP ។ លោករដ្ឋមន្ត្រីថោង ខុន បានលើកឡើងថា នៅក្នុងសេចក្តីព្រាងស្តីពីយុទ្ធសាស្ត្រ អភិវឌ្ឍន៍ទេសចរណ៍កម្ពុជា២០១១-២០២០ យើងនឹងផ្តោតការយកចិត្តទុកដាក់លើសភាពការណ៍ទេសចរណ៍ ចក្ខុវិស័យទេសចរណ៍កម្ពុជាទិសដៅយុទ្ធសាស្ត្រក្នុងការអភិវឌ្ឍន៍ទេសចរណ៍នៅកម្ពុជា ការអភិវឌ្ឍន៍ផលិតផលទេសចរណ៍ ការសិក្សាទីផ្សារ និងការផ្សព្វផ្សាយទេសចរណ៍ ការតភ្ជាប់នឹងការសំរួលការធ្វើដំណើរ និងការដឹកជញ្ជូនទេសចរណ៍ ប្រព័ន្ធសុវត្ថិភាពទសេចរណ៍ និងការគ្រប់គ្រងផលប៉ះពាល់ទេសចរណ៍ ប្រព័ន្ធច្បាប់ និងការគ្រប់គ្រង បញ្ហាប្រឈមនានាដែលកើតចេញពីការអភិវឌ្ឍន៍ទេសចរណ៍។ លោកថោង ខុន បានសង្កត់ធ្ងន់ថា ផែនការ និងវិធានការជំរុញការអភិវឌ្ឍន៍ទេសចរណ៍មាសបៃតងធ្វើយ៉ាងណាឱ្យផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យទេសចរណ៍នេះធានាឱ្យបានតាមការកំណត់គោលនយោបាយយុទ្ធសាស្ត្រ និងផែនការជាតិសំរាប់ការអភិវឌ្ឍន៍ និងផ្សព្វផ្សាយអំពីវិស័យទេសចរណ៍កម្ពុជា លើកឡើងរាល់វិធានការ ដើម្បីកាត់បន្ថយភាពក្រីក្រ និងធានាឱ្យបាននិរន្តរភាពនូវការអភិវឌ្ឍន៍វិស័យទេសចរណ៍ថ្នាក់ជាតិ ធ្វើសមាហរណកម្មជាមួយផែនការទេសចរណ៍អាស៊ាន និងផែនការទេសចរណ៍អន្តរជាតិនានា៕ |
រ៉ុក្កែតមួយគ្រាប់បាញ់ចេញពីហ្គាហ្សាធ្លាក់ក្នុងទីក្រុងអ៊ីស្រាអែល Posted: 23 Feb 2011 10:57 PM PST អភិបាលក្រុងរាយការណ៍ថា គ្រាប់រ៉ុក្កែតមួយគ្រាប់បាញ់ចេញពីហ្គាហ្សាបានធ្លាក់កាលពីថ្ងៃទី២៣ កុម្ភៈ ក្នុងវិថីមួយនៃទីក្រុង BEERSHEBA ភាគខាងត្បូងអីុស្រាអែលដែលបណ្តាលឱ្យខូចខាតផ្ទះសម្បែងនានា តែពុំបណ្តាលឱ្យមានជនរងគ្រោះឡើយ ។ អភិបាលក្រុងនេះលោក RUBIK DAN-ILOVICH ថ្លែងតាមទូរទស្សន៍ថា គ្រាប់រ៉ុក្កែតនោះបានធ្លាក់ ហើយពុំមានជនរងគ្រោះឡើយ ហើយកងកំលាំងសន្តិសុខបានគ្រប់គ្រងសភាពការណ៍ ។ |
កម្ពុជានឹងធ្វើសមយុទ្ធជាមួយអាមេរិកដើម្បីរក្សាសន្តិសុខផ្តោតលើការសង្គ្រោះជនរងគ្រោះ Posted: 23 Feb 2011 10:57 PM PST នៅសល់តែ៣ថ្ងៃទៀតប៉ុណ្ណោះ សមយុទ្ធយោធារវាងកងទ័ពកម្ពុជា និងកងទ័ពជើងទឹកសហរដ្ឋអាេមរិកនឹងចាប់ផ្តើនហើយ ។ នេះបើយោងតាមបណ្តាញព័ត៌មានស៊ីនហួរបស់ចិនដែលស្រង់សម្តីលោកឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ ចេញផ្សាយកាលពីថ្ងៃទីពុធ ទី២៣ កុម្ភៈ ម្សិលមិញនេះ ។ លោកឈុំ សុជាតិ បានបញ្ជាក់ឱ្យដឹងថា សមយុទ្ធដែលនឹងចាប់ផ្តើមពីថ្ងៃទី២៧ កុម្ភៈ ដល់ថ្ងៃទី២ មីនា ២០១១ ខាងមុខនេះ គឺធ្វើឡើងក្នុងគោលបំណងដើម្បីផ្លាស់ប្តូរបទពិសោធន៍រវាងកងទ័ពនៃប្រទេសទាំង២នៅក្នុងការថែរក្សាសន្តិភាពតែប៉ុណ្ណោះ ។ |
រដ្ឋាភិបាលជប៉ុនគ្រោងផ្តល់ជំនួយឥតសំណង៣៧៨,៣៤២ដុល្លារ សម្រាប់ស្តារប្រព័ន្ធធារាសាស្ត្រ Posted: 23 Feb 2011 10:55 PM PST រាជធានីភ្នំពេញ ៖ យោងតាមសេចក្តីជូនដំណឹងរបស់ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា កាលពីព្រឹកថ្ងៃទី២៤ កុម្ភៈ ២០១១ ឱ្យដឹងថា រដ្ឋាភិបាលជប៉ុនបានសម្រេចផ្តល់ថវិកាជាជំនួយឥតសំណងសរុប៣៧៨,៣៤២ដុល្លារ សម្រាប់គម្រោងចំនួន៤ ដើម្បីស្តារប្រព័ន្ធធារាសាស្ត្រ តាមរយៈគ្រោងការសហប្រតិបត្តិការសេដ្ឋកិច្ចរបស់ជប៉ុននៃជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ ។ ស្ថានទូតជប៉ុនបន្តថា ពិធីផ្តល់ជំនួយនេះនឹងត្រូវចុះហត្ថលេខាដោយលោកម៉ាសាហ្វ៊ូម៉ី គូរ៉ូគី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាជាមួយនឹងអ្នកតំណាងស្ថាប័នទទួលជំនួយនីមួយៗ នៅថ្ងៃទី២៥ កុម្ភៈ ២០១១ ខាងមុខ នៅស្ថានទូតជប៉ុនក្នុងរាជធានីភ្នំពេញ ។ |
អ្នកបើកបរគោយន្តស្រវឹងធ្លាក់ជង្ហុកក្រឡាប់សង្កត់ចំក្បាលស្លាប់ Posted: 23 Feb 2011 10:55 PM PST ខេត្តកំពង់ស្ពឺ ៖ មានសេចក្តីរាយការណ៍មកថា ម្ចាស់គោយន្តម្នាក់បានស្លាប់ដោយសារគោយន្តរបស់ខ្លួនក្រឡាប់សង្កត់ពីលើកាលពីវេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃពុធ ទី២៣ កុម្ភៈ ២០១១ ម្សិលមិញនេះ ស្ថិតក្នុងតំបន់ព្រៃ ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ។ អ្នកយកព័ត៌មានកោះសន្តិភាពបានបញ្ជាក់ថា មុនពេលកើតហេតុម្ចាស់គោយន្តបានផឹកស្រាស្រវឹងជោគជាំផងដែរ បណ្តាលឱ្យដៃទន់កាច់ចង្កូតមិននឹងន៎ ក៏ធ្លាក់ចូលជង្ហុករួចហើយក្រឡាប់សង្កត់តែម្តង។ ជនរងគ្រោះមានឈ្មោះទូច អាយុ៣៨ឆ្នាំ ប្រពន្ធឈ្មោះអ៊ុក មានកូន៣នាក់ ក្នុងបន្ទុក បច្ចុប្បន្នសពត្រូវបានបញ្ជូនទៅស្រុកកំណើតរបស់ជនរងគ្រោះ ស្ថិតនៅស្រុកបសេដ្ឋ ដើម្បីធ្វើបុណ្យតាមប្រពៃណីហើយ ៕ |
ការសិក្សាថ្មីបង្ហាញថាទទួលទានគ្រឿងស្រវឹង ក្នុងកម្រិតមធ្យមជួយការពារជំងឺបេះដូង Posted: 23 Feb 2011 10:15 PM PST យោងតាមការសិក្សាថ្មីមួយដែលបានចំណាយពេលអស់៣០ឆ្នាំបង្ហាញថា ការទទួលទានភេសជ្ជៈស្រវឹង(ស្រា) ក្នុងកម្រិតមធ្យម(១កែវក្នុង១ថ្ងៃ) អាចជួយការពារពីការកើតជំងឺបេះដូង។ ការសិក្សាដែលគេយកមកបោះពុម្ភផ្សាយនៅក្នុងព្រឹត្តិប័ត្រBritish Medical Journal បានបង្ហាញថា អ្នកដែលទទួលទានជាតិអាល់កុលក្នុងកម្រិតមធ្យម អត្រាកើតជំងឺបេះដូងថយចុះពី១៤% ទៅ២៥% ធៀបជាមួយអ្នកដែលមិនផឹកទាល់តែសោះ ។ ចំណែកការសិក្សាមួយផ្សេងទៀតដែលធ្វើឡើងដោយក្រុមអ្នកស្រាវជ្រាវរបស់កាណាដាដដែលបានបង្ហាញដែរថា ជាតិអាល់កុលកើនឡើងកម្រិតកូឡេស្តេរ៉ូលក៏ល្អផងដែរ។ តែទោះជាយ៉ាងនេះក៏ដោយ បណ្តាក្រុមអ្នកជំនាញនិយាយថា នេះមិនមែនជាមូលហេតុដែលត្រូវចាប់ផ្តើមផឹកស្រានោះទេ ។ អស់ជាច្រើនឆ្នាំមកហើយ ការសិក្សាស្រាវជ្រាវទាំងឡាយតែងតែបានបង្ហាញថា ផឹកស្រាក្នុងកម្រិតមធ្យមមានអត្ថប្រយោជន៍មួយចំនួនដល់សុខភាព។ ការផឹកក្នុងចំនួនតិចតួចនេះផងដែរក៏មានផលល្អចំពោះជំងឺដាច់សរសៃឈាមក្នុងខួរក្បាល តែបើផឹកជោគជាំអត្រាស្លាប់ដោយជំងឺនេះនឹងកើនឡើងជាក់ជាពុំខាន ។ ការសិក្សាដែលដឹកនាំដោយវេជ្ជបណ្ឌិតWilliam Ghali សាស្ត្រាចារ្យនៅសាកលវិទ្យាល័យCalgary នៅប្រទេសកាណាដាបាននិយាយថា ការផឹកជាមធ្យមជួយបង្កើនកម្រិតកូឡេស្តេរ៉ូលឲ្យបានល្អក្នុងរាងកាយ៕ |
របួសធ្ងន់១ស្រាល១ដោយសាររថយន្តប៉ាហ្សេរ៉ូ បែកកង់ Posted: 23 Feb 2011 09:50 PM PST រាជធានីភ្នំពេញ ៖ រថយន្តម៉ាកមីតស៊ុយប៊ីស៊ីប៉ាហ្សេរ៉ូ មួយគ្រឿង ដែលបើកបរក្នុងល្បឿនលឿនចៃដន្យអាក្រក់បែកកង់មុខ បណ្តាលឱ្យក្រឡាប់២ត្រឡប់បន្ទាប់មកទើបងើបឈរវិញ និងបានបោកផ្ទប់ទៅនឹងរបងថ្មដីឡូត៍ផ្ទះប្រជាពលរដ្ឋបាត់អស់១ផ្ទាំងប្រវែងប្រមាណ៥ម៉ែត្របង្កឱ្យអ្នកជិះនៅក្នុងរថយន្តនោះរងរបួសធ្ងន់ម្នាក់ ស្រាលម្នាក់ ។ ឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍នោះបានកើតឡើងកាលពីវេលាម៉ោង២និង៣៥នាទីរសៀល ថ្ងៃទី២៣ កុម្ភៈ ឆ្នាំ២០១១ នៅលើកំណាត់ផ្លូវវត្តស្លែង ស្ថិតក្នុងភូមិបឹងធំទី១ សង្កាត់បឹងធំ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ រថយន្តដែលក្រឡាប់នោះម៉ាកមីតស៊ុយប៊ីស៊ីប៉ាហ្សេរ៉ូ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2G-5133 បើកបរដោយបុរសឈ្មោះឡុង ពុទ្ធិ អាយុ៣០ឆ្នាំ មានទីលំនៅភូមិក្រពើហា សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល រងរបួសស្រាល ចំណែកឯស្ត្រីម្នាក់ជិះនៅក្នុងរថយន្តនោះដែរ ឈ្មោះប៉ោ សុវណ្ណនី អាយុ៣០ឆ្នាំ មានទីលំនៅជាមួយគ្នា រងរបួសធ្ងន់ធ្ងរត្រូវគេបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់ ។ ដោយឡែកទារិកាម្នាក់ទៀតត្រូវជាកូនរបស់ស្ត្រីរងគ្រោះ ទើបមានអាយុ៣ខែមិនបានរងរបួសទេ ហើយម្ចាស់របងថ្មដែលបាត់ដោយសាររថយន្តក្រឡាប់បោកផ្ទប់នោះឈ្មោះហម ឡុង ភេទប្រុស អាយុ៣៧ឆ្នាំ ជាកសិករ ។ តាមប្រភពព័ត៌មានបានឱ្យដឹងថា នៅមុនពេលកើតហេតុខាងលើ គេបានឃើញរថយន្តនោះបើកបរយ៉ាងលឿនក្នុងទិសដៅពីកើតទៅលិច ។ លុះពេលទៅដល់ត្រង់ចំណុចកើតហេតុស្រាប់តែបែកកង់មុខខាងស្តាំរួចក៏បានរេចង្កូតក្រឡាប់២ត្រឡប់បន្ទាប់មកក្រោកឈរវិញ រួចជ្រុលទៅបោកផ្ទប់និងរបងថ្មក្បែរនោះពេញទំហឹងបណ្តាលឱ្យបាក់អស់១ប្រឡោះ ធ្វើឱ្យអ្នកបើកបរ និងអ្នកជិះក្នុងនោះរងរបួសធ្ងន់ និងស្រាល។ ដោយឡែកទារិកាដែលជាកូនរបស់ស្ត្រីរងគ្រោះមិនរងរបួសឡើយ ហើយរថយន្តនោះរងនូវការខូចខាតយ៉ាងដំណំដោយក្រពឹតតួខ្លួន និងដំបូល ព្រមទាំងបែកកញ្ចក់ខ្ទេចខ្ទីអស់ ។ ប្រភពដដែលបានបន្តទៀតថា ក្រោយពេលកើតហេតុរថយន្តនោះត្រូវបានម្ចាស់ជួលរថយន្តស្ទូចយកទៅធ្វើការជួសជុល និងបានសម្រុះសម្រួលចេញសងថ្លៃខូចខាតរបងផ្ទះប្រជាពលរដ្ឋដែលបាក់នោះផងដែរ ៕ |
ម៉ាហ្គារីតូនិយាយថាខែមិថុនាគេនឹងរៀបចំខ្លួនរួចរាល់ជួបជាមួយមីហ្គែល កូតូ Posted: 23 Feb 2011 08:52 PM PST អតីតជើងឯកក្នុងប្រភេទទម្ងន់Welterweightស្ថាបន័IBF/WBOអង់តូនីញ៉ូ ម៉ាហ្គារីតូ(ប្រកួតឈ្នះ៣៨លើក ចាញ់៧,២៧KOs)និយាយថាពីពេលនេះរហូតដល់ខែមិថុនាគេនឹងរៀបចំខ្លួនរួចជាស្រេចដើម្បីជួបប្រកួតជាមួយជើងឯកក្នុងប្រភេទទម្ងន់Middleweight ស្ថាប័នWBAមីហ្គែល កូតូ។ ពុំមានប្រភពណាមួយបញ្ជាក់ឲ្យច្បាស់ថាការប្រកួតនេះនឹងត្រូវធ្វើនៅដើមខែឬយ៉ាងណានោះទេ ។ ភាពមិនប្រាកដនេះក៏ព្រោះតែកីឡាករកូតូត្រូវឡើងរេញប្រកួតជាមួយកីឡាកររីកាដូ ម៉ាយ៉ូហ្គានៅថ្ងៃទី១២ខែក្រោយនេះ ។ ការប្រកួតនៅខែមិនាខាងមុខនេះ កូតូអាចនឹងត្រូវឈាមមុខឬឈាមច្រមុះ ។ សម្រាប់កូតូវាហាក់ដូចជាប្រញាប់ពេកដែលប្រកាសយល់ព្រមជួបជាមួយម៉ាហ្គារីតូខណៈដែលខ្លួនទើបតែបញ្ចប់ការប្រកួតថ្មីៗ ។ កីឡាករម៉ាហ្គារីតូប្រកួតចុងក្រោយកាលពីថ្ងៃទី១២ខែវិច្ឆិកាឆ្នាំទៅមិញជាមួយកីឡាករហ្វ៊ីលីពីនម៉ានី ប៉ាក់គីអាវបានបរាជ័យដោយពិន្ទុជាឯកច្ឆ័ន្ទ។ នោះជាការប្រកួតដ៏មានតម្លៃបំផុតសម្រាប់ម៉ាហ្គារីតូដ្បិតអីគេបានរងរបួសបាក់ឆ្អឹងក្រោមភ្នែកស្តាំដែលតម្រូវឲ្យមានការវះកាត់ជាបន្ទាន់ ។ ទន្ទឹមនឹងរបួសបាក់ឆ្អឹងក្រោមភ្នែកនេះ ក្បាលរបស់គេក៏បានរងនូវកណ្តាប់ដៃប៉ាក់គីអាវយ៉ាងច្រើនផងដែរ។ អំឡុងការប្រកួតជាមួយប៉ាក៉គីអាវកាលពីខែវិច្ឆិកា គ្រូបង្ហាត់រួមនិងអ្នកឲ្យទឹករបស់ម៉ាហ្គារីតូគួរតែបោះកន្សែងចុះចាញ់ក្នុងខណៈដែលកូនសិស្សរបស់ខ្លួនស្ទើរតែគ្មានឱកាសតដៃជាមួយប៉ាក់គីអាវបានហើយនោះ ។ មនុស្សមួយចំនួនយល់ថា ការជួបគ្នារវាងម៉ាហ្គារីតូជាមួយប៉ាក់គីអាវនាពេលនោះអាចជាការចាត់ចែងខុស។ ពិតប្រាកដណាស់ការប្រកួតនោះវាហាក់ដូចជាមិនល្អទាល់តែសោះជាពិសេសចាប់ពីទឹកទី៦ទៅ ។ |
ចៅ ផលឌឿ ចង់ស្គាល់កណ្តាប់ដៃស្វាយ រដ្ឋា លើរេញ Posted: 23 Feb 2011 08:28 PM PST រាជធានីភ្នំពេញ ៖ ចៅ ផលឌឿ មកពីក្លឹបប្រដាល់ខេត្តក្រចេះបានប្រកាសសុំសាកកណ្តាប់ដៃជាមួយស្វាយ រដ្ឋា មកពីក្លឹបប៉េអឹមក្រុងភ្នំពេញនៅលើសង្វៀនស្ថានីយទូរទស្សន៍ប៉ុស្តិ៍បាយ័ននារសៀលថ្ងៃទី២៦ កុម្ភៈ ឆ្នាំ២០១១។ យស់ សំអាល់ មកពីក្លឹបឃ្លាំងមឿងកីឡាត្រូវប្រកួតជាមួយ ទី ពន្លែត មកពីក្លឹបសឹករងខេត្តសៀមរាប។ សំអាល់ និងពន្លែតមានវិជ្ជាគុន និងកំលាំងប្រហាក់ប្រហែលគ្នា ហើយពីមុនមកពួកគេមិនធ្លាប់មានប្រវត្តិជួបគ្នាឡើយ។ សំអាល់ និងពន្លែតមិនអាចមើលស្រាលម្ខាងៗបានទេ ពួកគេមានឱកាសអាចយកឈ្នះបានដូចគ្នា អាស្រ័យដោយការប្រុងប្រយ័ត្ន ឬការធ្វេសប្រហែសរបស់ពួកគេ។ គូនេះនរណាឈ្នះក៏ចៀសមិនផុតពីឈឺសាច់ដែរ។ ភិរម្យ ភក្តី មកពីក្លឹបរកាខ្នុរបង្ក្រាបគ្រឿងញៀនត្រូវប្រកួតជាមួយជិន រ៉ា មកពីក្លឹបក្រសួងការពារជាតិ។ ភក្តីមានស្នៀតកណ្តាប់ដៃ និងជង្គង់ល្អ តែទាស់ត្រង់យឺត។ រីឯជិន រ៉ា រហ័សមែន តែការវាយចេញមិនសូវធ្ងន់ទេ។ គូនេះគេមានជំនឿលើភក្តីច្រើនជាង។ ពុទ្ធ ហ៊ុយ មកពក្លឹបពុទ្ធសេរីវង្សព្រែកតាទែនត្រូវប្រកួតជាមួយកែវ វិរៈ មកពីក្លឹបគជ់សារកីឡា។ ពួកគេសុទ្ធតែជាអ្នកប្រដាល់រលកក្រោយ បទពិសោធន៍នៅក្មេងខ្ចីនៅឡើយ។ ឈាង សំអូន មកពីក្លឹបកងទ័ពជើងគោកត្រូវប្រកួតជាមួយម៉ៃ សុវណ្ណ មកពីក្លឹបចាក់អង្រែ កីឡា៕ |
Posted: 23 Feb 2011 08:14 PM PST ពួកកងជីវពលរបស់លោកវរសេនីយ៍ឯកមូអាម៉ា កាដាហ្វី ប៉ុនប៉ងកាលពីថ្ងៃទី២៣ កុម្ភៈ ការពារទីក្រុងទ្រីប៉ូលី រដ្ឋធានីលីប៊ី ចំណែកពួកប្រឆាំងវិញប្រកាសពីការត្រួតត្រាភាគខាងកើតប្រទេស។ ម្យ៉ាងទៀតពួកបាតុករអះអាងថា បានកាន់កាប់ទីក្រុងមីស៊ូរ៉ាតា ដែលជាទីក្រុងធំមួយនៅភាគខាងលិចប្រទេស។ ពួកបាតុករប្រឆាំងអំពាវនាវឱ្យលើកគ្នាទៅកាន់ទីក្រុងទ្រីប៉ូលីថ្ងៃទី២៥ កុម្ភៈ។ |
ធ្វើល្បិចចូលក្នុងរថយន្តលោកទីប្រឹក្សាដោះយកខ្សែ.ករត់ត្រូវចាប់ខ្លួនបាន២នាក់ Posted: 23 Feb 2011 08:09 PM PST រាជធានីភ្នំពេញ ៖ លោកទីប្រឹក្សាក្រសួងព័ត៌មានម្នាក់ចាញ់ល្បិចចោរដែលជាបុរសខ្ទើយ (បុរសតែងខ្លួនជាស្រី) ប្រើល្បិចបើកទ្វារចូលទៅអង្គុយក្នុងរថយន្ត ហើយដោះយកខ្សែ.កប្លាទីនទម្ងន់១,៨៥តម្លឹង ហើយរត់ចេញពីក្នុងរថយន្តទៅឡើងជិះម៉ូតូរបស់បក្សពួកម្នាក់ទៀតដែលបញ្ឆេះរង់ចាំជាស្រេច បើកគេចខ្លួន ប៉ុន្តែសំណាងអាក្រក់របស់ពួកគេ ត្រូវសមត្ថកិច្ចប៉ូលិសល្បាតប៉ុស្តិ៍ទឹកល្អក់ទី២ ខណ្ឌទួលគោក ដេញតាមឃាត់ខ្លួនបានទាំង២នាក់ ព្រមទាំងដកហូតបានខ្សែ.កត្រឡប់មកវិញ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង១៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៤ កុម្ភៈ នៅចំណុចមុខភោជនីយដ្ឋានមេគង្គ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ខណៈដែលលោកទីប្រឹក្សារូបនេះឈប់រថយន្តចាំមិត្តភក្តិ ។ លោកទីប្រឹក្សាដែលចាញ់ល្បិចចោរជាក្រុមខ្ទើយត្រូវសមត្ថកិច្ចឱ្យដឹងថា ឈ្មោះតូច សារ៉េត ភេទប្រុស អាយុ៥៧ឆ្នាំ ជាទីប្រឹក្សាក្រសួងព័ត៌មាន និងជាអគ្គនាយកស្ថានីយវិទ្យុ FM 96 ស្នាក់នៅផ្ទះលេខ៧១៧ ភូមិដើមគ ផ្លូវទន្លេសាប សង្កាត់ជ្រោយចង្វា ខណ្ឌឫស្សីកែវ ។ ចំណែកជនសង្ស័យចាប់ខ្លួន ១-ឈ្មោះយេស ដា អាយុ១៧ឆ្នាំ ជាបុរសខ្ទើយ មានទីលំនៅក្នុងសង្កាត់ស្ទឹងមានជ័យ ២-ឈ្មោះហឿន សុខហៀង ហៅខ្មៅ ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅក្នុងសង្កាត់ស្ទឹងមានជ័យ ។ តាមព័ត៌មានបានឱ្យដឹងថា នៅវេលាយប់ថ្ងៃកើតហេតុ លោកតូច សារ៉េត ជាទីប្រឹក្សាក្រសួងព័ត៌មានរូបនេះបានជិះរថយន្តម៉ាកកាមរី ស៊េរី២០០២ ពាក់ស្លាកលេខ ភ្នំពេញ 1G-6599 ទៅឈប់នៅមុខភោជនីយដ្ឋានមេគង្គ សង្កាត់វាលវង់ ស្រាប់តែមានជនសង្ស័យ២នាក់ជិះម៉ូតូ១គ្រឿង មកឈប់ក្បែរ ហើយបុរសខ្ទើយម្នាក់បានដើរទៅគោះទ្វាររថយន្តសួរនាំ និងបើកទ្វារចូលទៅអង្គុយក្នុងរថយន្តធ្វើជាសួរនាំ ប៉ុន្តែមួយរំពេចនោះ ស្រាប់តែគេបានចាប់កញ្ឆក់ខ្សែ.ករត់គេចខ្លួនឡើងជិះម៉ូតូបក្សពួកគេទៅបាត់ ប៉ុន្តែសំណាងអាក្រក់ត្រូវប៉ូលិសទឹកល្អក់ទី២ ចាប់ខ្លួនបានដដែល ៕ |
ឆ្មក់ចាប់ជនជាតិនីហ្សេរីយ៉ា និងមិត្តស្រីក្នុងបន្ទប់ផ្ទះសំណាក់ពាក់ព័ន្ធគ្រឿងញៀន Posted: 23 Feb 2011 08:05 PM PST រាជធានីភ្នំពេញ ៖ បុរសជនជាតិនីហ្សេរី យ៉ាម្នាក់ ជាប់ពាក់ព័ន្ធនឹងការជួញដូរ-ប្រើប្រាស់គ្រឿងញៀន រួមជាមួយនឹងមិត្តស្រីរបស់គេម្នាក់ទៀតជានារីខ្មែរ ត្រូវប៉ូលិសប្រឆាំងគ្រឿងញៀនរាជធានីភ្នំពេញ សហការជាមួយប៉ូលិសមូលដ្ឋាន និងមន្ត្រីអាជ្ញាធរដឹកនាំដោយលោកវរសេនីយ៍ទោយឹម សុជាតិ ប្រធានការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចូលបង្ក្រាបចាប់ខ្លួនកាលពីវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី២៤ កុម្ភៈ ២០១១ ក្នុងបន្ទប់លេខ៣០៤ នៃផ្ទះសំណាក់សិរីមង្គលនៅតាមបណ្តោយផ្លូវលេខ១០៧ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា ។ បុរសជនជាតិនីហ្សេរីយ៉ាដែលត្រូវឃាត់ខ្លួននេះ ឈ្មោះ NAMSO GOD FREY និងនារីខ្មែរម្នាក់ទៀតឈ្មោះវ៉ែន សុធី អាយុ២៨ឆ្នាំ ស្នាក់នៅភូមិទ្រា សង្កាត់ស្ទឹងមានជ័យ...ខណៈពេលចូលឃាត់ខ្លួនសមត្ថកិច្ចដកហូតបានកញ្ឆាក្រៀមមួយចំនួនតូច គ្រឿងញៀនប្រភេទម្សៅស ឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន និងស្រោមអនាម័យ...អ្នកទាំង២ត្រូវបានបញ្ជូនទៅសួរនាំនៅស្នងការដ្ឋាន ដើម្បីកសាងសំណុំរឿង។ ជាបន្តបន្ទាប់នៅវេលាព្រឹកថ្ងៃដដែលនោះ សមត្ថកិច្ចចម្រុះបានចេញទៅតាមប្រមាញ់គ្នារបស់គេមួយចំនួនទៀត ដែលលាក់ខ្លួននៅក្នុងទឹកដីខណ្ឌដង្កោ ។ ព័ត៌មានលម្អិតនឹងផ្សាយជូននៅពេលក្រោយ និងនៅលើ ទំព័រកាសែតកោះសន្តិភាព. |
ចិនអំពាវនាវឱ្យបន្តការចរចា6ភាគី Posted: 23 Feb 2011 07:52 PM PST រដ្ឋមន្ត្រីការបរទេសចិន លោក Yang Jiechi កាលពីថ្ងៃទី២៣ កុម្ភៈ កន្លងមក បានអំពាវនាវឱ្យចាប់ផ្តើមបន្តការចរចា៦ភាគីដែលគាំងដំណើរអស់រយៈពេលជាយូរមកហើយ ។ លោក Yang Jiechi បានលើកឡើងដូច្នេះក្នុងអំឡុងពេលលោកមកបំពេញទស្សនកិច្ចនៅប្រទេសកូរ៉េខាងត្បូង ហើយក្រោយពីលោកជួបពិភាក្សាជាមួយសមភាគីកូរ៉េខាងត្បូង លោក Kim Sung-hwan ក្នុងទីក្រុងសេអ៊ូល ។ |
ប៉េរូផ្អាកទំនាក់ទំនងជាមួយលីប៊ី Posted: 23 Feb 2011 07:52 PM PST រដ្ឋាភិបាលប៉េរូបានប្រកាសកាលពីថ្ងៃទី២៣ កុម្ភៈ កន្លងមកថា ពេលនេះប៉េរូបានសម្រេចផ្អាកទំនាក់ទំនងការទូតជាមួយប្រទេសលីប៊ី ដើម្បីប្រឆាំងនឹងអំពើហិង្សាបង្កឡើងដោយមេដឹកនាំប្រទេសនេះ លោកមូអាម៉ា កាដាហ្វី ប្រឆាំងពលរដ្ឋរបស់ខ្លួន ។ សេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយកាលពីល្ងាចថ្ងៃទី២៣ កុម្ភៈ ដោយខុទ្ទកាល័យប្រធានាធិបតី លោក Alan Garcia និយាយថា ប៉េរូនឹងស្នើដល់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិឱ្យបង្កើតតំបន់ហាមការហោះហើរមួយនៅក្នុងដែនអាកាសរបស់ប្រទេសលីប៊ីដើម្បីទប់ស្កាត់ការប្រើប្រាស់យន្តហោះចម្បាំងរបស់លីប៊ីទម្លាក់គ្រាប់ប្រឆាំងលើពលរដ្ឋខ្លួន ។ លោកប្រធានាធិបតី Alan Garcia ត្រូវបានដកស្រង់សំដីដែលថ្លែងថា ការផ្អាកទំនាក់ទំនងរបស់ប៉េរូជាមួយលីប៊ីនឹងមិនបញ្ចប់ឡើយ លុះត្រាតែអំពើហិង្សានៅលីប៊ីមានការថមថយវិញ៕ |
បារ៉ែនដោះលែងអ្នកទោសជាង300នាក់ក្រោមសម្ពាធរបស់ពួកបាតុករ Posted: 23 Feb 2011 07:52 PM PST រដ្ឋាភិបាលបារ៉ែនកាលពីថ្ងៃទី២៣ កុម្ភៈ បានប្រកាសពីការដោះលែងអ្នកទោស៣០៨នាក់ ក្រោយពីមានការបញ្ជាពីថ្នាក់ដឹកនាំប្រទេស។ ក្នុងចំណោមអ្នកដែលត្រូវដោះលែងទាំងនោះ២៣នាក់ ជាជនដែលគេសង្ស័យថា ជាភេរវករដែលត្រូវបានចោទប្រកាន់ពីបទជាផ្នែកមួយនៃក្រុមដែលប៉ុនប៉ងបំផ្លាញសន្តិសុខរដ្ឋ ។ ក្រសួងព័ត៌មានបារ៉ែននិយាយថា ការសម្រេចដោះលែងអ្នកទោសទាំងនោះធ្វើឡើងដោយព្រះចៅ Hamad bin Isa Al Khalifa ព្រះមហាក្សត្ររបស់ប្រទេសបារ៉ែន ។ |
បារ៉ែនដោះលែងអ្នកទោសជាង300នាក់ក្រោមសម្ពាធរបស់ពួកបាតុករ Posted: 23 Feb 2011 07:52 PM PST រដ្ឋាភិបាលបារ៉ែនកាលពីថ្ងៃទី២៣ កុម្ភៈ បានប្រកាសពីការដោះលែងអ្នកទោស៣០៨នាក់ ក្រោយពីមានការបញ្ជាពីថ្នាក់ដឹកនាំប្រទេស។ ក្នុងចំណោមអ្នកដែលត្រូវដោះលែងទាំងនោះ២៣នាក់ ជាជនដែលគេសង្ស័យថា ជាភេរវករដែលត្រូវបានចោទប្រកាន់ពីបទជាផ្នែកមួយនៃក្រុមដែលប៉ុនប៉ងបំផ្លាញសន្តិសុខរដ្ឋ ។ ក្រសួងព័ត៌មានបារ៉ែននិយាយថា ការសម្រេចដោះលែងអ្នកទោសទាំងនោះធ្វើឡើងដោយព្រះចៅ Hamad bin Isa Al Khalifa ព្រះមហាក្សត្ររបស់ប្រទេសបារ៉ែន ។ |
Posted: 23 Feb 2011 07:45 PM PST រាជធានីភ្នំពេញ ៖ វេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃព្រហស្បតិ៍ ទី២៤ កុម្ភៈ ២០១១ អ្នកសរសេររបាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា លោកស៊ូយ៉ាប្រាសាត ស៊ូប៊ែរឌី នឹងធ្វើសន្និសីទកាសែតនៅការិយាល័យឧត្តមស្នងការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា មុនពេលដែលលោកចាកចេញពីប្រទេសកម្ពុជានៅវេលាថ្ងៃស្អែក បន្ទាប់ពីលោកបញ្ចប់ដំណើរទស្សនកិច្ចលើកទី៤ រយៈពេល១០ថ្ងៃ នៅកម្ពុជារួចមក ។ នេះបើយោងតាមលោកទូច ហួន មន្ត្រីទំនាក់ទំណងនៃការិយាល័យឧត្តមស្នងការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា ដែលបានប្រាប់កោះសន្តិភាពនៅព្រឹកថ្ងៃទី២៤ កុម្ភៈ នេះ ។ គួរបញ្ជាក់ថា លោកស៊ូយ៉ាប្រាសាត ស៊ូប៊ែឌី បានមកដល់ប្រទេសកម្ពុជាកាលពីថ្ងៃទី១៥ កុម្ភៈ ហើយនៅក្នុងបេសកកម្មរបស់អ្នកសរសេររបាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា នាពេលកន្លងមកនេះ លោកស៊ូប៊ែឌី បានចូលជួបសម្តែងការគួរសម និងធ្វើសវនាការជាមួយសម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ជួបពិភាក្សាការងារជាមួយលោកឧបនាយករដ្ឋមន្ត្រីសុខ អាន លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ជួបពិភាក្សាការងារជាមួយគណៈកម្មការជំនាញ នៃរដ្ឋសភា មន្ត្រីសាលាក្តីខ្មែរក្រហម និងបានពិភាក្សាការងារជាមួយតំណាងក្រុមអង្គការសង្គមស៊ីវិលផងដែរ ។ បើតាមសេចក្តីប្រកាសព័ត៌មានពីទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស បានឱ្យដឹងថា នៅក្នុងដំណើរបំពេញទស្សនកិច្ចលើកទី៤របស់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា លោកស៊ូប៊ែឌី នឹងពិនិត្យមើលអនុសាសន៍របស់លោកអំពីមុខងាររបស់តុលាការ ។ លោកនឹងពិនិត្យមើលផងដែរ អំពីភាពរីកចម្រើនដែលទទួលបានពីការដកបទបរិហាកេរ្តិ៍ចេញពីបទល្មើសព្រហ្មទណ្ឌ និងការបង្កើតយន្តការអចិន្ត្រៃយ៍មួយសម្រាប់កិច្ចសន្ទនារវាងរដ្ឋាភិបាល និងសង្គមស៊ីវិល ព្រមទាំងការសិក្សាលើអង្គនីតិប្បញ្ញត្តិក្នុងបរិបទលើកស្ទួយសិទ្ធិមនុស្សផងដែរ ។ ជាមួយគ្នានេះ លោកស៊ូប៊ែឌី នឹងចូលរួមពិភាក្សាផងដែរលើសេចក្តីព្រាងច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល លើទំនាស់ដីធ្លី និងការបណ្តេញចេញ ៕ |
សន្និសីទអន្តរជាតិស្តីពីការអប់រំវិទ្យាសាស្ត្រ និងគណិតវិទ្យា Posted: 23 Feb 2011 07:35 PM PST រាជធានីភ្នំពេញ ៖ សហគមន៍អ្នកគណិតវិទ្យាកម្ពុជា កាលពីព្រឹកថ្ងៃទី២៣ កុម្ភៈ ឆ្នាំ២០១១ បានរៀបចំសន្និសីទអន្តរជាតិមួយស្តីពីការអប់រំវិទ្យាសាស្ត្រ និងគណិតវិទ្យាក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ព្រមទាំងក្នុងប្រទេសអភិវឌ្ឍន៍ ។ សន្និសីទនេះត្រូវបានរៀបចំឡើងនៅបន្ទប់ប្រជុំនៃសាកលវិទ្យាល័យហ្សាម៉ាន់ ដោយមានការចូលរួមពីលោកប៉ក់ ថាវិន អគ្គនាយកនៃអគ្គនាយកដ្ឋានឧត្តមសិក្សា ក្រសួងអប់រំ យុវជន និងកីឡា និងលោកសាស្ត្រាចារ្យបណ្ឌិត Kenji Ueno ប្រធានគណៈកម្មាធិការកម្មវិធីអន្តរជាតិ ។ លោកប៉ក់ ថាវិន មានប្រសាសន៍ថា ប៉ុន្មានឆ្នាំចុងក្រោយនេះ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ជាប្រមុខ បានយកចិត្តទុកដាក់ជាខ្លាំងលើវិស័យអប់រំ ពិសេសការបណ្តុះបណ្តាលគ្រូ ការអភិវឌ្ឍធនធានមនុស្ស និងការធានាឱ្យមានការបង្កើននូវជំនាញវិជ្ជាជីវៈច្បាស់លាស់ ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារការងារក្នុងតំបន់ ក៏ដូចជាក្នុងកម្រិតជាតិ ។ ទន្ទឹមនេះ គ្រឹះស្ថានអភិវឌ្ឍន៍ធនធានមនុស្សទាំងសាធារណៈ និងឯកជននៅកម្ពុជា បានធ្វើការអភិវឌ្ឍគួរឱ្យកត់សម្គាល់ ហើយចំនួននៃនិស្សិតដែលបានបញ្ចប់ការសិក្សាក៏មានការកើនឡើងគួរជាទីមោទនៈដែរ។ ប៉ុន្តែការអភិវឌ្ឍលើធនធានបញ្ញាខាងផ្នែកវិទ្យាសាស្ត្រពិត ជាពិសេសលើគណិតវិទ្យាជាន់ខ្ពស់នៅមានកម្រិតនៅឡើយ ។ ដូច្នេះពេលនេះជាការបង្ហាញនូវការយកចិត្តទុកដាក់មួយរបស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការចាត់វិធានការ ឬរកដំណោះស្រាយ ដោយប្រសិទ្ធភាពណាមួយ ដើម្បីជួយកែលម្អនូវកង្វះខាតនេះ ព្រោះថា ការសិក្សាដោយស៊ីជម្រៅលើគណិតវិទ្យាជាន់ខ្ពស់ វាជួយឱ្យអ្នកសិក្សា អ្នកស្រាវជ្រាវទាំងឡាយអាចយកចំណេះដឹងដែលខ្លួនមានទៅអនុវត្តក្នុងវិស័យផ្សេងៗទៀតបានយ៉ាងច្រើន ដោយចំណេញពេលវេលា និងមានគុណភាពខ្ពស់បំផុត ។ លោកអគ្គនាយកបានសម្តែងនូវក្តីសប្បាយរីករាយ ដែលសហគមន៍អ្នកគណិតវិទ្យាកម្ពុជា បានខិតខំរៀបចំសន្និសីទដ៏មានសារសំខាន់នេះ ដើម្បីចូលរួមចំណែកក្នុងការពន្លឿននាវាកម្ពុជាឆ្ពោះទៅរកការរីកចម្រើនជឿនលឿនមួយខាងផ្នែកវិទ្យាសាស្ត្រ និងសេដ្ឋកិច្ចសង្គម ក្នុងពេលដ៏ខ្លីខាងមុខនេះ ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់សហគមន៍អ្នកគណិតវិទ្យាកម្ពុជា សន្និសីទនេះគ្រាន់តែជាមធ្យោបាយមួយក្នុងចំណោមមធ្យោបាយជាច្រើនទៀតដែលសហគមន៍អ្នកគណិតវិទ្យាកម្ពុជាយកមកប្រើ ដើម្បីជំរុញការអប់រំវិទ្យាសាស្ត្រ និងគណិតវិទ្យានៅកម្ពុជាឱ្យមានការអភិវឌ្ឍធនធានមនុស្សកម្រិតខ្ពស់អន្តរជាតិដោយមានការកែលម្អកម្មវិធីគណិតវិទ្យាគ្រប់កម្រិតសិក្សា កែលម្អវិធីសាស្ត្របង្រៀនគណិតវិទ្យា និងសម្ភារឧបទ្ទេសសម្រាប់រៀនបង្រៀន និងស្រាវជ្រាវគ្រប់សាលារៀន ដោយប្រមូល និងផ្តល់ឯកសារល្អៗ សម្រាប់សិក្សា និងបង្រៀន ព្រមទាំងបង្កើតទស្សនាវដ្តីគណិតសាស្ត្រ និងបណ្ណាល័យអេឡិចត្រូនិក ។ ការប្រើបច្ចេកវិទ្យាព័ត៌មានទៅតាមការពិសោធន៍ក្នុងវិស័យអប់រំ នឹងជំរុញលើកទឹកចិត្តកូនខ្មែរ ក្នុងការចូលរួមប្រកួតសមត្ថភាពគណិតវិទ្យាលើឆាកអន្តរជាតិ ៕ |
You are subscribed to email updates from Koh Santepheap Daily To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |