VOA News: ព័ត៌មាន: “តុលាការរងការរិះគន់មុនសវនាការរឿងក្តីលោកសម រង្ស៊ី” plus 2 more |
- តុលាការរងការរិះគន់មុនសវនាការរឿងក្តីលោកសម រង្ស៊ី
- បីខែក្រោយពីសោកនាដកម្ម ឈប់មានការភ័យខ្លាចនៅស្ពានពេជ្រ
- អាមេរិកជំរុញឲ្យមានការពិភាក្សាថែមទៀតអំពីច្បាប់ស្តីពីអង្គការក្រៅរដ្ឋាភិបាល
តុលាការរងការរិះគន់មុនសវនាការរឿងក្តីលោកសម រង្ស៊ី Posted: 22 Feb 2011 02:07 PM PST ភ្នំពេញ៖ ខណៈតុលាការកំពូលនឹងបើកសវនានៅថ្ងៃពុធស្អែកនេះ ដើម្បីជំនុំជម្រះរឿងក្ដីលោកសម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងពីបទដកតម្រុយបង្គោលព្រំដែនលេខ១៨៥ នៅស្រុកចន្ទា្រ ខេត្តស្វាយរៀងក្រុមអ្នកច្បាប់មួយចំនួន និងអង្គការសិទ្ឋិមនុស្សបានរិះគន់ថា នៅកម្ពុជាការបែងចែកអំណាចទាំងបីមិនទាន់មានភាពច្បាស់សាស់នៅឡើយ។ មជ្ឈមណ្ឌលសិទ្ឋិមនុស្សកម្ពុជា បានធ្វើរបាយការណ៍វិភាគមួយ ស្តីអំពីរឿងក្តីលោកសម រង្ស៊ី ដែល មានចំនួន២៥ទំព័រ ហើយបានចេញផ្សាយនៅថ្ងៃអង្គារ៍នេះ បានឲ្យដឹងថា ការវិភាគផ្លូវច្បាប់ បានពិចារណា ផងដែរអំពីភាពស្របច្បាប់នៃការដកអភ័យឯកសិទ្ឋិរបស់អ្នកតំណាងរាស្រ្តលោកសម រង្ស៊ី។ លោកអ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ឋិមនុស្សកម្ពុជា បាននិយាយថា ករណីរបស់លោកសម រង្ស៊ីនេះ គឺជាឧទាហរណ៍មួយ បង្ហាញថា អំណាចទាំងបីរបស់កម្ពុជាអត់ទាន់មានការបែងចែកច្បាស់លាស់ទេ។ លោកវីរៈថ្លែងថា៖ «ករណីលោកសម រង្ស៊ីនេះ បើសិនយើងមើលមែនទែន ការឃ្លំាមើលរបស់យើង គឺយើងឃើញថា សភាមិនបានបំពេញតួនាទីរបស់ខ្លួនក្នុងការក្នុងការការពារសមាជិករបស់ខ្លួន។ ហើយបានលើកអភ័យឯក សិទ្ឋិរបស់លោកសម រង្ស៊ី ដោយយើងឃើញថា មិនត្រឹមត្រូវ។ ទីពីរ គឺការប្រើប្រាស់អំណាចតុលាការគឺ យើងឃើញថា ការកាត់ក្តីនៅក្នុងសាលាដំបូង សាលាឧទ្ឋរណ៍ គឺយើងឃើញថា ហាក់ដូចជាមិបានបង្ហាញ នូវភស្តុតាងឲ្យច្បាស់លាស់។ ហើយយើងយល់ថា នីតិប្រតិបត្តិរបស់រដ្ឋាភិបាលកំពុងតែប្រើប្រាស់អំណាច របស់ខ្លួនក្នុងការឥទ្ឋិពលក្នុងតុលាការ»។ លោក រុន សារ៉ាយ នាយកប្រតិបត្តិនៃអង្គការជំនួយផ្នែកច្បាប់នៃកម្ពុជា ក៏បានយល់ស្របនឹងការចេញរបាយការណ៍របស់មជ្ឈមណ្ឌលសិទ្ឋិមនុស្សកម្ពុជាដែរ ។ លោកបានមានប្រសាសន៍ថា ស្ថាប័នតុលាការហាក់បីដូចជាមិនទាន់ឯករាជ្យពេញលេញនៅឡើយ។ លោកបន្តថា៖ «នៅពេលដែលតុលាការ ឬក៏ចៅក្រមមានការធ្វើខុស ឬធ្វើអ្វី គឺអំណាចនីតិប្រតិបត្តិ ឃើញថា ដកហូត។ អញ្ចឹងនៅពេលនេះ យើងឃើញថា បើសិនណាជាចៅក្រមធ្វើការសម្រេចរឿងក្តីណាមួយ មើលទៅនៅមិនទាន់មានឯករាជ្យ។ វាមិនអាចជ្រៀតជ្រែកពីអំណាចនីតិប្រតិបត្តិ»។ ការកំណត់ពេលបើកសវនាការរបស់តុលាការកំពូល បានកើតមានឡើងស្របពេលដែលលោកស៊ូយ៉ា ប្រាសាទស៊ូប៊ែឌី អ្នករាយការណ៍ពិសេសរសប់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ឋិ មនុស្សមានវត្តមាននៅកម្ពុជា។ លោកតំណាងពិសេសអង្គការសហប្រជាជាតិ និងបញ្ចប់ដំណើរទស្សនកិច្ចរបស់លោកចំនួន ១០ថ្ងៃ នៅថ្ងៃពុធស្អែកនេះ។ នៅក្នុងដំណើរទស្សនកិច្ចរបស់លោកលើកទីបួននេះ លោកបានផ្តោតការយកចិត្តទុកដាក់ទៅលើកំណែទម្រង់ប្រព័ន្ឋតុលាការ និងការគោរពសិទ្ឋិមនុស្ស។ មន្រ្តីអង្គការសង្គមស៊ីវិលមួយចំនួនផ្សេងទៀត បានសម្តែងការប្រយ័ត្នប្រយែង ចំពោះការធ្វើអត្ថាធិប្បាយរបស់ខ្លួនទាក់ទិននឹងរឿងក្តីរបស់លោកសម រង្ស៊ី។ ក៏ប៉ុន្តែលោក ជួង ជូងី មេធាវីការពារក្តីរបស់ លោកសម រង្ស៊ី បាននិយាយថា លោកចង់ឲ្យតុលាការសម្រេចរឿងក្តីនេះដោយឯករាជ្យ។ លោកថ្លែងថា៖ «ខ្ញុំចង់បានឲ្យ ទីមួយតុលាការកាត់ឲ្យឯករាជ្យទាំងស្រុង។ កុំនៅក្រោមឥទ្ឋិពលអ្នកកាន់អំណាច ទីពីរឲ្យតុលាការកាត់សេចក្តីមានទំណូលខុសត្រូវខ្ពស់នៃសេចក្តីសម្រេចរបស់ខ្លួន។ ពីព្រោះករណីនេះ ជា រឿងនយោបាយ ដែលប៉ះពាល់ទៅលើអាយុជីវិតជាតិពាក់ព័ន្ឋទៅនឹងព្រំដែន។ អញ្ចឹងសេចក្តីសម្រេចរបស់ តុលាការ វាមានលក្ខណៈជាប្រវត្តិសាស្រ្ត»។ លោកសម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំង ដែលកំពុងស្នាក់នៅឯក្រៅប្រទេសត្រូវបានតុលាការ កម្ពុជាកាត់ឲ្យជាប់ពន្ឋនាគារសរុបចំនួន១២ឆ្នាំ នៅក្នុងសំណុំរឿងពីរដាច់ដោយឡែកៗពីគ្នា គឺសំណុំរឿង ដកតម្រុយបង្គោលព្រំដែន និងក្លែងឯកសារសាធារណៈ៕ This posting includes an audio/video/photo media file: Download Now |
បីខែក្រោយពីសោកនាដកម្ម ឈប់មានការភ័យខ្លាចនៅស្ពានពេជ្រ Posted: 22 Feb 2011 01:45 PM PST ភ្នំពេញ៖ ឧបទេ្ទហេតុដ៏សោកនាដកម្មនៅលើស្ពានកោះពេជ្របានឆក់យកជីវិតអ្នកដើរកំសាន្ដពិធីបុណ្យអំទូកអស់ជាង៣៥០នាក់។ ខណៈអ្នកខ្លះ ស្ទើរតែមានភ្លេចព្រឹត្តិការណ៍ដ៍រន្ធត់នោះទៅហើយ អ្នកខ្លះទៀតនៅតែដក់ជាប់ក្នុងចិត្តថា កោះពេជ្រ គឺជាកន្លែងគួរឲ្យព្រឺខ្លាច។ នៅថ្ងៃនេះ កាលពីបីខែមុនសម្លេងស៊ីរ៉ែនរបស់រថយន្ដសង្គ្រោះបានចេញចូល ទៅមកបន្ដកន្ទុយគ្នាមិនដាច់ ដើម្បីចូលជួយស្រោចស្រង់ជនរងគ្រោះដោយការប្រជ្រៀតជាន់គ្នាយ៉ាងចលាចលនៅលើ ស្ពានពេជ្រនាកោះពេជ្រក្នុងរាជធានីភ្នំពេញ។ សម្លេងយំសោកនៃការបាត់បង់ជីវិតសមាជិកគ្រួសារមិនទាន់ឃ្លាតឆ្ងាយពីផ្នត់គំនិតប្រជាពលរដ្ឋខ្មែរមួយចំនួននៅឡើយ។ គ្រោះថ្នាក់បានកើតចំថ្ងៃចុងក្រោយនៃព្រះរាជពិធីបុណ្យអំទូកដ៏មានប្រជាប្រិយបំផុតរបស់កម្ពុជា។ អ្នកមកកំសាន្ដក្នុងពិធីបុណ្យប្រពៃណីនេះចំនួន៣៥៥ បានស្លាប់ និងរបួស៣៩៣នាក់។ មណ្ឌលកំសាន្ដកោះពេជ្រដ៏មានប្រជាប្រិយភាពសម្រាប់អ្នកក្រុងភ្នំពេញ ក្នុងរយៈពេលបីខែមុននេះ បានក្លាយទៅជាទីលានដ៏គួរឲ្យភ័យខ្លាចព្រឺព្រួចបំផុត។ ចលនាអ្នកមកទស្សនានៅទីនេះ និងសកម្មភាពពាណិជ្ជកម្មបានធ្លាក់ស្ទើរតែដល់កម្រិតសូន្យ។ ក៏ប៉ុន្ដែក្ដីរន្ធត់នោះហាក់បីដូចជាកំពុងតែរសាត់ចេញបន្ដិចម្ដងៗ ពីផ្នត់គំនិតអ្នកក្រុងភ្នំពេញមួយចំនួនជាពិសេសក្រុមយុវជន។ លោក ប៉ែត គឺជាយុវជនវ័យក្មេងម្នាក់នៅរាជធានីភ្នំពេញ។ គាត់បានធ្វើដំណើរកំសាន្ដដោយជិះម៉ូតូចំនួនពីរគ្រឿងជាមួយមិត្តភក្តិរបស់គាត់ចំនួនបីនាក់ផ្សេងទៀត។ កម្លោះអាយុ២៨ ឆ្នាំរូបនេះ បានជិះទស្សនាពីកន្លែងមួយទៅកន្លែងមួយទៀតលើកោះពេជ្រ ហើយបាននាំគ្នាចូលគុបប៉ោងប៉ោងកំសាន្ដ លេង។ ប៉ែត និយាយលាយឡំនឹងសម្លេងផ្ទុះនៃប៉ោងប៉ោងថា លោកលែងមានការបារម្ភអ្វីទៀតហើយក្នុងការដើរកំសាន្ដនៅទីនេះ។ កម្លោះរូបនេះ ឲ្យដឹងថា៖ «យើងធ្វើការ ពេលថ្ងៃអផ្សុកហើយ ពេលយប់អញ្ចឹងយើងចេញមកលំហែរគប់ប៉ោងប៉ោងខ្លះ។ បានមើលគេលេងសព្វគ្រប់តាមនេះ មានកន្រ្ដក់វិល យន្ដហោះ និងរទេះភ្លើង។ ចំពោះខ្ញុំអត់មានការភ័យខ្លាចអីទេ ព្រោះវាកន្លងហួសហើយ។ អ្នកខ្លះខ្លាចជើងកបអី ប៉ុន្ដែខ្ញុំមិនគិតដូច្នេះទេ»។ កោះពេជ្រគឺជាពំនូកដីដុះបង្កើតឡើងដោយលំហូរទឹកនៃទន្លេបួនមុខ។ កោះនេះមានទំហំប្រមាណជា១០០ហិចតា។ ក្រុមហ៊ុនវិនិយោគកម្ពុជាក្រៅប្រទេស (OCIC) មានគម្រោងប្រែក្លាយកោះតូចមួយនេះឲ្យទៅជាមណ្ឌលពាណិជ្ជកម្ម និងមណ្ឌលកំសាន្ដ។ នៅគល់ស្ពានពេជ្រ យុវជនពីរនាក់កំពុងឈរកៀកគ្នាសម្លឹងទៅផ្នែកខាងក្រោមរបស់ស្ពានដែលមានខ្សែកាបដែកជាពួរធំៗ។ គឺនៅលើស្ពានដែលមានទទឹង១២ម៉ែត្រ និងបណ្ដោយប្រវែង១០១ម៉ែត្រនេះ គឺជាទីដ៏ប្រល័យកាលពីបីខែមុននេះ។ វួច ស្រេង អាយុ ២០ ឆ្នាំ នៅចាំព្រឹត្តិការណ៍នោះនៅឡើយ។ ប៉ុន្ដែគាត់បម្រុងនឹងដើរឆ្លងកាត់ទីនោះ។ «នៅចងចាំតិចៗដែរ ។ ឃើញមនុស្សគរលើគ្នាច្រើន មើលទៅឡើងណែន»។ រថយន្ដ ម៉ូតូ និងអ្នកថ្មើរជើងបានឆ្លងកាត់ស្ពានពេជ្រនេះឡើងវិញ ហាក់ដូចជាមិនមែនជាកន្លែងនៃសម្រែកដង្ហើយស្វែងរកការជួយសង្គ្រោះទៀតឡើយ។ អ្នកយាមស្ពានជាប្រចាំម្នាក់បញ្ជាក់យ៉ាងដូច្នេះ៖ « ភាគច្រើននៃភ្ញៀវដែលមកលេងកោះពេជ្រ គឺឆ្លងកាត់តាមនេះទាំងអស់»។ កោះពេជ្រមានទីធ្លាសម្រាប់លម្ហែកាយកំសាន្ដ មានសំណង់ភូមិគ្រឹះ ទីតាំងសម្រាប់ជួលរៀបចំពីធីផ្សេង និងមានទីតាំងលក់ចំណីអាហារផងដែរ។ សាលារាជធានីភ្នំពេញគ្រោងនឹងសង់ស្ដូបមួយ ដើម្បីរំលឹកដល់វិញ្ញាណក្ខន្ឋរបស់ជនរងគ្រោះ។ ក៏ប៉ុន្ដែរហូតមកទល់ថ្ងៃនេះ ពុំមានព័ត៌មានពីសាលារាជធានីភ្នំពេញអាចបញ្ជាក់ពីការចាប់ផ្ដើមសាងសង់ និងទីតាំងនៃស្ដូបនេះទេ។ ទោះបីជាចំនួនអ្នកដើរកំសាន្ដឡើងប្រសើរជាងមុននៅមណ្ឌលកោះពេជ្រក៏ដោយ ក៏អាជីវករ ដែលភាគច្រើនគឺជាម្ចាស់សម្ភារៈកំសាន្ដត្អូញត្អែរថា អ្នកមកកំសាន្ដមួយចំនួនគ្រាន់តែជិះឆ្លងកាត់ទីនេះតែប៉ុណ្ណោះ។ អ្នកស្រីគង់ គីមសេង កំពុងអង្គុយក្នុងបន្ទប់បើកបរនៃក្បាលរថភ្លើងដែលមានផ្លូវរត់ជារង្វង់។ អ្នកស្រី ហាក់ដូចជាកំពង់រង់ចាំអតិថិជនមកជិះកំសាន្ដលេង។ លោកស្រីមានប្រសាសន៍ថា៖ «មានមនុស្សច្រើនជាងមុនបន្ដិច ប៉ុន្ដែមិនគ្រាន់ជាងប៉ុន្មានទេ។ មិនទាន់ថា ច្រើនទេ គ្រាន់ថាកាលពីមុន ភ្លាមៗកម្រិតសូន្យតែម្ដង។ មនុស្សនៅខ្លាច។ សួរភាគច្រើនទៅថា គេខ្លាច។ និយាយជារួមតាមខេត្តគឺអត់មកសុទ្ធតែម្ដង»។ លោកច័ន្ទ តារា អ្នកចាត់ចែងទោងយោលមួយដែលពេញនិយមជាងគេនៅមជ្ឈមណ្ឌលកំសាន្តកោះពេជ្រ មនុស្សម្នាបានឡើងជិះហោរកញ្ច្រៀវយ៉ាងសប្បាយ។ ភាគច្រើនគឺជាក្មេងដែលមានវ័យជំទង់ និងក្រុមយុវជន។ លោកតារាថ្លែងថា៖ «មនុស្សមកលេងគួរសមជាងមុន ប៉ុន្ដែមិនច្រើនដូចមុនទេ»។ ថ្វីបើទីនេះមានការនិយមច្រើនជាងគេ ក៏ប៉ុន្ដែលោកតារា ត្អូញត្អែរថាលោកនៅតែខាតនៅឡើយ ដោយសារតែលោកជួលកន្លែងទីតាំងសម្រាប់ដាក់ឧបករណ៍កំសាន្ដច្រើន ប៉ុន្ដែឧបករណ៍ដែលដំណើរការបានល្អមានតែទោងយោលនេះប៉ុណ្ណោះ។ លោកសង្ឃឹមថា ពិធីបុណ្យចូលឆ្នាំខ្មែរក្នុងខែមេសាខាងមុខនឹងជួយនាំភ្ញៀវមកកាន់តែច្រើនទៀត។ ក្រុមអាជីវករភាគច្រើនទាមទារបញ្ចុះតម្លៃឈ្នួលទីតាំង ខណៈដែលការរកចំណូលរបស់ពួកគេបានធ្លាក់ចុះ ក៏ប៉ុន្ដែក្រុមហ៊ុនOCIC បដិសេធសំណើនេះ។ យ៉ាងណាក៏ដោយពួកគេនិយាយថា នៅក្នុងពេលខាងមុខមិនយូរប៉ុន្មាន កន្លែងកំសាន្ដមួយទៀតនឹងត្រូវបង្កើតនៅទល់មុខសណ្ឋាគារ និងកាស៊ីណូ ណាហ្គា ដែលស្ថិតនៅចម្ងាយតែប៉ុន្មានរយម៉ែត្រពីមណ្ឌលកោះពេជ្រតែប៉ុណ្ណោះ។ មណ្ឌលកំសាន្ដថ្មីនេះនឹងចែករំលែកអតិថិជន ដែលក្រែងរអាចំពោះហេតុការណ៍អាក្រក់នៅមណ្ឌលកំសាន្ដកោះពេជ្រកាលពីបីខែមុននេះ។ លោកទូច សំណាង វិស្វករទទួលខុសត្រូវលើការអភិវឌ្ឈផ្នែកសាងសង់នៅមណ្ឌលកោះពេជ្ររៀបរាប់ថា ក្នុងពេលខាងមុខ ក្រុមហ៊ុននឹងសង់រោងល្ខោនមួយដែលអាចផ្ទុកមនុស្សបាន៣០០០ នាក់ និងមានមន្ទីរសាលាក្រុងកោះពេជ្រមួយទៀត។ ជាងនេះទៅទៀតនៅចុងឆ្នាំនេះ នឹងមានស្ពានថ្មីពីរទៀតដែលនឹងអាចបញ្ចៀសបានគ្រោះថ្នាកនៃការប្រជ្រៀតគ្នាស្លាប់ដូចកាលពីក្នុងអំឡុងពេលព្រះរាជពិធីបុណ្យអំទូកឆ្នាំមុន៕ This posting includes an audio/video/photo media file: Download Now |
អាមេរិកជំរុញឲ្យមានការពិភាក្សាថែមទៀតអំពីច្បាប់ស្តីពីអង្គការក្រៅរដ្ឋាភិបាល Posted: 22 Feb 2011 12:34 PM PST ភ្នំពេញ៖ មន្ត្រីការបរទេសសហរដ្ឋអាមេរិកបាននិយាយនៅថៃ្ងអង្គារនេះថា សហរដ្ឋអាមេរិកបានសម្តែងការព្រួយបារម្ភអំពីសេចក្តីព្រាងច្បាប់អង្គការក្រៅរដ្ឋាភិបាល ដោយអំពាវនាវដល់រដ្ឋាភិបាលកម្ពុជា និងអង្គការមិនមែនរដ្ឋាភិបាលបន្តពិភាក្សាគ្នាបន្ថែមទៀតនៅលើសេចក្តីព្រាងច្បាប់នេះ។ ក្រុមមន្ត្រីអង្គការក្រៅរដ្ឋាភិបាល បានព្រួយបារម្ភថា ច្បាប់ថ្មីនេះមានភាពតឹងរឹងចំពោះអង្គការមិនមែនរដ្ឋាភិបាល ហើយរារាំងដល់ការរីកលូតលាស់ និងអភិវឌ្ឍន៏ប្រទេស។ ពួកគេបង្កើតច្បាប់ធ្វើឱ្យលំបាកដល់អង្គការមិនមែនរដ្ឋាភិបាលទាំងការបង្កើត និងប្រតិបត្តិការងារ។ លោក ដាន ប៊ែរ (Dan Baer) ឧបការីរងទទួលបន្ទុកកិច្ចការប្រជាធិបតេយ្យសិទ្ធិមនុស្ស និងពលកម្មនៃក្រសួងការបរទេសសហរដ្ឋអាមេរិក បានជួបពិភាក្សាការងារជាមួយមន្ត្រីអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក និងអន្តរជាតិ និងមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់មកពីក្រសួងមហាផ្ទៃ និងក្រសួងការបរទេសអំពីសេចក្តីព្រាងច្បាប់អង្គការមិនមែនរដ្ឋាភិបាលនេះ។ លោក ប៊ែរ បានថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មាននៅសណ្ឋាគារភ្នំពេញថា លោកលើកទឹកចិត្តឲ្យមន្ត្រីក្រសួងមហាផ្ទៃ និងក្រសួងការបរទេសបន្តការពិភាក្សាជាមួយអង្គការសង្គមស៊ីវិលអំពីសេចក្តីព្រាងច្បាប់អង្គការមិនមែនរដ្ឋាភិបាលនេះ។ លោកបន្តថា៖ «សហរដ្ឋអាមេរិកបានបញ្ជាក់យ៉ាងច្បាស់ថា យើងមានការព្រួយបារម្ភអំពីច្បាប់នេះដែលយើងមើលឃើញអង្គការសង្គមស៊ីវិលនៅកម្ពុជា និងអ្វីៗដែលកម្ពុជាមានមោនភាពចំពោះសំឡេងនៃក្រុម អង្គការសង្គមស៊ីវិល និងអ្វីៗដែលគួរត្រូវបានការពារ និងបង្ការ ហើយយើងនឹងតាមមើលបញ្ហានេះ យ៉ាងដិតដល់ និងរង់ចាំមើលការពិភាក្សាទាំងនោះបន្តទៀត»។ លោក ប៊ែរ បានបញ្ជាក់ថា សហរដ្ឋអាមេរិកមានការព្រួយបារម្ភអំពីផលប៉ះពាល់ដោយច្បាប់ណាមួយទៅអង្គការមិនមែនរដ្ឋាភិបាល និងមានកង្វល់ជាទូទៅលើច្បាប់អង្គការមិនមែនរដ្ឋាភិបាល។ ប៉ុន្តែ ការពិភាក្សារវាងរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលបានចាប់ផ្តើមកាលពីខែមករា ដែលជាឱកាសសម្រាប់អង្គការសង្គមស៊ីវិល បានលើកឡើងពីការព្រួយបារម្ភត្រង់ៗរបស់ពួកគេ។ លោក ស៊ិន សុមុន្នី នាយកប្រតិបត្តិនៃអង្គការ Medicam បានថ្លែងថា ការដែលសហរដ្ឋអាមេរិកលើកទឹកចិត្តឱ្យមានការពិភាក្សាបន្តរវាងរដ្ឋាភិបាល និងអង្គការមិនមែនរដ្ឋាភិបាលនេះ គឺសំដៅលុបបំបាត់កង្វល់ទាំងឡាយនៅក្នុងសេចក្តីព្រាងច្បាប់អង្គការមិនមែនរដ្ឋាភិបាលនេះ ហើយដើម្បីការអភិវឌ្ឍកម្ពុជាយូរអង្វែង។ លោកសុមុន្នីមានប្រសាសន៍ថា៖ «ការពិភាក្សាបន្តទៀតរវាងរដ្ឋាភិបាលកម្ពុជា និងតំណាងអង្គការមិនមែនរដ្ឋាភិបាលអំពីសេចក្តីព្រាងច្បាប់អង្គការមិនមែនរដ្ឋាភិបាល ជាការចាំបាច់ហើយសម្រាប់ការអភិវឌ្ឍកម្ពុជារយៈពេលយូរអង្វែង។ ខ្ញុំយល់ថា ជាវប្បធម៌នៃការជជែកគ្នាដែលនឹងឈានទៅរកការអភិវឌ្ឍចីរភាពរបស់កម្ពុជា»។ លោកអ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានបញ្ជាក់ថា លោកបានលើកឡើងអំពីករណីរំលោភដីធ្លីការបណ្តេញចេញដោយបង្ខំ និងប្រព័ន្ធតុលាការមិនឯករាជ្យ ព្រមទាំងការរឹងបន្តឹងសេរីភាពនៃការបញ្ចោញមតិដែលជាកត្តាព្រួយបារម្ភចំពោះការគោរពសិទ្ធិមនុស្សនៅកម្ពុជា។ លោកវីរៈថ្លែងថា៖ «យើងមានការព្រួយបារម្ភអំពីប្រព័ន្ធតវ៉ានៅក្នុងសង្គមយើងនេះអត់ឯករាជ្យ ហើយវាអត់បានផ្តល់ភាពយុត្តិធម៌ចំពោះប្រជាពលរដ្ឋទាំងអស់គ្នាទេ។ ដូច្នេះ បើយើងមើលបញ្ហាទាំងអស់នេះ វាជាបញ្ហាគន្លឹះនៃការព្រួយបារម្ភ»។ លោកនុត សាអាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានថ្លែងថា រដ្ឋាភិបាលបានទទួលយកអនុសាសន៏ ភាគច្រើនរបស់អង្គការសង្គមស៊ីវិល ខណៈដែលសេចក្តីព្រាងច្បាប់នេះកំពុងតែដំណើរការទៅមុខ៕ This posting includes an audio/video/photo media file: Download Now |
You are subscribed to email updates from VOA News: ព័ត៌មាន To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |