VOA News: ព័ត៌មាន: “ស៊ូយ៉ាស៊ូប៊ែឌីមានកង្វល់អំពីបរិយាកាសសិទ្ធិមនុស្សនៅកម្ពុជា” plus 2 more |
- ស៊ូយ៉ាស៊ូប៊ែឌីមានកង្វល់អំពីបរិយាកាសសិទ្ធិមនុស្សនៅកម្ពុជា
- បេសកជនយូណេស្កូនឹងទៅមើលការខូតខាតប្រាសាទព្រះវិហារនៅចុងសប្តាហ៍នេះ
- កម្ពុជាត្រូវការឧស្សាហកម្មផលិតពូជស្រូវបន្ថែមទៀត
ស៊ូយ៉ាស៊ូប៊ែឌីមានកង្វល់អំពីបរិយាកាសសិទ្ធិមនុស្សនៅកម្ពុជា Posted: 24 Feb 2011 03:00 PM PST លោក ស៊ូយ៉ាស៊ូប៊ែឌី (Surya P. Subedi) អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាមានកង្វល់អំពីបរិយាកាសដ៏តូចចង្អៀតសម្រាប់ប្រជាពលរដ្ឋក្នុងការបញ្ចេញមតិរបស់ខ្លួន ដោយសន្តិវិធីនិងគ្មានការភ័យខ្លាច រាប់ទាំងបុគ្គលគ្រប់រូបនៅក្នុងគណបក្សផ្សេងៗ។ មន្ត្រីរដ្ឋាភិបាលបាននិយាយថា ប្រទេសកម្ពុជាមានគោលដៅច្បាស់លាស់នៃកិច្ចការពារសិទ្ធិមនុស្សដែលកើតចេញពីច្បាប់ និងកើតចេញពីការអនុវត្តច្បាប់តាមរយៈកំណែទម្រង់រដ្ឋ។ នៅថ្ងៃព្រហស្បតិ៍នេះ ប្រេសិតពិសេសរបស់អង្គការសហប្រជាជាតិបានសម្តែងការព្រួយបារម្ភអំពីស្ថានភាពសិទ្ធិមនុស្សទាក់ទងនឹងប្រព័ន្ធតុលាការ សេរីភាពនៃការបញ្ចេញមតិនិងសិទ្ធិលើដីធ្លីនៅក្នុងប្រទេសកម្ពុជា។ ការកត់សម្គាល់នេះបានធ្វើឡើង បន្ទាប់ពីការបញ្ចប់បេសកកម្មរយៈពេល១០ថ្ងៃរបស់លោក ស៊ូយ៉ាស៊ូប៊ែឌី នៅកម្ពុជា ដែលបានជួបពិភាក្សាការងារជាមួយលោកនាយករដ្ឋមន្ត្រីហ៊ុន សែន លោកឧបនាយករដ្ឋមន្ត្រីសុខ អាន មន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ និងសមាជិករដ្ឋសភា និងព្រឹទ្ធសភា ព្រមទាំងមន្ត្រីការទូតបរទេសនៅកម្ពុជា មន្ត្រីអង្គការសង្គមស៊ីវិល និងជនរងគ្រោះនៃការរំលោភសិទ្ធិលំនៅដ្ឋាន និងដីធ្លី។ លោកស៊ូយ៉ាស៊ូប៊ែឌី អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា បានថ្លែងប្រាប់ក្រុមអ្នករាយការណ៍ព័ត៌មាននៅការិយាល័យនៃឧត្តមស្នងការសិទ្ធិមនុស្សអង្គការប្រជាជាតិប្រចាំនៅកម្ពុជាថា លោកមានកង្វល់អំពីស្ថានភាពនៃបញ្ហាសិទ្ធិមនុស្សមួយចំនួនជាពិសេសសេរីភាពក្នុងការសម្តែងមតិ និងសិទ្ធិលើដីធ្លីនៅក្នុងប្រទេសកម្ពុជា។ លោកស៊ូយ៉ាស៊ូប៊ែឌី បានបញ្ជាក់ថា លទ្ធិប្រជាធិបតេយ្យត្រឹមត្រូវទាមទារឱ្យមានមតិប្រឆាំងដ៏មានប្រសិទ្ធិភាព ហើយលទ្ធិប្រជាធិបតេយ្យនៅប្រទេសកម្ពុជានៅក្មេងខ្ចីនៅឡើយ។ «ខ្ញុំមានកង្វល់អំពីបរិយាកាសដ៏តូចចង្អៀតសម្រាប់ប្រជាពលរដ្ឋក្នុងការបញ្ចេញមតិរបស់ខ្លួនដោយសន្តិវិធី និងគ្មានការភ័យខ្លាច រាប់ទាំងបុគ្គលគ្រប់រូបនៅក្នុងគណបក្សផ្សេងៗ។ ខ្ញុំមានកង្វល់ជាពិសេសក្នុងបញ្ហានេះគឺការប្រើប្រាស់បទញុះញ៉ង់ប្រឆាំងនឹងអ្នកការពារសិទ្ធិមនុស្សនានា។ តាមទស្សនៈរបស់ខ្ញុំ តួអង្គនយោបាយនិងអង្គការសង្គមស៊ីវិលគួរតែធ្វើការឆ្ពោះទៅបង្កើតបរិយាកាសមួយ ដែលផ្តល់ភាពងាយស្រួលដល់បុគ្គលគ្រប់រូប ឱ្យគេទទួលបានសិទ្ធិមនុស្ស និងការអភិវឌ្ឍសេដ្ឋកិច្ចសម្រាប់ជាប្រយោជន៍ដល់បុគ្គលគ្រប់រូប»។ លោកផៃ ស៊ីផាន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យប្រចាំទីស្តីការគណៈរដ្ឋមន្ត្រី បានថ្លែងថា មេដឹកនាំរដ្ឋាភិបាល និងលោក Surya P. Subedi តំណាងអង្គការសហប្រជាជាតិផ្នែកសិទ្ធិមនុស្ស បានផ្លាស់ប្តូរទស្សនៈយ៉ាងច្រើនអំពីការជំរុញការគោរពសិទ្ធិមនុស្ស តាមរយៈគោលការណ៍ច្បាប់។ «ការព្រួយបារម្ភរបស់តំណាងអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការសិទ្ធិមនុស្សនេះគឺការ ព្រួយបារម្ភមិនខុសប្លែកពីរាជរដ្ឋាភិបាលកម្ពុជានោះទេ ហើយយើងមានទិសដៅច្បាស់លាស់ក្នុងការការពារសិទ្ធិមនុស្ស ក៏ដូចជាការផ្តល់ និងការរក្សាថែមទៀតនូវអ្វីដែលជាសិទ្ធិមនុស្សដែលកើតចេញពីច្បាប់ និងកើតចេញពីការអនុវត្តច្បាប់ តាមរយៈកំណែទម្រង់ទាំងអស់នេះ»។ លោក ស៊ូយ៉ាស៊ូប៊ែឌី បានថ្លែងថា លោកទទួលបានកម្រិតកិច្ចសហប្រតិបត្តិការល្អពីរាជរដ្ឋាភិបាលកម្ពុជា ហើយការសន្ទនារបស់លោកជាមួយលោកនាយករដ្ឋមន្ត្រីហ៊ុន សែន និងលោកឧបនាយករដ្ឋមន្ត្រីសុខ អានបានធ្វើឡើងដោយចំហរ មិនមានការលាក់លៀម និងមានភាពសិទ្ធស្នាល។ លោក ស៊ូយ៉ាស៊ូប៊ែឌី បានបញ្ជាក់ថា ភាពទន់ខ្សោយក្នុងការអនុវត្តច្បាប់ និងបទដ្ឋានគតិយុត្តិអន្តរជាតិនៅកម្ពុជា នៅតែមាននៅឡើយ បន្ទាប់ពីលោកបានជួបដោយផ្ទាល់ជាមួយជនរងគ្រោះនៃការរំលោភសិទ្ធិមនុស្ស៕ This posting includes an audio/video/photo media file: Download Now |
បេសកជនយូណេស្កូនឹងទៅមើលការខូតខាតប្រាសាទព្រះវិហារនៅចុងសប្តាហ៍នេះ Posted: 24 Feb 2011 01:47 PM PST កិច្ចពិភាក្សាអំពីវិធានការការពារប្រាសាទព្រះវិហារនិងការត្រួតពិនិត្យមើលពីការខូចខាតដោយសារការវាយប្រយុទ្ធគ្នារវាងកងទ័ពថៃនិងកម្ពុជានឹងធ្វើឡើងនៅចុងសប្តាហ៍នេះនៅពេលដែលបេសកជនពិសេសអង្គការយូណេស្កូ (UNESCO) លោក កូអិជីរ៉ូ ម៉ាសឹយូរ៉ាមានគម្រោងជួបជាមួយនឹងនាយករដ្ឋមន្ត្រីថៃអាប់ភីស៊ីត វីចាជីវ៉ា និងលោកនាយករដ្ឋមន្ត្រីហ៊ុន សែននៃប្រទេសកម្ពុជាក្នុងដំណើរទស្សនកិច្ចរបស់លោកក្នុងប្រទេសទាំងពីរចំនួន៥ថ្ងៃចាប់ពីចុងសប្តាហ៍នេះ។ នេះបើតាមការអះអាងរបស់មន្ត្រីកម្ពុជានិងអង្គការយូណេស្កូ។
ដោយបានបញ្ជាក់ពីកិច្ចស្វាគន៍ចំពោះដំណើរទស្សនកិច្ចរបស់បេសកជន ពិសេសនៃអង្គការយូណេស្កូមកកាន់ប្រទេសកម្ពុជា លោក ផៃ ស៊ីផានអ្នកនាំពាក្យរបស់ទីស្តីការគណៈរដ្ឋមន្ត្រីកម្ពុជានិងជារដ្ឋលេខាធិការបានចាត់ទុកថា៖ ទស្សនកិច្ចនេះស្របតាមកាតព្វកិច្ចនឹងច្បាប់អន្តរជាតិក្នុងកិច្ចការពារបេតិកភណ្ឌពិភពលោកដើម្បីកុំឲ្យមានការរងគ្រោះក្នុងជម្លោះប្រដាប់អាវុធ។ លោកបញ្ជាក់ថាទស្សនកិច្ចរបស់លោកកូអិជីរ៉ូ ម៉ាសឹយូរ៉ានេះ មិនមែនពាក់ព័ន្ធនឹងផ្នែកនយោបាយទេតែជាទស្សនកិច្ចផ្តោតលើការងារបច្ចេកទេសសុទ្ធសាធដើម្បីវាយតម្លៃការខូចខាតប្រាសាទព្រះវិហារ។ «ការវាយតម្លៃនេះមិនមែនបានសេចក្តីថាជាការកាត់ទោសដល់អ្នកណាដែលធ្វើខុសឬយ៉ាងម៉េចទេគ្រាន់តែមកមើលថាតើខូចប៉ុណ្ណាហើយចាត់វិធានការរបៀបណាដើម្បីប្រសិទ្ធភាពក្នុងកិច្ចការពារកុំឲ្យកិច្ចការកើតឡើងធំដុំតទៅទៀតហើយនឹងរកវិធានគ្រប់យ៉ាងក្នុងកិច្ចការពារហើយនឹងកិច្ចអភិរក្សឬក៏ជួសជុលហ្នឹងឯង»។ ប្រាសាទព្រះវិហារដែលកម្ពុជាបានដាក់ចូលក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកកាលពីឆ្នាំ២០០៨បានរងការខូចខាតដោយសារការវាយប្រយុទ្ធគ្នាចន្លោះពីថ្ងៃទី៤ដល់ថ្ងៃទី៧ខែកុម្ភៈរវាងកងទ័ពថៃនិងកម្ពុជា នៅពេលដែលប្រទេសទាំង ពីរបានចោទប្រកាន់គ្នាពីការរំលោភបំពានបូរណភាពដែនដីទៅវិញទៅមក។ យូណេស្កូបានប្រកាសពីបំណងទៅវាយតម្លៃប្រាសាទព្រះវិហារនៅពេលស្ថានការណ៍យោធាវិលត្រឡប់ទៅកាន់ស្ថានភាពធម្មតា។ នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់យូណេស្កូចុងក្រោយមួយបានបញ្ជាក់ឲ្យដឹងថា៖ «បេសកជនពិសេសចំពោះបញ្ហាប្រាសាទព្រះវិហាររបស់លោកស្រី អ៊ីរីណា បូកូវ៉ា (Irina Bokova) អគ្គនាយកអង្គការយូណេស្កូ គឺលោក កូអិជីរ៉ូ ម៉ាសឹយូរ៉ានឹងធ្វើដំណើរទៅកាន់ទីក្រុងបាងកកនិងទីក្រុងភ្នំពេញចន្លោះថ្ងៃទី២៥ ខែកុម្ភៈ ដល់ថ្ងៃទី ១ ខែមិនា ដើម្បីពិភាក្សាអំពីកិច្ចការពាររម្មណីយដ្ឋានបេតិកភណ្ឌពិភពលោកជាមួយនឹងនាយករដ្ឋមន្ត្រីថៃនិងនាយករដ្ឋមន្ត្រីកម្ពុជា»។ លោក កូអិជីរ៉ូ ម៉ាសឹយូរ៉ា (Koichiro Matsuura) ជាអតីតអគ្គនាយកយូណេស្កូ ចន្លោះឆ្នាំ១៩៩៩ ដល់ឆ្នាំ២០០៩។ហើយលោកជាអតីតប្រធានគណៈកម្មាធិការ បេតិកភណ្ឌពិភពលោកផងដែរ។ សេចក្តីប្រកាសព័ត៌មានរបស់យូណេស្កូបានបញ្ជាក់ទៀតថា៖ លោក កូអិជីរ៉ូ ម៉ាសឹយូរ៉ា «នឹងត្រួតពិនិត្យជាមួយនឹងភាគីទាំងពីរអំពីវិធីនានាដើម្បីកាត់បន្ថយភាពតានតឹង ហើយនឹងធ្វើឲ្យប្រសើឡើងនូវការពិភាក្សាជុំវិញការអភិរក្សនៃប្រាសាទ(ព្រះវិហារ)»។ នៅពេលព្យាយាមសុំសេចក្តីអត្ថាធិប្បាយអំពីដំណើរទស្សនកិច្ចលម្អិតរបស់ លោក កូអិជីរ៉ូ ម៉ាសឹយូរ៉ា លោកស្រី ស៊ូ វីលៀម (Sue William) អ្នកនាំពាក្យយូណេស្កូ បានបដិសេធធ្វើអត្ថាធិប្បាយលម្អិត។ មន្ត្រីខ្មែរវិញបានអះអាងថាការចុះទៅកាន់ប្រាសាទព្រះវិហាររបស់បេសកជនយូណេស្កូឬយ៉ាងណានិងពេលណា គឺមិនអាចបញ្ជាក់ឲ្យដឹងជាសាធារណៈបានទេដោយឈរលើហេតុផលសន្តិសុខ។ ប្រទេសថៃកាលពីសប្តាហ៍ថ្មីៗធ្លាប់ជំទាស់នឹងបេសកកម្មរបស់យូណេស្កូទៅប្រាសាទព្រះវិហារផងដែរដោយនិយាយថាការវាយតម្លៃរបស់យូណេស្កូត្រូវមានការយល់ព្រមពីប្រទេសថៃជាមុនក្រៅពីព្រមានឲ្យដឹងថាតំបន់ប្រាសាទព្រះវិហារស្ថិតក្នុងភាពតានតឹង។
នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់នាយករដ្ឋមន្ត្រីថៃអាប់ភីស៊ីត វីចាជីវ៉ាកាលពីថ្ងៃអង្គារបានបញ្ជាក់ឲ្យដឹងពីដំណើរទស្សនកិច្ចរបស់បេសកជនពិសេសរបស់ យូណេស្កូ ទៅកាន់ប្រទេសថៃនិងកម្ពុជាជាមួយនឹងការបញ្ជាក់ថាទស្សនកិច្ចនោះគឺដើម្បីនឹងស្តាប់ការបកស្រាយរបស់គួភាគីទាំងពីរ។ ទស្សនកិច្ចនៃបេសកជនពិសេសរបស់យូណេស្កូនេះកើតឡើងបន្ទាប់ពីកម្ពុជា និងថៃបានយល់ព្រមជាផ្លូវការនៅចំពោះមុខសមាគមអាស៊ានថានឹងធ្វើឲ្យមានកិច្ចឈប់បាញ់គ្នាហើយនឹងយល់ព្រមទទួលយកអ្នកសង្កេតការណ៍ប្រមាណ៤០នាក់ដោយដាក់នៅម្ខាងៗពាក់កណ្តាលមកកាន់តំបន់ជម្លោះក្នុងបំណងជួយត្រួតពិនិត្យនិងបញ្ជៀសកុំឲ្យមានការវាយប្រយុទ្ធដោយអាវុធតទៅទៀត៕ This posting includes an audio/video/photo media file: Download Now |
កម្ពុជាត្រូវការឧស្សាហកម្មផលិតពូជស្រូវបន្ថែមទៀត Posted: 24 Feb 2011 02:16 PM PST អ្នកសេដ្ឋកិច្ចនិងអ្នកជំនាញកសិកម្មលើកឡើងថា កម្ពុជាត្រូវការឧស្សាហកម្មផលិតគ្រាប់ពូជស្រូវបន្ថែមទៀត ដើម្បីធានាដល់កំណើនផលិតកម្មស្រូវ និងការនាំអង្ករចេញតាមផែនការរបស់រដ្ឋាភិបាល។ អស់រយៈពេលជាង៥ឆ្នាំមកហើយ លោកយិន ណារ៉ុងបានផ្លាស់ប្តូរទម្លាប់ដាំស្រូវរបស់លោកពីការប្រើប្រាស់គ្រាប់ពូជដែលលោកសន្សំទុកក្រោយពីរដូវច្រូតកាត់មុន មកប្រើប្រាស់គ្រាប់ពូជសុទ្ធវិញដែលលោកទិញពីក្រុមហ៊ុនផលិតពូជស្រូវក្នុងស្រុកមួយ។ ជាកសិករវ័យ៥២ឆ្នាំនៅក្នុងភូមិព្រះធាតុ ឃុំរលួស ស្រុកកណ្តាលស្ទឹង ដែលថ្មីៗនេះទើបនឹងត្រូវកាត់ចូលទៅក្នុងខណ្ឌដង្កោរបស់រាជធានីភ្នំពេញ លោកយិន ណារ៉ុង ដែលមានដីស្រែចំនួនជាង២០អា មានប្រសាសន៍ថា ការងាកមកប្រើប្រាស់គ្រាប់ពូជសុទ្ធរបស់ក្រុមហ៊ុនជាជាងការប្រើប្រាស់គ្រាប់ពូជតាមប្រពៃណីនេះបានធ្វើឲ្យទិន្នផលស្រូវរបស់លោក កើនឡើងជាងមុនចំនួនជាង២០%។ «ប្រសិនជាយើងធ្វើធម្មតា ដោយយើងយកពូជយើងធម្មតាយកមកធ្វើ កាលពីមុន យើងបានត្រឹមតែ៧០០គីឡូក្រាម ប៉ុន្តែដល់យើងយកពូជនោះមកដាក់មក យើងកើនឡើងបានដល់៩០០គីឡូក្រាមអីអញ្ចឹងទៅ»។ បើធៀបនឹងចំនួនពូជស្រូវប្រពៃណីចំនួនជាង២០គីឡូក្រាមដែលលោកត្រូវការនៅពេលមុន បច្ចុប្បន្នលោកណារ៉ុងប្រើប្រាស់គ្រាប់ពូជសុទ្ធចំនួនតែ១៥គីឡូក្រាមសម្រាប់ផ្ទៃដីស្រែទាំងមូលរបស់លោក ដោយចំណាយប្រាក់ទិញអស់ប្រមាណ៤ម៉ឺនរៀល។ ក្រុមអ្នកសេដ្ឋកិច្ចនិងអ្នកជំនាញកសិកម្មបានមើលឃើញថា ការផ្លាស់ប្តូរគ្រាប់ពូជស្រូវសម្រាប់ឲ្យប្រជាកសិករដាំដុះនេះនឹងជួយបង្កើននិទ្នផលស្រូវក្នុងស្រុកបន្ថែមទៀតដែលនឹងធានាដល់ការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិកាន់តែច្រើនឡើង។ ជួយបង្កើនទិន្នផលគឺដោយសារក្រុមអ្នកជំនាញអះអាងថា ការដាំដុះគ្រាប់ពូជសុទ្ធផ្តល់ផលច្រើនជាងគ្រាប់ពូជប្រពៃណីពី២០%ទៅ៣០%។ ប៉ុន្តែរបាយការណ៍ឃ្លាំមើលសេដ្ឋកិច្ចរបស់វិទ្យាស្ថានសេដ្ឋកិច្ចកម្ពុជា ដែលបានចេញផ្សាយក្នុងខែមករាឆ្នាំ២០១១នេះ បានបង្ហាញថា ប្រជាកសិករខ្មែរស្ទើរតែទាំងអស់នៅតែប្រើប្រាស់គ្រាប់ពូជស្រូវដែលពួកគេរក្សាទុកក្រោយពីរដូវច្រូតកាត់មុនៗ ដើម្បីដាំដុះនៅរដូវធ្វើស្រែបន្ទាប់។ ការដាំដុះពូជស្រូវប្រពៃណីនេះមិនត្រឹមតែមិនបានផ្តល់ផលច្រើនប៉ុណ្ណោះទេគឺថែមទាំងធ្វើឲ្យទិន្នផលអាចថយចុះទៀតផង ដោយសារការរិចរិលនៃគុណភាពគ្រាប់ពូជទាំងនោះ។ លោកនៅ សីហា នាយកគ្រប់គ្រងផ្នែកស្រាវជ្រាវនៃវិទ្យាស្ថានសេដ្ឋកិច្ចកម្ពុជា មានប្រសាសន៍ថា ការបន្តដាំដុះពូជស្រូវបែបប្រពៃណីនេះគឺជាបញ្ហាប្រឈមមួយដល់កំណើនផលិតផលស្រូវនៅក្នុងស្រុក។ «ពូជគាត់តាំងពីដូនតាមកម៉្លេះ។ ជួនកាលពូជហ្នឹងយូរៗទៅ វាងាប់មេ ងាប់អីទៅ ក៏គាត់នៅតែប្រើអាហ្នឹងដែរ។ គាត់អត់ដូរ។ អាហ្នឹងវាក៏ជាបញ្ហាប្រឈមមុខមួយដែរ»។ ប្រទេសកម្ពុជាគ្រោងនឹងបង្កើនផលិតកម្មស្រូវលើសពីសេចក្តីត្រូវការក្នុងស្រុកឲ្យបានច្រើនជាង៤លានតោនក្នុងមួយឆ្នាំ និងមានមហិច្ឆិតានាំអង្ករចេញឲ្យបានយ៉ាងតិចមួយលានតោនក្នុងមួយឆ្នាំចាប់ពីឆ្នាំ២០១៥តទៅ។ នៅឆ្នាំ២០១០ កម្ពុជាផលិតស្រូវបានចំនួនជិត៨លានតោន ក្នុងនោះជាង៣លានតោនជាទិន្នផលលើសពីសេចក្តីត្រូវការក្នុងស្រុក។ ប៉ុន្តែទិន្នផលស្រូវនៅកម្ពុជានៅទាបនៅឡើយ បើធៀបនឹងប្រទេសជិតខាង ពោលគឺនៅកម្ពុជា ទិន្នផលទទួលបានជាមធ្យមក្នុងឆ្នាំ២០០៨ត្រឹមតែជាង២តោនក្នុងមួយហិកតា ខណៈប្រទេសថៃបានជិត៣តោន ឡាវជាង៣តោន និងវៀតណាមជិត៥តោនក្នុងមួយហិកតា។ នេះបើយោងតាមតួលេខរបស់រដ្ឋាភិបាល។ របាយការណ៍របស់វិទ្យាស្ថានសេដ្ឋកិច្ចកម្ពុជាក៏បានលើកឡើងផងដែរថា ឧស្សាហកម្មផលិតគ្រាប់ពូជស្រូវនៅក្នុងប្រទេសកម្ពុជានៅមានកម្រិតតិចតួចបំផុតមិនទាន់អាចមានលទ្ធភាពទាក់ទាញប្រជាកសិករខ្មែរឲ្យចេញផុតពីរបៀបដាំស្រូវតាមបែបប្រពៃណីរបស់ពួកគេបាននៅឡើយទេ។ របាយការណ៍ក៏បានបញ្ជាក់ដែរថា បើប្រៀបធៀបនឹងប្រទេសថៃ បច្ចុប្បន្នប្រទេសថៃមានក្រុមហ៊ុនផលិតពូជស្រូវចំនួនដល់ទៅ៨៥ រីឯកម្ពុជាមានក្រុមហ៊ុនផលិតពូជស្រូវតែមួយគត់ឈ្មោះថា AQIP Seed ដែលមានលទ្ធភាពផលិតពូជស្រូវបានចំនួន២៦០០តោនក្នុងមួយឆ្នាំ ដើម្បីលក់ជូនដល់ប្រជាកសិករចំនួនប្រមាណ១៦ម៉ឺនគ្រួសារនៅក្នុងខេត្តក្រុងចំនួន១៩ទូទាំងប្រទេស។ លោកគង់ វិតាណៈ នាយកប្រតិបត្តិក្រុមហ៊ុន AQIP SEED Co., Ltd មានប្រសាសន៍ថា លោកចង់ឲ្យមានក្រុមហ៊ុនឯកជនបន្ថែមទៀត ចូលមកវិនិយោគលើវិស័យផលិតគ្រាប់ពូជស្រូវនៅក្នុងប្រទេសកម្ពុជាដើម្បីបំពេញចន្លោះខ្វះខាតនៃការប្រើប្រាស់ពូជស្រូវសុទ្ធក្នុងចំណោមប្រជាកសិករខ្មែរនេះ។ «វាជាការចាំបាច់ណាស់គឺយើងត្រូវការ ទី១គឺដើម្បីបង្កើនឲ្យគ្រប់តាមតម្រូវការរបស់ប្រទេសរបស់យើង។ ទី២គឺវាបើកចំហរនូវការប្រកួតប្រជែងដោយសមធម៌នៅលើមុខជំនួញគ្រាប់ពូជនេះ»។ លោកអ៊ុក មករា នាយកវិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍកសិកម្មកម្ពុជានៃក្រសួងកសិកម្ម មានប្រសាសន៍ថា ក្រសួងបានបើកទូលាយឲ្យមានការប្រកួតប្រជែងនៅក្នុងវិស័យផលិតគ្រាប់ពូជនេះ ប៉ុន្តែលោកអះអាងថា បញ្ហាគឺនៅត្រង់ថា ប្រជាកសិករភាគច្រើនមិនទាន់ចាប់អារម្មណ៍ច្រើនលើគ្រាប់ពូជសុទ្ធដែលផលិតនិងដាក់លក់ដោយក្រុមហ៊ុននៅឡើយទេ ដោយសារពួកគាត់អាចរក្សាស្រូវចំណីរបស់គាត់ទុកធ្វើជាគ្រាប់ពូជបាន។ «យើងគ្មានសិទ្ធិណាដែលអនុញ្ញាតឲ្យគាត់ផ្តាច់មុខទេ។ ដូច្នេះត្រូវមានការប្រកួតប្រជែង។បញ្ហាគឺកសិករយើងគាត់នៅមានដីស្រែតូចៗ ហើយគាត់មិនសូវជាចាប់អារម្មណ៍ច្រើន»។ សូមបញ្ជាក់ថា ជាយន្តការដើម្បីធានាដល់កំណើនផលិតផលស្រូវនិងការឆ្លើយតបទៅតាមតម្រូវការទីផ្សារអង្ករនៅក្រៅប្រទេស ក្រសួងកសិកម្មបានបញ្ចេញពូជស្រូវជម្រើសចំនួន១០ប្រភេទឲ្យប្រជាកសិករយកទៅប្រើប្រាស់។ ពូជទាំងនោះរួមមាន ពូជស្រូវស្រាលចំនួនបីប្រភេទគឺសែនពិដោរ ជលសារ និងអ៊ីអែ៦៦ ហើយពូជស្រូវកណ្តាលចំនួនបួនប្រភេទគឺ ផ្ការំដួល ផ្ការំដេង ផ្ការមៀតនិងផ្កាច័ន្ទសែនស ហើយនឹងពូជស្រូវធ្ងន់ចំនួនបីប្រភេទទៀតគឺរាំងជ័យ ខា៤និងខា៦។ លោកយ៉ង សាំងកុមារ នាយកមជ្ឈមណ្ឌលសិក្សានិងអភិវឌ្ឍកសិកម្មកម្ពុជា (អង្គការ CEDAC) មានប្រសាសន៍ថា ដើម្បីបង្កើនទិន្នផលស្រូវរបស់ខ្លួន ប្រជាកសិករអាចប្រើប្រាស់វិធីសម្រាំងគ្រាប់ពូជសុទ្ធរបស់ខ្លួនបាន ប្រសិនបើពួកគេមិនចង់ប្រើប្រាស់គ្រាប់ពូជរបស់ក្រុមហ៊ុនទេនោះ។ «ចំណុចនៃការចាប់ផ្តើមហ្នឹងគឺធ្វើយ៉ាងម៉ិចឲ្យកសិករទូទាំងប្រទេសហ្នឹងចេះបន្សុទ្ធពូជ ចេះជ្រើសរើសពូជទុកដាក់ដោយខ្លួនឯង។ បើមិនបានគ្រប់គ្នា ឲ្យតែបានមួយភូមិមាន៤ឬ៥នាក់អីអញ្ចឹងទៅ»។ លោកយ៉ង សាំងកុមារមានប្រសាសន៍បន្ថែមថា ការជ្រើសរើសសម្រិតសម្រាំងគ្រាប់ពូជស្រូវទុកដោយខ្លួនឯងនេះគឺជាវិធីដែលចំណាយធនធានតិច ប៉ុន្តែមានប្រសិទ្ធិភាពខ្ពស់ ដោយសារកសិករអាចដោះដូរវិធីសាស្ត្រនេះឲ្យគ្នាទៅវិញទៅមកជាលក្ខណៈប្រពៃណីរបស់ពួកគេបាន៕ This posting includes an audio/video/photo media file: Download Now |
You are subscribed to email updates from VOA News: ព័ត៌មាន To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |