Koh Santipheap Daily |
- លោកជំទាវបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ដឹកនាំ ក្រុមការងារកាកបាទក្រហមចែកអំណោយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋភៀសសឹក៣.០០០គ្រួសារ
- អ្នកលក់លៀសហាលម្នាក់ត្រូវជនមិនស្គាល់មុខកាប់មួយពូថៅធ្លាយខួរ
- នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះបង្ក្រាបស្បែកជើង Walker ក្លែងក្លាយ
- កាដាហ្វី ៖ ខ្ញុំនឹងប្រយុទ្ធរហូតដល់ដំណក់ឈាមចុងក្រោយ
- ជនជាតិអាមេរិក4នាក់ចាប់ជាចំណាប់ខ្មាំងដោយពួកចោរសមុទ្រសូម៉ាលីត្រូវសម្លាប់
- កម្មករ២.០០០នាក់ ធ្វើបាតុកម្មប្រឆាំងលោកប្រធាន-អនុប្រធានរដ្ឋបាលនៃរោងចក្រមិថុនាបន្តទៀតហើយ
- ប៉ារីស ហ៊ីលតុន មានដំណឹងល្អបណ្តើរសង្សារទិញចិញ្ចៀនភ្ជាប់ពាក្យ
- រញ្ជួយដីនៅនូវែលសេឡង់មនុស្ស300នាក់បាត់ខ្លួន
- ប្រកួតជិះរបស់រំអិលលើទឹកកកស្រាតនៅប្រទេសអាល្លឺម៉ង់
- រូបគំនូរប្រភេទ 3D ជាប់ឯតទគ្គកម្មទំហំធំបំផុតលើពិភពលោក
- ព្យុះខែប្រាំងបំផ្លាញលំនៅឋានអស់៤៩ខ្នងនៅស្រុកសំពៅលូន
- វៀតណាមត្រៀមដំឡើងថ្លៃអគ្គិសនីនៅថ្ងៃទី1 មីនា ខាងមុខ
- ក្រុមអាជីវករលក់ទូរស័ព្ទនៅផ្សារធំទួលសង្កែធ្វើការតវ៉ាពីរឿងក្រុមហ៊ុនយកថ្លៃទឹកតែច្រើនពេក
- ក្រសួងឧស្សាហកម្មត្រួតពិនិត្យ នៅតាមសិប្បកម្មធ្វើទឹកកក ៣កន្លែងនៅខណ្ឌឫស្សីកែវ
- ការខូចខាតយ៉ាងធ្ងន់ធ្ងរទៅលើវត្តកែវសិក្ខាគិរីស្វារៈជាគោលដៅទី១ នៃការវាយប្រហាររបស់ទាហានសៀមឈ្លានពានមកលើអធិបតេយ្យភាពកម្ពុជា
- ផែនទីមានតែតុលាការឡាអេ បញ្ហាព្រំដែនមិនមែនសំរេចបាន១ថ្ងៃ២ថ្ងៃ ឬ១ខែ២ខែនោះទេ តែជាការតស៊ូយូរអង្វែង
- ព័ត៌មានជុំវិញគ្រោះអកុសលរបស់ក្រុមតន្ត្រីសម័យអូសេតេ រឿងរ៉ាវស្មានមិនដល់ ឆេះស្លាប់៣នាក់និងរបួស៨នាក់
- ការវិភាគពីបទឈប់បាញ់គ្នាដែលនឹងត្រូវអនុវត្ត
- នាងនិស្សិតចាញ់ល្បិចកលគេស្រែកយំមុខប៉ូលិស
- ចោរហារយប្លន់លំនៅឋានអ្នកភ្ញាស់ពងទាកូន
Posted: 22 Feb 2011 11:15 PM PST ខេត្តព្រះវិហារ ៖ លោកជំទាវបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន បានដឹកនាំក្រុមមន្ត្រីការងារកាកបាទក្រហម ចុះចែកអំណោយសង្គ្រោះបន្ទាន់ និងសួរសុខទុក្ខសំណេះសំណាលដល់ប្រជាពលរដ្ឋភៀសសឹកចំនួន៣.០០០គ្រួសារ កាលពីវេលាព្រឹកថ្ងៃទី២៣ កុម្ភៈ ២០១១ នៅមជ្ឈមណ្ឌលជនភៀសសឹកជំរំតាតឹងស្ថិតក្នុងភូមិថ្នល់បំបែកឃុំថ្មី ស្រុកគូលែន បន្ទាប់ពីពួកគាត់ទាំងនោះ គេចពីសង្គ្រាមរយៈពេលជាងមួយសប្តាហ៍ ហើយត្រូវអាជ្ញាធរចាត់បញ្ជូនទៅកាន់លំនៅឋានដើមវិញថ្មីៗនេះ ។ គ្រួសារនីមួយៗទទួលបានអង្ករ៥០គីឡូក្រាម មីយើង១កេសតូច ត្រីខ១០កំប៉ុង ឆៃប៉ូវផ្អែម៥គីឡូក្រាម អំបិលអ៊ីយ៉ូដ៥គីឡូក្រាម ប៊ីចេង៥គីឡូក្រាម ទឹកបរិសុទ្ធឱរ៉ាល់១កេស កំណាត់ស១ដុំ និងថវិកា៣ម៉ឺនរៀល ។ ជាមួយនេះ លោកជំទាវបណ្ឌិតប្រធានកាកបាទក្រហមបានប្រគល់ជូនអង្គភាពវិស្វកម្មសម្តេចតេជោហ៊ុន សែន អង្ករ៥តោន មីយើង១០០កេស ត្រីខកំប៉ុង៣០កេស ឆៃប៉ូវផ្អែម៣០០គីឡូក្រាម អំបិលអ៊ីយ៉ូដ២០០គីឡូក្រាម ប៊ីចេង៥គីឡូក្រាម និងថវិកា២លានរៀល...ផ្តល់ជូនបុគ្គលិកកងវិស្វកម្មដដែលនេះចំនួន៣០០នាក់ ក្នុងម្នាក់ៗទទួលបានថវិកា៣ម៉ឺនរៀល ។ លោកជំទាវបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន បានថ្លែងថា ដោយសារមើលឃើញបងប្អូនជួបគ្រោះភ័យដោយសង្គ្រាមឈ្លានពាន ហើយគេចទៅរកកន្លែងមានសុវត្ថិភាពទាំងលំបាកលំបិននោះ ធ្វើឱ្យសម្តេចទាំង៣គឺសម្តេចអគ្គមហាធម្មពោធិសាលជា ស៊ីម ប្រធានព្រឹទ្ធសភា សម្តេចអគ្គមហាពញាចក្រីហេង សំរិន ប្រធានរដ្ឋសភា សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី មានការព្រួយបារម្ភ និងគិតគូរពីបងប្អូនរងគ្រោះយ៉ាងខ្លាំង មិនទុកឱ្យបងប្អូនរស់នៅឯកោនោះទេ ។ ព័ត៌មានលម្អិតនឹងផ្សាយជូននៅពេលក្រោយ និងនៅលើទំព័រកាសែទកោះសន្តិភាព. |
អ្នកលក់លៀសហាលម្នាក់ត្រូវជនមិនស្គាល់មុខកាប់មួយពូថៅធ្លាយខួរ Posted: 22 Feb 2011 07:46 PM PST រាជធានីភ្នំពេញ ៖ បុរសម្នាក់ដែលមានមុខរបរលក់លៀសហាលតាមម៉ូតូ ត្រូវជនមិនស្គាល់មុខកាប់មួយពូថៅចំក្បាលរបួសធ្ងន់ ត្រូវសាច់ញាតិដឹកទៅកាន់មន្ទីរពេទ្យកាល់ម៉ែត ដើម្បីសង្គ្រោះជីវិត ក្រោយពីកើតហេតុនៅចំណុចភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌដង្កោ កាលពីវេលាម៉ោង៩និង៤០នាទីយប់ថ្ងៃទី២២ កុម្ភៈ ឆ្នាំ២០១១ ។ ភរិយាជនរងគ្រោះបាននិយាយឱ្យដឹងថា ប្តីរបស់គាត់ដែលត្រូវគេកាប់មួយពូថៅនេះមានឈ្មោះកៅ កង អាយុ៣០ឆ្នាំ មុខរបរលក់លៀសហាលចល័តតាមម៉ូតូ ស្នាក់នៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌដង្កោ ។ នៅយប់ថ្ងៃកើតហេតុបុរសរងគ្រោះជាប្តីបានអង្គុយលេងម្នាក់ឯងឯមុខផ្ទះរបស់ខ្លួន... បន្តិចក្រោយមក រូបគាត់ជាប្រពន្ធដើរចូលទៅក្នុងផ្ទះ ដើម្បីរៀបចំកន្លែងដេក ស្រាប់តែឮសំឡេងប្តីរបស់គាត់ស្រែកឱ្យរូបគាត់ជួយ និងមានការភ្ញាក់ផ្អើល ។ ភ្លាមៗនោះគាត់រត់ចេញមកខាងផ្ទះ ទើបឃើញប្តីរបស់គាត់យកដៃឱបក្បាល ព្រមទាំងមានឈាមហូរប្រឡាក់ជោកអាវ បន្ទាប់មកទៀតទើបជនរងគ្រោះសន្លប់ ។ ក្នុងអំពើហិង្សាដោយប្រើពូថៅដោះស្រាយបញ្ហានេះមិនត្រូវបានប្រជាពលរដ្ឋអះអាងថា ឃើញជនដៃដល់មានគ្នាប៉ុន្មាននាក់នោះទេ គ្រាន់តែនៅកន្លែងកើតហេតុបន្សល់ទុកពូថៅដៃមួយប៉ុណ្ណោះ រីឯក្រុមគ្រួសារជនរងគ្រោះបញ្ជាក់ថា បញ្ហានេះអាចមកពីរឿងគំនុំតែគំនុំមូលហេតុអ្វីនោះគឺគ្មាននរណាដឹងឡើយ មានតែជនរងគ្រោះម្នាក់ប៉ុណ្ណោះ ទើបដឹងរឿងពិតប្រាកដ ។ គ្រូពេទ្យបាននិយាយថា បុរសរងគ្រោះត្រូវគេកាប់ចំក្បាលផ្នែកខាងឆ្វេងធ្លាយខួរចេញមកខាងក្រៅ ហើយលលាដ៍ក្បាលប៉ះពាល់ឆ្អឹងធ្ងន់ធ្ងរ នឹងធ្វើការវះកាត់ ពេលនេះជនរងគ្រោះស្ថិតក្នុងសហភាពធ្ងន់ធ្ងរ និងត្រូវការសង្គ្រោះ ៕ |
នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះបង្ក្រាបស្បែកជើង Walker ក្លែងក្លាយ Posted: 22 Feb 2011 07:46 PM PST រាជធានីភ្នំពេញ ៖ កម្លាំងនគរបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយព្រះរាជាអាជ្ញាអមសាលាដំបូងរាជធានី និងនគរបាលប៉ុស្តិ៍រដ្ឋបាលផ្សារថ្មីទី៣ ខណ្ឌដូនពេញ នគរបាលប៉ុស្តិ៍រដ្ឋបាលអូរឫស្សីទី៤ ខណ្ឌ៧មករា បានធ្វើការឆែកឆេរហាងលក់សម្លៀកបំពាក់ស្បែកជើងយីហោម៉េងជឺ, ថ្ងៃល្អ និងហូលីដេ កាលពីរសៀលថ្ងៃទី២២ កុម្ភៈ ២០១១ ដើម្បីស្វែងរកស្បែកជើងម៉ាក Walker ក្លែងក្លាយ។ |
កាដាហ្វី ៖ ខ្ញុំនឹងប្រយុទ្ធរហូតដល់ដំណក់ឈាមចុងក្រោយ Posted: 22 Feb 2011 07:28 PM PST ក្នុងសុន្ទរថា ដំបូងរបស់លោកផ្សាយបន្តផ្ទាល់តាមទូរទស្សន៍ចាប់តាំងពីមានបាតុកម្មទាមទារឱ្យលោកចាកចេញពីតំណែងមកេមដឹកនាំលីប៊ី លោកមូអាម៉ា កាដាហ្វី អះអាងប្រាប់ដល់ប្រជាជនកាលពីថ្ងៃទី២២ កុម្ភៈ ថា ខ្ញុំនឹងប្រយុទ្ធរហូតដល់ដំណក់ឈាមចុងក្រោយរបស់ខ្ញុំ។ ក្នុងសុន្ទរកថានោះ លោកកាដាហ្វី មានប្រសាសន៍ថា ពុំមានបញ្ហានៃការចាកចេញពីអំណាចដូចដែលមេដឹកនាំដទៃៗទៀតនៃពិភពអារ៉ាប់បានធ្វើនោះឡើយ។ លោកគូសបញ្ជាក់ថា លោកជាអ្នកនៅពីលើបណ្តាតំណែងប្រមុខរដ្ឋ គឺលោកជាអ្នកបដិវត្តន៍មួយរូបជា BEDOUIN ។ មូអាម៉ាកាដាហ្វីពុំមែនគ្រាន់តែជាប្រធានាធិបតី ហើយក៏ពុំមែនមនុស្សធម្មតាដែលគេអាចធ្វើបាតុកម្មប្រឆាំងឡើយ។ ខ្ញុំពឹងផ្អែកលើខ្លួនឯងផ្ទាល់ និងកាំភ្លើងរបស់ខ្ញុំ។ |
ជនជាតិអាមេរិក4នាក់ចាប់ជាចំណាប់ខ្មាំងដោយពួកចោរសមុទ្រសូម៉ាលីត្រូវសម្លាប់ Posted: 22 Feb 2011 07:28 PM PST កងកំលាំងនាវាចរណ៍អាមេរិករាយការណ៍កាលពីថ្ងៃទី២២ កុម្ភៈ ថា ជនជាតិអាមេរិក៤នាក់ត្រូវចាប់ជាចំណាប់ខ្មាំងលើនាវាកំសាន្តទំនើបមួយគ្រឿងរបស់ពួកគេកាលពីថ្ងៃទី១៨ កុម្ភៈ ដោយពួកចោរសមុទ្រសូម៉ាលីក្នុងដែនទឹកនៃឆ្នេរសមុទ្រអាហ្វ្រិកខាងកើតបានត្រូវពួកនេះប្រហារជីវិតហើយកាលពីថ្ងៃទី២១ កុម្ភៈ កន្លងមកនេះ។ |
Posted: 22 Feb 2011 07:21 PM PST រាជធានីភ្នំពេញ ៖ កម្មករ-កម្មការិនីនៃរោងចក្រកាត់ដេរមិថុនា ប្រមាណ២.០០០នាក់ បានឈូឆរ ធ្វើបាតុកម្មយ៉ាងស្វិតស្វាញ ដើម្បីសិទ្ធិការងារត្រឹមត្រូវរបស់ពួកគេ ដោយទាមទារឱ្យដកលោកប្រធានរដ្ឋបាល-អនុប្រធានរដ្ឋបាលចេញពីមុខតំណែង ឬពីរោងចក្រជាបន្តទៀតហើយកាលពីវេលាម៉ោង៨និង៣០ព្រឹកថ្ងៃទី២៣ កុម្ភៈ ២០១១ ។ រោងចក្រមិថុនានេះមានទីតាំងស្ថិតក្នុងភូមិសែនសុខ តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ត្រូវបានកម្មករ-កម្មការិនីប្រមាណ២.០០០នាក់ ដោយមានការចូលរួមពីប្រធានសហជីពសេរីកម្មករ លោកផេង ជូ ផងនោះ កើតទុក្ខមិនសុខចិត្តមកធ្វើការតវ៉ានៅពាសពេញបរិវេណ និងហៀរមកដល់ផ្លូវថ្នល់ (មហាវិថីសហព័ន្ធរុស្ស៊ី) ឡើងត្រៀបត្រា បង្កឱ្យមានការភ្ញាក់ផ្អើល ។ ក្រុមកម្មករអះអាងថា ព្រឹកនេះពួកគេប្រមូលផ្តុំគ្នាតែប្រមាណ២.០០០នាក់ប៉ុណ្ណោះ ហើយពេលរសៀលថ្ងៃដដែលនេះ កម្មករ-កម្មការិនីនឹងមកចូលរួមបន្ថែម២.០០០នាក់ទៀត អាចថា ស្មើ៤.០០០នាក់ ដូចការធ្វើបាតុកម្មកាលពីថ្ងៃទី១១ កុម្ភៈ ២០១១ កន្លងមកនេះអ៊ីចឹង ។ កម្មករ-កម្មការិនីបានបញ្ជាក់ថា លោកម៉េង ទ្រី ប្រធានរដ្ឋបាល និងលោកអ៊ឹង សុក្រឹត អនុប្រធានរដ្ឋបាលនៃរោងចក្រកាត់ដេរមិថុនា បានគាបសង្កត់ជិះជាន់ពួកគេ រំលោភសិទ្ធិការងារយ៉ាងខ្លាំងក្លា ដូច្នេះការធ្វើបាតុកម្មលើកនេះគឺពួកគេបានប្តេជ្ញាសុំឱ្យដកលោកប្រធាន និងអនុប្រធានរដ្ឋបាលនៃរោងចក្រខាងលើចេញពីមុខតំណែង ។ ដោយឡែកលោកម៉េង ទ្រី និងលោកអ៊ឹង សុក្រឹត ជាប្រធាន-អនុប្រធានរដ្ឋបាលនៃរោងចក្រមិថុនានេះ មិនទាន់ត្រូវអាចទាក់ទងបំភ្លឺនៅឡើយទេជុំវិញបញ្ហានេះ ។ ព័ត៌មានលម្អិតនឹងផ្សាយជូននៅពេលក្រោយ និងនៅលើទំព័រកាសែតកោះសន្តិភាព. |
ប៉ារីស ហ៊ីលតុន មានដំណឹងល្អបណ្តើរសង្សារទិញចិញ្ចៀនភ្ជាប់ពាក្យ Posted: 22 Feb 2011 07:20 PM PST តាមប្រភពព័ត៌មានពីបរទេសបានឱ្យដឹងថា នាងប៉ារីស ហ៊ីលតុន បានបណ្តើរសង្សារ គឺលោកសៃ វេត ជាម្ចាស់ក្លឹបកំសាន្តដ៏មានឥទ្ធិពលមួយចូលមើលគ្រឿងអលង្ការក្នុងហាងពេជ្រដ៏ល្បីឈ្មោះមួយកន្លែងនៅកណ្តាលក្រុងញូវយ៉ក ដោយរំពឹងថា ពួកគេទាំង២នាក់អាចជ្រើសរើសយកចិញ្ចៀនបែបភ្ជាប់ពាក្យ។ គួរបញ្ជាក់ថា លោកសៃ វេត បានជ្រើសរើសទិញគ្រឿងអលង្ការខ្នាតតូចពីហាងខាងលើដែលច្នៃពីប្លាទីនដាំត្បូងមានតម្លៃ២៥.០០០ដុល្លារ ជូនដល់សង្សារសំរាប់ជារង្វាន់លើកទឹកចិត្តក្នុងថ្ងៃខួបកំណើតគម្រប់៣០ឆ្នាំ ។ នាងប៉ារីស ហ៊ីលតុន និងលោកសៃ វេត បានទាក់ទងគ្នាចាប់តាំងពីរដូវក្តៅឆ្នាំមុន ដោយអ្នកទាំង២ហាក់ដូចជាមានឥរិយាបថប្រាកដប្រជាចំពោះគ្នាយ៉ាងខ្លាំង រហូតធ្វើឱ្យអ្នកសារព័ត៌មានរំពឹងទុកថា អាចទទួលបានដំណឹងល្អស្តីពីការរៀបអាពាហ៍ពិពាហ៍ក្នុងពេលឆាប់ៗនេះ ៕ |
រញ្ជួយដីនៅនូវែលសេឡង់មនុស្ស300នាក់បាត់ខ្លួន Posted: 22 Feb 2011 07:17 PM PST មនុស្សយ៉ាងតិច៧៥នាក់បានត្រូវស្លាប់ក្នុងការរញ្ជួយដីមួយកាលពីថ្ងៃទី២២ កុម្ភៈ ប៉ះពាល់ដល់ទីក្រុងធំទី២របស់នូវែលសេឡង់គឺទីក្រុង CHRISTCHURCH ។ នេះជាការអះអាងរបស់អភិបាលក្រុងនេះលោក BOB PARKER ដែលគូសបញ្ជាក់ថា មនុស្ស៣០០នាក់ត្រូវបាត់ខ្លួន ។ ការរញ្ជួយដីកំលាំង ៦,៣រីស្ទ័រ នេះកើតមាននាវេលាម៉ោង១២ និង៥១នាទីម៉ោងក្នុងស្រុកនៅចំងាយ៥គ.មលើទីក្រុង CHRISTCH-URCH ជាទីក្រុងមួយមានប្រជាជន៣៤០.០០០នាក់ ហើយចំណុចកណ្តាលរបស់វា ស្ថិតនៅជំរៅត្រឹម៤គ.ម ក្នុងដី ។ កាលពីថ្ងៃទី២២ កុម្ភៈ បណ្តាមនុស្សត្រូវរបួសដែលមានឈាមដាបខ្លួនត្រូវបានទាញយកចេញពីអគារបាក់បែក។ ព្រះវិហារកាតេដ្រាលរបស់ទីក្រុងនេះត្រូវបាក់ ចំណែកអគារកំពស់៦ជាន់មួយមានទីស្នាក់ការទូរទស្សន៍តំបន់ត្រូវបំផ្លាញ ។ យោងតាមសាក្សីទាំងឡាយថា មនុស្ស៣០នាក់ អាចជាប់ក្នុងអគារការិយាល័យមួយកំពស់៤ជាន់ ៕ |
ប្រកួតជិះរបស់រំអិលលើទឹកកកស្រាតនៅប្រទេសអាល្លឺម៉ង់ Posted: 22 Feb 2011 07:17 PM PST ការប្រកួតជិះរបស់រំអិលលើទឹកកកស្រាតត្រូវបានរៀបចំឡើងនៅតំបន់ទឹកកកយ៉ាងធំមួយ ក្នុងទីក្រុង Braunlage ប្រទេសអាល្លឺម៉ង់កាលពីថ្ងៃទី២២ កុម្ភៈ កន្លងមក ។ ក្នុងព្រឹត្តិការណ៍ប្រកួតនេះចូលរួមដោយបុរស១៣នាក់ និងស្ត្រី១៣នាក់ ដោយកម្មវិធីប្រកួតតម្រូវឱ្យស្លៀកតែខោក្នុង និងពាក់មួកសុវត្ថិភាពការពារក្បាលប៉ុណ្ណោះ ។ |
រូបគំនូរប្រភេទ 3D ជាប់ឯតទគ្គកម្មទំហំធំបំផុតលើពិភពលោក Posted: 22 Feb 2011 07:17 PM PST រូបគំនូរប្រភេទ 3D ដែលមើលទៅមានលក្ខណៈដូចសភាពពិតជាក់ស្តែងយ៉ាងធំមួយ បង្កើតឡើងនៅលើកម្រាលបេតុងបរិវេណខាងមុខផ្សារទំនើបមួយក្នុងទីក្រុងជុងគីង ប្រទេសចិន។ រូបគំនូរ 3D នេះបង្កើតឡើងដោយវិចិត្រករល្បីឈ្មោះម្នាក់ទាក់ទាញឱ្យមានការចាប់អារម្មណ៍បំផុតពីមនុស្សផងទាំងឡាយ ។ |
ព្យុះខែប្រាំងបំផ្លាញលំនៅឋានអស់៤៩ខ្នងនៅស្រុកសំពៅលូន Posted: 22 Feb 2011 07:16 PM PST ខេត្តបាត់ដំបង ៖ សមត្ថកិច្ចស្រុកសំពៅលូនបានឱ្យដឹងថា លំនៅឋានអ្នកភូមិយ៉ាងតិចជិត៥០ខ្នងត្រូវរងការបំផ្លាញដោយខ្យល់ព្យុះ បន្ទាប់ពីមានភ្លៀងបង្អុរមួយមេយ៉ាងខ្លាំង កាលពីវេលាម៉ោង៥ និង៣០នាទីល្ងាច ថ្ងៃទី២០ កុម្ភៈ ដែលប៉ះទង្គិចក្នុងឃុំចំនួន២ ក្នុងស្រុកសំពៅលូន ប៉ុន្តែគ្មានផលដំណាំដែលរងផលប៉ះពាល់នោះទេ ។ យោងតាមរបាយការណ៍របស់សមត្ថកិច្ច ស្រុកសំពៅលូន បានឱ្យដឹងថា ខ្យល់បានបោកបក់យ៉ាងគំហុក ខណៈភ្លៀងកំពុងធ្លាក់ខ្លាំងនាល្ងាចនោះ ។ ខ្យល់ព្យុះបានបំផ្លាញលំនៅឋានអ្នកស្រុកអស់៤៩ខ្នង និងអគារសិក្សាមួយខ្នងផងដែរ ប៉ុន្តែក្នុងចំណោមផ្ទះដែលខូចខាត គឺមាន៧ខ្នងបានខូចខាតទាំងស្រុង ហើយជាមួយគ្នានេះមានប្រជាពលរដ្ឋម្នាក់រងរបួសស្រាល ។ លោកពេជ្រ សារ៉ែន អធិការនគរបាលស្រុកសំពៅលូនបានប្រាប់តាមទូរស័ព្ទថា ខ្យល់បានបោកបក់យ៉ាងគំហុកមកពីទិសខាងជើងរយៈពេលប្រហែល២០នាទី ខណៈដែលភ្លៀងធ្លាក់ខ្លាំងរយៈពេលប្រហែល១ម៉ោង ។ លំនៅឋានអ្នកភូមិភាគច្រើនរបើកដំបូល និងជញ្ជាំង រួមទាំងអគារសិក្សាមួយខ្នងផង ហើយផ្ទះ៧ខ្នងបានរលំទាំងស្រុង តែមិនបណ្តាលឱ្យដាច់ចរន្តអគ្គិសនីដូចកាលពីសបា្តហ៍មុន ដែលមានព្យុះនៅទឹកដីសៀមនោះឡើយ។ រីឯផលដំណាំវិញគ្មានការខូចខាតទេ លើកលែងតែមនុស្សម្នាក់ប៉ុណ្ណោះ ដែលរងរបួសស្រាល។ លោកអធិការបានបញ្ជាក់បន្ថែមថា ខ្យល់ព្យុះនេះបានបោកបក់ទៅលើឃុំចំនួន២ក្នុងស្រុកសំពៅលូន គឺឃុំតាស្តា និងឃុំសន្តិភាព ។ ប្រជាពលរដ្ឋដែលរងការប៉ះពាល់ដោយខ្យល់ព្យុះនេះនិយាយថា ភ្លៀងដែលលាយឡំទៅដោយព្យុះក្នុងរដូវប្រាំងនេះហាក់ដូចជាកាចសាហាវបំផុតដែលយើងកម្រប្រទះ។ អ្នកភូមិបានបន្តថា សំណាងល្អដែលពួកគាត់បានប្រមូលកសិផលរួចរាល់ បើមិនដូច្នេះទេ ប្រហែលជាអាចខាតបង់ដោយសារតែភ្លៀង និងព្យុះនេះ ៕ |
វៀតណាមត្រៀមដំឡើងថ្លៃអគ្គិសនីនៅថ្ងៃទី1 មីនា ខាងមុខ Posted: 22 Feb 2011 07:13 PM PST តាម AP កាលពីថ្ងៃទី២១ កុម្ភៈ ផ្សាយថា រដ្ឋាភិបាលវៀតណាមត្រៀមដំឡើងថ្លៃថាមពលអគ្គិសនីចំនួន១៥% នៅខែក្រោយ ដើម្បីជួយនាយកដ្ឋានអគ្គិសនីជាតិដែលកំពុងជួបនឹងការខាតដើមទុន ។ នេះចាត់ទុកថា ជាការដំឡើងថ្លៃថាមពលអគ្គិសនីដ៏ធំបំផុតនៅក្នុងប្រទេស ។ លោកវ៉ាង កុងវឿង អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម បង្ហើបឱ្យដឹងថា ការដំឡើងថ្លៃថាមពលអគ្គិសនីនឹងចាប់ផ្តើមធ្វើនៅថ្ងៃទី១ មីនា ខាងមុខ។ យោងតាមអត្រាតម្លៃដែលនឹងត្រូវដំឡើងនេះ គឺ១.០៧៧ដុង ក្នុងមួយគីឡូវ៉ាត់ម៉ោង ឬជាង២០០រៀល ឡើងដល់១.២៤២ដុងក្នុងមួយគីឡូវ៉ាត់ម៉ោង ឬជិត៣០០រៀល (ប្រាក់កម្ពុជា)។ ការដំឡើងថ្លៃថាមពលអគ្គិសនីនេះ ត្រូវបានលោកង្វៀន តាន់យុង នាយករដ្ឋមន្ត្រីវៀតណាមយល់ព្រមតាមសំណូមពរហើយ ។ ក្រៅពីនេះលោកវ៉ាង កុងវឿង បានបន្តទៀតថា ការបង្កើនអត្រាតម្លៃថាមពលអគ្គិសនីចំនួន១៥% ចាត់ទុកថា តិចបំផុតដូចដែលរដ្ឋាភិបាលបានកំណត់កន្លងមក ព្រោះកាលពីមុននេះ រដ្ឋាភិបាលមានផែនការដំឡើងថ្លៃថាមពលអគ្គិសនីពី១៨ដល់៣០% ។ ការដំឡើងថ្លៃថាមពលអគ្គិសនីលើកនេះធ្វើឡើងដើម្បីជួយដល់នាយកដ្ឋានអគ្គិសនីជាតិ (EVN) ដែលប្រាក់ចំណូលបច្ចុប្បន្នមិនគ្រប់គ្រាន់ក្នុងការទាក់ទាញអ្នកវិនិយោគទុនបរទេសឱ្យចូលរួមក្នុងគម្រោងសាងសង់រោងចក្រអគ្គិសនីថ្មី សម្រាប់ផ្គត់ផ្គង់ដល់តម្រូវការរបស់អ្នកប្រើប្រាស់ដែលចេះតែកើនឡើងក្នុងមួយឆ្នាំដល់ទៅ១៦% ។ ការដំឡើងថ្លៃថាមពលអគ្គិសនីរមែងធ្វើឱ្យមានផលប៉ះពាល់ដល់ការវិនិយោគ និងប្រជាជនទូទៅ ជាពិសេសអ្នកមានចំណូលតិច រួមទាំងធ្វើឱ្យរដ្ឋាភិបាលជួបនឹងបញ្ហាក្នុងការសម្រេចដល់គោលដៅបង្កើតស្ថិរភាពដល់សេដ្ឋកិច្ច និងកាត់បន្ថយអត្រាអតិផរណាប្រាក់ដុងឱ្យនៅទាបជាង៧% ៕ |
Posted: 22 Feb 2011 06:51 PM PST រាជធានីភ្នំពេញ ៖ ព្រឹកថ្ងៃទី២៣ កុម្ភៈ ២០១១ អាជីវករលក់ទូរស័ព្ទនៅផ្សារធំទួលសង្កែ ហៅផ្សារសាំហាន់ ចំនួន៤៥ទូ បានបិទទូរបស់ខ្លួនផ្អាកការលក់ដូរជាបណ្តោះអាសន្ន ហើយលើកគ្នាទៅធ្វើការតវ៉ានៅមុខទីស្នាក់ការក្រុមហ៊ុនវិនិយោគផ្សារអំពីការឡើងថ្លៃតូប និងបង់ប្រាក់ថ្លៃទឹកតែក្នុង១ទូ៥០០ដុល្លារ ។ សូមបញ្ជាក់ថា កាលពីថ្ងៃទី២២ កុម្ភៈ ២០១១ ក្រុមហ៊ុនផ្សារធំទួលសង្កែ ហៅផ្សារសាំហាន់ នេះបានចេញសេចក្តីជូនដំណឹងមួយប្រាប់អាជីវករថា សូមឱ្យក្រុមអាជីវករដែលដាក់ទូតាំងលក់ទូរស័ព្ទនៅមុខផ្សារទាំងអស់ចូលទៅជួបជុំគ្នានៅទីស្នាក់ការ ដើម្បីធ្វើកិច្ចសន្យាថ្មី ស្តីពីការដំឡើងថ្លៃតូប, ប្រាក់កក់ និងប្រាក់ថ្លៃទឹកតែ...។ កន្លងមកទូលក់ទូរស័ព្ទរបស់អាជីវករផ្សារធំទួលសង្កែត្រូវខាងក្រុមហ៊ុនតម្រូវឱ្យបង់តម្លៃ៨០ដុល្លារ ក្នុងមួយខែ ឥឡូវនេះដំឡើងទៅ១០០ដុល្លារ ក្នុងមួយខែ ចំណែកប្រាក់កក់២០០ដុល្លារ និងប្រាក់ថ្លៃទឹកតែ៥០០ដុល្លារថែមទៀត... ។ ក្រុមអាជីវករដែលកំពុងឈូឆរនៅមុខស្នាក់ការក្រុមហ៊ុនផ្សារធំទួលសង្កែនេះ បាននិយាយថា រឿងឡើងថ្លៃតូប២០ដុល្លារនេះ មិនសូវជាបញ្ហាទេ អ្វីដែលពួកគាត់កើតទុក្ខមិនសុខចិត្តនោះ គឺប្រាក់កក់២០០ដុល្លារ និងប្រាក់ថ្លៃទឹកតែ៥០០ដុល្លារ ឃើញថា ប្រាក់ទឹកតែនេះថ្លៃពេក និងរញ៉េរញ៉ៃទៀតផង ដូច្នេះពួកគាត់មិនសុខចិត្តទេ គឺត្រូវតែធ្វើការតវ៉ាហើយ...៕ |
ក្រសួងឧស្សាហកម្មត្រួតពិនិត្យ នៅតាមសិប្បកម្មធ្វើទឹកកក ៣កន្លែងនៅខណ្ឌឫស្សីកែវ Posted: 22 Feb 2011 06:43 PM PST រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី២២ កុម្ភៈ មន្ត្រីក្រុមការងារអធិការកិច្ចរបស់ក្រសួងឧស្សាហកម្មរ៉ែ និងថាមពល សហការជាមួយមន្ត្រីនៃមន្ទីរឧស្សាហកម្មរាជធានីភ្នំពេញ និងមានការចូលរួមដោយមន្ត្រីនៃមន្ទីរពិសោធន៍របស់ក្រសួង ព្រមទាំងអាជ្ញាធរមូលដ្ឋានផងដែរ បានចុះត្រួតពិនិត្យធ្វើអធិការកិច្ចស្តីពី ការអនុវត្តក្បួនផលិតកម្មល្អ (GMP) និងអនាម័យល្អ (GHP) លើសិប្បកម្មផលិតទឹកកកចំនួន៣កន្លែង ស្ថិតក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ ។ សិប្បកម្មទាំង៣កន្លែងនោះ ទី១-ជាសិប្បកម្មផលិតទឹកកកលីឆន ស្ថិតនៅភូមិទួលសង្កែ សង្កាត់ទួលសង្កែ ទី២-សិប្បកម្មផលិតទឹកកកឈាងមួ ស្ថិតនៅភូមិ២១ សង្កាត់ច្រាំងចំរេះ២ និងទី៣-សិប្បកម្មផលិតទឹកកកឈិនហុង ស្ថិតនៅភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ។ សូមបញ្ជាក់ថា រោងចក្រ សិប្បកម្មផលិតទឹកកកនៅទូទាំងរាជធានីភ្នំពេញ មានចំនួនសរុប៣៣ ដែលទទួលបានអាជ្ញាប័ណ្ណបើកអាជីវកម្ម។ ក្រុមការងារអធិការកិច្ចបានចុះត្រួតពិនិត្យជាជំហានដំបូងរួចម្តងហើយ កាលពីចុងឆ្នាំ២០១០ ដោយបានដាក់លក្ខខណ្ឌជាច្រើនសម្រាប់ឱ្យម្ចាស់សិប្បកម្មទាំងអស់អនុវត្តតាម ជាពិសេសគឺគោលការណ៍ GMP និង GHP នេះឯងប្រយោជន៍ការពារសុខុមាលភាពរបស់ប្រជាពលរដ្ឋ ។ បន្ទាប់ពីបើកប្រតិបត្តិការជំហានទី១ ដោយធ្វើការណែនាំរួចមកហើយនោះ ក្រុមការងារខាងលើបានបើកយុទ្ធនាការធ្វើការត្រួតពិនិត្យជាជំហានទី២ ដោយផ្តោតសំខាន់នៅលើលក្ខខណ្ឌដែលបានដាក់ឱ្យម្ចាស់សិប្បកម្មអនុវត្តកន្លងមកនោះ តើធ្វើបានកម្រិតណា? ចំពោះលក្ខខណ្ឌដែលតម្រូវឱ្យម្ចាស់សិប្បកម្មអនុវត្តមាន ការសុំប្រកាសថ្មីដែលមានមុខផលិតត្រឹមត្រូវ ត្រូវរៀបចំប្រព័ន្ធលូបង្ហូរទឹក រៀបចំប្រព័ន្ធចម្រោះទឹក ជាពិសេសបញ្ហាអនាម័យ សណ្តាប់ធ្នាប់ នៅតាមទីតាំងផលិតនីមួយៗ ឬបំពាក់ប្រព័ន្ធសម្លាប់មេរោគជាដើម ។ ក្រុមការងារបានចូលត្រួតពិនិត្យនៅគ្រប់បណ្តាញការងារទាំងអស់របស់ទីតាំងទាំង៣ខាងលើ ក្នុងនោះផ្នែកមន្ទីរពិសោធន៍ក៏បានយកទឹកដែលស្តុកក្នុងអាងត្រៀមបម្រុងផលិតជាទឹកកកនោះយកមកពិនិត្យជាក់ស្តែងនៅនឹងកន្លែង ជាលទ្ធផលបានបង្ហាញថា សិប្បកម្មផលិតទឹកកកទាំងនោះបានយកចិត្តទុកដាក់ខ្ពស់ពីបញ្ហាអនាម័យ លើកលែងតែបញ្ហាសេសសល់តិចតួចដែលមន្ត្រីក្រុមការងារបានណែនាំឱ្យអនុវត្តបន្ត ។ គួរកត់សំគាល់ថា រាជរដ្ឋាភិបាលកម្ពុជា បានកំណត់ក្នុងកម្មវិធីនយោបាយដោយចាត់ទុកការពង្រឹងគុណភាពផលិតផលចំណីអាហារជាចំណុចចម្បង ដើម្បីឆ្លើយតបទៅនឹងការចូលរួមជាសមាជិកភាពនៃអង្គការពាណិជ្ជកម្មពិភពលោក (WTO) ។ ដើម្បីឆ្លើយតបទៅនឹងការងារនេះថ្នាក់ដឹកនាំក្រសួងឧស្សាហកម្មរ៉ែ និងថាមពលបានចាត់វិធានការជាបន្ទាន់ ដោយបង្កើតឱ្យមានក្រុមការងារអធិការកិច្ចដើម្បីវាយតម្លៃក្បួនផលិតកម្មស្អាត (GMP) និងអនាម័យល្អ (GHP) ហើយការងារនេះបាននិងកំពុងអនុវត្តនៅទូទាំងប្រទេស ។ កន្លងមក ក្រសួងបានបើកវគ្គបណ្តុះបណ្តាលមន្ត្រីជំនាញក្នុងវិជ្ជាជីវៈអធិការកិច្ចសម្រាប់ត្រួតពិនិត្យចំណីអាហារ និងគោលការណ៍អនុវត្ត (GMP) និង (GHP) ក្រោមការណែនាំពីគ្រូឧទ្ទេសមានបទពិសោធន៍ខ្ពស់មកពីប្រទេសអាល្លឺម៉ង់ និងនៅតំបន់អឺរ៉ុប ។ សូមបញ្ជាក់ថា ប្រភេទផលិតផលដែលត្រូវត្រួតពិនិត្យដោយក្រុមអធិការកិច្ចមិនមែនមានតែសិប្បកម្មទឹកកក១មុខប៉ុណ្ណោះទេ គឺនៅមានផលិតផលម្ហូបអាហារជាច្រើនប្រភេទទៀតដូចជា ទឹកស៊ីអ៊ីវ គុយទាវសរសៃ មីសួ សាច់បា៉តេ សាច់ក្រកជាដើម ។ ចំពោះលក្ខខណ្ឌនៃការត្រួតពិនិត្យនេះ ក្រុមការងារបានតម្រូវឱ្យម្ចាស់សិប្បកម្មទាំងអស់ធ្វើកិច្ចសន្យាដោយដាក់លក្ខខណ្ឌធ្វើការកែតម្រូវលើកទី១ ក្នុងករណីមិនធ្វើការកែប្រែ ក្រុមការងារនឹងធ្វើការផ្អាកដំណើរការផលិតកម្មបណ្តោះអាសន្នរយៈពេល៣ខែ ។ ការសុំបន្តអាជីវកម្មឡើងវិញ ត្រូវធ្វើកិច្ចសន្យាម្តងទៀត ហើយក្នុងករណីនៅតែមិនព្រមអនុវត្តតាមការណែនាំទេ ក្រសួងនឹងធ្វើការបិទអាជីវកម្មជាស្ថាពរ ។ មជ្ឈដ្ឋានបានសម្តែងនូវការអបអរសាទរចំពោះការយកចិត្តទុកដាក់របស់ក្រសួងឧស្សាហកម្មរ៉ែ និងថាមពល ដែលបានបង្កើតឱ្យមានក្រុមអធិការកិច្ចដើម្បីត្រួតពិនិត្យជាក់ស្តែងដល់កន្លែងអាជីវកម្មរបស់សិប្បកម្មគ្រឿងហូបចុកផ្សេងៗ។ ប៉ុន្តែរាល់ពេលចុះបំពេញបេសកកម្មនេះ ក្រុមការងារគួរតែប្រើប្រាស់ឯកសណ្ឋានឱ្យបានត្រឹមត្រូវដើម្បីសម្គាល់ថា ជាក្រុមការងារមួយដែលបានបង្កើតឡើងយ៉ាងត្រឹមត្រូវ ។ កន្លងមក ក្រុមការងារនេះស្លៀកពាក់ឯកសណ្ឋានសាមញ្ញមិនមានលក្ខណៈសម្គាល់ណាមួយជាក្រុមអធិការកិច្ចរបស់ក្រសួងទេ ដូច្នេះក្រសួងគួរតែរៀបចំឯកសណ្ឋានក្រុមការងារនេះសម្រាប់អនុវត្តការងារឱ្យមានប្រសិទ្ធភាព ។ ការពង្រឹងគុណភាពផលិតកម្មជាសំណូមពរចាំបាច់ ៕ |
Posted: 22 Feb 2011 06:35 PM PST រាជធានីភ្នំពេញ ៖ សារលិខិតមួយច្បាប់ចុះថ្ងៃទី១០ កុម្ភៈ របស់លោកបណ្ឌិតសភាចារ្យសុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានផ្ញើជូនលោក Douglas Broderick ប្រធានសំរបសំរួល UNDP ដែលក្នុងសារលិខិតផ្លូវការនេះ បានជំរុញឱ្យមានការពាំនាំនូវសភាពការណ៍វិវត្តន៍ថ្មីៗនេះ ទៅកាន់អគ្គលេខានៃអង្គការសហប្រជាជាតិ ក៏ដូចជាទៅកាន់ទីភ្នាក់ងារអង្គការសហប្រជាជាតិទាំងអស់ ដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជា ។ ខ្លឹមសារលិខិតបានសរសេរថា ជាថ្មីម្តងទៀត ខ្ញុំមានកិត្តិយសសូមថ្លែងអំណរគុណចំពោះការអញ្ជើញមកជួបខ្ញុំកាលពីថ្ងៃចន្ទ ទី៧ កុម្ភៈ ឆ្នាំ២០១១ ទាក់ទិនទៅនឹងរឿងវិវាទព្រំដែននៅតំបន់ប្រាសាទព្រះវិហារ និងជំរាបជូននូវការវិវត្តទាក់ទិននឹងព្រឹត្តិការណ៍ដែលបានកើតឡើង ចាប់តាំងពីកិច្ចប្រជុំលើកមុនមក ។
ក្នុងអំឡុងពេល៤ថ្ងៃ នៃការវាយប្រហារផ្ទួនៗគ្នាចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៧ កុម្ភៈ ឆ្នាំ២០១១ ទាហានថៃបានប្រើកាំភ្លើងធំ និងទ័ពថ្មើរជើង ជុំវិញតំបន់ប្រាសាទ ដែលបណ្តាលឱ្យមានការខូចខាតយ៉ាងច្រើន និងយ៉ាងធ្ងន់ធ្ងរ ដូចមានរៀបរាប់ពិស្តារខាងក្រោម ដែលសមនឹងពាក្យថា «សង្គ្រាមពិត» ដូចដែលបានថ្លែងដោយសម្តេចតេជោហ៊ុន សែន ។ បើទោះបីជាពុំមានការវាយប្រហារជាលក្ខណៈទ្រង់ទ្រាយធំ ចាប់ពីថ្ងៃទី៧ កុម្ភៈ ក៏ដោយ ប៉ុន្តែសភាពការណ៍នៅតែស្ថិតនៅក្នុងស្ថានភាពគ្រោះថ្នាក់ខ្លាំងនៅឡើយ ដែលនឹងអាចកើតមាន ជាការវាយប្រហារសាជាថ្មីគ្រប់ពេលវេលា ជាពិសេសនៅពេលដែលថៃបានបន្តបន្ថែមកំលាំងទ័ពនៅតាមបណ្តោយ ព្រំដែន។
ទាហាន៣នាក់ និងប៉ូលិសម្នាក់ត្រូវបានសំលាប់, ទាហាន២១នាក់ រងរបួស, ជនស៊ីវិល២នាក់ត្រូវបានសំលាប់, ជនស៊ីវិល៥០នាក់ បានរងរបួស, ជនស៊ីវិល៣.០០០គ្រួសារ ត្រូវបានជំលៀសទៅជំរំភៀសខ្លួន៣កន្លែងដែលមានចំនួនមនុស្សសរុបប្រហែល១០.០០០នាក់ (៧០ភាគរយជាស្ត្រី) ។
ទន្ទឹមនឹងនេះដែរ ការវាយប្រហារបានបណ្តាលឱ្យមានការខូចខាតដូចខាងក្រោម ៖
នាថ្ងៃទី៥ កុម្ភៈ លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង បានសរសេរលិខិតទៅកាន់ ប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្តីអំពីស្ថានការណ៍ផ្ទុះអាវុធ។ នាថ្ងៃទី៦ កុម្ភៈ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើសារលិខិតទៅកាន់ប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដើម្បីស្នើសុំធ្វើការកោះប្រជុំជាបន្ទាន់ ក្នុងគោលបំណងដើម្បីបញ្ឈប់ការឈ្លានពានរបស់ថៃ និងស្នើសុំឱ្យលិខិតនេះផ្សព្វផ្សាយជាលិខិតផ្លូវការ។ |
Posted: 22 Feb 2011 06:14 PM PST រាជធានីភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍បញ្ជាក់ថា ការតស៊ូរបស់យើងលើបញ្ហាព្រំដែននៅតំបន់ប្រាសាទព្រះវិហារមិនមែនជាការតស៊ូមួយថ្ងៃពីរថ្ងៃ មួយខែ ពីរខែទេ គឺជាការតស៊ូយូរអង្វែង ព្រោះរឿងវាមិនចប់ត្រឹមនេះទេ រង់ចាំដំណោះស្រាយស្ថាពរលើបញ្ហាព្រំដែន។ មួយប្រើផែនទីដែលតុលាការទីក្រុងឡាអេទទួលស្គាល់នៅក្នុងអង្គហេតុនេះ ឯមួយទៀតគូសតាមឯកតោភាគី។ សម្តេចតេជោនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា បើដូច្នេះវិធីតែមួយគត់អាស៊ានក៏ដោះស្រាយមិនចេញដែររឿងនេះ ក្រុមប្រឹក្សាសន្តិសុខអ.ស.បក៏មិនមានសមត្ថកិច្ចដោះស្រាយរឿងហ្នឹងទេ គឺមានតែតុលាការយុត្តិធម៌អន្តរជាតិប៉ុណ្ណោះ។ ព្រះករុណា ព្រះបិតាបានយកឈ្នះព្រះរាជបូជនីយកិច្ចរបស់ព្រះអង្គនៅ ឆ្នាំ១៩៦២ ចរចា១៩៥៤ដល់១៩៥៩ ដល់ខែមិថុនា ១៩៦២ ទើបកាត់ ឥឡូវយើងសូមស្នើឱ្យបកស្រាយសាលក្រមនោះឡើងវិញ។ យើងបានរៀបចំឯកសាររួចអស់ហើយ អ្នកច្បាប់របស់យើងកំពុងយកឯកសារនេះដាក់ទៅតុលាការអន្តរជាតិទីក្រុងឡាអេ។ កម្ពុជាយើងមានអ្នកច្បាប់ពីបរទេសកែសំរួលរួចអស់ហើយ ដូច្នេះមានតែចំណាត់ការដោយតុលាការទីក្រុងឡាអេទើបបកស្រាយសាលក្រមនេះ ទើបរឿងនេះវាចប់។ ទាក់ទិននឹងការចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាននៅថ្ងៃទី២២ ខែកុម្ភៈ សម្តេចតេជោនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា យើងរង់ចាំបើសិនគ្មានការប្រែប្រួលរបស់មេដឹកនាំថៃទេ គឺសភាពការណ៍នឹងវិវត្តទៅកាន់ភាពល្អ ដល់ថ្ងៃអាទិត្យ ទី២០ កុម្ភៈ នាយករដ្ឋមន្ត្រីថៃ អាប់ភីស៊ីត បើកការប្រជុំនៅក្រសួងការបរទេសថៃ ដើម្បីសំរបឥរិយាបថរបស់ថៃនៅពេលប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាននៅថ្ងៃទី២២ ខែកុម្ភៈ។ សំដីលោកកាស៊ីត ភីរម្យ ដោយដកស្រង់បាន ថៃស្នើប្រទេសឥណ្ឌូណេស៊ីបញ្ជូនអ្នកសង្កេតការណ៍មកត្រួតពិនិត្យកន្លែងដែលមានការផ្ទុះអាវុធដោយស្នាក់នៅជាមួយកងកម្លាំងភាគីថៃ ដើម្បីធ្វើជាសាក្សីថា យើងមិនបានធ្វើ និងគ្មានបំណងនឹងធ្វើឱ្យមានការច្បាំងគ្នា ។ ទាក់ទិននឹងបញ្ហានេះ សម្តេចមានប្រសាសន៍ថា ខាងកម្ពុជាសង្ឃឹមថា ក៏នឹងអះអាងដូចគ្នាផងដែរអំពីការស្នើឱ្យមានសមត្ថកិច្ចឥណ្ឌូណេស៊ីមកប្រចាំការខាងភាគីកម្ពុជា ដើម្បីត្រួតពិនិត្យឱ្យមានការឈប់បាញ់ជាអចិន្ត្រៃយ៍ដ៏ពិតប្រាកដ។ នៅក្នុងសំដីដែលបានដកស្រង់នោះលោកនាយករដ្ឋមន្ត្រី អាប់ភីស៊ីត ថា បើកម្ពុជាមិនទទួលសំណើទេ លោកក៏មិនដឹងធ្វើដូចម្តេចដែរ។ សម្តេចតេជោនាយករដ្ឋមន្ត្រីអះអាងថា ស្វាគមន៍... វាអត់លំបាកទេនំរបស់ហ៊ុន សែន ឱ្យហ៊ុន សែន ស៊ីវិញក៏វាអត់អី មានអីលំបាក។ ចំណុចនោះខ្ញុំបោះទៅទេតើ កុំចាំបាច់មកប្រដៅខ្ញុំថា យកឬមិនយក... ព្រោះខ្ញុំសង្ស័យឥរិយាបថរបស់ថៃមិនទទួល បើខ្ញុំបានប្រកាសតាំងពីថ្ងៃទី១៧ ខែកុម្ភៈ មកម៉្លេះ។ បើដូច្នេះជំហររបស់ភាគីទាំង២ដូចគ្នា ហើយទំរង់ការបែបនេះមិនចាំបាច់មានកិច្ចព្រមព្រៀងចុះហត្ថលេខាទេ ព្រោះការមក គឺមកធ្វើអ្វី គឺមកពិនិត្យមើលការឈប់បាញ់ ដូច្នេះការឈប់បាញ់បានចូលជាធរមានហើយ។ អ្នកសង្កេតការណ៍ត្រួតពិនិត្យមកដល់ហើយ ចាំមើលអ្នកណាបាញ់មុន អ្នកណាបាញ់ក្រោយ ចាំមើលទៅ។ ខ្ញុំចេះតែនិយាយកន្លងទៅ ទ្វេភាគី ទ្វេភាគី ទ្វេភាគី ប៉ុន្តែវាអត់មនុស្សទី៣មក រួចចេះតែស៊ីញ៉េនឹងដៃរួចលុបនឹងជើងវាអត់កើត។ បើអ៊ីចឹងគឺត្រូវតែមានភាគីទី៣ ចូលរួមកៀកនៅទល់ដែន កៀកនៅតុចរចា ពិតហើយសំរេចកិច្ចការចុងក្រោយ គឺសំរេចរវាងកម្ពុជានិងថៃ តែត្រូវឱ្យអ្នកទី៣គេដឹង ដើម្បីកុំឱ្យពីព្រឹកអីចេះ ល្ងាចអីចុះ...ប៉ុន្តែបរិយាកាសប៉ុណ្ណឹងចាត់ទុកល្អ។ ខ្ញុំសង្ឃឹមថា អ្វីដែលខ្ញុំនិយាយគឺវាច្បាស់... ឈប់បំពានគ្នា រក្សាសេចក្តីសុខឱ្យប្រជាជន រក្សាកុំឱ្យកងទ័ពរបួស និងស្លាប់។ រឿងនេះមិនមែនរឿងហ៊ុន សែន ម្នាក់ឯងទេ គឺរឿងប្រជាជន រឿងជាតិ មិនថាប្រជាជននៅក្នុងប្រទេស ប្រជាជនរស់នៅក្រៅប្រទេសក៏ចង់ដឹងសភាពការណ៍ហ្នឹងដែរ៕ |
Posted: 22 Feb 2011 05:44 PM PST ខេត្តព្រះសីហនុ ៖ ក្រុមតន្ត្រីសម័យ «អូសេតេ» គឺជាឈ្មោះក្រុមតន្ត្រីដ៏ល្បីមួយវង់នៅលើទឹកដីក្រុងមាត់សមុទ្ររបស់ខេត្តព្រះសីហនុ ។ វង់តន្ត្រីដ៏ល្បីមួយនេះបានចាប់កំណើតនៅអំឡុងឆ្នាំ១៩៩៧ គឺជាងដប់ឆ្នាំមកហើយ ហើយបានតស៊ូក្នុងវិស័យសិល្បៈតន្ត្រីយ៉ាងត្រដាបត្រដួស តាំងពីដើរចាក់ធុងបាស់រហូតបង្កើតបានក្រុមតន្ត្រីមួយវង់ និងឈានទៅបង្កើតបានមួយក្រុមទៀតដែលមានឈ្មោះថា ក្រុមតន្ត្រីសម័យអូសេតេB នាពេលបច្ចុប្បន្ន ។ ក្រុមតន្ត្រីសម័យ «អូសេតេA និងB» មានទីតាំងនៅក្រុមទី១៣ ភូមិ៣ សង្កាត់លេខ២ ក្រុងព្រះសីហនុ គ្រប់គ្រងដោយលោកហែម ចំរើន មានសមាជិកសរុប២៨នាក់ (មួយវង់មាន១៤នាក់) ។ ដោយសារតែភាពល្បីឈ្មោះនេះហើយ ទើបធ្វើឱ្យក្រុមតន្ត្រីអូសេតេទាំង២វង់រកពេលទំនេរគ្មានឡើយ ឱ្យតែដល់រដូវរៀបមង្គលការ គឺមានកម្មវិធីជាប់រដឹកពីមួយទៅមួយ ។ ជាអកុសលនៅថ្ងៃទី១៩ កុម្ភៈ វេលាម៉ោង៩ និង៤៥នាទី វង់តន្ត្រីមួយនេះបានជួបឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់បំផុត ដែលបង្កឡើងដោយម៉ូតូកង់បីដឹកប៊ីដុងសាំងបានបុកជាមួយរថយន្តរបស់ក្រុមតន្ត្រី «សោកនាដកម្មរថយន្តក្រុមតន្ត្រីសម័យបុកម៉ូតូរ៉ឺម៉កកង់៣ឆេះសន្ធោសន្ធៅ»។ ហេតុការណ៍បានកើតឡើងនៅលើផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិត្រពាំងស្អុយ ឃុំអណ្តូង ស្រុកព្រៃនប់ បណ្តាលឱ្យមានមនុស្សស្លាប់ និងរបួសជាច្រើននាក់ ។ យោងតាមប្រភពព័ត៌មានចុងក្រោយពីលោកស៊ុន កុសល អាយុ៣១ឆ្នាំ ដែលជាជនរងគ្រោះផងដែរ បានរៀបរាប់ឱ្យដឹងថា រហូតមកដល់ថ្ងៃទី២២ កុម្ភៈ ចំនួនអ្នកនៅក្នុងវង់តន្ត្រីដែលស្លាប់មានចំនួន៣នាក់ ក្នុងនោះស្រី២នាក់ និងអ្នករងរបួសដែលកំពុងសំរាកនៅមន្ទីរពេទ្យបង្អែកចំការចេកចំនួន៦នាក់ សំរាកនៅគ្លីកនិកឯកជន (សេតេ) ១នាក់ សំរាកនៅផ្ទះ១នាក់ ។ ប្រភពដដែលបន្តទៀតថា សរុបទាំងអ្នកស្លាប់ និងអ្នករបួសមានចំនួន១១នាក់ ។ លោកបន្តថា តាមពិតការទៅប្រគំតន្ត្រីលើកនេះមានគ្នាចំនួន១៤នាក់ តែអវត្តមានម្នាក់ដោយសារមានជំងឺ និង២នាក់ទៀតជិះម៉ូតូមកតាមក្រោយ ។ លោកបន្តទៀតថា ក្រុមលោកទៅលេងក្នុងពិធីមង្គលការមួយនៅភូមិចំការដូងប្រេង ។ |
ការវិភាគពីបទឈប់បាញ់គ្នាដែលនឹងត្រូវអនុវត្ត Posted: 22 Feb 2011 05:38 PM PST រាជធានីភ្នំពេញ ៖ បទវិភាគមួយរបស់ទីប្រឹក្សាជាន់ខ្ពស់ និងជាសមាជិកនៃគណៈកម្មាធិការសិក្សាសាកលវិទ្យាល័យបញ្ញាសាស្ត្រ លោកសាស្ត្រាចារ្យ ប៉ែន ងឿន បានប្រមើលមើលពីយន្តការដែលល្អបំផុតរបស់អាស៊ានដើម្បីធានាឱ្យមានបទឈប់បាញ់គ្នាដែលនឹងត្រូវអនុវត្ត។ លោកបានផ្តល់ការកត់សំគាល់ថា ចាប់ពីថ្ងៃទី១២ ដល់១៤ ខែកុម្ភៈ នាពេលយប់ កងទ័ពថៃបានធ្វើសកម្មភាពយោធាមិនប្រក្រតីនានា ដោយបោកគ្រាប់បែកដៃ បាញ់បេ៤០ RPG បាញ់កាំភ្លើងធំ ៦០មីល្លីម៉ែត្រ និង៨១មីល្លីម៉ែត្រ ជាច្រើនគ្រាប់នៅជុំវិញទីតាំងរបស់ខ្លួនក្នុងភាគខាងលិចភ្នំទ្រព្យ ដែលសកម្មភាពទាំងនោះបានត្រូវបង្កើនយ៉ាងខ្លាំងពីម៉ោង២១:០០ ថ្ងៃ១៥ ខែកុម្ភៈ ដល់ម៉ោង៥:០០ ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១១ ដែលបានបណ្តាលឲ្យទាហានថៃខ្លួនឯងនោះរងរបួស ដោយសារតែគ្រាប់បែកជាច្រើនបានប៉ះទៅនឹងមែកឈើ ហើយធ្លាក់ត្រឡប់មកក្នុងទីតាំងរបស់ថៃវិញ។ កងទ័ពកម្ពុជាបានអត់ធ្មត់ជាទីបំផុត និងមិនបានធ្វើការតបតទេ ព្រោះការបាញ់របស់ថៃនោះមិនបានចំទីតាំងរបស់កម្ពុជាទេ ។
ទោះបីជាមានការពន្យល់យ៉ាងណាក៏ដោយ ក៏សកម្មភាពដែលកើតឡើងក្នុងអំឡុងពេលនៃបទឈប់បាញ់ដែលបានព្រមព្រៀងរវាងកងកម្លាំងប្រដាប់អាវុធកម្ពុជា និងថៃ ក្រោយពីសង្គ្រាមវាយប្រហាររបស់ថៃរយៈពេល៤ថ្ងៃ គឺពីថ្ងៃទី៤ ដល់ទី៧ ខែកុម្ភៈ ឆ្នាំ២០១១ មកលើកម្ពុជានោះ គឺជាការបង្កហេតុផ្នែកយោធាដែលក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិរបស់កម្ពុជាបានចេញសេចក្តីថែ្លងការណ៍មួយថា៖ «ការរំលោភបំពានលើបទឈប់បាញ់ ដោយកងកម្លាំងប្រដាប់អាវុធថៃបានបង្ហាញយ៉ាងច្បាស់ថា គោលបំណងពិតប្រាកដនៃការទាមទាររបស់ថៃឲ្យដោះស្រាយបញ្ហាក្នុងក្របខណ្ឌទ្វេភាគីនោះ គឺប្រើប្រាស់កម្លាំងយោធាដ៏មានអានុភាពខ្លាំងក្លាជាងកម្ពុជា ដើម្បីយកទឹកដីកម្ពុជាក្នុងតំបន់ជុំវិញប្រាសាទព្រះវិហារ»។ ប៉ុន្តែ ការចោទប្រកាន់របស់ថៃថា «កងទ័ពកម្ពុជា បោកគ្រាប់បែកចូលមូលដ្ឋានខាងថៃ» បង្កឱ្យពលបាលត្រី Ratchaphon Seepanya នៃកងពលលេខ១៦ មានរបួសជាទំងន់ ហើយភាគីទាំងពីរបានបាញ់កាំភ្លើងដៃដាក់គ្នាដែលបណ្តាលឲ្យទ័ពថៃ៤រូបទៀត របួសស្រាល គឺជាការប្រឌិតសុទ្ធសាធ ដើម្បីមួលបង្កាច់កងទ័ពកម្ពុជាថា ជាអ្នកវាយប្រហារ និងជាយុទ្ធនាការបំពុលបរិយាកាសរបស់ថៃល្មោភសង្រ្គាម ដើម្បីបង្ខូចកិត្តិយសរដ្ឋាភិបាលកម្ពុជា នៅលើឆាកអន្តរជាតិ ហើយនេះអាចជាផ្នែកមួយនៃគម្រោងការអាក្រក់ក្នុងការចាប់ផ្តើមយុទ្ធនាការវាយប្រហារគ្រប់មធ្យោបាយមកលើកម្ពុជា មុនថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១១ ក្នុងគោលបំណង ដើម្បីបង្វែរទិសដៅនៃការប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ស្របទៅតាមអនុសាសន៍របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ ប្រការនេះបណ្តាលឲ្យមានលទ្ធភាពខ្ពស់ដែលថា អាប់ភីស៊ីត វេចាជីវ៉ា និងកាស៊ីត ភីរម្យ ជាអ្នករ៉ាប់រងកិច្ចការពាក់ព័ន្ធផ្សេងៗរបស់ថៃ។ ថៃបានដាក់ពង្រាយទ័ពជាង២៣.០០០នាក់ ជាមួយនឹងសព្វាវុធធុនធ្ងន់រថក្រោះធុនធ្ងន់ APC និងកាំភ្លើងធំចម្ងាយឆ្ងាយក្នុងតំបន់ទល់មុខនឹងប្រាសាទព្រះវិហារ និងតំបន់ជុំវិញប្រាសាទ ។
នៅសមរភូមិនយោបាយ ទោះបីជាមានការអះអាងដោយកាស៊ីត ភីរម្យ និងអាប់ភីស៊ីត វេចាជីវ៉ា ថា ថៃបានឈ្នះវគ្គតទល់នៅញូវយ៉កក៏ដោយ មានអ្នកនយោបាយជើងចាស់ជាច្រើនរួមទាំងអតីតអគ្គរដ្ឋទូតថៃប្រចាំនៅអង្គការសហប្រជាជាតិ ដុន ប្រាមុដវីណៃ និងអ្នកវិភាគអន្តរជាតិជាច្រើនទទួលស្គាល់ថា បញ្ហារវាងកម្ពុជា និងថៃត្រូវបានធ្វើអន្តរជាតិនីយកម្ម ដែលឥឡូវនេះក្នុងកំរិតតំបន់ក្នុងក្របខ័ណ្ឌអាស៊ាន ប្រសិនបើមិនបានត្រូវដោះស្រាយនាពេលនេះទេ បញ្ហានេះនឹងត្រូវដោះស្រាយដោយអង្គការសហប្រជាជាតិនៅពេលក្រោយ។ អាប់ភីស៊ីត វេចាជីវ៉ា និងកាស៊ីត ភីរម្យ ពូកែខាងប្រឌិតព័ត៌មាន និងបំភ្លៃការពិត។ ពួកគេបន្តទទូចចង់បាននូវការចរចាទ្វេភាគី ខណៈដែលពិភពលោកទាំងមូលដឹងយ៉ាងច្បាស់ ប្រធានក្រុមប្រឹក្សាសន្តិសុខ Maria Luizia Ribeiro Viotti បាននិយាយថា ហើយខ្ញុំបានដកស្រង់ «ក្នុងន័យនេះ គឺថាត្រូវយើងធ្វើការដោយមានការចូលរួមសហការឲ្យបានខ្លាំងក្លាបំផុតជាមួយកិច្ចខិតខំប្រឹងប្រែងក្នុងតំបន់ (ដែលបច្ចុប្បន្ន កិច្ចខិតខំប្រឹងប្រែងក្នុងតំបន់កំពុងតែត្រូវបានអនុវត្តពេញទំហឹង) គឺគេត្រូវដោះស្រាយស្ថានការណ៍ដោយសន្តិភាព តាមរយៈកិច្ចសន្ទនាដ៏មានប្រសិទ្ធភាព»។ ក្នុងដំណើរទៅកាន់ប្រធានក្រុមប្រឹក្សាសន្តិសុខ រដ្ឋមន្រ្តីការបរទេសឥណ្ឌូណេស៊ី Marty Natalegawa ដែលជាប្រធានអាស៊ានបច្ចុប្បន្នបាននិយាយដោយប្រយោលថា «បញ្ហានៅទីនេះ គឺការធានាឱ្យមានការប្ដេជ្ញាចិត្តច្បាស់លាស់ពីភាគីថៃ និងកម្ពុជាសំរាប់ដំណោះស្រាយមួយប្រកបដោយសន្តិភាព»។ ប្រការនេះបានបញ្ជាក់អំពីការតម្រូវឲ្យមានការលូកដៃរបស់អាស៊ានយ៉ាងជ្រៅនៅក្នុងដំណើរការចរចា។ ច្បាស់ណាស់ថា អាប់ភីស៊ីត វេចាជីវ៉ា នឹងមិនបានទទួលអ្វីនោះទេ នៅពេលដែលគាត់ចង់ទូន្មានកម្ពុជា ដោយនិយាយថា «ខណៈដែលសហគមន៍អន្តរជាតិគិតថា បញ្ហា គួរតែដោះស្រាយតាមរយៈការចរចា។ កម្ពុជាមិនមានមូលហេតុអ្វីត្រូវប្រកែកទេ ហើយគួរត្រឡប់ទៅនិយាយគ្នាវិញ។ លោកអាប់ភីស៊ីត វេចាជីវ៉ា គួរតែធ្វើការខ្លួនឯងទៅ ហើយទុកឱ្យកម្ពុជាធ្វើការរបស់កម្ពុជា។ ខ្ញុំមិនមន្ទិលទេថា កម្ពុជានឹងទៅកាន់ទីក្រុងហ្សាការតា។ មិនគ្រាន់តែប៉ុណ្ណោះទេ ប្រសិនបើអាប់ភីស៊ីត វីចាជីវ៉ា ធ្លាប់បានរៀនរាប់ត្រឹមត្រូវយ៉ាងហោចណាស់ដល់៣ គាត់នឹងឈប់ទទូចអំពីការចរចាជាទ្វេភាគី។ ប្រសិនបើពាក្យនេះមានតម្លៃសំរាប់គាត់ខានមិនបាន ហើយនិងគិតដល់កង្វះខាតសមត្ថភាពក្នុងការរាប់លេខ យើងអាចលើកលែងឱ្យអាប់ភីស៊ីត វេចាជីវ៉ា និយាយថា ទ្វេភាគីបូកអាស៊ាន។
ដោយមើលឃើញធាតុពិត រដ្ឋាភិបាលអាប់ភីស៊ីត និងសារព័ត៌មានថៃ បានសហការគ្នាវាយប្រហារ និងសំឡុតបំភ័យអាស៊ាន និងលោក Marty Natalegawa រដ្ឋមន្ដ្រីការបរទេសនៃប្រទេសឥណ្ឌូណេស៊ី ដោយឥតឈប់ឈរ។ បទវិចារណកថាដែលបានចេញផ្សាយដោយកាសែតបាងកកប៉ុស្ដិ៍ កាលពីថ្ងៃទី១៦ ខែកុម្ភៈ ក្រោមចំណងជើងថា «ឱកាសមួយសម្រាប់ការជួយដោយអាស៊ាន» មិនមានភាពសមរម្យចំពោះលោករដ្ឋមន្ដ្រីការបរទេស Marty ដោយនិយាយថា «នេះជាបទភ្លេងដែលពីរោះដល់ត្រចៀករដ្ឋមន្ដ្រីការបរទេសឥណ្ឌូណេស៊ី Marty Natalegawa ដែលជាប្រធានអាស៊ាន ក្នុងពេលបច្ចុប្បន្ន»។ លោកបានរត់តាមរដ្ឋមន្ដ្រីការបរទេសទាំងពីរទៅកាន់ទីក្រុងញូវយ៉ក បានថ្លែងនៅក្នុងសម័យប្រជុំក្រុមប្រឹក្សាសន្ដិសុខ និងបានបញ្ចុះបញ្ចូលឱ្យមានឱកាសក្នុងការដឹកនាំកិច្ចខិតខំប្រឹងប្រែងជាអន្ដរជាតិមួយ ដើម្បីសម្របសម្រួលដំណោះស្រាយបញ្ហាថៃ-កម្ពុជា។ តាមការអះអាងរបស់អ្នកវិភាគអន្ដរជាតិ អ្វីដែលធ្វើឱ្យថៃកាន់តែក្រេវក្រោធនោះគឺ «អាស៊ាននឹងសម្រេចថា យន្ដការណាដែលប្រសើរជាងគេសម្រាប់ដាក់អនុវត្ដ ដើម្បីធានាថា បទឈប់បាញ់គ្នានឹងត្រូវបានបញ្ឈប់ និងធានាថា លែងមានអំពើហិង្សាកើតឡើង»។ វត្ថុបំណងទាំងនេះអាចនឹងសម្រេចបានតែតាមរយៈការលូកដៃយ៉ាងពេញទំហឹងពីសំណាក់អាស៊ាន។ ហេតុអ្វី? ពីព្រោះថា ការលូកដៃរបស់អាស៊ាន នឹងធ្វើឱ្យសហគមន៍អន្ដរជាតិមើលឃើញថា ប្រទេសថៃបានធ្វើឱ្យខូចអត្ថន័យនៃ «ការចរចាទ្វេភាគី» ដែលឃ្លាតឆ្ងាយពីកិច្ចការនយោបាយអន្ដរជាតិ ក្នុងការស្វែងរកការយោគយល់គ្នារវាងភាគីទាំងអស់តាមរយៈមធ្យោបាយសន្ដិភាព និងធ្វើឲ្យប្រែក្លាយទៅជាឧបករណ៍នៃការប្រើកំលាំងបង្ខិតបង្ខំ អំពើប្រមាថ ការគំរាមកំហែងដោយប្រដាប់អាវុធជាចំហ និងសង្គ្រាមឈ្លានពាន ដោយយកមហិច្ឆតាខ្លួនធ្វើជាច្បាប់ ដែលឆ្លុះឱ្យឃើញពីភាពមិនស៊ីវិល័យនៅក្នុងទំនាក់ទំនងរវាងប្រជាជាតិឯករាជ្យ និងអធិបតេយ្យទាំងពីរ។ ហេតុផលទាំងនេះ កំលាំងយោធាដ៏ទំនើបច្រើនលើសលប់របស់ថៃ បើប្រៀបធៀបជាមួយកម្ពុជា ការដាក់ពង្រាយកម្លាំងទ័ពចំនួនជាង២៣.០០០នាក់ ដែលប្រដាប់ដោយសព្វាវុធទំនើបនៅតាមតំបន់ព្រំដែន គឺជាមូលហេតុដែលនាំឲ្យមានការព្រួយបារម្ភយ៉ាងខ្លាំងដែលទាមទារឱ្យ ១-មាននគរបាលរក្សាសន្ដិភាពអាស៊ាន ដើម្បីធានាឱ្យមានការគោរពបទឈប់បាញ់គ្នា និងមិនមានអំពើហិង្សាកើតឡើង ២-មានអ្នកចូលរួមរបស់អាស៊ាននៅក្នុងកិច្ចចរចាកំណត់ព្រំដែនគោក។ ក្នុងស្មារតីរស់នៅដោយសន្ដិភាពជាមួយនឹងប្រទេសថៃ ដោយមិនធ្វើឱ្យប៉ះពាល់ដល់អធិបតេយ្យជាតិ និងបូរណភាពទឹកដី រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី បានយល់ឃើញថា ត្រូវមានការចូលរួមពីសំណាក់ក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិ និងអាស៊ាន ចាប់តាំងពីឆ្នាំ២០០៨ មកម៉្លេះ។ គំនិតខាងលើនេះ បានអូសបន្លាយពេលអស់ជាច្រើនឆ្នាំ ដែលឆ្លុះបញ្ចាំងឱ្យឃើញពីការអត់ធ្មត់របស់យើង ៕ |
នាងនិស្សិតចាញ់ល្បិចកលគេស្រែកយំមុខប៉ូលិស Posted: 22 Feb 2011 05:15 PM PST រាជធានីភ្នំពេញ ៖ និស្សិតស្រីនៅសាកលវិទ្យាល័យន័រតុនម្នាក់ បានចាញ់ល្បិចចោរដែលប្រើរូបភាពធ្វើជាជ្រុះមាស ហើយនាំទៅកន្លែងស្ងាត់ដោះយកគ្រឿងអលង្ការរួមមាន កងដៃមាសចំនួន៧ ទំងន់សរុប១តម្លឹង និងចិញ្ចៀនពេជ្រ១វង់ ជាថ្នូរនឹងកញ្ចប់គ្រាប់កង់រួចគេចបាត់រត់ ហើយនៅព្រឹកថ្ងៃ ទី២២ កុម្ភៈ នាងបានជិះម៉ូតូទៅប្តឹងសមត្ថកិច្ចខណ្ឌទួលគោកដោយយំខ្សឹកខ្សួលសោកស្តាយ តែវាហួសពេលទៅហើយ ។ ការប្រើល្បិចបោកនេះបានកើតឡើងកាលពីវេលាម៉ោង៩ និង៣០នាទីព្រឹកថ្ងៃទី២២ កុម្ភៈ ខណៈពេលដែលនិស្សិតស្រីរូបនេះធ្វើដំណើរទៅផ្សារទួលសង្កែ ក្នុងសង្កាត់ទួលសង្កែ ហើយស្ត្រី២នាក់ធ្វើល្បិចជាជ្រុះកញ្ចប់មាស រួចនាំនាងទៅកន្លែងស្ងាត់ក្បែរអតីតទីតាំងអង្គការស៊ីម៉ាក់ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក ដោះយកគ្រឿងអលង្ការជាថ្នូរនឹងកញ្ចប់មាសបន្ទាប់មកក៏គេចខ្លួនបាត់ដែលតាមពិតជាកញ្ចប់គ្រាប់កង់តែប៉ុណ្ណោះ ។ និស្សិតស្រីដែលចាញ់ល្បិចចោរនេះឈ្មោះហ៊ុន ទីណា អាយុ២០ឆ្នាំ មានទីលំនៅម្តុំមន្ទីរពេទ្យកាល់ម៉ែត ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។ តាមនិស្សិតរូបនេះបានរៀបរាប់ទាំងទឹកភ្នែកថា នៅព្រឹកថ្ងៃកើតហេតុនាងបានជិះម៉ូតូគុបមួយគ្រឿងធ្វើដំណើរទៅទិញផ្លែឈើនៅផ្សារទួលសង្កែ ។ នៅពេលកំពុងរកទិញផ្លែឈើ ស្រាប់តែមានស្ត្រី២នាក់មកទះស្មានាងហើយប្រាប់ថា រើសបានកញ្ចប់មាស តែកុំឱ្យមាត់ចាំទៅចែកគ្នា ព្រមទាំងបង្ហាញកញ្ចប់មាសនោះទៀតផង ។ ខណៈនោះនាងហាក់ដូចជាត្រូវថ្នាំ ហើយស្ត្រី២នាក់នោះនាំនាងចេញមកក្រៅផ្សារ រួចនាំគ្នាមកកន្លែងស្ងាត់ក្បែរអតីតទីតាំងអង្គការស៊ីម៉ាក់ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក ។ ពេលនោះស្ត្រីទាំង២នាក់បានឱ្យនាងដោះកងដៃមាសចំនួន៧ដែលមានទំងន់សរុប១តម្លឹង ព្រមទាំងដោះចិញ្ចៀនពេជ្រទៅឱ្យ រួចហើយស្ត្រីនោះក៏បានឱ្យកញ្ចប់មាសមកវិញ ។ ក្រោយមក ស្ត្រីទាំង២នាក់បានគេចខ្លួនបាត់ ទើបនាងលាកញ្ចប់នោះមើល ឃើញសុទ្ធតែគ្រាប់កង់ ។ បន្ទាប់ពីចាញ់ល្បិចចោរ និស្សិតស្រីរូបនេះបានយកកញ្ចប់គ្រាប់កង់មកប្តឹងសមត្ថកិច្ច ដើម្បីឱ្យជួយស្វែងរកគ្រឿងអលង្ការត្រឡប់មកវិញ ។ គួរបញ្ជាក់ថា ល្បិចទំលាក់សំណដូរយកគ្រឿងអលង្ការនេះតែងតែកើតឡើងជាញឹកញាប់ ហើយមានស្ត្រីជាច្រើននាក់ហើយដែលចាញ់បោកគេ ៕ |
ចោរហារយប្លន់លំនៅឋានអ្នកភ្ញាស់ពងទាកូន Posted: 22 Feb 2011 05:02 PM PST ខេត្តកំពត ៖ ចោរមួយក្រុមមានគ្នាប្រមាណ៥នាក់ ដែលខ្លះស្លៀកពាក់ឈុតពណ៌ក្រមៅ និងអាវប៉ារ៉ាពីក្រៅ ឯខ្លះទៀតស្លៀកពាក់ស៊ីវិល ប្រដាប់ដោយកាំភ្លើងអាកាបត់១ដើម និងកាំភ្លើងខ្លី២ដើម បានធ្វើសកម្មភាពប្លន់ផ្ទះអ្នកភ្ញាស់ពងទាកូន កាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី២១ កុម្ភៈ នៅភូមិតាចាន់ ឃុំក្រាំងស្នាយ ស្រុកឈូក។ តាមលោកង៉ែត ម៉ុល អាយុ៥៨ឆ្នាំ និងប្រពន្ធឈ្មោះជិន ណាក់ អាយុ៥៦ឆ្នាំ ដែលជាម្ចាស់ផ្ទះបានឱ្យដឹងថា នៅវេលាម៉ោងជាង៧យប់នោះពួកគាត់ទាំង២នាក់ប្តីប្រពន្ធមិនបាននៅផ្ទះឡើយ ព្រោះជាប់រវល់ទៅហូបការគេ នៅតែកូន និងក្មួយកំពុងមើលទូរទស្សន៍ក្នុងផ្ទះ ដោយបិទទ្វាររបង ទ្វារផ្ទះ តែមិនបានដាក់គន្លឹះក្នុងទេ។ ចំណែកក្មួយប្រុសគាត់ឈ្មោះយុត ដា ភេទប្រុស អាយុ២០ឆ្នាំ និយាយថា ពួកចោរបានរុញទ្វារចូល រួចចាប់រូបគេចងស្លាបសេកឱ្យដេកផ្កាប់មុខ។ ពួកចោរកាន់កាំភ្លើ់ងខ្លី តែមិនស្គាល់ម៉ាក និងមានចំនួន៥នាក់ តែបក្សពួកនៅក្រៅផ្ទះមិនដឹងទេ។ ចំណែកកូនស្រីម្ចាស់ផ្ទះឈ្មោះសម ធានី អាយុ១៨ឆ្នាំ ដែលនៅក្នុងបន្ទប់ខាងលើត្រូវពួកចោរចាប់ចងហើយសួររកសោទ្វារ និងសោកេសដាក់លុយ តែនាងប្រាប់ថា មិនដឹងឪពុកម្តាយទុកនៅឯណាទេ ។ ពេលនោះពួកចោរបានវាយនាងនឹងកាំភ្លើងខ្លីចំសៀតផ្កាហើយរើកកាយថតតុថតទូបានសោចាក់ និងហឹបដែកមួយគាស់យកគ្មានសល់អ្វីឡើយ ។ តាមប្រភពព័ត៌មានថា នៅពេលពួកចោរកំពុងធ្វើសកម្មភាពប្លន់ក្នុងផ្ទះនោះ ឪពុកម្តាយដែលទៅហូបការក៏ត្រឡប់មកវិញហើយបើកទ្វារបងចូលដល់មុខផ្ទះស្រែកហៅ ។ ពេលនោះកូនស្រីស្រែកប្រាប់ឪពុកថា រត់ចេញទៅកុំចូលមកព្រោះចោរប្លន់នៅក្នុងផ្ទះប្រយ័ត្នវាសម្លាប់ ។ ដោយឮដូច្នេះ ពួកគាត់ក៏រត់ចេញមកក្រៅហើយស្រែកហៅប្រជាពលរដ្ឋជិតខាងឱ្យជួយ ។ ដោយសារការស្រែករកជំនួយនោះ អ្នកភូមិខ្លះក៏កាន់កាំបិតមកជួយព័ទ្ធផ្ទះតែទៅមិនទាន់ដល់ផ្ទះផង ពួកចោរចេញមកបាញ់គំរាមនៅខាងក្រោយផ្ទះចំនួន២គ្រាប់ ទើបប្រជាពលរដ្ឋដកខ្លួនថយសំងំចាំមើល ព្រោះងងឹតផងមើលមិនសូវឃើញមិនសូវច្បាស់ទេ ។ លោកអ៊ិន ជីវ៉ា ស្នងការរងនគរបាលខេត្តទទួលបន្ទុកកណ្តាលយុត្តិធម៌មានប្រសាសន៍ថា ក្រោយពេលទទួលបានព័ត៌មានពីអំពើប្លន់នេះលោកបានដាក់បទបញ្ជាទៅអធិការដ្ឋានស្រុកឈូកដឹកនាំដោយលោកអធិការព្រហ្ម វាសនា ឱ្យសហការជាមួយប៉ុស្តិ៍រដ្ឋបាលឃុំក្រាំងស្នាយចុះទៅកាន់កន្លែងកើតហេតុ ។ ប៉ុន្តែទំរាំទៅដល់ពួកចោរបានចេញផុតពីផ្ទះទៅហើយដោយបន្សល់ទុកនូវការជ្រុះលុយកាក់នៅខាងក្រោយផ្ទះចំនួន២លានរៀល មួកខ្មៅមួយ អាវរងាមួយ ពិលមួយជ្រុះនៅវាលស្រែពីខាងកើតផ្ទះដែលក្រុមចោររត់ឡើងសំដៅទៅលើថ្នល់ជាតិ ហើយក៏បាត់ដានតែម្តង។ តាមលោកព្រហ្ម វាសនា មានប្រសាសន៍ថា ទ្រព្យសម្បត្តិដែលបាត់បង់រួមមានមាស៨តម្លឹងកន្លះ និងប្រាក់ចំនួន៣.០០០ដុល្លារ និង២០លានរៀល។ បច្ចុប្បន្នសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកំពុងតាមដាន និងស្រាវជ្រាវយ៉ាងសកម្មដោយមិនឱ្យក្រុមចោរប្លន់នេះរត់គេចរួចពីសំណាញ់ច្បាប់ឡើយ។ លោកអ៊ិន ជីវ៉ា ក៏បានបញ្ជាក់ដែរថា ចំពោះខោអាវឈុត ឬខោអាវប៉ារ៉ា មួកប៉ារ៉ាមិនអាចកំណត់បានថា ជាទាហាននោះទេ ព្រោះសូម្បីតែអ្នកដើរទិញគោ ទិញជ្រូកក៏ប្រើដែរ ហើយក៏មានប្រជាជនជាច្រើននាក់ចូលចិត្តស្លៀកពាក់ដែរ មិនអាចកំណត់បាននោះទេ៕ |
You are subscribed to email updates from Koh Santepheap Daily To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |