Koh Santipheap Daily

Koh Santipheap Daily


គ្រោះ​ថ្នាក់​ចរា​ចរណ៍​​២ករណី​ក្នុង​ថ្ងៃ​តែ​មួយ​ស្លាប់២​​របួស​១៣នាក់

Posted: 20 Feb 2011 11:58 PM PST

​អ្នករង​​របួស​ត្រូវ​បាន​គេ​ដឹក​តាម​រថយន្ត​យក​​មក​​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​ខេត្ត​

ខេត្ត​កំពង់ចាម ៖ ឧប្បត្តិហេតុ​គ្រោះ​​ថ្នាក់​​ចរាចរណ៍​បាន​កើត​ឡើង​នៅ​តំបន់​​ត្រើយ​​ខាង​​លិច​និង​ត្រើយ​ខាង​កើត​ទន្លេ​មេគង្គ​ក្នុង​ថ្ងៃ​១៨​ កុម្ភៈ តែមួយ​​បណ្តាល​ឱ្យ​​ស្លាប់​​យ៉ាង​​ហោច​​ណាស់​ចំនួន​២នាក់​ និង​រង​​របួស​​ចំនួន​​១៣​​នាក់​​ហើយ​ត្រូវ​បាន​គេ​ដឹក​តាម​រថយន្ត​យក​​មក​​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​ខេត្ត​ជា​បន្ទាន់​ផង​ដែរ​ ។

តាម​លោក​អនុសេនីយ៍​ឯក​ អ៊ិត ដារ៉ា ​អធិ​ការនគរ​បាល​ស្រុក​ចំការ​លើ​​បាន​ឱ្យ​ដឹង​ថា ​កាល​​ពី​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​​១៨ ​កុម្ភៈ ​នៅ​លើ​​កំណាត់​ផ្លូវ​លំ​ត្រង់​ចំណុចភូមិពព្រេង ឃុំស្ពឺ ស្រុកចំការលើ មានឧប្បត្តិហេតុ​គ្រោះថ្នាក់​មួយបានកើតឡើងដោយរថយន្តម៉ាកហ៊ីយ៉ាន់ដាយ១គ្រឿងចំណុះ២តោន មិនមានពាក់ស្លាក​លេខ ​បានក្រឡាប់ធ្លាក់ចេញពីផ្លូវក្នុងខណៈពេល​​កំពុងបើកបរពីត្បូងទៅជើង​ ។ គ្រោះ​ថ្នាក់​នេះ បណ្តាលឱ្យ​ស្លាប់ម្នាក់ភ្លាមៗឈ្មោះគីម ស្រុង ភេទប្រុស អាយុ១៩ឆ្នាំ ជាកម្មករចំការកៅ​ស៊ូបឹងកេត ។ ឯ​អ្នករងរបួសមាន១-ឈ្មោះម៉ាត់ ណូ ភេទ​ប្រុស អាយុ៤៨ឆ្នាំ រស់នៅភូមិអូរប្រាំ ឃុំព្រែក​កក់ ស្រុកស្ទឹងត្រង់ ជាអ្នកបើក​បរ​រថយន្ត ២-ឈ្មោះវេត គឹមហុង ភេទប្រុស អាយុ​៣៦ឆ្នាំ ៣-ឈ្មោះស៊ាន យ៉ាន ភេទប្រុស អាយុ​២៣ឆ្នាំ ៤-ឈ្មោះសុខ គ្រី ភេទប្រុស អាយុ១៩​ឆ្នាំ ៥-ឈ្មោះយឹម អ៊ាប ភេទប្រុស អាយុ៥៣ឆ្នាំ ​ទាំង​អស់​គ្នាជាកម្មករចំការកៅស៊ូបឹងកេត។

មូល​ហេតុ​គ្រោះថ្នាក់​នេះ​គឺដោយសាររថយន្ត​បើករអិល​ក្រួសក្រហម ក៏ទាញឱ្យក្រឡាប់តែម្តង ។ ចំណែកលោកវរសេនីយ៍ត្រីឯម កុសល អធិ​ការនគរបាលស្រុកមេមត់បានឱ្យដឹង​ដែរថា កាលពីវេលាម៉ោង៦ និង៣០នាទីល្ងាច​ថ្ងៃទី១៨ កុម្ភៈ នៅលើកំណាត់ផ្លូវជាតិលេខ៧ ត្រង់ចំណុច​មុខ​វត្តផ្លាកសំរោង ភូមិសំរោង ឃុំ​ទ្រៀក ស្រុក​មេមត់ មានរថយន្តម៉ាកហ៊ីណូ ពណ៌​ត្រេអ៊ី​១​គ្រឿង មិនមាន​ពាក់​ស្លាកលេខដែលដឹកគ្រឿង​ទេស ​បានបុកត្រាក់ទ័រមួ​យ​គ្រឿង​​ពេញ​ទំហឹង​ ។ ក្នុង​ហេតុ​ការណ៍​នេះបណ្តាលឱ្យ​រថ​យន្ត​ហ៊ីណូ​ក្រឡាប់​​ និងស្លាប់ម្នាក់ឈ្មោះលុយ ឈា ភេទ​ប្រុស អាយុ២៣ឆ្នាំ រស់​នៅភូមិក្បាលដំរី ឃុំ​ត្រពាំងផ្លុង ស្រុកពញាក្រែក និងរបួស​ចំនួន​៨​នាក់ត្រូវ​បាននាំមកសង្គ្រោះ​នៅមន្ទីរ​ពេទ្យ​បង្អែក​ស្រុកមេមត់ និងខ្លះទៀត​បញ្ជូន​បន្ត​មក​សង្រ្គោះ​នៅមន្ទីរពេទ្យខេត្តទាំងយប់ ។

លោកអធិការនគរបាលស្រុកមេមត់បានបញ្ជាក់ថា រថយន្តហ៊ីណូបើកចេញ​មក​ពី​ទិស​ខាង​កើត​ដោយមានកម្មករអង្គុយលើដំបូល​ជា​ច្រើន​នាក់ លុះពេលមក​ដល់​មុខវត្តផ្លាក​សំរោងក៏​បាន​ទៅបុកជា​មួយត្រាក់ទ័រដែលបើកបញ្រ្ចាស​ទិសគ្នា ។ រថយន្តហ៊ីណូបានក្រឡាប់​សង្កត់​ទៅលើម៉ូតូចំនួន២គ្រឿងទៀតក្នុងនោះមាន​C 100 កូរ៉េមួយ​គ្រឿងពណ៌ក្រហម​​បើក​បរ​ដោយ​ឈ្មោះហួត ជន ភេទប្រុស អាយុ៥៦ឆ្នាំ រស់នៅ​ភូមិសំរោងជើង ឃុំដារ ស្រុកមេមត់ និង​ធុន​គុប៩០ ​បើក​បរ​ដោយឈ្មោះតួ ធី ភេទប្រុស អាយុ២៥​ឆ្នាំ រស់នៅភូមិដារ ឃុំដារ ស្រុកមេមត់ដែរ ។        

ក្រុមកម្មករដែលជិះលើរថយន្តរងរបួស​​​ចំនួន​៨នាក់​រួមមាន១-ឈ្មោះមុន អាន ភេទ​ប្រុស អាយុ​៤០ឆ្នាំ ២-ឈ្មោះលី ហ័រ ភេទ​ប្រុស អាយុ​២៨ឆ្នាំ ៣-ឈ្មោះទិត ផូក ភេទ​ប្រុស​ អាយុ​២៩ឆ្នាំ ៤-ឈ្មោះលុយ ហ៊ាន ភេទប្រុស​អាយុ​២៩ឆ្នាំ ៥-ឈ្មោះជន ពៅ ភេទប្រុស​ អាយុ​២៥​ឆ្នាំ ៦-ឈ្មោះរ័ត្ន សីលា ភេទប្រុស ​អាយុ​៣២​ឆ្នាំ ៧-ឈ្មោះហួត ជិន ភេទប្រុស អាយុ​៥៦ឆ្នាំ ៨-ឈ្មោះមួន មាន ភេទស្រី អាយុ៥៣ឆ្នាំ ទាំង​អស់​គ្នារស់នៅភូមិត្រពាំងផ្លុង ឃុំត្រពាំងផ្លុង ស្រុក​ពញាក្រែក ។ ​យាន​យន្ត​​ដែល​ជួបគ្រោះ​ថ្នាក់​​ទាំង​២​ករណី​ត្រូវបាន​នាំ​​យកមករក្សា​ទុកនៅអធិការ​ដ្ឋាន​នគរបាលស្រុកចំការ​លើ និង​ស្រុកមេមត់ ដើម្បី​ដោះស្រាយទៅតាម​ច្បាប់ ៕

ថៃ​នាំ​អនុពន្ធ​​យោធា​​មកពី​បណ្តា​ប្រទេស​​សមាជិក​អាស៊ាន​​ទៅពិនិត្យ​​​តំបន់មានជម្លោះ​​ព្រំដែន

Posted: 20 Feb 2011 11:56 PM PST

គេហទំព័រ MCOT របស់ថៃ​​​ជា​ភាសា​អង់​គ្លេស​​នៅថ្ងៃទី​​២១ កុម្ភៈ ផ្សាយ​​ឱ្យ​​ដឹង​ថា ​នាយ​​សេនាធិការ​រង​នៃកង​​​​យោធា​ថៃ​​ទទួលបន្ទុក​​​ចារ​កម្ម​នៅថ្ងៃទី​​២១ ធ្នូ នេះ បាន​នាំ​អនុពន្ធ​យោធា​មក​ពី​បណ្តា​​ប្រទេស​​ជាសមាជិក​អាស៊ានទៅកាន់​ភូមិ​មួយ​​ឈ្មោះ​ភូមិ​ស្រូល ​ស្ថិត​នៅ​​តាមព្រំដែន​​រវាង​ប្រទេសថៃ​​ និងប្រទេស​កម្ពុជា ដើម្បី​​ពិនិត្យ​​មើល​​ប្រតិបត្តិការ​របស់​យោធា និង​ពិនិត្យ​​មើល​ផល​​ប៉ះពាល់​​នៃការ​ប៉ះទង្គិចគ្នា​​ដោយអាវុធ​​រវាង​​កង​ទ័ព​ថៃ និង​កង​ទ័ព​កម្ពុជា ​​កាលពី​ដើម​ខែ​​
កុម្ភៈ ។​
នាយ​សេនាធិការ​រង​​យោធា​ថៃ​​រូបនេះ ​ឧត្តម​សេនីយ៍​ឯក Sirichai Ditthakul បានដឹកនាំ​​​អនុ​ពន្ធ​​យោធា​មកពី​ប្រទេស​ជា​សមាជិក​​អាស៊ាន​ និង​ដៃ​គូ​ចរចា​មានដូចជា​​ប្រទេស​​បារាំង​-អាមេរិក ឥណ្ឌូណេស៊ី​ ចិន កូរ៉េ​ រុស្ស៊ី ​ហ្វីលីពីន និង​​ប្រទេស​វៀតណាម ទៅកាន់​​តំបន់មាន​​ជម្លោះ​ព្រំដែន​​កម្ពុជា-ថៃ​​នៅស្រុក Kantharalak ខេត្តស៊ីសា​កេត ។ ​អនុពន្ធ​យោធា​ទាំង​នេះទៅដល់​​ភូមិ​​ស្រូល នៅ​វេលាម៉ោង​​៩​និង​​៣០នាទី​ព្រឹកថ្ងៃទី​​២១ កុម្ភៈ ​មុនពេល​ធ្វើដំណើរ​​ទៅ​កាន់​តំបន់​ភ្នំ​ Pha Mor E-A Daeng ដើម្បីទទួល​​បានព័ត៌​មាន​អំពី​​ស្ថាន​ការណ៍​​នៅតាមព្រំដែន​។​ ភូមិ​ស្រុក​នេះ​រងផលប៉ះ​ពាល់​​ដោយការ​បាញ់​កាំភ្លើង​ធំ​ក្នុងអំឡុង​ពេល​នៃ​ការ​​ប៉ះទង្គិច​​រវាង​កងទ័ពថៃ និង​កង​ទ័ព​កម្ពុជា កាលពី​​ដើម​ខែកុម្ភៈ ។​
ឧត្តម​សេនីយ៍ Sirchai និយាយ​ថា ​ថៃ​​ចង់​បង្កើត​​ការ​យោគ​យល់​គ្នាជាមួយ​​ប្រទេស​​ផ្សេងៗ​ពិសេស​ជាមួយប្រទេស​​ជា​សមាជិកអាស៊ាន ​ដើម្បី​​ឱ្យ​​​ពួក​គេ​ដឹង​ច្បាស់​ថា ប្រតិបត្តិការ​​របស់​យោ​ធា​ថៃ ចំពោះ​ស្ថានការណ៍​​ព្រំដែនគឺ​សំដៅ​ដោះ​ស្រាយ​​ជម្លោះ​​ដោយសន្តិវិធី ។ ​ទោះបីជា​​បែប​ណា លោក Sirichai អះ​អាង​បញ្ជាក់​​ថា ទស្សន​កិច្ច​​របស់​​អនុ​ពន្ធយោធា​​​ទាំង​នោះនឹង​មិន​មាន​​ផល​ប៉ះ​ពាល់​​ជា​អវិជ្ជមាន​​ដល់​កិច្ចប្រជុំ​​​រដ្ឋ​មន្ត្រី​​ការ​បរទេស​អាស៊ាន​​​​ដែលរៀបចំ​​ឡើងនៅ​ក្នុងទីក្រុង​​​ហ្សាការតា ប្រទេស​ឥណ្ឌូណេស៊ី ​នៅ​ថ្ងៃ​ទី​​​២២ កុម្ភៈ ​ទេ ៕

ចេក​មិន​សូវ​​បានថ្លៃ​​អ្នក​ដាំ​នៅ​ស្រុក​ចំការ​លើ​កាប់​ចោល​យក​ដី​ដាំ​កៅស៊ូ

Posted: 20 Feb 2011 11:55 PM PST

ផ្លែចេកណាំវ៉ា​សំបូរ​ទៅ​ដោយ​វីតា​មីន​ជា​ច្រើន​មុខ
អាជីវករ​លក់​ចេកណាំវ៉ា​បោះ​ដុំ​និង​លក់រាយ​នៅ​ផ្សារដើម​គ

រាជធានីភ្នំពេញ ៖ ផ្លែចេកណាំវ៉ា​សំបូរ​ទៅ​ដោយ​វីតា​មីន​ជា​ច្រើន​មុខ មិនតែប៉ុណ្ណោះ​​​ផ្លែ​ខ្ចី​អាច​យក​ទៅស្ល​កកូរ ស្លម្ជូរ ធ្វើ​ជា​អន្លក់ ឯ​ផ្លែទុំ​ធ្វើ​នំអន្សម អាំង ចេក​ចៀន ធ្វើដំណាប់ និង​បង្អែម ។ ចេកណាំវ៉ា​ក៏​អាច​ជួយសំរួល​ដល់​ក្រពះ និង​ពោះវៀន​បាន​ល្អ​ផង​ដែរ ។ ចេកណាំវ៉ា​ជា​ដំណាំ​​ដែល​ប្រជាពលរដ្ឋ​ខ្មែរ ពិសេស​នៅ​តាម​ទី​ជនបទ​ស្រុកចំការមាន​ដាំ​ស្ទើរ​គ្រប់​ផ្ទះ​ទាំ​ង​អស់ ព្រោះ​វា​ងាយស្រួល​ក្នុង​ការ​​ដាំដោយ​គ្រាន់តែ​ដាំ​កូន​មួយ​ដើម​វា​ដុះ​កូន​បន្ដ​ទៀត​ជា​ហូរហែ ហើយ​ទំលាក់​ត្រយូង​ចេញ​ផ្លែ បន្ដបន្ទាប់ ។ នៅ​លើ​ទីផ្សារ​វិញ ថ្ងៃ​ណា​ក៏​មាន​ចេកណាំវ៉ា​លក់​ដែរ និងរឹតតែ​សំបូរ​​នៅ​ថ្ងៃ​​ពេញ​បូណ៌មី ឬ​ថ្ងៃ​សីល​ដោយ​ប្រជាពលរដ្ឋ​តែងតែ​ទិញ​យក​ទៅ​ដាក់​សែន​គោរព​បូជា ។ ផ្សារ​ដែល​លក់​ចេកណាំវ៉ា​សំរាប់​ចែកចាយ​គ្រប់​ខេត្ដ​-​ក្រុង​នោះ គឺ​ផ្សារ​ដើម​គ ក្នុង​រាជធានី​ភ្នំពេញ ។

អាជីវករ​លក់​ចេក​ឈ្មោះកែវ ចាន់​ថុ​ល អាយុ​៤៥​ឆ្នាំ ភេទ​ស្រី ជា​អ្នកលក់​ចេកណាំវ៉ា​បោះ​ដុំ​និង​លក់រាយ​នៅ​ផ្សារដើម​គ​តាំងពី​ឆ្នាំ​១៩៩៤​មក​ឱ្យ​ដឹង​ថា ចេកណាំវ៉ា​ដែល​គាត់​លក់​នេះ គឺ​នាំ​យក​មក​ពី​ស្រុក​ចំការលើខេត្ដកំពង់ចាម។ រដូវ​ដែល​សំបូរ​ចេក​លក់​ជាងគេ​គឺ​នៅ​រដូវវស្សា ចំណែករដូវប្រាំង​មិនសូវ​មាន​ចេក​ទេ តែ​នៅ​តែ​មាន​លក់គ្រប់​តំរូវការ​ដែរ និងមិន​បាន​នាំ​​មក​ពី​ប្រទេស​ជិតខាង​​​ទេ ។ អាជីវករ​លក់​ចេករូប​នេះ​បន្ដ​ទៀត​ថា ចេក​លក់ដាច់​ជាងគេសំរាប់​សែន​ថ្ងៃសីល​ ។ គាត់​ទិញ​​ចេកយក​ទៅទុក​មុន​ថ្ងៃសីល​ពីរ​ថ្ងៃ ដើម្បី​ចេកទុំ ល្អ ព្រោះ​ចេក​ដែល​យក​មក​ពី​ចំការ​ជា​ចេក​ចាស់​មិន​ទាន់​ទុំ​ទេ ។ មុន​ថ្ងៃ​​សីលគឺ​គាត់​លក់​អស់​២​ឡានក្នុង​មួយ​ឡាន​ចំណុះ​២​តោន​កន្លះផ្ទុក​ចេក​បាន​៥​ពាន់​ស្និត ។

ជួប​ជាមួយ​អ្នក​ដឹក​ចេកមក​ពី​ខេត្ដកំពង់ចាម​សំរាប់​លក់​នៅ​ផ្សារ​ដើម​គ​ឈ្មោះម៉ូត ផេ​ត អាយុ​៤៧​ឆ្នាំ ភេទ​ប្រុស មានស្រុក​កំណើត​នៅ​ភូមិ​សំព័រ ឃុំ​តា​អុង ស្រុក​ចំការលើឱ្យ​ដឹង​ថា គាត់​ជា​អ្នក​ដើរ​ទិញ​ចេក​ពី​ចំការ​សំរាប់​លក់​បន្ដ និងមាន​ដី​ចំនួន​៥​ហិ​កតា សំរាប់​ដាំចេក​ផ្ទាល់​ខ្លួន​ផង​ដែរ ។ នៅខេត្ដកំពង់ចាម​មាន​ស្រុក​ពីរ​ដែល​ដាំចេក​ណាំវ៉ា គឺ​ស្រុក​ចំការលើ និងស្រុក​ស្ទឹង​ត្រង់តែ​ស្រុក​ចំការលើ​ដាំ​ច្រើន​ជាង ។

​កសិករម៉ូត ផេ​ត ​ប្រាប់​ទៀតថា ចេក​ណាំវ៉ា​ដាំ​រយៈពេល​មួយ​ឆ្នាំ​ទើបបាន​ផល ។ ក្នុង​មួយ​គុម្ព​បើ​ដី​ល្អ​ដាំ​បានរយៈពេល​១០​ឆ្នាំ​ទើប​ឡើង​គល់ តែបើ​ដី​ប្រៃ​មិនល្អ​បាន​តែ​៥​ឆ្នាំ​ទេ ត្រូវ​កាប់​គាស់​គល់​ចេញ​​ដាំ​ថ្មី​ឡើង​វិញ ។ ដំណាំ​ចេក​ដាំ​មិន​ដាក់​ជីគីមី​អ្វី​ទាំងអស់ បើ​ខែប្រាំង​គ្រាន់តែ​ស្រោច​ទឹក​ខ្លះ តែបើ​ខែវស្សា​វិញ​មិនបាច់​ស្រោច​ទឹក​ទេ ។ ការដាំចេក​លើ​ផ្ទៃដី​ទំហំ​១​ហិ​កតា បើ​ខែវស្សា​ផ្ដល់​ផល​ម្ដង​បាន​៥០០​ស្និត តែបើ​ខែប្រាំង​វិញ​កាប់​បាន​តែពី​១០០​ទៅ​១៥០​ស្និតប៉ុណ្ណោះ ។ សំរាប់​ដំ​ណាំ​ចេក​របស់​គាត់មួយ​ហិ​កតា​ គឺកន្លះ​ខែ​កាប់​បាន​ម្ដង ។ ​ផ្លែ​ចេក​សំរាប់​ឆ្នាំ​ទី​មួយ​មិនសូវ​ធំ​ល្អ​ទេ ទាល់តែ​ឆ្នាំ​ទី​ពីរ​ទី​បី ទើប​ធំ​ល្អ ។ កសិករ​រូប​នោះ​និយាយ​​ថា គាត់​ដើរ​ប្រមូល​ទិញ​ចេក​ពី​ចំការ​យក​មក​លក់​ដល់​ភ្នំពេញ​ចំណេញ​បាន​តែ​១​ស្និត១០០​រៀល​ប៉ុណ្ណោះ ហើយ​ទូទាត់​​ជាម​ួយ​​ថ្លៃ​សាំង​រថយន្ដ​​ គឺ​សល់​ប្រាក់​ចំណេញ​​មិនច្រើន​ប៉ុន្មាន​​ទេ ។ បច្ចុប្បន្ន​មិនសូវ​សំបូរ​ចេក​ដូច​កាលពីមុន​ឡើយ ព្រោះ​ប្រជា​ពល​រដ្ឋបានកា​ប់​ចោល​យក​ដី​ដាំ​កៅស៊ូ​វិញ ៕

ព្រួយ​បារម្ភ​​ពីភាពតានតឹង​​ក្នុង​តំបន់​​អ៊ីស្រាអែល​​នឹង​បង្កើន​​ថវិកា​​យោធា

Posted: 20 Feb 2011 11:53 PM PST

អ៊ីស្រាអែល​​​ចាត់ទុក​ថា ធ្ងន់ធ្ងរ​​បំផុត​ចំពោះ​​ព័ត៌​មាន​រៀបរាប់​ពី​​នាវា​ចម្បាំង​​អ៊ីរ៉ង់​​២គ្រឿង ធ្វើ​ដំណើរ​​ឆ្លង​កាត់​​ព្រែកជីក​ស៊ុយអេ មក​កាន់​សមុទ្រ​​មេឌី​ទែរ​រ៉ាណេ ​ដែល​​នេះជា​លើក​ដំបូង​ពុំធ្លាប់​មាន​​ចាប់តាំង​ពី​ឆ្នាំ​​១៩៧៩មក និង​​បាន​ព្រមាន​​ថា នឹងបង្កើន​​​ថវិកា​​ការពារ​​​មក​ពី​ភាពតានតឹង​​ក្នុង​តំបន់ ។​
អ៊ីស្រាអែល​​​តាមដាន​ដោយ​​ព្រួយបារម្ភ​​ចំពោះ​ការ​​វិវត្តន៍​​នៃ​សភាពការណ៍​​​នៅ​មជ្ឈិម​បូព៌ា​​ជា​ពិសេស​នៅអេហ្ស៊ីប​​​ជា​ដៃ​គូ​​ដែល​អ៊ីស្រាអែល​​បានចុះ​ហត្ថលេខា​​ជាមួយគ្នាលើ​សន្ធិ​សញ្ញា​​​សន្តិ​ភាព​​មួយកាលពី​ឆ្នាំ​​១៩៧៩ ។ កិច្ចព្រមព្រៀង​​នេះ អម​ដោយ​​​ការ​​ធានា​ដល់​ការ​ធ្វើដំណើរ​​ដោយសេរី​​របស់​បណ្តា​​​នាវា​អ៊ីស្រាអែល​​ក្នុង​ព្រែកជីកស៊ុយ​អេ ។​
អ៊ីស្រាអែល​​​ខ្លាច​មាន​​ការ​កើនឡើង​​នៃ​កម្លាំង​របស់​បណ្តា​​​ចលនា​អ៊ិស្លាម​​​​គាំទ្រ​​​​ដល់​បាតុ​កម្ម​​តវ៉ា​ដែល​​ធ្វើ​ឱ្យ​​រង្គើ​​រ​ដល់​តំបន់​​ ហើយ​អ៊ីស្រាអែល​​​ត្រូវ​​ឡោមព័ទ្ធ​​​ដោយ​ពួកសត្រូវ ។ ចាប់តាំង​ពី​​​ច្រើន​ថ្ងៃ​​មក​​ហើយ អាជ្ញាធរ​​អ៊ីស្រាអែល​​​តាមឃ្លាំ​មើល​​ដោយប្រុង​ប្រយ័ត្ន​​​​នូវចលនា​​របស់នាវា​ចម្បាំង​​អ៊ីរ៉ង់​​​២គ្រឿង​ក្នុង​​នោះមាន​នាវា​ល្បាត​​ចំណុះ​​​១.៥០០​​តោន ​មួយគ្រឿង ឈ្មោះ ALVAND និង​​នាវា​ផ្គត់​ផ្គង់​​ និងជួយទ្រទ្រង់​មាន​​ចំណុះ​​៣៣.០០០​​តោន ​​ឈ្មោះ KHARG ដែលនាវា​ចម្បាំង​​ទាំង​២​គ្រឿង​នេះ​​ផលិត​នៅ​អង់គ្លេស ។ យោង​តាម​​ប្រភព​ការទូត​អ៊ីរ៉ង់​​ថា នាវា​ទាំង​២​គ្រឿង​នេះ​ត្រូវ​ទៅ​កាន់​ប្រទេស​ស៊ីរី​ជា​ទម្លាប់​​ ហើយ​​ត្រូវស្ថិត​នៅ​ទីនោះ​រយៈ​ពេល​ពីរបីថ្ងៃ​​ បន្ទាប់ពី​​ឈប់​នៅ​អូម៉ង់ និង​ក្នុង​កំពង់ផែ JEDDAH របស់​អារ៉ាប៊ី​សាអ៊ូឌីត ៕

បះបោរ​នៅលីប៊ី​អ្នក​ស្លាប់ឡើង​ដល់​យ៉ាង​តិច​233នាក់ហើយ

Posted: 20 Feb 2011 11:53 PM PST

បាតុកម្មនៅលីប៊ី

សភាព​ការណ៍​នៅលីប៊ី​​កាន់តែ​មាន​ភាពមិន​ច្បាស់លាស់ ។ គេ​រាប់​ឃើញ​មនុស្ស​ស្លាប់យ៉ាង​តិច​២៣៣នាក់ ជា​ពិសេស​នៅ​ភាគខាងកើត​ប្រទេស ។​ ទីក្រុង​​ទ្រីប៉ូលី ជា​ទីលាន​នៃការ​ប៉ះ​ទង្គិចគ្នា​រវាង​ពួក​អ្នកគាំទ្រ​ និងពួក​អ្នក​ប្រឆាំង​លោក​កា​ដាហ្វី ។​
យោង​តាម​ព័ត៌​មាន​មួយ​ថា មនុស្ស​ជា​ច្រើន​សិប​ពាន់នាក់​បានប្រមូល​ផ្តុំ​គ្នា​កាលពី​ថ្ងៃទី​២០ កុម្ភៈ នៅ​ទីក្រុង​បេន​ហ្គាហ្ស៊ី ដើម្បី​​ចូលរួម​ក្នុង​ពិធី​​បញ្ចុះ​សព​​ពួក​បាតុករ​ដែល​សម្លាប់​​នា​ពេល​មុន​នេះ ដោយ​​កង​កម្លាំង​សន្តិសុខ ។ មាន​ព័ត៌​មាន​​ផ្ទុយ​គ្នា​​​នានា​បី​សភាពការណ៍​នៅ​ទីក្រុង​ធំទី​២​របស់​ប្រទេស​​នេះ ក៏ប៉ុន្តែ​​វា​ហាក់ដូចជា​​ដង​វិថី​ទាំង​ឡាយ​​ស្ថិត​ក្រោម​ការត្រួតត្រា​​របស់​ពួកបាតុ​ករ​ ហើយកង​កម្លាំង​​សន្តិសុខ​​ហាក់ដូច​ជា​​ដក​ខ្លួន​​ទៅ​កាន់​​​ប្លុក​មួយ​ហៅមជ្ឈ​មណ្ឌល​​ទីបញ្ជា​ការ​​ដ្ឋាន​​សម្រាប់​​ចេញបញ្ជា​ឱ្យ​​បាញ់​មក​លើ​ពួកបាតុ​ករ ។ ​យោង​តាម​កាសែត GUARDIAN ថា ពួក​ទាហាន​​ស៊ី​ឈ្មួល​បរទេស​មាន​​ពួក​​ឆាដ និង​ស៊ូ​ដង់​​ចូលរួមក្នុង​​ការ​បង្ក្រាប​​បាតុ​កម្ម ។ ទូរទស្សន៍​អាល់ហ្សាហ្ស៊ី​រ៉ា បានចេញផ្សាយ​​រូប​ភាពទាំង​ឡាយ​​បង្ហាញ​ពីសាកសព​បុរស​ម្នាក់​​​​ស្លៀក​ពាក់​​ឯក​សណ្ឋាន​​ដែលគេ​​យល់​ថា ជា​ទាហាន​​ស៊ីឈ្មួល​អាហ្វ្រិក​ស្លាប់​ក្នុង​ពេលមានការ​ប៉ះទង្គិច​គ្នា ។
មាន​ព័ត៌មាន​ថា បណ្តា​សមាជិក​នៃកង​​ឯក​​ភាព​យោធា​​លីប៊ី​ មួយបាន​ប្រកាស​កាលពីថ្ងៃទី​២០ កុម្ភៈ ប្រាប់​ប្រជាជន ទីក្រុង​បេន​ហ្គាហ្ស៊ី​ថា ពួក​គេ​​បានចាក​​ចោល​ជួរ ហើយ​​រំដោះ​ទីក្រុង​នេះ​ពីកង​កំលាំង​ដែលស្មោះ​ត្រង់នឹង​លោក​កាដាហ្វី៕

គ្រោះថ្នាក់​រថយន្តបឺស​ធ្លាក់​ចូលក្នុង​​ទន្លេ​នៅ​​ខេត្ត​ណាន ប្រទេសថៃ ស្លាប់​​គ្រូបង្រៀន​​14នាក់

Posted: 20 Feb 2011 11:53 PM PST

ឧប្បត្តិ​ហេតុ​​គ្រោះថ្នាក់​​​រថយន្ត​បឺស​មួយ​​កើត​ឡើង​​នៅក្រុង Song Kwae ខេត្ត​ណាន ប្រទេស​ថៃ កាលពីព្រឹកថ្ងៃទី​​២១ កុម្ភៈ កន្លងមក បណ្តាល​ឱ្យ​​​ស្លាប់​មនុស្ស​​​១៤នាក់ សុទ្ធ​តែ​​ជាគ្រូ​​បង្រៀន​ និង​​១៨​នាក់ទៀត​រង​របួស ។ គ្រោះ​ថ្នាក់​នោះកើតឡើង​​នៅវេលាម៉ោង​​៧​និង​​៣០នាទី​​ព្រឹកថ្ងៃទី​​២១ កុម្ភៈ ដោយ​រថយន្ត​បឺស​នោះដែល​ដឹក​គ្រូបង្រៀន​​​៣២នាក់ ធ្វើដំណើរ​​ពីសាលា Ban Dai ក្នុងស្រុក Mae Sai ខេត្តឈៀង​ម៉ៃ ​បានក្រឡាប់​​​ធ្លាក់​ចូល​​​ទន្លេ ។​
ប៉ូលិស​​សង្ស័យ​ថា គ្រោះថ្នាក់​​នេះកើតឡើង​​ដោយសារ​​អ្នក​​បើក​​បរបាត់​​បង់​ម្ចាស់ការ ​ព្រោះ​​មិន​​ស្គាល់​​ស្ថានភាព​ផ្លូវ​​ភ្នំ​បណ្តាល​​ឱ្យ​រថ​យន្ត​​ក្រឡាប់​ធ្លាក់​ចូលក្នុងទន្លេ ៕

ឃាត់​ខ្លួន​ជនជួញ​ដូរ​​និងប្រើប្រាស់​​គ្រឿង​ញៀន​ចំនួន២នាក់

Posted: 20 Feb 2011 11:50 PM PST

សមត្ថ​កិច្ច​នគរ​បាល​ផ្នែក​ព្រហ្ម​ទណ្ឌបានឃាត់​ខ្លួន​បុរស​២​នាក់​

រាជធានីភ្នំពេញ ៖ សមត្ថ​កិច្ច​នគរ​បាល​ផ្នែក​ព្រហ្ម​ទណ្ឌ​​នៃ អធិការដ្ឋាន​​នគរ​បាល​​ខណ្ឌ​ដូន​ពេញ​​ បានឃាត់​ខ្លួន​បុរស​២​នាក់​នៅ​កែង​ផ្លូវ​លេខ​១៤៤ និង​លេខ១៩​​ ស្ថិត​ក្នុង​ភូមិទី៥ ​សង្កាត់​ផ្សារ​កណ្តាល​ទី១ ​ខណ្ឌ​ដូន​ពេញ​ កាល​ពីវេលា​ម៉ោង​១ និង​៣០នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ ​ទី២១ កុម្ភៈ ​ខណៈ​ពេល​​ពួក​គេ​កំពុង​ជួញ​ដូរ​​គ្រឿង​ញៀន​ជាក់ស្តែង ។ ​ម្នាក់​ឈ្មោះ​សុខ រតនៈ ​​អាយុ​២៥​ឆ្នាំ ​​ស្នាក់​នៅ​ផ្ទះ​ជួល​​​ ក្នុងសង្កាត់​​ទឹកថ្លា ខណ្ឌ​សែន សុខ និងម្នាក់​ទៀត​ឈ្មោះ​គូ គឹមរ័ត្ន ​អាយុ​​២៦ឆ្នាំ ​​​ជា​កម្ម​ករ​សំណង់ មានទីលំនៅ ភូមិ​សាម​គ្គី ​សង្កាត់​ប្ញស្សី​កែវ ​ខណ្ឌ​​ប្ញស្សី​កែវ ។

​តាម​មន្ត្រី​​នគរបាល​ឱ្យ​ដឹង​ថា នៅ​វេលារំលង​អធ្រាត្រ​ពេលជិះ​ម៉ូតូ​ល្បាត​ក្នុង​ភូមិ​សាស្ត្រមក​ដល់​​កែង​ផ្លូវ​លេខ​១៤៤ និង​លេខ១៩​ ស្ថិត​ក្នុង​សង្កាត់​ផ្សារ​កណ្តាល​ទី២ ​ខណ្ឌដូនពេញប្រទះឃើញ​​បុរសពី​​រនាក់​កំពុង​​ឈរ​រេ​រា ហាក់​ដូច​ជា​បំរុង​ធ្វើ​សកម្ម​ភាព មួយ ហើយ​​ដោយមានការ​សង្ស័យ​សមត្ថ​កិច្ច​​​ហៅ​មក​ឆែក​ឆេរ​​ឃើញ​ថ្នាំញៀន​ប្រភេទ​ក្រាម​ពណ៌​.ស (ម៉ាទឹកកក) ​ចំនួន​៥កញ្ចប់តូច ក៏​បាន​ដក​ហូត​​រួម​ជាមួយ​ទូរស័ព្ទ​ដៃ​​ ព្រម​ទាំង​លុយ​រៀល​ និង​លុយ​​ដុល្លារ​មួយ​ចំនួន ។

​ដោយ​ឡែក​​នៅ​យប់ថ្ងៃ​ដដែល​វេលា​ម៉ោង​​១ និង២០​នាទី​រំលង​អធ្រាត្រ ​នគរ​បាល​ប៉ុសិ៍្ត​ផ្សារ​កណ្តាល​ទី១ បាន​ឃាត់ខ្លួន​ជន​សង្ស័យ​ប្រើ​ប្រាស់​​ថ្នាំញៀន​ម្នាក់​ឈ្មោះ​សុខ ពេជ្រ ភេទ​ប្រុស អាយុ​១៨ឆ្នាំ ​ស្នាក់​នៅ​មិនពិត​ប្រាកដ​នៅ​ចំណុច​កែង​ផ្លូវ​លេខ​១៣០​ និង​លេខ១៣ ដោយដក​ហូត​បានថ្នាំញៀន​ប្រភេទ​យ៉ាម៉ា​មួយគ្រាប់ និង​ប្រដាប់​ជក់ផង​ដែរ ៕ 

ជិះ​វីហ្គោ​ដឹកស្រីស្នេហ៍​ដើរលេង​​ពេញ​មួយ​យប់ ​អផ្សុក​​ដកកាំភ្លើង​​បាញ់​​មនុស្ស​​ឱ្យ​របួស​​លេង

Posted: 20 Feb 2011 11:43 PM PST

រាជធានីភ្នំពេញ ៖ ​យុវជនម្នាក់​បាន​រង​របួសធ្ងន់​​ដោយ​​សារ​​​ខ្មាន់​កាំភ្លើង​​មិន​ស្គាល់​​អត្ត​សញ្ញាណ​​បាញ់​​ត្រូវ​១គ្រាប់​កាលពី​វេលាម៉ោង​​​៥​និង​​៤០នាទី​​​ទៀប​ភ្លឺ​ថ្ងៃទី​​២០ កុម្ភៈ ​២០១១ ​​នៅ​ចំណុច​​ខាង​លិច​ស្ថានីយ​បូមទឹក​បឹង​ទំពុន ស្ថិត​​លើ​កំណាត់​ផ្លូវ​​លេខ​​៣៧១ ភូមិ​​​​ត្នោត​ជ្រុំ សង្កាត់បឹង​​ទំពុន ខណ្ឌ​មានជ័យ ។​

យុវជន​​រងរបួស​ក្នុង​ហេតុការណ៍​​ខាងលើ​ឈ្មោះ​​ចូវ សុខន ​អាយុ​​​២០​ឆ្នាំ ជា​កម្មករ​ធ្វើ​នំ​បុ័ង ​​​មានទីលំនៅ​ភូមិ​​​​​ភ្នាត​ សង្កាត់ស្ទឹង​មាន​ជ័យ ​ខណ្ឌ​មានជ័យ ។ ឈ្មោះ​​ចូវ សុខន ​រង​របួស​ដោយ​សារ​​​គ្រាប់​​កាំភ្លើង​​បាញ់​ត្រូវមួយ​គ្រាប់ចំ​​ខ្នង​​ធ្លាយ​ទៅ​ក្លៀក​​​​ខាង​ឆ្វេង​ ។ មុនពេល​រ​ងរបួស ឈ្មោះ​ចូវ សុខន បាន​ដើរ​​លើ​​កំណាត់ផ្លូវ​​លេខ​​៣៧១ ​តម្រង់​ទៅ​កន្លែងធ្វើ​​នំ​​ប៉័ង​ ហើយត្រូវ​​ជន​មិន​ស្គាល់​​អត្តសញ្ញាណ​​ជិះ​រថយន្ត​​​​ម៉ាក​​វីហ្គោ ពណ៌​ស្ករ​ គ្មា​នស្លាក​លេខ ​ទាញ​កាំភ្លើង​បាញ់​​មួយ​គ្រាប់​ត្រូវ​​របួសធ្ងន់​​តែម្តង ។ ​បន្ទាប់ពី​​​រងរបួស​ ឈ្មោះ​​​ចូវ សុខន ​ត្រូវបាន​មិត្ត​​ភក្តិ​​នាំ​យក​​​ទៅ​ព្យាបាល​​របួស​នៅ​​មន្ទីរពេទ្យ​​មិត្ត​ភាពខ្មែរ​-សូវៀត ។​

យោង​តាម​​ប្រភព​ព័ត៌​មាន​​ពីសមត្ថ​កិច្ច​​នគរ​បាល​​​មូលដ្ឋាន​​​ដែល​ចុះ​ធ្វើការ​ស្រាវជ្រាវ​​ករណី​បាញ់​​បោះ​សេរី​​នេះ​បាន​ឱ្យ​​​ដឹង​ថា នៅយប់​ថ្ងៃ​ទី​១៩ ឈាន​ចូលថ្ងៃទី​​​២០ ​មាន​បុរស​ម្នាក់​ជិះ​​រថ​យន្ត​​ម៉ាក​វីហ្គោ ​ពណ៌​ទឹកប្រាក់ គ្មានស្លាក​លេខ ​​បាន​​ទៅឌុប​​នារីម្នាក់​ជួល​ផ្ទះ​ស្នាក់នៅ​​ភូមិ​ត្នោត​ជ្រុំ ​ខាង​លើ ដើរ​ផឹក​​ស៊ី​ច្រៀង​រាំ​មួយប់​​ទល់​ភ្លឺ​​ លុះ​ដល់​​វេលាទៀប​ភ្លឺ​​​ទើប​​ដឹកនារី​ម្នាក់នោះ​​ត្រឡប់​មក​​លំនៅ​​ឋានវិញ ហើយឃើញ​យុវជន​ឈ្មោះ​​​ចូវ សុខន និង​មិត្តភក្តិ​​ផ្សេងៗទៀត​​​កំពុង​បណ្តើរគ្នា​​ដើរ​ទៅ​​​ធ្វើការ ​ស្រាប់តែ​​បុរស​​​ដែលជិះ​រថយន្ត​​វីហ្គោ​​នោះ​កើត​​​ការ​អផ្សុក​បាញ់គំរាម​ទៅ​​លើក្រុម​​យុវជន​​​ទាំង​នោះ​​លេង​​បង្អួត​​ស្រីស្នេហ៍​បណ្តាល​ឱ្យ​គ្រាប់​កាំភ្លើង​​ត្រូវ​ឈ្មោះ​​ចូវ សុខន ១គ្រាប់​តែ​ម្តង ។​

តាមការបំភ្លឺ​​​របស់នាង​​រ៉ាន់ ដែល​បាន​រួម​ដំណើរ​​​​ដើរ​លេង​​ជាមួយម្ចាស់​រថយន្ត​​​វីហ្គោ​នោះ​​បាន​ឱ្យ​​​ដឹង​ថា ​នាង​ត្រូវ​​ឈ្មោះ​​​ឌី ហៅវីហ្គោ ​ឌុប​​ដើរ​លេង​​ច្រៀង​រាំ​ពេញ​មួយ​​យប់មែន ​ប៉ុន្តែ​​នាង​​ពុំ​​ចាំ​​ថា ទៅទី​ណា​ខ្លះ​ទេ គឺ​នៅ​ចាំ​តែ​មួយ​កន្លែង​ចូល​ច្រៀង​ខារ៉ាអូខេ XO ស្ថិត​នៅ​​​បណ្តោយ​ផ្លូវ​​​លេខ​១៦៣ សង្កាត់ទួលស្វាយ​ព្រៃ​ទី​១ ​​៕​

តំណាង​ពិសេស​អង្គការ​សហប្រជាជាតិ​​​ពិភាក្សា​ជាមួយ​លោករ៉ុង ឈុន ​និង​គណៈ​កម្មការ​​រដ្ឋសភា

Posted: 20 Feb 2011 11:37 PM PST

រាជធានីភ្នំពេញ ៖ ​វេលាព្រឹកថ្ងៃចន្ទ ទី​​២១ កុម្ភៈ អ្នក​រាយការណ៍​​ពិសេស​​អង្គការ​សហ​ប្រ​ជា​ជាតិ​​ទទួល​បន្ទុក​​​សិទ្ធិ​មនុស្ស​​នៅ​កម្ពុជា លោក​ស៊ូ​យ៉ា ប្រាសាត ស៊ូប៊ែឌី បានជួប​ពិភាក្សា​ការងារ​ជាមួយ​តំណាង​សហ​​​ភាព​ការងារ​កម្ពុជា​ដឹកនាំ​ដោយ​​លោក​រ៉ុង ឈុន ​និង​នៅពេល​​រសៀល​ថ្ងៃ​ដដែល​នេះ លោកស៊ូប៊ែឌី នឹង​ជួប​ពិភាក្សា​​​ការ​ងារ​​ជាមួយគណៈ​​កម្មការ​​រដ្ឋសភា​កម្ពុជា ។ ​នេះ​បើ​​យោង​តាម​​លោកទូច ហួន ​មន្ត្រី​ទំនាក់ទំនង​​​របស់​​​ឧត្តម​ស្នងការ​​សហប្រជាជាតិ​​ទទួល​បន្ទុក​​​​សិទ្ធិ​​មនុស្ស​​ប្រចាំ​កម្ពុជា ដែលប្រាប់​​កោះសន្តិ​ភាព​​តាមទូរស័ព្ទ​នៅព្រឹក​​ថ្ងៃ​ចន្ទ​នេះ ។​

គួរ​បញ្ជាក់​ថា លោកស៊ូ​​យ៉ា​ ប្រាសាត ស៊ូ​ប៊ែឌី បានមក​ដល់​ប្រទេស​កម្ពុជា​​ជាលើកទី​​៤ កាលពី​​​ព្រឹកថ្ងៃទី​​​១៥ កុម្ភៈ ក្នុងដំណើរ​​បំពេញទស្សន​កិច្ច​​​​រយៈ​ពេល​​១០ថ្ងៃ​​នៅកម្ពុជា ។ ​បើតាម​​លោក​កុយ គួង ​​អ្នកនាំពាក្យ​​ក្រសួងការ​​​បរទេស​កម្ពុជា​ ធ្លាប់​​បានបញ្ជាក់​​ប្រាប់​ឱ្យ​​ដឹង​ថា នៅ​ក្នុង​ដំណើរ​បំពេញ​​ទស្សនកិច្ច​របស់លោកស៊ូប៊ែឌី ​ក្រោយ​ពី​​​ការជួបសន្ទនា​​ជាមួយ​សម្តេច​​តេជោ​ហ៊ុន សែន ​អ្នក​រាយការណ៍​​​ពិសេស​​អង្គការ​សហប្រជាជាតិ​​​ទទួលបន្ទុក​​​សិទ្ធិ​មនុស្សនៅ​កម្ពុជា​លោកស៊ូ​យ៉ា ប្រាសាត ស៊ូប៊ែឌី ​​ក៏​មាន​​កម្ម​វិធី​ជួបជាមួយ​ប្រធាន​​អង្គ​ភាព​ប្រឆាំង​អំពើ​ពុករលួយ​​លោក​ឱម យ៉ិន​ទៀង ​ផងដែរ ។​

យោង​តាម​​សេចក្តីប្រកាស​ព័ត៌​មាន​​ពីទីក្រុង​​ហ្សឺណែវ​កាលពីសប្តាហ៍​​មុន​បានបញ្ជាក់​​ឱ្យ​​ដឹង​ថា ​នៅ​ក្នុង​​ដំណើរ​​បំពេញ​​ទស្សនកិច្ច​​​លើកទី​៤ របស់​អ្នក​​​រាយការណ៍​​ពិសេស​អង្គការ​សហប្រជាជាតិ​​ទទួល​បន្ទុក​​សិទ្ធិ​មនុស្ស​​​នៅ​កម្ពុជា លោកស៊ូប៊ែឌី ​នឹង​​ពិនិត្យ​​​​មើល​អនុសាសន៍​​របស់​លោកអំពីមុខ​ងារ​របស់តុលាការ ។ ​លោក​នឹង​​ពិនិត្យមើល​​ផង​ដែរ អំពី​ភាពរីកចម្រើន​​ដែលទទួល​​បាន​​ពីការ​​​​ដក​បទ​បរិហាកេរ្តិ៍​ចេញពី​បទល្មើស​​ព្រហ្មទណ្ឌ​​​ និង​ការ​​បង្កើត​​​យន្ត​ការ​​អចិន្ត្រៃយ៍​​មួយ​សម្រាប់​កិច្ច​សន្ទនា​​រវាង​រដ្ឋាភិបាល​ និង​សង្គមស៊ីវិល ​ព្រម​ទាំង​​​​ការ​សិក្សា​​លើ​អង្គ​​នី​តិប្បញ្ញត្តិ​​​ក្នុង​បរិបទ​លើក​ស្ទួយ​​សិទ្ធិ​មនុស្ស​ ។ ជាមួយគ្នានេះ ​លោកស៊ូប៊ែឌី ​​នឹង​ចូលរួម​​ពិភាក្សា​​​ផងដែរ ​លើ​សេចក្តី​ព្រាង​ច្បាប់​​​ស្តីពីសមាគម​​​ និងអង្គ​ការ​​មិន​មែនរដ្ឋាភិ​បាល ​លើទំនាស់​ដីធ្លី​​ និង​ការ​បណ្តេញ​ចេញ ។ លោក​ស៊ូ​យ៉ា ប្រាសាត ស៊ូប៊ែឌី នឹង​ចាកចេញ​ពី​កម្ពុជា​​នៅថ្ងៃទី​​​២៤ កុម្ភៈ ​២០១១ ខាង​មុខនេះ៕​

ក្មេង​ទំនើង​​ទាត់​មន្ត្រី​នគរបាល​ចរា​ចរ​​១​ជើង​ និង​​វាយ​១ដំបង

Posted: 20 Feb 2011 11:32 PM PST

ក្មេង​ទំនើង​ម្នាក់​ឈ្មោះ​ឆោម ជីនិត ​អាយុ២០ឆ្នាំត្រូវ​កំលាំង​នគរបាល​ចរាចរ​ស្រុក​មេមត់​​ចាប់​ឃាត់​ខ្លួន​

ខេត្ត​កំពង់​ចាម ៖ ក្មេង​ទំនើង​ម្នាក់​ឈ្មោះ​ឆោម ជីនិត ​អាយុ២០ឆ្នាំ ​មាន​ទីលំ​នៅ​ភូមិ​​សង្គម​​មានជ័យ​ចាស់​ ឃុំមេមត់ ​ស្រុកមេមត់​ ដែល​ធ្លាប់​​មាន​ប្រវត្តិ​ជាប់​​ពន្ធ​នា​គារ​​ចំនួន២​លើក​មក​​ហើយ​នោះ ​បាន​ត្រូវ​កំលាំង​នគរបាល​ចរាចរ​ស្រុក​មេមត់​​ចាប់​ឃាត់​ខ្លួន​ កាលពី​វេលាម៉ោង​៧​ ​និង​​១៥​នាទី​​ព្រឹកថ្ងៃទី​១៧ ​កុម្ភៈ ​២០១១​ ព្រោះ​តែ​​ថ្លើមធំ​​ហ៊ាន​បង្ក​ហិង្សា​មក​លើ​មន្ត្រី​នគរបាល​ចរា​ចរ​ ខណៈ​កំពុង​បំពេញ​​ភារកិច្ច​​យាម​​ល្បាត​​តាម​​ដង​ផ្លូវជាតិលេខ៧ ។

តាមលោកវរសេនីយ៍​ត្រី ឯម កុសល អធិការ​នគរបាលស្រុកមេមត់បាន​ឱ្យដឹងថា ជារៀង​រាល់​ព្រឹកកំលាំងនគរបាលចរាចរស្រុកតែងតែចេញ​ទៅល្បាតនៅផ្លូវកែងចូលទៅ​ចំណុចដូនរ័ត្ន ស្ថិត​ក្នុងភូមិសង្គម​មានជ័យ ឃុំមេមត់ ក្នុងគោល​បំណងពង្រឹង​ឱ្យអ្នកជិះម៉ូតូទាំងឡាយត្រូវតែ​គោរព​ច្បាប​់ចរា​ចរណ៍​ផ្លូវគោក​ តាមគោល​ការណ៍​​របស់លោកអគ្គ​ស្នងការនគរបាលជាតិ ។ ​ដោយ​ឡែក​នៅព្រឹក​​ថ្ងៃ ទី១៧ ​កុម្ភៈ ស្រាប់តែ​ឃើញម៉ូតូ C 125 ១គ្រឿង ស៊េរី២០០៨ បើក​មក​ពី​ទិស​ខាងលិចក្នុង​ល្បឿនយ៉ាងលឿន​ដោយ​មានឌុបមិត្តភក្តិចំនួន២នាក់ និងមិនបានពាក់មួកសុវត្ថិភាពនិងដាក់កញ្ចក់សំរាប់មើលក្រោយ​ទេ ។

ខណៈឃើញបែបនេះមន្ត្រីនគរបាលមួយ​​រូបឈ្មោះហ៊ាន ហឿត អាយុ៥៤ឆ្នាំ បាន​យក​ដំបង​លើកជាសញ្ញាប្រាប់ឱ្យឈប់ តែជននេះ​មិនព្រមឈប់ទេ រឹតតែបន្ថែមល្បឿន​ទៀតជា​ហេតុ​ធ្វើឱ្យដំបងទៅប៉ះ​នឹងក្បាំងម៉ូតូ។ បន្តិច​ក្រោយមក​ក្មេងទំនើងឈ្មោះជីនិត បានជិះ​ម៉ូតូត្រឡប់​មក​វិញឈប់នៅក្បែរមន្ត្រីនគរ​បាល​​រូប​នេះ រួចទាត់មន្ត្រី​នគរ​បាល​១ជើងត្រូវកំភួន​ជើងឆ្វេង និង​ដណ្តើមយក​ដំបង​បញ្ជា​ចរា​ចរណ៍​មក​វាយ​ត្រូវ​ឆ្អឹង​ជំនីរខាងឆ្វេង​បណ្តាលឱ្យមាន​ការឈឺចុកចាប់ និងបំរុងជិះម៉ូតូរត់គេច តែត្រូវ​កំលាំង​នគរ​បាលចរាចរឯទៀតនៅក្បែរនោះ​ឃើញ​ទាន់ក៏នាំគ្នាដេញចាប់ក្របួចកអាវជាប់​នាំមកកាន់អធិការ​ដ្ឋាននគរបាលស្រុក ។

នៅចំពោះមុខសមត្ថកិច្ច ក្មេងទំនើង​ឈ្មោះ​ឆោម ជីនិត បានឆ្លើយថា កាលពីវេលា​ម៉ោង​ជាង៧ព្រឹកថ្ងៃទី១៧ កុម្ភៈនោះ ​រូបគេ​បានឌុប​មិត្តភក្តិ​២នាក់ចេញពីផ្ទះទៅសាលារៀន លុះ​ពេលជិះមកដល់ផ្លូវ​ចូលទៅ​ដូនរ័ត្ន​​ ក៏​មាន​នគរ​បាលចរាចរយាមត្រួតពិនិត្យចេញ​មក​ស្ទាក់​ព្រោះតែឃើញរូបគេមិនពាក់មួកសុវត្ថិភាព និងម៉ូតូគ្មានដាក់កញ្ចក់សំរាប់មើលក្រោយ តែរូប​គេមិនបានឈប់ទេ ។ ក្នុងពេល​នោះមាន​មន្ត្រី​នគរបាលវ័យចំណាស់ម្នាក់បានលើកដំបង​ឃាំង​ជាហេតុបណ្តាលឱ្យត្រូវក្បាំងម៉ូតូបែក ហើយ​រូប​គេបានជិះម៉ូតូឌុបឈ្មោះពិសីទៅផ្សារមេមត់ រួច​ត្រឡប់មកវិញ​ដើម្បីសួរ​នាំ​ហេតុអ្វីបានជាវាយ​ម៉ូតូ​របស់​ខ្លួន​បែប​នេះ និងតំរូវឲ្យសងក្បាំង​ម៉ូតូតែខាងនគរបាលឲ្យខ្លួនបង់ប្រាក់​ពិន័យ។ ក្នុង​ពេលនោះ ក៏មាន​ការ​ឈ្លោះប្រកែកគ្នា ឯខ្លួនបាន​ស្ទុះទៅទាញយកដំបងចរាចរមកវាយមន្ត្រីនគរបាលរូប​នោះ​​១​ដំបង ហើយក៏មានមន្ត្រី​នគរ​បាល​ផ្សេង​ទៀត​មកចាប់ខ្លួនម្តង ។

លោកវរសេនីយ៍ត្រីឯម កុសល បានបញ្ជាក់​ថា ក្មេងទំនើង​ឈ្មោះជីនិតនេះ នាពេលកន្លងមក​ធ្លាប់ជាប់ពន្ធ​នា​គារ​ចំនួន២ដង​ ហើយពីបទ​បង្ករបួសស្នាម និងធ្លាប់បានវាយមន្ត្រី​អាវុធ​ហត្ថ​ស្រុកមេមត់​មា្នក់បែកក្បាលហូរឈាម ។ លុះ​នៅ​លើកទី៣នេះទៀតបានវាយមន្ត្រីនគរបាលចរាចរមេមត់ ដែលត្រូវបានប្តឹងទាមទារសំណង​ជំងឺចិត្ត​ចំនួន៣.០០០ដុល្លារ និងឱ្យផ្តន្ទា​ទោស​តាម​ច្បាប់ ៕

៨ទល់​​៥​បង្ក​​ហិង្សា​ដាក់គ្នា​​ រង​របួស​ម្នាក់​​ឃាត់ខ្លួន​យុវជន​​​៥​នាក់

Posted: 20 Feb 2011 11:23 PM PST

ប៉ូលិស​ប៉ុស្តិ៍​​ទួល​សង្កែ ខណ្ឌ​ឫស្សី​កែវ ​បាន​ឃាត់​ខ្លួន​យុវ​ជន​​​៥​នាក់

រាជធានីភ្នំពេញ ៖ ប៉ូលិស​ប៉ុស្តិ៍​​ទួល​សង្កែ ខណ្ឌ​ឫស្សី​កែវ ​បាន​ឃាត់​ខ្លួន​យុវ​ជន​​​៥​នាក់ កាល​ពីវេលា​ម៉ោង​១០​និង​១៥​នាទី​យប់ ថ្ងៃ​ទី​២០ កុម្ភៈ ខណៈ​ពេល​ប្រើ​អំពើ​ហិង្សា​​ទៅ​លើ​គូ​ទំនាស់​​​ដែល​​មានគ្នា​​៨​នាក់​បង្ក​ឱ្យ​រងរបួស​​ម្នាក់​នៅ​​ភូមិ​ទួល​គោក ​ផ្លូវ​លេខ​៥៩៨ សង្កាត់​ទួល​​សង្កែ ​ខណ្ឌ​ឫ​ស្សី​កែវ ។

យុវ​ជន​ដែល​ត្រូវ​ឃាត់​ខ្លួន​​​សមត្ថ​កិច្ច​ឱ្យ​ដឹង​ថា ១-ឈ្មោះ​​ម៉ៃ ណាក់ ហៅ​ចំរើន អាយុ​២០​ឆ្នាំ ២-ឈ្មោះ​​ចែក សាន ហៅ​រ័ត្ន ​អាយុ​២៣​ឆ្នាំ ៣-ឈ្មោះ​​ប៉ិល ពឿន ​អាយុ​២១​ឆ្នាំ ៤-ឈ្មោះ​ស្រុង ស្រឿន អាយុ​២១​ឆ្នាំ និង​៥-ឈ្មោះ​​រាម រិទ្ធ អាយុ​១៧​​ឆ្នាំ ។ អ្នក​ទាំង​៥​នាក់ ជា​កម្ម​ករ​ទឹក​ក្រូច​មាន​​ទី​លំនៅ​តាម​ផ្លូវ​​លេខ​៥៩៨ ភូមិ​ទួល​គោក សង្កាត់​​ទួល​សង្កែ ខណ្ឌ​ឫស្សី​កែវ ។ ​អ្នក​​រង​របួស​ឈ្មោះ​​ម៉ៅ វា៉ន់​រដ្ឋ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជា​អ្នក​ជួស​ជុល​រថយន្ត​​ ​ស្នាក់​នៅ​ក្នុង​យាន​ដ្ឋាន​មួយ​កន្លែង​ក្នុង​ដីឡូត៍​លេខ​៣០៤ ផ្លូវ​លេខ​៥៩៨ ភូមិ​ទួល​គោក​ សង្កាត់​​ទួល​សង្កែ ​ខណ្ឌ​ឫស្សី​កែវ ។ ​

តាម​សមត្ថ​កិច្ច​ឱ្យ​ដឹង​​ថា ​នៅវេលា​​មុន​ពេល​កើត​ហេតុ​ជន​រង​គ្រោះ​​ឈ្មោះ​ម៉ៅ វ៉ាន់​រដ្ឋ ​រួម​ទាំង​មិត្ត​ភក្តិ​ចំនួន​៥​នាក់ បាន​​ជិះ​ម៉ូតូ​ធុន C100 កូរ៉េ​ ពណ៌​ក្រហម​មួយ​​គ្រឿង (ជិះ​ប្រជ្រៀ​ត​គ្នា​) ត្រឡប់​មក​ពី​ផ្សារ​​ងិន​អាន ក្នុង​គោល​បំណង​ទៅ​ផ្ទះ ។ ​ពេល​ធ្វើ​ដំណើរ​​មក​ដល់​​ចំណុច​កើត​ហេតុ​ក៏​​​ជួប​នឹង​យុវ​ជន​​​ដែល​ត្រូវ​ចាប់​ខ្លួន​ចំនួន​​៥​នាក់ បាន​ជេរ​ប្រមាថ​ទៅ​លើ​ពួកគេ​ក៏​កើត​ទៅ​​ជា​ទំនាស់​ពាក្យ​សំដី​ ហើយ​ក្រុម​​ជន​រង​គ្រោះ​បាន​ទៅ​ហៅ​មិត្ត​ភក្តិ​នៅ​ក្នុង​យាន​ដ្ឋាន​ចំនួន​៣​នាក់ ​មក​ថែមទៀត សរុប​​មានគ្នា​​​៨​នាក់ គឺ​​លើក​​គ្នា​​ទៅ​សួរ​​នាំ​ បណ្តាល​ឱ្យ​កើត​ទៅ​ជា​ទំនាស់​​យ៉ាង​បែក​ផ្សែង ។

ចំណែក​​ក្រុម​យុវ​ជន​​​​៥​នាក់ ដែល​ឈរ​តាម​ផ្លូវ​​នោះ (ជន​ចាប់​​ខ្លួន​) ប្រដាប់​ដោយ​ដំបង ចប​កាប់ ពូថៅ ដេញ​វាយ​ទៅ​​លើ​គូ​ទំនាស់​​បណ្តាល​ឱ្យ​​រង​របួស​ម្នាក់​​បែក​ក្បាល​​បញ្ជូន​ទៅ​ព្យា​បាល​នៅ​មន្ទីរ​ពេទ្យ​ព្រះ​កុសុមៈ ។ ​ភ្លាមៗ​សមត្ថ​​កិច្ច​ប៉ុស្តិ៍​បាន​ចុះ​ទៅ​​​​ធ្វើ​អន្តរា​គមន៍​​ឃាត់​ខ្លួន​តែ​ម្តង ៕

ថ្លៃ​សំបុត្រ​ទស្សនា​​ជុំ​ផ្តាច់​ព្រ័ត្រ​​យូហ្វា​ឆេម​ពាន​លីក​ថ្លៃ​ជាង​ពេល​កន្លង​មក

Posted: 20 Feb 2011 11:18 PM PST

សហ​ព័ន្ធ​បាល់​ទាត់​អឺរ៉ុប (UEFA)

សំបុត្រ​ចូល​ទស្សនា​ការ​ប្រកួត​​ផ្តាច់​ព្រ័ត្រ​​បាល់​ទាត់​យូហ្វា​​ឆេម​ពាន​លីក ប្រចាំ​រដូវ​កាល​​២០១០-២០១១ បាន​បង្ហើប​​ឱ្យ​ដឹង​ពី​តម្លៃ​​​ដែល​ខ្ពស់​ជាង​កាល​ពី​អំឡុង​ពេល​មុន​ដែល​អ្នក​គាំទ្រ​ត្រូវ​ទិញ​ ​ដោយ​ថ្លៃ​ទាប​បំផុត​គឺ​១៧៦​ផោន ។

ការ​ប្រកួត​យូហ្វា​​ឆេម​ពាន​លីក​ក្នុង​រដូវ​កាល​នេះ​នឹង​​ធ្វើ​ការ​ប្រកួត​​ផ្តាច់​ព្រ័ត្រ​​នៅ​ថ្ងៃ​ទី​២៨ ឧសភា នៅ​ឯ​ទីលាន​ប្រកួត​វេម​ប្ល៊ី ទី​ក្រុង​ឡុង ប្រទេស​​អង់​គ្លេស​​ដែល​មាន​ចំណុះ​៨៦.០០០​កៅអី ។ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​​កន្លង​មក សហ​ព័ន្ធ​បាល់​ទាត់​អឺរ៉ុប (UEFA) បាន​បង្ហើប​ឱ្យ​ដឹង​ថ្លៃ​សំបុត្រ​ចូល​ទស្សនា​​ក្នុង​ការ​ប្រកួត​ជុំ​ផ្តាច់​ព្រ័ត្រ​ខាង​លើ​​​ថា សំបុត្រ​ចូល​ទស្សនា​ទាប​បំផុត​លក់​ឱ្យ​អ្នក​គាំទ្រ​​បាល់ទាត់​ទូទៅ​​១៥០​ផោន ដោយ​​ផ្គួប​ជា​ថ្លៃ​គ្រប់​គ្រង​ការ​​ប្រកួត​បន្ថែម ​ចំនួន​២៦​ផោន ​​ទៀត​សរុប ​អ្នក​គាំទ្រ​ត្រូវ​ចំណាយ​១៧៦​ផោន។

UEFA នឹង​ចេញ​លក់​សំបុត្រ​ដល់​អ្នក​គាំទ្រ​​ទូទៅ​ចំនួន​១១.០០០​សន្លឹក គិត​ចាប់​ពី​ថ្ងៃ​ទី​២៤ កុម្ភៈ ​ដល់​ថ្ងៃ​ទី​១៨ មីនា ​ចែក​ចេញ​ជា​៣​តម្លៃ​ គឺ​១៥០​ផោន​, ២២៥​ផោន និង​៣០០​ផោន ។ ​សំរាប់​សបុត្រ​​លើ​ជន​ពិការ​មាន​តម្លៃ​៨០​ផោន ​ដោយ​តម្លៃ​ទាំង​អស់​នេះ​មិន​រួម​បញ្ចូល​លើ​ថ្លៃ​​គ្រប់​គ្រង​រៀប​ចំ​ការ​ប្រកួត​ ខណៈ​​ពេល​ក្លឹប​​២​ដែល​ឆ្លង​ចូល​ជុំ​ផ្តាច់​ព្រ័ត្រ​​នឹង​បាន​ទទួល​បំណែង​ចែក​​ក្លឹប​នីមួយៗ​បាន​២៥.០០០​​សន្លឹក ក្នុង​មួយ​សន្លឹក​៨០​ផោន ។

UEFA មា​នក្តី​រំពឹង​ទុក​ថា ​នឹង​មាន​ប្រាក់​​ចំណូល​​ពីការ​លក់​សំបុត្រ​​ចូល​ទស្សនា​ជុំ​ផ្តាច់​ព្រ័ត្រ​យូហ្វា​ឆេម​ពាន​លីក ​នា​រដូវ​កាល​២០១០-២០១១​នេះ ប្រហែល​​១៤​លាន​ផោន ច្រើន​ជាង​​កាល​ពី​ឆ្នាំ​មុន ដែល​រៀប​ចំ​ឡើង​នៅ​ទី​លាន​ប្រកួត​ក្លឹប​ Real Madrid ប្រទេស​អេស្ប៉ាញ ចំនួន​​៣​លាន​ផោន៕

ប៉ូលិស​ខណ្ឌ​​សែនសុខ​បង្ហាញមុខ​អ្នក​​ប្រើប្រាស់គ្រឿងញៀន និង​អ្នក​​ផ្តល់ទី​កន្លែង

Posted: 20 Feb 2011 11:13 PM PST

ប៉ូលិស​ខណ្ឌ​​សែនសុខ​បង្ហាញមុខ​អ្នក​​ប្រើប្រាស់គ្រឿងញៀន និង​អ្នក​​ផ្តល់ទី​កន្លែង​
ប៉ូលិស​ខណ្ឌ​​សែនសុខ​បង្ហាញមុខ​អ្នក​​ប្រើប្រាស់គ្រឿងញៀន និង​អ្នក​​ផ្តល់ទី​កន្លែង​

រាជធានីភ្នំពេញ ៖ ​ប៉ូលិស​ខណ្ឌ​សែនសុខ បានធ្វើ​សន្និសីទ​​កាសែត​​បង្ហាញ​មុខ​ជន​ប្រើ​​ប្រាស់គ្រឿងញៀន​ និង​អ្នក​ផ្តល់ទីតាំង​​សម្រាប់​​ឱ្យ​​សាធារណ​ជន​​បានស្គាល់មុខ​មាត់​ពិត​កាល​ពី​វេលាម៉ោង​​​១០ព្រឹក ថ្ងៃទី​​​២១ ​កុម្ភៈ ២០១១ នៅ​ក្នុង​​អធិការដ្ឋាន​នគរបាល​​ខណ្ឌ​​សែនសុខតែ​ម្តង ដោយមាន​លោកជាវ វិបុល អធិការ​រង​​​ទទួល​​ប​ន្ទុក​​​​​កិច្ចការ​ព្រហ្មទណ្ឌ​​ជា​អ្នក​​បង្ហាញ​​ពី​សកម្ម​ភាពផ្សេងៗ​របស់ជន​ល្មើស​​ដែលប្រមូល​បាន​នាពេលថ្មីៗ​នេះ​ចំនួន​១២​នាក់ ​។​

លោក​​អធិការ​​រង​ខណ្ឌ​សែនសុខ​​ជាវ វិបុល ​បាន​​ឱ្យ​​ដឹង​ថា ជនទាំង​​១២នាក់​នេះ​មាន​​៧​នាក់​​ជា​អ្នក​ប្រើប្រាស់​​​ត្រូវបាន​​សមត្ថ​កិច្ច​​​​ប្រមូល​​យកពី​តាម​ផ្ទះសំណាក់​​នានា​​ក្នុង​មូលដ្ឋាន ខណៈ​​ពេល​ពួកគេ​លួច​សម្ងំ​​ប្រើប្រាស់​​ជាក់ស្តែង​...​​ចំណែក​​​​៥​នាក់ទៀត​​គឺមាន​​២នាក់​​ជា​ម្ចាស់​ផ្ទះ​សំណាក់​​ជេម និង​​៣នាក់​​ជា​ម្ចាស់​ផ្ទះ​សំណាក់​​តំណាង​...​អ្នកទាំង​​៥​នាក់នេះត្រូវបានចោទ​ប្រកាន់​​ពីបទ​​ផ្តល់​ទីតាំង​​ដល់​អ្នក​​ប្រើប្រាស់ ។​
ក្រោយពេល​​បង្ហាញ​មុខ​​ហើយ ជន​​ទាំង​​១២នាក់នោះ​​នឹង​ត្រូវ​បញ្ជូនទៅ​កាន់តុលាការ​​​ចាត់​ការ​​តាមច្បាប់ ៕

ក្រុម​វ័យ​ចាស់​ព្រះ​ខ័ន​រាជ្យ​ក្លាយ​ជា​ជើង​ឯក​ដោយ​បាល់​ប៉េ​​ណាល់​ទី

Posted: 20 Feb 2011 11:07 PM PST

ក្រុម​វ័យ​ចាស់​ព្រះ​ខ័ន​រាជ្យ​ក្លាយ​ជា​ជើង​ឯក​ដោយ​បាល់​ប៉េ​​ណាល់​ទី​

រាជធានីភ្នំពេញ ៖ ជ័យ​ជំនះ​ដែល​បាន​ពី​ការ​ទាត់​បាល់ប៉េ​ណាល់​ទី​៥​គ្រាប់​ម្ខាង ​បាន​នាំ​ឱ្យ​ក្រុម​វ័យ​ចាស់ព្រះ​ខ័ន​រាជ្យ​ក្លាយ​ជា​ជើង​ឯក​ពាន​រង្វាន់​បាល់​ទាត់​ដើម្បី​ទាំង​អស់​គ្នា​ឆ្នាំ​នេះ ។ ការ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ​​រវាង​ក្រុម​​វ័យ​ចាស់​​ព្រះ​ខ័ន​រាជ្យ និង​ក្រុម​ព្រឹទ្ធ​សភា​​ ​នៅ​ទីលាន​ពហុ​កីឡ​ដ្ឋាន​ជាតិ​កាល​ពី​ល្ងាច​ថ្ងៃ​អាទិត្យ ទី​២០ កុម្ភៈ ​កន្លង​មក​នេះ បើ​ទោះ​បី​ជា​មាន​បញ្ហា​បន្តិច​​បន្តួច​នៅ​មុន​ការ​ប្រកួត​ក្តី​ក៏​មិន​បណ្តាល​​ឱ្យ​​អាក់​ខាន​ដែរ។ ​ការ​ប្រកួត​យា៉ង​ក្តៅ​គគុក​នៅ​​លើ​ទី​លាន​ដើម្បី​តំណែង​ជា​ម្ចាស់​ជើង​ឯក​រវាង​ក្រុម​​ទាំង​២​បាន​អូស​បន្លាយ​​រហូត​ដល់​​ព្រលប់​​​ដែល​ចាប់​​ផ្តើម​ពី​ម៉ោង​២​រសៀល​​មក​​។

ការ​ប្រកួត​៤០​នាទី​២​​ដង​បញ្ចប់​ទៅ​​នៅ​ក្នុង​ស្ថាន​ភាព​​តឹង​តែង​បំផុត ​ជា​លទ្ធ​ផល​ទាំង​សង​ខាង​រក​​បាន​២​គ្រាប់​ស្មើ​គ្នា ។ ការ​​ប្រកួត​បាន​ឈាន​ទៅ​ដល់​​​ការ​ប​ន្ថែម​ម៉ោង​១០​នាទី​ម្ខាង​បន្ត​ទៀត​​​​ ប៉ុន្តែ​នៅ​​តែ​មិន​អាច​​រក​ឃើញ​អ្នក​ឈ្នះ ។ សេច​ក្តី​សំរេច​ចុង​ក្រោយ​​គឺ​ការ​ទាត់​បាល់​​ប៉េ​ណាល់​ទី​៥គ្រាប់​ម្ខាង ​ហើយ​ក្រុ​​ម​បាល់​ទាត់​វ័យ​ចាស់​ព្រះ​ខ័នរាជ្យ ធ្វើ​​បាន​សំរេច​៤​គ្រាប់​ រីឯ​ក្រុម​ព្រឹទ្ធ​សភា​ធ្វើ​បាន​សំរេច​តែ​៣​គ្រាប់​ប៉ុណ្ណោះ។ ជា​លទ្ធ​ផល​​ក្រុម​​វ័យ​ចាស់​ព្រះ​ខ័ន​រាជ្យ​ឈ្នះ​​ក្រុម​ព្រឹទ្ធ​សភា​​​៦-៥ ។

​លោក​អោក សំណាង ប្រធាន​ក្រុម​​បាល់​ទាត់​​វ័យ​ចាស់​​ព្រះ​ខ័ន​រាជ្យ បាន​មាន​ប្រសាសន៍​ថា ការ​ប្រកួត​ថ្ងៃ​នេះ​​ទាំង​សង​ខាង​បាន​បញ្ចេញ​​អស់​ពី​សមត្ថ​ភាព​ ហើយ​​លោក​សរសើរ​ដល់​ក្រុម​​ព្រឹទ្ធ​សភា​​ដែល​មាន​កីឡា​ករ​ក្មេងៗ​ច្រើន​ និង​​លេង​បាន​ល្អ​ ជា​ពិសេ​ស​នៅ​ពេល​ដែល​​គេអាច​បាន​គ្រាប់​​បាល់​នាំ​មុខ​​១គ្រាប់​មុន ​ធ្វើ​ឱ្យ​​យើង​មាន​ការ​បារម្ភ​បន្តិច ។ ​លោក​មាន​ជំនឿ​ជឿ​ជាក់​លើ​ក្រុម​របស់​​លោក​ដែល​សុទ្ធ​សឹង​ជា​អតីត​កីឡា​ករ​ជំរើស​ជាតិ​​ចូល​និវត្តន៍​​ ​ទោះ​បី​ពួក​គាត់​មិន​សូវ​មាន​កម្លាំង​ តែ​​មាន​ល្បិច។ ​

​លោក​អោក សំណាង ​បាន​បញ្ជាក់​ថា អ្វី​ដែល​លោក​​​ខិត​ខំ​​នា​ពេល​នេះ​គឺ ដើម្បី​បង្ហាញ​ឱ្យ​ក្មេងៗ​ស្រករ​​ក្រោយ​បាន​ដឹង​បាន​យល់​​ពី​​បច្ចេក​ទេស​​លេង​ឱ្យ​​បាន​ច្បាស់ ព្រោះ​ថា ពួក​គាត់​ពុំ​មាន​អ្វី​ក្រៅ​ពី​ការ​ចែក​​រំលែក​នូវ​បទ​ពិសោធន៍​​ទាំង​នេះ​​ឡើយ ៕

ជៀស​ឱ្យ​ឆ្ងាយ​ពី​គ្រឿង​ញៀន​ ល្បែង​ស៊ី​សង​ ក្មេង​ទំនើង និង​អនាចារ

Posted: 20 Feb 2011 10:58 PM PST

ជៀស​ឱ្យ​ឆ្ងាយ​ពី​គ្រឿង​ញៀន​ ល្បែង​ស៊ី​សង​ ក្មេង​ទំនើង និង​អនាចារ​

ខេត្ត​កំពង់​ចាម ៖ «ក្មួយៗសិស្សានុសិស្ស​ត្រូវ​​តែ​ជៀសឲ្យឆ្ងាយពីគ្រឿងញៀន ល្បែង​ស៊ី​សង ក្មេងទំនើង និងអំពើអនាចារ» នេះជា​ប្រសាសន៍​​របស់លោកធុច ថាត អភិបាល​ក្រុង​កំពង់​ចាម ថ្លែ​ង​នៅ​ក្នុង​ពិធី​ប្រកាសភូមិ-ឃុំមាន​សុវត្ថិភាពកាលពីព្រឹកថ្ងៃទី​១៩ កុម្ភៈ ២០១១ ​នៅ​អនុវិទ្យាល័យបឹងកុក ក្រុង​កំពង់​ចាម ។

លោក​ជាម វ៉ាន់សាក់ នាយកអនុ​វិទ្យា​ល័យ​បឹង​កុក បាន​ថ្លែង​ថា នៅ​អនុវិទ្យា​ល័យ​បឹង​កុក​មាន​គ្រូចំនួន៣៧​នាក់ ក្នុង​នោះ​ស្រី​២១នាក់ សិស្ស​ចំនួន៣៤០នាក់ (ស្រី១៧១នាក់)។ ដើម្បី​ឲ្យការរៀនសូត្ររបស់សិស្ស​នៅ​ក្នុងថ្នាក់​និង​ក្រៅ​ថ្នាក់រៀន​ប្រព្រឹត្ត​ទៅ​បានល្អ​គ្មានការ​រំខាន គឺ​បាន​រៀប​ចំ​ឱ្យ​មាន​ក្រុម​ប្រឹក្សាវិន័យសំរាប់​ណែនាំ ឬ​ដាក់វិន័យសិស្ស​ដែលខុសឆ្គង។ មាន​ក្រុម​គ្រប់​គ្រង​វិន័យសណ្តាប់​ធ្នាប់ បរិស្ថាន​ប្រចាំ​ថ្ងៃ​ ដោយ​ចាប់​ផ្តើម​ពី​ការចូលរួមគោរពទង់ជាតិ ច្រៀង​ចំរៀង​ជាតិ​បទ​នគររាជ។ រៀប​ចំ​រចនា​សម្ព័ន្ធ​ក្រុម​យុវជន និង​កុមារឲ្យគេចេះគ្រប់គ្រង​សិស្ស​ទៅ​វិញ​ទៅ​មក​​ ពិសេស​គណៈ​កម្មការថ្នាក់ យុវ​ជន​កាក​​បាទ​ក្រហម កាយឫទ្ធិ​ឲ្យជួយក្នុងការងារ​សណ្តាប់​​ធ្នាប់ និងបរិស្ថាន ពិសេស​ពេល​គោរព​ទង់​​ជាតិ និង​តាមដាន​រកប្រភព​សិស្សដែល​ខិល​ខូច​មិន​ចូល​​ថ្នាក់រៀនដើរលេងហ្គេម។ ដោយ​សារ​ការ​រៀបចំ និងបានអនុវត្ត​​ការងារខាងលើ ក្នុងឆ្នាំ​​សិក្សា​២០១០-២០១១នេះ បានកាត់បន្ថយ​សកម្ម​ភាព​អវិជ្ជ​មាន​នៅក្នុងសាលារៀនបាន​ជា​ច្រើន ដោយ​សិស្សមករៀនទាន់ពេល​វេលា មិន​មាន​នៅខាង​ក្រៅ​ថ្នាក់​ កាត់​បន្ថយ​បាន​ក្មេង​ទំនើង​ពីខាង​ក្រៅ​ចូល​មក​រំខានថ្នាក់រៀន ព្រម​ទាំង​បានកាត់​បន្ថយ​បរិ​ស្ថាន​មិន​ល្អ​នៅ​ក្នុង​សាលា​រៀន។

លោកអនុសេនីយ៍​ឯក ហង្ស វ៉ាន់ចន អធិ​ការ​រងនគរបាលក្រុងកំពង់ចាមបានលើកឡើងថា ចំពោះសកម្មភាពដែលត្រូវ​​ចុះប្រជុំធ្វើការ​សំណេះ​សំណាល​នេះ គឺ​នៅ​តាម​សាលាបឋមសិក្សា ​អនុ​វិទ្យា​ល័យនិងវិទ្យាល័យ​ឲ្យបានគ្រប់នៅក្នុងក្រុង​កំពង់​ចាម តាមបញ្ជា​របស់លោកឧត្តម​សេនីយ៍​ត្រី នួន សាមិន ស្នងការនគរបាលខេត្ត។ សំរាប់​គោល​ដៅ​ដែលត្រូវ​ចុះ​មាន​ដូចជា អនុ​វិទ្យា​ល័យ​បឹង​កុក ថ្ងៃទី១៩ កុម្ភៈ ២០១១ អនុវិទ្យា​ល័យ​ដីដុះ​ថ្ងៃ​ទី២២ កុម្ភៈ វិទ្យាល័យព្រះ​សីហនុ​ថ្ងៃ​ទី២៣ កុម្ភៈ អនុវិទ្យាល័យសំបួរមាស ថ្ងៃទី​២៥ កុម្ភៈ និង​សាលាបឋមសិក្សា​ទួល​ថ្ម​ថ្ងៃទី២៦ កុម្ភៈ។

លោកធុច ថាត អភិបាលក្រុង​កំពង់​ចាម ​បាន​មាន​ប្រសាសន៍​ថា កន្លងមករូបលោក​ធ្លាប់​​ប្រទះ​ឃើញ​មាន​សិស្សខ្លះ​ចេញ​ពី​ផ្ទះ​មក​សាលា​រៀន​ តែ​មិនបានចូលរៀន​ទេ ដោយ​បាន​ដោះ​ខោ​អាវ​សិស្សចេញ​រួច​យកខោ​អាវ​ផ្សេងដែល​ដាក់​នៅ​ក្នុង​សំពៀតមកពាក់ ហើយទៅច្រៀងខារ៉ា​អូខេ ដែល​នេះ ជាគំរូ​អាក្រក់នៅក្នុង​សាលា​រៀន​ និង​មិន​ត្រូវ​​ឲ្យ​មាន​នោះទេ។ ​ចំពោះ​ក្មួយៗប្រសិន​ណា​​បាន​ឃើញ​ជនណា​​ជួញដូរ និងចែក​ចាយ​ថ្នាំ​ញៀន​ត្រូវ​តែរាយការណ៍​មកកាន់រូបលោកជា​បន្ទាន់ ដើម្បី​មានវិធានការបង្ក្រាប​ធ្វើ​យ៉ាង​ណា​ឲ្យ​អស់​មិន​ឲ្យ​មាននៅក្នុងក្រុង​កំពង់​ចាម​ឡើយ។ ​ចំណែក​ល្បែង​ភ្នាល់បាល់ដែលកំពុង​តែកើត​មាន​នោះ ត្រូវតែលុបបំបាត់ពិសេសក្មួយៗជា​សិស្ស​ត្រូវជៀសឲ្យឆ្ងាយពីល្បែង បើពុំនោះទេ​នឹង​នាំ​ឲ្យប៉ះពាល់ដល់ការសិក្សាជាក់ជាមិនខាន៕

កាបូប​យួរដៃ​សម្រាប់ស្ត្រី​​ថ្លៃ​ជាង3លាន​ដុល្លារ

Posted: 20 Feb 2011 10:47 PM PST

កាបូបដែលមានតំលៃថ្លៃ

កាបូប​យួរដៃ​​សម្រាប់ស្ត្រី​​មួយផលិត​​ពី​​គ្រាប់​ត្បួង​ពេជ្យ​ចំនួន​​៤.៥១៧​គ្រាប់ ​សរុប​ទំហំ​​៣៨១,៩២ការ៉ាត និង​មាស​១៨ក្រាម ​ត្រូវ​បាន​ដាក់​​បង្ហាញ​នៅក្នុង​ពិព័រណ៍​​គ្រឿង​អលង្ការ​​ដែល​រៀបចំ​ឡើងក្នុងទីក្រុង​​ដូហា ប្រទេស​កា​តា កាល​ពី​​ថ្ងៃទី​​២០ កុម្ភៈ កន្លង​មក ។​
កាបូបនេះ​​ផលិត​ដោយ​ក្រុមហ៊ុន​​ច្នៃ និង​លក់​គ្រឿង​អលង្ការ​ធំមួយរបស់​ប្រទេស​កា​តា ។ បើ​គិតជា​​ប្រាក់​​កាបូប​នេះ​មាន​តម្លៃ​​ដល់ទៅ​​​៣,៨​​លានដុល្លារ​​អាេមរិក ជាប់​ឯត​ទគ្គកម្ម​​ជា​កាបូប​​យូរ​ដៃ​សម្រាប់ស្ត្រី​​មានតម្លៃ​​ថ្លៃ​បំផុត​​នៅលើ​ពិភព​លោក ៕

គ្រោះអគ្គីភ័យ​​​លេប​ត្របាក់​ផ្ទះសម្រាប់​ក្មេង​ពិការ​​នៅទីក្រុង​​ភាគខាង​​លិចអេស្តូនី​ស្លាប់​10នាក់

Posted: 20 Feb 2011 10:44 PM PST

អគ្គី​ភ័យ​​បានលេប​ត្របាក់​​​ផ្ទះ​សម្រាប់​​ក្មេង​ពិការ​​​មួយ​ខ្នងនៅ​ក្នុងទីក្រុង Haapsalu ភាគ​ខាង​លិចប្រទេសអេស្តូនី បណ្តាល​ឱ្យស្លាប់​​​ក្មេង​​​១០​នាក់ ។ តាមប្រភពព័ត៌​មាន​ថា យុវជន​​៩​នាក់ និង​ក្មេង​​​៣៧​នាក់​កំពុង​ស្នាក់នៅ​​ក្នុងផ្ទះនោះ​សាង​សង់​​ពីឈើ​​នៅពេលគ្រោះអគ្គីភ័យ​​កើតឡើង ។ ប្រភព​ព័ត៌​មាន​​​ដដែល​​ឱ្យ​​ដឹង​ទៀត​ថា ​គ្រោះអគ្គី​ភ័យ​​នោះ​កើតឡើង​កាលពី​​រសៀល​ថ្ងៃទី​​២០ កុម្ភៈ ​​កន្លងមក​​ ​ក្រោយ​ពីក្មេងៗ​​ក្រោក​ពី​ដេក​​​ថ្ងៃ ។​
អ្នកជួយសង្គ្រោះ​​​និយាយ​ថា នៅពេល​អ្នក​ពន្លត់​​អគ្គីភ័យ​​ទៅដល់​ផ្ទះនោះ​ត្រូវ​ភ្លើង​ឆេះ​​សន្ធោសន្ធៅ​ទៅហើយ ។ ​គេមិនទាន់ដឹង​ពី​​មូល​ហេតុ​​ដែលបណ្តាល​ឱ្យកើត​​គ្រោះអគ្គីភ័យ​នោះ​នៅ​ឡើយទេ ។​
ក្រោយពី​​​កើតគ្រោះ​អគ្គីភ័យ​​នោះ រដ្ឋាភិ​បាល​​​អេស្តូនី​​បានបើក​​កិច្ចប្រជុំបន្ទាន់មួយ​​ហើយ ​ប្រកាស​យក​ថ្ងៃទី​២១ កុម្ភៈ ជា​ថ្ងៃ​​កាន់ទុក្ខ​​នៅ​ទូទាំង​​ប្រទេស​សំរាប់ក្មេង​ដែលបាត់បង់​​ជីវិត​ទាំង​នោះ ។​
ភាគច្រើន​​នៃក្មេង​​ដែល​រស់នៅ​​​ផ្ទះនោះជា​​​អ្នក​ពិការជើង ធ្វើ​ឱ្យ​​ពួកគេ​មិន​អាច​រត់ចេញ​ពី​អណ្តាត​​ភ្លើង​បាន​ ។​
ប្រធានាធិបតី​​អេស្តូនី លោក Toomas Hendrik ថ្លែង​ក្នុង​សេចក្តី​ថ្លែង​ការណ៍​​ខ្លីមួយ​ថា ឧប្បត្តិ​ហេតុ​នៅមជ្ឈ​មណ្ឌល​​ក្មេង​ពិការ​នោះ​​បាន​ធ្វើ​​ឱ្យ​ពលរដ្ឋ​នៅ​ទូទាំង​​ប្រទេស​មានការ​​រន្ធត់​យ៉ាង​ខ្លាំង ។
អ្នកពន្លត់​អគ្គីភ័យ​​បាន​ប្រើ​ពេលច្រើន​​ម៉ោង​ដើម្បី​​គ្រប់គ្រង​​ភ្លើ​ងឆេះ​​ផ្ទះនោះ ៕

ក្រុង​ទុយនីសទាមទារ​ឱ្យធ្វើ​​បត្យា​ប័ន​​អតីត​ប្រធានាធិបតី​​ លោក​​​បេន​អាលី

Posted: 20 Feb 2011 10:42 PM PST

អតីតប្រធានាធិបតីទុយនីស៊ី

ក្រសួង​​ការ​បរទេស​ទុយនីស៊ី ​រាយការណ៍​​កាល​ពីថ្ងៃទី​​២០ កុម្ភៈ ​ថា ប្រទេស​​ទុយនីស៊ី ​បានស្នើ​​សុំការធ្វើ​​បត្យាប័ន​​អតីត​ប្រធានាធិបតី​​លោកហ្ស៊ីន ​បេនអាលី ពីប្រទេស​អារ៉ាប៊ី ​សាអ៊ូ​ឌីត ​ដើម្បី​​ឱ្យ​លោកមក​ឆ្លើយ​​ចំពោះ​ការ​​ចោទ​ប្រកាន់​​នានា​ទាក់ទិន​ដល់​​​ការ​បង្ក្រាប​​ដោយ​​ហិង្សា​​នូវបាតុ​​កម្ម​នានា​​កាលពីខែ​​មុន ។​
សំណើធ្វើ​​​បត្យា​ប័ន​​ដាក់ដោយ​​ប្រទេស​ទុយនី​ស៊ី ​ចំពោះ​​ប្រទេស​​អារ៉ាប៊ី សាអ៊ូឌីត ធ្វើ​ឡើង​​បន្ទាប់ពី​​ការចោទប្រកាន់​​មួយ​ចំនួន​ប្រឆាំង​នឹង​​ប្រធានាធិបតី​​ត្រូវផ្តួលរំលំ​​រូបនេះ​​ដែលការ​ចោទ ប្រកាន់​​​ទាំង​នោះ​ទាក់ទិន​ដល់ការ​ចូលរួមរបស់​លោក ក្នុង​អំពើ​​ឧក្រិដ្ឋ​​​ធ្ងន់ធ្ងរជាច្រើន​​​មាន​ដូច​ជា​​ការនាំ​ឱ្យ​​មានការ​សម្លាប់​មនុស្ស​​ដោយចេតនា​​និងការ​សាបព្រោះ​​​ការបែកបាក់​គ្នា រវាង​ពល​រដ្ឋ​​ក្នុងប្រទេស​​ហើយ​ជំរុញ​ឱ្យ​ពួកគេ​​​កាប់​សម្លាប់​​គ្នា​ទៅវិញ​ទៅមក ។​
ក្នុងសេចក្តី​ប្រកាស​មួយ​ក្រសួង​​ការបរទេស​​ទុយនីស៊ី​​បានស្នើ​ដល់​​​រដ្ឋាភិបាល​ទីក្រុង​​រីយ៉ាដ ​ផ្តល់​ក្នុង​រយៈ​ពេល​​​ដ៏​ឆាប់​នូវ​រាល់​​ទិន្នន័យ​ ដែល​ខ្លួន​​​មានទាក់ទិន​ទៅនឹង​ស្ថានភាព​សុខ​ភាព​របស់​​​​លោកបេនអាលី ​ព្រោះ​តែ​​មានព័ត៌​មាន​​ផ្ទុយ​គ្នា​​​នា​នា​​អំពីស្ថាន​ភាព​សុខភាព​របស់​លោក ហើយ​ដែល​​ថា លោក​អាច​ស្លាប់​​ជា​យថាហេតុ ។​
ពលរដ្ឋ​ទុយនីស៊ី​​ជាង​​១០០នាក់ស្លាប់ ក្នុង​​ការ​បះ​បោរ​​​ដែល​នាំទៅ​​ដល់​ការ​ចាកចេញ​​ពី​អំណាច​​របស់​លោកបេនអាលី ​កាលពីថ្ងៃទី​​​១៤ ​មករា កន្លង​មកនេះ ។ យោ​ងតាម​​ប្រភពព័ត៌​មាន​​មួយ​ចំនួន​ថា លោក​បេន​អាលី​ ​មានជម្ងឺ​​ធ្ងន់ ចាប់​តាំង​​ពី​លោក​រត់គេ​ចខ្លួនទៅកាន់​អារ៉ាប៊ី ​សាអ៊ូឌីត​មក​។
ម្យ៉ាងទៀត ​យោង​តាម​​រូបភាព​ទាំង​ឡាយ​ចាក់​ផ្សាយ​​​ដោយ​ទូរទស្សន៍​​ជាតិ​​ថា ប្រាក់​​ជាតិ​ឌីណារបស់​ទុយនីស៊ី​​ និងប្រាក់​​បរទេស​ជា​ច្រើន​​​ព្រមទាំង​​គ្រឿង​​​អលង្ការ​ដែលមាន​តម្លៃ​​យ៉ាង​មហា​សាល​ត្រូវ​បាន​រកឃើញក្នុង​វិមាន​មួយ​ក្នុង​ចំណោម​​វិមាន​​​របស់​លោកបេន​អាលី ​និង​ភរិយា​​លោកស្រី​​ឡីឡា ត្រា​បែល​ស៊ី ដែលវិមាននេះ​​ស្ថិត​​នៅលើកូន​ភ្នំ​​ស៊ីឌី​បៃ​​អុីដ ​ចម្ងាយ​​​​១៥គីឡូ​ម៉ែត្រ​ ខាងជើង​​ទីក្រុង​​ទុយនីស ៕

កាកបាទ​ក្រហម​​ត្រៀម​​ចុះ​ចែក​អំណោយ​​​ដល់​ពលរដ្ឋ​​រងគ្រោះ​​ដោយសារ​​ភ្លៀង​ព្យុះ​រំលំ​​ផ្ទះ​សម្បែង​ចំនួន​១៩​ខ្នង

Posted: 20 Feb 2011 10:42 PM PST

ខេត្តបន្ទាយមានជ័យ​ ៖ ​យោង​តាម​របាយ​ការណ៍​​របស់អាជ្ញាធរ​​ស្តីពីការ​ខូច​ខាត​ដោយ​​សារ​ខ្យល់ព្យុះ​​​បំផ្លិច​បំផ្លាញ​​លំនៅ​ឋាន​​ប្រជា​ពលរដ្ឋ​​ឱ្យ​​ដឹង​ថា ក្រុម​មន្ត្រី​​បាន​​សម្រង់​​តួលេខ​​នៃការ​ខូចខាត​​គឺ​សរុប​អគារ-លំនៅ​ឋាន​ចំនួន​​១៩​ខ្នង ​ស្ថិត​ក្នុង​​សង្កាត់​​ម្កាក់ ​ក្រុង​សិរីសោ​ភ័ណ បានរង​នូវការ​បែកបាក់​​​របើក​ដំបូល របើក​ជញ្ជាំង បង្ក​ឱ្យ​​ខូចខាត​​ដល់​ទ្រព្យ​​សម្បត្តិ និង​ពុំ​អាច​​ចូល​ទៅរស់នៅ​បាន ។​
សូមបញ្ជាក់​ថា គ្រោះ​មហន្តរាយ​​ដោយ​សារ​​ភ្លៀង​ខ្យល់​ព្យុះ​​នេះ​បានកើតឡើង កាលពីវេលា​​ម៉ោង​​៣​និង​​១៥នាទីរសៀល​ថ្ងៃទី​​​២០ កុម្ភៈ ​២០១១ គ្រ​ប​​ដណ្តប់​​ទៅលើសង្កាត់​ម្កាក់ រួម​​មាន​ទីតាំង​​ឡឥដ្ឋ​១កន្លែង​របើក​ដំបូល​រង​ការ​​ខូច​ខាត​​ឥដ្ឋ​យ៉ាងច្រើន​​​ក្រាស់ក្រែល ភូមិ​ក្បាល​ស្ពានខូច​ខាត​​លំនៅ​​ឋាន​​​១៥​ខ្នង​​ ភូមិ​​​កូនឡី​២​ខ្នង និង​ភូមិ​​តាម៉ា​១ខ្នង ។ ក្រោយពេល​​កើត​ហេតុភ្លាមៗ គេ​ឃើ​ញក្រុម​​​មន្ត្រី​អាជ្ញាធរ​ដឹកនាំ​ដោយ​​លោក​អភិបាល​​ក្រុង​​សិរី​សោភ័ណ​ចុះ​ទៅពិនិត្យ​​មើល​ស្ថាន​​​ភាព ធ្វើ​ការ​​វាយ​តម្លៃ​ការ​ខូចខាត​​ និង​​ចាត់​ចែង​​​កម្ម​វិធី​​​មនុស្សធម៌ ។​
មន្ត្រី​អាជ្ញាធរ​​​បាន​ឱ្យ​​ដឹង​ថា ឆាប់​ៗ​នេះ ក្រុម​​ការងារ​​កាក​បាទ​ក្រហម​​​ និង​មន្ត្រី​​អាជ្ញាធរ នឹង​​ចុះ​ចែក​​អំណោយ​​​សង្គ្រោះ​​​បន្ទាន់​ដល់​​ប្រជា​ពលរដ្ឋ​​រង​គ្រោះ​​ខាងលើ​នេះ​ហើយ ។ ព័ត៌មានលម្អិត​នឹង​ផ្សាយជូននៅពេលក្រោយ និង​នៅលើទំព័រ​កាសែត​កោះសន្តិភាព ៕

កូន​ប្រុស​មេដឹកនាំ​​លីប៊ី​​​លើកឡើង​ពីការ​កែ​ទម្រង់​​សំខាន់ៗ​របស់​ប្រទេស

Posted: 20 Feb 2011 10:42 PM PST

កូនប្រុសរបស់លោកកាដាហ្វី

កូនប្រុស​​របស់មេដឹកនាំ​​​លីប៊ី ​លោក​មូអាម៉ា កា​​​ដា​ហ្វី ​កាលពីព្រឹកថ្ងៃទី​​​២១ កុម្ភៈ ​បានស្នើ​​​ឱ្យ​មាន​​​ការ​អនុវត្ត​​​​ឱ្យ​បាន​លឿន​នូវ​​កំណែ​ទម្រង់​​លទ្ធិ​ប្រជា​ធិបតេយ្យ​​ដែលមានសារ​សំខាន់​បំផុត​របស់​ប្រទេស​ដោយ​លោក​ព្រមាន​​ពីការកើត​​សង្គ្រាម​​ស៊ីវិល​​នឹង​​ការ​វិលត្រឡប់​ទៅរក​​ការ​ធ្វើ​​​អាណានិគម​​វិញ ហើយ​ភាពក្រីក្រ​​​​នឹង​កើតឡើង​ស្ទើ​រ​តែ​​គ្រប់​ទីកន្លែង​​ ប្រសិនបើ​​​ពលរដ្ឋ​​ឈរ​ខាង​​​ពួក​បាតុ​ករ​ប្រឆាំង​រដ្ឋាភិបាល ។
កូនប្រុស​​​របស់មេដឹកនាំ​​​លីប៊ី​​រូបនេះ លោក សាអ៊ីហ្វ អាល់ អ៊ីស្លាម​ កា​ដាហ្វី​ បានលើកឡើង​​ដូច្នេះ​ក្នុង​​សុន្ទរកថា​​ចាក់​ផ្សាយ​​តាមទូរទស្សន៍​​
រដ្ឋ​ ។ លោក​​ថ្លែង​ថា ​យើងគួរតែ​​រួមគ្នា​បូជា​ដើម្បី​គុណ​ប្រយោជន៍​​របស់​ប្រទេស​​ ហើយបើ​យើង​​អនុ​ញ្ញាត​​​ឱ្យ​​​ការ​​បះបោរ​​កើតឡើង​ជា​បន្ត បំភ្លេច​​លទ្ធិ​​ប្រជា​ធិបតេយ្យ​​ បំភ្លេច​​​កំណែ​ទម្រង់​​នោះ​ក្នុង​​ប្រទេស​នឹង​​កើត​មាន​សង្គ្រាម​ស៊ីវិល​​​ធ្ងន់​ធ្ងរ។
ក្នុង​ឱកាស​នោះដែរ លោកសាអ៊ីហ្វ កាដា​ហ្វី បានរិះគន់​ការ​ផ្សាយរបស់​ទីភ្នាក់ងារ​​សារ​ព័ត៌​មាន​​​បរទេស​នានា ដែល​បំប៉ោង​​កម្រិត​នៃ​ការ​​បះបោរ​​នៅលីប៊ី ។​
លោកសាអ៊ីហ្វ កាដា​ហ្វី​ ដែលកាលពីឆ្នាំ​២០០៩ ​កន្លងមក​ ត្រូវ​បានតែ​ងតាំង​ជា​អ្នក​សម្រប​សម្រួល​​​​ទូទៅ​របស់លីប៊ី​​នេះ​អះអាង​ថា ឪពុក​របស់​លោកមិន​ដូច​មេដឹកនាំ​អេហ្ស៊ីប​​ លោក​ហ៊ូ​ស្នី មូបារ៉ាក់ ​ដែលទើប​បណ្តេញ​ចេញ​ពី​តំណែង​​​នា​ពេលថ្មីៗ​កន្លងមក​នេះ​នោះទេ ។​
លោក​ថ្លែង​ថា ទោះបីជា​បែបណា​ក៏ដោយ​ ក៏​យោធា​នៅតែ​មាន​ភក្តី​ភាព​​ចំពោះរដ្ឋាភិបាល​​កំពុង​កាន់អំណាច​ដែរ ។​
ទាក់ទិន​នឹង​ការធ្វើបាតុ​កម្ម​​នៅប្រទេស​លីប៊ី​​​ឯកអគ្គរដ្ឋទូត​​​លីប៊ី ប្រចាំ​​​សម្ព័ន្ធ​​អារ៉ាប់ ​ថ្លែង​កាល​ពី​​ថ្ងៃទី​​​២០ កុម្ភៈ កន្លងមក​នេះថា​ រូបលោក​​បាន​សុំ​លាលែង​​​ចេញពីតំណែង​​កាលពី​​​ថ្ងៃទី​១៩ កុម្ភៈ ​ដោយ​​សារ​ការស្លាប់​​​ជនស៊ីវិល​​ស្លូត​ត្រង់​៕

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!