Koh Santipheap Daily |
- តំលៃលក់អាវុធទូទាំងពិភពលោកកើនដល់៤០០.០០០លានដុល្លារក្នុងឆ្នាំ២០០៩ នៅតំបន់អាស៊ីមានក្រុមហ៊ុនចំនួន១០ជាប់ក្នុងលំដាប់ថ្នាក់ទាំង១០០
- រោងចក្រផលិតស្បែកជើងធំមួយអគ្គីភ័យឆាបឆេះកក្រើករាត្រី លេបត្របាក់ផលិតផលសម្រេចអស់រលីង
- វាយប្រហារអត្តឃាតនៅខេត្តភាគខាងជើងអាហ្វហ្គានីស្ថានស្លាប់៣០នាក់
- នារីតៃវ៉ាន់បង្កើតទិវាគ្មានខោជើងវែង
- តុលាការអេហ្ស៊ីបស្នើឱ្យផ្អឹបទុកទ្រព្យសម្បត្តិរបស់លោកមូបារ៉ាក់
- បង្ហាញភាពអស្ចារ្យឱ្យគេយកដែកថ្ពក់សាច់ខ្នងព្យួរឡើងលើ
- ទុយនីស៊ីស្នើធ្វើបត្យាប័នភរិយាលោកបេនអាលី
- រញ្ជួយដីកម្រិត6,3រីស្ទ័រកើតឡើងប៉ះក្រុងធំមួយរបស់នូវែលហ្សេឡង់ស្លាប់65នាក់
- សម្តេចតេជោហ៊ុន សែន ៖ អាស៊ាន-អ.ស.ប អាចជួយបញ្ចប់កិច្ចឈប់បាញ់ ប៉ុន្តែការសម្រេចចុងក្រោយលើជម្លោះព្រំដែន គឺតុលាការអន្តរជាតិ
- ផាវ ភឿក ជួប សរ សី នៅរេញប៉ុស្តិ៍លេខ៥ ថ្ងៃ២៥ កុម្ភៈ
- លោកអភិបាលខេត្តកំពង់ឆ្នាំង ដឹកនាំមន្ត្រីរាជការចុះសួរសុខទុក្ខ និងនាំយកអំណោយជូនកងទ័ព
- តារាភាពយន្តកូរ៉េខាងត្បូងល្បីឈ្មោះលីយ៉ុង អេ បង្កើតបានកូនភ្លោះ
- ប្រធានាធិបតីយេម៉ែនសច្ចាថាមិនចុះចេញពីតំណែង
- ស្តេចម៉ារ៉ុកថ្លែងព្រះសុន្ទរកថាម៉ឺងម៉ាត់មួយចំពោះពួកបាតុករ
- អាស៊ានផ្ដោតលើកម្ពុជា សៀម ដំណោះស្រាយចុងក្រោយបំផុតនៅតែទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ
- លីប៊ី ៖ ក្រុមលោកកាដាហ្វី ទម្លាក់គ្រាប់បែក និងបាញ់ប្រហារពីយន្តហោះលើពួកបាតុករស្លាប់ច្រើននាក់
- រត់ជាន់គ្នានៅពហុកីឡដ្ឋានមួយក្នុងរដ្ឋធានីប្រទេសម៉ាលីស្លាប់30នាក់
- រថយន្តដឹកទឹកកកបុករ៉ឺម៉កដឹកទឹកកកស្លាប់ម្នាក់ទាំងព្រឹក
- ជនបរទេសវាយកញ្ចក់រថយន្តយោធាព្រោះរឿងចរាចរណ៍
- ស្ត្រី និងកូនស្លាប់បន្តគ្នា អ្នកភូមិ៧នាក់ទៀតធ្លាក់ខ្លូនឈឺសង្ស័យផ្តាសាយបក្សី
Posted: 21 Feb 2011 11:33 PM PST មជ្ឈមណ្ឌលស្រាវជ្រាវសន្តិភាពអន្តរជាតិនៅទីក្រុងស្តុកខុល (SIPRI)បានផ្សាយថា ទោះបីជាសេដ្ឋកិច្ចពិភពលោក ធ្លាក់ចុះជាបន្តបន្ទាប់រហូតដល់ឆ្នាំ២០០៩ ប៉ុន្តែតំលៃលក់អាវុធរបស់ក្រុមហ៊ុនខ្នាតធំចំនួន១០០នៅទូទាំងពិភពលោកនៅកើនលើសពីឆ្នាំ២០០៨ដល់ទៅ១៤.៨០០លានដុល្លារ ឬប្រហែល៨% និងកើនឡើងប្រហែល៥៩%ធៀបនឹងឆ្នាំ២០០២ ដោយអត្រាលក់របស់ក្រុមហ៊ុនចំនួន៤៥នៅសហរដ្ឋអាមេរិកមានប្រហែល៦១,៥%នៃតំលៃលក់អាវុធសរុបក្នុងឆ្នាំ២០០៩។ លោកស៊ូសាន ជេកសុន អ្នកជំនាញផ្នែកលក់អាវុធបានធ្វើអត្ថាធិប្បាយថា ថវិកាដែលរដ្ឋាភិបាលអាមេរិកចំណាយក្នុងការទិញអាវុធដល់កងទ័ពជាកត្តាសំខាន់ធ្វើឱ្យក្រុមហ៊ុននៅសហរដ្ឋអាមេរិកមានអត្រាការលក់កើនឡើងរួមជាមួយក្រុមហ៊ុនមួយចនួននៅអឺរ៉ុបផងដែរ។ នៅក្នុងចំណោម១០លំដាប់ថ្នាក់ដំបូងក្រុមហ៊ុនដែលលក់អាវុធធំបំផុតនៅលើពិភពលោក គឺក្រុមហ៊ុនអាមេរិកមានដល់ទៅ៧កន្លែង រួមមានក្រុមហ៊ុនឡុកហ៊ីដម៉ាទីន, បូអ៊ីង, ណ័ររ៉ុបក្រាមម៉េន, ជេណឺរ៉ល ឌីណាម៉ិក, រ៉េធីអុន, អេល-៣ ខុមមីនីខេស្សិន និងយូណាយធីត ថេកណូឡូជី។ ក្រុមហ៊ុនឡុកហ៊ីដ ម៉ាទីន ប្រជែងយកតំណែងលំដាប់ទី១ពីក្រុមហ៊ុនប៊ីអេអ៊ី ស៊ីស្តេម របស់អង់គ្លេសនៅក្នុងឆ្នាំ២០០៩បានដោយមានអត្រាការលក់ដល់ទៅ៣៣.៤០០លានដុល្លារ ខណៈពេលក្រុមហ៊ុនប៊ីអេអ៊ី រកចំណូលបានត្រឹមតែ៣៣.៣០០លានដុល្លារ ដោយចំណូលនៃការលក់របស់ក្រុមហ៊ុនទាំង២មានចំនួន៨,៣%នៃតំលៃលក់អាវុធនៅទូទាំងពិភពលោក។ ក្រុមហ៊ុនផ្សេងៗជាប់ក្នុងលំដាប់ថ្នាក់ទាំង៣៣ដំបូងនៃចំនួន៩ប្រទេសនៅតំបន់អឺរ៉ុប រួមមានប្រទេសហ្វាំងឡង់ បារាំង អាល្លឺម៉ង់ អ៊ីតាលី ន័រវេស អេស្ប៉ាញ ស៊ុយអែត ស៊្វីស និងអង់គ្លេស ដោយមានចំណូលសរុប១២០.០០០លានដុល្លារ ឬ៣០% នៃតំលៃលក់អាវុធក្នុងឆ្នាំ២០០៩។ នៅក្នុងចំណោម១០០ក្រុមហ៊ុនខាងលើមានក្រុមហ៊ុននៅអាស៊ីចំនួន១០កន្លែង រួមទាំងក្រុមហ៊ុនជប៉ុន៤កន្លែង និងឥណ្ឌា៣កន្លែង។ ចំណែកនៅ មជ្ឈិមប្រទេសមានក្រុមហ៊ុនលក់អាវុធជាប់លំដាប់ថ្នាក់ពិភពលោកចំនួន៧ក្រុមហ៊ុន គឺ៣ក្រុមហ៊ុននៅក្នុងប្រទេសអ៊ីស្រាអែល។ ចំណូលការលក់អាវុធនៅអាស៊ី និងមជ្ឈិមប្រទេស (អាស៊ីកណ្តាល) សរុបមានតំលៃប្រហែល២៤.០០០លានដុល្លារ ឬប្រហែល៦%នៃតំលៃការលក់នៅទូទាំងពិភពលោក។ ទោះជាយ៉ាងណាក៏ដោយ តួលេខនោះមិនបានរាប់បញ្ចូលអាជីវករលក់នៅក្នុងប្រទេសចិនទេ។ លោកជេកសុន បានគូសបញ្ជាក់ទៀតថា ទោះបីជាមានការដឹងច្បាស់ថា ក្រុមហ៊ុនផលិតអាវុធជាច្រើនកន្លែងនៅប្រទេសចិនមានទំហំធំអាចជាប់ក្នុងលំដាប់ថ្នាក់ទាំង១០០នៅលើពិភពលោកក៏ដោយ ប៉ុន្តែយើងមិនអាចរៀបចំលំដាប់ថ្នាក់របស់ពួកគេបាន ព្រោះនៅខ្វះទិន្នន័យគ្រប់គ្រាន់ និងច្បាស់លាស់ក្នុងការប្រៀបធៀប។ SIPRI បានបញ្ជាក់ទៀតថា ការលក់អាវុធយុទ្ធោបករណ៍ និងបរិក្ខារផ្សេងៗដល់កងទ័ពរួមមានទាំងការរៀបចំដឹកជញ្ជូននៅក្នុងប្រទេស និងការនាំចេញទៅក្រៅប្រទេសដែរ ៕ |
Posted: 21 Feb 2011 11:29 PM PST រាជធានីភ្នំពេញ ៖ អគារឃ្លាំងមួយខ្នងស្ថិតនៅក្នុងបរិវេណរោងចក្រផលិតស្បែកជើងយីហោ MAGNATE FOOT WEAR ១ខ្នងដែលផ្ទុកទៅដោយផលិតផលសំរេចប្រមាណជាង៨ម៉ឺនគូ និងមិនទាន់សំរេចជាច្រើនទៀតរួមជាមួយម៉ាស៊ីនសង្វាក់ផលិតកម្ម និងម៉ាស៊ីនដេរជាង១០០គ្រឿង បានត្រូវភ្លើងឆាបឆេះអស់ទាំងស្រុង និងបង្កឱ្យមានការភ្ញាក់ផ្អើលទាំងយប់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០ និង៥០នាទីយប់ ថ្ងៃទី២១ ខែកុម្ភៈ ហើយបើទោះបីជាក្រុមពន្លត់អគ្គីភ័យខំបាញ់ទឹកពន្លត់ដោយប្រើទឹកអស់ជិត១០០ស៊ីទែន និងប្រើពេលពេញ១យប់ទល់ភ្លឺក្តីក៏ភ្លើងមិនរលត់ទាំងស្រុងដែរ គ្រាន់តែអាចទប់ស្កាត់មិនឱ្យឆេះរាលដាលដល់អគារផ្សេងទៀតប៉ុណ្ណោះ។ រោងចក្រផលិតស្បែកជើង MAGNATEFOOT WEAR នេះមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវអូដឹម-កប់ស្រូវស្ថិតក្នុងភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌដង្កោ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា អគារដែលត្រូវភ្លើងឆេះនោះសាងសង់ពីថ្មប្រក់ស័ង្កសីទំហំ៣៦ម៉ែត្រគុណនឹង១១០ម៉ែត្រ គឺជាឃ្លាំងផ្ទុកផលិតផលសំរេច និងមិនទាន់សំរេចខ្លះ ព្រមទាំងម៉ាស៊ីនសង្វាក់ផលិតកម្ម និងម៉ាស៊ីនដេរជាង១០០គ្រឿង ។ ទោះបីជាបែបណា ពុំមានព័ត៌មានស្តីពីមនុស្សរបួស ឬស្លាប់នៅក្នុងហេតុការណ៍នោះឡើយ ហើយភ្លើងបានឆេះក្រោយពេលកម្មករឈប់សំរាកចេញទៅផ្ទះអស់ ប៉ុន្តែក៏នៅមានបុគ្គលិកផ្នែករដ្ឋបាល និងអ្នកបកប្រែមួយចំនួនស្នាក់នៅទីនោះដែរ។ ប្រភពពីសន្តិសុខយាមនៅទីនោះនិយាយថា នៅមុនពេលកើតហេតុគេបានឮសូរសំលេងផ្ទុះនៅក្នុងអគារនោះ ប៉ុន្តែពុំដឹងថា ទុស្សេខ្សែភ្លើង ឬក៏ផ្ទុះអ្វីនោះទេ ហើយបនិ្តចក្រោយមកស្រាប់តែមានអណ្តាតភ្លើងឆាបឆេះឡើងយ៉ាងសន្ធោសន្ធៅចេញពីចំណុចកណ្តាលអគារតែម្តង។ បន្ទាប់ពីឃើញហេតុការណ៍បែបនេះ រូបគេបានរត់ទៅដាស់បុគ្គលិករដ្ឋបាលជាជនជាតិចិន និងអ្នកគ្រប់គ្រងរោងចក្រ និងបានទូរស័ព្ទប្តឹងប៉ូលិសមូលដ្ឋានសុំអន្តរាគមន៍ពីរថយន្តពន្លត់អគ្គីភ័យ។ សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា លុះមួយសន្ទុះក្រោយពីទទួលបានព័ត៌មាននោះ មានរថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿងបានទៅដល់ ដែលពេលនោះរថយន្តពន្លត់អគ្គីភ័យ២គ្រឿងដែលប្រចាំការនៅសាលាខណ្ឌដង្កោទៅដល់មុនគេ បន្ទាប់មកក្តីរថយន្តពន្លត់អគ្គីភ័យរបស់កងពលតូចង៧០របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អង្គភាពអន្តរាគមន៍ក្រសួងមហាផ្ទៃ ព្រលានយន្តហោះអន្តរជាតិភ្នំពេញសរុប២១គ្រឿង ចេញធ្វើសកម្មភាពបាញ់ទឹកពន្លត់ជាបន្តបន្ទាប់ ប៉ុន្តែបាញ់មិនឈ្នះភ្លើងដែលកំពុងឆេះនោះឡើយ។ ប្រភពដដែលបានបន្តទៀតថា ការបាញ់ទឹកពន្លត់នោះបានត្រឹមតែធ្វើឱ្យភ្លើងថមថយមួយភ្លែតៗ និងមិនឱ្យរាលដាលដល់អគារផ្សេងៗទៀតដែលនៅជិតនោះប៉ុណ្ណោះ។ សមត្ថកិច្ចដែលជាក្រុមពន្លត់អគ្គីភ័យទាំងនោះ រួមជាមួយកំលាំងគណៈបញ្ជាការឯកភាពខណ្ឌដង្កោដែលដឹកនាំផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រីទូច ណារ៉ុថ ស្នងការនគរបាលរាជធានីភ្នំពេញ និងលោកគិត សុផា អភិបាលខណ្ឌដង្កោ លោកប៊ន សំអាត អធិការនគរបាលខណ្ឌ បានប្រើពេល១យប់ទល់ភ្លឺ ព្រមទាំងចំណាយទឹកអស់ជិត១០០ស៊ីទែន ក៏ប៉ុន្តែក៏មិនទាន់រលត់ទាំងស្រុងនៅឡើយគិតត្រឹមវេលាម៉ោង៦ព្រឹក ថ្ងៃទី២២ កុម្ភៈ ហើយកំពុងបន្តបាញ់ពន្លត់ជាបន្តបន្ទាប់ទៀត។ ប្រភពព័ត៌មានពីបុគ្គលិករោងចក្រនោះបានឱ្យដឹងថា នៅក្នុងអគារនោះផ្ទុកទៅដោយស្បែកជើងដែលផលិតរួចប្រុងនាំចេញទៅកាន់ទីផ្សារបរទេសនាថ្ងៃទី២៣ កុម្ភៈ ព្រមទាំងមានផលិតផលជិតសំរេចរាប់រយតោន និងម៉ាស៊ីនសង្វាក់ផលិតកម្មផងដែរ។ មិនតែប៉ុណ្ណោះ ចាប់ពីម៉ោង៦ និង៣០នាទីព្រឹករហូតដល់ម៉ោង៨យប់ មានកម្មករជាង៤០០នាក់ធ្វើការនៅក្នុងនោះ ហើយអគ្គីភ័យនេះបានកើតឡើងនៅក្រោយពេលកម្មករឈប់សំរាក។ ទាក់ទិនទៅនឹងហេតុការណ៍នេះ សមត្ថកិច្ចបានសន្និដ្ឋានជំហានដំបូងថា បណ្តាលមកពីទុស្សេខ្សែភ្លើង ហើយគេពុំទាន់ដឹងច្បាស់ថា តើផលិតផលខូចខាតទាំងនោះមានក្រុមហ៊ុនធានារ៉ាប់រងដែរឬក៏អត់នោះឡើយ ហើយក៏មិនទាន់ដឹងពីទំហំនៃការខូចខាតគិតជាទឹកប្រាក់ប៉ុន្មាននៅឡើយដែរ។ ទោះបីជាការសន្និដ្ឋានខាងលើជាជំហានដំបូងដែលសង្ស័យទុស្សេខ្សែភ្លើងក៏ដោយ ក៏សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវរកការពិតយ៉ាងដុតដៃដុតជើងបំផុត ព្រោះមានប្រភពខ្លះសង្ស័យថា មានគេលួចដុតដោយសារការកាច់កុងគ្នា។ មន្ត្រីសមត្ថកិច្ចនិយាយថា ភ្លើងឆេះងំណាស់មិនងាយរលត់ទេ ព្រោះស្បែកជើងសុទ្ធតែជ័រ និងស្បែក មិនតែប៉ុណ្ណោះមានទាំងកាវសំរាប់បិទបាតស្បែកជើងរាប់តោនទៀត ដូច្នេះងាយនឹងឆេះខ្លាំងណាស់។ បន្ទាប់ពីមានឧប្បតិ្តហេតុដ៏អាក្រក់នេះ កម្មកររាប់ពាន់នាក់ត្រូវបានផ្អាកការងារបណ្តោះអាសន្ន ព្រោះការពន្លត់ភ្លើងមិនទាន់បញ្ចប់ ហើយក៏ពុំទាន់ដឹងពីកាលបរិច្ឆេទដែលកម្មករចូលធ្វើការវិញថ្ងៃណានៅឡើយទេ។ ទោះបីបែបណា នៅមានអគារជាច្រើនទៀតមិនត្រូវបានភ្លើងឆេះទេ ហើយក្រោយពីបញ្ចប់ការពន្លត់ភ្លើងអាចឱ្យកម្មករអគារផ្សេងនោះចូលធ្វើការបានធម្មតាវិញ ។ ចំណែកឯកម្មករអគារដែលឆេះនោះប្រហែលមិនអាចចូលធ្វើការវិញក្នុងពេលឆាប់ៗនេះទេ ព្រោះអគារនោះត្រូវសាងសង់ថ្មីឡើងវិញ និងរៀបចំម៉ាស៊ីនសង្វាក់ផលិតកម្មថ្មីដែរ ដែលត្រូវប្រើពេលវេលាក្នុងការសាងសង់យូរទើបរួច៕ |
វាយប្រហារអត្តឃាតនៅខេត្តភាគខាងជើងអាហ្វហ្គានីស្ថានស្លាប់៣០នាក់ Posted: 21 Feb 2011 11:25 PM PST មនុស្សជាង៣០នាក់បានត្រូវស្លាប់នៅពេលជនអត្តឃាតតាលីបង់ម្នាក់បានវាយប្រហារដោយបំផ្ទុះគ្រាប់បែកសំដៅកិច្ចប្រជុំមេបញ្ជាការកងសេនាជនរៀបចំឡើងដោយសហរដ្ឋអាមេរិកនៅតំបន់ភាគខាងជើង ប្រទេសអាហ្វហ្គានីស្ថាន កាលពីល្ងាចថ្ងៃទី២១ កុម្ភៈ កន្លងមក ។ មនុស្ស៤០នាក់ទៀតក៏រងរបួសក្នុងការវាយប្រហារនេះ ដែលកើតឡើងនៅក្បែរខ្លោងទ្វារចូលមជ្ឈមណ្ឌលរដ្ឋាភិបាលនៅក្នុងខេត្ត Kunduz ដែរ ។ ការវាយប្រហារដោយការបំផ្ទុះគ្រាប់បែកលើកចុងក្រោយនេះ ធ្វើឱ្យចំនួនអ្នកស្លាប់ ដោយសារការបំផ្ទុះគ្រាប់បែកក្នុងខេត្ត Kunduz ដើមឆ្នាំ២០១១ នេះ កើនឡើងដល់១០០នាក់ ។ តាមប្រភពព័ត៌មានថា ជនអត្តឃាតតាលីបង់នោះចង់ចូលទៅកន្លែងប្រជុំនោះ ប៉ុន្តែមិនទាន់បានចូលផងបានបំផ្ទុះគ្រាប់បែកដែលដាក់ជាប់ខ្លួនបណ្តាលឱ្យស្លាប់ជនស៊ីវិល៣០នាក់ ។ ទោះបីជាបែបណា អ្នកនៅក្នុងបន្ទប់ប្រជុំពុំមានរងរបួសអ្វីទេ ហើយអ្នកដែលស្លាប់សុទ្ធតែជាជនស៊ីវិលដែលនាំគ្នារង់ចាំទទួលឯកសាររបស់រដ្ឋាភិបាល ៕ |
នារីតៃវ៉ាន់បង្កើតទិវាគ្មានខោជើងវែង Posted: 21 Feb 2011 11:25 PM PST នារីតៃវ៉ាន់ជាច្រើននាក់កាលពីពេលថ្មីៗកន្លងមកបានសហការគ្នាបង្កើតព្រឹត្តិការណ៍មួយដោយនាំគ្នាស្រាតខោក្រៅចេញជិះរថភ្លើងក្រោមដីដើម្បីចូលរួមព្រឹត្តិការណ៍ប្រចាំឆ្នាំមួយឈ្មោះ «ទិវាគ្មានខោជើងវែង» ។ នេះជាលើកទី១ហើយ ដែលនារីតៃវ៉ាន់ចូលរួមទិវាគ្មានខោជើងវែងនេះ ដែលរៀបចំឡើងនៅក្នុងទីក្រុងញូវយ៉កសហរដ្ឋអាមេរិក ជារៀងរាល់ឆ្នាំ ។ នារីតៃវ៉ាន់បានរៀបចំព្រឹត្តិការណ៍នេះឡើងក្រោយពីបានឃើញទិវាគ្មានខោជើងវែងដែលរៀបចំឡើងនៅក្នុងទីក្រុងញូវយ៉កកាលពីខែមករា កន្លងមក ៕ |
តុលាការអេហ្ស៊ីបស្នើឱ្យផ្អឹបទុកទ្រព្យសម្បត្តិរបស់លោកមូបារ៉ាក់ Posted: 21 Feb 2011 11:22 PM PST ទូរទស្សន៍ជាតិអេហ្ស៊ីបរាយការណ៍កាលពីថ្ងៃទី២១ កុម្ភៈ ថា អគ្គរដ្ឋអាជ្ញាអេហ្ស៊ីបបានស្នើឱ្យផ្អឹបទុកទ្រព្យសម្បត្តិរបស់ប្រធានាធិបតីត្រូវផ្តួលរំលំលោកហូស្នី មូបារ៉ាក់ និងគ្រួសារលោក។ បណ្តាអ្នកទទួលខុសត្រូវនៃភ្នាក់ងារសន្តិសុខអេហ្ស៊ីបនិយាយថា ការផ្អឹបនោះទាក់ទិនដល់ទ្រព្យសម្បត្តិរបស់អតីតប្រធានាធិបតីរូបនេះនៅក្នុងស្រុក និងនៅឯបរទេសផងដែរ ។ អគ្គរដ្ឋអាជ្ញាបានឱ្យក្រសួងការបរទេសអេហ្ស៊ីបធ្វើសំណើដល់បណ្តាប្រទេសដែលទាក់ទិនឱ្យរឹបអូសទ្រព្បសម្បត្តិទាំងអស់របស់លោកហូស្នី មូបារ៉ាក់ របស់ភរិយា និងរបស់កូនប្រុសទាំង២ និងកូនប្រសាស្រីទាំង២របស់លោក ។ |
បង្ហាញភាពអស្ចារ្យឱ្យគេយកដែកថ្ពក់សាច់ខ្នងព្យួរឡើងលើ Posted: 21 Feb 2011 11:17 PM PST អ្នកសម្តែងល្បីឈ្មោះម្នាក់បានបង្ហាញពីភាពអស្ចារ្យរបស់ខ្លួនឱ្យគេមើល ដោយដោះអាវចេញរួចហើយឱ្យគេយកច្រវាក់ និងទំពក់ដែកចាក់ទម្លុះសាច់ខ្នង ហើយព្យួរផុតពីដីកម្ពស់យ៉ាងខ្ពស់នៅចំពោះមុខមនុស្សយ៉ាងច្រើនកុះករនៅក្លឹបកំសាន្តមួយក្នុងទីក្រុង Guiyang ខេត្តហ្គីហ្ស៊ូ ភាគពាយ័ព្យប្រទេសចិន ។ ក្នុងការបង្ហាញភាពអស្ចារ្យនេះអ្នកចូលមើលម្នាក់ត្រូវបង់ប្រាក់៤០យន់ ប្រហែល៣,៧៥ដុល្លារអាមេរិក ៕ |
ទុយនីស៊ីស្នើធ្វើបត្យាប័នភរិយាលោកបេនអាលី Posted: 21 Feb 2011 11:05 PM PST យោងតាមប្រភពមួយរបស់ក្រសួងការបរទេសដកស្រង់ដោយទីភ្នាក់ងារព័ត៌មានផ្លូវការ TAP ថា ប្រទេសទុយនីស៊ីបានស្នើជាផ្លូវការកាលពីថ្ងៃទី២១ កុម្ភៈ ដល់អារ៉ាប៊ី សាអ៊ូឌីតឱ្យធ្វើបត្យាប័នលោកស្រីឡីអ៊ីឡា ត្រាបែលស៊ី ភរិយារបស់ប្រធានាធិបតីត្រូវផ្តួលរំលំលោកបេនអាលី។ មុននេះទុយនីស៊ីបានធ្វើសំណើរួចហើយដល់ទីក្រុងរីយ៉ាដឱ្យធ្វើបត្យាប័នអតីតប្រធានាធិបតីរូបនេះដែលទទួលការចោទប្រកាន់ពីបទចូលរួមក្នុងអំពើឧក្រិដ្ឋធ្ងន់ធ្ងរជាច្រើន និងពីបទអុជអាលឱ្យពលរដ្ឋទុយនីស៊ីកាប់សម្លាប់គ្នាដោយទាមទារឱ្យផ្តល់ព័ត៌មានទាំងឡាយអំពីស្ថានភាពសុខភាពរបស់អតីតមេដឹកនាំរូបនេះ ឬដែលថា លោកអាចស្លាប់ជាយថាហេតុ។ |
រញ្ជួយដីកម្រិត6,3រីស្ទ័រកើតឡើងប៉ះក្រុងធំមួយរបស់នូវែលហ្សេឡង់ស្លាប់65នាក់ Posted: 21 Feb 2011 11:05 PM PST ការរញ្ជួយដីកម្រិត៦,៣រីស្ទ័រ ធ្វើឱ្យកក្រើកទីក្រុង Christchurch ជាទីក្រុងធំបំផុតនៅភាគខាងត្បូងប្រទេសនូវែលហ្សេឡង់ ជាលើកទី២ ក្នុងរយៈពេលមិនដល់៦ខែផង បណ្តាលឱ្យស្លាប់មនុស្ស៦៥នាក់ និងបង្កការខូចខាតស្ទើរតែគ្រប់ទីកន្លែង ។ គ្រោះធម្មជាតិរញ្ជួយដីនោះកើតឡើងនៅវេលាម៉ោង១២និង៥១នាទីយប់ឈានចូលថ្ងៃទី២២ កុម្ភៈ ដោយចំណុចកណ្តាលរបស់វាស្ថិតចម្ងាយ១០គីឡូម៉ែត្រភាគអាគ្នេយ៍ទីក្រុង Christchurch ។ |
Posted: 21 Feb 2011 10:19 PM PST រាជធានីភ្នំពេញ ៖ សម្តេចតេជោនាយករដ្ឋមន្ត្រីហ៊ុន សែន បានមានប្រសាសន៍ថា អង្គការសហប្រជាជាតិ និងអាស៊ាន មិនអាចកាត់សេចក្តីរឿងជម្លោះព្រំដែនកម្ពុជា-ថៃបានទេ ព្រោះអង្គការ-សមាគមនេះមិនមែនជាតុលាការ...ហើយអ្នកដែលអាចកាត់សេចក្តីថា អ្នកណាយ៉ាងម៉េច? ព្រំដែនកន្លែងនេះជារបស់អ្នកណា? គឺមានតែតុលាការយុត្តិធម៌អន្តរជាតិប៉ុណ្ណោះ ទើបអាចកាត់សេចក្តីបាន ព្រោះបែបបទផ្លូវច្បាប់ រួមមានផែនទីសន្ធិសញ្ញាអន្តរជាតិបារាំង-សៀម និងសាលក្រមស្ថាពររបស់តុលាការយុត្តិធម៌អន្តរជាតិនោះដែរយើងមានគ្រប់គ្រាន់អស់ហើយ។ |
ផាវ ភឿក ជួប សរ សី នៅរេញប៉ុស្តិ៍លេខ៥ ថ្ងៃ២៥ កុម្ភៈ Posted: 21 Feb 2011 07:38 PM PST ខេត្តកណ្តាល ៖ នៅលើសង្វៀនស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៥ សំរាប់ល្ងាចថ្ងៃទី២៥ កុម្ភៈ ខាងមុខនេះ កីឡាករផាវ ភឿក មកពីក្លឹបកងពលធំអន្តរាគមន៍លេខ៣ ខេត្តព្រះវិហារ បានណាត់ប្រកួតជាមួយសរ សី មកពីក្លឹបក្រសួងការពារជាតិ ។ ផាវ ភឿក មានប្រវត្តិប្រកួតចាស់វស្សាជាងសរ សី ។ ពីមុនផាវ ភឿក ជាជើងខ្លាំងមួយរូប តែបច្ចុប្បន្នមិនអស្ចារ្យប៉ុន្មានទេ ។ ផាវ ភឿក មានជំនាញប្រើកណ្តាប់ដៃ ការវាយចេញធ្ងន់ ប៉ុន្តែពេលខ្លះការវាយចេញនេះក៏ផ្សងព្រេងដែរ ។ ចំណែកសរ សី វិញ ទោះបីគេជាសិស្សប្អូន តែតាមរយៈបទពិសោធន៍ច្រើនឆ្នាំមកដែរនោះ សរ សី មិនដែលខ្លាចនរណាទេ អ្នកប្រដាល់រូបនេះនៅពេលឡើងដល់សង្វៀន គេមានទិសដៅតែម្យ៉ាងគត់ គឺការសម្រុកទៅមុខមិនរួញរាដោយមិនខ្វល់ពីបច្ចេកទេសឡើយ ។ សរ សី ច្រើនប្រើកម្លាំងបាយទប់ទល់ជាមួយគូប្រកួត ពេលខ្លះការវាយសម្រុកដោយប្រើកម្លាំងបាយនោះ ក៏ធ្វើឱ្យដៃគូរបស់គេញញើតខ្លះដែរ ។ រវាងផាវ ភឿក និងសរ សី ពួកគេមានជំនឿរៀងៗខ្លួន សំរាប់ការប្រកួតនេះ ។ នួន វិចិត្រ មកពីក្លឹបក្រសួងមហាផ្ទៃ ត្រូវប្រកួតជាមួយ អ៊ុង ស៊ីណា មកពីក្លឹបសិង្ហកីឡា ។ នួន វិចិត្រ ក៏ជាអ្នកប្រដាល់ដែលមានបច្ចេកទេសល្អ ម្នាក់ដែរ ប៉ុន្តែគេមានបញ្ហាកម្លាំងមិនសូវគ្រប់គ្រាន់ ។ នៅចុងទឹក៤ ឬ៥ វិចិត្រ ច្រើនតែថមថយកម្លាំង ជាហេតុនាំឱ្យគូប្រកួតងាយស្រួលក្នុងការធ្វើព្យុះភ្លៀង ។ ដោយឡែកអ៊ុង ស៊ីណា ក៏មិនអាចមើលស្រាលបានដែរ គេចាញ់កម្ពស់វិចិត្រ បន្តិចមែន ប៉ុន្តែមានភាពរហ័សរហួន និងមានវិជ្ជាគុនមិនអន់ទេ ។ អ៊ុង សីុណា មួយរយៈចុងក្រោយនេះ មិនសូវបានបង្ហាញមុខញឹកញាប់ឡើយ ។ ទោះបីជាបែបណា រវាងគូនេះនួន វិចិត្រ អាចមានសង្ឃឹមច្រើនជាងក្នុងការដណ្តើមជ័យជម្នះ ។ |
Posted: 21 Feb 2011 07:23 PM PST ខេត្តកំពង់ឆ្នាំង ៖ លោកបណ្ឌិត ទូច ម៉ារីម ទីប្រឹក្សាផ្ទាល់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន និងជាអភិបាលខេត្ដកំពង់ឆ្នាំង និងលោកជំទាវ រួមដំណើរដោយលោកមែន ធឿន ប្រធានក្រុមប្រឹក្សាខេត្ដ កាលពីព្រឹកថ្ងៃទី១៩ កុម្ភៈ បានដឹកនាំប្រធាន អនុប្រធានមន្ទីរ អង្គភាពនានាជុំវិញខេត្ដ លោកអភិបាលស្រុកគ្រប់ស្រុកអញ្ជើញចុះសួរសុខទុក្ខ និងនាំយកនូវអំណោយមានគ្រឿងឧបភោគបរិភោគ និងថវិកាទៅផ្ដល់ជូនបព្ជាាការដ្ឋានកងអង្គរក្សសម្ដេចតេជោ ហ៊ុន សែន ដែលកំពុងឈរជើងការពារបូរណភាពទឹកដីនៅសមរភូមិជួរមុខទិសព្រះវិហារ។ លោកនាយឧត្ដមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងអង្គរក្ស មានប្រសាសន៍ក្នុងពិធីនោះថា លោកសូមថ្លែងអំណរគុណចំពោះទឹកចិត្ដសប្បុរសធម៌របស់អាជ្ញាធរខេត្ដកំពង់ឆ្នាំង មន្ដ្រីរាជការប្រជាពលរដ្ឋ និងសប្បុរសជនទាំងអស់ដែលបានលះបង់ទ្រព្យសម្បត្ដិផ្ទាល់ខ្លួនផ្ដល់ជាសំភារ ថវិកា គ្រឿងឧបភោគបរិភោគជូនដល់វីរយុទ្ធជនយើងដែលកំពុងឈរជើងការពារបូរណភាពទឹកដីយ៉ាងអង់អាចក្លាហាន។ លោកនាយឧត្ដមសេនីយ៍ក៏បានជម្រាបជូនពីសភាពការណ៍នៅតាមព្រំដែនសមរភូមិប្រាសាទព្រះវិហារដែលរងការឈ្លានពានពីសំណាក់កងទ័ពសៀម ដោយការបាញ់ផ្លោងចូលមកធ្វើឱ្យរងការខូចខាតដល់ប្រាសាទព្រះវិហារដែលជាស្នាដៃមិនអាចកាត់ថ្លៃបានរបស់ព្រះមហាក្សត្រ និងបុព្វបុរសខ្មែរពីជំនាន់មុន ហើយបច្ចុប្បន្នក៏ជាសម្បត្ដិបេតិកភណ្ឌពិភពលោកផងដែរ។ លោកនាយឧត្ដមសេនីយ៍ក៏បានបញ្ជាក់ដែរថា ទោះបីជាយ៉ាងណាការប៉ុនប៉ងរបស់កងទ័ពសៀមឈ្លានពានបានទទួលបរាជ័យក្រោមស្នាដៃអង់អាចក្លាហានរបស់កងទ័ពកម្ពុជាយើង ដែលការពារបូរណភាពទឹកដីមិនឱ្យបាត់បង់សូម្បីមួយមិល្លីម៉ែត្រឡើយ ។ លោកបណ្ឌិត ទូច ម៉ារីម ទីប្រឹក្សាផ្ទាល់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងជាអភិបាលខេត្ដមានប្រសាសន៍ពីការផ្សារភ្ជាប់រវាងសមរភូមិមុខ និងសមរភូមិក្រោយថា ពិតជាបានផ្ដល់នូវការលើកទឹកចិត្ដចំពោះកងទ័ពយើង។ ជាក់ស្ដែង សម្ភារ ថវិកា និងគ្រឿងឧបភោគបរិភោគដែលបាននាំយកមកនៅថ្ងៃនេះ គឺបានមកពីការចូលរួមចំណែករបស់អាជ្ញាធរខេត្ត អង្គភាព មន្ទីរជុំវិញខេត្ដ និងប្រជាពលរដ្ឋទាំងអស់ក្នុងខេត្ដ ដើម្បីរួមចំណែកដោះស្រាយជីវភាពកងទ័ពកម្ពុជាយើង ដែលបានលះបង់អ្វីៗគ្រប់បែបយ៉ាងក្នុងបុព្វហេតុការពារបូរណភាពទឹកដីមិនឱ្យសត្រូវសៀមឈ្លានពានបានឡើយ។ អំណោយដែលបានផ្ដល់ជូននៅថ្ងៃនោះមាន ត្រីងៀត១០០គីឡូក្រាម ត្រីឆ្អើរ (ត្រីរៀល) ៤២កេស ស្មើនឹង១០.០៨០ចង្កាក់ ត្រីឆ្អើរ (ត្រីក្រមម) ចំនួន១៥០គីឡូក្រាម ស្មើនឹង៣.៥០០ចង្កាក់ ប្រហុក២០០គីឡូក្រាម មី១២៥កេស ទឹកបរិសុទ្ធ១០០កេស និង១១យួរ ផ្លែត្រឡាច៦០០ផ្លែ ផ្លែល្ពៅ២៦៥គីឡូក្រាម ផ្លែប៉េងប៉ោះ១៦កញ្ឆេ សៀងមួយប៊ីដុង (៣០លីត្រ) ផ្លែត្រសក់ ស្ពៃក្ដោប ឆៃប៉ូវ និងផ្អកមួយចំនួន ព្រមទាំងថវិកា២០លានរៀល។ ថវិកាសរុបទាំងអស់មានចំនួន៦៥.០០០.០០០រៀល៕ |
តារាភាពយន្តកូរ៉េខាងត្បូងល្បីឈ្មោះលីយ៉ុង អេ បង្កើតបានកូនភ្លោះ Posted: 21 Feb 2011 07:15 PM PST តាមប្រភព័ត៌មានបរទេសឱ្យដឹងថា នាងលីយ៉ុង អេ (Lee Young Ae) ដែលគេស្គាល់ជាទូទៅតាមរយៈឈ្មោះចាងគីម ជាតារាភាពយន្តល្បីឈ្មោះមួយរូបរបស់ប្រទេសកូរ៉េខាងត្បូង បង្កើតបានកូនភ្លោះ ប្រុសមួយ ស្រីមួយ ។ ប្រភពព័ត៌មានដដែលឱ្យដឹងទៀតថា នាងលីយ៉ុង អេ បានប្រសូតកូនភ្លោះនោះនៅវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី២១ កុម្ភៈ កន្លងមក នៅមន្ទីរពេទ្យមួយក្នុងទីក្រុងសេអ៊ូល ។ នាងនិងកូនៗមានសុខភាពល្អធម្មតា។ នាងលីយ៉ុង អេ អាយុ៤០ឆ្នាំ ជាតារាភាពយន្តមួយរូបដែលមិនត្រឹមតែទទួលបានភាពល្បីល្បាញ និងប្រជាប្រិយភាពនៅក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែនាងថែមទាំងទទួលបានភាពល្បីល្បាញនៅបណ្តាប្រទេសក្នុងតំបន់អាស៊ីទៀតផង សម្រាប់ស្នាដៃសម្តែងរបស់នាងដែលដើរជាតួតន្ត្រីករស្ត្រីដំបូងគេ ក្នុងព្រះបរមរាជវាំងក្នុងខ្សែភាពយន្តកូរ៉េរឿង “Jewel in the Palace” ។ នាងបានរៀបអាពាហ៍ពិពាហ៍ជាមួយអ្នកជំនួញជនជាតិអាមេរិក ដើមកំណើតកូរ៉េខាងត្បូងម្នាក់នៅសហរដ្ឋអាមេរិកកាលពីឆ្នាំ២០០៩ កន្លងមក។ក្រោយពីរៀបអាពាហ៍ពិពាហ៍នាងមិនសូវបង្ហាញខ្លួនឡើយ ។ ការដែលនាងលីយ៉ុង អេ ប្រសូតបានកូនភ្លោះនេះធ្វើឱ្យគ្រួសាររបស់នាងមានក្តីរីករាយយ៉ាងខ្លាំង ៕ |
ប្រធានាធិបតីយេម៉ែនសច្ចាថាមិនចុះចេញពីតំណែង Posted: 21 Feb 2011 07:08 PM PST ការធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាលបានធ្វើឱ្យកក្រើកបណ្តាខេត្ត និងទីក្រុងធំៗរបស់ប្រទេសយេម៉ែន កាលពីថ្ងៃទី២១ កុម្ភៈ កន្លងមក បណ្តាលឱ្យមនុស្សរបួសជាច្រើននាក់នៅពេលតានតឹងកើនខ្លាំងឡើងក្រោយពីលោកប្រធានាធិបតីអាលីអាប់ឌុលឡាហ៍ សាឡេហ៍ ប្រកាសថា រូបលោកនឹងមិនចុះចេញពីតំណែងឡើយ លុះត្រាតែលោកចាញ់គូប្រជែងរបស់លោកតាមរយៈការបោះឆ្នោត។ មន្ត្រីមូលដ្ឋានបានប្រាប់ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួថា បាតុករយ៉ាងហោចណាស់៥នាក់បានរងរបួសនៅក្នុងការប៉ះទង្គិចជាមួយប៉ូលិសនៅពេលពួកគេរួមជាមួយបាតុករប្រឆាំងរដ្ឋាភិបាលដទៃទៀតដុតអគារការិយាល័យក្រុមប្រឹក្សាមូលដ្ឋាននៅខេត្ត Lahi ភាគខាងត្បូង ប្រទេស។ បាតុករទាំងនោះរងរបួសដោយសារការបាញ់ក្នុងអំឡុងពេលនៃការប៉ះទង្គិចគ្នា ហើយត្រូវបាននាំយកទៅជួយសង្គ្រោះនៅមន្ទីរពេទ្យក្រោយពីបាតុករ៥០០នាក់ សម្រុកចូលទៅក្នុងអគារការិយាល័យក្រុមប្រឹក្សានេះ ហើយដុតអគារការិយាល័យនោះចោល ។ ដំណើរការវិវឌ្ឍន៍ចុងក្រោយនៅប្រទេសយេម៉ែនកើតឡើងក្រោយពីសុន្ទរកថារបស់លោកប្រធានាធិបតីសាឡេហ៍ ដែលប្រកាសកាលពីព្រឹកថ្ងៃទី២១ កុម្ភៈ ថា រូបលោកនឹងមិនចុះចេញពីតំណែងឡើយ លុះត្រាតែលោកចាញ់ឆ្នោត ។ លោកសាឡេហ៍ ថ្លែងប្រាប់អ្នកកាសែតក្នុងសន្និសីទកាសែតមួយដែលរៀបចំឡើងនៅវិមានប្រធានាធិបតីក្នុងទីក្រុងសាណាអាថា «នរណាក៏ដោយ ដែលចង់គ្រប់គ្រងអំណាចត្រូវតែឈ្នះឆ្នោតជាមុនសិន មិនថា ការបោះឆ្នោតសភា ឬការបោះឆ្នោតប្រធានាធិបតីឡើយ» ។ លោកសាឡេហ៍ បានសម្រេចចិត្តមិនចុះចេញពីតំណែងនៅពេលការទាមទារដោយសម្ព័ន្ធចម្រុះប្រឆាំងឱ្យប្រធានាធិបតីធ្វើសម្បទានឱ្យបានច្រើនជាងមុន ចេះតែពង្រីក ។ រយៈពេលច្រើនម៉ោងក្រោយពីការថ្លែងសុន្ទរកថារបស់លោកសាឡេហ៍ មន្ត្រីស្និទ្ធនឹងក្រុមប្រឹក្សាពិគ្រោះយោបល់របស់សម្ព័ន្ធចម្រុះប្រឆាំងបានប្រាប់ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួថា ថ្នាក់ដឹកនាំប្រឆាំងនឹងចូលរួមធ្វើបាតុកម្មនៅតាមដងផ្លូវ។ រលកនៃការធ្វើបាតុកម្មនៅប្រទេសយេម៉ែនជំរុញដោយការបះបោរនៅប្រទេសអេហ្ស៊ីប។ពលរដ្ឋយេម៉ែនជាច្រើនម៉ឺននាក់បានធ្វើបាតុកម្មនៅតាមផ្លូវក្នុងទីក្រុងធំៗរយៈពេល១១ថ្ងៃមកហើយទាមទារឱ្យលោកប្រធានាធិបតីដែលកាន់អំណាចអស់រយៈពេលជាយូរមកហើយ ចុះចេញពីតំណែង ។ រលកនៃការធ្វើបាតុកម្មនេះបណ្តាលឱ្យមនុស្សស្លាប់សរុប១១នាក់ ហើយតាំងពីចាប់ផ្តើមមានបាតុកម្មមក ៕ |
ស្តេចម៉ារ៉ុកថ្លែងព្រះសុន្ទរកថាម៉ឺងម៉ាត់មួយចំពោះពួកបាតុករ Posted: 21 Feb 2011 07:08 PM PST ព្រះមហាក្សត្រម៉ារ៉ុកព្រះចៅម៉ូហាម៉េដទី៦ទ្រង់ថ្លែងកាលពីថ្ងៃទី២១ កុម្ភៈ ថា ព្រះអង្គនឹងមិនចុះញ៉មចំពោះប្រជាភិថុត និងវោហាសាសន៍ ឡើយ បន្ទាប់ពីបាតុកម្មនានាដែលប្រមូលផ្តុំមនុស្សជាច្រើនពាន់នាក់ទាមទារឱ្យព្រះមហាក្សត្រអង្គនោះបោះបង់ចោលអំណាចមួយផ្នែកឱ្យដល់រដ្ឋាភិបាលថ្មីមួយ ។ ព្រះមហាក្សត្រអង្គនោះដែលទើបយាងមកពីចូលរួមក្នុងពិធីបញ្ចូលសមាជិកថ្មីចំនួនប្រមាណ ១០០នាក់នៃក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមទ្រង់មានបន្ទូលទៀតថា ការកសាងលទ្ធិប្រជាធិបតេយ្យពិតប្រាកដមួយត្រូវដើរទន្ទឹមគ្នានឹងការអភិវឌ្ឍន៍ ធនធានមនុស្សប្រកបដោយចីរភាព ។ ដោយបង្កើតក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមយើងបានផ្តល់ការជំរុញយ៉ាងខ្លាំងមួយដល់ការកែទំរង់ ដែលយើងកំពុងធ្វើ ។ សកម្មភាពនោះយើងបានប្រកាន់យក ដើម្បីឱ្យការកសាងលទ្ធិប្រជាធិបតេយ្យមួយដើរទន្ទឹមគ្នា ជាមួយនឹងការអភិវឌ្ឍន៍ធនធានមនុស្សប្រកបដោយចីរភាព ។ យើងបដិសេធជានិច្ចមិនចុះញ៉មចំពោះប្រជាភិថុត និងវោហាសាសន៍ក្នុងសកម្មភាពរបស់យើងដែលសំដៅពង្រឹងគំរូនៃ លទ្ធិប្រជាធិបតេយ្យ និងអភិវឌ្ឍន៍ផ្ទាល់របស់យើង។ កាលពីថ្ងៃទី២១ កុម្ភៈ ក្រសួងមហាផ្ទៃម៉ារ៉ុក រៀបរាប់ពីបាតុកម្មនានាក្នុងពេលមុននេះក្នុងទីក្រុងនិងតំបន់ចំនួន៥៣របស់ប្រទេសដែលប្រមូលផ្តុំមនុស្សសរុប៣៧.០០០នាក់ ។ ពួកអ្នករៀបលើកឡើងពីបាតុករថាមានដល់៣០០.០០០នាក់ក្នុងទូទាំងប្រទេស ៕ |
អាស៊ានផ្ដោតលើកម្ពុជា សៀម ដំណោះស្រាយចុងក្រោយបំផុតនៅតែទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ Posted: 21 Feb 2011 07:07 PM PST រាជធានីភ្នំពេញ ៖ តបតាមការអញ្ជើញរបស់លោកបណ្ឌិត R.M.Marty M. Natalegawa រដ្ឋមន្ត្រីក្រសួងការបរទេសនៃសាធារណរដ្ឋឥណ្ឌូណេស៊ី និងជាប្រធានអាស៊ាននៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១១ លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូអញ្ជើញទៅចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានក្រៅផ្លូវការ ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី នៅថ្ងៃទី២២ កុម្ភៈ ឆ្នាំ២០១១ ដោយផ្តោតជាសំខាន់ទៅលើការផ្លាស់ប្តូរទស្សនវិស័យអំពីបញ្ហាអន្តរជាតិនិងក្នុងតំបន់ ជាពិសេសផ្តោតលើស្ថានភាពនៅតាមព្រំដែនរវាងប្រទេសកម្ពុជា និងប្រទេសថៃ ។ មុននឹងចេញដំណើរពីព្រលានយន្តហោះអន្តរជាតិភ្នំពេញ លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានថ្លែងពាក់ព័ន្ធនឹងបញ្ហាព្រំដែនរវាងប្រទេសកម្ពុជា និងប្រទេសថៃ ដោយបញ្ជាក់ថា កាលពីថ្ងៃទី១៨ កុម្ភៈ កន្លងទៅ លោកកាស៊ីត ភីរម្យ បានប្រកាសថា ខាងភាគីថៃយល់ព្រមទទួលឱ្យមានអ្នកសង្កេតការណ៍ពីប្រទេសឥណ្ឌូណេស៊ី ។ នេះជាលទ្ធផលនៃការប្រឹងប្រែងរបស់កម្ពុជានៅឯក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែលនៅក្នុងសុន្ទរកថារបស់ខ្ញុំបានស្នើសុំឱ្យមានអ្នកអង្កេតការណ៍នៅព្រំដែនដើម្បីពិនិត្យមើលការឈប់បាញ់គ្នាថា អ្នកណាឈ្លានពានអ្នកណា ដោយសារភាគីទាំងពីរចេះតែចោទគ្នាទៅវិញទៅមក...ដូច្នេះចាំបាច់ត្រូវតែមានអ្នកសង្កេតការណ៍ ។ ឥឡូវនេះថៃបានយល់ព្រមលើបញ្ហានេះ ជាការសំខាន់មួយក្នុងការប្រជុំនៅហ្សាការតា ។ ពាក់ព័ន្ធទៅនឹងការអំពាវនាវរបស់សហភាពអឺរ៉ុប សុំឱ្យភាគីទាំងពីរគោរពសាលក្រមរបស់តុលាការអន្តរជាតិក្រុងឡាអេ នៅឆ្នាំ ១៩៦២ នេះ លោកឧបនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា នេះជាការល្អ ពីព្រោះក្រុមប្រឹក្សាសន្តិសុខកាលពីពេលប្រជុំក៏មានតំណាងប្រទេសមួយចំនួនស្នើឱ្យភាគីទាំងពីរគោរពសាលក្រមឆ្នាំ១៩៦២ ។ បើថៃគោរពសាលក្រមឆ្នាំ ១៩៦២ ប្រហែលពុំមានបញ្ហារហូតមកដល់សព្វថ្ងៃនេះទេ ។ ចំណុចមួយទៀតគឺការព្រួយបារម្ភរបស់សាកលលោកចំពោះការប្រើប្រាស់គ្រាប់បែកចង្កោមរបស់ថៃ។ ទាក់ទងនឹងកិច្ចប្រជុំរវាងមេទ័ពកម្ពុជា និងមេទ័ពថៃស្តីពីការឈប់បាញ់ លោកឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ការប្រជុំរវាងមេទ័ពនៅជួរមុខនេះមិនមែនជាលើកទីមួយទេ គឺមានការប្រជុំពីរដងកន្លងមកហើយ ស្តីពីការព្រមព្រៀងឈប់បាញ់។ ឯលើកនេះជាលើកទី ៣ហើយ ដែលមានលោកឧត្តមសេនីយ៍ទោ ហ៊ុន ម៉ាណែត ដឹកនាំការប្រជុំនេះ ជាការប្រជុំក្រៅផ្លូវការហើយបានឯកភាពគ្នាពង្រឹងការឈប់បាញ់កុំឱ្យមានការចល័តកងទ័ពរថក្រោះនៅតាមព្រំដែន ដើម្បីរក្សាស្ថានភាពឈប់បាញ់នៅតាមព្រំដែន។ លោកឧបនាយករដ្ឋមន្ត្រីបញ្ជាក់ថា កិច្ចប្រជុំនេះបានឯកភាពគ្នាដើម្បីពង្រឹងការឈប់បាញ់ កុំឱ្យមានការចល័តទ័ពរថក្រោះ ឈប់បាញ់នៅតាមព្រំដែន ហើយសំខាន់បំផុតបើមានអ្នកសង្កេតការណ៍មកមើលការឈប់បាញ់រឹតតែល្អ ។ លោកឧបនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ខ្ញុំមានជំនឿខ្លាំងណាស់លើអាស៊ាននេះ ព្រោះ អាស៊ានមិនមែនជាតុលាការទេ ប៉ុន្តែអាស៊ានជាអង្គការតំបន់មួយដែលមានទំងន់ខាងនយោបាយ ខាងសេដ្ឋកិច្ច មិនគ្រាន់តែនៅក្នុងតំបន់នេះទេ គឺនៅក្នុងសាកលលោកទាំងមូល ។ ដូច្នេះការសំរេចអ្វីមួយរបស់អាស៊ានមានទំងន់នយោបាយខ្លាំងណាស់លើឆាកអន្តរជាតិ ដូច្នេះខ្ញុំមានជំនឿទាំងស្រុងលើអាស៊ាននេះ ។ ក្នុងព្រឹត្តិការណ៍ដោយឡែកមួយទៀតទាក់ទងនឹងការខូចខាតប្រាសាទព្រះវិហារ សេចក្តីថ្លែងការណ៍របស់គណៈកម្មាធិការជាតិបេតិកភណ្ឌពិភពលោក (គ.ជ.ប.ព) បានប្រកាសជាឱឡារិកនៅថ្ងៃទី១៨ កុម្ភៈ ពីការស្វាគមន៍បេសកជនពិសេសនៃអង្គការយូណេស្កូ មកកាន់ព្រះរាជាណាចក្រកម្ពុជា ។ ក្នុងសេចក្តីថ្លែងការណ៍បានសរសេរថា សូមកោតសរសើរនូវជំហរវិជ្ជមានរបស់លោកជំទាវ IRINA Bokova អគ្គនាយិកានៃអង្គការយូណេស្កូ ហើយសូមសម្តែងនូវកិច្ចស្វាគមន៍ចំពោះបេសកជនពិសេសរបស់លោកជំទាវមកកាន់ព្រះរាជាណាចក្រកម្ពុជា ។ នាថ្ងៃទី៨ កុម្ភៈ ឆ្នាំ២០១១ លោកជំទាវ IRINA Bokova បានប្រកាសជាសាធារណៈថា នឹងឱ្យមានបេសកកម្មវាយតម្លៃបច្ចេកទេសមកកាន់ប្រទេសកម្ពុជាក្នុងពេលឆាប់ៗ បន្ទាប់ពីមានការវាយប្រហារយោធាពីសំណាក់ទាហានថៃចន្លោះថ្ងៃទី៤-៧ កុម្ភៈ ឆ្នាំ២០១១ ។ នាថ្ងៃទី១០ កុម្ភៈ ឆ្នាំ២០១១ លោកជំទាវបានបញ្ជាក់បន្ថែមថា នឹងបញ្ជូនបេសកជនពិសេសមកធ្វើការងារវាយតម្លៃការខូចខាត ហើយបន្ទាប់មកគឺថ្ងៃទី១១ កុម្ភៈ ឆ្នាំ២០១១ លោកជំទាវបានតែងតាំងអតីតអគ្គនាយកយូណេស្កូ គឺលោក Koichiro Matsuura ដើម្បីមកបំពេញបេសកកម្មដ៏ថ្លៃថ្លានេះ ។ ប៉ុន្តែនាថ្ងៃទី១៥ កុម្ភៈ ឆ្នាំ២០១១ តាមរយៈគេហទំព័រម៉ាទីឆុន នាយករដ្ឋមន្ត្រីថៃ អាប់ភីស៊ីត វ៉េចាជីវ៉ា បាននិយាយថា «អង្គការសហប្រជាជាតិ ឬអង្គការយូណេស្កូ មិនគួរបញ្ជូនបេសកជនពិសេសមកកាន់ប្រាសាទព្រះវិហារ ដើម្បីវាយតម្លៃការខូចខាតនោះទេ ព្រោះវាបណ្តាលឱ្យកើតមានជម្លោះយោធាម្តងទៀត» ។ អគ្គលេខាធិការដ្ឋាននៃ គ.ជ.ប.ព យល់ឃើញថា ការអះអាងបែបនេះរបស់នាយករដ្ឋមន្ត្រីថៃ ធ្វើឱ្យមានការបារម្ភយ៉ាងច្រើនចំពោះមជ្ឈដ្ឋានបេតិកភណ្ឌពិភពលោកក្នុងចំណុចដូចខាងក្រោម គឺក្នុងចំណុចទី១ យើងគួរបញ្ជាក់ថា សេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាសន្តិសុខនៃអង្គ ការសហប្រជាជាតិ នាថ្ងៃទី១៤ កុម្ភៈ ឆ្នាំ២០១១ បានស្នើឱ្យភាគីទាំងពីរបញ្ឈប់ការផ្ទុះអាវុធជា អចិន្ត្រៃយ៍ ហេតុនេះលោកអាប់ភីស៊ីត មិនត្រូវនិយាយអំពីការផ្ទុះអាវុធណាមួយទៀតឡើយ ។ ក្នុងចំណុចទី២ តាមពិត ទាំងអង្គការសហប្រជាជាតិ ឬអង្គការយូណេស្កូ មិនចាំបាច់ត្រូវមានការអនុញ្ញាតពីប្រទេសណាក្រៅពីកម្ពុជាទេ បើចង់បញ្ជូនបេសកជនរបស់ខ្លួនមកកម្ពុជា។ មានតែសេចក្តីសម្រេចដោយឆន្ទានុសិទ្ធិតែមួយគត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការទទួលនូវបេសកកម្មបេតិកភណ្ឌពិភពលោកបែបនេះ។ អគ្គលេខាធិការនៃ គ.ជ.ប.ព ជឿជាក់ថា ដំណើរទស្សនកិច្ចរបស់បេសកជនពិសេសមកកាន់តំបន់ប្រាសាទព្រះវិហារមានប្រយោជន៍យ៉ាងច្រើនដើម្បីឱ្យមានការស្វែងយល់ឱ្យកាន់តែស៊ីជម្រៅក្នុងបេសកកម្មវាយតម្លៃបច្ចេកទេសបេតិកភណ្ឌ។ ទី៣ បើនិយាយអំពីកិច្ចការពារបេតិកភណ្ឌពិភពលោក ឬរបស់មនុស្សជាតិវិញ វាជាភារកិច្ចដ៏ចម្បងរបស់អង្គការយូណេស្កូ ហេតុនេះ នាយករដ្ឋមន្រ្តីអាប់ភីស៊ីត មិនគួរធ្វើសេចក្តីថ្លែងការណ៍បន្ទុចបង្អាក់មិនឱ្យបេសកជនរបស់អង្គការនេះ មកបំពេញការងាររបស់ខ្លួនឱ្យបានល្អឡើយ។ នាយករដ្ឋមន្រ្តីអាប់ភីស៊ីត គួរស្តាប់ឱ្យបានច្រើន នូវសេចក្តីប្រកាសរបស់លោកជំទាវ IRINA Bokova ដែលបានលើកឡើងថា បេតិកភណ្ឌពិភពលោក មិនដែលជាប្រភពនៃជម្លោះទេ។ មានតែមនុស្សដូចនាយករដ្ឋមន្រ្តី អាប់ភីស៊ីត ទេ ដែលជាអ្នកបង្កើតជម្លោះឱ្យបេតិកភណ្ឌពិភព លោក ដូចជាករណីនៃប្រាសាទព្រះវិហារជាតឹក តាងស្រាប់។ ជាថ្មីម្តងទៀត អគ្គលេខាធិការដ្ឋាននៃ គ.ជ.ប.ព ក៏នៅតែអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ដែលមានសុច្ឆន្ទៈនៅក្នុងតំបន់ និងក្នុងពិភពលោកទាំងមូល ឱ្យបញ្ឈប់នូវរាល់ការគំរាមកំហែងទាំងអស់ដែលប៉ះពាល់ដល់កិច្ចការពារ និងអភិរក្សប្រាសាទព្រះវិហារ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់កម្ពុជា។
យោងតាមកាសែតឌឹណេស្សិននៅថ្ងៃទី២១ កុម្ភៈ ផ្សាយឱ្យដឹងថា ថៃនៅតែបន្តកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ដោះស្រាយជម្លោះទឹកដីជាមួយកម្ពុជា ដោយអះអាងថា នឹងស្នើដល់ប្រទេសឥណ្ឌូណេស៊ីដែលជាប្រធានអាស៊ានឱ្យបញ្ជូនអ្នកសង្កេតការណ៍មកកាន់តំបន់ព្រំដែន ។ ជាមួយគ្នានេះ រដ្ឋាភិបាលក្រុងបាងកកអះអាងបញ្ជាក់សាជាថ្មីម្តងទៀត ពីគោលជំហររបស់ខ្លួនថា យន្តការទ្វេភាគីអាចដោះស្រាយជម្លោះរវាងប្រទេសថៃ និងប្រទេសកម្ពុជា ។ ក្នុងសេចក្តីថ្លែងការណ៍មួយគូសបញ្ជាក់ពីវិធានការដោះស្រាយរបស់ថៃចំពោះអាស៊ានលោកកាស៊ីត ភីរម្យ រដ្ឋមន្ត្រីការបរទេសថៃ ថ្លែងថា រដ្ឋាភិបាលថៃរំពឹងថា ការជាប់ពាក់ព័ន្ធរបស់ក្រុមក្នុងតំបន់ និងធានាឱ្យមានការចរចារវាងប្រទេសថៃ និងប្រទេសកម្ពុជា ។ លោកកាស៊ីត ថ្លែងថា «ខ្ញុំសូមអះអាងថា ភាគីថៃនឹងផ្អែកលើការចរចាទ្វេភាគីជាមួយកម្ពុជា» ។ លោកកាស៊ីត ភីរម្យ បានលើកឡើងដូច្នេះក្រោយពីកិច្ចប្រជុំមួយរិះរកគោលជំហររបស់ថៃសំរាប់កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ដែលត្រូវរៀបចំឡើងនៅក្នុងទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី នាថ្ងៃទី២២ កុម្ភៈ ដើម្បីពិភាក្សាអំពីជម្លោះព្រំដែនរវាងប្រទេសថៃ និងប្រទេសកម្ពុជា។ រដ្ឋមន្ត្រីការបរទេសថៃ រូបនេះបានអះអាងថា ការចរចារវាងថៃ និងកម្ពុជា នៅតែជាមធ្យោបាយដើម្បីដោះស្រាយជម្លោះព្រំដែន។ ដោយឡែក ទាក់ទិនទៅនឹងកិច្ចព្រមព្រៀងឈប់បាញ់គ្នាសម្រាប់កងកម្លាំងប្រដាប់អាវុធរបស់ប្រទេសទាំងពីរ (កម្ពុជា-ថៃ) លោកប្រាវីត វង្ស ស៊ូវណ្ណ រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ ថ្លែងថា កិច្ចព្រមព្រៀងឈប់បាញ់គ្នានេះមិនទាន់ជាឯកសារផ្លូវការនៅឡើយទេ ដូច្នេះដើម្បីបង្ហាញពីសុច្ឆន្ទៈសម្រាប់បទ ឈប់បាញ់នោះ ភាគីថៃនឹងស្នើឱ្យមានវត្តមានអ្នកសង្កេតការណ៍ឥណ្ឌូណេស៊ីដាក់ពង្រាយជាមួយកងទ័ពថៃនៅតាមបណ្តោយព្រំដែន ។ ជាមួយគ្នានេះ ខាងភាគីកម្ពុជាក៏ចង់ឱ្យមានវត្តមានអ្នកសង្កេតការណ៍អាស៊ាននៅតំបន់ប្រាសាទព្រះវិហារផងដែរ ។ ដោយឡែក កាសែតបាងកកប៉ុស្តិ៍នៅថ្ងៃទី២១ កុម្ភៈ ផ្សាយថា នាយករដ្ឋមន្ត្រីថៃ លោកអាប់ភីស៊ីត វ៉េចាជីវ៉ា បដិសេធថា ពុំមានកិច្ចព្រមព្រៀងឈប់បាញ់គ្នាត្រូវបានចុះហត្ថលេខារវាងប្រទេសថៃ និងប្រទេសកម្ពុជាទេ ។ ការបដិសេធនេះរបស់លោកអាប់ភីស៊ីត ធ្វើឡើងក្រោយពីបណ្តាព័ត៌មានថៃបានផ្សាយកាលពីថ្ងៃទី២០ កុម្ភៈ កន្លងមកថា មេបញ្ជាការយោធភូមិភាគ២របស់កងទ័ពថៃ ឧត្តមសេនីយ៍ Thawachai Samutsa-korn លាតត្រដាងថា កងទ័ពថៃ និងកងទ័ពកម្ពុជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឈប់បាញ់គ្នាមួយ ៕ |
Posted: 21 Feb 2011 06:28 PM PST ថ្ងៃទី២១ កុម្ភៈ ថ្ងៃទី៥ នៃការបះបោរនៅលីប៊ី ពួកបាតុករប្រឆាំងលោកកាដាហ្វី បានប្រមូលផ្តុំគ្នាក្នុងវិថីនានានៃរដ្ឋធានីទ្រីប៉ូលី។ សាក្សីទាំងឡាយទាក់ទងដោយម៉ាស៊ីនឃោសនាផ្សេងៗរៀបរាប់ពីការទម្លាក់គ្រាប់បែក និងការបាញ់ប្រហារពី យន្តហោះ និងពីរថពាសដែកលើពួកបាតុករដោយពួកទាហានស៊ីឈ្នួល។ រដ្ឋធានីលីប៊ីនាថ្ងៃទី២១ កុម្ភៈ នោះមានសេចក្តីរាយការណ៍ពីមនុស្សស្លាប់ជិត២០០នាក់។ គេនៅតែមិនទាន់ដឹងថា តើលោកប្រធានាធិបតីកាដាហ្វីស្ថិតនៅប្រទេសលីប៊ី ឬក៏យ៉ាងណាឡើយ។ កាលពីយប់មុន លោកសៃអ៊ីហ្វ អែលអ៊ីស្លាម កូនប្រុសម្នាក់របស់លោកកាដាហ្វី ដែលគេមិនដឹងថា ស្ថិតនៅទីណាថ្លែងតាមទូរទស្សន៍ថា ឪពុកលោកស្ថិតនៅក្នុងប្រទេសនៅឡើយ ហើយបានព្រមានពីសង្គ្រាមស៊ីវិលមួយក្នុងប្រទេស និងអំពើហិង្សាខ្លាំងជាងនៅអ៊ីរ៉ាក់ផង។ ទូរទស្សន៍អាល់អារ៉ាប៊ីយ៉ា រាយការណ៍កាលពីយប់ថ្ងៃទី២១ កុម្ភៈថា មេដឹកនាំលីប៊ី លោកមូអាមម៉ាកាដាហ្វី នឹងថ្លែងនាពេលឆាប់ៗនេះនូវសុន្ទរកថាមួយ។ ពុំមានការបញ្ជាក់បន្ថែមលើសពីនេះទៀតឡើយ។ យោងតាមប្រភពព័ត៌មានមួយដកស្រង់ដោយកាសែត GUARDIAN ថា ពួកទាហានស៊ីឈ្នួលបរទេស គឺពួកឆាដ និងស៊ូដង់ចូលរួមក្នុងការបង្ក្រាបបាតុកម្ម។ ការបាញ់ប្រហារដោយយន្តហោះនៃកងទ័ពលីប៊ីនៅរដ្ឋធានីទ្រីប៉ូលី ជាប្រតិបត្តិការកុំម៉ង់ដូមួយប្រឆាំងពួកបាតុករបណ្តាលឱ្យមនុស្សស្លាប់ច្រើនរយនាក់។ រដ្ឋមន្ត្រីមួយរូបបានសុំលាលែងពីតំណែងដើម្បីតវ៉ាប្រឆាំងនឹងអំពើហិង្សា ហើយសភាពការណ៍នៅលីប៊ីមានភាពមិនច្បាស់លាស់ច្របូកច្របល់។ ការបង្ក្រាបកាន់តែសាហាវនៅលីប៊ី។ យោងតាមទូរទស្សន៍អាល់ហ្សាហ្ស៊ីរ៉ា ថា បណ្តាយន្តហោះ និងឧទ្ធម្ភាគចក្ររបស់កងទ័ពអាកាសលីប៊ី បានវាយប្រហារមកលើពួកបាតុករប្រឆាំងរដ្ឋាភិបាលដែលប្រមូលផ្តុំគ្នានៅតាមសង្កាត់ផ្សេងៗនៃក្រុងទ្រីប៉ូលី។ សាក្សីម្នាក់និយាយថា បណ្តាឧទ្ធម្ភាគចក្របានហោះក្រឡឹងលើរដ្ឋធានី ហើយដាក់ពួកទាហានស៊ីឈ្នួលអាហ្វ្រិកដែលបាញ់ប្រហារលើមនុស្សទាំងឡាយដែលស្ថិតនៅតាមដងវិថី។ មានមនុស្សស្លាប់ច្រើនណាស់។ នាពេលរសៀលរដ្ឋមន្ត្រីក្រសួងយុត្តិធម៌លីប៊ីបានប្រកាសលាលែងចេញពីតំណែងដើម្បីតវ៉ាប្រឆាំងការប្រើប្រាស់កងទ័ពប្រឆាំងពួកបាតុករ។ មានព័ត៌មានខ្លះរៀបរាប់ថា ទីក្រុងជាច្រើនរបស់លីប៊ីស្ថិតក្រោមការត្រួតត្រារបស់ពួកបាតុករ៕ |
រត់ជាន់គ្នានៅពហុកីឡដ្ឋានមួយក្នុងរដ្ឋធានីប្រទេសម៉ាលីស្លាប់30នាក់ Posted: 21 Feb 2011 06:24 PM PST ទីភ្នាក់ងារសារព័ត៌មានមួយរាយការណ៍ថា មនុស្សយ៉ាងហោចណាស់៣០នាក់បានស្លាប់បាត់បង់ជីវិត និង៧០នាក់ទៀតរងរបួសកាលពី យប់ថ្ងៃទី២១ កុម្ភៈ កន្លងមកនៅក្នុងហេតុការណ៍រត់ជាន់គ្នានៅពហុកីឡដ្ឋានមួយក្នុងប្រទេសម៉ាលី ។ តាមប្រភពព័ត៌មានពីទីភ្នាក់ងារសារព័ត៌មានបារាំង AFP ថា ការរត់ជាន់គ្នានោះកើតឡើងនៅពហុកីឡដ្ឋាន Modibo Keita នៃទីក្រុងបាម៉ាកូ រដ្ឋធានីម៉ាលី នៅពេលបញ្ចប់ការផ្តល់ឱវាទដោយអ៊ីម៉ាមល្បីឈ្មោះម្នាក់ ។ |
រថយន្តដឹកទឹកកកបុករ៉ឺម៉កដឹកទឹកកកស្លាប់ម្នាក់ទាំងព្រឹក Posted: 21 Feb 2011 06:10 PM PST ខេត្តសៀមរាប ៖ បុរសម្នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុ ឯម្នាក់ទៀតរងរបួសធ្ងន់ ដោយសារគ្រោះថ្នាក់ចរាចរណ៍បុកគ្នារវាងរ៉ឺម៉កម៉ូតូដឹកទឹកកក និងរថយន្តដឹកទឹកកកដូចគ្នា ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៦និង៤០នាទីព្រឹកថ្ងៃទី២០ កុម្ភៈ នៅចំណុចភូមិអារញ្ញ សង្កាត់សៀមរាប ក្រុងសៀមរាប ក្បែរភោជនីយដ្ឋានទន្លេសាប ។ បុរសដែលស្លាប់ឈ្មោះយ៉ិន ដេត ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិអារញ្ញ សង្កាត់សៀមរាប ក្រុងសៀមរាប។ រីឯអ្នករងរបួសធ្ងន់ឈ្មោះថា ឆេងហុង ភេទប្រុសអាយុ១២ឆ្នាំ រស់នៅភូមិជាមួយគ្នា ។ តាមប្រភពពីមន្ត្រីប៉ូលិសចរាចរបានឱ្យដឹងថា ម៉ូតូជនរងគ្រោះដឹកទឹកកកបើកបរក្នុងទិសដៅពីជើងទៅត្បូងក្នុងគោលបំណងយកទឹកកកទៅចែកចាយឱ្យម៉ូយនៅភ្នំក្រោម តែពេលមកដល់ចំណុចកើតហេតុក៏ប្រទះនឹងរថយន្តកូរ៉េដឹកទឹកកកមួយគ្រឿងរេចង្កូតមកបុកចំពីមុខបណ្តាលឱ្យអ្នកបើកបររ៉ឺម៉កស្លាប់នៅនឹងកន្លែង និងអ្នកជិះជាមួយជាក្មេងជំទង់រងរបួសធ្ងន់បញ្ជូនទៅមន្ទីរពេទ្យ ដើម្បីសង្គ្រោះបន្ទាន់។ ចំណែកអ្នកបើករថយន្តបង្កហេតុបានរត់គេចខ្លួនបាត់ ទុករថយន្តដែលធ្លាក់ពីផ្លូវនោះចោលនៅកន្លែងកើតហេតុ ។ សពជនរងគ្រោះត្រូវប៉ូលិសប្រគល់ឱ្យឪពុកម្តាយយកទៅធ្វើបុណ្យតាមប្រពៃណី ។ ចំណែកម៉ូតូជនរងគ្រោះនឹងរថយន្តបង្កហេតុត្រូវបានប៉ូលិសយកទៅរក្សាទុកនៅស្នងការដ្ឋាន ដើម្បីរង់ចាំការដោះស្រាយតាមនីតិវិធី ។ នេះជាហេតុការណ៍មិនគួរឱ្យជឿដែលគ្រោះថ្នាក់នេះបានកើតឡើងរវាងរថយន្ត និងរ៉ឺម៉កម៉ូតូដឹកទឹកកកដាក់ឱ្យម៉ូយដូចគ្នា ៕ |
ជនបរទេសវាយកញ្ចក់រថយន្តយោធាព្រោះរឿងចរាចរណ៍ Posted: 21 Feb 2011 06:08 PM PST រាជធានីភ្នំពេញ ៖ ជនបរទេសម្នាក់ពុំស្គាល់អត្តសញ្ញាណបានប្រើកណ្តាប់ដៃវាយកញ្ចក់រថយន្តមើលក្រោយរបស់យោធាបណ្តាលឱ្យបែកខ្ចាយ ព្រោះតែខឹងរថយន្តរបស់ខ្លួនទៅកៀរជាប់នឹងកាងរថយន្តយោធានោះ។ ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង៩ និង៥៥នាទីព្រឹក ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១១ លើផ្លូវ២០០៤ ក្នុងភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ ទោះបីជាយ៉ាងណាក្តី ជនបរទេសនោះដោយសារដឹងខ្លួនខុសក៏បានសងចំនួន១០០ដុល្លារទៅឱ្យភាគីរថយន្តយោធាដើម្បីបញ្ចប់ជម្លោះ។ តាមសាក្សីដែលឃើញហេតុការណ៍ឱ្យដឹងថា រថយន្តប្រភេទ២បាំងពណ៌ស ពាក់ស្លាកលេខរដ្ឋ និងមានដាក់ស្លាកនៅទ្វារថា មជ្ឈមណ្ឌលកំចាត់មីនកម្ពុជាស៊ីម៉ាក់ បើកបរដោយជនបរទេសបានជែងគេឯងពីកើតទៅលិច លុះទៅដល់ចំណុចកើតហេតុបានកៀររថយន្តយោធាម៉ាក DONG FENG ដែលធ្វើដំណើរស្របគ្នាបណ្តាលឱ្យរថយន្តជាប់គ្នាអូសប្រមាណ១០ម៉ែត្រ។ ប្រភពព័ត៌មានឱ្យដឹងថា ពេលរថយន្តទាំងពីរគ្រឿងឈប់ស្រាប់តែជនបរទេសបើកទ្វារចេញមកក្រៅ ហើយប្រើកណ្តាប់ដៃវាយកញ្ចក់មើលក្រោយនៃរថយន្តយោធាបែកខ្ចាយតែម្តង។ ចំណែកអ្នកបើកបររថយន្តយោធាឃើញដូច្នេះគ្រវីក្បាលហួសចិត្ត ។ ប៉ូលិសចរាចរណ៍ប្រុងយករថយន្តទាំងពីរគ្រឿងទៅខណ្ឌ ប៉ុន្តែត្រូវជនបរទេសសុំដោះស្រាយសង១០០ដុល្លារជូនថ្លៃខូចខាត រថយន្តយោធា។ បើតាមប្រភពព័ត៌មានថា រថយន្តយោធានោះជារថយន្តដឹកស្បៀងអាហារទៅសមរភូមិមុខទិសប្រាសាទព្រះវិហារ ៕ |
ស្ត្រី និងកូនស្លាប់បន្តគ្នា អ្នកភូមិ៧នាក់ទៀតធ្លាក់ខ្លូនឈឺសង្ស័យផ្តាសាយបក្សី Posted: 21 Feb 2011 06:02 PM PST ខេត្តបន្ទាយមានជ័យ ៖ ស្ត្រីម្នាក់បានស្លាប់នៅក្នុងមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុនមង្គលបុរី និងកូនអាយុ១១ខែក៏ស្លាប់បន្ត ហើយមានអ្នកភូមិ៧នាក់ទៀតកំពុងសម្រាកព្យាបាលដែលគ្រូពេទ្យសង្ស័យថា អាចឆ្លងជំងឺផ្តាសាយបក្សី ។ អ្នកស្លាប់ និងអ្នកជំងឺទាំងនេះរស់នៅក្នុងឃុំតាគង់ ស្រុកម៉ាឡៃ ។ លោកវេជ្ជបណ្ឌិត ហ៊ូ សេរីវិទ្យុ ប្រធានមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុនមង្គលបុរីបានឱ្យដឹងថា កាលពីថ្ងៃទី១២ កុម្ភៈ ឆ្នាំ២០១១ មានស្ត្រីម្នាក់ឈ្មោះប្រាក់ សោភ័ណ អាយុ២១ឆ្នាំ រស់នៅភូមិបល្ល័ង្ក ឃុំតាគង់ ស្រុកម៉ាឡៃ បានស្លាប់ក្រោយពេលបញ្ជូនមកដល់មន្ទីរពេទ្យបានប្រមាណ៣ម៉ោង។ បន្ទាប់មកនៅថ្ងៃទី១៦ កុម្ភៈ កូនបង្កើតរបស់ស្ត្រីរូបនេះដែលទើបមានអាយុ១១ខែ ក៏ស្លាប់ដែរ នៅពេលបញ្ជូនទៅដល់មន្ទីរពេទ្យគន្ធបុប្ផានៅឯខេត្តសៀមរាប ។ លោកវេជ្ជបណ្ឌិតបានបន្តថា ក្រោយពេលម្តាយ និងកូនស្លាប់បន្តគ្នានេះ ហើយដោយសង្ស័យពីជំងឺផ្តាសាយបក្សី ក្រសួងបានណែនាំទៅមន្ទីរសុខាភិបាលខេត្ត ឱ្យខាងមន្ទីរពេទ្យរួមជាមួយមន្ត្រីជំនាញចុះទៅកាន់ឃុំតាគង់ ស្រុកម៉ាឡៃ ជាស្រុករបស់ស្ត្រីជាម្តាយ និងកូនដែលស្លាប់ ។ ក្រោយពេលមន្ត្រីចុះទៅស្រាវជ្រាវ បានរកឃើញប្រជាពលរដ្ឋនៅជិតខាងចំនួន៧នាក់ទៀតមានជំងឺគ្រុនក្តៅ ក្នុងនោះមានក្មេង២នាក់មានសភាពធ្ងន់ធ្ងរ និងបានបញ្ជូនមកមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុនមង្គលបុរី ដើម្បីធ្វើការព្យាបាលជាបន្ទាន់ ហើយរហូតមកទល់នឹងថ្ងៃទី២១ កុម្ភៈ អ្នកជំងឺមានសភាពធូរស្រាលហើយ។ រីឯការសង្ស័យពីការឆ្លងជំងឺផ្តាសាយបក្សី មិនទាន់ប្រាកដមួយរយភាគរយនៅឡើយទេ ព្រោះថា ពេលនេះគ្រូពេទ្យជំនាញកំពុងយកសំណាកទៅពិនិត្យនៅវិទ្យាស្ថានប៉ាស្ទ័រ ដើម្បីឱ្យច្បាស់ថា ជាជំងឺអ្វីពិតប្រាកដ។ លោកវេជ្ជបណ្ឌិត ហ៊ូ សេរីវិទ្យុ បានបន្តទៀតថា បើតាមសាច់ញាតិរបស់ស្ត្រីនិងកូនដែលស្លាប់និយាយថា ពួកគេបានទៅលេងស្រុកខាងប្តីនៅស្រុកព្រះស្តេច ខេត្តព្រៃវែង ហើយបានយកមាន់ងាប់មកធ្វើម្ហូប លុះត្រឡប់មកដល់ស្រុកវិញក៏មានជំងឺផ្តាសាយ និងបានចូលព្យាបាលនៅគ្លីនិកមួយក្នុងក្រុងសិរីសោភ័ណ។ ដោយសារសភាពជំងឺកាន់តែធ្ងន់ធ្ងរក៏បានបញ្ជូនមកមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុន មង្គលបុរី នៅថ្ងៃទី១២ កុម្ភៈ ឆ្នាំ២០១១ ប៉ុន្តែបានប្រមាណជា៣ម៉ោងស្ត្រីជាម្តាយក៏បានស្លាប់។ លុះដល់ថ្ងៃទី១៦ កុម្ភៈ កូនបង្កើតរបស់ស្ត្រីដែលស្លាប់ ដែលទើបមានអាយុ១១ខែក៏ស្លាប់ដែរ ពេលបញ្ជូនទៅដល់មន្ទីរពេទ្យគន្ធបុប្ផានៅឯខេត្តសៀមរាប។ ចំពោះប្រជាពលរដ្ឋ៧នាក់ដែលបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុន មង្គលបុរីបានប្រាប់ថា គាត់រស់នៅក្បែរខាងគ្នានឹងម្តាយកូនដែលស្លាប់ ហើយមុនពេលឈឺគាត់បានទៅមើល និងចូលរួមធ្វើបុណ្យ បន្ទាប់មកក៏មានជំងឺផ្តាសាយរហូតមិនបាត់សោះ តែពេលនេះបានក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុនមង្គលបុរីព្យាបាលធូរស្រាលហើយ។ លោកវេជ្ជបណ្ឌិត ហ៊ូ សេរីវិទ្យុ បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមការពារសុខភាពរបស់ខ្លួន បើសិនជាមានជំងឺគ្រុនក្តៅ ឬមានហៀរសំបោរត្រូវទៅមណ្ឌលសុខភាពដើម្បីធ្វើការពិនិត្យជាបន្ទាន់។ ម្យ៉ាងទៀតបើមានមាន់ ឬបក្សីងាប់កុំយកទៅបរិភោគ ត្រូវយកទៅកប់ ឬដុតចោល៕ |
You are subscribed to email updates from Koh Santepheap Daily To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |