VOA News: ព័ត៌មាន: “នួន ជា ប្តឹងដកចៅក្រម” plus 3 more |
- នួន ជា ប្តឹងដកចៅក្រម
- កម្ពុជាប្រាប់អាមេរិកកុំឱ្យព្រួយបារម្ភពីច្បាប់គ្រប់គ្រងអង្គការសង្គម
- គណៈកម្មការព្រំដែនកម្ពុជាវៀតណាមជួបគ្នានៅភ្នំពេញ
- កងម៉ារីនអាមេរិកនិងកម្ពុជានឹងធ្វើលំហាត់យោធានៅចុងសប្ដាហ៍នេះ
Posted: 25 Feb 2011 03:14 PM PST មេធាវីការពារក្ដីឲ្យនួន ជា ទាមទារប្ដូរចៅក្រមជំនុំជម្រះសាលាដំបូង។ នៅក្នុងបណ្ដឹងដិតចិត្តកាលពីថ្ងៃព្រហស្បតិ៍ដែលត្រូវផ្សព្វផ្សាយជាសាធារណៈនៅថ្ងៃសុក្រនេះ ក្រុមមេធាវីការពារក្ដីនួន ជា អតីតប្រធានសភាខ្មែរក្រហម បានទាមទារឲ្យចៅក្រមទាំងប្រាំរូបរបស់អង្គជំនុំជម្រះសាលាដំបូងចុះចេញពីការជំនុំជម្រះដោយស្មគ្រ័ចិត្ត ហើយបានទាមទារឲ្យអង្គជំនុំជម្រះសាលាដំបូងចាត់ការលើបណ្ដឹងរបស់ខ្លួនឲ្យបានឆាប់បំផុត។ លោកមេធាវី សុន អរុណ រួមជាមួយនឹងសហមេធាវីបរទេស លោក មីស្ស៊ែល ផេស្តមែន (Michiel Pestman) និង លោក វិកទ័រ ខូប (Victor Koppe) លើកឡើងក្នុងបណ្ដឹងនោះថា ការវិនិច្ឆ័យក្ដីឌុចក្នុងសំណុំរឿង០០១ អាចនាំឲ្យមានភាពលំអៀងប្រឆាំងនឹងកូនក្ដីរបស់ពួកខ្លួន ដោយសារតែចៅក្រមនៃអង្គជំនុំជម្រះសាលាដំបូងបានធ្វើសេចក្ដីសន្និដ្ឋានដែលប៉ះពាល់ដោយផ្ទាល់ដល់ទោសកំហុសរបស់ នួន ជា ជាពិសេសតួនាទី និងការទទួលខុសត្រូវនៃមន្ទីរស២១ ឬគុកទួលស្លែង។ នេះជាបណ្ដឹងដិតចិត្តទីបីរបស់មេធាវីការពារក្ដីឲ្យអតីតមេដឹកនាំកំពូលៗខ្មែរក្រហមបីនាក់ ដែលបានប្ដឹងជំទាស់នឹងចៅក្រមនៃអង្គជំនុំជម្រះសាលាដំបូងរបស់សាលាក្ដីខ្មែរក្រហម។ បណ្ដឹងធ្វើឡើងស្របពេលដែលសាលាក្ដីខ្មែរក្រហមកំពុងរៀបចំដំណើរឆ្ពោះទៅធ្វើការកាត់ទោសអតីតមេដឹកនាំខ្មែរក្រហមជាន់ខ្ពស់បំផុតក្នុងសំណុំរឿង០០២។ សំណុំរឿងនេះ ដែលមានជនជាប់ចោទ នួន ជា ខៀវ សំផន អៀង សារី និងអៀង ធីរិទ្ធ។ ក្នុងពេលថ្មីៗនេះ មេធាវីរបស់លោកស្រីអៀង ធីរិទ្ធ បានប្ដឹងដិតចិត្តឲ្យមានការព្យួរតួនាទីរបស់ចៅក្រមទាំងប្រាំរូបរបស់អង្គជំនុំជម្រះសាលាដំបូងចេញពីការកាត់ក្ដីក្នុងសំណុំរឿង០០២នេះ។ រីឯក្រុមមេធាវីរបស់លោកអៀង សារី ប្ដឹងដិតចិត្តប្រឆាំងនឹងលោកចៅក្រម និល ណុន ប្រធានអង្គជំនុំជម្រះសាលាដំបូងនេះ ទាក់ទងទៅនឹងការចោទប្រកាន់អំពីការទទួលសំណូកក្នុងការបំពេញការងាររបស់លោកនៅក្នុងតុលាការខេត្តបាត់ដំបង។ លោក ឡាស អលសិន មន្ដ្រីផ្នែកទំនាក់ទំនងកិច្ចការច្បាប់របស់សាលាក្ដីខ្មែរក្រហមមានប្រសាសន៍ថា សាលាក្ដីពិសេសនេះនឹងត្រូវតែងតាំងចៅក្រមមួយក្រុមដើម្បីដោះស្រាយបណ្ដឹងដិតចិត្តទាំងនេះ ប៉ុន្ដែលោកមិនដឹងថា តើដំណោះស្រាយនេះនឹងត្រូវធ្វើឡើងនៅពេលណានោះទេ។ លោកថ្លែងថា៖ «ខ្ញុំមិនទាន់បានទទួលពត៌មានថា តើក្រុមចៅក្រមនឹងសម្រេចបណ្ដឹងទាំងនេះនៅពេលណានោះទេ»។ ដោយឡែក លោក ឡុង បញ្ញាវុធ មន្ដ្រីគម្រោងរបស់អង្គការគម្រោងយុត្តិធម៌នៅកម្ពុជា បានបញ្ជាក់ថាបណ្ដឹងរបៀបនេះ នឹងមិនអាចប្ដូរចៅក្រមបានជោគជ័យនោះទេក៏ប៉ុន្ដែវាអាចនឹងធ្វើឲ្យមានការប្រើ ប្រាស់ពេលវេលាកាន់តែច្រើនថៃ្ងបន្ដិចទៀតក្នុងការកាត់ទោស។ «អត់ដែលមានសេចក្ដីសម្រេចណាមួយដកចៅក្រមទេ។ នៅតុលាការផ្សេងៗក៏អញ្ចឹងដែរ។ ដូច្នេះការដែលនិយាយថា ការដែលបានស្ដាប់អង្គហេតុធ្វើឲ្យគាត់លំអៀងនោះមិនអាចទៅរួចទេ។ (បញ្ហា) នេះអាចធ្វើឲ្យមានការយឺតយ៉ាវ ក៏ប៉ុន្ដែបើតាមផ្លូវច្បាប់គេនឹងដោះស្រាយបាន»។ ក៏ប៉ុន្ដែយ៉ាងណាក៏ដោយ លោក ឡាស អលសិន មិនយល់ថា បណ្ដឹងដិតចិត្តទាំងនេះនឹងធ្វើឲ្យមានការអូសបន្លាយពេលវេលានៃការកាត់ក្ដីកាន់តែយូរនោះទេ។ សូមបញ្ជាក់ថា សាលាក្ដីខ្មែរក្រហមគ្រោងនឹងធ្វើការកាត់ទោសអតីតបងធំទី២ នួន ជា អតីតប្រមុខរដ្ឋ ខ្មែរក្រហមខៀវ សំផន អតីតរដ្ឋមន្ដ្រីការបរទេស ឬបងធំទីបីអៀង សារី និងប្រពន្ធរបស់គាត់អៀង ធីរិទ្ធ អតីតរដ្ឋមន្ដ្រីក្រសួងសង្គមកិច្ចនៅខែមិថុនាឆ្នាំ២០១១នេះ។ របបកម្ពុជាប្រជាធិបតេយ្យដែលពួកគេបានគ្រប់គ្រងអំណាច បានបង្កឲ្យប្រជាពលរដ្ឋកម្ពុជាស្លាប់បាត់បង់ជីវិតចន្លោះពី១,៧លាននាក់ទៅ២,២លាននាក់៕ This posting includes an audio/video/photo media file: Download Now |
កម្ពុជាប្រាប់អាមេរិកកុំឱ្យព្រួយបារម្ភពីច្បាប់គ្រប់គ្រងអង្គការសង្គម Posted: 25 Feb 2011 02:53 PM PST បើទោះបីជាមន្ត្រីរដ្ឋាភិបាលអាមេរិកាំងបានបញ្ជាក់ថាច្បាប់អង្គការដែលកម្ពុជាកំពុងព្រាងនោះមិនមែនជាច្បាប់ចាំបាច់ហើយសម្តែងការព្រួយបារម្ភពីការរឹតត្បិតចំពោះក្រុមសង្គមស៊ីវិលក្តីតែក្រុមមន្ត្រីរដ្ឋាភិបាលកម្ពុជានិយាយថាច្បាប់នេះធ្វើឡើងដើម្បីការពារអង្គការក្រៅរដ្ឋាភិបាលមិនមែនក្នុងបំណងរឹតត្បិតសកម្មភាពពួកគេទេ។ លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបានអះអាងថាច្បាប់ អង្គការធ្វើឡើងដើម្បីឲ្យមានច្បាប់និងដើម្បីឲ្យមានការរៀបចំរបៀបរៀបរយល្អក្នុងប្រតិបត្តិការរបស់អង្គការសង្គមស៊ីវិល ទប់ស្កាត់អំពើរំលោភច្បាប់ ធានាភាពរលូនដល់កិច្ចការរបស់អង្គការ។ «ម៉្យាងទៀតរដ្ឋាភិបាលធ្វើច្បាប់នេះឡើងក៏ដើម្បីទប់ស្កាត់ដល់សកម្មភាពជ្រុលនិយមណាមួយរបស់អង្គការមិនមែនរដ្ឋាភិបាលក៏ដូចជាសង្គមស៊ីវិលដែល[ធ្វើ]ក្រោមរូបភាពថាជាអង្គការមិនមែនរដ្ឋាភិបាលនោះ។ ដូច្នេះហើយខ្ញុំសូមបញ្ជាក់ថាច្បាប់នេះមិនមែនមានគោលបំណងរឹតត្បិតសេរីភាពណាមួយ របស់អង្គការនោះទេ»។ ប្រទេសកម្ពុជាមានអង្គការ សមាគមជាង៣.០០០ កំពុងប្រតិបត្តិការនៅពាសពេញប្រទេសទៅតាមវិស័យផ្សេងៗ ជាច្រើនឆ្នាំជាបន្តបន្ទាប់មកហើយក្នុងទិសដៅជួយអភិវឌ្ឍប្រទេស ដែលក្រុមមន្ត្រីរដ្ឋាភិបាលអះអាងថាកម្ពុជាត្រូវមានច្បាប់មួយដើម្បីគ្រប់គ្រងអង្គការឲ្យបានល្អ។ ក្រុមមន្ត្រីសង្គមស៊ីវិលមួយចំនួនព្រួយបារម្ភថាច្បាប់នេះធ្វើឡើងដើម្បីចាត់វិធានការចំពោះអង្គការណាមួយដែលមិនស្របជាមួយនឹងបន្ទាត់នយោបាយរបស់រដ្ឋាភិបាល។ ការថ្លែងយ៉ាងដូច្នេះភ្ជាប់ជាមួយនឹងលក្ខណៈស្មុគស្មាញក្នុងការចុះឈ្មោះជាថ្មី ការដាក់របាយការណ៍ការងារ និងផែនការសកម្មភាពនិងការត្រួតពិនិត្យផ្សេងៗទៀត។ លោក ដានីញ៉ែល ប៊ែរ (Daniel Baer) ឧបការីរងទទួលបន្ទុកកិច្ចការប្រជាធិបតេយ្យសិទ្ធិមនុស្សនិងពលកម្មនៃក្រសួងការបរទេសសហរដ្ឋអាមេរិកបានថ្លែងឲ្យដឹងកាលពីដើមសប្តាហ៍នេះថាច្បាប់អង្គការក្រៅរដ្ឋាភិបាលមិនជាការចាំបាច់ទេហើយលោកសម្តែងការព្រួយបារម្ភទៅលើច្បាប់នេះ។ «យើងបានបញ្ជាក់ច្បាស់ថាជំហររបស់យើងមិនឃើញថាច្បាប់នេះជាច្បាប់ដែលចាំបាច់នោះទេ»។ លោក Baer បានអះអាងយោងទៅលើអត្ថាធិប្បាយរបស់លោកស្រីរដ្ឋមន្ត្រី ហ៊ីល្លារី គ្លីនតុន(Hillary Clinton) រដ្ឋមន្ត្រីការបរទេសស.រ.អា និងនយោបាយរបស់សរអាដែលគាំទ្របរិយាកាសបើកចំហរនិងដោយសេរីសម្រាប់អង្គការសង្គមស៊ីវិល។ «យើងគិតថាសង្គមមានស្ថេរភាពប្រសើរឡើង រីកចម្រើនឡើង ខ្លាំងឡើង នៅពេលដែលអង្គការសង្គមស៊ីវិលត្រូវអនុញាតឲ្យមានការរីកលូតលាស់ឡើង»។ លោកថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មានកាលពីថ្ងៃអង្គារយ៉ាងដូច្នេះក្រោយពេលដែលលោកបានជួបជាមួយមន្ត្រីរដ្ឋាភិបាលកម្ពុជានិងមន្ត្រីសង្គមស៊ីវិលនានាក្នុងដំណើរទស្សនកិច្ចរបស់លោកជាងមួយសប្តាហ៍ទៅកាន់តំបន់អាស៊ីមួយចំនួនរួមទាំងកម្ពុជា។ លោក នុត សាអាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃពុំអាចទាក់ទងតាមទូរស័ព្ទដើម្បីសុំសេចក្តីអត្ថាធិប្បាយបានទេ ដោយអ្នកទទួលទូរស័ព្ទប្រាប់ថាលោកជាប់រវល់។ ក៏ប៉ុន្តែលោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីនិងជារដ្ឋលេខាធិការ បានស្វាគមន៍ចំពោះក្តីបារម្ភរបស់មន្ត្រីស.រ.អាតែបានថ្លែងថាច្បាប់អង្គការបង្កើតឡើងដើម្បីការពារអង្គការនិងទប់ស្កាត់សកម្មភាពមិនប្រក្រតីមួយចំនួន។ «ល្អហើយជាការខ្វល់ខ្វាយ។ ក៏ប៉ុន្តែអ្វីដែលយើងចង់និយាយគ្នាពីព្រោះអ្វីដែល អង្គការក្រៅរដ្ឋាភិបាលមិនដែលទទួលបាននូវការពិសោធន៍នោះគឺគ្មានច្បាប់។អង្គការក្រៅរដ្ឋាភិបាលបានធ្វើដោយសារការគ្មានច្បាប់ ដោយសារគ្មានតម្លាភាព បញ្ជាក់ពីទិសដៅដែលខ្លួនធ្វើសកម្មភាពមិនទាន់បានពិសោធន៍និងវប្បធម៌ក្នុងការដែលហៅថាស្អីទៅតម្លាភាពរវាងអ្នកផ្តល់(ជំនួយ) រវាងអ្នកអនុវត្តន៍ ប្រតិបត្តិ ក៏ដូចជាសមាជិកសមាជិកានៃក្រុមអង្គការនោះឯង»។ លោក ផៃ ស៊ីផានបានបដិសេធការចោទប្រកាន់អំពីរឿងការរឹតត្បិតចំពោះអង្គការក្រៅរដ្ឋាភិបាលក្នុងការធ្វើច្បាប់អង្គការនេះ។ ដោយលោកបញ្ជាក់ថារដ្ឋាភិបាលធ្វើច្បាប់នេះគឺដើម្បីការពារដល់សកម្មភាពខុសឆ្គងរបស់អង្គការផងដែរ។ មន្ត្រីរដ្ឋាភិបាលខ្លះបានលើកឡើងពីសកម្មភាពរបស់អង្គការយ៉ាងតិចមួយក្នុងប្រទេសកម្ពុជាឈ្មោះ Om Al Qura ត្រូវរដ្ឋាភិបាលបិទទ្វារកាលពីឆ្នាំ២០០៣ ពីបទសង្ស័យពីការពាក់ព័ន្ធនឹងក្រុមភេរវករ Jemaah Islamiah (JI)។ លោក អ៊ូ វីរៈនាយកមជ្ឈមណ្ឌលសិទ្ធិមនុស្សបានអះអាងថារដ្ឋាភិបាលមានច្បាប់គ្រប់គ្រាន់ហើយដូចជាច្បាប់ប្រឆាំងនឹងអំពើភេរវកម្ម ច្បាប់ប្រឆាំងនឹងអំពើពុករលួយ ក្រមព្រហ្មទណ្ឌ ច្បាប់ការងារជាដើម ដើម្បីដោះស្រាយបញ្ហានិងដាក់ទោសទណ្ឌដល់អង្គការ សមាគមទាំងឡាយណា ដែលប្រព្រឹត្តខុសដែលមិនគួរត្រូវការច្បាប់អង្គការទៀតទេ។ «ដូច្នេះច្បាប់នេះអត់មានអីក្រៅតែពីដោះស្រាយអំពីបញ្ហាចុះឈ្មោះ ហើយនិងពីបញ្ហាដាក់ឲ្យអង្គការក្រៅរដ្ឋាភិបាល (NGO) ស្ថិតនៅក្រោមសម្ភាធរដ្ឋាភិបាលតែប៉ុណ្ណោះទេ។ បើសិនជារដ្ឋាភិបាលផ្តល់ឱកាសឲ្យមានជម្រើសវិញគឺថាឥឡូវសមាគមមានជម្រើសចុះឈ្មោះក៏បានដោយទទួលស្គាល់ដោយរដ្ឋក៏បានឬមួយមានជម្រើសគ្រាន់តែធ្វើការក្រៅប្រព័ន្ធក៏បាន។ បញ្ហាហ្នឹងពួកយើងស្វាគមន៍ហើយពួកយើងថាជាខ្លឹមសារមួយដែលយើងថារដ្ឋាភិបាលគួរតែបញ្ចូលបើសិនជាខ្លួនមានឆន្ទៈក្នុងការអនុញាតឲ្យសង្គមស៊ីវិលមានភាពរស់រវើកនិងចូលរួមក្នុងការជំរុញឲ្យរដ្ឋាភិបាលបំពេញនូវកាតព្វកិច្ចរបស់ខ្លួនក្នុងការជួយដល់ប្រជាពលរដ្ឋ ក្នុងការការពារសិទ្ធិមនុស្សដល់ប្រជាពលរដ្ឋ»។ លោក អ៊ូ វីរៈព្រួយបារម្ភចំពោះដំណើរការគោរពសិទ្ធិមនុស្សនិងប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជាប្រសិនបើរដ្ឋាភិបាលនៃគណបក្សគ្រប់គ្រងប្រទេសដែលមានអំណាចលើសលប់រាប់ទាំងនីតិប្រតិបត្តិគឺរដ្ឋាភិបាលខ្លួនឯង នីតិប្បញ្ញត្តិគឺសភា និងតុលាការជាដើមនោះ បង្កើតច្បាប់អង្គការនេះដោយពុំមានការយកមតិនិងផ្តល់សេរីភាពដល់ក្រុមសង្គមស៊ីវិល។ «ដូច្នេះប្រសិនជាតុលាការមិនឯករាជ្យ ហើយសភាត្រូវបានប្រើប្រាស់អនុម័ត ច្បាប់ដែលអាចរឹតត្បិតសេរីភាពប្រជាពលរដ្ឋនិងលំហរប្រជាធិបតេយ្យ អាហ្នឹងប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជានឹងប្រឈមមុខខ្លាំងនៅពេលអនាគតនេះ»។ លោក ហង្ស ឆាយា នាយកប្រតិបត្តិនៃវិទ្យាស្ថានខ្មែរដើម្បីលទ្ធិប្រជាធិបតេយ្យ បានថ្លែងថា បច្ចុប្បន្ននេះច្បាប់អង្គការ សមាគម មិនមែនជាការចាំបាច់ទេ។ ក៏ប៉ុន្តែក្នុងលក្ខណៈចាំបាច់រដ្ឋាភិបាលគួរទទួលយក អនុសាសន៍សង្គមស៊ីវិលដែលផ្តល់ជូនផងដែរមុនពេលដែលសភាខាងគណបក្សប្រជាជនដ៏មានចំនួនច្រើនលើសលប់នោះអនុម័តច្បាប់នេះ ។ លោកអះអាងថាច្បាប់នេះប្រសិនបើចេញរួចមែននិងធ្វើឲ្យប៉ះពាល់ដល់ សមាគម អង្គការតាមសហគមន៍នានា។ «នេះហើយជាការព្រួយបារម្ភ។ អង្គការមួយចំនួនទៀត អង្គការតូចតាចនោះគ្នា មិនអាចបង្កើតជាសមាគមអីបានទេព្រោះវាខ្វះគោលការណ៍ហ្នឹងផង ណាមួយ ទៀតលក្ខខណ្ឌដូចថារបាយការណ៍អីច្រើនគ្នាមិនអាចធ្វើបាន។ មានន័យ ថាអាច ខុសច្បាប់ អាចមានជាប់ទោសត្រង់ហ្នឹងយើងបារម្ភ។ហើយវាមិនការពារវាជាច្បាប់មួយដើម្បីបិទសិទ្ធិមិនឲ្យបង្កើតជាសមាគមតូចតាចនៅតាមសហគមន៍»។ ទោះជាយ៉ាងណាក៏ដោយលោក Daniel Baer ចាត់ទុកថាកម្ពុជា មានសមាគម អង្គកាក្រៅរដ្ឋាភិបាលក្នុងលក្ខណៈពិសេស។ លោកបានជំរុញឲ្យមានការជួបពិភាក្សាគ្នារវាងរដ្ឋាភិបាលនិងក្រុមអង្គការសង្គមស៊ីវិលបន្តក្នុងការធ្វើសេចក្តីព្រាងច្បាប់មួយដែលអាចឲ្យរដ្ឋាភិបាលនិងសង្គមស៊ីវិលធ្វើកិច្ចការជាមួយគ្នាបានដូចនៅក្នុងពិភពលោកហើយនឹងអាចឲ្យមានសិទ្ធិសេរីភាពនៃការបញ្ចេញមតិនិងបញ្ចេញយោបល់។ លោក Baer ដែលអះអាងថាស.រ.អានឹងបន្តឃ្លាំមើលរឿងច្បាប់អង្គការនេះបានទទួលការលើកទឹកចិត្តពីមន្ត្រីរដ្ឋាភិបាលអំពីបញ្ហាពិភាក្សាបន្តនេះ។ «ពួកគេចង្អុលបង្ហាញឲ្យឃើញថាពួកគេនឹងបន្តកិច្ចពិភាក្សាដែលពួកគេមានគម្រោងនឹងពិភាក្សាបន្ត។ ហើយដូចជាខ្ញុំបញ្ជាក់ថាយើងនឹងបន្តគាំទ្រដំណើរការ នោះ»។ ឆ្លើយតបនឹងការចង់ឲ្យមានការពិភាក្សាគ្នារួមនឹងការទទួលយកសំណើឬអនុសាសន៍របស់សង្គមស៊ីវិលនោះក្រុមមន្ត្រីបានបញ្ជាក់ថារដ្ឋាភិបាលកម្ពុជា បានទទួលយកអនុសាសន៍យ៉ាងច្រើនដើម្បីយកមកពិចារណាតាមរយៈសិក្ខាសាលានិងកិច្ចប្រជុំជាដើម។ សេចក្តីព្រាងច្បាប់អង្គការដ៏ចម្រូងចម្រាសដែលស្ថិតនៅក្រោមការប្រទាញប្រទង់គ្នារវាងមន្ត្រីរដ្ឋាភិបាលនិងមន្ត្រីសង្គមស៊ីវិលនេះនៅកំពុងបន្តតាក់តែងនៅឡើយដែលគេមិនទាន់កំណត់ថ្ងៃថានឹងដាក់ជូនបន្តទៅដល់គណៈរដ្ឋមន្ត្រី និងសភាជាតិអនុម័តនៅពេលណានោះទេ៕ This posting includes an audio/video/photo media file: Download Now |
គណៈកម្មការព្រំដែនកម្ពុជាវៀតណាមជួបគ្នានៅភ្នំពេញ Posted: 25 Feb 2011 11:41 AM PST ភ្នំពេញ៖ កម្ពុជា និងវៀតណាមបានសន្យាបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរឱ្យបានប្រវែង៥០០គីឡូម៉ែត្រនៃប្រវែងសរុប១២៧០គីឡូម៉ែត្រនៅក្នុងឆ្នាំ២០១១។ នៅថ្ងៃសុក្រនេះ កម្ពុជា និងវៀតណាមបានយល់ព្រមជំរុញការបោះបង្គោលព្រំដែន ឱ្យបានយ៉ាងតិច១០០បង្គោលនៅក្នុងឆ្នាំ២០១១នេះដែលនឹងឈានទៅបញ្ចប់ការបោះបង្គោលព្រំដែនទាំងស្រុងរវាងប្រទេសទាំងពីរនៅឆ្នាំ២០១២។ លោកទេសរដ្ឋមន្ត្រី វ៉ា គឹមហុង ប្រធានគណៈកម្មការព្រំដែនកម្ពុជា និងលោក ហូ ស្សួន សុន (Ho Xuan Son) ប្រធានគណៈកម្មការព្រំដែនវៀតណាម បានចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចប្រជុំលើកទី៥នៃគណៈកម្មការចម្រុះខណ្ឌសីមា និងការបោះបង្គោលព្រំដែនគោកកម្ពុជា-វៀតណាមរយៈពេលពីរថ្ងៃ នៅក្នុងទីក្រុងភ្នំពេញនៅថ្ងៃសុក្រនេះ។ លោកវ៉ា គឹមហុង ប្រធានគណៈកម្មការព្រំដែនកម្ពុជា បានថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មាន ក្រោយពីកិច្ចប្រជុំយ៉ាងដូច្នេះថា «គណៈកម្មការចម្រុះព្រំដែននៃប្រទេសកម្ពុជា និងប្រទេសវៀតណាម បានប្តេជ្ញាខិតខំធ្វើសម្រេចឱ្យបាននូវការកំណត់ចំណុចទីតាំងបង្គោលព្រំដែនយ៉ាងតិចបំផុត ឱ្យបាន១០០ទីតាំងបង្គោលលើដីជាក់ស្តែង និងខណ្ឌសីមាព្រំដែនឱ្យបានប្រវែង៥០០គីឡូម៉ែត្រនៅក្នុងឆ្នាំ២០១១»។ លោក វ៉ា គឹមហុង បានបន្តថា ភាគីទាំងពីរខំប្រឹងបញ្ចប់ការងារផលិតផែនទីព្រំដែនគោកកម្ពុជា-វៀតណាម និងខិតខំជំរុញដំណើរការរៀបរៀងឯកសារពិធីសារខណ្ឌសីមា និងបោះបង្គោលព្រំដែន និងចម្លងខ្សែព្រំដែនលើផែនទីBonneខ្នាត១/១០០០០០ មកលើផែនទី UTM ខ្នាត ១/៥០០០០ ឱ្យបានសម្រេចទាំងស្រុងនៅក្នុងឆ្នាំនេះ។ កាលពីឆ្នាំ២០១០ កម្ពុជា និងវៀតណាម បានកំណត់ទីតាំងបង្គោលព្រំដែនចំនួន៧២ស្មើនឹង៨២បង្គោលលើដីជាក់ស្តែង ហើយស្នើនឹង៧២ភាគរយនៃផែនការសាងសង់បង្គោលព្រំដែន។ លោក វ៉ា គឹមហុង បានថ្លែងថា តាំងពីឆ្នាំ២០០៦ ដល់២០១០ ភាគីទាំងពីរបានបោះបង្គោលព្រំដែនចំនួន២៥១ លើដីជាក់ស្តែង ស្នើនឹង៦៦ភាគរយនៃខ្សែព្រំដែនប្រវែង១២៧០គីឡូម៉ែត្រ។ លោកសម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំង និងប្រជាពលរដ្ឋពីរនាក់ត្រូវបានរកឃើញទោសកំហុសពីបទដកបំផ្លាញតម្រុយបង្គោលព្រំដែនរវាងកម្ពុជានិងវៀតណាមនៅក្នុងស្រុកចន្ទ្រា ខេត្តស្វាយរៀង ក្នុងឆ្នាំ២០០៩ បន្ទាប់ពីបានធ្វើការតវ៉ាប្រឆាំងនឹងការរំលោភយកទឹកដីកម្ពុជាពីសំណាក់ ប្រទេសវៀតណាមនៅតាមបណ្តោយព្រំដែនដែលបានធ្វើឱ្យបាត់បង់ដីស្រែចម្ការរបស់ពួកគាត់។ អ្នកភូមិពីរនាក់នេះ ត្រូវបានជាប់ពន្ធនាគារជិតមួយឆ្នាំអំពីបទបំផ្លាញតម្រុយបង្គោលព្រំដែន និងបន្ទាប់មកត្រូវបានដោះលែងមកវិញ។ គណៈរដ្ឋមន្ត្រីបានយល់ព្រមបញ្ជូនអនុសញ្ញារវាងកម្ពុជា ឡាវ និងវៀតណាម ស្តីពីការកំណត់ចំណុចប្រសព្វនៃខ្សែព្រំដែនរបស់ប្រទេសទាំងបីទៅសុំការអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិ៕ This posting includes an audio/video/photo media file: Download Now |
កងម៉ារីនអាមេរិកនិងកម្ពុជានឹងធ្វើលំហាត់យោធានៅចុងសប្ដាហ៍នេះ Posted: 25 Feb 2011 06:14 AM PST កងទាហានម៉ារីនមកពីសហរដ្ឋអាមេរិក និងកងទាហានរបស់ប្រទេសកម្ពុជាសរុបប្រមាណជា៥០០ នាក់នឹងធ្វើលំហាត់យោធារួមគ្នាជាទ្រង់ទ្រាយធំចាប់តាំងពីថ្ងៃអាទិត្យសប្តាហ៍នេះ រហូតដល់ថ្ងៃពុធសប្តាហ៍ក្រោយដើម្បីអ្វីដែលមន្រ្តីផ្លូវការរបស់ប្រទេសទាំងពីរអះអាងថា គឺជាប្រយោជន៍សម្រាប់ពង្រឹងទំនាក់ទំនងទ្វេភាគី។ ការធ្វើលំហាត់យោធានេះស្ថិតនៅក្នុងបរិបទនៃដំណើរឈប់សំចតរបស់នាវាចម្បាំងសហរដ្ឋអាមេរិក USS Essex នៅក្នុងកំពង់ផែខេត្តព្រះសីហនុ។ នាវានេះនឹងមកដល់ប្រទេសកម្ពុជានៅថ្ងៃទី២៦ខែកុម្ភៈនេះ ហើយបន្តស្នាក់នៅរហូតទៅដល់ថ្ងៃ ទី០៣ខែមីនា។ លោក Mark Wenig អ្នកនាំពាក្យស្ថានទូតសហរដ្ឋអាមេរិកប្រចាំក្រុងភ្នំពេញបានប្រាប់វីអូអេសំឡេង សហរដ្ឋអាមេរិកតាមអ៊ីម៉ែលថា ស្ថានទូតសហរដ្ឋអាមេរិក បញ្ជាការសហរដ្ឋអាមេរិកប្រចាំតំបន់ប៉ាស៊ីហ្វិក និងរដ្ឋាភិបាលសហរដ្ឋអាមេរិកឧទ្ទិសទំនាក់ទំនងចីរភាពជាមួយប្រទេសកម្ពុជា។ ហើយការប្តូរបទពិសោធន៍ជាលក្ខណៈទ្វេភាគីនេះនឹងបង្កើតមិត្តភាព និងបង្កើនការយោគយល់គ្នាទៅវិញទៅមករវាងសហរដ្ឋអាមេរិក និងប្រទេសកម្ពុជា។ លំហាត់យោធានេះនឹងប្រព្រឹត្តនៅកន្លែងបីផ្សេងៗគ្នាគឺនៅដែនសមុទ្ររាមរបស់ខេត្តព្រះសីហនុ នៅភ្នំពេជ្រនិល និងនៅបន្ទាយកងរថគ្រោះ ACO ក្នុងខេត្តកំពង់ស្ពឺ។ លោកឧត្តមសេនីយ៍ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ បានប្រាប់ក្រុមអ្នកយកព័ត៌មាន កាលពីថ្ងៃពុធថា កងទាហានជើងទឹកកម្ពុជា កងរាជអាវុធហត្ថ និងទាហានមកពីកងពលលេខ៣១ និងចូលរួមនៅក្នុងលំហាត់យោធានេះ។ លោកឧត្តមសេនីយ៍ឈុំ សុជាតិមានប្រសាសន៍បន្ថែមថា លំហាត់ហោធានេះផ្តោតជាពិសេសទៅលើវិធីសាស្រ្តជួយសង្គ្រោះនៅក្នុងសង្គ្រាម និងផ្តោតទៅលើវិស្វកម្មយោធា។ «ការផ្លាស់ប្តូរបទពិសោធន៍គ្នារវាងកងទ័ពសហរដ្ឋអាមេរិកជាមួយកងទ័ពកម្ពុជាយើង ពិសេសអំពីការថែរក្សាសន្តិភាព។ អញ្ចឹង ការធ្វើនេះ ធ្វើការរក្សាសន្តិភាពនៅលើសកលលោក ដែលយើងធ្លាប់ធ្វើកន្លងមកនេះ»។ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទំនាក់ទំនងកម្ពុជា និងសហរដ្ឋអាមេរិកមានការរីកចម្រើន ជាច្រើន បើទោះបីជាកាលពីឆ្នាំមុនសហរដ្ឋអាមេរិកបានព្យួរជំនួយយោធាដល់ប្រទេសកម្ពុជា ជាប្រភេទរថយន្តជាច្រើនសិបគ្រឿងដោយសារតែមូលហេតុដែលប្រទេសកម្ពុជាចាប់បញ្ជូនជនជាតិភាគតិចចិន Uighurs ដោយបង្ខំទៅឲ្យអាជ្ញាធរក្រុងប៉េកាំងវិញក៏ដោយ។ សហរដ្ឋអាមេរិកបានផ្តួចផ្តើមគំនិត និងឧបត្ថម្ភការធ្វើលំហាត់យោធាជាមួយប្រទេសកម្ពុជាឈ្មោះថា ឆ្មាំអង្គរឆ្នាំ២០១០ កាលពីឆ្នាំទៅមិញ ដោយមានប្រទេសជាង២០បានចូលរួម។មន្រ្តីនៃប្រទេសទាំងពីរអធិប្បាយថា នោះគឺជាលំហាត់យោធាប្រកបទៅដោយជោគជ័យ។ កម្ពុជា និង សហរដ្ឋអាមេរិកគ្រោងនឹងធ្វើលំហាត់យោធាឆ្នាំ២០១១នៅថ្ងៃទី១៦រហូតដល់ថ្ងៃទី២៨ ខែឧសភាឆ្នាំនេះ ដោយមានប្រទេសយ៉ាងតិចចំនួនបួនចូលរួម នេះបើយោងទៅតាមការអះអាងរបស់មន្រ្តីយោធាកម្ពុជា និងមន្រ្តីស្ថានទូតសហរដ្ឋអាមេរិក៕ This posting includes an audio/video/photo media file: Download Now |
You are subscribed to email updates from VOA News: ព័ត៌មាន To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |