Koh Santipheap Daily |
- លោកឧបនាយករដ្ឋមន្ត្រីហោ ណាំហុង នឹងដឹកនាំគណៈប្រតិភូចូលរួមប្រជុំនៅប្រទេសឥណ្ឌូណេស៊ី
- ព្រឹកស្អែកនេះ លោកជំទាវបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ទទួលគោរមងារឥស្សរជនឆ្នើមពីអង្គការសហប្រជាជាតិ
- ប៉ូលិសឃាត់ខ្លួនបុរសជនជាតិអាមេរិកាំងម្នាក់បង្កគ្រោះថ្នាក់ចរាចរវាយរថយន្តទាហាន
- រន្ធត់ចិត្តពេកក្រៃ សល់៣ថ្ងៃការកូនភ្លើងឆេះផ្ទះ លុះដល់ថ្ងៃការភ្លើងឆេះរថយន្តក្រុមតន្ត្រីករស្លាប់ជាបន្តបន្ទាប់
- សភាអឺរ៉ុបជំរុញឱ្យថៃគោរពសាលក្រមស្ថាពរតុលាការយុត្តិធម៌អន្តរជាតិសម្រាប់កម្ពុជា...ព្រំដែនស្ងាត់ស្នូរកាំភ្លើង
- បុរសម្នាក់មានប្រពន្ធដល់ទៅ39នាក់
- កងទ័ពថៃ និងកម្ពុជាយល់ព្រមលើបទឈប់បាញ់គ្នាមួយ
- អ៊ីរ៉ង់ដោះលែងអ្នកកាសែតអាល្លឺម៉ង់2នាក់
- កសិដ្ឋានចិញ្ចឹមជ្រូកមួយក្លាយជាកន្លែងកំសាន្តដ៏មានប្រជាប្រិយភាព
- រលកនៃការធ្វើបាតុកម្ម3ថ្ងៃនៅលីប៊ីស្លាប់84នាក់
- ព្នៅអាចការពារសុខភាព និងផ្តល់សិរីមង្គល
- ការផ្គត់ផ្គង់ទឹកស្អាតកាន់មានតម្រូវការប្រើប្រាស់ច្រើនឡើង
- ឆបោកម៉ូតូទៅបាត់៤ឆ្នាំជួបមុខហៅប៉ូលិសឱ្យចាប់ខ្លួន
- ឆក់ក្រវិលនារី.គចេញពីរាំធុងបាស់ត្រឡប់ទៅផ្ទះវិញកណ្តាលយប់
- កាមរីបាឡែន ដេញវ៉ាសាន់យ៉ុង ហក់ត្របាក់ក្បាលរបាំងចែកផ្លូវក្បែរភ្លើងស្តុបស្ថានទូតចិន
- បង្ក្រាបការកាប់ឈើប្រណីតក្នុងជំរកសត្វព្រៃភ្នំព្រិច
- បុរសជនជាតិអូស្ត្រាលីបើកបររថយន្តលឿនដូចហោះបុកក្បាលចែកផ្លូវក្បែរភ្លើងស្តុបបូកគោ
- ពិធីការិនីទូរទស្សន៍ CTN ចូលរោងការទទួលផ្កាស្លាពីកន្លង់បារាំង
- ស្ត្រីប្រពន្ធមេជាងជួបគ្រោះអកុសលធ្លាក់ពីលើសំណង់ផ្ទះថ្មកំពស់៤ម៉ែត្ររបួសធ្ងន់
- រាំវង់លក់ផ្កាថ្ងៃបុណ្យមាឃបូជាដណ្តើមស្រីផ្ទុះហិង្សា
លោកឧបនាយករដ្ឋមន្ត្រីហោ ណាំហុង នឹងដឹកនាំគណៈប្រតិភូចូលរួមប្រជុំនៅប្រទេសឥណ្ឌូណេស៊ី Posted: 19 Feb 2011 10:49 PM PST រាជធានីភ្នំពេញ ៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជាកាលពីព្រឹកថ្ងៃទី១៨ កុម្ភៈ ២០១១ បានឱ្យដឹងថា លោកឧបនាយករដ្ឋមន្ត្រីហោ ណាំហុង នឹងដឹកនាំគណៈប្រតិភូនៃព្រះរាជាណាចក្រកម្ពុជា ទៅចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី នៅថ្ងៃទទី២២ កុម្ភៈ ២០១១ តបតាមការអញ្ជើញរបស់លោក រ.ម ម៉ាទី ម.ណាតាឡេហ្គាវ៉ា រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី និងប្រធានអាស៊ាន ។ ក្រសួងការបរទេសបន្តថា កិច្ចប្រជុំនេះនឹងផ្តោតសំខាន់ទៅលើបញ្ហាផ្លាស់ប្តូរទស្សនវិស័យអន្តរជាតិ និងក្នុងតំបន់ ជាពិសេសផ្តោតលើស្ថានភាពជម្លោះព្រំដែនរវាងប្រទេសកម្ពុជា និងប្រទេសថៃ ៕ |
Posted: 19 Feb 2011 10:47 PM PST រាជធានីភ្នំពេញ ៖ ព្រឹកស្អែកនេះទី២១ កុម្ភៈ ២០១១ ស្ថាប័នពិភពលោកអង្គការសហប្រជាជាតិនឹងប្រគល់គោរមងារជូនលោកជំទាវបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ជាឥស្សរជនឆ្នើមនៃផែនការសកម្មភាពរួមរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិដើម្បីសុខភាពស្ត្រី និងកុមារនៅអគារវិមានសន្តិភាពនៃទីស្តីការនាយករដ្ឋមន្ត្រី ។ ស្ថាប័នពិភពលោកអង្គការសហប្រជាជាតិប្រកាសប្រគល់គោរមងារជាឥស្សរជនឆ្នើមខាងលើនេះគឺយោងទៅលើសកម្មភាពការងាររបស់លោកជំទាវខ្លាំងក្លាគួរជាទីមោទនក្នុងការជួយសង្គ្រោះជនក្រីក្រ ជនងាយរងគ្រោះមិនរើសអើងមិនប្រកាន់និន្នាការនយោបាយ ប្រកាន់ខ្ជាប់ក្នុងតួនាទីសប្បុរសធម៌ លើកកម្ពស់សុខភាពស្ត្រី និងកុមារ ។ ពិធីប្រគល់គោរមងារជាឥស្សរជនឆ្នើមដល់លោកជំទាវបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន នឹងធ្វើឡើងក្រោមអធិបតីរបស់លោកបាន គីមូន អគ្គលេខាធិការ អ.ស.ប ដែលគ្រោងនឹងមកបំពេញទស្សនកិច្ចនៅកម្ពុជានៅថ្ងៃទី២១ កុម្ភៈ ខាងមុខនេះ ៕ |
ប៉ូលិសឃាត់ខ្លួនបុរសជនជាតិអាមេរិកាំងម្នាក់បង្កគ្រោះថ្នាក់ចរាចរវាយរថយន្តទាហាន Posted: 19 Feb 2011 10:46 PM PST រាជធានីភ្នំពេញ ៖ បុរសជនជាតិអាេមរិកាំងម្នាក់មិនទាន់ត្រូវបានគេស្គាល់អត្តសញ្ញាណនៅឡើយ បានបើកបររថយន្តលឿនស្លេវ វ៉ារថយន្តទាហានមួយគ្រឿងទៀតខាងស្តាំដៃ បណ្តាលឱ្យប៉ះទង្គិច និងកៀបជាប់ទៅមុខលែងរួច ហើយភ្លាមៗនោះ ស្រាប់តែបុរសជនជាតិអាមេរិកាំងបើកទ្វារស្ទុះចេញមក ទាត់ធាក់ និងដាល់ចង្កៀងរថយន្តទាហានឡើងបែកខ្ចាយបង្កឱ្យមានការភ្ញាក់ផ្អើលពីអ្នកដំណើរទៅចោមរោមមើលយ៉ាងច្រើនកុះករ ។ |
Posted: 19 Feb 2011 09:35 PM PST ខេត្តព្រះសីហនុ ៖ ក្រុមតន្ត្រីករអូរសេតេ ក្រុងព្រះសីហនុម្នាក់ទៀតបានស្លាប់ជាបន្តទៀត ហើយបន្ទាប់ពីបញ្ជូនទៅព្យាបាលនៅឯមន្ទីរពេទ្យបានរយៈពេល១ថ្ងៃ...អ្នកស្លាប់ទី៤នេះ ឈ្មោះសូ សារ៉េត ភេទប្រុស អាយុ២២ឆ្នាំ ចំណែក២នាក់ទៀតប៉ះពាល់លលាដ៍ក្បាលធ្ងន់ធ្ងរកំពុងប្រឈមមុខនឹងការស្លាប់ផងដែរ ។ សូមបញ្ជាក់ថា មុននេះមនុស្សស្រី២នាក់ ដែលជាតារាចម្រៀង មានឈ្មោះបោះសំឡេងគ្រាន់បើប្រចាំក្រុងព្រះសីហនុ និងប្រុសម្នាក់បានស្លាប់នៅនឹងកន្លែង ហើយមនុស្សប្រមាណ១០នាក់ទៀតរងរបួសធ្ងន់ធ្ងរដោយសារគ្រោះថ្នាក់ចរាចរមួយកើតឡើងរវាងរថយន្តមួយគ្រឿងដឹកក្រុមតន្ត្រីសម័យ បុកគ្នាជាមួយរ៉ឺម៉កម៉ូតូកង់បី (ហៅតុតុ) ដឹកអ្នកដំណើរបណ្តាលឱ្យឆាបឆេះសន្ធោសន្ធៅ គួរឱ្យរន្ធត់ និងបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងកាលពីថ្ងៃទី១៩ កុម្ភៈ ២០១១ វេលាម៉ោង៩និង៤៥នាទីព្រឹកនៅតាមបណ្តោយផ្លូវជាតិលេខ៤ ត្រង់ចន្លោះគីឡូម៉ែត្រលេខ១៨៦និង១៨៧ ស្ថិតក្នុងភូមិត្រពាំងស្អុយ ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ ទាក់ទិននឹងព័ត៌មានគួរឱ្យរន្ធត់នេះបានឱ្យដឹងថា ក្រុមតន្ត្រីសម័យនេះ ឈ្មោះអូរសេតេ ក្រុងព្រះសីហនុ គឺត្រូវមកប្រគំតន្ត្រីនៅក្បែរទីប្រជុំជនផ្សារវាលរេញ ជាពិធីមង្គលការរបស់ក្រុមគ្រួសារមួយដែលទើបទទួលរងភ្លើងឆេះផ្ទះស្ទើរទាំងស្រុងកាលពីថ្ងៃទី១៥ កុម្ភៈ វេលាម៉ោង២រសៀលរំលងមុននេះ៣ទៅ៤ថ្ងៃ ជួលឱ្យមកលេងក្នុងពិធីរៀបមង្គលការកូនស្រីក្នុងថ្ងៃកើតហេតុនេះ «សល់៣ថ្ងៃទៀតរៀបការកូនស្រាប់តែភ្លើងឆេះផ្ទះលេបត្របាក់ទ្រព្យសម្បត្តិអស់រលីង»។ ទាំងនេះនាំឱ្យមានការនិយាយតៗគ្នាថា គឺជារឿងចម្លែកអកុសលខ្លាំងណាស់ (យីអ៊ុនដាក់អារក្ខជាន់) ព្រោះមុនការកូន៣ថ្ងៃត្រូវភ្លើងឆេះផ្ទះស្ទើរម៉ដ្ឋ...ដល់ថ្ងៃការកូនស្រាប់តែក្រុមតន្ត្រីករដែលមកប្រគំតន្ត្រីជួបគ្រោះថ្នាក់ចរាចរបុកគ្នាឆេះទាំងរថយន្តស្លាប់ទាំងមនុស្ស និងរបួសធ្ងន់មិនតិចជាង១០នាក់ ។ ទោះជាយ៉ាងណា នេះគ្រាន់តែជាឧប្បត្តិហេតុដ៏ចៃដន្យ និងកម្រនឹងកើតមានតែប៉ុណ្ណោះ មិនពាក់ព័ន្ធរឿងចង្រៃអ្វីនោះឡើយ។ សំរាប់គ្រួសារនេះគ្រាន់តែផ្ទះត្រូវភ្លើងឆេះខ្ទេចនោះវាជាទុក្ខលំបាកពេកណាស់ហើយ ចុះហេតុអ្វីក៏ក្រុមតន្ត្រីករជួបគ្រោះថ្នាក់ដល់ជីវិតដ៏អកុសលបែបនេះទៀត ព្រហ្មលិខិតពិតជាគ្មានមេត្តាមែន? សូមកុំយករឿងក្រុមតន្ត្រីករជួបគ្រោះថ្នាក់នេះមកនិយាយពីនេះ ពីនោះធ្វើឱ្យមានការរន្ធត់ថែមទៀត។ តាមព័ត៌មានចេញពីសមត្ថកិច្ចស្រុកដែលចុះ ទៅកន្លែងគ្រោះថ្នាក់ចរាចរនោះបានឱ្យដឹងថារថយន្តដែលដឹកក្រុមតន្រ្តីករអូរសេតេនោះម៉ាកហ៊ីយ៉ាន់ដាយចំណុះ២តោនកន្លះ ពណ៌ស គ្មាន ស្លាកលេខ បានផ្ទុកគ្រឿងវង់ភ្លេង និងក្រុមតន្រ្តីករចំនួន ១២នាក់ បើកបរចេញពីខេត្តព្រះសីហនុលុះដល់ចំណុចកើតហេតុបានបុកជាមួយម៉ូតូរ៉ឺម៉កកង់បី ហៅអាតុតុ ដែលបើកបរបញ្ច្រាសទិសគ្នាយ៉ាងពេញទំហឹងនាំឱ្យផ្ទុះឆេះទាំងពីរគឺឆេះទាំងរថយន្ត និងរ៉ឺម៉ក យ៉ាងសន្ធោសន្ធៅនៅលើចិញ្ចើមផ្លូវជាតិ រីឯមនុស្សខ្លះឆេះចាប់ក្នុងកាប៊ីនរថយន្ត ខ្លះខ្ទាតស្លាប់ចេញពីរថយន្ត និងរបួស ត្រូវភ្លើងឆេះរដូករណែល ចំណែកអ្នកបើកបររ៉ឺម៉កម៉ូតូត្រូវរថយន្តអូសទៅជាមួយមនុស្សជាប់ក្រោមរថយន្ត ចំពោះរឿងនេះសមត្ថកិច្ចនៅពុំទាន់សន្និដ្ឋានយ៉ាងណានោះទេ រង់ចាំស៊ើបអង្កេតបន្ត ៕ |
Posted: 19 Feb 2011 07:49 PM PST សេចក្តីរាយការណ៍ពីព្រំដែនកម្ពុជា-ថៃឯណោះវិញ តំបន់ប្រាសាទព្រះវិហារនៅវេលាព្រឹកថ្ងៃអាទិត្យ ទី២០ កុម្ភៈ ២០១១ នេះ ស្ថានភាពយោធាមានសភាពស្ងប់ស្ងាត់ធម្មតា ហើយទាហានថៃក៏ពុំមានការបាញ់ ឬគប់គ្រាប់បែកនោះទៀតដែរ ។ កាលពីថ្ងៃសៅរ៍ម្សិលមិញនេះមេទ័ពកម្ពុជា-ថៃប្រចាំតំបន់ប្រាសាទព្រះវិហារបានឯកភាពគ្នាឈប់បាញ់ ប៉ុន្តែភាគីថៃបានទាមទារដាក់ទ័ពនៅក្នុងបរិវេណវត្តកែវសិក្ខាគិរីស្វារៈ ឡើងវិញ ដែលចំណុចនេះត្រូវបានច្រានចោលដោយមេទ័ពកម្ពុជាធ្វើឱ្យស្ថានភាពយោធានៅតំបន់ប្រាសាទព្រះវិហារនៅតែមានសភាពផុយស្រួយក្នុងការផ្ទុះអាវុធដដែល ។ ពីសហគមន៍អឺរ៉ុបឯណោះវិញ សភាអឺរ៉ុបបានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី១៧ កុម្ភៈ ២០១១ ដោយអំពាវនាវឱ្យប្រទេសថៃគោរពសាលក្រមស្ថាពររបស់តុលាការយុត្តិធម៌អន្តរជាតិក្រុងឡេអេឆ្នាំ១៩៦២ ហើយសភាអឺរ៉ុបក៏បានថ្កោលទោសចំពោះការផ្ទុះអាវុធដាក់គ្នារវាងកម្ពុជា-ថៃបណ្តាលឱ្យមានមនុស្សស្លាប់ និងរបួសជាច្រើននាក់ ព្រមទាំងធ្វើឱ្យខូចខាតប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោក និងបានអំពាវនាវឱ្យភាគីទាំងពីររកដំណោះស្រាយបញ្ចប់ជម្លោះនេះ ដោយឈានទៅរកកិច្ចព្រមព្រៀងសន្តិភាពមួយដោយទទួលជំនួយពីអាស៊ាន និងអង្គការសហប្រជាជាតិ ។ ជាមួយគ្នានេះ សភាអឺរ៉ុបក៏បានស្វាគមន៍ដល់ការសម្រេចដល់អង្គការយូណេស្កូ ក្នុងការបញ្ជូនបេសកជនពិសេសដើម្បីមកវាយតម្លៃការខូចខាតប្រាសាទព្រះវិហារបណ្តាលមកពីប្រយុទ្ធគ្នានាពេលកន្លងមកនោះផងដែរ ៕ |
បុរសម្នាក់មានប្រពន្ធដល់ទៅ39នាក់ Posted: 19 Feb 2011 07:24 PM PST បុរសម្នាក់រស់នៅតំបន់ភ្នំមួយក្នុងរដ្ឋ Mizoram ប្រទេសឥណ្ឌា មានប្រពន្ធដល់ទៅ៣៩នាក់រស់នៅជុំគ្នា ហើយមានកូន៩៤នាក់ កូនប្រសា១៤នាក់ និងចៅ៣៣នាក់ ធ្វើឱ្យគ្រួសាររបស់គាត់ជាប់ឯតទគ្គកម្មគ្រួសារធំបំផុតនៅលើពិភពលោក ។ គ្រួសារនេះរស់នៅក្នុងផ្ទះកំពស់៤ជាន់ មាន១០០បន្ទប់ ។ បុរសមានប្រពន្ធច្រើនបំផុតនេះឈ្មោះ Ziona Chana បានប្រាប់គេហទំព័រ The Sun របស់អង់គ្លេសថា សព្វថ្ងៃនេះរូបគាត់ដូចជាកូនព្រះអីចឹង ដែលមើលថែមនុស្សជាច្រើននាក់ ។ សំរាប់គ្រួសារនេះម្ហូបអាហារមួយពេលប្រើមាន់អស់៣០ក្បាល ហើយមិនចង់គ្រាន់ផង។ |
កងទ័ពថៃ និងកម្ពុជាយល់ព្រមលើបទឈប់បាញ់គ្នាមួយ Posted: 19 Feb 2011 07:13 PM PST បណ្តាញអ៊ីនធើរណេតថៃ INN រាយការណ៍ថា មេបញ្ជាការយោធភូមិភាគ២របស់កងទ័ពថៃ ឧត្តមសេនីយ៍ THAWACHAI SAMUTSA-KORN លាតត្រដាងកាលពីយប់ថ្ងៃទី១៩ កុម្ភៈ ថា កងទ័ពថៃ និងកម្ពុជាទីបំផុតបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឈប់បាញ់គ្នាមួយហើយ ។ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួដែលដកស្រង់សេចក្តីរាយការណ៍នេះបន្តថា នាយសេនាធិការកងទ័ពថៃ ឧត្តមសេនីយ៍ DAOPONG RATTANASUWON កាលពីថ្ងៃទី១៩ កុម្ភៈ នៅចុងសានហ្គាម ខេត្តសូរិន ជាប់ព្រំដែនបានជួបចរចាសំដៅឱ្យសំរេចបាននូវបទឈប់បាញ់គ្នាមួយជាមួយនាយឧត្តមសេនីយ៍ ជា តារា ជាមេបញ្ជាការជាន់ខ្ពស់មួយរូបរបស់កងទ័ពកម្ពុជា ។ ក្រោយការប៉ះទង្គិចគ្នាចុងក្រោយ ទាំងឡាយនៅតាមព្រំដែនដែលកើតមានពីថ្ងៃទី៤ ដល់ទី៧ កុម្ភៈ មក នៅតែការបាញ់តគ្នាខ្លះកើតឡើងដែរ ។ មេបញ្ជាការយោធារបស់ប្រទេសទាំង២ បានព្រមព្រៀងគ្នាលើបទឈប់បាញ់គ្នាមួយកាលពីថ្ងៃទី៥ កុម្ភៈ កន្លងមកនេះ ក៏ប៉ុន្តែបទឈប់បាញ់គ្នានោះពុំត្រូវបានគោរពទាំងស្រុងឡើយ ។ ក្រោយកិច្ចប្រជុំរបស់ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប កាលពីថ្ងៃទី១៤ កុម្ភៈ ដើម្បីលើកឡើងពីជម្លោះរវាងប្រទេសទាំង២ ហើយអំពាវនាវឱ្យមានបទឈប់បាញ់គ្នាជាអចិន្ត្រៃយ៍មួយ នៅកើតមានការប៉ះទង្គិចគ្នាទៀត ក៏ប៉ុន្តែពុំមានជម្លោះថ្មីត្រូវបានរាយការណ៍ឡើយចាប់ពីថ្ងៃទី១៦ កុម្ភៈ មក ៕ |
អ៊ីរ៉ង់ដោះលែងអ្នកកាសែតអាល្លឺម៉ង់2នាក់ Posted: 19 Feb 2011 07:12 PM PST ប្រទេសអ៊ីរ៉ង់កាលពីថ្ងៃទី១៩ កុម្ភៈ កន្លងមកបានដោះលែងអ្នកកាសែតអាល្លឺម៉ង់២នាក់ដែលត្រូវបានចាប់ខ្លួន និងឃុំខ្លួនកាលពីឆ្នាំមុន ។ អ្នកកាសែតទាំង២នាក់នោះ ម្នាក់ឈ្មោះ Marus Hellwig និងម្នាក់ទៀតឈ្មោះ Jen Koch ជាអ្នកយកព័ត៌មានឱ្យកាសែត Bild របស់អាល្លឺម៉ង់ ត្រូវបានឃុំខ្លួននៅពេលធ្វើបទសំភាសន៍ជាមួយកូនប្រុសរបស់អ្នកស្រី Sakineh Mohammadi Ashtiani ដែលត្រូវបានកាត់ទោសប្រហារជីវិតដោយគប់នឹងដុំថ្មពីបទចោទប្រកាន់ប្រព្រឹត្តអំពើផិតក្បត់ ។ |
កសិដ្ឋានចិញ្ចឹមជ្រូកមួយក្លាយជាកន្លែងកំសាន្តដ៏មានប្រជាប្រិយភាព Posted: 19 Feb 2011 07:12 PM PST កសិដ្ឋានចិញ្ចឹមជ្រូកមួយនៅតំបន់ Yang Zhen ក្នុងទីក្រុងប៉េកាំង ប្រទេសចិន ក្លាយជាកន្លែងកំសាន្តដ៏មានប្រជាប្រិយភាពមួយ ដោយសារជ្រូកដែលចិញ្ចឹមក្នុងកសិដ្ឋាននោះត្រូវបានចាប់ចាក់សាក់លើខ្លួនជារូបផ្សេងៗគួរឱ្យចាប់អារម្មណ៍ ។ ជ្រូកទាំងនេះ ត្រូវចាក់សាក់ឱ្យដោយបុរសជនជាតិបែលហ្ស៊ិកម្នាក់ ។ ម្ចាស់កសិដ្ឋាននោះនិយាយថា ចាប់តាំងពីកសិដ្ឋានចិញ្ចឹមជ្រូករបស់លោកក្លាយជាកន្លែងកំសាន្តមក លោករកប្រាក់ចំណូលបានយ៉ាងច្រើនដោយសារមានមនុស្សយ៉ាងច្រើនទៅលេងកសិដ្ឋានរបស់លោក ៕ |
រលកនៃការធ្វើបាតុកម្ម3ថ្ងៃនៅលីប៊ីស្លាប់84នាក់ Posted: 19 Feb 2011 07:12 PM PST ទីភ្នាក់ងារសារព័ត៌មានផ្លូវការ TAP របស់ទុយនីស៊ីរាយការណ៍ថា កងកំលាំងសន្តិសុខនៅប្រទេសលីប៊ី បានសម្លាប់មនុស្សយ៉ាងហោចណាស់៨៤នាក់ ក្នុងអំឡុងពេលនៃការប៉ះទង្គិចគ្នាជាមួយក្រុមបាតុករកាលពី៣ថ្ងៃកន្លងមក ។ រលកនៃការធ្វើបាតុកម្មបានផ្ទុះឡើងនៅទីក្រុងជាច្រើនរបស់លីប៊ី ជាពិសេសនៅទីក្រុង Beng-hazi ដែលជាទីក្រុងធំបំផុតទី២របស់ប្រទេសនេះ។ |
ព្នៅអាចការពារសុខភាព និងផ្តល់សិរីមង្គល Posted: 19 Feb 2011 07:10 PM PST ប្រជាជនកម្ពុជាបានស្គាល់ និងប្រើប្រាស់រុក្ខជាតិប្រភេទឱសថបុរាណដូចជាផ្លែព្នៅអស់រយៈពេលជាយូរលង់ណាស់មកហើយ ។ ព្នៅមានដើមធំល្មម ផ្លែមានរាងស្តួចទ្រវែង ឬរាងពងក្រពើ សម្បកក្រាស់រលោងរាបស្មើ ។ ផ្លែព្នៅចាស់ ឬទុំគេហាន់ជាចំណិតស្តើងៗ ហាលថ្ងៃឱ្យក្រៀម រួចយកទៅបុក ឬកិនសំរាប់ឆុងជាមួយទឹកទទួលទានបំបាត់អាការឈឺពោះ រាករូស ឬរោគពោះវៀនរ៉ាំរៃតាំងពីក្មេង ឬអាចយកទៅធ្វើជាដំណាប់ទទួលទានសំរាប់បណ្តេញខ្យល់។ ព្នៅអាចដាំបានដោយការបណ្តុះផ្សាំគ្រាប់ និងការសាកមែក និងអាចដាំនៅទីវាល នៅលើដីគ្រប់ប្រភេទ ។ ព្នៅជារុក្ខជាតិធន់នឹងកំដៅបានល្អ លោកអ្នកថែទាំវាដោយស្រោចទឹក និងដកចោលរុក្ខជាតិដែលគ្មានប្រយោជន៍ដែលដុះនៅក្បែរដើមវាយូរម្តងៗប៉ុណ្ណោះ ។ កាលពីសម័យបុរាណគេមានជំនឿថា ព្នៅជាដើមឈើដែលផ្តល់នូវសិរីមង្គល ពេលដាំវានៅក្បែរផ្ទះ នឹងធ្វើឱ្យអ្នករស់នៅទីនោះមានកំលាំងចិត្ត ឧស្សាហ៍ព្យាយាមតស៊ូពុះពារគ្រប់ឧបសគ្គផ្សេងៗនៅក្នុងជីវិត ។ ឯជនកាន់សាសនាហិណ្ឌូជឿថា ស្លឹកព្នៅអាចបណ្តេញខ្មោចព្រាយបិសាច និងការពារបាននូវគ្រោះឧបទ្រពចង្រៃទៀតផង ៕ |
ការផ្គត់ផ្គង់ទឹកស្អាតកាន់មានតម្រូវការប្រើប្រាស់ច្រើនឡើង Posted: 19 Feb 2011 07:00 PM PST ខេត្តកំពត ៖ ដោយអនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលមានសម្តចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ នៅខេត្តកំពតទាំងមូលកំពុងត្រូវបានស្តារ និងអភិវឌ្ឍន៍គ្រប់ហេដ្ឋារចនាសម្ព័ន្ធតាំងពីផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យ វត្តអារាម សួនច្បារតាមឆ្នេរព្រែកកំពត និងនៅក្នុងក្រុង ។ រាល់សមិទ្ធផលទាំងអស់ត្រូវបានភ្ញៀវជាតិ និងអន្តរជាតិមានការចាប់អារម្មណ៍យ៉ាងខ្លាំង និងថ្លែងកោតសរសើរពីកិច្ចខិតខំប្រឹងប្រែងជំនះរាល់ឧបសគ្គ ដើម្បីជំរុញការអភិវឌ្ឍពីសំណាក់អាជ្ញាធរខេត្ត ។ ជាមួយនេះ ដើម្បីបំរើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋក្នុងការរស់នៅស្អាត អនាម័យល្អ អង្គភាពទឹកស្អាតបានរៀបចំប្រព័ន្ធទឹកស្អាតតភ្ជាប់គ្រប់ទីកន្លែង តាំងពីក្នុងក្រុងកំពតទាំងមូលរហូតដល់លំនៅឋានប្រជាពលរដ្ឋនៅជាយក្រុងថែមទៀត ម្យ៉ាងដើម្បីបំពេញសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋនៅទូទាំងក្រុងផង និងរកចំណូលជូនរដ្ឋបានគ្រប់ផែនការផង។ លោកទី គាន អនុប្រធានអង្គភាពទឹកស្អាតមានប្រសាសន៍ថា ដើម្បីអនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងដើម្បីអនុវត្តគោលដៅសហស្សវត្សរ៍របស់រាជរដ្ឋាភិបាលនៅឆ្នាំ២០១៥ ខាងមុខនេះ អង្គភាពទឹកស្អាតបានខិតខំរៀបចំប្រព័ន្ធទឹកស្អាតឱ្យកាន់តែល្អទាំងគុណភាព ទាំងការផ្គត់ផ្គង់ទឹក ដើម្បីបំពេញសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ។ សព្វថ្ងៃនេះ អង្គភាពទឹកស្អាតដែលកំពុងធ្វើការជួសជុល និងផ្លាស់ប្តូរបណ្តាញថ្មីនេះក៏ បានការគាំទ្រពីប្រជាពលរដ្ឋ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់បង្កលក្ខណៈងាយស្រួលដល់អង្គភាពផងដែរ ។ លោកទី គាន បានបន្តថា ដើម្បីរៀបចំផ្គត់ផ្គង់ទឹកស្អាតឱ្យមានដំណើរការល្អ អង្គភាពបានប្តូរទុយោចាស់ដែលមានពីមុន ហើយធ្លុះធ្លាយជាអន្លើ បណ្តាលឱ្យបាត់បង់ទឹកផង បាត់បង់ចំណូលផង មករៀបចំជាថ្មីឡើងវិញ ក្នុងនោះដែរ អង្គភាពទឹកស្អាត បានការជួយឧបត្ថម្ភគាំទ្រពីអង្គការដៃគូអភិវឌ្ឍន៍ពីរ គឺអង្គការ JICA និងអង្គការ GRET។ បច្ចុប្បន្ន អង្គភាពទឹកស្អាតបានដាក់បណ្តាញទឹកស្អាតបំរើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋនៅក្នុងក្រុងកំពត បានទូទាំងក្រុងនៅគ្រប់សង្កាត់ទាំង៥ផង និងភ្ជាប់ទៅដល់ស្រុកទឹកឈូ បានបីឃុំទៀត គឺឃុំជុំក្រៀល ត្រពាំងធំ និងឃុំម៉ាក់ប្រាង្គ ។ លោកទី គាន បានបន្តទៀតថា សព្វថ្ងៃនេះប្រជាពលរដ្ឋមិនត្រឹមតែគាំទ្រការរៀបចំប្រព័ន្ធទឹកស្អាតប៉ុណ្ណោះទេ ថែមទាំងសំណូមពរដល់អង្គភាពទឹកស្អាតឱ្យជួយអភិវឌ្ឍន៍បណ្តាញទឹកឱ្យដល់លំនៅឋានពួកគាត់គ្រប់ៗគ្នាថែមទៀត ប៉ន្តែដោយអង្គភាពខ្វះលទ្ធភាពទើបពុំទាន់អាចធ្វើបានទាំងស្រុងតាមសំណូមពរ ។ ទោះបីជាយ៉ាងណា អង្គភាពទឹកស្អាតនៅតែខិតខំច្នៃប្រឌិតតាមលទ្ធភាពដោយរិះរកដៃគូអភិវឌ្ឍន៍ពីអង្គការនានា ដើម្បីបំពេញតាមសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋឱ្យខាងតែបាននាពេលខាងមុខនេះ៕ |
ឆបោកម៉ូតូទៅបាត់៤ឆ្នាំជួបមុខហៅប៉ូលិសឱ្យចាប់ខ្លួន Posted: 19 Feb 2011 06:51 PM PST ក្រុងប៉ោយប៉ែត ៖ ជនជាប់ចោទឆបោកម៉ូតូម្នាក់ បានជាប់អន្ទាក់ប៉ូលិសព្រំដែនគោក កាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី១៦ កុម្ភៈ បន្ទាប់ពីម្ចាស់ម៉ូតូបានសុំអន្តរាគមន៍ឱ្យចាប់ខ្លួនតាមដងផ្លូវ នៅពេលជួបមុខគ្នាក្រោយពីការឆបោកម៉ូតូយកទៅបាត់ជិត៤ឆ្នាំ ។ ជនជាប់ចោទខាងលើឈ្មោះសេង ការី ហៅក្រៃ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរជាអ្នកនាំភ្ញៀវទិញអីវ៉ាន់នៅផ្សាររុងក្លឿ ទឹកដីសៀម គ្មានទីលំនៅពិតប្រាកដ មានស្រុកកំណើតនៅភូមិដំដែក ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ។ មុនការឃាត់ខ្លួន គឺមានបុរសម្នាក់ឈ្មោះសូ យ៉ាន អាយុ៣០ឆ្នាំ បានសុំឱ្យប៉ូលិសព្រំដែនគោកវរសេនាតូចលេខ៨៩១ ប៉ុស្តិ៍ក្បាលស្ពាន ជួយធ្វើការឃាត់ខ្លួនដោយចោទប្រកាន់ថា ឈ្មោះសេង ការី ហៅក្រៃ នេះបានឆបោកយកម៉ូតូម៉ាកវ៉េវ ស៊េរី២០០១ ពណ៌ស្លែ របស់ខ្លួនមួយគ្រឿងទៅបាត់ កាលពីអំឡុងដើមខែមេសា ឆ្នាំ២០០៧ ។ ពាក់ព័ន្ធនឹងអំពើឆបោកយកម៉ូតូនេះត្រូវបានឈ្មោះសូ យ៉ាន បច្ចុប្បន្ននៅភូមិក្បាលស្ពាន រៀបរាប់ថា កាលពីដើមខែមេសា ឆ្នាំ២០០៧ ឈ្មោះសេង ការី ហៅក្រៃ បានជួលម៉ូតូរបស់ខ្លួនចំនួនមួយថ្ងៃដោយឱ្យតម្លៃ៣ម៉ឺនរៀល ក្រោយមកក៏បាត់ស្រមោលរហូតដល់ថ្ងៃឃាត់ខ្លួននេះ ។ ម្ចាស់ម៉ូតូបន្តថា ក្រោយពីឆបោកយកម៉ូតូទៅបាត់ ជនជាប់ចោទបានព្យាយាមគេចវេះមិនឱ្យគាត់ជួបមុខឡើយ ហើយលំនៅឋានដែលជនជាប់ចោទរស់នៅជិតខ្លួន ក៏គេលែងមករស់នៅដែរ ។ គាត់បន្តថា មុនពេលឃាត់ខ្លួនជននេះបាន គឺខណៈគាត់កំពុងជិះម៉ូតូក៏ឃើញជននេះកំពុងជិះម៉ូតូដែរ ទើបតាមរារាំងមិនឱ្យទៅណា និងឱ្យឪពុកមាទៅហៅប៉ូលិសការពារព្រំដែនគោកដែលនៅក្បែរនោះឱ្យមកឃាត់ខ្លួន ។ ម្ចាស់ម៉ូតូបន្តថា ពេលធ្វើការឃាត់ខ្លួនដំបូងឈ្មោះការីហៅក្រៃ បានបដិសេធថា ខ្លួនអត់ដឹងរឿងអ្វីទេ ហើយបានស្តីបន្ទោសគាត់ថា សំអាងលើឯកសារអ្វីដែលហ៊ានចោទថា គេឆបោកនោះ។ ប៉ុន្តែខណៈមកដល់ប៉ុស្តិ៍ប៉ូលិស ហើយត្រូវវាយខ្នោះទើបជនជាប់ចោទសារភាពថា ខ្លួនពិតជាបានយកម៉ូតូនោះមែន ។ នៅវេលាម៉ោង៤រសៀល ថ្ងៃទី១៧ កុម្ភៈ គេឃើញស្ត្រីចំណាស់ជាម្តាយរបស់បុរសជាប់ចោទ ធ្វើដំណើរពីខេត្តសៀមរាប មកសុំសំរុះសំរួលហើយសមត្ថកិច្ចទុកឱកាសឱ្យជួបចរចាគ្នាជាមួយភាគីម្ចាស់ម៉ូតូ ព្រោះម្ចាស់ម៉ូតូប្តឹងទាមទារតែលុយថ្លៃម៉ូតូវិញប៉ុណ្ណោះ ។ ភាគីដើមចោទទាំងប្តីទាំងប្រពន្ធ បានទាមទារតម្លៃដើមនៃម៉ូតូរបស់ខ្លួនគឺចំនួន២១.៥០០បាត ប៉ុន្តែត្រូវស្ត្រីចំណាស់ជាម្តាយរបស់ជនជាប់ចោទអង្វរសុំឱ្យត្រឹមតែ១៦.០០០បាត ។ ទោះបីជាបែបណា មកទល់នឹងព្រឹកថ្ងៃទី១៨ កុម្ភៈ ភាគីទាំង២ពុំទាន់ឈានដល់ការត្រូវរ៉ូវគ្នាទេ គឺនៅតែចរចាគ្នាដដែល ។ សមត្ថកិច្ចនៅទីនោះប្រាប់ថា ការទុកឱកាសឱ្យពួកគេចរចាគ្នា ដោយយោងទៅលើការទាមទាររបស់ភាគីដើមចោទ គឺសុំយកតែថ្លៃម៉ូតូវិញប៉ុណ្ណោះ មិនបានប្តឹងឱ្យដាក់ពន្ធនាគារទេ ម្យ៉ាងទៀតពួកគេប្រាប់ថា កន្លងមកសុទ្ធតែជាអ្នករាប់អានគ្នា និងនៅជិតគ្នាផង ៕ |
ឆក់ក្រវិលនារី.គចេញពីរាំធុងបាស់ត្រឡប់ទៅផ្ទះវិញកណ្តាលយប់ Posted: 19 Feb 2011 06:44 PM PST ខេត្តកណ្តាល ៖ ប៉ូលិសស្រុកខ្សាច់កណ្តាល បានឃាត់ខ្លួនបុរសម្នាក់ បន្ទាប់ពីជននេះឆក់ក្រវិលមាសរបស់ស្រ្តី.គម្នាក់ ក្នុងពេលដែលគាត់ចេញពីរាំធុងបាស់ក្នុងពិធីមង្គលការមួយហើយដើរត្រឡប់ទៅផ្ទះវិញម្នាក់ឯង។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩យប់ ថ្ងៃទី១៦ កុម្ភៈ កន្លងមក នៅក្នុងភូមិស្វាយដំណក់ ឃុំស្វាយរមៀត ស្រុកខ្សាច់កណ្តាល។ ជនដែលត្រូវប៉ូលិសឃាត់ខ្លួនឈ្មោះយិន កែវមុន្នី អាយុ២៧ឆ្នាំ ជាកសិករ មានទីលំនៅក្នុងភូមិស្វាយដំណក់ ឃុំស្វាយរមៀត ចំណែកស្រ្តីម្ចាស់ក្រវិលឈ្មោះផាន យ៉ា អាយុ៤៧ឆ្នាំ ជាកសិករដែរ និងមានទីលំនៅក្នុងភូមិជាមួយគ្នា។ មន្រ្តីប៉ូលិសបានឱ្យដឹងថា នៅថ្ងៃទី១៦ កុម្ភៈ វេលាម៉ោង៧យប់ ស្ត្រីឈ្មោះផាន យ៉ា បានទៅរាំធុងបាស់ក្នុងពិធីមង្គលការមួយនៅក្នុងភូមិជាមួយគ្នា រហូតដល់ម៉ោង៩យប់ ទើបដើរត្រឡប់មកផ្ទះវិញតែម្នាក់ឯង។ នៅពេលដើរមកដល់ចំការស្វាយរបស់ខ្លួន ស្រាប់តែឈ្មោះយិន កែវមុន្នី បានរត់មកពីក្រោយ ហើយចាប់អោប ព្រមទាំងឆក់យកក្រវិលមាសទម្ងន់២ហ៊ុនកន្លះពីត្រចៀករបស់គាត់បានមួយចំហៀងដាក់ក្នុងហោប៉ៅខោ រួចក៏រត់ទៅកន្លែងរាំធុងបាស់វិញ ហើយយកម៉ូតូជិះទៅផឹកស៊ីបាត់ទៅ។ ប៉ូលិសបានឱ្យដឹងទៀតថា ក្រោយពេលស៊ីផឹករួចជនសង្ស័យបានត្រឡប់មកផ្ទះវិញ ក៏ជ្រុះបាត់ក្រវិលមាសនោះ។ លុះព្រឹកឡើងថ្ងៃទី១៧ កុម្ភៈ ស្រ្តីរងគ្រោះបានដាក់ពាក្យបណ្តឹង រួចសមត្ថកិច្ចប៉ូលិសក៏បានឃាត់ខ្លួនជនសង្ស័យឈ្មោះយិន កែវមុន្នី នេះ នៅវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃដដែលនោះដែរ។ ជនសង្ស័យឈ្មោះយិន កែវមុន្នី ត្រូវបានសមត្ថកិច្ចប៉ូលិសកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត៕ |
កាមរីបាឡែន ដេញវ៉ាសាន់យ៉ុង ហក់ត្របាក់ក្បាលរបាំងចែកផ្លូវក្បែរភ្លើងស្តុបស្ថានទូតចិន Posted: 19 Feb 2011 06:27 PM PST រាជធានីភ្នំពេញ ៖ រថយន្តកាមរី ស៊េរីទំនើបបាឡែន ពណ៌ខ្មៅ បើកបរលឿនដូចព្យុះដេញវ៉ារថយន្តមួយគ្រឿងទៀតម៉ាកសាន់យ៉ុង ពណ៌ស ប្រភេទទួរីស ពុះជ្រែកលើកំណាត់ផ្លូវមហាវិថីម៉ៅសេទុង ពីទិសខាងលិចឆ្ពោះទៅកើត លុះមកជិតដល់ចំណុចជើងស្តុបស្ថានទូតចិន រថយន្តកាមរីបាឡែន ក៏ជ្រុលទៅ បុកក្បាលរបាំងចែកផ្លូវលាន់ដូចរន្ទះ ហើយខ្ទាតមកប៉ះទង្គិចជាមួយរថយន្តសាន់យ៉ុង បណ្តាលឱ្យខូចខាតផងដែរ ។ គ្រោះថ្នាក់ចរាចរនេះបានកើតឡើងកាលពី វេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី១៩ កុម្ភៈ ២០១១ លើមហាវិថីម៉ៅសេទុង ខាងលិចភ្លើងស្តុបស្ថានទូតចិនប្រមាណ២០ម៉ែត្រ...រថយន្តកាមរីបាឡែនក្រពឹតរួញក្បាលយ៉ាងខ្លាំង រីឯរថយន្តសាន់យ៉ុងប្រភេទទួរីស ត្រូវកាមរីបាឡែនបោកត្រូវក្រពឹតចំហៀងគួរសម ក្បាលរបាំងចែកផ្លូវកំពុងតែជួសជុលឡើងវិញ...ដោយឡែកអ្នកបើកបរកាមរីបាឡែនរងរបួសធ្ងន់គួរសម ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ...ចំណែករថយន្តទាំង២គ្រឿងត្រូវសមត្ថកិច្ចនាំយកទៅរក្សាទុកនៅការិយាល័យប៉ូលិសចរាចររាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់ ៕ |
បង្ក្រាបការកាប់ឈើប្រណីតក្នុងជំរកសត្វព្រៃភ្នំព្រិច Posted: 19 Feb 2011 05:57 PM PST ខេត្តមណ្ឌលគីរី ៖ ប៉ូលិសការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចរបស់ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគីរីសហការជាមួយប៉ូលិសប៉ុស្តិ៍រដ្ឋបាលឃុំស្រែឈូកបានចុះបង្ក្រាបបទល្មើសព្រៃឈើនៅក្នុងដែនជំរកសត្វព្រៃភ្នំព្រិច ចំណុចកាបាយ ឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគីរីកាលពីថ្ងៃទី១៨ កុម្ភៈ។ លោកញ៉ែម វាន់នី ស្នងការខេត្តមណ្ឌលគិរីបានប្រាប់កោះសន្តិភាពកាលពីថ្ងៃទី១៨ ខែកុម្ភៈ ថា ក្នុងការចុះបង្ក្រាបបទល្មើសព្រៃឈើនៅក្នុងដែនជំរកសត្វព្រៃភ្នំព្រិចនេះ សមត្ថកិច្ចឃាត់បានរថយន្តកែច្នៃ២គ្រឿង និងឈើប្រណីតធ្នង់ និងនាងនួនចំនួន៤៨កំណាត់ ឡាំងជា៤ជ្រុងប្រវែង២២ម៉ែត្រ និងមានមុខកាត់២តឹកទៅ៥តឹក ហើយឃាត់ខ្លួនមនុស្សបានចំនួន៩នាក់ ក្នុងនោះ៦នាក់ជាកម្មករ ២នាក់ជាអ្នកបើកបររថយន្តដឹកឈើ និងម្នាក់ទៀតជាមេការ។លោកស្នងការបន្តទៀតថា ការចុះបង្ក្រាបបទល្មើសដល់ទីតាំងខាងលើក្នុងដែនជំរកសត្វព្រៃភ្នំព្រិចនេះ គឺបានប្រតិបត្តិការតាំងពីម៉ោង៧ព្រឹករហូតដល់ម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១៧ កុម្ភៈ ទើបបង្ក្រាបបាន។ លោកបានបន្តឱ្យដឹងទៀតថា ការបង្ក្រាបនេះលោកបានទូរស័ព្ទទៅកាន់លោកស្វាយ សំអ៊ាង អភិបាលរងខេត្តមណ្ឌលគិរីដែរ ដើម្បីសុំអន្តរាគមន៍បន្ថែម ហើយលោកអភិបាលរងខេត្តបានទូរស័ព្ទទៅលោកស៊ិន វណ្ណវុឌ្ឍ ដើម្បីបន្ថែមកំលាំងក្នុងការជួយបង្ក្រាប។ តាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋប្រាប់សមត្ថកិច្ចថា អ្នកដែលជាប់ពាក់ព័ន្ធជាមួយបទល្មើសព្រៃឈើខាងលើនេះ គឺជាមន្ត្រីយោធាមានតួនាទីជាប្រធានវរក្នុងខេត្តមណ្ឌលគិរីឈ្មោះផានី។ លោកស្នងការបានបញ្ជាក់ថា ទាំងរថយន្ត និងឈើប្រណីតទាំងនោះ ខាងប៉ូលិសកំពុងតែរៀបចំធ្វើកំណត់ហេតុប្រគល់ឱ្យមន្ទីរបរិស្ថានខេត្តជាអ្នកចាត់ការបន្តតាមផ្លូវច្បាប់។ រីឯមនុស្សចំនួន៩នាក់ដែលជាប់ពាក់ព័ន្ធក្នុងករណីនេះប៉ូលិសកំពុងសាកសួរដើម្បីរកមុខអ្នកនៅពីក្រោយខ្នងកន្លងមកដែលបញ្ជាឱ្យកាប់ឈើប្រណីត ឬដឹកជញ្ជូនតែងគេចរួចពីទោស តែបែរជាជាប់គុកកម្មករស៊ីឈ្នួលទៅវិញ ។ គេរង់ចាំមើលតម្លាភាពពលនេះ ៕ |
បុរសជនជាតិអូស្ត្រាលីបើកបររថយន្តលឿនដូចហោះបុកក្បាលចែកផ្លូវក្បែរភ្លើងស្តុបបូកគោ Posted: 19 Feb 2011 05:48 PM PST រាជធានីភ្នំពេញ ៖ បុរសជនជាតិអូស្ត្រាលីម្នាក់ត្រូវបានគេឃើញបើកបររថយន្តលឿនដូចហោះ ពុះជ្រែកមហាវិថីម៉ៅសេទុងពីទិសខាងកើតឆ្ពោះទៅលិច វ៉ាគេ វ៉ាឯង លុះបានចម្ងាយប្រមាណ៣០០ម៉ែត្រពីភ្លើងស្តុបបូកគោ ក៏ហក់ទៅបុកក្បាលរបាំងចែកផ្លូវយ៉ាងអង់អាចក្លាហានបំផុត បណ្តាលឱ្យកំណាត់ថ្មរបាំង១៥កង់ ខ្ទាតរប៉ាត់រប៉ាយរោយរាលពេញផ្លូវ និងកំណាត់ថ្មជាច្រើនទៀតវៀចខូចទ្រង់ទ្រាយដើម ចំណែកអ្នកបើកបរជនជាតិអូស្ត្រាលីនោះរងរបួសធ្ងន់គួរសម ។ គ្រោះថ្នាក់ចរាចរដោយបុរសជនជាតិអូស្ត្រាលីមិនស្គាល់អត្តសញ្ញាណបំបោលរថយន្តដូចហោះ បុកក្បាលរបាំងចែកផ្លូវនេះបានកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីទៀបភ្លឺថ្ងៃទី១៩ កុម្ភៈ ២០១១...រថយន្តដែលបុរសជនជាតិអូស្ត្រាលីបើកបរនោះម៉ាកហ្វ័ររ៉ាន់ន័រ ក្រពឹតរួញមុខខ្ទេច និងពោងសុវត្ថិភាពបែកទាំងអស់ ត្រូវបានប៉ូលិសចរាចរនាំយកទៅរក្សាទុកនៅការិយាល័យរាជធានី ដើម្បីចាត់ការតាមច្បាប់...ដោយឡែកបុរសជនជាតិអូស្ត្រាលីនោះត្រូវប៉ូលិសអនុញ្ញាតឱ្យទៅព្យាបាលនៅមន្ទីរពេទ្យ រួចហើយចូលដោះស្រាយតាមក្រោយ ៕ |
ពិធីការិនីទូរទស្សន៍ CTN ចូលរោងការទទួលផ្កាស្លាពីកន្លង់បារាំង Posted: 19 Feb 2011 05:44 PM PST រាជធានីភ្នំពេញ ៖ កញ្ញា ផូ មុន្នីពៅ ជាតារាសម្តែងកាយវិការខារ៉ាអូខេ និងជាពិធីការិនីប្រចាំស្ថានីយទូរទស្សន៍ CTN ជាច្រើនកម្មវិធីបានរកគូព្រេងឃើញហើយ ខណៈនាងមានអាយុច្រើន ហើយភ័យខ្លាចអត់ប្តីតែងតែរកគ្រូទស្សន៍ទាយរកគូព្រេងនោះ ។ នៅព្រឹកថ្ងៃទី១៩ កុម្ភៈ ឆ្នាំ២០១១ នាងទទួលផ្កាស្លាពីគូព្រេងរបស់នាងដែលបានរង់ចាំជាយូរមកហើយនោះ គឺកំលោះមកពីប្រទេសបារាំង ។ ចាប់ពីពេលនេះតទៅ ផូ មុន្នីពៅ មិនមានឈ្មោះថាខ្វះគូ គឺបេះដូងរបស់នាងលែងទំនេរគួរជាទីប្រាថ្នានៃបុរសទាំងឡាយទៀតហើយ។ នាងបានប្រគល់បេះដូងទៅឱ្យកន្លង់ឆ្លងដែនមក ពីបារាំងឈ្មោះអេរិច ដែលមានវ័យ៣៣ឆ្នាំ។ នៅថ្ងៃជ័យសិរីសួស្តីរបស់នាងនឹងមានការចូលរួមពីញាតិមិត្តជិតឆ្ងាយ រួមទាំងសិល្បករ សិល្បការិនីរួមអាជីពយ៉ាងច្រើនកុះករ ។ នៅវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី១៩ កុម្ភៈ គូស្វាមីភរិយាថ្មីនេះនឹងឈរទទួលភ្ញៀវនៅមុខសាលមហោស្រពចេនឡា (វិមានចរណៃ) ជាកន្លែងដែលរៀបចំពិធីជប់លៀងមង្គលការរបស់នាង ។ ផូ មុន្នីពៅ រំលឹកឱ្យដឹងថា នាងនិងអេរិចបានស្គាល់គ្នាអស់រយៈពេល១ឆ្នាំមកហើយ ទើបសម្រេចចិត្តរៀបការជាមួយគ្នា។ នាងរំពឹងក្នុងចិត្តថា នឹងផ្ញើជីវិតនឹងលោកអេរិច ប័រសូណូ អាយុ៣៣ឆ្នាំ ដែលជាមន្ត្រីកុងស៊ុល ប្រចំានៅស្ថានទូតបារាំងក្នុងរាជធានីភ្នំពេញបាន ។ |
ស្ត្រីប្រពន្ធមេជាងជួបគ្រោះអកុសលធ្លាក់ពីលើសំណង់ផ្ទះថ្មកំពស់៤ម៉ែត្ររបួសធ្ងន់ Posted: 19 Feb 2011 05:42 PM PST ខេត្តស្វាយរៀង ៖ ស្ត្រីម្នាក់ជាប្រពន្ធមេជាង បានធ្លាក់ពីលើសំណង់ផ្ទះថ្មកំពស់៤ម៉ែត្រមកដីដោយដាំក្បាលមកមុនបុកទៅនឹងឥដ្ឋបែកចិញ្ចើម និងផុងលលាដ៍ ហើយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យកាល់ម៉ែតឯរាជធានីភ្នំពេញភ្លាមៗដើម្បីសង្គ្រោះ។ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី១៧ កុម្ភៈ វេលាម៉ោង៩ និង៣០នាទីព្រឹក នៅភូមិសាលាស្រុក សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង។ បើតាមបុរសជាប្តីឈ្មោះរ៉ន អាយុ៤២ឆ្នាំ បានរៀបរាប់ទាំងទឹកភ្នែកថា ប្រពន្ធរបស់គាត់ឈ្មោះកែវ សូនី អាយុ៣១ឆ្នាំ មានទីលំនៅក្នុងភូមិឃ្លាំង សង្កាត់ចេក ក្រុងស្វាយរៀង។ ពួកគាត់ពីរនាក់ប្តីប្រពន្ធបានដើរម៉ៅការសង់ផ្ទះពីបេតុង ឬជួសជុលផ្ទះឱ្យគេ ហើយធ្វើផ្ទះថ្មឱ្យគេនៅភូមិកើតហេតុខាងលើបានរួចរាល់៩៥%ហើយ។ ដោយឡែកនៅព្រឹកថ្ងៃកើតហេតុ គឺចាប់ជ្រីយកជ្រុងធ្នឹមបន្ទប់ឡៅតឿជាន់ទី១ ពេលចាប់ជ្រីប្រពន្ធរបស់គាត់ដែលជាជាងដែរនោះបានយកជណ្តើរដាក់អង្គុយចាប់ជ្រីចុះទៅដី។ ពេលនោះក៏ចងជណ្តើរនឹងខ្សែរ៉ក រួចលើកជណ្តើរដាក់ចុះមកស្រាប់តែរបូតខ្សែរ៉កចុះមកក្រោមនាំទាំងប្រពន្ធគាត់ដាំក្បាលមកមុនតាមជណ្តើរមកដីកំពស់៤ម៉ែត្របុកចិញ្ចើម នឹងឥដ្ឋការ៉ូមុខផ្ទះបណ្តាលឱ្យបែកចិញ្ចើម ព្រមទាំងផុងលលាដ៍សន្លប់នៅនឹងកន្លែង ទើបប្រញាប់ប្រញាល់លើកដាក់លើម៉ូតូដឹកទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះ។ លោកគ្រូពេទ្យបានអប.ក ព្រោះសង្ស័យបាក់ឆ្អឹង.ក រួចបញ្ជូនបន្តទៅកាន់មន្ទីរពេទ្យកាល់ម៉ែតឯរាជធានីភ្នំពេញដើម្បីសង្គ្រោះ តែមានសង្ឃឹមតិចណាស់ ដោយស្ត្រីរងគ្រោះហូរឈាមចេញតាមមាត់ និងច្រមុះច្រើន។ អ្វីដែលគួរឱ្យអនិច្ចា គឺស្ត្រីរងគ្រោះពេលដឹងខ្លួនវិញសួររកប្តី ហើយបុរសជាប្តីអោបក្រាបលើទ្រូងប្រពន្ធយំហូរទឹកភ្នែករហាម និងនិយាយទៅរកប្រពន្ធឱ្យនាងទ្រាំ ព្រោះនឹងយកទៅព្យាបាលនៅភ្នំពេញ ៕ |
រាំវង់លក់ផ្កាថ្ងៃបុណ្យមាឃបូជាដណ្តើមស្រីផ្ទុះហិង្សា Posted: 19 Feb 2011 05:35 PM PST ខេត្តស្ទឹងត្រែង ៖ បុរសម្នាក់ បានស្លាប់ក្នុងជម្លោះហិង្សារវាងយុវជន២ក្រុម ដែលបាន ដេញវាយទាត់ធាក់កាប់ចាក់គ្នាតាំងពីក្នុងវត្តរហូតដល់ក្រៅរបងវត្ត នៅថ្ងៃបុណ្យមាឃបូជាតាមប្រពៃណីព្រះពុទ្ធសាសនា និងមានពិធីរាំវង់លក់ផ្កាផងដែរ ។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៨ កុម្ភៈ នៅក្នុងវត្តបាដឺម ស្ថិតក្នុងភូមិបាដឺម ឃុំសាមឃួយ ស្រុកសេសាន ។ ប្រភពព័ត៌មានបានឱ្យដឹងថា បុរសរងគ្រោះត្រូវបានកម្លាំងប៉េអឹម ដឹកតាមម៉ូតូបញ្ជូនមកកាន់មន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែងក្រោយពេលកើតហេតុ លុះមកដល់វេលាម៉ោង៩ព្រឹកថ្ងៃទី១៨ កុម្ភៈ គ្រូពេទ្យបានបង្ហើបឱ្យដឹងថា អ្នករងរបួសមិនអាចមានសង្ឃឹមរស់ទេ ទើបឱ្យគ្រួសារយកទៅលំនៅឋានវិញ លុះដល់ម៉ោង១១និង៣០នាទីព្រឹកថ្ងៃដដែលជនរងគ្រោះក៏បានស្លាប់នៅលំនៅឋានរបស់ខ្លួន ។ ជនរងគ្រោះត្រូវបានក្រុមបដិបក្សកាប់នឹងកាំបិតបុ័ងតោចំកណ្តាលក្បាលបែកធ្លាយខួរ ។ ក្រៅពីនេះការប្រយុទ្ធគ្នារវាងក្រុមទាំង២ក៏មានប្រើដំបងឫស្សី និងជើងកៅអីផងដែរ ។ លោកអនុសេនីយ៍ឯកសន សំអាត អធិការនគរបាលស្រុកសេសានបានឱ្យដឹងថា ក្រុមដែលបានព្រួតគ្នាវាយប្រហារមកលើជនរងគ្រោះបណ្តាលឱ្យបាត់បង់ជីវិតនេះ មានគ្នាពី៧ទៅ៨នាក់ ។ ជនទាំងនេះមានទាំងក្មេងទំនើងនៅក្នុងភូមិ និងមកពីក្រៅភូមិ ។ ក្រោយហេតុការណ៍កើតឡើង កម្លាំងអធិការដ្ឋានរបស់លោកធ្វើការស្រាវជ្រាវចាប់ខ្លួនជនបង្កការអុកឡុកនៅរាត្រីនោះបាន៣នាក់គឺ១-ឈ្មោះម៉ម ជិមម៉ូ អាយុ១៩ឆ្នាំ មានទីលំនៅភូមិហាងខូបាន សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ជាសិស្ស ២-ឈ្មោះដែង មេត្តា អាយុ១៥ឆ្នាំ មានទីលំនៅភូមិកោះខនឌិន សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ជាសិស្ស និង៣-ឈ្មោះរុង ប៊ុនមី អាយុ២១ឆ្នាំ មានទីលំនៅភូមិហាងខូបាន សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ជាសិស្ស ។ ចំណែកឯជនរងគ្រោះឈ្មោះលិប ចយ អាយុ២៦ឆ្នាំ រស់នៅភូមិកំភុន ឃុំកំភុន ស្រុកសេសាន ជាកសិករ ។ រឿងរ៉ាវដែលកើតមានជម្លោះរហូតស្លាប់ម្នាក់នេះ ត្រូវបានគេឱ្យដឹងថា នៅយប់នោះគណៈកម្មការអាចារ្យវត្ដបានរៀបចំពិធីរាំធុងបាស់នៅក្នុងវត្ដ ហើយលក់ផ្កាដើម្បីយកថវិកាកសាងវត្ដ ដោយមានយុវតីស្រស់ៗស្អាតៗជាកូនក្រមុំអ្នកភូមិរង់ចាំទទួលផ្កាមួយទងពីភ្ញៀវជាបុរស ទោះជាភ្ញៀវនោះមកពីក្នុងភូមិក្ដី ឬក្រៅភូមិក្ដី គឺពិធីបុណ្យមិនមានការរើសអើងអ្វីឡើយ។ បន្ទាប់ពីព្រះសង្ឃទេសនាចប់សព្វគ្រប់កម្មវិធីរាំលក់ផ្កាក៏បានដំណើរការទៅមុខយ៉ាងរលូន និងយ៉ាងអធិកអធមបំផុត លុះកម្មវិធីនេះប្រព្រឹត្ដទៅបានប៉ុន្មានម៉ោងក៏កើតការដេញវាយ និងកាប់សម្លាប់គ្នាយ៉ាងសាហាវបំផុត ផ្ដើមចេញពីវង់រាំក្នុងវត្ដ រហូតដល់ក្រៅវត្ដ ។ ទំនាស់ដែលបណ្តាលឱ្យមានអ្នកស្លាប់នេះកើតចេញពីការច្រណែនគ្នាដោយសារក្មេងទំនើងមួយក្រុមមកពីក្រៅភូមិ ប៉ងយកនារីដ៏ស្រស់ស្អាតម្នាក់ជាកូនក្រមុំរបស់អ្នកស្រុកមកឡើងរាំមិនទាន់គេ ព្រោះនារីម្នាក់នោះត្រូវបានគេកក់ផ្កាមុនរហូត ហេតុដូច្នេះហើយបានជាបោះពាក្យសម្តីក្លាយជាជម្លោះកើតឡើង ។ ចំពោះជនសង្ស័យទាំង៣នាក់ដែលត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួននៅក្រោយពេលបង្កហេតុនោះ កំពុងស្ថិតនៅក្នុងការសាកសួរដោយកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកសេសាន ។ ចំណែកឯបក្ខពួកជាច្រើននាក់ទៀត សមត្ថកិច្ចនគរបាលកំពុងបន្ដស្រាវជ្រាវស្វែងរកចាប់ខ្លួនបន្តដើម្បីឱ្យដឹងច្បាស់ថា តើអ្នកណាជាជនដៃដល់ពិតប្រាកដ? (សាលី+សេកុង) |
You are subscribed to email updates from Koh Santepheap Daily To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |