VOA News: ព័ត៌មាន: “កម្ពុជាសង្ឃឹមថានឹងបានលទ្ធផលល្អពីកិច្ចប្រជុំនៅឥណ្ឌូនេស៊ី” plus 2 more |
- កម្ពុជាសង្ឃឹមថានឹងបានលទ្ធផលល្អពីកិច្ចប្រជុំនៅឥណ្ឌូនេស៊ី
- ចៅក្រមសាលាក្តីខ្មែរក្រហមប្រជុំគ្នាមើលវិធានផ្ទៃក្នុងពេលដែលករណី០០២ជិតមកដល់
- កម្ពុជាបដិសេធមិនឱ្យមានវេទិកាជាមួយអង្គការសង្គម
កម្ពុជាសង្ឃឹមថានឹងបានលទ្ធផលល្អពីកិច្ចប្រជុំនៅឥណ្ឌូនេស៊ី Posted: 21 Feb 2011 01:10 PM PST នៅពេលដែលកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាននៅទីក្រុងហ្សាការតានឹងចាប់ផ្តើមពិភាក្សាបញ្ហាជម្លោះព្រំដែនរវាងប្រទេសថៃនិងប្រទេសកម្ពុជានៅថ្ងៃអង្គារស្អែកនេះប្រទេសទាំងពីរនេះបានយល់ព្រមឱ្យមានការបញ្ជូនក្រុមអ្នកសង្កេតការណ៍ពីប្រទេសឥណ្ឌូនេស៊ីមកកាន់តំបន់ជម្លោះនៅក្បែរប្រាសាទ ព្រះវិហារហើយមេបញ្ជាការកងទ័ពនៃប្រទេសទាំងពីរបានព្រមព្រៀងគ្នាចុះកិច្ចព្រមព្រៀងលើបទឈប់បាញ់គ្នានៅតាមតំបន់ព្រំដែន។ នៅថ្ងៃច័ន្ទនេះ លោករដ្ឋមន្ត្រីការបរទេសហោ ណាំហុង បានសម្តែងនូវសេចក្តីជឿទុកចិត្តអំពីដំណើរការនៃសំណើបទឈប់បាញ់ជាអចិន្រ្តៃយ៍ដែលបានស្នើឡើងដោយប្រទេសកម្ពុជាខណៈដែលប្រទេសថៃសើ្នសុំប្រទេសឥណ្ឌូនេស៊ីឱ្យបញ្ជូនក្រុមអ្នកសង្កេតការណ៍ទៅកាន់តំបន់ជម្លោះព្រំដែនរវាងប្រទេសកម្ពុជានិងប្រទេសថៃ។ កាសែតបាងកកប៉ុស្តិ៍ (Bangkok Post) របស់ថៃបានរាយការណ៍នៅថ្ងៃច័ន្ទនេះថាលោករដ្ឋមន្ត្រីការបរទេស កាសិត ភីរម្យ បានថ្លែងថាប្រទេសថៃនឹងស្នើសុំប្រទេសឥណ្ឌូនេស៊ីជាប្រធានអាស៊ានឱ្យបញ្ជូនតំណាងរបស់ខ្លួនមកសង្កេតមើលនូវប្រតិបត្តិការនានារបស់កងទ័ពថៃនៅតំបន់ជម្លោះហើយអ្នកសង្កេតការណ៍ទាំងនោះ នឹងស្នាក់នៅជាមួយកងទ័ពថៃនៅលើទឹកដីថៃ។ ដូច្នេះអ្នកសង្កេតការណ៍ទាំងនេះ អាចមើលឃើញដោយផ្ទាល់ភ្នែកថាប្រទេសថៃមិនមែនជាអ្នកបង្កអំពើហិង្សាណាមួយទេ។ លោកហោ ណាំហុង រដ្ឋមន្ត្រីការបរទេសកម្ពុជា បានថ្លែងប្រាប់ក្រុមអ្នករាយការណ៍ព័ត៌មាននៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញមុនពេលចេញដំណើរទៅកាន់ទីក្រុងហ្សាការតាថាប្រទេសថៃបានយល់ព្រមតាមសំណើដើមរបស់ប្រទេសកម្ពុជាសុំឱ្យមានអ្នកសង្កេតការណ៍ត្រួតពិនិត្យមើលបទឈប់បាញ់និងសង្កេតមើលអ្នកណាឈ្លានពានអ្នកណា។ លោកហោ ណាំហុង បានបញ្ជាក់ថាឥឡូវនេះការយល់ព្រមរបស់ប្រទេសថៃចំពោះសំណើសុំអ្នកសង្កេតការណ៍នេះជាការណ៍ល្អបំផុត។ «កាលពីល្ងាចម្សិលម៉ិញនេះ លោករដ្ឋមន្ត្រីការបរទេសថៃកាសិត ភីរម្យបានប្រកាសថាប្រទេសថៃសុំអ្នកសង្កេតការណ៍ពីប្រទេសឥណ្ឌូនេស៊ី។ នេះជាលទ្ធផលនៃការប្តឹងរបស់យើងទៅក្រុមប្រឹក្សាសន្តិសុខ។ ឥឡូវនេះ ប្រទេសថៃយល់ព្រមបញ្ហានេះ (ស្នើសុំប្រទេសឥណ្ឌូនេស៊ីឱ្យបញ្ជូនក្រុមអ្នកសង្កេតការណ៍មកកាន់តំបន់ជម្លោះព្រំដែននៅក្បែរប្រាសាទព្រះវិហារ) ជាការណ៍សំខាន់មួយសម្រាប់ការប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាននៅទីក្រុងហ្សាការតា»។ លោកឧត្តមសេនីយ៍ទោហ៊ុន ម៉ាណែត មេបញ្ជាការរងកងទ័ពជើងគោកនិងជាកូនប្រុសរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានដឹកនាំគណៈប្រតិភូយោធាកម្ពុជាទៅជួបជាមួយមន្ត្រីយោធាថៃកាលពីថ្ងៃសៅរ៍ហើយបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងបទឈប់បាញ់ដើម្បីទប់ស្កាត់ការប្រយុទ្ធគ្នារវាងកងទ័ពនៃប្រទេសទាំងពីរនៅតាមព្រំដែន។ លោករដ្ឋមន្ត្រីការបរទេសហោ ណាំហុង បានបញ្ជាក់យ៉ាងដូច្នេះថា «ឯកឧត្តមហ៊ុន ម៉ាណែតបានដឹកនាំការប្រជុំក្រៅផ្លូវការជាមួយមន្ត្រីយោធាថៃដែលបានឯកភាពគ្នាពង្រឹងការឈប់បាញ់កុំឱ្យមានការចល័តកងទ័ព រថក្រោះ និងកាំភ្លើងធំនៅតាមព្រំដែន ដើម្បីរក្សាស្ថេរភាពនិងបទឈប់បាញ់នៅតាមព្រំដែន»។ កាសែតបាងកកប៉ុស្តិ៍បានរាយការណ៍ថា គណៈប្រតិភូយោធាថៃដឹកនាំដោយលោក ដាវពង្ស រតនាសុវណ្ណ (Daopong Rattanasuwan) នាយសេនាធិការកងទ័ពជើងគោកថៃកាលពីថ្ងៃសៅរ៍បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងបទឈប់បាញ់គ្នាជាមួយគណៈប្រតិភូយោធាកម្ពុជាដឹកនាំដោយលោកហ៊ុន ម៉ាណែត មេបញ្ជាការរងនៃ កងទ័ពជើងគោកកម្ពុជា។ រដ្ឋមន្ត្រីការបរទេសអាស៊ាននឹងជួបប្រជុំគ្នានៅក្នុងទីក្រុងហ្សាការតានៃប្រទេសឥណ្ឌូនេស៊ីនៅថ្ងៃអង្គារដើម្បីស្វែងរកដំណោះស្រាយឱ្យមានបទឈប់បាញ់អចិន្ត្រៃយ៍នៅតំបន់ជម្លោះព្រំដែនរវាងប្រទេសកម្ពុជានិងប្រទេសថៃ៕ This posting includes an audio/video/photo media file: Download Now |
ចៅក្រមសាលាក្តីខ្មែរក្រហមប្រជុំគ្នាមើលវិធានផ្ទៃក្នុងពេលដែលករណី០០២ជិតមកដល់ Posted: 21 Feb 2011 12:22 PM PST ក្រុមចៅក្រមនិងព្រះរាជអាជ្ញារបស់សាលាក្ដីខ្មែរក្រហមបានបើកកិច្ចប្រជុំពេញអង្គលើកទី៩ របស់ខ្លួននៅថ្ងៃច័ន្ទនេះដើម្បីធ្វើវិសោធនកម្មលើវិធានផ្ទៃក្នុងចាំបាច់មួយចំនួន។ ចៅក្រមអន្ដរជាតិដែលបានចូលរួមដឹកនាំកិច្ចប្រជុំនោះបានរំលឹកពីឯករាជ្យភាពរបស់ចៅក្រមសម្រាប់ជាប្រយោជន៍យុតិ្តធម៌ដល់ជនរងគ្រោះ។ កិច្ចប្រជុំពេញអង្គរយៈពេលបីថ្ងៃនេះនឹងបញ្ចប់នៅថ្ងៃពុធសប្ដាហ៍នេះ។ លោកស្រីចៅក្រម ស៊ីលវៀ ខាតរ៉ាយ ( Sylvia Cartwright) បានថ្លែងនៅក្នុងសុន្ទរកថាបើកកិច្ចប្រជុំពេញអង្គនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ឬដែលគេស្គាល់ថា សាលាក្ដីខ្មែរក្រហមថា ភាពគ្មានលម្អៀងរបស់ចៅក្រមនិងការកាត់ក្ដីបានត្រឹមត្រូវគឺជាកត្តាដែលនឹងនាំមកនូវជោគជ័យរបស់សាលាក្ដីខ្មែរក្រហម។ «តុលាការមួយអាចចាត់ទុកថានទទួលបានជោគជ័យ ប្រសិនបើតុលាការនោះបានបំពេញនូវល័ក្ខខ័ណ្ឌមួយចំនួន ដូចជាតុលាការនោះកាត់ក្ដីបានយុត្តិធម៌ត្រឹមត្រូវ មានតម្លាភាព ការកាត់ក្ដីបានលឿន ការផ្ដន្ទាទោសត្រូវបានកម្រិតក្នុងគោលការណ៍ច្បាប់ ហើយចៅក្រមរបស់តុលាការនោះឯករាជ្យនិងមិនលម្អៀង»។ ក្រុមមេធាវីការពារក្ដីឲ្យអៀង សារី អតីតឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីការបរទេសខ្មែរក្រហម និងភរិយារបស់គាត់ អៀង ធីរិទ្ធ អតីតរដ្ឋមន្ដ្រីក្រសួងសង្គមកិច្ច បានប្ដឹងដិតចិត្ដជាបន្តបន្ទាប់ចាប់តាំងពីដើមខែកុម្ភៈនេះមក ដើម្បីទាមទារឲ្យព្យួរតួនាទីរបស់លោកចៅក្រម និល ណុន ប្រធានអង្គជំនុំជម្រះសាលាដំបូងក្រោមការចោទប្រកាន់អំពីអំពើពុករលួយក្នុងពេលអតីតកាលនៃការងាររបស់លោកនិងបណ្ដឹងដិតចិត្តដើម្បីឲ្យមានការដកចៅក្រមទាំងប្រាំរូបរបស់សាលាដំបូងចេញពីការកាត់ទោស ក្នុង សំណុំរឿង ០០២ ដោយចោទថាចៅក្រមទាំងប្រាំនាក់មានភាពលម្អៀងក្នុងការកាត់ក្ដីសំណុំរឿង០០១របស់កាំង ហ្កេកអ៊ាវ ហៅ ឌុច អតីតប្រធានមន្ទីរស ២១ ឬគុកទួលស្លែង។ នៅក្នុងសំណុំរឿង០០២ មានជនជាប់ចោទសុទ្ធសឹងជាអតីតមេដឹកនាំកំពូលៗខ្មែរក្រហម ដូចជានួន ជា ខៀវ សំផន អៀង សារី និងអៀង ធីរិទ្ធ។ ដោយឡែកសាលាក្ដីខ្មែរក្រហមគ្រោងនឹងបើកសវនាការស្ដីពីបណ្ដឹងឧទ្ធរណ៍ក្នុងសំណុំរឿង០០១ នៅក្នុងខែមិនាខាងមុខនេះ។ យោងតាមលោកចៅក្រម គង់ ស្រ៊ីម ប្រធានកិច្ចប្រជុំពេញអង្គបានឲ្យដឹងថា លទ្ធផលនៃការជម្រះក្ដីនេះនឹងត្រូវប្រកាសជាសាធារណៈឲ្យដឹងនៅចុងខែមិថុនាដែរ។ នៅក្នុងសុន្ទរកថាបើកកិច្ចប្រជុំពេញអង្គ លោកចៅក្រម គង់ ស្រ៊ីម បានគូសបញ្ជាក់ថាគណៈកម្មការរដ្ឋបាលរបស់សាលាក្ដីខ្មែរក្រហម បានធ្វើការឯកភាពលើសមាសភាពនៃក្រុមប្រឹក្សាជំនុំជម្រះ ដែលទាក់ទងទៅនឹងបណ្ដឹងដិតចិត្តរបស់ក្រុមមេធាវីរួចហើយ។ ក៏ប៉ុន្ដែលោកមិនបានបង្ហាញព័ត៌មាន ពិស្ដារបន្ថែមទៀតនោះទេ។ សូមបញ្ជាក់ថា ក្នុងរយៈពេលបីថ្ងៃនៃកិច្ចប្រជុំពេញអង្គរបស់ខ្លួន ក្រុមចៅក្រម និងសហព្រះរាជអាជ្ញានឹងជជែកពិភាក្សាគ្នាដើម្បីធ្វើវិសោធនកម្មលើវិធានផ្ទៃក្នុងមួយចំនួនដែលពាក់ព័ន្ធទៅនឹងការពង្រឹងបន្ថែមដល់ដំណើរការនីតិវិធីចំពោះមុខ ការកែសម្រួលនីតិវិធីសម្រាប់ឲ្យមានប្រសិទ្ធភាពសម្រាប់បណ្ដឹងឧទ្ធរណ៍ទៅកាន់អង្គជំនុំជម្រះតុលាការកំពូលជាដើម។ លោកស្រីចៅក្រម Sylvia Cartwright បញ្ជាក់បន្ថែមថា គឺជាផលប្រយោជន៍បន្ថែមមួយប្រសិនបើបញ្ហាផ្លូវច្បាប់ដែលក្រុមចៅក្រម និងព្រះរាជអាជ្ញារបស់សាលាក្ដីខ្មែរសម្រេចក្នុងកិច្ចប្រជុំពេញអង្គនេះអាចជួយអភិវឌ្ឍច្បាប់ឧក្រិដ្ឋកម្មអន្ដរជាតិ និងជួយទៅដល់ប្រព័ន្ធតុលាការក្នុងស្រុកនោះ៕ This posting includes an audio/video/photo media file: Download Now |
កម្ពុជាបដិសេធមិនឱ្យមានវេទិកាជាមួយអង្គការសង្គម Posted: 21 Feb 2011 12:04 PM PST ប្រទេសកម្ពុជាបានបដិសេធចោលសំណើរបស់អង្គការសង្គមស៊ីវិលក្នុងការសុំឱ្យមានវេទិកាជួបគ្នារវាងរដ្ឋាភិបាលនិងសង្គមស៊ីវិលដោយចាត់ទុកថាមិនតំណាងឱ្យសំឡេងអង្គការសង្គមទាំងមូលហើយនាំឱ្យបាត់លទ្ធិប្រជាធិបតេយ្យ។ នៅក្នុងជំនួបគ្នាមួយជាមួយនឹងលោកនាយករដ្ឋមន្រ្តីហ៊ុន សែន កាលពីសប្តាហ៍មុនលោកស៊ូយ៉ា ប្រាសាទស៊ូប៊ែឌី បានពាំនាំសំណើរបស់អង្គការក្រៅរដ្ឋាភិបាលចំនួនជាង៣០០ ដើម្បីស្នើឲ្យមានវេទិការវាងអង្គការសង្គមស៊ីវិលនិងរដ្ឋាភិបាលនេះ។ ក៏ប៉ុន្តែត្រូវបានលោកនាយករដ្ឋមន្រ្តីហ៊ុន សែន បានច្រានចោល។ លោកអៀង សុផល្លែត ជំនួយការរបស់លោកនាយករដ្ឋមន្រ្តីហ៊ុន សែន បានថ្លែងប្រាប់ក្រុមអ្នកកាសែតកាលពីសប្តាហ៍មុនថាលោកនាយករដ្ឋមន្រ្តីហ៊ុន សែន បានប្រាប់លោកស៊ូយ៉ា ប្រាសាទស៊ូប៊ែឌី ថាលោកមិនអាចទទួលយកបានសំណើនេះបានទេ ពីព្រោះសំណើរបស់អង្គការក្រៅរដ្ឋាភិបាលចំនួនជាង៣០០ មិនមែនតំណាងឲ្យសំឡេងភាគច្រើនទេ នៅក្នុងខណៈពេលដែលកម្ពុជាមានអង្គការសង្គមស៊ីវិលប្រមាណជាង៣.០០០។ «សិទ្ធិរបស់ NGO ជាង៣.០០០ NGO ដែលលោកស៊ូប៊ែឌីបានលើកយកត្រឹមតែ NGO ៣០០ ប៉ុណ្ណោះដើម្បីយកជាសំឡេងដើម្បីរៀបចំឯកសារធ្វើជា Dialogue (ការពិភាក្សា) ជាមួយរដ្ឋាភិបាលដែលជាការបំពានសិទ្ធិរបស់ NGO ដទៃទៀតផងក៏ជាការបំបាត់នូវលទ្ធិប្រជាធិបតេយ្យ សិទ្ធិបញ្ចេញយោបល់របស់ NGO ផ្សេងទៀត»។ លោក ស៊ូយ៉ា ប្រាសាទ ស៊ូប៊ែឌី អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជានៅក្នុងអំឡុងពេលបំពេញទស្សនកិច្ចក្នុងប្រទេសកម្ពុជាអស់រយៈពេលមួយសប្តាហ៍កន្លងទៅនេះបានជួបលោកនាយករដ្ឋមន្រ្តីហ៊ុន សែន មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលសំខាន់ៗ គណបក្សប្រឆាំង និងអង្គការសង្គមស៊ីវិលមួយចំនួន។ អ្នកស្រីចក់ សុភាព ជំនួយការប្រតិបត្តិរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ដែលបានចូលជួបជាមួយនឹងលោកស៊ូយ៉ា ប្រាសាទស៊ូប៊ែឌី កាលពីថ្ងៃពុធ កន្លងទៅនេះ ជាមួយនឹងអង្គការសង្គមស៊ីវិលចំនួន២០ផ្សេងទៀតបាននិយាយថាអង្គការសង្គមស៊ីវិលចំនួនប្រមាណជាង៣០០ ដែលបានស្នើសុំតាមរយៈ លោក ស៊ូយ៉ា ប្រសាទស៊ូប៊ែឌី គឺជាគំរូគ្រប់គ្រាន់ហើយ ដែលតំណាងឲ្យអង្គការក្រៅរដ្ឋាភិបាលទាំងអស់។ លោកស្រីបានលើកឡើងទៀតថា អង្គការសង្គមស៊ីវិលនៅកម្ពុជា មានជាង៣.០០០មែន ក៏ប៉ុន្តែអង្គការទាំងនោះពុំមានសកម្មភាពលេចធ្លោទេ។ «តំណាងទាំងអស់ គឺសុទ្ធតែតំណាងដែលគាត់ធ្វើការសកម្មក្នុងការការពារសិទ្ធិមនុស្ស ការពារដល់តំណាងសហគមន៍នានាដែលគាត់ធ្វើការហ្នឹង។ អញ្ចឹងខ្ញុំគិតថាការណ៍ដែលតំណាងពិសេសគាត់បានជួបចំនួន២០០វាល្មមគ្រប់គ្រាន់ដែលអាចដាក់ចេញជាអនុសាសន៍សំខាន់ជូននាយករដ្ឋមន្រ្តី»។ លោកស៊ូយ៉ា ប្រាសាទ ស៊ូប៊ែឌី មកបំពេញទស្សនកិច្ចប្រទេសកម្ពុជាចំនួន១០ថ្ងៃហើយលោកគ្រោងនឹងធ្វើសន្និសីទកាសែតមួយនៅថ្ងៃព្រហស្បត៍ខាងមុខនេះ។ ដំណើរទស្សនកិច្ចលើកទីបួន មកកាន់ប្រទេសកម្ពុជាលើកនេះលោកស៊ូយ៉ា ប្រាសាទស៊ូប៊ែឌី បានផ្តោតការយកចិត្តទុកដាក់លើបញ្ហាគោរពសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងប្រព័ន្ធតុលាការ។ លោករ៉ុងឈុន ប្រធានសហភាពសហជីពកម្ពុជាដែលបានដឹកនាំមន្រ្តីរបស់លោកទៅជួបលោក ស៊ូយ៉ា ប្រាសាទស៊ូប៊ែឌី នៅថ្ងៃច័ន្ទនេះ បានមានប្រសាសន៍ឲ្យដឹងថា លោកបានលើកយកកង្វល់ចំនួនបួនចំណុចធំៗ គឺសិទ្ធិទទួលការអប់រំ សិទ្ធិជួបប្រជុំ សិក្ខាសាលា កូដកម្ម បាតុកម្ម សេចក្តីព្រាងច្បាប់ស្តីពីសហជីព សង្គមស៊ីវិល និងអំពើឃាតកម្មទៅលើមេដឹកនាំសហជីពមួយចំនួនដែលរួមមានលោកជា វិជ្ជា លោករស់ សុវណ្ណារ៉េត និងលោកហ៊ី វុទ្ធី។ «បញ្ហាដែលយើងបានលើកឡើង គាត់ស្វាគមន៍ រីករាយ ហើយគាត់នឹងយកបញ្ហានេះទៅ(ពិភាក្សាក្នុង)ជំនួបជាមួយខាងតំណាងរដ្ឋាភិបាល។ ហើយគាត់នឹងដាក់បញ្ចូលទៅក្នុងរបាយការណ៍ដាក់ជូនអង្គការសហប្រជាជាតិ»។ លោកយឹម សុវណ្ណ អ្នកនាំពាក្យ និងជាអ្នកតំណាងរាស្រ្តគណបក្សជំទាស់ដ៏ធំមួយបាននិយាយថានៅថ្ងៃពុធខាងមុខនេះ គណបក្សសម រង្ស៊ី នឹងមានជំនួបគ្នាមួយជាមួយលោកស៊ូយ៉ា ប្រាសាទស៊ូប៊ែឌី។ លោកសុវណ្ណបានមានប្រសាសន៍ទៀតថា គណបក្សសម រង្ស៊ីនឹងស្នើសុំឲ្យតំណាងពិសេសរបស់អង្គការសហប្រជាជាតិពិនិត្យទៅលើសិទ្ធិអ្នកតំណាងរាស្រ្តដែលត្រូវបានរដ្ឋាភិបាលកម្ពុជារំលោភបំពានក្រោយពីបំពេញកាតព្វកិច្ចរបស់ខ្លួន។ អ្នកតំណាងរាស្រ្តដែលត្រូវបានរំលោភបំពាននោះត្រូវបានលោកយឹម សុវណ្ណ បញ្ជាក់ថា មានលោកសម រង្ស៊ី លោកស្រីមួរ សុខហួរ និងលោកហូ វ៉ាន់ ជាដើម។ «ជាពិសេសតំណាងរាស្រ្តសម រង្ស៊ី តែម្តង តែមកដល់ពេលនេះ គឺមិនទាន់បានដោះស្រាយនៅឡើយទេ ដោយតុលាការដែលគ្រប់គ្រងដោយគណបក្សកាន់អំណាចនេះ គេបានចោទប្រកាន់កាត់ទោស ដាក់ពន្ធនាគារ១២ឆ្នាំ។ ហើយខ្ញុំយល់ថា ករណីនេះ នេះជាករណីនយោបាយ ជាករណីសិទ្ធិមនុស្សដែល លោកស៊ូយ៉ា ប្រាសាទស៊ូប៊ែឌី យកចិត្តទុកដាក់ ដើម្បីដោះស្រាយបញ្ហានេះ»។ លោកស៊ូយ៉ា ប្រាសាទ ស៊ូប៊ែឌី មកកាន់ប្រទេសកម្ពុជានៅក្នុងបេសកកម្មទៀតទាត់រយៈពេល៦ខែម្តងដើម្បីប្រមូលព័ត៌មានអំពីបញ្ហាសិទ្ធិមនុស្សសម្រាប់ដាក់បញ្ចូលនៅក្នុងរបាយការណ៍របស់អ្នកអង្កេតការណ៍ពិសេសដើម្បីដាក់ជូនសម័យប្រជុំលើកទី១៨របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ៕ This posting includes an audio/video/photo media file: Download Now |
You are subscribed to email updates from VOA News: ព័ត៌មាន To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |