VOA News: ព័ត៌មាន: “មន្ត្រីអាមេរិកសុំឲ្យមានការស៊ើបអង្កេតចំពោះករណីមិនប្រក្រតីនៃការចុះឈ្មោះបោះឆ្នោត” plus 4 more |
- មន្ត្រីអាមេរិកសុំឲ្យមានការស៊ើបអង្កេតចំពោះករណីមិនប្រក្រតីនៃការចុះឈ្មោះបោះឆ្នោត
- កម្មវិធីដំណោះស្រាយសហគន៍នៅអាមេរិកផ្តល់ឱកាលផ្លាស់ប្តូរបទពិសោធន៍ដល់ស្ត្រីខ្មែរម្នាក់
- ស្ថាបនិកក្រុមហ៊ុនអេបផលនឹងត្រូវគេចងចាំថាជាបុរសប្រកបដោយទស្សនៈវិស័យ
- លទ្ធផលនៃសវនកម្មរឿងពុករលួយក្នុងសាលាក្តីខ្មែរក្រហម
- ព័ត៌មានអន្តរជាតិ៖ ០៧ តុលា
មន្ត្រីអាមេរិកសុំឲ្យមានការស៊ើបអង្កេតចំពោះករណីមិនប្រក្រតីនៃការចុះឈ្មោះបោះឆ្នោត Posted: 07 Oct 2011 01:49 PM PDT មន្ត្រីជាន់ខ្ពស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា នៅថ្ងៃសុក្រនេះបានទទូចដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតឱ្យធ្វើការស៊ើបអង្កេតនិងដោះស្រាយករណីមិនប្រក្រតីមួយចំនួននៅក្នុងដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះអ្នកបោះឆ្នោតថ្មី ខណៈដែលលោកបានទៅពិនិត្យមើលកន្លែងចុះឈ្មោះបោះឆ្នោតមួយក្នុងសង្កាត់បឹងកេងកង III ខណ្ឌចំការមន ក្រុងភ្នំពេញ។ ការកត់សម្គាល់នេះបានធ្វើឡើង បន្ទាប់ពីវិទ្យាស្ថាន NDI និងអង្គការនិចហ្វិកបានរកឃើញភស្តុតាងនៃការចុះឈ្មោះអ្នកបោះឆ្នោតថ្មី ដោយគ្មានឯកសារគ្រប់គ្រាន់ ដោយមិនបានមកបង្ហាញមុខចំពោះស្មៀនឃុំ និងការប្រើអត្តសញ្ញាប័ណ្ណសញ្ជាតិខ្មែរដែលផុតកំណត់មិនត្រូវបានគេចុះឈ្មោះឱ្យទេ។ លោក ចេហ្វ ដេហ្គល (Jeff Daigle) ឯកអគ្គរដ្ឋទូតស្តីទីនៃស្ថានទូតអាមេរិកប្រចាំនៅទីក្រុងភ្នំពេញ បានថ្លែងប្រាប់ក្រុមអ្នករាយការណ៍ព័ត៌មាន បន្ទាប់ពីពិនិត្យមើលកន្លែងចុះឈ្មោះបោះឆ្នោតនោះថា សហរដ្ឋអាមេរិកមានការព្រួយបារម្ភអំពីភាពមិនប្រក្រតីមួយចំនួននៃដំណើរការចុះបញ្ជីឈ្មោះអ្នកបោះឆ្នោតនេះ។ លោកបានថ្លែងយ៉ាងដូច្នេះថា៖ «យើងយល់ថាមានការកង្វល់មួយចំនួនអំពីទស្សនៈខ្លះនៃដំណើរការចុះឈ្មោះអ្នកបោះឆ្នោតនេះ ហើយយើងទទូចឱ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ស៊ើបអង្កេត និងដោះស្រាយកង្វល់នេះ»។ លោក ទេព នីថា អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានស្វាគមន៍ការលើកឡើងអំពីការចុះឈ្មោះបោះឆ្នោតរបស់លោក Jeff Daigle និងការទស្សនាកន្លែងចុះឈ្មោះនេះ ហើយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតតែងយកចិត្តទុកដាក់រាល់អនុសាសន៍ពីគ្រប់ភាគី។ «ខ្ញុំគិតថាការលើកឡើងរបស់លោក Jeff Daigle នេះជាការរួមចំណែកមួយសំខាន់ណាស់ ដើម្បីឱ្យយើងទាំងអស់គ្នារួមសហការជួយជំរុញការចុះឈ្មោះអ្នកបោះឆ្នោតឱ្យបានល្អ និងឱ្យបានទាន់ពេលវេលា»។ លោក ទេព នីថា បានបន្តថា គណៈកម្មការជាតិរៀបចំការបោះឆ្នោតបានទទួលយកករណីមិនប្រក្រតីខ្លះនៅក្នុងរបាយការណ៍របស់វិទ្យាស្ថាន NDI និងអង្គការនិចហ្វិច បន្ទាប់ពីបានធ្វើការស៊ើបអង្កេត។ លោក Jeff Daigle បានបញ្ជាក់ថា លោកបានជ្រើសរើសយកកន្លែងចុះឈ្មោះអ្នកបោះឆ្នោតនៅសង្កាត់បឹងកេងកង III ដ៏សំខាន់នេះ ធ្វើជាគំរូដ៏ល្អមួយសម្រាប់កន្លែងផ្សេងទៀតដែលមន្ត្រីរដ្ឋបាលអាចធ្វើដៃគូជាមួយអង្គការសង្គមស៊ីវិល ជាពិសេសអ្នកសម្របសម្រួលស្ម័គ្រចិត្តផ្នែកចុះឈ្មោះអ្នកបោះឆ្នោត ដើម្បីធានាថាដំណើរការចុះឈ្មោះអ្នកបោះឆ្នោតបានប្រព្រឹត្តទៅដោយរលូននិងតម្លាភាព។ លោក Jeff Daigle បានបញ្ជាក់យ៉ាងដូច្នេះថា៖ «យើងអាចមកទស្សនានៅទីនេះនៅថ្ងៃនេះ ពីព្រោះសហរដ្ឋអាមេរិកមានការចាប់អារម្មណ៍យ៉ាងខ្លាំងនិងជំរុញលើកទឹកចិត្តដល់អ្នកបោះឆ្នោតឱ្យមានការចូលរួម»។ លោក Jeff Daigle បានបន្ថែមថា សហរដ្ឋអាមេរិក អាចស្ទង់មើលថាអ្នកសង្កេតការណ៍បោះឆ្នោតនឹងត្រូវបានអនុញ្ញាតឱ្យឃ្លាំមើលដំណើរការបោះឆ្នោត ហើយលោកសង្ឃឹមថា ដំណើរការចុះឈ្មោះអ្នកបោះឆ្នោតនឹងត្រូវបានធានាថាមានស្តង់ដាជាតិ និងអន្តរជាតិដើម្បីធ្វើឱ្យមានភាពសេរីនិងត្រឹមត្រូវ៕ This posting includes an audio/video/photo media file: Download Now |
កម្មវិធីដំណោះស្រាយសហគន៍នៅអាមេរិកផ្តល់ឱកាលផ្លាស់ប្តូរបទពិសោធន៍ដល់ស្ត្រីខ្មែរម្នាក់ Posted: 07 Oct 2011 02:21 PM PDT កម្មវិធីអាហាររូបករណ៍រយៈពេលខ្លីដែលមានឈ្មោះថា «កម្មវិធីដំណោះស្រាយសហគមន៍» ត្រូវបានផ្តល់ជាលើកទីមួយដល់ប្រទេសកម្ពុជា ដោយសហរដ្ឋអាមេរិក ជាផ្នែកមួយនៃកិច្ចប្រឹងប្រែង ពង្រឹងសមត្ថភាព អ្នកដឹកនាំសហគមន៍។ កញ្ញា ធី ហៀង សព្វថ្ងៃជា មន្ត្រីទំនាក់ទំនងរបស់អង្គការ សម្ព័ន្ធភាពដើម្បីតម្លាភាពចំណូលធនធាន ហៅកាត់ CRRT ជាបេក្ខជនមួយក្នុងចំណោមបេក្ខជនពីររូបពីប្រទេសកម្ពុជា ដែលត្រូវបានជ្រើសរើសសម្រាប់អាហាររូបករណ៍នេះ។ កញ្ញា ធី ហៀង មានចំណាប់អារម្មណ៍យ៉ាងខ្លាំងលើប្រធានបទ តម្លាភាពនិងការទទួលខុសត្រូវ (accountability) ក្នុងវិស័យឧស្សាហកម្ម ប្រេង រ៉ែ និងឧស្ម័ន។ នេះជាបទសម្ភាសន៍រវាងលោក បូរី ស៊ីលីវណ្ណ និង កញ្ញា ធី ហៀង៖ <!--AV--> This posting includes an audio/video/photo media file: Download Now |
ស្ថាបនិកក្រុមហ៊ុនអេបផលនឹងត្រូវគេចងចាំថាជាបុរសប្រកបដោយទស្សនៈវិស័យ Posted: 07 Oct 2011 10:42 AM PDT លោកស្ទីវ ចបស៍ (Steve Jobs) នឹងត្រូវគេស្គាល់ជារៀងរហូតថា ជាបុរសដែលបានធ្វើឲ្យបច្ចេកវិជ្ជាមានភាពងាយស្រួលប្រើសម្រាប់មនុស្សគ្រប់គ្នា ទោះគេមិនមែនជាអ្នកជំនាញក៏ដោយ។ លោកជានិមិត្តរូបនៃបច្ចេកវិជ្ជាក្នុងពិភពលោកផ្នែកកំព្យូរទ័រផ្ទាល់ខ្លួន។ «យើងព្យាមយាមផលិតឧបករណ៍ដែលយើងគិតថា មានភាពអស្ចារ្យហើយមនុស្សទូទៅចង់បាន។ ពេលខ្លះយើងគិតត្រូវ ពេលខ្លះយើងគិតខុស» ។ ជាញឹកញាប់លោកបានគិតត្រូវ។ ពីអាល្លឺម៉ង់ដល់ចិន អតិថិជនបន្តចង់បានផលិតផល Apple។ ហ្វ្រាន់សីស លុន (Francis Lun) អ្នកវិភាគបច្ចេកវិជ្ជានៅទីក្រុងហុងកុងថ្លែងថា៖ «លោកស្ទីវ ចបស៍ បានផ្លាស់ប្តូររបៀបយើងទាញយកតន្ត្រី របៀបប្រើប្រដាប់ស្តាប់នៅត្រចៀក និងរបៀបដែលយើងប្រើកុំព្យូទ័រ»។ <!--AV--> លោកចបស៍ មិនបានរៀនចប់ថ្នាក់មហាវិទ្យាល័យទេ។ លោក បានកើតនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ១៩៥៥ ហើយធំដឹងក្តីនៅតំបន់មួយក្នុងរដ្ឋកាលីហ្វ័រញ៉ា (California) ដែលក្រោយមកត្រូវគេស្គាល់ថា ជាតំបន់ ស៊ីលីខូន វ៉ាលី (Silicon Valley) ដែលជាមណ្ឌលឧស្សាហកម្មបច្ចេកវិជ្ជារបស់សហរដ្ឋអាមេរិក។ នៅឆ្នាំ១៩៧៤ នៅកន្លែងចតឡានរបស់លោក លោក ចបស៍ បានចាប់ផ្តើមផលិតកុំព្យូទ័រ អេបផល ទីមួយ ជាមួយមិត្តរបស់លោក។ លោក ឌេវីឌ ខារូល(David Carroll) ជាសាស្រ្តាចារ្យរងនៃសាលាឆ្នៃម៉ូដ ផាសុន (Parsons) បានថ្លែងថា៖ «ការណ៍ដែលលោកចបស៍ បានឆ្នៃម៉ូដពាណិជ្ជកម្មអាមេរិកាំងឡើងវិញតាំងពីលំដាប់លើ ដល់ក្រោមនិងនៅទូទាំងប្រទេស ជារឿងអស្ចារ្យណាស់។ លោកត្រូវគេចាត់ចូលលំដាប់លោក ថមម៉ាសអេឌីសុន (Thomas Edison) និង ហេនរី ហ្វ៉ដ (Henry Ford) ដូច្នេះលោកជាមនុស្សអស្ចារ្យម្នាក់គ្រប់ជំនាន់»។ នាងចាកឃ្លីន សាន់ដឺររីកហ្កូ (Jacqueline Thunder-Rego) ជាពលរដ្ឋម្នាក់រស់នៅសង្កាត់ ប្រ៊ុកឃ្លីន (Brooklyn) នៃទីក្រុងញូវយ៉ក(New York) ថ្លែងថា៖ «ក្រុមហ៊ុន Apple បានផ្លាស់ប្តូរទំនាក់ទំនងរបស់មនុស្សទៅនឹងបច្ចេកវិទ្យា»។ រីឯនាង សាល់ម៉ា រ៉ាហ្សា (Salma Raza) ដែលជាទេសចរណ៍ម្នាក់មកពីទីក្រុងឡុងដ៍ ថ្លែងថា៖ «លោកបានបង្កើតឧបករណ៍ ដែលមានផលប៉ះពាល់ខ្លាំងដល់ពេលអនាគត»។ តែនៅឆ្នាំ២០០៤ លោកចបស៍ បានប្រកាសថា លោកកំពុងទទួលការវះកាត់ដើម្បីព្យាបាលជំងឺមហារីកលំពែង។ ៥ឆ្នាំក្រោយមក លោកបានផ្លាស់ប្តូរថ្លើម។ «ប្រមាណ៥ខែមុន ខ្ញុំបានផ្លាស់ប្តូរថ្លើម។ ឥឡូវនេះ ថ្លើមរបស់មនុស្សអាយុជាង២០ឆ្នាំ នៅក្នុងខ្លួនខ្ញុំ»។ វេជ្ជបណ្ឌិតម៉ាធ្យូ វ៉ស្ហ (Mathew Walsh) ជាអគ្គនាយកផ្នែកវះកាត់ទូទៅនៅគ្លីនិក ឃ្លីវលីន (Cleveland)។ «វាជាប្រភេទជំងឺ ដែលមើលមិនជា រីករាលដាល និងធ្វើឲ្យអ្នកជំងឺអស់កម្លាំង»។ លោកចបស៍ បានលាឈប់ពីតំណែងជានាយកប្រតិបត្តិរបស់ ក្រុមហ៊ុនអេបផល នៅខែសីហា ដែលធ្វើឲ្យអតិថិជនខ្លះព្រួយបារម្ភ។ ស្តេហ្វ៉ាន បុត (Stefan Bott) ជាអតិថិជនរបស់ក្រុមហ៊ុនអេបផល ម្នាក់នៅប្រទេសអាល្លឺម៉ង់ លោក ថ្លែងថា៖ «ខ្ញុំគិតថា ពួកគេនឹងមិនបន្តច្នៃប្រឌិតខ្លាំងទៀតទេ ពីព្រោះលោកជាអ្នកច្នៃប្រឌិត»។ តែអ្នកខ្លះទៀត មានទស្សនៈផ្ទុយពីនេះ។ សូរ៉េល រីសម៉ាន់ (Sorel Reisman) ប្រធានអង្គការ IEEE Computer Society ថ្លែងថា៖ «លោកចបស៍ បានបណ្តុះបណ្តាល អ្នកដទៃក្នុងក្រុមហ៊ុន ដូច្នេះខ្ញុំគិតថា ក្រុមហ៊ុននេះនឹងដំណើរការទៅមុខទៀត»។ ការស្លាប់របស់លោកចបស៍ គឺនៅមួយថ្ងៃក្រោយក្រុមហ៊ុនអេបផល បង្ហាញទូរស័ព្ទ I phone ថ្មីរបស់ខ្លួន។ ក្នុងសេចក្តីប្រកាសអំពីការស្លាប់របស់លោកចបស៍ ក្រុមហ៊ុនអេបផល បានឲ្យដឹងថា ភាពវ័យឆ្លាត សន្ទុះចិត្ត និងកម្លាំងរបស់លោកចបស៍ ជាប្រភពនៃការឆ្នៃប្រឌិត និងធ្វើឲ្យជីវិតយើងមានភាពប្រសើរឡើង៕ ប្រែសម្រួលដោយលី ម៉ូរីវ៉ាន់ This posting includes an audio/video/photo media file: Download Now |
លទ្ធផលនៃសវនកម្មរឿងពុករលួយក្នុងសាលាក្តីខ្មែរក្រហម Posted: 07 Oct 2011 10:01 AM PDT អគ្គសវនករកម្ពុជាបានអះអាងថា ខ្លួនមិនបានរកឃើញបញ្ហាធ្ងន់ធ្ងរទាក់ទងនឹងការចោទប្រកាន់ពីភាពមិនប្រក្រតី និងអំពើពុករលួយក្នុងសាលាក្ដីខ្មែរក្រហមនោះទេ។ នេះជាសេចក្ដីអះអាងជាលើកដំបូងរបស់មន្ដ្រីជាន់ខ្ពស់កម្ពុជាបន្ទាប់ពីមានការទាមទារឲ្យមានការលាតត្រដាងនូវរបាយការណ៍នោះជាសាធារណៈជាច្រើនឆ្នាំមកហើយ។ អង្គការគំនិតផ្ដួចផ្ដើមយុត្តិធម៌សង្គមសេរី OSJI របស់សហរដ្ឋអាមេរិក កាលពីឆ្នាំ២០០៧ បានចេញរបាយការណ៍មួយដោយបរិហារថា មានអំពើពុករលួយនៅក្នុងការជ្រើសរើសបុគ្គលិកសាលាក្ដីខ្មែរក្រហមខាងភាគីកម្ពុជា ហើយបុគ្គលិកជាតិត្រូវបង្ខំឲ្យបង់ប្រាក់ខែរបស់ខ្លួនមួយចំណែកឲ្យទៅមន្ដ្រីរបស់រដ្ឋាភិបាលជាថ្នូរនឹងការផ្ដល់ការងារដល់ពួកខ្លួន។ អ្នកជំនាញបរទេសបានធ្វើការត្រួតពិនិត្យលើការចោទនេះចំនួនប្រាំមួយលើក ហើយបន្ទាប់មកមានការប្រគល់ភារកិច្ចឲ្យអ្នកជំនាញកម្ពុជាក្នុងការធ្វើការត្រួតពិនិត្យបន្ដ។ លោក អ៊ុត ឈន អគ្គសវនាករនៃអាជ្ញាធរជាតិសវនកម្មកម្ពុជាត្រូវបានតែងតាំងជាទីប្រឹក្សាឯករាជ្យរបស់សាលាក្ដីខ្មែរក្រហមកាលពីខែសីហា ឆ្នាំ២០០៨ ដើម្បីធ្វើការត្រួតពិនិត្យបន្ថែមលើបញ្ហាខាងលើនេះ។ លោកមានប្រសាសន៍ក្នុងបទសម្ភាស៍ជាមួយនឹងវីអូអេ ជាខេមរភាសាកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុនថា ការធ្វើសវកម្មនោះមិនបានរកឃើញបញ្ហាធ្ងន់ធ្ងរនោះទេ។ «ដូចជាមិនធ្ងន់ធ្ងរអីទេក្នុងរបាយការណ៍ហ្នឹង។ ការចោទប្រកាន់ពីភាពមិនប្រក្រតីនៅក្នុងសាលាក្ដីខ្មែរក្រហមមានតែបុគ្គលទេដែលលើកបញ្ហានេះមក។ មានការលើកជាទូទៅអំពីចំណោទថា ហេតុអ្វីបុគ្គលណាម្នាក់ត្រូវឈប់។ ហើយយើងមើលទៅវាជាលក្ខការណ៍ធ្វើការរបស់គេ»។ ក្រុមមេធាវីរបស់ជនជាប់ចោទទាំងបួនរូបក្នុងសំណុំរឿង០០២ គឺមេធាវីរបស់ នួន ជា ខៀវ សំផន អៀង សារី និងអៀង ធីរិទ្ធ បានស្នើសុំឲ្យសហចៅក្រហមស៊ើបអង្កេតបើកការស៊ើបអង្កេតលើការចោទប្រកាន់ស្ដីពីអំពើពុករលួយនេះ។ ក្រុមមេធាវីចាត់ទុកថា អំពើពុករលួយនោះនឹងធ្វើឲ្យប៉ះពាល់ដល់យុត្តិធម៌សម្រាប់កូនក្ដីពួកគេ។ ក៏ប៉ុន្ដែសហចៅក្រមស៊ើបអង្កេតបដិសេធសំណើនោះដោយសំអាងថា ការស៊ើបអង្កេតបែបនេះមិនស្ថិតក្រោមយុត្តាធិការរបស់ខ្លួនទេ។ កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP)បានបង្កកលុយជំនួយបរទេសដល់ភាគីកម្ពុជាចំនួន ៧សែន២ម៉ឺនដុល្លារអាមេរិក ដោយរង់ចាំការដោះស្រាយរឿងអាស្រូវនេះចប់សព្វគ្រប់។ ក្រុមអង្គការសង្គមស៊ីវិលសំខាន់ៗក្នុងស្រុកក៏បានសម្តែងកង្វល់អំពីអំពើពុករលួយក្នុងសាលាក្ដីខ្មែរក្រហមនេះដែរ។ ជាមួយគ្នានេះ ក្រុមមេធាវីតំណាងឲ្យដើមបណ្ដឹងរដ្ឋប្បវេណីក៏ធ្លាប់បានទាមទារឲ្យមានការបញ្ចេញរបាយការណ៍ស្ដីពីការត្រួតពិនិត្យស្រាវជ្រាវលើការចោទប្រកាន់អំពើពុករលួយនេះផងដែរ។ ក៏ប៉ុន្ដែរបាយការណ៍នៅតែមិនត្រូវបានលាតត្រដាងជាសាធារណៈនៅឡើយរហូតមកទល់ពេលនេះ។ លោក អ៊ុត ឈន មានប្រសាសន៍ថា ចាប់តាំងពីមានការលេចធ្លាយការចោទប្រកាន់ពីភាពមិនប្រក្រតី និងអំពើពុករលួយក្នុងសាលាក្ដីខ្មែរក្រហមនៅឆ្នាំ២០០៧ នោះមក លោកបានធ្វើរបាយការណ៍ម្ដងហើយ។ របាយការណ៍នោះបានចែកជាពីរផ្នែក ក៏ប៉ុន្ដែលោកមិនអាចផ្ដល់ព័ត៌មានពិស្ដារក្នុងរបាយការណ៍នោះបានទេ ដោយហេតុថាមានតែអគ្គលេខាធិការអង្គការសហប្រជាជាតិ លោកបាន គីមូន និងមន្ដ្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជាទទួលបន្ទុកកិច្ចការកាត់ទោសអតីតមេដឹកនាំខ្មែរក្រហមប៉ុណ្ណោះទើបមានតួនាទីទទួលរបាយការណ៍នេះ។ ប៉ុន្តែលោក អ៊ុត ឈន បានបញ្ជាក់ថា លោកបានបញ្ជូនរបាយការណ៍ទី២ស្តីពីការងាររបស់អង្គភាពនានាក្នុងសាលាក្ដីខ្មែរក្រហមទៅអង្គការសហប្រជាជាតិ និងរាជរដ្ឋាភិបាលកម្ពុជាកាលពីថ្ងៃព្រហស្បតិ៍កាលពីសប្ដាហ៍មុន។ លោក អគ្គសវនករកម្ពុជា និងជាទីប្រឹក្សាឯករាជ្យរបស់សាលាក្ដីខ្មែរក្រហមដដែល បានគូសបញ្ជាក់ថា លោកសង្កេតឃើញថា មានការប្តូររបៀបរបបធ្វើការផ្នែករដ្ឋបាលក្នុងសាលាក្ដីខ្មែរក្រហម ហើយចំណោទពីភាពមិនប្រក្រតី និងអំពើពុករលួយត្រូវបានឈប់លើកមកនិយាយតទៅទៀតដើម្បីឲ្យដំណើរការកាត់ទោសបន្តដំណើរទៅ។ «ក្រោយពីធ្វើសវនកម្មប្រាំមួយលើក គឺយើងចាត់ទុករឿងចាស់ទុកមួយឡែក ឈប់និយាយ ហើយគេបង្កើតឲ្យមានគោលការណ៍ណែនាំដើម្បីរើសមនុស្សឲ្យបានត្រឹមត្រូវ។ ហើយចាប់តាំងពីពេលនោះមកខាងរដ្ឋបាលបានធ្វើការហ្មត់ចត់របស់គេ»។ បើទោះជាមិនមានការធ្វើចំណាត់ការណាមួយលើចំណោទពីភាពមិនប្រក្រតី និងអំពើពុករលួយក្នុងសាលាក្ដីខ្មែរក្រហមខាងភាគីកម្ពុជាក៏ដោយ ក៏គេឃើញមានការដោះដូរលោក ស៊ាន វិសុទ្ធ ប្រធានរដ្ឋបាលសាលាក្ដីខ្មែរក្រហមចេញ ហើយជំនួសវិញដោយលោក ក្រាញ់ តូនី។ លោក ក្រាញ់ តូនី បានបំពេញមុខងារជាប្រធានរដ្ឋបាលស្ដីទីរបស់សាលាក្ដីខ្មែរក្រហមជាច្រើនឆ្នាំមកហើយ។ ការចាកចេញរបស់លោក ស៊ាន វិសុទ្ធ នៅតែស្ថិតក្រោមរូបភាពជាការឈប់សម្រាកដោយបញ្ហាសុខភាពរហូតមកទល់ពេលនេះដោយមិនមានការផ្ទេរការងារជាផ្លូវការនោះទេ។ រីឯលោក កែវ ធីវុទ្ធ ប្រធានផ្នែកបុគ្គលិកខាងភាគីកម្ពុជាក៏ត្រូវប្ដូរចេញផងដែរនៅឆ្នាំ២០០៨ ដោយសារការចោទប្រកាន់នៃអំពើពុករលួយ និងភាពមិនប្រក្រតីនេះ។ ថ្វីបើរបាយការណ៍មិនត្រូវបានលាតត្រដាងជាសាធារណៈ ក៏ប៉ុន្ដែលោក នេត្រ ភក្រ្ដា អ្នកនាំពាក្យសាលាក្ដីខ្មែរក្រហមមានប្រសាសន៍ថា ពុំមានការរកឃើញថា មានអំពើពុករលួយក្នុងសាលាក្ដីខ្មែរក្រហមនោះទេ។ «ការធ្វើសវនកម្មប្រាំពីរដងកន្លងមកមិនបានរកឃើញបញ្ហានៃភាពមិនប្រក្រតី និងអំពើពុករលួយទេ»។ យ៉ាងណាក៏ដោយ ទាំងលោក នេត្រ ភក្ដ្រា អ្នកនាំពាក្យខាងភាគីកម្ពុជា និងលោក ឡាស អលសិន អ្នកនាំពាក្យខាងភាគីអង្គការសហប្រជាជាតិនៃសាលាក្ដីខ្មែរក្រហមសុទ្ធតែបានអះអាងថា មិនបានឃើញរបាយការណ៍សវនកម្មទេ។ លោក ឡាស អលសិន មានប្រសាសន៍ថា លោកបានដឹងថា មានការបញ្ជូនរបាយការណ៍ស្ដីពីបញ្ហានេះទៅកាន់ភាគីទាំងសងខាងក្នុងសាលាក្ដីខ្មែរក្រហមកាលពីឆ្នាំមុន ប៉ុន្ដែលោកមិនដឹងថា វាមានខ្លឹមសារយ៉ាងណានោះទេ៕ This posting includes an audio/video/photo media file: Download Now |
Posted: 06 Oct 2011 07:16 PM PDT ព័ត៌មានចុងក្រោយបំផុត៖ កម្ពុជា៖ សាលាក្តីខ្មែរក្រហមបានបញ្ជាក់ឡើងវិញពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការបំពេញការងារស្វែងរកយុត្តិធម៌ជូនជនរងគ្រោះរាប់លាននាក់ពីការកាប់សម្លាប់ក្នុងរបបខ្មែរក្រហមដោយបញ្ជាក់ពីជំហរមិនទទួលសម្ពាធពីមជ្ឈដ្ឋានណាឡើយ។ អាហ្វហ្គានីស្ថាន៖ ថ្ងៃសុក្រនេះគឺជាខួប១០ឆ្នាំនៃការចូលឈ្លានពានប្រទេសអាហ្វហ្គានីស្ថានដែលដឹកនាំដោយសហរដ្ឋអាមេរិក ដែលបានផ្តួលរំលំរបបតាលីបង់។ ការវាយប្រហារនោះបានធ្វើឡើងក្នុងរយៈពេលមិនដល់មួយខែក្រោយពីការវាយប្រហារកាលពីថ្ងៃទី១១ខែកញ្ញាឆ្នាំ២០០១មកលើសហរដ្ឋអាមេរិក។ ម៉ិកស៊ិក៖ កងនាវាម៉ិកស៊ិកនិយាយថាពួកគេរកឃើញសាកសពមនុស្ស៣២នាក់នៅក្នុងរដ្ឋ Veracruz នាភាគខាងកើតប្រទេស ជាទីដែលមានសាកសពរាប់សិបនាក់ត្រូវបានគេយកមកចាក់ចោលនៅលើផ្លូវមួយទាំងកណ្តាលថ្ងៃកាលពីខែមុន។ អង់គ្លេស៖ សេវាកម្មអ្នកវិនិយោគដែលមានឈ្មោះថា Moody បានបញ្ចុះកម្រិតអត្រាឥណទានរបស់ធនាគារអង់គ្លេសចំនួន១២ដោយសារមានការព្រួយបារម្ភថារដ្ឋាភិបាលនឹងមិនផ្តល់ការគាំទ្រគ្រប់គ្រាន់ដល់ស្ថាប័នទាំងនោះប្រសិនបើពួកគេមានបញ្ហាខាងហិរញ្ញវត្ថុ។ សហរដ្ឋអាមេរិក/ចិន៖ ព្រឹទ្ធសភាសហរដ្ឋអាមេរិកបានពន្យាការបោះឆ្នោតចុងក្រោយលើសេចក្តី ព្រាងច្បាប់មួយដែលគ្រោងនឹងសងសឹកលើការកេងចំណេញពីប្រាក់យន់ដែលចិនអនុវត្ត។ សេចក្តី ព្រាងច្បាប់នោះអាចនឹងត្រូវបោះឆ្នោតនៅថ្ងៃអង្គារ ហើយរំពឹងថានឹងទទួលបានការគាំទ្រពីគណបក្សទាំងពីរ។ ជប៉ុន៖ អតីតប្រធានគណបក្សប្រជាធិបតេយ្យរបស់ប្រទេសជប៉ុនលោក Ichiro Ozawa បានចូលសម្រាកព្យាបាលក្នុងមន្ទីរពេទ្យកាលពីយប់ថ្ងៃព្រហស្បតិ៍ គឺរយៈពេលប៉ុន្មានម៉ោងប៉ុណ្ណោះក្រោយពីសវនាការលើកដំបូងរបស់លោកទាក់ទងនឹងការចោទប្រកាន់ថារំលោភច្បាប់រៃអង្គាសថវិកា។ <!--AV--> ព័ត៌មាននៅពេលមុននេះ៖ <!--IMAGE-RIGHT--> ពិភពលោក៖ ហាងលក់ផលិតផល Apple នៅជុំវិញពិភពលោកបានក្លាយទៅជាទីសក្ការ: បូជារំឮកវិញ្ញាណក្ខ័ន្តរបស់លោក Steve Jobs ដែលជាអ្នកបង្កើតក្រុមហ៊ុននេះម្នាក់ដែរ។ មនុស្ស ម្នាបានដាក់កម្រងផ្កា និងទៀននៅមុខហាងលក់កុំព្យូទ័រ នៅពេលដែលមនុស្សរាប់លាននាក់កាន់មរណ:ទុក្ខអ្នកត្រួសត្រាយ បច្ចេកវិទ្យា ដែលដើរតួនាទីសំខាន់ក្នុងការផ្លាស់ប្ដូរឧស្សាហកម្មអេឡិចត្រូនិក សាកល។ លីប៊ី៖ អតីតមេដឹកនាំលីប៊ីបានអំពាវនាវឲ្យពលរដ្ឋរាប់លាននាក់ប្រឆាំងតវ៉ាទល់នឹងរដ្ឋាភិបាលបណ្ដោះអាសន្នដែលបានផ្តួលទម្លាក់រូបលោកពីអំណាច។ សហរដ្ឋអាមេរិក៖ ប្រធានាធិបតីបារ៉ាក់ អូបាម៉ាមានប្រសាសន៍ថា អាមេរិកនឹងមិនមានអារម្មណ៍នឹងននៅក្នុងទំនាក់ទំនងជាមួយប៉ាគីស្ថាន សម្រាប់រយ:ពេលយូរទេ បើរដ្ឋាភិបាលអាមេរិកគិតថារដ្ឋាភិបាលប៉ាគីស្ថានមិនរវល់អើពើនឹងផល ប្រយោជន៍របស់អាមេរិកនោះ។ ប៉ាគីស្ថាន៖ អំពាវនាវឲ្យអាហ្វហ្គានីស្ថានកុំលេងល្បែងនយោបាយ ក្រោយពីប្រទេសនេះអះអាងថាប៉ាគីស្ថានជាប់ពាក់ព័ន្ធនឹងការវាយ ប្រហារទៅលើឥស្សរជនខ្ពស់ម្នាក់គឺលោកអតីតប្រធានាធិបតី Burhanuddin Rabbani ដែលជាប្រេសិទសន្ដិភាព។ ប៉ាគីស្ថាន៖ គ្រូពេទ្យប៉ាគីស្ថានម្នាក់ដែលគេអះអាងថាបានជួយសហរដ្ឋអាមេរិកនៅ ក្នុងការវាយប្រហារដែលសម្លាប់អូសាម៉ា ប៊ីនឡាដេន ត្រូវបានចោទប្រកាន់ថាបានក្បត់។ ស៊ីរី៖ អង្គការសហប្រជាជាតិបានបង្កើនចំនួនមនុស្សស្លាប់នៅស៊ីរីនៅក្នុងការបង្ក្រាបពួកអ្នកជំទាស់។ ការិយាល័យ សិទ្ធិមនុស្សអង្គការសហប្រជាជាតិឲ្យដឹងនៅថ្ងៃព្រហស្បតិ៍ថា មនុស្សជាង២៩០០នាក់បានស្លាប់នៅក្នុងការរំជើបរំជួលនោះ ដែលឥឡូវនេះចូលដល់៧ខែហើយ។ ទូរលេខចំនួនមនុស្សស្លាប់២៧០០កាលពីខែមុន។ ប៉ាឡេស្ទីន៖ ប្រធានាធិបតី Mahmoud Abbas នៃដែនដីប៉ាឡេស្ទីនកំពុងតែសុំឲ្យប្រទេសនៅសហគមន៍អឺរ៉ុបគាំទ្រ អ្វីដែលលោកហៅថា «រដូវផ្ការីកប៉ាឡេស្ទីន» ដោយគាំទ្រការខំប្រឹងប្រែងរបស់លោក ហើយធានាសមាជិកភាពនៃអង្គការសហប្រជាជាតិ ដើម្បីឯករាជ្យភាពរបស់ប៉ាឡេស្ទីន។ ចិន៖ ប្រធានាធិបតីបារ៉ាក់ អូបាម៉ា មានប្រសាសន៍ថា ចិនបានលេងល្បែងប្រព័ន្ធពាណិជ្ជកម្មអន្ដរជាតិដោយធ្វើអន្ដរាគមន៍នៅ ក្នុងទីផ្សាររូបិយប័ណ្ណបរទេស ដើម្បីធ្វើឲ្យរូបិយប័ណ្ណរបស់ខ្លួនមានតម្លៃថោក។ អឺរ៉ុប៖ ធនាគារកណ្ដាលនៃប្រទេសនៅអឺរ៉ុបសម្រេចរក្សាទុកអត្រាការប្រាក់ដែល ជាខ្នាតគោលឲ្យនៅដដែល ទោះបីសេដ្ឋកិច្ចនៃទ្វីបនេះចុះខ្សោយក៏ដោយ។ តែធនាគារកណ្ដាលអង់គ្លេសបានសម្រេចបញ្ចូលប្រាក់ថែមទៀត ដើម្បីចៀសវាងកុំឲ្យសេដ្ឋកិច្ចមានដំណើរយឺតៗជាថ្មីទៀត។ This posting includes an audio/video/photo media file: Download Now |
You are subscribed to email updates from VOA News: ព័ត៌មាន To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |