VOA News: ព័ត៌មាន: “ព័ត៌មាន​អន្តរជាតិ​សង្ខេប៖ ០២ តុលា” plus 1 more

VOA News: ព័ត៌មាន: “ព័ត៌មាន​អន្តរជាតិ​សង្ខេប៖ ០២ តុលា” plus 1 more


ព័ត៌មាន​អន្តរជាតិ​សង្ខេប៖ ០២ តុលា

Posted: 01 Oct 2011 08:45 PM PDT

ប៉ាគីស្ថាន​ ទីភ្នាក់ងារ​ស៊ើបការ​សម្ងាត់អាហ្វហ្គានីស្ថាន​និយាយ​ថា​ពួក​គេ​បាន​ផ្តល់​ភ័ស្តុតាង​ឱ្យ​ប្រទេស​ប៉ាគីស្ថាន ដែល​រក​ឃើញ​ថា​ការ​ធ្វើ​ឃាត​លោក​អតីត​ប្រធានាធិបតី​ Burhanuddin Rabbani កាល​ពី​ខែ​មុន​បាន​ត្រូវ​រៀបចំ​ផែនការនៅ​ក្នុង​ប្រទេស​ប៉ាគីស្ថាន។ ​

អាហ្វហ្គានីស្ថាន​៖ អង្គការ​អូតង់​និយាយ​ថា​មេដឹកនាំ​ជាន់​ខ្ពស់​នៃ​បណ្តាញ​ Haqqani ដែល​ជា​សម្ព័ន្ធមិត្តរបស់​ពួកអាល់កៃដា និង​ពួក​តាលីបាន់​បាន​ត្រូវ​ចាប់​ខ្លួន​នៅ​ក្នុង​ប្រទេសនេះ។

ប៉ាគីស្ថាន​៖ ប៉ូលីស​ប៉ាគីស្ថាន​ម្នាក់​បាន​ត្រូវ​កាត់ទោស​ប្រហារ​ជីវិត​ពីព្រោះ​បាន​ធ្វើ​ឃាត​អភិបាល​ខេត្ត​​អភិរក្ស​និយម​ម្នាក់​ដែល​បាន​ជំទាស់​នឹង​ច្បាប់​ស្តី​ពី​ការ​ប្រមាថ​ព្រះ​អាទិទេព​ដែល​មាន​រឿង​ចម្រូងចម្រាស់​នៃ​ប្រទេស​ប៉ាគីស្ថាន។​

កែនយ៉ា​៖ ពួក​ជន​សកម្មប្រយុទ្ធ​ប្រដាប់​អាវុធ​មួយ​ក្រុម​ដែល​បាន​ចាប់​ពង្រត់​ស្ត្រី​បារាំង​ម្នាក់​នៅ​កែនយ៉ា បាន​គេច​ខ្លួន​រួច​ពី​កងកម្លាំង​កងទ័ពជើង​ទឹក​ ហើយ​បាន​រត់​ចូល​ទៅ​ក្នុង​ប្រទេស​សូម៉ាលី។​

យេម៉ែន​៖ ពួក​មន្ត្រី យេម៉ែន​បាន​និយាយ​ថា​មាន​ទាហាន​យ៉ាង​តិច​ណាស់​បី​នាក់​បាន​ត្រូវ​សម្លាប់នៅ​ក្នុង​កិច្ច​ប្រតិបត្តិការ​មួយ​​ដើម្បី​កម្ចាត់​ពួក​ជន​ជាប់​សង្ស័យ​ថា​ជាពួក​ជន​សកម្មប្រយុទ្ធ​អាល់កៃដា កាល​ពី​ថ្ងៃ​សៅរ៍​ មួយ​ថ្ងៃ​ក្រោយ​ពី​ពួក​មន្ត្រី​បាន​ប្រកាស​អំពីការ​ស្លាប់​នៃ​បព្វជិត​អ៊ីស្លាមនិយម​ជ្រុល​ម្នាក់​ដែល​មាន​ចំណង​ទាក់​ទង​ជាមួយ​ពួក​ភេរវជន។

ស៊ីរី​៖ កង​កម្លាំង​រដ្ឋាភិបាល​ស៊ីរី​ហាក់​ដូច​ជា​បាន​ត្រួតត្រា​ជា​ថ្មី​ក្រុង​ Rastan នៅ​ប៉ែក​កណ្តាល​ប្រទេស ​ដែល​នៅ​​ទី​នោះ​ក្រុម​ទាហាន​រដ្ឋាភិបាល​បាន​ប្រយុទ្ធយ៉ាង​ខ្លាំង​បី​បួន​ថ្ងៃ​ជា​មួយ​ពួក​ទាហាន​រត់ចោល​ជួរ​ដែល​បាន​ចូល​ជាមួយ​​​ក្រុម​ប្រឆាំង។

This posting includes an audio/video/photo media file: Download Now

វិនិយោគ​បរទេស​ជួយ​គាំទ្រ​ការ​លូត​លាស់​សេដ្ឋកិច្ច​កម្ពុជា

Posted: 01 Oct 2011 07:12 PM PDT

មន្រ្តី​កម្ពុជា​និយាយ​ថា​ អត្រា​លូត​លាស់​សេដ្ឋកិច្ច​ជាតិ​ នឹង​ឡើង​លើស​ប្រាំពីរ​ភាគ​រយ​នៅ​ក្នុង​ឆ្នាំ​នេះ។​ ក្រុម​អ្នក​វិភាគ​ហិរញ្ញវត្ថុ​និយាយ​ថា​ ទោះ​បី​ជា​សេដ្ឋកិច្ច​ពិភពលោក​មាន​ដំណើរ​យឺតៗ​ក៏​ដោយ​ ក៏​ប្រទេស​កម្ពុជា​បាន​ប្រុង​ប្រៀប​ជា​ស្រេច​ហើយ​ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​ មួយ​ភាគ​គឺ​ដោយ​មក​ពី​មាន​វិនិយោគ​ដ៏​ខ្លាំង​ពី​បរទេស។​ ក៏​ប៉ុន្តែ​ ប្រាក់​ជា​ច្រើន​ពាន់​លាន​ដុល្លារ​ដែល​ហូរ​ចូល​ទៅ​ក្នុង​ប្រទេស​កម្ពុជា​ក៏​ធ្វើ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​មួយ​ចំនួន​ដែរ​ ចំពោះ​ផល​ប៉ះ​ពាល់​នយោបាយ​និង​សង្គមកិច្ច​ពី​គម្រោង​អភិវឌ្ឃន៍​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​នេះ។

ប្រទេស​កម្ពុជា​បាន​ទទួល​ការ​លូត​លាស់​សេដ្ឋកិច្ច​យ៉ាង​ខ្លាំង​ក្នុង​ពេល​ពីរ​ឆ្នាំ​ចុង​ក្រោយ​នេះ​ ចាប់​តាំង​ពី​មាន​វិបត្តិ​ហិរញ្ញវត្ថុ​ពិភពលោក​ឆ្នាំ​ ២០០៨។​ វិនិយោគ​បរទេស​ ឧស្សាហកម្ម​ទេសចរ​ដែល​រីក​ចម្រើន​ និង​វិស័យ​កសិកម្ម​ដ៏​ខ្លាំង​មួយ​ ជា​កត្តា​គន្លឹះ​នៃ​ការ​លូតលាស់​នេះ។

វិស័យ​សម្លៀក​បំពាក់​និង​វាយនភណ្ឌ​ក៏​មាន​ការ​រីក​ចម្រើន​ល្អ​ដែរ​ ដោយ​ការ​នាំ​ចេញ​នឹង​ត្រូវ​ឡើង​ដល់​ ៤០​ ភាគ​រយ​នៅ​ក្នុង​ឆ្នាំ​នេះ។

លោក​ ស្ទីវ​ ហ៊ីកហ្គិនស៍​ (Stephen​ Higgins)​ ជា​នាយក​ប្រតិបត្តិ​របស់​ធនាគារ​ ANZ​ រ៉ូយ៉ាល់​ នៅ​ទី​ក្រុង​ភ្នំពេញ។

«សេដ្ឋកិច្ច​កម្ពុជា​ប្រហែល​ជា​មាន​ភាព​រឹង​មាំ​ជាង​ពេល​ណាៗ​ទាំង​អស់​ គឺ​ឥត​មាន​ការ​ប៉ះ​ពាល់​ពី​អ្វីៗ​ដែល​កំពុង​កើត​មាន​ឡើង​នៅ​កន្លែង​ដទៃ​ទៀត​ទេ​នៃ​ពិភពលោក។​ ការ​លូត​លាស់​សេដ្ឋកិច្ច​ក្នុង​ឆ្នាំ​នេះ​ យើង​គិត​ថា​នឹង​មាន​អត្រា​ពី​ ប្រាំ​ពីរ​ទៅ​ប្រាំ​បី​ភាគ​រយ​ ហើយ​នៅ​ក្នុង​បរិយាកាស​ធម្មតា​នៃ​ពិភពលោក​ យើង​រំពឹង​ថា​នឹង​មាន​អត្រា​ពី​ ប្រាំ​បី​ទៅ​ដប់​ភាគ​រយ​នៅ​ក្នុង​ពេល​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​ទៀត»។

ក៏​ប៉ុន្តែ​ លោក​ Higgins​ ថ្លែង​ថា​ អតិផរណា​ ត្រូវ​គ្រប់​គ្រង​ឲ្យ​បាន​ ជា​ពិសេស​ទាក់​ទង​ទៅ​នឹង​បញ្ហា​ម្ហូប​អាហារ​ឡើង​ថ្លៃ។

ទោះ​បី​ជា​មាន​ភាព​មិន​ទៀង​ទាត់​នៅ​ក្នុង​ទ្វីប​ អឺរ៉ុប​និង​សហរដ្ឋ​អាមេរិក​ក៏​ដោយ​ ក៏​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ ADB​ បាន​កាក់​ស្មាន​ថា​ការ​លូត​លាស់​ក្នុង​ឆ្នាំ​នេះ​នឹង​មាន​ចំនួន​ ប្រាំ​មួយ​កណ្តក់​សញ្ញា​ប្រាំ​បី​ភាគ​រយ​ ហើយ​រំពឹង​ថា​អត្រា​នឹង​ចុះ​ទាប​តែ​បន្តិច​បន្តួច​ប៉ុណ្ណោះ​នៅ​ឆ្នាំ​ក្រោយ​មួយ​ទៀត។

ក្រុម​អ្នក​វិភាគ​ និយាយ​ថា​អ្នក​វិនិយោគ​បរទេស​ពី​ប្រទេស​ជប៉ុន​ កំពុង​ស្វែង​រក​ជម្រើស​ផ្សេង​ពី​ប្រទេស​ចិន​និង​ថៃ។​ អ្នក​វិនិយោគ​ជប៉ុន​កំពុង​ចូល​រួម​ជា​មួយ​អ្នក​វិនិយោគ​ជា​យូរ​មក​ហើយ​ ដូច​ជា​ប្រទេស​វៀតណាម​និង​កូរ៉េ​ខាង​ត្បូង។

ក៏​ប៉ុន្តែ​ប្រទេស​ចិន​នៅ​ជា​អ្នក​វិនិយោគ​ធំ​ជាង​គេ។​ បណ្តាញ​ព័ត៌មាន​រដ្ឋ​ចិន​រាយការណ៍​ថា​ក្រុម​អ្នក​វិនិយោគ​បាន​ចំណាយ​ប្រាក់​ ប្រាំ​ពាន់​ប្រាំ​រយ​លាន​ដុល្លារ​ ក្នុង​ពេល​ប្រាំ​ពីរ​ខែ​ដំបូង​នៃ​ឆ្នាំ​នេះ។

ក្នុង​ចំណោម​ការ​វិនិយោគ​ មាន​គម្រោង​អភិវឌ្ឍន៍​ទ្រព្យ​ដ៏​ប្រណិត​មួយ​ដែល​មាន​តម្លៃ​ បី​ពាន់​លាន​ដុល្លារ។​ ប្រទេស​ចិន​ក៏​បាន​ផ្តល់​ប្រាក់​សម្រាប់​សំណង់​វារី​អគ្គិសនី​និង​ផ្លូវ​ថ្នល់​ដែរ។​ ហើយ​ធនាគារ​ចិន​ធំៗ​ពីរ​ គឺ​ធនាគារ​ពាណិជ្ជ​និង​ឧស្សាហកម្ម​ចិន​ (Industrial​ and​ Commercial​ Bank​ of​ China)​និង​ ធនាគារ​ចិន​ (Bank​ of​ China)​ បាន​បើក​សាខា​នៅ​ក្នុង​ប្រទេស​កម្ពុជា​នៅ​ក្នុង​ឆ្នាំ​នេះ។

លោក​ ភីធើរ​ ប៊្រិមប៊ិល​ (Peter​ Brimble)​ សេដ្ឋវិទូ​នៃ​ធនាគារ​ ADB​ និយាយ​ថា​ នៅ​ពេល​ដែល​ថវិកា​មក​ពី​ប្រទេស​ចិន​បាន​ទទួល​ការ​ស្វាគមន៍​ ជំនួយ​របស់​ចិន​អាច​មាន​លក្ខខណ្ឌ​ច្រើន។

«ជំនួយ​របស់​ចិន​មាន​ចំណង​ច្រើន។​ គ្មាន​ការ​ដេញ​ថ្លៃ​ទេ។​ ជា​ពិសស​នៅ​ក្នុង​ករណី​ប្រាក់​កម្ចី​ជាជាង​ប្រាក់​អំណោយ​ លោក​អ្នក​អាច​បង់​ថ្លៃ​ច្រើន​ជាង​វត្ថុ​ដែល​បាន​ទទួល​ ពីព្រោះ​ចិន​មិន​មាន​ជំនឿ​លើ​ការ​ដេញ​ថ្លៃ​ទេ។​ ខ្ញុំ​គិត​ថា​រដ្ឋាភិបាល​ដឹង​អំពី​រឿង​នេះ»។

ពួក​អ្នក​រិះ​គន់​និយាយ​ថា​ ឥទ្ធពល​សេដ្ឋកិច្ច​របស់​ចិន​ មាន​ជាប់​ទៅ​នឹង​សេចក្តី​ព្រួយ​បារម្ភ​ខាង​ផ្នែក​នយោបាយ។​ ពួក​គេ​ចង្អុល​ទៅ​រក​ឧប្បត្តិហេតុ​ក្នុង​ឆ្នាំ​ ២០០៩​ នៅ​ពេល​ដែល​ប្រទេស​កម្ពុជា​បញ្ជូន​ជន​ជាតិ​ វីហ្គួរ​អ៊ីស្លាម​ ២០​នាក់​ ដែល​បាន​សុំ​សិទ្ធិ​ជ្រក​កោន​ ក្រោយ​ពី​បាន​រត់​គេច​ពី​អំពើ​ហិង្សា​នៅ​ប្រទេស​ចិន។​ មិន​យូរ​ក្រោយ​ការ​ចេញ​ដំណើរ​របស់​ជន​ទាំង​នេះ​ មន្រ្តី​ជាន់​ខ្ពស់​ចិន​ម្នាក់​បាន​ទៅ​ដល់​ប្រទេស​កម្ពុជា​ ដើម្បី​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​ ១៤​ ដែល​មាន​តម្លៃ​ ៨៥០​ លាន​ដុល្លារ។

លោក​ ដេវីត​ ការទ័រ​ (David​ Carter)​ ប្រធាន​សមាគម​ពាណិជ្ជកម្ម​អូស្រ្តាលី​នៅ​ក្នុង​ប្រទេស​កម្ពុជា​ បាន​ថ្លែង​ថា​ កម្ពុជា​ បាន​ទទួល​ស្វាគមន៍​វិនិយោគ​ពី​ប្រទេស​ចិន។

«ចិន​ពិត​ជា​មាន​ឥទ្ធពល​ខ្លាំង​នៅ​ទី​នេះ។​ ស្ពាន​និង​ផ្លូវ​ថ្នល់​កំពុង​មាន​សង់។​ ដូច្នេះ​ គេ​មាន​អារម្មណ៍​ថា​ មាន​លុយ​ចិន​ច្រើន​នៅ​ទី​នេះ។​ ក៏​ប៉ុន្តែ​ខ្ញុំ​គិត​ថា​ មនុស្ស​ភាគ​ច្រើន​ដឹង​ថា​ មាន​ចំណង​នៅ​ក្នុង​នោះ។​ ដូច្នេះ​ នេះ​ជា​ការ​ល្អ​ហើយ​ តែ​លោក​អ្នក​ត្រូវ​បង់​ប្រាក់​សំណង​នៅ​ថ្ងៃ​ណា​មួយ»។

<!--IMAGE-RIGHT-->

គម្រោង​អភិវឌ្ឍន៍​ពី​ប្រាក់​វិនិយោគ​ទាំង​នោះ​អាច​មាន​ផល​ប៉ះ​ពាល់​យ៉ាង​ខ្លាំង​ទៅ​លើ​ប្រទេស​អាស៊ី​អាគ្នេយ៍​ដ៏​ក្រ​បំផុត​មួយ​នេះ។​ នៅ​ពេល​ដែល​មន្រ្តី​រដ្ឋាភិបាល​បាន​សម្តែង​ការ​​ស្វាគមន៍​ដល់​វិនិយោគ​ទាំង​នេះ​ដើម្បី​តម្លើង​គុណភាព​ហេដ្ឋារចនា​សម្ព័ន្ធ​របស់​កម្ពុជា​ ក៏​មាន​ការ​បណ្តេញ​មនុស្ស​ជា​ច្រើន​ពាន់​នាក់​ចេញ​ពី​លំនៅដ្ឋាន​ ដើម្បី​ជម្រះ​ទី​កន្លែង​សម្រាប់​គម្រោង​ថ្មីៗ​ផង​ដែរ។​ ក្នុង​ឆ្នាំ​ ២០១០​ អង្គការ​សិទ្ធិ​មនុស្ស​ កាក់​ស្មាន​ថា​ មាន​មនុស្ស​ ៣​ ម៉ឺន​នាក់​បាន​ត្រូវ​អាជ្ញាធរ​បង្ខំ​ឲ្យ​ចេញ​ពី​លំនៅដ្ឋាន​របស់​ពួក​គេ​ ដោយ​សារ​គម្រោង​រ៉ែ​ កសិកម្ម​ និង​ វារី​អគ្គិសនី។

អង្គការ​សិទ្ធិ​មនុស្ស​ ឈ្មោះ​ ក្រុម​ការងារ​ពិសេស​សិទ្ធិ​លំនៅដ្ឋាន​ ដែល​បាន​និយាយ​រិះគន់​នយោបាយ​តាំង​ទី​លំនៅ​ថ្មី​របស់​រដ្ឋាភិបាល​ បាន​និយាយ​ថា​ មាន​មនុស្ស​ដល់​ទៅ​ ១៥​ម៉ឺន​នាក់​ដែល​អាច​ត្រូវ​បង្ខំ​ឲ្យ​ចេញ​ពី​លំនៅដ្ឋាន​របស់​គេ​ នៅ​ក្នុង​ពេល​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ។​ អង្គការ​នេះ​និយាយ​ថា​ មាន​មនុស្ស​យ៉ាង​តិច​ ចំនួន​ ៨​ម៉ឺន​នាក់​ នឹង​ត្រូវ​បណ្តេញ​ចេញ​ពី​រាជធានី​ភ្នំពេញ​តែ​មួយ។

លោក​ ហង្ស​ ឆាយ៉ា​ នាយក​ប្រតិបត្តិ​នៃ​វិទ្យាស្ថាន​ខ្មែរ​ដើម្បី​លទ្ធិ​ប្រជាធិតេយ្យ​ ថ្លែង​ថា​ អ្នក​វិនិយោគ​បរទេស​ ត្រូវ​គោរព​សិទ្ធិ​មនុស្ស​ ដើម្បី​រក្សា​ទំនាក់​ទំនង​ឲ្យ​បាន​យូរ​នៅ​ក្នុង​ប្រទេស​កម្ពុជា។

«ទំនាក់​ទំនង​ណា​មួយ​ជា​មួយ​ប្រទេស​ចិន​ត្រូវ​តែ​ធ្វើ​ ដោយ​យោង​ទៅ​តាម​ការ​គោរព​សិទ្ធិ​មនុស្ស​និង​លទ្ធិ​ប្រជាធិតេយ្យ​នៅ​ក្នុង​ប្រទេស។​ ហើយ​នេះ​ជា​ករណី​ដែល​មិន​មាន​ធ្វើ​ទេ​នៅ​ក្នុង​ជម្រើស​របស់​រដ្ឋាភិបាល​ដើម្បី​ធ្វើ​ការ​ទាក់​ទង​ជា​មួយ​ប្រទេស​ចិន»។

សមិទ្ធិ​សេដ្ឋកិច្ច​របស់​កម្ពុជា​នឹង​លេច​ឃើញ​ច្បាស់​នៅ​ក្នុង​ឆ្នាំ​ ២០១២​ នៅ​ពេល​ដែល​រាជធានី​ភ្នំពេញ​នឹង​ធ្វើ​ជា​អ្នក​ទទួល​ភ្ញៀវ​នៃ​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ​ក្នុង​តំបន់​ របស់​សមាគម​ប្រទេស​អាស៊ី​អាគ្នេយ៍​ ហៅ​កាត់​អាស៊ាន​(ASEAN)។

ក្រុម​អ្នក​វិភាគ​និយាយ​ថា​ អនាគត​សេដ្ឋកិច្ច​របស់​កម្ពុជា​មាន​ការ​ពឹង​ផ្អែក​កាន់​តែ​ខ្លាំង​ឡើង​ទៅ​លើ​ភ័ព្វ​វាសនា​នៃ​ប្រទេស​ជិត​ខាង​របស់​ខ្លួន​ ដូច​ជា​ ថៃ​ វៀតណាម​ ឡាវ​ និង​ ប្រទេស​ជិត​ខាង​នៅ​ឆ្ងាយ​ទៅ​ខាង​ជើង​ គឺ​ប្រទេស​ចិន៕

ប្រែ​សម្រួល​ដោយ​ កែរ យ៉ាន

This posting includes an audio/video/photo media file: Download Now

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!