VOA News: ព័ត៌មាន: “ជន​សង្ស័យ​ក្នុង​សាលាក្តី​ខ្មែរ​ក្រហម​ព្រមាន​មិនឱ្យ​បន្ត​ការ​កាត់​ទោស​បន្ថែម” plus 10 more

VOA News: ព័ត៌មាន: “ជន​សង្ស័យ​ក្នុង​សាលាក្តី​ខ្មែរ​ក្រហម​ព្រមាន​មិនឱ្យ​បន្ត​ការ​កាត់​ទោស​បន្ថែម” plus 10 more


ជន​សង្ស័យ​ក្នុង​សាលាក្តី​ខ្មែរ​ក្រហម​ព្រមាន​មិនឱ្យ​បន្ត​ការ​កាត់​ទោស​បន្ថែម

Posted: 06 Oct 2011 02:18 PM PDT

លោក​មាស មុត​ជនសង្ស័យ​ម្នាក់​ក្នុង​សំណុំ​រឿង​លេខ​០០៣​និង​ជា​អតីត​មន្ត្រី​យោធា​ជាន់ខ្ពស់​ខ្មែរ​ក្រហម​បាន​ស្នើ​កុំ​ឱ្យ​កាត់ទោស​លើស​ពី ចំនួន​ជន​ជាប់​ចោទ​ដែល​កំពុង​ជាប់​ឃុំ​ក្នុង​តុលាការ​ខ្មែរ​ក្រហម។ លោកខេមរា​នៃ​វីអូអេ​សំឡេង​សហរដ្ឋ​អាមេរិក​បាន​ទៅ​សម្ភាស​ដោយ​ផ្ទាល់​ជាមួយ​លោក​មាស មុត​នៅ ឯ​លំនៅដ្ឋាន​របស់​លោក​ក្នុង​ខេត្ត​បាត់​ដំបង​ក្រោយ​ពី ឈ្មោះ​របស់​លោក​ត្រូវ​បាន​បង្ហាញ​ក្នុង​ឯកសារ​មួយ​របស់​សាលាក្តី។ តទៅនេះ​សូម​លោក​អ្នក​ស្តាប់​បទសម្ភាសន៍​​នេះ​ដូចតទៅ៖

<!--AV-->

ស៖​ ហេតុ​អី​ដែរ​បាន​អញ្ជើញ​មក​រស់​នៅ​ទី​នេះ​ បាទ?

ឆ៖ មែនទែន​ សម័យ​តស៊ូ​ជា​មួយ​យួន​ហ្នឹង​ ក៏​មក​នៅ​តាម​ព្រំដែន​ហ្នឹង​តែ​ម្តង​ បាទ។

ស៖​ នៅ​ទី​នេះ​ វា​មាន​របៀប​ថា​ស្រួល​ឬ​ក៏​ពិបាក ឬ​ក៏​យ៉ាង​ម៉េច​ដែរ?

ឆ៖​ ការ​ពិត​ យើង​ធ្លាប់​លំបាក​ហើយ​ មក​នៅ​កន្លែង​នេះ​ វា​ទៅ​ជា​កន្លែង​ស្រួល​ទៅ​វិញ។

ស៖​ ថ្មីៗ​នេះ​ មាន​ការ​ចេញ​ដូច​ថា​ចោទ​ប្រកាន់ពី​ព្រះ​រាជ​អាជ្ញា បរទេស​ ទាក់​ទង​ទៅ​នឹង​រឿង​ការ​កាប់​សម្លាប់​កាល​សម័យ​ខ្មែរ​ក្រហម​ តើ​នៅ​ពេល​នោះ​មាន​ការ​បញ្ជូន​ដូច​ជា​កង​ទ័ព​អី​ដើម្បី​ទៅកាន់​ ស-​២១​ ឬ​ក៏​កន្លែង​ ឌុច​ នោះ​ ដើម្បី​ឲ្យ​គេ​កាប់​សម្លាប់​អញ្ចឹង​មែន​ ឬ​ក៏​លោក​មាន​ការ​បក​ស្រាយ​យ៉ាង​ដូច​ម៉េច​វិញ​​ដែរ?

ឆ៖​ តាម​ខ្ញុំ​មើល​គឺ​ អាច​មាន​ខ្លះ​ បាទ​ ប៉ុន្តែ​ឲ្យ​វា​ជា​ចំនួន​ច្រើន​ដូច​តែ​គេ​ទាយ​នោះ​វា​មិន​ពិត​ទេ​ តែ​ខ្ញុំ​ថាអាច​​មាន​ខ្លះ។​ ដែលខ្ញុំថាអាច មានខ្លះតាម​វិធី​អញ្ចេះ​ ខាង​សេនាធិការ​ គេ​ហៅ​ឲ្យ​ទៅ​រៀន​សូត្រ​ បាទ​ ដល់​រួច​ហើយ​ទៅ​គេ​ប្រាប់​មក​អង្គភាព​វិញ​ថា​ ឈ្មោះ​នេះ​ ឈ្មោះ​នេះ​ ប៉ុន្មាន​នាក់​នេះ​គេមិន​ឲ្យ​ត្រឡប់​ទៅ​អង្គភាព​វិញ​ទេ។​ ហើយខាង​​សេនាធិការ​ គេ​បញ្ជូន​ទៅ​ ស-២១​ ទៅ​ ហើយ​ខាង​អង្គភាព​មែន​ទែន​​ឥត​ដឹង​ថា​រឿង​ហ្នឹង​វា​យ៉ាង​ម៉េចអី​យ៉ាង​ម៉េច​ទេ។​ អា​នេះ​ខ្ញុំ​និយាយ​ចំពោះ​អង្គភាព​ដែល​ខ្ញុំ​ទទួល​ខុស​ត្រូវ​ វា​មាន​បញ្ហា​ហ្នឹង​ខ្លះ។​ មួយ​ករណី​ឬ​ពីរ​ករណី​ អញ្ចឹង បាទ។

ស៖​ នៅ​ក្នុង​នោះ​ បើ​សិន​ជា​គេ​​ហៅ​ទៅ​រៀន​សូត្រ​ហៅ​ទៅ​អី​អញ្ចឹង​ មាន​ចំ​នួន​ច្រើន​ទេ​នៅ​ពេល​នោះ​ ហើយ​តើ​ហេតុ​អី​បាន​ជា​អាច​ទៅ​រៀន​សូត្រ​ តើ​មាន​ទោស​កំហុស​អី​របៀប​ណា?

ឆ៖​ ខាង​អង្គភាព​មែន​ទែន​ដូច​ជា​ខាង​ខ្ញុំ​អញ្ចឹង​ មែន​ទែន​មិន​បាន​ដឹង​បញ្ហា​ហ្នឹង​ច្បាស់​លាស់​​ថា​យ៉ាង​ម៉េច​ទេ​ ប៉ុន្តែ​ជា​ទម្លាប់​ខាង​សេនាធិការ​ដែល​ទទួល​ខុស​ត្រូវ​គ្រប់​​​កងពល​ហ្នឹង​គេ​តែង​ហៅ​មេៗ​ថ្នាក់​មធ្យម​ថ្នាក់​ក្រោម​នោះ​ទៅ​រៀន​សូត្រ​នៅ​កន្លែង​គេ។​ អាហ្នឹង​វា​ជា​របៀបរបប​ធ្វើ​ការ​ងារ​របស់​គេ​មួយ។​ មួយ​ឆ្នាំ​បី​ដង​ មួយ​ឆ្នាំ​បួន​ដង​អី​អញ្ចឹង​ បាទ។​ ទៅ​ម្តង​ មួយ​កងពល​ ២០​ ឬ​ ៣០​ ឬ​រហូត​ដល់​កងពល​ខ្លះ​ ៥០​ ឬ​ ៦០​ នាក់​ក៏​មាន​ដែរ។

ស៖​ នៅ​ក្នុង​ការណ៍​ដែល​ឯកសារ​​របស់​តុលាការ​ចេញ​មក​នោះ​ បាន​ចោទ​ប្រកាន់​អំពី​រឿង​ហ្នឹង​ថា​ អ្នក​ទទួល​ខុស​ត្រូវ​សម័យ​នោះ​គឺ​ក្នុង​កងពល​ ១៦៤​ អញ្ចឹង​បាន​ទាក់​ទង​ទៅ​នឹង​បទ​ឧក្រិដ្ឋ​ហ្នឹង។​ ហើយ​មាន​ជាប់​ទាក់ទង​​ទៅ​នឹង​ការ​បង្ខិត​បង្ខំ​ឲ្យ​ធ្វើ​ការ​ងារ​ហួស​កម្លាំង​ ឬ​ក៏​ធ្វើ​មនុស្សឃាត​ និង​ចាប់​​បញ្ជូន​ទៅ​ដើម្បី​ឲ្យ​ ស-២១​ កន្លែង​ ឌុច​ សម្លាប់។​ តើ​រឿង​ហ្នឹង​ វា​ពិត​ប៉ុណ្ណា​មិន​ពិត​ប៉ុណ្ណា​ ហើយ​វា​ទាក់​ទង​យ៉ាង​ម៉េច​ខ្លះ​ បាទ?

ឆ៖​ នៅ​កន្លែង​ខ្ញុំ​មែន​ទែន​ មិន​មាន​ប្រជាជន​ទេ​ បាទ​ ហ្នឹង​មួយ។​ ទី​ពីរ​គឺ​មាន​តែ​កងទ័ព​ហើយ​នឹង​គ្រួសារ​កងទ័ព​ ដូច្នេះ​ការ​បង្ខិត​បង្ខំ​ឲ្យ​ធ្វើ​ការ​ងារ​អីៗ​ នៅ​កន្លែង​ខ្ញុំ​គ្មាន​ទេ​ បាទ។

ស៖​ ប៉ុន្តែ​ ដល់​ពេល​ឯកសារ​នេះ​​ចេញ​មក​យ៉ាង​អញ្ចឹង​ តើ​គេ​មាន​ភស្តុតាង​ មាន​ស៊ើប​សួរ​មក​ដល់​កន្លែង​នេះ​ទេ​ ឬ​ក៏គេ​បាន​ពី​ណា​ពី​ណី​មក?

ឆ៖​ ខ្ញុំ​មិន​ដឹង​ថា​ ខាង​គេ​បាន​ឯកសារ​ហ្នឹង​ពី​ណា​ទេ​ ហើយ​ការ​មក​សាក​សួរអី​ខ្ញុំ​ ​ក៏​មិន​ដែល​មាន​ដែរ​ បាទ។

ស៖​ នៅ​ក្នុង​នេះ​ សហ​ព្រះ​រាជ​អាជ្ញា​ជាតិ​ដូច​ជា​អត់​មានការ​​យល់​ព្រម​ដើម្បី​ចាប់​ខ្លួន​ជន​ប្រាំ​នាក់​បន្ថែម​ទៀត​នោះ​ទេ​ តើ​ក្នុង​នាម​លោក​ជា​អ្នក​ទទួល​ខុស​ត្រូវ​ម្នាក់​នៅ​ក្នុង​របបនោះ​​ ក្នុង​កងពល​ ១៦៤​ ហ្នឹង​ តើ​យល់​ឃើញ​យ៉ាង​ម៉េច​ពី​ការណ៍​ដែល​ចេញ​ឯកសារ​នេះ​ ហើយ​សហ​ព្រះ​រាជ​អាជ្ញា​ជាតិ​មិន​ចង់​ធ្វើ​ តែ​ព្រះ​រាជ​អាជ្ញា​អន្តរជាតិ​គេ​ចង់​ធ្វើ​នោះ​ បាទ?

ឆ៖​ ខ្ញុំ​គិត​ថា​ព្រះ​រាជ​អាជ្ញា​ជាតិ​ ដែល​គាត់​មិន​ចង់​ធ្វើ​នោះ​គឺ​ត្រឹម​ត្រូវ​ ពីព្រោះ​បើ​ធ្វើ​នោះ​វា​ហួស​ច្បាប់​ ពីព្រោះ​ច្បាប់​កាត់​ទោស​ខ្មែរ​ក្រហម​គេ​កម្រិត​ត្រឹម​តែ​ថា​អ្នក​ដឹកនាំ​ខ្ពស់​បំផុត​ហើយ​នឹង​អ្នក​ដែល​ទទួល​ខុស​ត្រូវ​ខ្ពស់​បំផុត។​ ឥឡូវ​អ្នក​ដែល​ដឹក​នាំ​ខ្ពស់​បំផុត​និង​ទទួល​ខុស​ត្រូវ​ខ្ពស់​បំផុត​ហ្នឹង​ វា​នៅ​ឯ​ហ្នុង​​ហើយ។​ បើ​យក​អ្នក​ក្រៅ​ពី​ហ្នឹង​ទៀត​ អាហ្នឹង​វា​ហួស​ច្បាប់​ហើយ​​ ហើយបើ​ហួស​ច្បាប់​ ក្រែង​វា​មាន​បញ្ហា​ វា​មិន​ស្រួល​ដល់​សង្គម​ ដល់​សន្តិសុខ​ជាតិ​របស់​ខ្មែរ​យើង​ បាទ។​ អាហ្នឹង​ ខ្ញុំ​គិត​ឃើញ​ថា បើ​ហួស​អាហ្នឹង​​វា​ប៉ះ​ពាល់​ហើយ។

ស៖​ ប៉ះ​ពាល់​សំដៅ​យ៉ាង​ម៉េច​ខ្លះ​ បាទ?

ឆ៖​ ទី​មួយ​គឺ​ខុស​ច្បាប់​ បាទ។​ ច្បាប់​គេ​កម្រិត​​ត្រឹម​ប៉ុណ្ណេះ​ យើង​ធ្វើ​ហួស​ច្បាប់​ បាទ។​ ហើយ​ទី​ពីរ​ បើ​ធ្វើ​ហួស​ពី​ហ្នឹង​ទៀត​ វា​ប៉ះ​ពាល់​កម្លាំង​ដែល​កំពុង​តែ​ការ​ពារ​ព្រំដែន​ កម្លាំង​ដែល​កំពុង​តែ​រក្សា​សន្តិសុខ​ជាតិ​ បាទ។​ ឧបមា​ថា​ឥឡូវ​ប្រលេះ​មួយ​ទៀត​ ប្រលេះ​ពីរ​ទៀត​ ប្រលេះ​ប្រាំ​ទៀត​ ប្រលេះ​ប្រាំ​ហ្នឹង​វា​អត់​បញ្ហា​អី​ទេ​ ប៉ុន្តែ​អា​អ្នក​នៅ​ប៉ុន្មាន​ទៀត​នោះ​​ វា​នឹក​ថា​​​មុខ​តែ​ដល់​អញ​ទៀត​ បាទ​ អាហ្នឹង​ហើយ​ដែល​វា​គ្រោះ​ថ្នាក់​ អាហ្នឹង​ដែល​ហៅ​ថា​ប៉ះ​ពាល់​ គឺ​អញ្ចឹង។​ ទោះ​តិច​ទោះ​ច្រើន​វា​មាន​ មិន​អត់​ទេ​ បាទ។

ស៖​ នៅ​ក្នុង​សម័យ​ហ្នឹង​ ឃើញ​មាន​ការ​ចោទ​ប្រកាន់​ដែរ​នៅ​ក្នុង​ឯកសារ​នេះ​មិន​ដឹង​ថា​រឿង​នោះ​ពិត​ប៉ុណ្ណា​ ដែល​ថា​មាន​ជន​ជាតិ​វៀតណាម​អី​ត្រូវ​សម្លាប់​នៅ​ក្នុង​ពេល​ដែល​លោក​គ្រប់​គ្រង​កង​ពល​ហ្នឹង​ ហើយ​ចាប់​ជន​ជាតិ​ថៃ​អី​ តើ​រឿង​ហ្នឹង​យ៉ាង​ម៉េច​ដែរ​ បាទ?

ឆ៖ តាម​ពិត​​ ​នែ៎​ ខាង​ខ្ញុំ​មិន​ដែល​ដឹង​ មិន​ដែល​​ឮរឿង​ហ្នឹង​ទេ​ បាទ​ ហើយ​នៅ​កន្លែង​ខ្ញុំ​ គ្មាន​យួន​គ្មាន​សៀម​អី​ទេ​ បាទ។

ស៖​ បើ​ នៅ​ក្នុង​ករណី​នេះ​សហព្រះ​រាជអាជ្ញា​ជាតិ​មិន​បាន​យល់​ព្រម​ទៅ​នឹង​ការ​ចាប់​ខ្លួន​ជន​ទាំង​ប្រាំ​នាក់​បន្ថែម​ទៀត​នោះ​ទេ​ តែ​បើ​សិន​​ជា​ថ្ងៃ​ក្រោយ​បើ​រឿង​ករណី​ហ្នឹង​កើត​ឡើង​ជា​យថាហេតុ​ណា​មួយ​ គេ​មក​នាំ​ខ្លួន​លោក​ទៅ​កាន់​តុលាការ​ អញ្ចឹង​ តើ​សុខ​ចិត្ត​ទៅ​ ឬ​ក៏​តវ៉ា​តាម​ផ្លូវ​ច្បាប់​យ៉ាង​ម៉េច​ខ្លះ​បាទ?

ឆ៖​ នែ៎​​ បើ​រដ្ឋាភិបាល​គេ​សម្រេច​ហើយ​ អាហ្នឹង​ខ្ញុំ​ត្រូវ​ធ្វើ​តាម​ហ្នឹង​ហើយ​ បាទ​ ក៏​ប៉ុន្តែ​ក៏​ត្រូវ​វែក​ញែក​ឲ្យ​វា​ច្បាស់​លាស់​ដែរ បាទ​ តើ​ច្បាប់​វា​កម្រិត​ត្រឹម​ប៉ុណ្ណឹង​ ហើយ​ធ្វើ​ហួស​ពី​ហ្នឹង​ទៀត​តើ​ច្បាប់​ហ្នឹង​វា​យ៉ាង​ម៉េច?​ បាទ​ អា​ហ្នឹង​មួយ​ ប៉ុន្តែ​ទី​ពីរ​ បើ​ធ្វើ​ទៅ​ វា​ប៉ះ​ពាល់​ដល់​កិច្ច​ការ​ងារ​សន្តិសុខ​របស់​ជាតិ​យ៉ាង​ម៉េច​ បាទ?​ វា​ប៉ះ​បាល់​ដល់​អ្នក​ដែល​នៅ​បន្ត​ទៅ​ទៀត​ ពីព្រោះ​ខ្មែរ​ក្រហម​វា​មិន​មែន​តែ​ពីរ​បី​នាក់​នោះ​ឯ​ណា​ វា​ច្រើន​ដែរ​បាទ​ នៅ​ក្នុង​នៅ​ក្រៅ​ នៅ​ជិត​នៅ​ឆ្ងាយ​អី​ វា​មាន​ទាំង​អស់​តែ​គ្នា​មែន​ទែន​ ខ្មែរ​ពេល​ហ្នឹង​ បាទ។

ស៖​ ការ​បែក​ធ្លាយ​ឯកសារ​ យ៉ាង​អញ្ចឹង​ តើ​លោក​គិត​ថា​ភ័យ​បារម្ភ​អំពី​រឿង​អ្វី​ខ្លះ​ទៅ​ បាទ?

ឆ៖​ ទេ​ ខ្ញុំ​ដូច​ជា​ ការ​ថា​ភ័យ​ ថា​ព្រួយ​ ថា​បារម្ភ​អី​ ខ្ញុំ​ដូច​គ្មាន​អី​ទេ​ បាទ​ ពីព្រោះ​ខ្ញុំ​គិត​អញ្ចេះ​ បាទ​ មួយ​ មនុស្ស​យើង​ម្នាក់ៗ​គ្មាន​អ្នក​ណា​អាយុ​ ៨០​ ពីរ​ដង​ទេ​ បាទ​ ហើយ​បើ​ឯកសារ​ហ្នឹង​វា​ធ្លាយ​វា​អីៗ​អញ្ចឹង​ អាហ្នឹង​វា​ជា​រឿង​របស់​តុលាការ​ទេ​ បាទ​ តុលាការ​ធ្វើ​ការងារ​វា​មិន​ហ្មត់ចត់​ វា​មិន​ប្រាកដ​ប្រជា​ វា​ធ្វើ​ឲ្យ​បែក​ធ្លាយ។​ អា​នេះ​បើ​និយាយ​ បើ​ខ្ញុំ​គិត​ទេ​ណា​ ខ្ញុំ​គិត​ថា​ នែ៎​ វា​ដូច​ជា​អុច​ឲ្យ​រត់​ អុច​ធ្វើ​ឲ្យ​មនុស្ស​ដែល​មាន​ខ្លួន​ហ្នឹង​ វា​​រត់​ចូល​ព្រៃ​ហើយ​ ព្រោះ​មនុស្ស​គ្មាន​អ្នក​ណា​សុខចិត្ត​ងាប់​ទេ។​ តែ​ខ្ញុំ​ ខ្ញុំ​អត់​មាន​ទៅ​ភ័យ​អត់​មាន​ទៅ​ព្រួយ​អី​ទេ។

ស៖​ ការ​ចូល​រួម​ត​ស៊ូ​សម័យ​នោះ​ តើ​មាន​ល័ក្ខខ័ណ្ឌ​យ៉ាង​ម៉េច​ ហើយ​ប្តេជ្ញា​ចិត្ត​យ៉ាង​ម៉េច​ដែល​បាន​ចូល​រួម​នៅ​ក្នុង​ចលនា​ខ្មែរ​ក្រហម​ ហើយ​នៅ​ឆ្នាំ​ណា​ដល់​ឆ្នាំ​ណា​ យ៉ាង​ម៉េច​ទៅ​បាទ​ប្រវត្តិ​តស៊ូ​នោះ?

ឆ៖​ នែ៎​ មែន​ទែន​វា​វែង​បន្តិច​ ប៉ុន្តែ​ឥឡូវ​ មិន​បាច់​និយាយ​វែង​ទេ​ ខ្ញុំ​និយាយ​ខ្លី​ទេ។​ រឿង​ដែល​ធំ​គឺ​ ឧបមា​ថា​តុលាការ​ហ្នឹង​ក៏​ដោយ​ យើង​ត្រូវ​ដឹង​ឲ្យ​ច្បាស់​ថា​ ដើម​ចោទ​នៃ​បញ្ហា​វា​ចេញ​មក​ពី​ប្រភព​ណា?​ គឺ​ដោយសារ​មាន​រដ្ឋ​ប្រហារ​ ១៨​ មិនា​ ១៩៧០​ ហើយ​តាម​សេចក្តី​អំពាវនាវ​របស់​សម្តេចឪ​ នាំ​ឲ្យ​មហាជន​ខ្មែរ​យើង​គ្រប់​ទិស​ទី​ គ្រប់​កន្លែង​ទាំង​អស់​រត់​ប្រមូល​ផ្តុំ​គ្នា​ងើប​ឡើង​តស៊ូ។​ អញ្ចឹង​នែ៎​ ដើម​ចម​ មេ​ធំ​របស់​ខ្មែរ​ក្រហម​ ទី​មួយ​គឺ​អាមេរិក​ ហើយ​ទី​ពីរ​គឺ​សម្តេច​ឪ​ បាទ។​ ឯ​តុលាការ​យក​ប៉ុន្មាន​នាក់​ទៅ​កាត់​ក្តី​សូន្យ​ពីរ​ហ្នឹង​ ខ្ញុំ​ថា​មិន​ទាន់​ចំ​មេ​មែន​ទែន​នៅ​ឡើយ​ទេ​ បាទ។​ ពីព្រោះ​រឿង​វា​អញ្ចឹង​ បើ​សិន​ណា​ជា​គ្មាន​អាមេរិក​ បញ្ឆេះ​ឲ្យ​ លន់​ នល់​ ធ្វើ​រដ្ឋ​ប្រហារ​ ក៏​អត់​កើត​ខ្មែរ​ក្រហម​ ហើយ​បើ​កុំ​មាន​ការ​អំពាវនាវ​របស់​សម្តេច​ឪ​ឲ្យ​កូន​ចៅ​រត់​ចូល​ព្រៃ​ម៉ាគី​តស៊ូ​ ក៏​អត់​មាន​ខ្មែរ​ក្រហម​ បាទ។​ រឿង​វា​សរុប​មក​ វា​នៅ​ត្រង់​ហ្នឹង​ បាទ។​ អញ្ចឹង​បាន​ថា​ នែ៎​ បើ​តែ​លេង​តែ​ពាក់​កណ្តាល​ផ្លូវ​ វា​ហ្នឹង​វា​ដូច​ជា​ ខ្ញុំ​ថា​ដូច​ជា​វាអត់​សូវ​ជា​ស្រួល​បួល​ បាទ។​ ខ្ញុំ​និយាយ​ខ្លី​តែ​ប៉ុណ្ណឹង​ចុះ​ បាទ។

ស៖​ នៅ​ក្នុង​សម័យ​នោះ​ ដូច​ជា​មាន​ការ​ឈ្លោះ​ប្រកែក​គ្នា​ បើ​តាម​លោក​ នួន​ ជា​ គាត់​បាន​បញ្ជាក់​ថា​ នៅ​ក្នុង​កុន​ឯកសារ​របស់​លោក​ ថេត​ សម្បត្តិ​ នោះ​បាន​បញ្ជាក់​ថា​ ដូច​ជា​គាត់​កំទេច​ក្រុម​អ្នក​ដែល​សត្រូវ​របស់​ប្រជាជន​នៅ​ពេល​កសាង​មនុស្ស​នោះ​មិន​បាន​ គាត់​ចាប់​យក​មក​ដើម្បី​កសាង​សិន។​ តើ​ពាក្យ​សំដី​អស់​នោះ​មើល​ទៅ​មាន​លក្ខណៈ​ឬ​ក៏​ទ្រង់​ទ្រាយ​មិន​ដឹង​ជា​ខុស​ប្លែក​ពី​សម័យ​មុន​ហ្នឹង​ឬ​ក៏​លោក​ចាត់​ទុក​ថា​យ៉ាង​ម៉េច​ដែរ​ បាទ?

ឆ៖​ ខ្ញុំ​ នែ៎​ ខ្ញុំ​ធ្លាប់​មើល​រឿង​ សាមកុក​ បាទ។​ ស៊ុន អ៊ួ​ គាត់​ថា​ សុខចិត្ត​គាត់​ក្បត់​គេ​ ធ្វើ​ម៉េច​កុំ​ឲ្យ​តែ​គេ​ក្បត់​គាត់។​ អ្នក​ឯង​ប្រឆាំង​និង​ខ្ញុំ​ ដាច់​ខាត​ខ្ញុំ​ត្រូវ​តែ​មិន​ទុក​ បាទ។​ ហើយ​ខ្ញុំ​ឃើញ​ថា​បញ្ហា​ហ្នឹង​ ប្រហែល​ជា​តាម​ដំណើរ​ហ្នឹង​ បាទ។​ ហើយ​សូម្បី​តែ​នៅ​ក្នុង​ប្រទេស​ណា​ក៏​អញ្ចឹង​ដែរ​ ឥឡូវ​ក៏​អញ្ចឹង​ដែរ​ បាទ។​ ឥឡូវ​យើង​មើល​នៅ​អាហ្វ្រិក​ អារ៉ាប់​ បាទ​ ប្រទេស​មួយ​ចំនួន​មាន​បាតុកម្ម​មាន​អីៗ​ នៅ​ ស៊ីរី​ ប៉ុន្មាន​ថ្ងៃ​នេះ​បាញ់​ងាប់​មិន​មែន​តិច​ទេ។​ អាហ្នឹង​ប្រឆាំង​ហើយ​ គេ​ម៉េច​នឹង​ទុក​អ្នក​ឯងឲ្យ​នៅ​ប្រឆាំង​នឹង​គេ​ត​ទៅ​ទៀត។

ស៖​ នៅ​ក្នុង​សម័យ​នោះ​ មាន​ការ​ថា​ការ​កាប់​សម្លាប់​ហ្នឹង​ ចេញ​ពី​ការ​មិន​ទុក​ចិត្ត​គ្នា​ ឈ្លោះ​គ្នា​អ្នក​ថ្មី​ទៅ​ចូល​ទៅ​ មាន​អ្នក​ចាស់​មិន​សប្បាយ​ចិត្ត​ទៅ​ មាន​ការ​មិន​ទុក​ចិត្ត​គ្នា​ តើ​លោក​បាន​ឃើញ​ព្រឹត្តិការណ៍​នោះ​យ៉ាង​ម៉េច​ខ្លះ​ដែរ​ តើ​រឿង​ហ្នឹង​វា​កើត​ឡើង​ដោយសារ​អញ្ចឹង​មែន​ ឬ​មាន​ការ​បញ្ជា​ពី​ក្បាល​ម៉ាស៊ីន​ទៅ​ថា​ត្រូវ​តែ​កម្ចេច​អ្នក​នេះ​អ្នក​នោះ​ ឲ្យ​អ្នក​នេះ​កម្ចេច​អ្នក​នោះ​ អ្នក​នោះ​កម្ចេច​អ្នក​នេះ​អញ្ចឹង​ឬ​ក៏​យ៉ាង​ម៉េច​ដែរ​ បាទ?

ឆ៖​ ខ្ញុំ​ឃើញ​បញ្ហា​ហ្នឹង​វា​អាច​មាន​ ក្នុង​ស្ថានភាព​ដែល​ការ​គ្រប់​គ្រង​វា​នៅ​ថ្មី​ អញ្ចឹង​ការ​គ្រប់​គ្រង​វា​អត់​ជុំ​ទេ។​ ហើយ​ទី​ពីរ​ គឺ​ថា​អ្នក​ដែល​គេ​មាន​គំនិត​ប្រឆាំង​ជា​មួយ​នឹង​ការ​គ្រប់​គ្រង​ឡើង​កាន់​អំណាច​របស់​ខ្មែរ​ក្រហម​ហ្នឹង​ក៏​មិន​មែន​តិច​ទេ​ ពី​ខាង​អាមេរិក​ក៏​មាន​ ពី​ប្រទេស​ជិត​ខាង​ដូច​ជា​យួន​ក៏​មាន។​ អញ្ចឹង​ ភ្នាក់ងារ​របស់​គេ​វា​នៅ​ក្នុង​ហ្នឹង​ បាទ។​ គេ​ធ្វើ​សកម្មភាព​អុច​ ដើម្បី​ធ្វើ​យ៉ាង​ម៉េច​គឺ​ថា​ឲ្យ​រដ្ឋ​អំណាច​ហ្នឹង​វា​រលុង​រលាយ​ តាម​គោលការណ៍​មួយ​ដែល​គេ​និយាយ​ថា​ នែ៎​ «ដុត​ឲ្យ​ខ្លោច​ រោច​​ឲ្យ​ឆៅ»។​ តាម​ខ្ញុំ​មើល​គឺ​អាច​បញ្ហា​ហ្នឹងគឺ​អញ្ចឹង​ បាទ។

ស៖​ ប៉ុន្តែ​ កាល​ដែល​នៅ​ក្នុង​កងពល​អី​ហ្នឹង​ មាន​ការ​ដាក់​បញ្ជា​ថា​នឹង​យក​អ្នក​នេះ​ទៅ​ឲ្យ​ ឌុច​ ដើម្បី​កម្ចេច​ចោល​ ឬ​ក៏​សម្លាប់​អី​ ឬ​ក៏​យ៉ាង​ម៉េច​ បាទ?

ឆ៖​ ខាង​ខ្ញុំ​ ដូច​មិន​មាន​បទ​បញ្ចា​ឲ្យ​នាំ​ទៅ​អញ្ចឹង​ទេ។​ ខ្ញុំ​ឃើញ​មាន​តែ​ម្តង​ដែល​ហៅ​ទៅ​រៀន​សូត្រ​ហើយ​ បី​នាក់​គេ​ប្រាប់​មក​វិញ​ថា​គេ​ទុក​នៅ​ឯ​នោះ​ហើយ​មិន​ឲ្យ​ត្រឡប់​មក​អង្គភាព​វិញ​ទេ។

ស៖​ គាត់​ខុស​អី​ដែរ​ អ្នក​បី​នាក់​នោះ?

ឆ៖​ នែ៎​ ខ្ញុំ​ពិនិត្យ​ទៅ​វា​ដូច​ជា​មិន​ឃើញ​មាន​អី​ទេ។​ ពីព្រោះ​ ជួន​ណា​យើង​ក្តាប់​ប្រវត្តិ​គេ​ពី​ដើម​មក​វា​វែង​ មក​វា​អត់​បាន​ ហើយ​ខាង​នោះ​គេ​ក្តាប់​បាន​យ៉ាង​ម៉េច​អាហ្នឹង​ក៏​យើង​មិន​ដឹង​ដែរ។

ស៖​ កាល​ពី​ឆ្នាំ​ ១៩៩៦​ រដ្ឋាភិបាល​បាន​សន្យា​ថា​មិន​យក​ទោស​ពៃរ៍​ជន​ទាំង​ឡាយ​ដែល​ចេញ​ពី​ចលនា​តស៊ូ​ខ្មែរ​ក្រហម​ ហើយ​សុខចិត្ត​ឲ្យ​មក​រួម​រស់​ជា​មួយ​សង្គម​វិញ​ ប៉ុន្តែ​ដល់​ក្រោយ​មក​មេ​ដឹក​នាំ​ប្រាំ​នាក់​ត្រូវ​យក​ទៅ​ជំនុំ​ជម្រះ​ទោស​ ហើយ​អ្នក​ដទៃ​ទៀត​ត្រូវ​(តុលាការ​ជាតិ​) តុលាការ​ខ្មែរ​ក្រហម​ដែល​មាន​អន្តរជាតិ​ចូល​រួម​ ចង់​យក​ប្រាំ​នាក់​ឲ្យ​បាន​ដប់​នាក់​ទៅ​ទៀត។​ តើ​រឿង​ហ្នឹង​ ក្នុង​ពេល​ដែល​កើត​ឡើង​អញ្ចឹង​ នៅ​ក្នុង​អារម្មណ៍​បង​ប្អូន​ដែល​ផ្តាច់​ខ្លួន​កាល​សម័យ​នោះ​ ពិបាក​ចិត្ត​ទេ​ ហើយ​ចាត់​ទុក​ថា​រដ្ឋាភិបាល​មាន​ជំហរ​ពិបាក​ទេ​ ឬ​ក៏​ក្បត់​ពាក្យ​សន្យា​អី​អញ្ចឹង​ តាម​ដែល​លោក​សង្កេត​ឃើញ​នោះ​ បាទ?

ឆ៖​ នែក​ ចំពោះ​បញ្ហា​នេះ​ ខ្ញុំ​គិត​ថា​ទុក​ឲ្យ​រដ្ឋាភិបាល​ពិចារណា​ចុះ​ បាទ ព្រោះ​ជា​ពាក្យ​សំដី​របស់​រដ្ឋាភិបាល​ បាទ។

ស៖​ នៅ​ក្នុង​ពេល​ឥឡូវ​នេះ​មាន​កង​ទ័ព​សៀម​បាន​ ដូច​ថា​មាន​ការ​វាយ​ប្រយុទ្ធ​គ្នា​នៅ​តំបន់​តាម​ព្រំដែន​ អញ្ចឹង​នៅ​តំបន់​នេះ​មាន​កង​ទ័ព​ផ្តាច់​ខ្លួន​សម័យ​មុន​នោះ​ទៅ​ចូល​រួម​នៅ​ក្នុង​ការ​ការពារ​ទឹក​ដី​នោះ​ទេ​ ហើយ​តើ​អារម្មណ៍​របស់​គេ​យ៉ាង​ម៉េច​អំពី​ការ​កាត់​ទោស​អី​ហ្នឹង​ តាម​លោក​ស្ទាប​ស្ទង់​មើល​ទៅ​នោះ​ បាទ?

ឆ៖​ នែ៎​ ទី​មួយ​ កម្លាំង​អតីត​ខ្មែរ​ក្រហម​មួយ​ភាគ​ធំ​ក៏​បាន​រួម​ចំណែក​ ឈរ​ជើង​ការពារ​នៅ​តាម​ព្រំដែន​ ហើយ​កន្លែង​ខ្លះ​ក៏​បាន​ចូល​ប្រយុទ្ធ​នៅ​ក្នុង​សមរភូមិ​ខ្លាំង​ក្លា​មែន​ទែន​ បាទ។​ ឯ​ទី​ពីរ​ ពី​រឿង​ដែល​ថា​មាន​កាត់​ទោស​មេ​នេះ​មេ​នោះ​បន្ត​បន្ទាប់​អី​ ហើយ​វា​ចេះ​តែ​ឮ​ពាក្យ​ចចាម​អារ៉ាម​អី​ត​ទៅ​ទៀត​ មែន​ទែន​ក្នុង​អារម្មណ៍​មិន​មែន​អត់​ទេ​ បាទ​ ហើយ​ចេះ​តែ​គិត​ចេះ​តែ​ពិចារណា​ទៅ​ បើ​អញ្ចឹង​ខ្លូន​ឯង​ដែល​ខំ​ប្រយុទ្ធ​ ថ្ងៃ​ក្រោយ​ទៅ​ឮ​គេ​មក​ចោទ​ថា​ នែ៎​ ឧក្រិដ្ឋកម្ម​សង្គ្រាម​ ឧក្រិដ្ឋកម្ម​ស្អីៗ​ទៀត​ តើ​គិត​យ៉ាង​ម៉េច?​ បាទ​ អាហ្នឹង​មាន​គិត​ មិន​អត់​ទេ​ បាទ​ ហើយ​ក៏​មាន​ការ​ព្រួយ​បារម្ភ​ដែរ។

ស៖​ ជា​នយោបាយ​ លោក​គិត​យ៉ាង​ម៉េច​ដែរ​ នៅ​ពេល​ឃើញ​មេ​របស់​ខ្លួន​ត្រូវ​គេ​ជំនុំ​ជម្រះ​ទោស​ លោក​ អៀង​ សារី​ លោក​ ខៀវ​ សំផន​ លោក​ នួន​ ជា។​ ហើយ​ជា​មនោសញ្ចេតនា​វិញ​ យ៉ាង​ម៉េច​ដែរ​ បាទ​ នៅ​ក្នុង​ពេល​ដែល​តុលាការ​កាត់​ទោស​អ្នក​ទាំង​ប្រាំ​នោះ​ បាទ?

ឆ៖​ នែ៎​ អាហ្នុង​មែន​ទែន​វា​ដូច​ជា​ ហៅ​ថា​ឪពុក​ហើយ​នឹង​កូន​ កូន​ហើយ​នឹង​ឪពុក​ អាហ្នឹង​វា​ជា​រឿង​ធម្មតា​ទេ​ សូម្បី​តែ​សត្វ​តិរច្ឆាន​ក៏វា​មាន​អារម្មណ៍​ដែរ​ បាទ។​ យើង​ឃើញ​កូន​មាន់​ហើយ​និង​មេ​មាន់​ ពេល​ដែល​គេ​ចាប់​កូន​ អា​មេ​នោះ​វា​ខំ​រត់​តាម​ បាទ​ ហើយ​ដល់​ពេល​អា​គេ​ចាប់​មេ​នោះ​ អា​កូនហ្នឹង​វា​ខំ​ស្រែក។​ អាហ្នឹង​វា​អត់​ខុស​គ្នា​ទេ​ មនុស្ស​ហើយ​នឹង​សត្វ​តិរច្ឆាន​ បាទ។

ស៖​ បាទ​ សុំ​អរគុណ​ច្រើន​ លោក​ មាស​ មុត​ ដែល​បាន​ផ្តល់​កិច្ច​សម្ភាសន៍​ជា​មួយ​វីអូអេសំឡេង​សហរដ្ឋ​អាមេរិក​ សុំ​ជម្រាបលា​ បាទ។

ឆ៖​ បាទ​ អរគុណ​ បាទ៕

This posting includes an audio/video/photo media file: Download Now

បន្ទោស​ការ​ផ្លាស់ប្តូរ​បរិស្ថាន​ថា​បាន​បង្ក​ឲ្យ​មាន​ទឹកជំនន់

Posted: 06 Oct 2011 01:47 PM PDT

ទឹក​ជំនន់​នៅ​កម្ពុជា​ជា​លទ្ធផល​នៃ​ការ​ប្រែប្រួល​អាកាសធាតុ​ក្នុង​តំបន់​អាស៊ី​ដែល​​រហូត​ដល់​ពេល​នេះ បាន​សម្លាប់​មនុស្ស​យ៉ាងតិច​ចំនួន​១៧៦​នាក់​នៅ​កម្ពុជា។ នេះ​បើ​តាម​សម្តីរបស់​លោក ​ម៉ុក ​ម៉ារ៉េត ​ទេសរដ្ឋមន្ដ្រី​ និង​ជា​រដ្ឋមន្ដ្រី​ក្រសួង​បរិដ្ឋាន ដែល​បាន​ថ្លែង​ក្នុង​សន្និសីទ​ព័ត៌មាន​មួយ​បន្ទាប់​ពី​សន្និបាត​រយៈពេល​បី​ថ្ងៃ​ក្នុង​ទីក្រុង​ភ្នំពេញ​ស្ដីពី​ការ​ប្រែប្រួល​អាកាសធាតុ​កាល​ពី​ល្ងាច​ថ្ងៃ​ពុធ។

លោក​ម៉ុក ​ម៉ារ៉េត បាន​បញ្ជាក់​ថា ​ការ​ប្រែប្រួល​អាកាស​ធាតុ​បាន​ធ្វើ​ឲ្យ​របប​ទឹក​សមុទ្រ​ និង​ទឹក​ភ្លៀង មាន​ការ​ផ្លាស់​ប្តូរ។

«ទឹកជំនន់​នេះ​ពិត​ជា​ចេញ​មក​ពី​ការ​ប្រែប្រួល​អាកាសធាតុ​មួយ​ភាគ​ធំ​ពី​ព្រោះ​យើង​ឃើញ​កំណើន​​ព្យុះ​ កំណើន​កំដៅ​ទឹកសមុទ្រ​ ឬ​មួយ​ទឹក​សមុទ្រ​ត្រជាក់។ ដូច្នេះ​វា​ធ្វើ​ឲ្យ​មាន​កំណើន​ព្យុះ​ច្រើន​ហើយ​ កាច​ជាង​មុន។ យើង​ឃើញ​ថា ​នេះ​គឺ​ជា​ឥទ្ធិពល​នៃ​ការ​ប្រែប្រួល​អាកាស​ធាតុ»។

កម្ពុជា​ទទួល​រង​ជំនន់​ទឹកភ្លៀង​ និង​ជំនន់​ទឹក​ទន្លេ​មេគង្គ​ជា​បន្ដ​បន្ទាប់​គ្នា​ចាប់​តាំង​ពី​ខែ​សីហា ​ហើយ​បន្ដ​រហូត​មក​ដល់​ខែ​តុលា​នេះ។​ របាយការណ៍​ចុង​ក្រោយ​កាល​ពី​ថ្ងៃ​អង្គារ ទី​៤​ ខែ​តុលា​របស់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្ដរាយ​បាន​បង្ហាញ​ថា​ ចំនួន​ប្រជាពលរដ្ឋ​កម្ពុជា​ស្លាប់​កើន​ដល់​១៧៦​នាក់​នៅ​ក្នុង​ខេត្ត​ចំនួន​១២ ​ក្នុង​ចំណោម​ខេត្ត​ចំនួន​១៧ ​ដែល​គ្រប​ដណ្ដប់​ដោយទឹក​ជំនន់។​ ខេត្ត​កំពង់ចាម​មាន​ជន​រងគ្រោះ​ស្លាប់​ច្រើន​ជាង​គេ​ គឺ​៤២​នាក់។​ បន្ទាប់​មក​គឺ​ខេត្ត​ព្រៃវែង​ចំនួន​៣៩ ​នាក់ ​និង​ខេត្ត​កំពង់​ធំ​ចំនួន​២៧ ​នាក់។ ​ប្រជាពលរដ្ឋ​ដែល​កំពុង​ទទួល​រង​ផលប៉ះពាល់​ជាង​២១៥.០០០​ គ្រួសារ​ ក្នុង​នោះ ​២០.៩១៤​ គ្រួសារ​ត្រូវ​ជម្លៀស​ចេញ​ពី​ផ្ទះ​សម្បែង។ ដោយឡែក​សន្ទូង​ចំនួន​ជាង​២៩០.០០០​ ហិកតា​បាន​លិចលង់​ក្នុង​នោះ​របាយការណ៍​របស់​គណកម្មាធិការ​ជាតិ​គ្រប់​គ្រោះមហន្ដរាយ​បញ្ជាក់​ថា ​សន្ទូង​ចំនួន​ជាង​ ៨៦.០០០ ​ហិកតា​បាន​ខូចខាត​ទាំង​ស្រុង។​ សាលារៀន ​មន្ទីរពេទ្យ ​និង​វត្តអារាម​សរុប​ចំនួន ​១.០៩៦ ​បាន​លិចលង់។​ ភ្លៀង​នៅ​បន្ដ​ធ្លាក់​នៅ​កម្ពុជា ​ហើយ​មន្ដ្រី​ផ្លូវការ​បញ្ជាក់​ថា​ ទឹក​នៅ​តាម​ដង​ទន្លេ​មេគង្គ​និង​ទន្លេ​បាសាក់​បាន​ឡើង​បន្ដិច​បន្តួច​ថែម​ទៀត។

លោក ​ប្រាយអិន ​ឡន់ ​(Brian Lund) នាយក​អង្គការ​អកស្វាម​អាមេរិក​ប្រចាំ​តំបន់​អាស៊ី​បូព៌ា ​បាន​ទាញ​ហេតុ​ផល​ថា ​តួលេខ​នៃ​ការ​បំផ្លាញ​ដំណាំ​ស្រូវ​ជាង​៨ម៉ឺនហិចតា​នេះ​ស្មើ​នឹង​ការ​បាត់បង់​ប្រមាណ​ជា​៦០​លានដុល្លារ​នៃ​ដំណាំ​ស្រូវ​កម្ពុជា។

«ផល​ប៉ះពាល់​គឺ​នៅ​ទីនេះ​រួច​ជា​ស្រេច​ទៅ​ហើយ។​ នៅ​ក្នុង​ប្រទេស​មួយ​ដូច​ជា​ប្រទេស​កម្ពុជា​បើទោះ​ជា​លក្ខខណ្ឌ​នៃ​បញ្ហា​បម្រែ​បម្រួល​អាកាស​ធាតុ​ស្ថិត​ក្នុង​ភាព​ច្របូកច្របល់​នៅ​ឡើយ​ ប៉ុន្ដែ​យើង​មាន​អ្វីៗ​ត្រូវ​ធ្វើ​ច្រើន​ទៀត​សម្រាប់​ពង្រីក​ការ​យល់ដឹង​ពី​បញ្ហា​នេះ»។

ជាទូទៅ​មូលហេតុ​នៃ​ការ​ប្រែប្រួល​អាកាសធាតុ​ក្នុង​ពិភពលោក​ត្រូវ​គេ​បកស្រាយ​ថា ​បណ្ដាល​មក​ពី​ មូលហេតុ​នៃឧស្ម័ន​ផ្ទះ​កញ្ចក់។​ ក៏ប៉ុន្ដែ​នៅ​កម្ពុជា​ ការ​កាប់​បំផ្លាញ​ព្រៃឈើ​ខុស​ច្បាប់​យ៉ាង​រីក​រាលដាល​ត្រូវ​បាន​មើល​ឃើញ​ថា​ ជា​ផ្នែក​មួយ​ដែល​នាំ​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​អាកាសធាតុ​ផង​ដែរ។

លោក ​ម៉ុក ​ម៉ារ៉េត ​មាន​ប្រសាសន៍​ដោយ​មិន​បានសំអាង​លើ​ហេតុផល​នេះ​ទេ​ ក៏ប៉ុន្ដែ​លោក​ឆ្លើយ​ថា​ព្រៃឈើ​គឺ​ជា​ប្រភព​ជួយ​ការពារ​ដល់​ការ​ប្រែប្រួល​អាកាស​ធាតុ។

«ព្រៃឈើ​ជា​រួម​គឺ​ស្រាវជ្រាវ​ទៅ​ឃើញ​ថា​ មាន​សារៈសំខាន់​ណាស់​ក្នុង​ការ​ស្រូប​យក​ឧស្ម័ន​ផ្ទះ​កញ្ចក់។​ហេតុ​ដូច្នេះ​ព្រៃឈើ​មាន​ប្រយោជន៍​ក្នុង​ការ​ចូលរួម​កាត់​បន្ថយ​ការ​ប្រែប្រួល​អាកាស​ធាតុ»។

លោក​ រ៉ាហ្វាអែល ​ម៉ូរ៉ូណូ ​ភារធារី​អម​គណៈកម្មាការ​អឺរ៉ុប​មាន​ប្រសាសន៍​ថា ​ត្រូវ​តែ​មាន​ការ​ចាត់វិធាន​ការណ៍​រួម​គ្នា​ទប់ទល់​នឹង​បម្រែបម្រួល​អាកាសធាតុ​ ហើយ​វិធាការណ៍​នោះ​ត្រូវ​តែ​ចាប់​ផ្ដើម​ក្នុង​ពេល​ឥឡូវ​នេះ។

លោក​ ម៉ុក ​ម៉ារ៉េត​ អំពាវនាវ​ឲ្យ​ប្រទេស​ឧស្សាហកម្ម​ជឿន​លឿន​ប្រឹងប្រែង​កាត់​បន្ថយ​ការ​បំពុល​បរិយាកាស​ដើម្បី​កាត់​បន្ថយ​ការ​កើន​ឡើង​នៃ​កំដៅ​ពិភពលោក​ និង​បង្កើន​ជំនួយ​មូលធន​ និង​បច្ចេកទេស​ដល់​កម្ពុជា​បន្ថែម​ទៀត៕

This posting includes an audio/video/photo media file: Download Now

ព័ត៌មាន​អន្តរជាតិ៖ ០៦ តុលា

Posted: 05 Oct 2011 07:49 PM PDT

ព័ត៌មាន​ចុងក្រោយ​បំផុត៖

សហរដ្ឋ​អាមេរិក៖ លោក​ ស្ទីវ​ ចបស៍​ (Steve Jobs)​ អ្នក​ដឹក​នាំ​ប្រកប​ទៅដោយ​របៀប​ថ្មីៗ​សម្រាប់​ក្រុមហ៊ុន​អេបផល​ (Apple)​ ដោយ​បាន​បង្កើត​គ្រឿង​អេឡិចត្រូនិក​តូចៗ​ ដែល​បាន​ប្តូរ​តូរ្យ​តន្ត្រី​ ទូរសព្ទ​ចល័ត​ និង​ឧស្សាហកម្ម​កុំព្យូទ័រ​ក្នុង​សាកលលោក​ បាន​ទទួល​មរណភាព​កាល​ពី​ថ្ងៃ​ពុធ​ ក្នុង​ជន្មាយុ​ ៥៦​ ឆ្នាំ។

សហរដ្ឋ​អាមេរិក៖ គូ​ប្រជែង​ពាណិជ្ជកម្ម​ មេ​ដឹកនាំ​នយោបាយ​ និង​អ្នក​និយម​គាំទ្រ​ បាន​សម្តែង​ការ​គោរព​ដល់​សហ​ស្ថាបនិក​ក្រុមហ៊ុន​អេបផល​ (Apple)​ លោក​ ស្ទីវ​ ចបស៍ (Steve Jobs)​ ដែល​បាន​ទទួល​មរណភាព​កាល​ពី​ថ្ងៃ​ពុធ​បន្ទាប់ពី​លោក​បាន​តទល់​យ៉ាង​យូរ​ជាមួយ​ជំងឺ​មហារីក​លំពែង។

លីប៊ី៖ លោក​ Gerard Longuet​ រដ្ឋមន្រ្តី​ការពារ​ប្រទេស​បារាំង​ បាន​ថ្លែង​ថា​ អង្គការ​អូតង់​ នឹង​បន្ត​យុទ្ធនាការ​របស់​ខ្លួន​នៅក្នុង​ប្រទេស​លីប៊ី​ ដរាបណា​នៅ​មាន​ក្រុម​ប្រឆាំង​ដោយ​កន្លែង​តទៅទៀត​ ហើយ​រហូត​ទាល់តែ​រដ្ឋាភិបាល​បណ្តោះ​អាសន្ន​សុំ​ឲ្យ​គេ​បញ្ឈប់​ការ​វាយ​ប្រហារ​តាម​ផ្លូវ​អាកាស។

ស៊ីរី៖ លោកស្រី​រដ្ឋមន្រ្តី​ការបរទេស​សហរដ្ឋ​អាមេរិក​ Hillary Clinton​ បាន​ថ្លែង​ថា​ ក្រុមប្រឹក្សា​អង្គការ​សហប្រជាជាតិ​បាន​បរាជ័យ​នៅក្នុង​ការ​ទទួល​ខុសត្រូវ​របស់​ខ្លួន​ ដែល​មិន​បាន​អនុម័ត​សេចក្តី​សម្រេច​មួយ​ ដើម្បី​ផ្តន្ទាទោស​ប្រទេស​ស៊ីរី​ ចំពោះ​ការ​បង្រ្កាប​ដ៏​ឃោឃៅ​ទៅ​លើ​ក្រុម​បាតុករ​ស៊ីវិល។

អាហ្វហ្គានីស្ថាន៖ ប្រជាពលរដ្ឋ​អាហ្វហ្គានីស្ថាន​យ៉ាង​តិច​ប្រមាណ​ ២០០​ នាក់​បាន​ធ្វើ​បាតុកម្ម​នៅ​ក្នុង​រដ្ឋធានី​កាប៊ុល​ ដើម្បី​ទាមទារ​ឲ្យ​កង​កម្លាំង​អន្តរជាតិ​ដកថយ​ជា​បន្ទាន់​ពី​ប្រទេស​នេះ​ នៅ​មុន​ខួប​ឆ្នាំ​ទី​ ១០​ នៃ​ការ​លុក​លុយ​ប្រទេស​អាហ្វហ្គានីស្ថាន​ដែល​ដឹកនាំ​ដោយសហរដ្ឋ​អាមេរិក។

ជប៉ុន៖ បុរស​ដែល​បាន​ដឹកនាំ​ជ័យជម្នះ​ជា​ប្រវត្តិសាស្រ្ត​របស់​គណបក្ស​គ្រប់គ្រង​អំណាច​របស់​ប្រទេស​ជប៉ុន​ក្នុង​ឆ្នាំ​ ២០០៩​ បាន​ឡើង​តុលាការ​នៅ​ថ្ងៃ​ព្រហស្បត៍​នេះ​ ពី​បទ​រំលោភ​ច្បាប់​រៃ​អង្គាស​ប្រាក់។

កូរ៉េ​ខាងជើង៖ ក្រុម​បុគ្គលិក​របស់​បណ្តាញ​ទូរទស្សន៍​ព័ត៌មាន​មួយ​របស់​បស្ចិម​ប្រទេស​ បាន​ត្រឡប់​មកពី​ទស្សនកិច្ច​ដ៏​កម្រ​មាន​មួយ​ទៅកាន់​តំបន់​កសិដ្ឋាន​ដ៏​សំខាន់​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាងជើង​ ដោយ​នាំយក​មក​ជាមួយ​នូវ​រូបថត​ដ៏​គួរឲ្យ​សង្វេគ​នៃ​ក្មេង​ដែល​គ្មាន​អាហារ​បរិភោគ​គ្រប់គ្រាន់។​ រូប​នេះ​ជា​ភស្តុតាង​ចុងក្រោយ​បង្អស់​នៃ​អ្វី​ដែល​អង្គការ​សហប្រជាជាតិ​និយាយ​ថា​ជា​វិបត្តិ​ម្ហូប​អាហារ​ដ៏​ធ្ងន់ធ្ងរ​បំផុត​នៅ​ក្នុង​ប្រទេស​កូរ៉េខាងជើង។

<!--AV-->

ព័ត៌មាន​នៅ​មុន​នេះ៖

<!--IMAGE-RIGHT-->

ក្រិក​៖ កម្មករ​រាប់ពាន់​នាក់​នៅ​ប្រទេស​ក្រិក​បាន​ដើរ​ចេញ​ពី​ការងារ​របស់​ខ្លួន​នៅ​ថ្ងៃ​ពុធ​នេះ​ បណ្ដាល​ឲ្យបិទទ្វារ​ដល់​សេវាសាធារណៈ​ ដើម្បី​តវ៉ា​ប្រឆាំង​នយោបាយ​រឹតត្បិត​របស់​រដ្ឋាភិបាល​ដែល​តម្រង់​ទៅ​រក​ការ​ទទួល​យកបាន​នូវ​ជំនួយ​អន្ដរជាតិ​​ ដើម្បី​សង​ប្រាក់​បំណុល​ជ្រាលជ្រៅ​របស់​ប្រទេស​ជាតិ។

ក្រិក​៖ មន្ដ្រី​នៃ​សហភាព​អឺរុប​ចាត់​វិធានការ​ដើម្បី​បន្ថែម​ថវិកា​ថ្មី​មក​ឲ្យ​ធនាគារ​មាន​បញ្ហា​ ដែល​អាច​នាំ​ឲ្យ​រដ្ឋាភិបាល​ក្រិក​ខកខាន​មិន​អាច​សង​ប្រាក់​បំណុល​របស់​ខ្លួន​បាន។

កូរ៉េខាង​ត្បូង​៖ តំបន់​ស្នើ​ជា​មូលដ្ឋាន​ផែ​សមុទ្រ​របស់ ​កូរ៉េខាងត្បូង ​នៅ​លើ​កោះ​រមណីយដ្ឋាន​ទាក់ទាញ​ទេសចរណ៍​អាស៊ីអគ្នេយ៍​ នឹង​មិន​ទៅ​ជា​មូលដ្ឋាន​សំចត​អចិន្ដ្រៃយ៍​ នៃ​នាវា​ចម្បាំង​របស់​សហរដ្ឋ​អាមេរិក​ទេ។

លីប៊ី​៖ រដ្ឋមន្ដ្រី​ការពារ​ប្រទេស​សហរដ្ឋ​អាមេរិក ​លោក​ ឡេអន​ ប៉ាណេត្ដា​បាន​ព្រមាន​ដល់​ក្រុម​មន្ដ្រី​ការពារ​ប្រទេស​របស់​អង្គការ​ អូតង់ ​ថា​ គេ​មិន​ពឹង​ពាក់​ត​ទៅ​ទៀត​មក​លើ​អាមេរិក​បាន​ទេ​ ដើម្បី​ជួយ​ជ្រោមជ្រែង​ដល់​ការ​ខ្វះខាត​ថវិកា​ធ្វើ​ឲ្យ​មាន​ការលំបាក​ដល់​កិច្ច​ប្រតិបត្ដិការ​យោធា​នៅប្រទេស​លីប៊ី​ និង​អាហ្វហ្គានីស្ថាន។

អាហ្វហ្គានីស្ថាន​៖ អាជ្ញាធរ​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​និយាយ​ថា​​គេ​បាន​​រាំងខ្ទប់​ ផែនការ​ឃាតកម្ម​មក​លើ​រូប​ប្រធានាធិបតី ​ហាមីឌ កាសៃ។

ប៉ាគីស្ថាន​៖ ប្រធានាធិបតី​​ អាហ្វហ្គានីស្ថាន ​ហាមិដ កាសៃ​ ខិតខំ​សម្រាល​​សេចក្ដី​ព្រួយ​បារម្ភ​របស់​ប៉ាគីស្ថាន​ អំពី​កិច្ចព្រមព្រៀង​នៃ​កិច្ច​សហការ​គ្នា​ជា​មួយ​ប្រទេស​ឥណ្ឌា​ ជាខ្មាំង​ប្រពៃណី​របស់ប៉ាគីស្ថាន។

ស៊ីរី​៖ អគ្គលេខាធិការអង្គការ​សហប្រជាជាតិ​ លោក ​បានគីមូន ​ ថ្លែង​ថា​​សហគមន៍​អន្ដរជាតិ​មាន​ កាតប្បកិច្ច​ផ្លូវចិត្ដ​ដើម្បី​បញ្ចៀស​មិន​ឲ្យ​មាន​ការ​បង្ហូរ​ឈាម​នៅ​ក្នុង​ប្រទេស​ស៊ីរី ​មួយ​ថ្ងៃ​ក្រោយ​ពី​មាន​សេចក្ដី​ព្រាង​នៃការ​សម្រេច​ចិត្ដ​របស់​សហភាព​អឺរុប​ ដែល​មាន​គោលដៅ​នឹង​ កាត់​បន្ថយ​អំពើ​ឃោរឃៅ​តែ​បាន​បរាជ័យ​នៅ​ក្នុង​ក្រុម​ប្រឹក្សាសន្ដិសុខ​ អង្គការ​សហប្រជាជាតិ។

បារ៉ែន​៖ បាន​ចេញ​បញ្ជា​ឲ្យ​មាន​ការ​កាត់ក្ដី​ជា​ថ្មី​ឡើង​វិញ​ មក​លើ​បុគ្គលិក​ពេទ្យ​ ២០​ នាក់​ ដែល​បាន​ត្រូវ​ វិនិច្ឆ័យ​ទោស​ឲ្យ​ជាប់គុក​ យូរ​អង្វែង​ដោយសារ​តែ​មុខនាទី​ ក្នុង​ការ​បះបោរ​នយោបាយ ​នៅ​ក្នុង​កោះ​ បារ៉ែន​នោះ។

ប៉ាគីស្ថាន​៖ គណកម្មការ​ស៊ើប​អង្កេត​មក​លើ ​ឃាតកម្ម​ អូសាម៉ា ប៊ីន ឡាឌិន​ និយាយ​ថា​ខ្លួន​បាន​សួរ​ចម្លើយ​គ្រួសារ​របស់​មេដឹក​នាំ​បណ្ដាញ​ភេរវកម្ម​អាលកៃដា​។

សហរដ្ឋ​អាមេរិក​៖ រដ្ឋ​មន្ដ្រី​ក្រសួង ​ការពារ​សន្ដិសុខ​ មាតុភូមិ​ លោក​ស្រី​ Janet Napolitano ​បាន​ការពារ​ប្រព័ន្ធ​អន្ដោប្រវេសន្ដ​ របស់​រដ្ឋបាល ​អូបាម៉ា ​ដែល ​ឲ្យ​លទ្ធភាព​ដល់ ​ការ​បញ្ជូន​ជនអន្ដោប្រវេសន្ដ​ខុស​ច្បាប់​អ្នក​ប្រព្រឹត្ដ​ឧក្រិដ្ឋកម្ម​ ចេញ​ពី​សហរដ្ឋ​អាមេរិក។

This posting includes an audio/video/photo media file: Download Now

របាំ​ត្រុដិ​មាន​ជីវិត​ថ្មី​លើ​ទឹកដី​ក្រុង​ឡុងប៊ិច

Posted: 06 Oct 2011 12:14 PM PDT

លោក​តាយ ​ប៊ុនសង​មិន​ដែល​ឆ្លង​កាត់​វគ្គ​សិក្សា​ ឬ​មាន​ជំនាញ​ខាង​សិល្បៈ​អ្វីទេ​ មុន​ពេល​ដែល​លោក​បង្កើត​ក្រុម​របាំ​ត្រុដិ​មួយ​ក្នុង​ទីក្រុងឡុងប៊ិច​ រដ្ឋ​កាលីហ្វ័រញ៉ា ​ក្នុង​ឆ្នាំ​២០០៤។​ លោក​បាន​បង្កើត​ក្រុម​របាំ​នេះ​ឡើង​​ដោយ​សារ​តែ​ទឹក​ចិត្ត​ស្រឡាញ់​សិល្បៈ​និង​មាន​គំនិត​ជួយ​អភិរក្ស​របាំ​ខ្មែរ។

លោក​ប៊ុនសង​បញ្ជាក់​ថា ​លោក​បានធ្វើ​ការ​​ស្រាវជ្រាវ​ផ្សេងៗ​ដោយ​ខិត​ខំ​ស្វែង​រក​សៀវភៅ​ឯកសារ​និង​វីដេអូ​នានា​ទាក់​ទង​នឹង​របាំ​ត្រុដិ​នេះ​ដើម្បី​ស្វែង​យល់​ពី​តួអង្គ​ផ្សេងៗ​ក្នុង​ក្រុម​ ត្រូវ​សម្តែង​ដូចម្តេច​ ដូច​ជា​តួ​ប្រើស​ គោព្រៃ ​និង​ព្រានព្រៃ ​ជាដើម។

«ខ្ញុំ​មាន​កំណើត​កើត​ជា​នៅ​បាត់​ដំបង​ ​ដូច្នោះ​ការ​សម្តែង​បាន​ធ្វើ​ឱ្យ​ខ្ញុំ​ចាំ​នៅក្នុង​ខួរ​ក្បាល​តាំង​ពីតូចៗ​មក​ ដោយ​ខ្ញុំ​ចេះ​តែ​រត់​លេង​តាម​មើល​គេ​សម្តែង​ហ្នឹង​រហូត​បាន​ជា​ចេះ​ចាំ​មក។ ​ហើយ​ជា​ភ័ព្វ​សំណាង​ល្អ​ខ្ញុំ​បាន​​ទិញ​ឌីវីឌី​ បាន​ខ្ញុំ​មើល​ផ្សែផ្សំ​ តាម​ឌីវីឌី​ផង ​ខ្ញុំ​ស្រាវជ្រាវ​ឯកសារ​ទាំង​នោះ​ផង»។

ជា​រៀងរាល់​ថ្ងៃ​សៅរ៍​ លោក​ប៊ុនសង ​និង​សមាជិក​ផ្សេងៗ​ក្នុង​សមាគម​​សិល្បៈ​និង​វប្បធម៌​ខ្មែរ​​របស់​លោក​ធ្វើការ​បង្ហាត់​បង្រៀន​សិស្ស​របាំ​ក្មេងៗដែល​ជាអ្នក​ស្ម័គ្រ​ចិត្ត​មក​ពី​សាលារៀន​នានា​​នៅ​ក្នុង​ក្រុង​ឡុងប៊ិច​​នេះ។​ ​សិស្ស​របាំ​មក​ជុំ​គ្នា​ដំកង​ក្នុង​សាល​វប្បធម៌​ Homeland Cultural Center ​នៅ​តាម​បណ្តោយ​ផ្លូវ​ អាណាហែម​ ទី​ដែល​គេ​ប្រសិទ្ធ​នាម​ហៅ​ថា ​ក្រុង​ខ្មែរ​ ឬ​ Cambodia Town​ ដើម្បី​ហាត់​សម​ដោយ​ចាក់​ភ្លេង​របាំ​ត្រុដិ។

កញ្ញា​​ប្រេនដឹន​ ម៉ន ​​​ដែល​បាន​បញ្ចប់​ការ​ហាត់​នៅ​កន្លែង​នេះ​ ហើយ​ដែល​កំពុង​ស្ម័គ្រចិត្ត​​ជួយ​បង្ហាត់​បង្ហាញ​ក្មេងៗ​ បាន​និយាយ​បន្ត​ទៀត​ថា៖

«ខ្ញុំ​ចង់​ឱ្យ​កូនខ្មែរ​ជំនាន់​នេះ​ជួយ​រក្សា​និង​ថែរក្សា​វប្បធម៌​យើង​ផង។​ កូនខ្មែរ​ឥឡូវ​ ដូច​ជា​មិនចង់​រៀន​ខ្មែរ​ មិនចង់​រៀន​ពី​វប្បធម៌​ មិនចង់​រៀន​ពី​ប្រវត្តិសាស្រ្ត​ ព្រោះ​ការណ៍​ពិត​ទៅ​នៅ​ឡុងប៊ិច​នេះ​ បើ​យើង​មិន​អប់​រំ ឬ​មិនខំ​រៀន​ពី​វប្បធម៌​និង​ប្រវត្តិសាស្រ្ត​អី​ទេ​ វានឹង​រលាយ​បាត់។ ​ហើយ​ខ្ញុំ​ចង់​ឱ្យ​ក្មេងៗ​រៀន​ខាង​ហ្នឹង​ដែរ​ កុំ​ឱ្យ​វា​រលាយ​សូន្យ។​ បើវា​រលាយ​សូន្យ ​យើង​មិន​អាច​យក​វា​មក​វិញ​បាន​ទេ»។

ការ​ប្រឈម​មុខ​ដ៏ធំ​មួយ​ដែល​លោក​ប៊ុនសង​ជួប​ប្រទះ​នោះ​គឺ​​​​ការស្វែង​រក​អ្នក​ចូល​ហាត់​ថ្មី​ ក្រោយ​ពី​សិស្ស​មួយ​ចំនួន​បាន​បញ្ចប់​ការ​សិក្សា។

«ពីមួយឆ្នាំ​ទៅ​មួយ​ឆ្នាំ ​ព្រួយ​ធំ​ជាង​គេ​គឺ​រឿង​រើស​មនុស្ស​មក​លេង ​ព្រោះអី​មួយ​ឆ្នាំ​ផុត​ទៅ​ គេ​កន្លង​ផុត​ទៅ​បាត់​ ​ទៅ​រើស​ថ្មី​មក​ទៀត។ ​មួយ​ឆ្នាំ​ទៀត​ រើស​ថ្មី​មក​ទៀត។​ ដូច្នោះ​ហើយ​បញ្ហា​ហ្នឹង​គឺ​ជា​បញ្ហា​មួយ​ដែល​ចោទ​ក្នុង​ខួរ​ក្បាល​ខ្ញុំ។ ​ក៏​ប៉ុន្តែ​ឆ្នាំ​នេះ​ ខ្ញុំ​មាន​ជំនឿ​ថា​ ឆ្នាំ​នេះ​ក្មេង​​ទាំង​នេះ​អាច​នឹង​ឈរ​នៅ កន្លែង​របាំ​នេះ​បាន​យ៉ាង​អន់​ណាស់​ក៏​ពីរ​បី​ឆ្នាំ​ទៅ​មុខ​ទៀត​ ទម្រាំ​គ្នា​ចេញ​ពី​វិទ្យាល័យ​នេះ​ទៅ»។

លោក​ក៏​បាន​សម្រេច​ជ្រើស​រើស​សិស្ស​ដែល​មិន​មាន​ដើម​កំណើត​ខ្មែរ​ឱ្យ​ចូល​ហាត់​រៀន​​ និង​ជួយ​បង្រៀន​អក្សរ​ខ្មែរ​ដល់​សិស្ស​របាំ​ទាំង​អស់​ផង​ដែរ។

ក្រោយ​ពី​ការហាត់​សម​ Andrea William ​ជា​អ្នក​ដើរ​តួ​​ប្រើស​ បាន​បញ្ជាក់​ដោយ​ទឹក​មុខ​ញញឹម​​ថា​ គេ​ពេញ​ចិត្ត​នឹង​តួប្រើ​ស​នេះ​ បើ​ទោះ​បី​ជា​នៅ​ក្នុង​សាច់​រឿង​ ​ប្រើស​នេះ​មាន​វាសនា​អភ័ព្វ​ក្តី៖

«សត្វ​ប្រើស​​ចូល​មក​ក្នុង​ភូមិ។ ​សត្វ​នោះ​នាំ​សំណាង​អាក្រក់​ ដូច្នេះ​ហើយ​អ្នក​ភូមិ​ទាំង​នោះ​នាំ​គ្នា​មក​សម្លាប់​សត្វ​ប្រើស​​ដើម្បី​បណ្តេញ​សំណាង​អាក្រក់​និង​នាំ​សំណាង​ល្អ​មក​វិញ»។

យោង​តាម​ឯកសារ​នានា​បញ្ជាក់​ថា​ របាំ​ត្រុដិ​ត្រូវ​គេ​សម្តែង​ដើម្បី​ផ្តាច់​ឆ្នាំ​ចាស់​និង​សុំ​សេរី​សួស្តី​ក្នុង​ឆ្នាំ​ថ្មី។ ​គេ​សម្តែង​របាំ​នេះ​ភាគច្រើន​ក្នុង​ឱកាស​ចូលឆ្នាំ​ខ្មែរ។ ​ប៉ុន្តែ​គេ​ក៏​ឃើញ​មាន​ការ​​សម្តែង​របាំ​ត្រុដិ​នេះ​ដើម្បី​រៃ​អង្គាស​បច្ច័យ​យក​មក​ទ្រទ្រង់​វត្ត​អារ៉ាម​ បណ្តេញ​ឧបទ្រព​ចង្រៃ​ ឬក៏​សុំ​ទឹក​ភ្លៀង​ជាដើម។

ក្រុម​របាំ​នៃ​សមាគម​សិល្បៈ​និង​វប្បធម៌​ខ្មែរ​មិនសូមវ​មាន​ឱកាស​សម្តែង​បាន​ច្រើន​ទេ​ក្នុង​មួយ​ឆ្នាំ​គឺ​អាច​សម្តែង​ភាគច្រើន​នៅ​តាមវត្ត​ ដែល​មាន​តែ​ពីរ​ប៉ុណ្ណោះ​​នៅ​ក្បែ​រទីក្រុង​ឡុង​ប៊ិច​ និង​មាន​ការ​ដើរ​ព្យុះ​ហយាត្រា​ដែល​រៀបចំ​ប្រចាំ​ឆ្នាំ​ក្នុង​ក្រុង​ខ្មែរ​តែ​ប៉ុណ្ណោះ។​ ម្តងម្កាល​ក៏​មាន​ការ​សម្តែង​នៅ​តាម​កម្មវិធី​វប្បធម៌​ខ្មែរ​ជាមួយ​នឹង​ក្រុម​របាំ​ផ្សេងៗ​ទៀត។

លោក​ឃឹម សារិទ្ធ​ រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌​នៃ​ប្រទេស​កម្ពុជា​ បាន​បញ្ជាក់​ប្រាប់​វីអូអេ​សំឡេង​​សហរដ្ឋ​អាមេរិក ​ក្នុង​ខណៈ​ពេល​ដែល​លោក​ធ្វើ​ដំណើរ​មក​សហរដ្ឋ​អាមេរិក​ កាលពី​ពេល​ថ្មីៗ​នេះ​ដោយ​លើក​​សរសើរ​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង ​ដែល​នៅ​ព្យាយាម​រក្សា​អត្ត​សញ្ញាណ​​និង​វប្បធម៌​របស់​ជាតិ​​ហើយ​ក្រសួង​តែង​តែ​នាំ​យក​ឯកសារ​ស្រាវជ្រាវ​ផ្សេងៗ​ពី​ក្នុង​ប្រទេស​មក​ចែក​ដល់​សមាគម​មួយ​ចំនួន​ដែល​នៅ​ខ្វះខាត​ចំណេះ​ដឹង​ពី​វប្បធម៌។

លោក​ឃឹម​ សារិទ្ធ​បាន​បញ្ជាក់​បន្ថែម​ថា៖

«អ្នក​ដែល​ធ្វើ​ការងារ​វប្បធម៌​អស់​នេះ​សុទ្ធ​តែ​មាន​បេះដូង​ជាខ្មែរ​សុទ្ធ​សាធ​ ពីព្រោះ អ្នក​ធ្វើ​នេះ​មិន​មាន​ផល​ចំណេញ​បាន​លុយ​ទេ។ ខ្ញុំ​ដឹង​ពិត​ប្រាកដ​ថា​ ទោះ​បី​ជា​យ៉ាងម៉េច​ក៏​អត់​បាន​លុយ​ដែរ។​ គាត់​គ្រាន់​តែ​មាន​កេរ្តិ៍​ឈ្មោះ ​គេ​ទទួល​ស្គាល់​គាត់​ថា​ ជាខ្មែរ​ម្នាក់​មក​រស់​នៅ​ស្រុក​គេ​ហើយ​នៅ​តែ​មាន​បេះ​ដូង​ជា​ខ្មែរ​ នៅតែ​មាន​ឈាម​ជ័រ​ជា​ខ្មែរ។ ​​ឲ្យគាត់អត់​បាន​ផល​ចំណេញ​គឺ​អត់​ទេ។ ​ដូច្នេះ​ក្រសួង​វប្បធម៌​នឹង​គាំទ្រ​ជានិច្ច»។

លោក​តាយ ប៊ុនសង​និង​ក្រុម​របស់​លោក​ត្រូវ​ចំណាយ​ថវិកា​ផ្ទាល់​ខ្លួន​ដើម្បី​ជួយ​ឱ្យ​​ការ​បង្រៀន​របាំ​នេះ​ដំណើរ​ការ​ទៅ​មុខ​ជានិច្ច។​ ប៉ុន្តែ​អ្វី​ដែល​គេ​ទទួល​បាន​មក​វិញ​គឺ​ការថែ​រក្សា​សិល្បៈ​របស់​ខ្មែរ​នៅ​លើ​ទឹកដី​អាមេរិក​សម្រាប់​ក្មេងៗ​ស្រករ​ក្រោយ៕

This posting includes an audio/video/photo media file: Download Now

និស្សិត​កម្ពុជា​ធ្វើ​យុទ្ធនាការ​ស្ម័គ្រចិត្ត​សម្អាត​ឆ្នេរ​

Posted: 06 Oct 2011 10:22 AM PDT

យ៉ាង​តិច​មាន​និស្សិត​ស្ម័គ្រ​ចិត្ត​ប្រមាណ​ជាង​១៥០​នាក់​បាន​ធ្វើ​ដំណើរ​ពី​ទី​ក្រុង​ភ្នំពេញ​ទៅ​កាន់​ក្រុង​ព្រះសីហនុ​ដើម្បី​​ចូល​រួម​យុទ្ធនាការ​សម្អាត​ឆ្នេរ​សមុទ្រ​ចំនួន​បី​ថ្ងៃ។ លោក​ ជី សិលា​ អ្នក​ផ្តួចផ្តើម​កម្មវិធី​នេះ​បាន​និយាយ​ថា ​លោក​​ចង់​អប់រំ​អ្នក​លក់​ដូរ​ និង​ទេសចរ​ក្នុង​ស្រុក​ឲ្យ​ចេះ​ថែរក្សា​អនាម័យ​ឆ្នេរ​សមុទ្រ​ដើម្បី​កុំ​ឲ្យបង្ក​ឲ្យ​ខូច​បរិស្ថាន​នៅ​តំបន់​ឆ្នេរ​សមុទ្រ។

លោក​ ហេង រស្មី​ បាន​ធ្វើ​បទ​សម្ភាសន៍​ជា​មួយ​លោក​ ជី សិលា ដែល​មាន​ខ្លឹមសារ​ដូច​តទៅ៖

<!--AV-->

This posting includes an audio/video/photo media file: Download Now

ដំណើរការ​ចុះ​ឈ្មោះ​បោះឆ្នោត​ត្រូវ​បាន​មើល​ឃើញ​ថា​​មាន​ភាព​មិន​ប្រក្រតី

Posted: 06 Oct 2011 08:46 AM PDT

នៅ​ពេល​ដែល​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​គ្រោង​នឹង​បិទ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​រយៈ​ពេល​៤៥​ថ្ងៃ​នៅ​ថ្ងៃ​១៥​ខែ​តុលា​ខាង​មុខ​នេះ។​ ក្រុម​គណបក្ស​នយោបាយ​និង​អង្គការ​ឃ្លាំ​មើល​ដំណើរ​ការ​បោះ​ឆ្នោត​​បង្ហាញ​ថា​មាន​ភាព​មិន​ប្រក្រតី​ជា​ច្រើន​ទាក់ទង​នឹង​ដំណើរការ​ពិនិត្យ​បញ្ជី​ និង​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នោះ។

ភាព​មិន​ប្រក្រតី​ត្រូវ​បាន​មន្ត្រី​ទាំង​នោះ​រាប់​បញ្ចូល​ទាំង​ឈ្មោះ​ស្ទួន​ជា​ច្រើន​មិន​ទាន់​ត្រូវ​បាន​ដោះ​ស្រាយ​ បញ្ជី​បោះ​ឆ្នោត​មិន​មាន​តម្លាភាព​និង​គុណភាព​ដោយសារ​ឈ្មោះ​ខ្មោច​មិន​ទាន់​ត្រូវ​បាន​លុប​ចេញ​ពី​បញ្ជី​ ឈ្មោះ​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់​ បញ្ហា​ទឹក​ជំនន់ និង​ឥទ្ធិពល​នយោបាយ​លើ​កា​រចេញ​ឯកសារ​ដល់​អ្នក​បោះឆ្នោត​ ការ​ខ្វះខាត​សេរីភាព​អប់រំ​អ្នក​បោះឆ្នោត​ជាដើម។

លោក​ គួយ​ ប៊ុនរឿន​ អ្នក​តំណាងរាស្ត្រ​និង​ជា​អគ្គលេខាធិការ​រង​គណបក្ស​ទទួល​បន្ទុក​កិច្ចការ​បោះ​ឆ្នោត​ខាង​គណបក្ស​សម រង្ស៊ី​ បាន​និយាយ​ថា​ អ្នក​គាំទ្រ​គណបក្ស​កាន់​អំណាច​មាន​សិទ្ធិ​ប្រើប្រាស់​ឯក​សារ​ទាំង​នោះ​ដើម្បី​កេង​ចំណេញ​លើបក្ស​ដទៃ ​និង​នាំ​ឲ្យ​លទ្ធផល​នៃ​ការ​បោះឆ្នោត​គ្មាន​ភាព​ត្រឹម​ត្រូវ និង​យុត្តិធម៌​ប្រសិន​បើ​គជប​ ប្រើ​បញ្ជី​បោះឆ្នោត​គ្មាន​តម្លាភាព​គួប​ផ្សំ​នឹង​ការ​មិន​យល់ដឹង​របស់​អ្នក​បោះឆ្នោត។

«ឥឡូវ​យើង​ឃើញ​ថា មាន​បញ្ហា​លំបាក​មែន​ទែន​ដោយសារ​បញ្ហា​យើង​ចង់​អប់រំ​អ្នក​បោះ​ឆ្នោត​គឺ​ត្រូវ​បាន​គេ​រារាំង​ដោយសារ​គេថា រដូវ​នេះ​មិន​មែន​ជា​រដូវ​ឃោសនា។ យើង​វា​មិន​មាន​ការ​ពន្យល់​ឲ្យ​បាន​ច្បាស់​រវាង​ការឃោសនា និង​ការ​ផ្លល់​ព័ត៌មាន​ដល់​អ្នក​បោះ​ឆ្នោត»។

ពលរដ្ឋ​អ្នក​បោះឆ្នោត​មាន​រយ:ពេល​តែ​១០​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ដើម្បី​ពិនិត្យ​បញ្ជី និង​ចុះ ឈ្មោះ​មុន​ការ​បោះឆ្នោត​ជា​ច្រើន​នៅ​កម្ពុជា​នា​ពេល​ខាង​មុខ។ ការ​បោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ត្រូវ​បាន​កំណត់​ធ្វើ​នៅ​ថ្ងៃទី​៣ ខែ​មិថុនា ឆ្នាំ​២០១២ ការ​បោះឆ្នោត​ព្រឹទ្ធសភា​នៅថ្ងៃ២៩ ខែ​កញ្ញា ឆ្នាំ២០១២ និង​ការ​បោះ ឆ្នោត​ជា​សកល​ជ្រើស​រើស​តំណាងរាស្រ្ត ឬ​នាយករដ្ឋ​មន្ត្រី​នៅ​ថ្ងៃ​ទី២៨ ខែ​កក្កដា ឆ្នាំ​២០១៣។

លោក​ កឹម សុខា ប្រធាន​គណបក្ស​សិទ្ធិមនុស្ស​បាន​និយាយ​ថា ទម្រង់​បោះឆ្នោត​ថ្មី​ដែល​មាន​បិទ​រូប​ថត​ពីរ​សន្លឹក​បាន​បង្ក​បញ្ហា​ជាមួយ​អ្នក​បោះ​ឆ្នោត​ថ្មី។ លោក​មាន​ប្រសាសន៏​ថា សម្រាប់​អ្នក​គាំទ្រ​គណ​បក្ស​កាន់​អំណាច​ជា​ការ​ងាយ​ស្រួល ក៏​ប៉ុន្តែ​សម្រាប់​សមាជិក​គណ​បក្ស​ផ្សេង​អាជ្ញាធរ​មិន​ធ្វើ​ប័ណ្ណ​ឲ្យ​ទេ។

«រឿង​មួយ​ដែល​យើង​ចាប់​ភស្តុតាង​បាន​ត្រង់ថា សមាជិក​របស់​គណបក្ស​កាន់​អំណាច​ដែល​អាយុ​ក្រោម​១៨​ទេ ​គាត់​ធ្វើ​ទម្រង់​អាច​យក​ទៅ​ចុះ​បាន​ហើយ​ធ្វើ​ទាំង​បាច់ៗ​រៀបចំ​ឲ្យ​អាជ្ញាធរ​គ្នា​គាត់​ទៅ​ធានា​តែម្តង»។

លោក​ សុខ ពិទូរ្យ​ អ្នក​សម្របសម្រួល​ផ្នែក​អង្កេត​របស់​គណៈកម្មាធិការ​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី​ និង​យុត្តិធម៌​នៅ​កម្ពុជា​ដែល​ហៅ​កាត់​ថា​ខូមហ្វ្រ៊ែល (Comfrel) បាន​បញ្ជាក់​ថា​ ខ្លួន​បាន​រក​ឃើញ​ថា​ ការ​ចុះ​ឈ្មោះ​បោះឆ្នោត​របស់​មន្ត្រី​អ្នក​បោះឆ្នោត​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ម៉ោង​ធ្វើ​ការ​ បើក​ការិយាល័យ​មិន​ទៀង​ទាត់​ និង​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ដោយ​មិន​មាន​វត្តមាន​អ្នក​បោះឆ្នោត​មក​បង្ហាញ​ខ្លួនក្នុង​ឃុំ​ចំនួន​ជាង​៧០

«ប្រជា​ពលរដ្ឋ​មួយ​ចំនួន​ដែល​គាត់​អត់​មាន​អត្ត​សញ្ញាណ​សម្រាប់​បញ្ជាក់​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នោះ​គឺ​គាត់​ខ្វះ​នូវ​រូប​ថត​សម្រាប់​ទៅ​បិទ។ ហេតុ​ដូច្នេះ​ហើយ​យើង​បារម្ភ​ដែរ​ករណី​ដែល​គាត់​ខ្វះ​រូប​ថត​ហ្នឹង​អាច​ធ្វើ​ឲ្យ​គាត់​បាត់​បង់​សិទ្ធិ​បោះ​ឆ្នោត​ដោយសារ​គាត់​មិន​មាន​លទ្ធភាព ​ជាពិសេស​នៅ​តំបន់​ដាច់​ស្រយាល»។

លោក​ពិទូរ្យ​បាន​បញ្ជាក់​ទៀត​ថា​ ខូមហ្វ្រ៊ែលបាន​ដាក់​អ្នក​អង្កេត​ការណ៍​ចំនួន​៧២​ឃុំ​សង្កាត់​ដើម្បី​ធ្វើ​ការងារ​ជា​អ្នក​អង្កេត​ការណ៍​ចល័ត។

លោក​ ជាម យៀប​ មន្ត្រី​ជាន់​ខ្ពស់​ខាង​គណបក្ស​គ្រប់​គ្រង​អំណាច​បាន​ច្រាន​ចោល​ការ​លើក​ឡើង​នេះ។ លោក​មាន​ប្រសាសន៍​ថា គណបក្ស​ប្រជាជន​កម្ពុជា តែង​តែ​ទទួល​រង​ការ​ចោទប្រកាន់​គ្មាន​ភស្តុតាង​នៅ​ពេល​មាន​ការ​បោះឆ្នោត។​ លោក​បាន​បញ្ជាក់​ទៀត​ថា គណបក្ស​គ្រប់​គ្រង​អំណាច​មិន​បាន​រក​ឃើញ​ភាព​មិន​ប្រក្រតី​ក្នុង​ការ​ចុះ​ឈ្មោះ​បោះឆ្នោតទេ។

«គណបក្ស​ប្រជាជន​កម្ពុជា​ដូច​មិន​មាន​ប្រតិកម្ម​អ្វី​ខ្លាំង​ពេកទេ គ្រាន់​តែ​ថា​អ្វីៗ​យើង​ធ្វើ​តាម​បទបញ្ជា​ដែល​គជប​បាន​រៀបចំ​ឡើង​ហើយ​ដែល​ច្បាប់​បាន​ចង្អុល​ទិស​ឲ្យ​គជប​រៀបចំ​រយៈកាល​កន្លង​ទៅ»។

យោង​តាម​កម្មវិធី​ដូច​បាន​គ្រោង​ទុករបស់​គ​ជប ប្រជា​ពលរដ្ឋ​គ្រប់​រូប​ត្រូវ​ទៅ​ចុះ​ឈ្មោះ​និង​ពិនិត្យ​បញ្ជី​ឈ្មោះ​បោះឆ្នោត​ចាប់​ពី​ថ្ងៃ​១ ខែ​កញ្ញា​រហូត​ដល់​ថ្ងៃ​ទី​១៥ ខែ​តុលា។គិត​ត្រឹម​ថ្ងៃ​ទី​០១ ខែ​តុលា​នេះ ចំនួន​អ្នក​ចុះ​ឈ្មោះ​បោះឆ្នោត​មាន​ចំនួន​ជាង​៥​សែន​នាក់​គឺ​បាន​កើន​ឡើង​ចំនួន​១០៩,២០ភាគរយ។ ក៏ប៉ុន្តែ​ចំនួន​នេះ​អាច​នឹង​មាន​ការ​ប្រែប្រួល​ពី​ព្រោះ​គជប​និង​ពន្យា​ពេល​ចុះ​ឈ្មោះ​បន្ថែម​ទៀត។

លោក ទេព នីថា​ អគ្គលេខាធិការ​នៃ​គ​ជ​ប​បាន​បញ្ចាក់​ថា ​ប្រសិន​បើ​នៅ​កន្លែង​ខ្លះ​មិន​ទាន់​បាន​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ឲ្យ​បាន​គ្រប់​ចំនួន​ទេ ​យើង​នឹង​ពិភាក្សា​ជាមួយ​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​នៅ​មូលដ្ឋាន​ជាក់​ស្តែង​ដើម្បី​បន្ថែម​រយៈ​ពេល​តាម​ការ​ជាក់​ស្តែង។ លោក​ទេព​ នីថា បាន​បញ្ជាក់​ទៀត​ថា ​នៅ​ពេល​បច្ចុប្បន្ន​នេះ​បញ្ហា​សំខាន់​គឺ​ទឹក​ជន់​លិច​ក្នុង​ឃុំ​សង្កាត់​ចំនួន​៣០០​ដែល​ធ្វើ​ឲ្យ​គជប​សម្រេច​ផ្លាស់​ប្តូរ​កម្មវិធី​ចុះ​ឈ្មោះ​បោះ​ឆ្នោត។

«តាម​ព័ត៌មាន​ថ្មី​ដែល​យើង​បាន​ទទួល​ពី​រាជ​ធានី ខេត្ត​មក​គឺ​មាន​ប្រមាណ​ជាង​៣០០​ឃុំ​ក៏​ប៉ុន្តែ​​ក្នុង​ចំណោម​ឃុំ​ទាំង​អស់​នេះ។​ គណៈកម្មការ​ក៏​ដូច​ជា​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​គាត់​បាន​លើក​ស្នើ​តែ​ឃុំ​មួយ​ចំនួន​តែ​ប៉ុណ្ណោះ​មិន​មែន​គ្រប់​ទាំង​៣០០​ឃុំ​ទេហើយ​ដោយសារ​ពេល​វេលា​នៅ​សល់​យើង​ពិនិត្យ​ថែម​លើ​សំណូម​ពរ​នេះ​ទៀត​នៅ​សប្តាហ៍​ក្រោយ​ដើម្បី​សម្រេច​ថា​តើ​ត្រូវ​ពន្យារ​ពេល​សម​ស្រម​ទៅ​តាម​កន្លែង​ជាក់​ស្តែង»។

ចាប់​តាំង​ពី​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​មក គជប​បាន​ទទួល​ពាក្យ​បណ្តឹង​បាន​តិច​តួច​តែ​ប៉ុណ្ណោះ​ហើយ​ត្រូវ​បាន​ដោះ​ស្រាយ​នៅ​ទី​នោះ។ នេះ​បើតាម​ការ​បញ្ជាក់​របស់​ទេព​នី​ថា។ លោកបាន​មាន​ប្រសាសន៍​ថា​ ការ​ប្តឹង​តវ៉ា​របស់​គណបក្ស​នយោបាយ​មាន​តែ​ពីរ​បណ្តឹង​តែ​ប៉ុណ្ណោះ។ បណ្តឹង​ទាំង​នោះ​មិន​ជាប់​ពាក់​ព័ន្ឋ​នឹង​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ទាំង​អស់​ទេ។​ វា​ជា​បណ្តឹង​ទាក់​ទិន​នឹង​ការ​អនុវត្ត​របស់​មេឃុំ ចៅ​សង្កាត់​ និង​ស្មៀន​ឃុំ។

លោក រីក រ៉េត​ អាយុ២៥​ ប្រជាពលរដ្ឋ​មួយ​រូប​នៅ​ស្រុក​ស្រី​ស្នំ ខេត្ត​សៀម​រាប​បាន​និយាយ​ថា​លោក​បាន​តៀម​ឯក​សារ​រួច​រាល់​ហើយ​សំរាប់​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​។

លោកបាន​បញ្ជាក់​ថា​អាជ្ញាធរ​បាន​សំរួល​ការ​ងារ​គ្រប់​យ៉ាង​ដល់​លោក​បើទោះ​បី​ជា​លោក​ជា​អ្នក​ចំណូល​ថ្មី​ក៏​ដោយ។

«គាត់​ប្រាប់ថាឲ្យ​ប្រសិន​បើយើងមិន​បាន​ចុះ​ឈ្មោះ​នៅ​ភូមិ​ឯណោះ​យើង​អាច​ចុះនៅ​ទី​នេះ​បាន​ហើយឲ្យ​ទៅ​ចុះ​មុន​ថ្ងៃ​ទី​១៥​ខែ​១០»។

ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​កន្លង​ទៅ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ឈ្នះ​ឆ្នោត​ជាង​១.៥៩០ឃុំ​សង្កាត់​ក្នុង​ចំណោម​ឃុំ​សង្កាត់​១.៦២១​ពេលនោះ ។ ​គណ​បក្ស​សម រង្ស៊ី​ ជា​គណបក្ស​ជំទាស់​ធំ​ជាង​គេ​បាន​ឈ្នះ​លំដាប់​ទី២៕

This posting includes an audio/video/photo media file: Download Now

អ្នកភូមិ​បឹងកក់ត្រូវ​បាន​ប្តឹង​ពី​បទ​ប្រមាថ​ និង​គំរាមកំហែង

Posted: 06 Oct 2011 07:02 AM PDT

ប្រជាពលរដ្ឋ​អ្នក​ភូមិ​បឹងកក់​ចំនួន​ប្រាំមួយ​នាក់​ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ ​កោះ​ឲ្យ​ចូល​ខ្លួន​តាម​កាល​បរិច្ឆេទ​ផ្សេងៗ​គ្នា​ចាប់​ពី​ថ្ងៃ​សុក្រ​សប្តាហ៍​នេះ​រហូត​ដល់​ថ្ងៃ​សុក្រ​សប្តាហ៍​ក្រោយ​ នេះ​បើ​យោង​តាម​ដីកា​កោះ​ដែល​ត្រូវ​បាន​ចុះ​ហត្ថលេខា​ដោយ​ព្រះអាជ្ញាសុខ​ រឿន​ ដែល​វីអូអេ សំឡេង​សហរដ្ឋ​អាមេរិក​ទទួល​បាន​នៅ​ថ្ងៃ​ពុធ​នេះ។

អ្នក​ភូមិ​ទាំង​ប្រាំមួយ​នាក់​ត្រូវ​បាន​ប្តឹង​ពី​បទ​ប្រមាថ​ និង​គំរាមកំហែង​ដោយ​លោក​ ឆាយ ​ធារិទ្ធិ ​ចៅ​សង្កាត់​ស្រះចក ​ក្រុង​ភ្នំពេញ។​ នៅ​ក្នុង​ចំណោម​អ្នក​ត្រូវ​បាន​ចោទ​ប្រកាន់​ទាំង​នោះ ​មាន​ពីរ​រូប​គឺ​ជា​ម្ចាស់​បណ្តឹង​ប្រឆាំង​នឹង​អាជ្ញាធរ​ និង​ក្រុម​ហ៊ុនស៊ូកាគូអ៊ីន ពីបទ​បំផ្លាញ​ផ្ទះ​របស់​ពួក​គេ និង​អ្នក​ស្រី ​ទេព​វ៉ាន់នី ​តំណាង​យ៉ាង​សកម្ម​មួយ​រូប​របស់​អ្នក​ភូមិ​បឹងកក់។

អ្នកស្រី ​ទេព ​វ៉ាន់នី ​ដែល​ត្រូវ​ចូល​ខ្លួន​ទៅ​តុលាការ​នៅ​ថ្ងៃ​សុក្រ​សប្តាហ៍​នេះ ​ហាក់​ដូច​ជា​ភ្ញាក់​ផ្អើល​ នៅ​ពេល​ដែល​អ្នក​ស្រី​អះអាង​ថា​ ក្រុម​ប្រជាពលរដ្ឋ​មិន​ដែល​មាន​ការ​ប្រឆាំង​នឹង​ចៅ​សង្កាត់​ម្ចាស់​បណ្តឹង​នោះ​ទេ។

«ពួក​ខ្ញុំ​ក៏​មិន​នឹកនា​ទៅ​រក​រឿង​គាត់ ​ធ្វើបាប​គាត់​ណា​បន្តិច​ដែរ​ ហើយ​គាត់​មក​ចោទ​ខ្ញុំ​ជា​ស្រ្តី​ជេរ ប្រមាថ»។

លោក​ ដួង ​គា ​ម្ចាស់​បណ្តឹង​ម្នាក់​ក្នុង​ចំណោម​ម្ចាស់​បណ្តឹង​ទាំង​ប្រាំមួយ​នាក់​ ដែល​បាន​ដាក់​ពាក្យបណ្តឹង​ទៅ​តុលាការ​ក្រុង​ភ្នំពេញ​កាល​ពី​ថ្ងៃ​ម្សិលមិញ ​ប្រឆាំង​នឹង​ក្រុមហ៊ុន​ស៊ូកាគូអ៊ីន​ និងអាជ្ញាធរ​ក្រុង​ភ្នំពេញ ​ក៏​ជា​អ្នក​ទទួល​រង​បណ្តឹង​ម្នាក់​ដែរ​ពី​ចៅ​សង្កាត់​ដែល​គ្រប់គ្រង​កន្លែង​ដែល​គាត់ធ្លាប់​រស់​នៅ​នោះ។ លោក ​ដួង ​គា ​យល់​ឃើញ​ថា បណ្តឹង​នេះ​គឺ​ជា​ការ​គាបសង្កត់​ទៅ​លើ​ប្រជារាស្រ្ត។

«ការ​ពិត​ទៅ រឿង​ហ្នឹង​ ខ្ញុំ​ឥត​បាន​ដឹង ​ឥត​បានឮ ហើយ​ខ្ញុំ​ក៏​ឥត​ប្រព្រឹត្តិ​បទល្មើស​ដែរ។ បណ្តឹង​ចាប់​ខ្លួន​ហ្នឹង​ដើម្បី​ពួក​ខ្ញុំ​រត់​ចោល​ផ្ទះ​ចោល​សម្តែង​អញ្ចឹង​ទៅ​ ហើយ​គាត់​យក​ដី​ហ្នឹង​ស្រួល»។

លោក​ ឆាយ ​ធារិទ្ធិ ​ម្ចាស់​បណ្តឹង​ប្រឆាំង​ទៅ​នឹង​ប្រជាពលរដ្ឋ​ មិន​ផ្តល់​សេចក្តី​អធិប្បាយ​ណា​មួយ​ទេ​ ដោយ​លោក​ប្រាប់​ថា ​លោក​កំពុង​តែ​ជាប់​រវល់។

«ជាប់​នៅ​ក្នុង​ពិធី។ ​ខ្ញុំ​ស្តាប់​ឥត​បាន​ទេ។ ​ជាប់​នៅ​ក្នុង​ពិធី ​ហើយ​ប៉ុន​ហ្នឹង​បាន​ណាស់»។

ដី​បឹង​កក់​ទំហំ​១៣៣​ហិកតា ​បាន​ក្លាយ​ទៅ​ជា​ប្រធាន​បទ​នៃ​ទំនាស់​យ៉ាង​ខ្លាំងក្លា​ រវាង​ក្រុមហ៊ុន ស៊ូកាគូអ៊ីន ​និង​រវាង​អាជ្ញាធរ​ក្រុង​ភ្នំពេញ ​ជា​មួយ​ប្រជាពលរដ្ឋ​ជាង​បួន​ពាន់​គ្រួសារ។ ​ប្រជាពលរដ្ឋ ភាគច្រើន​បាន​សុខ​ចិត្ត​ចាក​ចេញ​ពី​លំនៅស្ថាន​ ដោយ​ពួក​គេ​យល់ព្រម​ទទួល​សំណង​ ដែល​ពួក​គេ​បាន​អះអាង​ថា ​ពួក​គេ​មិន​ពេញ​ចិត្ត​នោះ​ទេ។

អ្នក​ភូមិ​ទាំង​ប្រាំ​មួយ​នាក់​ គឺ​ជា​អ្នក​ប្រឈម​មុខ​នឹង​តុលាការ​ដំបូង​គេ​បន្ទាប់​ពី​ទំនាស់​ដី​ធ្លី​នេះ​ កើត​មាន​ឡើង​ហើយ​អូស​បន្លាយ​ចាប់​តាំង​ពី​ឆ្នាំ​២០០៧​មក​ម៉្លេះ។

លោក​ អ៊ូ ​វីរៈ​ នាយក​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ​បាន​ហៅ​បណ្តឹង​ប្រឆាំង​នឹង​អ្នក​បឹងកក់​ថា​ ជា​ការ​ចាប់​ផ្តើម​យន្តការ​ផ្លូវ​ច្បាប់​សម្រាប់​គាប​សង្កាត់​ទៅ​លើ​ក្រុម​អ្នក​ត​វា។

«ពី​ដើម​មក​ដែល​ថា​ យុទ្ធសាស្ត្រ​នេះ​អស់​ប្រសិទ្ធិភាព​ ទើប​អាជ្ញាធរ​ ពួក​ក្រុមហ៊ុន​ទាំង​អស់​គ្នាហ្នឹង​ គាត់​ប្រើ​ប្រព័ន្ធ​តុលាការ​ ហើយ​ដើម្បី​គាប​សង្កត់​ប្រជាពលរដ្ឋ។ ​យើង​ឃើញ​ត្រឹម​ករណី​ជា​ច្រើន​ ប្រជាពលរដ្ឋ​ដែល​រងគ្រោះ ​អញ្ចឹង​ប្រជាពលរដ្ឋ​ដែល​ប្តឹង​ទៅ ​ឥត​មាន​នរណា​ហ៊ាន​យក​ទៅ​ដាក់​ទេ។​ ហើយ​ការ​ដោះស្រាយ​តាម​ប្រព័ន្ធ​តុលាការ​ វា​មាន​ប្រវត្តិ​ជោគជ័យ​ជា​ច្រើន»។

ក្រុម​ប្រជាពលរដ្ឋ​ទន់ខ្សោយ​ត្រូវ​បាន​រាយការណ៍​ថា ​គឺ​ជា​អ្នក​ប្រឈម​នឹង​គ្រោះថ្នាក់​បំផុត។ លោក​ អ៊ូច ​ឡេង ​មន្ត្រី​ទទួល​បន្ទុក​ផ្នែក​កម្មវិធី​ដីធ្លី​របស់​អង្កការ​ការពារ​សិទ្ធិ​​មនុស្ស​អាដហុក​បាន​ឲ្យ​ដឹង​ថា​មាន​ប្រជាពលរដ្ឋ​ជាង​២០០​នាក់​កំពុង​ត្រូវ​បាន​ប្តឹង​តាម​ផ្លូវ​តុលាការ ​និង​ប្រជាពលរដ្ឋ​ជាង៣០​នាក់​ផ្សេង​ទៀត​កំពុង​ជាប់​ឃុំឃាំង​ដោយសារ​តែ​ទំនាស់​ដីធ្លី ​នៅ​ក្នុង​អំឡុង​ប៉ុន្មាន​ខែ​នៃ​ឆ្នាំ​២០១១​នេះ៕

This posting includes an audio/video/photo media file: Download Now

គ្រូបង្រៀន​ទាមទារ​ដំឡើង​ប្រាក់​បៀវត្សរ៍​នៅ​ទិវាគ្រូបង្រៀន

Posted: 06 Oct 2011 06:33 AM PDT

គ្រូ​បង្រៀន​ជាង​៣០០​នាក់​មក​ពី​ទូទាំង​ប្រទេស​អំពាវនាវ​ដល់​រដ្ឋាភិបាល​កម្ពុជា​ឲ្យ​ដំឡើង​ប្រាក់​បៀវត្សរ៍​យ៉ាង​តិច​២៥០​ដុល្លារ​អាមេរិក​ដល់​គ្រូ​បង្រៀន​ខណៈដែល​តម្លៃ​ម្ហូប​អាហារ​កំពុង​តែ​ឡើង​ថ្លៃ។ ការ​ទាមទារ​នោះ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ពេល​ប្រមូល​ផ្តុំ​គ្នា​ដើម្បី​ប្រារព្ធ​ទិវា​គ្រូ​បង្រៀន​ពិភពលោក​នៅ​ថ្ងៃ​ពុធ​នេះ។

លោក​គ្រូ​អ្នក​គ្រូ​ទាំង​នេះ​មក​ពី​ខេត្ត​ក្រុង​ចំនួន​១៨​ រួម​មាន​ខេត្ត​កំពង់ចាម ព្រះសីហនុ កំពង់ឆ្នាំង កណ្តាល ​កំពង់ស្ពឺ ​ពោធិសាត់ ​ព្រែវែង និង​ស្វាយរៀង។ គ្រូ​បង្រៀន​ចំនួន​១៥​នាក់​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ដើរ​ដង្ហែ​ក្បួន​ចេញ​ពី​ទីលាន​សេរីភាព​ដោយ​នាំ​យក​ញត្តិ​សុំ​ដំឡើង​ប្រាក់​បៀវត្សរ៍​ទៅ​ប្រគល់​ជូន​ក្រសួង​អប់រំ​ ខុទ្ទកាល័យ​លោក​នាយក​រដ្ឋមន្ត្រី​ រដ្ឋសភា ​និង​ព្រឹទ្ធសភា។

លោក ​រ៉ុង ​ឈុន ​ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​បាន​ថ្លែង​នៅ​ក្នុង​ពិធី​ប្រារព្វ​ទិវា​គ្រូ​បង្រៀន​ពិភពលោក​នេះ​ថា សមាគម​គ្រូបង្រៀន​ចង់​ប្រើប្រាស់​ទិវា​គ្រូបង្រៀន​ពិភពលោក​នេះ​ដើម្បី​ជំរុញ​ឲ្យ​រដ្ឋាភិបាល​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ជីវភាព​រស់​នៅ​តួនាទី​របស់​គ្រូ​បង្រៀន ​និង​គុណភាព​អប់រំ។

«បើ​រដ្ឋាភិបាល​ដោះស្រាយ​ឲ្យ​គ្រូ​បង្រៀន​មាន​ប្រាក់​ឈ្នួល​សមរម្យ ​ពេលនោះ​ការ​អប់រំ​នឹង​ទទួល​បាន​គុណភាព​ហើយ»។

អ្នក​គ្រូ​ រស់ ​ទិតម៉ាឡៃ ​គ្រូបង្រៀន​នៅ​សាលា​បឹងត្របែក​ខាង​ត្បូង​ បាន​និយាយ​នៅ​ក្នុង​ពីធី​នេះ​ថា​ អ្នកគ្រូ​មាន​ប្រាក់​បៀវត្សរ៍​ជាង​៣​សែន​រៀល ​ស្មើ​នឹង​៨០​ដុល្លារ​អាមេរិក​ប៉ណ្ណោះ។ បា្រក់​នេះ​មិន​អាច​ផ្គត់ផ្គង់​ជីវភាព​រស់​នៅ​របស់​អ្នក​គ្រូ​បាន​ទេ​ ពីព្រោះ​ទំនិញ​ឡើង​ថ្លៃ​យ៉ាង​ខ្លាំង។

អ្នក​គ្រូ​បាន​បន្ថែម​ថា គ្រូ​បង្រៀន​មិន​អាច​ផ្តល់​ការអប់រំ​ប្រកប​ដោយ​គុណភាព​ដល់​សិស្ស​បាន​ទេ​ ដោយសារ​តែ​ជីវភាព​រស់នៅ​ជួប​ប្រទះ​នឹង​ភាព​ខ្វះខាត ​ដូច​អ្នក​គ្រូ​បាន​បញ្ជាក់​ថា​«ពោះ​បើក​ ក្រពះ​ឃ្លាន បង្រៀន​មិន​បាន»។ អ្នកគ្រូ ​បាន​បន្ថែម​ថា គ្រូបង្រៀន​បង្ខំ​ចិត្ត​យក​ប្រាក់​ពី​៥០០​រៀល​ទៅ​១.០០០​រៀល​ក្នុង​សិស្ស​ម្នាក់​នៅ​សាលា​បឋម​សិក្សា ​ការ​លក់​ឯកសារ​មេរៀន​ឲ្យ​សិស្ស​ និង​ការបង្ខំ​សិស្ស​ឲ្យ​រៀន​ក្រៅ​ម៉ោង។

«ប្រាក់​ខែ​របស់​ពួក​ខ្ញុំ​នេះ​មិន​ស្មើ​នឹង​សត្វ​ឆ្កែ​ដែល​លោក​ចិញ្ចឹម​នៅ​តាម​ផ្ទះ​ផង។ អញ្ចឹង​ប្រាក់​ខែ​នេះ​មិន​អាច​តុល្យភាព​នឹង​ទំនិញ​ទីផ្សារ​ទេ​ដែល​ធ្វើ​ឲ្យ​ពួក​គាត់​មិន​អាច​រស់​បាន។ ​ពួក​យើង​ខ្ញុំ​ធ្វើ​នេះ​មាន​ការ​ខ្មាស​អៀន​ និង​ឈឺ​ចាប់​ណាស់​ចំពោះ​ការ​លូកដៃ​យក​ប្រាក់​៥០០​-​៦០០​រៀល​ពី​សិស្ស​នេះ។ មិន​ចង់​ធ្វើ​អញ្ចឹង​ទេ ​ប៉ុន្តែ​តម្រូវ​ការ​ក្រពះ»។

លោក​ យ៉ាន ​ចំរើន ​គ្រូបង្រៀន​នៅ​សាលា​បឋម​សិក្សា​ភ្នំ​ប្រុស​ ស្រុក​កំពង់សៀម​ ខេត្ត​កំពង់ចាម ​បាន​ថ្លែង​នៅ​ក្នុង​ពិធី​នេះ​ថា លោក​មាន​ប្រាក់​បៀវត្សរ៍​ ២៩ម៉ឺន​រៀល ​ស្មើនឹង​៧២​ដុល្លារ​អាមេរិកគឺ​មិន​អាច​ទប់ទល់​នឹង​ទំនិញ​ឡើង​ថ្លៃ​បាន​ទេ។​ លោក​ យ៉ាន ​ចំរើន​ បាន​ថ្លែង​ថា បើ​ប្រាក់ខែ​របស់​គ្រូបង្រៀន​មិន​គ្រប់គ្រាន់ ​គ្រូបង្រៀន​ត្រូវការ​ប្រាក់​ដើម្បី​ចិញ្ចឹម​ជីវិត​ និង​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​ដោយ​ការ​លក់​ឯកសារ​មេរៀន​ឲ្យ​សិស្ស។

«ប្រាក់បៀវត្សរ៍​ និង​តម្លៃ​ទំនិញ​នៅ​ទីផ្សា​រអត់​មាន​តុល្យភាព។ ​តម្លៃ​ទំនិញ​ទីផ្សារ​គឺ​ឡើង​ខ្ពស់។​ តម្លៃ​ប្រាក់ខែ​របស់​ខ្ញុំ​ទាប​បំផុត​ធ្វើ​ឲ្យ​ជីវភាព​របស់​ខ្ញុំ​ខ្វះខាត​ដុន​ដាប​មែន​ទែន»។

តួលេខ​របស់​ក្រសួង​អប់រំ​បាន​បង្ហាញ​ថា គ្រូ​បង្រៀន​នៅ​ទូទាំង​ប្រទេស​មាន​ចំនួន​ជាង​សែន​នាក់។

លោក ​គង់ ​ចំរើន ​មន្ត្រី​​ខុទ្ទកាល័យ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន ​បាន​ថ្លែង​ថា​លោក​បាន​ទទួល​យក​ញត្តិ​របស់​សមាគម​គ្រូបង្រៀន​កម្ពុជា​ ទៅ​ពិចារណា៕

This posting includes an audio/video/photo media file: Download Now

ស្នាដៃ​របាំ​ថ្មី​បង្ហាញ​«វដ្ត​នៃ​ការ​បំពាន​អំណាច»

Posted: 05 Oct 2011 08:56 PM PDT

<!--IMAGE-RIGHT-->

ក្រុម​របាំ​ Khmer Art Ensemble ដែល​ដឹកនាំ​ដោយ​លោកស្រី​ សាភីរ៉ូ ជៀម សុភិលីន (Sophiline Cheam Shapiro) នឹង​ធ្វើ​ដំណើរ​មក​ រដ្ឋ​កាលីហ្វ័រញ៉ា​ សហរដ្ឋ​អាមេរិក​ ដើម្បី​សម្តែង​ស្នាដៃ​របាំ​ថ្មី​មួយ​ មាន​ឈ្មោះ​ថា​ «ជីវិត​អសុរា»។ ការ​សម្តែង​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី២​ខែ​តុលា​នា​សាកលវិទ្យាល័យ​កាលីហ្វ័រញ៉ា​ ប៊ើឃើលី (UC Berkeley) និង​នៅ​ថ្ងៃ​ទី​៦​ខែ​តុលា​នា​សាកលវិទ្យាល័យ​ សាន់តា​ បាបារ៉ា (University of Santa Barbara)។

លោក បូរី​ ស៊ីលីវណ្ណ សូម​ជូន​បទ​សម្ភាសន៍​តាម​ទូរស័ព្ទ​ជាមួយ​លោកស្រី​ សុភិលីន ដែល​ជា​អ្នក​ដឹកនាំ​និង​នាដករ​ស្នាដៃ​របាំ​ «ជីវិត​អសុរា»។

<!--AV-->

This posting includes an audio/video/photo media file: Download Now

សាស្ត្រាចារ្យ​ច្បាប់​អាមេរិក៖ សាលាក្តី​ខ្មែរ​ក្រហម​គ្រាន់តែ​ជា​ផ្នែក​មួយ​នៃ​ការ​ដោះស្រាយ​បញ្ហា​បាក់ស្បាត​នៅកម្ពុជា

Posted: 05 Oct 2011 08:53 PM PDT

សៀវភៅ​ «ស្នាម​របួស​ដែល​លាក់​កំបាំង​របស់​ប្រទេស​កម្ពុជា​៖ ចិត្តវិជ្ជា​នៃ​បទពិសោធន៍​បាក់ស្បាត​នៅ​ក្រោយ​របប​ខ្មែរ​ក្រហម​» (Cambodia's Hidden Scars: Trauma Psychology in the wake of the Khmer Rouge)​ ទើប​នឹង​បាន​បោះពុម្ព​ដោយ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​នៅក្នុង​ប្រទេស​កម្ពុជា​នា​ពេល​ថ្មីៗ​នេះ។

លោកស្រី​សាស្រ្តាចារ្យ​ Beth​ Van​ Schaack​ ជា​អ្នកនិពន្ធ​មួយ​រូប​របស់​សៀវភៅ​នេះ។​ លោកស្រី​សាស្រ្តាចារ្យ​បង្រៀន​នៅ​មហាវិទ្យាល័យ​ច្បាប់​​នៃ​សាកលវិទ្យាល័យ ​សេនថា​ ក្លារ៉ា​ (Santa​ Clara)។

<!--IMAGE-RIGHT-->

លោកស្រី​សាស្រ្តាចារ្យ​អះអាង​ថា​ ដើម្បី​ជួយ​ជនរងគ្រោះ​ពី​របប​ខ្មែរ​ក្រហម​ឲ្យបាន​ធូរស្រាល​ពី​ បទពិសោធន៍​បាក់ស្បាត​ និង​បញ្ហា​ផ្លូវចិត្ត​ រដ្ឋាភិបាល​កម្ពុជា​គួរ​គាំទ្រ​ឲ្យមាន​ការ​បង្កើត​ គណៈកម្មការ​ស្វែងរក​ការណ៍ពិត​បែប​ផ្លូវការ​ ដែលជា​ពិធី​ផ្សះផ្សា​​ជាតិ​មួយ​មាន​ការ​ចូលរួម​ពី​មនុស្ស​មកពី​គ្រប់​តំបន់​នៅក្នុង​ប្រទេស​កម្ពុជា​ បន្ថែម​ទៅលើ​ការងារ​របស់​សាលាក្តី​ខ្មែរ​ក្រហម​ និង​ការងារ​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល។

នេះ​ជា​បទសម្ភាសន៍​រវាង​លោក​ ភី សុភាដា​ ពី​វីអូអេ​ខ្មែរ​ ជាមួយ​លោកស្រី​សាស្រ្តាចារ្យ Beth Van Schaack​ អំពី​សៀវភៅ​ខាងលើ​ និង​បទពិសោធន៍​របស់​លោក​ស្រី​​ទាក់ទង​នឹង​ការ​សរសេរ​​សៀវភៅ​នេះ៖

<!--AV-->

This posting includes an audio/video/photo media file: Download Now

អតីត​គ្រូបង្រៀន​ប្រឹង​ជំរុញ​កូនសិស្ស​ខ្មែរ​នៅ​ឡុងប៊ិច​ឱ្យ​បាន​មក​កាន់​តំណែង​ខ្ពស់

Posted: 05 Oct 2011 08:49 PM PDT

ស្ថិត​ក្នុង​បន្ទប់​ដ៏​ធំទូលាយ​មួយ​​ក្នុង​មន្ទីរពេទ្យ​ St. Mary​ ដែល​សមាគម​មាតាបិតា​ខ្មែរ​ប្រើ​ប្រាស់​ជាទី​សម្រាប់​ផ្តល់​ប្រឹក្សា​ដល់​សិស្ស​ដែល​មាន​ការសិក្សា​ខ្សោយ​ និង​អប់រំ​ដល់​សហគមន៍​ខ្មែរ​ក្នុង​ទីក្រុង​ឡុងប៊ិច​ឱ្យ​យល់​ពី​សារៈ​សំខាន់​នៃ​ការ​ទទួល​ទាន​អាហារ​ត្រឹមត្រូវ​ដើម្បី​សុខភាព​ល្អ​ អ្នកស្រី​ ចាន់ ហប់សុន ​កំពុង​ពន្យល់​មេរៀន​ខ្លះៗ​ដល់​សិស្ស​ដែល​​មកសុំ​ជំនួយ​ពី​សមាគម​​នេះ។

ជាមធ្យម​មាន​សិស្ស​ខ្មែរ​ក្នុង​សហគមន៍​នៃ​ទីក្រុង​ឡុងប៊ិច​ ក្នុង​រដ្ឋ​កាលីហ្វ័រញ៉ា​១៥​នាក់​ក្នុង​មួយ​វគ្គ​មកសុំ​​ឱ្យ​អ្នកស្រី​ ចាន់ ហប់សុន​ នាយិកា​ប្រតិបត្តិ​នៃ​សមាគម​មាតាបិតា​ខ្មែរ​ជួយ​ពន្យល់​បន្ថែម​នូវ​មុខវិជ្ជា​ដល់​សិក្សា​នៅ​សាលា ​ហើយ​ពួកគេ​នៅ​មិន​ទាន់​យល់​ច្បាស់។

លោកស្រី​​ចាន់ ហប់សុន​បាន​បញ្ជាក់​ប្រាប់​វីអូអេ​សំឡេង​សហរដ្ឋ​អាមេរិក​ផ្នែក​ខេមរភាសា​ថា​ មាន​​បញ្ហា​ជាច្រើន​ដែល​នាំ​ឱ្យ​កូនសិស្ស​ខ្មែរ​មាន​ការ​សិក្សា​មិនបាន​ល្អ៖

«កូនខ្មែរ​របស់​យើង​ដែល​មាន​ចំណេះ​ចេះ​ដឹង​អន់​ច្រើន​ជាង​គេ​ដោយសារ​ខ្វះ​ការ​ទំនុក​បម្រុង​ ខ្វះ​ការ​យល់​ដឹង​ដល់​យុវវ័យ​របស់​ក្មេងៗ​ ហើយ​នឹង​ខ្វះ​ការ​ផ្ចុងផ្តើម​ពីខាង​ចំណី​អាហារ​ពី​ខាង​សុខភាព​​ និង​ការ​ជួយ​ពីក្រោយ​សាលា»។

លោកស្រី​​ចាន់ ហប់សុន​បញ្ជាក់​ថា​ នៅ​សហរដ្ឋ​អាមេរិក​ការ​ផ្តល់​ការ​អប់រំ​បន្ថែម​ពី​ឪពុកម្តាយ​នៅ​ក្រោយ​ពី​ការ​សិក្សា​នៅ​តាម​សាលា​ជា​ការណ៍​សំខាន់​ណាស់។

«មកដល់​ស្រុក​នេះ​ គ្រូ​អាមេរិកាំង​គេ​មាន​មុខ​នាទី​តែ​បង្ហាត់​បង្រៀន​ចំណេះ​ដឹង​ទេ។​ អ្វីៗ​ទាំង​អស់​នៅ លើ​ឪពុក​ម្តាយ។​ ដូច្នេះ​ហើយ​រចនាសម្ព័ន្ធ​ខាង​ការ​សិក្សា​នៅ​ស្រុក​យើង​និង​ស្រុក​អាមេរិក​​ខុសគ្នា​ដូច​មេឃ​និង​ដី»។

លោកស្រី​ចាន់ ហប់សុន​ធ្លាប់​ជា​គ្រូបង្រៀន​ម្នាក់​ក្នុង​ប្រទេស​កម្ពុជា​ មុន​ពេល​ដែល​លោក​ស្រី​រត់ភៀស​ខ្លួន​មក​នៅ​សហរដ្ឋ​អាមេរិក​ក្នុង​ឆ្នាំ​១៩៨០។ ​លោក​ស្រី​បញ្ជាក់​ថា ​ឪពុក​ម្តាយ​ខ្មែរ​​នៅ​មិនទាន់​យល់​ពី​ការ​ឱ្យ​តម្លៃ​ពី​សមិទ្ធិផល​នៃ​ការ​សិក្សា​របស់​កូន​ពួកគេ​នៅ​ឡើយ​ទេ។

នៅ​ពុំ​ទាន់​មាន​តួលេខ​ជាក់លាក់​ទាក់​ទង​នឹង​ការ​សិក្សា​របស់​សិស្ស​ និស្សិត​ក្នុង​សហគមន៍​ខ្មែរ​ទេ​ ក៏​ប៉ុន្តែ​យោង​តាម​ការ​រក​ឃើញ​របស់​សមាគម​អប់រំ​ជាតិ​អាមេរិកាំង​ ឱ្យ​ដឹង​ថា ​​ជនជាតិ​អាស៊ី​ និង​អ្នក​ដែន​កោះ​ប៉ាស៊ីហ្វិក​​ជួប​បញ្ហា​ជាច្រើន​​ក្នុង​ការ​សិក្សា ​ដោយ​សារ​កត្តា​ទាក់ទង​នឹង​ស្ថានភាព​ជា​ជន​ភៀសខ្លួន​របស់​ឪពុក​ម្តាយ​ ការ​ប្រើប្រាស់​ភាសា​ ប្រព័ន្ធ​អប់រំ​ខ្សោយ​ក្នុង​ប្រទេស​កំណើត​របស់​ពួកគេ​និង​ភាព​ក្រីក្រ​ជាដើម។

លោក​ស្រី​ចាន់ ហប់សុន​បាន​​បញ្ជាក់​ថា​ ការ​រៀបចំ​បង្កើត​ជា​សមាគម​មាតាបីតា​ខ្មែរ​នេះ​ ធ្វើ​ឡើង​គឺ​មាន​សេចក្តី​ថា​ មាតាបិតា​ត្រូវ​​មាន​ភារកិច្ច​ដើម្បី​ទំនុក​បម្រុង​ ហើយ​ជួយ​កូនខ្មែរ​​ឱ្យ​ទៅ​ជា​កូន​ដែល​ប្រកប​ដោយ​ចំណេះ​វិជ្ជា​ខ្ពស់​ មាន​អនាគត​ល្អ​ ហើយ​មាន​សេចក្តី​រុងរឿង​ ដូច​សហគមន៍​ដទៃ​ទៀត​ដែល​នៅ​សហរដ្ឋ​អាមេរិក។

សមាគម​មាតាបិតា​ខ្មែរ​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​១៩៩៥។ ​ដោយ​ចាប់​ផ្តើ​ម​ពី​ដំបូង​ក្នុង​គោល​បំណង​​ផ្តល់​ការ​លើក​ទឹកចិត្ត​តាម​រយៈ​រៀបចំ​ ការ​អបអរ​សាទរ​ប្រចាំ​ឆ្នាំ​ដល់​កូនសិស្ស​ដែល​បញ្ចប់​ការសិក្សា​ប៉ុណ្ណោះ​ ប៉ុន្តែ​ក្រោយ​មក​បាន​ពង្រីក​ការងារ​រហូត​មក​ដល់​ការ​ជួយ​បំប៉ន​ចំណេះ​ដល់​សិស្ស​ក្រោយ​ការ​សិក្សា​នៅ​តាម​សាលា​និង​អប់រំ​ពី​សុខភាព។

ចាប់​តាំង​ពី​បង្កើត​មក​ មាន​សិស្ស​ប្រហែល​ជិត​១.០០០​នាក់​ហើយ​ដែល​មាន​បញ្ហា​ក្នុង​ការ​សិក្សា​ហើយ​មក​សុំ​ជំនួយ​ពី​លោក​ស្រី។

សម្រាប់​​លី ហួរ​ ជាសិស្ស​ថ្នាក់​ទី១១​នៅ​វិទ្យាល័យ​ Wilson ​ក្នុង​ទីក្រុង​ឡុងប៊ិច​ ​​​ជំនួយ​ដូច​​នេះ​ជា​ការ​សំខាន់​ដើម្បី​អាច​ជួយ​បង្កើន​សមត្ថភាព​សម្រាប់​ការ​សិក្សា។

«ពេលដែល​ខ្ញុំ​អត់​បាន​ល្អ​ គ្រូ​នៅ​សាលា​គាត់​អត់​ថា​អ្វី​ទេ។​ គ្រាន់​តែ​ប្រាប់​ថា​​ ពិន្ទុ​យើង​អត់​ល្អ​ ហើយ​ពិន្ទុ​យើង​ទាប។ ​គេ​មិនបាន​ជាប្រាប់​ទល់​មុខ​ទេ។ ​គេ​គ្រាន់តែ​ដាក់​លើ​ក្រដាស»។

លីហួរ​កំពុង​ត្រូវ​ការ​ជំនួយ​បន្ថែម​សម្រាប់​​ផ្នែក​ភាសា​អង់គ្លេស​ ធ្វើកិច្ចការ​សាលា​និងត្រៀម​សម្រាប់​ការ​ប្រឡង​ក្នុង​ថ្នាក់​ ​ហើយ​ការស្វែង​រក​ជំនួយ​សិក្សា​បំប៉ន​​ជា​ការងារ​ផ្ទាល់​ខ្លួន។

សម្រាប់​លោកស្រី​ ចាន់ ហប់សុន ​ការថែរក្សា​សុខភាព​ក៏​ជា​បញ្ហា​សំខាន់​មួយដែរ​ ដែល​សមាគម​លោកស្រី​ផ្តោត​ការ​អប់រំ​ដល់​សហគមន៍​ខ្មែរ​​ដើម្បី​អាច​ឱ្យ​ពួកគេ​មាន​សុខភាព​ល្អ។​ លោកស្រី​មើល​ឃើញ​ថា​ ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ទីក្រុង​ឡុងប៊ិច​ ក៏ដូចជា​នៅ​ទូទាំង​សហរដ្ឋ​អាមេរិក​ដែរ​ មាន​បញ្ហា ច្រើន​រឿង​សុខភាព​។

«ដោយសារ​ទីមួយ ​យើង​អត់​មាន​ចំណេះ​ចេះ​ដឹង​ខាង​សុខភាព។​​ ទីពីរ​យើង​អត់​ដឹង​ថា ​តើ​យើង​ត្រូវ​ញ៉ាំ​ម្ហូប​ចំណី​យ៉ាង​ណា​ដើម្បី​ផ្តល់​សុខភាព​ល្អ​ដល់​ខ្លួន​យើង។​ ទីបី​យើង​អត់​ដឹង​ថា ​តើ​មាន​កម្មវិធី ​ណា​ខ្លះ​ដែល​អាច​ជួយ​យើង​ខាង​សុខភាព​ ព្រោះ​យើង​អត់​ដែល​ដឹង»។

ការ​អប់រំ​មាន​លក្ខណៈ​ជាចំណេះ​ដឹង​មូលដ្ឋាន ​ដែល​មាន​ដូច​ជា​​ប្រភេទ​ជំងឺ​ផ្សេងៗ​និង​មូលហេតុ​របស់​វា​ ព្រមទាំង​វិធីការពារ ​ក៏​ដូច​ជា​ការ​ស្វែង​រក​សេវា​ព្យាបាល​ ​និង​ការ​ទទួលទាន​ចំណី​ដែល​ផ្តល់​ផល​ដល់​សុខភាព។

លោក​ស្រី​ ព្រំ រ័ត្ន​ ដែល​បាន​ចូលរួម​ក្នុង​វគ្គ​សិក្សា​កន្លង​មក​បញ្ជាក់​ថា៖

«ពីមុន​ខ្ញុំ​អត់​បាន​រៀន​អ្វី​ អត់​សូវ​ចូលចិត្ត​ញ៉ាំ​បន្លែ​ទេ​ ញ៉ាំ​តែ​សាច់​ច្រើន​ ហើយ​បន្លែ​ញ៉ាំ​តិចៗ​ ហើយ​ឈឺ​ញឹកញាប់​ ឈឺ​តែ​ក្បាល ​ហើយ​កោសខ្យល់​សឹង​តែ​មួយ​អាទិត្យ​ម្តង។​ ដល់​ពេល​គាត់​បើក​កម្មវិធី​ទៅ​ ខ្ញុំ​បាន​នាំ​មិត្តភ័ក្រ​​បួនប្រាំ​ ប្រាំមួយ​នាក់​មក​ចូល​រៀន​ជាមួយ​គ្នា​ដែរ។ ​ដល់​ពេល​ដែល​យើង​​ពិសារ​តែ​បន្លែ​អាហារ​អត់​សូវ​ប្រើ​សាច់​គោ​ ឬ​របស់​អ្វី​ដែល​មាន​ជាតិ​ខ្លាញ់​ ដូចជា​សាច់​មាន់​ដែល​មាន​ជាតិ​ខ្លាញ់​ អត់​ប្រើ​ទៅ​ បាន​ដូច​ជាស្រួល​ខ្លួន​ អត់​មាន​ការ​ឈឺ​ វិល​មុខ​វិល​អី​ទេ។​ ខ្ញុំ​ ពី​ដើម​ ងើប​អត់​ចង់​រួច​ទេ។​ ពេល​ងើប​វា​វិល​ មក​ពី​យើង​ញ៉ាំម្អូប ​អត់​មាន​ដឹង​របៀប»។

ផ្លែផ្កា​នៃ​ការ​វិនិយោគ​លើ​ធនធាន​មនុស្ស​របស់​សមាគម​មាតាបិតា​ខ្មែរ​​បាន​ចាប់​ផ្តើម​ផ្តល់​ជា​បណ្តើរៗ​បើ​ទោះ​ជា​មិន​ទាន់​ដល់​កម្រិត​មួយ​ដែល​អ្នក​បង្កើត​សមាគម​នេះ​ចង់​បាន​គឺ​អនាគត​កូន​ខ្មែរ​ដែល​អាច​មាន​ការងារ​ធំដុំ​​​​ក្នុង​ស្ថាប័ន​សំខាន់ៗ​របស់​សហរដ្ឋ​អាមេរិក។

នាពេល​បច្ចុប្បន្ន​នេះ​ កញ្ញា​ ម៉ីម៉ី ​ហួត ​និង​កញ្ញា​ ស្តេហ្វានី ចាន់ ដែល​បាន​ទទួល​អាហារូបករណ៍​តាម​រយៈ​សមាគម​នេះ​ក្នុង​ឆ្នាំ​២០១០​និង​២០១១​ បាន​​ស្ម័គ្រចិត្ត​មក​ជួយ​ក្នុង​ការងារ​របស់​លោកស្រី​ចាន់ ក្នុង​ការ​ជួយ​អប់រំ​ពី​សុខភាព​និង​បណ្តុះ​បណ្តាល​កុមារ​ជំនាន់​ក្រោយ។​ អ្នក​ទាំងពី​ក៏​កំពុង​​សិក្សា​ខាង​វិជ្ជាពេទ្យ​ ហើយ​ពួកគេ​សង្ឃឹម​ថា ​អាច​នឹង​​ជួយ​ឱ្យ​ប្រសើរ​ឡើង​ដល់​អាជីព​របស់​ពួកគេ ​​ក្នុង​ពេល​អនាគត​ និង​បន្ត​ការងារ​ជួយ​សហគមន៍​តទៅទៀត៕

This posting includes an audio/video/photo media file: Download Now

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!