VOA News: ព័ត៌មាន: “អ្នក​ស្ម័គ្រចិត្ត​ភីសខរស៍​ ក្រុម​ទី​៥​មក​ដល់​កម្ពុជា” plus 4 more

VOA News: ព័ត៌មាន: “អ្នក​ស្ម័គ្រចិត្ត​ភីសខរស៍​ ក្រុម​ទី​៥​មក​ដល់​កម្ពុជា” plus 4 more


អ្នក​ស្ម័គ្រចិត្ត​ភីសខរស៍​ ក្រុម​ទី​៥​មក​ដល់​កម្ពុជា

Posted: 04 Oct 2011 02:56 PM PDT

ជនជាតិ​អាមេរិកាំង​ចំនួន​៥៩​នាក់​នៃ​ភ្នាក់ងារ​អ្នក​ស្ម័គ្រចិត្ត​ភីសខរស៍ (Peace Corps) បាន​ស្បថ​ចូល​កាន់​ការងារ​ជា​អ្នក​ស្ម័គ្រ​ចិត្ត​កាល​ពី​ថ្ងៃ​ច័ន្ទ​ ដែល​ធ្វើ​ឲ្យ​ចំនួន​អ្នក​ស្ម័គ្រចិត្ត​របស់​ភ្នាក់ងារ​នេះ​កើន​ដល់​១០៦​នាក់​ នៅ​កម្ពុជា។ អ្នក​ស្ម័គ្រ​ចិត្ត​កំពុង​រស់​នៅ​ជាមួយ​ប្រជាពលរដ្ឋ​កម្ពុជា​ដោយ​ផ្ទាល់​ក្នុង​ខេត្ត​ចំនួន​១៥។

លោក ​ចេហ្វ ​ដេហ្គល ​(Jeff Daigle) ​ភារៈធារី​អម​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​ មាន​ប្រសាសន៍​ក្នុង​ពិធី​ស្បថ​ក្នុង​ទីក្រុង​ភ្នំពេញ​ថា​ បេសកកម្ម​របស់​អ្នក​ស្ម័គ្រចិត្ត​ទាំង​នេះ​ បាន​នាំ​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ​វប្បធម៌​យ៉ាង​សំខាន់​សម្រាប់​ប្រទេស​ទាំង​ពីរ​ កម្ពុជា ​សហរដ្ឋ​អាមេរិក។

«អ្នក​ស្ម័គ្រ​ចិត្តភីសខរស៍​រស់​នៅ​ជាមួយ​គ្រួសារ​ខ្មែរ​ ទទួល​បាន​នូវ​ការ​យល់​ដឹង​យ៉ាង​ជ្រាល​ជ្រៅ​អំពី​វប្បធម៌​របស់​កម្ពុជា ​យល់ដឹង​ពី​ភាសា​របស់​ប្រទេស​នេះ​ និង​យល់ដឹង​ពី​ប្រជា​ពល​រដ្ឋ​នៃ​ប្រទេស​នេះ។​ នៅ​ពេល​ដែល​អ្នក​ស្ម័គ្រ​ចិត្ត​ត្រឡប់​ទៅ​សហរដ្ឋ​អាមេរិក​វិញ ​ពួក​គេ​នឹង​មាន​អ្វីៗ​ជា​ច្រើន​សម្រាប់​ចែក​រំលែក​ដល់​ជនជាតិ​អាមេរិក​អំ​ពី​ប្រទេស​កម្ពុជា។ តាមរយៈ​នេះ​​ប្រទេស​យើង​ទាំង​ពីរ​ទទួល​បាន​ផលប្រយោជន៍​អំពី​កម្មវិធី​របស់​ ភីសខរស៍។

ទីភ្នាក់ងារ​ភីសខរស៍​ត្រូវ​បង្កើត​ឡើង​ដោយ​អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ​លោក ​ចន ​ខេណិឌី ​(John F. Kennedy)។ នៅ​ឆ្នាំ​១៩៦១​ ដើម្បី​លើក​កម្ពស់​មិត្តភាព ​និង​សន្ដិភាព​ជាមួយ​បណ្ដា​ប្រទេស​នានា​ក្នុង​ពិភព​លោក គោល​បំណង​នៃ​ទីភ្នាក់ងារ​នេះ ​គឺ​បណ្ដុះបណ្ដាល​ និង​អប់រំ​បុរស ​និង​ស្ដ្រី​នៅ​តាម​បណ្ដា​ប្រទេស​ដែល​ចាប់​អារម្មណ៍ ​និង​ដើម្បី​លើក​កម្ពស់​ការ​យោគយល់​គ្នា​ ជាពិសេស​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍។​ ចាប់​តាំង​ពី​ពេល​នោះ​មក​មាន​ជនជាតិ​អាមេរិកាំង​នៃ​ក្រុម​ភីសខរស៍​ប្រហែល​ចំនួន​ ២សែន​នាក់​​បាន​ចូល​បម្រើ​ជា​អ្នក​ស្ម័គ្រ​ចិត្ត​ក្នុង​ប្រទេស​ចំនួន​១៣៩ ដែល​ក្នុង​នោះ​អ្នក​ស្ម័គ្រ​ចិត្ត​ចំនួន​២២៧​នាក់​បាន​មក​បំពេញ​ការងារ​នៅ​កម្ពុជា​ ចាប់​តាំង​ពី​ឆ្នាំ ​២០០៧​ មក។​ នេះ​បើ​យោង​តាម​តួលេខ​របស់​ភ្នាក់ងារ​ភីសខរស៍​នៅ​កម្ពុជា។

អ្នក​ស្ម័គ្រ​ចិត្ត​ក្រុម​ទី​៥ មាន​ចំនួន​៥៩នាក់​ ដែល​បាន​ទទួល​ការ​បណ្ដុះ​បណ្ដាល​រយៈពេល​ប្រាំបួន​សប្ដាហ៍​ក្នុង​ខេត្ត​តាកែវ​ ដោយ​ចាប់​ផ្ដើម​រស់​នៅ​ជាមួយ​គ្រួសារ​នៃ​ពលរដ្ឋ​កម្ពុជា​នៅ​ទីនោះ។ ​ក្នុង​ពិធី​ស្បថ​ចូល​កាន់​ការងារ​ជា​ផ្លូវការ ពួកគេ​បាន​ស្លៀក​ពាក់​ជា​របៀប​ខ្មែរ មាន​អាវប៉ាក់ ​និង​សំពត់​ហូល។ ​ក្រុម​ទី​៥​នេះ​នឹង​មាន​បេសកម្ម​ជួយ​បង្រៀន​ភាសា​អង់គ្លេស​ដល់​យុវជន​កម្ពុជា ​និង​ចូលរួម​សកម្មភាព​អប់រំសុខភាព និង​អនាម័យ​ដល់​សហគម​ខ្មែរ​នៅ​តាម​ទី​ជនបទ​សម្រាប់​រយៈពេល​ពីរ​ឆ្នាំ ​ក្នុង​ខេត្ត​ចំនួន​១៤ ​ក្នុង​ចំណោម​ខេត្ត​១៥ ​ដែល​កំពុង​មាន​វត្តមាន​អ្នក​ស្ម័គ្រ​ចិត្ត​ ក្នុង​នោះ​មាន​ ខេត្ត​ស្វាយរៀង ​ព្រៃវែង ​កំពង់ចាម ​កណ្ដាល ​តាកែវ​ កំពត ព្រះសីហនុ ​កោះកុង ​កំពង់ស្ពឺ​ កំពង់ឆ្នាំង ពោធិ៍សាត់ ​បាត់ដំបង ​បន្ទាយមានជ័យ ​សៀមរាប​ និង​ខេត្ត​កំពង់ធំ។ លើស​ពី​នេះ ​អ្នក​ស្ម័គ្រ​ចិត្ត​ក្នុង​ក្រុម​ទី​៥​ នេះ​នឹង​ចូលរួម​ចំណែក​ក្នុង​គម្រោង​អប់រំ​ផ្នែក​បរិដ្ឋាន​ ការ​ការពារ​អំពើ​ហិង្សា​ក្នុង​គ្រួសារ ​និង​ការអភិវឌ្ឍ​ជំនួញ​ខ្នាត​តូច​ផង​ដែរ។

លោក​ស្រី ​ផេនី ហ្វៀលស៍​ (Penny Fields) ​នាយិកា​ភ្នាក់ងារ​​ភីសខរស៍​នៅ​កម្ពុជា​មាន​ប្រសាសន៍​ថា ក្រុម​អ្នក​ស្ម័គ្រ​ចិត្ត​នឹង​ពាំនាំ​យក​ជាមួយ​ពួក​គេ​នូវ​អ្វី​ដែល​គេ​បាន​រៀនសូត្រ​ពី​កម្ពុជា ​ហើយ​ពួក​គេ​នឹង​យក​កម្ពុជា​ជាប់​នឹង​ខ្លួន​គេ​ជានិច្ច។

លោក ​សន ​ក្រុតធី ​(Sean Crotty) ​អ្នក​ស្ម័គ្រ​ចិត្ត​ម្នាក់​ក្នុង​ក្រុម​ទី​៥​នេះ​ ទើប​តែ​ចេះ​ភាសា​ខ្មែរ​បាន​ខ្លះ​បន្ទាប់​ពី​ទទួល​វគ្គ​បណ្ដុះ​បណ្ដាល​រយៈពេល​ជាង​ពីរ​ខែ​កន្លង​មក។​ លោក​និយាយ​ភាសាខ្មែរ​តាម​សំនៀង​អង់គ្លេស​ថា៖

«ខ្ញុំ​ញ៉ាំ​បាយ​ប្រាំបួន​ចាន​ក្នុង​មួយ​ថ្ងៃ។ ខ្ញុំ​ជា​អ្នក​ចូល​ចិត្ត​ម្ហូប​ខ្មែរ​ជាង​គេ។ ខ្ញុំ​ពិត​ជា​មាន​អារម្មណ៍​សប្បាយ​រីករាយ​ដែល​ខ្ញុំ​មាន​ឱកាស​មក​ធ្វើការ​នៅ​ក្នុង​ប្រទេស​មួយ​ ដែល​ជា​ប្រទេស​មួយ​ដ៏​ល្អ​ដូច​ជា​ប្រទេស​កម្ពុជា»។

លោក ម៉ម ប៊ុនហេង ​រដ្ឋមន្ដ្រី​ក្រសួង​សុខាភិបាល ដែល​ធ្វើ​ជា​ធិបតី​ក្នុង​ពិធី​ស្បថ​របស់​ក្រុម​ភីសខរស៍​មាន​ប្រសាសន៍​ថា ក្រុម​អ្នក​ស្ម័គ្រ​ចិត្ត​អាមេរិក​បាន​ និង​កំពុង​រួម​ចំណែក​ក្នុង​ការអភិវឌ្ឍ​កម្ពុជា។

«កម្មវិធី​របស់​ភ្នាក់ងារ​ភីសខរស៍ កំពុង​រួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​អនុវត្តន៍​ផែនការ​យុទ្ធសាស្ដ្រ​ជាតិ​របស់​រាជរដ្ឋាភិបាល​កម្ពុជា។ ​ការ​រស់​នៅ​និង​ការ​ធ្វើ​ការងារ​ជាមួយ​ពលរដ្ឋ​កម្ពុជា​ក្នុង​សហគម​ធ្វើ​ឲ្យ​ពួក​គេ​បង្កើន​ការ​យល់ដឹង​ផ្នែក​វប្បធម៌ និង​ជំនាញ​និយាយ​ភាសាខ្មែរ​បាន​ច្រើន»។

ជាមួយ​គ្នា​នេះ​លោក ​ម៉ម ​ប៊ុនហេង​ ក៏​បាន​រំលឹក​ដល់​ក្រុម​អ្នក​ស្ម័គ្រ​ចិត្ត​អាមេរិក​ឲ្យ​ប្រុង​ប្រយ័ត្ន​ចំពោះ​​ជំងឺ​រាក​រូស​ និង​ជំងឺ​គ្រុន​ចាញ់​នៅ​កម្ពុជា៕

This posting includes an audio/video/photo media file: Download Now

ជនរងគ្រោះ​បឹងកក់​ប្តឹង​អាជ្ញាធរ​ពី​បទ​បំផ្លាញ​លំនៅដ្ឋាន​របស់​ខ្លួន​

Posted: 04 Oct 2011 01:53 PM PDT

ប្រជាពលរដ្ឋ​ចំនួន​ប្រាំបី​គ្រួសារ​រស់នៅ​ភូមិ​២២ ​ក្នុង​តំបន់​បឹងកក់​ នៅ​ថ្ងៃ​អង្គារ​នេះ​បាន​ដាក់​ពាក្យ​បណ្តឹង​ជា​ផ្លូវការ​ទៅ​តុលាការ​ក្រុង​ភ្នំពេញ​ដើម្បី​ប្រឆាំង​ជំទាស់​នឹង​ក្រុមហ៊ុន​ស៊ូកាគូអ៊ីន​ និង​មន្ត្រី​ប៉ូលីស​មួយ​ចំនួន​ផ្សេង​ទៀត ​ដោយ​ទាមទារ​សំណង​ជា​ប្រាក់​ជាង​២សែន​ដុល្លារ​សហរដ្ឋ​អាមេរិក។ ​នៅ​ក្នុង​ពាក្យ​បណ្តឹង​មួយ​ច្បាប់​ដែល​បាន​ដាក់​ជូន​តុលាការ​ក្រុង​ភ្នំពេញ ​ហើយ​បាន​ចែកជូន​ក្រុម​អ្នក​យក​ព័ត៌មាន​នៅ​ពី​មុខ​តុលាការ​បាន​ប្តឹង​ជំទាស់​នឹង​ក្រុមហ៊ុន​ស៊ូកាគូអ៊ីន ​មន្រ្តី​ប៉ូលីស​ចំនួន​ពីរ​រូប​ និង​លោក ​សុខ ​ពេញវុធ ​អភិបាល​រង​ខណ្ឌ​ដូនពេញ ​ព្រម​ទាំង​លោក​ សុខ ​ហុង ​ប្រធាន​បូម​ខ្សាច់។

ការ​ដាក់​ពាក្យ​បណ្តឹង​របស់​ប្រជាពលរដ្ឋ​នេះ ​បាន​កើត​មាន​ឡើង​ក្រោយ​ពេល​ដែល​ផ្ទះ​ប្រជាពលរដ្ឋ ចំនួន​ប្រាំបី​ខ្នង​នៅ​ភូមិ​២២ ​នៅ​ក្នុង​តំបន់​បឹងកក់​ត្រូវ​បាន​អាជ្ញាធរ​វាយ​កម្ទេច​ចោល​កាល​ពី​ថ្ងៃ​ទី​១៦​ កញ្ញា ​កន្លង​ទៅ​នេះ។ ​ការ​វាយ​កម្ទេច​ផ្ទះ​ប្រជាពលរដ្ឋ​នេះ​បាន​ធ្វើ​ឲ្យ​អ្នក​ភូមិ​ម្នាក់​បាន​ទទួល​រង​របួស យ៉ាង​ធ្ងន់ធ្ងរ​ដោយសារ​តែ​ពួក​គេ​បាន​ព្យាយាម​រារាំង​ ហើយ​ត្រូវ​បាន​កម្លាំង​ប៉ូលីស​ប្រដាប់​ដោយ​អាវុធ​ ខែល ​ដំបង​ឆក់ ​និង​កំាភ្លើង​ស្វ័យប្រវត្តិ​បាន​វាយ​បំបែក។

លោក ដួង​ គា ​អាយុ​៤២​ឆ្នាំ ​ប្រជាពលរដ្ឋ​រស់​នៅ​ភូមិ​២២ ​ដែល​នៅ​ក្នុង​ពាក្យ​បណ្តឹង​នោះ​ បាន​ទាមទារ​សំណង​បួន​ម៉ឺន​និង​ពីរ​ពាន់​(៤២.០០០)​ដុល្លារ​សហរដ្ឋ​អាមេរិក។ លោក​និយាយ​ថា​ លោក​ចង់​ឲ្យ​ក្រុមហ៊ុន​ស៊ូកាគូអ៊ីន ​សង​ទ្រព្យសម្បត្តិ​ដែល​លោក​បាន​បាត់បង់ ​និង​ផ្ទះ​របស់​លោក​ដែល​ត្រូវ​បាន​វាយ​កម្ទេច​កាល​ពី​ថ្ងៃ​ទី​១៦​ កញ្ញា ​កន្លង​ទៅ​នេះ។

«លោក​សុខ​ ពេញវុធ ​ដែល​ជា​អភិបាល​រង​ខណ្ឌ​ដូនពេញ រដ្ឋ​ កុសល​ ជា​មេបញ្ជការ​ស្នងការ​រាជធានី​ភ្នំពេញ ​និង​ផន​ សុភេន ​ជា​មេបញ្ជការ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ​បាន​បញ្ជា​កូន​ចៅ​ជាង​២០០​នាក់​ ទៅ​វាយ​កម្ទេច​ផ្ទះ​របស់​ខ្ញុំ​នៅ​តំបង់​បឹងកក់​ភូមិ​២២។ អញ្ចឹង​ហើយ​ខ្ញុំ​មាន​តែ​រក​វិធី​ម្យ៉ាង ​គឺ​រក​ផ្លូវ​ច្បាប់​ដើម្បី​ឲ្យ​ច្បាប់​រក​ដំណោះស្រាយ​ឲ្យ​ប្រជាពល​រដ្ឋ​នៅ​តំបន់​បឹងកក់ ​ជា​ពិសេស​ប្រាំបី​គ្រួសារ​បង​ប្អូន​របស់​ពួក​ខ្ញុំ»។

លោក ​ដួង​ គា​ បាន​បញ្ជា្កក់​ថា ​យើង​ប្តឹង​ពីរ​ករណី ​គឺ​ករណី​សំណង​រដ្ឋប្បវេណី​ និង​ពី​បទ​ព្រហ្មទណ្ឌ​ហើយ​លោក​សង្ឃឹម​ថា​ តុលាការ​នឹង​រក​យុត្តិធម៌​ជូន​លោក។

អ្នកស្រី ​ហេង​ មុំ ​ប្រជាពលរដ្ឋ​រង​គ្រោះ​ម្នាក់​ទៀត​ នៅ​ភូមិ​២២ ​បាន​និយាយ​ថា​សាលាក្រុង​ភ្នំពេញ ​មិន​បាន​ផ្តល់​សំណង​ដល់​ពួក​គាត់​ទេ។​ អ្នកស្រី​បាន​មាន​ប្រសាសន៍​ទៀត​ថា​ យើង​រស់​នៅ​ក្រោម​តង់​កៅស៊ូ​យ៉ាង​វេទនា ​បន្ទាប់​ពី​ផ្ទះ​របស់​ពួក​យើង​ត្រូវ​បាន​វាយ​កម្ទេច។

«មក​ទល់​ពេល​នេះ ​មិន​មាន​អ្នកណា​មក​សួរ​ពួក​ខ្ញុំ​ទេ មាន​តែ​ការ​បង្ហូរ​ទឹក​ និង​បូម​ខ្សាច់​លុប​ពួក​ខ្ញុំ​ថែម​ពី​លើ​ទៀត​ ទោះបី​ពួក​ខ្ញុំ​សន្សំ​សំច័យ​លុយ​រៃ​បាន​តិចតួច​យក​មក​ធ្វើ​ហ្នឹង ធ្វើ​មិន​កើត​ទៀត​ ត្រូវ​ខ្សាច់​កប់​ពី​លើ​ថែម​ទៀត។ ​នេះ​ជា​ករណីមួយ​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ពិបាក​ទ្រាំ​ ពិបាក​រស់​នៅ​មែន​ទែន»។

លោក ​សុខ ​ពេញវុធ ​អភិបាល​រង​ខណ្ឌ​ដូនពេញ ​បាន​និយាយ​ថា​លោក​កំពុង​ជាប់​រវល់​ប្រជុំ។

«អត់​ទេ​បង! សុំទោស! ខ្ញុំ​កំពុង​ជាប់​រវល់​ប្រជុំ»។

ចំណែក​លោក ​ឡាវ ​វ៉ាន់ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ស៊ូកាគូអ៊ីន ​មិន​បាន​ឆ្លើយ​ទៅ​នឹង​សំណួរ​របស់​វីអូអេ​ សំឡេង​សហរដ្ឋ​អាមេរិ​ទេ​ ហើយ​លោក​បាន​បង្វែរ​សំណួរ​នេះ​ ទៅ​សួរ​មន្ត្រី​សាលាក្រុង​ភ្នំពេញ​វិញ។

«ចុះ​ឧបមា​ថា បើ​ទៅ​ជួល​ផ្ទះ​គេ​មួយ ​ដើម្បី​បង្កើត​អាជីវកម្ម​អញ្ចឹង​ នៅ​ក្នុង​ផ្ទះ​របស់​គេ! ​គេ​ធ្វើ​ដូច​ម្តេច​ខ្លះ​ចំពោះ​ម្ចាស់​ផ្ទះ? ចាំមើល​គេ​អ្នក​ជួល​ជាមួយ​ម្ចាស់​ផ្ទះ​ទៅ»។

មន្ត្រី​សាលា​ក្រុង​ភ្នំពេញ​មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​បាន​ទេ​នៅ​ថ្ងៃ​អង្គារ​នេះ​ ក៏ប៉ុន្តែ​លោក ​កែប​ ជុតិមា ​ធ្លាប់​បាន​ប្រាប់​ វីអូអេ​ ថា​ សាលា​ក្រុង​ភ្នំពេញ​នឹង​មិន​ចេញ​ប្លង់​កាន់កាប់​កម្មសិទ្ធិ​ដីធ្លី​ដល់​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​មាត់​ទឹក​ទេ​ ក៏ប៉ុន្តែ​នឹង​ពិចារណា​ផ្តល់​សំណង​ដល់​ពួក​គេ៕

This posting includes an audio/video/photo media file: Download Now

សង្គ្រោះ​បន្ទាន់ត្រូវ​បាន​អំពាវនាវ​ឲ្យ​មាន​សម្រាប់​គ្រួសារ​រងគ្រោះ​ដោយ​ទឹក​ជំនន់

Posted: 04 Oct 2011 01:21 PM PDT

នៅ​ថ្ងៃ​អង្គារ​នេះ ​អង្គការ​មនុស្ស​ធម៌​អន្តរជាតិ ​អុកស្វាម (Oxfam) បាន​អំពាវនាវ​ឲ្យ​មាន​ការ​ឲ្យ​ផ្តល់​ស្បៀង​អាហារ​ ទឹក​ស្អាត​ សម្ភារៈ​ថែទាំ​អនាម័យ​ និង​ទីជម្រក​ ដើម្បី​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស​ និង​ដោះស្រាយ​តម្រូវការ​ជា​បន្ទាន់​របស់​ប្រជាពលរដ្ឋ​ច្រើន​រាប់​ម៉ឺន​នាក់​ដែល​កំពុង​រងគ្រោះ​ដោយ​ទឹក​ជំនន់។

លោក​ កែវ​ វី​ នាយក​ខុទ្ទកាល័យ​នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ បាន​បញ្ជាក់​នៅ​ថ្ងៃ​អង្គារ៍​នេះ​ថា​ នៅ​ក្នុង​ខេត្ត​ចំនួន​១៧ ​ប្រជាពលរដ្ឋ​ចំនួន​១៦៤​ បាន​ស្លាប់​ដោយ​ទឹក​ជំនន់។

ប្រជាពលរដ្ឋ​ចំនួន​២១៥.១៦២​គ្រួសារ​បាន​ទទួល​រងគ្រោះ ​និង​ប្រជាពលរដ្ឋ​ចំនួន​២០.៩១៤​គ្រួសារ​ត្រូវ​បាន​ជម្លៀស។ ផ្ទះ​ចំនួន​១៦០.៨៨៩​ខ្នង​បាន​លិចលង់​ និង​ផ្ទះ​ខូច​ចំនួន​៤៥៣​ខ្នង។ ​សាលារៀន​ជាង​៩០០​កន្លែង​ វត្ត​ជាង​៤២០ ​និង​មណ្ឌល​សុខភាព​ចំនួន​៧៥​ត្រូវ​បាន​ជន់លិច។ សន្ទូង​ចំនួន​២៩១.១៣៥​ហិកតា ​ក្នុង​នោះ​ខូច​ប្រមាណ​ ៨០.០០០​ហិកតា ​និង​សំណាប​ចំនួន​៣៨០​ហិកតា​ត្រូវ​បាន​លិច​លង់។​ ផ្លូវ​ជាតិ​ប្រវែង​២៤៤​គីឡូម៉ែត្រ​ និង​ផ្លូវ​ក្រាល​គ្រួស​ប្រវែង​២.០១៩​គីឡូម៉ែត្រ​បាន​ជន់លិច។

សេចក្តី​ថ្លែងការណ៍​របស់​អង្គការ​អុកស្វាម ​បាន​បញ្ជាក់​ថា ​ទោះបី​រដ្ឋាភិបាល ​អាជ្ញាធរ​មូលដ្ឋាន​ និង​អង្គការ​មនុស្សធម៌​បាន​ចាប់​ផ្តើម​ការងារ​សង្គ្រោះ​ហើយ​ក៏​ដោយ​ ក៏​ប្រជាពលរដ្ឋ​រាប់ពាន់​គ្រួសារ​ដែល​ត្រូវ​បាន​ជម្លៀស​ចេញ​ពី​លំនៅស្ថាន​ដោយ​គ្រោះ​មហន្តរាយ​ទឹក​ជំនន់​នេះ ​នៅ​តែ​ត្រូវការ​ជំនួយ​បន្ទាន់​បន្ថែម​ទៀត ​ហើយ​ជនរងគ្រោះ​មួយ​ចំនួន​បាន​ឲ្យ​ដឹង​ថា​ ពួក​គេ​បាន​ទទួល​ជំនួយ​សង្គ្រោះ​តិច​តួច​ណាស់​រហូត​មក​ដល់​ពេល​នេះ។

លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន ​សែន ​បាន​ប្រកាស​នៅ​ក្នុង​ប្រជុំ​គណៈរដ្ឋមន្ត្រី​ពិសេស​កាល​ពី​សប្តាហ៍​មុន​ថា​ រដ្ឋាភិបាល​នឹង​បម្រុង​ថវិកា​៥៥​លាន​ដុល្លារ​អាមេរិក ​និង​អង្គរ​ចំនួន​១,៧​លាន​តោន ​ដើម្បី​ជួយ​ជន​រង​គ្រោះ​ដោយ​ទឹក​ជំនន់។

សេចក្តី​ថ្លែងការណ៍​នេះ​បាន​បញ្ជាក់​ថា​ ធនធាន​ទាំង​នេះ​អាច​នឹង​ជួយ​បង្កើន​ល្បឿន​នៃ​កិច្ច​ប្រឹងប្រែង​របស់​កម្ពុជា​ក្នុង​ការ​ឆ្លើយ​តប​នឹង​គ្រោះ​មហន្តរាយ​នេះ។

លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន ​សែន ​បាន​ណែនាំ​ដល់​អាជ្ញាធរ​ដែនដី​នៃ​បណ្តា​ខេត្ត​ដែល​ទទួលរង​ផលប៉ះពាល់​ដោយ​ទឹក​ជំនន់​ឲ្យ​សហការ​ជាមួយ​កាកបាទ​ក្រហម​កម្ពុជា​នៅ​តាម​ខេត្ត ​និង​ស្ថាប័ន​ពាក់ព័ន្ធ​នានា​យក​ចិត្ត​ទុក​ដាក់​ដល់​សុខភាព​របស់​ប្រជាពលរដ្ឋ​ពេល​មាន​ទឹក​ជំនន់ ​និង​ក្រោយ​ពេល​ទឹក​ជំនន់ ​និង​ដោះស្រាយ​ស្បៀង​អាហារ ​និង​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​ទៅ​កាន់​កន្លែង​សុវត្ថិភាព។

លោក​ ហ្រ្វង់ស៊ីស ប៉េរ៉េហ្ស (Francis Perez) អ្នក​គ្រប់គ្រង​កម្មវិធី​គ្រោះមហន្តរាយ​របស់​អង្គការ​អុកស្វាម​ ប្រចាំ​នៅ​កម្ពុជា ​បាន​បញ្ជាក់​ក្នុង​សេចក្តីថ្លែងការណ៍​ថា​ អុកស្វាម​ ស្វាគមន៍​ព័ត៌មាន​ដែល​ថា រដ្ឋាភិបាល​បាន​បម្រុង​ស្បៀង ​និង​ថវិកា​សម្រាប់​ជួយ​ជនរងគ្រោះ​ដោយ​ទឹក​ជំនន់។

«យើង​សង្ឃឹម​ថា ធនធាន​ដ៏​មាន​សារៈ​សំខាន់​ទាំង​អស់​នេះ​នឹង​ត្រូវ​បាន​ចែកចាយ​សម្រាប់​ជួយ​សង្គ្រោះ​ជីវិត​ប្រជាពលរដ្ឋ​ និង​ដោះស្រាយ​តម្រូវការ​បន្ទាន់ ​ជាពិសេស ​ស្បៀង​អាហារ​ ទឹក​ស្អាត​ និង​អនាម័យ»។

សេចក្តី​ថ្លែងការណ៍ ​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​អង្គារ​នេះ ​អុកស្វាម​បាន​ចែក​កញ្ចប់​សម្ភារៈ​អនាម័យ​ដែល​រួម​មាន​ធុង​ចម្រោះ​ទឹក​ សាប៊ូ ​សារុ ង​ ក្រមា ​និង​សម្ភារៈ​មួយ​ចំនួន​ទៀត​ដល់​ជន​រងគ្រោះ​៣៣៣​គ្រួសារ​នៅ​ក្នុង​ស្រុក​កំពង់ស្វាយ​ ខេត្ត​កំពង់ធំ ​ហើយ​អុកស្វាម​ មាន​ការ​ព្រួយ​បារម្មណ៍​លើ​បញ្ហា​អនាម័យ​នៅ​ក្នុង​តំបន់​រង​ផលប៉ះពាល់​ដោយ​ទឹក​ជំនន់​ខណៈ​ដែល​ទឹក​ជំនន់​បាន​បន្ត​ស្រក។

សេចក្តីថ្លែងការណ៍​នេះ បញ្ជាក់​ថា​ទឹក​ជំនន់​ទន្លេ​មេគង្គ​បាន​បន្ត​ស្រក ​ប៉ុន្តែ​ស្ថានភាព​នេះ​អាច​វិវឌ្ឍ​ទៅ​ជា​សភាព​ធ្ងន់ធ្ងរ​ បើ​ខ្យល់​ព្យុះត្រូពិក ​ណាលហ្គេ ​ដែល​បច្ចុប្បន្ន​កំពុង​ធ្វើ​ដំណើរ​ទៅ​កាន់​ភាគ​កណ្តាល​វៀតណាម ​និង​ផ្នែក​ខាង​ត្បូង​ចិន​បង្អុរ​ទឹក​ភ្លៀង​មក​លើ​ប្រទេស​នៅ​តាម​ដង​ទន្លេ​មេគង្គ​ផ្នែក​ខាង​លើ៕

This posting includes an audio/video/photo media file: Download Now

ព័ត៌មាន​អន្តរជាតិ៖ ០៤ តុលា

Posted: 03 Oct 2011 06:20 PM PDT

ព័ត៌មាន​ចុងក្រោយ​បំផុត៖

ភូមា៖ ក្រុមហ៊ុន​ចិន​ពាក់ព័ន្ធ​នឹង​ការ​សាងសង់​ទំនប់​វារីអគ្គីសនី​នៅក្នុង​ប្រទេស​ភូមា​បាន​ចេញ​សេចក្ដី​ព្រមាន​ថា​ នឹង​មាន​បញ្ហា​ខាង​ច្បាប់​ប្រសិន​បើ​រដ្ឋាភិបាល​ភូមា​សម្រេច​បញ្ឈប់​គម្រោង​សាងសង់​ទំនប់​នោះ។

អ៊ីស្រាអែល/ប៉ាឡេស្ទីន៖ រដ្ឋមន្ដ្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក​ ឡេអន​ ប៉ាណេត្ដា​ (Leon Panetta)​ បាន​ទិតៀន​ក្រុម​អ្នក​តាក់តែង​ច្បាប់​អាមេរិកាំង​ ដែល​បាន​ផ្អាក​ជំនួយ​ចំនួន​ ២០០​ លាន​ដុល្លារ​សម្រាប់​ឧបត្ថម្ភ​លើ​គម្រោង​អភិវឌ្ឍន៍​នៅ​ក្នុង​ដែនដី​ប៉ាឡេស្ទីន។

ប៉ាគីស្ថាន៖ ប៉ូលីស​ប៉ាគីស្ថាន​និយាយ​ថា ​ជន​ប្រដាប់​អាវុធ​បាន​បាញ់​សម្លាប់​មនុស្ស​យ៉ាងតិច​១៣ ​នាក់​ កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ​ នៅក្នុង​ការ​វាយប្រហារ​ប្រឆាំង​សាសនា​ខុសគ្នា​មួយ​ មក​លើ​រថយន្ដ​ក្រុង​ ដែល​ដឹក​ក្រុម​អ្នក​កាន់​សាសនា​ម៉ូស្លីម​ និកាយ​ហ្សីអិត​ នៅ​ជិត​តំបន់​រង្គោះរង្គើរ​ កេត្ដា (Quetta)​ ស្ថិត​នៅ​ភាគ​នីរតី​ប្រទេស។

សហរដ្ឋ​អាមេរិក៖ អ្នក​វិទ្យាសាស្រ្ដ​ដើមកំណើត​អាមេរិកាំង​ ៣ ​នាក់​បាន​ទទួល​រង្វាន់​ណូបែល​រូបសាស្រ្ដ​ឆ្នាំ ២០១១​ សម្រាប់​ «ការ​រុករក​ឃើញ​ការ​រីក​មាឌ​យ៉ាង​រហ័ស​របស់​ចក្រវាឡ​» តាមរយៈ​ការ​សង្កេតមើល​ផ្កាយ​ដែល​ផ្ទុះ។

សហរដ្ឋ​អាមេរិក៖ នាង​ Amanda Knox ដែល​ជា​និស្សិត​អាមេរិកាំង​ម្នាក់​បាន​ឡើង​យន្ដហោះ​ចាកចេញ​ពី​ប្រទេស​អ៊ីតាលី ​ក្នុង​ឋានៈ​ជា​អ្នក​រួចទោស​កាល​ពី​ថ្ងៃ​អង្គារ​ ដើម្បី​ធ្វើដំណើរ​មកកាន់​សហរដ្ឋ​អាមេរិក​ ក្រោយ​ពី​គណៈវិនិច្ឆ័យ​តុលាការ​ក្នុង​ប្រទេស​អ៊ីតាលី​បាន​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​លើ​រូប​នាង​ពី​បទ​ឃាតកម្ម។

អឺរ៉ុប៖ ក្រុម​រដ្ឋមន្ដ្រី​ហិរញ្ញវត្ថុ​មកពី​ប្រទេស​សមាជិក​នៃ​តំបន់​ប្រើប្រាស់​ប្រាក់​អឺរ៉ូ​ទាំង​ ១៧​ បាន​ពន្យាពេល​ការ​ធ្វើ​សេចក្តី​សម្រេចចិត្ដ​មួយ​ក្នុង​ការ​ផ្ដល់​ជំនួយ​ស្រោចស្រង់​ប្រទេស​មួយ​លើក​ទៀត​ឲ្យ​ប្រទេស​ក្រិក។

ហ្វីលីពីន៖ ក្រុម​មន្ដ្រី​ហ្វីលីពីន​បាន​សន្យា​ថា​ នឹង​ធ្វើឲ្យ​ប្រសើរ​ឡើង​ដល់​ការ​ការពារ​សន្ដិសុខ​នៅក្នុង​ឧស្សហកម្ម​រ៉ែ​ចំបង​របស់​ជាតិ​ ក្រោយពី​ក្រុម​បះបោរ​កុម្មុយនីស្ត​បាន​វាយ​ដណ្ដើម​យក​ទីកន្លែង​ជីក​រ៉ែ​ ៣​ នៅក្នុង​សប្ដាហ៍​នេះ។

ឥណ្ឌា៖ ប្រធានាធិបតី​អាហ្វហ្គានីស្ថាន​ លោក​ ហាមីដ​ កាហ្សៃ​ (Hamid Karzai)​ បាន​ធ្វើ​ទស្សនកិច្ច​ការទូត​រយៈពេល​ពីរ​ថ្ងៃ​ទៅកាន់​ប្រទេស​ឥណ្ឌា​ ដែល​ជា​ទស្សនកិច្ច​មួយ​ធ្វើឡើង​ក្នុង​អំឡុងពេល​មាន​ភាព​តានតឹង​កាន់តែ​ខ្លាំង​ឡើង​ជាមួយ​ប្រទេស​ប៉ាគីស្ថាន​ ដែល​ជា​បច្ចាមិត្ដ​ប្រពៃណី​របស់​ប្រទេស​ទាំងពីរ។

<!--AV-->

ព័ត៌មាន​នៅ​ពេល​មុន​នេះ៖

<!--IMAGE-RIGHT-->

កម្ពុជា​៖ មនុស្ស​ជាង​១៥០​នាក់​បាន​ស្លាប់​ក្នុង​ប្រទេស​កម្ពុជា​និង​វៀតណាម​ខាងត្បូង​ដោយសារ​ទឹកជំនន់​ដ៏ធំ​បំផុត​តាម​បណ្តោ​យ​ដងទន្លេ​មេគង្គ​ក្នុង​រយៈពេល​១១ឆ្នាំ។

ពួកមន្រ្តី​ក្នុង​ប្រទេស​ទាំងពីរ​និយាយ​ថា​ ទឹកជំនន់​បាន​ជន់​លិច​ដី​ស្រែ​រាប់​ពាន់​ហិចតា​ ធ្វើ​ឲ្យ​លិច​ផ្ទះ​សម្បែង បំផ្លាញស្ពាន និង​បង្ខំ​មនុស្ស​រាប់​ពាន់​នាក់​ឲ្យ​ជន្លៀស​ចេញពី​ផ្ទះ​របស់​ខ្លួន។

ស្ថានភាព​អាច​កាន់​តែ​អាក្រក់​ឡើងៗ​ បើ​ខ្យល់ព្យុះ​ទីហ្វុង​ Nesat​ ដែល​បាន​សម្លាប់​មនុស្ស​យ៉ាង​ហោចណាស់​ជាង​១៥០​នាក់​ក្នុង​ប្រទេស​ហ្វីលីពីន​និង​បីនាក់​ទៀត​ក្នុង​ប្រទេស​ចិន​កាល​ពី​សប្តាហ៍​មុន​ បាន​ធ្វើ​ឲ្យ​ធ្លាក់​ភ្លៀង​កាន់តែ​ខ្លាំង​ឡើង​ដែល​ជន់​លិច​ដី​ដែល​ធ្វើ​ឲ្យ​ទឹក​ទន្លេ​មេគង្គ​ឡើង​រឹតតែ​ខ្លាំង។

ក្នុង​ប្រទេស​កម្ពុជា​ ឧប្បនាយករដ្ឋ​មន្រ្តី​ យឹម ឆាយលី និយាយ​កាលពី​ថ្ងៃ​ច័ន្ទ​ថា​ កម្ពុជា​បាន​ទទួល​គ្រោះថ្នាក់​មកពី​ការ​ផ្លាស់​ប្តូរ​អាកាសធាតុ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​​ថ្មីៗ​នេះ។ ទឹក​ជំនន់​បាន​សម្លាប់​មនុស្ស​យ៉ាង​ហោចណាស់​ក៏​១៥០​នាក់​ដែរ​ក្នុង​ប្រទេស​កម្ពុជា​ចាប់​តាំងពី​ខែ​សីហា​មក។ ក្នុង​ប្រទេស​វៀតណាម​ ពួកអាជ្ញាធរ​និយាយ​ថា​ មនុសុ្ស​យ៉ាង​ហោចណាស់​​ក៏​១៨​នាក់​ដែរ​បាន​ស្លាប់​ក្នុង​រយៈពេល​១០​ថ្ងៃ​នេះ។ រដ្ឋាភិបាល​ប្រទេស​ថៃប្រាប់​ឲ្យ​ដឹងថា​ ទឹក​ជំនន់​បាន​សម្លាប់​មនុស្ស​ជាង​១៨០​នាក់​ចាប់​តាំង​ពី​ខែ​សីហាមក​។

លីប៊ី​៖ នាយករដ្ឋ​មន្រ្តី​បណ្តោះ​អាស័ន្ន​លីប៊ី​ និយាយ​ថា​ លោក​ នឹង​ចាក​ចេញ​ពី​តំណែង​របស់​លោក​នៅពេល​ដែល​ទី​ក្រុង​កំណើត​របស់​ Moammar Gadhafi ​ត្រូវបាន​​រឹបអូស​ ហើយ​នៅពេល​ដែល​ក្រុម​ប្រឹក្សា​អន្តរកាល​ជាតិ​ ផ្លាស់​ប្តូរ​គណរដ្ឋ​មន្រ្តី​របស់​ខ្លួន។

បារ៉ែន​៖ តុលាការ​សន្តិសុខ​នៃប្រទេស​បារ៉ែន​ បាន​កាត់​ទោស​មនុស្ស​២៤​នាក់​ឲ្យ​ជាប់​គុក​អស់​មួយ​ជីវិត​នៅ​ក្នុង​ការ​សម្លាប់​ជនជាតិ​ប៉ាគីស្ថាន​នាក់​ក្នុង​អំឡុង​ពេល​នៃ​ការ​ចលាចល​ដែល​បាន​ទាក់​ទិន​នឹង​បាតុកម្ម​កំណែទម្រង់​មួយ​នៅ​ដើម​ឆ្នាំ​នេះ។

អាហ្វហ្គានីស្ថាន​៖ ទីភ្នាក់​ងារ​ផ្តល់ជំនួយ​អន្តរជាតិ​នាំមុខ​ពីរ​ ប្រាប់​ឲ្យ​ដឹងថា​សិទ្ធិ​របស់​ស្រ្តី​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​ បាន​ស្ថិត​នៅ​ក្រោម​ការគំរាម​កំហែង ​ពេល​ដែល​កងទ័ព​អន្តរ​ជាតិ​​ប្រុង​ប្រៀប​ចាក​ចេញ​ពី​ប្រទេស​ដែល​ហែកហួរ​ដោយ​សារ​សង្គ្រាម​នេះ។

ក្រិក​៖ ផ្សារ​ភាគ​ហ៊ុន​សកលលោក​បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​កាល​ពី​ថ្ងៃ​ច័ន្ទ ព្រោះ​តែ​សេចក្តី​ភ័យ​ខ្លាច​ថ្មី​ថា​ប្រទេស​ក្រិក​ ប្រហែល​មិនមាន​ប្រាក់​សង​បំណុល​នា​ពេល​ឆាប់​ៗ​នេះលើ​ប្រាក់​កម្ចី​ជួយ​សង្គ្រោះ​កាលពី​ឆ្នាំ​ទៅ។

សហរដ្ឋ​​​អាមេរិក​៖ លោក​ Leon Panetta ​រដ្ឋ​មន្រ្តី​ក្រសួង​ការពារប្រទេស​សហរដ្ឋ​​​អាមេរិក​ និយាយ​ថា​មិនមាន​ជម្រើស​ណា​ក្រៅពី​ការ​ចរចា​រវាង​អ៊ីស្រាអែល​និង​ប៉ាឡេស្ទីន​ក្នុង​ការ​ការពារ​ដំណោះស្រាយ​សន្តិភាព​ដល់​ជម្លោះ​តំបន់​មជ្ឈឹម​បូព៌ាប្រទេស​ទេ។

សហរដ្ឋ​អាមេរិក​៖ ពលរដ្ឋ​អាមេរិកាំង​ម្នាក់​ បាន​រង​ការ​ចោទ​ប្រកាន់​ពី​ការ​រៀប​ចំ​ផែនការ​វាយ​ប្រហារ​ក្រសួង​ការពារ​ប្រទេស​និងវិមាន​រដ្ឋ​សភា​សហរដ្ឋ​អាមេរិក​ដោយ​ប្រើ​យន្តហោះ​​ដោយ​ប្រដាប់​បញ្ជារ​ពី​ចម្ងាយ​ដែល​ផ្ទុក​គ្រឿង​ផ្ទុះ​ ។ បុរស​នោះ​ត្រូវ​បាន​កំណត់​ពេល​បង្ហាញ​ខ្លួន​នៅ​តុលាការ​សហព័ន្ធ​នៅ​ថ្ងៃ​នេះ។

សហរដ្ឋ​អាមេរិក​៖ សម័យ​ប្រជុំ​ថ្មី​របស់​តុលាការ​កំពូល​សហរដ្ឋ​អាមេរិក​ បាន​បើក​ធ្វើ​កាល​ពី​ថ្ងៃ​ច័ន្ទ​។ សម័យ​ប្រជុំ​នេះ​ ទំនង​រួម​មាន​រឿង​ក្តី​ដ៏ចម្រូង​ចម្រាស​ពាក់​ព័ន្ធ​នឹង​អំណាច​ស​ហ​ព័ន្ធ​ រួមមាន​ការ​ថែទាំ​សុខភាព​ ច្បាប់​អន្តោ​ប្រវេសន៍​និង​ ច្បាប់​ផ្តល់​សិទ្ធ​ស្មើគ្នា​Affirmative​ Action។

This posting includes an audio/video/photo media file: Download Now

អតីត​អ្នក​រស់​នៅ​តំបន់​បឹងកក់​ចេញ​ទាមទារ​សំណង​បន្ថែម

Posted: 03 Oct 2011 03:47 PM PDT

ស្របពេល​ដែល​រដ្ឋា​ភិបាល​កំពុង​ជាប់​គាំង​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ប្រជាពលរដ្ឋ​ដែល​នៅ​សេសសល់​នៅ​តំបន់​បឹង​កក់ នៅ​ថ្ងៃ​ច័ន្ទ​នេះ ​ប្រជាពលរដ្ឋ​​អតីត​រស់​នៅ​តំបន់​បឹង​កក់​ដែល​បាន​ចាក​ចេញ​បន្ទាប់​ពី​ទទួល​យក​សំណង​ចំនួន​៨.០០០​ដុល្លា​និង​ប្រាក់​២លាន​រៀល​ បាន​លេច​មុខ​តវ៉ា​ទាម​ទារ​សំណង​ពី​ក្រុមហ៊ុន និង​ពី​សាលា​ក្រុង​ភ្នំពេញ​ចំនួន​២ម៉ឺនដុល្លារ​ក្នុង​មួយ​គ្រួសារ។

ការ​តវ៉ា​របស់​ពលរដ្ឋ​នេះ​បាន​កើត​មាន​ឡើង​បន្ទាប់​ពី​លោក​នាយករដ្ឋ​មន្ត្រី​ហ៊ុន​ សែន​ បាន​ធ្វើ​សម្បទាន​ដី​ចំនួន​១២,៤៤​ហិកតា​ដល់​ប្រជាពលរដ្ឋ​ដែល​នៅ​សេស​សល់​ជិត​៨០០​គ្រួសារ​សម្រាប់​ធ្វើការ​អភិវឌ្ឃន៍​ដោយ​ខ្លួនឯង​ក៏ប៉ុន្តែ​ក្នុង​ចំណោម​ទំហំដី​ទាំង​នោះ​ក៏មាន​ប្រជា​ពលរដ្ឋ​ប្រមាណ​៤៤​គ្រួសារ​ត្រូវ​បាន​បដិសេធ​មិន​ប្រគល់​ប្លង់​កម្មសិទ្ធិ​ស្រប​ច្បាប់​ទេ។

យ៉ាង​តិច​មាន​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​៣.០០០​គ្រួសារ​បាន​ចាក​ចេញ​ពី​ដំបន់​បឹង​កក់​ហើយ​បាន​ទៅ​រស់​នៅ​កន្លែង​ផ្សេងៗ​គ្នា​ចម្ងាយ​ប្រមាណ​ជាង​២០​គីឡូម៉ែត្រ​ពី​ទី​ក្រុង​ភ្នំពេញ។ ក៏ប៉ុន្តែ​ការ​ចាក​ចេញ​នោះ​ត្រូវបាន​ប្រជា​ពលរដ្ឋ​ទាំង​នោះ​បាន​អះ​អាង​ថា បាន​ធ្វើ​ឡើង​តាម​ការ​បង្ខិត​បង្ខំ ហើយ​ការ​ផ្តល់​សំណង​មិនត្រូវ​បាន​ព្រម​ព្រាង​គ្នា​ដោយ​ស្ម័គ្រ​ចិត្ត​ទេ​ដោយ​មាន​ពលរដ្ឋខ្លះ​បាន​ទទួល​៣.០០០​ដុល្លារ​និង​អ្នក​ផ្សេង​ទៀត​ទទួល​បាន​៨.០០០​ដុល្លារ​ និង២លាន​រៀល។ សំណង​នេះ​សម្រាប់​អ្នក​ដែល​មិន​ទទួល​យក​ដី​ទំហំ​៤ម៉ែត្រ​គុណ​នឹង​១៦ម៉ត្រ។

អ្នកស្រី​ សំ វណ្ណា​ អតីត​រស់​នៅ​ក្នុង​​តំបន់​បឹងកក់​ហើយ​សព្វ​ថ្ងៃ​រស់​នៅ​បូរី​សន្តិភាព​ពីរ​ចម្ងាយ​១៦គីឡូម៉ែត្រ​ពី​ទី​ក្រុង​ភ្នំពេញ​បាន​និយាយ​ថា ការ​ទទួល​យក​សំណង​កន្លង​មក​ត្រូវ​បាន​ធ្វើ​ឡើង​តាម​ការ​គំរាម​និង​បង្ខិត​បង្ខំ។

អ្នក​ស្រី​បាន​និយាយ​ទៀត​ថា អ្នកស្រី​ចង់​ឲ្យ​សាលា​ក្រុង​និង​ក្រុម​ហ៊ុន​ផ្តល់​សំណង​បន្ថែម​ទៀត​ដល់​ពួកគាត់​រហូត​ដល់​ចំនួន​២ម៉ឺន​ដុល្លា​រក្នុង​មួយគ្រួសារ​ដោយសារ​សំណង​លើក​មុន​តិចតួចពេក​ដែល​ធ្វើឲ្យ​​ពួកគាត់​​មិន​អាច​យក​ទៅ​ទិញ​ផ្ទះ​ឬក៏​ប្រកប​អា​ជី​វកម្ម​ដោយ​ខ្លួន​ឯង​បាន។

«ខ្ញុំធ្វើ​នេះ​មិន​មែន​ប្រឆាំង​ចំពោះ​អ្នក​ពួក​រស់​នៅ​ទេ ​​គឺ​ខ្ញុំ​រីករាយ​ណាស់​ដែល​ពួកគេ​បាន​រស់​នៅ​តំបន់​បឹងកក់»។

អ្នក​ស្រី​ ទេព វន្នី​ តំណាង​ប្រជា​ពលរដ្ឋ​ដែល​នៅ​សេស​សល់​នៅ​តំបន់​បឹង​កក់​បាន​និយាយ​ថា​អ្នក​ស្រី​គាំទ្រ​ចំពោះ​ការ​តវ៉ា​នេះ។ អ្នក​ស្រី​បាន​និយាយ​​ថា​ ការ​ទាម​ទារ​របស់​ពលរដ្ឋ​ដែល​បាន​ចាក​ចេញ​និង​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អ្នក​ដែល​ទទួល​បាន​ដី​ពី​គោល​ការណ៍របស់​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន​ទេ។

«អនុក្រឹត្យ​របស់​សម្តេច​បាន​កាត់​ដី​១២,៤៤​ហិកតា​គឺ​សម្រាប់​ប្រជាពលរដ្ឋ​ដែល​គាត់​មិន​ទទួល​យក​សំណង​ជា​ទឹក​ប្រាក់​ ឬ​ដូរ​ផ្ទះ​មួយ​ល្វែង​នៅ​ដំណាក់​ទ្រយឹង។ នេះ​គឺ​ជា​ដី​កាដូ​ពី​សម្តេច​ដែល​ជូន​ប្រជាពលរដ្ឋ​ដែល​នៅ​សេស​សល់​ដែល​មាន​ជិត​៨០០​គ្រួសារ។ អញ្ចឹង​ខ្ញុំ​ជឿជាក់​លើ​ប្រមុខ​រដ្ឋា​ភិបាល​ថា​មិន​អាច​ជា​មាន​បញ្ហា​ដល់​ពួក​ខ្ញុំ​ទេ»។

លោក សៀ ភារម្យ​ នាយក​លេខា​ធិការ​ដ្ឋាន​នៃ​ក្រុម​ការងារ​ពិសេស​សិទ្ធិ​លំនៅស្ថាន​បាន​និយាយ​ថា​ក្រុម​អង្កការ​សង្គម​ស៊ីវិល​តែង​តែ​បារម្មណ៍​ថា អាច​និង​មាន​រឿង​តវ៉ា​មិន​សុខ​ចិត្ត​កើត​ឡើង​ដោយសារ​តែ​ការ​ផ្តល់​សំណង​មិន​សមរម្យ។​ លោក​បាន​បញ្ជាក់​ថា​ប្រសិន​បើ​រដ្ឋា​ភិបាល​នូវ​តែ​បន្ត​ទង្វើ​ដូច​រាល់​ថ្ងៃ​នោះ​រដ្ឋាភិបាល​នឹង​ដោះ​ស្រាយ​បញ្ហា​ដដែលៗ​ដោយ​គ្មាន​ទី​បញ្ចប់។

«អញ្ចឹង​វា​ជាបន្ទុក​របស់​រដ្ឋា​ភិបាល។ វាជា​ការ​ខ្ជះខ្ជាយ​ថវិកា ឬ​ក៏​ពេល​វេលា​ដោះ​ស្រាយ​តែ​រឿង​ដ៏ដែលៗ​អត់​ចេះ​ចប់​អត់​ចេះ​ហើយ​ទេ។ អញ្ចឹង​ការ​វិវត្តន៍ហ្នឹង​នឹង​មិន​មាន​និរន្តរភាព​ទេ​ប្រសិន​បើ​យើង​នូវ​តែ​បន្ត​ឬ​អនុវត្ត​ការ​ងារ​ដដែលៗ»។

លោក អំ សំអាត​ មន្ត្រី​ផ្នែក​ស៊ើប​អង្កេត​របស់​អង្កការ​សិទ្ធិ​មនុស្ស​លីកាដូ​បាន​និយាយ​ថា នេះ​ជា​មេរៀន​មួយ​ថ្មី​សម្រាប់​រដ្ឋា​ភិបាល។ នៅ​ពេល​ណា​ប្រគល់​ដី​ទៅ​ឲ្យ​ក្រុម​ហ៊ុន​ឯកជន​ធ្វើ​ការ​អភិវឌ្ឍ​ត្រូវ​តែ​មាន​ការ​ដោះ​ស្រាយ​ឲ្យ​មាន​សំណង​សមរម្យ និង​តម្លាភាព​សម្រាប់​ប្រជាពលរដ្ឋ​​ដើម្បី​ឲ្យ​ពួកគេ​អាច​កសាង​ជីវភាព​បាន​នូវ​ពេល​ដែល​បាន​ចាក​ចេញ​ពី​ទី​តាំង​ចាស់។

«រដ្ឋា​ភិបាល​និង​សាលា​ក្រុង​គាត់​ត្រូវ​តែ​ពិ​និត្យ​និង​ពិចារណា​ឡើង​វិញ​សម្រាប់​ប្រជា​ពលរដ្ឋ​ទាំង​អស់​ហ្នឹង​ដើម្បី​បញ្ជៀស​នូវ​បាតុភាព​នៃ​ការ​តវ៉ា​អាច​ក្លាយ​ទៅ​ជា​អំ​ពើ​ហឹង្សា​ផ្សេងៗ​គឺមិន​មែន​ជា​ផល​ចំណេញ​ទេ​ទាំង​រដ្ឋា​ភិបាល​និង​ក្រុមហ៊ុន​ឯក​ជន»។

លោក ​កែប​ ជុតិមា​ អភិបាល​ក្រុង​ភ្នំពេញ​មិន​អាច​ទាក់ទង​ដើម្បី​សុំ​បំភ្លឺ​បាន​ទេ​នៅ​ថ្ងៃ​ច័ន្ទ​នេះ។​ចំណែកលោក​ កើត ឆែ នាយក​រង​រដ្ឋ​បាល​នៃ​សាលា​ក្រុង​មាន​និយាយ​ថា​លោក​កំពុង​ជាប់​រវល់​ប្រជុំ។

សាលា​ក្រុង​ភ្នំពេញ​កន្លង​មក​ធ្លាប់​បាន​ផ្តល់​សំណង​ដល់​ប្រជា​ពលរដ្ឋ​ដែល​ព្រម​ចាក​ចេញ​ក្នុង​ជម្រើស​ផ្សេងៗ​គ្នា​គឺផ្តល់​ប្រាក់​ចំនួន​៨.៥០០​ដុល្លារ​ ឬ​ផ្ទះ​ល្វែង​មួយ​ខ្នង​ដែល​មាន​ទំហំ​៤ម៉ែត្រ​គុណ​និង​១៦ម៉ែត្រ​នៅ​ដំណាក់​ទ្រយឹង។​ ការ​ផ្តល់​សំណង​នេះ​បាន​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​ជាង​៣.០០០​គ្រួសារ​បាន​ចាក​ចេញ​ហើយ​បាន​នៅ​សេស​សល់​តែ​ជិត​៨០០​គ្រួសារ​តែ​ប៉ុណ្ណោះ៕

This posting includes an audio/video/photo media file: Download Now

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!