VOA News: ព័ត៌មាន: “អង្គការឃ្លាំមើលសិទ្ធិមនុស្សអំពាវនាវឲ្យសហចៅក្រមស៊ើបអង្កេតសាលាក្តីខ្មែរក្រហមលាឈប់” plus 2 more |
- អង្គការឃ្លាំមើលសិទ្ធិមនុស្សអំពាវនាវឲ្យសហចៅក្រមស៊ើបអង្កេតសាលាក្តីខ្មែរក្រហមលាឈប់
- កម្ពុជាអំពាវនាវសុំជំនួយបរទេស ខណៈទឹកជំនន់បន្តបំផ្លាញនិងសម្លាប់មនុស្ស
- ព័ត៌មានអន្តរជាតិសង្ខេប៖ ០៣ តុលា
អង្គការឃ្លាំមើលសិទ្ធិមនុស្សអំពាវនាវឲ្យសហចៅក្រមស៊ើបអង្កេតសាលាក្តីខ្មែរក្រហមលាឈប់ Posted: 03 Oct 2011 01:52 PM PDT អង្គការ ឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) នៅថ្ងៃច័ន្ទនេះ បានទាមទារឲ្យសហចៅក្រមស៊ើបអង្កេតលោក យូ ប៊ុនឡេង និងលោក ស៊ីកហ្វ្រ៊ីត ប៊្លុង (Siegfried Blunk) របស់សាលាក្ដីខ្មែរក្រហមឲ្យលាលែងពីការងាររបស់ខ្លួនដោយចោទប្រកាន់ថា ចៅក្រមទាំងពីររូបបានរំលោភលើភារកិច្ចផ្លូវច្បាប់ និងយុត្តាធិការក្នុងការបំពេញការស៊ើបអង្កេតក្នុងសំណុំរឿង០០៣ និង ០០៤ ដ៏ចម្រូងចម្រាស់។ នៅក្នុងសេចក្ដីថ្លែងការណ៍ជាសាធារណៈពីទីក្រុងញូវយ៉កសហរដ្ឋអាមេរិក អង្គការឃ្លាំមើលសិទ្ធិមនុស្សដដែលនេះចាត់ទុកថា សហចៅក្រមស៊ើបអង្កេតកម្ពុជា និងសហចៅក្រមស៊ើបអង្កេតអាល្លឺម៉ង់ បរាជ័យក្នុងការដឹកនាំការស៊ើបអង្កេតក្នុងសំណុំរឿងទាំងពីរនេះ «ប្រកបដោយភាពត្រឹមត្រូវ មិនលម្អៀង និងប្រកបដោយប្រសិទ្ធភាព»។ លោក ប្រាដ អាដាមស៍ (Brad Adams) នាយកអង្គការ ឃ្លាំមើលសិទ្ធិមនុស្ស ប្រចាំតំបន់អាស៊ីមានប្រសាសន៍ក្នុងសេចក្ដីថ្លែងការណ៍នោះថា៖ «សហចៅក្រមស៊ើបអង្កេតធ្វើការស៊ើបអង្កេតក្នុងសំណុំរឿង០០៣ មិនមានការកត់សម្គាល់ជាលាយលក្ខណ៍អក្សរនូវជនសង្ស័យដោយមិនមានការសម្ភាសសក្សីគន្លឹះ ឬស៊ើបអង្កេតនៅកន្លែងឧក្រិដ្ឋកម្មឡើយ»។ អង្គការឃ្លាំមើលសិទ្ធិមនុស្ស ក៏បានលើកពីការជ្រៀតជ្រែកផ្នែកនយោបាយរបស់រដ្ឋាភិបាលចូលក្នុងសាលាក្ដីខ្មែរក្រហមផងដែរ។ លោកនាយករដ្ឋមន្ដ្រីខ្មែរ ហ៊ុន សែន ក៏បានជំទាស់ការស៊ើបអង្កេតនិងចោទប្រកាន់ជនជាប់សង្ស័យក្នុងសំណុំរឿង ០០៣ និង ០០៤ នេះជាច្រើនលើកច្រើនសារ។ អង្គការឃ្លាំមើលសិទ្ធិមនុស្សសង្ស័យថា សំណុំរឿងទាំងពីរនេះនឹងត្រូវបោះបង់ចោលដោយពុំមានការស៊ើបអង្កេតម៉ត់ចត់។ លោក នេត្រ ភក្ត្រា អ្នកនាំពាក្យសាលាក្ដីខ្មែរក្រហមខាងភាគីកម្ពុជាបានឲ្យដឹងថា មិនទាន់មានប្រតិកម្មផ្លូវការណាមួយពីសហចៅក្រមស៊ើបអង្កេតតបទៅនឹងសេចក្ដីថ្លែងការណ៍របស់អង្គការ អង្គការឃ្លាំមើលសិទ្ធិមនុស្សនោះទេ។ ក៏ប៉ុន្ដែលោកបញ្ជាក់ថា សហចៅក្រមទាំងពីរកំពុងបំពេញតួនាទីរបស់ខ្លួនដោយឯករាជ្យ។ «សូមបញ្ជាក់ថា សហចៅក្រមស៊ើបអង្កេតនៅតែបន្ដអនុវត្តភារកិច្ចរបស់ខ្លួនដោយឯករាជ្យ ហើយដំណើរការនិតិវិធីក្នុងអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា មានយន្ដការក្នុងការធ្វើតុល្យភាពការងារដោយរាល់ការសម្រេចចិត្តណាមួយរបស់សហចៅក្រមស៊ើបអង្កេតគឺគេអាចប្ដឹងឧទ្ធរណ៍ទៅកាន់អង្គបុរេជំនុំជម្រះបានប្រសិនបើភាគីពាក់ព័ន្ធមិនពេញចិត្ត»។ លោក ឡាស អលសិន មន្ដ្រីផ្នែកទំនាក់ទំនងកិច្ចការច្បាប់របស់សាលាក្ដីខ្មែរក្រហមខាងភាគីអង្គការសហប្រជាជាតិ ក៏បានលើកឡើងដូចគ្នានេះដែរ។ សំណុំរឿង០០៣ និង០០៤ បានស្ថិតជាប្រធានបទនៃភាពចម្រូងចម្រាស់រវាងភាគីកម្ពុជា និងភាគីអង្គការសហប្រជាជាតិក្នុងសាលាក្ដីខ្មែរក្រហម។ ទាំងសហព្រះរាជអាជ្ញា ទាំងសហចៅក្រមស៊ើបអង្កេតកម្ពុជាមិនគាំទ្រឲ្យមានការបន្ដនិតិវិធីសម្រាប់សំណុំរឿងទាំងនេះទេ។ គេដឹងក្រៅផ្លូវការថា ស៊ូ ម៉េត និង មាស មុត ជាជនសង្ស័យក្នុងសំណុំរឿង០០៣ និងក្នុងសំណុំរឿង០០៤ មាន អ៊ឹម ចែម តា អាន និង តាទិត។ ប៉ុន្ដែក្រោយពីបិទបញ្ចប់ការស៊ើបអង្កេតក្នុងសំណុំរឿង ០០៣ កាលពីខែមេសា សហចៅក្រមស៊ើបអង្កេតមិនបានបង្ហាញអត្តសញ្ញាណណាមួយរបស់ជនសង្ស័យដល់សាធារណៈជននោះទេ។ លោក ឡាស អលសិន បញ្ជាក់ថា សំណុំរឿងទី៣ កំពុងស្ថិតក្នុងបណ្ដឹងឧទ្ធរណ៍នៅឡើយ ហើយសំណុំរឿង ០០៤ កំពុងបន្ដទៅមុខ។ «អង្គបុរេជំនុំជម្រះ ឬក្រុមចៅក្រមនឹងត្រូវសម្រេចលើសំណើរបស់សហព្រះរាជអាជ្ញាអន្ដរជាតិដើម្បីឲ្យមានការធ្វើការស៊ើបអង្កេតបន្ថែមក្នុងសំណុំរឿង ០០៣។ រីឯការស៊ើបអង្កេតក្នុងសំណុំរឿង ០០៤ កំពុងតែបន្ដ»។ ដោយឡែកលោក នេត្រ ភក្ដ្រា បញ្ជាក់ថា ក្រុមចៅក្រមកំពុងធ្វើការវិភាគលើសំណុំរឿង ០០៣៕ This posting includes an audio/video/photo media file: Download Now |
កម្ពុជាអំពាវនាវសុំជំនួយបរទេស ខណៈទឹកជំនន់បន្តបំផ្លាញនិងសម្លាប់មនុស្ស Posted: 03 Oct 2011 01:16 PM PDT កម្ពុជាកំពុងទទួលរងនូវផលប៉ះពាល់ពីទឹកជំនន់យ៉ាងធ្ងន់ធ្ងរ ដោយបានស្លាប់មនុស្សយ៉ាងតិច១៥០នាក់តាំងពីខែសីហា។ នៅថ្ងៃច័ន្ទនេះ លោក យឹម ឆៃលី ឧបនាយករដ្ឋមន្ត្រី បានថ្លែងនៅក្នុងវេទិកាជាតិលើកទីពីរស្តីពីការប្រែប្រួសអាកាសធាតុនៅទីស្តីការគណៈរដ្ឋមន្ត្រីថា ទឹកជំនន់បានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កម្ពុជាដោយធ្វើឲ្យតម្លៃនៃការខូចខាតមានដល់ទៅរាប់លានដុល្លារអាមេរិក និងតម្រូវការស្តារឡើងវិញជាច្រើនឆ្នាំទៀត។ «យើងជាប្រទេសក្រីក្រ។ យើងអត់មានឧបករណ៍ និងបច្ចេកទេសជឿនលឿនគ្រប់គ្រាន់ ដើម្បីឆ្លើយតបទៅនឹងបាតុភូតមិនប្រក្រតីនោះទេ។ ដូច្នេះ យើងងាយរងគ្រោះថ្នាក់ចំពោះផលប៉ះពាល់នានានៃការប្រែប្រួលអាកាសធាតុនេះ»។ របាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តាយ បានបញ្ជាក់ថាទឹកជំនន់បានសម្លាប់មនុស្សយ៉ាងតិច១៥០នាក់ ផ្ទះជាង១៣ម៉ឺនខ្នង ដែលបានប៉ះពាល់ដល់ប្រជាពលរដ្ឋជាង១៧ម៉ឺនគ្រួសារ និងស្រូវជាង២៧ម៉ឺនហិកតា ព្រមទាំងផ្លូវជាតិប្រវែងជាង១០០គីឡូម៉ែត្រ និងផ្លូវក្រាលគ្រួសប្រវែង១.៨០០គីឡូម៉ែត្រ។ លោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានអំពាវនាវដល់សហគមន៍ផ្តល់ជំនួយអន្តរជាតិ និងដៃគូរអភិវឌ្ឍន៍ឲ្យបង្កើនការគាំទ្ររបស់ខ្លួនដល់កម្ពុជាក្នុងអំឡុងពេលទឹកជំនន់ និងអំឡុងពេលស្តារឡើងវិញក្រោយទឹកជំនន់។ អង្គការសហប្រជាជាតិ កាលពីថ្ងៃសុក្រ បានសម្តែងការព្រួយបារម្ភចំពោះប្រជាពលរដ្ឋរាប់លាននាក់ដែលកំពុងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយទឹកជំនន់នៅក្នុងប្រទេសអាស៊ី ដូចជាប្រទេសប៉ាគីស្ថាន ហ្វិលីពីន ឥណ្ឌា បង់ក្លាដែស កម្ពុជា និងថៃ។ ម៉ារហ្គារ៉េតា វ៉លស្ត្រូម (Margareta Wahlström) តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការកាត់បន្ថយគ្រោះមហន្តរាយបានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា ប្រជាពលរដ្ឋមិនគួរស្លាប់ដោយសារទឹកជំនន់ទេ។ «យើងមានបច្ចេកវិជ្ជាដើម្បីប្រកាសអាសន្នដល់សហគមន៍នានា មុននឹងទឹកជំនន់កើតមាន។ ប្រជាពលរដ្ឋអាចត្រូវបានជម្លៀសទាន់ពេល។ ជីវិតត្រូវបានសង្គ្រោះ និងការចិញ្ចឹមជីវិតត្រូវបានការពារ។ ប្រព័ន្ធព្រមានជាមុនគឺជាជម្រើសដ៏មានប្រសិទ្ធិភាព និងវិធានការទប់ស្កាត់គ្រោះមហន្តរាយដែលមានសមត្ថភាពបំផុត»។ លោក ម៉ៅ ហាក់ នាយកនៃនាយកដ្ឋានធនធានទឹក នៃក្រសួងធនធានទឹក និងឧតុនិយម បានថ្លែងថាក្រសួងមានប្រព័ន្ធបច្ចេកវិជ្ជាផ្តល់ព័ត៌មានជាមុនអំពីការកើតមានទឹកជំនន់ និងផ្តល់ដំណឹងពីការព្យាករណ៍ទឹកជំនន់ដល់ប្រជាពលរដ្ឋអំពីទឹកជំនន់នេះ ដើម្បីកាត់បន្ថយ ឬ ជៀសវាងគ្រោះមហន្តរាយដោយធម្មជាតិនៃទឹកជំនន់នេះ។ «យើងបានជូនដំណឹងដល់ប្រជាពលរដ្ឋអំពីទឹកជំនន់ហើយ ប៉ុន្តែគាត់មានការប្រុងប្រយ័ត្នដល់កម្រិតណា។ គាត់មានការធ្វេសប្រហែសអំពីទឹកជំនន់នេះ។ ចំនួនគ្រោះថ្នាក់ជួនកាលខ្វះការប្រុងប្រយ័ត្នខ្ពស់មែនទែនតែម្តង។ យើងបានជូនដំណឹងឲ្យគាត់ប្រយ័ត្នពីរបីថ្ងៃ មុននឹងទឹកជំនន់កើតឡើង បន្ទាប់មកថ្នាក់ខេត្តប្រាប់អំពីការជម្លៀសទៅកាន់ទីទួលសុវត្ថិភាព»។ លោក ម៉ៅ ហាក់ បានបន្ថែមថាទឹកទន្លេមេគង្គ និងទន្លេសាប ជារួមបានស្រកចុះដែលលែងធ្វើឲ្យមានការព្រួយបារម្ភតទៅទៀត៕ This posting includes an audio/video/photo media file: Download Now |
ព័ត៌មានអន្តរជាតិសង្ខេប៖ ០៣ តុលា Posted: 03 Oct 2011 06:35 AM PDT ព័ត៌មានចុងក្រោយបំផុត៖ កម្ពុជា៖ អង្គការសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch បានអំពាវនាវឱ្យមានការលាលែងចេញពីតំណែងនៃចៅក្រមស៊ើបអង្កេតពីរនាក់នៅឯតុលាការអន្តរជាតិស៊ើបអង្កេតឧក្រិដ្ឋកម្មសង្គ្រាមរបស់ពួកខ្មែរក្រហមក្នុងប្រទេសកម្ពុជា។ សហរដ្ឋអាមេរិក៖ លោករដ្ឋមន្ត្រីក្រសួងការពារប្រទេសស.រ.អ. Leon Panetta បានព្រមានថា ប្រទេសអ៊ីស្រាអែលកំពុងនៅឯកោដាច់ពីគេឯងខ្លាំងទ្បើងៗនៅក្នុងភូមិភាគមជ្ឈឹមបូព៌ា នៅពេលមានការបះបោរពាសពេញតំបន់នោះក្នុងឆ្នាំនេះ។ សហរដ្ឋអាមេរិក៖ លោក Leon Panetta រដ្ឋមន្ត្រីក្រសួងការពារប្រទេសស.រ.អ.បានមានប្រសាសន៍ថា ការស្លាប់កាលពីពេលថ្មីៗនេះនៃពួកមេដឹកនាំសំខាន់ៗរបស់អង្គការអាល់កៃដា (al-Qaida) បានធ្វើឱ្យក្រុមភេរវជននេះមានការពិបាកជាងមុនក្នុងការធ្វើការវាយប្រហារធំៗនៅឯប្រទេសក្រៅ។ ស៊ីរី៖ ក្រុមប្រឆាំងធំៗក្នុងប្រទេសស៊ីរីបានរួបរួមគ្នាបង្កើតក្រុមប្រឹក្សាជាតិមានមូលដ្ឋានទូលំទូលាយមួយដែលមានគោលដៅបង្រួបបង្រួមកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេក្នុងការទម្លាក់រដ្ឋាភិបាលរបស់ប្រធានាធិបតី Bashar al-Assad ដែលពួកគេបានចោទប្រកាន់ថាបានរុញច្រានប្រទេសឱ្យជិតមានសង្គ្រាមស៊ីវិល។ អាហ្វហ្គានីស្ថាន៖ វិទ្យុនិងទូរទស្សន៍អង់គ្លេសប៊ីប៊ីស៊ី (BBC) បាននិយាយថា ពួកគេបានធ្វើសម្ភាសន៍ជាមួយមេដឹកនាំកិច្ចប្រតិបត្តិការនៃបណ្តាញ Haqqani ដែលជាក្រុមជនសកម្មប្រយុទ្ធជាសម្ព័ន្ធមិត្តរបស់ពួកតាលីបាន់។ ព័ត៌មាននៅពេលមុននេះ៖ <!--IMAGE-RIGHT--> អង់គ្លេស៖ លោកនាយករដ្ឋមន្ត្រីអង់គ្លេស ដេវីដ កាមេរ៉ូន បានឲ្យដឹងថាទ្វីបអឺរ៉ុបត្រូវចាត់វិធានការជាបន្ទាន់ដើម្បីដោះស្រាយបញ្ហាហិរញ្ញវត្ថុរបស់ផងខ្លួន ឬមួយទាញទម្លាក់សេដ្ឋកិច្ចសាកល។ ស៊ីមបាវ៉េ៖ លោកប្រធានាធិបតីរ៉ូបឺត មូហ្គាបេ អាយុ៨៧ឆ្នាំនៃប្រទេសស៊ីមបាវ៉េ បានបដិសេធរបាយការណ៍ដែលថាលោកមានសុខភាពមិនល្អ។ ស៊ីរី៖ ក្រុមប្រឆាំងធំៗក្នុងប្រទេសស៊ីរីបានបង្កើតក្រុមប្រឹក្សាជាតិមួយដែលមានគោលដៅបង្រួបបង្រួមកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេក្នុងការទម្លាក់រដ្ឋាភិបាលរបស់ប្រធានាធិបតី Bashar al-Assad។ លីប៊ី៖ ពួកអ្នកស្រុកនៃក្រុង Sirte របស់លីប៊ីដែលត្រូវបានទ្បោមព័ន្ធនិយាយថាពួកមនុស្សដែលត្រូវរបួសក្នុងការប្រយុទ្ធគ្នាកំពុងតែជិតស្លាប់នៅក្នុងមន្ទីរពេទ្យមូលដ្ឋានធំជាងគេ ព្រោះខ្វះប្រេងឥទ្ធនៈ ឧស្ម័នអុកស៊ីហ្សែន និងគ្រឿងផ្គត់ផ្គង់ឯទៀតៗ។ អ៊ីស្រាអែល៖ និយាយថាខ្លួនទទួលយកផែនការអន្តរជាតិមួយសម្រាប់ធ្វើការចរចាសន្តិភាពជាថ្មីជាមួយប៉ាទ្បេស្ទីន នៅពេលសម្តែងការគាំទ្រមិនទាំងស្រុងខ្លះៗ ហើយសេចក្តីប្រកាសនេះនាំឱ្យមានការរិះគន់ពីពួកប៉ាទ្បេស្ទីន។ កែនយ៉ា៖ ប្រទេសកែនយ៉ា បានបញ្ជូនពួកអ្នកសម្របសម្រួលទៅកាន់ប្រទេសសូម៉ាលីដើម្បីខិតខំធ្វើឱ្យមានការដោះលែងស្ត្រីបារាំងម្នាក់ដែលបានត្រូវចាប់ពង្រត់ពីកន្លែងសម្រាកកាយមួយក្នុងប្រទេសកែនយ៉ា។ នីហ្សេរីយ៉ា៖ មានមនុស្សយ៉ាងតិចណាស់១៨នាក់បានស្លាប់ក្រោយពីពួកបុរសប្រដាប់អាវុធបានចូលលុកក្នុងភូមិមួយក្នុងផ្នែកខាងជើងប្រទេសនេះ ដោយវាយប្រហារអ្នកភូមិនោះជាមួយកាំភ្លើងនិងកាំបិតដងខ្លីផ្លែវែង។ This posting includes an audio/video/photo media file: Download Now |
You are subscribed to email updates from VOA News: ព័ត៌មាន To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |