VOA News: ព័ត៌មាន: “ព័ត៌មានអន្តរជាតិ៖ ០៥ តុលា” plus 1 more |
Posted: 04 Oct 2011 06:14 PM PDT ព័ត៌មានចុងក្រោយបំផុត៖ តួកគី៖ លោក Tayyip Recep Erdogan នាយករដ្ឋមន្ដ្រីនៃប្រទេសតួកគី និយាយថារដ្ឋាភិបាលរបស់លោកនឹងបញ្ជាដាក់ទណ្ឌកម្មរបស់ខ្លួនផ្ទាល់ លើប្រទេសស៊ីរី ទោះបីសេចក្ដីសម្រេចចិត្ដដែលប្រទេសអឺរ៉ុបបានព្រាង មិនបានសម្រេចក៏ដោយនៅក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិ។ ណាតូ៖ ក្រុមរដ្ឋមន្ដ្រីការបរទេសនាំអង្គការអូតង់ កំពុងតែប្រជុំគ្នានៅទីក្រុងព្រុចសែល (Bruxelles) ដើម្បីពិភាក្សាគ្នាអំពីបេសកកម្មរបស់ខ្លួនដែលកំពុងតែប្រព្រឹត្ដធ្វើនៅក្នុងប្រទេសលីប៊ី សង្គ្រាមនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន និងការខំប្រឹងប្រែងដើម្បីយកធនធានចាំបាច់នៅពេលដែលសមាជិករបស់ខ្លួនប្រឈមនឹងការកាត់ថវិកា។ លីប៊ី៖ លោក Leon Panetta រដ្ឋមន្ដ្រីការពារប្រទេសស.រ.អ.និយាយថា បេសកម្មនៃអង្គការណាតូ នៅក្នុងប្រទេសលីប៊ីជាឧទាហរណ៍មួយនៃមូលហេតុដែលអង្គការនេះមានសារ:សំខាន់ ហើយបង្ហាញថាអង្គការនេះអាចធ្វើយុទ្ធនាការយ៉ាងធំធេង នៅពេលដែលប្រទេសអឺរ៉ុប ដើរតួនាទីនាំមុខគេ។ សូម៉ាលី៖ ក្រុមឧទ្ទាម al-Shababនៃប្រទេសសូម៉ាលី ប្ដេជ្ញាចិត្ដវាយប្រហារច្រើនថែមទៀតនៅក្នុងប្រទេសនេះក្រោយការដាក់គ្រាប់បែកនៅក្នុងឡាន truck នៅថ្ងៃអង្គារនៅរដ្ឋធានីម៉ូហ្គាឌីស្យូ (Mogadishu) ដែលបណ្ដាលឲ្យមនុស្សយ៉ាងតិច៧០នាក់ស្លាប់និងរបួសរាប់សឹបនាក់។ ក្រិក៖ កូដកម្មនៅប្រទេសក្រិក បណ្ដាលឲ្យក្រុមហ៊ុនអាកាសចរណ៍បញ្ឈប់ជើងយន្ដហោះរបស់ខ្លួនទាំងអស់នៅទូទាំងប្រទេសក្រិក។ បែលហ្ស៊ិក៖ ប្រទេសបែលហ្ស៊ិក និងប្រទេសបារាំង បានធានាថា គ្មានអ្នកណាម្នាក់ដែលយកប្រាក់ទៅដាក់ផ្ញើនៅក្នុងធនាគារ នឹងត្រូវខាតបង់ប្រាក់របស់គេទេ ដោយយោងទៅតាមផែនការរបស់ខ្លួន ដើម្បីសង្គ្រោះធនាគារ Dexia ដែលមានវិបត្ដិកុំឲ្យរលំ។ អាហ្វហ្គានីស្ថាន/ប៉ាគីស្ថាន៖ កងកម្លាំងដែលដឹកនាំដោយអង្គការណាតូនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ឲ្យដឹងថា មេដឹកនាំជាន់ខ្ពស់ម្នាក់នៃបណ្ដាញ Haqqani ពាក់ព័ន្ធនឹងពួក al-Qaida ត្រូវបានសម្លាប់នៅក្នុងការទម្លាក់គ្រាប់បែកនៅភាគអាគ្នេយ៍នៃខេត្ដ Khost ស្ថិតនៅជិតព្រំដែនជាមួយប្រទេសប៉ាគីស្ថាន។ ប៉ាគីស្ថាន៖ លោកប្រធានាធិបតី Hamid Karzai នៃប្រទេសប៉ាគីស្ថានព្យាយាមបន្ធូរកង្វល់របស់ប្រទេសប៉ាគីស្ថានក្រោយពីមានភាពជាដៃគូថ្មីៗនេះនៃប្រទេសរបស់លោកជាមួយប្រទេសឥណ្ឌាមក។ សហរដ្ឋអាមេរិក៖ លោក John Boehner ប្រធានរដ្ឋសភាស.រ.អ.បានជំទាស់យ៉ាងខ្លាំងចំពោះព្រាងច្បាប់មួយដែលមានគោលដៅដើម្បីជំរុញប្រទេសចិនឲ្យដាក់តម្លៃប្រាក់របស់ខ្លួនឲ្យបានថោកជាងមុន។ កូរ៉េ៖ ប្រទេសកូរ៉េខាងជើងទាមទារឲ្យប្រគល់ពលរដ្ឋពីរនាក់របស់ខ្លួនដែលគេបានរកឃើញអណ្ដែតតាមសមុទ្រនៅជិតឆ្នេរសមុទ្រនៃប្រទេសកូរ៉េខាងត្បូងនៅអាទិត្យនេះ។ ម៉ាឡេស៊ី៖ ប្រទេសម៉ាឡេស៊ីនៅថ្ងៃពុធនេះឲ្យដឹងថា ខ្លួននឹងដោះលែងជនជាប់សង្ស័យ១២៥នាក់ដែលត្រូវបានឃុំខ្លួនយោងតាមច្បាប់សន្ដិសុខយ៉ាងតឹងរឹងដែលមានកំណត់ត្រូវលុបចោល។ អ៊ីស្រាអែល៖ រង្វាន់ណូប៊ែលក្នុងវិស័យគីមីឆ្នាំ២០១១ត្រូវបានប្រគល់ជូនលោក Daniel Shechtman ជាជនជាតិអ៊ីស្រាអែល សម្រាប់ការរកឃើញជាតិ quasicrystals។ បណ្ឌិតសភា Royal Swedish Academy of Sciences ឲ្យដឹងថា កិច្ចការរបស់លោក Schechtman បានផ្លាស់ប្ដូររបៀបដែលអ្នកវិទ្យាសាស្ដ្រគីមីគិតអំពីវត្ថុរឹង។ <!--AV--> ព័ត៌មាននៅពេលមុននេះ៖ <!--IMAGE-RIGHT--> សូម៉ាលី៖ រថយន្តផ្ទុកទៅដោយគ្រាប់បែកបានផ្ទុះក្នុងអាគាររដ្ឋាភិបាលសូម៉ាលីក្នុងរដ្ឋធានី Mogadishu នៅថ្ងៃអង្គារដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ក៏៦០នាក់និងធ្វើឲ្យមនុស្សជិត១៥០នាក់រងរបួស។ សហរដ្ឋអាមេរិក៖ ប្រធានធនាគារកណ្តាលសហរដ្ឋអាមេរិក កំពុងព្រមានសមាជិកសភាកុំឲ្យកាត់បន្ថយការចំណាយរបស់រដ្ឋាភិបាលខ្លាំងពេកនៅពេលឆាប់ៗនេះ ដោយនិយាយថាវាអាចធ្វើឲ្យគ្រោះថ្នាក់សេដ្ឋកិច្ចកាន់តែខ្លាំងឡើង។ បារ៉ែន៖ តុលាការបារ៉ែនបានកាត់ទោសសកម្មជន២៦នាក់ រួមមានសមាជិករបស់គណបក្សប្រឆាំងនិកាយ Shiit ៦នាក់ឲ្យជាប់ពន្ធនាគារចំពោះតួនាទីរបស់ពួកគេក្នុងការប្រឆាំងតវ៉ាលម្អៀងខាងកំណែទម្រង់។ លីប៊ី៖ ពួកអ្នកប្រយុទ្ធរបស់រដ្ឋាភិបាលអន្តរកាលលីប៊ី បានចាប់ផ្តើមនូវអ្វីដែលពួកគេនិយាយថាជាការវាយប្រហារចុងក្រោយទៅលើទីក្រុង Sirte ជាទីតាំងដ៏រឹងមាំបំផុតមួយរបស់អតីតមេដឹកនាំ Moammar Gadhafi។ អេហ្ស៊ីប / អ៊ីស្រាអែល៖ លោក Leon Panetta រដ្ឋមន្រ្តីក្រសួងការពារប្រទេសសហរដ្ឋអាមេរិកបានស្ថិតក្នុងរដ្ឋធានីឡឺគ័រ ប្រទេសអាហ្ស៊ីប ដើម្បីបញ្ហាសន្តិសុខក្នុងឧបទ្វីប Sinai បន្ទាប់ពីមានការវាយប្រហារឆ្លងកាត់ព្រំដែនកាលពីពេលថ្មីៗនេះនៅទីនោះ ដែលបណ្តាលឲ្យមានជម្លោះការទូតរវាងប្រទេសអេហ្ស៊ីបនិងអ៊ីស្រាអែល។ អាហ្វហ្គានីស្ថាន៖ ទីភ្នាក់ងារស៊ើបការណ៍សំងាត់របស់អាហ្វហ្គានីស្ថាន ប្រាប់ឲ្យដឹងថា ប៉ាគីស្ថានកំពុងបដិសេធពុំព្រមធ្វើកិច្ចសហប្រតិបត្តិការស៊ើបអង្កេតការសម្លាប់បេសកជនសន្តិភាពនិងអតីតប្រធានាធិបតី Burhanuddin Rabbani នៃអាហ្គានីស្ថាន។ អាហ្វ្រិកខាងត្បូង៖ អាស៊ើវ៉ែក Desmond Tutu នៃអាហ្វ្រិកខាងត្បូងនិយាយថារដ្ឋាភិបាលអាហ្វ្រិកខាងត្បូង អាក្រក់ជាងរបប Apartheid ចំពោះការមិនចេញទិដ្ឋាការធ្វើដំណើរដល់សម្តេច Dalai Lama។ អាហ្វ្រិក៖ ការសិក្សាដ៏សំខាន់មួយបានរកឃើញថាឱសថកុំឲ្យមានកូនដែលត្រូវបានគេប្រើប្រាស់យ៉ាងច្រើននោះក្នុងទ្វីបអាហ្វ្រិក បង្ហាញពីឧកាសដែលស្រ្តីឆ្លងមេរោគហ៊ីវ ដែលបណ្តាលឲ្យកើតជំងឺអេដស៍មានចំនួនទ្វេដង។ This posting includes an audio/video/photo media file: Download Now |
ប្រជាពលរដ្ឋនៅបីកន្លែងក្នុងរាជធានីភ្នំពេញប្រឈមនឹងការជម្លៀសចេញ Posted: 04 Oct 2011 07:58 PM PDT ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញនៅតែប្រឈមនឹងការជម្លៀសចេញពីតំបន់ដែលខ្លួនធ្លាប់រស់។ យ៉ាងហោចណាស់មានប្រជាពលរដ្ឋនៅភ្នំពេញចំនួន៧៦០គ្រួសារក្នុងខណ្ឌចំនួនពីរត្រូវបានដឹងថាអាចនឹងត្រូវជម្លៀសចេញពីផ្ទះសំបែងដែលពួកគេបានរស់នៅអស់រយៈពេលលើសពីប្រាំឆ្នាំដែលរយៈពេលនេះ ច្បាប់កំណត់ផ្ដល់កម្មសិទ្ធិស្របច្បាប់ដល់អ្នករស់នៅ។ អាជ្ញាធររាជធានីភ្នំពេញលើកហេតុផលនៃការបណ្តេញចេញនេះថាគឺដើម្បីធ្វើការអភិវឌ្ឍក្រុង និងដើម្បីសោភ័ណ្ឌភាព និងសណ្ដាប់ធ្នាប់ទីក្រុង។ អ្នកស្រី ទូច អៀង រស់នៅក្បែរស្ពានមិត្តភាពកម្ពុជា-ជប៉ុន ឬស្ពានជ្រោយចង្វារក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌឫស្សីកែវ តាំងពីឆ្នាំ១៩៧៩។ គាត់ហាក់ដូចជាកំពុងខ្វល់ខ្វាយថា គ្រួសាររបស់គាត់នឹងត្រូវបណ្ដេញចេញជាមួយនឹងអ្នកភូមិចំនួនជាង៦០គ្រួសារទៀតក្នុងពេលខាងមុខនេះ។ អង្គុយនៅមុខផ្ទះកំពុងធ្វើម្ហូបស្រ្ដីដែលជាម្ដាយដែលមានកូនប្រុសម្នាក់ បានរៀបរាប់ថា សាលារាជធានីភ្នំពេញបានជូនដំណឹងដល់ប្រជាពលរដ្ឋនៅទីនេះម្ដងរួចហើយកាលពីខែសីហា។ គាត់អះអាងថា គាត់នឹងមិនជំទាស់ក្នុងការបណ្តេញចេញទេ ប៉ុន្តែអ្នកស្រីត្រូវការសំណងមួយសមស្រប។ «គេអភិវឌ្ឍហើយក៏ឲ្យលុយខ្ញុំបានទិញផ្ទះនៅ ខ្ញុំនឹងសុខចិត្តចេញ តែបើអត់បានលុយទិញផ្ទះនៅ អត់សុខចិត្តចេញទេ។ ខ្ញុំមានគម្រោងថា ត្រូវរកកន្លែងណាមួយឲ្យរស់នៅឲ្យសមរម្យ មានទឹក មានភ្លើង សាលារៀនឲ្យកូនរៀនសូត្រ»។ សហគមន៍របស់អ្នកស្រី ទូច អៀង ស្ថិតនៅចម្ងាយប្រមាណបីគីឡូម៉ែត្រប៉ុណ្ណោះពីទីប្រជុំជនក្រុងភ្នំពេញ។ ប្រជាពលរដ្ឋភាគច្រើននៅទីនេះបានសង់ផ្ទះថ្ម និងឈើលើផ្ទៃដីប្រហែលជា៣៧៨ហិកតា ដែលលាតសន្ធឹងតាមបណ្តោយទន្លេសាប។ ទោះជាយ៉ាងណារហូតមកទល់ពេលនេះ ប្រជាពលរដ្ឋនៅក្នុងតំបន់នេះនៅមិនទាន់ដឹងថា ពួកខ្លួននឹងត្រូវបណ្ដេញចេញនៅពេលណា ហើយតើពួកគាត់នឹងត្រូវទទួលបានសំណងយ៉ាងដូចម្ដេចនៅឡើយទេ។ «អត់ដឹងហ្នឹងណាស់។ ចាំមើល។ តែគេថាឲ្យលុយមក។ ខ្ញុំដើររកទិញផ្ទះ»។ នៅចម្ងាយពីសហគមន៍ជ្រោយចង្វារប្រមាណ១០គីឡូម៉ែត្រ ប្រជាពលរដ្ឋចំនួន៧០០គ្រួសារ ក្នុងសង្កាត់បឹងទំពន់ ខ័ណ្ឌមានជ័យក៏ស្ថិតក្នុងស្ថានភាពដូចគ្នាដែរ។ ប្រជាពលរដ្ឋទាំងនេះរស់នៅជារបៀបហាក់ដូចជាសំណង់ដែលគ្មានសណ្ដាប់ធ្នាប់។ ផ្ទះឈើតូចៗ និងផ្ទះល្វែងតូចៗត្រូវបានសង់នៅជាប់នឹងមាត់បឹងទំពន់លើផ្ទៃដីប្រមាណ២.៦០០ហិកតា។ បឹងទំពន់ដែលមានទឹកពណ៌ខ្មៅ និងក្លិនឆួលគឺជាអាងស្រូបទឹកជំនន់មួយពីទីក្រុងភ្នំពេញ។ ក្រុមប្រជាពលរដ្ឋនិងមន្ដ្រីអង្គការឃ្លាំមើលការរំលោភដីធ្លីបានអះអាងថា ប្រជាពលរដ្ឋក្នុងតំបន់នេះនឹងប្រឈមនឹងការបណ្ដេញចេញក្នុងពេលអនាគត។ ក៏ប៉ុន្ដែក្រុមអ្នកភូមិហាក់ដូចជាស្ថិតក្នុងភាពស្រពិចស្រពិល។ អ្នកស្រី ស្រី លាប អាយុ ២៤ឆ្នាំ ដែលជាប្រជាពលរដ្ឋម្នាក់ក្នុងចំណោមនោះបានរៀបរាប់ថា អាជ្ញាធរបានសើររើបណ្ណ័កម្មសិទ្ធិរបស់ក្រុមប្រជាពលរដ្ឋ ហើយគាត់នៅមិនទាន់យកចិត្តទុកដាក់ខ្លាំងក្លានៅឡើយ។ ឯកសារក្រុមការងារពិសេសសិទិ្ឋលំនៅដ្ឋានបង្ហាញថា មានប្រជាពលរដ្ឋជាង៣០.០០០គ្រួសារ ត្រូវបានជម្លៀសចេញក្នុងឆ្នាំ២០១០។ ឯកសារសមាគមការពារសិទ្ធិមនុស្សអាដហុកបានឲ្យដឹងថា មានប្រជាពលរដ្ឋជាង ១៥០.០០០គ្រួសារ ត្រូវបានជម្លៀសចេញ គិតចាប់ តាំងពី ឆ្នាំ ១៩៩០ មកដល់ បច្ចុប្បន្ន។ ការជម្លៀសចេញនេះធ្វើឡើងក្រោមហេតុផលនៃការកែលម្អសោភណ្ឌ័ភាព និងការអភិវឌ្ឍក្រុងភ្នំពេញ។ ក៏ប៉ុន្ដែក្រោយពីការបណ្ដេញចេញ ទីតាំងមួយចំនួននៅទំនេរដោយគ្មានគម្រោងអភិវឌ្ឍន៍ណាមួយចាប់ផ្ដើមទេ។ លោក សៀ ភារម្យ ជានាយកលេខាធិការដា្ឋននៃក្រុមការងារពិសេសសិទិ្ធលំនៅដ្ឋាន បាននិយាយថា យ៉ាងហោចណាស់មានប្រជាពលរដ្ឋនៅទីតាំងផ្សេងគ្នាចំនួនបីកន្លែងនៃរាជធានីភ្នំពេញត្រូវបានបញ្ដេញចេញ និងស្ថិតក្រោមការគំរាមកំហែងនៃការបណ្តេញចេញចុងក្រោយ។ តំបន់ទាំងនោះមាន សហគមន៍បឹងកក់ដែលប្រជាពលរដ្ឋជាង៤.០០០គ្រួសារត្រូវបណ្ដេញដោយមានការតវ៉ាយ៉ាងខ្លាំងក្លាដោយសារតែពួកគេអះអាងថា ទទួលបានសំណងមិនសមស្រប។ បច្ចុប្បន្នអ្នកភូមិបឹងកក់ដែលនៅសេសសល់ចំនួនជិត៨០០គ្រួសារ ត្រូវអាជ្ញាធរសាលារាជធានីភ្នំពេញបានចាប់ផ្ដើមធ្វើការបែងចែកដីសម្រាប់សង់លំនៅដ្ឋានតាមការទាមទាររបស់ពួកគេ។ ក៏ប៉ុន្ដែ មានប្រជាពលរដ្ឋជាង៦០គ្រួសារដែលអះអាងថាមិនបានទទួលចំណែកដីដូចការបញ្ជាក់របស់សាលារាជធានីភ្នំពេញ។ ក្រៅពីនោះ មានប្រជាពលរដ្ឋចំនួនពីរកន្លែងផ្សេងទៀតដែលកំពុងស្ថិតក្រោមការគំរាមកំហែងនៃការបណ្ដេញចេញដែរគឺនៅទំនប់បឹងទំពន់ និងសហគមជ្រោយចង្វារ។ លោក កែប ជុតិម៉ា អភិបាលសាលារាជធានីភ្នំពេញ បានប្រាប់វីអីអេសំឡេងសហរដ្ឋអាមេរិកជាភាសាខ្មែរកាលពីថ្ងៃទី១២ ខែកញ្ញា ថា ពុំទាន់មានគម្រោងបណ្ដេញប្រជាពលរដ្ឋចេញពីសហគមន៍ថ្មីណាមួយក្រៅពីសហគមន៍បឹងកក់នៅឡើយ។ ក៏ប៉ុន្ដែលោក កែប ជុតិម៉ា បានបង្ហើបថា នឹងមានការសាងសង់ជាទីក្រុងរណបនៅទីតាំងចំនួនពីរនៅក្នុងសហគមន៍ដែលត្រូវបានលើកឡើងខាងលើ គឺនៅជ្រោយចង្វារ និងនៅបឹងទំពន់។ «បន្ទាប់ពីបឹងកក់មក យើងធ្វើនៅជ្រោយចង្វារ ដីសាន់វេ ដែលខ្ញុំបានចុះហត្ថលេខាកាលពីម្សិលមិញ។ ដីសាន់វេហ្នឹងគឺជាដីក្រុមហ៊ុនរាជរដ្ឋាភិបាលបានប្រគល់ឲ្យក្រុមហ៊ុនអូស៊ីអាយស៊ី របស់ លោកឧកញ្ញ៉ា ពុង ខៀវសែល។ គាត់គិតធ្វើជាទីក្រុងរណបមួយទំនើប ណាស់។ បឹងទំពន់គិតថា អញ្ចឹងដែរ ប៉ុន្តែបឹងទំពន់ដំណើរយឺត»។ លោក អ៊ូច ឡេង ដែលជាប្រធានផ្នែកដីធ្លានៃសមាគមអាដហុក បានពិនិត្យឃើញថា បញ្ហាដែលបានកើតមានក្នុងការបណ្ដេញប្រជាពលរដ្ឋចេញពីលំនៅដ្ឋានក្នុងពេលកន្លងមក ដោយសាររាជរដ្ឋាភិបាលនិងក្រុមហ៊ុនឯកជនមិនមានការបើកឱកាសដល់ប្រជាពលរដ្ឋជជែកតវ៉ាដើម្បីធ្វើការដោះសា្រយតទល់ដោយផ្ទាល់។ មន្ដ្រីឃ្លាំមើលការរំលោភដីធ្លីដដែលបានបន្ទោសការខ្វះការអភិវឌ្ឍ ហើយការអភិវឌ្ឍរបស់អាជ្ញាធរក្នុងពេលបច្ចុប្បន្នបានធ្វើឲ្យមានការប៉ះពាល់ប្រជាពលរដ្ឋក្រីក្រជាច្រើន។ «យើងឃើញថា នៅតាមសហគមន៍នីមួយៗ៩០ភាគរយគឺប្រជាពលរដ្ឋមិនសុខចិត្តចេញទេ។ គាត់នៅក្រាញននៀលនៅលើដីរបស់គាត់ដដែលពីព្រោះរាជរដ្ឋាភិបាលបានបណ្តេញ ពួកគាត់ចេញឲ្យទៅរស់នៅតំបន់ឆ្ងាយៗពីទីក្រុងដែលយកដីទៅឲ្យខាងក្រុមហ៊ុន។ ក្រុមហ៊ុនភាគច្រើនដែលពាក់ព័ន្ធក្នុងរឿងនឹងមានដូចជា សូវេនអ៊ិចី សូកាកូអ៊ិន អូស៊ីអាយស៊ី កាណាឌីយ៉ាប៊ែង្គ»។ យ៉ាងណាក៏ដោយ លោក អ៊ូច ឡេង បានកោតសរសើរចំពោះការអភិវឌ្ឍនៅនឹងកន្លែងសម្រាប់ប្រជាពលរដ្ឋក្រីក្រនៅបុរីកីឡាថ្វីបើការអភិវឌ្ឍនៅទីនោះមិនមានភាពពេញលេញល្អអស់រយៈពេល ៧ឆ្នាំមកនេះក្ដី ក៏ប៉ុន្ដែវាបានជួយសម្រួលច្រើនដល់ប្រជាពលរដ្ឋដែលមានជីវភាពតោកយ៉ាកភាគច្រើននៅទីនោះ។ លោក កែប ជុតិមា មានប្រសាសន៍ថា សាលារាជធានីភ្នំពេញមានតួលេខជាក់លាក់ពីចំនួនប្រជាពលរដ្ឋដែលស្ថិតក្នុងតំបន់គម្រោងអភិវឌ្ឍជ្រោយចង្វារ និងនៅបឹងទំពន់សម្រាប់ធ្វើការដោះស្រាយ ក៏ប៉ុន្ដែផ្ទៃដីដែលជាប់ពាក់ព័ន្ធនឹងកម្មសិទ្ធិនានានឹងធ្វើឲ្យមានការស្មុគ្រស្មាញ។ «ខ្ញុំគិតថា ជាគ្រួសារដែលមានទីលំនៅហឹ្នងមិនច្រើនទេ ប៉ុន្តែ អី្វដែលច្រើនគឺដី។ ដីដែលអ្នកនៅ កន្លែងផ្សេងគាត់ទៅទិញ»។ វីអូអេសំឡេងសហរដ្ឋអាមេរិកផ្នែកភាសាខ្មែរមិនអាចទាក់ទងមន្ដ្រីជំនាញនៃសាលារាជធានីភ្នំពេញបំភ្លឺបានទេ។ លោកអំ សំអាត អ្នកគ្រប់គ្រងបច្ចេកទេសស៊ើបអង្កេតរបស់អង្គការការពារសិទិ្ធមនុស្សលីកាដូ បានបញ្ជាក់ថា ការបណ្ដេញចេញមិនសមស្របធ្វើឲ្យប្រជាពលរដ្ឋក្រីក្រជួបបញ្ហាជាច្រើន។ «ការបង្ខំបណ្តេញចេញម្តងៗគឺជួបបញ្ហាច្រើនណាស់។ ទី១គាត់បាត់បង់ប្រាក់ចំណូលគ្រួសារពីព្រោះ គាត់រវល់តែតវ៉ា។ ទី២ កូនចៅគាត់ បាត់បង់ការសិក្សា ពីព្រោះ រវល់តែជួយគាត់តវ៉ា ហើយមួយទៀត ពួកគាត់ដែលជាតំណាងៗហ្នឹងប្រឈមមុខនឹងការចាប់ខ្លួនរបស់អាជ្ញាធរពីព្រោះគេគិតថា ពួកអ្នកតំណាងនឹងជាមេអ្នកបះបោល អញ្ចឹងទៅគេអាចចោទប្រកាន់ពួកគាត់ពីបទនេះបទនោះ រឺក៏ការចោទប្រកាន់ផ្សេងៗទៀតពីតុលាការ»។ បើទោះបីជាស្ថិតក្នុងការមិនពេញចិត្តក៏ដោយ ក៏ប្រជាពលរដ្ឋដែលត្រូវបានបណ្ដេញចេញត្រូវបានផ្ដល់ដីសម្រាប់សង់លំនៅដ្ឋានដែលស្ថិតនៅឆ្ងាយពីទីកន្លែងដែលពួកគេធ្លាប់រស់នៅរហូតដល់ជាង ២០គីឡូម៉ែត។ លោក សៀ ភារម្យ ជានាយកលេខាធិការដា្ឋននៃក្រុមការងារពិសេសសិទិ្ឋលំនៅដ្ឋាន លើកឡើងថា ប្រជាពលរដ្ឋដែលត្រូវបានយកទៅដាក់ឲ្យតាំងលំនៅដ្ឋាននៅកន្លែងថ្មីនៅតែប្រឈមនឹងបញ្ហាជាច្រើនចាប់តាំងពីមានការបណ្ដេញចេញប៉ុន្មានឆ្នាំកន្លងមកនេះ។ បញ្ហាទាំងនេះរួមមានប្រព័ន្ឋទឹកស្អាត ភើ្លង បញ្ហាសុខភាព ការអប់រំ និងការពិបាកក្នុងការប្រកបមុខរបរ ដែលជាបញ្ហាប្រឈមខ្ពស់បំផុត៕ This posting includes an audio/video/photo media file: Download Now |
You are subscribed to email updates from VOA News: ព័ត៌មាន To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |