VOA News: ព័ត៌មាន: “អង្គការក្រៅរដ្ឋាភិបាលបន្តដំណើរការខណៈដែលគម្រោងផ្លូវដែករបស់ធនាគារអភិវឌ្ឍន៍អាស៊ីបន្ត” plus 7 more |
- អង្គការក្រៅរដ្ឋាភិបាលបន្តដំណើរការខណៈដែលគម្រោងផ្លូវដែករបស់ធនាគារអភិវឌ្ឍន៍អាស៊ីបន្ត
- គណបក្សប្រឆាំងស្វះស្វែងរកវិធីដោះលែងសកម្មជនរបស់ខ្លួន
- នាយករដ្ឋមន្ត្រីហ៊ុន សែនប្រកាសប្រឆាំងអំពើហិង្សានៅទិវាសន្តិភាពអន្តរជាតិ
- សហគមន៍ខ្មែរក្រុងឡុងប៊ិចចាប់ផ្តើមរៀនសម្តែងពីក្តីកង្វល់
- ព័ត៌មានអន្តរជាតិសង្ខេប៖ ២១ កញ្ញា
- សាលាឧទ្ធរណ៍បន្ថយទោសលោកសម រង្ស៊ី
- ការវាយតម្លៃស្មារតីអាចបង្ហាញថាចុងចោទអៀង ធីរិទ្ធមិនអាចចូលរួមសវនាការ
- ប្រធានព្រឹទ្ធសភាអំពាវនាវឲ្យមានការទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន
អង្គការក្រៅរដ្ឋាភិបាលបន្តដំណើរការខណៈដែលគម្រោងផ្លូវដែករបស់ធនាគារអភិវឌ្ឍន៍អាស៊ីបន្ត Posted: 21 Sep 2011 02:42 PM PDT មន្ត្រីជាន់ខ្ពស់ធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជាបាននិយាយនៅថ្ងៃពុធនេះថា រដ្ឋាភិបាលកម្ពុជាត្រូវអនុញ្ញាតឲ្យអង្គការក្រៅរដ្ឋាភិបាលបន្តធ្វើការងាររបស់ខ្លួនលើគម្រោងផ្លូវដែកបន្ទាប់ពីការលេចធ្លាយព័ត៌មានដែលថារដ្ឋាភិបាលកំពុងព្យាយាមរារាំងអង្គការមិនមែនរដ្ឋាភិបាលបរទេសពីការធ្វើការជាមួយអង្គការក្នុងស្រុកលើគម្រោងផ្លូវដែក។ លោក ពុទុ កាមាយ៉ាណា (Putu Kamayana) នាយកធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា បានថ្លែងយ៉ាងដូច្នេះថា៖ «អង្គការក្រៅរដ្ឋាភិបាលបានជាប់ទាក់ទងជាមួយគម្រោងផ្លូវរថភ្លើងបានផ្តល់ព័ត៌មានដ៏មានប្រយោជន៍ ដើម្បីជួយដោះស្រាយសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់ដោយគម្រោងផ្លូវដែក ហើយធនាគារអភិវឌ្ឍន៍អាស៊ីសង្ឃឹមថា អង្គការមិនមែនរដ្ឋាភិបាលនឹងត្រូវបាន អនុញ្ញាតឲ្យបន្តការងាររបស់ខ្លួនលើគម្រោងផ្លូវដែកនេះ។ ធនាគារអភិវឌ្ឍន៍អាស៊ីជឿជាក់ថា អង្គការមិនមែនរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលដើរតួនាទីយ៉ាងសំខាន់នៅក្នុងការអនុវត្តគម្រោងអភិវឌ្ឍន៍នានា ប្រកបដោយជោគជ័យ»។ លោកស្រី មីស្ស៊ែល្លិ៍ ប៊ែន្នែត្ត (Michelle N. Bennett) អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំកម្ពុជា បានថ្លែងថា សហរដ្ឋអាមេរិកជឿជាក់យ៉ាងមុតមាំថា អង្គការសង្គមស៊ីវិលខ្លាំង ឯករាជ្យ និងផ្សេងគ្នា គឺជាការចាំបាច់សម្រាប់លទ្ធិប្រជាធិបតេយ្យ និងការអភិវឌ្ឍកម្ពុជាបន្តទៅមុខទៀត។ លោកស្រី ឡរិន ប៊ណារី (Laurence Bernardi) អ្នកនាំពាក្យស្ថានទូតបារាំងប្រចាំកម្ពុជា បានបញ្ជាក់តាមសម្តីដើមថា «យើងមិនបានអានលិខិតនេះទេ។ ដូច្នេះ យើងមិនមានសេចក្តីអត្ថាធិប្បាយទេ»។ លោក គាត ឈន់ បានអះអាងនៅក្នុងលិខិតជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថារដ្ឋាភិបាលត្រូវបានផ្តល់យោបល់ឲ្យធ្វើការប្រឆាំងនឹងអង្គការមិនមែនរដ្ឋាភិបាលដោយដាក់បណ្តឹងទៅធនាគារអភិវឌ្ឍន៍អាស៊ី ដែលផ្តល់ប្រាក់ ១៤១,៦ ដុល្លារអាមេរិកសម្រាប់គម្រោងស្តារផ្លូវរថភ្លើង ដែលនឹងត្រូវបានប៉ះពាល់ដល់គ្រួសារក្រីក្ររាប់ពាន់នាក់រស់នៅតាមដងផ្លូវរថភ្លើង។ លិខិតនេះ បានសរសេរថា ទីប្រឹក្សាធនាគារអភិវឌ្ឍអាស៊ីបានដកការទុកចិត្តពីមន្ត្រីរដ្ឋាភិបាល ទៅយកចិត្តទុកដាក់ជាមួយអង្គការមិនមែនរដ្ឋាភិបាលវិញ និងបានស្នើឲ្យរដ្ឋាភិបាលចាត់វិធានការជាបន្ទាន់ទៅលើអង្គការមិនមែនរដ្ឋាភិបាលបរទេសដែលមិនអើពើមួយចំនួនពីព្រោះដៃគូអភិវឌ្ឍន៍ក៏ស្ថិតក្រោមការគាបសង្កត់នយោបាយរបស់អង្គការមិនមែនរដ្ឋាភិបាលទាំងនោះដែរ។ អង្គការមិនមែនរដ្ឋាភិបាលមួយចំនួន បានសរសេរលិខិតទៅប្រធានធនាគារអភិវឌ្ឍន៍អាស៊ីកាលពីឆ្នាំមុន អំពាវនាវឲ្យព្យួរប្រាក់កម្ចីរហូតដល់បញ្ហាតាំងទីលំនៅជាថ្មីត្រូវបានដោះស្រាយ។ សមាគមធាងត្នោត ត្រូវបានព្យួរដោយក្រសួងមហាផ្ទៃ នៅចុងខែកក្កដា ហើយ អង្គការ Bridges Across Borders Cambodia និងអង្គការវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលបានទទួលការព្រមានជាលាយលក្ខណ៍អក្សរ ពីក្រសួងការបរទេស។ លិខិតនេះបញ្ជាក់ថា សកម្មភាពរបស់អង្គការទាំងនេះមិនមានបំណងបម្រើផលប្រយោជន៍របស់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់នោះទេ ប៉ុន្តែពួកគេចង់ឲ្យប្រជាពលរដ្ឋខ្មែរបាត់បង់ផលប្រយោជន៍ ពីគម្រោងផ្លូវរថភ្លើងនេះទៅវិញ។ លិខិតនេះបានបន្ថែមថា ការញុះញង់ប្រជាពលរដ្ឋឲ្យដាក់ពាក្យបណ្តឹងកាន់តែច្រើនឡើង ដោយសារអង្គការមិនមែនរដ្ឋាភិបាលបរទេសទាំងនេះមានបំណង និងចង់បង្កភាពអាសន្ន និងភាពច្របូកច្របល់ កាន់តែខ្លាំងក្នុងចំណោមអ្នករងផលប៉ះពាល់។ លោក គាត ឈន់ បានថ្លែងនៅក្នុងលិខិតនេះថា លោកបានស្នើឲ្យចាត់វិធានការជាបន្ទាន់កុំឲ្យអង្គការមិនមែនរដ្ឋាភិបាលបរទេសធ្វើការជួយគាំទ្រ។ អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកដែលធ្វើការជួយគាំទ្រ មិនត្រូវមានជនបរទេសចូលពាក់ព័ន្ធ ឬជ្រៀតជ្រែកទេ ហើយចាត់វិធានការតាមច្បាប់ដើម្បីលុបចោលអង្គការទាំងនោះ។ លោក វង្ស សណ្តាប់ អគ្គលេខាធិការរងនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងថា លោកគ្មានយោបល់អំពីលិខិតនេះទេ៕ This posting includes an audio/video/photo media file: Download Now |
គណបក្សប្រឆាំងស្វះស្វែងរកវិធីដោះលែងសកម្មជនរបស់ខ្លួន Posted: 21 Sep 2011 03:11 PM PDT តាមរយៈលោក ហេង សំរិន ប្រធានរដ្ឋសភា អ្នកតំណាងរាស្រ្តមួយក្រុមរបស់គណបក្សប្រឆាំងបានសរសេរលិខិតមួយច្បាប់ជួនលោក ឌិត មុន្ទី ប្រធានតុលាការកំពូល និងជាប្រធានក្រុមប្រឹក្សាវិន័យនៃឧត្តមក្រុមប្រឹក្សាអង្គចៅក្រម ដើម្បីឲ្យពិនិត្យ និងមានវិធានការចំពោះលោក លឹម សុគន្ធា ចៅក្រមស៊ើបអង្កេតនៃសាលាដំបូងខេត្តកណ្តាល ក្នុងការសម្រេចឃុំខ្លួនសកម្មជនគណបក្សសម រង្សី មួយរូបដោយមិនឈរលើមូលដ្ឋានច្បាប់។ នៅក្នុងលិខិតមួយច្បាប់របស់អ្នកតំណាងរាស្រ្តនៃគណបក្សប្រឆាំងដែលមានស្នាមចុះហត្ថលេខាចំនួនប្រាំមួយរូប បានបញ្ជាក់ថា កាលពីថ្ងៃទី១៦ ខែកញ្ញា លោក លឹម សុគន្ធា ចៅក្រមស៊ើបអង្កេតនៃសាលាដំបូងខេត្តកណ្តាល បានសម្រេចឃុំខ្លួនលោក មឹក ជា បន្ទាប់ពីបានធ្វើការសាកសួរពីបទផ្តើមគំនិតប្រើអំពើហិង្សាលើអ្នកកាន់កាប់អចលនវត្ថុដែលបានប្រព្រឹត្តនៅស្រុកគៀនស្វាយ ខេត្តកណ្តាល កាលពីថ្ងៃទី១១ និងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១១នេះ។ កាលពីចុងខែសីហាកន្លងទៅនេះ លោក មឹក ជា សកម្មជនគណបក្សប្រឆាំង បានចូលរួមតវ៉ាជម្លោះដីធ្លីមួយនៅស្រុកគៀនស្វាយ ខេត្តកណ្តាល និងតវ៉ានៅសួនប្រជាធិបតេយ្យនៅភ្នំពេញ។ ការតវ៉ានេះត្រូវបានធ្វើឡើងដើម្បីប្រឆាំងជំទាស់នឹងរឿងក្តីមួយដែលតុលាការខេត្តកណ្តាលបានសម្រេចកាត់ក្តីឲ្យលោកប្រាក់ សាវុធ សមាជិក្រុមប្រឹក្សាខេត្តក្រចេះឈ្នះក្តីលើទំហំដីជាងសែសិបប្រាំពីរហិកតា ដែលបានធ្វើឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋចំនួន១១៤គ្រួសារនៅស្រុកគៀនស្វាយ ខេត្តកណ្តាល។ វីអូអេសំឡេងសហរដ្ឋអាមេរិកផ្នែកភាសាខ្មែរមិនអាចទាក់ទងលោក ឌិត មុន្ទី ដើម្បីបំភ្លឺបានទេ។ ក៏ប៉ុន្តែលោក សឹន វីរៈ ជំនួយការលោក ឌិត មុន្ទី និយាយថា លោកមិនទាន់បានឃើញលិខិតអ្នកតំណាងរាស្រ្តគណបក្សប្រឆាំងចូលមកក្នុងតុលាការកំពូលទេ។ វីអូអេសំឡេងសហរដ្ឋអាមេរិកផ្នែកភាសាខ្មែរក៏មិនអាចទាក់ទងលោក លឹម សុគន្ធា ចៅក្រមស៊ើបអង្កេតនៃតុលាការខេត្តកណ្តាលទំនាក់ទំនងបានទេនៅថ្ងៃពុធនេះ។ ចំណែកលោក អ៊ិន វ៉ាន់វិបុល ប្រធានតុលាការខេត្តបាននិយាយថា សំណុំរឿងនេះកំពុងដំណើរការហើយ។ «រឿងហ្នឹងតុលាការកំពុងធ្វើការស៊ើបសួរ។ ខ្ញុំមិនចង់ឆ្លើយទេ។ ទុកឲ្យគេធ្វើការសិនទៅ»។ លោក យឹម សុវណ្ណ អ្នកតំណាងរាស្រ្ត និងជាអ្នកនាំពាក្យគណបក្សសម រង្សី បាននិយាយថា ការចាប់ឃុំខ្លួនសកម្មជនគណបក្សសម រង្សី ក្នុងខេត្តកណ្តាល ជាហេតុផលនយោបាយមុនការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់។ លោកបាននិយាយថា លោក មឹក ជា បានចេញការពារជូនប្រជាពលរដ្ឋមិនបានប្រព្រឹត្តិខុសតាមការចោទប្រកាន់របស់តុលាការនោះទេ។ «គ្មានទាល់តែសោះ គាត់ជួយប្រជាពលរដ្ឋ។ គាត់ទៅតុលាការ គាត់ឆ្លើយចំពោះមុខតុលាការថា គាត់ជួយប្រជាពលរដ្ឋ។ មិនមែនញុះញង់ចោទប្រកាន់បទព្រហ្មទណ្ឌ ដូចដែលពួកគណបក្សកាន់អំណាចហ្នឹង គេធ្វើដូច្នេះហ្នឹងទេ! ដូច្នេះ ត្រូវតែដោះលែងគាត់។ រកយុត្តិធម៌ឲ្យគាត់ មិនត្រូវធ្វើបាបគាត់បែបនេះទេ»។ លោក ចាន់ សាវ៉េត មន្ត្រីផ្នែកស៊ើបអង្កេតនៃសមាគមសិទ្ធិមនុស្ស អាដហុក បាននិយាយថា សមាគមរបស់លោក កំពុងតែតាមដករណីនេះ៕ This posting includes an audio/video/photo media file: Download Now |
នាយករដ្ឋមន្ត្រីហ៊ុន សែនប្រកាសប្រឆាំងអំពើហិង្សានៅទិវាសន្តិភាពអន្តរជាតិ Posted: 21 Sep 2011 03:00 PM PDT នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន បានអំពាវនាវនៅថ្ងៃពុធនេះឲ្យមានការបង្កើតវប្បធម៌អហិង្សា និងការដោះស្រាយទំនាស់ដោយសន្តិវិធីនៅក្នុងប្រទេស។ សេចក្តីអំពាវនាវនេះធ្វើឡើងនៅក្នុងឱកាសដែលពិភពលោកទាំងមូលប្រារព្ធទិវាសន្តិភាពអន្តរជាតិ។ ទិវាសន្តិភាពអន្តរជាតិ ត្រូវបានប្រារព្ធឡើងជារឿងរាល់ឆ្នាំនៅថ្ងៃទី២១ ខែកញ្ញា ចាប់តាំងពីឆ្នាំ១៩៨២ មកម្លេះ។ នៅក្នុងសារលិខិតជាសាធារណៈ ប្រមុខរដ្ឋាភិបាលខ្មែរបានគូសបញ្ជាក់ថា រដ្ឋាភិបាល និងប្រជាពលរដ្ឋកម្ពុជាគ្រប់រូបត្រូវប្រឹងប្រែងថែរក្សា និងផ្សព្វផ្សាយសន្តិភាពជាពិសេសការលើកកម្ពស់វប្បធម៌អហិង្សា ការអត់ធ្មត់ ការចេះអធ្យាស្រ័យឲ្យគ្នា ជៀសវាងការប្រើប្រាស់អាវុធខុសច្បាប់ និងការដោះស្រាយដោយសន្តិវិធីជាដើម។ កម្ពុជាបានឆ្លងកាត់សង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃ អស់រយៈពេលបីទសវត្សរ៍ ហើយសង្រ្គាមផ្ទៃបានចប់ជាស្ថាពរនៅឆ្នាំ១៩៩៨។ លោក កឹម សុខា ប្រធានគណបក្សសិទ្ធិមនុស្សដែលជាគណបក្សជំទាស់មួយនៅក្នុងរដ្ឋាភិបាលកម្ពុជា មានប្រសាសន៍ថា សេចក្តីអំពាវនាវរបស់លោកប្រមុខរដ្ឋាភិបាលខ្មែរគឺជាការណ៍ត្រឹមត្រូវ ក៏ប៉ុន្តែលោក ហ៊ុន សែន មិនបានអនុវត្តត្រឹមត្រូវទៅតាមគោលការណ៍នោះទេ។ «ដូចជាករណីនៅបឹងកក់ បង្រ្កាបប្រជាពលរដ្ឋដោយអំពើហិង្សា ហើយនៅកន្លែងដ៏ទៃទៀតបង្ក្រាបប្រជាពលរដ្ឋរឿងដីធ្លីដោយហិង្សាហ្នឹង។ អញ្ចឹងសុំឲ្យគាត់មើលឃើញតែនៅជិតខ្លួនគាត់ហ្នឹង នៅក្នុងប្រទេសហ្នឹង។ ធ្វើម៉េចកុំឲ្យមានអំពើហិង្សា មានសន្តិភាព។ អាហ្នឹងជាការណ៍ល្អប្រសិនណាបើនិយាយ ហើយដោះស្រាយបញ្ហាមិនបានផងនៅតែមានអំពើហិង្សាអញ្ចឹង។ អាហ្នឹងគឺស្អីដែលគាត់មានប្រសាសន៍ហ្នឹង អត់មានន័យទេ»។ លោក កឹម សុខា ក៏បានអំពាវនាវផងដែរឲ្យរដ្ឋាភិបាលបញ្ឈប់រាល់ការប្រើប្រាស់អំពើហិង្សា ការបង្ក្រាបដោយហិង្សាទៅលើការតវ៉ាដោយសន្តិវិធី ហើយលោកក៏បានអំពាវនាវឲ្យបញ្ឈប់អំពើហិង្សានៅក្នុងគ្រួសារជាពិសេសវិស័យព្រះពុទ្ធសាសនាគួរតែដើរតួរនាទីយ៉ាងសំខាន់សម្រាប់ចលនាផ្សព្វផ្សាយអំពីសន្តិភាព។ នៅក្នុងទិវាសន្តិភាពអន្តរជាតិនេះដែរ ក្រុមការងារដើម្បីសន្តិភាពដែលប្រមូលផ្តុំអ្នកស្ម័គ្រចិត្តមកពីអង្កការសង្គមស៊ីវិលនានានៅក្នុងព្រះរាជាណាចក្រកម្ពុជាសម្រាប់បំផុសចលនាសន្តិភាពចូលរួមសកម្មភាពនេះនៅក្នុងខេត្តក្រុងចំនួនប្រាំបី។ នៅក្នុងនោះ មានទីក្រុងភ្នំពេញ ខេត្តបាត់ដំបង សៀមរាប បន្ទាយមានជ័យ កែប ព្រះវិហារ ក្រចេះ និងខេត្តកំពង់ចាម។ សារៈសំខាន់របស់សកម្មជននៃអង្កការក្រៅរដ្ឋាភិបាលទាំងនេះគឺបានអំពាវនាវឲ្យមានការបន្ធូរបន្ថយភាពតានតឹងនានា នៅក្នុងពិភពលោក។ លោក ឌី ថ៉េហូយ៉ា អ្នកស្ម័គ្រមួយរូបនៅក្នុងការងារនេះ មានប្រសាសន៍ថា សារនៅក្នុងក្រុមការងាររបស់លោក មានគោលដៅដាស់តឿនស្ថារតីអហិង្សាក្នុងសង្គមកម្ពុជាផងដែរ។ «គឺយើងចង់ឲ្យពិភពលោកក៏ដូចជាសង្គមកម្ពុជារបស់យើង ចូលរួមចំណែកក៏ដូចជាយល់ដឹងអំពីថ្ងៃដែលមានសារៈសំខាន់ហ្នឹងហើយ។ រាល់អំពើហិង្សាទាំងអស់ត្រូវបានបញ្ឈប់នៅថ្ងៃទី២១ រៀងរាល់ខែកញ្ញាហ្នឹង»។ នៅក្នុងសាររបស់ខ្លួននៅក្នុងថ្ងៃនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានរំឭកផងដែរថា តម្លៃសន្តិភាពបាននាំឲ្យមានការរីកចម្រើនជាខ្លាំងផ្នែកសេដ្ឋកិច្ចនៅកម្ពុជា៕ This posting includes an audio/video/photo media file: Download Now |
សហគមន៍ខ្មែរក្រុងឡុងប៊ិចចាប់ផ្តើមរៀនសម្តែងពីក្តីកង្វល់ Posted: 21 Sep 2011 02:20 PM PDT ដោយចាប់ផ្តើមចេញពីការប្រជុំប្រចាំខែ ដែលមានការចូលរួមពីតំណាងសមាគមនានានិងពលរដ្ឋក្នុងសហគមន៍ វាគឺជាវិធីមួយដែលសហគមន៍ខ្មែរក្នុងទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វ័រញ៉ា កំពុងពង្រឹងសំឡេងរួបរួមគ្នាឱ្យមានប្រសិទ្ធភាពហើយឆ្លើយតបនឹងតម្រូវការនានារបស់សហគមន៍។ នៅចុងខែសីហាកន្លងទៅនេះគឺជាការប្រជុំប្រចាំខែមួយដែលអង្គការសហគមន៍ខ្មែរ ហៅកាត់ថា យូស៊ីស៊ី រៀបចំឡើងដើម្បីប្រមូលយកសំណូមពរនិងស្តាប់ក្តីកង្វល់នានារបស់ពលរដ្ឋក្នុងសហគមន៍ដើម្បីដាក់ជូនដល់ម្ចាស់ជំនួយ។ អង្គការសហគមន៍ខ្មែរដែលជាអង្គការមួយធ្វើការជាមួយនឹងពលរដ្ឋខ្មែរអាមេរិកាំងបានផ្តោតការងារលើការជួយបង្រៀនសមាជិកឱ្យចេះសម្តែងពីកង្វល់និងតម្រូវការរបស់ពួកគេ។ <!--AV--> លោកស្រី សារ៉ា ប៉ុលលឹម នាយិកាប្រតិបត្តិនៃសហគមន៍ខ្មែរ បានបញ្ជាក់ក្នុងបទសម្ភាសន៍ជាមួយវីអូអេសំឡេងសហរដ្ឋអាមេរិកថា៖ «យើងកំពុងតែចាប់ផ្តើមមានសំឡេងព្រោះសហគមន៍យើងទើបមានឱកាសបង្រៀនសមាជិកយើងថាទាល់តែយើងមានចិត្តសួរ ចិត្តចង់បាន ចិត្តចូលរួមនោះហើយដែលគេអាចឃើញ អាចដឹងថា យើងមានសំឡេង ហើយចេះធ្វើការជាមួយគ្នា វាចម្រើនសង្គមទាំងមូល»។ ទីក្រុងឡុងប៊ិចមានពលរដ្ឋខ្មែររស់នៅច្រើនជាងគេបំផុតក្នុងសហរដ្ឋអាមេរិក ដោយមានចំនួនប្រហែលជាង៦០.០០០នាក់។ ពួកគេភាគច្រើនជាជនភៀសខ្លួនដែលបានមកតាំងទីលំនៅតាំងពីទសវត្សរ៍១៩៨០។ ប៉ុន្តែបើប្រៀបធៀបជាមួយសហគមន៍អាស៊ីដទៃទៀត ដូចជាវៀតណាមនិងចិនគឺសហគមន៍ខ្មែរហាក់ដូចជាទើបតែចាប់ផ្តើម ហើយមានការចូលរួមពីពលរដ្ឋដោយផ្ទាល់។ <!--IMAGE-RIGHT--> ក្នុងចំណោមបញ្ហាដែលសហគមន៍ខ្មែរក្នុងទីក្រុងឡុងប៊ិចជួបប្រទះមានដូចជាបញ្ហាភាសា ដែលជាឧបសគ្គមួយសម្រាប់ពួកគេក្នុងការប្រាស្រ័យគ្នាជាមួយនឹងកូនៗដែលកើតនៅសហរដ្ឋអាមេរិក បញ្ហាបែបបទអន្តោប្រវេសន៍ សេវាកម្មសង្គមខាងផ្នែកសុខភាព ការមិនសូវយល់ដឹងពីច្បាប់ទម្លាប់ក្នុងសហរដ្ឋអាមេរិក និងកង្វះឱកាសការងារជាដើម។ នេះបើតាមការបញ្ជាក់របស់អង្គការសហគមន៍ខ្មែរ។ ការប្រជុំនៅយប់ថ្ងៃទី២៤ ខែសីហាបានទាក់ទាញអ្នកចូលរួមជាង១០០នាក់ដោយមានទាំងមនុស្សវ័យចាស់និងយុវជនក្មេងៗ តំណាងមកពីសមាគមផ្សេងៗ តំណាងខាងផ្នែកជំនួញ និងម្ចាស់ជំនួយផងដែរ។ ពួកគេបានបែងចែកគ្នាជាក្រុមហើយសរសេរចូលនូវអ្វីដែលពួកគេចង់បានមុននឹងលើកយកមកបង្ហាញដល់អង្គប្រជុំទាំងមូល។ លោក វីក ម៉ាឌី ភ្នាក់ងារទទួលបន្ទុកខាងកិច្ចការសាធារណៈរបស់ក្រុមហ៊ុនធានារ៉ាប់រងស្តេតហ្វាម ដែលបានចូលរួមក្នុងកិច្ចប្រជុំនេះ បានបញ្ជាក់ថា នេះគឺជាការប្រជុំដែលលោកតែងតែចំណាយពេលមកចូលរួមដើម្បីចង់ដឹងពីតម្រូវការរបស់សហគមន៍និងអ្វីដែលក្រុមហ៊ុនអាចជួយបាន។ «ខ្ញុំចង់ដឹងគំនិតថា តើខ្ញុំអាចជួយសហគមន៍បានយ៉ាងណាខ្លះ? ថាតើសហគមន៍ខ្មែរគេត្រូវការអ្វីខ្លះ?ដើម្បីឱ្យខ្ញុំទៅ និយាយជាមួយស្តេតហ្វាមផ្ទាល់ដើម្បីឱ្យគេជួយខាងលុយ ខាងបុគ្គលិកមកដល់សហគមន៍ខ្មែរយើង»។ លោកម៉ាឌីបញ្ជាក់ថា ក្រុមហ៊ុនលោកបានផ្តល់សេវាជាច្រើនដល់សហគមន៍ខ្មែរ វៀតណាមចិននិងអេស្ប៉ាញ។ លោកឱ្យដឹងថា សហគមន៍ខ្មែរមានការយល់ដឹងតិចតួចពីបញ្ហាថវិកាដែលតម្រូវឱ្យខាងលោកត្រូវជួយពួកគេតាំងពីការធានារ៉ាប់រងជីវិត ការសុំប័ណ្ណឥណទាន ខ្ចីថវិកាទិញផ្ទះ និងទិញរថយន្ត ហើយក៏ជួយរហូតដល់បំពេញបែបបទសម្រាប់និស្សិតចូលមហាវិទ្យាល័យនិងការបំពេញបែបបទសុំចូលសញ្ជាតិជាដើម។ លោកស្រីក្រាញ់ វាសនា អ្នកចូលរួមម្នាក់ បានបញ្ជាក់ពីតម្រូវការក្នុងការចង់បានការជួយឧបត្ថម្ភដល់សិស្សដែលបញ្ចប់ការសិក្សាស្វែងរកការងារធ្វើ និងសេវាជួយថែរក្សាកុមារដើម្បីអាចឱ្យឪពុកម្តាយពួកគេទៅធ្វើការរកស៊ីបាន។ «យើងត្រូវតែបង្កើតកន្លែងមើលក្មេងឱ្យបានត្រឹមត្រូវ។ គឺយើងចង់បានអញ្ចឹង។ ហើយជួនកាលដូចជាក្មេងៗដែលរៀនចប់មធ្យមសិក្សា ហើយអាយុដែលអាចធ្វើការបាន គ្នារកការអត់មាន។ អត់បានការធ្វើទេ។ នេះគ្នាត្រូវការថវិកា ដោយសារឪពុកម្តាយមានប្រាក់ចំណូលទាប។ ពួកគេត្រូវការលុយដើម្បី ខ្លួនឯងផងដើម្បីក្នុងក្រុមគ្រួសារផង»។ ក៏មានអ្នកចូលរួមខ្លះទៀតចង់ឱ្យធានាបានបរិស្ថានអនាម័យល្អ និងសន្តិសុខដើម្បី ធ្វើដំណើរពេលយប់ដោយគ្មានការភ័យខ្លាចជាដើម។ លោកស្រីសារ៉ា ប៉ុលលឹម បញ្ជាក់ថា សំឡេងនិងសំណូមពររបស់សមាជិកសហគមន៍នឹងត្រូវបានយកចិត្តទុកដាក់ដោះស្រាយ។ «យើងកំពុងធ្វើជាគំរូ ដើម្បីឱ្យសហគមន៍ដទៃទៀត មានការយល់ ហើយឱ្យសង្គមខ្មែរយើងអ៊ំមីងដែលនៅក្នុងក្រុងនេះយល់ថា ពាក្យដែលគាត់និយាយមក គេនឹងធ្វើតាមគាត់ ព្រោះគេចង់ឱ្យឃើញ មានសុខភាពល្អ ចម្រើនសង្គម រួចផុតពីអំពើហិង្សាដែលគាត់អាចដើរយប់ កុំឱ្យខ្លាចមានអ្នកណាប្លន់អី ដែលគាត់ចង់បានអញ្ចឹង ដែលនេះជាឱកាសធ្វើឱ្យសំឡេងគាត់ប្រាប់ទៅគេ»។ កម្មវិធីនេះក៏អាចជួយដោះស្រាយបញ្ហាដែលយុវជនខ្មែរអាមេរិកាំងជួបប្រទះដែរ។ ពេញ ចេរ៉េមី និង ពេញ ចេន្នី ដែលជាបងប្អូននឹងគ្នា បានបញ្ជាក់ថា ពួកគេចង់ឱ្យមានការលើកយកការពិភាក្សារបៀបនេះឱ្យបានទូលំទូលាយនៅសាលាមធ្យមសិក្សាដើម្បី ជួយក្មេងដទៃទៀតឲ្យយល់ដឹងពីបញ្ហាដែលសង្គមរបស់ពួកគេជួបប្រទះ។ «បើមានកម្មវិធីនោះ នៅតាមសាលា នោះកូនក្មេងលែងខូច លែងជក់ ផឹកស៊ី ហើយខួរក្បាលពួកគេទៅត្រង់វិញ មិនបាច់ជាប់គុក ច្រវ៉ាក់ ហើយចេះស្តាប់ម៉ែស្តាប់ឪ»។ សម្រាប់អ្នកចូលរួម ក្តីសង្ឃឹមដ៏មុតមាំរបស់គេគឺការផ្តល់ឱ្យសហគមន៍ខ្មែរមួយដែលល្អប្រសើរជាងស្ថានភាពដែលគេកំពុងប្រឈមនាពេលបច្ចុប្បន្ននេះ បើទោះបី នេះគ្រាន់តែជាជំហានតូចមួយក៏ដោយ៕ This posting includes an audio/video/photo media file: Download Now |
ព័ត៌មានអន្តរជាតិសង្ខេប៖ ២១ កញ្ញា Posted: 20 Sep 2011 04:14 PM PDT ព័ត៌មានចុងក្រោយបំផុត៖ អាហ្វហ្គានីស្ថាន៖ ប្រជាពលរដ្ឋអាហ្វហ្គានីស្ថានរាប់រយនាក់បានប្រមូលផ្តុំគ្នានៅថ្ងៃពុធនេះដើម្បីតវ៉ាប្រឆាំងនឹងការសម្លាប់អតីតប្រធានាធិបតីនិងអ្នកចរចាសន្តិភាព លោក Burhanuddin Rabbani នៅគេហដ្ឋានរបស់លោកក្នុងទីក្រុងកាប៊ុល។ សហរដ្ឋអាមេរិក/អង្គការសហប្រជាជាតិ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោកបារ៉ាក់ អូបាម៉ាត្រូវគេរំពឹងថានឹងផ្តោតលើការឆ្លើយតបរបស់សហរដ្ឋអាមេរិកចំពោះកិច្ចខិតខំប្រឹងប្រែង Arab Spring និងសន្តិភាពនៅតំបន់មជ្ឈឹមបូព៌ាប្រទេស នៅពេលដែលលោកធ្វើសន្ទរកថានៅមហាសន្និបាតប្រចាំឆ្នាំរបស់អង្គការសហប្រជាជាតិនៅថ្ងៃពុធនេះ។ អ៊ីស្រាអែល/ប៉ាឡេស្ទីន៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោកបារ៉ាក់ អូបាម៉ា នឹងធ្វើការជួបប្រជុំដាច់ដោយឡែកនៅក្នុងទីក្រុងញូវយ៉កនៅថ្ងៃពុធនេះជាមួយប្រធានាធិបតីប៉ាឡេស្ទីន លោក Mahmoud Abbas និងនាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក Benjamin Netanyahu នៅថ្ងៃពុធនេះ ដើម្បីជំរុញឲ្យមានការការពារជម្លោះខាងការទូតនៅអង្គការសហប្រជាជាតិ។ លីប៊ី៖ មន្រ្តីអាជ្ញាធរអន្តរកាលក្នុងប្រទេសលីប៊ី និយាយថាកងកម្លាំងរបស់ពួកគេ បានត្រួតត្រាផ្នែកភាគច្រើននៃទីក្រុងរហោឋាន Sabha នៅភាគខាងត្បូងប្រទេស ដែលជាទីតាំងដ៏រឹងមាំមួយក្នុងចំណោមទីតាំងចុងក្រោយបង្អស់ផ្សេងៗទៀតរបស់អតីតមេដឹកនាំ ម៉ូអាម៉ារ ហ្កាដាហ្វី។ កូរ៉េខាងជើង៖ ពួកអ្នកចរចាពីបញ្ហាអាវុធនុយក្លេអ៊ែរ មកពីប្រទេសកូរ៉េខាងជើងនិងកូរ៉េខាងត្បូងបានអង្គុយចរចាគ្នាក្នុងរដ្ឋធានីប៉េកាំងនៃប្រទេសចិននៅថ្ងៃពុធនេះដែលជាការចរចាលើកទីពីរក្នុងរយៈពេល២ខែកន្លងមក។ ជប៉ុន៖ ខ្យល់ព្យុះទីហ្វុង Roke កំពុងធ្វើចលនាតម្រង់មកប្រទេសជប៉ុនភាគឦសាន្តនៅថ្ងៃពុធនេះ ដែលនឹងគំរាមកំហែងបំផ្លិចបំផ្លាញបន្ថែមទៅលើការបំផ្លិចបំផ្លាញដែលបណ្តាលមកពីគ្រោះមហន្តរាយធម្មជាតិដែលបានកើតឡើងក្នុងតំបន់នោះកាលពីខែមិនា។ យេម៉ែន៖ ពួកអ្នកឃើញហេតុការណ៍ផ្ទាល់នឹងភ្នែកក្នុងប្រទេសយេម៉ែន បានរាយការណ៍ពីការបាញ់ប្រហារគ្នាក្នុងរដ្ឋធានីសាណា (Sana'a) ទោះបីជាមានបទឈប់បាញ់គ្នាមួយដើម្បីបញ្ឈប់ការប្រយុទ្ធគ្នារយៈពេលជាច្រើនថ្ងៃ ដែលបានសម្លាប់មនុស្សជាង៧០នាក់ហើយនឹងធ្វើឲ្យមនុស្សរាប់រយនាក់ទៀតរងរបួសក៏ដោយ។ អឺរ៉ុប៖ ពួកមន្រ្តីមកពីសហគមន៍អឺរ៉ុប និងអង្គការមូនិធិរូបិយវត្ថុអន្តរជាតិ នឹងវិលត្រឡប់ទៅកាន់រដ្ឋធានីអាថែន (Athens) វិញនៅខែក្រោយដើម្បីចាប់ផ្តើមធ្វើអធិការកិច្ចសេដ្ឋកិច្ចប្រទេសក្រិកឡើងវិញ ហើយថាតើប្រទេសក្រិកគួរតែបានទទួលការបង់ប្រាក់កម្ចីមួយទៀតឬយ៉ាងណា។ ឥណ្ឌា៖ ពួកអ្នកជួយសង្គ្រោះ កំពុងតតាំងជាមួយផ្លូវដែលខូចខាតហើយនឹងការបាក់ដីដើម្បីឲ្យបានទៅដល់តំបន់នានាដែលទទួលរងការខូចខាតដោយសារគ្រោះរញ្ជួយដីនៅភ្នំហេមពាន្ត (Himalayan) កាលពីថ្ងៃអាទិត្យ ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ក៏១រយនាក់ដែរ។ <!--AV--> ព័ត៌មាននៅពេលមុននេះ៖ <!--IMAGE-RIGHT--> អង្គការសហប្រជាជាតិ៖ មហាសន្និបាតអ.ស.ប.ប្រចាំឆ្នាំបានបើកសម័យប្រជុំកាលពីថ្ងៃអង្គារ ដោយមានពួកមេដឹកនាំពិភពលោកជាង១០០នាក់ បានប្រមូលផ្តុំគ្នាដើម្បីពិភាក្សាបញ្ហាមួយចំនួន ដោយមានរួមបញ្ចូលបញ្ហាប្រទេសលីប៊ីក្រោយលោក Gadhafi ការដាក់ពាក្យសុំសមាជិកភាពដោយពួកប៉ាឡេស្ទីន និងបញ្ហាជំងឺមិនឆ្លង។ ប៉ាគីស្ថាន៖ អាជ្ញាធរប៉ាគីស្ថានបាននិយាយថា ពួកជនប្រដាប់អាវុធបានបាញ់កាំភ្លើងទៅលើទ្បានប៊ូស (bus) មួយគ្រឿងមានដឹកពួកធម្មយាត្រាអ៊ីស្លាម Shi'ite នៅក្នុងតំបន់និរតីប្រទេស បណ្តាលឱ្យអ្នកធម្មយាត្រា២៦នាក់ស្លាប់។ សហរដ្ឋអាមេរិក៖ លោកប្រធានាធិបតីស.រ.អ.បារ៉ាក់ អូបាម៉ាបានមានប្រសាសន៍ថារដ្ឋបាលរបស់លោកនឹងគាំទ្រប្រជាពលរដ្ឋនៃប្រទេសលីប៊ីនៅពេលដែលពួកគេកសាងអនាគត«សេរីប្រជាធិបតេយ្យនិងសម្បូររុងរឿង»មួយ។ អាហ្វហ្គានីស្ថាន៖ អ្នកបំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់បានសម្លាប់លោកអតីតប្រធានាធិបតីអាហ្វហ្គានិស្ថាន Burhanuddin Rabbani ដែលបានខិតខំប្រឹងប្រែងស្វែងរកសន្តិភាពជាមួយពួកតាលីបាន់។ ប៉ាឡេស្ទីន៖ លោកប្រធានាធិបតីប៉ាឡេស្ទីន Mahmoud Abbas បានជួបជំនុំជាមួយលោកប្រធានាធិបតីបារាំង Nicolas Sarkozy និងលោករដ្ឋមន្ត្រីការបរទេសអង់គ្លេស William Hague កាលពីថ្ងៃអង្គារ នៅពេលដែលលោកជំរុញកិច្ចខិតខំប្រឹងប្រែងនៅក្នុងបូរីញូវយ៉កឱ្យមានការទទួលស្គាល់រដ្ឋប៉ាឡេស្ទីនដោយអ.ស.ប.។ អាហ្វ្រិក/លីប៊ី៖ សហភាពអាហ្វ្រិកបានទទួលស្គាល់ក្រុមប្រឹក្សាជាតិអន្តរកាលនៃប្រទេសលីប៊ី (NTC) ថាជាអ្នកតំណាងត្រឹមត្រូវតាមច្បាប់របស់ពលរដ្ឋលីប៊ី ខណៈពេលដែលមានសារថតសំទ្បេងមួយពីអតីតមេដឹកនាំលីប៊ី Moammar Gadhafi បានហៅការលេចទ្បើងនៃក្រុមប្រឹក្សា NTC ថាជា «ល្ខោនប្រស្នា» មួយ។ សេដ្ឋកិច្ចសកល៖ អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិដែលហៅកាត់ថា IMF បានបន្ទាបការប្រមើលមើលរបស់ខ្លួនសម្រាប់សេដ្ឋកិច្ចសាកល ដោយនិយាយថាវាកំពុងចូលក្នុង «ដំណាក់កាលថ្មីមួយប្រកបដោយគ្រោះថ្នាក់»។ This posting includes an audio/video/photo media file: Download Now |
សាលាឧទ្ធរណ៍បន្ថយទោសលោកសម រង្ស៊ី Posted: 20 Sep 2011 03:40 PM PDT សាលាឧទ្ធរណ៍នៅថ្ងៃអង្គារនេះ បានបើកសវនាការជំនុំជម្រះរឿងក្តីលោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំង ដែលកំពុងនិរទេសខ្លួននៅឯក្រៅប្រទេស ពីបទក្លែងផែនទី ព្រមទាំងផ្សព្វផ្សាយព័ត៌មានផ្ទុយពីការណ៍ពិត។ សវនាការត្រូវបានធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ ដោយគ្មានវត្តមានលោក សម រង្ស៊ី និងមេធាវីការពារក្តីទេ។ ក៏ប៉ុន្តែគណៈមេធាវីកម្ពុជាបានតែងតាំងលោករាជ ហុកសេង ឲ្យមកការពារក្តីនេះ។ លោក ឈុន លាងម៉េង ប្រធានចៅក្រមជំនុំជម្រះ បានប្រកាសថា ដោយយោងតាមច្បាប់ក្រមព្រហ្មទណ្ឌថ្មី លោក សម រង្ស៊ី ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារចំនួនប្រាំពីរឆ្នាំ និងពិន័យជាប្រាក់ចំនួន៣លានរៀល ប៉ុន្តែបានរក្សាទុកសំណងខូចខាតចំនួន៦០លានរៀលឲ្យនៅដដែល។ លោក រាជ ហុកសេង មេធាវីការពារក្តីឲ្យលោក សម រង្ស៊ី ដែលបានតែងតាំងពីគណៈមេធាវី មិនបានធ្វើអត្ថាធិប្បាយទេ។ លោក គី តិច មេធាវីការពារក្តីរដ្ឋាភិបាលបាននិយាយថា សេចក្តីសម្រេចរបស់សាលាឧទ្ធរណ៍ អាចទទួលយកបាន ហើយបានផ្តល់យុត្តិធម៌ដល់រដ្ឋាភិបាល។ «ព្រោះការសម្រេចនេះ ខ្ញុំយល់ថា សាសាឧទ្ធរណ៍បានសម្រេចត្រឹមត្រូវផ្អែកទៅលើច្បាប់សុទ្ធសាធតែម្តង។ ហើយខ្ញុំជឿជាក់ថា រដ្ឋាភិបាលអាចនឹងទទួលយកបាន»។ លោក យឹម សុវណ្ណ អ្នកតំណាងរាស្រ្ត និងជាអ្នកនាំពាក្យគណបក្សសម រង្ស៊ី បាននិយាយថា លោកមិនយល់ចំពោះតុលាការកម្ពុជាថាតើតុលាការបានផ្អែកទៅលើច្បាប់អ្វីយកមកកាត់ទោសអ្នកស្នេហាជាតិដូចជាលោក សម រង្ស៊ី។ លោក យឹម សុវណ្ណ បានបញ្ជាក់ថា គណបក្សសម រង្ស៊ី មិនចាប់អារម្មណ៍ចំពោះសវនការនេះទេ ហើយយើង ក៏គ្មានបំណងដាក់ពាក្យទៅតុលាការកំពូល ដើម្បីប្រឆាំងជំទាស់ទៅនឹងសាលក្រមនោះទេ។ «យើងមិនសូវជាយកចិត្តទុកដាក់ចំពោះសាលក្រមតុលាការហ្នឹងប៉ុន្មានទេ។ ឥឡូវ យើងប្រមូលផ្តុំពេលវេលារបស់យើងគិតទៅលើការដោះស្រាយនយោបាយ។ យើងប្រើប្រាស់មធ្យោបាយយើងមានតាមរយៈការទូត តាមរយៈមធ្យោបាយផ្សេងៗដែលអាចធ្វើទៅបានដើម្បីដោះស្រាយបញ្ហាហ្នឹង ឲ្យទាល់តែរួចរាល់។ យ៉ាងហោចណាស់ក៏មានការបោះឆ្នោតខាងមុននេះ»។ តុលាការក្រុងភ្នំពេញ កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១០ បានកាត់ទោសកំបាំងមុខលោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងឲ្យជាប់ពន្ធនាគាររយៈពេលដប់ឆ្នាំ និងពិន័យជាប្រាក់៥លានរៀលពីបទក្លែងផែនទី នឹងផ្សព្វផ្សាយព័ត៌មានមិនពិត។ ក៏ប៉ុន្តែទោសកំហុសរបស់លោក សម រង្ស៊ី បានបន្ថយទោសពី១០ឆ្នាំមកនៅត្រឹមប្រាំពីរឆ្នាំវិញ។ ចំណែកឯការពិន័យជាប្រាក់បានបន្ថយពីប្រាំលានរៀល មកនៅត្រឹមបីលានរៀលវិញទៅតាមច្បាប់ក្រមព្រហ្មទណ្ឌថ្មី។ កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០០៩ លោកសម រង្ស៊ី ត្រូវបានតុលាការខេត្តស្វាយរៀងកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេលពីរឆ្នាំ និងពិន័យជាប្រាក់ចំនួន៦៥លានរៀល ពីបទដកតម្រុយបង្គោលព្រំដែនលេខ១៨៥ នៅស្រុកចន្ទ្រា ខេត្តស្វាយរៀង តាមព្រំដែនកម្ពុជា និងវៀតណាមនឹងញុះញង់ឲ្យមានការរើសអើងជាតិសាសន៍៕ This posting includes an audio/video/photo media file: Download Now |
ការវាយតម្លៃស្មារតីអាចបង្ហាញថាចុងចោទអៀង ធីរិទ្ធមិនអាចចូលរួមសវនាការ Posted: 20 Sep 2011 04:36 PM PDT ក្រុមគ្រូពេទ្យចំនួនបួនរូបចុងក្រោយទំនងជាបានរកឃើញថា សុខភាពរបស់ អៀង ធីរិទ្ធមានសភាពធ្ងន់ធ្ងរ ហើយនឹងមិនអនុញ្ញតឲ្យរូបគាត់ចូលរួមសវនាការដែលគេរំពឹងថាអាចនឹងប្រព្រឹត្តទៅនៅក្នុងអំឡុងឆ្នាំ២០១២។ កាលពីចុងខែសីហា លោកសាស្ដ្រាចារ្យ ចន ខាំបែល (John Campbell) គ្រូពេទ្យជំនាញផ្នែកជំងឺមនុស្សចាស់បានបញ្ជាក់នៅក្នុងសវនាការលើសុខភាព អៀង ធីរិទ្ធ និងនួន ជា ថា លោកបានរកឃើញថា អៀង ធីរិទ្ធ មានបញ្ហាសុខភាពធ្ងន់ធ្ងរ។ ខួរក្បាលរបស់ជនជាប់ចោទក្នុងសំណុំរឿង ០០២ អាយុ ៧៩ ឆ្នាំរូបនេះ សមានភាពច្របូកច្របល់ក្នុងខួរក្បាល បាត់ការចងចាំ ព្រមទាំងពិបាកក្នុងការចោទជាសំណួរលើរូបគាត់នៅក្នុងសវនាការ ហើយគាត់ថែមទាំងមិនអាចចូលរួមសវនាការតាមរយៈវីដេអូភ្ជាប់ចូលទៅកាន់បន្ទប់គាត់បានទៀតផង។ លោក ចន ខាំបែល ក៏បានផ្ដល់យោបល់ឲ្យសាលាក្ដីខ្មែរក្រហមផ្ដល់ឱកាសឲ្យគ្រូពេទ្យជំនាញថ្មីទៀតដើម្បីពិនិត្យសុខភាពអៀង ធីរិទ្ធ ម្ដងទៀត។ គ្រូពេទ្យថ្មីចំនួនបួនរូប ក្នុងនោះគ្រូពេទ្យកម្ពុជាចំនួនពីររូបបានធ្វើការវិភាគលើសភាពសុខភាពរបស់ជនជាប់ចោទវ័យចាស់ជរារូបនេះរយៈពេលពីរថ្ងៃ គឺកាលពីថ្ងៃចន្ទ និងថ្ងៃអង្គារសប្ដាហ៍មុន។ យោងតាមប្រភពដែលស្និទ្ធនឹងសាលាក្ដីខ្មែរក្រហមបានឲ្យដឹង នៅថ្ងៃអង្គារនេះថា ក្រុមគ្រូពេទ្យបាន បញ្ចប់ការវិភាគពីបញ្ហាសុខភាពលើ អតីតរដ្ឋមន្ដ្រីក្រសួងសង្គមកិច្ចខ្មែរក្រហមខាងលើរួចហើយ ហើយបានធ្វើសេចក្ដីសន្និដ្ឋានដូចលោកសាស្ដ្រាចារ្យចន ខាំបែល ដែរ។ ប្រភពដដែលនោះបញ្ជាក់ថា ការរកឃើញបែបនេះគឺនឹងតម្រូវឲ្យ អៀង ធីរិទ្ធ ស្ថិតនៅក្រៅការកាត់ក្ដីបាន។ សហមេធាវីកម្ពុជា លោក ផាត់ ពៅស៊ាង ការពារក្ដីឲ្យអៀង ធីរិទ្ធ បានអះអាងថា ការធ្វើកោសល្យវិច័យផ្នែកសុខភាពកូនក្ដីរបស់លោកបានចប់សព្វគ្រប់ហើយ ក៏ប៉ុន្ដែលោកមិនបានដឹងពីលទ្ធផលនោះនៅឡើយដោយសារតែក្រុមគ្រូពេទ្យត្រូវប្រគល់របាយការផ្លូវការណ៍របស់ខ្លួនជូនអង្គជំនុំជម្រះសាលាដំបូងនៅក្នុងដំណាច់ខែកញ្ញានេះ។ «គឺគេពិនិត្យព្រឹកផង ល្ងាចផង! ហើយ ដ៏អញ្ចឹង វាចប់តាំងពីសប្តាហ៍មុនហើយ។ របាយការណ៍តាមការកំណត់ ចៅក្រមយ៉ាងយូរថ្ងៃ៣០ ខែ៩»។ ក៏ប៉ុន្ដែលោកផាត់ ពៅស៊ាង បានបង្ហើបថា លោកនឹងមិនជំទាស់នឹងមិនធ្វើការជំទាស់អ្វីនោះឡើយប្រសិនបើការរកឃើញរបស់ក្រុមគ្រូពេទ្យនឹងផ្ដល់ផលប្រយោជន៍កូនក្ដីរបស់លោក។ បើផ្អែកតាមប្រភពមួយផ្សេងទៀតដែលស្នើសុំលក្ខខណ្ឌអនាមិកបានឲ្យដឹងថា ក្រុមគ្រូពេទ្យជំនាញ បានបិទបញ្ចប់ការពិនិត្យសុខភាពអៀង ធីរិទ្ធ មែនក៏ប៉ុន្ដែពួកគេនៅបន្ដពិនិត្យផ្ទៀងផ្ទាត់ជាមួយនឹងការវាយតម្លៃលើស្ថានភាពសុខភាពអៀង ធីរិទ្ធ រួមទាំងការប្រើប្រាស់ថ្នាំពេទ្យពីពេលកន្លងមកផងដែរ។ លោក នេត្រ ភក្ដ្រា អ្នកនាំពាក្យសាលាក្ដីខ្មែរក្រហម មានប្រសាសន៍នៅថ្ងៃនេះដែរថា គ្រូពេទ្យជំនាញទាំងបួនរូបមានរយៈពេលពីរសប្ដាហ៍សម្រាប់បំពេញការងាររបស់ខ្លួនលើស្ថានភាពសុខភាពរបស់អៀង ធីរិទ្ធ ហើយលោកមិនទាន់បានទទួលព័ត៌មានពីការវាយតម្លៃថ្មីៗ របស់ក្រុមគ្រូពេទ្យទេ។ មន្ដ្រីអ្នកនាំពាក្យដដែលនេះ ក្រុមគ្រូពេទ្យនៅបន្ដការងាររបស់ពួកគេបន្ដទៀត។ «អ្នកទាំងបួននាក់ ដែលត្រូវបានអង្គជំនុំជម្រះ សាលាដំបូងតែងតាំងក្នុងការវាយតម្លៃបន្ថែមលើផ្នែកវេជ្ជសាស្រ្ត ឮហ្នឹង ទៅលើជនជាប់ចោទ អ្នកស្រី អៀង ធីរិទ្ធ ហ្នឹង គឺ កំពុងបន្តការងាររបស់ខ្លួន»។ ដោយឡែកលោក ឡាស អលសិន មន្ដ្រីផ្នែកទំនាក់ទំនងកិច្ចការច្បាប់របស់សាលាក្ដីខ្មែរក្រហមខាងភាគីអង្គការសហប្រជាជាតិមានប្រសាសន៍ថា លោកគ្រាន់តែអាចបញ្ជាក់ពីការចាប់ផ្ដើមវាយតម្លៃលើស្ថានភាពសុខភាពជនជាប់ចោទអៀង ធីរិទ្ធ ដោយគ្រូពេទ្យមួយក្រុមថ្មីតែប៉ុណ្ណោះ។ អៀង ធីរិទ្ធ រួមជាមួយនឹងជនជាប់ចោទបីនាក់ផ្សេងទៀតក្នុងសំណុំរឿង០០២ ត្រូវចោទប្រកាន់ពីបទឧក្រិដ្ឋកម្មសង្គ្រាម ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងបទប្រល័យពូជសាសន៍ ដែលនាំឲ្យស្លាប់ប្រជាពលរដ្ឋកម្ពុជាអស់ជិតពីរលាននាក់ចន្លោះពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩។ យោងតាមក្រឹត្យក្រមនៃតុលាការឧក្រិដ្ឋកម្មអន្ដរជាតិ ជនជាប់ចោទដែលត្រូវនាំខ្លួនយកមកកាត់ទោសត្រូវមានកាយសម្បទាពេញលេញសម្រាប់ចូលរួមសវនាការកាត់សេចក្ដីចំពោះការចោទប្រកាន់លើរូបខ្លួន។ ដូច្នេះប្រសិនបើសាលាក្ដីខ្មែរក្រហមទទួលស្គាល់សម្បទាមិនគ្រប់គ្រាន់របស់អៀង ធីរិទ្ធ ជនជាប់ចោទរូបនេះអាចនឹងត្រូវបញ្ជូនទៅការព្យាបាលក្នុងមន្ទីរពេទ្យដោយមានការឃ្លាំមើល ឬអាចស្ថិតក្នុងការឃុំឃាំងក្នុងផ្ទះក្រោមការឃ្លាំមើលរបស់តុលាការ៕ This posting includes an audio/video/photo media file: Download Now |
ប្រធានព្រឹទ្ធសភាអំពាវនាវឲ្យមានការទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន Posted: 20 Sep 2011 03:40 PM PDT នៅថ្ងៃអង្គារ៍នេះ លោក ជា ស៊ីម ប្រធានព្រឹទ្ធសភា បានអំពាវនាវដល់បណ្តាប្រទេសអាស៊ានឲ្យពង្រឹងយន្តការកិច្ចសហប្រតិបត្តិការ និងការអនុវត្តច្បាប់យ៉ាងពេញលេញ ដើម្បីទប់ស្កាត់បញ្ហាភេរវកម្ម បញ្ហាគ្រឿងញៀន បញ្ហាជួញដូរផ្លូវភេទ ឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរមនុស្ស និងការប្រើអំពើហិង្សាលើពលករចំណាកស្រុក។ លោក ជា ស៊ីម បានថ្លែងបើកមហាសន្និបាតអន្តរសភាអាស៊ាន ហៅកាត់ថា អាយប៉ា លើកទី៣២ នៅទីស្តីការគណៈរដ្ឋមន្ត្រីថា វេទិកាអាយប៉ាលើកទី៣២នេះគាំទ្រយ៉ាងពេញលេញនូវយន្តការអាស៊ានដែលមានស្រាប់ ការពង្រឹងយន្តការអនុវត្តន៍ច្បាប់ ការផ្តល់សច្ចាប័នដល់កិច្ចព្រមព្រៀង សន្ធិសញ្ញា អនុសញ្ញា និងគោលនយោបាយ។ «ដើម្បីឈានទៅទប់ស្កាត់ និងលុបបំបាត់ភាពតានតឹងក្នុងតំបន់ពីរឿងតែបច្ចុប្បន្នភាពនានា ដូចជា បញ្ហាភេរវកម្ម បញ្ហាគ្រឿងញៀន បញ្ហាជួញដូរផ្លូវភេទ ឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរមនុស្ស និងការប្រើអំពើហិង្សាដោយអមនុស្សធម៌ទៅលើពលករសំណាកស្រុក»។ លោក ជា ស៊ីម បានលើកឡើងបញ្ហាទាំងនេះនៅចំពោះមុខវត្តមាន នៃប្រធានរដ្ឋសភា នៃបណ្តាប្រទេសជាសមាជិកអន្តរសភាអាស៊ាន និងបណ្តាប្រទេសអ្នកសង្កេតការណ៍នេះ ខណៈដែលកម្ពុជាកំពុងប្រឈមនឹងបញ្ហាគ្រឿងញៀន បញ្ហាជួញដូរមនុស្ស និងបញ្ហាប្រើអំពើហិង្សាលើពលករចំណាកស្រុកខ្មែរ។ លោកឧត្តមសេនីយ៍ទោ ខៀវ សាមន នាយកមន្ទីរប្រឆាំងគ្រឿងញៀននៃក្រសួងមហាផ្ទៃ បានថ្លែងថា ក្នុងរយៈពេលប្រាំមួយខែដើមឆ្នាំ២០១១នេះ នគរបាលចាប់ជនសង្ស័យជួញដូរគ្រឿងញៀន បានចំនួន១.១៤៤នាក់ រួមមានបុរស៨៨១នាក់ និងរឹបអូសបានមេតំហ្វេតាមីន សញ្ញា WY ចំនួន១៥២.១៦០គ្រាប់ និងម្សៅមេតំហ្វេតាមីន (អាយទឹកកក) ប្រមាណប្រាំបីគីឡូក្រាម ដែលបានកើនលើសឆ្នាំ២០១០ទ្វេដង។ «លទ្ធផលបង្ក្រាបគ្រឿងញៀន រយៈពេលប្រាំមួយខែដើមឆ្នាំ២០១១នេះ បានលើសប្រតិបត្តិការពេញមួយឆ្នាំ២០១០ទូទាំងប្រទេស។ កិច្ចការងារនេះ ក៏ជាការព្រួយបារម្ភរបស់ប្រទេសកម្ពុជា ក៏ដូចជាក្នុងតំបន់ និងពិភពលោកដែរ ពីព្រោះសភាពការណ៍គ្រឿងញៀននេះ គឺជាសភាព ជាសកលហើយ។ កិច្ចការងារនេះ ត្រូវទាមទារឲ្យមានកិច្ចសហការយ៉ាងជិតស្និទ ជាពិសេសនៅក្នុងតំបន់អាស៊ាននេះ»។ លោក អ៊ំ សំអាត ប្រធានផ្នែកស៊ើបអង្កេត នៃអង្គការសិទ្ធិមនុស្ស លីកាដូ បានបញ្ជាក់ថា នៅប្រាំមួយខែដើមឆ្នាំ២០១១នេះ អង្គការលីកាដូទទួលបាន៣០ករណីនៃការជួញដូរមនុស្សខាងផ្លូវភេទ និងកម្លាំងពលកម្មដែលមានជនរងគ្រោះ៩៣នាក់ បើប្រៀបធៀបនឹងឆ្នាំ២០១០ មានតែ២២ករណី នៃអំពើបទជួញដូរនេះ។ «យើងឃើញថា ករណីជួញដូរមនុស្សនេះនៅតែកើនឡើងយ៉ាងច្រើន។ អញ្ចឹង វាជាការណ៍មួយដែលយើងនៅតែមានការព្រួយបារម្ភ»។ លោក ចាន់ សាវ៉េត ប្រធានផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃសមាគមសិទ្ធិមនុស្ស អាដហុក បានថ្លែងថា នៅប្រាំមួយខែដើមឆ្នាំ២០១១នេះ សមាគមអាដហុក ទទួលបានប្រាំបួនករណីនៃការប្រើអំពើហិង្សាដោយការបាញ់សម្លាប់ប្រជាពលរដ្ឋខ្មែរប្រាំមួយករណី និងរងរបួសបីករណីដែល បានឆ្លងដែនខុសច្បាប់ចូលទៅក្នុងប្រទេសថៃ ហើយនៅក្នុងឆ្នាំ២០១០ មាន២៣បណ្តឹង ដែលមានជនរងគ្រោះ៥២នាក់ រួមមាន២៩នាក់ស្លាប់ ១១នាក់រងការធ្វើទារុណកម្ម និង១២នាក់ផ្សេងទៀតបាត់ខ្លួន។ «ប្រទេសអនុវត្តន៍សិទ្ធិសេរីភាព គោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យពេញលេញមិនគួប្បីប្រើប្រាស់អំពើហិង្សាក្នុងការទប់ស្កាត់ ចំណាកស្រុកខ្មែរដែលងាយរងគ្រោះនេះ ចូលទៅក្នុងទឹកដីរបស់ខ្លួននេះ ហើយការធ្វើបែបហ្នឹង គឺជាការខុសច្បាប់អន្តរជាតិ និងការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ»។ សហរដ្ឋអាមេរិក បានផ្តល់ឧបករណ៍ស្កែនរកសារធាតុបរមាណូ និងការបណ្តុះបណ្តាលជំនាញប្រឆាំងអំពើភេរវកម្មដល់កម្ពុជាដើម្បីទប់ស្កាត់ការសាយភាយអាវុធបរមាណូ និងអំពើភេរវកម្ម។ សហគមន៍អាស៊ានមានច្បាប់រួម ដើម្បីទប់ស្កាត់អំពើភេរវកម្ម ការជួញដូរមនុស្ស និងការជួញដូរគ្រឿងញៀន ព្រមទាំងមានវិធានការការពារផលប្រយោជន៍របស់ពលករចំណាកស្រុក៕ This posting includes an audio/video/photo media file: Download Now |
You are subscribed to email updates from VOA News: ព័ត៌មាន To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |