VOA News: ព័ត៌មាន: “ព័ត៌មានអន្តរជាតិសង្ខេប៖ ២៤ កញ្ញា” plus 3 more |
- ព័ត៌មានអន្តរជាតិសង្ខេប៖ ២៤ កញ្ញា
- សវនកម្មឆ្នាំ២០០៧រកឃើញភាពមិនប្រក្រតី និងគ្មានប្រសិទ្ធភាព
- គ្មានប្រភេទថ្មីនៃផ្តាសាយបក្សី តែកើនចំនួនអ្នកស្លាប់ដោយសារជំងឺនេះ
- អង្គការក្រៅរដ្ឋាភិបាលសើ្នរដ្ឋាភិបាលធ្វើសមាហរណកម្មច្បាប់ទាក់ទងសារព័ត៌មាន
ព័ត៌មានអន្តរជាតិសង្ខេប៖ ២៤ កញ្ញា Posted: 24 Sep 2011 12:43 AM PDT យេម៉ែន៖ មានភាពតានតឹងខាងនយោបាយយ៉ាងខ្លាំងក្នុងប្រទេសយេម៉ែន នៅថ្ងៃសុក្រ ក្រោយពីប្រធានាធិបតី Ali Abdullah Saleh បានវិលត្រទ្បប់មកពីព្យាបាលមុខរបួសជាច្រើនខែ នៅក្រៅប្រទេស។ ប៉ាឡេស្ទីន៖ កាលពីថ្ងៃសុក្រលោក Mahmoud Abbas មេដឹកនាំប៉ាឡេស្ទីនបានសុំដល់អង្គការសហប្រជាជាតិឱ្យទទួលស្គាល់រដ្ឋប៉ាឡេស្ទីនមួយ ទោះណាជាមានការជំទាស់ពីសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលដល់កិច្ចខិតខំនេះក៏ដោយ។ ប៉ាឡេស្ទីន៖ កាលពីថ្ងៃសុក្រ ពលរដ្ឋប៉ាឡេស្ទីនបានអបអរសាទរនៅពេលឮដំណឹងថាលោកប្រធានាធិបតី Mahmoud Abbas បានដាក់ពាក្យសុំបង្កើតរដ្ឋនៅឯអង្គការសហប្រជាជាតិ។ ប៉ាគីស្ថាន៖ អគ្គមេបញ្ជាការនៃកងទ័ពប៉ាគីស្ថានបានបដិសេធការចោទប្រកាន់របស់សហរដ្ឋអាមេរិក ដែលថាទីភ្នាក់ងារចារកម្មយោធារបស់ខ្លួនគាំទ្រពួកជនសកម្មប្រយុទ្ធមានចំណងទាក់ទងជាមួយអាល់កៃដា ដែលបានវាយប្រហារលើទីដៅអាមេរិកាំងនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ថា «មិនផ្អែកលើការពិតជាក់ស្តែងទេ»។ អ៊ីរ៉ាក់៖ លោកប្រធានាធិបតីអ៊ីរ៉ាក់ Jalal Talabani បានសុំដល់ប្រទេសតួកគីនិងអ៊ីរ៉ង់ឱ្យឈប់ទម្លាក់គ្រាប់បែកលើតំបន់ Kurdistan នាផ្នែកខាងជើងអ៊ីរ៉ាក់ ដែលពួកឧទ្ទាម Kurde ធ្វើប្រតិបត្តិការនៅទីនោះ។ ស៊ីរី៖ កងកម្លាំងសន្តិសុខស៊ីរីបានបាញ់សម្លាប់ជនស៊ីវិលយ៉ាងតិចណាស់៣នាក់កាលពីថ្ងៃសុក្រ នៅពេលដែលសហភាពអឺរ៉ុបបានដាក់ទ័ណ្ឌកម្មថ្មីៗថែមទៀតលើរដ្ឋាភិបាលរបស់ប្រធានាធិបតី Bashar al-Assad ។ <!--AV--> This posting includes an audio/video/photo media file: Download Now |
សវនកម្មឆ្នាំ២០០៧រកឃើញភាពមិនប្រក្រតី និងគ្មានប្រសិទ្ធភាព Posted: 23 Sep 2011 04:13 PM PDT របាយការណ៍ដែលធ្វើឡើងដោយអាជ្ញាធរសវនកម្មកម្ពុជាបង្ហាញពីភាពមិនប្រក្រតីជាច្រើន ចាប់តាំងពីថ្នាក់រដ្ឋបាលមូលដ្ឋាន រហូតទៅដល់ក្រសួងមន្ទីររដ្ឋាភិបាល។ បញ្ហារួមមានភាពមិនប្រក្រតីមាននៅក្នុងការគ្រប់គ្រងចំណូលនៃផ្នែកនាំចេញនាំចូល កង្វះប្រសិទ្ធភាពនៅក្នុងការត្រួតពិនិត្យ និងការប្រយុទ្ធប្រឆាំងនឹងបទល្មើសពន្ធគយ កង្វះខាតក្នុងការចុះបញ្ជីដីធ្លីត្រឹមត្រូវនៅតាមខេត្ត និងរាជធានីជាពិសេសការប្រមូលពន្ធដីធ្លី និងអចលនទ្រព្យ។ របាយការណ៍កម្រាស់សាមសិបពីរទំព័រ បានបន្ថែមថា មានការខ្វះខាតនៅក្នុងការចាត់វិធានការ ចំពោះការប្រមូលពន្ធលើសមប្បទានរ៉ែ ហើយនឹងមិនមានការប្រមូលពន្ធពេញលេញទៅលើផលនេសាទសមុទ្រ។ បន្ថែមពីនោះទៀត ចំណូលសម្រាប់គាំទ្ររដ្ឋបាលសាធារណៈ នៅក្នុងខេត្តក្រុង និងរាជធានីមិនមានភាពសមស្របទៅតាមផ្លូវច្បាប់។ នេះគឺជាលើទី១ដែលកម្ពុជា បង្ហាញរបាយការណ៍ជាសាធារណៈ ស្របពេលដែលប្រទេសដ៏ក្រីក្រមួយនេះទទួលរងការរិះគន់យ៉ាងធ្ងន់ធ្ងរពីអំពើពុករលួយជាច្រើនឆ្នាំមកហើយ។ នេះជារបាយការណ៍ស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ចាប់តាំងពីឆ្នាំ២០០៧ មកម្លេះ ហើយទើបតែត្រូវបានបញ្ចប់នៅក្នុងពេលនេះ។ លោក អ៊ុច ឈន អគ្គសវនករ នៃអាជ្ញាធរសវនកម្មកម្ពុជា មានប្រសាសន៍នៅក្នុងរបាយការណ៍ខាងលើនៅក្នុងទីក្រុងភ្នំពេញថា មានការគេចវេសពន្ធជាច្រើន។ ក៏ប៉ុន្តែមិនមានតួរលេខអំពីការបាត់បង់ចំណូលពន្ធនោះទេ។ «ការគេចវេសពន្ធ វាមានតាំងពីពន្ធដារ ពន្ធគយ តាំងពីចំណូលមិនមែនសារពើពន្ធផ្សេងៗ។ តើយើងដឹងទេថាបាត់ប៉ុន្មាន? អញ្ចឹងទំហំទឹកលុយនេះគឺយើងមិនអាចដឹងបានទេ។ ទាល់តែធ្វើដូចអង់គ្លេស បានទៅរួច គឺថារកឃើញអ្នកឯងខុសហើយ បោះដុស្យេឲ្យអ្នកឯងមើល។ តើអ្នកឯងវាយតម្លៃខ្លួនឯងថា អ្នកឯងធ្វើឲ្យបាត់លុយប៉ុន្មានដែលមានកំហុសអញ្ចឹង»។ ភ្ងាក់ងារសហរដ្ឋអាមេរិកសម្រាប់កិច្ចអភិវឌ្ឍន៍អន្តរជាតិ (USAID) ធ្លាប់បានបង្ហាញរបាយការណ៍ថា កម្ពុជាបានបាត់បង់ចំណូល ដោយសារតែអំពើពុករលួយចន្លោះពីបីរយទៅ៥០០លានដូល្លារកក្នុងមួយឆ្នាំៗ។ ក៏ប៉ុន្តែលោក អ៊ុច ឈន មិនអត្ថាធិប្បាយចំៗថាភាពមិនប្រក្រតីស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនេះ ជាប់ពាក់ព័ន្ធទៅនឹងអំពើពុករលួយ ឬយ៉ាងណា? ហើយនឹងមិនមានវិធានការណាមួយត្រូវចាត់ការក្រៅពីការដាស់តឿនឲ្យមានការកែលម្អនោះទេ។ លោក ស៊ុន ឆ័យ តំណាងរាស្រ្តគណបក្សសម រង្ស៊ី មណ្ឌលក្រុងភ្នំពេញ មានប្រសាសន៍ថា របាយការណ៍នេះនៅមានការខ្វះខាតជាច្រើន។ «វាមិនអាចមានតែរបាយការណ៍បែបហ្នឹង! វាត្រូវតែមានរបាយណ៍ជាក់លាក់ពីការប្រមូលថវិកាជាតិ និងការចាយវាយតាមក្រសួងនេះ។ ពិនិត្យឲ្យត្រឹមត្រូវថា វាមានភាពមិនប្រក្រតីផ្នែកណា ដោយសារអ្វី ក្រោមការគ្រប់គ្រងរបស់អ្នកណា»។ យ៉ាងណាក៏ដោយ តំណាងគណបក្សជំទាស់ដដែលជឿថា របាយកាណ៍នេះនឹងជួយជំរុញឲ្យលោកនាយករដ្ឋមន្ត្រីខ្មែរចាត់វិធានការមិនប្រក្រតីទាំងនេះ។ ដោយឡែក លោកបណ្ឌិត កង ចន្ទដារ៉ារ័ត្ន នាយកវិទ្យាស្ថានកម្ពុជាសម្រាប់ការសិក្សាអភិវឌ្ឍន៍ មានប្រសាសន៍ថា របាយការណ៍នេះបានបង្ហាញពីភាពវិជ្ជមានសម្រាប់ការត្រួសត្រាយឲ្យមានការកែលម្អ និងមានតម្លាភាពក្នុងការគ្រប់គ្រងហិរញ្ញវត្ថុនៅកម្ពុជា ជាពិសេសវាគឺការផ្តល់អំណោយផលសម្រាប់កម្ពុជានៅក្នុងការធ្វើសមាហរណកម្មសេដ្ឋកិច្ចនៅក្នុងសហគមអាស៊ាន៕ This posting includes an audio/video/photo media file: Download Now |
គ្មានប្រភេទថ្មីនៃផ្តាសាយបក្សី តែកើនចំនួនអ្នកស្លាប់ដោយសារជំងឺនេះ Posted: 23 Sep 2011 03:19 PM PDT ក្រុមមន្ត្រីសុខាភិបាលបានអះអាងថាកម្ពុជាមិនទាន់ឃើញមានសញ្ញានៃការបម្លែងទៅជារូបភាពថ្មីនៃមេរោគគ្រុនផ្តាសាយបក្សី AH5N1 ដែលបានកើតមាននៅវៀតណាមនោះទេ ប៉ុន្តែក្រុមវេជ្ជបណ្ឌិតកំពុងតាមដានយ៉ាងប្រុងប្រយ័ត្នអំពីដំណើរការវិវឌ្ឍនៃមេរោគគ្រុនផ្តាសាយបក្សីនៅកម្ពុជា បន្ទាប់ពីមេរោគ AH5N1បានសម្លាប់ប្រជាពលរដ្ឋខ្មែរប្រាំបីនាក់នៅដើមឆ្នាំ២០១១នេះ។ អង្គការស្បៀងអាហារ និងកសិកម្មសហប្រជាជាតិ បានព្រមានមន្ត្រីសុខាភិបាលនៅក្នុងខែសីហាថា ការបម្លែងទៅជារូបភាពថ្មីមួយនៃមេរោគគ្រុនផ្តាសាយបក្សីត្រូវបានរកឃើញនៅវៀតណាម ហើយអាចឆ្លងចូលមកកម្ពុជា។ អង្គការស្បៀងអាហារ និងកសិកម្មសហប្រជាជាតិបានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា ការរីករាលដាលនៃមេរោគគ្រុនផ្តាសាយបក្សីនៅវៀតណាមបង្កការគំរាមគំហែងដោយផ្ទាល់ដល់កម្ពុជា។ ហើយការបម្លែងទៅជារូបភាពថ្មីនេះមានគ្រោះថ្នាក់ដែលមិនអាចព្យាករណ៍បាន។ លោកវេជ្ជបណ្ឌិត លី សុវណ្ណ អនុប្រធាននាយកដ្ឋានទប់ស្កាត់ជំងឺឆ្លងនៃក្រសួងសុខាភិបាលបានបញ្ជាក់នៅថ្ងៃព្រហស្បតិ៍ថា ក្រុមវេជ្ជបណ្ឌិត និងអ្នកឯកទេសផ្នែកជំងឺឆ្លងពីក្រសួងសុខាភិបាល វិទ្យាស្ថានប៉ាស្ទ័រ និងអង្គការសុខភាពពិភពលោកបានពិនិត្យមើលមេរោគផ្តាសាយបក្សីនៅកម្ពុជា ហើយមិនទាន់ឃើញមានមេរោគនេះបម្លែងទៅជារូបភាពថ្មីដូចនៅវៀតណាមនោះទេ។ «យើងមិនទាន់បានរកឃើញមេរោគគ្រុនផ្តាសាយ ឬគ្រុនផ្តាសាយបក្សី ដែលថា វាបម្លែងទៅជារូបភាពថ្មីនៅក្នុងប្រទេសវៀតណាមនោះ មាននៅក្នុងប្រទេសយើងនៅឡើយទេ។ ខ្ញុំពុំទាន់រកឃើញថា វាមានមេរោគគ្រុនផ្តាសាយនៅក្នុងបក្សីក៏ដូចជាមនុស្សមិនទាន់រកឃើញថា វាមានបម្លែងទៅជារូបភាពថ្មី នៅក្នុងប្រទេសយើងទេ»។ លោកវេជ្ជបណ្ឌិត នីម៉ា អាស្គ្រារី (Nima Asgari) អ្នកឯកទេសផ្នែកសុខភាពសាធារណៈនៃអង្គការសុខភាពពិភពលោកប្រចាំកម្ពុជាបានបញ្ជាក់នៅថ្ងៃទី១៥ ខែកញ្ញានេះថា ការគំរាមគំហែងបានកើតមាននៅវៀតណាមហើតម្រូវឲ្យមានការប្រុងប្រយ័ត្នក្នុងករណីប្រែប្រួលកើតឡើង។ លោកវេជ្ជបណ្ឌិត នីម៉ា អាស្គ្រារី បានបន្ថែមថា គ្មានការបម្លែងទៅជារូបភាពថ្មីនៃមេរោគគ្រុនផ្តាសាយបក្សីត្រូវបានរកឃើញនៅកម្ពុជាទេ ហើយការចម្លងមេរោគគ្រុនផ្តាសាយបក្សីពីមនុស្សទៅមនុស្សក៏មិនត្រូវបានគេឃើញមាននៅកន្លែងណាមួយក្នុងពិភពលោកនេះទេ។ លោកវេជ្ជបណ្ឌិត លី សុវណ្ណ និងលោកវេជ្ជបណ្ឌិត នីម៉ា អាស្គ្រារី បានបញ្ជាក់ថា គ្មានភស្តុតាងណាមួយ បង្ហាញពីការបម្លែងទៅជារូបភាពថ្មីនៃមេរោគគ្រុនផ្តាសាយបក្សីនៅវៀតណាមឆ្លងចូលមកកម្ពុជានៅឡើយទេ ប៉ុន្តែក្រុមមន្ត្រីសុខាភិបាល និងកសិកម្មកំពុងតែតាមដានមើលយ៉ាងប្រុងប្រយ័ត្នអំពីមេរោគថ្មីនេះ។ លោកវេជ្ជបណ្ឌិតលី សុវណ្ណ បានកត់សម្គាល់ថា ជំងឺផ្តាសាយ AH5N1 បានរីករាលដាលចេញពីតំបន់ភាគខាងកើតទៅកាន់តំបន់ភាគខាងលិចកម្ពុជាក្នុងឆ្នាំ២០១១នេះ ប៉ុន្តែវាមិនទាន់ឈានចូលដល់ដំណាក់កាលមួយព្រួយបារម្ភខ្លាំងណាស់ណាទេ។ «ក្នុងឆ្នាំនេះ យើងបានរកឃើញករណីជំងឺគ្រុនផ្តាសាយបក្សីច្រើនខុសធម្មតាបើប្រៀបធៀបនឹងឆ្នាំមុនៗ។ ពីខែមករាដល់ខែសីហា យើងមានរហូតដល់ប្រាំបីករណី។ ប្រាំបីនាក់បានស្លាប់ទាំងប្រាំបីនាក់ ហើយក្នុងនោះមានកុមារប្រាំពីរនាក់ ហើយទី២ ជំងឺគ្រុនផ្តាសាយបក្សីជាធម្មតាកើតនៅក្នុងខែមេសា។ ប៉ុន្តែឆ្នាំនេះ វាបានពង្រីកដល់ខែសីហា ហើយទី៣ ពីមុនធ្លាប់តែឆ្លងជំងឺគ្រុនផ្តាសាយបក្សីនេះមាននៅតែតាមតំបន់ព្រំដែនជាប់ជាមួយប្រទេសវៀតណាម ប៉ុន្តែឆ្នាំនេះ ការឆ្លងជំងឺគ្រុនផ្តាសាយបក្សីនេះបានរីករាលដាលដល់ខេត្តបន្ទាយមានជ័យ។ យើងពង្រឹងការតាមដាន និងរុករកថែមទៀត ដើម្បីឲ្យរកឃើញទាន់ពេលវេលា និងព្យាបាលឲ្យទាន់ពេលវេលា»។ តួលេខរបស់ក្រសួងសុខាភិបាលបានបង្ហាញថា ជំងឺគ្រុនផ្តាសាយបក្សីបានសម្លាប់ប្រជាពលរដ្ឋខ្មែរចំនួនប្រាំបីនាក់ក្នុងរយៈពេលប្រាំបួនខែនៃដើមឆ្នាំ២០១១នេះ ដែលបានធ្វើឲ្យចំនួនអ្នកស្លាប់នៅកម្ពុជាឡើងដល់១៦នាក់ចាប់ពីឆ្នាំ២០០៣ដល់ខែកញ្ញា ឆ្នាំ២០១១នេះ។ ជំងឺគ្រុនផ្តាសាយបក្សីច្រើនកើតមាននៅតាមតំបន់ជនបទ ជាពិសេសខេត្តតាមព្រំដែនជាមួយវៀតណាម។ ចំពោះមូលហេតុនៃកំណើនអ្នកស្លាប់ដោយជំងឺផ្តាសាយបក្សីនេះ លោកវេជ្ជបណ្ឌិត នីម៉ា អាស្គ្រារី បានថ្លែងថា មូលហេតុនៃការកើនឡើងនេះនៅមិនទាន់ដឹងច្បាស់លាស់នៅឡើយទេនៅពេលនេះ។ ប៉ុន្តែឥឡូវនេះ ក្រុមវេជ្ជបណ្ឌិតកំពុងតែយកចិត្តទុកដាក់កាន់តែច្រើនឡើងអំពើជំងឺនេះ ហើយកំពុងតែធ្វើពិសោធន៍ចង់ដឹងបន្ថែមទៀត។ ដើម្បីទប់ទល់នឹងការបម្លែងទៅជារូបភាពថ្មីនៃមេរោគគ្រុនផ្តាសាយបក្សី និងកំណើនអ្នកស្លាប់នេះ លោកវេជ្ជបណ្ឌិត លី សុវណ្ណ បានថ្លែងថា រដ្ឋាភិបាលបានផ្តល់ការបណ្តុះបណ្តាលដល់ក្រុមពេទ្យពិនិត្យអ្នកជំងឺផ្ទាល់នៅតាមបណ្តាខេត្តឆ្លើយតបបន្ទាន់ដើម្បីឲ្យពួកគេអាចព្យាបាលអ្នកជំងឺ និងបញ្ចូនអ្នកជំងឺមកកាន់មន្ទីរពេទ្យជាបន្ទាន់។ ក្រុមពេទ្យទាំងនេះក៏អង្កេតមើលករណីនីមួយៗដើម្បីឲ្យប្រាកដថា គ្មានករណីផ្សេងទៀតនៅក្នុងភូមិតែមួយកើតមានជំងឺទេ។ លោក ទេព សំអឿន ប្រធានក្រុមឆ្លើយតបបន្ទាន់ផ្នែកគ្រប់គ្រងជំងឺឆ្លង នៃមន្ទីរពេទ្យខេត្តព្រៃវែង បានថ្លែងថា មន្ត្រីសុខាភិបាលខេត្តជាង១០០នាក់ និងក្រុមឆ្លើយតបបន្ទាន់ថ្នាក់ភូមិជាង១.១៣០នាក់ ត្រូវបានទទួលការបណ្តុះបណ្តាលស្តីពីជំងឺផ្តាសាយបក្សី និងរោគសញ្ញាសំខាន់ៗ ដើម្បីព្យាបាលអ្នកជំងឺឲ្យទាន់ពេលវេលា។ «យើងមានការព្រួយបារម្ភអំពីការឆ្លងជំងឺគ្រុនផ្តាសាយបក្សីនេះ ហើយយើងបានធ្វើការណែនាំដល់គ្រប់ស្រុកទាំងអស់ ដើម្បីមានវិធានទប់ស្កាត់រាល់រោគសញ្ញាដែលយើងសង្ស័យថា ជាជំងឺគ្រុនផ្តាសាយបក្សី ដូចជាអ្នកជំងឺមានប៉ះពាល់មាន់ទាឈឺងាប់ និងមានអាការៈក្តៅដង្ហក់។ សំខាន់ឥឡូវនេះ ថ្នាំតាមីប្លូមាននៅគ្រប់ស្រុកទាំងអស់»។ លោក ដន ថា ប្រធានមណ្ឌលសុខភាពឃុំរហាត់ទឹក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បាននិយាយថា លោកព្រួយបារម្ភអំពីការកើតឡើងម្តងទៀតនៃជំងឺគ្រុនផ្តាសាយបក្សី ដែលបានសម្លាប់កុមារីអាយុបួនឆ្នាំម្នាក់ ចុងក្រោយនៅក្នុងខែសីហាកន្លងមកនេះ។ ប៉ុន្តែលោកបានប្រុងប្រៀបរៀបរួចជាស្រេចដើម្បីទប់ទល់នឹងជំងឺគ្រុនផ្តាសាយបក្សីនេះ។ អ្នកស្រី ឡុង ដឿម អាយុ៤៥ឆ្នាំ ជាម្តាយមីងរបស់កុមារីស្លាប់ដោយជំងឺគ្រុនផ្តាសាយបក្សី បានបញ្ជាក់ថា កុមារីម្នាក់បានស្លាប់ដោយសារជំងឺគ្រុនផ្តាសាយបក្សី បន្ទាប់ពីបានបានបរិភោគមាន់ឈឺងាប់។ «ខ្ញុំឈប់ហ៊ានហូបមាន់ងាប់ខ្លាចឆ្លងជំងឺគ្រុនផ្តាសាយបក្សី និងខ្ញុំព្រួយបារម្ភចំពោះការឆ្លងជំងឺគ្រុនផ្តាសាយបក្សីនេះ បើមានមាន់ឈឺទៀត ត្រូវតែការពារ ឈប់យកមកហូប និងមិនហ៊ានប៉ះពាល់វា»។ ក្រុមមន្ត្រីសុខាភិបាល បានថ្លែងថា អង្គការសុខភាពពិភពលោកបានផ្តល់មូលនិធិសម្រាប់ធ្វើពិសោធន៍គ្រប់ករណី និងគាំទ្រក្រសួងសុខាភិបាលឲ្យតាមដានការផ្ទុះឡើងនៃជំងឺគ្រុនផ្តាសាយបក្សី។ អង្គការយូណេស្កូ ក៏បានផ្តល់មូលនិធិសម្រាប់យុទ្ធនាការផ្សព្វផ្សាយស្តីពីជំងឺគ្រុនផ្តាសាយបក្សីដែរ។ ក្រសួងកសិកម្ម ក៏បានចូលរួមក្នុងការធ្វើពិសោធន៍ទៅលើសត្វនេះដែរ៕ This posting includes an audio/video/photo media file: Download Now |
អង្គការក្រៅរដ្ឋាភិបាលសើ្នរដ្ឋាភិបាលធ្វើសមាហរណកម្មច្បាប់ទាក់ទងសារព័ត៌មាន Posted: 23 Sep 2011 04:16 PM PDT ក្រុមអង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជាបានជជែកពិភាក្សាគ្នាលើខ្លឹមសារច្បាប់សំខាន់ៗចំនួនប្រាំមួយដែលពួកគេចាត់ទុកថា បានបង្កឲ្យមានការគាបសង្កត់ដល់សិទ្ធិសេរីភាពបញ្ចេញមតិរបស់ប្រជាពលរដ្ឋ។ ការពិគ្រោះគ្នានោះបានធ្វើឡើងនៅក្នុងសិក្ខាសាលាស្តីពីច្បាប់និងសេរីភាពបញ្ចេញមតិដែលរៀបចំឡើងដោយគណៈកម្មាធិការប្រព្រឹត្តកម្មនៃអង្គការ សមាគម ការពារសិទ្ធិមនុស្សកម្ពុជា នៅក្នុងទីក្រុងភ្នំពេញ បន្ទាប់ពីសកម្មជនសិទ្ធិមនុស្សចំនួនបីរូប និងអ្នកយកព័ត៌មានមួយរូបត្រូវបានចោទប្រកាន់តាមផ្លូវតុលាការ។ ការចោទប្រកាន់ក្រោយពីសកម្មជនសិទ្ធិមនុស្សទាំងនោះបានជួយដោះស្រាយជម្លោះដីធ្លីរវាងប្រជាពលរដ្ឋ និងក្រុមហ៊ុនឯកជននៅក្នុងខេត្តកំពង់ឆ្នាំង និងខេត្តរតនៈគិរី។ លោក អ៊ិន គា ប្រធានសម្របសម្រួលស្តីទីនៃគណៈកម្មាធិការប្រព្រឹត្តកម្មនិងជាអគ្គលេខាធិការសមាគមអាដហុកបានមានប្រសាសន៍នៅក្នុងពិធីនោះថា ការចោទប្រកាន់ទៅលើសកម្មជនសិទ្ធិមនុស្សបានបង្ហាញពីការធ្វើការបកស្រាយទៅលើច្បាប់ដោយមានការរឹតត្បិតពីព្រំដែនសេរីភាពរបស់បុគ្គល។ «ជាក់ស្តែងយើងបានកត់សម្គាល់នូវករណីមួយចំនួនដែលបានកើតឡើងតាមរយៈនៃការប្តឹងផ្តល់ប្រឆាំងនឹងសកម្មជន ការពារសិទ្ធិមនុស្ស និងប្រជាសហគមន៍ក្រោមបទបរិហារកេរ្តិ៍ ឬបទញុះញង់នៅខណៈដែលអ្នកទាំងនេះប្រឈមនឹងអ្នកមានអំណាចក្នុងជម្លោះដីធ្លីជាដើមដោយសារតែការបកស្រាយច្បាប់ក្នុងន័យចង្អៀតរបស់មន្រ្តីច្បាប់។ បញ្ហាទាំងនេះបានបង្កើតឲ្យមានបញ្ហាកង្វល់និងភាពមិនច្បាស់លាស់នូវការអនុវត្តច្បាប់និងព្រំដែនសេរីភាពរបស់បុគ្គលម្នាក់ៗ។ អង្គការក្រៅរដ្ឋាភិបាលប្រមាណជាដប់និងមន្រ្តីរដ្ឋាភិបាលមកពីក្រសួងយុត្តិធម៌ និងក្រសួងមហាផ្ទៃបានចូលរួមពិភាក្សាលើមាត្រចំនួន ៤៣ ដែលដកស្រង់ចេញពីច្បាប់ និងបញ្ញត្តិសរុបចំនួនប្រាំមួយពាក់ព័ន្ធនឹងសេរីភាពបញ្ចេញមតិក្នុងនោះមានច្បាប់ស្តីពីរបបសារព័ត៌មានច្បាប់ស្តីពីការធ្វើបាតុកម្មដោយសន្តិវិធី ក្រមព្រហ្មទណ្ឌកម្ពុជា ជាពិសេសផ្តោតលើបទបរិហាកេរ្តិ៍និងការជេរប្រមាថ និងបទញុះញង់ឲ្យប្រព្រឹត្តបទល្មើសជាដើម។ កាលពីខែកក្កដាឆ្នាំ២០០៩ លោក ប៉ែន ប៊ុណ្ណា និងលោក ឆាយ ធី មន្រ្តីសិទ្ធិមនុស្សសមាគមអាដហុកប្រចាំខេត្តរតនៈគីរី និងអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរីម្នាក់នៅក្នុងខេត្តនេះ គឺលោក រដ្ឋា វិសាល ត្រូវបានតុលាការចោទប្រកាន់ពីបទញុះញង់បង្កឲ្យមានបទល្មើសនៅពេលដែលពួកគាត់បានព្យាយាមជួយដោះស្រាយទំនាស់ដីធ្លីមួយកន្លែងនៅខេត្តរតនៈគីរីរវាងប្រជាពលរដ្ឋនិងក្រុមហ៊ុនឯកជនមួយ ហើយលោក រដ្ឋា វិសាល បានរាយការណ៍ពីពត៌មាននោះ។ បន្ទាប់មកកាលពីខែមករាឆ្នាំ២០១១លោកសំ ចាន់គា មន្រ្តីសិទ្ធិមនុស្សសមាគមអាដហុកប្រចាំខេត្តកំពង់ឆ្នាំងត្រូវបាន តុលាការចោទប្រកាន់ពីបទបរិហាកេរ្តិ៍ និងផ្សព្វផ្សាយព័ត៌មានមិនពិតបន្ទាប់ពីលោកបានផ្តល់កិច្ចសម្ភាសន៍មួយជាមួយវិទ្យុអាស៊ីសេរីពីទស្សនៈផ្នែកច្បាប់ស្តីពីការឈូសឆាយកាយដីធ្វើប្រឡាយ។ នៅក្នុងឱកាសនោះលោកបណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគឯករាជ្យបានឲ្យដឹងថាលោក បានកត់សម្គាល់ឃើញថា នៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះសិទ្ធិសេរីភាពបញ្ជេញមតិត្រូវបានរឹតបន្តឹងដូច្នេះចំបាច់ត្រូវតែមានការកែលម្អច្បាប់ទាំងនោះឲ្យប្រសើរឡើង។ «បើសិនជាយើងអត់បញ្ចេញមតិថាការអនុវត្តន៍ច្បាប់នេះគឺមិនបានគោរពដល់សិទ្ធិបញ្ជេញមតិទេគឺថាចេះតែទៅទៀតហើយបន្តិចម្តងៗនេះគឺជាការបាត់បង់សេរីភាពហើយប្រទេសខ្មែរយើងការបាត់បង់សេរីភាពមកដល់សោដនាកម្មដោយសារអញ្ជឹងថាអត់អីទេៗប៉ុន្តែបន្តិចម្តងៗវាទៅជាខ្មែរ ក្រហមទៅ»។ ជាមួយគ្នានោះដែរលោក ឈិត សារិទ្ធ អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌បានទទួលស្គាល់ពីការខ្វះខាតខ្លះៗនៃច្បាប់ដែលកំពុងស្ថិតជាធរមាន ហើយលោកទទួលស្គាល់ទៀតថា វាមានសារៈសំខាន់ដើម្បីកែសម្រួលច្បាប់មួយចំនួនឲ្យកាន់តែល្អប្រសើរឡើងថែមមួយកំរិតទៀត។ ក៏ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយលោកបញ្ជាក់ថា សិទ្ធិសេរីភាពបញ្ចេញមតិនៅកម្ពុជាមានលក្ខណៈល្អប្រសើរនិងទូលំទូលាយដោយមិនមានការរឹតបន្តឹងអ្វីនោះឡើយ។ «រដ្ឋាភិបាលអត់មានរឹងបន្តឹងលើការបញ្ជេញមតិទេ។ សេរី។ គណបក្សផ្សេងៗដើរឃោសនាហូរហែចាក់ផ្សាយតាមវិទ្យុរាល់តែថ្ងៃ។ ដោយឡែក NGO ខ្លះ គាត់ធ្វើហួសព្រំដែនកំណត់នេះហើយដែលជាបញ្ហា។ អញ្ចឹងមុននឹងនិយាយត្រូវមើលច្បាប់ទាំងអស់គ្នា»។ ក្រុមអង្គការសង្គមស៊ីវិលគ្រោងនឹងបញ្ជូនកង្វល់នានា និងអនុសាសន៍ដែលធ្វើឡើងក្នុងកិច្ចពិភាក្សាច្បាប់ខាងលើទៅជូនរដ្ឋាភិបាលផងដែរ៕ This posting includes an audio/video/photo media file: Download Now |
You are subscribed to email updates from VOA News: ព័ត៌មាន To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |