The Phnom Penh Post - KHMER: “តុលាការ​ឃុំ​ខ្លួន​អ្នក​បើក​បរ​ស្ទាវ​ស្ទើរ​ផ្តាច់​ព្រលឹង​កម្មករ​ជិត​៦០​នាក់” plus 9 more

The Phnom Penh Post - KHMER: “តុលាការ​ឃុំ​ខ្លួន​អ្នក​បើក​បរ​ស្ទាវ​ស្ទើរ​ផ្តាច់​ព្រលឹង​កម្មករ​ជិត​៦០​នាក់” plus 9 more


តុលាការ​ឃុំ​ខ្លួន​អ្នក​បើក​បរ​ស្ទាវ​ស្ទើរ​ផ្តាច់​ព្រលឹង​កម្មករ​ជិត​៦០​នាក់

Posted: 19 Sep 2011 02:57 AM PDT

ស្វាយរៀងៈ តុលាការ​ខេត្ត​ស្វាយរៀង សម្រេច​ឃុំ​ខ្លួន​បុរស​តៃកុង​ឡាន​ម្នាក់​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិល​មិញ បន្ទាប់​ពី​បើក​រថយន្ត​កូរ៉េ​ចំណុះ ១​តោន​កន្លះ ដែល​ដឹក​កម្មករ​ជាង ៥០​នាក់ ក្រឡាប់​នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​១ ក្នុង​ភូមិ​តាពៅ សង្កាត់​បាវិត ក្រុង​បាវិត បណ្ដាល​ឲ្យ​កម្មករ​រង​របួស​ធ្ងន់ និង​ស្រាល។

អ្នក​បើក​បរ​ទំនើង​​ស្ទើ​ផ្តាច់​ជីវិត​អ្នក​ដំណើរ​នៅ​ខេត្ត​កំពង់​ឆ្នាំង

Posted: 19 Sep 2011 02:50 AM PDT

កំពង់ឆ្នាំងៈ លោក អ៊ា ប៊ុនធឿន ប្រធាន​ការិយាល័យ​ចរាចរណ៍ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ឆ្នាំង បាន​ថ្លែង​ឲ្យ​ដឹង​ថា មនុស្ស ៦​នាក់ បាន​រង​របួស​ធ្ងន់ និង​ស្រាល​នៅ​ខេត្ត​កំពង់ឆ្នាំង ដោយ​សារ​តែ​ឡាន​ឈ្មួល ២​គ្រឿង​បើក​ជែង​គ្នា​ដណ្តើម​ភ្ញៀវ នៅ​តាម​ផ្លូវ​ជាតិ​លេខ ៥៣ ក្នុង​ឃុំ​ព្រៃមូល ស្រុក​រលាប្អៀ កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិល​មិញ។

យ៉ាង​តិច​២៦​នាក់​ស្លាប់​នៅ​ក្នុង​បាតុកម្ម​ប្រឆាំង​លោក សាឡេះ

Posted: 19 Sep 2011 12:28 AM PDT

សាណាៈ យ៉ាង​ហោច​ណាស់​មនុស្ស ២៦​នាក់ ត្រូវ​បាន​គេ​បាញ់​សម្លាប់ និង​រាប់​រយ​នាក់​បាន​រង​របួស​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិល​មិញ នៅ​ពេល​​កម្លាំង​សន្តិសុខ​បាន​បាញ់​ប្រហារ​ទៅ​លើ​ក្រុម​បាតុករ នៅ​ក្នុង​កំណើន​បាតុកម្ម​ហូរ​ហែរ​ប្រឆាំង​នឹង​ប្រធានាធិបតី អាលី អាប់ឌុលឡះ សាឡេះ។

អ្នក​នាំ​ពាក្យ​កាដាហ្វី​ថា ចាប់​ខ្លួន​ទាហាន​ស៊ី​ឈ្នួល​១៧​នាក់ មាន​ទាំង​បារាំង និង​អង់គ្លេស

Posted: 19 Sep 2011 12:18 AM PDT

គែរៈ អ្នក​នាំ​ពាក្យ​របស់​លោក មួម៉ារ កាដាហ្វី បាន​និយាយ​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិល​មិញ​ថា ទាហាន​ស៊ី​ឈ្នួល​ចំនួន ១៧​នាក់ ក្នុង​មាន​ទាំង​អ្វី​ដែល​អ្នក​នាំ​ពាក្យ​រូប​នេះ​ហៅ​ថា អ្នក​ជំនាញ​ការ​ជន​ជាតិ​បារាំង និង​​អង់គ្លេស​នោះ ត្រូវ​បាន​​ចាប់​ខ្លួន​នៅ​មូលដ្ឋាន​​របស់ កាដាហ្វី នៅ​ទីក្រុង​បានីវ៉ាលីដ នៅ​ក្នុង​ប្រទេស​លីប៊ី។

មេដឹកនាំ​លីប៊ី​​ពុំ​សម្រេច​បាន​រដ្ឋាភិបាល​ថ្មី

Posted: 19 Sep 2011 12:06 AM PDT

បេនហ្កាហ្ស៊ីៈ ក្រុម​មេដឹកនាំ​​បណ្ដោះ​អាសន្ន​របស់​ប្រទេស​លីប៊ី នៅ​ពុំ​ទាន់​ឯកភាព​គ្នា​លើ​​គណៈ​រដ្ឋ​មន្ត្រី​ថ្មី​កាល​ពី​ថ្ងៃ​អាទិត្យ​នោះ ​ឡើយ ហើយ​កម្លាំង​ដែល​បាន​វាយ​បណ្ដេញ​លោក មួម៉ារ កាដាហ្វី ឲ្យ​ខ្ទាត​ពី​អំណាច នៅ​តែ​បន្ត​ជាប់​គាំង​នៅ​ក្នុង​ការ​ប្រយុទ្ធ​គ្នា​ជា​មួយ​កង​កម្លាំង​ ស្ម័គ្រ​ស្មោះ​នឹង​អតីត​មេដឹកនាំ​រូប​នេះ។

ពលរដ្ឋ​នៅ​ឃុំ​គគីធំ​​ទាម​ទារ​ឲ្យ​តុលាការ​ដោះ​លែង​សកម្ម​ជន​បក្ស​ប្រឆាំង

Posted: 18 Sep 2011 11:48 PM PDT

កណ្ដាលៈ ប្រជា​ពលរដ្ឋ​​ជា​ច្រើន​នាក់ មក​ពី​ឃុំ​គគីធំ ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ បាន​​លើក​គ្នា​មក​តវ៉ា​​នៅ​តុលាការ​ខេត្ត​នេះ ដោយ​ទាម​ទារ​ឲ្យ​ដោះ​លែង​​សកម្មជន​គណ​បក្ស​ សម រង្ស៊ី ម្នាក់ ដែល​ត្រូវ​បាន​សមត្ថកិច្ច​ឃុំ​ខ្លួន​នៅ​ក្នុង​ជម្លោះ​ដី​ធ្លី​មួយ​នៅ​ មូលដ្ឋាន​របស់​ពួក​គាត់។

រអិល​បាក់​ដី​រាំង​ខ្ទប់​ការ​ខិត​ខំ​ជួយ​សង្គ្រោះ​ក្រោយ​រញ្ជួយ​ដី​នៅ​ឥណ្ឌា

Posted: 18 Sep 2011 11:12 PM PDT

110919_b01

ហ្គូវ៉ាហាទីៈ ប៉ូលិស និង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ បាន​និយាយ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ភ្លៀង​ធ្លាក់ និង​ការ​រអិល​បាក់​ដី កំពុង​រាំង​ខ្ទប់​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​ក្រុម​បុគ្គលិក​ជួយ​ សង្រ្គោះ​រាប់​រយ​នាក់ ដែល​កំពុង​ស្វែង​រក​អ្នក​នៅ​រស់​រាន​មាន​ជីវិត​នៅ​ក្នុង​គ្រោះ​ថ្នាក់​ រញ្ជួយ​ដី​ទំហំ ៦,៨​រ៉ិចទ័រ​ ដែល​បាន​វាយ​ប្រហារ​តំបន់​ដាច់​ស្រយាល​ជួរ​ភ្នំ​ហិមាល័យ នៅ​ភាគ​ខាង​ជើង​ប្រទេស​ឥណ្ឌា ដែល​បាន​សម្លាប់​មនុស្ស​យ៉ាង​តិច ២៦​នាក់។

រញ្ជួយ​ដី​នៅ​ភាគ​ខាង​ជើង​ឥណ្ឌា​ស្លាប់​ជា​ច្រើន​នាក់

Posted: 18 Sep 2011 10:55 PM PDT

ញូវេដេលីៈ ក្រុម​មន្ត្រី​បាន​និយាយ​ថា រញ្ជួយ​ដី​កម្រិត​ ៦,៨​រ៉ិចទ័រ​មួយ បាន​វាយ​ប្រហារ​​តំបន់​​ជួរ​ភ្នំ​ហិមាល័យ​ ស្ថិត​នៅ​តំបន់​ដាច់​ស្រយាល​ភាគ​ខាង​ជើង​ប្រទេស​ឥណ្ឌា នៅ​ល្ងាច​ថ្ងៃ​អាទិត្យ​ម្សិល​មិញ ដោយ​បាន​សម្លាប់​មនុស្ស​យ៉ាង​តិច ៤​នាក់ និង​ ៥​នាក់​នៅ​ប្រទេស​នេប៉ាល់ ព្រម​ទាំង​បណ្ដាល​ឲ្យ​ខូច​ខាត​អគារ និង​​កាត់​ផ្ដាច់​ផ្លូវ​នានា។

ចិន​ជំរុញ​ឲ្យ​ចាប់​ផ្ដើម​ការ​ចរចា​បញ្ហា​នុយក្លេអ៊ែរ​កូរ៉េ​ខាង​ជើង​ឡើង​វិញ

Posted: 18 Sep 2011 10:18 PM PDT

ប៉េកាំងៈ ប្រទេស​ចិន​ នៅ​ថ្ងៃ​ចន្ទ​នេះ បាន​ជំរុញ​ឲ្យ​មហា​អំណាច​ក្នុង​តំបន់​ចាប់​ផ្ដើម​​កិច្ច​ចរចា​រំសាយ​ សព្វាវុធ​នុយក្លេអ៊ែរ​​ជា​មួយ​កូរ៉េ​ខាង​ជើង​ឡើង​វិញ ដោយ​រដ្ឋ​មន្ត្រី​​ការ​បរទេស​ចិន លោក យ៉ាង ជីឈី ដែល​បាន​​ថ្លែង​ការពារ​​រដ្ឋាភិបាល​ប៉េកាំង​ជា​អាជ្ញា​កណ្ដាល​ដ៏​ស្មោះ​ ត្រង់ ដែល​ព្យាយាម​កាត់​បន្ថយ​ការ​ប្រឈម​មុខ​ជា​មួយ​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង។

ព័ត៌មាន​សន្ដិសុខ​សង្គម និង​ឧក្រិដ្ឋកម្ម​កើត​ឡើង​ពី​ថ្ងៃ​ទី​១១ ដល់​ ១៥ កញ្ញា ឆ្នាំ​២០១១

Posted: 18 Sep 2011 09:48 PM PDT

គំនុំ រហូត​ឈាន​ដល់​ការ​ជះ​ទឹក​អាស៊ីត​ទៅ​លើ​ស្ត្រី​ម្នាក់​អាយុ​៥២​ឆ្នាំ

កំពង់ចាមៈ ស្ត្រីស៊ីឈ្នួល​ចៀរ​ជ័រ​កៅ​ស៊ូ​ឱ្យគេ​​ម្នាក់​ ​អាយុ​៥២​ឆ្នាំ ​​រស់​នៅស្រុកពញា​​ក្រែក ត្រូវ​បាន​​យុវ​ជន​ម្នាក់អាយុ​​ ១៩​ឆ្នាំ ​​យកទឹក​អាស៊ីត​សម្រាប់​បង្កក​ជ័រ​កៅស៊ូ​ដាក់​នៅក្នុង​​​ធុង​ស្ពេត្រូ ​ ​ជះ​ទៅ​លើផ្ទៃមុខ​​ បណ្តាល​ឱ្យរបួស​រលេះ​​រលួយ ​និង​ខ្វាក់​ភ្នែកទាំងពីរ ​​ព្រមទាំង​ហូរ​ស្រោច​ដើមទ្រូង​ ក្នុងខណៈ​ពេល​ដែល​​ស្ត្រីនោះ​ចេញទៅ​ចៀរ​ជ័រ​កៅស៊ូឱ្យ​គេ​កាល​ពី​ថ្ងៃទី​១៥ កញ្ញា​។ ​​បន្ទាប់​មក​យុវជនដៃ​ដល់​ក្នុង​​អំពើ​វាយប្រហារ​​ដោយទឹកអាស៊ីត​ បាន​រត់​គេចខ្លួន​បាត់​ស្រមោល​តែម្តង។ ប៉ូលិសបានប្រាប់ឲ្យ​ដឹងថា ក្នុងពេល​ដែល​ជន​រងគ្រោះ​​​ដើរ​ទៅមិនទាន់​​ដល់​ចំការ​កៅស៊ូ​​ផង ​​ក៏ត្រូវ​ជន​​សង្ស័យ​ ​យក​ទឹក​អាស៊ីត​​​សម្រាប់​​​បង្កកជ័រ​​​​កៅស៊ូ ​​​ជះលើ​ត្រូវ​ចំផ្ទៃមុខ ភ្នែក ​ដើមទ្រូង​ និងដៃ​​​សង​ខាង​ផង​ដែរ។ ​​ក្នុង​ពេល​នោះ​​​ស្ត្រី​រង​គ្រោះ​​​បាន​ស្រែក​​​ទ្រហោ​​យំលាន់​ទ្រហឹង​ពេញ​ចម្ការ​កៅស៊ូ ហើយ​ត្រូវ​​ប្រជា​ពលរដ្ឋ​ដែល​នៅស៊ីឈ្នួល​ចៀរ​ជ័រ​កៅស៊ូ​​​នៅ​ ក្បែរនោះ​ឮ ​ក៏នាំគ្នា​​ចេញមក​​ជួយ​ដឹក​​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​​បង្អែក​​ស្រុក​ពញា​ក្រែក។ បើ​តាម​សម្តី​​​ស្ត្រី​រងគ្រោះ​​​ បានរៀប​រាប់​ឱ្យដឹង​​ថា មូលហេតុនៃ​​ការ​វាយប្រហារ​ទឹក​អាស៊ីត​ពេល​នេះ ​គឺ​​ជា​រឿង​គំនុំ​​សុទ្ធ​សាធ​តែម្តង ព្រោះ​នៅ​​ក្នុង​ឆ្នាំ​២០១០ ​ក្មួយប្រុស​របស់​​គាត់​ ​​បាន​វាយ​​គ្នា​ជាមួយ​ជនសង្ស័យ​រហូត​ដល់​​មាន​ការប្តឹងប្តល់​គ្នា​​​ ហើយ​​រូប​គាត់​​ចេញ​មុខ​ដោះស្រាយ​ដើម្បី​បញ្ចប់ការ​ប្តឹង​ ទើបជន​ដៃ​ដល់​មិន​អស់​ចិត្ត ​​និង​សង​សឹក​នៅពេលនេះ៕

ស្ត្រី វ័យ​ក្មេង​ម្នាក់​បន្លំ​លួច​ម៉ូតូ​ត្រូវ​ប៉ូលិស​ចាប់​ខ្លួន

ភ្នំពេញៈ នារីវ័យ​ក្មេង​រូបស្រស់​ម្នាក់​អាយុ​ ១៩​ឆ្នាំ​ជា​សិស្ស​ម្នាក់ ​ត្រូវ​នគរបាល​ប៉ុស្តិ៍​រដ្ឋ​បាល​ផ្សារ​ថ្មី១ ឃាត់​ខ្លួន​ក្រោយពី​នារី​នោះធ្វើ​សកម្មភាព​បន្លំ​លួច​យក​ម៉ូតូ​មួយគ្រឿង​នៅ​កន្លែង​ផ្ញើ​ម៉ូតូ​ផ្សារ​ទំនើប​សូរិយា ខណ្ឌ​ដូនពេញ កាល​ពី​ថ្ងៃទី​១៤កញ្ញា។ ប៉ូលិសបានប្រាប់ថា ជន​រងគ្រោះ​ភេទ​ប្រុស ​អាយុ ២៥​ឆ្នាំ ​ជ​សិស្ស​មាន​អាស័យដ្ឋានស្ថិតនៅ​ខណ្ឌ​ចំការមន​។ យោងតាម​របាយការណ៍​របស់​សមត្ថ​កិច្ច​បាន​ឱ្យ​ដឹង​ថា ​មុនពេល​កើតហេតុ​ថ្ងៃទី​១៤ កញ្ញា ​ជន​រង​គ្រោះ​ ​បានចេញ​​ពី​វិទ្យាល័យ​ ទៅ​លេង​ផ្សារ​ទំនើប​សូរិយា ​ហើយ​យកម៉ូតូ​ទៅទុក​នៅ​កន្លែង​​ផ្ញើ​ម៉ូតូ​ខង​លិច​ជាប់ផ្សារ​ទំនើបសូរិយា ​រួច​ដាក់​សំបុត្រ​ក្រោម​កែប​ម៉ូតូ​ តែភ្លេច​​ដក​សោ​ម៉ូតូ​ដែល​នៅ​ជាប់កែបទុក ​ក៏​បាន​ឡើង​ទៅ​ជិះ​ស្គី​លើ​ផ្សារ​ទំនើប​សូរិយា។ សមត្ថកិច្ច​បន្តទៀត​ថា ជនសង្ស័យ​បាន​ឃើញម៉ូតូ​ជាប់សោ និង​កែប ​ក៏បាន​ហែក​សំបុត្រពី​ម៉ូតូផ្សេង​ដែលនៅ​ក្បែរ​នោះ ​កាន់​ជាប់​​នឹ​ងដៃ រួច​ចាក់​សោ​ម៉ូតូជិះ​ចេញ​ទៅ​កន្លែង​ហែក​សំបុត្រ។ ពេលនោះ​អ្នក​យាម​បានពិនិត្យ​សំបុត្រ​ឃើញ​ខុស​លេខ​កូដ ហើយ​​ធ្វើការ​ឃាត់ខ្លួន​ បញ្ជូន​ទៅ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ផ្សារ​ថ្មីទី​១ ដើម្បី​សាក​សួរ៕

ចាប់ បាន បុរស នាក់ ពី បទ ជួញ ដូរ គ្រឿង ញៀន

បន្ទាយ​មាន​ជ័យៈ ជន​សង្ស័យ​ជួញ​ដូរ​គ្រឿង​ញៀន​ចំនួន ​៣​នាក់ ត្រូវ​បាន​កម្លាំង​នគរ​បាល​ចាប់​ឃាត់​ខ្លួន​ជា​បន្ត​បន្ទាប់​កាល​ពី​​ថ្ងៃ​ទី​១៣ កញ្ញា​នៅខេត្ត​បន្ទាយ​មាន​ជ័យ​ ហើយ​បញ្ជូន​ខ្លួន​ជន​​សង្ស័យ និង​វត្ថុ​តាង​មក​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​បន្ទាយ​មាន​ជ័យ​ ដើម្បី​ចាត់​វិធា​ន​ការ​តាម​ផ្លូវ​ច្បាប់​។ ប៉ូលិស​​បាន​ឱ្យ​ដឹង​ថា ​ក្រោយ​ពី​ទទួល​បាន​ព័ត៌​មាន​ពី​កម្លាំង​សម្ងាត់​​ នៅ​វេ​លា​ម៉ោង​ ១​និង​១០​នាទី​រសៀល​ ថ្ងៃ​ទី​១៣ កញ្ញា ឆ្នាំ​២០១១ ​កម្លាំង​អធិ​ការ​ដ្ឋាន​នគ​របាល​ស្រុក​ម៉ា​ឡៃ​ បាន​ចុះ​បង្ក្រាប​ និង​ចាប់​ខ្លួន​ជន​សង្ស័យ​ចំនួន​ ២​នាក់។​​ ព្រម​ជា​មួយ​គ្នា​នោះ សមត្ថ​កិច្ច​ដក​ហូត​​បានថ្នាំ​ញៀន​ចំនួន​ ១៣​គ្រាប់​។ ​ជន​សង្ស័យ​ទាំង​ ​៣​នាក់ រួម​ទាំង​វត្ថុ​តាង​ ត្រូវ​បាន​សមត្ថកិច្ច​រៀប​ចំ​សំណុំ​រឿង​​បញ្ជូន​ទៅ​សាលា​ដំ​បូង​ ដើម្បី​ចាត់​ការ​តាម​​ផ្លូវ​ច្បាប់៕

ចាប់ ខ្លួន បុរស ម្នាក់ ពី បទ ជួញ ដូរ គ្រឿង ញៀន

ព្រះសីហនុៈ ថ្នាំ​ញៀន​ប្រភេទ​មេតំហ្វេតាមីន​ទម្ងន់​១,៣​ក្រាម រួម​នឹង​បុរស​ម្នាក់ ត្រូវ​បាន​កម្លាំង​ជំនាញ​ការិយាល័យ​នគរបាល​ប្រឆំាង​ គ្រឿង​ញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ឃាត់​ខ្លួន​កាល​ពី​វេលា​ម៉ោង ១១​ថ្ងៃ​ទី​១៤ កញ្ញា នៅ​ក្រុង​ព្រះសីហនុ។ តាម​ព័ត៌មាន បាន​ឱ្យ​ដឹង​ថា​ ជន​សង្ស័យ​មាន​អាយុ ៣០ឆ្នាំ មាន​មុខ​របរ​ជាង​ជួស​ជុល​កំព្យូទ័រ។ ក្រោយ​ពី​ពេល​ចាប់​ខ្លួន សមត្ថកិច្ច​ជំនាញ​បាន​ឆែក​ឆេរ​រក​ឃើញ​វត្ថុ​តាង​រួម​មាន​ថ្នាំ​ញៀន​ប្រភេទ​មេតំហ្វេតាមីន ២​កញ្ចប់​តូច​ទម្ងន់ ១,៣​ក្រាម ដប​ច្នៃ​សម្រាប់​ជក់​គ្រឿង​ញៀន​ចំនួន ១ ទុយោ​ជ័រ​ជក់ ១​ដុំ  ទូរស័ព្ទ​ដៃ​មួយ​គ្រឿង។ ក្រោយ​សាក​សួរ​រួច​ជន​សង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត ដើម្បី​ចាត់​ការ​តាម​នីតិវិធី៕

គ្រាន់ តែ ស្រីៗ ប្រកែក គ្នា បុរសៗ ទ្រាំ មិន បាន ក៏ បង្ក ជា ម្លោះ ធំ

ស្វាយរៀងៈ ឆាក​ប្រយុទ្ធ​ដ៏​សាហាវ​មួយ​បាន​កើត​ឡើង​កាល​ពី​ថ្ងៃទី​១៣ កញ្ញា ​នៅ​ខាង​មុខ​គេហដ្ឋាន​មួយ​កន្លែង​ ស្ថិត​ក្នុង​ស្រុក​ស្វាយជ្រំ​ ដែល​ភាគី​ទាំង​សង​ខាង​ជា​អ្នក​ភូមិ​ផង​របង​ជាប់​គ្នា​ធ្លាប់​ហៅ​គ្នា​ ផឹក​ស៊ី​ជា​រៀង​រាល់​ថ្ងៃ។  បន្ទាប់​ពី​ការ​ប្រយុទ្ធ​គ្នា​នេះ  បុរសពីរ​នាក់​ដែល​ជា​បង​ប្អូន​បង្កើត​ម្នាក់​អាយុ ៣០​ឆ្នាំ​ និង​ម្នាក់​ទៀត​អាយុ ២៧ឆ្នាំ បាន​រង​របួស​ពេញ​ខ្លួន​ ហើយ​ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​កាន់​មន្ទីរ​ពេទ្យ​ទាំង​យប់​ ដើម្បី​ព្យាបាល។ រីឯ​បុរស​ម្នាក់​ទៀត​អាយុ ២៨​ឆ្នាំ ​មាន​ផ្ទះ​នៅ​ជាប់​គ្នា និង​ជា​គូ​បដិបក្ស បាន​ក្លាយ​ជា​ជន​ល្មើស​រត់​គេច​ខ្លួន ហើយ​កំពុង​ត្រូវ​បាន​សមត្ថកិច្ច​តាម​ចាប់​ខ្លួន។ ​ជនរងគ្រោះ បាន​រៀបរាប់​​ឱ្យ​​ដឹងថា នៅមុន​ពេល​កើត​​ហេតុ​​នោះ ជន​ល្មើសបានហៅ​​​ខ្លួន​ទៅ​​ផឹក​នៅ​​ផ្ទះ​​របស់​គេ​ជាមួយ​មិត្ត​ភក្តិ​ម្នាក់​ទៀត​​ដែល​ទើប​​​​មក​​ពីភ្នំពេញ​ លុះ​ផឹក​បាន​​​៣-៤​កែវ​ ​​ប្អូន​ស្រី​​របស់​ខ្លួនអាយុ​​​ ២២​ឆ្នាំ បាន​ទៅ​​​​ដល់​​ហើយ​​​​និយាយ​​រឿង​ជនល្មើស ទើប​មក​ពី​លេង​​ស្រី​ប្រាប់​ប្រពន្ធ​​​​របស់ជនល្មើស ​ក៏​​ធ្វើ​ឱ្យ​​មាន​ការ​​​និយាយ​​ដៀម​ដាម​​​គ្នា​ទៅ​​វិញ​ទៅ​មក​​រវាង​ស្រីៗ​​ទាំងពីរ​​​នាក់។ ការ​​ដៀមដាម​គ្នា​យូរៗទៅ​​ ក៏ធ្វើ​ឱ្យ​​​​ក្តៅ​ក្រហាយ​​ដល់​​​ប្រុស​ៗ​ដែល​កំពុង​​តែ​ផឹក​​​ ហើយ​​​ខ្លួន​​​បាន​វាយ​​ប្អូន​ស្រី ​​​និង​ដេញ​​​​ឱ្យទៅ​ផ្ទះ​​​កុំ​ឱ្យ​​នៅ​ឈ្លោះ​ប្រកែក​គ្នា​​ទៀត។ ពេល​​នោះ​​ប្រពន្ធ​​របស់ជនល្មើសនោះ​​បាន​​ស្រែក​​ជេរ​​ដដែល​ៗ​ ធ្វើ​ឱ្យខ្លួន​​ខឹងក៏តប​ទៅវិញ។ ភ្លាម​​​នោះ​​​ស្រាប់​តែជនល្មើសបានទាញ​​​ដងកឺបុក​​ប៊ីយ៉ា​​ស្ទុះ​មក​វាយ​ខ្លួន​​តែម្តង  ប៉ុន្តែ​​ត្រូវ​ខ្លួន​ចាប់​​ជាប់​​ហើយ​វាយ​​មួយដៃត្រូវ​​​មុខ​ដួល​​អុកគូទ​ទៅវិញ​ រួចខ្លួន​ក៏​​​​​ហៅ​ប្អូន​​ស្រី​​​​បម្រុង​ដើរ​​ទៅ​ផ្ទះ​វិញ​​ទាំងអស់​គ្នា។ ជន​រង​គ្រោះ​​រៀប​រាប់​បន្ត​ថា ខណៈ​​នោះ​ជនល្មើសបាន​រត់​​​ទៅ​​កាន់​​​រោង​​បាយ​​យក​កាំបិត​​ប៉័ងតោ​​មក​​កាប់​​សន្ធាប់​​លើ​ខ្លួន​ទៀត​ ធ្វើ​​ឱ្យ​មាន​ការ​ប្រវាយ​ប្រតប់​គ្នា​​​ឡើង។ រីឯប្អូន​​ប្រុស​របស់ខ្លួន​ដើរ​មក​​ដល់​ឃើញជនល្មើស​ប្រើ​​​កាំបិត​​កាប់​​បង​​ប្រុស ខ្លួន​​ក៏ចូល​មក​​ជួយ​ក៏ត្រូវជនល្មើស​កាប់​​​​ត្រូវ ១​កាំបិត​​ចំក្បាល​​​​​បណ្តាល​ឱ្យ​ដួលទៅ​​​​លើ​ដីហូរ​ឈាម​ពេញ​ខ្លួន​​​។ បន្ទាប់​​មក​ក៏​មាន​​ការស្រែក​​​ឆោឡោ​​ឡើង​ធ្វើ​ឱ្យ​ជនល្មើសរត់​គេចខ្លួន​​​​​បាត់ ​ចំណែក​​​​ខ្លួន ​និងប្អូន​​​ប្រុស​ត្រូវ​​​គ្រួសារ​ដឹក​យក​ទៅ​ព្យាបាល​​​នៅ​មន្ទីរពេទ្យ​​​​។ ក្រោយ​​ពេល​​​កើត​ហេតុ​​ សមត្ថកិច្ច​​​បាន​ចុះ​​​ទៅ​ដល់​កន្លែង​កើត​ហេតុ​​​​ប្រមូល​​​​វត្ថុតាង កសាង​សំណុំ​រឿង​​​​និង​​តាម​​ចាប់​​ខ្លួនជនដៃដល់​​​ ដើម្បី​​យក​​មក​ផ្តន្ទាទោស​តាម​ច្បាប់៕

ប្ដី ប្រពន្ធ​កាប់​គ្នា​ម្នាក់​ស្លាប់​ម្នាក់​រង​របួស​ធ្ងន់

សៀមរាបៈ ទំនាស់​រវាង​ប្ដី និង​ប្រពន្ធ បាន​ឈាន​ដល់​អំពើ​ហិង្សា​បង្ហូរ​ឈាម​នឹង​គ្នា​យ៉ាង​សាហាវ ដោយ​ប្រពន្ធ​បាន​ស្លាប់ ខណៈ​​ប្ដី​បាន​រង​របួស​យ៉ាង​ធ្ងន់​ធ្ងរ និង​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​សៀមរាប កាល​ពី​ថ្ងៃ​ទី​១៣ ខែ​កញ្ញា។ លោក ម៉ក សំអូន អធិការ​រង​ក្រុង​សៀមរាប បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​មាន​អំពើ​ហិង្សា បុរស​ជា​ប្ដី​ឈ្មោះ ស៊ុំ ទី អាយុ ៤៤​ឆ្នាំ បាន​ផឹក​ស្រា​ស្រវឹង​អួទីនួ​ស្រែ​ឡូ​ឡា និង​ជេរ​បញ្ចោរ​ប្រពន្ធ​យ៉ាង​ចាស់​ដៃ និង​​ស្រែក​បញ្ជា​ឲ្យ​ប្រពន្ធ​ទៅ​ដាក់​បាយ​ជ្រូក ចំណែក​ស្ដ្រី​ជា​ប្រពន្ធ​ អាយុ ៤៣​ឆ្នាំ បាន​ធ្វើ​តាម​រួច​រាល់​អស់​ហើយ។ ប៉ុន្តែ បុរស​ជា​ប្ដី​នៅ​តែ​មិន​ជឿ និង​បាន​ស្រែក​ជេរ​ដដែលៗ ជា​ហេតុ​ធ្វើ​ឲ្យ​ប្រពន្ធ​ខឹង និង​ស្រែក​ដាក់​វិញ ទើប​ឈាន​ទៅ​ជេរ​បញ្ចោរ​គ្នា​ទៅ​វិញ​ទៅ​មក​ខ្លាំងៗ។ ប្រពន្ធ​កាន់​កាំបិត​ចុង​ស្រួច ចំណែក​ប្ដី​កាន់​កាំបិត​ខ្វែវ រួច​ហើយ​បាន​កាប់​ចាក់​គ្នា​យ៉ាង​បង្ហូរ​ឈាម៕

ចាប់ បាន​ស្លាប​មាន់​ ​ជង្គង់​មាន់​ ​និង​សត្វ​ក្រួច​ខូច​គុណភាព

ភ្នំពេញៈ ប៉ូលិសបាន ឱ្យ​ដឹង​ថា ​​ឆ្លង​តាមការស្រាវជ្រាវ​​​អស់រយៈពេលជាយូរ សមត្ថ​កិច្ចបាន​ឃាត់​​រថ​យន្ត​ ​​ដែលដឹក​​ស្លាប​មាន់ ជង្គង់មាន់ និងសត្វក្រួច​ខូចគុណភាព​ទម្ងន់ ​​​១,២១៨គីឡូក្រាម ​និង​ឃាត់​​​ខ្លួនអ្នកដឹក​ជញ្ជូន​ ​ភេទប្រុស ​អាយុ​ ៣២​ឆ្នាំ មុខរបរ​រត់តាក់ស៊ី​​ កាលពីថ្ងៃទី១៣ ខែកញ្ញា នៅខណ្ឌមានជ័យ។ លោកបានបញ្ជាក់ទៀតថា ស្លាប​មាន់ ជង្គង់មាន់ និងសត្វក្រួច ​ខូច​គុណភាព​​ទាំងអស់នោះ ត្រូវ​បាន​នាំចូលពីប្រទេសថៃ។ លោកបានផាកពិន័យ​​ជននោះ​ជាប្រាក់​​ចំនួនពីរលាន​​រៀលចូល​ថវិកា​​រដ្ឋ ចំណែកសាច់​​សត្វស្លាប​ជាង១​តោន​​​​ត្រូវ​ដុត​កម្ទេច​ចោល៕

ស្គាល់​គ្នា​បាន​១​ខែ​ស៊ី​ដាច់​ម៉ូតូ​មិត្ត​ភក្ដិ

ភ្នំពេញៈ ក្រោយ​ពេល​ស៊ីដាច់ម៉ូតូ​មិត្ត​​ភក្តិ​បាន​​​១ថ្ងៃ​​ ក៏​ត្រូវមន្ត្រី​​សមត្ថកិច្ច​​ខណ្ឌ​សែន​សុខ​ ធ្វើ​ការ​ឃាត់ខ្លួន កាលពី​ថ្ងៃទី​​​១១ កញ្ញា។ ប៉ូលិសបាន​និយាយ​ថា ​ជនសង្ស័យទាំង​២នាក់ ​ត្រូវ​បាន​​សមត្ថ​កិច្ច​​ខណ្ឌសែនសុខ ​​ឃាត់ខ្លួន​ ស្រប​ពេល​ជនរងគ្រោះ​ប្រទះឃើញ​ជនសង្ស័យ​២នាក់​កំពុង​ជិះ​ម៉ូតូរបស់​ខ្លួន​យក​ទៅបញ្ចាំ​។ សមត្ថ​កិច្ច​​បន្ត​ថា ​​មុន​ពេលកើតហេតុ ជន​រង​គ្រោះ​អាយុ ​២០ឆ្នាំ ​ស្នាក់​នៅ​ខណ្ឌដង្កោ​ ​ដោយ​ស្គាល់​គ្នា​​​ជាមួយជនសង្ស័យ​ទាំង​ ២នាក់​​​បាន​រយៈ​ពេល​​​១ខែ​​​ ហើយនៅថ្ងៃទី​​​១០ ​កញ្ញា ក៏​បបួលគ្នា​ទៅផឹកស៊ី​​។ នៅ​ពេល​កំពុង​ផឹក​ស៊ី ជនសង្ស័យ​ទាំង​២នាក់​នេះ ​​បាន​ខ្ចី​​​ម៉ូតូ​​​របស់ជន​រងគ្រោះ​​​ថា ទៅ​យកមិត្ត​ភក្តិ​ម្នាក់ទៀត​ តែ​មិនឃើញ​​​ត្រឡប់​មក​វិញ​នោះ​ទេ។ រហូត​​ដល់ថ្ងៃ​​ទី​​១១ កញ្ញា ​ជន​រង​គ្រោះ​បាន​ប្រទះ​ឃើញ​ម៉ូតូ​​របស់ខ្លួន និង​ជន​សង្ស័យ​​​ទាំង​​​២នាក់​ដែល​កំពុងជិះ​​​យកទៅបញ្ចាំ​ ហើយក៏​បាន​ប្តឹង​ទៅ​​សមត្ថកិច្ច​​​ប៉ូលិស​​​​ឱ្យ​​ឃាត់​ខ្លួន​​ជនល្មើស​​​ ​ទាំង​ពីរ​​នាក់​នេះ​​តែម្តង​៕

យុវជន ពីរ​ក្រុម​វាយ​គ្នា​ក្នុង​សាលា​ចិន

ខេត្ត​កំពតៈ សិស្ស​សាលា​ចិន​មួយ​ក្នុង​ស្រុក​កំពង់​ត្រាច​មាន​ចំនួន​២ក្រុម​ បាន​ប៉ះ​ទង្គិច​គ្នា​ដោយ​ពាក្យ​សម្តី​រហូត​ឈាន​ដល់​ការ​កាប់​ចាក់​​​គ្នា​​កាលពី​ថ្ងៃទី​១២ កញ្ញា​ នៅក្នុង​សាលា​។ ប៉ូលិសបាន​ប្រាប់​​ឱ្យ​​ដឹង​​ថា ​សិស្សសាលាចិន​នេះ​ដំបូង​ទាស់​គ្នា​​ជា​ពាក្យ​​សម្តី​ទេ តែ​​ក្រោយមក​ពួក ​គេ​បាន​ណាត់​ប្រយុទ្ធគ្នា​នៅក្នុង​សាលាតែម្តង​បណ្តាល​ឱ្យ​យុវ​សិស្សម្នាក់​ អាយុ​១៦ឆ្នាំ ត្រូវ​ក្រុម​យុវសិស្ស​ម្ខាងទៀត​ចាក់​ត្រូវ​ចំនួន​២​កាំបិត​ ​ចំ​គូទ​១កាំបិត និង​ខ្នង១កាំបិត បណ្តាល​ឱ្យ​រង​របួស​យ៉ាង​ធ្ងន់​​ធ្ងរ​ត្រូវ​បាន​ក្រុម​សាច់​ញាតិ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​។ ក្រោយ​ហេតុ​ការណ៍​កើត​ឡើង​សមត្ថកិច្ច​​បាន​ហៅក្រុម​​យុវសិស្ស​សាលាចិន​នេះ​មក​សួរនាំ​ពាក់ព័ន្ធ​នឹង​អំពើ​ហិង្សា​​នេះ ហើយ​ប៉ូលិស​​​កំពុង​តែ​ស្វែង​​រក​ចាប់​ខ្លួន​យុវសិស្ស​​ម្នាក់ទៀត​ជាអ្នក​ដៃដល់​៕

បើក ឡាន​បុក​គេ​បុក​ឯង​ហើយ​​ជេរ​ប៉ូលិ និង​អ្នក​កាសែត​ទៀត

ភ្នំពេញៈ បុរស​ម្នាក់​បាន​បើករថយន្ត​​ទៅ​បុក​រថយន្ត​ចត​ស្ងៀម​ចំនួន ​២​គ្រឿង រួច​បន្ត​ទៅ​បុក​ចូល​អគារ​ផ្សារ​ទំនើប​ឡាក់​គី​នៅ​ខាងក្រោយ ​បណ្តាលឲ្យ​ខូចខាត​ម៉ូតូ ​២​គ្រឿង​ និង​ម៉ាស៊ីនត្រជាក់​ ៤​គ្រឿង ហើយ​ជន​បង្ក​ហេតុ​ រួម​ទាំង​បក្ខពួក បាន​ជេរ​ប្រមាថប៉ូលិស​ចរាចរណ៍ និង​ចង់វាយ​អ្នក​កាសែត ព្រមទាំងគំរាមយក​ម៉ាស៊ីន​ថត​​បោក​ចោលថែម​ទៀត កាលពី​​ថ្ងៃ​ទី​១៤ ខែ​កញ្ញា នៅ​ចំណុច​​អគារ​ផ្សារ​ឡាក់​គី​ខាងក្រោយ ខណ្ឌចំការមន។ សមត្ថកិច្ច​ចរាចរ​ណ៍​បានឲ្យដឹងថា មុន​កើតហេតុ រថយន្ត​បង្ក​បាន​បើកយ៉ាង​លឿន ហើយ​ក៏​ជ្រុល​ចង្កូត​ទៅ​បុក​រថយន្ត ២​គ្រឿង​ ដែល​ចត​ស្ងៀម មាន​រថយន្ត​ឡង់​គ្រីស័រ​ ១​គ្រឿង និងរថយន្តភីកអាប់​ ១​គ្រឿង ហើយ​ជ្រុល​ទៅបុក​របងផ្សារ​ឡាក់​គី ធ្លាយ​ចូលក្នុង បណ្តាល​ឲ្យ​ម៉ូតូ ​២​គ្រឿង និងម៉ាស៊ីនត្រជាក់ ៤​គ្រឿង ត្រូវខូចខាត។ ក្រោយ​ពី​បង្ករឿង​ហើយ សមត្ថកិច្ច​ចរាចរណ៍​​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ ដើម្បី​ធ្វើការ​វាស់វែង និង​ស្ទូច​រថយន្តបង្កនោះ តែ​អ្នកបើកបររថយន្ត​បង្ក បាន​ជេរប្រមាថ និង​រក​រឿង​ឈ្លោះ​ជា​មួយ​សមត្ថកិច្ច មិនតែប៉ុណ្ណោះ ក៏បានគំរាម​ចង់​ដកម៉ាស៊ីន​ថតអ្នកកាសែត ​បោក​ចោល និង​ចង់​វាយ​មកលើ​អ្នកយក​ព័ត៌មានថែមទៀត។ ​មួយសន្ទុះ​ក្រោយមក ​ក៏​មាន​បក្ខពួករបស់​ជន​បង្ក ២​នាក់​ទៀត ដែល​បើក​រថយន្ត​ផ្សេង​មកដល់ ក៏​បាន​ដក​ទូរស័ព្ទ​របស់​គេ​ថត ចុះឡើង និង​មិន​ឲ្យ​សមត្ថកិច្ច​ស្ទូច​រថយន្ត​បង្ក​យក​ទៅ​ណា​ទេ ដោយ​ទុកឲ្យខាង​ក្រុមហ៊ុនធានារ៉ាប់រង និង​ខាង​ប្រធាន​ផ្សារ​មក​ដល់​សិន។ តែ​ពេល​ខាងក្រុមហ៊ុនធានារ៉ាប់រង​មកដល់ ពួកគេ​ក៏​ជេរ​ទាំង​ក្រុមហ៊ុន​ធានា​រ៉ាប់​រងទៀត។ រហូតដល់​ម៉ោង​៤ ទៀប​ភ្លឺ ទើប​សមត្ថកិច្ច​ អាច​ស្ទូច​យក​រថយន្ត​បង្ក ចេញពី​កន្លែង​កើត ហេតុ​បាន៕

អាង តែ​មាន​កាំភ្លើង​បាញ់បោះ​សេរី​ត្រូវ​ប៉ូលិ ឃាត់​ខ្លួន

ភ្នំពេញៈ បុរស​ម្នាក់​ពុំមាន​មុន​របរ​ច្បាស់លាស់ ​បានស្លៀកពាក់​ឯកសណ្ឋាន​យោធា ហើយ​ដក​កាំភ្លើងខ្លី​ បាញ់​ឡើង​លើ​មេឃ ១​គ្រាប់ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន កាលពី​ល្ងាច​ថ្ងៃ​ទី​១០ កញ្ញា នៅ​ខណ្ឌ​សែន​សុខ។ សមត្ថកិច្ច​បាន​ដកហូត​ម៉ូតូ ១​គ្រឿង និង​កាំភ្លើងខ្លី ១​ដើម ប្រគល់​ឲ្យ​ប៉េអឹម​ខណ្ឌ​សែន​សុខ ចាត់ការ​បន្ត។​ ប៉ូលិស​មូលដ្ឋាន​ បានឲ្យដឹងថា ជនបង្ក​​ហេតុ​ អាយុ ៣០​ឆ្នាំ ពុំ​មាន​មុខរបរ និង​មិនមានទីលំនៅ​ពិតប្រាកដ ស្លៀកពាក់​ឯកសណ្ឋាន​យោធា។ ប៉ូលិស​បន្តថា មុន​កើតហេតុ ​ជន​ល្មើស​បាន​បើក​ម៉ូតូ​មកដល់​មុខ​ផ្ទះ​ស្ដ្រី​ម្នាក់អាយុ ៥៨​ឆ្នាំ រួច​ផ្ញើ​ម៉ូតូ​ដើរ​បាន​បន្តិច ក៏​ដក​កាំភ្លើងខ្លី​ពី​ចង្កេះ​បាញ់​ឡើង​លើ​មេឃ ១​គ្រាប់ ដោយ​គ្មាន​មូលហេតុ។ ពេល​នោះ ស្ដ្រី​ម្នាក់​នោះ​ក៏​​រាយការណ៍​ប្ដឹង​ប៉ូលិស​មក​ឃាត់ខ្លួន​បាន​ភ្លាមៗ រួច​ប្រគល់​ឲ្យ​ប៉េអឹម​ខណ្ឌ​សែន​សុខ​ចាត់ការ​បន្ត​ទៀត៕

បុរស​ម្នាក់​អត់​ទ្រាំ​មើល​ប្តី​វាយ​ប្រពន្ធ​មិន​បាន​បាញ់​១​គ្រាប់ ធ្លាយ​ពោះ

ភ្នំពេញៈ បុរស​ជា​ប្តី បានរង​រ​បួស​ត្រូវ​មួយ​គ្រាប់កាំភ្លើង​ធ្លាយ​ពោះ ក្រោយពី​មាន​ទំនាស់​ជាមួយ​ប្រពន្ធ ហើយ​បុរស​ម្នាក់​ទៀត​បាន​ចូល​ទៅ​ឃាត់ តែ​ត្រូវ​ប្តី​នោះ វាយ​តដៃ ក៏​ត្រូវ​អ្នក​ចូល​ទៅ​ឃាត់ បាញ់​តែ​ម្តង ​កាលពី​​ថ្ងៃ​ទី​១១ ខែ​កញ្ញា នៅ​ចំណុច​ច្រកចូល​សាលាបឋមសិក្សា​ឫស្សីកែវ ខណ្ឌ​ឫស្សីកែវ។​ សមត្ថកិច្ច​មូលដ្ឋាន​បានឲ្យដឹងថា ជនរងគ្រោះ ជា​ប្តី​អាយុ ២៧​ឆ្នាំ ហើយទាំង​២​នាក់​ស្នាក់នៅ​ផ្ទះជួល សង្កាត់​ឫស្សីកែវ​។ រីឯ​បុរស​ដែល​ជា​ជន​បង្ក​ហេតុ មិន​ត្រូវបាន​គេ​ស្គាល់​អត្តសញ្ញាណ​ទេ ដោយ​ក្រោយពី​កើតហេតុ បាន​គេចខ្លួន​បាត់។​ សមត្ថកិច្ច​បន្តថា មុន​កើតហេតុ ប្តី​ប្រពន្ធ​មួយគូរ​នេះ បាន​ឈ្លោះទាស់ទែង​គ្នា ហើយ​បុរស​ជា​ប្តី​បាន​វាយ​ប្រពន្ធ​មួយ​កំផ្លៀង ពេល​នោះ​ជន​បង្ក​​ហេតុ​ឃើញ​ទើសភ្នែក​ពេក ក៏​ចូល​ទៅ​ទាញ​កអាវ រួច​វាយ​បុរស​ជា​ប្តី​មួយដៃ។ បុរស​ជា​ប្តី​រូប​នោះ បាន​តដៃ​វាយ​វិញ ក៏​ត្រូវ​ជន​បង្ក​ទាញ​កាំភ្លើង​ពី​ចង្កេះ បាញ់​មួយ​គ្រាប់ ត្រូវ​ត្រង់​ពោះ​បុរស​ជា​ប្តី បណ្តាលឲ្យ​របួសធ្ងន់ ហើយ​ត្រូវបាន​គេ​ដឹក​តាម​ម៉ូតូ​កង់​បី យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ កាល់ម៉ែ​ត្រ៕​

ទំនាស់ រវាង​អ្នក​លក់​ដូរ​ជិត​គ្នា​ម្នាក់​ដេក​ពេទ្យ​ម្នាក់​ទៀត​រត់​គេច​ខ្លួន

ភ្នំ ពេញៈ ទំនាស់​កាប់​ប្រហារ​គ្នា​រវាង​​អ្នក​លក់​អាហារ​ពេល​យប់​ នៅ​ខាង​ត្បូង​​ផ្សារ​អូរឫស្សី​ ភាគី​រងគ្រោះ​បាន​ត្រឹម​តែ​ត្រូវ​គេ​កាប់​​រយះ​ភ្លៅ​ខាង​ស្ដាំ ​ចំណែក​ជន​បង្ករត់​គេច​ខ្លួន​ ដែល​ហេតុការណ៍ ​ឈាន​ដល់​ជម្លោះ​នេះ​ត្រូវ​គេ​រាយ​ការណ៍​មក​ថា ​បណ្ដាល​មក​ពី​ភាគី​​​ដែល​បង្ក​ ខឹង​នឹង​ជនរងគ្រោះ​លក់​ដាច់​ជាង​ខ្លួន។ ​ទោះ​ជា​ត្រូវ​រត់​គេច​ខ្លួន​ ក្រោយ​ធ្វើ​សកម្ម​ភាព​កាប់​ប្រហារ​លើ​ជនរងគ្រោះ​ក៏​ដោយ​ ករណី​នេះ​ត្រូវ​បាន​ប៉ូលិស​ប្រាប់​ថា ​លោក​នឹង​ចាត់​ការ​ករណី​នេះ​តាម​នីតិវិធីច្បាប់​ ដោយ​យោង​តាម​ពាក្យ​បណ្ដឹង​ពី​គ្រួសារ​ជនរងគ្រោះ​៕

បាត់ រថយន្ដ​នៅ​កោះពេជ្រ

ភ្នំពេញៈ ស្ដ្រី​ម្នាក់អាយុ ៣២ឆ្នាំ​ជិះ​រថយន្ដ​ទៅ​ចូលរួម​ក្នុង​ពិធីជប់លៀង​នៅ​កោះ​ពេជ្រ ហើយ​ពេល​ចេញ​មក​វិញ ស្រាប់តែ​បាត់​រថយន្ដ ​កាលពី​​ថ្ងៃ​ទី​១១ កញ្ញា នៅមជ្ឈមណ្ឌល​កោះ​ពេជ្រ ស្ថិតក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន។​ ​ស្ដ្រី​រងគ្រោះ​ បាន​រៀបរាប់​ប្រាប់​ប៉ូលិស​ថា មុន​កើតហេតុ ​គាត់​បាន​ចូលរួម​ក្នុង​ពិធី​ជប់លៀង​មិត្តភក្តិ​នៅ​កោះ​ពេជ្រ ដោយ​ចត​រថយន្ដ​នៅមុខ​អគារ ​I។ ពេល​ចេញ​មក​វិញ​ស្រាប់តែ​បាត់​រថយន្ដ​តែ​ម្ដង ហើយ​ប្ដឹង​ប៉ូលិស​ជួយ​ស្រាវជ្រាវ។​ ​រហូត​ដល់​រសៀល​ថ្ងៃ​ទី​១២ កញ្ញា​ ឆ្នាំ២០១១ ប៉ូលិស​ពុំទាន់​ឃាត់​បានជនសង្ស័យ​ណា​ម្នាក់​នៅឡើយ៕

ចាប់ បាន​ប្ដី​ប្រពន្ធ​លក់​លៀសហាល​មួយ​គូ​ពី​បទ​ចែកចាយ​គ្រឿង​ញៀន

ភ្នំពេញៈ ជនសង្ស័យ​ជា​ប្ដី​អាយុ​ ២០​ឆ្នាំ​រី​ឯ​ប្រពន្ធ​អាយុ ​២៥ឆ្នាំ​ ជនល្មើស​ទាំងពីរ​នាក់​នេះ​ដើរលក់​លៀស​ហាល​ និង​ខ្ចៅ​ស្ងោ​ តែ​បន្លំ​ចែកចាយ​គ្រឿង​ញៀន​យ៉ាង​សកម្ម​ ត្រូវ​កម្លាំង​នគរបាល​​ដើរ​ល្បាត​ប្រទះ​ឃើញ​រួច​ក៏​ឃាត់​ខ្លួន​ កាល​ពី​ថ្ងៃទី​១២​ ខែ​កញ្ញា ស្ថិ​ត​នៅ​ខណ្ឌ​ដង្កោរាជ​ធានីភ្នំពេញ។ កម្លាំង​សមត្ថកិច្ច​ដក​ហូត​បាន​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកក ​៧​កញ្ចប់​ ​និង​ប្រភេទ​យ៉ាម៉ា​ ៧​គ្រាប់​កន្លះ​ បន្ទាប់​ពី​ឃាត់​ខ្លួន​ប្ដី​​ប្រពន្ធ​រូបនេះ ​រួច​មក​ក៏​ឈាន​ទៅ​ឃាត់​ខ្លួន​បក្ខពួក​​របស់​គេ​បាន​​ម្នាក់​ទៀត​ អាយុ ​២០​ឆ្នាំ​មុខរបរ​មិន​ពិត​ប្រាកដ​។ ​ប្រភព​ព័ត៌មាន​ពី​នគរបាល​ខណ្ឌដង្កោ​ បាន​ឲ្យ​ដឹង​ថា ​មុនពេល​កើត​​ហេតុ​ថ្ងៃ​ទី​១២​ វេលា​ម៉ោង​ ៤​រសៀល ​កម្លាំង​នគរបាល​បាន​ចុះ​ល្បាត​នៅ​សង្កា​ត់​ចោមចៅ​ ក៏​បាន​ប្រទះ​ឃើញ​ជន​សង្ស័យ​ជិះ​ម៉ូតូ​មួយ​គ្រឿង​មក​ឈប់​នៅ​មុខ​​ផ្ទះ​របស់​អ្នក​លក់​លៀស​ហាល ​ហើយ​ក៏​ចំ​ពី​មុខ​ ​កម្លាំង​នគរបាល​ ​កំពុង​តែ​ដើរ​ល្បាត​ផង​ដែរ​ ពេល​នោះ​ជន​សង្ស័យ​បាន​ឃើញ​កម្លាំង​នគរបាល​ ក៏​ជិះ​ម៉ូតូ​ចេញ​ទៅ​ស្រាប់​តែ​បន្ដិច​ក្រោយ​មក​ក៏​ឃើញ​ជនសង្ស័យ​ម្នាក់​ទៀត​ជា​ម្ចាស់​ផ្ទះ​ដើរ​មក​ដល់​ចូល​ទៅ​ក្នុង​ផ្ទះ​រំពេច​នោះ​ កម្លាំង​នគរបាល​ក៏​បាន​ឃាត់​ ដើម្បី​ឆែក​ឆេរ​មើល​ ក៏​ប្រទះ​ឃើញ​ថង់​មួយ​ដែល​មាន​ថ្នាំ​ញៀន​ដូច​ខាង​លើ​នៅ​ជាប់​នឹង​ខ្លួន​ ពេល​​នោះ​ដែរ​នាង​ជា​ប្រពន្ធ​ជនសង្ស័យ​បាន​មក​រារាំង​ ដោយ​អះ​អាង​ថា ​ប្ដី​របស់​នាង​ទិញ​ថ្នាំញៀន​​នេះ​ ​យក​មក​ប្រើ​ប្រាស់​​ប៉ុណ្ណោះ។​ ក្រោយ​មក​នគរបាល​ក៏​ឃាត់​ខ្លួន​ទាំងពីរ​នាក់​ប្ដីប្រពន្ធ​មក​នាំ​យក​មក​កាន់​ប៉ុស្ដិ៍​នគរបាល​តែម្ដង​ទៅ​ លុះក្រោយ​ ពេល​ធ្វើ​ការ​សាក​សួរ​រួចមក​ទើប​ឈាន​ទៅ​ឃាត់​ខ្លួន​បក្ខ​ពួក​របស់​គេ​ម្នាក់​ទៀត៕

បុរស ២​នាក់​និង​ស្ដ្រី​២​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ពី​បទ​ជួញ​ដូរ​គ្រឿង​ញៀន

ភ្នំពេញៈ កម្លាំង​ប៉េអឹម​ខណ្ឌ​ដូន​ពេញ ​បានចុះបង្ក្រាប​ជន​សង្ស័យជួញដូរ​គ្រឿង​ញៀន​បាន​ចំនួន​២នាក់​ នៅ​ចំណុចផ្លូវ​កែង​វិថី​ព្រះសុធា​រស​ និង​វិថី​ព្រះ​សុរាម្រឹត ​ស្ថិតក្នុង​សង្កាត់​ចតុមុខ ​ខណ្ឌ​ដូនពេញ ​កាលពី​ថ្ងៃទី​១២ ​កញ្ញា ​បន្ទាប់​ពី​ឆែក​ឆេរ​រកឃើញ​ម្សៅ​ក្រាម​ពណ៌ស​ចំនួន​៣​កញ្ចប់​តូច។ ប៉ូលិសបាន​ឱ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​ជាង ​២រំលងអធ្រាត្រ​ឈានចូលថ្ងៃទី​១២ កញ្ញា ​កម្លាំង​ប៉េអឹម​ខណ្ឌ​ដូនពេញ បាន​ជិះម៉ូតូ​ល្បាត​ក្នុង​ភូមិ​សាស្ត្រ​។ លុះ​មក​ដល់​ចំណុច​ផ្លូវកែវ​វិថី​ព្រះសុធារស ​និង​វិថី​ព្រះ​សុរា​ម្រឹត​ ស្ថិតក្នុង​សង្កាត់ចតុមុខ ស្រាប់​តែ​ប្រទះឃើញ​បុរស​ម្នាក់​ និ​ងស្ត្រី​ម្នាក់គួរ​ឱ្យសង្ស័យ​ ហើយ​ក៏បាន​ឃាត់​ខ្លួន និងធ្វើការ​ឆែក​ឆេរ​ក្នុង​ប្រអប់​សាក​ថ្ម​ទូរស័ព្ទ ​ឃើញ​មាន​ម្សៅ​ក្រាម​ពណ៌​ស ​ចំនួន​៣កញ្ចប់​តូច ​ទើប​ឃាត់ខ្លួន​បញ្ជូនមក​ទីបញ្ជា​ការ​ប៉េ​អឹម​ខណ្ឌ​ដើម្បី​សួរ​នាំ។ ជនសង្ស័យ​បានសារ​ភាព​ថា ម្សៅ​ក្រាម​ពណ៌ស​ចំនួន ​៣កញ្ចប់ ​ដែលសមត្ថ​កិច្ច​ដកហូត​នេះ​គឺជាគ្រឿង​ញៀន​ប្រភេទម៉ាទឹកកក ​ដែល​ទិញ​នៅ​ម្តុំ​ខាង​លិច​បឹង​កក់​ក្នុង​ខណ្ឌ​ទួល​គោក​ ​ដើម្បី​យកមក​លក់​បន្ត ប៉ុន្តែ​ខណៈ​ពេល​ជិះ​ម៉ូតូ​​មក​ដល់​ចំណុច​សួនច្បារ​នាគ​បាញ់ទឹក ​ក៏ត្រូវ​ប៉េអឹម​ឃាត់​តែម្តង៕

រថយន្ត ម៉ាក​ឡិច​ស៊ីស​ហោះ​ទៅ​បុក​ដើម​គគីរ​ដាច់​ជា​ពី​ចេញ​សុទ្ធ​តែ​ឈើ​គ្រញូង

កំពង់​ធំៈ ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរា​ចរណ៍​មួយបានកើតឡើង​មិនខុសពី​អ្នក​បង្ហោះ​រថយន្ត​ក្នុងរឿង​កុន​ហូលីវូដ​ឡើយ ​ដែល​កើត​ឡើង​កាលពីថ្ងៃទី​១១ ​កញ្ញា នៅ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ៦ ​ក្នុង​ស្រុកសន្ទុក​ ដោយ​រថ​យន្ត​ម៉ាកឡិចស៊ីស​៤៧០ ដឹកឈើ​គ្រញូង​មួយគ្រឿង​ បាន​រេ​ចង្កូត​ទៅ​បុក​ម៉ូតូ ​២គ្រឿង ​ជា​បន្តបន្ទាប់​គ្នា ហើយ​ហោះ​ទៅបុក​ដើម​គគីរ​មុខ​វត្ត​ដាច់ជា​ពីរ​កំណាត់ រួច​ចុះ​ទៅ​សំងំ​ផឹកទឹក​ក្នុង​ស្រែ បណ្តាល​ឱ្យ​អ្នក​បើកបរ​ស្លាប់​ភ្លាម​ៗ​តែម្តង។ ប្រភពព័ត៌មាន​ពី​ជន​រងគ្រោះ​ជា​អ្នក​បើក​បរ​ម៉ូតូ បាន​និយាយប្រាប់​នគរបាល​ថា មុន​ពេល​កើត​ហេតុ​ គាត់​បាន​ធ្វើដំណើរ​ចេញពីវត្ត​ដើម្បី​ទៅ​ផ្សារ ​ប៉ុន្តែ​ពេល​ឡើង​មក​ដល់​ថ្នល់​ ស្រាប់តែ​រថយន្ត​ឡិចស៊ីស​ខាងលើ​ ធ្វើដំណើរ​ពី​តាម​ផ្លូវ​ជាតិ​ក្នុង​ល្បឿន​យ៉ាង​លឿន​ហើយ​បានរេចង្កូត​មក​បុកម៉ូតូ​របស់​គាត់​ និង​ម៉ូតូ​១គ្រឿងទៀត​ពេញទំហឹង​បណ្តាល​ឱ្យអ្នក​បើក​បរ​ម៉ូតូ​ទាំង ​២​នាក់​រង​របួស​ស្រាល បន្ទាប់​មក​រថយន្តបង្ក​ហេតុ ក៏​ជ្រុល​ទៅបុក​ដើម​គគីរ​ប៉ុន​សសរ​ផ្ទះ​ដាច់ជា​ពីរ​កំណត់​ បណ្តាល​ឱ្យ​រថយន្ត​ក្រពឹត​មុខ​ខ្ទេច​ខ្ទី​ ​ហើយ​ចុះ​ទៅក្នុង​ប្រឡាយ​លិច​កប់​ក្នុងភក់​ស្ងាត់​ឈឹង​តែម្តង​។ ប្រជាពលរដ្ឋ​បាន​បញ្ជាក់​ដែរ​ថា ​ក្រោយ​ពី​ហេតុ​ការណ៍​កើតឡើង​ ពួកគាត់​ក៏​បាន​ជួយ​គាស់​ទ្វារ​រថយន្ត​ សង្គ្រោះ​បាន​ព្រូ​រថយន្ត​ម្នាក់​ដឹក​យក​ទៅមន្ទីរ​ពេទ្យ ​ចំណែក​អ្នក​បើកបរ​បានស្លាប់​បាត់​ទៅហើយ​ដោយ​កប់​ក្នុងភក់ ​ដោយឡែកក្នុង​រថយន្តនោះ ​ដឹក​សុទ្ធតែឈើ​គ្រញូង​ពេញ​។ ព័ត៌មានពី​សមត្ថកិច្ចនគរបាល​បាន​ឱ្យ​ដឹង​ថា អ្នក​បើក​បរ​រថយន្ត​ដែល​ស្លាប់​កប់​ភក់​ត្រូវ​បាន​ក្រុមគ្រួសារ​មកទទួល​យកទៅធ្វើ​បុណ្យ៕

ចាប់​អ្នក​សេព​គ្រឿង​ញៀន​៤​នាក់​នៅ​ខណ្ឌ​សែន​សុខ

ភ្នំពេញៈ កាលពី​ថ្ងៃទី​១១ កញ្ញា ​សមត្ថ​កិច្ច​ប៉ូលិស​ខណ្ឌ​សែនសុខ បាន​ចុះ​បង្ក្រាប​ទីតាំង​ប្រើ​ប្រាស់​​គ្រឿងញៀន​មួយ​កន្លែង ស្ថិត​ក្នុង​ខណ្ឌសែន​សុខ ឃាត់ខ្លួន​មនុស្ស​ច្រើន​នាក់ និង​រឹបអូស​វត្ថុ​តាង​មួយចំនួន​។ ប៉ូលិសបាន​ឱ្យដឹង​ថា សមត្ថកិច្ច​បាន​​ឃាត់​ខ្លួន​មនុស្ស​ប្រុស​ ៤​នាក់ ​និង​ដក​ហូត​បាន​វត្ថុតាង​មួយ​ចំនួន​ ដូចជា​ម៉ាទឹកកក និង​ឧបករណ៍​ប្រើ​ប្រាស់​ជាច្រើន​ទៀត​។ សមត្ថកិច្ច​គ្រាន់​តែ​​រកឃើញ​ទីតាំង​ប្រើ​ប្រាស់​ និង​ឃាត់ខ្លួន​អ្នកប្រើប្រាស់​បាន​ ៤នាក់ ​យក​មក​សាកសួរប៉ុណ្ណោះ​ ហើយ​នគរបាល​នឹង​ស្វែង​រក​ចាប់​ខ្លួន​មេខ្លោង​ជួញដូរ និង​ចែក​ចាយគ្រឿងញៀន​ថែមទៀត៕

ថ្លើម ធំ​ហ៊ាន​ឆ​បោក​ម៉ូតូ​របស់​លោក​មេ​ភូមិ

ព្រះសីហនុៈ បុរស​ម្នាក់​បាន​ត្រូវ​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្ត​ ឃាត់​ខ្លួន​កាល​ពី​ ថ្ងៃ​ទី៩​ កញ្ញា​នៅ​ក្រុង​ព្រះ​សីហនុ ​បន្ទាប់​ពី​ទទួល​បាន​ពាក្យ​បណ្តឹង​ពីជនរង​គ្រោះ។​ ប៉ូលិស​បាន​និយាយ​ថា ជន​នេះ​បាន​ឆបោក​ម៉ូតូ​មួយ​គ្រឿង​ ជា​កម្មសិទ្ធិ​របស់​មេ​ភូមិ​ថ្មធំ​ ​អាយុ ​៦៤​ឆ្នាំ។ ​ប្រភព​ដដែល​បាន​បន្ត​ថា ​នៅ​វេលា​ម៉ោង​ ៧​ព្រឹក​ថ្ងៃទី​៩ កញ្ញា ​ជន​សង្ស័យ ​និង​ជនរងគ្រោះ​បាន​អង្គុយ​ហូប​គុយទាវ​ជា​មួយ​គ្នា​ លុះ​បាន​មួយ​សន្ទុះជន​សង្ស័យ​ក៏​ខ្ចី​ម៉ូតូ​ទៅ​ដឹក​ប្រពន្ធ​របស់​ខ្លួន​ដែល​ជា​លេខា​របស់​លោក​មេ​ភូមិ​មក​ហូប​គុយ​ទាវ​ដែរ។ បន្ទាប់​ពី​ចាំ​យូរពេក​ ជន​រងគ្រោះ​ក៏​តាម​ទៅ​ដល់ផ្ទះសួររកជនសង្ស័យ ​តែ​ត្រូវ​ប្រពន្ធ​ឆ្លើយថា មិនបាន​ឃើញ​ប្តីរបស់នាងមកទេ។ ខណៈ​នោះ​ជនរងគ្រោះ​បាន​រូតរះមកស្នាក់ការ​ឃុំ​រាម ដើម្បីប្តឹងសមត្ថកិច្ច បន្ទាប់មកតាមទៅរក​នៅ​កន្លែង​គួក​ជេ​ម៉ូតូ​ផ្សារលើ​ខេត្តព្រះសីហនុ ក៏បានទទួលដំណឹងថា មានបុរសម្នាក់ដើរលក់​ម៉ូតូ​តែ​ដោយ​គ្មាន​ឯកសារ​ទើប​គេ​មិន​ហ៊ាន​ទិញ​។ ប៉ូលិស​បាន​បន្តថា​ បន្ទាប់​ពី​ទទួល​បាន​ពាក្យបណ្តឹងនេះ រូបលោក​បាន​ដាក់​បញ្ជា​ទៅ​កង​កម្លាំងក្រោមឱវាទ ដើម្បីតាមប្រមាញ់​ ហើយ​ជាលទ្ធ​ផល​​តែ​ក្នុង​រយៈ​ពេល​ប្រមាណ​ ១​ម៉ោង​ប៉ុណ្ណោះ ​កម្លាំ​ង​ជំនាញ​ក៏ឃាត់ខ្លួន​ជន​សង្ស័យ​បាន។ ជនល្មើសត្រូវបាន​កសាង​សំណុំរឿងបញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត ដើម្បី​ផ្តន្ទាទោសតាមផ្លូវច្បាប់​ពីបទឆបោក៕

ធ្វើ​ការ​ចុះ​បង្ក្រាប​ផ្ទះ​បន​ដែល​មាន​ម្ចាស់​ជា​ជនជាតិ​វៀតណាម

បន្ទាយមានជ័យៈ ស្ត្រី​បម្រើ​ផ្លូវ​ភេទ​ចំនួន​ ៤​នាក់​ បាន​ត្រូវ​សមត្ថ​កិច្ច​នគរបាល​ប្រមូល​យក​មក​អប់រំ និង​បញ្ជូន​ទៅ​មន្ទីរ​សង្គម​កិច្ច​ខេត្ត ចំណែក​ស្ត្រី​ម្នាក់​ដែលផ្តល់ទី​កន្លែង​សម្រាប់​ធ្វើ​ពេស្យា​ចារ ​ត្រូវ​សមត្ថ​កិច្ច​នគរ​បាល​ចាប់​ឃាត់​ខ្លួន​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត បន្ទាប់​ពី​ធ្វើ​ការ​ឆែក​ឆេរ​លំនៅ​ដ្ឋាន​រក​ឃើញថា បាន​ប្រព្រឹត្ត​អំពើ​ខាងលើ។ ការ​ចុះ​ប្រតិ​បត្តិ​ការ​បង្ក្រាប​ និង​ឆែក​ឆេរ​លំនៅ​ដ្ឋាន​នេះ បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃទី១០ កញ្ញា នៅក្រុងសិរី​សោភ័ណ។ ​ប៉ូលិសបាន​ឱ្យ​ដឹង​ថា ​ស្ត្រីជាប់​សង្ស័យ​ប្រព្រឹត្ត​អំពើ​សញ្ចារ​កម្ម និង​ផ្តល់​ទី​កន្លែង​សម្រាប់ធ្វើ​ពេស្យា​ចារ ហើយ​ត្រូវ​បាន​ចាប់​ឃាត់​ខ្លួន​ អាយុ ​​៣១​ឆ្នាំ ជា​ជន​ជាតិ​វៀតណាម ​ស្នាក់​នៅ​ក្នុង​ភូមិ​ខាង​លើ។ ជា​មួយ​នឹង​ការ​ឃាត់​ខ្លួននេះ ​សមត្ថ​កិច្ច​ដក​ហូត​បាន​វត្ថុ​តាង​រួម​មាន​ស្រោម​អនាម័យ​មិន​ទាន់ប្រើ​​ចំនួន​ ២០៧​ និង​សៀវ​ភៅ​បញ្ជី​កត់​ត្រា​ការរួម​ភេទ​ចំនួន​ ៤​ក្បាល ​ព្រម​ទាំងរំដោះ​ស្ត្រី​បម្រើ​ផ្លូវ​ភេទ​ចំនួន ​៤​នាក់ ជា​ជន​ជាតិ​វៀតណាម​ដូចគ្នា ​ស្នាក់​នៅក្នុង​ផ្ទះ​បន​ខាង​លើ។ ប៉ូលិសបានបញ្ជាក់​ទៀត​ថា ​ស្ត្រីជាប់​សង្ស័យ​រួម​ទាំង​វត្ថុ​តាង​ គឺស្រោម​អនាម័យ និង​សៀវ​ភៅ​បញ្ជី​កត់​ត្រា ត្រូវបាន​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​ចាត់​ការ​តាម​ច្បាប់ ​ដោ​យ​ឡែក​ស្ត្រី​បម្រើ​ផ្លូវ​ភេទ​ទាំង ​៤​នាក់ ធ្វើ​កិច្ច​សន្យា​អប់រំ​រួចបញ្ជូន​ទៅ​មន្ទីរ​សង្គម​កិច្ចនេះ៕

លោក តា អាយុ ៧៤ ឆ្នាំ ត្រូវ គេ ដាក់ ថ្នាំ សណ្ដំ យក ម៉ូតូ

កណ្តាលៈ កាលពី​ថ្ងៃទី​៩ កញ្ញា រឿង​លោក​តា​វ័យ​ចំណាស់​ម្នាក់​ដែល​ជា​អ្នក​រត់ម៉ូតូឌុប​ត្រូវគេ​ដាក់​ថ្នាំ​សណ្តំ​យកម៉ូតូ ​ប៉ាត់ ​ហើយ​កំពុង​សម្រាក​ព្យា​បាល​នៅ​មន្ទីរ​ពេទ្យ​ព្រះកុសុមៈ​ដោយ​មិន​មាន​ សាច់​ញាតិ​នោះ​ទេ។ គាត់​ត្រូវ​បញ្ជូន​មក​ដល់​មន្ទីរ​ពេទ្យ​នៅ​វេលា​ម៉ោង​៤​និង​៣០​នាទី ​រសៀល​ថ្ងៃទី​៨ កញ្ញា ​រហូត​ដល់​ម៉ោង​៩​និង​៤០នាទី​យប់​វិញ ទើប​គាត់​ដឹង​ខ្លួន ប៉ុន្តែ​ស្ថិត​ក្នុង​សភាព​រវើ​រវាយ។ លោក​តា​រង​គ្រោះ​មាន​អាយុ​៧៤​ឆ្នាំ ​ជា​ខ្មែរ​អ៊ិស្លាម​ មុខ​របរ​រត់​ម៉ូតូ​ឌុប ​មាន​ទីលំនៅ​នៅ​ក្រុង​តាខ្មៅ ​បាន​ប្រាប់​ថា ​នៅ​វេលា​ម៉ោង ១២​ថ្ងៃ​ត្រង់ ​ថ្ងៃ​កើត​ហេតុ ​គាត់​ត្រូវ​គេ​ហៅ​ឱ្យ​ឌុប​ទៅ​ព្រែក​ស្លែង ក្នុង​តម្លៃ ១​ម៉ឺន​រៀល។ គាត់​បន្ត​ថា បន្ទាប់​ពី​ឌុប​គេ​ទៅ​ដល់​គោលដៅ​ហើយ ​គាត់​ក៏​ត្រូវ​គេ​ហៅ​ផឹកស៊ី​ជាមួយ​ ពេល​ផឹក​ស៊ី​នោះ ​មិន​ដឹង​ជា​យ៉ាង​ម៉េច​ទៀត​ទេ ​ក៏​ដឹង​ខ្លួន​ឡើង​វិញ ​សម្រាក​នៅ​មន្ទីរ​ពេទ្យ​បែប​នេះ​ទៅ​វិញ។ ថ្លែង​ពី​ក្រុម​គ្រួសារ​របស់​តា​វិញ ​បន្ទាប់​ពី​បាត់​លោកតា​គ្មាន​ដំណឹង​អស់​រយៈ​ពេល​យប់​ហើយ​នោះ នាំ​គ្នា​ដើរ​រក​លោកតា​គ្រប់​ច្រ​ក​ល្ហក ប៉ុន្តែ​រក​មិនឃើញ​សោះ ​សូម្បីតែ​ដំណឹង​ក៏​គ្មាន​ដែរ។ បន្ទាប់​ពី​រក​គ្រប់​ទី​កន្លែង​ហើយ ​នៅ​តែ​មិន​ឃើញ​ទៀត ទើប​កូន​របស់ លោក តា​បាន​អង្គុយ​រក​មើល​ព័ត៌មាន​តាម​វ៉េបសាយ​វិញ​ម្តង។ ​ខណៈ​ពេល​មើល​វ៉េបសាយ​ ស្រាប់​តែ​ឃើញ​រូបថត​របស់​ឪពុក ​និង​មាន​ឈ្មោះ​របស់​គាត់​ទៀត ទើប​នាំ​ម្តាយ​ ព្រម​ទាំង​ចៅ​របស់​លោក​តា​ទៅ​តាម​រក​នៅ​មន្ទីរ​ពេទ្យ​ឃើញ​ច្បាស់​ថា ជា​ឪពុក​ពិត​មែន៕

ឆែក ឆេរ រក ឃើញ ម៉ា ទឹកកក ថង់ តូច បន្ទាប់ ពី ធ្វើ ការ ឃាត់ ខ្លួន ពី បទ វាយ តប់ គ្នា

ប៉ោយប៉ែតៈ ជនសង្ស័យ​ម្នាក់​ត្រូវ​​បាន​កម្លាំង​កង​រាជអាវុធហត្ថ​ក្រុងប៉ោយប៉ែត ឃាត់ខ្លួន ​ក្រោយពី​រូបគេ​បាន​វាយ​តប់គ្នា​នៅក្នុង​កន្លែង​រាំ​ឌីស្កូ ស្ថិតនៅក្រុងប៉ោយប៉ែត។ តាមការ​បំភ្លឺ​ពីសមត្ថកិច្ច​បាន​ឱ្យដឹង​ថា ​ជនស​ង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​នេះឈ្មោះ​ ដួង ភេទប្រុស អាយុ​ ២៤​ឆ្នាំ ​មុខរបរ​ជាអ្នក​លក់​ទូរស័ព្ទ​។​ ជនសង្ស័យ​រូប​នេះ ត្រូវ​បានឃាត់ខ្លួន​កាលពីថ្ងៃទី​៩ កញ្ញា ​ខណៈ​ពេល​ពួកគេ​វាយតប់គ្នា​ជាមួយនឹង​ពួក​ស្ទាវ​មួយ​ក្រុម​ផ្សេង​ទៀត​។ ​មុនពេល​សមត្ថ​កិច្ច​ទៅ​ដល់​កន្លែង​កើតហេតុ ​ពួកគេ​បាន​រត់គេច​ខ្លួន​បាត់​អស់​ នៅ​សល់តែជនសង្ស័យ​ម្នាក់​នេះ ក៏ត្រូវ​កម្លាំង​ប៉េអឹម​ឃាត់ខ្លួន ​ហើយ​ឆែក​ឆេរ​រកឃើញថ្នាំ​ញៀនប្រភេទ​ខេទឹកកក ​ពណ៌ស​ថង់​តូច ​បន្ទាប់មក​ទើបសមត្ថ​កិច្ច​នាំខ្លួន​ជន​សង្ស័យ​នេះ​យកមក​​សួរនាំតែម្ដង។ ក្រោយ​ពេល​សួរ​នាំ​ ជនសង្ស័យ​​បានសារ​ភាព​ចំពោះមុខ​សមត្ថ​កិច្ច​ថា ថ្នាំញៀន​១កូនថង់​នេះ​បានមក​ពី​មិត្ត​ភក្តិ​របស់គេម្នាក់​ទៀត​ ឱ្យ​យក​មក​ប្រើប្រាស់ ដើម្បី​សប្បាយ​ផ្ទាល់ខ្លួន​ប៉ុណ្ណោះ៕

គ្រាន់​តែ​ឆ្លើយ​ជំនួស​សោះ​បង្ក​ជា​រឿង​វាយ​កាប់​ចាក់​គ្នា

ក្រចេះ​: គ្រាន់តែ​ទំនាស់​ពាក្យ​សម្តី​រឿង​ហៅ​ស្រី​ ហើយអ្នក​ដទៃ​ឆ្លើយ​ជំនួសសោះ​បាន​ក្លាយ​ជា​ជម្លោះ​វាយកាប់​ចាក់​គ្នា​ បណ្តាល​ឱ្យ​យុវជន​ពីរនាក់​រង​គ្រោះ​សន្លប់​ធំ​ដេក​ពេទ្យ​ រី​ឯ​គូជម្លោះ​៣​នាក់​ទៀត​ត្រូវ​ជាប់​ទ្រុងប៉ូលិស​។ប៉ូលិស​ស្រុក​សំបូរ​បាន​ឱ្យ​ដឹង​ថា ​ករណី​អំពើ​ហិង្សា​ដោយចេតនា​នេះ ​បានកើតឡើង​នៅវេលា​ម៉ោង​១១​យប់​ថ្ងៃទី​៧ កញ្ញានៅ ​ស្រុក​សំបូរ​។​ជនរងគ្រោះ​ដែលរង​របួស​នេះមាន​ ​អាយុ​២៦​ឆ្នាំ ​រង​របួស​ក្បាល​ដេរ​ចំនួន​១០​ថ្នេរ ​បន្ទាប់ពី​គូជម្លោះ​វាយ​នឹង​ឈើជ្រុង ​និងម្នាក់ទៀត អាយុ​២៨​ឆ្នាំ រង​របួស​ធ្ងន់​ត្រង់​ក្បាល ដោយ​ត្រូវ​គូជម្លោះ​វាយ​នឹង​ខ្នង​កាំបិត​ផ្គាក់​សន្លប់​ធំ​។​ តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ ​បាន​ឱ្យ​ដឹង​ថា ​នៅយប់ថ្ងៃកើតហេតុ​ជន​រងគ្រោះ​បាន​ឈរ​ក្បែរ​ នឹង​ក្រុម​ជនសង្ស័យ​ទាំង​៣​នាក់​ហើយ​ជន​រងគ្រោះ​បាន​ស្រែក​ហៅ​ឈ្មោះ​នារី​ម្នាក់​ដែល​ធ្លាប់​ស្គាល់ ​ស្រាប់តែ​ជនទាំង​៣នាក់​នោះ​ឆ្លើយ​ជំនួស ​បន្ទាប់​មក​ក៏​កើត​រឿង​ឌឺ​ដង​ដាក់គ្នា ​ហើយ​ជន​សង្ស័យ​ទាំង​៣នាក់នេះ​ក៏​ស្ទុះ​មក​វាយ​ជន​រង​គ្រោះ​ទាំង​២នាក់ ​នឹង​ឈើជ្រុង ​កាំបិត​យ៉ាង​ចាស់​ដៃតែ​ម្តង​៕

ចាប់​បាន​ចោរ​ដែល​តែង​តែ​លួច​កាត់​ខ្សែ​ភ្លើង​នៅ​រោង​ម៉ាស៊ីន​កិន​ស្រូវ

កំពង់​ស្ពឺៈ ជន​សង្ស័យ​៤​នាក់​ក្នុង​ចំណោម​បក្ស​ពួក​៥​នាក់ ត្រូវ​បាន​ចាប់​ខ្លួន នៅ​ព្រឹក​ថ្ងៃ​ទី​៨ កញ្ញា កន្លង​មកពី​បទចោទ​ប្រ​កាន់​ថា បានលួច​កាត់​ខ្សែ​ភ្លើង​រោង​ម៉ា​ស៊ីន​កិន​ស្រូវ​មួយ​ក្នុង ​ ស្រុក​ឧដុង្គ​ ហើយ​ត្រូវ​បាន​នាំ​ខ្លួន​មក​កាន់​ការិយា​ល័យ​កណ្តាល​នគរ​បាល​ព្រហ្ម​ទណ្ឌ​ កម្រិត​ស្រាល​ខេត្ត​ដើម្បី​បំពេញ​សំណុំ​រឿង​បញ្ជូន​ទៅ​សាលា​ដំ​បូង​ខេត្ត​ ចាត់​ការ​តាម​ផ្លូវ​ច្បាប់​។ប្រ​ភព​បន្ត​ថា ​ជន​សង្ស័យ​ទាំង​៤​នាក់ បាន​លួច​កាត់​ខ្សែ​ភ្លើង​របស់​រោង​ម៉ា​ស៊ីន​កិន​ស្រូវ​ ហើយសន្តិ​សុខ​រោង​ម៉ា​ស៊ីន​នោះបាន​ផ្តល់​ព័ត៌​មាន​ឱ្យ​ប៉ូ​លិស​ស្រុក​ធ្វើ ​ការ​ចាប់​ខ្លួន​ជា​មួយ​វត្ថុ​តាង​ខ្សែ​ភ្លើង​ធុន​ធំ​ចំនួន​៤០​ម៉ែត្រ​ផង ​។អាជី​វករ​នៅ​ផ្សារ​ស្រុក​ឧ​ដុង្គ​ និងផ្សារ​ក្រាំង​ចេក បាន​និយាយ​ថា ខ្សែ​ភ្លើង​ត្រូវ​ចោរ​លួច​កាត់​​ស្ទើ​ររាល់​ថ្ងៃ​​ទោះ​បី​ខ្សែ​ភ្លើង​មាន​ ចរន្ត​​អគ្គិ​សនី​ក៏​ដោយ​ក៏ក្រុម​នេះ​លួច​កាត់​ដោយ​សុវត្ថិ​ភាព៕

ចាប់​បាន​អ្នក​ញៀន​ល្បែង​១៦​រូប​នៅ​ផ្ទះ​បើក​ល្បែង​ស៊ី​សង​មួយ​កន្លែង

កំពង់​ចាមៈ កម្លាំង​នគរបាល​ការិ​យាល័យ​ព្រហ្មទណ្ឌ​កម្រិតស្រាល ​នៃស្នង​ការ​ដ្ឋាន​នគរបាលខេត្ត​ បានឆ្មក់​ចូលបង្ក្រាប​ផ្ទះបើក​ល្បែង​ស៊ីសង ​មួយ​កន្លែង ​ដែលល្បី​ថា លេង​ធំៗស្ថិត​នៅ ​ស្រុក​អូរ​រាំង​ឪ ​កាលពីថ្ងៃទី​១០ កញ្ញា ​២០១១ ដោយ​ឃាត់អ្នក​ញៀនល្បែង​ប្រុស​ស្រី​បាន​ចំនួន​ ១៦​នាក់ ​រឹប​អូស​បាន​ម៉ូតូ​ចំនួន​ ៦គ្រឿង ​ប្រាក់​មួយចំនួន ព្រម​ទាំង​បៀ​ ១ហ៊ូ​ បញ្ជូនមក​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ និង​បញ្ជូន​បន្តទៅសាលា​ដំបូង​ខេត្ត ​មិនទាន់ដឹង​ថា មាន​វាសនា​យ៉ាង​ណា​នៅ​ឡើយ​ទេ។ ​ប៉ូលីស បាន​ប្រាប់​ឱ្យ​ដឹង​ថា មុន​ពេល​ចុះបង្ក្រាប​ ២​ថ្ងៃ ​រូបលោក​បាន​ទទួលបណ្តឹង​ពីជន​អនា​មិក​ថា ​នៅ​ផ្ទះរបស់ស្ត្រី​ជាជនល្មើស អាយុ ​៥៤​ឆ្នាំ ​រស់នៅ​ភូមិ​-­ឃុំ​ខាងលើ ​បាន​បើក​លេង​ល្បែង​ស៊ី​សង​ដាក់​លុយធំៗ ​អស់រយៈ​ពេល​ជា​យូរខែ​មក​ហើយ ​និង​មាន​អ្នក​ស្រុក​ចូលទៅ​លេង​ជា​រៀង​រាល់​ថ្ងៃទៀត​ផង​។ លោក​បាន​បន្ត​ទៀត​ថា​ ​ក្រោយពី​ទទួលបាន​នូវ​ព័ត៌មាន​នេះ​ភ្លាម​ រូបលោក​បាន​ចុះទៅឃ្លាំមើល​ដោយ​ផ្ទាល់តែម្តង ​តើពិត​ដូចដែល​អនា​មិក​រាយការណ៍​មក​ប្តឹង​ដែរឬ​ទេ? ​នៅថ្ងៃ​សុក្រ ទី​៩ កញ្ញា ​ក៏បានឃើញ​មាន​លេង​ល្បែង​ស៊ីសង​មែន​។ ​រហូតមក​ដល់​ព្រឹក​ថ្ងៃទី​១០ កញ្ញា ​លោកបាន​ដឹកនាំ​កម្លាំង​នគរ​បាល​ក្រោម​ឱវាទ​ក្នុងពេល​ចុះ​ប្រតិបត្តិការ​ ​ដើម្បី​ឆែកឆេរ​ផ្ទះ​បើក​លេង​ល្បែង​នៅភូមិ​​ថ្មី​កណ្តាល ឃុំ​ព្រះ​ធាតុ​នោះ​តែម្ដង៕

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!