VOA News: ព័ត៌មាន: “យុវជនទាមទារតម្លាភាពក្នុងនិស្សារណកម្មប្រេងឧស្ម័ន” plus 1 more |
យុវជនទាមទារតម្លាភាពក្នុងនិស្សារណកម្មប្រេងឧស្ម័ន Posted: 20 Sep 2011 11:06 AM PDT ថ្លែងនៅក្នុងវេទិកាប្រេង និងឧស្ម័ន ដែលរៀបចំឡើងដោយកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន លោក ជាម យៀម ប្រធានគណកម្មាធិការសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា បាននិយាយនៅថ្ងៃអាទិត្យនេះថា ប្រសិនបើពុំមានអ្វីប្រែប្រួលទេ កម្ពុជានឹងទទួលបានប្រេងជាលើកដំបូងពីធនធានធម្មជាតិនៅវេលាម៉ោង១២ ថ្ងៃទី១២ ខែ១២ ឆ្នាំ២០១២។ លោក ជាម យៀម បានបញ្ជាក់ថា នេះគឺជាឱកាសមាសសម្រាប់ធានាកំណើនសេដ្ឋកិច្ច និងជួយកាត់បន្ថយភាពក្រីក្រឲ្យកាន់តែមានចំនួនច្រើនថែមទៀត បង្កើនសមធម៌ និងពង្រឹងសមត្ថភាពនៅកម្ពុជា។ «មិនទាន់ច្នៃទៅជាមាសប្រើប្រាស់លក់នៅលើទីផ្សារបាននៅឡើយទេ។ អ្នកណាដែលត្រូវច្នៃប្រឌិត ថ្មឲ្យក្លាយទៅជាមាស គឺក្មួយៗតួនាទីភារកិច្ចនេះ។ យើងត្រូវតែបញ្ចេញកាតព្វកិច្ចរបស់យើង តួនាទីរបស់យើងជូនដល់មាតុភូមិ ក្មួយៗទាំងអស់ដែលជាម្ចាស់អំណាចម្ចាស់ប្រទេស»។ កម្មវិធីអភិវឌ្ឍន៍យុវជនបានរៀបចំវេទិកាប្រេង និងឧស្ម័នចំនួនមួយថ្ងៃ នៅវិទ្យាស្ថានជាតិអប់រំកម្ពុជា ដែលមាននិស្សិតភាគច្រើនជាយុវជន បានចូលរួមប្រមាណជាងប្រាំរយនាក់។ លោក ជាង សុខា នាយកប្រិតបត្តិនៃអង្គការកម្មវិធីអភិវឌ្ឍន៍យុវជន បានមានប្រសាសន៍ថា វិស័យប្រេងកាត និងឧស្ម័នគឺវិស័យថ្មីមួយ។ ដូច្នេះ យុវជនមិនបានដឹងឲ្យបានស៊ីជម្រៅទេ។ លោកបានមានប្រសាសន៍ថា ការៀបចំវេទិកានេះគឺដើម្បីផ្តល់ព័ត៌មានឲ្យបានច្រើនដល់យុវជន ដើម្បីឲ្យយុវជនប្រើប្រាស់ព័ត៌មានទាំងនេះធ្វើការផ្សព្វផ្សាយដល់សាធារណជនឲ្យបានទូលំទូលាយ និងដើម្បីរៀបចំឲ្យមានឱកាសធ្វើការសាកសួរនឹងលើកឡើងនូវកង្វល់យុវជនឲ្យបានច្រើន។ «នៅក្នុងបរិបទកម្ពុជាយើងទាក់ទងនឹងការចូលរួមរបស់ការងារយុវជន។ យើងឃើញថា មានលក្ខណៈចង្អៀតបន្តិច ជាពិសេសទាក់ទងនឹងវិស័យនិស្សារណកម្មឧស្សាហកម្មនេះ។ មូលហេតុគឺវាទាក់ទងនឹងការខ្វះព័ត៌មាន។ ដូច្នេះហើយ ការចូលរួមរបស់ពួកគាត់ដ៏សំខាន់ណាស់។ ទី១គឺគាត់ចូលរួមក្នុងការប្រមូលព័ត៌មានដែលទាក់ទងនឹងរឿងហ្នឹង ហើយធ្វើការផ្សព្វផ្សាយ»។ យុវជន ថន សុភារ៉ា អាយុ២២ឆ្នាំ មកពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បាននិយាយថា ដើម្បីឲ្យប្រទេសមានការរីកចម្រើនក្នុងនាមយុវជនត្រូវតែតាមដានអំពីបញ្ហាប្រេង និងឧស្ម័នឲ្យជាប់ជាប្រចាំ។ «គឺខ្ញុំចង់ដឹង អំពីតួនាទីរបស់យុវជន អំពីតម្លាភាព អំពីចំណូលធនធាននៅកម្ពុជាយើងហ្នឹង មានកម្រិតណា។ តើយើងដើរដល់កន្លែងណាហើយ? តើវាទាក់ទងនឹងចំណុចមួយទៀតនៅពេលដែលកម្ពុជាយើងជិតឈានដល់ ការទាញយកប្រេង ដែលចេញពីដីមកវិញ? តើវាបានដំណើរការដល់ណាហើយ? តើការគ្រប់គ្រងចំណូលធនធានហ្នឹងដើរដល់កម្រិតណាដែរ?»។ កញ្ញា ស៊ឹង វាចា អាយុ២១ឆ្នាំ និស្សិតមកពីសាកលវិទ្យាល័យភ្នំពេញ បាននិយាយថា បញ្ហាវិស័យប្រេងនិងឧស្ម័ន យុវជនកម្ពុជាមិនសូវជាយល់ដឹងប៉ុន្មានទេ។ កញ្ញាបានបញ្ជាក់ទៀតថា យើងចង់ឲ្យរដ្ឋាភិបាលគ្រប់គ្រងលើវិស័យចំណូលប្រេង និងឧស្ម័នឲ្យបានល្អប្រសើរដើម្បីកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ។ «ព្រោះអី ជារឿងរបស់ប្រទេសជាតិយើង ហើយក្នុងនាមយើងជាយុវជន ជាម្ចាស់អំណាចរបស់ប្រទេសជាតិដែរបង យ៉ាងហោចណាស់ យើងដឹងព័ត៌មានហ្នឹងដើម្បីត្រៀមខ្លួនយើង ដើម្បីរៀបចំខ្លួនយើងទទួលអ្វីទាំងអស់ហ្នឹង ហើយជៀសវាងបណ្តាសាធនធានដែរបង»។ អាជ្ញាធរជាតិប្រេងកាតកម្ពុជា បានឲ្យដឹងថា កម្ពុជាមានតំបន់ប្រេងកាតនៅបាតសមុទ្រចំនួនប្រាំមួយកន្លែងពីតំបន់ A រហូតដល់តំបន់ F និងតំបន់ត្រួតស៊ីគ្នាជាមួយថៃ។ ក្រៅពីនោះ កម្ពុជា មានប្រេងកាត និងឧស្ម័នដែលកំពុងសិក្សាស្រាវជ្រាវនៅឡើយនៅតំបន់បឹងទន្លេសាប។ ដើម្បីកសាងទំនុកចិត្តវិនិយោគគិនលើផ្នែកអភិបាលកិច្ច និងផ្នៃកគតិយុត្តិ កម្ពុជាបានធ្វើសេចក្តីព្រាងច្បាប់ចំនួនពីរគឺសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រេងកាត និងឧស្ម័ន និងសេចក្តីព្រាងច្បាប់លើការយកពន្ធប្រាក់ចំណូលប្រេងកាត និងឧស្ម័នដែលកំពុងឋិតនៅទីស្តីការគណៈរដ្ឋមន្ត្រីនៅឡើយ៕ This posting includes an audio/video/photo media file: Download Now |
ព័ត៌មានអន្តរជាតិសង្ខេប៖ ២០ កញ្ញា Posted: 19 Sep 2011 04:22 PM PDT ព័ត៌មានចុងក្រោយបំផុត៖ ភូមា/អាស៊ាន៖ លោករដ្ឋមន្រ្តីការបរទេសឥណ្ឌូនេស៊ីមានប្រសាសន៍ថា លោកចង់ដឹងចង់ឮអំពីទស្សនៈរបស់ប្រជាពលរដ្ឋភូមា ដោយរាប់ទាំងមេដឹកនាំប្រជាធិបតេយ្យ លោកស្រី អោង សាន ស៊ូជី ផង ចំពោះសំណួរថាតើប្រទេសរបស់ពួកគេគួរធ្វើជាប្រធានរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ក្នុងឆ្នាំ ២០១៤ឬទេ។ យេម៉ែន៖ មន្រ្តីពេទ្យនិយាយថា កងកម្លាំងសន្តិសុខនៃរដ្ឋាភិបាលប្រទេសយេម៉ែនបានសម្លាប់មនុស្សយ៉ាងតិច ៧នាក់ នៅក្នុងរដ្ឋធានី សាណា (Sana'a) នៅពេលដែលអំពើហិង្សាដ៏អាក្រក់បំផុតនៅក្នុងការបះបោរ ក្នុងរយៈពេល៧ខែកន្លងទៅនេះប្រឆាំងនឹងលោកប្រធានាធិបតី Ali Abdullah Saleh នៅមានបន្តរហូតមកដល់ថ្ងៃទីបី។ អ៊ីស្រាអែល/ប៉ាឡេស្ទីន៖ លោកនាយករដ្ឋមន្រ្តី Banjamin Natanyahu នៃប្រទេសអ៊ីស្រាអែល បានអំពាវនាវឲ្យមានការចរចាផ្ទាល់ ដើម្បីចាប់ផ្តើមដំណើរការសន្តិភាពរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីនជាថ្មីឡើងវិញ ជាមួយលោកប្រធានាធិបតីប៉ាឡេស្ទីន Mahmoud Abbas ដែលបានសន្យាថាលោកនឹងឈានទៅមុខនៅក្នុងការដាក់ពាក្យសុំទៅកាន់អង្គការសហប្រជាជាតិ ដើម្បីបង្កើតរដ្ឋប៉ាឡេស្ទីនមួយ។ អឺរ៉ុប៖ ភាពមិនទៀងទាត់ខាងវិស័យសេដ្ឋកិច្ចកំពុងគ្របដណ្តប់លើតំបន់ដែលប្រើប្រាស់ប្រាក់អឺរ៉ូ នៅក្រោយការបញ្ចុះពិន្ទុឥណទានរបស់ប្រទេសអ៊ីតាលី ក្នុងពេលដែលប្រទេសក្រិកនៅរង់ចាំសេចក្តីប្រកាសលើកក្រោយអំពីការផ្តល់ថវិកាសម្រាប់ជួយប្រទេសនេះសងបំណុល។ <!--AV--> ព័ត៌មាននៅពេលមុននេះ៖ <!--IMAGE-LEFT--> ប៉ាឡេស្ទីន៖ កាលពីថ្ងៃច័ន្ទ លោកប្រធានាធិបតីប៉ាឡេស្ទីន Mahmoud Abbas បានប្តេជ្ញាថានឹងជំរុញទៅមុខជាមួយផែនការស្វះស្វែងឱ្យអ.ស.ប.ទទួលស្គាល់រដ្ឋ ប៉ាឡេស្ទីនមួយ។ ប៉ាឡេស្ទីន៖ ពួកមេដឹកនាំពិភពលោកកំពុងធ្វើដំណើរទៅដល់បូរីញូវយ៉ក ដើម្បីចូលរួមក្នុងមហាសន្និបាតប្រចាំឆ្នាំនៃអ.ស.ប. ដែលនៅទីនោះគេរំពឹងថា កិច្ចខិតខំប្រឹងប្រែងរបស់ជនជាតិប៉ាឡេស្ទីន ដើម្បីឱ្យមានសមាជិកភាពពេញលេញនឹងគ្របដណ្តប់លើការសន្ទនាគ្នា។ យេម៉ែន៖ ពួកមន្ត្រីពេទ្យនៅក្នុងប្រទេសយេម៉ែនបាននិយាយថា កងកម្លាំងសន្តិសុខបានសម្លាប់មនុស្សយ៉ាងតិចណាស់២៧នាក់នៅក្នុងរដ្ឋធានីកាលពីថ្ងៃច័ន្ទ នៅពេលដែលការប៉ះទង្គិចគ្នាជាមួយក្រុមបាតុករប្រឆាំងនឹងរដ្ឋាភិបាលបានកើនទ្បើងទៅជាការប្រឈមមុខយោធាមួយរវាងក្រុមទាហានរដ្ឋាភិបាលនិងកងកម្លាំងដែលស្មោះត្រង់ជាមួយឧត្តមសេនីយ៍ម្នាក់ដែលបានរត់ចោលជួរទៅចូលជាមួយក្រុមបាតុករច្រើនខែមកហើយ។ សុខភាពសកល៖ លោកអគ្គលេខាធិការអ.ស.ប. បាន គីមូន បានមានប្រសាសន៍កាលពីថ្ងៃច័ន្ទថា កំណើននៃចំនួនមនុស្សស្លាប់ដោយសារជំងឺមិនឆ្លង ដែលកំណើននេះគេរំពឹងថានឹងមានក្នុងទសវត្សរ៍ក្រោយ គឺជាការណ៍ «គួរឲ្យបារម្ភខ្លាំង»។ លីប៊ី៖ ក្រុមយុទ្ធជននៃអាជ្ញាធរបណ្តោះអាសន្នរបស់ប្រទេសលីប៊ីប្រឈមមុខនឹងការទប់ទល់នៅក្នុងសំបុកដែលនៅសេសសល់របស់ Moammar Gadhafi មួយថ្ងៃក្រោយពីពួកមេដឹកនាំនៃក្រុមប្រឹក្សាជាតិអន្តរកាលបានពន្យារពេលការប្រកាសអំពីរដ្ឋាភិបាលថ្មីមួយ។ ស៊ីរី៖ ពួកសកម្មជនសិទ្ធិមនុស្សស៊ីរីបាននិយាយថា កងកម្លាំងសន្តិសុខបានសម្លាប់មនុស្ស៥នាក់នៅក្នុងការឆ្មក់ វាយប្រហារទៅលើក្រុមបាតុករប្រឆាំងនឹងរដ្ឋាភិបាលក្នុងខេត្តHoms នាប៉ែកកណ្តាលប្រទេស។ សហរដ្ឋអាមេរិក៖ លោកអតីតប្រធានាធិបតីស.រ.អ. Bill Clinton នឹងប្រមូលផ្តុំពួកប្រមុខរដ្ឋ ពួកមេដឹកនាំឧស្សាហកម្ម និងពួកមន្ត្រីនៃអង្គការមិនយកកម្រៃ ព្រមទាំងពួកមន្ត្រីជាតិនិងមូលដ្ឋានក្នុងសប្តាហ៍នេះ ដើម្បីចូលរួមក្នុងការប្រជុំប្រចាំឆ្នាំនៃអង្គការលោកដែលមានឈ្មោះថា Clinton Global Initiative ហៅកាត់ថា CGI។ This posting includes an audio/video/photo media file: Download Now |
You are subscribed to email updates from VOA News: ព័ត៌មាន To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |