VOA News: ព័ត៌មាន: “អ្នក​ភូមិ​រៀបចំ​ទប់ទល់​នឹង​អាជ្ញាធរ​បង្ក្រាប” plus 4 more

VOA News: ព័ត៌មាន: “អ្នក​ភូមិ​រៀបចំ​ទប់ទល់​នឹង​អាជ្ញាធរ​បង្ក្រាប” plus 4 more


អ្នក​ភូមិ​រៀបចំ​ទប់ទល់​នឹង​អាជ្ញាធរ​បង្ក្រាប

Posted: 19 Sep 2011 11:41 AM PDT

ចាប់តាំង​ពី​ព្រឹក​រហូត​ដល់​ល្ងាច​ថ្ងៃ​ច័ន្ទ​នេះ​ អ្នក​ភូមិ​បឹងកក់​ ក្មេង​ចាស់ ​ប្រុស​ស្រី​ជា​ច្រើន​នាក់​ បាន​អង្គុយ​នៅ​តាម​ផ្ទះ​របស់​ខ្លួន​រៀងៗ​ខ្លួន​ដើម្បី​ចាំ​ឃ្លាំ​មើល​ មន្ត្រី​ប៉ូលីស​ និង​ក្រុមហ៊ុន​ស៊ូកាគូអ៊ីន​ របស់​លោក​ឧកញ៉ា ​ឡាវ​ ម៉េងឃីន​ សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​ប្រជាជន​កម្ពុជា​ដឹក​គ្រឿងចក្រ​មក​កម្ទេច​ផ្ទះ​របស់​អ្នក​ភូមិ។

ក៏ប៉ុន្តែ​ពេញ​មួយ​ថ្ងៃ​នេះ​ សកម្មភាព​របស់​ប៉ូលីស ​និង​ក្រុមហ៊ុន​ស៊ូកាគូអ៊ីន​ ពុំមាន​សកម្មភាព​ទេ​ បន្ទាប់​ពី​បាន​ផ្ទុះ​អំពើ​ហឹង្សា​មួយ ​ជាមួយ​នឹង​ប្រជាពលរដ្ឋ ​កាល​ពី​ថ្ងៃ​សុក្រ​ ដែល​បាន​បណ្តាល​ឲ្យ​ប្រជាពលរដ្ឋ​មួយ​រូប​ ដែល​ជា​សកម្មជន​គណបក្ស​សម ​រង្ស៊ី ​ម្នាក់​ទទួល​រង​របួស​យ៉ាង​ធ្ងន់ធ្ងរ។

ការ​ផ្ទុះ​អំពើ​ហឹង្សា​នេះ ​បាន​កើត​មាន​ឡើង​បន្ទាប់​ពី​ក្រុមហ៊ុន​ស៊ូកាគូអ៊ីន​បាន​ដឹក​គ្រឿង​ចក្រ​មក​វាយ​កម្ទេច​ផ្ទះ​របស់​អ្នក​ភូមិ​បឹងកក់​នៅ​ភូមិ​២២​ចំនួន​៨​ខ្នង​ផ្ទះយ៉ាង​ខ្ទេចខ្ទី​រាប​ដល់​ដី​ ហើយ​ត្រូវ​បាន​ប្រឆាំង​ជំទាស់​មក​វិញ​ពី​អ្នក​ភូមិ​ ប៉ុន្តែ​ប៉ូលីស​ប្រដាប់​ដោយ​ខែល ​នឹង​ដំបង​ឆក់​បាន​បង្ក្រាប​ពួកគាត់។

រូបភាព​​នៃ​ការ​ប៉ះទង្គិច​ហិង្សា​កាល​ពី​ថ្ងៃ​សុក្រ​ទី​១៦​ខែ​កញ្ញា​ឆ្នាំ​២០១១៖

<!--AV-->

កំពុង​តែ​អង្គុយ​នៅ​ពី​មុខ​ផ្ទះ​ខ្ទម​ឈើ​តូច​មួយ​នៅ​ភូមិ​២២​ អ្នក​ស្រី ​ផាន់​ ឈានរ៉េត​ អាយុ​៥៤​ឆ្នាំ​ បាន​និយាយ​ថា ​អ្នក​ស្រុក​បាន​ត្រៀម​ដុំថ្ម ​កាំបិត​ និង​ដំបង​ជា​ស្រេច ​ប្រសិនណា​ក្រុមហ៊ុន​ដឹក​គ្រឿងចក្រ​មក​កម្ទេច​ផ្ទះ​ម្តង​ទៀត។

«ត្រៀម​ចាំ ​បើ​គេ​មក​ឈូស​ទៀត​ប្រើ​អំពើ​ហឹង្សា​ដាក់​វិញ។​ មាន​ដុំថ្ម​ គប់​ដុំថ្ម​ មាន​ស្អី​ដាក់​ហ្នឹង!​ ឥត​មិន​បណ្តោយ​ឲ្យ​ឈូស​ទៀត​ទេ។​ ត្រៀម​មាន​ដំបង​ មាន​ដុំ​ថ្ម​អញ្ចឹង​ទៅ។​ ច៎ា​! កាំបិត​ ពូថៅ»។

ប្រជាពលរដ្ឋ​នៅ​ភូមិ​២២ ​ប្រមាណ​២៤​គ្រួសារ​ ត្រូវ​បាន​សាលាក្រុង​បដិសេធ​មិន​ចេញ​ប្លង់​ស្រប​ច្បាប់​ទេ​ ហើយ​ផ្ទះ​ដែល​នៅ​សេសសល់​ ក្រុមហ៊ុន​ស៊ូកាគូអ៊ីន​មាន​បំណង​វាយ​កម្ទេច​ចោល។

អ្នក​ស្រី​ ឆេង​ លាភ​ រស់​នៅ​ភូមិ​២២ ​បាន​មាន​ប្រសាសន៍​ថា​ យើង​នឹង​ធ្វើ​ការ​តវ៉ា​មិន​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ចូល​មក​ឈូសឆាយ​ផ្ទះ​អ្នក​ភូមិ​ទៀត​ទេ។ ​អ្នក​ស្រី​បាន​និយាយ​ទៀត​ថា​ យើង​នឹង​វាយ​ឆ្នាំ​ចាន​ ជា​សញ្ញា​ដើម្បី​ប្រមូល​ផ្តុំ​អ្នក​ភូមិ​ ប្រសិន​ណា​បើ​មាន​ក្រុមហ៊ុន​ចូល​មក​កម្ទេស​ផ្ទះ​អ្នក​ស្រុក​ដោយ​គ្មាន​ការ​ជូន​ដំណឹង។

«ទប់ទល់​វិញ ​ព្រោះ​អី​កន្លង​មកៗ​ប្រើ​អំពើ​ហឹង្សា​ដ៏​ថោកទាប​មក​លើ​ប្រជាពលរដ្ឋ​នេះ​ ដោយ​គ្នាន​ជូន​ដំណឹង​ ដោយ​គ្មាន​ឱសានវាទ​ដីកា​ចេញ​ពី​តុលាការ​ ហើយ​ក៏​គ្មាន​ជូន​ដំណឹង​ប្រជាពលរដ្ឋ​មុន​ដែរ។​ ស្រាប់​តែ​ស្ងៀម​ៗ​ មក​ឈួសឆាយ​ផ្ទះ​ប្រជាពលរដ្ឋ​ ដល់​ពេល​ហៅ​ប្រជាពលរដ្ឋ​ទៅ​ដោះស្រាយ ​មាន​គំនាប​ឲ្យ​ប្រជាពលរដ្ឋ​បន្តិច​បន្តួច ​សំណង​ពុំ​ត្រឹម​ត្រូវ»។

ផ្ទះ​របស់​ប្រជាពលរដ្ឋ​ ដែល​បាន​ត្រូវ​ក្រុមហ៊ុន​ស៊ូកាគូអ៊ីន​ វាយ​កម្ទេច​បាន​ចង​តង់កៅស៊ូ​ នឹង​បាន​សរសេរ​ជា​អក្សរ​ខ្មែរ​ និង​ភាសា​អង់គ្លេស​ដែល​មាន​ន័យ​ថា៖ «ហេតុអ្វី​បាន​ជា​វាយ​ផ្ទះ​អ្នក​ស្រុក​ដោយ​គ្មាន​ដំណោះស្រាយ» និង​សរសេរ​អំពី​ការទាមទារ​រក​យុត្តិធម៌​ជា​ដើម។

ព្រះតេជគុណ ​ស៊ីង ​តុងលី ​ព្រះជន្ម​៧៧​ព្រះវស្សា​ គង់​នៅ​ក្នុង​ទីក្រុង​ឡុងប៊ិច​ រដ្ឋ​កាលីហ្វ័រញ័រ​ សហរដ្ឋ​អាមេរិក​ ដែល​បាន​និមន្ត​មក​ផ្តល់​ភួយ​មួយ​ចំនួន​ដល់​ក្រុម​គ្រួសារ​ជន​រងគ្រោះ។ ដោយសារ​តែ​អាជ្ញាធរ​វាយ​កម្ទេច​ ព្រះអង្គ​បាន​មាន​សង្ឃដីកា​ថា​ ការ​វាយ​កម្ទេច​នេះ​គឺ​ជា​អំពើ​អយុត្តិធម៌។

«ក្នុង​ពិភពលោក​ យើង​ឥត​ដែល​ឃើញ ឥត​ដែល​ឃើញ​ អ្នក​ដឹក​នាំ​ប្រទេស​ណា​ដែល​ប្លន់​ប្រជាជន​អញ្ចឹង»។

មន្ត្រី​សាលាក្រុង​ និង​មន្ត្រី​ក្រុមហ៊ុន​ស៊ូកាគូអ៊ីន​ មិន​ទាក់​ទង​​បាន​ទេ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ ក៏ប៉ុន្តែ​សប្តាហ៍​មុន​ លោក ​កែប ​ជុតិមា​អភិបាល​ក្រុង​ភ្នំពេញ​ ធ្លាប់​បាន​ប្រាប់​វីអូអេ​សំឡេង​សហរដ្ឋ​អាមេរិដ​ផ្នែក​ភាសា​ខ្មែរ​ថា សម្រាប់​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​មាត់​បឹង​ សាលាក្រុង​ភ្នំពេញ​មិន​ចេញ​ប្លង់​កម្មសិទ្ធិ​ឲ្យ​ទេ​ ក៏ប៉ុន្តែ​នឹង​ពិចារណា​នឹង​ផ្តល់​ជា​សំណង៕

This posting includes an audio/video/photo media file: Download Now

អតីត​នាយក​រដ្ឋមន្ត្រីថៃ​ថ្លែងថា​កម្ពុជា​គួរ​បង្កើន​ចំណាយ​រដ្ឋ​ក្នុង​វិស័យ​ហេដ្ឋា​រចនាសម្ព័ន្ធ​និង​អប់រំ

Posted: 19 Sep 2011 11:00 AM PDT

នៅ​ថ្ងៃ​ច័ន្ទ​នេះ​ លោក​អតីត​នាយក​រដ្ឋមន្ត្រី​ថៃ ​Thaksin Shinawatra​ បាន​ថ្លែង​កោត​សរសើរ​ដល់​កំណើន​សេដ្ឋកិច្ច​កម្ពុជា​យ៉ាង​ខ្លាំង​ ខណៈ​ដែល​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន​ សែន ​និង​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ​បាន​ព្យាករណ៍​អំពី​អត្រា​កំណើន​សេដ្ឋកិច្ច​កម្ពុជា​នៅ​ក្នុង​ឆ្នាំ​២០១១​​នេះ។

លោក​ Thaksin​ បាន​ធ្វើ​បទ​ឧទ្ទេសនាម​នៅ​ក្នុង​សន្និសីទ​សេដ្ឋកិច្ច​អាស៊ី​នៅ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​ថា​ ប្រទេស​កម្ពុជា​មាន​កំណើន​សេដ្ឋកិច្ច​យ៉ាងខ្លាំង​ បើ​ប្រៀបធៀប​នឹង​កំណើន​សេដ្ឋកិច្ច​តំបន់​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។

លោក ​Thaksin ​សង្ឃឹម​ថា​ប្រទេស​កម្ពុជា​នឹង​អាច​ជា​តំណាង​ឲ្យ​សេដ្ឋកិច្ច​នៅ​អាស៊ី ​និង​អាច​មាន​តួនាទី​ដ៏​សំខាន់​មិន​អាច​ខ្វះ​បាន​នៅ​ក្នុង​សេដ្ឋកិច្ច​ពិភពលោក។

លោក ​Thaksin ​កាល​ពី​ថ្ងៃ​សៅរ៍ ​បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន ​សែន​ ក្រុម​អ្នក​សេដ្ឋកិច្ច​និង​មន្ត្រី​រដ្ឋាភិបាល​នៅ​ក្នុង​សិក្ខា​សាលា​មួយ​ផ្តោត​ជា​សំខាន់​ទៅ​លើ​ជម្រើស​នានា​ សម្រាប់​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ និង​បាន​ផ្តល់​អនុសាសន៍​សំខាន់​ៗ​ មួយ​ចំនួន​ដល់​រដ្ឋាភិបាល​កម្ពុជា​ឲ្យ​បង្កើន​ចំណាយ​រដ្ឋ​ក្នុង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ និង​អប់រំ​ព្រម​ទាំង​ធ្វើ​ទំនើបកម្ម​ដល់​ប្រព័ន្ធ​ហិរញ្ញវត្ថុ​របស់​ប្រទេស។

លោក ​ចាន់ ​សុផល ​ប្រធាន​សមាគម​សេដ្ឋកិច្ច​កម្ពុជា​ បាន​ថ្លែង​ថា​ កំណើន​សេដ្ឋកិច្ច​កម្ពុជា​អាច​សម្រេច​បាន​តាម​អ្វី​ដែល​លោក​ Thaksin ​ចង់​បាន​ ដើម្បី​ដើរ​ឲ្យ​ទាន់​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​ជិត​ខាង​ជឿន​លឿន​ជាង​ប្រទេស​កម្ពុជា​ ដោយសារ​ប្រទេស​កម្ពុជា ​មាន​សក្តានុពល​ល្អ​ ស្ថិត​នៅ​ក្នុង​តំបន់​ដែល​មាន​លក្ខណៈ​ជឿន​លឿន ​និង​មាន​អំណោយ​ផល​ ប៉ុន្តែ​ប្រទេស​កម្ពុជា​ត្រូវការ​ឲ្យ​មាន​អភិបាលកិច្ច​ល្អ​ និង​ការ​ដឹកនាំ​ ដែល​គិតគូរ​ពី​ផលប្រយោជន៍​ជាតិ​ខ្ពស់​យូរ​អង្វែង​។

«ខ្ញុំ​ជឿ​ថា​ប្រសាសន៍​របស់​លោក ​Thaksin ​គឺ​ជា​ការ​លើក​ទឹក​ចិត្ត​ឲ្យ​ប្រទេស​កម្ពុជា​យើង​ខិតខំ​ចាប់​យក​ផ្លូវ ​ឬ ​ក៏​មាគ៌ា​សេដ្ឋកិច្ច​ដែល​មាន​កំណើន​ខ្ពស់​ គឺ​ហៅ​ថា​ជា​មធ្យម​ជុំវិញ​១០​ភាគរយ។​ អ្នក​ដឹក​នាំ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ នឹង​មាន​ការ​លើក​ទឹក​ចិត្ត​ចំពោះ​ប្រសាសន៍​របស់​លោក​ Thaksin ​ ហើយ​ខិត​ខំ​ធ្វើ​យ៉ាង​ណា​ឲ្យ​សម្រេច​បាន​ដូច​ដែល​គំនិត​របស់​លោក​ Thaksin ​ចង់​បាន»។

លោក​ សុន ​ឆ័យ ​តំណាងរាស្ត្រ​គណបក្ស​សម ​រង្សី​ បាន​ថ្លែង​ថា​ ប្រទេស​ម្ពុជា​ ជា​ប្រទេស​ដែល​ទិញ​ទំនិញ​ពី​ប្រទេស​ថៃ​ប្រមាណ​ ២.០០០​លាន​ដុល្លារ​អាមេរិច​ក្នុង​មួយ​ឆ្នាំ​ និង​ការ​នាំ​ចេញ​ទៅ​ប្រទេស​ថៃ​វិញ​ប្រមាណ​ ៥០​លាន​ដុល្លារ​អាមេរិក​តែ​ប៉ុណ្ណោះ​ ដែល​បង្ហាញ​ពី​សេដ្ឋកិច្ច​ទន់​ខ្សោយ​របស់​កម្ពុជា ​ហើយ​សេដ្ឋកិច្ច​កម្ពុជា​ពឹង​ផ្អែក​លើ​ធនធាន​ធម្មជាតិ​ និង​ការ​នាំ​ចេញ​សម្លៀក​បំពាក់។

«យើង​គ្រាន់​តែ​ស្តាប់​ពាក្យ​សម្តី​ទាំង​នេះ​ហួស​ពី​ការ​ពិត​ហួស​ហេតុ។ ​យើង​និយាយ​ឲ្យ​សាមញ្ញ ​គឺ​ជា​សម្តី​បញ្ជោរ​ដែល​ឲ្យ​យើង ​ជា​ពលរដ្ឋ​ខ្មែរ​ ត្រូវ​តែ​ប្រុង​ប្រយ័ត្ន​នូវ​អ្វី​ដែល​មន្ត្រី​នយោបាយ​ថៃ​ជើង​ចាស់​រូប​នេះ​ និយាយ​អំពី​ស្ថានភាព​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​នោះ។​ ដូច្នេះ​ការ​និយាយ​បែប​នេះ​ គឺ​ជា​ការ​និយាយ​ដែល​យើង​អាច​សន្និដ្ឋាន​ថា​ គេ​កំពុង​តែ​បញ្ជោរ​យើង​ ដើម្បី​ផល​ប្រយោជន៍​អ្វី​មួយ​ហើយ»។

លោក ​កឹម ​សុខា ​ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស​ បាន​ថ្លែង​ថា​ លោក​ Thaksin ​នឹង​ទាញ​យក​ប្រយោជន៍​សេដ្ឋកិច្ច​ពី​ប្រទេស​កម្ពុជា​យក​ទៅ​ឲ្យ​ប្រជាពលរដ្ឋ​ថៃ​របស់​លោក។​ ដូច​ដែល​លោក​ចង់​បាន​តំបន់​កោះកុង​ ធ្វើ​ជា​មូលដ្ឋាន​សេដ្ឋកិច្ច​ផ្តាច់​មុខ​របស់​លោក​ និង​បញ្ហា​ប្រេង​ជា​ដើម។

«ខ្ញុំ​មើល​ឃើញ​ថា​ ការណ៍​ដែល​គាត់​លើក​នេះ ​គឺ​ការ​ជាក់ស្តែង​នោះ ​តិច​ណាស់ ​ហើយ​ការ​ប្រមើល​មើល​ពិត​ដូច​គាត់​ថា​នោះ ​វា​តិច​ណាស់។ វា​មិន​ពិត​ទេ។​ ភាគ​ច្រើន​ការ​ដែល​គាត់​លើក​កោត​សរសើរ​នេះ​ ដើម្បី​បញ្ជោរ​លាក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន ​សែន ​ដើម្បី​បើក​ឱកាស​ឲ្យ​គាត់​មក​ឆក់​យក​ប្រយោជន៍​របស់​គាត់​នៅ​ក្នុង​ប្រទេស​កម្ពុជា​តែ​ប៉ុនហ្នឹង»។

លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន ​សែន​ បាន​ថ្លែង​កាល​ពី​សប្តាហ៍​មុន​ថា​ ប្រទេស​កម្ពុជា​នឹង​ទទួល​បាន​ផលប្រយោជន៍​ពី​លោក​ Thaksin ​ផ្នែក​ចំណេះ​ដឹង​ និង​បទពិសោធន៍​ផ្នែក​សេដ្ឋកិច្ច​សម្រាប់​មក​អភិវឌ្ឍន៍​សេដ្ឋកិច្ច​កម្ពុជា ​ហើយ​លោក​នឹង​មិន​ពិភាក្សា​អំពី​បញ្ហា​ប្រេង​ និង​ផលប្រយោជន៍​ រវាង​ប្រទេស​ទាំង​ពីរ​ជាមួយ​លោក ​Thaksin ​ទេ៕

This posting includes an audio/video/photo media file: Download Now

សត្វ​ទន្សោង​រង​ការ​ផុតពូជ

Posted: 19 Sep 2011 01:11 PM PDT

ការ​ប្រគល់​ដី​សម្បទាន​សេដ្ឋកិច្ច​ធំៗ ​និង​ការ​បរបាញ់​ខុស​ច្បាប់​បាន​និង​កំពុង​គំរាម​កំហែង​យ៉ាង​ធ្ងន់ធ្ងរ​ដល់​សត្វ​ទន្សោង​នៅ​កម្ពុជា។​ សត្វ​ទន្សោង​កម្ពុជា​ដែល​មាន​ចំនួន​ច្រើន​ជាង​គេ​បំផុត​នៅ​ក្នុង​ពិភពលោក។​ នេះ​បើ​យោង​តាម​របាយការណ៍​របស់​អង្គការ​មូលនិធិ​សកល​សម្រាប់​អភិរក្ស​ធម្មជាតិ​​ (WWF) ​នៅ​ថ្ងៃ​ច័ន្ទ​នេះ។

របាយការណ៍​ដែល​ធ្វើ​ឡើង​បន្ទាប់​ពី​បាន​ធ្វើ​ការ​សិក្សា​រួម​គ្នា​ជាមួយ​ភ្នាក់ងារ​រដ្ឋាភិបាល​កម្ពុជា ​បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ធ្វើ​ការ​អភិរក្ស​សត្វ​ទន្សោង​នេះ​ជា​បន្ទាន់​ដើម្បី​រក្សា​តុល្យភាព​នៃ​សត្វ​ព្រៃ​ដែល​កំពុង​ទទួល​រង​ការ​គំរាម​កំហែង​ពី​ការ​ផុត​ពូជ​នៅ​កម្ពុជា។

របាយកាណ៍​ដដែល​បង្ហាញ​ថា ​សត្វ​ទន្សោង​នៅ​កម្ពុជា​ក្នុង​ពេល​បច្ចុប្បន្ន​មាន​ចំនួន​ចន្លោះ​ពី​២.៧០០​ ទៅ​៥.៧០០​ក្បាល​ខណៈ​ដែល​សត្វ​ប្រភេទ​នេះ​មាន​ចំនួន​សរុប​ពី​៥.៧០០ ​ទៅ ​១១.០០០ ក្បាល​ក្នុង​ពិភពលោក។ ​ក៏ប៉ុន្ដែ​ចំនួន​នេះ​បាន​ធ្លាក់​ចុះ​ជាង​៩០​ភាគរយ​ចាប់​តាំង​ពី​ទសវត្ស​ឆ្នាំ​១៩៦០ ​មក​ម៉្លេះ​។

លោក ​ទេព ​អស្នារិទ្ធ ​មន្រ្តី​ផ្នែក​ទំនាក់​ទំនង​ព័ត៌មាន​របស់​អង្គការ ​WWF ​មាន​ប្រសាសន៍​ថា​ ការ​បាត់​បង់​ជម្រក​សត្វ​ទន្សោង​ គឺ​ជា​កង្វល់​ធ្ងន់ធ្ងរ​ជាង​ការ​បាត់បង់​សត្វ​ទន្សោង​ដោយ​ការ​ប្រមាញ់​ខុស​ច្បាប់។

«ការ​បាត់បង់​ទី​ជម្រក​នេះ ​បច្ចុប្បន្ន​គឺ​ជា​កត្តា​គំរាម​កំហែង​មួយ​ដែល​យើង​មាន​ការ​ព្រួយបារម្ភ​ជាង​គេ។ គឺ​ស្ដែង​ឡើង​តាម​រូបភាព​សម្បទាន​ដី​កសិកម្ម។​ សម្ពាធ​ចេញ​ពី​ការ​វិនិយោគ​ជាតិ​ និង​អន្ដរជាតិ ​ពាក់ពន្ធ័​ទៅ​នឹង​ការ​វិនិយោគ​កសិកម្ម​ធ្វើ​ឲ្យ​មាន​ការ​ព្រួយបារម្ភ​ចំពោះ​ការងារ​អភិរក្ស»។

សត្វ​ទន្សោង​គឺ​ជា​អម្បូរ​សត្វ​គោ។​ វា​មាន​ពណ៌​លឿង​ចាស់​ ហើយ​ប្រែ​ទៅ​ជា​ពណ៌​ប្រផេះ​នៅ​ពេល​ដែល​វា​មាន​វ័យ​ចំណាស់។​ អង្គការ​មូលនិធិ​សកល​សម្រាប់​អភិរក្ស​ធម្មជាតិ​ (WWF) ​និង​ភ្នាក់ងារ​រដ្ឋាភិបាល​មក​ពី​ក្រសួង​បរិស្ថាន​ និង​ក្រសួង​កសិកម្ម​បាន​ធ្វើ​ការ​សិក្សា​លើ​ព្រៃ​ទំហំ​សរុប​៦.០០០ ​គីឡូម៉ែត្រ​ក្រឡា ​ក្នុង​តំបន់​អភិរក្ស​សត្វ​ព្រៃ​ភ្នំ​ព្រិច​ និង​ព្រៃ​អភិរក្ស​មណ្ឌលគិរី​ ដែល​តំបន់​ទាំង​ពីរ​នេះ​ស្ថិត​ក្នុង​ខេត្ត​មណ្ឌលគិរី។ ការ​សិក្សា​ចាប់​ផ្ដើម​តាំង​ឆ្នាំ​២០០៩ ​មក​ម៉្លេះ​មុន​នឹង​ឈាន​ដល់​ការ​ធ្វើ​សេចក្ដី​សន្និដ្ឋាន​ក្នុង​ថ្ងៃ​នេះ។

ការសិក្សា​នោះ​បង្ហាញ​ទៀត​ថា ​ក្រៅ​ពី​សត្វ​ទន្សោង ​ពពួក​សត្វ​ជ្រូក​ព្រៃ ​និង​សត្វ​ឈ្លូស​ក៏​កំពុង​ទទួល​រងការ​វិនាស​ផង​ដែរ។ អង្គការ​ WWF ​បញ្ជាក់​ថា ​សត្វ​ទាំង​នេះ​គឺ​ជា​ចំណី​របស់​សត្វ​ខ្លា​ធំ ​ហើយ​ការ​បាត់បង់​សត្វ​ដែល​ជា​ចំណី​សត្វ​ខ្លា​ទាំង​នេះ​នឹង​ធ្វើ​ឲ្យ​បាត់បង់​តុល្យភាព​សត្វ​ព្រៃ​កម្ពុជា។​ ជាពិសេស​​ ការ​បាត់បង់​សត្វ​ខ្លា​ធំ​ដែល​នៅ​សេស​សល់​ប្រមាណ​តែ​ជាង​៣.០០០​ ក្បាល​តែ​ប៉ុណ្ណោះ​ក្នុង​ពិភពលោក។​ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​ទេព ​អស្នារិទ្ធ។

លោក​ ផាន់ ​ចាន់ណា ​មន្ដ្រី​ជំនាញ​នៃ​នាយកដ្ឋាន​ឧទ្យាន​ជាតិ​របស់​ក្រសួង​បរិស្ថាន ​និង​ជា​អ្នក​ចូល​រួម​ស្រាវ​ជ្រាវ​ជាមួយ​និង​អង្គការ​ WWF ​មាន​ប្រសាសន៍​ថា ​ប្រសិន​បើ​ការ​បរបាញ់​ខុស​ច្បាប់​នៅ​តែ​បន្ដ សត្វ​ទាំង​នេះ​នឹង​ទទួល​រង​ការផុតពូជ។

«បើ​សិន​​ជា​ការ​បរបាញ់​នៅ​តែ​បន្ត​នោះ ​វា​អាច​ធ្វើ​ឲ្យ​បាត់​បង់។​ ជាពិសេស​ពពួក​ដែល​ងាយ​​ទទួល​រងគ្រោះ​ហ្នឹង!​ ជា​ពពួក​ប្រភេទ​ខ្លា​ធំ​ ខ្លា​រខិន​អី​ហ្នឹង។ នៅ​ពេល​ដែល​ចំអី​វា​ថយ​ចុះ​ទៅ​ អាច​ពួកវា​ក៏​ថយ​តាម​ហ្នឹង​ដែរ។ ​ដូចជា​ករណី​ទន្សោង​ដែល​ពួក​ខ្ញុំ​រក​ឃើញ​ហ្នឹង ព្រោះ​លើ​ពិភព​លោក​ហ្នឹង​គឺ​ចំនួន​របស់​ពួក​វា​គឺ​ថយ​ចុះ​ខ្លាំង»។

មន្ដ្រី​ក្រសួង​កសិកម្ម​មិន​អាច​ទាក់ទង​សុំ​សេចក្ដី​អត្ថាធិបាយ​បាន​ទេ​នៅ​ថ្ងៃ​នេះ។​ ទោះ​ជា​យ៉ាង​ណា ​លោក ​ទេព ​អស្នារិទ្ធ ​មាន​ប្រសាសន៍​ថា​ រដ្ឋាភិបាល​បាន​បង្ហាញ​ការ​ប្រឹង​ប្រែង​ការ​ស្ដារ​ឲ្យ​ចំនួន​សត្វ​ខ្លា​ឲ្យ​មាន​ចំនួន​កើន​ឡើង។ អង្គការ​ WWF ​ជំរុញ​ឲ្យ​មាន​ការ​ជួយ​ទប់​ស្កាត់​បទ​ល្មើស​ព្រៃ​ឈើ ​និង​បទ​ល្មើស​លើ​សត្វ​ព្រៃ៕

This posting includes an audio/video/photo media file: Download Now

អ្នក​ភូមិ​បឹងកក់​រងរបួស​ពេល​ប៉ះទង្គិច​ជាមួយ​ប៉ូលីស​ ខណៈ​ដែល​ក្រុមហ៊ុន​បន្ត​​ឈូស​ផ្ទះ​ពួកគេ

Posted: 19 Sep 2011 08:13 AM PDT

អ្នក​តវ៉ា​ប៉ះទង្គិច​ជាមួយ​ប៉ូលិស​កាល​ពី​ថ្ងៃសុក្រ​ទី១៦​ខែកញ្ញា​សប្តាហ៍​មុន​នេះ ទាក់ទង​នឹង​ជម្លោះ​ដីធ្លី​យ៉ាង​យូរ​នៅ​តំបន់​បឹងកក់ ​ដែល​រដ្ឋាភិបាល​ជួល​ឲ្យ​ក្រុមហ៊ុន​ចិន​អភិវឌ្ឍ​ ហើយ​ដែល​មាន​ទំនាក់​ទំនង​ជាមួយ​ឧកញ៉ា​ម្នាក់។

កាល​ពី​ខែមុន ​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​បាន​យល់ព្រម​ប្រគល់​ដី​១២,៤៤​ហិកតា​ឲ្យ​គ្រួសារ​នៅ​សល់​ ក្រោយពី​ការ​បណ្តេញ​ចេញ។

ការ​សម្រេច​របស់​លោក​ហ៊ុន សែន​ធ្វើឡើង​ក្រោយ​ពី​ធានាគារ​ពិភពលោក​ផ្អាក​ប្រាក់​កម្ចី​កាល​ពី​ខែសីហា។

អ្នកភូមិ​បឹងកក់​ខ្លះ​បាន​កម្មសិទ្ធិ​ពី​សាលាក្រុង​ តែ​អ្នក​មិនមាន​ឈ្មោះ​បាន​ដី​ នៅ​តែ​បន្ត​តវ៉ា។ សាលាក្រុង​ភ្នំពេញ​ពន្យល់​ថា ​ពួក​គាត់​មិនមាន​ឈ្មោះ​​ពីព្រោះ​ផ្ទះ​របស់​គាត់​សង់​នៅ​លើ​បឹង។

<!--AV-->

អំពើ​ហិង្សា​កើត​ឡើង​ ក្រោយ​ពី​ក្រុមហ៊ុន​បញ្ជូន​ម៉ាស៊ីន​ឈូសដី​២​គ្រឿង​បំផ្លាញ​ផ្ទះ​នានា​ ហើយ​ប៉ូលីស​បំបែក​ការ​តវ៉ា។

ប៉ូលិស​កាន់​ខែល​ ដំបង​ឆក់​ ហើយ​បាន​ប្រើ​អំពើ​ហិង្សា​បំបែក​បាតុករ​ប្រហែល​១៥០​នាក់ ​ដែល​ជួបជុំ​គ្នា​នៅ​បឹងកក់។

លោក​អំ សំអាត​ សកម្មជន​សិទ្ធិ​មនុស្ស​លីកាដូ​និយាយ​ថា៖ «នេះ​ជា​ការ​រំលោភ​ទៅ​លើ​សិទ្ធិ​មនុស្ស​ចំពោះ​ប្រជាពលរដ្ឋ​ ក៏​ដូចជា​ការ​រំលោភ​ទៅលើ​ផ្ទះ​សម្បែង​ឬ​ក៏​សិទ្ធិ​លំនៅដ្ឋាន​របស់​ប្រជាពលរដ្ឋ​ ពីព្រោះ​យើង​មិនទាន់​បាន​ធ្វើ​ការ​ចរចា​ដោយ​សន្តិវិធី​ដើម្បី​រក​ដំណោះស្រាយ​សមរម្យ​ផង​ ហើយ​យើង​ទៅ​បំផ្លិច​បំផ្លាញ​ ទ្រព្យសម្បត្តិ​ ផ្ទះ​សម្បែង​របស់​គាត់​ទៀត​គឺ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​កាន់តែ​ក្រីក្រ»។

ក្រុម​សិទ្ធិ​មនុស្ស​និង​បុគ្គលិក​ជំនួយ​បរទេស​និយាយ​ថា ​មន្ត្រី​រដ្ឋាភិបាល​បាន​ប្រើ​កម្លាំង​បណ្តេញ​អ្នកភូមិ​ដើម្បី​យក​ដី​លក់​ឲ្យ​ឈ្មួញ​បរទេស​ និង​ឈ្មួញ​ក្នុង​ស្រុក។

ក្រុម​តាមដាន​ការ​បណ្តេញ​មនុស្ស​ចេញ​ពី​ផ្ទះ​សម្បែង​ឲ្យ​ដឹង​ថា ​អ្នកភូមិ​៣​ម៉ឺន​នាក់​ត្រូវ​បណ្តេញ​ចេញពី​ដី​របស់​ខ្លួន​ក្នុង​ឆាំ្ន​២០១០​ និង​២៧.០០០​នាក់​ក្នុង​ឆ្នាំ​២០០៩។ ​គេ​រំពឹង​ថា​ ក្នុង​ពេល​ពីរ​បី​ឆ្នាំ​ទៀត​នឹង​មាន​ការ​បណ្តេញ​អ្នក​ភូមិ​ប្រមាណ​១៤​ម៉ឺន​នាក់ ​ក្នុង​នោះ​មាន​៧​ឬ​៨​ម៉ឺន​នាក់​នៅ​ភ្នំពេញ។

មន្ត្រី​រដ្ឋាភិបាល​អះអាង​ថា​ ផែនការ​នេះ​គឺ​អភិវឌ្ឍ​រាជធានី​ភ្នំពេញ។ ​មាន​ពលរដ្ឋ​ជិត​៤​ពាន់​គ្រួសារ​ពាក់ព័ន្ធ​ក្នុង​ជម្លោះ​ដីធ្លី​នៅ​បឹងកក់​តាំងពី​ឆ្នាំ​២០០៦​មក។

បឹងកក់​នៅ​ភ្នំពេញ​នេះ​ត្រូវ​ចាក់​ដី​បំពេញ​ដើម្បី​សង់​ផ្ទះ​ប្រណិត​ដោយ​ក្រុមហ៊ុន​ចិន​ឈ្មោះ​ Inner Mongolia Erdos Hongjun​ Investemt Corp​ ដែល​សន្យា​ចំណាយ​៣​ពាន់​លាន​ដុល្លារ​​សាងសង់​ផ្ទះ​ ស្ល​ដែក​ និង​ផលិត​អគ្គិសនី​នៅ​កម្ពុជា។

អ្នកភូមិ​២.៧៥២​គ្រួសារ​ត្រូវ​បាន​បណ្តេញ​ចេញពី​ផ្ទះ​នៅ​តំបន់​បឹងកក់​ហើយ​ ហើយ​១.៥០០​គ្រួសារ​មិន​ព្រមចេញ​ ដោយ​នៅ​តវ៉ា​រាល់ថ្ងៃ​ បដិសេធ​សំណង​ចំនួន​៨.៥០០​ដុល្លារ​ ឬ​ផ្ទះ​ថ្នូរ​នៅ​ក្រៅ​ទីក្រុង។​ ការ​ទាមទារ​ចុងក្រោយ​របស់​អ្នក​ភូមិ​គឺ​ដី​នៅ​នឹង​កន្លែង​ទំហំ​៦៤​ម៉ែត្រ​ការ៉េ​ក្នុង​មួយ​គ្រួសារ។

ក្រុមហ៊ុន​ស៊ូកាកូអ៊ីង​ទទួល​បាន​សម្បទាន​ដី​បឹងកក់​នេះ​ ហើយ​មាន​ផែនការ​សាងសង់​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ​និង​ផ្ទះ​សម្រាប់​លក់។​ បឹងកក់​ធ្លាប់​ជា​កន្លែង​ប្រជាប្រិយ​សម្រាប់​អ្នក​ទេសចរ​មើល​ថ្ងៃ​លិច​នៅ​រាជធានី​ភ្នំពេញ​ ហើយ​មាន​ភោជនីយដ្ឋាន​ និង​ផ្ទះ​សំណាក់​ជា​ច្រើន​របស់​ប្រជាជន​ក្នុង​តំបន់​នេះ៕

This posting includes an audio/video/photo media file: Download Now

ព័ត៌មាន​អន្តរជាតិ​សង្ខេប៖ ១៩ កញ្ញា

Posted: 19 Sep 2011 06:39 AM PDT

ព័ត៌មាន​ចុង​ក្រោយ​បំផុត៖

លីប៊ី៖ ពួក​អាជ្ញាធរ​អន្តរកាល​នៃ​ប្រទេស​លីប៊ី​កំពុង​ប្រឈមមុខ​បញ្ហា​ខាង​យោធា​និង​នយោបាយ​ ខណៈពេល​ដែល​ពួក​អ្នក​ប្រយុទ្ធ​បាន​ជួប​ប្រទះ​ការ​តស៊ូ​ដែល​បន្ត​កើត​មានឡើង​នៅ​ទីតាំង​ដ៏​រឹងមាំ​ដែល​នៅសេសសល់​របស់​​អតីត​មេដឹកនាំ​ម៉ូអាម៉ារ​ ហ្កាដាហ្វី​ ហើយ​មេដឹកនាំ​ក្រុមប្រឹក្សា​អន្តរកាល​ជាតិ​បាន​ពន្យារ​ពេល​ការ​ប្រកាស​​រដ្ឋាភិបាល​ថ្មី។

ឥណ្ឌា៖ ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង​នៅ​ថ្ងៃ​ច័ន្ទ​នេះ​បាន​បង្អាក់​ការ​ស្វែងរក​ពួក​អ្នក​នៅ​រស់រាន​មាន​ជីវិត​ពី​គ្រោះ​រញ្ជួញដី​ដែល​មាន​កម្លាំង​ ៦,៩​ ដែល​បាន​សម្លាប់​មនុស្ស​យ៉ាង​ហោចណាស់​ក៏​៥៣​នាក់​នៅ​តំបន់​ដាច់​ស្រយាល​មួយ​នៃ​ភ្នំ​ហេមពាន្ត​នៃ​ព្រំដែន​ប្រទេស​ឥណ្ឌា​ ប្រទេស​នេប៉ាល់​ និង​ប្រទេស​ចិន។

ប៉ាគីស្ថាន៖ ប៉ូលីស​ប៉ាគីស្ថាន​និយាយ​ថា​​អ្នក​ដាក់​គ្រាប់​បែក​អត្តឃាត​ម្នាក់​បាន​ចុច​បំផ្ទុះ​គ្រឿង​ផ្ទុះ​ដែល​ផ្ទុក​ក្នុង​រថយន្ត​នៅ​ខាង​ក្រៅ​គេហដ្ឋាន​របស់​មន្ត្រី​ប៉ូលីស​ជាន់​ខ្ពស់​ម្នាក់​ក្នុង​ទីក្រុង​ Karachi ​ដោយ​បាន​សម្លាប់​មនុស្ស​យ៉ាង​ហោចណាស់​ក៏​៨នាក់​ដែរ។

យេម៉ែន៖ សាក្សី​នៅ​ក្នុង​រដ្ឋធានី​សាណា​ (Sana'a) នៃ​ប្រទេស​យេម៉ែន​និយាយ​ថា​ កង​កម្លាំង​សន្តិសុខ​រដ្ឋាភិបាល​​បាន​សម្លាប់​មនុស្ស​យ៉ាង​តិច​៥​នាក់​ នៅ​ក្នុង​ការ​វាយ​ប្រយុទ្ធ​ជា​មួយ​ក្រុម​អ្នកតវ៉ា​ប្រឆាំង​រដ្ឋាភិបាល​ នៅ​ពេល​មួយ​ថ្ងៃ​​បន្ទាប់​ពី​ទី​ក្រុង​នេះ​បាន​ពើបប្រទះ​នឹង​អំពើ​ហិង្សា​ដ៏​អាក្រក់​បំផុត​ក្នុង​ពេល​ជា​ច្រើន​ខែ​កន្លង​មក​នេះ។

ចិន/កោះតៃវ៉ាន់៖ បណ្តាញ​ផ្សាយ​ព័ត៌មាន​រដ្ឋ​ចិន​ កំពុង​ព្រមាន​ថា​នឹង​មាន​ផល​វិបាក​យ៉ាង​ធ្ងន់​ធ្ងរ​ ប្រសិនបើ​សហរដ្ឋ​អាមេរិក​បន្ត​ធ្វើ​ទៅតាម​ផែនការ​ដែល​បាន​រាយការណ៍​ឲ្យ​ដឹង​ ក្នុង​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​កង​យន្តហោះ​ចម្បាំង​ F-16 ​ដែល​កោះ​តៃវ៉ាន់​មាន​ទាំង​ប៉ុន្មាន។

សហរដ្ឋ​អាមេរិក៖ លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​បារ៉ាក់ ​អូបាម៉ា​ នឹងប្រកាស​អនុសាសន៍​របស់​លោក​ដើម្បី​កាត់​បន្ថយ​ឱនភាព​ថវិការ​សហព័ន្ធ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​។ សំណើ​នេះ​អំពាវនាវ​ឲ្យមាន​ប្រាក់​ចំណូល​ពន្ធដា​ថ្មី​ចំនួន​១,៥​លានលាន​ដុល្លារ​ រួមមាន​អត្រា​ពន្ធដា​អប្បបរមា​ថ្មី​ដ៏​សម្រាប់​អ្នក​ទាំងឡាយ​ណា​ដែល​រក​ប្រាក់​ចំណូល​បាន​ជាង​១លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ។

កូរ៉េខាងជើង៖ នៅ​ថ្ងៃ​ច័ន្ទ​នេះ អ្នក​ការ​ទូត​កំពូល​របស់​ប្រទេស​ចិន​បាន​អំពាវនាវ​ឲ្យ​មាន​ការ​ចាប់​ផ្តើម​កិច្ច​ចរចា​ជា​ថ្មី​ឡើង​វិញ​អំពី​ការ​លុប​បំបាត់​អាវុធ​នុយក្លេអ៊ែរ​​ជា​មួយ​ប្រទេស​កូរ៉េ​ខាង​ជើង​។ថ្លែង​នៅ​ក្នុង​សិក្ខា​សាលា​មួយ​ស្តី​ពី​កិច្ច​ចរចា​នេះ​​នៅ​ទី​ក្រុង​ប៉េកាំង​ លោក​រដ្ឋមន្រ្តី​ការ​បរទេស​ យ៉ាង ជាឈី (Yang Jiechi) បាន​ជម្រាប​អ្នក​ការ​ទូត​និង​អ្នក​បញ្ញវន្ត​ថា​ ប្រទេស​ចិន​មាន​សេចក្តី​រីក​រាយ​ក្នុង​ការ​ឃើញ​ការ​ទាក់​ទង​គ្នា​ទៅ​វិញ​ទៅ​មក​ជា​វិជ្ជមាន​ក្នុង​ចំណោម​ភាគី​ទាំង​៦ ដែល​ជាប់​ទាក់ទង​នឹង​កិច្ច​ចរចា​នេះ។

ព័ត៌មាន​នៅ​ពេល​មុន​នេះ៖

<!--IMAGE-RIGHT-->

ឥណ្ឌា៖ មាន​ការ​រង្គើ​ផែនដី​ខ្លាំង​មួយ​មាន​កម្លាំង​៦,៩​​បាន​កើត​មាន​ទ្បើង​ក្នុង​ផ្នែក​ឦសាន​នៃ​ប្រទេស​ឥណ្ឌា​ ក្នុង​ប្រទេស​នេប៉ាល់​និង​ផ្នែក​ឯ​ទៀតៗ​នៃ​តំបន់​នោះ​ បណ្តាល​ឱ្យ​មនុស្ស​យ៉ាង​តិច​ណាស់​៨​នាក់​ស្លាប់​ ធ្វើ​ឱ្យ​ខូច​អគារ​និង​នាំ​ឱ្យ​មាន​ការ​ស្លន់​ស្លោ។

នីហ្សេរីយ៉ា៖ ប្រទេស​នីហ្សេរីយ៉ា​បាន​ប្រកាស​ផ្តល់​រង្វាន់​យ៉ាង​ច្រើន​ឱ្យ​ដល់​ជន​ទាំងទ្បាយ​ណា​ដែល​ផ្តល់​ព័ត៌មាន​អំពី​ជន​ជា​មេគំនិត​នៃ​ការ​បំផ្ទុះ​គ្រាប់បែក​ដ៏​ប្រល័យ​កាល​ពី​ខែ​មុន​នៅ​ឯ​ទីស្នាក់ការ​ធំ​របស់​អ.ស.ប.​ក្នុង​ក្រុង​អាប៊ូហ្សា (Abuja)។

លីប៊ី៖ ក្រុម​យុទ្ធជន​នៃ​ក្រុម​ប្រឹក្សាជាតិ​អន្តរកាល​នៃ​ប្រទេស​លីប៊ី​បាន​ជួប​ប្រទះ​នឹង​ការ​ទប់ទល់​យ៉ាង​ខ្លាំង​កាល​ពី​ថ្ងៃ​អាទិត្យ​នៅ​ក្នុង​សំបុក​២​ដែល​សេសសល់​របស់​ Moammar Gadhafi​ នៅ​ពេល​ដែល​ពួក​មេដឹកនាំ​ NTC បាន​ពន្យារ​ពេល​ការ​ប្រកាស​រដ្ឋាភិបាល​ថ្មី​មួយ។

យេម៉ែន៖ ពួក​អ្នក​ឃើញ​ហេតុការណ៍​ដោយ​ផ្ទាល់​ និង​ពួក​ពេទ្យ​​បាន​និយាយ​ថា​ កង​កម្លាំង​សន្តិសុខ​ យេម៉ែន​បាន​​សម្លាប់​មនុស្ស​យ៉ាង​តិច​ណាស់​១៥​នាក់​កាល​ពី​ថ្ងៃ​អាទិត្យ​នៅ​ពេល​ដែល​ពួក​គេ​បាន​បាញ់​ទៅ​លើ​ក្រុម​បាតុករ​ប្រឆាំង​នឹង​រដ្ឋាភិបាល​ក្នុង​រដ្ឋធានី​សាណា។

ប៉ាឡេស្ទីន៖ ពួក​ប្រេសិត​មក​ពី​ប្រទេស​និង​អង្គការ​បួន​ទទួល​បន្ទុក​កិច្ចការ​ភូមិភាគ​មជ្ឈឹម​បូព៌ា​ (Mideast Quartet)​ ប្រជុំ​គ្នា​ក្នុង​បូរី​ញូវយ៉ក​កាល​ពី​ថ្ងៃ​អាទិត្យ​ នៅ​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​ថែម​ទៀត​ដើម្បី​បញ្ចៀស​កុំ​ឱ្យ​មាន​ការ​ប៉ះទង្គិច​ខាង​ពាក្យ​សម្តី​នៅ​ក្នុង​អ.ស.ប.​អំពី​បញ្ហា​រដ្ឋ​ប៉ាឡេស្ទីន។

សហរដ្ឋ​អាមេរិក៖ នៅ​ថ្ងៃ​ច័ន្ទ​នេះ​ ​លោក​ប្រធានាធិបតី​​ស.រ.អ.​បារ៉ាក់​ អូបាម៉ា ​នឹង​ប្រកាស​អំពី​ផែនការ​ថែម​ទៀត​ ដើម្បី​កាត់បន្ថយ​ឱនភាព​ថវិកា​រដ្ឋាភិបាល​ ដោយ​មាន​រួម​បញ្ចូល​ទាំង​សំណើ​មួយ​សម្រាប់​អត្រា​ពន្ធដារ​តិច​បំផុត​សម្រាប់​ពួក​បុគ្គល​ដែល​មាន​ប្រាក់​ចំណូល​ជាង​១លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ។

ប៉ាគីស្ថាន៖ ពួក​មន្ត្រី​ស៊ើបការណ៍​សម្ងាត់​ប៉ាគីស្ថាន​បាន​និយាយ​ថា​ ក្រុម​ទាហាន​រដ្ឋាភិបាល​និង​ពួក​ជន​សកម្មប្រយុទ្ធ​តាលីបាន់​បាន​ប្រយុទ្ធ​គ្នា​កាល​ពី​ថ្ងៃ​អាទិត្យ​ដើម្បី​ដណ្តើម​យក​កម្ទេច​នៃ​យន្តហោះ​គ្មាន​មនុស្ស​បើក​មួយ​គ្រឿង​ដែល​បាន​ធ្លាក់​នៅ​ក្នុង​តំបន់​កុលសម្ព័ន្ធ​ Waziristan​ ខាង​ត្បូង។

អាហ្វហ្គានីស្ថាន៖ អង្កការ​ណាតូ​បាន​និយាយ​ថា​កង​កម្លាំង​ចម្រុះ​និង​កង​កម្លាំង​រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន​បាន​សម្លាប់​ពួក​បះបោរ​១០​នាក់​នៅ​ក្នុង​ការ​ឆ្មក់​វាយ​ប្រហារ​មួយ​ទៅ​លើ​កន្លែង​ផលិត​គ្រឿង​ញៀន​​មួយ​​​ក្នុង​ផ្នែក​ខាង​ត្បូង​នៃ​ប្រទេស​អាហ្វហ្គានីស្ថាន​ នៅ​ពេល​ដែល​ពួក​ជន​សកម្មប្រយុទ្ធ​បាន​សម្លាប់​ទាហាន​ណាតូ​​៣​នាក់​ក្នុង​ឧប្បតិ្តហេតុ​ដាច់​ដោយ​ទ្បែក​ពី​គ្នា។

This posting includes an audio/video/photo media file: Download Now

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!