VOA News: ព័ត៌មាន: “តុលាការលើកការប្រកាសសេចក្តីសម្រេចលើរឿងក្តីបរិហារកេរ្តិ៍របស់លោកសម រង្ស៊ី” plus 2 more |
- តុលាការលើកការប្រកាសសេចក្តីសម្រេចលើរឿងក្តីបរិហារកេរ្តិ៍របស់លោកសម រង្ស៊ី
- គ្លីនិកព្យាបាលសេះដោយឥតគិតថ្លៃចាប់ផ្តើមដំណើរការនៅជនបទកម្ពុជា
- ព័ត៌មានអន្តរជាតិសង្ខេប៖ ២២ កញ្ញា
តុលាការលើកការប្រកាសសេចក្តីសម្រេចលើរឿងក្តីបរិហារកេរ្តិ៍របស់លោកសម រង្ស៊ី Posted: 22 Sep 2011 11:14 AM PDT នៅថ្ងៃព្រហស្បតិ៍នេះ តុលាការក្រុងភ្នំពេញបានលើកពេលប្រកាសសេចក្តីសម្រេចលើបណ្តឹងជំទាស់របស់លោកសម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំង ដែលតុលាការបានសម្រេចឲ្យលោកជាប់ទោសពន្ធនាគារចំនួនពីរឆ្នាំ ពីបទបរិហារកេរ្តិ៍លោករដ្ឋមន្ត្រីការបរទេស ហោ ណាំហុង។ លោក ហោ ណាំហុង បានប្តឹងលោក សម រង្ស៊ី នៅតុលាការកម្ពុជា និងបារាំង បន្ទាប់ពីលោកសម រង្ស៊ី បានធ្វើអត្ថាធិប្បាយនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០០៨ នៅមជ្ឈមណ្ឌលវាលពិឃាតជើងឯកថា លោក ហោ ណាំហុង គឺជាអតីតមេគុកបឹងត្របែកនៅក្នុងរបបខ្មែរក្រហម។ ហើយនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១១ តុលាការក្រុងភ្នំពេញបានកាត់ទោសលោក សម រង្ស៊ី ឲ្យជាប់ពន្ធនាគារចំនួនពីរឆ្នាំ ពីបទចោទប្រកាន់នេះ។ លោក សម រង្ស៊ី បានប្តឹងទាស់នឹងសេចក្តីសម្រេចរបស់តុលាការក្រុងភ្នំពេញនេះ។ លោក ជួង ជូងី មេធាវីការពារក្តីរបស់លោក សម រង្ស៊ី បានថ្លែងនៅក្នុងសវនាការថា លោក សម រង្ស៊ី មិនបាននិយាយដៅចំឈ្មោះលោក ហោ ណាំហុង ថាជាមេគុកបឹងត្របែកទេ។ លោក ជួង ជូងី បានស្នើសុំឲ្យតុលាការលើកលែងការចោទប្រកាន់ប្រឆាំងនឹងលោក សម រង្ស៊ី និងចាត់ទុកសេចក្តីសម្រេចរបស់តុលាការមុនថាឥតបានការ។ លោក កា សាវុធ មេធាវីការពារក្តីរបស់លោក ហោ ណាំហុង បានថ្លែងថា ច្បាប់មិនតម្រូវឲ្យតុលាការពិចារណាទៅលើសាលក្រមចាស់ទេ ខណៈដែលជនត្រូវចោទអវត្តមាននៅពេលសវនាការ។ លោកថាមាត្រា៣៧១នៃក្រមនីតិវិធីព្រហ្មទណ្ឌ បានបញ្ជាក់ច្បាស់ណាស់ថា ពិរុទ្ធជនដែលប្តឹងទាស់ ត្រូវមានវត្តមាននៅពេលសវនាការ ហើយលោក សម រង្ស៊ី អត់មានវត្តមាននៅពេលសវនាការទេ។ «បើពិរុទ្ធជនអត់មានវត្តមានទេ បណ្តឹងទាស់នៅក្នុងមាត្រា៣៧១ នៃក្រមនីតិវិធីព្រហ្មទណ្ឌថា ទុកជាបណ្តឹងអសារ ឥតការ ហើយតុលាការត្រូវរក្សាសាលក្រមចាស់ឲ្យនៅដដែល។ ដូច្នេះខ្ញុំជឿថា តុលាការឥតហ៊ានកែប្រែសាលក្រមចាស់ទេ ពីព្រោះវាខុសនឹងក្រមនីតិវិធីព្រហ្មទណ្ឌ»។ លោក ជួង ជូងី បានបញ្ជាក់ថា បើតុលាការមិនពិចារណាទៅលើសេចក្តីសម្រេចលើកមុនទេ និងយល់ស្របការទាមទារឲ្យតម្កល់សាលក្រមប្រឆាំងនឹងលោក សម រង្ស៊ីនេះ វាបង្ហាញពីភាពអយុត្តិធម៌ចំពោះលោក សម រង្ស៊ី ដោយលើសម្អាងថា ក្នុងករណីដូចគ្នានេះ តុលាការកំពូលបារាំងបានឲ្យលោក សម រង្ស៊ី ឈ្នះនៅដើមឆ្នាំ២០១១នេះ។ តុលាការកំពូលបារាំងបានសម្រេចក្តីឲ្យលោក សម រង្ស៊ី ឈ្នះក្តីលើបណ្តឹងរបស់លោក ហោ ណាំហុង ហើយលោក ហោ ណាំហុង បានឈ្នះនៅតុលាការដំបូង និងសាលាឧទ្ធរណ៍របស់ប្រទេសបារាំង។ លោក សេង នាង ចៅក្រមជំនុំជម្រះតុលាការក្រុងភ្នំពេញ បានលើកពេលប្រកាសសេចក្តីសម្រេចលើបណ្តឹងទាស់របស់លោក សម រង្ស៊ី រហូតដល់ថ្ងៃទី៥ ខែតុលា។ រហូតមកដល់ពេលនេះ លោក សម រង្ស៊ី មានទោសជាប់ពន្ធនាគារសរុបប្រាំបួនឆ្នាំអំពីការដកតម្រុយបង្គោលព្រំដែននៅខេត្តស្វាយរៀង ការផ្សព្វផ្សាយផែនទីក្លែងក្លាយ និងការចោទប្រកាន់លោកហោ ណាំហុង ថាជាអតីតមេគុកបឹងត្របែករបស់របបខ្មែរក្រហម៕ This posting includes an audio/video/photo media file: Download Now |
គ្លីនិកព្យាបាលសេះដោយឥតគិតថ្លៃចាប់ផ្តើមដំណើរការនៅជនបទកម្ពុជា Posted: 22 Sep 2011 01:05 PM PDT គ្លីនិកព្យាបាលសេះដោយឥតគិតថ្លៃចាប់ផ្តើមដំណើរការនៅជនបទកម្ពុជា។ សត្វពាហនៈនេះគឺជាកម្លាំងដឹកជញ្ជូនតម្លៃថោក ភាគច្រើននៅកន្លែងដែលរថយន្តទៅមិនដល់។ ពលរដ្ឋខ្មែរដែលត្រូវការដឹកជញ្ជូនស្រូវ អង្ករ និងរបស់ធ្ងន់ៗផ្សេងទៀត តែគ្មានលុយជួលឡានដឹកគឺគេជួលរទេះសេះ។ <!--AV--> ការដឹកជញ្ជូនប្រើកម្លាំងសត្វពេញនិយមណាស់នៅតំបន់ជនបទ ដូចជាឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល នេះ ជាដើម។ កន្លែងនេះ អ្នករត់រទេះសេះរកលុយបាន។ លោកជុំ សុភ័ណ អ្នករត់រទេះសេះអាយុ៣០ឆ្នាំ និយាយថា៖ «វាលឿនជាងគោ។ ប្រើទៅ ធំទៅលក់បានចំណេញទៀត ចំណេញលុយ បើយើងថែសេះ»។ សេះមានតម្លៃ៥០០ទៅ៨០០ដុល្លារ ហើយមានអាយុ២០ទៅ៣០ឆ្នាំ។ ប៉ុន្តែនៅកម្ពុជា ជាប្រទេសក្រីក្រនៅអាស៊ីអាគ្នេយ៍ សេះច្រើនតែធ្វើការហួសកម្លាំង ហើយម្ចាស់មិនសូវចេះដឹងរបៀបថែទាំ និងព្យាបាលសេះទេ ពេលវាឈឺ ឬរបួស។ នៅជនបទមិនសូវមានបសុពេទ្យទេ ដោយសារកម្ពុជាទើបចេញផុតពីសង្គ្រាម។ ដើម្បីជួយបញ្ហានេះ អង្គការក្រៅរដ្ឋាភិបាលមួយបានចាប់ផ្តើមបើកសមាគមសុខភាពសេះនៅកម្ពុជា គឺគ្លីនិកពេទ្យសេះចល័ត ចុះតាមសហគមន៍នៅជនបទ។ តាំងពីឆ្នាំ២០០៧មក បសុពេទ្យធ្វើការជាមួយអង្គការនេះក្នុងខេត្តចំនួន៩ ទម្លាក់ព្រូនសេះ ផ្តល់សារធាតុបំប៉ន ទឹកអេឡិចត្រូលីត្រ និងព្យាបាលជំងឺសេះដោយឥតគិតថ្លៃ។ លោកហាន ពិសិដ្ឋ បសុពេទ្យធ្វើការនៅសមាគមសុខភាពសេះនៅកម្ពុជា និយាយថា៖ «ខ្ញុំគិតថា ចំនួនសេះនៅស្រុកខ្មែរយើងអាចមានចំនួនកើនឡើងវិញក្នុងថ្ងៃអនាគត។ ពីមុន ពួកគាត់ធ្លាប់មានបញ្ហាសេះ។ គាត់ចិញ្ចឹមសេះ សេះគាត់ស្លាប់ដោយសារមានបញ្ហាជំងឺពីរបី។ ក្រោយមកទៀតគាត់មានអារម្មណ៍ថា គាត់លែងចិញ្ចឹមសេះហើយ ព្រោះនៅពេលដែលសេះគាត់ឈឺ អត់មានពេទ្យព្យាបាល។ គាត់ខាត។ ប៉ុន្តែនៅពេលដែលគាត់ដឹងថា ឥឡូវនៅ ពេលដែលសេះគាត់ឈឺ គាត់អាចទាក់ទងប្រាប់មកអង្គការខ្ញុំ។ ពួកខ្ញុំចុះទៅព្យាបាលជំងឺដល់ពួកគាត់។ ពួកគាត់មានអារម្មណ៍ថា គាត់ចង់ចិញ្ចឹមសេះឡើងវិញ»។ នៅឃុំជ្រៃលាស់នេះ បសុពេទ្យព្យាបាលសេះប្រហែល៣០ក្បាលដែលដំបៅក្រចក ដុះដុំពក និងជំងឺផ្សេងទៀត។ សមាគមនេះក៏រៀបចំសិក្ខាសាលាពន្យល់ម្ចាស់សេះអំពីជំងឺទូទៅ ជំងឺកូលិកផងដែរ។ ពេទ្យសេះប្រើក្រណាត់វែង និងក្រណាត់ជ្រុងពន្យល់អំពីចលនាពោះវៀន និងក្រពះសេះ។ បសុពេទ្យក៏ចែកកូនសៀវភៅណែនាំអំពីរបៀបឲ្យចំណីសេះនិងបាចទឹកនៅរោងសេះផងដែរ។ ម្ចាស់សេះអរគុណចំពោះជំនួយនេះ។ លោកស៊ូ ចន្ថា អាយុ២៨ឆ្នាំ ជាម្ចាស់សេះដែលត្រូវចាក់ថ្នាំទម្លាក់ព្រូន និយាយថា «ពីមុនអត់អង្គការ យើងអត់ដឹងរបត់វា វាមិនសូវឲ្យមើលប៉ុន្មានទេ។ ឲ្យតែកើតជំងឺហ្នឹងងាប់ភ្លាមៗតែម្តង»។ រហូតដល់ពេលនេះ សមាគមសុខភាពសេះនៅកម្ពុជាបានផ្តល់សេវាដោយឥតគិតថ្លៃ។ តែចាប់ពីឆ្នាំក្រោយទៅ សមាគមនេះមានផែនការចាប់ផ្តើមយកថ្លៃព្យាបាល៥០%ពីម្ចាស់សេះ។ អង្គការនេះសង្ឃឹមថានឹងធ្វើតេស្ត DNA សេះដើម្បីសិក្សាអំពីប្រភពកំណើតរបស់វាផងដែរ៕ ប្រែសម្រួលដោយ ពិន ស៊ីសុវណ្ណ This posting includes an audio/video/photo media file: Download Now |
ព័ត៌មានអន្តរជាតិសង្ខេប៖ ២២ កញ្ញា Posted: 22 Sep 2011 07:04 AM PDT ព័ត៌មានចុងក្រោយបំផុត៖ កម្ពុជា៖ លិខិតមួយច្បាប់ចុះហត្ថលេខាដោយរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុកម្ពុជា ស្នើថារដ្ឋាភិបាលគួរចាត់វិធានការប្រឆាំងនឹងអង្គការជំនួយដែលបានធ្វើការដើម្បីគាំទ្រអ្នកស្រុកដែលត្រូវជម្លៀស។ ប៉ាឡេស្ទីន៖ មន្រ្តីប៉ាឡេស្ទីន (Palestine) និយាយថា ពួកគេនឹងបន្តការស្វែងរកសមាជិកភាពពេញអង្គមួយនៅក្នុងអង្គការសហប្រជាជាតិ ទោះបីជាមានកិច្ចប្រឹងប្រែងខាងការទូត ដើម្បីបញ្ចុះបញ្ចូលឲ្យពួកគេទម្លាក់ចោលផែនការនេះ ដើម្បីធ្វើកិច្ចចរចាសន្តិភាពជាមួយប្រទេស អ៊ីស្រាអែល ជាជំនួសវិញយ៉ាងណាក៏ដោយ។ អ៊ីរ៉ង់៖ លោក ម៉ាក់មូត អាក់ម៉ាឌីនេយ៉ាត (Mahmoud Ahmadinejad) ប្រធានាធិបតីនៃប្រទេសអ៊ីរ៉ង់ នឹងថ្លែងសន្ទរកថានៅចំពោះមុខមហាសន្និបាតអង្គការសហប្រជាជាតិ នៅថ្ងៃព្រហស្បតិ៍នេះ នៅពេលមួយថ្ងៃបន្ទាប់ពីប្រទេសអ៊ីរ៉ង់ បានដោះលែងអ្នកដើរផ្សងព្រេងជាតិអាមេរិកាំងពីរនាក់ ដែលបានជាប់ឃុំឃាំងអស់រយៈពេលពីរឆ្នាំអំពីការសង្ស័យរឿងចារកម្ម។ សេដ្ឋកិច្ចពិភពលោក៖ ផ្សារលក់ហ៊ុននៅក្នុងទ្វីបអាស៊ី និង អឺរ៉ុប បានចុះថ្លៃយ៉ាងច្រើននៅថ្ងៃព្រហស្បតិ៍នេះ ជាប្រតិកម្មទៅនឹងការប្រមើលមើលអនាគតមិនល្អរបស់ធនាគារកណ្តាលនៃសហរដ្ឋអាមេរិក សម្រាប់ប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេនៅក្នុងពិភពលោកនេះ។ សេដ្ឋកិច្ចពិភពលោក៖ កូដកម្មពេញមួយថ្ងៃរបស់ក្រុមកម្មករនៃការដឹកនាំសាធារណៈនិងអ្នកបើករថយន្តតាក់ស៊ី ប្រឆាំងនឹងនយោបាយកាត់បន្ថយដើម្បីត្បិតត្បៀតរបស់រដ្ឋាភិបាល បានបណ្តាលឲ្យមានការរាំងស្ទះចរាចរនៅទីក្រុង អាថែនស៍ (Athens) នៅថ្ងៃព្រហស្បត៍នេះ។ លីប៊ី៖ សហរដ្ឋអាមេរិកកំពុងប្រុងប្រៀបដើម្បីបើកស្ថានទូតរបស់ខ្លួនឡើងវិញនៅក្នុងរដ្ឋធានីទ្រីប៉ូលី នៃប្រទេសលីប៊ី នៅពេលដែលអង្គការអូតង់ (NATO) និយាយថា ពួកគេនឹងបន្តប្រតិបត្តិការរបស់ខ្លួននៅក្នុងប្រទេសនេះ ក្នុងរយៈពេលបីខែទៅមុខទៀត។ យេម៉ែន៖ ពួកអ្នកលបបាញ់់នៅក្នុងរដ្ឋធានីប្រទេស យេម៉ែន (Yemen) បានបាញ់ទៅលើក្រុមបាតុករប្រឆាំងរដ្ឋាភិបាល ដោយបានសម្លាប់មនុស្សយ៉ាងតិចម្នាក់និងធ្វើឲ្យរបួសមនុស្ស ៩នាក់ទៀត។ <!--AV--> ព័ត៌មាននៅពេលមុននេះ៖ <!--IMAGE-RIGHT--> សហរដ្ឋអាមេរិក៖ លោកប្រធានាធិបតីបារ៉ាក់អូបាម៉ា និយាយថា វាមិនអាចមានផ្លូវកាត់ចំពោះដំណើរការសន្ដិភាពអ៊ីស្រាអែល-ប៉ាឡេស្ទីនទេ គឺដូចដែលលោកប្រធានាធិបតី Nicholas Sarkozy នៃប្រទេសបារាំងបានដាក់ស្នើ សម្រាប់តារាងពេលវេលាដល់ទៅមួយឆ្នាំ ដើម្បីដោះស្រាយការវិវាទគ្នានេះ។ ថៃ៖ អ្នកកែសម្រួលគេហទំព័រថៃលេចធ្លោម្នាក់ កំពុងតែប្រឈមនឹងការជាប់ពន្ធនាគារ២០ឆ្នាំ ក្នុងបទចោទទាក់ទងនឹងការរិះគន់ព្រះមហាក្សត្រនៃប្រទេសថៃក្នុងគេហទំព័រនោះ។ ជប៉ុន៖ ខ្យល់ព្យុះសមុទ្រRoke បោកបក់ទៅលើទីក្រុងតូក្យូនៅថ្ងៃពុធនេះ ដោយមានល្បឿនខ្យល់យ៉ាងខ្លាំងហើយនឹងភ្លៀងធំ បណ្ដាលឲ្យអ្នកធ្វើដំណើររាប់ម៉ឺននាក់ទៅធ្វើការ ហើយវិលត្រឡប់ទៅផ្ទះវិញជាប់គាំង ហើយបញ្ឈប់ប្រព័ន្ធដឹកនាំ។ ខ្យល់នេះធ្វើដំណើរទៅមុខទៀតឆ្ពោះទៅរករោងចក្រនុយក្លេអ៊ែរដែលខូចនៅឆ្នេរសមុទ្រភាគឦសានដែលទទួលរងដោយរលកស៊ូណាមី។ ឥណ្ឌា៖ ប្រទេសឥណ្ឌាបានបញ្ជាឲ្យដាក់មាន់ដោយឡែកពីគ្នានៅក្នុងរដ្ឋបេងហ្គាលខាងលិច (West Bengal) ក្រោយពីមានការឆ្លងរាលដាលជំងឺគ្រុនផ្ដាសាយបក្សី។ អ៊ីរ៉ង់/ស.រ.អ.៖ ជនជាតិអាមេរិកាំងដើរព្រៃនិងភ្នំពីរនាក់ ដែលត្រូវបានប្រទេសអ៊ីរ៉ង់ចាប់ឃុំក្នុងរយ:ពេលជាងពីរឆ្នាំ ក្នុងបទចោទធ្វើចារកម្ម ត្រូវបានដោះលែងឲ្យរួចខ្លួនពីពន្ធនាគារអ៊ីរ៉ង់នៅថ្ងៃពុធនេះ ហើយបានចេញដំណើរពីទីក្រុងតេអេរ៉ង់ហើយ។ អាហ្វហ្គានីស្ថាន៖ ជនជាតិអាហ្វហ្គានីស្ថាន រាប់រយនាក់ប្រមូលផ្ដុំគ្នានៅថ្ងៃពុធ ដើម្បីប្រឆាំងនឹងការសម្លាប់លោក Burhanuddin Rabbani អតីតប្រធានាធិបតីនៃប្រទេសអាហ្វហ្គានីស្ថាន ហើយនឹងជាអ្នកចរចាសន្ដិភាពនៅក្នុងផ្ទះរបស់លោកនៅក្នុងរដ្ឋធានីកាប៊ុល។ សហរដ្ឋអាមេរិក៖ ស.រ.អ.បានព្រមព្រៀងដាក់កម្រិតកំណត់លើចំនួនបុគ្គលិកយោធាដែលប្រចាំនៅប្រទេសប៉ាគីស្ថាន។ ប្រទេសប៉ាគីស្ថានអំពាវនាវឲ្យមានការកាត់បន្ថយ ក្រោយពីកងកម្លាំងពិសេសស.រ.អ.សម្លាប់ Osama Bin Laden មេដឹកនាំពួកអាល់កៃដា (al-Qaida) នៅក្នុងទីក្រុង Abbottabad នៅប្រទេសប៉ាគីស្ថាន នៅថ្ងៃទី២ខែឧសភា។ លីប៊ី៖ ក្រុមមន្ដ្រីអាជ្ញាធរអន្ដរកាលនៅប្រទេសលីប៊ីនិយាយថា កងកម្លាំងរបស់ខ្លួនបានត្រួតត្រាទីក្រុង Sabha នៅភាគខាងត្បូងនៃប្រទេសនេះស្ទើរតែទាំងស្រុងហើយ។ ទីក្រុងនេះជាទីក្រុងការពាររឹងមាំរបស់លោក Moammar Gadhafi។ ស៊ីរី៖ កងកម្លាំងសន្ដិសុខស៊ីរី បានសម្លាប់មនុស្សបួននាក់ទៀត នៅក្នុងការបង្ក្រាបតទៅទៀតទៅលើអ្នកជំទាស់ ខណ:ពេលដែលប្រទេសទួកគីប្រកាសថា ខ្លួនបញ្ឈប់ការចរចាគ្នាជាមួយប្រទេសនៅជិតខាងមួយនេះ ដោយសារអំពើហិង្សារបស់រដ្ឋាភិបាលទៅលើក្រុមអ្នកតវ៉ា។ ហិរញ្ញវត្ថុសកល៖ មូលនិធិរូបិយវត្ថុអន្ដ្រជាតិព្រមានថា ពេលវេលហួសទៅហើយ ដើម្បីគ្រប់គ្រងលើបញ្ហាហិរញ្ញវត្ថុ ដែលអាចបង្វិលសេដ្ឋកិច្ចដែលរើបឡើងវិញ ឲ្យវិលត្រឡប់ទៅស្ថានភាពដើមវិញ។ កូរ៉េ៖ លោកប្រធានាធិបតី Lee Myung-bak នៃប្រទេសកូរ៉េខាងត្បូងនិយាយថា លោកសង្ឃឹមថានឹងមានសន្ដិភាពនិងវិបុលភាពនៅប្រទេសកួរ៉េខាងជើង ហើយថា គោលបំណងនេះនឹងឈានទៅមុខ នៅពេលដែលរដ្ឋាភិបាលកូរ៉េខាងជើងក្លាយទៅជាសមាជិកមាន ការទទួលខុសត្រូវនៃសហគមន៍អន្ដរជាតិ។ This posting includes an audio/video/photo media file: Download Now |
You are subscribed to email updates from VOA News: ព័ត៌មាន To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |