VOA News: ព័ត៌មាន

VOA News: ព័ត៌មាន


ករណី​លោក​អៀង​សារី​ស្មុគស្មាញ​ជាង​មេដឹកនាំ​ខ្មែរ​ក្រហម​ផ្សេងទៀត

Posted: 09 Jul 2011 09:23 AM PDT

សវនាការ​បឋម​លើ​សំណុំ​រឿង​លេខ​០០២​បាន​បិទបញ្ចប់​កាល​ពី​ចុង​ខែ​មិថុនា​ហើយ​ដូច​ការរំពឹងទុក​​ករណី​កាត់ទោស​ពីរ​ដង​លើ​បទល្មើស​តែមួយ​និង​ការទទួល​បាន​ការប្រទាន​ការលើកលែង​ទោស​ពី​ព្រះមហាក្សត្រ​ខ្មែរ​សម្រាប់​លោក​អៀង​ សារី​បាន​ក្លាយ​ជា​ចំណុច​ទាមទារ​ដ៏​ខ្លាំង​មួយ​សម្រាប់​ក្រុម​មេធាវី​យក​មក​ការពារ​ដើម្បី​​សុំ​ឱ្យ​តុលាការ​ដោះលែង​ កូនក្តី​របស់​ពួកគេ។​ ក្រុម​អ្នកវិភាគយល់ថា​​តុលាការ​កាត់​ទោស​ក្រុម​មេដឹកនាំ​ខ្មែរ​ក្រហម​នឹង​ត្រូវ​ថ្លឹងថ្លែង​ឱ្យ​បាន​ហ្មត់ចត់​លើ​​បញ្ហា​​នេះ។ ក្រុម​មេធាវី​ការពារក្តី​ឱ្យ​លោក​អៀង សារី​ អតីត​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​សម័យ​ខ្មែរ​ក្រហម​បាន​ទាញ​អំណះអំណាង​ថា​បើ​យោង​តាម​ការលើក​លែង​ទោស​កន្លង​មក​គឺ​កូនក្តី​របស់​លោក​នឹង​ក្លាយ​ជា​អ្នក​រួច​ទោស​ ហើយ​ថែម​ទាំង​អាច​ចាត់​ថា​ជា​អ្នក​រួម​ចំណែក​ដល់​ដំណើរការ​កសាង​សន្តិភាព​របស់​កម្ពុជា​ផង​ដែរ។

ការអះអាង​នេះ​ដោយសារ​តែ​គុណបំណាច់​ដែល​ លោក​អៀង សារី​ ដែល​ក៏​ជាអតីត​ប្រធាន​ចលនា​​បង្រួប​​បង្រួម​ជាតិ​ប្រជាធិបតេយ្យ​​បាន​ដឹកនាំ​កងទ័ព​​និង​ប្រជាជន​ជាង​២០.០០០​នាក់​ចុះចូល​ជាមួយ​នឹង​​រដ្ឋាភិបាល​​កាលពី​ថ្ងៃ១៥​ ខែសីហា​ ឆ្នាំ១៩៩៦​ ដើម្បី​បញ្ចប់​សង្រ្គាម​រវាង​ភាគី​ខ្មែរ​និង​ខ្មែរ។ ខុសពី​មេដឹកនាំ​ខ្មែរ​ក្រហម​ដទៃ​ទៀត​លោក អៀង សារី​ ត្រូវ​បាន​​ព្រះមហាក្សត្រ​​ប្រទាន​ការលើកលែង​ទោស​ក្រោយ​ពី​លោក​បាន​ចុះចូល។​

សម្រាប់​លោក អាង ឧត្តម ​មេធាវី​ម្នាក់​របស់​លោក​អៀង សារី ​នេះ​​ជារឿង​​គ្រប់​គ្រាន់​សម្រាប់​កូនក្តី​របស់​លោក​ក្លាយ​ជា​មនុស្ស​ដែល​រួចខ្លួន​ពី​ការកាត់​ក្តី​នាពេល​បច្ចុប្បន្ន​នេះ បើគិត​ទាំង​ផ្លូវច្បាប់និង​ផ្លូវ​សង្គម។ លោក​ឧត្តម​បាន​បញ្ជាក់​ប្រាប់​វីអូអេ​កាលពីថ្ងៃ​សុក្រ​នេះ​​ថា​តុលាការ​ប្រជាជន​បដិវត្តន៍​កម្ពុជា​ដែល​ធ្លាប់​កាត់​ទោស​ប្រហារ​ជីវិត​លោក​អៀង សារី​ក្នុង​ឆ្នាំ​១៩៧៩​ ពីបទ​ប្រល័យ​ពូជសាសន៍​គឺ​ទោសទណ្ឌ​​នេះ​ត្រូវ​ចប់​សុពលភាព​ជាស្ថាពរ​ក្រោយពី​ប្រទេស​កម្ពុជា​បាន​លុបចោល​ទោស​ប្រហារ​ជីវិត​ក្នុង​ឆ្នាំ​១៩៨៩ ហើយ​​រដ្ឋធម្មនុញ្ញ​ឆ្នាំ​១៩៩៣​របស់​កម្ពុជា​ក៏​មិនមាន​​ទោស​ប្រហារ​ជីវិត​នេះ។ ដូច្នេះ​ព្រះរាជ​ក្រិត្យ​គឺ​ជា​របាំង​ដ៏មាំ​មួយ​សម្រាប់​ទប់​មិនឱ្យ​មាន​ការកាត់​ទោស​ឡើង​វិញ​ដូច​ការចោទ​ប្រកាន់​នានា​ដែល​តុលាការ​បច្ចុប្បន្នកំពុង​ប្រើ។​

លោក អាង ឧត្តម​បាន​បញ្ជាក់បន្ថែម​ដូច្នេះ​ទៀត​ថា៖​

«ហេតុអ្វី​បានជា​យើង​សុំ​ព្រះរាជក្រិត្យ​លើកលែង​ទោស​គឺ​ទាក់ទង​នឹង​អំពើទាំង​ឡាយ​ដែល​ចោទប្រកាន់​ក្នុង​សម័យ​នោះ​មិនឱ្យ​យក​មក​ចោទ​ប្រកាន់​កាត់ទោស​ទេ​ មិនអាច​ថា​លើកមុន​កាត់​ទោស​ពីបទ​ឧក្រិដ្ឋ​ប្រល័យ​ពូជសាសន៍​ហើយ​បទ​ឧក្រិដ្ឋ​ប្រល័យ​ពូជសាសន៍​នេះ​វា​គ្រប​ដណ្តប់​លើ​អំពើ​ទាំងអស់​ហើយ»។

លោក ​អាង ឧត្តម ​បាន​បញ្ជាក់ថា​ជា​ការណ៍​ល្អ​​គឺ​តុលាការ​គួរតែ​ទទួល​យក​ការលើក​លែង​ទោស​ដែល​កូនក្តី​របស់​លោក​បាន​ទទួល​ហើយ​ជាជំនួស​វិញ​គឺ​ប្រើ​កូនក្តី​របស់​លោក​​ជាសាក្សី​សម្រាប់​ជាប្រយោជន៍​បាន​យល់​ដឹង​​​ការណ៍​ពិត​ពី​របប​វាលពិឃាត​នោះ។​​

«ខ្ញុំថា​ល្អ​បើតាម​គំនិត​ខ្ញុំ​បើថា​ល្អ​ទុកប្រើគាត់​ជាសាក្សី​វិញ​ពីព្រោះ​យើង​ចង់​ដឹង​ការណ៍​ពិត​​ហើយ​ប្រសិន​បើចោទ​ប្រកាន់​អ្នក​ទាំង​អស់​នោះ​គេ​ទប់​ទល់​វិញ​ហើយ។ កុំ​សង្ឃឹម​ថា​បាន​ការណ៍​ពិត ការណ៍​ពិត​ទុក​គ្រាន់​តែ​សម្រាប់​ខ្លួន​ឯង​ហ្នឹង​ទៅ​ ភាគី​ម្ខាង​ដែល​គេ​ដឹង​រឿង​គេអត់​បង្ហាញ​ការណ៍​ពិត​មកយ៉ាង​ម៉េច​បាន​ទេ​ហើយ​អ្នក​ទាំង​អស់​ហ្នឹ​ងមិនមែន​ដឹង​ទាំង​អស់​ទេ»។

ខុសពី​ការបកស្រាយ​លើកមុន​បន្តិច​ដែល​ថា​តុលាការ​នេះ​មាន​យុត្តាធិការ​គ្រប់​គ្រាន់​​ក្នុង​ការកាត់​ទោស​​លើ​លោក អៀង សារី ​នោះ​ លោក ហ៊ុយ វណ្ណៈ​​មន្ត្រី​ផ្នែក​កិច្ចការ​សាធារណៈ​នៃ​សាលាក្តី​​បាន​កែតម្រូវ​​តាម​រយៈ​សេចក្តី​ថ្លែងការណ៍​ខ្លី​ថា​អ្វីៗ​ស្រេច​នៅ​លើ​ចៅក្រម​ជាអ្នក​សម្រេច​បើ​ទោះ​បី​ជា​ករណី​នេះ​ត្រូវ​បាន​អង្គជំនុំ​ជម្រះ​បឋម​លើក​មក​ពិភាក្សា​រួច​ហើយ​​ក៏​ដោយ។ លោក​ក៏​បាន​បន្ថែម​យ៉ាង​ដូច្នេះ​ថា៖

«មាន​ន័យថា​មាន​តែ​ចៅក្រម​ប៉ុណ្ណោះ ​ដែល​អាច​សម្រេច​ទៅលើ​ករណី​ទាំងអស់​នេះ​ហើយ​យើង​រង់ចាំ​សម្រេច​ជាផ្លូវការ​របស់​តុលាការ​នឹង​ចេញ​ក្នុង​ពេល​ខាងមុខ​ហើយ​ផ្នែក​កិច្ចការ​សាធារណៈ​របស់​យើង​នឹង​ធ្វើការ​ជូន​ដំណឹង​ជូន​សាធារណជន​នៅ​ពេល​ក្រោយ​ទៀត»។

យោងតាម​នីតិវិធី​របស់​តុលាការ​ គឺ​សេចក្តី​សម្រេច​ជា​សាធារណៈ​នឹង​ចេញ​ក្នុង​ពេល​ខាងមុខ​គឺ​អាច​នឹង​ចេញ​នៅ​មុន​ពេល​ការចាប់​ផ្តើម​សវនាការ​លើ​អង្គហេតុ​សម្រាប់​ករណី​០០២​ដែល​គ្រោង​ធ្វើ​ក្នុង​ពេល​ចុង​ឆ្នាំ​ខាងមុខ។ ​

អ្នកវិភាគ​បាន​ហៅថា​ករណី​របស់​លោក​អៀង សារី​គឺ​មិន​មែន​ជាករណី​ដែល​ងាយៗ​ក្នុង​ការសម្រេច​ទេ​វា​អាច​មាន​ការប្រទាំង​ប្រទើស​ច្រើន​រវាង​ការគោរព​តាម​ច្បាប់​ជាតិ​និង​អន្តរជាតិ​ទល់​នឹង​ការស្វែងរក​យុត្តិធម៌​សម្រាប់​ជនរងគ្រោះ​ដែល​បាន​ស្លាប់​ជាច្រើន​និង​យុត្តិធម៌​សម្រាប់​ជន​ជាប់​ចោទ​ដែល​បាន​ដឹកនាំ​កម្លាំង​ចូលមក​រដ្ឋាភិបាល​ដើម្បី​បញ្ចប់​នូវ​ការធ្វើ​សង្គ្រាម​ដែល​ហែកហួរ​​និង​​សម្លាប់​​ជនជាតិ​ឯង។

លោក​បណ្ឌិត​ឡៅ​​ ម៉ុង​ហៃ​ អ្នក​វិភាគ​ឯករាជ្យ​និង​ជា​អតីត​អ្នកស្រាវជ្រាវ​ជាន់​ខ្ពស់​នៃ​គណៈ​កម្មការ​​សិទ្ធិ​មនុស្ស​​អាស៊ី​បាន​បញ្ជាក់​ថា៖

«អំណះអំណាង​មួយ​ថា​សុពលភាព​ដោយ​ផ្តេកផ្តួល​ដូច​ដែល​ខ្ញុំ​បាន​និយាយ​អញ្ចឹង​គឺ​លើ​ច្បាប់​ហើយ​នឹង​ឋានានុក្រម​ច្បាប់​ហើយ​នីតិវិធី​លើកលែងទោស​វាត្រឹមត្រូវ​ ក៏ប៉ុន្តែ​អំណះអំណាង​មួយទៀត​ថា​ធ្វើអញ្ចឹង​វាអយុត្តិធម៌​ធ្ងន់ធ្ងរ​ណាស់​ចំពោះ​ជនរងគ្រោះ​ដែល​មាន​រាប់​លាន​នាក់​ និង​អំណះអំណាង​មួយ​ទៀត​វាអយុត្តិធម៌​ចំពោះ​ជន​ជាប់​ចោទ»។​

យ៉ាង​ណាក៏ដោយ ​លោក​អាង ឧត្តម​ បញ្ជាក់​ថា​បើ​ទោះបីជា​តុលាការ​សម្រេច​មិន​ទទួល​យក​តាម​ការទាមទារ​របស់​លោក​​ក្នុង​ការកាត់ទោស​​លើក​នេះ​ក៏លោក​និង​ក្រុម​ការពារ​មិនបោះ​បង់​ចោល​ការទាមទារ​ទេ។ លោក​នឹង​ពិចារណា​ប្តឹង​បន្ត​ទៅ​តុលាការ​កំពូល​ទៀត។

ជនជាប់​ចោទ​បីនាក់​ទៀត​ដែល​កំពុង​រង់ចាំ​ការកាត់​ទោស​ក្នុង​សំណុំ​រឿង​លេខ​០០២​ជាមួយ​នឹង​អៀង​ សារី ​ដែរ​ គឺ​មាន​លោក នួន ជា ​អតីត​មេមនោគម​វិជ្ជា​ខ្មែរ​ក្រហម លោក​ ខៀវ សំផន ​អតីត​ប្រមុខ​រដ្ឋ​ និង ​លោកស្រី​អៀង ធិរិទ្ធ ​អតីត​រដ្ឋ​មន្រ្តី​ក្រសួង​សង្គមកិច្ច។

របប​ខ្មែរ​ក្រហម​ត្រូវ​បាន​ចោទប្រកាន់ថា​បាន​ធ្វើឱ្យ​ពលរដ្ឋ​ខ្មែរ​ស្លាប់​បាត់​បត់​ជីវិត​ប្រមាណ​១,៧​លាន​នាក់​ដោយ​ការកាប់​សម្លាប់​ ការបង្អត់បាយ ​ការបង្ខំឱ្យ​ធ្វើការ​ជាទម្ងន់​និង​ជំងឺដម្កាត់​ជាដើម៕

This posting includes an audio/video/photo media file: Download Now

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!