VOA News: ព័ត៌មាន

VOA News: ព័ត៌មាន


មេធាវីនិយាយថា អៀង ធីរិទ្ធ​ឈឺ​មិនអាច​ចូល​រួម​សវនាការ

Posted: 04 Jul 2011 03:30 PM PDT

អតីត​រដ្ឋ​មន្ដ្រី​សង្គម​កិច្ច​ខ្មែរ​ក្រហម អៀង​ ធី​រិទ្ធ​ ទំនង​ជា​​កំពុង​ស្ថិត​ក្រោម​ការ​​ពិចារណា​របស់​សាលា​ក្ដី​ខ្មែរ​ក្រហម​អំពី​បញ្ហា​សុខ​ភាព​ថា​តើ​គាត់​អាច​ចូល​រួម​កាត់​​ទោស​បាន​​ដែរ​ឬ​ក៏​យ៉ាង​ណា។ ក៏​ប៉ុន្ដែ​សហ​មេធាវី​ និង​មន្ដ្រី​សាលាក្ដី​ខ្មែរ​ក្រហម​អត្ថាធិប្បាយ​ដោយ​​ប្រ​យត្ន័​​ប្រយែង​បំផុត​នៅ​ថ្ងៃ​ចន្ទ័​នេះ។

សហ​​មេធា​វី​​កម្ពុជា​ ​លោក​​ផាត់ ​​ពៅ​​ស៊ាង​​ បាន​​ប្រាប់​វីអូអេ​ខ្មែរ​នៅ​​ថ្ងៃ​​​នេះ​ថា កូន​​ក្ដី​​របស់​​លោក​​មាន​​ជំងឺ​​ជង្គង់​ ​ជំងឺ​​ភ្នែក និង​​មាន​​ជំងឺ​គេង​មិន​​លក់​​។ លោក​​បាន​បដិសេធ​​ការ​ផ្តល់​សេចក្តី​លំអិត​​ទាក់​​ទង​​នឹង​​បញ្ហា​​សុខភាព​​កូន​​ក្ដី​​របស់​​លោក​​អាស្រ័យ​​ដោយ​គ្មាន​របាយការណ៍​​ជា​​ផ្លូវ​ការ​​ពី​​ក្រុម​គ្រូ​ពេទ្យ។

យោង​តាម​ច្បាប់​អន្ដរ​ជាតិ ជន​ជាប់​សង្ស័យ​បទ​ឧក្រិដ្ឋ​ធ្ងន់​ធ្ងរ​ត្រូ​វ​ទទួល​បាន​ការ​ពិនិត្យ​អំពី​សម្បទា​សម្រាប់​ចូល​រួម​សវនា​ការ​ដោយ​ឆ្លង​កាត់​ការ​វាយ​តម្លៃ​របស់​ក្រុម​គ្រូ​ពេទ្យ។ យោង​តាម​ប្រភព​ស្និទ្ធនឹង​សាលាក្ដី​ខ្មែរ​ក្រហម​បាន​ឲ្យ​ដឹង​ថា ​អៀង​ ធីរិទ្ធ​ អាយុ ​៦៩ ​ឆ្នាំ​ទំនង​ជានឹង​ត្រូវ​​​​ទទួល​បាន​​ការ​លើក​​លែង​ណាមួយ​ក្នុង​ពេល​ខាងមុខ​នេះ​ដោយ​សារ​តែ​បញ្ហា​សុខភាព​ធ្ងន់​ធ្ងរ​ បន្ទាប់​ពី​មាន​ការ​​វាយ​តម្លៃ​របស់​ក្រុម​គ្រូ​ពេទ្យ។

លោក​សហ​មេធាវី ​ផាត់​ ពៅ​ស៊ាង​ មាន​ប្រសាសន៍​ដោយ​មិន​ច្បាស់​លាស់​ដែល​ទំនង​ជា​លោក​ចង់​ស្នើ​ឲ្យ​កូន​ក្ដី​របស់​លោក​ស្ថិត​នៅ​ក្រៅ​ការ​កាត់​ទោស​ដោយ​មូល​ហេតុ​សុខ​ភាព។ លោក​ថ្លែង​ថា៖

«នៅ​ដំណាក់​កាល​នៃ​ការ​ឃុំ​ខ្លួន យើង​សុំ​នៅ​ក្រៅ​ឃុំ​ដោយសារ​មូល​ហេតុ​សុខ​ភាព។ ដល់​ដំណាក់​កាល​​ឈាន​ដល់​ជំនុំ​ជម្រះ យើង​ឈាន​ដល់​ដំណាក់​កាល​មួយ​ទៀត»។

លោក​ឡាស ​អល​សិន ​មន្ដ្រី​ផ្នែក​ទំនាក់​ទំនង​កិច្ចការ​ច្បាប់​របស់​សាលា​ក្ដី​ខ្មែរ​ក្រហម​មាន​ប្រសាសន៍​​ថា​ ជន​ជាប់​ចោទ​មួយ​ចំនួន​ក្នុង​ចំណោម​ជន​ជាប់​ចោទ​ទាំង​បួន​នាក់​ក្នុង​សំណុំ​រឿង​ទី​ពីរ​ទទួល​បាន​ការ​​វាយ​តម្លៃ​ពី​សម្បទារបស់​ពួកគេ។ លោក​បាន​ប្រាប់​វីអូអេ​ខ្មែរ​ថា៖

«ចុង​ចោទ​មួយ​ចំនួន​នៅ​ក្នុង​សំណុំ​រឿង ​០០២ ​បាន​ស្នើ​សុំ​ឲ្យ​អង្គ​ជំនុំ​ជម្រះ​សាលាដំ​បូង​ធ្វើ​ការ​វាយ​តម្លៃ​ថា​​តើ​ពួក​គេ​អាច​មាន​សុខ​ភាព​មាំ​ទាំ​គ្រប់​គ្រាន់​សម្រាប់​នាំ​ខ្លួន​ចូល​កាត់​ទោស​ឬ​យ៉ាង​ណា។​ ការ​​វាយ​តម្លៃ​នេះ​នឹង​ត្រូវ​បញ្ចប់​ក្នុង​ពេល​ឆាប់ៗ​នេះ។ ប្រសិន​បើ​ចុង​ចោទ​ណា​ម្នាក់​​នឹង​ត្រូវ​​ទទួល​​បាន​​ការ​លើក​លែង​ពី​សាលា​ដំបូង​យើង​នឹង​ជូន​ដំណឹង​ជា​​សាធា​រណៈ»។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ យោង​តាម​ប្រភព​ស្និទ្ធ​នឹង​សាលា​ក្ដី​ខ្មែរ​ក្រហម​​ដែល​​ស្នើ​​សុំ​​មិន​​បញ្ចេញ​​ឈ្មោះ ក្រុម​គ្រូ​ពេទ្យ​បាន​ធ្វើ​ការ​វាយ​តម្លៃ​លើ​ស្ថានភាព​សុខភាព​របស់​អៀង ​ធី​រិទ្ធ ​​ធ្វើ​រាល់​ហើយ។

អៀង ​ធី​រិទ្ធ ​មាន​ឈ្មោះ​ដើម​ខៀវ​ ធី​រិទ្ធ ​និង​ត្រូវ​ជា​ប្អូន​ថ្លៃ​ស្រី​របស់​ប៉ុល​ ពត ដែល​ជា​មេស្ថាបនិក​​របប​​ខ្មែរ​ក្រហម​ដ៏​ប្រល័យ។ បង​ស្រី​របស់​គាត់​ ខៀវ​ ប៉ុណ្ណា​រី​ ប្រពន្ធ​ដើម​របស់​ប៉ុល ​ពត​ បាន​​ស្លាប់​កាល​ពី​ថ្ងៃ​ទី១ ​ខែ​កក្កដា ​ឆ្នាំ ​២០០៣ ​បន្ទាប់​ពី​មាន​ជំងឺ​វិក​លច​រិក​ជា​ច្រើន​ឆ្នាំ​។

អៀង ធីរិទ្ធ ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ឧក្រិដ្ឋ​កម្ម​ប្រឆាំង​មនុស្ស​ជាតិ ​ឧក្រិដ្ឋ​កម្ម​សង្រ្គាម​ និង​បទ​ប្រល័យ​ពូជ​​សាសន៍​ដូច​ជន​ជាប់​ចោទ​បី​នាក់​ផ្សេង​ទៀត​ក្នុង​សំណុំ​រឿង​០០២​ដែរ​​ដែល​រួម​មាន​នួន​ ជា​ ខៀវ​ សំផន និង​ប្ដី​របស់​គាត់ ​អៀង​ សារី។

លោក​ស្រី​ ក្លែរ ឌុហ្វ៊ី (Clair​ Duffy) អ្នក​ឃ្លាំ​មើល​សាលា​ក្ដី​ខ្មែរ​ក្រហម​មក​ពី​អង្គការ​គំនិត​ផ្ដួច​ផ្ដើម​យុត្តិធម៌​សង្គម​សេរី ​(OSJI)​ ដែល​មាន​មូលដ្ឋាន​នៅ​សហ​រដ្ឋ​អា​មេរិក​អធិប្បាយ​ថា​ លោក​ស្រី​មិន​បាន​ដឹង​អំពី​ករណី​ពិសេស​ទាក់​​ទង​នឹង​អៀង​ ធី​រិទ្ធ​នោះ​ទេ ​ក៏​ប៉ុន្ដែ​លោក​ស្រី​បាន​ដឹង​ថា ​មាន​ជន​ជាប់​ចោទ​បី​នាក់​ ដោយ​លើក​លែង​​តែ​​ខៀវ​ សំផន​ តែ​ប៉ុណ្ណោះ​បាន​ទទួល​ការ​ពិនិត្យ​ពី​សម្បទា​សម្រាប់​ការ​ចូលរួម​ការ​កាត់​ទោស​របស់​ពួក​​គេ។ ការ​កាត់​ទោស​នៃ​មេដឹក​នាំ​ជាន់​ខ្ពស់​ខ្មែរ​ក្រហម​ទាំង​បួន​ត្រូវ​បាន​រំពឹង​ថា​ អាច​នឹង​ចាប់​ផ្ដើម​ក្នុង​អំ​ឡុង​ខែ​សីហា ​ឬ​ខែ​កញ្ញា​ខាង​មុខ​នេះ៕

This posting includes an audio/video/photo media file: Download Now

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!