VOA News: ព័ត៌មាន: “សមាជិកសភាអាមេរិកាំងរិះគន់លើភាពយឺតយ៉ាវនៅសាលាក្តីខ្មែរក្រហម” plus 7 more
VOA News: ព័ត៌មាន: “សមាជិកសភាអាមេរិកាំងរិះគន់លើភាពយឺតយ៉ាវនៅសាលាក្តីខ្មែរក្រហម” plus 7 more |
- សមាជិកសភាអាមេរិកាំងរិះគន់លើភាពយឺតយ៉ាវនៅសាលាក្តីខ្មែរក្រហម
- ជនរងគ្រោះខ្មែរក្រហមទាមទារឲ្យមានការស៊ើបអង្កេតសម្រាប់សំណុំរឿង០០៣និង០០៤
- សវនាការបឋមកាត់ទោសមេខ្មែរក្រហមមិនទាន់ចេញលទ្ធផល
- ប្រជាពលរដ្ឋជាង៥០០គ្រួសារជំរុញឲ្យតុលាការស៊ើបអង្កេតរឿងក្តី០០៤
- សមាជិកសភាកម្ពុជាម្នាក់ស្នើពិនិត្យគម្រោងដែលផ្តល់ថវិកាដោយជប៉ុន
- សកម្មជនប្រឆាំងការជួញដូរ៖ មានមន្ត្រីអនុវត្តន៍ច្បាប់កេងប្រវ័ញ្ចលើរដ្ឋាភិបាល
- សង្ខេបព័ត៌មានអន្តរជាតិ - ០៥ កក្កដា
- កម្ពុជាអបអរជ័យជម្នះរបស់គណបក្សភឿថៃ
សមាជិកសភាអាមេរិកាំងរិះគន់លើភាពយឺតយ៉ាវនៅសាលាក្តីខ្មែរក្រហម Posted: 05 Jul 2011 02:53 PM PDT សមាជិកសភាអាមេរិកាំងម្នាក់បានស្តីបន្ទោសសាលាក្តីខ្មែរក្រហមចំពោះភាពយឺតយ៉ាវក្នុងការស្វែងរកយុត្តិធម៌ជូនជនរងគ្រោះហើយបានសម្តែងការព្រួយបារម្ភថាវាអាចជាការបដិសេធចោលនូវយុត្តិធម៌។ ថ្វីត្បិតតែសាលាក្តីខ្មែរក្រហមដែលចូលរួមដោយអ.ស.បបានចាប់ផ្តើមជំនុំជម្រះទោសសំណុំរឿង០០២ជាបឋមបន្ទាប់ពីសំណុំរឿង០០១មែន ប៉ុន្តែសមាជិកសភាអាមេរិកាំងម្នាក់គឺលោក Ed Royce បានសម្តែងការខកចិត្តចំពោះដំណើរការកាត់ទោសមានភាពយឺតយ៉ាវក្នុងការស្វែងរកយុត្តិធម៌ជូនជនរងគ្រោះ។ លោកថ្លែងយ៉ាងដូច្នេះដោយយោងថាមានការចំណាយពេលជាច្រើនឆ្នាំផងនិង ចំណាយលុយអស់ច្រើនផងហើយគឺមានតែអតីតកម្មាភិបាលខ្មែរក្រហមម្នាក់ គឺកាំង ហ្កេកអ៊ាវ ហៅឌុចដែលត្រូវនាំខ្លួនមកកាត់ទោស។ លោក Ed Royce សមាជិកសភាខាងគណបក្សសាធារណរដ្ឋមកពីមណ្ឌល៤០ នៃរដ្ឋកាលីហ្វ័រញ៉ាដែលមានពលរដ្ឋខ្មែរអាមេរិកាំងរស់នៅច្រើននោះ បានថ្លែង ប្រាប់វីអូអេផ្នែកខេមរភាសាតាមរយៈអ៊ីម៉េលកាលពីចុងសប្តាហ៍មុនថា ជារឿងស្រងាកចិត្តដែលរហូតមកទល់ពេលនេះមានជនជាប់ចោទតែម្នាក់គត់គឺកាំង ហ្កេកអ៊ាវ ហៅឌុចនៃរបបឃោរឃៅត្រូវគេកាត់ទោស។ លោកបានថ្លែងថា៖ «រឿងនេះជាដំណើរការរីកចម្រើនយ៉ាងយឺតណាស់សម្រាប់តុលាការដែលចំណាយពេលវេលា៨ឆ្នាំ ហើយទទួលបានថវិកាជាច្រើនរយលានដុល្លារពី សហគមន៍អន្តរជាតិ។ សភាស.រ.អាបានសម្តែងក្តីបារម្ភរបស់ខ្លួនលើអំពើពុករលួយនិងការគ្រប់គ្រងបែបមិនសមរម្យ។ ជាអកុសល តុលាការនេះកំពុងរងនូវការជ្រៀតជ្រែកផ្នែកនយោបាយក្នុងលំដាប់ខ្ពស់បំផុតផងដែរ»។ សាលាក្តីខ្មែរក្រហមចំណាយថវិកាជាង១៥០លានដុល្លារហើយមកទល់ពេល នេះចាប់តាំងពីតុលាការនេះកើតឡើងកាលពីឆ្នាំ២០០៣។ ការកាត់ទោស ឌុច ក្នុងសំណុំរឿង០០១នៅសាលាដំបូងឲ្យជាប់គុក៣៥ឆ្នាំបានកើតឡើងកាលពីចុងខែមិថុនាឆ្នាំ២០១០ពីបទដែលឌុចត្រូវគេចោទថាបានជាប់ទាក់ទិននឹងការស្លាប់មនុស្សជាង១២.០០០នាក់ពេលឌុចកាន់កាប់ជាប្រធានគុកទួលស្លែងឬហៅថាមន្ទីរស២១។ សំណុំរឿងនេះកំពុងស្ថិតក្នុងដំណើរការប្តឹងឧទ្ធរណ៍នៅឡើយ។ តុលាការខ្មែរក្រហមទទួលរងការរិះគន់យ៉ាងខ្លាំងរឿងអំពើពុករលួយកាត់ប្រាក់ ខែបុគ្គលិកសូកបាន់ អ្នកមានអំណាច ការជ្រៀតជ្រែកផ្នែកនយោបាយដែល រដ្ឋាភិបាល ប្រកាសមិនអនុញ្ញាតឲ្យមានការចោទប្រកាន់ទោសបន្ថែមលើជន ជាប់ចោទបន្ថែមទៀត ការមិនអនុញ្ញាតឲ្យសាក្សីសំខាន់ៗ៦នាក់ក្នុងរដ្ឋាភិបាល បច្ចុប្បន្នហើយជាអតីតមេដឹកនាំខ្មែក្រហមផងនោះទៅបំភ្លឺនៅតុលាការ។ លោក Ed Royce ជាសមាជិកគណៈកម្មាធិការការបរទេសនិងហិរញ្ញវត្ថុរបស់ សភាអាមេរិកបានអះអាងថា ខ្មែរក្រហមជាអ្នកទទួលខុសត្រូវចំពោះការស្លាប់ បាត់បង់ជីវិតពលរដ្ឋខ្មែរ២លាននាក់។ ហើយអ្នកនៅរស់រានជីវិតពីរបបខ្មែរក្រហមមានសេចក្តីប៉ងប្រាថ្នាច្បាស់លាស់ថានឹងយកអ្នកដឹកនាំរបបកាប់សម្លាប់នោះមកកាត់ទោសវិញ។ លោកបានបន្ថែមថា៖ «ការកាប់សម្លាប់នេះគឺជាឧក្រិដ្ឋកម្មដ៏គួរឲ្យតក់ស្លុតត្រូវប្រព្រឹត្តឡើងប្រឆាំងនឹងពលរដ្ឋកម្ពុជា ក៏ប៉ុន្តែយើងគ្រប់គ្នាមានចំណាប់អារម្មណ៍ចង់ឃើញយុត្តិធម៌កើតមានឡើង»។ លោកបានបន្ថែមសេចក្តីថា៖ «នៅស.រ.អាមានពាក្យស្លោកមួយថា យុត្តិធម៌ដែលត្រូវពន្យារពេល គឺជាយុត្តិធម៌ដែលគេបដិសេធ។ ហើយខ្ញុំបារម្ភខ្លាចថាករណីនេះជាករណីកើតឡើងក្នុងប្រទេសកម្ពុជា»។ លោក ហ៊ុយ វណ្ណៈ អ្នកនាំពាក្យសាលាក្តីខ្មែរក្រហមបានទទួលស្គាល់ថាមានការ ចោទប្រកាន់ច្រើនមកលើសាលាក្តីខ្មែរក្រហម ទាក់ទងនឹងការយឺតយ៉ាវ ការជ្រៀតជ្រែកផ្នែកនយោបាយនិងអំពើពុករលួយមែន ក៏ប៉ុន្តែការណ៍ពិតជាក់ស្តែង មិនមែនកើតមានដូចការចោទប្រកាន់នោះទេ។ លោក ហ៊ុយ វណ្ណៈ បានពន្យល់ ថា ក្រុមអ្នកជំនាញបានស្រាវជ្រាវហើយតែពុំបានបញ្ជាក់ពីអំពើពុករលួយទេ ហើយមួយវិញទៀតតុលាការខ្មែរក្រហមដំណើរការទៅតាមច្បាប់ មិនមានការ ជ្រៀតជ្រែកផ្នែកនយោបាយពីរដ្ឋាភិបាលនិងអ.ស.បឡើយ ពីព្រោះលោកអះអាង ថាទាំងអ.ស.បនិងរដ្ឋាភិបាលជាស្ថាប័នផ្សេងពីតុលាការ។ ដោយឡែកទាក់ទងនឹងការលើកឡើងពីភាពយឺតយ៉ាវរបស់សាលាក្តីខ្មែរក្រហមវិញលោក ហ៊ុយ វណ្ណៈបានអះអាងថាសាលាក្តីខ្មែរក្រហមកំពុងធ្វើដំណើរទៅលឿនជាងសាលាក្តីនៅក្នុងប្រទេសផ្សេងៗទៀតដោយសារអ្វីៗស្ថិតនៅក្នុងប្រទេស។ «ហើយដំណើរការសាលាក្តីមកដល់ពេលនេះវាជានីតិវិធីដែលយើងមិនអាចគេច វេសពីនីតិវិធីបានទេ។ យើងមិនអាចធ្វើលឿនដូចអ្វីដែលយើងគិតទុកក៏ប៉ុន្តែយើង ត្រូវអនុវត្តទៅតាមនីតិវិធីដែលជាការតម្រូវរបស់ច្បាប់ក៏ដូចជាការទាមទាររបស់ ភាគីនីមួយៗ។ បើយើង ធ្វេសប្រហែសណាមួយមត៌កហ្នឹង នឹងត្រឡប់មកវិញ។ ដូច្នេះមន្ត្រីច្បាប់បំពេញទៅតាមអ្វីដែលជានីតិវិធី ការលើកឡើងរបស់ភាគី នីមួយៗ។ ហើយទាំងអស់នេះហើយដែលគេហៅថា ដំណើរការនីតិរដ្ឋ»។ ទោះជាយ៉ាងក៏ដោយលោក សមាជិកសភា Ed Royce បានអះអាងថាពលរដ្ឋ ខ្មែរអាមេរិកាំងចង់ឃើញអតីតមេដឹកនាំខ្មែរក្រហមបន្ថែមទៀតត្រូវនាំយកមក កាត់ទោសក្រៅពីការអះអាងថាពួកគេមានការមិនសប្បាយចិត្តចំពោះការមិន អនុញ្ញាតឲ្យមានការចូលរួមច្រើនជាសាធារណៈ។ «ពលរដ្ឋខ្មែរអាមេរិកាំងភាគច្រើនបំផុតដែលខ្ញុំបាននិយាយជាមួយនោះ សម្តែង ភាពតប់ប្រម៉ល់ចំពោះសាលាក្តីខ្មែរក្រហមដែលពុំបានបើកទូលាយ ដល់សាធារណជន។ ហើយគ្មានជនជាប់ចោទបន្ថែមទៀតត្រូវនាំខ្លួនមកកាត់ទោស រួមទាំងមន្ត្រីខ្លះក្នុងរដ្ឋាភិបាលបច្ចុប្បន្នផងដែរ»។ លោក ហ៊ុយ វណ្ណៈវិញបានថ្លែងថាសាលាក្តីខ្មែរក្រហមកើតឡើង៣០ឆ្នាំក្រោយ ពីរបបខ្មែរក្រហមបានដួលរលំ ដូច្នេះមានខ្មែរក្រហមខ្លះបានស្លាប់ បើពុំដូច្នោះទេ ចំនួននៃជនជាប់ចោទអាចនឹងកើនឡើង។ «យើងនៅចាំបានថានៅមុនពេលដែលដំណើរការនេះកើតឡើង យើងក៏ដឹង ហើយថាមេដឹកនាំខ្មែរក្រហមជាន់ខ្ពស់ដូចជាប៉ុល ពតក៏ស្លាប់ កែ ពកក៏ស្លាប់ សុន សេន ក៏ស្លាប់ តាម៉ុកក៏ស្លាប់។ ហើយយើងគិតមើលប្រសិនបើអ្នកទាំងអស់ ហ្នឹងនៅរស់ប្រហែលជា ឬក៏ច្បាស់ណាស់ថាអ្នកទាំងអស់នោះគឺជាចំនួនបន្ថែម ទៀតនៅក្នុងសំណុំរឿងហើយ។ តែធ្វើដូចម្តេចបើអ្នកទាំងអស់នោះស្លាប់បាត់ ទៅហើយ។ ហើយចំនួនដែលមាននៅសល់គឺមានតែចំនួនដែលយើងឃើញជាក់ស្តែង ដែលដំណើរការរហូតមកដល់ពេលនេះគឺសំណុំរឿង០០១ និងសំណុំរឿង០០២»។ សាលាក្តីខ្មែរក្រហមគ្រោងនឹងកាត់ទោសសំណុំរឿង០០២ដែលមានពួកអតីតមេដឹកនាំខ្មែរក្រហមបួននាក់ទៀតលើអង្គសេចក្តីនៅចុងឆ្នាំនេះ គឺនួន ជា បងធំទី២ ខៀវ សំផន ប្រមុខរដ្ឋ អៀង សារី រដ្ឋមន្ត្រីការបរទេស អៀង ធិរិទ្ធ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចពីបទឧក្រិដ្ឋកម្មសង្គា្រម ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ដែលសង្ស័យថាមានជាប់ទាក់ទិននឹងការកាប់សម្លាប់ពលរដ្ឋខ្មែរជិតពីរលាននាក់នៅចន្លោះឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩។ សាលាក្តីនេះកំពុងមានការប្រទាញប្រទង់គ្នាក្នុងការនាំខ្លួនជនសង្ស័យ៥នាក់បន្ថែមទៀតមកជំនុំជម្រះទោសគឺសំណុំរឿង០០៣ និង០០៤៕ This posting includes an audio/video/photo media file: Download Now |
ជនរងគ្រោះខ្មែរក្រហមទាមទារឲ្យមានការស៊ើបអង្កេតសម្រាប់សំណុំរឿង០០៣និង០០៤ Posted: 05 Jul 2011 02:08 PM PDT ជនរងគ្រោះក្នុងរបបកម្ពុជាប្រជាធិបតេយ្យឬសម័យខ្មែរក្រហមបានទាមទារឲ្យសាលាក្តីខ្មែរក្រហមស៊ើបអង្កេតបន្ថែមលើករណីលេខ០០៣ និង០០៤ដែលជាប់ពាក់ព័ន្ធនឹងជនសង្ស័យចំនួន៥នាក់ទៀត ដែលសុទ្ធសឹងជាអតីតកម្មាភិបាលជាន់ខ្ពស់ខ្មែរក្រហម។ ការទាមទារនេះត្រូវបានធ្វើឡើងខណៈដែលសាលាក្តីដែលគាំទ្រដោយអង្គការសហប្រជាជាតិបានបញ្ចប់សវនាការបឋមរយៈពេល៤ថ្ងៃរបស់ខ្លួនលើសំណុំរឿងក្តីលេខ០០២កាលពីថ្ងៃព្រហស្បតិ៍ទី៣០ខែមិថុនាកន្លងទៅនេះ។ សំណុំរឿងលេខ០០២ ជាប់ពាក់ព័ន្ធនឹងមេដឹកនាំកំពូលៗចំនួនបួនរូបនៃសម័យខ្មែរក្រហម រួមមាន នួន ជា អតីតប្រធានសភា ខៀវ សំផន អតីតប្រមុខរដ្ឋ អៀង សារី អតីតរដ្ឋមន្ត្រីការបរទេស និងប្រពន្ធរបស់គាត់គឺ អៀង ធីរិទ្ធ អតីតរដ្ឋមន្ត្រីសង្គមកិច្ចខ្មែរក្រហម។ ចំណែកសំណុំរឿងលេខ០០១ ដែលជាប់ពាក់ព័ន្ធនឹងកាំង ហ្កិចអ៊ាវ ហៅឌុច អតីតប្រធានមន្ទីរស២១ឬគុកទួលស្លែងនោះ ទើបតែត្រូវបានជំនុំជម្រះចប់សព្វគ្រប់កាលពីខែមីនាឆ្នាំ២០១១នេះ។ <!--AV--> លោក ឥន្ទ វុទ្ធី គឺជាជនរងគ្រោះម្នាក់នៅក្នុងរបបខ្មែរក្រហមអះអាងថា លោកបានបាត់បង់បងប្អូន និងសមាជិកគ្រួសារសរុបចំនួន១១នាក់នៅក្នុងរបបនោះ។ លោកមានប្រសាសន៍នៅក្នុងបទសម្ភាសន៍ជាមួយវីអូអេខ្មែរកាលពីពេលថ្មីៗនេះថា លោកនឹងមិនអស់ចិត្តទេប្រសិនបើគ្មានការស៊ើបអង្កេតបន្ថែមទៅលើករណីទាំងនោះ។ លោកថ្លែងដូច្នេះថា៖ «អានេះ គេថា ភាពមិនអស់ចិត្ត។ ដូច្នេះអាហ្នឹងវាអត់មានផ្សះផ្សាររបួសផ្លូវចិត្តបានទេ។ អញ្ចឹងហើយបានទាមទារឲ្យមានដល់០០៣ទៅទៀត ពីព្រោះយើងថា ប៉ុន្មាននាក់នេះ វាអត់ទាន់គ្រប់ទេ ព្រោះយើងអត់បានចម្លើយថាហេតុអ្វីបានជាអញ្ចឹង នរណាឲ្យធ្វើអញ្ចឹង។ ទាល់តែបានអាហ្នឹង បានថាយើងទទួលបានយុត្តិធម៌»។ សហចៅក្រមស៊ើបអង្កេតនៃសាលាក្តីខ្មែរក្រហម បានប្រកាសបិទការស៊ើបសួរលើសំណុំរឿងក្តីលេខ០០៣ កាលពីចុងខែមេសាកន្លងទៅនេះ ដោយអះអាងថា ពួកខ្លួនបានស៊ើបអង្កេតលើករណីនេះអស់រយៈពេល២០ខែកន្លងមកហើយ។ ប៉ុន្តែ សហចៅក្រមស៊ើបអង្កេតបានខកខានក្នុងការបង្ហាញពីដំណើរការស៊ើបអង្កេតបន្ថែមលើសំណុំរឿងក្តី០០៤។ ជនរងគ្រោះនៃរបបខ្មែរក្រហមដែលមានមន្ទិលសង្ស័យបានទាមទារចង់ឲ្យមានការស៊ើបអង្កេតលម្អិតបន្ថែមទៀតលើករណីនោះ។ លោក ជុំ ស៊ីរ៉ាត គឺជាអនុប្រធានសមាគមជនរងគ្រោះដោយរបបខ្មែរក្រហមមួយឈ្មោះក្សេមក្សាន។ លោកមានប្រសាសន៍ដោយហៅការស៊ើបអង្កេតរបស់សហចៅក្រមស៊ើបអង្កេតនៃសាលាក្តីខ្មែរក្រហមនោះថាជាទង្វើឥតបានការ។ លោកបានប្រាប់វីអូអេខ្មែរថា៖ «គ្មានអ្នកណាដឹងថាតើគាត់ធ្វើឬមិនធ្វើ។ គ្មានតម្លាភាព។ បើសាធារណៈជនមិនដឹង តើការស៊ើបអង្កេតហ្នឹងបានការអី។ ក្នុងរឿងខ្មែរក្រហមហ្នឹង យើងរកការពិត។ យើងមិនមែនរកការសងសឹកទេ ដើម្បីឲ្យយើងស្ងប់នៅក្នុងអារម្មណ៍របស់យើង ដើម្បីយើងរៀបចំខ្លួនយើងរកការផ្សះផ្សារជាតិបាន។ ចុះបើគ្មានការពិត ហើយមិនដឹងការពិតហ្នឹងយ៉ាងម៉ិចផង តើបានការអីដែលថា បានស៊ើបអង្កេត២០ខែដែរនោះ?»។ ក្រុមខ្មែរក្រហមត្រូវបានស្តីបន្ទោសចំពោះការស្លាប់ប្រជាពលរដ្ឋកម្ពុជាប្រមាណ១.៧លាននាក់ ដោយសារការបង្អត់អាហារ ការបង្ខំឲ្យធ្វើការហួសកម្លាំង ការធ្វើទារុណកម្ម និងការកាប់សម្លាប់នៅក្រោមការគ្រប់គ្រងរបស់ពួកគេចន្លោះឆ្នាំ១៩៧៥ ដល់១៩៧៩។ ក្រៅពីអតីតមេដឹកនាំក្រុមនេះចំនួន៥នាក់ ដែលត្រូវបាននាំខ្លួនយកមកជំនុំជម្រះទោសនោះ ជនរងគ្រោះក្នុងសម័យខ្មែរក្រហមជឿថា អតីតមេដឹកនាំជាន់ខ្ពស់នៃរបបនោះយ៉ាងតិចចំនួន៥នាក់ទៀតដែលក្នុងនោះរួមមានអតីតមេបញ្ជាការទ័ពជើងទឹក និងអាកាសរបស់ខ្មែរក្រហមផង គួរត្រូវបាននាំខ្លួនយកមកឲ្យទទួលខុសត្រូវដែរ ចំពោះឧក្រិដ្ឋកម្មដែលបានកើតឡើងនៅសម័យនោះ។ ប៉ុន្តែរដ្ឋាភិបាលកម្ពុជា បានជំទាស់នឹងការនាំខ្លួនអតីតមេដឹកនាំជាន់ខ្ពស់នៃរបបខ្មែរក្រហមបន្ថែមទៀត យកមកជំនុំជម្រះទោសដោយសំអាងហេតុផលថា ការធ្វើបែបនេះ អាចរុញច្រានប្រទេសឲ្យធ្លាក់ទៅក្នុងសង្រ្គាមស៊ីវិលជាថ្មីទៀត។ តែទោះជាយ៉ាងនេះក្តី ក្រុមអ្នកតាមដានដំណើរការសាលាក្តីខ្មែរក្រហម បានលើកឡើងថា សាលាក្តីខ្មែរក្រហមយ៉ាងហោចណាស់ក៏គួរតែស៊ើបអង្កេតលើករណី០០៣និង០០៤បន្ថែមទៀត ទោះបីជាខ្លួនសម្រេចចោទឬមិនចោទប្រកាន់អតីតមេដឹកនាំខ្មែរក្រហមដែលពាក់ព័ន្ធទាំងនោះក៏ដោយដើម្បីបង្ហាញពីឯករាជ្យភាពពិតប្រាកដរបស់ខ្លួន និងដើម្បីជំរុញឲ្យមានការចូលរួមបន្ថែមទៀតពីជនរងគ្រោះនៅក្នុងសម័យខ្មែរក្រហម។ ក្រុមមន្ត្រីអង្គការសង្គមស៊ីវិលបានសម្តែងការព្រួយបារម្ភជាបន្តបន្ទាប់ថា សាលាក្តីខ្មែរក្រហមអាចនឹងបោះបង់សំណុំរឿង០០៣និង០០៤នេះចោល។ លោក ឡុង បញ្ញាវុធ មន្ត្រីគម្រោងយុត្តិធម៌នៅកម្ពុជា បានមានប្រសាសន៍ ដោយប្រៀបប្រដូចសាលាក្តីខ្មែរក្រហមបច្ចុប្បន្នទៅនឹងតុលាការកាត់ទោសអតីតមេដឹកនាំខ្មែរក្រហមដែលត្រូវបានបង្កើតឡើងកាលពីឆ្នាំ១៩៧៩ ខណៈដែលរដ្ឋាភិបាលបានព្យាយាមរាំងខ្ទប់សំណុំរឿងក្តី០០៣និង០០៤ មិនឲ្យដំណើរការទៅមុខបាន។ លោកមានប្រសាសន៍ថា៖ «ប្រសិនបើសំណុំរឿង០០៣ និង០០៤មិនត្រូវបានមើលឃើញថា មានតម្លាភាព មិនមានព័ត៌មានត្រូវបានបញ្ចេញមកទេ ដូច្នេះ វាជាការលំបាកមែនទែនសម្រាប់ឲ្យជនរងគ្រោះចូលរួមថែមទៀត និងគាំទ្រដំណើរការសាលាក្តី។ សាលាក្តីក៏ពិបាកក្នុងការបង្ហាញជាសាធារណៈថា ខ្លួនជាតុលាការឯករាជ្យ ជាតុលាការមួយអព្យាក្រិតភាព។ វាខុសគ្នាយ៉ាងម៉ិចពីតុលាការឆ្នាំ១៩៧៩ ដែលរដ្ឋាភិបាលកម្ពុជាជាអ្នកបង្កើត ហើយកាត់ក្តី តែនរណាដែលរដ្ឋាភិបាលចង់កាត់ក្តី»។ សាលាក្តីខ្មែរក្រហមបានបដិសេធចំពោះការលើកឡើងអំពីការជ្រៀតជ្រែក ឬការគាបសង្កត់ផ្នែកនយោបាយពីរដ្ឋាភិបាលកម្ពុជា នៅក្នុងដំណើរការសម្រេចចិត្តរបស់ខ្លួន។ លោក ឌឹម សុវណ្ណារុំ គឺជាមន្ត្រីទទួលបន្ទុកផ្នែកកិច្ចការសាធារណៈរបស់សាលាក្តីនេះ។ លោកបានប្រាប់វីអូអេខ្មែរថា៖ «អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា បំពេញបេសកម្មដោយឯករាជ្យ ស្ថិតក្នុងគោលដៅមួយស្វែងរកការពិត និងយុត្តិធម៌។ ហើយកន្លងមកសហចៅក្រមស៊ើបអង្កេតបានជម្រាបជូនសាធារណៈជនហើយថា ការងារដែលសហចៅក្រមស៊ើបអង្កេត ធ្វើរហូតមកដល់ពេលនេះ គឺជាការងារឯករាជ្យសុទ្ធសាធ។ ដូច្នេះ ការដែលគេនិយាយថា ចង់ឲ្យមានឬមិនឲ្យមាន [ករណី០០៣ និង០០៤] គឺជាសិទ្ធិរបស់គេ ប៉ុន្តែតុលាការនឹងបង្ហាញអំពីឆន្ទៈរបស់ខ្លួនយ៉ាងក្បោះក្បាយ នៅពេលដែលសហចៅក្រមស៊ើបអង្កេតនឹងចេញដីការដំណោះស្រាយក្នុងសំណុំរឿង០០៣ នៅក្នុងពេលខាងមុខនេះ»។ ដូច្នេះ ជនរងគ្រោះក្នុងរបបខ្មែរក្រហមនឹងត្រូវរង់ចាំមើលថា តើសាលាក្តីខ្មែរក្រហម នឹងដោះស្រាយយ៉ាងដូចម្តេចជាមួយករណី០០៣និង០០៤តទៅទៀត៕ This posting includes an audio/video/photo media file: Download Now |
សវនាការបឋមកាត់ទោសមេខ្មែរក្រហមមិនទាន់ចេញលទ្ធផល Posted: 05 Jul 2011 01:35 PM PDT លោក ប៊ូ ម៉េង អ្នករួចជីវិតពីគុកទួលស្លែង បួងសួងថា៖ «ខ្ញុំនឹងប្រឈមមុខនឹងពួកអស់នេះ ដើម្បីរកយុត្តិធម៌ជូនបងប្អូនដែលបានបាត់បង់ជីវិតនៅទីនេះ»។ ហើយលោក ជុំ ម៉ី បន្ថែមថា៖ «សូមឲ្យអ្នកបាត់បង់ជីវិតនៅទីនេះទាំងអស់ហ្នឹង ជួយជំរុញសាលាក្តីឲ្យបានកាត់ទោស ប៉ុន្មាននាក់ហ្នឹងឆាប់ៗ»។ នួន ជា មានអំណាចបំផុតទី២បន្ទាប់ពីប៉ុល ពត ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។ ឥឡូវនេះបុរសដែលគេស្គាល់ថា ជាបងធំទី២ ហើយនឹងមេដឹកនាំបីនាក់ទៀតនៃរបបឃោរឃៅរបស់ខ្មែរក្រហម បានឡើងសវនាការ៤ថ្ងៃក្នុងតុលាការគាំទ្រដោយអ.ស.ប.នៅទីក្រុងភ្នំពេញពីបទប្រល័យពូជសាសន៍។ សំណុំរឿងដែលអូសបន្លាយច្រើនឆ្នាំមកហើយនេះ គឺជាព័ត៌មានសំខាន់សម្រាប់បណ្តាញព័ត៌មាននានា។ អំឡុងពេលខ្មែរក្រហមកាន់អំណាចពីឆ្នាំ១៩៧៥ដល់១៩៧៩ ជនជាតិខ្មែរប្រមាណ១៧០០០០០ នាក់បានស្លាប់។ តុលាការនេះត្រូវបានបង្កើតឡើង ជាពិសេសសម្រាប់កាត់ទោសខ្មែរក្រហម។ ក្នុងសវនាការបួនថ្ងៃនោះ មេធាវីចុងចោទម្នាក់បានព្រលយពាក្យចោទប្រកាន់អំពីការលម្អៀង។ «ខ្ញុំសំណូមពរកុំយកតុលាការនេះជាកន្លែងសងសឹក។ ខ្ញុំសូមឲ្យតុលាការគោរពច្បាប់។ បើនរណាខុស នរណាត្រូវឲ្យតាមហ្នឹងទៅសូមអរគុណ»។ តែលោកព្រះរាជអាជ្ញា អេនឌ្រូ ខេលី (Andew Cayley) អះអាងថា សវនាការនេះដំណើរការដោយយុត្តិធម៌។ «តាមបទពិសោធន៍របស់ខ្ញុំក្នុងតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ខ្ញុំចាត់ទុកថា សវនាការនេះដំណើរការដោយជោគជ័យ និងយុត្តិធម៌បំផុតតាំងពីដំបូងមក»។ ក្រៅពីនួន ជាមានមេដឹកនាំខ្មែរក្រហមផ្សេងទៀតគឺ ខៀវ សំផន អតីតប្រមុខរដ្ឋ អៀង សារី អតីតរដ្ឋមន្ត្រី្តការបរទេស និងប្រពន្ធរបស់គាត់គឺអៀង ធីរិទ្ធ អតីតរដ្ឋមន្ត្រី្តសង្គមកិច្ច ក៏ត្រូវកាត់ទោសដែរ។ ក្នុងសវនាការនេះមានអ្នកចូលរួមច្រើនរយនាក់ ដូចជាជនរងគ្រោះ អ្នករួចជីវិតពីគុកនិងជំរំមរណៈរបស់របបនេះ បានចូលរួមស្តាប់៕ ប្រែសម្រួលដោយ ពិន ស៊ីសុវណ្ណ This posting includes an audio/video/photo media file: Download Now |
ប្រជាពលរដ្ឋជាង៥០០គ្រួសារជំរុញឲ្យតុលាការស៊ើបអង្កេតរឿងក្តី០០៤ Posted: 05 Jul 2011 01:10 PM PDT មេធាវីមួយរូបក្នុងសំណុំរឿង០០៣ និង០០៤ ដ៏ចម្រូងចម្រាស់អះអាងនៅថ្ងៃអង្គារនេះថា សហចៅក្រមស៊ើបអង្កេតរបស់សាលាក្ដីខ្មែរក្រហមស្ងាត់ស្ងៀមចំពោះញ្ញត្តិរបស់ប្រជាពលរដ្ឋចំនួនជាង៥០០ គ្រួសារដែលបានជំរុញឲ្យមានការស៊ើបអង្កេតរឿងក្តី០០៤។ កាលពីថ្ងៃពុធសប្ដាហ៍មុន ប្រជាពលរដ្ឋចំនួនប្រាំរូបដែលអះអាងថា ខ្លួនតំណាងឲ្យជនរងគ្រោះដោយរបបខ្មែរក្រហមចំនួន៥៥០គ្រួសារ បានផ្ញើលិខិតចំហមួយច្បាប់ជូនសហចៅក្រមស៊ើបអង្កេតលោកយូ ប៊ុនឡេង និងលោកស៊ីកហ្វ្រ៊ីក ប៊្លុង ដោយស្នើឲ្យសហចៅក្រមស៊ើបអង្កេតជំរុញការងាររបស់ខ្លួនទៅលើសំណុំរឿង០០៤ ប្រកបទៅដោយឯករាជ្យភាព។ ប្រជាពលរដ្ឋទាំងនេះអះអាងថា ពួកខ្លួនមកពីឃុំជីក ឃុំប៉ាយចា និងឃុំភ្នំជីក ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ និងអះអាងថា ខ្លួនគឺជាជនរងគ្រោះនៅក្នុងការលើកទំនប់អាងត្រពាំងថ្ម ដែលនៅទីនោះមានប្រជាពលរដ្ឋយ៉ាងតិចចំនួន៣២.០០០នាក់ត្រូវពួកខ្មែរក្រហមកេណ្ឌយកទៅលើកទំនប់អាងត្រពាំងថ្មនេះក្នុងចន្លោះពីឆ្នាំ ១៩៧៧ និងឆ្នាំ ១៩៧៩។ មនុស្សជាច្រើនពាន់នាក់បានស្លាប់និងត្រូវបានសម្លាប់នៅទីនោះ។ ក្រុមប្រជាពលរដ្ឋបានសរសេរនៅក្នុងលិខិតចំហថា ពួកគេព្រួយបារម្ភថា សំណុំរឿង ០០៤ ដែលគ្របដណ្ដប់វិសាលភាពទៅលើតំបន់អាងត្រពាំងថ្មនេះត្រូវទាត់ចោល ហើយពួកគេបានស្នើសុំតាំងខ្លួនជាដើមបណ្ដឹងរដ្ឋប្បវេណីនៅក្នុងសំណុំរឿងនេះ។ លោក ហុង គឹមសួន ដែលជាមេធាវីតំណាងឲ្យដើមបណ្ដឹងរដ្ឋប្បវេណីចំនួនប្រាំមួយរូបក្នុងសំណុំរឿង០០៣ និង០០៤ និងដែលបានជួយសម្រួលលិខិតចំហនេះទៅកាន់ការិយាល័យសហចៅក្រមស៊ើបអង្កេតមានប្រសាសន៍ថា សហចៅក្រមស៊ើបអង្កេតនៅមិនទាន់មានប្រតិកម្មណាមួយចំពោះក្រុមប្រជាពលរដ្ឋទាំងនោះនៅឡើយ។ លោកបន្តថា៖ «ក្រោយពីញ្ញត្តិរបស់ជនរងគ្រោះហ្នឹង យើងនៅចាំមើលការឆ្លើយតបរបស់សហចៅក្រមស៊ើបអង្កេត ឬការិយាល័យសហចៅក្រមស៊ើបអង្កេត បន្ទាប់ពីសវនាការបឋមចប់នៅថ្ងៃទី៣០។ មកដល់ថ្ងៃនេះ យើងនៅអត់ទាន់មានការបំភ្លឺឬចម្លើយឆ្លើយតបណាមួយពីសហចៅក្រមស៊ើបអង្កេតថាយ៉ាងម៉េចនោះទេ»។ សាលាក្ដីខ្មែរក្រហមបានបញ្ចប់ការកាត់ក្ដីសំណុំរឿង០០១ ឬករណីឌុច កាលពីខែមិនាឆ្នាំ២០១១នេះ នៅអង្គជំនុំជម្រះតុលាការកំពូលដោយរង់ចាំតែការប្រកាសសាលដីការតែប៉ុណ្ណោះ។ សាលដីកាដែលនឹងកំណត់ទោស ឌុច ត្រូវគេជឿថា អាចនឹងចេញក្នុងអំឡុងខែក្រោយនេះ។ ហើយសំណុំរឿង០០២ ដែលមានមេដឹកនាំកំពូលខ្មែរក្រហមចំនួនបួននាក់បានឆ្លងកាត់ដំណាក់កាលសវនាការបឋមកាលពីចុងខែមុន និងត្រូវបោះជំហានទៅរកការកាត់ទោសពេញអង្គនៅក្នុងរវាងមួយខែ ឬពីរខែខាងមុខទៀត។ ក្រុមអ្នកតាមឃ្លាំមើលសាលាក្ដីខ្មែរក្រហមបានស្ដីបន្ទោសថា ការស៊ើបអង្កេតឬក៏ព័ត៌មានស្ដីពីសំណុំរឿង ០០៣ និង០០៤ បានស្ថិតនៅក្នុងភាពសម្ងាត់ជាខ្លាំង ហើយជនរងគ្រោះមិនអាចទទួលព័ត៌មានជាដុំកំភួន និងជាក់លាក់សម្រាប់ចូលរួមនៅក្នុងដំណើរការរឿងក្ដីនេះទេ។ លោកឡាស អលសិន មន្ដ្រីផ្នែកទំនាក់ទំនងកិច្ចការច្បាប់របស់សាលាក្ដីខ្មែរក្រហមខាងភាគីអង្គការសហប្រជាជាតិ និងលោក ឌឹម សុវណ្ណារុំ មន្ដ្រីផ្នែកទំនាក់ទំនងកិច្ចការសាធារណៈខាងភាគីកម្ពុជា មានប្រសាសន៍ដូចៗគ្នាថា លោកមិនទាន់ទទួលបានព័ត៌មានពីសហចៅក្រុមស៊ើបអង្កេតនៅឡើយទេទាក់ទងទៅនឹងលិខិតចំហរបស់ប្រជាពលរដ្ឋនោះ។ កាលពីពាក់កណ្ដាលខែមិថុនា សហព្រះរាជអាជ្ញាបរទេសលោក អាន់ឌ្រូ ខេលី បានស្នើឲ្យសហចៅក្រមស៊ើបអង្កេតបន្ថែមការស៊ើបអង្កេតរបស់ខ្លួនលើសំណុំរឿង០០៤ ទាក់ទងទៅនឹងឧក្រិដ្ឋកម្មដែលត្រូវបានប្រព្រឹត្តិលើជនជាតិខ្មែរកម្ពុជាក្រោមនៅក្នុងខេត្តតាកែវ និងនៅក្នុងខេត្តពោធិ៍សាត់៕ This posting includes an audio/video/photo media file: Download Now |
សមាជិកសភាកម្ពុជាម្នាក់ស្នើពិនិត្យគម្រោងដែលផ្តល់ថវិកាដោយជប៉ុន Posted: 05 Jul 2011 12:14 PM PDT នៅថ្ងៃអង្គារនេះ លោកឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេសនៃរដ្ឋសភាបានស្នើគណៈកម្មាធិការជាតិអភិវឌ្ឍន៍តំបន់ត្រីកោណ ឱ្យពិចារណាលើការផ្តល់ប្រាក់ជំនួយរបស់ជប៉ុនទៅឱ្យបណ្តាខេត្តតំបន់ត្រីកោណ ដើម្បីពន្លឿនការអនុវត្តគម្រោងអភិវឌ្ឍន៍នានានៅតំបន់ត្រីកោណដោយលោកខ្លាចក្រែងជប៉ុនដកយកប្រាក់ទាំងនោះទៅវិញ។ ការស្នើយោបល់នេះបានធ្វើឡើងខណៈដែលកម្ពុជាកំពុងចាប់ផ្តើមចំណាយប្រាក់ជំនួយរបស់ជប៉ុនចំនួនជាង២,៤លានដុល្លារអាមេរិកនៃជំនួយសរុប៧,៥លានដុល្លារអាមេរិកសម្រាប់ការអនុវត្តគម្រោងអភិវឌ្ឍន៍ចំនួនដប់នៅក្នុងខេត្តរតនគីរី ខេត្តមណ្ឌលគីរី និងខេត្តស្ទឹងត្រែង ខណៈដែលឡាវនិងវៀតណាមបានចំណាយអស់ប្រាក់ជំនួយជប៉ុនហើយ។ ក្នុងឆ្នាំ២០០៧ ជប៉ុនបានផ្តល់ជំនួយឥតសំណងចំនួន៧,៥លានដុល្លារអាមេរិកដល់កម្ពុជាសម្រាប់គម្រោងអភិវឌ្ឍន៍ចំនួន១០។ ឡាវមានគម្រោងអភិវឌ្ឍន៍ចំនួនប្រាំដោយទទួលបានថវិកាចំនួន៧,៥លានដុល្លារអាមេរិក ហើយវៀតណាមទទួលបានប្រាក់ចំនួន៣,៥លានដុល្លារអាមេរិកសម្រាប់ប្រាំពីរគម្រោង។ លោកឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេសនៃរដ្ឋសភាបានថ្លែងក្នុងជំនួបជាមួយគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតំបន់ត្រីកោណថា លោកនឹងខំប្រឹងខ្នះខ្នែងដើម្បីឱ្យប្រទេសជប៉ុនយោគយល់ពីបញ្ហាជំនួយនេះ។ លោកឈាង វុន បានបញ្ជាក់ថា លោកប្រាថ្នាចង់ឱ្យការអនុវត្តគម្រោងអភិវឌ្ឍន៍នៅតំបន់ត្រឹកោណរបស់កម្ពុជា ត្រូវបានដំណើរការទៅដូចប្រទេសវៀតណាមនិងប្រទេសឡាវដែរ។ លោកថ្លែងដូច្នេះថា៖ «រឿងដែលយើងពិបាក ក្រែងលោការគ្រប់គ្រងប្រាក់មិនបានរលូន ឬយ៉ាងម៉េច ឬការមិនផ្តល់សិទ្ធិជូនខេត្តឬយ៉ាងម៉េច។ ទាំងអស់នេះគួរតែជជែកគ្នាដែរ។ ខ្ញុំស្នើឱ្យធ្វើការសិក្សាមើលថាតើយើងអាចធ្វើវិសមជ្ឈការរឿងថវិកាឱ្យទៅខេត្តទាំងបួន។ អ្វីដែលជាគម្រោងរបស់គាត់ ឱ្យគាត់ក្តោបខ្លួនឯងតែម្តង យើងត្រួតពិនិត្យលើការអនុវត្តគម្រោងនោះទៅវិញ។ ជប៉ុនអត់បានទេ។ បើកាលណាគេដឹងថា មានបញ្ហាផ្ទៃក្នុងរបស់យើង ជប៉ុនមិនលូកដៃចូលទេ ហើយបើប្រាក់មកគេដកទៅវិញ»។ លោក ស៊្រុន តារា អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានអនុគណៈកម្មការអភិវឌ្ឍន៍តំបន់ត្រីកោណបានថ្លែងប្រាប់គណៈកម្មការជំនាញនៃរដ្ឋសភាថា ការយឺតយ៉ាវក្នុងការប្រើប្រាស់ជនួយនេះបានបណ្តាលមកពីគណៈកម្មាធិការជាតិអភិវឌ្ឍន៍តំបន់ត្រីកោណគ្មានសិទ្ធិប្រើប្រាស់ជំនួយនេះដោយផ្ទាល់ ហើយការប្រើប្រាស់ជំនួយនេះធ្វើឡើងតាមនីតិវិធីរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ លោកស៊្រុន តារា បានបញ្ជាក់ថា ក្នុងចំណោមគម្រោងដប់របស់កម្ពុជា ជប៉ុនបានទទួលយកគម្រោងអភិវឌ្ឍន៍ចំនួនបួនជាផ្លូវការ និងបានបដិសេធគម្រោងចំនួនពីរ ហើយគម្រោងបួនទៀតកំពុងចរចា។ «សរុបសេចក្តីមក ដល់ម៉ោងនេះ គម្រោងកំពុងតែដំណើរការសាងសង់មានតែបួនគម្រោងទេ ក្នុងចំណោមដប់គម្រោង។ គម្រោងចំនួនពីរធ្លាក់ និងនៅសល់ប្រាំបីគម្រោង ដោយបួនគម្រោងកំពុងចាប់ផ្តើម និងបួនគម្រោងទៀតកំពុងស្ថិតនៅក្នុងការចរចាយ៉ាងតឹងតែង ហើយក៏ប្រហែលជាអាចមានបញ្ហា។ នេះជាគម្រោងជំនួយរបស់ប្រទេសជប៉ុន»។ លោក ស៊្រុន តារា បានបន្តថា គម្រោងបួនកំពុងដំណើរការរួមមានគម្រោងសាងសង់ផ្លូវគ្រួសក្រហមពីខេត្តព្រះវិហារដល់ខេត្តស្ទឹងត្រែងដែលមានទឹកប្រាក់៩៨៥.០០០ដុល្លារអាមេរិក គម្រោងសាងសង់ផ្លូវគ្រួសក្រហមប្រវែង១៩គីឡូម៉ែត្រក្នុងខេត្តរតនគីរីដែលមានទឹកប្រាក់៤៧៥.០០០ដុល្លារអាមេរិក គម្រោងសាងសង់អន្តេវាសិកដ្ឋានសម្រាប់វគ្គបំពាក់បំប៉នគ្រូបង្រៀនក្នុងខេត្តរតនៈគីរីដែលមានទឹកប្រាក់៣៥៨.០០០ដុល្លារអាមេរិក និងគម្រោងធ្វើឱ្យប្រសើរឡើងនូវសាលាបឋមសិក្សាក្នុងខេត្តទាំងបីនៃតំបន់ត្រីកោណដែលមានទឹក ប្រាក់៦០០.០០០ដុល្លារអាមេរិក។ យោងតាមលោក ស៊្រុន តារា គម្រោងដែលត្រូវបានបដិសេធ រួមមានគម្រោងអភិរក្សរបស់ក្រសួងកសិកម្មនៅមណ្ឌលគីរីដែលមានទឹកប្រាក់៨៦០.០០០ដុល្លារអាមេរិក និងគម្រោងអប់រំបរិស្ថានរបស់ក្រសួងបរិស្ថានដែលមានទឹកប្រាក់ដល់៣៣០.០០០ដុល្លារអាមេរិក។ លោក ស៊្រុន តារា បានបន្តថាគម្រោងដែលកំពុងចរចា រួមមានគម្រោងវារីអគ្គីសនីខ្នាតតូច និងគម្រោងទឹកស្អាតចំនួនពីរដែលមានទឹក ប្រាក់ជាង៣.០០០.០០០ដុល្លារអាមេរិក ព្រមទាំងគម្រោងសាងសង់ផ្លូវសម្រាប់ទេសចរណ៍ដែលមានទឹកប្រាក់៧៥០.០០០ដុល្លារអាមេរិក។ This posting includes an audio/video/photo media file: Download Now |
សកម្មជនប្រឆាំងការជួញដូរ៖ មានមន្ត្រីអនុវត្តន៍ច្បាប់កេងប្រវ័ញ្ចលើរដ្ឋាភិបាល Posted: 05 Jul 2011 08:00 AM PDT ក្រសួងការបរទេសសហរដ្ឋអាមេរិកបានចេញផ្សាយរបាយការណ៍ស្តីពីការជួញដូរមនុស្សប្រចាំឆ្នាំកាលពីថ្ងៃច័ន្ទសប្តាហ៍មុន (ទី២៧ខែមិថុនា) ដោយបង្ហាញថារដ្ឋាភិបាលកម្ពុជាមិនបានអនុវត្តឱ្យបានពេញលេញតាមបទដ្ឋានអប្បបរមាសម្រាប់ការលុបបំបាត់អំពើជួញដូរមនុស្ស ហើយរដ្ឋាភិបាលកម្ពុជាមិនបានបង្ហាញពីការរីកចម្រើនក្នុងកិច្ចខំប្រឹងប្រែងអនុវត្តច្បាប់ប្រឆាំងនឹងឧក្រិដ្ឋកម្មជួញដូរមនុស្សនិងគ្មានការកាត់ទោសជនល្មើសជួញដូរមនុស្សនៅក្នុងអំឡុងឆ្នាំ២០១០និងឆ្នាំ២០១១ ហើយជួនកាលព្រះរាជអាជ្ញាមិនបានចោទប្រកាន់ជនល្មើសជួញដូរមនុស្សទេ។ លោក ជន សក្តានៃវីអូអេសំឡេងសហរដ្ឋអាមេរិកបានជួបសម្ភាសជាមួយលោកស្រី សឹង កាម៉ារីយ៉ាន ប្រធានកម្មវិធីច្បាប់នៃអង្គការ AFESIP ដែលធ្វើការងារប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្សនៅកម្ពុជា។ វីអូអេ៖ ខ្ញុំសូមជម្រាបសួរលោកស្រី សឹង កាម៉ារីយ៉ាន។ តើលោកស្រីយល់ឃើញយ៉ាងម៉េច អំពីរបាយការណ៍ស្តីពីការជួញដូរមនុស្សប្រចាំឆ្នាំរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិកសម្រាប់ប្រទេសកម្ពុជា? លោកស្រី កាម៉ារីយ៉ាន៖ ខ្ញុំបានទទួលរបាយការណ៍ ដែលចេញដោយក្រសួងការបរទេសសហរដ្ឋអាមេរិក ហើយយើងឃើញថា របាយការណ៍នេះគឺជារបាយការណ៍មួយសម្រាប់ជាកញ្ចក់ឆ្លុះបញ្ចាំងឱ្យឃើញការអនុវត្តរបស់រដ្ឋាភិបាលខ្មែរទៅលើការប្រឆាំងទៅនឹងការជួញដូរមនុស្ស បានដល់កម្រិតណា ហើយមិនទាន់បានរលូន នៅកម្រិតណា។ នេះគឺជារបាយការណ៍មួយប្រៀបដូចទៅនឹងកញ្ចក់ក្នុងការឆ្លុះបញ្ចាំងនូវការអសកម្មក្នុងការអភិវឌ្ឍទៅលើការប្រយុទ្ធប្រឆាំងទៅនឹងការជួញដូរមនុស្សនៅកម្ពុជា។ វីអូអេ ៖ តើលោកស្រីយល់ឃើញយ៉ាងណាចំពោះរបាយការណ៍នេះបានលើកឡើងថាការជួញដូរមនុស្សនៅក្នុងប្រទេសកម្ពុជា រដ្ឋាភិបាលមិនបានអនុវត្តឱ្យបានពេញលេញទៅតាមបទដ្ឋានអប្បបរមាសម្រាប់ការលុបបំបាត់នៃការជួញដូរមនុស្សទេ? លោកស្រី កាម៉ារីយ៉ាន៖ តាមការសិក្សាស្រាវជ្រាវ ក៏ដូចជាការអនុវត្តផ្ទាល់ ក៏ដូចជាអង្គការជាដៃគូរវាងអង្គការ AFESIP ជាមួយនឹងរដ្ឋាភិបាលកម្ពុជាមានការខិតខំប្រឹងប្រែង ដូចជាការបង្កើតគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្សនេះ។ ក៏ប៉ុន្តែយើងឃើញចំណុចអសកម្មខ្លះរបស់មន្ត្រីអនុវត្តន៍ច្បាប់ប្រឆាំងនឹងការជួញដូរមនុស្សនេះ គឺការមិនយកចិត្តទុកដាក់ចំពោះភារកិច្ចរបស់គាត់ ឬមួយក៏យើងគិតឃើញផងដែរថាមន្ត្រីអនុវត្តន៍ច្បាប់ពាក់ព័ន្ធទៅនឹងការជួញដូរមនុស្ស ការធ្វើចំណាកស្រុកឬ ការនាំពលករចេញទៅប្រទេសផ្សេងៗនោះ មានការអសកម្ម ហើយឃើញការអនុវត្តរបស់គាត់មានបញ្ហាពាក់ព័ន្ធនឹងអំពើពុករលួយ គ្មានជំនាញ ឬ ការធ្វេសប្រហែសដែលគាត់គិតឃើញថាបញ្ហានេះមិនសំខាន់សម្រាប់ប្រទេសកម្ពុជា។ វីអូអេ៖ របាយការណ៍នេះ បាននិយាយថារដ្ឋាភិបាលកម្ពុជាមិនបានបង្ហាញពីការរីកចម្រើនក្នុងកិច្ចខំប្រឹងប្រែងអនុវត្តច្បាប់ប្រឆាំង នឹងឧក្រិដ្ឋកម្មជួញដូរមនុស្ស និងគ្មានការកាត់ទោសជនល្មើសជួញដូរមនុស្សនៅក្នុងឆ្នាំ២០១០និងឆ្នាំ២០១១ ហើយជួនកាលព្រះរាជអាជ្ញាមិនបានចោទប្រកាន់ជនល្មើសជួញដូរមនុស្សទេ។ តើលោកស្រីមានយោបល់យ៉ាងណាអំពីរបាយការណ៍នេះ? លោកស្រី កាម៉ារីយ៉ាន៖ បញ្ហានេះ ខ្ញុំគាំទ្រខ្លះដែរ។ យើងឃើញថាការចោទប្រកាន់របស់ព្រះរាជអាជ្ញាដែលពាក់ព័ន្ធទៅនឹងបញ្ហាជួញដូរមនុស្សជាពិសេសការនាំពលករចេញ។ យើងឃើញថាក្រុមហ៊ុនមួយចំនួនធ្វើការមិនត្រឹមត្រូវទៅតាមការងាររបស់គាត់ ហៅថាការបង្កប់ការជួញដូរមនុស្សទៅក្នុងក្រុមហ៊ុននោះ បើយើងធ្វើការស្រាវជ្រាវឱ្យដិតដល់មែនទែន។ តួយ៉ាងដូចជាករណីមួយនៅតុលាការដែលខ្ញុំកំពុងធ្វើការសិក្សាស្រាវជ្រាវតាមដានករណីនេះសូមមិនបញ្ចេញថានៅតុលាការណាទេ។ ជនរងគ្រោះឆ្លើយថា គាត់ត្រូវបានក្រុម ហ៊ុនមួយនាំគាត់បម្រុងទៅធ្វើការនៅប្រទេសក្រៅដោយឱពុកម្តាយគាត់អត់បានដឹង ទីពីរនាងជាអនីតិជន ទីបីអ្នកដែលនាំមក ហើយក្រុមហ៊ុននោះបានបិទទ្វារឃុំឃាំងគាត់ នៅពេលគាត់ស្រេកទឹក ឬ ឃ្លានបាយ ទាល់តែគាត់គោះទ្វារហៅសុំទឹកផឹក ឬ ឃ្លានបាយ ទើបក្រុមហ៊ុនយកទៅឱ្យគាត់។ យើងឃើញថា នេះជាកំហុសឆ្គងធ្ងន់ធ្ងរណាស់ក្នុងការឃុំឃាំង។ ប៉ុន្តែការចោទប្រកាន់របស់ព្រះរាជអាជ្ញាមិនបានចោទប្រកាន់ពាក់ព័ន្ធទៅនឹងបទល្មើសណាមួយទៅនឹងក្រុមហ៊ុនណាមួយទេ។ ព្រះរាជាអាជ្ញាមិនបានចោទប្រកាន់ ក្រុមហ៊ុននោះទេប៉ុន្តែគាត់ចោទទៅលើអ្នកនាំមកវិញ។ អញ្ចឹងនៅពេលសវនាការ យើងឃើញថាចៅក្រមជំនុំជម្រះស្នើសុំឱ្យធ្វើការស៊ើបអង្កេតឡើងវិញហើយយើងមិនចោទទៅលើព្រះរាជអាជ្ញាទាំងស្រុងពេកទេតែយើងដាក់កំហុសទៅលើចៅក្រមស៊ើបអង្កេតក្នុងការធ្វើការងារមិនល្អិតល្អន់ នៅពេលដែលជនរងគ្រោះ រៀបរាប់លម្អិតហើយ គាត់មិនបានធ្វើការស្រាវជ្រាវ ឬ អញ្ជើញក្រុមហ៊ុនដែលជនរងគ្រោះចោទដាក់នោះមកបំភ្លឺឱ្យដឹងថា ខ្លួនហ្នឹងបានប្រព្រឹត្តដូចការចោទប្រកាន់ ឬ មិនបានប្រព្រឹត្ត។ វីអូអេ៖តើលោកស្រីយល់ឃើញយ៉ាងម៉េច ចំពោះរបាយការណ៍នេះបានលើកឡើងថាចំនួននៃការកាត់ឱ្យជាប់ទោសពីបទជួញដូរមនុស្សបានធ្លាក់ចុះប៉ុន្តែចំនួននៃកម្មករចំណាកស្រុក ដែលកំពុងកើនឡើងនៅកម្ពុជា បានទទួលរងការរំលោភបំពានដោយគ្មានការការពារប្រកបដោយដោយប្រសិទ្ធភាពពីនគរបាល ឬ ក្រសួងការងារ? លោកស្រី កាម៉ារីយ៉ាន៖ ពលករពលកានីមួយចំនួនមិនទាន់គ្រប់អាយុទេ ប៉ុន្តែគាត់បានទៅធ្វើការនៅប្រទេស ក្រៅតាមរយៈក្រុមហ៊ុននោះ គឺក្លែងបន្លំអាយុ។ តាមយើងស្រាវជ្រាវ ការក្លែងបន្លំអាយុនេះត្រូវបានស្រាវជ្រាវឃើញថាដោយសារក្រុមហ៊ុន គ្រួសារក្នុងការកែអាយុកែសំបុត្រកំណើត។ បើយើងសិក្សាឱ្យដល់ទៅឱពុកម្តាយ គ្មានគំនិតគិតឃើញដល់ការកែសំបុត្រកំណើតទេ បើគ្មានការញុះញង់ណាមួយពីមេខ្យល់ ឬ ក្រុមហ៊ុន។ អញ្ចឹងយើងឃើញថាបញ្ហានេះគឺជាកំហុសឆ្គងមួយដ៏ខ្លាំងសម្រាប់មន្ត្រីរដ្ឋាភិបាលយើងក្នុងថ្នាក់ឃុំ ហើយក៏ជាកំហុសឆ្គងមួយសម្រាប់ក្រុមហ៊ុនដែលបានផ្សំគំនិតក្នុងរឿងកែសំបុត្រកំណើត ហើយក៏ជាកំហុសឆ្គង មួយសម្រាប់ប្រជាពលរដ្ឋខ្មែរ។ អញ្ចឹងភាពក្រីក្ររបស់គាតធ្វើឱ្យគាត់ងាយចាញ់បោកគេ ហើយភាពក្រីក្ររបស់គាត់ដែលជំរុញឱ្យគាត់ចូលរួមកែអាយុកូនរបស់គាត់ ដើម្បីឱ្យពេញអាយុបានទៅធ្វើការនៅប្រទេសក្រៅ។ វីអូអេ៖ ប្រទេសកម្ពុជាត្រូវបានគេមើលឃើញថា ការទប់ស្កាត់ការជួញដូរនិងការការពារជនរងគ្រោះ មិនបានប្រសើរឡើងទេ។ សហរដ្ឋអាមេរិកបានរក្សាចំណាត់ថ្នាក់ទី២សម្រាប់ប្រទេសកម្ពុជា។ តើមកពីហេតុអ្វី? លោកស្រី កាម៉ារីយ៉ាន៖ ខ្ញុំយល់ឃើញថាចំណាត់ថ្នាក់លេខពីរនេះ យើងទទួលបានតាំងពីយូរមកហើយ ហើយឥឡូវយើងនៅតែទទួលបានចំណាត់ថ្នាក់លេខពីរទៀត។ ក្រោយពីទទួលបានចំណាត់ថ្នាក់លេខពីរប៉ុន្មានឆ្នាំមុននោះ យើងឃើញថារដ្ឋាភិបាលខិតខំប្រឹងប្រែងណាស់ ប៉ុន្តែបុគ្គលអនុវត្តន៍ច្បាប់កេងចំណេញទៅលើរដ្ឋាភិបាលដើម្បីផលប្រយោជន៍បុគ្គលខ្លួនឯង។ វីអូអេ៖ របាយការណ៍នេះ បានចង្អុលបង្ហាញថាអំពើពុករលួយគ្រប់លំដាប់ថ្នាក់បន្តរារាំងការវិវឌ្ឍទៅមុខ ក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស ហើយរដ្ឋាភិបាលមិនដែលកាត់ទោសក្រុមហ៊ុនជ្រើសរើសពលករណាមួយ ដែលបានជាប់ពាក់ព័ន្ធនឹងការជួញដូរពលករ និងការជ្រើសរើសដោយមិនសុចរិត។ តើលោកស្រីយល់ឃើញយ៉ាងម៉េច? លោកស្រី កាម៉ារីយ៉ាន៖ ខ្ញុំទទួលស្គាល់អំពីរបាយការណ៍នូវចំណុចនេះ។ ពាក់ព័ន្ធនឹងក្រុមហ៊ុននាំពលករចេញយើងមិនដែលឃើញថានៅតុលាការណាមួយចោទប្រកាន់ក្រុមហ៊ុននោះទេ ហើយមូលហេតុដែលគាត់មិនចោទប្រកាន់គឺគាត់មិនខ្វល់ពីរឿងក្រុមហ៊ុននោះធ្វើអ្វីទេ។ អញ្ចឹងអ្វីដែលរបាយការណ៍របស់ក្រសួងការបរទេសសហរដ្ឋអាមេរិកលើកឡើងនូវចំណុចនេះ ខ្ញុំទទួលស្គាល់ ព្រោះយើងឃើញហើយថា មិនដែលឃើញដាក់ ទោសក្រុមហ៊ុនណាមួយ ចំពោះបញ្ហាដែលប្រព្រឹត្តខុសច្បាប់លើពលការិនីទេ៕ This posting includes an audio/video/photo media file: Download Now |
សង្ខេបព័ត៌មានអន្តរជាតិ - ០៥ កក្កដា Posted: 05 Jul 2011 07:23 AM PDT ថៃ៖ អគ្គលេខាធិការអ.ស.ប. លោកបាន គីមូន បានស្វាគមន៍ចំពោះភាពមានសណ្ដាប់ធ្នាប់ដែលកើតមានឡើងចេញពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដនៅក្នុងប្រទេសថៃ ពេលដែលមេដឹកនាំគណបក្សភឿថៃបានចាប់ផ្ដើមកិច្ចចរចាគ្នាដើម្បីរៀបចំបង្កើតរដ្ឋាភិបាលចម្រុះ។ ភូមា៖ ក្រុមចម្រុះនៃសកម្មជនភូមាបានទាមទារឲ្យប្រទេសចិនបញ្ឈប់ការស្ថាបនាទំនប់ទឹកជាច្រើននៅតំបន់ភាគខាងជើងប្រទេសភូមាដែលនៅទីនោះ ក្រុមបះបោរនៃអំបូរភាគតិចកាជិន ស្ថិតនៅក្រោមការវាយប្រហារពីទាហានរបស់រដ្ឋាភិបាលភូមា។ ប៉ាគីស្ថាន/អាហ្វហ្កានីស្ថាន៖ គ្រាប់បែកផ្ទុះបង្កប់ក្នុងដីបានសម្លាប់ទាហានបាគីស្ថានម្នាក់ និងធ្វើឲ្យរបួសទាហានច្រើននាក់ទៀតរហូតដល់១៥នាក់ កើតឡើងនៅតាមព្រំដែនជាមួយប្រទេសអាហហ្កានិស្ថាន។ ជប៉ុន៖ លោករដ្ឋមន្ដ្រីថ្មីខាងសំណង់ដែលទើបនឹងត្រូវបានតែងតាំងកាលពីពេលថ្មីនេះក្នុងប្រទេសជប៉ុន បានលាលែងចេញពីតំណែងកាលពីថ្ងៃអង្គារនេះ ដោយសារតែលោកបានថ្លែងការណ៍ដ៏គួរឲ្យកត់សម្គាល់ដែលប៉ះពាល់ដល់ជនរស់រានមានជីវិតពីការរញ្ជួយផែនដីនិងរលកស៊ូណាមីកាលពីថ្ងៃទី១១ខែ មីនា។ សហរដ្ឋអាមេរិក៖ ពលរដ្ឋអាមេរិកាំងបានប្រារព្ធពិធីបុណ្យឯករាជ្យកាលពីថ្ងៃច័ន្ទ ជាថ្ងៃខួបទី២៣៥ឆ្នាំដែលមេដឹកនាំស្ថាបនិកសហរដ្ឋអាមេរិកបានប្រកាសឯករាជ្យពីប្រទេសអង់គ្លេស។ ស៊ូដង់៖ បេសកម្មរបស់អ.ស.បនៅក្នុងតំបន់ដារហ្វួរនៃប្រទេសស៊ូដង់និយាយថា ខ្លួនបានចាប់ផ្ដើមធ្វើយុទ្ធនាការរំដោះអាវុធនិងបញ្ចូលក្នុងកងទ័ពនូវអតីតអ្នកប្រយុទ្ធ៤០០នាក់ពីភាគីទាំងសង្ខាងនៃសង្រ្គាមយូរអង្វែងរវាងក្រុមបះបោរនិងរដ្ឋាភិបាល។ អ៊ីស្រាអែល៖ លោករដ្ឋមន្ដ្រីក្រសួងការពារប្រទេសអ៊ីស្រាអែលបានផ្អាកការចរចាជាមួយមន្ដ្រីប៉ាឡេស្ទីនអំពីការប្រគល់សាកសពភេរវជនបាឡេស្ទីន៨៤នាក់ ដែលបានត្រូវបូជានៅក្នុងដែនដីអ៊ីស្រាអែល។ វេណេស៊ុយអេឡា៖ ប្រធានាធិបតីនៃប្រទេសវេណេស៊ុយអេឡាលោក Hugo Chavez បានវិលត្រឡប់មកប្រទេសរបស់លោកវិញក្រោយពីបានត្រូវព្យាបាលពីជំងឺមហារីកក្នុងប្រទេសគុយបាមក។ អ៊ីរ៉ាក់៖ គ្រាប់បែកពីរគ្រាប់បានផ្ទុះនៅក្រៅអគាររដ្ឋាភិបាលនៅតំបន់ភាគ ខាងជើងទីក្រុងបាដាដ ដោយបានសម្លាប់មនុស្សយ៉ាងតិច៣៥នាក់។ This posting includes an audio/video/photo media file: Download Now |
កម្ពុជាអបអរជ័យជម្នះរបស់គណបក្សភឿថៃ Posted: 04 Jul 2011 04:05 PM PDT នៅថៃ្ងច័ន្ទនេះកម្ពុជាបានសម្តែងសេចក្តីសប្បាយរីករាយចំពោះជ័យជម្នះយ៉ាងច្រើនលើសលប់របស់គណបក្សភឿថៃរបស់ប្អូនស្រីអតីតនាយករដ្ឋមន្ត្រីថាក់ស៊ីន ស៊ីណាវ៉ាតក្នុងការបោះឆ្នោតជាតិកាលពីថ្ងៃអាទិត្យ ដែលជ័យជម្នះនេះអាចជាសញ្ញាវិជ្ជមានសម្រាប់ការដោះស្រាយជម្លោះព្រំដែនរវាងកម្ពុជា និងថៃដោយសន្តិវិធី។ លោកហោ ណាំហុង រដ្ឋមន្ត្រីការបរទេសកម្ពុជា បានថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មាននៅទីស្តីការក្រសួងការបរទេសថា កម្ពុជាសប្បាយរីករាយដោយឃើញជ័យជម្នះយ៉ាងច្រើនសន្ធឹកសន្ធាប់របស់គណបក្សភឿកថៃនៅក្នុងការបោះឆ្នោតសភាថៃ និងរង់ចាំធ្វើការជាមួយរដ្ឋាភិបាលថៃថ្មី ដើម្បីដោះស្រាយបញ្ហាជម្លោះព្រំដែនរវាងប្រទេសទាំងពីរ។ លោកថ្លែងថា៖ «យើងមានការសប្បាយរីករាយនឹងជ័យជម្នះរបស់គណបក្សភឿកថៃនៅទីក្រុងបាងកកនេះ។ យើងសង្ឃឹមថា រដ្ឋាភិបាលថ្មីកើតចេញពីគណបក្សភឿកថៃនេះនឹងដោះស្រាយបញ្ហាព្រំដែនជាមួយកម្ពុជា មានលក្ខណៈវិជ្ជមានជាង មានលក្ខណៈសន្តិភាពជាងរដ្ឋាភិបាលមុននូវអ្វីដែលយើងចង់បានគឺដោះស្រាយដោយសន្តិវិធី»។ លោកហោ ណាំហុងបានបន្តថា កម្ពុជាចង់បានដំណោះស្រាយជម្លោះព្រំដែនប្រកបដោយយុត្តិធម៌ និងសន្តិភាពដែលផ្អែកទៅលើច្បាប់អន្តរជាតិ មិត្តភាព និងអ្នកជិតខាងល្អរវាងប្រជាពលរដ្ឋខ្មែរ និងថៃ និងសេចក្តីសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិឆ្នាំ១៩៦២។ លោកសុន ឆ័យ តំណាងរាស្ត្រគណបក្សសម រង្ស៊ី បានថ្លែងយ៉ាងដូច្នេះថា «យើងមានការជឿទុកចិត្តថា អាចនឹងបន្ថយភាពតានតឹងបានខ្លះ ក៏ប៉ុន្តែមិនអាចនឹងដោះស្រាយបញ្ហា ព្រំដែននេះជាស្ថាពរទេ។ ក្នុងការដោះស្រាយចាំបាច់ត្រូវមានការចូលរួមពីអន្តរជាតិផង»។ គណបក្សសម រង្សីបានចេញសេចក្តីថ្លែងការណ៍សម្តែងសេចក្តីសប្បាយរីករាយដល់គណបក្សភឿថៃចំពោះជ័យជម្នះយ៉ាងលើសលប់ និងជូនពរដល់រដ្ឋាភិបាលលើកដំបូងរបស់ប្រទេសថៃដែលដឹកនាំដោយនាយករដ្ឋមន្ត្រីជាស្ត្រី។ លោកសុន ឆ័យ បានថ្លែងថា បើការបោះឆ្នោតគ្រោងធ្វើឡើងនៅឆ្នាំ២០១២ និងឆ្នាំ២០១៣នៅកម្ពុជាមានតម្លាភាព និងសុចរិត ដូចការបោះឆ្នោតថៃនៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១១ គណបក្សប្រឆាំងនៅកម្ពុជាក៏ទទួលបានជ័យជម្នះយ៉ាងច្រើនសន្ធឹកសន្ធាប់បែបនេះដែរ។ លោកបន្តថា៖ «យើងអបអរសាទរលទ្ធផលនៃការបោះឆ្នោតប្រជាធិបតេយ្យដ៏ត្រឹមត្រូវនេះ ហើយយើងសង្ឃឹមថា អ្វីដែលកើតមាននៅក្នុងប្រទេសថៃនេះ អាចជាកត្តាជំរុញឱ្យមានការគាំទ្រទៅដល់ការបោះឆ្នោតត្រឹមត្រូវផ្តល់សិទ្ធិឱ្យប្រជាពលរដ្ឋខ្មែរក្នុងការជ្រើសរើសអ្នកដឹកនាំរបស់ខ្លួន ដូចប្រទេសថៃដែរ»។ កងទ័ពកម្ពុជា និងថៃបានវាយប្រយុទ្ធគ្នាជាច្រើនលើក បន្ទាប់ពីប្រាសាទព្រះវិហាររបស់កម្ពុជាត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៅខែកក្កដា ឆ្នាំ២០០៨។ កម្ពុជា និងថៃបានឈ្លោះដណ្តើមដីទំហំ៤,៦គីឡូម៉ែត្រការ៉េនៅក្បែរប្រាសាទព្រះវិហារ។ ការវាយប្រយុទ្ធទ្រុងទ្រាយធំបានកើតឡើងក្នុងខែកុម្ភៈនៅប្រាសាទព្រះវិហារ និងខែមេសា ឆ្នាំ២០១១នៅប្រាសាទ តាមាន់ និងប្រាសាទតាក្របីនៅខេត្តឧត្តរមានជ័យ ដែលបានសម្លាប់មនុស្សទាំងសងខាងជាច្រើននាក់៕ This posting includes an audio/video/photo media file: Download Now |
You are subscribed to email updates from VOA News: ព័ត៌មាន To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |