VOA News: ព័ត៌មាន: “មន្ទីរឃុំឃាំងនៅកម្ពុជាមានអ្នកទោសណែនខ្លាំង” plus 3 more |
- មន្ទីរឃុំឃាំងនៅកម្ពុជាមានអ្នកទោសណែនខ្លាំង
- អ្នកភូមិខេត្តកំពង់ធំបិទផ្លូវដើម្បីតវ៉ាប្រឆាំងនឹងការរឹបអូសដីធ្លី
- ព័ត៌មានអន្តរជាតិសង្ខេប - ០៩ កក្កដា
- ស្ថានទូតអាមេរិកបើកវគ្គបណ្តុះបណ្តាលដល់អ្នកសារព័ត៌មានកម្ពុជា
មន្ទីរឃុំឃាំងនៅកម្ពុជាមានអ្នកទោសណែនខ្លាំង Posted: 08 Jul 2011 02:14 PM PDT ក្រុមមន្ត្រីរដ្ឋាភិបាល និងសិទ្ធិមនុស្ស នៅថ្ងៃសុក្រនេះ បានសម្តែងនូវការខ្វាយខ្វល់អំពីភាពចង្អៀតណែនខ្លាំងរបស់អ្នកទោសក្នុងពន្ធនាគារនៅប្រទេសកម្ពុជា ខណៈដែលអ្នកទោសបានកើនឡើងប្រមាណ១.៧០០នាក់នៅក្នុងឆ្នាំ២០១១ បើប្រៀបធៀបនឹងឆ្នាំ២០១០។ គិតមកដល់ត្រឹមថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១១ នៅប្រទេសកម្ពុជា មានអ្នកទោសក្នុងពន្ធនាគារទាំងអស់សរុប១៥.០០១នាក់ដែលបានកើនឡើង១២,៦ភាគរយ។ តាំងពីខែមីនា ឆ្នាំ២០១០ មានអ្នកទោសចំនួនសរុប១៣.៣២៥នាក់ នេះបើតាមរបាយការណ៍ឆ្នាំ២០១១របស់អង្គការសិទ្ធិមនុស្សលីកាដូ។ របាយការណ៍របស់អង្គការសិទ្ធិមនុស្សលីកាដូបានបញ្ជាក់ថា កំណើនអ្នកទោសនៅតាមពន្ធនាគារទាំងអស់នេះមានភាពចង្អៀតណែនខ្លាំង ហើយភាពចង្អៀតណែនរបស់អ្នកទោសមិនទាន់ត្រូវបានដោះស្រាយនៅឡើយទេ។ របាយការណ៍នេះបានបន្តថា សព្វថ្ងៃអត្រាឃុំឃាំងក្នុងពន្ធនាគារចំនួន១៨មានកម្រិត១៧៩ភាគរយ និងភាពចង្អៀតណែនខ្លាំងឡើងៗ។ នៅកម្ពុជាមានពន្ធនាគារយ៉ាងតិច១២ បានផ្ទុកអ្នកទោសពីរដងនៃចំណុះដែលគួរផ្ទុកអ្នកទោស ហើយពន្ធនាគារខ្លះទៀតផ្តល់កន្លែងរស់នៅក្នុងបន្ទប់មានទំហំតិចជាងមួយម៉ែត្រការ៉េសម្រាប់អ្នកទោសម្នាក់ ហើយកន្លែងរស់នៅក្នុងពន្ធនាគារមានទំហំតូចចង្អៀតដែលអ្នកទោសខ្លះត្រូវដាក់វេនគ្នាដេក។ របាយការណ៍នេះបានបញ្ជាក់ថា ពន្ធនាគារថ្មី និងបន្ទប់សម្រាប់ដាក់អ្នកទោសកំពុងត្រូវបានបន្តសាងសង់ ប៉ុន្តែវាច្បាស់ណាស់ថា ការណ៍នេះមិនគ្រប់គ្រាន់ទេ ហើយវិបត្តិនៃភាពចង្អៀតណែនខ្លាំងរបស់អ្នកទោសនៅកម្ពុជាគឺស្ថិតនៅឆ្ងាយពីការណ៍ដែលអាចដោះស្រាយបាន។ មកដល់ឆ្នាំ២០១១នេះ ដំណោះស្រាយនៅតែមិនទាន់ឃើញច្បាស់លាស់នៅឡើយ។ លោកស្រីពុង ឈីវកេក ប្រធានអង្គការសិទ្ធិមនុស្សលីកាដូ បានថ្លែងថា ស្តង់ដារពន្ធនាគាររបស់ប្រទេសកម្ពុជានៅដាច់ឆ្ងាយណាស់ពីស្តង់ដារពន្ធនាគារអន្តរជាតិ ហើយ ភាពចង្អៀតណែនរបស់អ្នកទោសបានប៉ះពាល់ដល់លក្ខខណ្ឌអនាម័យ និងសុខភាព ជាពិសេសជម្ងឺឆ្លង ដូចជារបេង និងរមាស់។ «បើស្តង់ដារតាមអឺរ៉ុប អ្នកទោសម្នាក់មានទំហំបន្ទប់ពន្ធនាគារចំនួនបួនម៉ែត្រការ៉េ ហើយបើតាមស្តង់ដារបស់អន្តរជាតិ អ្នកទោសម្នាក់មានទំហំបន្ទប់ពន្ធគារចំនួនពីរម៉ែត្រការ៉េ។ យើងដាក់អ្នកទោសម្នាក់ក្នុងបន្ទប់ពន្ធនាគារដែលមានទំហំ០,៨០ម៉ែត្រការ៉េ ដែលធ្វើឱ្យអ្នកទោសមានបញ្ហាសុខភាពផ្លូវចិត្ត»។ លោកកុយ ប៊ុនសន អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃ បានទទួលស្គាល់ថា ភាពចង្អៀតណែនខ្លាំងរបស់អ្នកទោសក្នុងពន្ធនាគារគឺជាកង្វល់។ «ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងអគ្គនាយកដ្ឋានពន្ធនាគារមានការខ្វល់ខ្វាយខ្លាំងដោយសារចំនួនអ្នកទោសមានការកើនឡើងតាំងពីដើមឆ្នាំ២០១១មកម្ល៉េះ។ ការពង្រឹងនីតិរដ្ឋមានន័យថា ការពង្រឹងច្បាប់ បានធ្វើឲ្យចំនួនអ្នកទោស និងអ្នកជាប់ឃុំបានកើនឡើងខ្ពស់ ទន្ទឹមនឹងការអភិវឌ្ឍមានកម្រិត អំពីវិស័យកសាងហេដ្ឋារចនាសម្ព័ន្ធពន្ធនាគារដែលយើងបានធ្វើជាបន្តបន្ទាប់កន្លងមកតាមខេត្តមួយចំនួន ដូចជា ខេត្ត កំពង់ចាម ខេត្តព្រះវិហារ ខេត្តកំពង់ធំ ខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តកោះកុងជាដើម។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ការធ្វើនោះមិនមានតុល្យភាពនឹងចំនួនកើនឡើងពីការពង្រឹងវិស័យច្បាប់នោះបានទេ»។ ប្រទេសអូស្ត្រាលីបានផ្តល់ជំនួយមូលនិធិចំនួន១២៥.០០០០ដុល្លារអូស្ត្រាលី សម្រាប់ជួយគាំទ្រធ្វើឱ្យលក្ខខណ្ឌពន្ធនាគារល្អប្រសើរនៅឆ្នាំ២០១០ក្នុងប្រទេសកម្ពុជា។ លោកស្រី Arthi Patel លេខាទីមួយ ទីភ្នាក់ងារអូស្ត្រាលីដើម្បីអភិវឌ្ឍន៍អន្តរជាតិ (AusAID) បានថ្លែងថា ការវិនិយោគរួមគ្នានៅក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធពន្ធនាគារដោយរដ្ឋាភិបាលអូស្ត្រាលី និងរដ្ឋាភិបាលកម្ពុជា មានសារៈសំខាន់ក្នុងការគ្រប់គ្រងពិរុទ្ធជន និងទណ្ឌិតក្នុងការធានាលក្ខខណ្ឌសន្តិសុខ សុវត្ថិភាព និងប្រកបដោយមនុស្សធម៌។ ជំនួយរបស់ប្រទេសអូស្ត្រាលីនេះផ្តោតលើការសាងសង់អគារឃុំឃាំងអនីតិជន និងស្ត្រី សាងសង់ប៉ុស្តិ៍សុខភាព របងសុវត្ថិភាពសម្រាប់អ្នកទោសចេញមកហាត់ប្រាណ និងលំហែរកាយនៅក្រៅអគារឃុំឃាំង នៅពេលថ្ងៃ សាងសង់អគារសម្រាប់ជួបគ្រួសារ និងមេធាវីជាដើម។ លោកកុយ ប៊ុនសនបានថ្លែងថា នៅខេត្តព្រៃវែង ប្រទេសអូស្ត្រាលីជួយកសាងអគារឃុំឃាំងធំបីដែលមានអគារបុរសពីរ អគារស្ត្រីមួយ រោងបាយ អគារជួបគ្រួសារ និងមេធាវី និងអគារបណ្តុះបណ្តាលវិជ្ជាជីវៈ។ លោកកុយ ប៊ុនសនបានបញ្ជាក់ថា ការកសាងអគារពន្ធនាគារនេះមិនទាន់គ្រប់គ្រាន់នៅឡើយសម្រាប់កំណើនអ្នកទោស។ «ខ្ញុំសុំអំពាវនាវដល់សហគមន៍ជាតិ អន្តរជាតិ និងដៃគូអភិវឌ្ឍន៍នានា ជួយក្រឡេកមើលយកចិត្តទុកដាក់ជាសំខាន់ទៅលើភាពកំពុងតែណែនណាន់តាន់តាប់នៅតាមអគារឃុំឃាំងក្នុងប្រទេសកម្ពុជាទាំងមូលនេះ ដើម្បីជួយផ្តល់ជំនួយ តិចក្តី ច្រើនក្តី សម្រាប់បន្ធូរបន្ថយភាពណែនណាន់តាន់តាប់នៅក្នុងពន្ធនាគារ»។ ទិន្នន័យរបស់មជ្ឈមណ្ឌលអន្តរជាតិសម្រាប់ការសិក្សាអំពីពន្ធនាគារ បានបង្ហាញថាពន្ធនាគារកម្ពុជាស្ថិតក្នុងលំដាប់ថ្នាក់ខ្ពស់បំផុតទី២៥នៃពន្ធនាគារដែលមានភាពចង្អៀតណែននៅក្នុងពិភពលោក៕ This posting includes an audio/video/photo media file: Download Now |
អ្នកភូមិខេត្តកំពង់ធំបិទផ្លូវដើម្បីតវ៉ាប្រឆាំងនឹងការរឹបអូសដីធ្លី Posted: 08 Jul 2011 02:47 PM PDT ប្រជាពលរដ្ឋប្រមាណជា៣០០នាក់មកពីភូមិចំនួនបួនក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានសម្រេចចិត្តបិទផ្លូវចរាចរដ៏សំខាន់បំផុតមួយរបស់ប្រទេសកម្ពុជានៅថ្ងៃសុក្រនេះដើម្បីដាក់សម្ពាធដល់ក្រុមអាជ្ញាធរឲ្យដោះលែងតំណាងរបស់ពួកខ្លួនមួយរូប និងដើម្បីជំរុញឲ្យមានការដោះស្រាយការរំលោភបំពានទៅលើដីធ្លីរបស់ពួកខ្លួន។ ការបិទផ្លូវធ្វើឡើងចាប់តាំងពីព្រឹកម៉ោង៨លើផ្លូវជាតិលេខ៦ នៅចម្ងាយប្រមាណជា២៥គ.ម.នៅភាគខាងជើងទីក្រុងកំពង់ធំក្នុងទិសដៅឆ្ពោះទីកាន់ខេត្តសៀមរាប វាហើយបានអូសបន្លាយអស់រយៈពេលប្រាំពីរម៉ោង។ កំណាត់ផ្លូវប្រមាណជាបីគីឡូម៉ែត្រនៅផ្នែកសងខាងនៃក្រុមបាតុករបានកកស្ទះ។ ក៏ប៉ុន្ដែក្រុមបាតុករបានបើកផ្លូវវិញនៅវេលាម៉ោងប្រមាណជា៣រសៀលបន្ទាប់ពីមានការសន្យាពីអាជ្ញាធរខេត្តថា លោកនឹងយកការទាមទាររបស់ពួកគេទៅដោះស្រាយនៅសប្ដាហ៍ក្រោយ ហើយការដោះលែងតំណាងរបស់ពួកគេនឹងធ្វើនៅជំហានបន្ទាប់។ ក្រុមប្រជាពលរដ្ឋដែលមកពីភូមិសានគរខ ភូមិប្រាសាទអណ្ដែត ភូមិស្លែងខ្ពស់ និងភូមិជ័យ បានលើកឡើងថា សមាជិកសកម្មនៅក្នុងក្រុមតវ៉ារបស់ពួកខ្លួនត្រូវប៉ូលិសចាប់អស់រយៈពេលជាងមួយខែមកហើយដោយពុំមានមូលហេតុជាក់លាក់បន្ទាប់ពីក្រុមប្រជាជនមានទំនាស់តានតឹងជាមួយនិងក្រុមហ៊ុនមួយដែលមានឈ្មោះថា ក្រុមហ៊ុន ដួងហេង សេងស៊ុនណា លើដីទំហំ៨២៣ហិចតា។ លោកខ្វៃ ឆាំ អាយុ ៤៣ ឆ្នាំអ្នកភូមិម្នាក់ក្នុងចំណោមអ្នកតវ៉ាមានប្រសាសន៍តាមទូរស័ព្ទថា ការតវ៉ាដោយសារតែអជ្ញាធរខេត្តមិនបានដោះស្រាយសំណូមពររបស់ក្រុមប្រជាជន។ «ដើម្បីទាមទារដោះលែងអ្នកទោសនិងយកដី៨២៣ហិកតា។ គេអះអាងថាដោះឲ្យប៉ុន្ដែមិនដែលឃើញដោះ»។ ប្រជាពលរដ្ឋទាំងបួនភូមិសរុបចំនួន២៥០គ្រួសារ មានទំនាស់ជាមួយក្រុមហ៊ុនដួងហេង សេងស៊ុន លើដីធ្លី ៨២៣ ហិចតានេះ ចាប់តាំងពីឆ្នាំ ២០០៥ មកម្ល៉េះ។ ការតវ៉ាបានកើតឡើងចាប់តាំងពីពេលនោះមក ក៏ប៉ុន្ដែពុំមានការដោះស្រាយណាមួយដែលក្រុមប្រជាពលរដ្ឋអះអាងថា ធ្វើឲ្យខ្លួនពេញចិត្តនោះទេ។ លុះដល់ខែឧសភា ឆ្នាំ ២០១១ នេះសាលាខេត្តកំពង់ធំបានជូនដំណឹងថា ខ្លួនសម្រេចចែកដីចំនួន ៨៧ ហិចតា លើចំនួនដែលក្រុមប្រជាជនទាមទារចំនួន៨២៣ ហិចតា។ ដីដែលក្រុមប្រជាជនអះអាងថា ពួកខ្លួនបានកាន់កាប់ចាប់តាំងពីឆ្នាំ ១៩៧៩ មកម៉្លេះ។ តំណាងប្រជាពលរដ្ឋគឺលោក ឃាង សឿន ត្រូវក្រុមប៉ូលិសចាប់ខ្លួនកាលពីថ្ងៃទី៣ មិថុនា កន្លងទៅ ក្រោមបទចោទប្រកាន់ពីការគម្រាមកំហែង និងធ្វើឲ្យខូចខាតទ្រព្យសម្បត្តិអ្នកដទៃ បន្ទាប់ក្រុមប្រជាពលរដ្ឋបានព្យាយាមរារាំងភាគីក្រុមហ៊ុន មិនឲ្យធ្វើការឈូសឆាយដីទំនាស់។ យ៉ាងណាក៏ដោយ លោកអភិបាលខេត្តកំពង់ធំ ឈ័ន ឈុនមានប្រសាសន៍ថា ប្រជាពលរដ្ឋទាមទារចំណែកដីច្រើនក្នុងជម្លោះនេះ ក៏ប៉ុន្ដែពួកគាត់ភាគច្រើនមិនមានបណ្ណកាន់កាប់ដីធ្លីទាំងនោះទេ។ ប៉ុន្ដែការចរចានៅថ្ងៃនេះបាននាំឲ្យភាគីទំនាស់ងាកទៅរកភាពស្រុះស្រួលគ្នាមួយជំហាន។ "ឥឡូវហ្នឹងបានសម្របសម្រួលគ្នា បានខិតចូលជិតគ្នាបន្ដិចហើយ"។ ក្រុមហ៊ុនដួងហេង សេងស៊ុនណាត្រូវគេរាយការណ៍ថា បានទទួលសិទ្ធិសម្បទានសម្រាប់ធ្វើការ អភិវឌ្ឈន៍ផ្នែកកសិកម្មនៅទីនោះ ប៉ុន្តែលោកយី សុខសាន្ដ អនុប្រធានផ្នែកស៊ើបអង្កេតរបស់អង្គការការពារសិទ្ធិមនុស្សអាដហុក ដែលបានឃ្លាំមើលហេតុការណ៍បិទផ្លូវកាលពីព្រឹកមិញនេះ បានបញ្ជាក់ថា ក្រុមហ៊ុននេះមិនទាន់មានសកម្មភាពអ្វីមួយនៅឡើយ។ "គ្រាន់តែឮថា អភិវឌ្ឈន៍តែអត់ដឹងថា ធ្វើអីទេ"។ វីអូអេបានព្យាយាមស្វែងរកការអធិប្បាយពីតំណាងក្រុមហ៊ុនដួងហេង សេងស៊ុនណា តែមិនបានសម្រេចទេ នៅថ្ងៃនេះ។ ទំនាស់ដីធ្លីបាននិងនៅតែបន្ដរីករាលដាលនៅក្នុងប្រទេសកម្ពុជា។ ប្រជាពលរដ្ឋតូចតាចត្រូវគេដឹងថា គឺជាជនរងគ្រោះក្នុងទំនាស់នេះ៕ This posting includes an audio/video/photo media file: Download Now |
ព័ត៌មានអន្តរជាតិសង្ខេប - ០៩ កក្កដា Posted: 08 Jul 2011 03:18 PM PDT ស៊ីរី៖ មនុស្សជិតកន្លះលាននាក់បាននៅពាសពេញវិថីនានាក្នុងក្រុងហាម៉ានៃ ប្រទេសស៊ីរី នៅពេលដែលពួកសកម្មជនបាននិយាយថាមានមនុស្សយ៉ាងតិច១៣នាក់បានត្រូវ សម្លាប់នៅទូទាំងប្រទេសកាលពីថ្ងៃសុក្រនៅក្នុងការបន្តធ្វើ បាតុកម្មប្រឆាំងនឹងប្រធានាធិបតី Bashar al-Assad។ អេហ្ស៊ីប៖ ក្រុមបាតុកររាប់ម៉ឺននាក់បានធ្វើការប្រជុំមហាជននៅទូទាំងប្រទេសអេហ្ស៊ីបដើម្បីសម្តែងការតប់ប្រមល់ដែលកើនខ្លាំងទ្បើងៗជាមួយអ្វីដែលពួកគេឃើញថាជាល្បឿនយឺតៗនៃការកែទម្រង់របស់រដ្ឋាភិបាលនិងការពន្យារពេលក្នុងការយកមកកាត់ទោសពួកអតីតមន្ត្រីដែលមានទាក់ទិននឹងការសម្លាប់ពួកបាតុករលម្អៀងទៅខាងលទ្ធិប្រជាធិបតេយ្យ។ លីប៊ី៖ កងកម្លាំងលម្អៀងទៅខាងរដ្ឋាភិបាលក្នុងប្រទេសលីប៊ីបានបាញ់ផ្តក់លើទីដៅនៅជិតក្រុង Misrata ដែលកាន់កាប់ដោយក្រុមឧទ្ទាមនាផ្នែកខាងលិចប្រទេស។ សហរដ្ឋអាមេរិក៖ យានអវកាសចម្លងស.រ.អ. Atlantis បានហោះចូលក្នុងតារាវិថីផែនដីកាលពីថ្ងៃសុក្រដើម្បីបំពេញបេសកកម្មមួយទៅកាន់ស្ថានីយ៍អវកាសអន្តរជាតិដែលជាការហោះហើរលើកទី១៣៥និងជាលើកចុងក្រោយបង្អស់នៃកម្មវិធីយានអវកាសចម្លងដែលមានរយៈពេល៣០ឆ្នាំមកហើយ។ យេម៉ែន៖ ពលរដ្ឋយេម៉ែនរាប់ពាន់នាក់បានធ្វើការប្រជុំមហាជនកាលពីថ្ងៃសុក្រ មួយថ្ងៃក្រោយពីលោកប្រធានាធិបតី Ali Abdullah Saleh បានចេញបង្ហាញមុខជាសាធារណៈជាលើកដំបូងចាប់តាំងពីលោកបានធ្វើដំណើរទៅកាន់ប្រទេស អារ៉ាប៊ីសាអូឌីតដើម្បីទទួលការព្យាបាលមុខរបួស។ <!--AV--> This posting includes an audio/video/photo media file: Download Now |
ស្ថានទូតអាមេរិកបើកវគ្គបណ្តុះបណ្តាលដល់អ្នកសារព័ត៌មានកម្ពុជា Posted: 08 Jul 2011 03:49 PM PDT ស្ថានទូតសហរដ្ឋអាមេរិកកាលពីថ្ងៃពុធទី២៩ខែមិថុនា បានបើកវគ្គបណ្តុះបណ្តាលមួយដល់អ្នកសារព័ត៌មានកម្ពុជាចំនួន២៤រូប មកពីស្ថាប័នចំនួន១៧ផ្សេងៗគ្នា ដើម្បីធ្វើការចែករំលែកបទពិសោធន៍ពីអតីតអ្នកយកព័ត៌មានដ៏ល្បីមួយរូបមកពីទូរទស្សន៍ CNN។ វគ្គបណ្តុះបណ្តាលនេះបានធ្វើឡើងនៅក្នុងស្ថានទូតសហរដ្ឋអាមេរិករយៈពេលមួយថ្ងៃ ហើយគ្រូបណ្តុះបណ្តាលគឺលោក Ralph Begleiter អតីតអ្នកយកព័ត៌មានផ្នែកកិច្ចការពិភពលោករបស់ទូរទស្សន៍ CNN។ លោក Ralph Begleiter មានអាជីពជាអ្នកសារព័ត៌មានអស់រយៈពេលជាង២០ឆ្នាំមកហើយ ហើយលោកធ្លាប់បានធ្វើដំណើរប្រមាណជិតពីរលានម៉ៃល៍នៅទូទាំងទី្វបទាំងប្រាំពីរ ដែលសរុបចំនួន៩៩ប្រទេស ដោយបូករួមទាំងទ្វីបអង់តាក់ទិចផងដែរ។ ក្រោយពីបញ្ចប់វគ្គបណ្តុះបណ្តាល លោកបានផ្តល់បទសម្ភាសន៍ជាមួយក្រុមអ្នកកាសែតថា អ្នកកាសែតត្រូវតែមានការទទួលខុសត្រូវ គឺផ្តល់ព័ត៌មានមានលក្ខណៈវិជ្ជាជីវៈឯករាជ្យទៅដល់មហាជន ដោយមិនពាក់ព័ន្ធទៅលើក្រុមអ្នកមានអំណាចទេ។ លោកបានថ្លែងតាមរយៈអ្នកបកប្រែយ៉ាងដូច្នេះថា៖ «ខ្ញុំសង្ឃឹមថាបទពិសោធន៍ដែលខ្ញុំចែករំលែកនៅថ្ងៃនេះ អាចយកទៅប្រើបា្រស់បានមួយចំនួន ខ្ញុំមិនហានថាទាំងអស់ទេ។ ប្រសិនបើមានលក្ខណៈខ្លះអាចប្រើប្រាស់បាន ហើយម៉្យាងទៀត ខ្ញុំចង់បញ្ជាក់ដឹងថា អ្នកសារព័ត៌មាននៅក្នុងប្រទេសយើង ដូចជា អស់លោក លោកស្រី ក៏ដូចជាអ្នកសារព័ត៌មាននៅប្រទេសផ្សេងៗដែរគឺថា មានគោលបំណងរួមគ្នាតែមួយទេ គឺគោលបំណងរបស់គេ គឺចង់ចែករំលែកសារព័ត៌មានដែលគេផ្សព្វផ្សាយទៅកាន់មហាជន។ ហើយគេមានការប្រឈមមុខប្រហាក់ប្រហែលគ្នាផងដែរ»។ លោក Mark Wenig ប្រធានផ្នែកកិច្ចការសាធារណៈ និងជាអ្នកនាំពាក្យរបស់ស្ថានទូតសហរដ្ឋអាមេរិក ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា ស្ថានទូតសហរដ្ឋអាមេរិករៀបចំកម្មវិធីនេះឡើង គឺដើម្បីផ្តល់ចំណេះដឹងដល់អ្នកសារព័ត៌មាន ដើម្បីចែករំលែកសារព័ត៌មានបន្តទៀតដល់សាធារណជន។ «នេះជាលើកទីមួយហើយដែលស្ថានទូតបានឧបត្ថម្ភគ្រូបង្រៀនក្នុងវិស័យសារព័ត៌មានមក កាន់ប្រទេសកម្ពុជា ដើម្បីចែករំលែកបទពិសោធន៍របស់គាត់ដល់អ្នកសារព័ត៌មានកម្ពុជា។អាហ្នឹងនិយាយអំពីសារព័ត៌មាន អតីតអ្នកសារព័ត៌មាន។ ប៉ុន្តែនិយាយពីអ្នកធ្វើបឋកថាទូទៅគឺយើងបានឧបត្ថម្ភគេមកស្រុកខ្មែរជាហូរហែ»។ នៅក្នុងវគ្គបណ្តុះបណ្តាល លោក Ralph Begleiter បានចែករំលែកបទពិសោធន៍ ដែលលោកធ្លាប់បានធ្វើជាអ្នកសារព័ត៌មានអស់រយៈពេលជាង២០ឆ្នាំមកហើយនោះ រួមមានរបៀបសម្ភាសន៍ តួនាទីរបស់អ្នកសារព័ត៌មាន និងការទទួលខុសត្រូវរបស់អ្នកសារព័ត៌មានមុន និងយកទៅចុះផ្សាយ។ លោកវេង សំបូរ អ្នកយកព័ត៌មានឲ្យស្ថានីយ៍ទូរទស្សន៍ហង្សមាស ដែលធ្លាប់ជាអ្នកសារព័ត៌មានអស់រយៈពេល៧ឆ្នាំមកហើយនោះ បានមានប្រសាសន៍ថា នេះជាលើកទីមួយហើយ ដែលលោកបានសិក្សាជាមួយនឹងអ្នកសារព័ត៌មាន ដែលមានបទពិសោធន៍លំដាប់ពិភពលោក។ «ខ្ញុំទទួលបានបទពិសោធន៍ច្រើនពីការបង្រៀនរបស់គាត់ទាក់ទងនឹងកិច្ចធ្វើបទសម្ភាសន៍ ទាក់ទងទៅនឹងការដោះស្រាយ និងការរៀបចំខ្លួនយ៉ាងម៉េច ដើម្បីធ្វើបទសម្ភាសន៍ជាមួយ និងមន្រ្តីធំៗនៅក្នុងជួរដ្ឋាភិបាល ហើយដូចជាសួរទៅមន្រ្តីយោធាទាក់ទងនឹងបញ្ហាជម្លោះផ្សេងៗ គឺយើងបានទទួលបទពិសោធន៍ច្រើន ពេលដែលគាត់បានបង្ហាញមកឲ្យសិក្ខាកាមទាំងអស់»។ លោកសំបូរបានមានប្រសាសន៍ទៀតថា អ្នកកាសែតកម្ពុជាមានកង្វះខាតច្រើនខាងផ្នែកធនធានមនុស្សដែលទាមទារឲ្យមានការបណ្តុះបណ្តាលថែមទៀត៕ This posting includes an audio/video/photo media file: Download Now |
You are subscribed to email updates from VOA News: ព័ត៌មាន To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |