VOA News: ព័ត៌មាន: “កម្ពុជាប្រារព្ធខួប៣ឆ្នាំដែលប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោក” plus 3 more |
- កម្ពុជាប្រារព្ធខួប៣ឆ្នាំដែលប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោក
- តុលាការខ្មែរក្រហមបើកសវនាការពីសុខភាពរបស់ចុងចោទបីរូប
- ធនាគារអភិវឌ្ឍន៍អាស៊ីផ្តល់៥០០លានដុល្លារដល់កម្ពុជា
- ព័ត៌មានអន្តរជាតិសង្ខេប - ០៨ កក្កដា
កម្ពុជាប្រារព្ធខួប៣ឆ្នាំដែលប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោក Posted: 07 Jul 2011 03:15 PM PDT ជាងមួយសប្តាហ៍ក្រោយពីអង្គការUnesscoបានយល់ព្រមតាមសំណើររាជរដ្ឋាភិបាលកម្ពុជា ធ្វើការជួលជុលប្រាសាទព្រះវិហារឡើងវិញ ប្រទេសកម្ពុជាបានប្រារព្ធខួប៣ឆ្នាំប្រកបដោយមោទនភាពដែលប្រាសាទបុរាណខ្មែរចំណាស់ជាង៩០០ឆ្នាំនេះក្លាយជាបេតិកភណ្ឌពិភពលោក។ ប្រាសាទដ៏កំសត់នេះបានរងការខូចខាត និងកាន់តែទ្រុឌទ្រោមខ្លាំងឡើងដោយសារការប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជានិងថៃក្នុងពេលជិត៣ឆ្នាំមកនេះ៕ This posting includes an audio/video/photo media file: Download Now |
តុលាការខ្មែរក្រហមបើកសវនាការពីសុខភាពរបស់ចុងចោទបីរូប Posted: 07 Jul 2011 12:28 PM PDT មន្រ្ដីជាន់ខ្ពស់សាលាក្ដីខ្មែរក្រហមបានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា អង្គជំនុំជម្រះសាលាដំបូងនឹងបើកសវនាការបន្ថែមមួយទៀតនៅចុងខែសីហាខាងមុខនេះ ដើម្បីសម្រេចពីបញ្ហាសុខភាពរបស់ជនជាប់ចោទចាស់ជរាចំនួនបីនាក់នៅក្នុងសំណុំរឿង០០២ ថាតើពួកគេអាចចូលរួមការកាត់ទោសបានឬយ៉ាងណា។ ការកាត់ទោសពេញអង្គក្នុងសំណុំរឿង០០២ត្រូវបានគ្រោងនឹងធ្វើជាផ្លូវការនៅក្នុងខែកញ្ញាឆ្នាំ២០១១នេះ។ នេះបើផ្អែកតាមប្រភពពីមន្ដ្រីតុលាការ។ នៅក្នុងរបាយការណ៍ជាសាធារណៈនៅថ្ងៃនេះដែរ លោកចៅក្រម និល ណុន ប្រធានអង្គជំនុំជម្រះសាលាដំបូងបានបង្ហាញថា សាលាដំបូងបានទទួលរបាយការណ៍ស្តីពីស្ថានភាពសុខភាពរបស់ជនជាប់ចោទចំនួនបីរូបក្នុងចំណោមបួនរូបក្នុងសំណុំរឿង០០២នេះ។ ជនទាំងបីរូបរួមមានអៀង សារី ប្រពន្ធរបស់គាត់អៀង ធីរិទ្ធ និងនួន ជា។ របាយការណ៍ដែលត្រូវបានរៀបចំដោយលោកសាស្ដ្រាចារ្យចន ខាំបែល្ល (John Cambell) គឺជាមូលដ្ឋានកំណត់ថាតើជនជាប់ចោទមានសម្បទាគ្រប់គ្រាន់ដើម្បីចូលរួមសវនាការកាត់ទោសពួកគេបានដែរឬយ៉ាងណា។ លោក ឌឹម សុវណ្ណារុំ មន្ដ្រីទទួលបន្ទុកផ្នែកកិច្ចការសាធារណៈរបស់សាលាក្ដីខ្មែរក្រហមមានប្រសាសន៍ថា អង្គជំនុំជម្រះត្រូវធ្វើសេចក្ដីសម្រេចលើបញ្ហានេះនៅចុងខែសីហា។ លោកបានប្រាប់វីអូអេខ្មែរថា៖ «អង្គជំនុំជម្រះសាលាដំបូងនឹងពិនិត្យនិងសម្រេច ថាតើជនជាប់ចោទទាំងបីរូបនេះអាចនឹងចូលរួមនៅក្នុងដំណើរការនីតិវិធីជំនុំជម្រះក្ដីបានឬមិនបាននោះគឺអង្គជំនុំជម្រះសាលាដំបូងនឹងរៀបចំឲ្យមានសវនាការនៅចុងខែសីហាឆ្នាំ២០១១ ដែលសវនាការនេះគេឲ្យឈ្មោះថា សវនាការមុនអង្គសេចក្ដី ធ្វើតែទៅលើកាយសម្បទារបស់ជនជាប់ចោទទាំងបីរូបតែប៉ុណ្ណោះ»។ ជនជាប់ចោទអៀង សារី អាយុ ៨៥ ឆ្នាំជិតឈានចូល៨៦ ឆ្នាំ អតីតរដ្ឋមន្ដ្រីការបរទេសខ្មែរក្រហម ជនជាប់ចោទអៀង ធីរិទ្ធ ប្រពន្ធរបស់គាត់អាយុ ៧៩ ឆ្នាំ អតីតរដ្ឋមន្ដ្រីសង្គមកិច្ចខ្មែរក្រហម និងអតីតបងធំទី២ នួន ជា អាយុ ៨៥ ឆ្នាំពេញលេញនៅថ្ងៃទី ៧ខែកក្កដានេះ។ ជនជាប់ចោទទាំងបីបានស្នើសុំតាមរយៈក្រុមមេធាវីរបស់ខ្លួនឲ្យអង្គជំនុំជម្រះសាលាដំបូងធ្វើការសម្រេចថា បើផ្អែកលើបញ្ហាសុខភាព តើពួកគេនៅតែត្រូវចូលរួមក្នុងសវនាការកាត់ទោសដែរឬយ៉ាងណា។ ប៉ុន្ដែនៅថ្ងៃនេះ លោកចៅក្រម និល ណុន ចាត់ទុកថា របាយការណ៍វិភាគលើស្ថានភាពសុខភាពជនជាប់ចោទគឺជាឯកសារសម្ងាត់ ដោយពុំអាចអនុញ្ញាតឲ្យមានការបញ្ចេញព័ត៌មានទាំងនេះជាសាធារណៈក្រៅពីរង្វង់ភាគីពាក់ព័ន្ធក្នុងតុលាការទេ។ ក្រុមមេធាវីបានឲ្យដឹងថា អៀង ធីរិទ្ធ មានជំងឺជង្គង់ ជំងឺភ្នែក និងមានជំងឺគេងមិនលក់។ អៀង សារី មានជំងឺបេះដូង និងជំងឺឆ្អឹងខ្នង រីឯនួន ជា មានជំងឺលើសឈាម និងបញ្ហាភ្នែកខ្លាំង។ នៅក្នុងសវនាការបឋមកាលពីចុងខែមុន ជនជាប់ចោទទាំងបីបានអវត្តមានជាច្រើនលើកពីបន្ទប់ជំនុំជម្រះ។ សហមេធាវីរបស់អៀង ធីរិទ្ធ លោក ផាត់ ពៅស៊ាង មានប្រសាសន៍ដោយប្រយ័ត្នប្រយែងកាលពីថ្ងៃច័ន្ទដោយលោកចង់ឲ្យកូនក្ដីលោកស្ថិតនៅក្រៅការកាត់ទោសដោយមូលហេតុសុខភាព។ លោកឡាស អលសិន មន្ដ្រីផ្នែកទំនាក់ទំនងកិច្ចការច្បាប់របស់សាលាក្ដីខ្មែរក្រហមមានប្រសាសន៍ថា ប្រសិនបើចុងចោទណាម្នាក់ត្រូវទទួលបានការលើកលែងពីសាលាដំបូង ព័ត៌មាននេះនឹងត្រូវបានផ្សព្វផ្សាយជាសាធារណៈ៕ This posting includes an audio/video/photo media file: Download Now |
ធនាគារអភិវឌ្ឍន៍អាស៊ីផ្តល់៥០០លានដុល្លារដល់កម្ពុជា Posted: 07 Jul 2011 10:26 AM PDT ធនាគារអភិវឌ្ឍន៍អាស៊ីបានប្រកាសផ្តល់៥០០លានដុល្លារអាមេរិកដល់កម្ពុជានៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីគាំទ្រគម្រោងអភិវឌ្ឍន៍នានារបស់រដ្ឋាភិបាលសម្រាប់ជំរុញកំណើនសេដ្ឋកិច្ចដ៏ទូលាយ និងកាត់បន្ថយភាពក្រីក្រក្នុងរយៈពេលបីឆ្នាំខាងមុខនេះ។ រដ្ឋាភិបាលកម្ពុជា និងធនាគារអភិវឌ្ឍន៍អាស៊ីបានបង្កើតភាពជាដៃគូសម្រាប់ឆ្នាំ២០១១ដល់ឆ្នាំ២០១៣ដែលដាក់ចេញនូវយុទ្ធសាស្ត្ររបស់ធនាគារអភិវឌ្ឍន៍អាស៊ីនៅកម្ពុជាស្របជាមួយនឹងអាទិភាពរបស់រដ្ឋាភិបាលកម្ពុជា។ យុទ្ធសាស្ត្រភាពជាដៃគូប្រចាំប្រទេសនេះបង្ហាញពីផែនការវិនិយោគធនធានប្រមាណ៥០០លានដុល្លារអាមេរិករបស់ធនាគារអភិវឌ្ឍន៍អាស៊ី។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ី។ លោក ភីធ័រ ប្រ៊ិមបល (Peter Brimble) សេដ្ឋកិច្ចវិទូជាន់ខ្ពស់នៃធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជាបានថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មាន នៅទីស្នាក់ការធនាគារអភិវឌ្ឍន៍អាស៊ីថា យុទ្ធសាស្ត្រភាពជាដៃគូប្រចាំប្រទេសនេះដាក់ចេញនូវផែនទីបង្ហាញផ្លូវប្រកបដោយមហិច្ឆតាមួយ ដើម្បីផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋក្រីក្រកម្ពុជាតាមរយៈការអភិវឌ្ឍជនបទតាមបែបរួមផ្តុំ។ លោកថ្លែងដូច្នេះថា៖ «វិភាជន៍ហិរញ្ញវត្ថុរបស់ធនាគារអភិវឌ្ឍន៍អាស៊ីដល់កម្ពុជាសម្រាប់រយៈពេលបីឆ្នាំបន្ទាប់ និងចំនួនទឹកប្រាក់សរុបដែលយើងនឹងរៀបចំធ្វើកម្មវិធី គឺមានប្រមាណ៥០០លានដុល្លារសម្រាប់រយៈពេលបីឆ្នាំ»។ សេចក្តីថ្លែងការណ៍ បញ្ជាក់ថាការអភិវឌ្ឍជនបទតាមបែបរួមផ្តុំដែលផ្តោតការយកចិត្តទុកដាក់លើភាពប្រកួតប្រជែងរបស់កសិដ្ឋាន សហគ្រាសពាណិជ្ជកម្ម និងហេដ្ឋារចនាសម្ព័ន្ធជនបទនឹងបង្កើតការងារ បង្កើនចំណូល និងលើកកម្ពស់សន្តិសុខស្បៀង ព្រមទាំងបន្តកែលម្អរប្រព័ន្ធធារាសាស្ត្រ ដើម្បីបង្កើន ផលិតភាពកសិកម្មដែលជាការគាំទ្រគោលនយោបាយផលិតកម្មស្រូវ និងជំរុញការនាំចេញអង្កររបស់រដ្ឋាភិបាល ហើយការពង្រឹងទំនាក់ទំនងរវាងទីក្រុងនិងជនបទ ដូចជាការភ្ជាប់ទំនាក់ទំនក្នុងប្រទេសជាមួយប្រទេសជិតខាង។ លោក ភីធ័រ ប្រ៊ិមបល បានបញ្ជាក់យ៉ាងដូច្នេះថា៖ «នេះជាយុទ្ធសាស្ត្រដ៏សំខាន់។ ធនាគារអភិវឌ្ឍន៍អាស៊ីមានគោលបំណងគាំទ្ររដ្ឋាភិបាលក្នុងការដោះស្រាយភាពក្រីក្រ និងកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។ វាជាយុទ្ធសាស្ត្រកោង ហើយយើងគ្រោងនឹងធ្វើកិច្ចការនេះតាមរយៈគោលដៅយុទ្ធសាស្ត្រពីរ៖ ទី១ គឺកំណើនសេដ្ឋកិច្ចដែលមានមូលដ្ឋានធំទូលាយ ដោយព្យាយាមធានាថា យើងអាចគាំទ្រកំណើននេះ ក៏ប៉ុន្តែកំណើននេះនឹងរីករាលដាល ក្នុងចំណោមប្រជាពលរដ្ឋ។ ទី២ រៀបចំអន្តរាគមន៍សំដៅជំរុញការអភិវឌ្ឍសង្គម និងសមធម៌ រួមមានការអប់រំ ការផ្គត់ផ្គង់ទឹក និងតម្រូវការចាំបាច់ផ្សេងៗទៀត»។ លោក ភីធ័រ ប្រ៊ិមបល បានបន្តថា ដើម្បីឱ្យសម្រេចគោលដៅទាំងនោះ ធនាគារអភិវឌ្ឍន៍អាស៊ីដាក់ចេញផ្នែកអាទិភាពចំនួនប្រាំដែលធនាគារនឹងអនុវត្ត សម្រាប់រយៈពេលបីឆ្នាំបន្ទាប់ ដើម្បីលើក កម្ពស់កំណើនសេដ្ឋកិច្ចដែលមានមូលដ្ឋានធំទូលាយ និងការអភិវឌ្ឍសង្គម និងសមធម៌។ លោកភីធ័រ ប្រ៊ិមបល បានបន្ថែមថា ផ្នែកទាំងប្រាំនេះរួមមានការដឹកជញ្ជូន ផ្លូវលំជនបទសំខាន់ៗ ការអប់រំ និងការបណ្តុះបណ្តាល ការផ្គត់ផ្គង់ទឹកស្អាត ការធ្វើឱ្យទៅជារបរជំនួញកសិកម្ម និងការគាំទ្រពហុដំណើរការសេដ្ឋកិច្ច។ លោក កង ច័ន្ទតារារ័ត្ន ប្រធានវិទ្យាស្ថានសិក្សាការអភិវឌ្ឍកម្ពុជា បានថ្លែងថាយុទ្ធសាស្ត្រភាពជាដៃគូរយៈពេលបីឆ្នាំនេះគឺជាកញ្ចក់ឆ្លុះបញ្ចាំងពីផែនការអភិវឌ្ឍន៍ច្បាស់លាស់របស់រដ្ឋាភិបាល និងផ្តល់សញ្ញាវិជ្ជមានដល់កំណើនសេដ្ឋកិច្ចដ៏ទូលំទូលាយ និងការកាត់បន្ថយភាពក្រីក្រ។ លោកបានប្រាប់វីអូអេខ្មែរថា៖ «ផែនការអភិវឌ្ឍន៍របស់ធនាគារអភិវឌ្ឍន៍អាស៊ីជាផែនការអភិវឌ្ឍន៍ថ្នាក់តំបន់។ ការអភិវឌ្ឍនៅកម្ពុជាគ្របដណ្តប់ជាមួយការអភិវឌ្ឍក្នុងតំបន់ ដើម្បីឱ្យមានការអភិវឌ្ឍសេដ្ឋកិច្ចទ្រុងទ្រាយធំបាន»។ លោក ភីធ័រ ប្រ៊ិមបល បានបញ្ជាក់ថា យុទ្ធសាស្ត្រភាពជាដៃគូនេះបានកើតចេញពីការពិគ្រោះយោបល់ជាច្រើនជាមួយអ្នកពាក់ព័ន្ធទាំងអស់ និងជួបប្រជុំជាមួយរដ្ឋាភិបាល ផ្នែកឯកជន ដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិល៕ This posting includes an audio/video/photo media file: Download Now |
ព័ត៌មានអន្តរជាតិសង្ខេប - ០៨ កក្កដា Posted: 07 Jul 2011 02:06 PM PDT <!--AV--> ស៊ីរី៖ ក្រុមសកម្មជនសិទ្ធិមនុស្សស៊ីរីនិយាយថា មានមនុស្សរាប់រយនាក់កំពុងតែរត់គេចពីទីក្រុងហាម៉ានៅភាគកណ្ដាល នៃប្រទេសនេះ ដោយភ័យខ្លាចការបង្ក្រាបរបស់យោធាដោយកងកម្លាំងសន្ដិសុខ។ នេប៉ាល់៖ អតីតព្រះមហាក្សត្រនៃប្រទេសនេប៉ាល់ ទ្រង់បានស្ដីបន្ទោសក្រុមអ្នកតាក់តែងច្បាប់ចំពោះការខកខានមិនបានបង្កើតរដ្ឋធម្មនុញ្ញនិងរដ្ឋាភិបាលមានលំនឹងមួយក្នុងរយ:ពេលប៉ុន្មានឆ្នាំចាប់តាំងពីរបបរាជានិយមត្រូវបានបំបាត់មក។ ឥណ្ឌា៖ អង្គការសិទ្ធិមនុស្ស Amnesty International កំពុងតែអំពាវនាវឲ្យអាជ្ញាធរនៅក្នុងរដ្ឋ Chhattisgarh អនុវត្ដតាមសេចក្ដីសម្រេចមួយរបស់តុលាការកំពូលឲ្យរំលាយនិងដកហូតអាវុធរបស់ក្រុមកងជីវពលប្រឆាំងនឹងពួកម៉ៅនិយម។ ក្រិក៖ ឆ្មាំសមុទ្រក្រិកបានស្ទាក់នាវាមួយគ្រឿងគត់ដែលជាផ្នែកមួយនៃកងនាវាតូចរបស់ក្រុមសកម្មជនគាំទ្រពួកប៉ាឡេស្ទីន ហើយដែលបានគេចផុតពីការមើលឃើញរបស់ពួកគេ។ យេម៉ែន៖ លោកប្រធានាធិបតី Ali Abdullah Saleh បានថ្លែងសុន្ទរកថាលើកទីមួយតាមវីដេអូនៅថ្ងៃព្រហស្បតិ៍ ចាប់តាំងពីការធ្វើដំណើរទៅប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីព្យាបាលរបួសបណ្ដាលមកពីការវាយប្រហារនៅខែឧសភាទៅលើវិមានប្រធានាធិបតីរបស់លោក។ អាហ្គានីស្ថាន៖ ក្រុមមន្ដ្រីអាហ្គានីស្ថាននិយាយថា ការទម្លាក់គ្រាប់បែករបស់អង្គការអូតង់ (NATO) បានសម្លាប់ជនស៊ីវិល១៣នាក់នៅក្នុងខេត្ដខូសភាគខាងកើតនៅថ្ងៃអង្គារ។ ស៊ូដង់៖ កងទ័ពនៃប្រទេសស៊ូដង់ខាងជើងកំពុងតែរំសាយទាហានប្រមាណ១៥.០០០នាក់ ពីជួរកងទ័ព នៅពេលដែលប្រទេសស៊ូដង់ខាងត្បូងត្រៀមខ្លួននឹងប្រាកាសឯករាជ្យ។ កូតឌីវ័រ៖ រដ្ឋាភិបាលនៃប្រទេសកូតឌីវ័រ បានតែងតាំងអតីតមេដឹកនាំពួកបះបោរឲ្យឡើងកាន់តំណែងជាមេបញ្ជាការនៃកងកម្លាំងប្រដាប់អាវុធ។ កេនយ៉ា៖ ប៉ូលីសនៅប្រទេសកេនយ៉ាបាញ់ឧស្ម័នផ្សែងនៅថ្ងៃព្រហស្បតិ៍ទៅលើក្រុមអ្នកតវ៉ាដែលធ្វើបាតុកម្មប្រឆាំងតម្លៃខ្ពស់នៃស្បៀងអាហារនិងឥន្ធន:។ This posting includes an audio/video/photo media file: Download Now |
You are subscribed to email updates from VOA News: ព័ត៌មាន To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |