|
- លោកហ៊ុន សែនបង្ហាញសុទិដ្ឋិនិយមអំពីទំនាក់ទំនងកម្ពុជា-ថៃ
- គណបក្សសមរង្ស៊ីបានធ្វើបុណ្យបង្សុកូលរំឭកខួប១៤ឆ្នាំនៃរដ្ឋប្រហារបង្ហូរឈាម
- ព័ត៌មានអន្តរជាតិសង្ខេប - ០៧ កក្កដា
- ផលនេសាទសមុទ្រធ្លាក់ចុះ អ្នកនេសាទត្រូវរកចំណូលផ្សេងទៀត
- រដ្ឋាភិបាលបានកំណត់ឱសានវាទឲ្យប្រជាពលរដ្ឋបង់ពន្ធលើអចលនទ្រព្យ
- ព័ត៌មានអន្តរជាតិសង្ខេប - ០៦ កក្កដា (ថ្មី)
- អ្នកសង្កេតការណ៍បោះឆ្នោតអាស៊ីហៅការបោះឆ្នោតនៅថៃថាឆ្លុះបញ្ចាំងនូវឆន្ទៈពលរដ្ឋ
លោកហ៊ុន សែនបង្ហាញសុទិដ្ឋិនិយមអំពីទំនាក់ទំនងកម្ពុជា-ថៃ Posted: 06 Jul 2011 02:12 PM PDT នៅថ្ងៃនេះ លោកនាយករដ្ឋមន្រ្ដីកម្ពុជាបានបង្ហាញសុទិដ្ឋិនិយមថា រដ្ឋាភិបាលថ្មីរបស់ប្រទេសថៃនឹងជួយស្ដារទំនាក់ទំនងទ្វេភាគីឲ្យបានល្អប្រសើរឡើងវិញ។ អ្នកវិភាគកម្ពុជាក៏យល់ស្របលើទស្សនៈនេះដែរ។ លោកហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជារំពឹងថា ប្រទេសកម្ពុជានិងប្រទេសថៃនឹងអាចឈានទៅរកការដោះស្រាយបញ្ហាទ្វេភាគីដោយសន្ដិវិធី បន្ទាប់ពីរដ្ឋាភិបាលថ្មីរបស់ថៃត្រូវបានបង្កើតឡើង។ ប្រទេសទាំងពីរបានធ្លាក់ក្នុងជម្លោះប្រដាប់អាវុធនៅតាមខ្សែក្រវ៉ាត់ព្រំដែន ចាប់តាំងពីខែកក្កដាឆ្នាំ ២០០៨មកម្ល៉េះ។ មានការប្រយុទ្ធគ្នាយ៉ាងហិង្សាជាច្រើនលើក ហើយបានបង្កឲ្យមានការស្លាប់និងរបួសទាំងសងខាង។ ប្រជាជនស៊ីវិលជាច្រើនម៉ឺននាក់បានទទួលរងផលប៉ះពាល់។ សុទិដ្ឋិនិយមរបស់លោកប្រមុខរដ្ឋាភិបាលខ្មែរធ្វើឡើងក្នុងពិធីសម្ពោធការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ នៅក្រុងតាខ្មៅ ខេត្តកណ្ដាលនៅថ្ងៃពុធនេះ។ «យើងសង្ឃឹមយ៉ាងមុតមាំថា គ្រប់បញ្ហានឹងត្រូវបានដោះស្រាយដោយសន្ដិវិធី។ យើងឈានឆ្ពោះទៅរកសករាជថ្មីនៃសហប្រតិបត្តិការរវាងព្រះរាជាណាចក្រកម្ពុជានិងព្រះរាជាណាចក្រថៃ»។ សេចក្ដីថ្លែងការណ៍នេះត្រូវគេមើលឃើញថា គឺជាសារឆ្លើយឆ្លងគ្នាដោយប្រយោលរវាងមេដឹកនាំប្រទេសដើម្បីស្វែងរកការដោះស្រាយភាពតានតឹងនៅឡើយ។ កាលពីថ្ងៃអង្គារម្សិលមិញនេះ ប្រព័ន្ធផ្សព្វផ្សាយនានារបស់ប្រទេសថៃបានឲ្យដឹងថា អនាគតនាយករដ្ឋមន្ដ្រីថៃក្នុងរយៈពេលដ៏ខ្លីបំផុតនេះគឺលោកស្រី Yingluck Shinawatra បានប្រកាសថា ការស្ដារទំនាក់ទំនងជាមួយប្រទេសកម្ពុជាឡើងវិញគឺជាអាទិភាពចម្បង រួមទាំងការស្ដារទំនាក់ទំនងជាមួយប្រទេសជិតខាងដទៃទៀត។ ប្រទេសថៃបានធ្វើការបោះឆ្នោតសកលកាលពីថ្ងៃអាទិត្យ។ លោកស្រី Yingluck Shinawatra មេដឹក នាំគណបក្សភឿថៃ និងជាប្អូនស្រីបង្កើតរបស់លោកThaksin Shinawatra អតីតនាយករដ្ឋមន្ត្រីថៃ ដែលត្រូវទម្លាក់ដោយរដ្ឋប្រហារយោធានោះ បានឈ្នះឆ្នោតយ៉ាងលើសលុប។ លោកស្រីនឹងក្លាយជាស្ដ្រីថៃទីមួយដែលបានឡើងកាន់តំណែងនាយករដ្ឋមន្ដ្រី។ លោក Thaksin Shinawatra ធ្លាប់ត្រូវបានតែងតាំងជាទីប្រឹក្សាផ្នែកសេដ្ឋកិច្ចរបស់លោក ហ៊ុន សែន។ ហើយការតែងតាំងនេះបានបង្កឲ្យមានអរិភាពការទូតរវាងក្រុងភ្នំពេញ និងក្រុងបាងកក។ លោកហ៊ុន សែនសង្ឃឹមថា រដ្ឋាភិបាលរបស់លោកស្រី Yingluck នឹងមិនគ្រាន់តែជាដៃគូសហប្រតិបត្តិការជាមួយកម្ពុជាតែប៉ុណ្ណោះទេ ក៏ប៉ុន្ដែរដ្ឋាភិបាលថ្មីនេះក៏នឹងក្លាយជាដៃគូសហការល្អជាមួយនឹងប្រទេសក្នុងតំបន់និងក្នុងសមាគមអាស៊ានផងដែរ។ កាលពីថ្ងៃច័ន្ទ លោកហោណាំ ហុង ប្រមុខការទូតខ្មែរបានថ្លែងអបអរសាទរជ័យជម្នះរបស់លោកស្រីYingluck ហើយក៏បានផ្ដោតក្ដីសង្ឃឹមដែរថា ជម្លោះព្រំដែនរវាងប្រទេសទាំងពីរនឹងត្រូវដោះស្រាយ។ លោកបណ្ឌិតឡៅ ម៉ុងហៃ អ្នកវិភាគឯករាជ្យ មានប្រសាសន៍ថា កម្ពុជានិងថៃអាចនឹងទទួលបានភាពសុខដុមជាមួយគ្នាតាមរយៈរដ្ឋាភិបាលថ្មីរបស់លោកស្រី Yingluck ដោយសារតែការដឹកនាំថ្មី ចំណងមិត្តភាពល្អបន្សល់ទុកពីលោក Thaksin និងដោយសារការគិតគូរពីបញ្ហាសេដ្ឋកិច្ច។ «ទីមួយគឺមនុស្សថ្មី គណបក្សថ្មី គំនិតថ្មី ជំហថ្មី។ តាមរយៈទំនាក់ទំនងមិត្តភាពរវាងអតីតនាយករដ្ឋមន្ដ្រី Thaksin និងសម្តេចនាយករដ្ឋមន្ដ្រីខ្មែរយើងនេះជាកត្តាមួយទៀតជួយជំរុញឲ្យមានការស្រុះស្រួលគ្នា។ ទីបី គឺទាំងសងខាងខ្មែរក្តី ថៃក្ដី ដូចជាមិនបានចំណេញពីជម្លោះហ្នឹងទេ»។ លោកឡៅ ម៉ុងហៃ លើកឡើងថា អតីតរាជរដ្ឋាភិបាលចាស់របស់លោកអាប់ភីស៊ីតមានជំហររឹងត្អឹងខ្លាំងនិងមាននិន្នាការឈ្លានពាននិងវាយលុកបែបយោធា ដែលធ្វើឲ្យខូចខាតដល់ទំនាក់ទំនងទ្វេភាគី។ គណបក្សជំទាស់សម រង្ស៊ី កាលពីថ្ងៃច័ន្ទ ក៏បានចេញសេចក្តីថ្លែងការណ៍សម្តែងការគាំទ្រនិងលើកទឹកចិត្តដល់រដ្ឋាភិបាលថ្មីរបស់ថៃផងដែរ៕ This posting includes an audio/video/photo media file: Download Now |
គណបក្សសមរង្ស៊ីបានធ្វើបុណ្យបង្សុកូលរំឭកខួប១៤ឆ្នាំនៃរដ្ឋប្រហារបង្ហូរឈាម Posted: 06 Jul 2011 01:49 PM PDT គណបក្សសម រង្ស៊ីបានធ្វើពិធីបុណ្យបង្សុកូលដើម្បីរំឭកខួប១៤ឆ្នាំនៃរដ្ឋប្រហារបង្ហូរឈាមមួយកណ្តាលទីក្រុងភ្នំពេញរវាងកងទ័ពដែលស្មោះត្រង់នឹងព្រះអង្គម្ចាស់នរោត្តម រណឫទ្ធិ អតីតនាយករដ្ឋមន្ត្រីទីមួយនិងលោកនាយករដ្ឋមន្ត្រីហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីទី២។ យ៉ាងតិចមានកងទ័ពដែលស្មោះត្រង់នឹងគណបក្ស FUNCINPEC ប្រមាណជិត១០០នាក់បានស្លាប់បាត់បង់ជីវិត។ លោកសម រង្ស៊ីបានប្រកាសថា លោកនឹងស្វែងរកយុត្តិធម៌ចំពោះអ្នកស្លាប់បាត់បង់ជីវិតក្នុងខណៈពេលដែលគណបក្សពីរផ្សេងទៀតមិនអើពើនឹងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះ។ គណបក្សប្រឆាំងដ៏ធំមួយក្នុងប្រទេសកម្ពុជានៅថ្ងៃពុធនេះបានចេញមុខប្រកាសថា ខ្លួននឹងទាមទាររកយុត្តិធម៌ជូនជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតនៅក្នុងព្រឹត្តិការណ៍បង្ហូរឈាមគ្នាមួយកណ្តាលទីក្រុងភ្នំពេញកាលពី១៤ឆ្នាំមុនរវាងកងទ័ពដែលស្មោះត្រង់នឹងព្រះអង្គមា្ចស់នរោត្តមរណឫទ្ធិ អតីតនាយករដ្ឋមន្រ្តីទីមួយនិងកងទ័ពដែលស្មោះត្រង់នឹងលោកនាយករដ្ឋមន្រ្តីហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីទីពីរកាលពីថ្ងៃទី៥-៦ខែកក្កដាឆ្នាំ១៩៩៧។ ការប្រកាសនេះបានធ្វើឡើងក្នុងខណៈពេលដែលគណបក្សសម រង្ស៊ីបានធ្វើពិធីបុណ្យបង្សុកូលរាប់បាតព្រះសង្ឃចំនួន១៤អង្គនៅទីស្នាក់ការគណបក្សរបស់ខ្លួន ដោយមានការចូលរួមពីសមាជិក សមាជិការជិត២០០នាក់។ តាមរយៈ video conference លោកសម រង្ស៊ីបានថ្លែងប្រាប់ក្រុមអ្នកចូលរួមថា អ្នករងគ្រោះស្លាប់បាត់បង់ជីវិតត្រូវតែទទួលបាននូវយុត្តិធម៌។ លោកបានបញ្ជាក់ទៀតថា គណបក្សរបស់លោកកំពុងប្រមូលភស្តុតាងអំពីករណីព្រឹត្តិការណ៍ថ្ងៃ៥-៦ ខែកក្កដានេះ ដើម្បីយកទៅតុលាការយុត្តិធម៌អន្តរជាតិ។ «យើងអាចប្តឹង។ ប្តឹងអ្នកណា? គឺប្តឹងលោកហ៊ុន សែន។ ប្តឹងរឿងពាក់ព័ន្ធនឹងការសម្លាប់មនុស្សបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិ»។ លោកសម រង្ស៊ីមិនបានបញ្ជាក់ថា លោកនឹងប្តឹងនៅពេលណាទេ ក៏ប៉ុន្តែលោកបានអំពាវនាវឲ្យប្រជាពលរដ្ឋប្រមូលភស្តុតាងបន្ថែមទៀតដើម្បីប្តឹងលោកនាយករដ្ឋមន្ត្រីហ៊ុន សែន។ លោកបានមានប្រសាសន៍ទៀតថា ពាក្យបណ្តឹងដែលលោកកំពុងរៀបចំប្តឹងនេះ រួមមានឃាតកម្មធំៗដូច ការបាញ់សម្លាប់បាតុករប្រឆាំងការបោះឆ្នោតឆ្នាំ១៩៩៨ ការសម្លាប់មនុស្សក្នុងផែនការក៥ ករណីបោកគ្រាប់បែកនៅពីមុខអតីតអគាររដ្ឋសភា កាលពីថ្ងៃ៣០មិនា១៩៩៧ និងករណីបាញ់សម្លាប់តារាភាពយន្តពិសិដ្ឋ ពីលីកា។ «យើងមានសំណុំរឿងជាច្រើនដែលមានមូលដ្ឋានរឹងមាំនិងច្បាស់លាស់ដើម្បីប្តឹងលោកហ៊ុន សែន»។ យ៉ាងតិចមានកងទ័ពដែលស្មោះត្រង់នឹងគណបក្ស FUNCINPEC ប្រមាណជិត១០០នាក់បានស្លាប់បាត់បង់ជីវិតក្នុងព្រឹត្តិការណ៍ខែកក្កដាឆ្នាំ១៩៩៧។ លោកទិត សុធា ទីប្រឹក្សារដ្ឋាភិបាលនិងជាអ្នកនាំពាក្យអង្គភាពប្រតិកម្មរហ័សរបស់ទីស្តីការគណៈរដ្ឋមន្ត្រីបានបញ្ជាក់ថាលោកសម រង្ស៊ីកំពុងស្វះស្វែងរកកំហុសដើម្បីទម្លាក់មករដ្ឋាភិបាល បន្ទាប់ពីតុលាការកាត់ទោសឲ្យលោកជាប់ពន្ធនាគារ ហើយបានរត់គេចចេញពីសំណាញ់ច្បាប់។ លោកទិត សុធាបានអះអាងទៀតថាអន្តរជាតិមិនមានឥទ្ធិពលមកជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជាទេ។ «លោកសម រង្ស៊ីបាននិងកំពុងបង្កើតបញ្ហាដែលជារឿងមិនពិត ដូច្នេះគ្មានអ្វីដែលរដ្ឋាភិបាលត្រូវភ្ញាក់ផ្អើលទៅនឹងអ្វីដែលជាគម្រោងរបស់លោកសម រង្ស៊ីបាននិងកំពុងធ្វើនេះទេ»។ ការប្រកាសស្វែងរកយុត្តិធម៌របស់លោកសម រង្ស៊ីបានធ្វើឡើងក្នុងខណៈពេលដែលគណបក្សពីរផ្សេងទៀតដែលបានបំបែកចេញជាពីរគឺគណបក្ស FUNCINPEC និងគណបក្សនរោត្តមរណឫទ្ធិ ដែលជាអ្នករងគ្រោះដោយផ្ទាល់ក្នុងព្រឹត្តិការណ៍បង្ហូរឈាមនេះ បានព្យាយាមធ្វើមិនដឹងមិនឮ។ លោកប៉ែន សង្ហា អ្នកនាំពាក្យគណបក្សនរោត្តមរណឫទ្ធិ បាននិយាយថា គណបក្ស NRP បានបង្កើតឡើងក្រោយ៩ឆ្នាំពីព្រឹត្តិការណ៍ថ្ងៃ៦ខែកក្កដា ក៏ប៉ុន្តែយើងនៅតែគោរពវិញ្ញាណក្ខន្ធអ្នកដែលបានស្លាប់បាត់បង់ជីវិត។ លោកបានបញ្ជាក់ថា គណបក្សមិនចង់កេងចំណេញផ្នែកនយោបាយទេ។ «ការប្រារព្វពិធីណាមួយមិនមែនជាភារៈរបស់គណបក្ស NRP ទេ ពីព្រោះ NRP មិនចង់កេងចំណេញផ្នែកនយោបាយ ទៅលើអ្នកដែលបានស្លាប់ដោយសារបុព្វហេតុជាតិនោះទេ»។ មន្ត្រីគណបក្ស FUNCINPEC មិនអាចធ្វើទំនាក់ទំនងដើម្បីសុំសេចក្តីអត្ថាធិប្បាយបានទេ នៅថ្ងៃពុធនេះ ក៏ប៉ុន្តែលោកញ៉ឹក ប៊ុនឆៃ ប្រធានប្រតិបត្តិរបស់គណបក្សនេះ ធ្លាប់បានបញ្ជាក់ថា គណបក្សសម រង្ស៊ីធ្វើដូច្នេះដើម្បីកេងចំណញនយោបាយ។ លោកបានបញ្ជាក់ថា ជារៀងរាល់បុណ្យភ្ជុំបិណ្ឌនិងបុណ្យចូលឆ្នាំ គណបក្ស FUNCINPEC តែងធ្វើបុណ្យរាប់បាតជាដរាប។ លោកនាយករដ្ឋមន្រី្តហ៊ុន សែន នៅថ្ងៃពុធនេះ ក្នុងពិធីបើកសម្ពោធការដ្ឋានសាងសង់ស្ពាននៅតាខ្មៅបាននិយាយចំអកឲ្យគណបក្សប្រឆាំងក្នុងការប្រារព្ធខួបរដ្ឋប្រហារនេះ៕ This posting includes an audio/video/photo media file: Download Now |
ព័ត៌មានអន្តរជាតិសង្ខេប - ០៧ កក្កដា Posted: 06 Jul 2011 03:03 PM PDT វ៉ាស៊ីនតោន៖ លោកស្រី Christine Lagarde នាយកថ្មីនៃមូលនិធិរូបិយវត្ថុអន្ដរជាតិ បានប្ដេជ្ញាចិត្ដធ្វើការកែទម្រង់ដើម្បីបង្កើនឥទ្ធិពលច្រើនឡើងរបស់សេដ្ឋកិច្ចកំពុងលូតលាស់ នៅអង្គការឲ្យប្រាក់កម្ចីមួយនេះ។ ចិន៖ ក្រុមអ្នកចាប់ពិរុទ្ធជាតិចិនទំនងដូចជារាំងខ្ទប់ការពិភាក្សាគ្នាអំពីលោកអតីតប្រធានាធិបតី Jiang Zemin តាមប្រព័ន្ធអ៊ិនធឺណិត។ វៀតណាម៖ តុលាការវៀតណាមមួយនៅទីក្រុងហាណូយចេញសាលក្រមឲ្យអតីតរដ្ឋមន្ដ្រីក្រសួងដឹកជញ្ជូននិងមនុស្ស៧នាក់ទៀត ឲ្យជាប់ពន្ធនាគារក្រោយពីបានរកឃើញថាមានទោសក្នុងបទជាប់ពាក់ព័ន្ធក្នុងរឿងអាស្រូវពុករលួយមួយចំនួន។ ឥណ្ឌា៖ ប៉ូលីសនៅប្រទេសឥណ្ឌាភាគខាងត្បូងបានចាប់មនុស្សយ៉ាងតិច៥០នាក់នៅថ្ងៃពុធ ពេលពួកគេតវ៉ា ហើយអំពាវនាវឲ្យបង្កើតរដ្ឋថ្មីមួយ។ ស៊ីរី៖ នៅថ្ងៃពុធក្រុមសកម្មជនសិទ្ធិមនុស្សនិយាយថា ចំនួនមនុស្សស្លាប់មកពីអំពើហិង្សានៅទីក្រុងហាម៉ាស្ថិតនៅភាគកណ្ដាលប្រទេសស៊ីរី មានយ៉ាងតិច២២នាក់ ក្រោយពីកងសន្ដិសុខស៊ីរី បាញ់ទៅលើជនស៊ីវីល។ ឥណ្ឌា៖ រដ្ឋមន្ដ្រីឥណ្ឌាម្នាក់ទៀតត្រូវបានស៊ើបអង្កេតក្នុងបទចោទអំពីតួនាទីរបស់លោកក្នុងរឿងអាស្រូវពុករលួយពាក់ព័ន្ធនឹងឧស្សាហកម្មទូរគមនាគមន៍នៃប្រទេស ឥណ្ឌា។ ឥណ្ឌា៖ ក្រុមហ៊ុនផលិតយន្តហោះធំជាងគេក្នុងពិភពលោកឲ្យដឹងថា ប្រទេសឥណ្ឌានឹងត្រូវការយន្ដហោះថ្មីដឹកអ្នកដំណើរ១,៣០០គ្រឿងក្នុងពេល២០ឆ្នាំខាងមុខនេះ ដើម្បីបំពេញសេចក្ដីត្រូវការរបស់សេដ្ឋកិច្ចលូតលាស់នៃប្រទេសនេះ។ បង់ក្លាដែស៖ កូដកម្មប្រឆាំងរដ្ឋាភិបាលបណ្ដាលឲ្យប្រទេសបង់ក្លាដែសបិទនៅថ្ងៃពុធ នៅពេលដែលគណបក្សជំទាស់តវ៉ានឹងវិសោធនកម្មរដ្ឋធម្មនុញ្ញ ដែលពួកគេនិយាយថា នឹងអនុញាតឲ្យគណបក្សកាន់អំណាចក្ដាប់អំណាច។ អេហ្ស៊ីប៖ ជនជាតិអេហ្ស៊ីបបានចោលថ្មទៅលើអគាររដ្ឋាភិបាលនៅទីក្រុង Suez នៅថ្ងៃពុធក្រោយពីតុលាការមួយបានប្រព្រឹត្ដតាមសេចក្ដីសម្រេចដោះលែងក្រុមភ្នាក់ងារប៉ូលីសដែលជាប់ចោទក្នុងបទសម្លាប់បាតុករ ពេលមានការបះបោរប្រឆាំងរដ្ឋាភិបាលនៅឆ្នាំនេះ។ អ៊ីស្រាអែល៖ ប៉ូលីសអ៊ីស្រាអែលរាប់សិបនាក់ត្រូវបានដាក់ពង្រាយនៅព្រលានយន្ដហោះអន្ដរជាតិនៃប្រទេសនេះនៅទីក្រុង Tel Aviv ដោយមកពីមានការរំពឹងថា សកម្មជន រាប់រយនាក់ដែលគាំទ្រពួកប៉ាឡេស្ទីននឹងទៅដល់ប្រទេសនេះនៅអាទិត្យនេះ។ អ៊ីរ៉ង់៖ ប្រទេសអ៊ីរ៉ង់បានប្រកាសពីថ្ងៃពុធថា ខ្លួនបានបាញ់សាកល្បងកាំជ្រួចផ្លោង មីស៊ីលប្រឆាំងនាវាជាច្រើនគ្រាប់នៅសមុទ្រ ដែលជាផ្នែកមួយនៃសមយុទ្ធយោធា១០ថ្ងៃដែលចាប់ផ្ដើមអាទិត្យមុន។ លីប៊ី៖ ពួកបះបោរជាតិលីប៊ី យកបានស្រុកតូចៗពីរស្ថិតនៅភាគខាងត្បូងនៃទីក្រុង Tripoli ក្រោយពីការប្រយុទ្ធគ្នារយ:ពេល៦ម៉ោងជាមួយកងកម្លាំងស្មោះត្រង់ចំពោះមេដឹកនាំ Moammar Gadhafi មក។ This posting includes an audio/video/photo media file: Download Now |
ផលនេសាទសមុទ្រធ្លាក់ចុះ អ្នកនេសាទត្រូវរកចំណូលផ្សេងទៀត Posted: 06 Jul 2011 12:48 PM PDT តំណាងរដ្ឋាភិបាល អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍នេសាទតាមឆ្នេរសមុទ្រ នៅថ្ងៃពុធនេះ កំពុងស្វែងរកការបង្កើតមុខរបរបន្ថែមផ្សេងៗទៀតក្រៅពីមុខរបរនេសាទ ដោយសារផលនេសាទសមុទ្ររបស់ពួកគាត់មិនអាចផ្គត់ផ្គង់ជីវភាពគ្រួសារបាន។ ក្លឹបអ្នកកាសែតកម្ពុជា និងរដ្ឋបាលជលផលដោយសហការជាមួយអង្គការគម្រោងថ្នាក់តំបន់ស្តីពីការចិញ្ចឹមជីវិត ដោយផ្អែកលើវិស័យជលផល និងអង្គការម្ហូបអាហារ និងកសិកម្មរបស់អង្គការសហប្រជាជាតិ (FAO) បានធ្វើការពិភាក្សារវាងមន្ត្រីរដ្ឋាភិបាល អង្គការសង្គមស៊ីវិល តំណាងសហគមន៍នេសាទសមុទ្រ និងអ្នករាយការណ៍ព័ត៌មាននៅសណ្ឋាគារ កាំបូឌីយ៉ាណា (Cambodiana)។ លោកស្រី កាំង ឃីម អគ្គនាយិការរងនៃរដ្ឋបាលជលផល បានថ្លែងថា ផលនេសាទសមុទ្រមានប្រមាណ៨៥.០០០តោនក្នុងឆ្នាំ២០១០។ «អ្នកប្រកបមុខរបរនេសាទមានចំនួនកើនឡើង។ អញ្ចឹងចំនួនអ្នកនេសាទមានចំនួនច្រើន។ អញ្ចឹងផលនេសាទរបស់គាត់ បើយើងគិតក្នុងម្នាក់ គឺគាត់នេសាទត្រីបានតិចជាងមុខ ប៉ុន្តែបើយើងគិតផលចាប់ត្រីសរុប វាមិនមានការថយចុះខ្លាំងក្លាទេ»។ អ្នកស្រីនួ ឆៃ តំណាងសហគមន៍នេសាទតំបន់ឆ្នេរសមុទ្រកោះខ្ចង ខេត្តកោះកុង បាននិយាយថាមុខរបរនេសាទរបស់គ្រួសារអ្នកស្រីមិនអាចរកប្រាក់ផ្គត់ផ្គង់ជីវភាពបានទេ ដោយសារការនេសាទសមុទ្ររបស់អ្នកស្រីមិនអាចចាប់ត្រីបានគ្រប់គ្រាន់។ អ្នកស្រី នួ ឆៃបានបញ្ជាក់ថា ឥឡូវនេះ អ្នកស្រីធ្វើការដាំដំណាំហូបផ្លែបន្ថែមពីលើមុខរបរនេសាទដោយមានការជួយគាំទ្រឥណទានបច្ចេកទេស និងគ្រាប់ពូជ ដែលអាចធ្វើឱ្យជីវភាពរបស់អ្នកស្រីបានប្រសើរឡើង។ «ការនេសាទគឺនេសាទតែមួយមុខទេ ដល់ពេលយើងបង្វែរមុខរបរពីនេសាទមកធ្វើមុខរបរដាំបន្លែ និងលក់ដូរទើបអាចរស់បាន។ អង្គការបានជួយជាឥណទាន បច្ចេកទេស និងគ្រាប់ពូជ»។ លោកស៊ឹម ហ៊ីម តំណាងសហគមន៍នេសាទតំបន់ឆ្នេរសមុទ្រត្រពាំងសង្កែ ខេត្តកំពត បានថ្លែងថាអង្គការបានជួយបណ្តុះបណ្តាលជំនាញ ចិញ្ចឹមមាន់ ដាំបន្លែ ចិញ្ចឹមត្រី និងការជួសជុលទូកនេសាទ។ លោកស៊ឹម ហ៊ីមបានបញ្ជាក់ថា បើអង្គការ និងរដ្ឋាភិបាលដាក់គម្រោងទៅលើតែធនធានជលផល ដោយមិនបង្វែរគម្រោងខ្លះមកវិស័យកសិកម្មទេ នោះធនធានជលផលមិនអាចផ្តល់ផលនេសាទដល់សហគមន៍បានទេ ពីព្រោះសមាជិកសហគមន៍នេសាទកើនឡើងជារៀងរាល់ឆ្នាំ ប៉ុន្តែដែននេសាទនៅដដែល។ «បើមានគម្រោងអ្វី គាត់ (រដ្ឋាភិបាល និងអង្គការ) អាចកែច្នៃទាក់ទងនឹងការបង្កើតមុខរបរក្រៅពីនេសាទឱ្យមកខាងកសិកម្ម។ ខ្ញុំសប្បាយចិត្ត»។ លោក Steve Needham មន្ត្រីព័ត៌មាននៃអង្គការគម្រោងថ្នាក់តំបន់ស្តីពីការចិញ្ចឹមជីវិតដោយផ្អែកលើវិស័យជលផល បានថ្លែងថា គេត្រូវមានវគ្គបណ្តុះបណ្តាលអ្នកភូមិទាំងនោះក្នុងការធ្វើផែនការហិរញ្ញវត្ថុ ដើម្បីយល់ពីរបៀបសន្សំប្រាក់ និងអ្វីដែលកើតឡើង ដើម្បីខ្ចីប្រាក់ និងដើម្បីធ្វើឱ្យពួកគាត់ងាយទទួលបានឥណទានខ្នាតតូច។ លោកថាយ សុមុនី អ្នកសម្របសម្រួលគម្រោងថ្នាក់ជាតិស្តីពីការចិញ្ចឹមជីវិតដោយផ្អែកលើធនធានជលផលបានបញ្ជាក់ថា ជីវភាពរបស់អ្នកនេសាទក្រីក្រ និងអ្នកនេសាទទ្រង់ទ្រាយតូច កំពុងប្រឈមមុខនឹងរបរដែលមានហានិភ័យ និងការបាត់បង់ជម្រកជលផល។ លោកថាយ សុមុនីបានបន្តថា អ្នកនេសាទខ្នាតតូចខាតបង់ប្រាក់ដែលបានមកពីការនេសាទ និងតម្រូវការប្រាក់ចំណូលបន្ថែម មុខរបរបន្ថែមទៀត ដើម្បីគាំទ្រជីវភាពរស់របស់ពួកគាត់។ លោកថាយ សុមុនីបានថ្លែងថា សហគមន៍នេសាទតំបន់ឆ្នេរចំនួន១៥ត្រូវបានជ្រើសរើសជាសហគមន៍គោលដៅរបស់គម្រោង រួមមានប្រាំមួយសហគមន៍នៅខេត្តកំពត ប្រាំមួយសហគមន៍នៅខេត្តព្រះសីហនុ និងបីសហគមន៍ទៀតនៅខេត្តកោះកុង៕ This posting includes an audio/video/photo media file: Download Now |
រដ្ឋាភិបាលបានកំណត់ឱសានវាទឲ្យប្រជាពលរដ្ឋបង់ពន្ធលើអចលនទ្រព្យ Posted: 06 Jul 2011 11:33 AM PDT លោកគង់ វិបុល រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មការវាយតម្លៃអចលនទ្រព្យសម្រាប់ពន្ធដារ បានមានប្រសាសន៍នៅថ្ងៃអង្គារនេះថា រដ្ឋាភិបាលបានកំណត់យកខែកញ្ញាជាឱសានវាទចុងក្រោយសម្រាប់ឲ្យប្រជាពលរដ្ឋបង់ពន្ធលើអចលនទ្រព្យ។ លោកបានមានប្រសាសន៍ទៀតថា ច្បាប់របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្តុបានកំណត់ថា តម្លៃផ្ទះល្វែងនៅទីក្រុងភ្នំពេញដែលមានជាន់ផ្ទាល់ដីត្រូវបង់ពន្ធពី១២០ដុល្លាររហូតដល់១៣០ដុល្លារ ចំណែកឯផ្ទះវីឡាត្រូវបង់ពន្ធពី៧០០ដុល្លាររហូតដល់៨០០ដុល្លារសហរដ្ឋអាមេរិកក្នុងមួយឆ្នាំ។ លោកថ្លែងថា៖ «ដើម្បីប្រមូលចំណូលជូនរដ្ឋ ទាំងពន្ធអចលនទ្រព្យ និងពន្ធប្រថាប់ត្រាផង»។ ថ្លែងនៅក្នុងពិធីបើកកិច្ចប្រជុំពិភាក្សាគ្នាមួយរវាងក្រសួងសេដ្ឋកិច្ច និងក្រសួងដែនដីនគររូបនីយកម្ម និងសំណង់ស្តីអំពីអចលនទ្រព្យនៅកម្ពុជា លោក គង់ វិបុល បានមានប្រសាសន៍ទៀតថា ជំហានទី១នៃការបង់ពន្ធលើអចលនទ្រព្យនេះបានចាប់ផ្ថើមធ្វើឡើងនៅទូទាំងខណ្ឌទាំងប្រាំបី និងក្រុងទាំង២៦ ហើយការផ្សព្វផ្សាយនេះមិនទាន់បានទូលំទូលាយនៅទូទាំងប្រទេសនៅឡើយទេ។ ក្រុមអ្នកជំនាញអចលនទ្រព្យបាននិយាយថា វិធានរបស់រដ្ឋាភិបាលសម្រាប់បង់ពន្ធអចលនទ្រព្យនេះហាក់បីដូចជាលឿនពេក។ លោកសិង្ហ ប៊ុនណ្ណា អគ្គនាយកក្រុមហ៊ុនប៊ុនណ្ណារៀលធីគ្រុប និងជាប្រធានសមាគមន៍អ្នកវាយតម្លៃសេវាអចលនទ្រព្យកម្ពុជាបានមានប្រសាសន៍ថា ការបង់ពន្ធគឺជាកាតព្វកិច្ចរបស់ប្រជាពលរដ្ឋ ក៏ប៉ុន្តែការអនុវត្តនេះហាក់ដូចជាឆាប់រហ័សពេក។ លោកបានមានប្រសាសន៍ទៀតថា នៅក្នុងទីក្រុងភ្នំពេញ ប្រជាពលរដ្ឋចំនួន១០នាក់ មានតែបួននាក់ប៉ុណ្ណោះដែលបានដឹងដំណឹងអំពីការបង់ពន្ធលើអចលនទ្រព្យនេះ។ លោកបានប្រាប់វីអូអេខ្មែរថា៖ «ជាទស្សនៈរបស់ខ្ញុំ យើងគួរតែទុកពេលវេលាបន្តិចដើម្បីប្រកាសជាសាធារណៈឲ្យគាត់បានជា្របឲ្យបានច្រើនបន្តិច ទើបជាការប្រសើរ។ វាថ្មីពេកសម្រាប់ប្រជាពលរដ្ឋយើង ហើយការរៀបចំរបស់យើងគឺវាលឿនពេក។ យើងនឹកឃើញ យើងធ្វើ ហើយអនុវត្តភ្លាមៗតែម្តង»។ លោកបានមានប្រសាសន៍ទៀតថា ក្នុងកាលៈទេសៈនេះ ប្រជាពលរដ្ឋមានជីវភាពមិនសូវល្អប៉ុន្មានទេ ស្របពេលដែលកម្ពុជាទើបនឹងងើបចេញពីវិបត្តិសេដ្ឋកិច្ច។ ប្រជាពលរដ្ឋមួយរូបរស់នៅក្នុងសង្កាត់អូរឬស្សី៣ ខណ្ឌ៧មករា បាននិយាយដោយយសុំមិនបញ្ចេញឈ្មោះថា លោកមិនជំទាស់ការបង់ពន្ធលើអចលនទ្រព្យទេ ក៏ប៉ុន្តែចង់ឲ្យក្រសួងសេច្ចកិច្ច និងហិរញ្ញវត្តុបន្ថូរបន្ថយលើពន្ធ។ លោកបានមានប្រសាសន៍ទៀតថា តម្លៃដែលកំណត់នេះវាហាក់ដូចជាខ្ពស់ពេក។ លោកថ្លែងតាមសម្តីដើមយ៉ាងដូច្នេះថា៖ «ឲ្យទាបជាងនេះទៀត វារឹតតែល្អ ព្រោះថាឥឡូវវាស្ងាត់ដែរ។ ការរកស៊ីឥឡូវគឺយ៉ាប់ដែរ បានតែគ្រប់គ្រាន់ បន្តិចបន្តួច»។ លោកកឹម សុខា ប្រធានគណបក្សសិទ្ធិមនុស្ស បាននិយាយថា ប្រទេសណាក៏ដោយចាំបាច់ត្រូវតែមានការបង់ពន្ធ ក៏ប៉ុន្តែរដ្ឋាភិបាលមានកាតព្វកិច្ចផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋវិញផងដែរ។ លោកបានមានប្រសាសន៍ផងដែរថា រដ្ឋាភិបាលមិនត្រូវយកលុយបង់ពន្ធទៅធ្វើផ្លូវ ស្ពានថ្នល់ ហើយថា ជាលុយរបស់គណបក្សខ្លួននោះទេ។ «ថារដ្ឋាភិបាល គណបក្សប្រជាជាជនជាអ្នកជួយនេះ ជួយនោះ ធ្វើផ្លូវ ធ្វើស្ពាន ធ្វើសាលា។ សុទ្ធតែថា រដ្ឋាភិបាល ក៏ប៉ុន្តែលុយនោះជាលុយពន្ធរបស់ប្រជាពលរដ្ឋ មិនមែនជាលុយរបស់គណបក្សកាន់អំណាចអ្នកធ្វើទេ»។ លោកកឹម សុខាបានមានប្រសាសន៍ទៀតថា លោកមិនជំទាស់នឹងការយកពន្ធអចលនទ្រព្យនោះទេ ក៏ប៉ុន្តែស្នើសុំឲ្យរដ្ឋាភិបាលដំឡើងប្រាក់បៀវត្សរ៍ដល់មន្រ្តីរាជការផងដែរ៕ This posting includes an audio/video/photo media file: Download Now |
ព័ត៌មានអន្តរជាតិសង្ខេប - ០៦ កក្កដា (ថ្មី) Posted: 05 Jul 2011 04:58 PM PDT ព័ត៌មានចុងក្រោយបំផុត៖ ស៊ីរី៖ អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) ឲ្យដឹងថា កងកម្លាំងសន្តិសុខប្រទេសស៊ីរីប្រហែលបានប្រព្រិត្តឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិក្នុងពេលប្រតិបត្តិការដ៏ស្លាប់រស់កាលពីខែមុននៅក្នុងទីក្រុងមួយជិតព្រំដែនប្រទេសលីបង់។ លីប៊ី៖ ពួកឧទ្ទាមយ៉ាងហោចណាស់១១នាក់ត្រូវបានសម្លាប់នៅក្នុងការប៉ះទង្គិចគ្នាមួយជាមួយកងទ័ពគាំទ្ររដ្ឋាភិបាលនៅជិតទីក្រុង មីស្រាតា (Misrata) ដែលកាន់កាប់ដោយក្រុមប្រឆាំង។ ជប៉ុន៖ រដ្ឋាភិបាលជប៉ុនឲ្យដឹងថា ខ្លួននឹងធ្វើតេស្តសាកល្បងម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរទាំងអស់នៅក្នុងប្រទេសដើម្បីកំណត់ថាតើម៉ាស៊ីនរ៉េអាក់ទ័រទាំងអស់នោះអាចធន់នឹងគ្រោះមហន្តរាយធម្មជាតិដែរឬទេ។ ប៉ាគីស្ថាន៖ គណៈកម្មការមួយរបស់ប៉ាគីស្ថានដែលស៊ើបអង្កេតការវាយឆ្មក់របស់សហរដ្ឋអាមេរិកដែលបានសម្លាប់មេដឹកនាំអាល់កៃដា អូសាម៉ា ប៊ិន ឡាដិន ឲ្យដឹងថា គ្រួសាររបស់មេដឹកនាំភេរវកម្ម នឹងមិនអាចធ្វើមាតុភូមិនិវត្តដោយគ្មានការយល់ព្រមពីខ្លួនទេ។ សហរដ្ឋអាមេរិក៖ លោកប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា មានផែនការធ្វើជាម្ចាស់ផ្ទះរៀបចំទទួលមេដឹកនាំនៃគណបក្សនយោបាយទាំងពីរនៅសេតវិមាននៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីបន្តការចរចាស្តីពីការបង្កើនកម្រិតនៃការខ្ចីប្រាក់របស់ប្រទេស ខណៈដែលពេលកំណត់សំខាន់មួយកាន់តែខិតចូលមកជិត។ សហរដ្ឋអាមេរិក៖ ប្រធានាធិបតីសហរដ្ឋអាមេរិកប៉ារ៉ាក់ អូបាម៉ា មានផែនការឆ្លើយសំណួរពីអ្នកប្រើប្រាស់បណ្តាញសង្គម Twitter ក្នុងការពិភាក្សាតាមប្រព័ន្ធអ៊ិនធឺណិត នៅថ្ងៃពុធនេះ។ កូរ៉េខាងត្បូង៖ មន្រ្តីកូរ៉េខាងត្បូង និងគូប្រកួតប្រជែងអឺរ៉ុបពីរកំពុងធ្វើបទបង្ហាញចុងក្រោយបង្អស់របស់ខ្លួនដល់គណៈកម្មាធិការអូឡាំពិកអន្តរជាតិនៅក្នុងការប្រកួតប្រជែងដ៏ខ្លាំងក្លាមួយដើម្បីសម្រេចថាតើប្រទេសណានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកីឡារដូវរងាឆ្នាំ២០១៨។ ចិន៖ ក្រុមហ៊ុនផលិតស៊ុតដ៏ធំបង្អស់របស់ចិន ប្រាប់ឲ្យដឹងថា ខ្លួនកំពុងទាមទារឲ្យមានការសុំអភ័យទោសពីបណ្តាញទូរទស្សន៍ដែលមានទីតាំងក្នុងសហរដ្ឋអាមេរិកចំពោះការពិពណ៌នាម្ហូបប្រពៃណីចិនថា ជាម្ហូបដ៏គួរឲ្យខ្ពើមរអើមក្នុងពិភពលោក។ <!--AV--> ព័ត៌មានពីពេលមុននេះ៖ <!--IMAGE--> ហ្វីលីពីន៖ ពួកមន្ត្រីនៅក្នុងប្រទេសហ្វីលីពីនបានហាមប្រាមអ្នកការទូតចិនម្នាក់មិនឱ្យចូលរួមប្រជុំ ក្រោយពីលោកបានបញ្ចេញអាកប្បកិរិយាគ្រោតគ្រាតនៅក្នុងកិច្ចចរចាគ្នា។ អាហ្វហ្គានីស្ថាន៖ បេសកកម្មរបស់អង្គការអូតង់ (NATO) នៅក្នុងប្រទេសអាហ្វហ្គានិស្ថាននិយាយថា ការវាយប្រហារដោយពួកឧទ្ទាមបានធ្វើឱ្យទាហានពួកគេបួននាក់ស្លាប់នៅពេលដែលលោកនាយករដ្ឋមន្ត្រីអង់គ្លេសបានទៅទស្សនាក្រុងកាប៊ុលហើយបានសន្យាថានឹងបង្កើនជំនួយអង់គ្លេសដល់ប្រទេសនេះ។ អេហ្ស៊ីប៖ តុលាការអេហ្ស៊ីបមួយបានកាត់ក្តីឱ្យរួចខ្លួនអតីតរដ្ឋមន្ត្រី៣នាក់របស់រដ្ឋបាលលោកអតីតប្រធានាធិបតី Hosni Mubarak ពីបទចោទប្រកាន់ថាប្រព្រឹត្តអំពើពុករលួយ។ អឺរ៉ុប៖ សហភាពអឺរ៉ុបបានហាមប្រាមការដឹកជញ្ជូនចូលក្នុងប្រទេសនូវគ្រាប់បន្លែមកពីប្រទេសអេហ្ស៊ីប ក្រោយពីបានសន្មតថាគ្រាប់បន្លែ fenugreek ដែលបានត្រូវដឹកមកពីប្រទេសនេះទំនងជាប្រភពនៃមេរោគបាក់តេរី E. Coli ដែលបានបណ្តាលឱ្យមនុស្សយ៉ាងតិចណាស់៤៩នាក់ស្លាប់។ អ៊ីស្រាអែល/ប៉ាឡេស្ទីន៖ ពួកជនសកម្មប្រយុទ្ធដែលបានខិតខំប្រឹងប្រែងទម្លាយការរាំងខ្ទប់តំបន់សមុទ្រទល់មុខនឹងតំបន់ហ្កាហ្សាដោយអ៊ីស្រាអែល បានទទួលការចំណេញដំបូងរបស់ពួកគេក្នុងរយៈពេលច្រើនថ្ងៃមកហើយ នៅពេលដែលនាវាសម្រាប់ជិះកម្សាន្តមួយគ្រឿងរបស់បារាំងបានបើកចេញពីដែនទឹកនៃប្រទេសក្រិកកាលពីថ្ងៃអង្គារដោយបើកទៅកាន់ឆ្នេរសមុទ្រប៉ាឡេស្ទីន។ អ៊ីរ៉ាក់៖ គ្រាប់បែកពីរបានផ្ទុះនៅខាងក្រៅអគារមួយរបស់រដ្ឋាភិបាលនៅខាងជើងក្រុងបាកដាត បណ្តាលឱ្យមនុស្សយ៉ាងតិចណាស់៣៥នាក់ស្លាប់។ លីប៊ី៖ មានពួកឧទ្ទាមលីប៊ីយ៉ាងតិចណាស់១១នាក់បានត្រូវសម្លាប់នៅក្នុងការប៉ះទង្គិចគ្នាជាមួយកងកម្លាំងលម្អៀងទៅខាងរដ្ឋាភិបាលនៅជិតក្រុង Misrata ដែលកាន់កាប់ដោយក្រុមឧទ្ទាម។ សូម៉ាលី៖ ទីភ្នាក់ងារអ.ស.ប.ទទួលបន្ទុកកិច្ចការជនភៀសខ្លួននិយាយថានៅពេលនេះការរាំងស្ងួតនិងអំពើហិង្សាបានរុញច្រានមួយភាគបួននៃពលរដ្ឋសូម៉ាលី៧,៥លាននាក់ឱ្យចេញពីផ្ទះសម្បែងពួកគេទៅកាន់ជំរំនៅក្នុងប្រទេសឬជំរំជនភៀសខ្លួននៅក្រៅប្រទេស។ ស៊ីរី៖ កងកម្លាំងលម្អៀងទៅខាងរដ្ឋាភិបាលក្នុងប្រទេសស៊ីរីបានបាញ់កាំភ្លើងនៅក្នុងក្រុងហាម៉ានា កណ្តាលប្រទេស បណ្តាលឱ្យមនុស្សយ៉ាងតិច៦នាក់ស្លាប់។ សហប្រជាជាតិ៖ អ.ស.ប.បានព្រមានថា ក្រុមកសិករក្នុងពិភពលោកនឹងត្រូវបង្កើន២ដងចំនួនម្ហូបអាហារដែលពួកគេផលិតដើម្បីតាមឱ្យទាន់ចំនួនមនុស្សដែលកើនច្រើនទ្បើងៗយ៉ាងលឿន។ This posting includes an audio/video/photo media file: Download Now |
អ្នកសង្កេតការណ៍បោះឆ្នោតអាស៊ីហៅការបោះឆ្នោតនៅថៃថាឆ្លុះបញ្ចាំងនូវឆន្ទៈពលរដ្ឋ Posted: 05 Jul 2011 03:21 PM PDT ក្រុមអ្នកសង្កេតការណ៍បោះឆ្នោតអាស៊ីមួយបានអបអរសាទរទៅនឹងការបោះឆ្នោតជាតិថៃនៅពេលដែលលទ្ធផលចុងក្រោយត្រូវបានរាប់យ៉ាងស្ងប់ស្ងាត់ មានរបៀបរៀបរយនិងអាចអនុញ្ញាតឲ្យសាធារណជនបង្ហាញពីសំឡេងរបស់ពួកគេ។ ក៏ប៉ុន្តែបណ្តាញអាស៊ីសម្រាប់ការបោះឆ្នោតដោយសេរីបានធ្វើការដកស្រង់គុណវិបត្តិមួយចំនួននៅក្នុងការបោះឆ្នោត និងព្រមានពួកទាហានថៃកុំឲ្យលូកដៃក្នុងរឿងនយោបាយ។ បណ្តាញព័ត៌មានអាស៊ីសម្រាប់ការបោះឆ្នោតដោយសេរីបានកោតសរសើរប្រទេសថៃក្នុងការរៀបចំការបោះឆ្នោតប្រកបដោយសន្តិភាព និងមានរបៀបរៀបរយដោយមានអ្នកចូលរួមបោះឆ្នោតយ៉ាងច្រើនកុះករ។ គណៈកម្មការរៀបចំបោះឆ្នោតថៃប៉ាន់ប្រមាណថាអ្នកបោះឆ្នោតជាង៧០ភាគរយបានមកបោះឆ្នោតកាលពីថ្ងៃអាទិត្យកន្លងទៅនេះ។ លទ្ធផលជាផ្លូវការដែលគណៈកម្មការនេះចេញផ្សាយកាលពីថ្ងៃអង្គារបានបង្ហាញថាគណបក្សប្រឆាំង ភឿថៃ ទទួលបាន២៦៥អសនៈនៅក្នុងសភាជាតិដែលមាន៥០០អសនៈ។ គណបក្សប្រជាធិបតេយ្យកាន់អំណាចទទួលបានតែ១៥៩អសនៈប៉ុណ្ណោះ។ បណ្តាញព័ត៌មានអាស៊ីសម្រាប់ការបោះឆ្នោតដោយសេរីបានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារកត់សម្គាល់ថា មានគុណវិបត្តិខ្លះៗក្នុងការបោះឆ្នោតនេះ រួមទាំងករណីអំពើហិង្សា ការបំភិតបំភ័យ និងការទិញសន្លឹកឆ្នោតហើយបានអំពាវនាវឲ្យអាជ្ញាធរដោះស្រាយឲ្យបានសមស្រប។ ក៏ប៉ុន្តែ អង្គការនេះនិយាយថាគេមិនឃើញមានឧបទ្ទវហេតុជាដុំកំភួនដែលអាចឲ្យមានការចោទសួរពីលទ្ធផលនៃការបោះឆ្នោតទេ។ ក្រុមអ្នកសង្កេតការនិយាយថា បញ្ហាសំខាន់បំផុតនោះគឺគណៈកម្មការរៀបចំការបោះឆ្នោតបរាជ័យក្នុងការជូនដំណឹងឲ្យបានគ្រប់គ្រាន់ទៅដល់អ្នកបោះឆ្នោត ដែលត្រូវការចុះឈ្មោះបោះឆ្នោតឡើងវិញ។ ដោយយោងតាមបណ្តេញព័ត៌មានអាស៊ីសម្រាប់ការបោះឆ្នោតដោយសេរីបានឲ្យដឹងថា រឿងនេះបានរារាំងអ្នកបោះឆ្នោតប្រហែលជា៣ភាគរយដែលប្រហែលស្មើនឹងប្រជាពលរដ្ឋថៃចំនួន១លាននាក់ មិនអាចបោះឆ្នោត។ លោក Damaso Magbual ជាប្រធានបណ្តេញព័ត៌មានអាស៊ីសម្រាប់ការបោះឆ្នោតដោយសេរី។ លោកបានប្រាប់អ្នកកាសែតកាលពីថ្ងៃអង្គារថា ដោយយោងទៅតាមស្ថានភាពដ៏តឹងរឹងនៅប្រទេសថៃ ជាទូទៅគណៈកម្មការរៀបចំការបោះឆ្នោត បានរៀបចំដំណើរការនេះយ៉ាងល្អ ហើយលទ្ធផលនៃការបោះឆ្នោតឆ្លុះបញ្ជាំងពីទស្សនៈពលរដ្ឋថៃ។ «បន្ទាប់ពីភាពវឹកវរនយោបាយ និងអំពើហិង្សាអស់ជាច្រើនឆ្នាំដែលនាំឲ្យមានការបែងចែកប្រទេស ប្រជាពលរដ្ឋថៃបានទៅបោះឆ្នោត មិនថាពួកគេមានទស្សនៈនយោបាយយ៉ាងណាទេ តែពួកគេបានបង្ហាញពីទស្សនៈនយោបាយប្រកបដោយសន្តិភាពស្របតាមនីតិរដ្ឋ»។ ការបោះឆ្នោតត្រូវបានគេមើលឃើញថាជាការតទល់គ្នារវាងពួកបញ្ញវ័ន្តថៃភាពអំណត់អត់ធន់រវាងមេដឹកនាំជាន់ខ្ពស់ថៃ និងគណបក្សប្រជាធិបតេយ្យគាំទ្រដោយពួកយោធានិងប្អូនស្រីអតីតនាយករដ្ឋមន្រ្តីដែលបណ្តេញចេញពីតំណែង ឈ្មោះ យីងឡាក់ ស៊ីណាវ៉ាត្រ ដែលដឹកនាំគណបក្ស ភឿថៃឲ្យឈ្នះឆ្នោត។ នៅក្នុងឆ្នាំ២០០៦ ពួកយោធាថៃបានផ្តួលរំលំលោកថាក់ ស៊ីន។ អ្នកវិភាគនយោបាយជាច្រើនបាននិយាយថាសកម្មភាពនេះបានធ្វើឡើងដោយការភ័យខ្លាចថាលោក ថាក់ស៊ីន ដែលត្រូវបានគេបោះឆ្នោតជូនពីរដង និងអាចក្លាយជាអ្នកអំណាចខ្លាំងពេក។ តាំងពីពេលនោះមកប្រទេសថៃបានជាប់គាំងក្នុងការតស៊ូអំណាចរវាងកម្លាំងដែលគាំទ្រ និងប្រឆាំងនឹងលោក ថាក់ស៊ីន។ រដ្ឋាភិបាលពីរដែលជាខ្សែបណ្តេញរបស់គាត់បានត្រូវរំលាយចេញដោយសាលក្រមបង្គាប់របស់តុលាការក៏ដូចជាអ្នកតវ៉ានៅតាមផ្លូវ និង អំពើហិង្សា។ នៅក្នុងឆ្នាំ២០០៨ លោក ថាក់ស៊ីន បាននិរទេសខ្លួនដើម្បីគេចពីការជាប់គុកពីបទពួករលួយ។ កាលពីឆ្នាំមុន ក្រុមពួកអាវក្រហមដែលមានកាន់អាវុធក្នុងចំណោមអ្នកគាំទ្រលោក ថាក់ស៊ីន បានផ្ទុះអាវុធជាមួយនឹងទាហានដែលត្រូវបានគេបញ្ជូនមកបញ្ចប់ការតវ៉ាអស់រយៈកាលពីរខែទាមទារឲ្យមានការបោះឆ្នោតថ្មីមួយ និងការផ្តល់យុត្តិធម៌ដល់មេដឹកនាំរបស់ពួកគេ។ មានប្រជាពលរដ្ឋថៃជាង ៩០នាក់បានត្រូវគេសម្លាប់ និង២ពាន់នាក់ទៀតបានរងរបួសដែលពួកគេភាគច្រើនជាប្រជាជនស៊ីវីល។ អ្នកសង្កេតការជាច្រើនបានព្រួយបារម្ភថា ការឈ្នះរបស់គណបក្ស ភឿថៃអាច នាំឲ្យមានការអន្តរាគមន៍ម្តងទៀតពីពួកយោធាថៃទោះជាមានការសន្យា ម្តងហើយម្តងទៀតថានឹងគ្មានការធ្វើរដ្ឋប្រហារទៀតឡើយ។ លោក Magbual កត់សម្គាល់ថា មិនដូចការបោះឆ្នោតលើកមុនកាលពីឆ្នាំ២០០៧ នៅពេលនេះមានអ្នកគាំទ្រគណបក្សដែលគាំទ្រជាច្រើនដោយលោក ថាក់ស៊ីនជាច្រើន។ គាត់មានប្រសាសន៍ថាគេគួរផ្តល់ឳកាសឲ្យពួកយោធាគោរពសម្តីរបស់ខ្លួន ប៉ុន្តែគួរព្រមានពួកយោធាដែរ។ «គណបក្សមួយអាចទទួលបានសំឡេងភាគច្រើន។ ខ្ញុំគិតថា ពួកយោធាគួរគិតឲ្យបានម៉ត់ចត់មុនពេលពួកគេធ្វើអ្វីមួយដែលនាំឲ្យខូចខាតនោះ ដោយយកអ្វីដែលកើតនៅមជ្ឈិមបូព៌ាឬកន្លែងផ្សេងទៀតនៅលើពិភពលោកជាឧទាហរណ៍។ ពួកគេគួរតែគិតឲ្យបានម៉ត់ចត់មុនពេលដែលពួកគេធ្វើអ្វីមួយដែលខុស»។ ប្រទេសថៃមានរដ្ឋប្រហារ ឬការប៉ុនប៉ងធ្វើរដ្ឋប្រហារ១៨លើកចាប់តាំងពីឆ្នាំ១៩៣២។ គណៈកម្មការរៀបចំការបោះឆ្នោតកំពុងធ្វើការស៊ើបអង្កេតពីការចោទ ប្រកាន់នៃភាពមិនប្រក្រតីនៃការបោះឆ្នោតទាំងឡាយនិងប្រសិនបើការរំលោភធ្ងន់ធ្ងរត្រូវបានគេរកឃើញ គេអាចដកសិទ្ធិមន្រ្តីដែលត្រូវបានគេជ្រើសរើស។ បណ្តាញអាស៊ីសម្រាប់ការបោះឆ្នោតសេរីបានផ្តល់យោបល់ថា ប្រទេសថៃគួរតែបញ្ឈប់អ្នកនយោបាយដែលសង្ស័យពីបទកេងបន្លំសន្លឹកឆ្នោត និងបទឧក្រិដ្ឋទាក់ទិននឹងការបោះឆ្នោតផ្សេងទៀតមុនពេលបោះឆ្នោតជាជាងក្រោយការបោះឆ្នោតដើម្បីការពារកុំឲ្យមានភាពតានតឹងនានាកើតចេញពីមិនទទួលស្គាល់លទ្ធផលនៃការបោះឆ្នោត។ លោក Magbual មានប្រសាសន៍ថា ពួកគេគួរតែលុបបំបាត់ច្បាប់មួយចំនួនដែលអាចអនុញ្ញាតឲ្យមានការរំលាយគណបក្សនយោបាយទាំងមូលនៅពេលដែលបុគ្គលជាសមាជិករបស់គណបក្សនោះប្រព្រឹត្តខុសច្បាប់នោះ។ លោកមានប្រសាសន៍ផងដែរថា បុគ្គលនានាគួរតែទទួលខុសត្រូវលើសកម្មភាពដែលខ្លួនបានប្រព្រឹត្ត និងថាការដាក់ទោសដល់គណបក្សទាំងមូលធ្វើឲ្យមានការរំលោភបំពានខាងនយោបាយ។ បណ្តាញអាស៊ីសម្រាប់ការបោះឆ្នោតដោយសេរីនឹងបន្តសង្កេតមើលពីដំណើរការដោះស្រាយបណ្តឹងក្នុងអំឡុងពេលបោះឆ្នោតមុនពេលលទ្ធផលបោះឆ្នោតចុងក្រោយចេញ៕ ប្រែសម្រួលដោយ ហ៊ុយ សម្ផស្ស This posting includes an audio/video/photo media file: Download Now |
You are subscribed to email updates from VOA News: ព័ត៌មាន To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |