VOA News: ព័ត៌មាន |
ជម្លោះកម្ពុជាថៃអាចគំរាមកំហែងដល់ការបង្កើតសហគមន៍សន្តិសុខអាស៊ាន Posted: 06 May 2011 03:10 PM PDT ក្រុមអ្នកវិភាគនិងអ្នកសិក្សាបញ្ហាតំបន់អាស៊ីអាគ្នេយ៍បានលើកឡើងថា ការបង្កើតសហគមន៍សន្តិសុខអាស៊ាននៅត្រឹមឆ្នាំ២០១៥នឹងមិនអាចទៅរួចទេ ប្រសិនបើអាស៊ានមិនអាចដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ។ ការលើកឡើងនេះ ខណៈដែលអាស៊ានត្រៀមបើកកិច្ចប្រជុំកំពូលរបស់ខ្លួននៅចុងសប្តាហ៍នេះ។ ប្រទេសទាំង១០នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬហៅកាត់ថាអាស៊ានគ្រោងបង្កើតសហគមន៍សន្តិសុខមួយមិនហួសពីឆ្នាំ២០១៥។ ការលើកឡើងនេះ ត្រូវបានធ្វើឡើងនៅសន្និសីទអាស៊ានមួយស្តីពីការពង្រឹងគោលនយោបាយសន្តិសុខអាស៊ានតាមរយៈកិច្ចការទូតបង្ការជម្លោះ និងយន្តការដោះស្រាយជម្លោះ។ សន្និសីទក្នុងទីក្រុងភ្នំពេញរយៈពេលពីរថ្ងៃបានបិទបញ្ចប់នៅថ្ងៃសុក្រនេះ គឺមួយថ្ងៃមុនកិច្ចប្រជុំកំពូលអាស៊ានចាប់ផ្តើមក្នុងទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី។ លោក ពូ សុធីរៈ អ្នកស្រាវជ្រាវជាន់ខ្ពស់នៃវិទ្យាស្ថានសម្រាប់ការសិក្សាតំបន់អាស៊ីអាគ្នេយ៍នៅសិង្ហបូរីមានប្រសាសន៍ក្នុងសន្និសីទនេះថា ប្រសិនបើគ្មានការសម្រុះសម្រួលដែលអាចឈានទៅរកដំណោះស្រាយប្រកបដោយប្រសិទ្ធិភាពទេ ជម្លោរវាងកម្ពុជា និងថៃនឹងធ្វើឲ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ និងភាពគួរឲ្យជឿជាក់បានរបស់សមាគមអាស៊ានទាំងមូល ហើយជាលទ្ធផលការបង្កើតសហគមន៍សន្តិសុខអាស៊ានមួយនឹងមិនអាចលេចចេញជារូបរាងបាន។ លោកបានប្រាប់វីអូអេយ៉ាងដូច្នេះថា៖ «ប្រសិនបើជម្លោះនេះក្លាយទៅជាសង្គ្រាម វានឹងប៉ះពាល់យ៉ាងខ្លាំងទៅលើសហគមន៍សន្តិសុខរបស់អាស៊ាន»។ សូមបញ្ជាក់ថា សហគមន៍សន្តិសុខអាស៊ាននឹងក្លាយជាសសរស្តម្ភមួយក្នុងចំណោមសសរស្តម្ភទាំងបីរបស់សមាគមអាស៊ាន។ សសរស្តម្ភពីរទៀតគឺសហគមន៍សេដ្ឋកិច្ចអាស៊ាន និងសហគមន៍សង្គម-វប្បធម៌អាស៊ាន។ សហគមន៍សន្តិសុខអាស៊ាននេះ ត្រូវគេគ្រោងនឹងបង្កើតឡើងដើម្បីធានាសន្តិសុខហើយនឹងរក្សាសន្តិភាពនិងស្ថេរភាពសម្រាប់រដ្ឋជាសមាជិកទាំង១០របស់អាស៊ាន។ ប៉ុន្តែ កម្ពុជា និងថៃបានវាយប្រយុទ្ធគ្នាដោយអាវុធធុនធ្ងន់ជាថ្មីម្តងទៀត ដែលអូសបន្លាយពេលអស់១២ថ្ងៃជាប់ៗគ្នារហូតមកដល់ថ្ងៃពុធទី៤ ខែឧសភានេះ ដែលបណ្តាលឲ្យប្រជាពលរដ្ឋនៃភាគីទាំងសងខាងយ៉ាងតិចចំនួន១៨នាក់ស្លាប់ និងរាប់សិបនាក់ទៀតរងរបួស ហើយនឹងរាប់ម៉ឺននាក់ផ្សេងទៀតបានចាកចោលផ្ទះសម្បែងរបស់ពួកគេនៅក្នុងអំឡុងពេលប្រយុទ្ធគ្នានោះ។ លោក ពូ សុធីរៈ មានប្រសាសន៍នៅក្នុងសម្ភាសន៍ថា សមាគមអាស៊ាន ត្រូវពន្យល់ដល់ប្រទេសដែលមានជម្លោះនឹងគ្នាជាពិសេសគឺថៃ អំពីផលប៉ះពាល់ដែលអាចបណ្តាលមកពីជម្លោះនេះ ទៅលើផលប្រយោជន៍របស់តំបន់ទាំងមូល។ លោកបន្តថា៖ «ប្រទេសអាស៊ានត្រូវខំប្រឹងយ៉ាងម៉េចធ្វើឲ្យថៃ យល់អំពីភាពគ្រោះថ្នាក់នៃការឈ្លោះគ្នានេះ ដែលអាចនឹងក្លាយទៅជាសង្រ្គាមរវាងប្រទេសទាំងពីរ។ ក្នុងករណីនេះ វានឹងជះឥទ្ធិពលអាក្រក់ទៅលើអាស៊ានទាំងមូល»។ បណ្ឌិត ឈាង វណ្ណារិទ្ធ នាយកប្រតិបត្តិ នៃវិទ្យាស្ថានខ្មែរសម្រាប់សហប្រតិបត្តិការនិងសន្តិភាពមានប្រសាសន៍ថា គេត្រូវពឹងផ្អែកលើមេដឹកនាំអាស៊ាននៅក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅចុងសប្តាហ៍នេះ ហើយដើម្បីស្វែងរកច្រកចេញមួយសម្រាប់ជម្លោះរវាងកម្ពុជា និងថៃ ហើយក៏ដើម្បីកំណត់ជោគវាសនារបស់សហគមន៍សន្តិសុខអាស៊ានមួយនៅឆ្នាំ២០១៥ខាងមុខនេះដែរ។ លោកបានប្រាប់វីអូអេខ្មែរថា៖ «អាស៊ាននៅតែដើរតួសំខាន់ក្នុងការដោះស្រាយជម្លោះ ក៏ប៉ុន្តែអ្វីៗទាំងអស់គឺពឹងផ្អែកលើកិច្ចប្រជុំកំពូលរបស់អាស៊ានដែលនឹងមកដល់ក្នុងពេលឆាប់ៗ»។ ដោយឡែក លោក សាស្ត្រាចារ្យ ស៊ូជិត ប៊ុនបងខាំ (Suchit Bunbongkam) ប្រធានក្រុមប្រឹក្សាសម្រាប់កិច្ចសហប្រតិបត្តិការសន្តិសុខក្នុងតំបន់អាស៊ីប៉ាស៊ីហ្វ៊ិក របស់ថៃ (CSCAP Thailand) មិនបានផ្តល់ការបញ្ជាក់ថាតើជម្លោះរវាងកម្ពុជា និងថៃនេះអាចនឹងប៉ះពាល់ដល់ការបង្កើតសហគមន៍សន្តិសុខអាស៊ានដែរឬទេ។ លោកសាស្ត្រាចារ្យ គ្រាន់តែបានថ្លែងថា ប្រទេសថៃ បានធ្វើស្របតាមកិច្ចការទូតបង្ការជម្លោះតាមរយៈការទាមទារឲ្យមានការចរចារទ្វេភាគីជាមួយកម្ពុជានៅក្នុងជម្លោះប្រដាប់អាវុធនេះ។ ប៉ុន្តែ លោក សាស្ត្រាចារ្យ ស៊ូជិត ក៏មានប្រសាសន៍បន្ថែមថា ប្រសិនបើការចរចារទ្វេភាគីមិនអាចធ្វើទៅបាន ថៃក៏គួរតែពិចារណាលើការចរចាពហុភាគីដើម្បីស្វែងរកដំណោះស្រាយមួយ ដើម្បីការពារផលប្រយោជន៍សមាគមអាស៊ានទាំងមូល។ លោក សាស្ត្រាចារ្យបន្តថា៖ «ប្រសិនបើការចរចារទ្វេភាគីបរាជ័យ អញ្ចឹងយើងអាចបន្តទៅរកការចរចារពហុភាគីបាន។ ដូច្នេះ គ្មាននរណាម្នាក់ចង់ឃើញការប្រើប្រាស់កម្លាំងជាមធ្យោបាយដោះស្រាយជម្លោះនោះទេ។» ក្រុមអង្គការសង្គមស៊ីវិលកម្ពុជា និងថៃ បានចេញសេចក្តីថ្លែងការណ៍រួមគ្នាមួយនៅក្នុងវេទិកាប្រជាជនអាស៊ានក្នុងទីក្រុងហ្សាកាតា កាលពីថ្ងៃព្រហស្បតិ៍ទី៥ ខែឧសភានេះ ដោយជំរុញឲ្យមេដឹកនាំអាស៊ានចាត់វិធានចាំបាច់មួយចំនួន ដើម្បីដោះស្រាយជម្លោះរវាងកម្ពុជា និងថៃ ដូចជាការបង្កើតឲ្យមានបទឈប់បាញ់គ្នាជាបន្ទាន់ និងការដាក់ពង្រាយអ្នកសង្កេតការណ៍នៅតាមព្រំដែនដែលមានជម្លោះឲ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបានជាដើម។ នៅថ្ងៃដដែលនោះ គណៈកម្មាធិការអចិន្ត្រៃយ៍របស់សម្ព័ន្ធនៃគណបក្សនយោបាយអាស៊ី (ICAPP) ក៏បានចេញសេចក្តីថ្លែងការណ៍មួយបង្ហាញការគាំទ្រគំនិតផ្តួចផ្តើមរបស់អាស៊ានក្នុងការដោះស្រាយជម្លោះ ហើយក៏អំពាវនាវឲ្យមេដឹកនាំអាស៊ានសម្រេចក្នុងកិច្ចប្រជុំកំពូលរបស់ខ្លួនទៅលើការបញ្ចូនអ្នកសង្កេតការរបស់ឥណ្ឌូនេស៊ីផងដែរ។ ប៉ុន្តែ លោកនាយករដ្ឋមន្ត្រីថៃ អាផាស៊ីត វិចាជីវ៉ា (Abhisit Vejjajiva) បានមានប្រសាសន៍តាមរយៈសារព័ត៌មានថៃនៅថ្ងៃសុក្រនេះថា រដ្ឋាភិបាលថៃនឹងមិនចុះហត្ថលេខាលើឯកសារណាមួយស្តីពីការបញ្ជូនអ្នកសង្កេតការណ៍ឥណ្ឌូនេស៊ីទៅកាន់តំបន់ព្រំដែនកម្ពុជា-ថៃនោះទេ លុះត្រាតែកម្ពុជាព្រមដកទ័ព និងប្រជាពលរដ្ឋរបស់ខ្លួនចេញពីតំបន់ដែលមានជម្លោះជាមុនសិន៕ This posting includes an audio/video/photo media file: Download Now |
You are subscribed to email updates from VOA News: ព័ត៌មាន To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |