VOA News: ព័ត៌មាន: “ប្រតិកម្មពីឥណ្ឌូនេស៊ីចំពោះការស្លាប់របស់ប៊ិនឡាដិន” plus 3 more |
- ប្រតិកម្មពីឥណ្ឌូនេស៊ីចំពោះការស្លាប់របស់ប៊ិនឡាដិន
- ប៉ាគីស្ថានមានប្រតិកម្មតិចតួចនឹងការស្លាប់របស់ប៊ិនឡាដិន
- អ្នកក្រុងញូវយ៉កអបអរចំពោះការស្លាប់របស់អូសាម៉ាប៊ិនឡាដិន
- អូបាម៉ា៖ អូសាម៉ាប៊ីនឡាដិនស្លាប់ហើយ
ប្រតិកម្មពីឥណ្ឌូនេស៊ីចំពោះការស្លាប់របស់ប៊ិនឡាដិន Posted: 02 May 2011 02:34 PM PDT អ្នកកាន់សាសនាឥណ្ឌូនេស៊ីមិនស្រណោះអូសាម៉ាប៊ិនឡាឌិនដែលស្លាប់ទេ។ នៅឥណ្ឌូនេស៊ីដែលមានប្រជាពលរដ្ឋច្រើនជាងគេកាន់សាសនាអ៊ិស្លាមនៅក្នុងពិភពលោក មានមនុស្សជាច្រើននាក់គាំទ្រប្រតិបត្ដិការសហរដ្ឋអាមេរិក ដែលសម្លាប់អូសាម៉ា ប៊ិន ឡាឌិន។ ទោះបីជាឥណ្ឌូនេស៊ីជាប្រទេសមួយមានអង្គការសកម្មប្រយុទ្ធអ៊ិស្លាមជាច្រើនប្រភេទដែលបានធ្វើការវាយប្រហារប្រឆាំងនឹងបស្ចឹមប្រទេសក៏ដោយ ក៏ប្រទេសនេះមានប្រវត្ដិសាសនាចម្រុះនិងនិយមកណ្ដាល។ ហេតុដូច្នេះហើយ វាគ្មានការភ្ញាក់ផ្អើលទេដែលលោក ដារម៉ា វីដ្យាយ៉ា (Darma Widjaya) ដូចជនជាតិអ៊ិស្លាមដទៃទៀតដែរ ដែលទៅសូត្រធម៌ពេលថ្ងៃត្រង់នៅព្រះវិហារអ៊ិស្លាម ស៊ុនដា កែឡាប៉ា (Sunda Kelapa) នៅទីក្រុងហ្សាការតា នៅថ្ងៃច័ន្ទដូច្នោះដែរ មិនសម្ដែងសមាណចិត្ដអាណិតអាសូរអ្វីទេនៅពេលដែលលោកបានឮអំពីការស្លាប់របស់អូសាម៉ាប៊ិនឡាដិន។ លោកនិយាយថា វាជាការល្អណាស់សម្រាប់ពិភពលោកទាំងមូល ពីព្រោះប៊ិនឡាឌិនជាភេរវជន។ អ្នកទៅព្រះវិហារអ៊ិស្លាមម្នាក់ទៀតដែលសូត្រធម៌ពេលព្រឹករួចហើយគឺលោក ដាដាង សោលីហ៊ិន (Dadang Solihin) និយាយថា លោកសង្ឃឹមថា ការស្លាប់របស់បុរសដែលទទួលខុសត្រូវចំពោះការវាយប្រហាររបស់ភេរវជននៅថ្ងៃទី១១ខែកញ្ញាឆ្នាំ២០០១ ដែលសម្លាប់មនុស្សជិត៣.០០០នាក់ នៅទីក្រុងញូវយ៉កហើយនឹងវ៉ាស៊ីនតោននឹងធ្វើឲ្យពិភពលោកមានសុវត្ថិភាពជាងមុន។ លោកបន្តថា៖ «នេះជាការណ៍ល្អណាស់។ មើលទៅពេលវេលាមកដល់់ហើយ ខ្ញុំចង់និយាយថាសម្រាប់ធ្វើឲ្យស្ថានការណ៍នៅក្នុងពិភពលោកធូរស្រាលបន្ដិច»។ អង្គុយពិសារបាយថ្ងៃត្រង់ លក់តាមផ្លូវនៅមុខព្រះវិហារអ៊ិស្លាម អ្នកស្រី អេលីន ស៊ីធរុស (Ellen Sitorus) និយាយថា ការស្លាប់របស់ប៊ិន ឡាដិន ជាព័ត៌មានល្អសម្រាប់ការប្រយុទ្ធរបស់ឥណ្ឌូនេស៊ីប្រឆាំងភេរវកម្ម។ គាត់និយាយថា នៅពេលដែលគាត់បានឮថា ប៊ិនឡាឌិន ត្រូវបានសម្លាប់ គាត់សប្បាយចិត្ដណាស់ពីព្រោះចំនួនភេរវជន ដូចពួក ភេរវជន ដែលមកលងប្រទេសឥណ្ឌូនេស៊ីនឹងថយចុះ៕ ប្រែសម្រួលដោយ កង ស៊ីវន This posting includes an audio/video/photo media file: Download Now |
ប៉ាគីស្ថានមានប្រតិកម្មតិចតួចនឹងការស្លាប់របស់ប៊ិនឡាដិន Posted: 02 May 2011 01:49 PM PDT ខណៈដែលពិភពលោកអបអរនឹងការស្លាប់របស់មេដឹកនាំក្រុមអាល់ខៃដា (Al-Qaida) អូសាម៉ា ប៊ីនឡាដិន (Osama bin Laden) ប្រទេសប៉ាគីស្ថានមិនមានប្រតិកម្មអ្វីទេ។ ព័ត៌មានដែលថា កងកម្លាំងអាមេរិកបានសម្លាប់មេដឹកនាំក្រុម អាល់ខៃដា (Al-Qaida) នៅក្នុងផ្ទះមួយខ្នង ដែលមានចម្ងាយប្រហែលជា១០០ គីឡូម៉ែត្រពីទីក្រុងអ៊ីស្លាម៉ាបាដ បានធ្វើឲ្យក្រុមមន្រ្តីមានភាពស្ងៀមស្ងាត់ នៅព្រឹកថ្ងៃច័ន្ទនេះ។ ក្រសួងការបរទេសប៉ាគីស្ថាន បានចេញសេចក្តីថ្លែងការណ៍ខ្លីមួយថា កងកម្លាំងសហរដ្ឋអាមេរិក បានបើកប្រតិបត្តិការតាមគោលនយោបាយដែលបានប្រកាសដោយរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ដែលថានឹងកម្ចាត់ អូសាម៉ាប៊ីនឡាដិន នៅនឹងកន្លែង ទោះជានៅទីណាក៏ដោយ។ ក្រុមមន្រ្តីអាមេរិកថ្លែងថា គ្មានប្រទេសណាមួយត្រូវបានផ្តល់ព័ត៌មានពីការវាយប្រហារជាមុនទេ។ ប្រព័ន្ធផ្សព្វផ្សាយប៉ាគីស្ថានបានចេញផ្សាយពីការស្លាប់របស់អូសាម៉ាប៊ីនឡាដិននេះយ៉ាងច្រើន ជាពិសេសអំពីប្រតិកម្មរបស់អ្នកវិភាគ និងអតីតសមាជិករដ្ឋាភិបាល។ ក្រុមខ្លះមានការខឹងសម្បារនឹងអាមេរិកក្នុងការបើកប្រតិបត្តិការបេសកកម្មឯកតោភាគីនៅប៉ាគីស្ថាន។ តាសនីម នូរ៉ានី (Tasneem Noorani) ជាអតីតរដ្ឋមន្រ្តីក្រសួងមហាផ្ទៃប៉ាគីស្ថានថ្លែងថា លោករំពឹងថា ក្រុមភេរវជនប៉ាគីស្ថាន អាចនឹងវាយប្រហារតបទៅរដ្ឋាភិបាលវិញ។ លោក ថ្លែងដូច្នេះថា៖ «ក្រុមជ្រុលនិយមនៅប៉ាគីស្ថាននឹងឲ្យរដ្ឋាភិបាលប៉ាគីស្ថាន និងអាមេរិកទទួលខុសត្រូវចំពោះរឿងនេះ។ ខ្ញុំគិតថា នឹងមានអំពើភេរវកម្មថែមទៀតជាការសងសឹក»។ រដ្ឋាភិបាលប៉ាគីស្ថាន ប៉ាន់ប្រមាណថា មានជនស៊ីវិលប្រហែលជា ៣០.០០០ នាក់ បានបាត់បង់ជីវិតនៅក្នុងការវាយប្រហារដោយភេរវជនក្នុងរយៈពេលពីរបីឆ្នាំចុងក្រោយនេះ។ រដ្ឋាភិបាលប៉ាគីស្ថានក៏បានប៉ាន់ស្មានដែរថា កងកម្លាំងប៉ាគីស្ថាន ប្រមាណ៥.០០០ នាក់ បានស្លាប់នៅក្នុងការវាយប្រយុទ្ធប្រឆាំងនឹងក្រុមអាល់ខៃដា និងក្រុមភេរជនផ្សេងៗទៀត។ ថ្វីបើមានកិច្ចខិតខំប្រឹងប្រែងទាំងនោះក៏ដោយ ក៏ក្រុមមន្រ្តីអាហ្វហ្កានីស្ថាន និងអាមេរិក បានរិះគន់ប៉ាគីស្ថាន ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះថា មិនបានប្រឹងប្រែងគ្រប់គ្រាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្មទេ។ នៅក្នុងទីក្រុងកាប៊ុល ប្រធានាធិបតីអាហ្វហ្កាននីស្ថាន លោក ហាម៊ីដ ខាហ្សៃ (Hamid Karzai) បានស្វាគមន៍ព័ត៌មាននៃការស្លាប់របស់ប៊ីនឡាដិនដោយមានប្រសាសន៍ថា នេះជាការបង្ហាញថា មេដឹកនាំភេរវជនមិនបានលាក់ខ្លួននៅអាហ្វហ្កានីស្ថានទេ។ លោក ហាម៊ីដ ខាហ្សៃ បានមានប្រសាសន៍ថា លោកសង្ឃឹមថា សកម្មភាពរបស់ភេរវជននឹងត្រូវបានបញ្ឈប់ ក្រោយពីការស្លាប់របស់ប៊ីន ឡាដិននេះ ហើយពិភពលោកនឹងដឹងថា សង្គ្រាមប្រឆាំងនឹងភេរវកម្មមិនគួរត្រូវបានធ្វើឡើងនៅតាមភូមិអាហ្វហ្កានីស្ថានទេ។ ក្រសួងការបរទេសប៉ាគីស្ថាន បានសរសើរថា ការស្លាប់របស់ ប៊ីនឡាដិន គឺជាបញ្ហាចម្បងសម្រាប់ក្រុមភេរវជននៅជុំវិញពិភពលោក ហើយលោកបានថ្លែងបន្ថែមថា ការណ៍នេះ បង្ហាញថា ប៉ាគីស្ថានបានដោះស្រាយ ដើម្បីលុបបំបាត់អំពើភេរវកម្ម។ ក៏ប៉ុន្តែ ក្រុមអ្នករិះគន់ជាច្រើនថ្លែងថា ប៉ាគីស្ថាននឹងផ្តល់ជម្រកដល់ក្រុមភេរវជនជាបន្តទៀត។ លោក តាហ្វ៊ីក ហ្វាតេមី (Tariq Fatemi) អតីតឯកអគ្គរដ្ឋទូតប៉ាគីស្ថានប្រចាំនៅសហរដ្ឋអាមេរិកថ្លែងថា ការណ៍ដែលមេដឹកនាំភេរវជនត្រូវបានរកឃើញថា បានរស់នៅយ៉ាងសុខស្រួលក្នុងទីក្រុង ដែលជាមូលដ្ឋានកងយោធាដ៏ធំមួយនោះ គឺពិតជានាំឲ្យមានការសង្ស័យថា តើកងយោធាប៉ាគីស្ថានប្រហែលជាដឹង ឬមិនដឹងអំពីទីកន្លែងស្នាក់នៅរបស់ ប៊ីនឡាដេន។ លោកថ្លែងថា៖ «បើសិនជា មនុស្សរបស់យើងបានដឹងអំពីទីកន្លែងស្នាក់នៅរបស់ ប៊ីនឡាដេននោះ តើពួកគេបានប្រាប់អាមេរិកដែរឬទេ? បើពួកគេមិនបានប្រាប់ទេនោះ តើមូលហេតុអ្វី បានជាពួកគេមិនប្រាប់? មនុស្សជាច្រើននឹងចោទសួរថា តើវាជាបញ្ហាស្មុគស្មាញឬ? មនុស្សជាច្រើនទៀតនឹងចោទសួរថា តើវាជាបញ្ហានៃការគ្មានសមត្ថភាពឬ?»។ ក្រុមអ្នកយកព័ត៌មាននិងអ្នកវិភាគក្នុងប្រព័ន្ធផ្សព្វផ្សាយ បាននិយាយរួចទៅហើយថា ការណ៍នេះ អាចជាមិនបានរំពឹងទុកសម្រាប់ប៉ាគីស្ថាន ចំពោះរបៀបដែលបើកប្រតិបត្តិការត្រូវបានអនុវត្ត និងរបៀបដែលទីតាំងរបស់ប៊ីនឡាដិន ដែលទីបំផុតត្រូវបានរកឃើញនោះ។ ក៏ប៉ុន្តែ ពលរដ្ឋប៉ាគីស្ថានជាច្រើន ហាក់ដូចជារង់ចាំមើល ថាតើនឹងមានអ្វីកើតឡើងបន្ទាប់ពីនេះ។ មនុស្សជាច្រើនបង្ហាញការចាប់អារម្មណ៍ថានឹងមានការសប្បាយរីករាយ៕ ប្រែសម្រួលដោយ លី ម៉ូរីវ៉ាន់ This posting includes an audio/video/photo media file: Download Now |
អ្នកក្រុងញូវយ៉កអបអរចំពោះការស្លាប់របស់អូសាម៉ាប៊ិនឡាដិន Posted: 02 May 2011 12:12 PM PDT នៅក្រោយពេលដែលលោកប្រធានាធិបតីអូបាម៉ាបានប្រកាសអំពីការស្លាប់របស់អូសាម៉ាប៊ិនឡាដិន (Osama bin Laden) នៅក្នុងការប្រយុទ្ធគ្នាដ៏ស្វិតស្វាញរយៈពេលខ្លីនៅក្នុងប្រទេសប៉ាគីស្ថាន មានពលរដ្ឋជាច្រើនបានជួបប្រជុំគ្នាភ្លាមៗនិងដោយមិនមានការគ្រោងទុកនៅពីមុខសេតវិមានក្នុងរដ្ឋធានីវ៉ាស៊ីនតោន និងនៅទីលានថែមស៍សាឃ្វែរ (Times Square) និង Ground Zero នៅក្រុងញូវយ៉ក ដែលជាកន្លែងពួកភេរវករបានបញ្ជាយន្តហោះឲ្យបុកអគារពាណិជ្ជកម្មភ្លោះ។ បរិយាកាសនៅតំបន់ Ground Zero ពោរពេញទៅដោយសេចក្តីរីករាយនិងជ័យឃោស។ អ្នករស់នៅទីក្រុងញូវយ៉ក អតីតយុទ្ធជនអាមេរិក និងភ្ញៀវទេសចររាប់ពាន់នាក់ បានមកប្រមូលលផ្តុំគ្នានៅទីកន្លែងនេះ ដើម្បីនិយាយពាក្យ «ទៅឲ្យបាត់» (good riddance) ចំពោះអូសាម៉ាប៊ិនឡាដិន។ ពួកគេស្រែកពាក្យជ័យឃោស «ជយោ! សហរដ្ឋអាមេរិក!» (USA! USA!) និងច្រៀងចម្រៀងជាតិ«សូមព្រះជាម្ចាស់ប្រទានពរដល់ប្រទេសអាមេរិក» (Good Bless America)។ មនុស្សដែលប្រមូលផ្តុំគ្នានេះនិយាយថា ការស្លាប់របស់អូសាម៉ាប៊ិនឡាដិន មិនគ្រាន់តែផ្តល់យុត្តិធម៌ដល់រូបអូសាម៉ាប៊ិនឡាដិនផ្ទាល់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនាំមកនូវការស្ងប់អារម្មណ៍ដល់ប្រទេសជាតិអាមេរិកផងដែរ។ និស្សិតម្នាក់ដែលបានចូលរួមក្នុងការប្រជុំគ្នានេះនិយាយថា ថ្វីបើរូបលោកគួរចំណាយពេលវេលានេះរៀនត្រៀមសម្រាប់ការប្រឡងបញ្ចប់ខាងមុខក្តី ក៏លោកសម្រេចចិត្តមកចូលរួមនៅទីនេះវិញ ព្រោះលោកមិនចង់ខកខានមិនបានចូលរួមពិធីអបអរជាប្រវត្តិសាស្ត្រនេះទេ៕ ប្រែសម្រួលដោយ សឹង សុផាត
This posting includes an audio/video/photo media file: Download Now |
អូបាម៉ា៖ អូសាម៉ាប៊ីនឡាដិនស្លាប់ហើយ Posted: 02 May 2011 01:13 PM PDT លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា (Barack Obama)បានប្រកាសថា អូសាម៉ាប៊ីនឡាដិន (Osama bin Laden) ដែលជាស្ថាបនិកបណ្តាញភេរវកម្មអាល់ខៃដា (Al Qaeda) នោះស្លាប់ហើយ។ នៅ២៥នាទីមុនពាក់កណ្តាលអាធ្រាត្រនៅរាត្រីថ្ងៃអាទិត្យទី១ខែឧសភានេះ លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា បានប្រកាសព័ត៌មានដែលពលរដ្ឋអាមេរិកបានរង់ចាំស្តាប់អស់ពេលជិត១០ឆ្នាំកន្លងមកនេះ។ «ខ្ញុំអាចប្រកាសប្រាប់ពលរដ្ឋអាមេរិក និងពិភពលោកទាំងមូលថា សហរដ្ឋអាមេរិក បានបើកប្រតិបត្តិការមួយ ដែលបានសម្លាប់ អូសាម៉ាប៊ីនឡាដិន ដែលជាមេដឹកនាំក្រុមអាល់ខៃដា និងជាភេរជនមួយរូបដែលទទួលខុសត្រូវចំពោះការសម្លាប់ បុរស ស្រ្តី និង កុមារស្លូតត្រង់រាប់ពាន់នាក់»។ អូសាម៉ាប៊ីនឡាដិន ជាភេរវជនម្នាក់ដែលពិភពលោកចង់ចាប់ខ្លួនបំផុត តាំងពីមនុស្សប្រមាណជាង៣.០០០នាក់ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារមួយចំនួនដោយក្រុមអាល់ខៃដាទៅលើសហរដ្ឋអាមេរិកនៅថ្ងៃទី១១ខែកញ្ញាឆ្នាំ២០០១។ លោកអូបាម៉ា បានមានប្រសាសន៍ថា លោកត្រូវបានគេផ្តល់ព័ត៌មានកាលពីខែសីហាមុនអំពីការណ៍ដែលអាចនាំទៅរកឃើញទីតាំងរបស់អូសាម៉ាប៊ីនឡាដិន។ លោកមានប្រសាសន៍ថា មេដឹកនាំភេរវជនរូបនេះ បានលាក់ខ្លួននៅក្នុងបរិវេណមួយក្នុងក្រុងអាបុតតាបាដ (Abbottabad) នៃប្រទេសប៉ាគីស្ថាន។ លោកប្រធានាធិបតីបានមានប្រសាសន៍ថា លោកបានចេញបញ្ជាបេសកកម្មមួយកាលពីសប្តាហ៍មុន ដែលមានឈ្មោះថា «ចាប់ខ្លួន អូសាម៉ាប៊ីនឡាដិន ហើយនាំខ្លួនគាត់មកតុលាការ»។ លោកអូបាម៉ា បានមានប្រសាសន៍ថា នៅថ្ងៃអាទិត្យ កងកម្លាំងអាមេរិកមួយក្រុមតូច បានបើកប្រតិបត្តិការទៅលើបរិវេណនោះ។ «ក្រោយពីការបាញ់ប្រយុទ្ធ ពួកគេបានសម្លាប់ អូសាម៉ាប៊ីនឡាដិន ហើយរក្សាទុកសាកសពរបស់គាត់»។ លោកប្រធានាធិបតីទទួលស្គាល់ថា ក្រុមអាល់ខៃដា នឹងបន្តការវាយប្រហារប្រឆាំងនឹងសហរដ្ឋអាមេរិក ហើយព្រមានថា ពលរដ្ឋអាមេរិកត្រូវរក្សាការប្រុងប្រយ័ត្ន។ «ខ្ញុំបានបញ្ជាក់យ៉ាងច្បាស់ ដូចដែលលោកប្រធានាធិបតី ប៊ូស (Bush) បាននិយាយតែបន្តិចក្រោយពីព្រឹត្តការណ៍ថ្ងៃទី១១ខែកញ្ញានោះដែរថា សង្គ្រាមរបស់យើង គឺមិនមែនប្រឆាំងនឹងអ៊ិស្លាមនោះទេ ពីព្រោះ ប៊ីនឡាដិន មិនមែនជាមេដឹកនាំសាសនាអ៊ិស្លាមទេ។ គាត់ជាមេឃាតករសម្លាប់រង្គាលជនមូស្លីម។ ជាក់ស្តែង ក្រុមអាល់ខៃដា បានសម្លាប់អ្នកកាន់សាសនាអ៊ិស្លាមជាច្រើននាក់នៅក្នុងប្រទេសជាច្រើន ដោយរួមទាំងប្រទេសយើងផងដែរ»។ លោកអូបាម៉ា បានមានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការជាមួយប៉ាគីស្ថាន ដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម បានជួយកងកម្លាំងសហរដ្ឋអាមេរិកក្នុងការរកឃើញ អូសាម៉ាប៊ីនឡាដិន។ លោកអូបាម៉ាបានមានប្រសាសន៍ថា លោកបានទូរស័ព្ទទៅប្រធានាធិបតីប៉ាគីស្ថាន លោក អាសីហ្វ អាលី ហ្សាដារី (Asif Ali Zardari) ដើម្បីជូនដំណឹងលោកអំពីការស្លាប់របស់ ប៊ីនឡាដិន។ លោកប្រធានាធិបតី អូបាម៉ា បានមានប្រសាសន៍ថា ក្រុមមន្រ្តីប៉ាគីស្ថាន បានយល់ស្របថា ការណ៍នេះជា «ថ្ងៃដ៏ល្អ និងជាថ្ងៃប្រវត្តិសាស្រ្ត» សម្រាប់ប្រទេសជាតិទាំងពីរ។ លោកអូបាម៉ា ក៏បានទូរស័ព្ទទៅអតីតប្រធានាធិបតី ចច ដាប់ប៊េលយូ ប៊ូស (George W. Bush) ផងដែរ ដែលលោកជាប្រធានាធិបតីក្នុងពេលកើតមានព្រឹត្តិការណ៍ថ្ងៃទី១១ខែកញ្ញា និងដែលបានចាប់ផ្តើមសង្គ្រាមអាមេរិកប្រឆាំងនឹងភេរវកម្ម។ ក្នុងសេចក្តីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរមួយ លោកប្រធានាធិបតី ប៊ូស បានហៅការសម្លាប់របស់ ប៊ីនឡាដិន ថាជា «ស្នាដៃដ៏ធំសម្បើមមួយ» និងជា «ជ័យជម្នះរបស់អាមេរិក»។ លោកបានមានប្រសាសន៍ថា «ទោះជាត្រូវចំណាយពេលយូរប៉ុណ្ណាក៏ដោយ យុត្តិធម៌នឹងត្រូវតែសម្រេចឲ្យបាន»។ អូសាម៉ាប៊ីនឡាដិន បានកើតនៅថ្ងៃទី១០ខែមិនាឆ្នាំ១៩៥៧ ក្នុងគ្រួសារដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភមួយនៅប្រទេសអារ៉ាប់ ប៊ីសេអូឌីត៕ ប្រែសម្រួលដោយ លី ម៉ូរីវ៉ាន់ This posting includes an audio/video/photo media file: Download Now |
You are subscribed to email updates from VOA News: ព័ត៌មាន To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |