|
- ការយល់ដឹងរបស់ប្រជាពលរដ្ឋខ្មែរអំពីពាក្យលទ្ធកម្ម
- កម្លាំងស.រ.អា.ប្រមូលវត្ថុតាងពីជម្រកប៊ីនឡាដិនដើម្បីតាមរកភេរវករផ្សេងទៀត
- ក្រោយមរណភាពរបស់ប៊ិនឡាដិនអ្នកខ្លះយល់ថាជាឱកាសប្តូរអាទិភាព
- ការជំទាស់របស់ក្រុមប្រទេសទន្លេមេគង្គបង្កើនការរាំងស្ទះដល់ទំនប់វារីអគ្គិសនីស្នើឡើងរបស់ឡាវ
ការយល់ដឹងរបស់ប្រជាពលរដ្ឋខ្មែរអំពីពាក្យលទ្ធកម្ម Posted: 05 May 2011 02:24 PM PDT ការសិក្សាស្រាវជ្រាវមួយបានរកឃើញថា ប្រជាពលរដ្ឋខ្មែរមានការយល់ដឹងអំពីពាក្យលទ្ធកម្ម នីតិវិធីធ្វើលទ្ធកម្មមិនទាន់បានទូលំទូលាយនៅឡើយទេ។ មន្ត្រីរដ្ឋាភិបាលបានទទួលស្គាល់ថាការយល់ដឹងអំពីលទ្ធកម្មរបស់ប្រជាពលរដ្ឋមានកម្រិត។ សម្ព័ន្ធដើម្បីសុចរិតភាពនិងគណនេយ្យភាពសង្គម បាននិយាយនៅថ្ងៃពុធនេះថា ប្រជាពលរដ្ឋនៅក្នុងខេត្តស្វាយរៀងមានកម្រិតយល់ដឹងអំពីលទ្ធកម្មក្នុងការកសាងផ្លូវនិងមណ្ឌលសុខភាពទាបជាងបណ្តាខេត្តមួយចំនួន។ ក្នុងការស្រាវជ្រាវប្រព័ន្ធលទ្ធកម្មសាធារណៈនៅកម្ពុជាលើវិស័យសុខាភិបាល និងវិស័យសាធារណៈការ និងដឹកជញ្ជូនដោយក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជាក្នុងនាមសម្ព័ន្ធដើម្បីសុចរិតភាព និងគណនេយ្យភាពសង្គម បានសម្ភាសមន្ត្រីក្រសួងម្នាក់ មន្ត្រីថ្នាក់ខេត្ត៨នាក់ មន្ត្រីឃុំសង្កាត់២២នាក់ និងប្រជាពលរដ្ឋ៣៩៦នាក់ នៅក្នុងទីក្រុងភ្នំពេញ ខេត្តបន្ទាយមានជ័យ ខេត្តកំពត ខេត្តកំពង់ចាម និងខេត្តស្វាយ រៀងចាប់ពីខែវិច្ឆិកា ឆ្នាំ២០១០ ដល់ខែមិនា ឆ្នាំ២០១១។ សេចក្តីព្រាងរបាយការណ៍ស្រាវជ្រាវនេះ ឲ្យដឹងថាពាក់ព័ន្ធនឹងការកសាងផ្លូវ និងមណ្ឌលសុខភាព ប្រជាពលរដ្ឋទទួលបានព័ត៌មានពីការកសាងផ្លូវ៦៩ភាគរយ ច្រើនជាងការកសាងមណ្ឌលសុខភាព១៦ភាគរយ ហើយក្រសួងសុខាភិបាលមានការបិទបាំងច្រើនជាងក្រសួងសាធារណៈការ និងដឹកជញ្ចូន។ សេចក្តីព្រាងរបាយការណ៍ស្រាវជ្រាវនេះ បានរកឃើញថា ប្រជាពលរដ្ឋចូលរួមឆ្លើយចំនួន២៨ភាគរយ ក្នុងចំណោម៣៩៦នាក់នៅខេត្តស្វាយរៀង បានយល់ដឹងការផ្សព្វផ្សាយពីលទ្ធកម្មក្នុងការកសាងផ្លូវ និងមណ្ឌលសុខភាព ខណៈដែល៩៧ភាគរយនៅខេត្តកំពត៩៥ភាគរយនៅខេត្តកំពង់ចាម៦៥ភាគរយ នៅខេត្តបន្ទាយមានជ័យ និង៦១ភាគរយនៅទីក្រុងភ្នំពេញ។ លោក សុខ សំអឿន នាយកប្រតិបត្តិនៃក្រុមអ្នកច្បាប់ការពារសិទ្ឋិកម្ពុជា បានថ្លែងបញ្ជាក់យ៉ាងដូច្នេះថា៖ «ក្នុងចំណោមខេត្តទាំងអស់យើងឃើងថា ខេត្តកំពតយល់ដឹងអំពីលទ្ធកម្មច្រើនជាងគេហើយខេត្តស្វាយរៀងយល់ដឹងអំពីលទ្ធកម្មតិចជាងគេ។ បើយើងឱ្យតម្លៃទៅលើតម្លាភាពតាមការផ្សព្វផ្សាយពីបញ្ហាលទ្ធកម្ម យើងឃើញថា ខេត្តកំពតច្រើនជាងគេ និងបន្ទាប់មកខេត្តកំពង់ចាម»។ សេចក្តីព្រាងរបាយការណ៍ស្រាវជ្រាវនេះ បានបញ្ជាក់ថា មន្ត្រីឃុំសង្កាត់ចំនួន៥៥ភាគរយ ស្មើនឹង១២នាក់ ក្នុងចំណោម២២នាក់បានយល់ដឹងពីប្រភពច្បាប់លទ្ធកម្ម ហើយក្នុងចំណោមអ្នកចូលរួមឆ្លើយចំនួន៣៩៦នាក់ មាន១៦នាក់ ស្មើនឹង៤ភាគរយយល់ដឹងច្បាស់ពីលទ្ធកម្ម ២៥៨នាក់ ស្មើនឹង៦៥ភាគរយ មិនដែលឮពាក្យលទ្ធកម្មនេះទាល់តែសោះ និង១២២នាក់ស្មើនឹង៣១ភាគរយធ្លាប់ឮ ឬ ធ្លាប់ស្តាប់ការពន្យល់តែនៅតែមិនយល់ពាក្យនេះ។ សេចក្តីព្រាងរបាយការណ៍ស្រាវជ្រាវនេះ បានបន្តថាអ្នកចូលរួមឆ្លើយ៩៣ភាគរយយល់ថា រដ្ឋត្រូវតែផ្សព្វផ្សាយគម្រោងអភិវឌ្ឍន៍ដល់ប្រជាពលរដ្ឋឱ្យដឹងជាមុន ហើយមន្ត្រីរាជការចូលរួមឆ្លើយ៣២នាក់ បានគាំទ្រគំនិតនេះ។ សេចក្តីព្រាងរបាយការណ៍ស្រាវជ្រាវនេះបានបន្ថែមថា អ្នកចូលរួមឆ្លើយ៩៥ភាគរយយល់ថា មានសារៈសំខាន់ណាស់ដែលប្រជាពលរដ្ឋគួរតែដឹងពីព័ត៌មានគម្រោងអភិវឌ្ឍន៍ ហើយ៩២ភាគរយយល់ថា ការចូលរួមសង្កេតការណ៍របស់ប្រជាពលរដ្ឋ ពេលដែលរដ្ឋធ្វើលទ្ធកម្មមានសារៈសំខាន់ណាស់។ អ្នកឆ្លើយតបចំនួន៨៩ភាគរយយល់ថា រដ្ឋគួរតែបើកឱ្យប្រជាពលរដ្ឋចូលរួមតាមអង្កេតពិនិត្យ នៅពេលស្ថាប័នអនុវត្តគម្រោងថវិការបស់ខ្លួន ហើយ៩០ភាគរយឆ្លើយថា រដ្ឋគួរតែបើកចំហរឱ្យប្រជាពលរដ្ឋចូលរួមប្តឹងពីភាពមិនប្រក្រតីនៃលទ្ធកម្ម។ បើមានការបើកចំហរឱ្យប្តឹង មានតែ៤១ភាគរយ ក្នុងចំណោម៣៩៦នាក់ឆ្លើយថា ហ៊ានប្តឹង ហើយក្នុងចំណោមអ្នកចូលរួមឆ្លើយ២៣៣នាក់ ស្មើនឹង៥៩ភាគរយឆ្លើយថា មិនហ៊ានប្តឹង រួមមាន៤៧នាក់ ស្មើនឹង២០ភាគរយមិនហ៊ានប្តឹង ដោយសារខ្លាចគេប្តឹងបកវិញ នាំឱ្យខ្លួនឯងក្លាយទៅជាជនមានទោសវិញ។ មនុស្ស៣៩នាក់ស្មើនឹង១៧ភាគរយមិនហ៊ានប្តឹង ដោយសារមិនជឿជាក់លើតុលាការ និង១០៨នាក់ស្មើនឹង៤៦ភាគរយ មិនហ៊ានប្តឹង ដោយសារព្រួយបារម្ភពីសន្តិ សុខផ្ទាល់ខ្លួន។ លោក ឈុំ ប៊ុនហេង ប្រធានអង្គភាពលទ្ធកម្មនៃក្រសួងសាធារណៈការ និងដឹកជញ្ជូន បានថ្លែងនៅក្នុង សិក្ខាសាលាស្តីពីសេចក្តីព្រាងរបាយការណ៍ស្រាវជ្រាវលទ្ធកម្មសាធារណៈនៅកម្ពុជាថា ការផ្សព្វផ្សាយ ព័ត៌មានពីលទ្ធកម្មនេះមិនបានទូលំទូលាយទេ ដោយសារវាមិនមានថិវកាគ្រប់គ្រាន់។ លោកបានយល់ព្រមថា ខ្លឹមសារនៃការយល់ដឹងអំពីលទ្ធកម្មរបស់ប្រជាពលរដ្ឋ និងមន្ត្រីរដ្ឋាភិបាលនៅមានកម្រិត។ លោកអ៊ូ ប៊ុនឡុង រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់នៅក្នុងសិក្ខាសាលាថា លោកនឹងទទួលយកអនុសាសន៍ទៅកាន់ក្រសួងដើម្បីពិភាក្សាថា តើអនុសាសន៍ណាមួយអាចត្រូវបានសម្រេចដាក់បញ្ចូលទៅក្នុងសេចក្តីព្រាងច្បាប់ស្តីពីលទ្ធកម្មសាធារណៈនេះ៕ This posting includes an audio/video/photo media file: Download Now |
កម្លាំងស.រ.អា.ប្រមូលវត្ថុតាងពីជម្រកប៊ីនឡាដិនដើម្បីតាមរកភេរវករផ្សេងទៀត Posted: 05 May 2011 01:34 PM PDT ពេលកងកុម្ម៉ង់ដូអាមេរិកាំងចាកចេញពីបរិវេណជម្រករបស់ប៊ីនឡាដិននៅប្រទេសប៉ាគីស្ថាន គេបានយកអ្វីដែលមន្ត្រីស៊ើបការណ៍សម្ងាត់អាមេរិកាំងជាន់ខ្ពស់ហៅថា ការប្រមូលសម្ភារៈដ៏សំខាន់ ដែលគេរំពឹងថា នឹងផ្តល់ព័ត៌មានយ៉ាងច្រើនអំពីបណ្តាញក្រុមភេរវករអាល់កៃដា។ តើគេកំពុងយកសម្ភារៈទាំងនោះទៅធ្វើអ្វី ហើយតើមន្ត្រីសង្ឃឹមថា នឹងបានព័ត៌មានអ្វីខ្លះ? នៅពេលកងកម្លាំងពិសេសរបស់អាមេរិកាំងវាយលុកតាមក្បួនប្រយុទ្ធចូលបរិវេណជម្រករបស់ប៊ីនឡាដិន បានរកឃើញ និងបានសម្លាប់ប៊ិនឡាដិន និងអនុប្រធានរបស់គាត់នោះ សមាជិកផ្សេងទៀតនៃកម្លាំងរបស់អាមេរិកាំងប្រមូលវត្ថុតាងផ្សេងៗ ដែលអាចជាព័ត៌មានដ៏មានប្រយោជន៍។ កាលពីថ្ងៃច័ន្ទ លោក John Brennan ប្រធានទីប្រឹក្សាជាន់ខ្ពស់របស់លោកប្រធានាធិបតីបារ៉ាក់អូបាម៉ាប្រឆាំងភេរវកម្មបានសង្ខេបព័ត៌មាននៅសេតវិមានអំពីប្រតិបត្តិការផ្នែកនេះ។ «កម្លាំងដែលឋិតនៅក្នុងបរិវេណនោះបានឆ្លៀតពេលទាន់នៅទីនោះ ធ្វើអ្វីៗដើម្បីធានាថា យើងអាចប្រមូលបាននូវសម្ភារៈដែលយើងគិតថា សមស្រប ហើយចាំបាច់។ ហើយឥឡូវនេះយើងកំពុងដំណើរការពិនិត្យអ្វីៗដែលយើងបានប្រមូលមកនោះ»។ មន្ត្រីស៊ើបការណ៍សម្ងាត់ជាន់ខ្ពស់ ដែលប្រាប់អ្នកយកព័ត៌មានដោយសុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា ភ្នាក់ងារស៊ើបការណ៍សម្ងាត់ CIA បានបង្កើតក្រុមមួយដើម្បីធ្វើការវិភាគសម្ភារៈទាំងនោះដោយសង្ឃឹមថា នឹងនាំឲ្យគេរកឃើញសមាជិកផ្សេងទៀតរបស់ក្រុមភេរវករអាល់កៃដា។ លោក Marion Bowman អតីតមន្ត្រីស៊ើបការណ៍សម្ងាត់របស់អាមេរិកាំងដឹងថា លោកត្រូវរកអ្វី ប្រសិនបើលោកធ្វើការក្នុងក្រុមនេះ។ «ខ្ញុំនឹងរកវត្ថុតាងតូចតាចក្នុងហោប៉ៅ។ ខ្ញុំនឹងរកអ្វីគ្រប់យ៉ាង ដែលអាចពិសោធន៍ឃើញ DNA។ ខ្ញុំនឹងរកអ្វីៗទាំងអស់ សូម្បីក្រដាសសម្រាម ដែលអាចបង្ហាញថា តើប៊ីនឡាដិនទំនាក់ទំនងជាមួយអ្នកណា ហើយតើអ្នកណាខ្លះបានទៅទីនោះ ដើម្បីឲ្យយើងដឹងថា តើប៊ីនឡាដិនគ្រប់គ្រងបណ្តាញប្រភេទណា ហើយនៅផ្នែកណាខ្លះ»។ លោក Bowman ធ្លាប់ធ្វើជាមន្ត្រីកងនាវាអាមេរិកាំងផ្នែកស៊ើបការណ៍សម្ងាត់ និងជាមន្ត្រីរដ្ឋាភិបាលសហព័ន្ធផ្នែកស៊ើបការណ៍សម្ងាត់ មុនពេលលោកក្លាយជាទីប្រឹក្សាជាន់ខ្ពស់ទី២របស់លោកអតីតប្រធានាធិបតី George W Bush ផ្នែកប្រឆាំងចារកម្មស៊ើបការណ៍សម្ងាត់ក្នុងឆ្នាំ២០០៦។ លោកមានព័ត៌មានផ្ទៃក្នុងខ្លះថា តើក្រុមការងារប្រភេទណាដែលភ្នាក់ងារស៊ើបការណ៍សម្ងាត់ CIA ទំនងជាចាត់ចែងឲ្យពិនិត្យមើលវត្ថុតាងបានពីជម្រករបស់ប៊ីនឡាដិន។ មន្ត្រីនានាសង្ឃឹមថា ព័ត៌មាននេះនឹងផ្តល់សញ្ញារឹងមាំ ដែលនឹងជួយឲ្យគេមានលទ្ធភាពវ៉ៃបំបាក់បណ្តាញក្រុមអាល់កៃដាយ៉ាងធ្ងន់ធ្ងរ។ ប៉ុន្តែលោក Bowman បានទទួលស្គាល់ថា បណ្តាញរបស់ប៊ីនឡាដិនទំនងជាដឹងខ្លួនមុន ហើយបានរត់គេចខ្លួន ហើយខំបង្វែងដានរបស់គេ។ មន្ត្រីម្នាក់និយាយថា«កិច្ចការមិនបង្អង់ដៃ» ដែលនាំឲ្យគេរកឃើញភេរវករ ដែលគេរកមុខបំផុតក្នុងពិភពលោកនោះនឹងបន្តធ្វើយូរទៀត៕ ប្រែសម្រួលដោយ ពិន ស៊ីសុវណ្ណ This posting includes an audio/video/photo media file: Download Now |
ក្រោយមរណភាពរបស់ប៊ិនឡាដិនអ្នកខ្លះយល់ថាជាឱកាសប្តូរអាទិភាព Posted: 05 May 2011 12:50 PM PDT មេដឹកនាំភេរវកម្ម អូសាម៉ា ប៊ិន ឡាដិន ត្រូវបានសម្លាប់ ប៉ុន្តែអង្គការភេរវកម្មរបស់គាត់អាចនៅតែជាការគំរាមគំហែង។ ក្រោយពីការវាយប្រហារភេរវកម្មថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១មកសហរដ្ឋអាមេរិកបានផ្លាស់ប្តូរគោលនយោបាយការបរទេសរបស់ខ្លួនមកផ្តោតការយកចិត្តទុកដាក់លើសង្គ្រាមប្រឆាំងអំពើភេរវកម្មខ្លាំងជាងលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស។ ក្រុមអ្នកវិភាគបាននិយាយនៅថ្ងៃពុធនេះថា សេរីភាពស៊ីវិលនិងសេរីភាពជាមូលដ្ឋាននៅទូទាំងពិភពលោកត្រូវបានធ្លាក់ចុះដោយសារការព្រួយបារម្ភផ្នែកសន្តិសុខរបស់អាមេរិកនិងសម្ព័ន្ធមិត្តរបស់ខ្លួនក្នុងរយៈពេល១០ឆ្នាំកន្លងមកនេះ។ ការឆ្លើយតបរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកចំពោះការវាយប្រហារភេរវកម្មនៅថ្ងៃទី១១ខែកញ្ញាឆ្នាំ២០០១ មានផលវិបាកអវិជ្ជមានសម្រាប់ចលនាសិទ្ធិមនុស្សនៅទូទាំងពិភពលោក។ លោក អ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានថ្លែងថា សហរដ្ឋអាមេរិកមានដំណើរវែងឆ្ងាយដើម្បីឱ្យទទួលបានអំណាច សីលធម៌ដែលបានបាត់បង់កាលពី១០ឆ្នាំមុន។ លោក អ៊ូ វីរៈ បានបន្តថា ចំពោះការស្លាប់អូសាម៉ា ប៊ិន ឡាដិន ត្រូវបានសង្ឃឹមថា អាមេរិកយកឱកាសនេះ ដើម្បីបិទទំព័រព្រឹត្តិការណ៍ថ្ងៃទី១១ ខែកញ្ញា និងផ្តល់អាទិភាពដល់ការគោរពសិទ្ធិមនុស្ស សេរីភាពស៊ីវិល និងនីតិរដ្ឋ។ លោក អ៊ូ វីរៈ បានបន្ថែមថា អំពើភេរវកម្មបានចង់ភ្ជាប់ទំនាក់ទំនងថ្មីរវាងអាមេរិកនិងកម្ពុជា។ លោក វីរៈ បានប្រាប់វីអូអេខ្មែរថា៖ «ចាប់ពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ ២០១១មក អាមេរិកព្យាយាមសហការជាមួយរដ្ឋាភិបាលកម្ពុជាដោយផ្តោតទៅលើតែរឿងភេរវកម្ម ប៉ុន្តែគិតតិចតួចអំពីបញ្ហាសិទ្ធិមនុស្ស។ សហរដ្ឋអាមេរិកបានកែប្រែគោលនយោបាយរបស់ខ្លួនចំពោះកម្ពុជា ហើយមកដល់ពេលនេះ សហរដ្ឋអាមេរិកសុខចិត្តធ្វើជាមិត្តរបស់កម្ពុជាក្នុងការសហការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម។ អញ្ចឹងហើយ គោលនយោបាយក្នុងការគាំទ្រលទ្ធិប្រជាធិបយ្យេ និងសិទ្ធិមនុស្សមានការធ្លាក់ចុះ»។ លោកឈាន វណ្ណារិទ្ធ នាយកប្រតិបត្តិនៃវិទ្យាស្ថានខ្មែរសម្រាប់កិច្ចសហប្រតិបត្តិការនិងសន្តិភាព បានថ្លែងថា ទំនាក់ទំនងអាមេរិក-កម្ពុជាត្រូវបានពង្រឹងតាមរយៈកិច្ចខំប្រឹងប្រែងប្រឆាំងអំពើភេរវកម្មដែលបានផ្តួចផ្តើមគំនិត និងគាំទ្រដោយអាមេរិក។ «សហរដ្ឋអាមេរិកបានជួយបច្ចេកទេសនិងចំណេះដឹងផ្សេងៗដល់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម។ យើងបានបង្កើតនាយកដ្ឋានប្រឆាំងអំពើភេរវកម្មដែលមានការគាំទ្រពីសហរដ្ឋអាមេរិក។ ដូច្នេះ ភេរវកម្មបានជួយឱ្យទំនាក់ទំនងអាមេរិក-កម្ពុជាជិតស្និត បន្ទាប់ពីការវាយប្រហារភេរវកម្មថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១។» លោក ឈាន វណ្ណារិទ្ធ បានបន្តថា អាមេរិកបានចាត់ទុកកម្ពុជាថាជាដៃគូដ៏សំខាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្មតាមរយៈការគាំទ្រសមត្ថភាព និងបច្ចេកទេសបូករួមនឹងការចែករំលែកព័ត៌មានសម្ងាត់។ «ចាប់ពីឆ្នាំ២០០១មក យើងឃើញថា ភេរវកម្មគឺជាផ្នែកមួយនៃផលប្រយោជន៍របស់អាមេរិក ហើយក៏ជាអាទិភាពមួយនៅក្នុងគោលនយោបាយការបរទេសអាមេរិក។ ប៉ុន្តែយើងត្រូវយល់ថា ចំពោះតម្លៃនៃនយោបាយការបរទេសសហរដ្ឋអាមេរិកនៅតែភ្ជាប់ទៅនឹងការគោរពសិទ្ធិមនុស្ស។ សហរដ្ឋអាមេរិកអនុវត្តទាំងគោលនយោបាយប្រឆាំងអំពើភេរវកម្ម និងការគោរពសិទ្ធិមនុស្ស។ ចំពោះកម្ពុជា សហរដ្ឋអាមេរិកនៅតែផ្តោតការយកចិត្តទុកដាក់ទាំងវិស័យប្រឆាំងអំពើភេរវកម្ម និងទាំងវិស័យសិទ្ធិមនុស្ស»។ លោកសុក សំអឿន នាយកប្រតិបត្តិនៃក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា បានថ្លែងថា សហរដ្ឋអាមេរិកអាចផ្លាស់ប្តូរការបំពានសិទ្ធិមនុស្សក្នុងរយៈពេល១០ឆ្នាំកន្លងមកនេះ បន្ទាប់ពីអូសាម៉ា ប៊ិន ឡាដិន ត្រូវបានសម្លាប់។ លោក សំអឿន ថ្លែងដូច្នេះថា៖ «សហរដ្ឋអាមេរិកនឹងត្រូវតែប្រឹងប្រែងខ្លួនឯង ដើម្បីបង្ហាញពិពភលោកអំពីភាពជាគំរូសម្រាប់លទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស។ សហរដ្ឋអាមេរិកត្រូវតែបង្កើតបច្ចេកទេស ឬវីធិសាស្ត្រ មធ្យោបាយផ្សេងៗសម្រាប់ជនសង្ស័យភេរវករ ឬអ្នកទោស ដើម្បីជៀសវាងការធ្វើទារុណកម្ម និងការរំលោភសិទ្ធិមនុស្ស។ ប៊ិន ឡាដិនស្លាប់ហើយ។ ខ្ញុំគិតថា សហរដ្ឋអាមេរិកត្រូវធ្វើការកែលំអរប្រព័ន្ធប្រតិបត្តិការរបស់ខ្លួន។ អាមេរិកនឹងមិនផ្លាស់ប្តូរគោលនយោបាយការបរទេសរបស់ខ្លួនក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្មទេ ពីព្រោះ ប៊ិនឡាដិន បានស្លាប់ ប៉ុន្តែអង្គការភេរវកម្មរបស់គាត់មិនទាន់បានស្លាប់ទាំងស្រុងទេ»។ ឧត្តមសេនីយ៍ឯក ខៀវ សុភក្រ័ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានថ្លែងថា ប៊ិន ឡាដិន ស្លាប់ហើយ តែអង្គការចាត់តាំងរបស់ប៊ិន ឡាដិន ឬអង្គការភេរវកម្មទាំងអស់ក្នុងសាកលលោកមិនទាន់រលាយនៅឡើយ។ «ខ្ញុំយល់ថា កិច្ចសហប្រតិបត្តិការពីមុខយើងនៅតែពង្រឹង។ កិច្ចសហប្រតិបត្តិការរវាងសមត្ថកិច្ចរបស់យើងជាមួយសមត្ថកិច្ចតំបន់ និងពិភពលោក ជាពិសេសសហរដ្ឋអាមេរិក ដើរតួនាទីសំខាន់ណាស់ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្មនៅក្នុងពិភពលោក។ យើងត្រូវប្រុងប្រយ័ត្នចំពោះអំពើភេរវកម្ម»។ ឧត្តមសេនីយ៍ឯក ខៀវ សុភ័ក្រ បានបន្តថា កម្ពុជាបានទទួលផលប្រយោជន៍ច្រើនណាស់ពីកិច្ចសហប្រតិបត្តិការប្រឆាំងអំពើភេរវកម្មជាមួយអាមេរិក ដូចជាការកាត់ទោសចលនាកងទ័ពសេរីជាតិកម្ពុជាដែលជាអង្គការភេរវកម្មដឹកនាំដោយឈុន យ៉ាសិទ្ធិ និងការចាប់ខ្លួនមេភេរវកម្មហាំបាលី។ លោកកុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានថ្លែងថា កម្ពុជានៅតែរក្សាទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការជាមួយអាមេរិកក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្មនេះដដែល៕ This posting includes an audio/video/photo media file: Download Now |
Posted: 05 May 2011 11:58 AM PDT ប្រទេសឡាវគ្រោងស្ថាបនាទំនប់វារីអគ្គិសនីមួយនៅទន្លេមេគង្គក្រោមប៉ុន្តែក្រុមប្រទេសជិតខាង និយាយថា ត្រូវមានការសិក្សាច្រើនថែមទៀតសិនមុននឹងសាងសង់។ ក្រុមអ្នកវិភាគថ្លែងថា ការជំទាស់កម្រិតខ្ពស់បានដាក់សម្ពាធលើប្រទេសឡាវឲ្យផ្លាស់ប្តូរមហិច្ឆតាទំនប់វារីអគ្គិសនីរបស់ខ្លួន។ សំណើដ៏ចម្រូងចម្រាសមួយរបស់ឡាវ ក្នុងការសាងសង់ទំនប់វារីអគ្គិសនីទីមួយក្នុងចំណោមទំនប់ចំនួន១១កន្លែង ដែលត្រូវបានគ្រោងសង់នៅតាមដងទន្លេមេគង្គក្រោម បានធ្វើឲ្យខឹងសម្បារដល់ប្រជាពលរដ្ឋ ដែលរស់នៅតាមដងទន្លេនោះ។ លោកស្រី ប្រៃល័រ ម៉ានមូន (Prailor Manmoon) ជាស្រ្តីជនជាតិឡាវ ដែលរស់នៅកុងណាង ជាភូមិមួយរបស់ថៃនៅតាមដងទន្លេមេគង្គ ដែលស្ថិតនៅខ្សែទឹកខាងក្រោមនៃទំនប់វារីអគ្គិសនី សាយ៉ាប៊ូរី (Xayaburi) ដែលបានស្នើឡើង។ កាលពីថ្ងៃអាទិត្យ ខណៈដែលក្មេងៗ បានប្រលែងគ្នាលេងនៅតាមមាត់ទន្លេមេគង្គដែលនៅក្បែរនោះ លោកស្រី ម៉ានមូន និងអ្នកជិតខាងរបស់លោកស្រី បានជួបជុំគ្នាពិសារបាយដំណើប និងពិភាក្សាគ្នាអំពីទំនប់សាយ៉ាប៊ូរី ដែលបានស្នើឡើងនោះ។ ក្នុងនាមជារដ្ឋកុម្មុយនិស្តដ៏ក្រីក្រ និងមិនជាប់សមុទ្រ ក្រុមមន្ត្រីនៅក្នុងប្រទេសឡាវដែលនៅក្បែរខាង ថ្លែងថា ទំនប់នេះ នឹងជួយកាត់បន្ថយភាពក្រីក្រ និងបង្កើតប្រាក់ចំណូល។ ប៉ុន្តែ លោកស្រី ម៉ានមូន និងអ្នកជិតខាងរបស់លោកស្រី ថ្លែងថា ទំនប់សាយ៉ាប៊ូរី និងទំនប់វារីអគ្គិសនីដទៃទៀត ដែលបានស្នើឡើង នឹងគំរាមកំហែងដល់ភូមិឋានរបស់ពួកគេ ដែលមានប្រភពប្រាក់ចំណូលដ៏សំខាន់មកពីការនេសាទត្រី។ «ប្រសិនបើទំនប់មួយត្រូវបានស្ថាបនាឡើងមែន ប្រហែលជានឹងមានគ្រោះទឹកជំនន់ ហើយទឹកជំនន់អាចសម្លាប់ពួកយើង ឬប្រហែលជា កម្ពស់ទឹកទន្លេ មានកម្រិតទាបយ៉ាងខ្លាំង ហើយយើងនឹងមិនអាចមានទឹកគ្រប់គ្រាន់ដើម្បីប្រើប្រាស់ ឬបរិភោគឡើយ?» សេចក្តីរាយការណ៍របស់លោក ពេជ្រ សំណាង ពីទីក្រុងវៀងច័ន្ទ ប្រទេសឡាវ នៅត្រើយម្ខាងទៀតនៃដងទន្លេនៅក្នុងទីក្រុងវៀងច័ន្ទ ដែលជារដ្ឋធានីរបស់ឡាវ គណៈកម្មាធិការរួម នៃគណៈកម្មការទន្លេមេគង្គ (Mekong River Commission) កំពុងត្រៀមបើកកិច្ចប្រជុំ ដែលរំពឹងថានឹងមានការចូលរួមច្រើន ស្តីពីសំណើសង់ទំនប់វារីអគ្គិសនីរបស់ឡាវ។ នៅក្នុងកិច្ចប្រជុំកាលពីថ្ងៃអង្គារ ប្រទេសឡាវ ថ្លែងថា គម្រោងនេះ គួរបន្តទៅមុខ ដោយអះអាងថា ទំនប់នេះ នឹងគោរពតាមបទដ្ឋានអន្តរជាតិ។ ប៉ុន្តែ ក្រុមប្រទេសជិតខាងនៅតាមដងទន្លេមេគង្គផ្នែកខាងក្រោមរបស់ឡាវ រួមមាន ប្រទេសថៃ កម្ពុជា និងវៀតណាម បានចេញសេចក្តីថ្លែងការណ៍ ដោយបញ្ជាក់ថា គេនៅ ត្រូវការព័ត៌មានច្រើនថែមទៀត ទាក់ទងនឹងផលប៉ះពាល់ផ្នែកបរិស្ថានដែលអាចនឹងកើតមានឡើងឆ្លងកាត់ព្រំដែនរបស់ទំនប់នេះ។ វៀតណាម បានចេញសេចក្តីថ្លែងការណ៍យ៉ាងខ្លាំងក្លាបំផុត ដោយអំពាវនាវឲ្យមានការផ្អាករយៈពេល១០ឆ្នាំសិន សម្រាប់ទំនប់ថ្មីនៅតាមដងទន្លេមេគង្គ។ ក្រុមប្រទេសនៅតាមដងទន្លេមេគង្គក្រោមទាំងបួននេះ ខកខានមិនបានធ្វើសេចក្តីសម្រេចចិត្តរួមគ្នា ស្តីពីទំនប់នេះទេ ប៉ុន្តែ យល់ព្រមបើកការចរចាថ្នាក់រដ្ឋមន្ត្រី នៅចុងឆ្នាំនេះ។ ក្រុមអ្នកវិភាគ បានឲ្យដឹងថា សេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាល និងសេចក្តីសម្រេចចិត្ត ដើម្បីលើកយកការពិភាក្សារបស់គណៈកម្មការទន្លេមេគង្គ ទៅដល់ថ្នាក់រដ្ឋមន្ត្រី បានបង្កើនការរាំងស្ទះខាងនយោបាយលើភាពចម្រូងចម្រាសរបស់ទំនប់សាយ៉ាប៊ូរី។ លោក ហ្វីលីព ហ៊ើស (Philip Hirsch) ជាសាស្ត្រាចារ្យខាងប្រព័ន្ធអេកូឡូស៊ីនៃមនុស្ស នៅឯសាកលវិទ្យាល័យស៊ីដនី (University of Sydney)។ លោក មានប្រសាសន៍ថា ខណៈដែលគណៈកម្មការទន្លេមេគង្គ មិនអាចបញ្ឈប់ប្រទេសឡាវ មិនឲ្យកសាងទំនប់វារីអគ្គិសនី នៅខ្សែទឹកខាងលើរបស់ទន្លេមេគង្គ ពិធីសាររបស់គណៈកម្មការទន្លេមេគង្គ បានអនុញ្ញាតប្រទេសជិតខាងឲ្យដាក់សម្ពាធខាងការទូតទៅលើប្រទេសឡាវ។ «ប្រសិនបើឡាវចង់ធ្វើតែម្នាក់ឯងដោយកសាងទំនប់វារីអគ្គិសនីសាយ៉ាប៊ូរី ហើយមិនស្តាប់ប្រទេសដទៃ ការធ្វើបែបនេះក្នុងពេលឥឡូវនេះ នឹងជាការប្រឆាំងទៅនឹងសេចក្តីប្រាថ្នាដែលបានស្តែងចេញរបស់ប្រទេសដទៃ ហើយជាពិសេស ប្រឆាំងទៅនឹងសេចក្តីប្រាថ្នា ដែលបានស្តែងចេញរបស់វៀតណាម ដែលប្រទេសឡាវ មានទំនាក់ទំនងយ៉ាងជិតស្និទ្ធ»។ លោក ហ៊ើស ព្យាករណ៍ថានឹងមានការ«ប្រឈមមុខដាក់គ្នា»រវាងរដ្ឋមន្ត្រីមកពីប្រទេសឡាវនិងវៀតណាមដែលនៅក្បែរខាង ដែលប្រទេសទាំងពីរជារដ្ឋកុម្មុយនិស្តមានគណបក្សតែមួយដូចគ្នា។ លោកហ៊ើស ថ្លែងបន្ថែមទៀតថា ប្រសិនបើទំនប់សាយ៉ាប៊ូរី ត្រូវបានកសាងឡើងមែន វានឹងបង្កឲ្យមានភាពងាយស្រួលសម្រាប់ប្រទេសនៅតាមបណ្តោយទន្លេមេគង្គខាងក្រោមដទៃទៀត ជាពិសេសប្រទេសកម្ពុជា ក្នុងការកសាងទំនប់នៅខ្សែទឹករបស់ទន្លេមេគង្គ។ យោងតាមអ្នកបរិស្ថានវៀតណាមម្នាក់ ដែលស្នើសុំមិនឲ្យបញ្ចេញឈ្មោះបានបញ្ជាក់ថា ឡាវ«មិនអាចមិនអើពើ»ចំពោះសេចក្តីថ្លែងការណ៍រិះគន់ ពីប្រទេសនៅតាមដងទន្លេមេគង្គក្រោមបានទេ។ អ្នកបរិស្ថានរូបនេះ បានប្រាប់វីអូអេថា ប្រសិនបើឡាវ កសាងទំនប់វារីអគ្គិសនី ដោយមិនស្តាប់តាមការជំទាស់ក្នុងកម្រិតខ្ពស់ទេ ប្រទេសនេះអាចធ្វើឱ្យខូចខាតដល់កិតិ្តយសរបស់ខ្លួននៅក្នុងសហគមន៍អន្តរជាតិជាក់ជាពុំខាន។ តាមពិធីសារគណៈកម្មការទន្លេមេគង្គ ប្រទេសនៅតាមដងទន្លេមេគង្គក្រោមទាំងបួន តម្រូវឲ្យជូនដំណឹងទៅប្រទេសជិតខាងរបស់ពួកគេ ប្រសិនប្រទេសទាំងនោះ មានគម្រោងសង់ទំនប់វារីអគ្គិសនីនៅខ្សែទឹកខាងលើរបស់ទន្លេនេះ ប៉ុន្តែប្រទេសទាំងនោះ មិនចាំបាច់ទទួលការអនុញ្ញាតពីគ្នាទៅវិញទៅមក ក្នុងការបន្តគម្រោងសង់ទំនប់នោះឡើយ។ ប្រទេសចិន ដែលមានព្រំដែនជាប់ជាមួយឡាវ បានដំណើការទំនប់ចំនួនបួនរួចហើយ នៅខ្សែទឹកខាងលើរបស់ទន្លេមេគង្គ។ ក្រុមសង្គមស៊ីវិល និងអង្គការក្រៅរដ្ឋាភិបាល ទូទាំងតំបន់ បានព្រមានថា ការកសាងទំនប់វារីអគ្គិសនីនៅតាមបណ្តោយទន្លេមេគង្គក្រោម នឹងប៉ះពាល់ដល់បរិស្ថាន ហើយគំរាមកំហែងដល់សន្តិសុខស្បៀង និងការចិញ្ចឹមជីវិតនៅតាមជនបទទៀតផង។ លោក ស្ទួត ឆាបម៉ាន (Stuart Chapman) ជានាយកខាងអភិរក្សនៃកម្មវិធីមហាតំបន់ទន្លេមេគង្គ នៃមូលនិធិសត្វព្រៃពិភពលោក (World Wildlife Fund)។ លោក មានប្រសាសន៍ថា ទំនប់សាយ៉ាប៊ូរីនេះ នឹងជះឥទ្ធិពលអាក្រក់ទៅលើការហូរនាំយកដីល្បប់ និងការបម្លាស់ទីរបស់ត្រី។ «ទន្លេមេគង្គ មានលក្ខណៈពិសេស ទាក់ទងនឹងត្រីច្រើនប្រភេទ និងបរិមាណត្រី ដែលចរាចរណ៍ឡើងចុះតាមទន្លេនេះ។ ដូច្នេះជាពិសេស ទំនប់ណាមួយ ដែលត្រូវបានកសាងឡើងកាត់ទន្លេមេគង្គ នឹងជារនាំងខ្ទប់ពពួកពូជត្រីច្រើនប្រភេទ ដែលត្រីទាំងនោះព្យាយាមបម្លាស់ទី។ ប្រសិនបើត្រីទាំងនោះ មិនអាចផ្លាស់ទីទេនោះ ត្រីមិនអាចពងកូនបានទេ។ ហើយ ប្រការនេះ នឹងនាំទៅដល់ការដួលរលំរបស់វិស័យជលផលតែម្តង»។ លោក ឆាបម៉ាន និយាយថា ទំបន់វារីអគ្គិសនីនៅអាមេរិកខាងជើង បានដំឡើង «ជណ្តើររបស់ត្រី» ព្រមទាំងឧបករណ៍ដទៃទៀត ដែលជួយហ្វូងមច្ឆាឲ្យឆ្លងកាត់ទំនប់នោះ។ ប៉ុន្តែ លោក បានឲ្យដឹងថា បច្ចេកវិទ្យានោះ នឹងមិនអាចជួយពពួកពូជត្រីទន្លេមេគង្គ ឲ្យរស់បានទេ។ ការសិក្សាកាលពីពេលថ្មីៗនេះ ដោយមូលនិធិសត្វព្រៃពិភពលោក បានបញ្ជាក់ថា ការវាយតម្លៃស្តីពីផលប៉ះពាល់ដល់បរិស្ថាន ដែលធ្វើឡើងសម្រាប់ទំនប់សាយ៉ាប៊ូរីដែលបានស្នើឡើង មិនបានបំពេញទៅតាមបទដ្ឋានអន្តរជាតិទេ។ ៩៥ភាគរយនៃចរន្តអគ្គិសនីកម្លាំង ១.២៦០ ម៉េហ្កាវ៉ាត់ របស់ទំនប់នេះ នឹងត្រូវលក់ទៅឲ្យប្រទេសថៃ ហើយក្រុមហ៊ុនថៃនឹងដំណើការគម្រោងដែលនឹងចំណាយទឹកប្រាក់ចំនួន ៣,៥ពាន់លានដុល្លារ។ បើយោងតាមសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយរបស់ថៃថា ការងារដំបូងលើការសាងសង់ទំនប់នេះបានចាប់ផ្តើមរួចហើយ។ លោក ខាល មីឌលថុន (Carl Middleton) នាយកកម្មវិធីអាស៊ីអាគ្នេយ៍សម្រាប់ក្រុមបរិស្ថាន ទន្លេអន្តរជាតិ (International Rivers) បានប្រាប់វីអូអេថា ជំនួសឲ្យការទាញយកថាមពលពីទំនប់វារីអគ្គិសនីនៅដងទន្លេមេគង្គ ប្រទេសថៃគួរផ្តោតទៅលើការធ្វើឱ្យប្រសើរឡើងប្រសិទ្ធភាពថាមពល និងអភិវឌ្ឍប្រភពថាមពលដែលអាចច្នៃឡើងវិញ។ «ខ្ញុំគិតថា អ្វីដែលត្រូវគិតពិចារណា គឺជាដំណើការនៃការធ្វើសេចក្តីសម្រេចចិត្តជារួម ដែលពិតជាបានទទួលស្គាល់ពីទំនាក់ទំនងជាមួយនឹងការចិញ្ចឹមជីវិត និងសន្តិសុខស្បៀងយ៉ាងពិតប្រាកដ ប្រសិនបើទំនប់វារីអគ្គិសនី ត្រូវបានកសាងនៅតាមដងទន្លេមេគង្គ»។ ការសិក្សាឯករាជ្យ ដែលឧបត្ថម្ភដោយគណៈកម្មការទន្លេមេគង្គ បានព្រមានកាលពីខែតុលានេះ ថា ទំនប់វារីអគ្គិសនីទន្លេមេគង្គ នឹងធ្វើឲ្យខូចខាតធ្ងន់ធ្ងរឡើងលើវិស័យសនិ្តសុខស្បៀង និងបង្កផលប៉ះពាល់ខាងបរិស្ថាន «ដ៏ធ្ងន់ធ្ងរ និងមិនអាចកែប្រែបានឡើយ»។ កាលពីដើមខែនេះ លោក ជីម វេប (Jim Webb) សមាជិកព្រឹទ្ធសភារបស់សហរដ្ឋអាមេរិក បាន ព្រមាននៅក្នុងសេចក្តីថ្លែងការណ៍ថា ការកសាងទំនប់នៅលើខ្សែទឹកទន្លេមេគង្គ នឹងធ្វើឲ្យគ្រោះថ្នាក់ដល់ហ្វូងមច្ឆា និងការធ្វើស្រែ នៅតាមតំបន់ដីសណ្តទន្លេមេគង្គ។ មានប្រជាពលរដ្ឋប្រហែល៦០លាននាក់ ពឹងផ្អែកលើទន្លេមេគង្គដើម្បីចិញ្ចឹមជីវិត៕ ប្រែសម្រួលដោយ លី សុខឃាង This posting includes an audio/video/photo media file: Download Now |
You are subscribed to email updates from VOA News: ព័ត៌មាន To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |