VOA News: ព័ត៌មាន: “មេធាវីទាមទារ​ឲ្យ​មាន​ការ​ដោះ​លែង​អៀង សារី ឲ្យ​នៅ​ក្រៅ​ឃុំ” plus 6 more

VOA News: ព័ត៌មាន: “មេធាវីទាមទារ​ឲ្យ​មាន​ការ​ដោះ​លែង​អៀង សារី ឲ្យ​នៅ​ក្រៅ​ឃុំ” plus 6 more


មេធាវីទាមទារ​ឲ្យ​មាន​ការ​ដោះ​លែង​អៀង សារី ឲ្យ​នៅ​ក្រៅ​ឃុំ

Posted: 04 May 2011 02:55 PM PDT

សហ​មេ​ធាវី​របស់​អៀង​ សារី​ បាន​ទទូច​សារ​ជា​ថ្មី​នៅ​ថ្ងៃ​ពុធ​នេះ​ ឲ្យ​សាលា​ក្ដី​ខ្មែរ​ក្រហម​ដោះ​​លែង​កូន​ក្ដី​របស់​ខ្លួន​ជា​បន្ទាន់​ដោយ​អះអាង​ថា ​ការ​ឃុំ​ខ្លួន​កូន​ក្ដី​របស់​ខ្លួន​ជា​បណ្ដោះ​អាសន្ន​​ខុស​ច្បាប់​​រហូត​មក​ទល់​​ពេល​នេះ។

ក្រុម​មេធាវី​ការពារ​ក្ដី​បាន​ថ្លែង​នៅ​ក្នុង​សវនា​ការ​លើក​ទី១​លើ​រឿង​ក្តី​របស់​អតីត​រដ្ឋ​មន្ដ្រី​ក្រសួង​ការ​បរទេស​​ខ្មែរ​ក្រហមថា ​វិធាន​របស់​សាលាក្ដី​ខ្មែរ​ក្រហម​អនុញ្ញាត​ឲ្យ​បន្ដ​ការ​ឃុំ​​ឃាំង​បណ្ដោះ​អាសន្ន​ចំពោះ​ជន​ជាប់​ចោទ​ត្រឹម​តែ​បី​ឆ្នាំ​តែ​ប៉ុណ្ណោះ​ ហើយ​អាច​បន្ដ​ការ​ឃុំ​ខ្លួន​បន្ថែម​​ទៀត​សម្រាប់​រយៈ​ពេល​បួន​ខែ​មុន​នឹង​មាន​ការ​ជម្រះ​ក្ដី។ ក៏​ប៉ុន្ដែ​ក្រោយ​ពី​សហ​ចៅក្រម​ស៊ើប​អង្កេត​បញ្ជូន​ដីការ​ដំណោះស្រាយ​ ឬ​ដីការ​បញ្ជូន​រឿងទៅ​ជំនុំ​ជម្រះ​នៅ​កាន់​សាលាក្ដី​​​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​កាល​ពី​ខែ​កញ្ញា​ ឆ្នាំ​២០១០​ រហូត​មក​ទល់​ពេល​នេះ​អៀង សារី​ ត្រូវ​បាន​ឃុំ​ខ្លួន​​​​លើស​រយៈពេល​កំណត់​ជាង​បី​ខែ​ទៅ​ហើយ។

លោក​ អាង​ ឧត្តម ​សហ​មេធាវី​កម្ពុជា​របស់​អៀង​ សារី​ បាន​ទាមទារ​ថា ការ​ឃុំ​ខ្លួន​កូន​ក្ដី​របស់​លោក​ជាបណ្ដោះ​អាសន្ន គួរ​តែ​ត្រូវ​ចាត់​ទុក​ជា​មោឃៈ ហើយ​លើក​ឡើង​ថា​ ការ​ដោះ​លែង​លោក​​អៀង​​ សារី គឺ​ជា​ដំណោះ​ស្រាយ​យ៉ាង​សក្ដិ​សម​បំផុត ហើយ​ត្រូវ​ដាក់​លោក​អៀង​ សារី ឲ្យ​ស្ថិត​នៅ​​ក្រោម​ការ​ត្រួ​ត​ពិនិត្យ​របស់​តុលាការ​​​ជា​បន្ទាន់។

អតីត​បង​ធំ​ទី​៣​រូប​នេះ​មាន​អាយុ​ប្រហែល​៨៥​​ឆ្នាំ​ហើយ។ គាត់​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ឧក្រិដ្ឋ​កម្ម​សង្រ្កាម​ ឧក្រិដ្ឋ​កម្ម​ប្រឆាំង​មនុស្ស​ជាតិ ​និង​បទ​ប្រល័យ​ពូជ​សាសន៍​ជាមួយ​នឹង​ប្រពន្ធ​របស់​គាត់​គឺ​អៀង ធីរិទ្ធ​ អតីត​រដ្ឋ​មន្ដ្រី​ក្រសួង​កិច្ច​ការ​នារី​សម័យ​ខ្មែរ​ក្រហម​ ជាមួយ​នួន​ ​ជា ​អតីត​ប្រធាន​សភា​ខ្មែរ​ក្រហម​ និង​​ខៀវ ​សំផន​ អតីត​ប្រមុខ​រដ្ឋ​កម្ពុជា​ប្រជាធិបតេយ្យ។ បទចោទ​​​ទាំង​នេះ​ទាក់ទង​ទៅ​នឹ​ង​ការ​ស្លាប់​របស់​ប្រជា​ពលរដ្ឋ​កម្ពុជា ជិត​២​លាន​នាក់​ ក្នុង​អំឡុង​ពេល​ដែល​ពួក​គេ​កាន់​កាប់​អំណាច​ចន្លោះ​ពី​ឆ្នាំ ​១៩៧៥-៧៩។

កាល​ពី​ចុង​ខែ​មករា​ អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​បាន​សម្រេច​មិន​ដោះលែង​ជនជាប់​សង្ស័យ​អៀង​ ធីរិទ្ធ​ នួន ​ជា ​និង​ខៀវ ​សំផន​ ឲ្យ​នៅ​ក្រៅ​ឃុំ​ជា​បណ្ដោះ​អាសន្ន​នោះ​ទេ ដោយ​សំអាង​ហេតុផល​ដែល​អាច​​បង្ក​ឲ្យ​មាន​ការ​ប៉ះពាល់​ដល់​សន្ដិសុខ​សង្គម ​ការរត់​គេច​ខ្លួន ​និង​ការ​គំរាម​កំហែង​ដល់​សក្សី​ជា​ដើម។ សហ​មេធាវី​បរទេស​របស់​អៀង​ សារី ​លោក ​ម៉ៃឃ័ល កាណាវ៉ាស (Michael ​Karnavas) មាន​ប្រសាសន៍​ថា ​ការ​ឃុំខ្លួន​អៀង​ សារី ​នៅ​ផ្ទះ​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​តុលាការ​នឹង​ធានា​ដល់​វត្តមាន​របស់​គាត់​​នៅ​ពេល​ដែល​មាន​​សវនាការ។ ហើយ​ជន​ជាប់​ចោទ​នឹង​មិន​រ​ត់គេច​ខ្លួន​នោះទេ។

ទោះ​ជា​យ៉ាង​នេះ​ក្ដី​សហ​ព្រះ​រាជ​អជ្ញា​បរទេស​ លោក​ ដេល លីសាក់ (Dale​ Lysak) បាន​លើក​ឡើង​ថា​ វា​នឹង​មាន​ហានិ​ភ័យ​ខ្ពស់​ដល់​ការ​រត់​គេច​ខ្លួន​របស់​អៀង​ សារី ​ប្រសិន​បើ​គាត់​ត្រូវ​ឃុំឃាំង​នៅ​ផ្ទះ​របស់​​គាត់​​នោះ។ សហ​ព្រះ​រាជ​អាជ្ញា​បរទេស​ដដែល​បាន​ផ្ដល់​ហេតុផល​ថា ​ជន​ជាប់​ចោទ​មាន​ធនធាន ​ហើយ​​ជន​ជាប់​ចោទ​កាន់​លិខិត​ឆ្លង​ដែន​កម្ពុជា​ និ​ង​ធ្លាប់​កាន់​លិខិត​ឆ្លង​ដែន​ចិន​ផង​ដែរ៕

This posting includes an audio/video/photo media file: Download Now

មេដឹក​នាំ​អាស៊ាន​​នឹង​ពិភាក្សា​អំពី​​ជម្លោះ​កម្ពុជា​ថៃ​នៅ​សន្និសីទ​កំពូល

Posted: 04 May 2011 01:44 PM PDT

មេដឹកនាំ​ពី​សមាគម​ប្រជា​ជាតិ​អាស៊ី​អាគ្នេយ៍​ជួប​ប្រ​ជុំ​គ្នា​នៅ​សប្តាហ៍​នេះ​ក្នុង​រដ្ឋធានីហ្សាការតា​ពីថ្ងៃ​ទី៥​​ដល់​ថ្ងៃ​ទី​៨​​ខែ​ឧសភា​ដើម្បី​ពិភាក្សា​​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ហើយនឹង​បញ្ហា​សន្តិសុខ​ក្នុង​តំបន់។ ទោះជា​មិន​មាន​ចែង​ជាក់​លាក់​នៅលើ​របៀបវារៈ​ក៏ដោយ ​ការខិតខំ​ប្រឹងប្រែង​របស់​សមាគម​ អាស៊ាន​ ធ្វើ​ការ​សម្រុះ​សម្រួល​បញ្ចប់​ជម្លោះ​ព្រំដែន​កម្ពុជា​ថៃ​ នឹង​ទំនង​ក្លាយ​ជា​ការយក​ចិត្ត​ទុកដាក់​យ៉ាងខ្លាំង​របស់​សន្និសីទ​កំពូល​នេះ។

លោក ​Michael​ Tene ​អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ឥណ្ឌូណេស៊ី​និយាយ​ថា​តួនាទី​ អាស៊ាន ​ក្នុងការ​ព្យាយាម​បញ្ចប់​ជម្លោះ​ព្រំដែន​ដែល​កំពុង​បន្ត​មានឡើង​រវាង​ថៃ​និង​កម្ពុជា ​សឹងតែ​នឹង​ប្រាកដ​ត្រូវលើក​យក​មក​ពិភាក្សា​នៅពេល​ប្រមុខ​រដ្ឋ​ជួបគ្នា​នៅថ្ងៃ​ទី​៧​ ខែ​ឧសភា។

«ព្រឹត្តិការណ៍​ក្នុង​ប្រទេស​ថៃ​ បញ្ហា​ព្រំដែន​ថៃ​និង​កម្ពុជា​ពិតជា​បញ្ហា​ដ៏​សំខាន់​ដែល​បានកើត​ឡើង​នៅក្នុង​តំបន់​របស់​យើង។ ដូច្នេះ ​ខ្ញុំ​ជឿជាក់​ថា​បញ្ហា​បែប​នេះ​​នឹង​ត្រូវ​លើកឡើង​នៅក្នុង​សន្និសីទ​កំពូល»។

ប្រទេស​ឥណ្ឌូណេស៊ី ​ជា​ប្រធាន​សមាគម​ អាស៊ាននៅឆ្នាំ​នេះ​ហើយ​បាន​ធ្វើ​ជា​គោលដៅ​ដើម្បី​ប្រែក្លាយ​ទៅជា​ អង្គការ​មួយ​ដែល​ជា​សមាគម​មាន​ភាពធូ​រលង់​ទៅជា​អង្គការ​មួយ​ចូលរួម​យ៉ាង​សកម្ម​នៅ​ក្នុង​បញ្ហា​សេដ្ឋកិច្ច​និង​សន្តិសុខ​ក្នុង​សាកលលោក។

ក៏​ប៉ុន្តែ​ការ​ប៉ះទង្គិច​កាលពី​ខែ​កុម្ភៈ​បាន​ផ្ទុះ​ឡើង​រវាង​សមាជិក​ អាស៊ាន ​ពីរ​គឺ​ប្រទេស​ថៃ​និង​កម្ពុជា។ កងទ័ព​ប្រទេស​ទាំង​២​បាន​ប្រយុទ្ធ​គ្នា​ចុះ​ឡើង​នៅ​តំបន់​មួយ​ជុំវិញ​ប្រាសាទ​ព្រះវិហា​ររបស់​កម្ពុជា​ ដែល​ជា​កន្លែង​ប្រវត្តិ​សាស្រ្ត​ដែល​ប្រទេស​ទាំងពីរ​បាន​ទាមទារ​ថា​ជា​ផ្នែកមួយ​នៃ​កេរ្ត៍ដំណែល​របស់​ខ្លួន។

ក្នុង​ឋានៈ​ជា​មេដឹកនាំ​ អាស៊ាន​ លោក​ Marty​ Natalegawa​ រដ្ឋមន្រ្តី​ក្រសួង​ការ​បរទេស​ឥណ្ឌូណេស៊ី​បាន​ចាត់ទុក​ថា​ជម្លោះ​នេះ​ជា​ករណី​នៃ​ការសាក​ល្បង​ចំពោះ​អ្វី​ដែល​មេដឹក​នាំ​អង្គការ​នេះ ​អាច​ធ្វើ​ឲ្យសម្រេច ហើយ​លោក​បាន​ព្យាយាម​យ៉ាង​​សកម្ម​ដើម្បី​ចរចា​បញ្ចប់​ជម្លោះ​នេះ។ រហូត​មកទល់​ពេលនេះ​ ការខិតខំ​ប្រឹង​​ប្រែង​របស់​លោក​មិន​បាន​ជោគជ័យ​ទេ ​ក៏ប៉ុន្តែ​លោក​ Surin ​Pitsuwan ​អគ្គ​លេ​ខា​ធិការ​សមាគមន៍​ អាស៊ាន​និយាយ​ថា​លោក ​Natalegawa ​គួរតែ​បាន​ទទួល​​កេរ្តិ៍ឈ្មោះ​ចំពោះ​ការខិតខំ​ខាង​ការទូត​ដែល​មិនធ្លាប់​មាន​កាល​ពីពេល​មុន។

«មិន​ដែល​ធ្លាប់​មាន​ជំនួប​ពិសេស​របស់​រដ្ឋមន្រ្តី​ក្រសួង​ការបទេស​លើ​បញ្ហា​រវាង​រដ្ឋ​និង​រដ្ឋ​កាល​ពីពេល​មុន។ យើង​បាន​ធ្វើ​ឲ្យ​ទៅ​ជា​ប្រវត្តិសាស្រ្ត​នៅ​ក្រោមការ​ដឹក​នាំ​ឥណ្ឌូ​ណេស៊ី។ មិន​ដែល​ធ្លាប់​មាន​ការប៉ុនប៉ង​របស់​ប្រធាន​ធ្វើ​ដំណើរ​ទៅ​រដ្ឋ​ធានី​របស់​ប្រទេស​ទាំង​ពីរ​ហើយ​កាន់ដៃ​គ្នា​និង​ពិភាក្សា​ហើយ​និង​ព្យាយាម​បញ្ចុះ​បញ្ចូល​ថា​នេះ​ជា​បញ្ហា​ដែល​យើង​ទាំងអស់​គ្នា​នឹង​ត្រូវ​ដោះស្រាយ​ជាមួយ​គ្នា»។

លោក​និយាយ​ទៀត​ថា​ក្រៅពី​ការបន្ត​ដោះស្រាយ​ជម្លោះ​ថៃ​និង​កម្ពុជា​ ពួក​មេ​ដឹក​នាំ​សន្និ​សិទ​កំពូល​ ក៏នឹង​ទំនង​ជា​ពិភាក្សា​ពីរបៀប​ស្ថាបនា​ការខិត​ខំ​ប្រឹង​ប្រែង​របស់​ឥណ្ឌូណេស៊ី​ដើម្បី​ធ្វើឲ្យ​ អាស៊ាន ​ក្លាយ​ជា​សហគមន៍​មាន​សេដ្ឋកិច្ច​និង​នយោបាយ​បញ្ចូល​គ្នា​នៅ​ពេល​អនាគត៕

ប្រែ​សម្រួល​ដោយ​ ជឹង​ ប៉ូជីន

This posting includes an audio/video/photo media file: Download Now

កម្ពុជា​ប្រឈម​នឹង​គម្លាត​បច្ចេកវិទ្យា​ព័ត៌មាន​ក្នុង​ចំណោម​ប្រជាពលរដ្ឋ

Posted: 04 May 2011 01:29 PM PDT

មន្ត្រី​នៃ​​អង្គការ​សហប្រជាជាតិ​ អង្គការ​សិទ្ធិមនុស្ស សមាគម​អ្នក​កាសែត​ អ្នក​យក​ព័ត៌មាន និង​​និស្សិត​សរុប​ប្រមាណ៣០០នាក់​ បាន​នាំ​គ្នា​ប្រារព្វ​ទិវា​សេរីភាព​ព័ត៌មាន​ពិភពលោក​ក្នុង​ទីក្រុង​ភ្នំពេញ​នៅ​ថ្ងៃ​អង្គារ​នេះ។ ក្រុម​មន្ត្រី​ទាំង​នេះ​ បាន​លើក​ឡើង​ថា​កម្ពុជា​កំពុង​ប្រឈម​​នឹង​គម្លាត​បច្ចេក​វិទ្យា​ព័ត៌មាន​​​ដ៏​ធំ​សម្បើម​ក្នុង​ចំណោម​ប្រជា​ពលរដ្ឋ​របស់​​ខ្លួន​ ​និង​កង្វះ​ច្បាប់​​ស្តី​ពី​ការ​ទទួល​បាន​ព័ត៌មាន​ក្នុង​ប្រទេស​ដ៏​ក្រី​ក្រមួយនេះ​។

ថ្លែង​នៅក្នុង​ពិធីអបអរ​សាទរ​ទិវា​សេរីភាពព័ត៌មានឆ្នាំ​នេះ ដែល​បាន​ផ្តោត​ទៅ​លើ​ប្រធាន​បទសកល​ថា «ព័ត៌មាន​សតវត្សរ៍​ទី​២១៖ ព្រំដែន​ថ្មី ឧបសគ្គ​ថ្មី» អ្នក​ស្រី​ អាន ឡឺម៉េស្ត្រ (Anne Lemaistre) តំណាង​អង្គការ​យូណេស្កូ (UNESCO) ប្រចាំ​កម្ពុជា​បាន​កត់​សម្គាល់​ថា កម្ពុជា​នៅ​មាន​គម្លាត​យ៉ាង​ធំ​នៅ​ឡើយ​ខាង​បច្ចេកវិទ្យា​ព័ត៌មាន​ថ្មី​ក្នុង​ចំណោម​ប្រជា​ពលរដ្ឋ​​របស់​​ខ្លួន។ លោក​ស្រី​ថ្លែង​ថា៖

«ដោយ​មាន​ប្រជាពលរដ្ឋ​តែ​១%​ប៉ុណ្ណោះ​ដែល​ទទួល​បាន​ការ​ប្រើប្រាស់​ប្រព័​ន្ធ​អ៊ីនធឺណិត កម្ពុជា​​នៅ​មាន​​គម្លាត​​បច្ចេកវិទ្យា​ដ៏​ធំ​សម្បើម​នៅ​ឡើយ។»

គម្លាត​ដ៏​ធំ​គឺ​ដោយសារ​កម្ពុជា​នៅ​មិន​ទាន់​មាន​ហេដ្ឋា​រចនាសម្ព័ន្ធ​ខាង​បច្ចេកវិទ្យា​ទូលំ​ទូលាយ​នៅឡើយ ហើយ​ចំណេះ​ដឹង​របស់​ពលរដ្ឋ​ទាក់​ទង​នឹង​បច្ចេកវិទ្យា​ព័ត៌មាន​នេះ​ក៏​នៅ​មាន​កម្រិត។

អ្នកស្រី អាន​ មាន​ប្រសាសន៍​ថា​ ប្រជាពលរដ្ឋ​ក្នុង​ប្រទេស​ក្រីក្រ​ដូចជា​កម្ពុជា​ជាដើមនេះ មិន​មែន​ត្រូវការត្រឹម​តែ​តម្រូវការ​ចាំបាច់​មួយ​ចំនួន​​ដូចជា​អាហារ​​ឬ​សម្លៀកបំពាក់​សម្រាប់​​រស់នៅ​ប៉ុណ្ណោះទេ តែ​ពួកគេ​ក៏​ត្រូវការ​​ព័ត៌មាន និង​ការ​អប់រំ​​ផងដែរ ដើម្បី​ដោះស្រាយ​ភាព​ក្រីក្រ​​​របស់​ពួកគេ។ លោក​ស្រី​បន្ត​ទៀត​ថា៖

«អ្នក​ខ្លះ​និយាយ​ថា អ្វី​ដែល​ប្រជាពលរដ្ឋ​នៅ​ក្នុង​ប្រទេស​ក្រីក្រ​ពិត​ជា​ត្រូវការ​នោះ គឺ​អាហារ​ ទឹក​ ការងារ​ ការ​ថែទាំ​សុខភាព និង​អនាម័យ មិនមែន​បច្ចេកវិទ្យា​ថ្មីៗ​នោះទេ។​ ប៉ុន្តែ គំនិត​ផ្តួចផ្តើម និង​គម្រោង​ថ្មីៗ​ជាច្រើន​នៅ​ជុំវិញ​ពិភពលោក​ បាន​បង្ហាញ​ថា ហេដ្ឋារចនា​សម្ព័ន្ធ​នៃ​​បច្ចេកវិទ្យា​ព័ត៌មាន ​អាច​ដើរ​តួនាទី​ជា​អាវុធ​ដ៏​ល្អ​បំផុត​ប្រឆាំង​នឹង​ភាព​ក្រីក្រតាម​រយៈ​ការ​ដោះ​ស្រាយ​ដោយ​ចំណាយ​ថវិកា​តិច​លើ​បញ្ហា​នានា​រាប់​ចាប់​ពី​ការ​ថែទាំ​សុខភាព​ដល់​បញ្ហាស្បៀងអាហារ​រហូត​ដល់​បញ្ហា​ពន្យាកំណើត​ជាដើម តាមរយៈ​ការ​ចែកចាយ​​ព័ត៌មាន និង​ការ​អប់រំ​ឲ្យ​ទាន់​ពេលវេលា»។

ក្រៅ​ពី​គម្លាត​នៃ​បច្ចេកវិទ្យា​ព័ត៌មាន​​ក្នុង​ចំណោម​ប្រជា​ពលរដ្ឋ​កម្ពុជា​នេះ​ ការ​ទទួល​បាន​ព័ត៌មាន​​ក៏​មាន​លក្ខណៈ​រិតត្បិត​យ៉ាង​ខ្លាំង​ដែរ​ក្នុង​បរិបទ​សង្គម​កម្ពុជា​សព្វ​ថ្ងៃ។ នេះ​បើ​ផ្អែក​តាម​​លោក​ សេក បរិសុទ្ធ ប្រធាន​កម្មវិធី​ប្រព័ន្ធផ្សព្វផ្សាយ​នៃ​អង្គការ​ផេក​កម្ពុជា។

លោក សេក បរិសុទ្ធ បាន​ថ្លែង​នៅ​ក្នុង​បទ​អន្តរាគមន៍​របស់​លោក​ថា «អ្នក​កាសែត​កម្ពុជា​បាន​ប្រឈម​យ៉ាង​ធំ​នោះ​គឺ​សិទ្ធិ ឬ​លទ្ធភាព​ទទួល​ព័ត៌មាន​» ដោយសារ​តែ​កម្ពុជា​​ខ្វះ​ច្បាប់​មួយ​ដែល​ធានា​ដល់​សិទ្ធិ​ទទួល​បាន​​​ព័ត៌មាន។

បើ​តាម​លោក សេក បរិសុទ្ធ បច្ចុប្បន្ន មាន​ប្រទេស​ចំនួន​ប្រមាណ​៨០​ហើយ​នៅជុំវិញ​ពិភពលោក ​ដែល​បាន​បង្កើត​ច្បាប់​ស្តីពី​សិទ្ធិទទួលបាន​ព័ត៌មាន។ កាល​ពី​ខែ​កុម្ភៈ​កន្លង​ទៅនេះ រដ្ឋាភិបាល​កម្ពុជា បាន​ទទួល​រង​ការ​រិះគន់​យ៉ាង​ខ្លាំង​ពី​សំណាក់​អង្គការ​ សមាគម​ការពារសិទ្ធិមនុស្ស​ជាតិ​និង​អង្តរជាតិ​ថា បាន​ព្យាយាម​រាំង​ខ្ទប់​គេហទំព័រ​មួយ​ចំនួន​ដែល​មាន​ទំនោរ​ប្រឆាំង​នឹង​រដ្ឋាភិបាល។ ការ​រាំង​ខ្ទប់​ឬ​បិទ​គេហទំព័រ​ដែល​គេ​ចាត់​ទុក​ថា ជា​ការ​រិត​ត្បិត​ដល់​សិទ្ធិ​សេរី​ភាព​ក្នុង​ការ​បញ្ចេញ​មតិ​និង​ការ​ទទួល​ព័ត៌មាន​របស់​ពលរដ្ឋ។

របាយការណ៍​របស់​សមាគម​កម្ពុជា​ការពារ​អ្នក​កាសែត​ បាន​លើកឡើង​ថា ថ្វី​ត្បិត​តែ​បច្ចុប្បន្ន​ ពុំ​មាន​អ្នក​កាសែត​ណា​ម្នាក់ត្រូវ​ផ្តន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​ដោយ​ការអនុវត្ត​វិជ្ជាជីវៈ​របស់​ខ្លួន​ក៏​ដោយ ក៏​មាន​បណ្តឹង​ប្រឆាំង​នឹង​អ្នកកាសែត​មួយ​ចំនួន​នៅ​តែ​បន្ត​មាន ដូចជា​បទ​បរិហារ​កេរ្តិ៍ បទ​ផ្សាយ​ព័ត៌មាន​មិន​ពិត បទ​ឆបោក និង​​ជំរិត​ទារប្រាក់ជាដើម។

កញ្ញា ហេង សុខចាន់ណារដ្ឋ​ និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ​ បាន​និយាយ​នៅ​ក្នុង​បទសម្ភាស​ថា នៅ​ក្នុង​យុគសម័យ​ថ្មី​នេះ រដ្ឋាភិបាល​ត្រូវ​​បើក​ទូលាយ​ខាង​​វិស័យ​ព័ត៌មាន​ដើម្បី​បើក​ឱកាស​ឲ្យ​ពលរដ្ឋ​​ចូល​រួម​បាន​កាន់​តែ​ច្រើន​នៅក្នុង​ការ​សកម្មភាព​អភិវឌ្ឍ​សង្គម​នានា។ កញ្ញា សុខចាន់ណារដ្ឋ ថ្លែង​ថា៖

«នៅ​ក្នុង​សម័យ​នេះ​​​ យើង​មាន​បច្ចេកវិទ្យា​ទំនើប ដូច​ជា​យើង​មាន​អ៊ីនធឺណិត យើង​អាច​បង្កើតប្លហ្កខ្លួន​ឯង​ យើង​មាន​បណ្តាញ​សង្គម​សម្រាប់​សរសេរ​បញ្ចេញ​មតិ។ អញ្ចឹង​ខ្ញុំ​គិត​ថា តិច ឬ​ច្រើនពួក​យើង​ទាំង​អស់​គ្នា​មាន​ឱកាស​ច្រើន​ក្នុង​ការ​បញ្ចេញ​មតិ​ផ្ទាល់​ខ្លួន​ឯង​​ទៅលើ​បញ្ហា​សង្គម​ឬ​បញ្ហា​អី​ផ្សេង​ៗ​ទៀត»​។

លោក ខៀវ កាញារិទ្ធ រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មាន និង​ជា​អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា​ បាន​ថ្លែង​ថា រដ្ឋាភិបាល​កម្ពុជា​បាន​បើក​ទូលាយ​ដល់​វិស័យព័ត៌មាននេះ ហើយថា ​រដ្ឋាភិបាល​កន្លងមក​​គ្មាន​​គោលនយោបាយ​​គាបសង្កត់ ឬ​រិត​បន្តឹង​សេរីភាព​សារព័ត៌មាន​នោះទេ។

«ជា​គោលការណ៍​​របស់​រដ្ឋាភិបាល​ យើង​ជំរុញ​ឲ្យ​មាន​ការ​ប្រើ​ប្រាស់​ទូលាយ។ ហើយ​ជា​ការ​ពិត​ហើយ យើង​មិន​អាច​បង្ខំ​ក្មេង​មួយ​ឲ្យ​គិត​ដូច​យើង​បាន​ទេ យុវជ​ន​គេ​ត្រូវ​ការ​មាន​អត្ត​សញ្ញាណ​ថ្មី​របស់​គេ។ គេ​ចង់​និយាយ គេ​ចង់​បង្ហាញ​រូប​រាង​គេ»។

លោក ខៀវ កាញារិទ្ធ មាន​ប្រសាសន៍​បន្ថែម​ថា ចំណែក​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​វិញ កំពុង​ស្ថិត​ក្នុង​ការ​ពិភាក្សា​នៅ​ឡើយ ដោយ​ពុំ​ទាន់​ប្រាកដ​ថា​តើ​ច្បាប់​នោះ​អាច​នឹង​លេច​ចេញ​ជា​រូប​រាង​នៅ​ពេល​ណានោះទេ។

យ៉ាង​ណាក៏​ដោយ អ្នក​ស្រី អាន​ ឡឺម៉េស្ត្រ​ នៃ​អង្គការយូណេស្កូ​ប្រចាំ​កម្ពុជា​ មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​កម្ពុជា​គួរ​តែ​យ៉ាងហោច​ណាស់​ជួយ​ប្រជាពលរដ្ឋ​របស់​ខ្លួន​ក្នុង​ការ​​ប្រើ​ប្រាស់​​បច្ចេកវិទ្យា​ថ្មីៗ ជាពិសេស អ៊ីនធឺណិត ដើម្បី​ភ្ជាប់​គម្លាត​ដ៏​ធំសម្បើម​ខាង​បច្ចេកវិទ្យា​ព័ត៌មាន​ក្នុង​ចំណោម​ពួក​គេ​នោះ ប្រយោជន៍​ដើម្បី​ឲ្យ​ពួក​គេ​អាច​ទទួល​បាន​ព័ត៌មាន​​គ្រប់​ជ្រុង​ជ្រោយ​សម្រាប់​ការ​សម្រេចចិត្ត​របស់​ពួកគេ៕

This posting includes an audio/video/photo media file: Download Now

កម្ពុជា​នៅ​តែ​ប្រយុទ្ធ​នឹង​ភេរវកម្ម​ទោះ​បី​មេភេរវកម្ម​ស្លាប់

Posted: 04 May 2011 01:08 PM PDT

កម្ពុជា​បញ្ជាក់​ជា​ថ្មី​ពីការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ភេរវ​កម្ម​ដោយ​ និយាយ​ថា មិន​មាន​ជំហរ​ផ្លាស់​ប្តូរ​ទេ​ ក្រោយ​ពីការ​ស្លាប់​របស់​អូសាម៉ា ប៊ិន ឡាដិន (Osama bin Laden)។

ក្តី​បារម្ភ​នានា​អំពី​បញ្ហា​សង​សឹក​ក្រោយ​ពី​មេដឹក​នាំ​ភេរវករអូសាម៉ា ប៊ិន ឡាដិន ត្រូវ​បាន​សម្លាប់​ដោយ​កងទ័ព​អាមេរិក​កាល​ពី​ថ្ងៃ​ច័ន្ទ។ មាន​សំណួរ​ថា​តើ​អំពើ​ភេរកម្ម​នឹង​ត្រូវ​បន្ត​ដល់​ពេល​ណានោះ,​កម្ពុជា​បាន​បញ្ជាក់​ថា ខ្លួន​នឹង​បន្ត​ការប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ភេរវ​កម្ម​ដោយ​គ្មាន​ការ​ប្រែ​ប្រួល​ជា​មួយ​នឹង​សហគមន៍​អន្តរជាតិ។​ នេះ​បើ​តាម​ការ​អះអាង​របស់​លោក​ កុយ​ គង់ អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា។ លោក កុយ គង់ ថ្លែង​ថា៖

«ជំហរ​រាជ​រដ្ឋា​ភិបាល​យើង​អត់​មាន​អី​ប្រែ​ប្រួល​ទេ។ ​យើង​តែង​តែ ប្រកាន់​ជំហរ​ច្បាស់​លាស់​ណាស់​គឺ​ប្រឆាំង​ដាច់​ខាត​ចំពោះ​អំពើ​ភេរវកម្ម​នេះ​ ព្រោះ​ភេរវ​កម្ម​នេះ​ជា​អំពើ​មួយ​ដែល​សហ​គមន៍​អន្តរ​ជាតិ ក៏ដូច​ ជា​សាកល​លោក​ទាំង​មូល​ធ្វើការ​ផ្តន្ទា​ទោស​ហើយ​នឹង​ថ្កោល ទោស»។

មន្ត្រី​រដ្ឋាភិបាល និង​លោក​ គង់​អះអាង​ថា កម្ពុជា​មាន​ច្បាប់​ និង​ស្ថាប័ន​ប្រយុទ្ធ​ប្រឆាំង​នឹង​ភេរវ​កម្ម និង​ចូលរួម​ហ្វឹក​ហ្វឺន​ជាមួយ​អន្តរ​ជាតិ​ផង​ដែរ។ លោក​ គង់​ថ្លែង​យ៉ាង​ដូច្នេះ​មួយ​ថ្ងៃ​ក្រោយ​ពេល​សហរដ្ឋ​អាមេរិក​បាន​ប្រកាស​ពី​ប្រតិ​បត្តិការ​នៅ​ប៉ាគិស្ថាន​ ហើយ​សម្លាប់​អូសាម៉ា ប៊ីន ឡាដិន​ ដែល​ជា​មេដឹក​នាំ​ក្រុម​អាល់កៃដា​ដែល​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​វាយ​ប្រហារ​នឹង​សម្លាប់​ជីវិត​ពលរដ្ឋ​អាមេរិក​៣ពាន់​នាក់​ កាល​ពី​១០​ឆ្នាំ​មុន។ ប៊ីន ឡាដិន​ក្រោយ​មក​បាន​ស្ថិត​ក្នុង​បញ្ជី​តាម​ប្រម៉ាញ់​ចាប់​ខ្លួន​ខ្លាំង​ជាង​គេ​របស់​អាមេរិក។

លោក​ ផៃ ​ស៊ីផាន​អ្នក​នាំ​ពាក្យ​របស់​រដ្ឋាភិបាល​មួយ​រូប​បាន​អះអាង​ថា ការ​ចាប់​បាន​ ឬ​ការ​សម្លាប់​ភេរវករ​ហ្នឹង​ជា​ការ​សាទរ​របស់​ពិភព​លោក​ទាំង​មូល​ ដែលស្អប់​អំពើ​ហឹង្សា។ លោក​បញ្ជាក់​ថា៖

«កម្ពុជា​យើង​មិន​ត្រឹម​តែ​បាន​ចូល​រួម​តាមរយៈ​សិក្ខាសាលា​ឬ​ការ ចុះ​ហត្ថ​លេខា​ទេ​យើង​បាន​ចាប់​បញ្ជូន​ភេរវករ​ចេញ​ពី​ទឹក​ដី​កម្ពុជា។ ដូច្នេះ​កម្ពុជា​ត្រូវ​ការ​សន្តិភាព​ កម្ពុជា​មិន​គាំទ្រ​រាល់​ភេរវកម្ម​ ភេរវកម្ម​ឆ្លង ដែន»។

មន្ត្រី​ប៉ូលីស​កម្ពុជា​បាន​អះអាង​ថា មាន​ការ​ពង្រឹង​សន្តិសុខ​នៅ​តាមគោល​ដៅ​ជា​ច្រើន​ដូច​ជា​ស្ថាន​ទូត​បរទេស​ ហើយ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ឧក្រិដ្ឋ​កម្ម​ឆ្លង​ដែន​ ជាដើម​ក្រោយ​ពី​បាន​ឮ​ដំណឹង​អំពី​ការ​ស្លាប់របស់​ ប៊ិន ឡាដិន។​ នេះ​បើ​តាម​ការ​អះអាង​របស់​ឧត្តមសេនីយ៍ គាត​ ចន្ថារិទ្ធ អ្នក​នាំ​ពាក្យ​នគបាល​ជាតិ​ដែល​អះអាង​ថា​ មាន​បទ​បញ្ជា​ ពី​អគ្គ​ស្នងការ​នេត​ សាវឿន​ទាក់​ទង​នឹង​បញ្ហា​បណ្តឹង​សន្តិសុខ។​ លោក​បាន​ប្រាប់​វីអូអេ​ខ្មែរ​តាម​ទូរស័ព្ទ​ថា៖

«ការ​កម្ចាត់​​បាន​មេ​ភេរវករ​ជា​រឿង​មួយ​ តែ​សុវត្ថិភាព​ប្រជា​ពលរដ្ឋ​ខ្មែរ​ជា​រឿង​សំខាន់​ជាង​គេ»។

លោក​ បណ្ឌិត ​ឡៅ ​ម៉ុងហៃ​អតីតៈ​អ្នក​ស្រាវ​ជ្រាវ​ជាន់​ខ្ពស់​របស់​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​អាស៊ី​បាន​អះអាង​ថា​ ការ​សម្លាប់​អូសាម៉ា​ ប៊ីន ឡាដិន​នឹង​នាំ​ឲ្យ​មាន​ការ​ខឹង​សម្បារ​​ពី​អ្នក​ក្រោម​បង្គាប់​ ដែល​អាច​នឹង​មាន​ការ​ប្រឆាំង​នឹង​ពួក​បច្ចឹម​ប្រទេស។​ លោក​ថ្លែង​ថា ការ​បង្រ្កាប​បាន ប៊ិន ឡាដិន មិន​ទាន់​ជា​ជោគ​ជ័យ​ពេញ​លេញ​នៅ​ឡើយ​ទេ។

កម្ពុជា​ត្រូវ​សហរដ្ឋអាមេរិក​ចាត់​ទុក​ថា​ជា​ដៃ​គូរ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ភេរកម្ម​ដ៏​ល្អ ក្រោយ​ពេល​ដែល​មាន​កិច្ច​សហការ​ជាមួយ​អាមេរិក​ចាប់​ខ្លួន​មេ​បណ្តាញ​មួយ​ចំនួន​នៃ​ក្រុម​ភេរវករ​ ជេម៉ាអា​ អ៊ិស្លាម៉ីយ៉ា​ក្នុង​ប្រទេស​ ក្រោយ​ពី​មាន​ការ​មក​សម្ងំ​ស្នាក់​នៅ​របស់​ហាំបាលី​នៅ​កម្ពុជា​ ហើយ​ក្រោយ​មក​ត្រូវ​ចាប់​ខ្លួន​ក្នុង​ប្រទេស​ថៃ​ឆ្នាំ​២០០៣៕

This posting includes an audio/video/photo media file: Download Now

តុលាការ​យុត្តិធម៌​អន្តរជាតិ​​នឹង​ដោះស្រាយ​បណ្តឹង​កម្ពុជា​ក្នុង​ពេល​ឆាប់ៗ

Posted: 03 May 2011 04:59 PM PDT

មន្រ្តី​ជាន់​ខ្ពស់​តុលាការ​យុត្តិធម៌​អន្តរជាតិ​ក្រុង​ឡាអេ​ប្រទេស​ហូឡង់ ​បាន​ឲ្យដឹង​នៅ​ថ្ងៃអង្គារ៍​នេះ​ថា តុលាការ​នឹង​បើក​សវនាការ​ផ្ទាល់​មាត់ ​ដើម្បី​ដោះស្រាយ​បណ្តឹង​របស់​កម្ពុជា​នៅក្នុង​រយៈពេល​ពីរ​ទៅ​បី​សប្តាហ៍​ខាងមុខ​ទៀត ។

សេចក្តី​អះអាង​ធ្វើ​ឡើង​បន្ទាប់​ពី​កម្ពុជា​ បាន​ដាក់​បណ្តឹង​មួយ​ច្បាប់​កាល​ពី​ថ្ងៃទី​២៨ ខែ​មេសា ទៅ​កាន់​តុលាការ​យុត្តិធម៌​អន្តរជាតិ​ ដោយ​ស្នើ​សុំ​ឲ្យ​មាន​អន្តរាគមន៍​របស់​តុលាការ​ចំនួន​ពីរ គឺ​ទី១​ស្នើ​ឲ្យ​ តុលាការ​ចាត់​វិធានការ​ជា​បន្ទាន់​ដើម្បី​ការពារ​ប្រាសាទ​ព្រះវិហារ​ ដែល​ជា​ដើម​ចម​នៃ​ការប្រយុទ្ឋ​គ្នា​រវាង​កងទ័ព​កម្ពុជា ​និង​កងទ័ព​ថៃ ​និង​សំណើ​មួយ​ទៀត​ គឺ​សុំ​ឲ្យ​តុលាការ​ក្រុង​ឡាអេ​បកស្រាយ​សេចក្តី​សម្រេច​របស់​ខ្លួន ​ចំពោះ​ការ​ប្រគល់​ប្រសាទ​ព្រះវិហារ​ទៅ​ឲ្យ​កម្ពុជា​កាន់​កាប់ប្រាសាទ​ដែល​ថៃ​ធ្លាប់​បាន​ទាមទារ​យក​ទៅ​កាន់​កាប់​កាលពី​ពេល​មុន ។

លោក ប៊ីរិស ហេម (Biris Heim) មន្រ្តី​ព័ត៌មាន​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ ​ICJ ​បាន​ប្រាប់​វីអូអេ ខ្មែរ​តាម​ខ្សែ​ទូរស័ព្ទ​ពី​ទីក្រុង​ឡាអេ​ថា តុលាការ​បាន​ទាក់ទង​កម្ពុជា ​និងថៃរួចហើយ ដើម្បី​កំណត់​ការបរិច្ឆេទ​បើក​សវនការ​ស្តីពី​ការ​ស្នើ​សុំ​ការការពារ​ប្រាសាទ​ព្រះវិហារ​ជា​បន្ទាន់ពី​ខាង​ភាគី​កម្ពុជា។ លោក​ថ្លែង​ថា៖

«កម្ពុជា​បាន​ស្នើសុំ​ជា​បន្ទាន់​នូវ​វិធានការ​ការពារ​ប្រាសាទ​ដែល​យោងតាម​កម្ពុជា​ គឺ​ដើម្បី​ឲ្យ​ថៃ​បញ្ឈប់​ការ​កាន់​កាប់​ដែនដី​មាន​ជម្លោះ ហើយ​បញ្ឈប់​ជាពិសេស​ការ​ប្រយុទ្ធ​គ្នា។ ដូច្នេះ​តុលាការ​ត្រូវ​កំណត់​កាលបរិច្ឆេទ​មួយ​ក្នុង​រយៈពេល​ដ៏ខ្លី​នេះ​ជាមួយ​នឹង​ភាគីទាំង​ពីរ​ដើម្បី​ឲ្យ​ភាគី​នីមួយៗ​បង្ហាញ​ខ្លួន​ក្នុង​សវនាការ​ដើម្បី​ផ្ដល់​ការ​អះអាង​​របស់​ខ្លួន។ សវនាការ​ផ្ទាល់មាត់​នេះ​នឹង​ត្រូវ​ប្រព្រឹត្តិ​ទៅ​ក្នុង​រយៈពេល​ពីរ​បីថ្ងៃ ​ឬ​ពីរ ​បីសប្ដាហ៍​ខាងមុខ​នេះ»។

យោងតាម​លោក​ ប៊ីរិស តុលាការ​ក្រុង​ឡាអេ ​អាច​នឹង​បើក​សវនាការ​មួយ​ទៀត ​ដើម្បី​ផ្តល់​ការ​បកស្រាយ​សេចក្តី​សម្រេច​របស់​ខ្លួន​កាល​ពី​ខែ​មិថុនា​ ឆ្នាំ​១៩៦២ គឺជា​សេចក្តី​សម្រេច​ដែល​​បាន​ប្រគល់​ប្រាសាទ​ព្រះវិហារ​ឲ្យ​​ទៅ​កម្ពុជា​កាន់កាប់។ ក៏ប៉ុន្តែ​បើ​មិន​ដូច្នោះ​នោះ​ទេ​ តុលាការ​យុត្តិធម៌​អន្តរជាតិ​ គ្រាន់​តែ​ស្នើ​ឲ្យ​ភាគី​មាន​ជម្លោះ​ផ្តល់​ជូន​នូវ​ការ​យល់​ឃើញ​របស់​ខ្លួន​ជា​លាយល័ក្ខ​អក្សរ​ចំពោះ​សេចក្តី​សម្រេច​របស់​តុលាការ​កាលពី​៤៩ឆ្នាំមុន​ ហើយ​តុលាការ​នឹង​ធ្វើការ​បកស្រាយ​ជា​លាយល័ក្ខ​អក្សរ​ដែរ​ដោយ​ពុំ​ចាំបាច់​បើក​សវនការ​នោះ​ទេ។

កម្ពុជា ​និង​ថៃ​មាន​ជម្លោះ​ប្រទាញប្រទង់​គ្នា​នៅ​ជុំវិញ​ប្រាសាទ​ព្រះវិហារ​ ដែល​អូស​បន្លាយ​ចាប់តាំង​ពី​ទស្សវត្សទី​៥០​មក​ម៉្លេះ​ ហើយ​ការ​ប្រយុទ្ឋ​គ្នា​ក៏បាន​ចាប់ផ្តើម​នៅពេល​នោះ​ដែរ បើទោះបី​ជា​មាន​សេចក្តី​សម្រេច​របស់​តុលាការ​ក្រុង​ឡាអេ ក៏​ដោយ។

ថៃ​បាន​ជំទាស់​សារ​ជាថ្មី​ចំពោះ​ការដាក់​ប្រាសាទ​ព្រះវិហាររ​បស់​ខ្មែរ​ទៅជា​សម្បត្តិ​បេតិកភណ្ឌ​ ពិភពលោក​នៅ​ឆ្នាំ​២០០៨ ​ហើយ​ជម្លោះ​ប្រដាប់​អាវុធ ​បាន​រីក​រាលដាល​ចាប់ពី​ពេល​នោះមក។

ការប្រយុទ្ឋ​គ្នា​បាន​ឈាន​ទៅ​ដល់​ថ្ងៃ​ទី១២​ហើយ​ រហូត​មក​ទល់​ព្រឹក​ថ្ងៃ​អង្គារ៍​នេះ​ គឺ​នៅ​តំបន់​ប្រសាទ​ តាក្របី និង​ប្រសាទ​តាមាន់​របស់​ខ្មែរ ​ដែល​ជាប់​ព្រំដែន​ជាមួយ​ខេត្ត​សុរិន្ទ​របស់​ថៃ។

មាន​ជនរងគ្រោះ​យ៉ាងតិច​ចំនួន​១៨នាក់​បាន​ស្លាប់ ​ទាំង​ភាគី​កម្ពុជា ​និង​ទាំង​ភាគី​ប្រទេស​ថៃ។ កម្ពុជា ​បាន​សម្រេច​ចិត្ត​ដាក់​បណ្តឹង​ទៅ​កាន់​តុលាការ​យុត្តិធម៌​អន្តរជាតិ​ក្រោយពី​ពុំអាច​ស្វែងរក​ដំណោះស្រាយ​ជា​លក្ខណៈ​ទ្វេភាគី​បាន ។

ភាគី​ជម្លោះ​សុទ្ធ​តែ​បាន​ទាមទារ​ដី​ទំហំ​៤.៦ ​គីឡូ​ម៉ែត្រ ​នៅក្បែ​ប្រាសាទ​ព្រះវិហារ​ថា​​ជា​របស់​ខ្លួន។

នាយក​រដ្ឋមន្រ្តី​ថៃ​ លោក​អាភីស៊ីប វីចាជីវ៉ា​ បាន​អះអាង​ថា ថៃ​នឹង​រៀបចំ​ក្រុម​អ្នក​ជំនាញ​មួយ​ទៅ​កាន់​តុលាការ​ក្រុង​ឡាអេ។ ក៏ប៉ុន្តែ​រហូត​ពេលនេះ​ គេ​នៅ​មិន​ទាន់​ដឹង​ពី​សមាសភាព​នៃ​គណៈប្រតិភូ​របស់​ប្រទេស​ទាំងពីរ​សម្រាប់​ធ្វើ​ដំណើ​ទៅកាន់​ទីក្រុង​ឡាអេ​នៅឡើយ៕

This posting includes an audio/video/photo media file: Download Now

រដ្ឋសភា​អាមេរិក​សាទរ​មរណភាព​របស់​ប៊ិន​ឡាដិន

Posted: 03 May 2011 04:04 PM PDT

សមាជិក​សភា​សហរដ្ឋ​អាមេរិក​ស្វាគមន៍​មរណភាព​ប៊ីន​ឡាដិន​ ប៉ុន្តែ​ក្រើន​រំឭក​ថា​​ការ​តស៊ូ​ប្រឆាំង​ភេរវ​កម្ម​នៅ​វែង​ឆ្ងាយ​ទៀត។

លោក ហារី រ៉េដ (Harry Reid)មេ​ដឹកនាំ​សមាជិក​ព្រឹទ្ធ​សភា​សំឡេង​ភាគ​តិច​ និយាយ​ថា​ លោក​បាន​ទទួល​ទូរស័ព្ទ​ពី​លោក​ប្រធានាធិបតី​បារ៉ាក់​អូបាម៉ា​ មិន​យូរ​ប៉ុន្មាន​មុន​ពេល​លោក​ប្រធានាធិបតី​ប្រកាស​ថា​ អូសាម៉ា​ប៊ីនឡាឌីន​ត្រូវ​បាន​កង​កម្លាំង​ពិសេស​របស់​អាមេរិក​សម្លាប់។ នៅ​ឯវិមាន​សភា​ សភាជិក​ព្រឹទ្ធ​សភា​មក​ពី​រដ្ឋ​ណេវ៉ាដា​រូប​នេះ​បាន​បញ្ចេញ​ប្រតិកម្ម​របស់​លោក​តាម​របៀប​ស្ងប់ស្ងាត់​ និង​ស្រងូត​ស្រងាត់។ លោកថ្លែង​ថា៖

«ថ្ងៃ​នេះ​ប្រជាពលរដ្ឋ​អាមេរិកាំង​ទូទាំង​ប្រទេស​ស្វាគមន៍​ចំពោះ​ព័ត៌មាន​ថា​ បុរស​កំណាច​​ដែល​តំណាង​ឲ្យ​បិសាច​ ត្រូវ​បាន​កាត់ទោស​ដោយ​កង​កម្លាំង​អាមេរិក។​ មរណភាព​របស់​ជន​នេះ​គឺ​ជា​ជោគជ័យ​សំខាន់​បំផុត​ក្នុង​ការ​ប្រយុទ្ធ​របស់​យើង​ប្រឆាំង​ភេរវកម្ម​អាល់កៃដា​ និង​ជា​ការ​បញ្ជូន​សារ​យ៉ាង​ច្បាស់​មួយ​ព្រមាន​ភេរវករ​ទូទាំង​ពិភព​លោក»។

លោក​រ៉េដ​បាន​សម្តែង​ការ​សរសើរ​ដល់​កង​កម្លាំង​អាមេរិក​និង​មន្ត្រី​ស៊ើប​ការណ៍​សម្ងាត់​ចំពោះ​បេសកកម្ម​​ដ៏​ជោគ​ជ័យ​របស់​គេ។ ​លោក​បាន​និយាយ​ថា​ ការ​សម្រេច​ចិត្ត​របស់​លោក​ប្រធានាធិបតី​អូបាម៉ា​ ក្នុង​ការ​ផ្តោត​ការ​យក​ចិត្តទុក​ដាក់​លើ​ប្រទេស​អាហ្វហ្កានិស្ថាន​ និង​ប៉ាគិស្ថាន​បង្ហាញ​ពី​សារៈ​សំខាន់​ក្នុង​ការ​កំណត់​ទីតាំង​លាក់​ខ្លួន​ និង​ក្នុង​ការ​សម្លាប់​មេ​ដឹកនាំ​ភេរវករ​នេះ។

ដូច​មេ​ដឹកនាំ​ព្រឹទ្ធ​សភា​សំឡេង​ភាគ​ច្រើន​ដែរ​ លោក​ខាល ឡេវិន (Carl Levin)​នៃ​រដ្ឋ​ មីឈីហ្កិន (Michigan) ដែល​ជា​ប្រធាន​គណៈ​កម្មាធិការ​សេវា​កងទ័ព​និយាយ​ថា​ រឿង​ប្រឌិត​ចាស់​គំរិល​ដែល​ថា​ ប៊ីនឡាឌីន​ជា​អ្នក​ចម្បាំង​មិន​អាច​រងគ្រោះ​ ហើយ​ដែល​បង្ក​ការ​លំបាក​ធំធេង​សម្រាប់​បុព្វហេតុ​របស់​ជន​នេះ​ ត្រូវ​បាន​សាប​រលាប​ដោយ​មរណភាព​របស់​គាត់​នៅ​កន្លែង​លាក់​ខ្លួន​ដ៏​រឹងមាំ​ និង​ស្តុក​ស្តម្ភ។ លោក​ខាល​ថ្លែង​ថា៖

«នៅ​ពេល​គេ​គិត​ថា​ តួឯក​របស់​គេ​កំពុង​ជ្រក​ក្នុង​រូងភ្នំ​តាម​ព្រំដែន​រវាង​ប្រទេស​អាហ្វហ្កានិស្ថាន​ និង​ប៉ាគិស្ថាន​នេះ​ តាម​ពិត​ជន​នេះ​កំពុង​លាក់​ខ្លួន​នៅ​កន្លែង​សុខ​ស្រួល​ជាច្រើន​ឆ្នាំ​ ក្នុង​វិមាន​ដ៏​ធំ​ នៅ​ពេល​ដែល​តួឯក​ក្លែងក្លាយ​រូប​នេះ​បាន​បញ្ជូន​មនុស្ស​តូចតាច​ទៅ​សម្លាប់​ប្រជាជន​យ៉ាង​ព្រៃ​ផ្សៃ»។

សមាជិក​សភា​ខាង​គណបក្ស​ប្រជា​ធិបតេយ្យ​នេះ​បាន​ស្វាគមន៍​ចំពោះ​ប្រតិកម្ម​ជា​វិជ្ជមាន​របស់​រដ្ឋាភិបាល​ប៉ាគិស្ថាន​ទាក់ទង​នឹង​មរណភាព​របស់​ប៊ីន ឡាដិន។​ ដោយ​លោក​កត់​សម្គាល់​ថា​ ប៊ីន ឡាដិន​រស់​នៅ​ជិត​កន្លែង​បណ្តុះ​បណ្តាល​កងទ័ព​ លោក​ឡេវិន បាន​និយាយ​ដោយ​ប្រើ​ពាក្យ​សម្តី​ធ្ងន់ៗ​ទៅ​លើ​កង​កម្លាំង​ និង​ផ្នែក​ស៊ើប​ការណ៍​សម្ងាត់​របស់​ប៉ាគិស្ថាន។ លោក ឡេវិន មាន​ប្រសាសន៍​ថា៖

«គេ​ត្រូវ​មាន​ហេតុផល​ច្រើន​យក​មក​ពន្យល់»។

លោកស្រី​ ស៊ូសាន ខូល្លីនស៍ (Susan​ Collins) សមាជិក​ព្រឹទ្ធ​សភា​ខាង​គណបក្ស​សាធារណរដ្ឋ​នៃ​រដ្ឋ​ម៉េន (Maine) និយាយ​ថា​ ពេល​ប្រជាពល​រដ្ឋ​អាមេរិក​ប្រារព្ធ​ជ័យ​ជម្នះ​នេះ​ យើង​មិន​ត្រូវ​ប្រហែស​ក្នុង​ការ​យាមល្បាត​ទេ។ លោក​បន្ត​ទៀត​ថា៖

«យើង​មិន​ត្រូវ​សម្រាក​ទេ​ ពីព្រោះ​ការ​គំរាម​កំហែង​នៅ​តែ​មាន​ជា​បន្ត​មក​លើ​យើង​ ថ្វី​បើ​ផ្នែក​ស៊ើបការណ៍​សម្ងាត់​របស់​យើង​ទទួល​បាន​ជោគជ័យ​ធំធេង​យ៉ាង​នេះ​ក៏ដោយ»។

លោក​ស្រី ​ខូល្លីនស៍ និយាយ​ថា​ លោកស្រី​បារម្ភ​ថា​ ជនជ្រុល​និយម​អាច​នឹង​ធ្វើ​ការ​វាយ​ប្រហារ​សងសឹក​មក​លើ​សហរដ្ឋអាមេរិក​នៅ​ក្នុង​ប្រទេស​ ឬ​នៅ​បរទេស៕

ប្រែ​សម្រួល​ដោយ ​ពិន ស៊ីសុវណ្ណ

This posting includes an audio/video/photo media file: Download Now

ទោះបីប៊ីនឡាដិនស្លាប់ក្តី​ មន្ត្រី​ឥណ្ឌា​នៅតែ​បារម្ភ

Posted: 03 May 2011 04:17 PM PDT

នៅ​ប្រទេស​ឥណ្ឌា​ក្រុមមន្រ្តី​ជាន់ខ្ពស់​មាន​ប្រតិកម្ម​ដោយ​បង្ហាញ​ «ការព្រួយ​បារម្ភ​យ៉ាងខ្លាំង»​ទៅ​នឹង​ព័ត៌មាន​ដែល​ថា​ អូសាម៉ា​ ប៊ីន​ឡាដិន​ (Osama Bin Laden)​ ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ប្រតិបត្តិការ​របស់​អាមេរិក​នៅ​ប៉ាគីស្ថាន។​ ពួក​អស់លោក​និយាយ​ថា​ ព័ត៌មាន​នោះ​ជា​ការ​បញ្ជាក់​ថា​ ប៉ាគីស្ថាន​បន្ត​ផ្តល់​ជម្រក​ដល់​ក្រុម​ភេរវជន។​ នាយក​ការិយាល័យ​វីអូអេ​នៅ​ទីក្រុង​ញូឌេលី​ លោក​ Kurt Achin ​រាយការណ៍​ថា​ ក្រុម​មន្រ្តី​ឥណ្ឌា​ជាន់ខ្ពស់​បាន​អំពាវនាវ​ជាថ្មី​ម្តង​ទៀត​ឲ្យ​ប្រទេស​ប៉ាគីស្ថាន​នាំយក​អ្នក​ទាំងអស់​ដែល​បាន​រៀបចំ​ផែនការ​ភេរវ​កម្ម​នៅ​ក្នុង​ទីក្រុង​មិមបៃ​ (Mumbai)​កាលពី​ឆ្នាំ​២០០៨​នោះ​ មក​កាន់​តុលាការ។

រដ្ឋ​មន្រ្តី​ការបរទេស​ឥណ្ឌា​បាន​សម្តែង​ការ​ស្វាគមន៍​ចំពោះ​ព័ត៌មាន​ដែល​ថា​ អូសាម៉ា​ ប៊ិន​ ឡាដិន​បាន​ស្លាប់​ទៅ​ហើយ​នោះ​ ដោយ​និយាយ​​ថា វា​ជា​ «ជ័យជម្នះ​ជា​ប្រវត្តិសាស្រ្ត»​ មួយ​នៅ​ក្នុង​សង្គ្រាម​ប្រឆាំង​នឹង​អំពើ​ភេរវ​កម្ម។​ ទោះ​យ៉ាងនេះ​ក៏ដោយ​ សេចក្តី​ថ្លែង​ការណ៍​ពី​លោក​អែស អិមគ្រីស្នា​ (S. M. Krishna) ​បាន​និយាយ​ថា​ ពិភព​លោក​ត្រូវ​ដាក់​សម្ពាធ​ដើម្បី​«លុប​បំបាត់ចោល​ទីជម្រក​ និង​កន្លែង​លាក់​ខ្លួន​សុខសាន្ត​ ​ផ្តល់​ឲ្យ​ភេរវជន​នៅ​ក្នុង​ប្រទេស​ជិត​ខាង​ឥណ្ឌា»។

ឥណ្ឌា​មាន​ការ​ព្រួយបារម្ភ​ជាយូរ​មក​ហើយ​អំពី​ការ​គំរាម​កំហែង​របស់​ភេរវជន​ ដែល​មាន​ប្រភព​នៅ​ប៉ាគីស្ថាន​ ហើយ​កង​កម្លាំង​ឥណ្ឌា​បាន​ផ្តោត​ការ​យក​ចិត្ត​ទុកដាក់​យ៉ាង​ខ្លាំង​ចំពោះ​ការ​វាយ​ប្រហារ​សងសឹក​ដែល​អាច​កើត​មាន​ឡើង​ ក្រោយ​ពី​ការ​ស្លាប់​របស់​ប៊ីន​ ឡាដិន។

រដ្ឋមន្រ្តី​ក្រសួង​មហា​ផ្ទៃ​ឥណ្ឌា​ លោក​ភី ឈីតដាបារាម​ (P. Chidabaram)​បាន​មាន​ប្រសាសន៍​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ថា​ ប៊ីន​ឡាដិន​បាន​លាក់​ខ្លួន​នៅ​ក្នុង​ទីជម្រក​ដ៏ជ្រៅ​ក្នុង​ប្រទេស​ប៉ាគីស្ថាន​ ហើយ​លោក​បង្ហាញ​ការ​ព្រួយបារម្ភ​របស់​ឥណ្ឌា​ដែល​ថា​ ប៉ាគីស្ថាន​ជា​ទីកន្លែង​លាក់​ខ្លួន​សម្រាប់​«ភេរវជន»​នៃ​ក្រុម​ផ្សេងៗ​គ្នា។

លោក​បារ៉ាត ខាណាដ (Bharat Karnad)​ នៃ​មជ្ឈមណ្ឌល​ញូឌេលី​សម្រាប់​ការ​ស្រាវជ្រាវ​គោល​នយោបាយ​ ធ្វើ​ជា​ទីប្រឹក្សា​រដ្ឋាភិបាល​ជា​ច្រើន​ឆ្នាំ​ហើយ​លើ​បញ្ហា​គោល​នយោបាយ​សន្តិសុខ​ជាតិ។​ លោក​ថ្លែង​ថា​ គ្មាន​នរណា​ម្នាក់​គួរ​ភ្ញាក់​ផ្អើល​អំពី​ការ​រក​ឃើញ​ប៊ីន​ឡាដិន​នៅ​ចម្ងាយ​តែ​ជិត​១០០​គីឡូម៉ែត្រ​ពី​ទីក្រុង​អ៊ិស្លាម​ម៉ាបាដ​នោះ​ទេ។

«វា​មិនមែន​ជា​ការ​លាត​ត្រដាង​រឿង​ថ្មី​ទេ​ទាំង​ស្រុង​ទេ។​ គ្រប់គ្នា​បាន​ដឹង​រួច​ហើយ​អំពី​រឿង​នេះ។​ ​រដ្ឋធានី​វ៉ាស៊ីនតោន​ ក៏​ដូច​ជាក្រុង​ញូដេលី​ដែរ​គឺបាន​ដឹង​ច្រើន​ដូចគ្នា។​ ពិតណាស់​សំនួរ​នៅ​ត្រង់​ថា​ តើ​ព័ត៌មាន​ច្បាស់​ការណ៍​កម្រិតណា ទើប​ស.រ.អា.​ចាត់​វិធានការ»។

ក្រុម​មន្ត្រី​ស.រ.អា.​បាន​សង្ស័យ​ថា​ ប៊ីន​ឡាដិន​លាក់ខ្លួន​ក្នុង​តំបន់​ព្រៃក្រាស់​តាម​ព្រំដែន​នៃ​ប្រទេស​ប៉ាគីស្ថាន​ និង​អាហ្វហ្គានីស្ថាន។​ លោក​ខាណាដ​ថ្លែង​ថា ​ក្រុម​មន្ត្រី​ស៊ើប​ការណ៍​សម្ងាត់​ឥណ្ឌា​បាន​ព្យាយាម​យូរមក​ហើយ​ក្នុង​ការ​បញ្ចុះ​បញ្ចូល​ឲ្យស.រ.អា.​ជឿ​ថា​ ប៊ីន​ឡាដិន​ស្ថិត​នៅ​ក្នុង​ប្រទេស​ប៉ាគីស្ថាន​ មិនមែន​នៅ​អាហ្វហ្កានីស្ថាន​ទេ។​ ក៏​ប៉ុន្តែ​លោក​បាន​ត្អូញត្អែរ​ថា ​ស.រ.អា.​បាន​ពន្យារ​ពេល​ចាត់​វិធាន​ការ។

ពលរដ្ឋ​ឥណ្ឌា​ជាច្រើន​មើល​ឃើញថា ​ការ​ស្លាប់​របស់​ប៊ីន​ឡាដិន​បញ្ជាក់​ថា​ ការ​មិន​ទុកចិត្ត​ជា​មូលដ្ឋាន​របស់​ឥណ្ឌា​ចំពោះ​ប្រទេស​ប៉ាគីស្ថាន​គឺ​ជា​រឿង​ត្រឹមត្រូវ។​ការ​ព្យាយាម​បង្កើន​កិច្ច​សន្ទនា​ផ្នែក​ការទូត​រវាង​ប្រទេស​ជិតខាង​ដែល​មាន​អាវុធ​នុយក្លេអ៊ែរ​ទាំងពីរ​នេះ​ត្រូវ​គេ​រំពឹង​ថា​ នឹង​បន្ត​ទៅមុខ​ទៀត៕

ប្រែ​សម្រួល​ដោយ​ លី ម៉ូរីវ៉ាន់

This posting includes an audio/video/photo media file: Download Now

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!