VOA News: ព័ត៌មាន: “ក្រោយជម្លោះអាជ្ញាធរកម្ពុជាប្រមូលគ្រាប់ដែលថៃបាញ់ផ្លោង” plus 5 more |
- ក្រោយជម្លោះអាជ្ញាធរកម្ពុជាប្រមូលគ្រាប់ដែលថៃបាញ់ផ្លោង
- ឥណ្ឌាថាការនឹងមិនយកគំរូតាមការវាយប្រហារដ៏មុះមុតរបស់អាមេរិកដែលបានសម្លាប់ប៊ីនឡាដិន
- កម្ពុជាប្រឈមនឹងអតិផរណាខ្ពស់នៅឆ្នាំ២០១១
- សិក្ខាសាលា«សិល្បៈជាសាក្សី»ជួយសម្រួលផ្លូវចិត្តជនរងគ្រោះដោយរបបខ្មែរក្រហម
- ឱនភាពដីជាការគំរាមកំហែងមួយនៅកម្ពុជា
- ប៉ាគីស្ថានរិះគន់សហរដ្ឋអាមេរិកពីការវាយប្រហារប៊ីនឡាដិន
ក្រោយជម្លោះអាជ្ញាធរកម្ពុជាប្រមូលគ្រាប់ដែលថៃបាញ់ផ្លោង Posted: 06 May 2011 02:41 PM PDT បីថ្ងៃបន្ទាប់ពីស្នូរកាំភ្លើងនៃការប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជា និងកងទ័ពថៃនៅព្រំដែនខេត្តឧត្តរមានជ័យ និងខេត្តសុរិន្ទរបស់ថៃបានបញ្ចប់ អាជ្ញាធរកម្ពុជាបានចាប់ផ្ដើមបោសសម្អាតគ្រាប់កាំភ្លើង ដែលបាញ់ផ្លោងដោយភាគីជម្លោះរបស់ខ្លួន។ គ្រាប់ ដែលបានធ្លាក់នៅរាយប៉ាយ យ៉ាងហោចណាស់នៅក្នុងឃុំចំនួន៤ក្នុងខេត្តឧត្តរមានជ័យ និងមាននៅជុំវិញប្រាសាទព្រះវិហារ ហើយដែលគេជឿថា គ្រាប់មួយចំនួនមិនទាន់ផ្ទុះនៅឡើយ ហើយដែលអាចបង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋ និងដល់កិច្ចការកសិកម្មរបស់ពួកគាត់ក្នុងរដូវវស្សានេះ។ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា ហៅកាត់ថា ស៊ីម៉ាក់ (CMAC) មានប្រសាសន៍នៅថ្ងៃសុក្រនេះថា មជ្ឈមណ្ឌលបានបញ្ជូនកម្លាំងមួយចំនួនទៅសំអាតគ្រាប់ មិនទាន់ផ្ទុះ និងអំបែងគ្រាប់ដែលបានផ្ទុះនៅក្នុងតំបន់ជម្លោះទាំងនោះ។ «ចែកចេញជាយុទ្ធសាស្រ្តពង្រាយកម្លាំងជាពីរដំណាក់កាលធំៗគឺទី១ ផ្តល់ការអប់រំ និងកសាងបណ្តាញស្ម័គ្រចិត្តតាមភូមិ ដើម្បីពេលណាដែលគាត់ជួបប្រទះគ្រាប់យុទ្ឋភណ្ឌមិនទាន់ផ្ទុះ ងាយស្រួលទាក់ទងគ្នា និងធ្វើអន្តរាគមន៍។ ចំណុចទី២ យើងចាប់ផ្តើមពង្រាយកម្លាំងបោសសម្អាត អញ្ចឹងត្រឹមតែពីរបីថ្ងៃ។ កម្លាំងយើងចល័តតូចៗអន្តរាគមន៍។ យើងកំពុងធ្វើការ ហើយកម្លាំងធំនឹង ចាប់ផ្តើមបោសសម្អាតតំបន់លំនៅដ្ឋាន សាលារៀន វត្តអារាមជាដើម។ល។» ទោះជាយ៉ាងណា លោក ហេង រតនា មិនទាន់អាចបញ្ជាក់អំពីទំហំដីដែលត្រូវបោសសម្អាត គ្រាប់ និងគ្រាប់មិនទាន់ផ្ទុះនោះទេ ដោយលោកបានឲ្យដឹងថា ស៊ីម៉ាក់ កំពុងតែធ្វើការសិក្សា។ លោកវ៉ាត់ ប៉ារ៉ានីន ប្រធានរដ្ឋបាលសាលាខេត្តឧត្តរមានជ័យបានប៉ាន់ប្រមាណថា យ៉ាងតិចបំផុតផ្ទៃដីប្រមាណជា១ម៉ឺនហិកតា ត្រូវធ្វើការសម្អាតគ្រាប់ផ្សេងៗ ដែលបានធ្លាក់នៅពេលប្រយុទ្ធគ្នាក្នុងនោះផ្ទៃដីប្រហែលជា៤ពាន់ហិកតាជាផ្ទៃដីកសិកម្មរបស់ប្រជាពលរដ្ឋ។ លោកបានប្រាប់វីអូអេខ្មែរថា៖ «យើងមានការអប់រំណែនាំ ហើយវិធីល្អគេហៅថា យើងទំាងអស់គ្នារួមគ្នាពិនិត្យអំបែងគ្រាប់ និងយុទ្ឋភណ្ឌមិនទាន់ផ្ទុះ។ ស្រែចម្ការរបស់គាត់ ពេលដែលគាត់ទៅ គាត់មិនអាចទៅភ្ជួរភ្លាមទេ។ គាត់អាចដើរពិនិត្យមើល បើមាន គឺគាត់រាយការណ៍ បើអត់ទេ គាត់អាចធ្វើធម្មតា»។ លោកនាយករដ្ឋមន្រ្តីហ៊ុន សែន បានប្រកាសនៅក្នុងសប្ដាហ៍នេះថា នៅក្នុងការប្រយុទ្ធគ្នានាពេលថ្មីៗនេះ កងទព័ថៃបានបាញ់ និងផ្លោងចូលមកទឹកដីកម្ពុជាចំនួនជាង៥ម៉ឺនគ្រាប់។ ក៏ប៉ុន្ដែ ការវាយតម្លៃនេះត្រូវបានច្រានចោលដោយមន្ដ្រីយោធាថៃ។ ក្រសួងការពារជាតិកម្ពុជាបានធ្វើរបាយការណ៍ជាប្រចាំក្នុងអំឡុងពេលនៃការប្រយុទ្ធគ្នាជាមួយកងទព័ថៃថា កងទព័ថៃបានបាញ់កាំភ្លើងធុនធ្ងន់១៥៥មីលីម៉ែត្រ ១០៥មីលីម៉ែត្រ និងកាំភ្លើងផ្លោងជាច្រើនប្រភេទទៀត។ លោក រឿង វុទ្ធិន ជាប្រជាពលរដ្ឋនៅភូមិថ្មដូន ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ បានឲ្យដឹងថា នៅក្នុងភូមិរបស់គាត់មានស្នាមរណ្តៅគ្រាប់ជាច្រើនកន្លែងចំណែក។ ឯផ្ទះមានស្នាមគ្រាប់កាំភ្លើងសុះផ្ទះ ហើយដើមឈើបានបាក់រលំជាច្រើន។ ដូច្នេះ លោកមានការព្រួយបារម្ភជាខ្លាំងចំពោះសុវតិ្ថភាព ដោយខ្លាចទទួលរងគ្រោះថ្នាក់ដោយសារគ្រាប់ដែលមិនទាន់ផ្ទុះ។ លោកបានបញ្ជាក់ថា នៅពេលនេះ មានការប្រយ័ត្នមែនទែនស្ទើរតែមិនហ៊ានដើរទៅណាទេ ពីព្រោះខ្លាចមានគ្រាប់មិនទាន់ផ្ទុះបង្កគ្រោះថ្នាក់។ ប្រការនេះធ្វើឲ្យមានការប៉ះពាល់យ៉ាងខ្លាំងដល់ជីវភាពរស់នៅពីព្រោះមិនហ៊ានទៅធ្វើស្រែចំការឡើយ។ លោកបន្តថា៖ «បារម្ភទី១ គឺកូនក្មេងដែលវាអត់ដឹង។ អញ្ចឹងខ្លាចវាដើរទៅឃើញ វារើស។ អញ្ចឹងវាអាចផ្ទុះ។ ទី២ មនុស្សចាស់ដើររកប្រកបមុខរបរ ដូចជាច្រូតស្បូវ ដូចជាបេះផ្កា។ ខ្លាចដើរទៅប៉ះផ្ទុះដែរ។ ទី៣ ដីខ្លះដែលយើងសម្រាប់ធ្វើកសិកម្ម ផលវិបាកគឺមិនដឹងជាមាន ឬមិនមាន។ អញ្ចឹងវាពិបាក។ ត្រង់នេះមួយទៀត ដល់ពេលអញ្ចឹងវាប៉ះពាល់ជីវភាព អ្នកស្រុកមិនអាចប្រកបមុខរបរបានទេពីព្រោះគាត់ខ្លាច»។ កម្ពុជានិងថៃមានជម្លោះព្រំដែនជុំវិញប្រាសាទព្រះវិហារខ្មែរអស់រយៈពេលជិត៣ឆ្នាំហើយ។ នៅដើមឆ្នាំ២០១១នេះ មានការវាយប្រហារដោយកម្លាំងយោធានៃប្រទេសទាំងពីរចំនួនពីរលើក គឺលើកទី១នៅថ្ងៃទី៤រហូតដល់ថ្ងៃទី៧ខែកុម្ភៈនៅតំបន់ប្រាសាទព្រះវិហារ ហើយលើកទី២នេះបានចាប់ផ្ដើមពីថ្ងៃទី២២ដល់ថ្ងៃទី០៣ឧសភានេះនៅតំបន់ប្រាសាទតាមាន់និងប្រាសាទតាក្របីខ្មែរ មុននឹងរាលដាលទៅដល់ភូមិថ្មដូន និងឃុំអូរស្មាច់៕ This posting includes an audio/video/photo media file: Download Now |
ឥណ្ឌាថាការនឹងមិនយកគំរូតាមការវាយប្រហារដ៏មុះមុតរបស់អាមេរិកដែលបានសម្លាប់ប៊ីនឡាដិន Posted: 06 May 2011 01:53 PM PDT ប្រភពព័ត៌មានរបស់រដ្ឋាភិបាលឥណ្ឌានិយាយថា គេមិនមានចេតនាធ្វើត្រាប់តាមប្រតិបត្តិការវាយប្រហារយ៉ាងអារកាត់បែបនេះក្នុងពេលឆាប់ៗប្រឆាំងភេរវករ ដែលជ្រកកោនក្នុងប្រទេសប៉ាគីស្ថានទេ។ ផ្ទុយទៅវិញ មន្ត្រីឥណ្ឌានិយាយថា គេត្រូវតែសុំឲ្យប្រទេសប៉ាគីស្ថានបន្ត«ចូលរួម»ក្នុងទំនាក់ទំនងដែលមានភាពស្មុគស្មាញ និងតឹងតែងគ្រប់ជំហាន ដូចទំនាក់ទំនងរវាងប៉ាគីស្ថាន និងស.រ.អា.ដែរ។ ក្នុងបទសន្ទនាជាមួយអ្នកយកព័ត៌មានកាលពីថ្ងៃពុធ មន្ត្រីឥណ្ឌានិយាយថា ការធ្វើទំនាក់ទំនង«មានហេតុផល និងស្រគត់ស្រគំ» ដើម្បីធ្វើកិច្ចពិភាក្សាជាមួយរដ្ឋាភិបាលក្រុងអ៊ិស្លាម៉ាបាដ នឹងជាសញ្ញាបង្ហាញថា នយោបាយការបរទេសឥណ្ឌាដំណើរការទៅមុខ។ Maroof Raza គឺជាអ្នកវិភាគនៃ Security Watch India ដែលមានន័យថា ការតាមដានសន្តិសុខឥណ្ឌា នៅក្រុងញូដេលី។ លោកបានយល់ស្របថា រដ្ឋាភិបាលឥណ្ឌាមានកាតព្វកិច្ចបង្ហាញការអត់ធ្មត់មានកម្រិត។ «ហេតុផលមួយនៃហេតុផលដែលស.រ.អា.អាចបើកប្រតិបត្តិការបែបនេះប្រកបដោយជោគជ័យនៅប្រទេសប៉ាគីស្ថាន ហើយអាចធ្វើដ៏មុះមុត និងតក់ក្រហល់នោះគឺដោយសារប្រទេសប៉ាគីស្ថានមិនមែនជាប្រទេសជិតខាងរបស់អាមេរិក។ ដូច្នេះស.រ.អា.មិនមានប្រទេសជិតខាងដែលមានអាវុធនុយក្លេអ៊ែរ ហើយដែលអាចមានប្រតិកម្មផ្ទុះឡើង យ៉ាងហោចណាស់ប្រតិកម្មជាល្បិច បើទោះជមិនមានប្រតិកម្មដោយអាវុធនុយក្លេអ៊ែរក៏ដោយ បើសិនជាគេគិតថា អធិបតេយ្យភាពរបស់គេត្រូវគំរាមកំហែងនោះ»។ ផ្ទុយទៅវិញ លោក Raza និយាយថា ប្រទេសឥណ្ឌាមិនគួរអត់ធ្មត់តាមរបៀបអសកម្មច្រើនទសវត្សចំពោះការវាយប្រហារដោយភេវរគាំទ្រដោយប្រទេសប៉ាគីស្ថាននោះទេ។ លោកនិយាយថា ការសម្លាប់ប៊ីនឡាដិនគឺជាមេរៀនប្រាប់ប្រទេសឥណ្ឌាថា ឥណ្ឌាគួរអភិវឌ្ឍក្រុមស៊ើបការណ៍សម្ងាត់ និងបង្កើនសមត្ថភាពកងកម្លាំងពិសេសរបស់ខ្លួន។ អាន់ចាយ សានី (Ajai Sahni) ដែលជានាយកប្រតិបត្តិនៃវិទ្យាស្ថានដោះស្រាយជម្លោះ Institute for Conflict Management យល់ស្របថា ប្រទេសឥណ្ឌាត្រូវមានលក្ខណៈច្នៃប្រឌិតប្រសើរឡើងក្នុងការកំណត់តម្លៃលើប្រទេសប៉ាគីស្ថានចំពោះការផ្តល់ជម្រកឲ្យភេរវករ។ Raza និង Sahni ចង្អុលបង្ហាញថា ប្រតិបត្តិការដែលបានសម្លាប់ប៊ីនឡាដិនគឺជាការប្រឹងប្រែងកម្រិតខ្ពស់បំផុតរបស់ប្រធានាធិបតីស.រ.អា.ពីររូបនៃវិសាលគមន៍ទស្សនៈវិជ្ជាខុសគ្នា។ ផ្ទុយទៅវិញ គេនិយាយថា ប្រទេសឥណ្ឌាធ្វើឲ្យធ្លាក់ចុះនូវទស្សនៈយុទ្ធសាស្ត្ររបស់ខ្លួន ហើយច្នៃប្រឌិតឡើងវិញគ្រប់ពេលមានការផ្លាស់ប្តូររដ្ឋាភិបាល៕ ប្រែសម្រួលដោយ ពិន ស៊ីសុវណ្ណ This posting includes an audio/video/photo media file: Download Now |
កម្ពុជាប្រឈមនឹងអតិផរណាខ្ពស់នៅឆ្នាំ២០១១ Posted: 05 May 2011 03:42 PM PDT អង្គការសហប្រជាជាតិបានព្យាករណ៍ថា កម្ពុជានឹងប្រឈមនឹងអតិផរណារហូតដល់៦ភាគរយនៅឆ្នាំ២០១១ បើប្រៀបធៀបនឹងឆ្នាំ២០១០ ដែលអតិផរណាមានជាង៤ភាគរយ។ យោងតាមអង្គការសហប្រជាជាតិ អតិផរណានេះត្រូវបានព្យាករណ៍ដោយផ្អែកទៅលើតម្លៃប្រេង និងទំនិញនាំចូល បានកើនឡើងខ្ពស់។ គណៈកម្មការសេដ្ឋកិច្ចនិងសង្គមរបស់អង្គការសហប្រជាជាតិប្រចាំតំបន់អាស៊ីនិងប៉ាស៊ីហ្វ៊ិក បានចេញផ្សាយរបាយការណ៍សិក្សាមួយនៅថ្ងៃព្រហស្បតិ៍នេះ ដោយបានបង្ហាញថា អតិផរណាមាន៤,១ភាគរយក្នុងឆ្នាំ ២០១០ និងគ្រោងនឹងកើនឡើង ដល់៦ភាគរយក្នុងឆ្នាំ២០១១។ នៅក្នុងសេដ្ឋកិច្ចដែលពឹងផ្អែកលើប្រាក់ដុល្លារដូចកម្ពុជានេះ ការដែលប្រាក់ដុល្លារចុះថោកអាចនាំឱ្យអំណាចទិញធ្លាក់ចុះ និងអតិផរណានាំចូលខ្ពស់ពីបណ្តាប្រទេសជិតខាង ដែលរូបិយប័ណ្ណរបស់គេថ្លៃជាងប្រាក់ដុល្លារ។ លោក រស់ សីលវ៉ា អគ្គលេខាធិការរងនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងប្រាប់សន្និសីទ កាសែតថា រដ្ឋាភិបាលបានប្តេជ្ញាចិត្តរក្សាកម្រិតអតិផរណាក្នុងរង្វង់៥ភាគរយ ហើយអតិផរណា៦ភាគរយនេះ គឺគ្រាន់តែជាការព្យាករណ៍ប៉ុណ្ណោះ។ លោក ថ្លែងដូច្នេះថា៖ «អតិផរណាជាកង្វល់។ សព្វថ្ងៃ រដ្ឋាភិបាលតាមដានជាប្រចាំ ហើយគិតគូរជាប្រចាំ ថាតើត្រូវធ្វើយ៉ាងម៉េច ដើម្បីដោះស្រាយបញ្ហាអតិផរណានេះ។ យើងមិនអាចសន្មតថា អតិផរណា៦ភាគរយនាំឱ្យកាត់បន្ថយកំណើនសេដ្ឋកិច្ចទេ»។ លោក រស់ សីលវ៉ា បានបន្តថា កម្ពុជាមានបទពិសោធន៍យ៉ាងល្អក្នុងវិស័យសេវាកម្ម និងកសិកម្ម ប៉ុន្តែមានបទពិសោធន៍តិចតួច ក្នុងវិស័យផលិតផលផ្នែកឧស្សាហកម្មចម្រុះ។ លោក កង ច័ន្ទតារារ័ត្ន អ្នកសេដ្ឋកិច្ច និងជានាយកនៃវិទ្យាស្ថានកម្ពុជាដើម្បីសិក្សាការអភិវឌ្ឍ មិនយល់ស្របនឹងការព្យាករណ៍នេះទេ ពីព្រោះតម្លៃប្រេងមានសញ្ញាធ្លាក់ចុះ និងស្ថានភាពសេដ្ឋកិច្ចអាមេរិកមានសញ្ញាល្អដែលធ្វើតម្លៃប្រាក់ដុល្លារនៅទីផ្សារអន្តរជាតិកើនឡើង។ «ស្ថានភាពទាំងអស់នេះ ខ្ញុំជឿថា វានឹងជួយជំរុញឱ្យថ្លៃទំនិញនិងស្បៀងនៅលើទីផ្សារអន្តរជាតិធ្លាក់ចុះ ហើយក៏ជួយឱ្យអតិផរណានៅក្នុងស្រុកខ្មែរធ្លាក់ចុះដែរ»។ លោក កង ច័ន្ទតារារ័ត្ន បានពន្យល់ថា អតិផរណាបន្ទុចបង្អាក់គម្រោងវិនិយោគ ដែលធ្វើឱ្យសេដ្ឋកិច្ចធ្លាក់ចុះ និងធ្វើឱ្យប៉ះពាល់ដល់បុគ្គលិករដ្ឋ និងអ្នកមានប្រាក់ខែស្ថេរ៕ This posting includes an audio/video/photo media file: Download Now |
សិក្ខាសាលា«សិល្បៈជាសាក្សី»ជួយសម្រួលផ្លូវចិត្តជនរងគ្រោះដោយរបបខ្មែរក្រហម Posted: 05 May 2011 05:15 PM PDT វិទ្យាស្ថានសិក្សាសង្គមកម្ពុជាបានរៀបចំកម្មវិធី«សិល្បៈជាសាក្សី»ដើម្បីជួយសម្រួលផ្លូវចិត្តជនរងគ្រោះដោយរបបខ្មែរក្រហម។ កម្មវិធីនេះរៀបចំឡើងនៅសមាគមគ្រួសារខ្មែរនៅទីក្រុង Santa Ana រដ្ឋកាលីហ្វ័រនីញ៉ា សហរដ្ឋអាមេរិក។ «ខ្ញុំឲ្យតែនិយាយរឿងក្នុងសម័យប៉ុល ពត ចេញទឹកភ្នែកហើយ»។ «ម្តាយខ្ញុំស្លាប់ បងប្រុសខ្ញុំស្លាប់»។ «ប្តីខ្ញុំស្លាប់បាត់ទៅ នៅតែបីនាក់កូនទេ នៅជំនាន់ប៉ុល ពត»។ អម្បាញ់មិញនេះជាសំឡេងរបស់អ្នកចូលរួមសិក្ខាសាលា «សិល្បៈជាសាក្សី»ដែលបានធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍ទី២៧ ខែមេសាដោយវិទ្យាស្ថានសិក្សាសង្គមកម្ពុជាដើម្បីព្យាបាលជំងឺផ្លូវចិត្តជូនដល់ជនរងគ្រោះ របបខ្មែរក្រហម ដែលរស់នៅសហរដ្ឋអាមេរិក។ នេះជាកម្មវិធី«សិល្បៈជាសាក្សី»លើកទីបីដែលលោកស្រីសាស្រ្តាចារ្យបណ្ឌិត នូ លក្ខិណា នាយកប្រតិបត្តិនៃវិទ្យាស្ថានសិក្សាសង្គមកម្ពុជា (ASRIC)និងសិល្បៈករ អ៊ុក ព្រំសុតន់ សហការជាមួយសមាគមគ្រួសារខ្មែរ បានយកការគូរគំនូរ និង ការរាំរបាំសិល្បៈជួយជនរងគ្រោះនៃរបបខ្មែរក្រហមប្រល័យពូជសាសន៍។ អ្នកស្រីបានមានប្រសាសន៍ឲ្យដឹងពីគោលបំណងនៃកម្មវិធីយ៉ាងដូច្នេះថា៖ «ដូច្នេះកម្មវិធីយើងធ្វើហ្នឹង ចង់ឲ្យបងប្អូនខ្មែរយើង ពិសេសជនរងគ្រោះកុំឲ្យគាត់យល់ថា គាត់អត់មានអំណាចអ្វីៗ។គាត់គូរហ្នឹង យើងចង់ឲ្យគាត់មានអារម្មណ៍ថាគាត់មានអំណាច ព្រោះអីគាត់នៅស្ងាត់នៅស្ងៀម រោគដែលឆ្លងកាត់ខ្មែរក្រហមហ្នឹង របួសហ្នឹងវារីកឡើង។ ដូច្នេះយើងធ្វើហ្នឹង យើងចង់ព្យាបាលគាត់»។
ផ្នែកទីមួយនៃសិក្ខាសាលានេះគឺផ្តោតទៅលើគំនូរ ដោយនៅក្នុងនោះ អ្នកចូលរួមត្រូវបានណែនាំឲ្យគូររូបភាពដែលគាត់អាចនឹកឃើញពីសម័យប៉ុល ពតមិនថា ជារូបអ្វីក៏ដោយ តាំងពីការធ្វើទារុណកម្មរហូតទៅដល់ រូបមនុស្សដែលគាត់អាចចងចាំ។ ផ្នែកទីពីរ គឺផ្តោតទៅលើការកម្សាន្ត។ លោក អ៊ុក ព្រំសុតន់ជា Artist in Residence មានន័យថា សិល្បៈករប្រចាំនៅវិទ្យាស្ថានសិក្សាសង្គមកម្ពុជា បានសម្តែងរបាំបុរាណជូនជនរងគ្រោះទស្សនាជាការកម្សាន្ត និង បង្រៀនអ្នកទាំងអស់នោះឲ្យស្គាល់ពីអត្ថន័យនៃក្បាច់នីមួយៗ។ បើទោះបីជាអ្នកស្រី នូ លក្ខិណា បានមករស់នៅសហរដ្ឋអាមេរិកតាំងពីអាយុបីឆ្នាំ ហើយមិនធ្លាប់បានឆ្លងកាត់របបខ្មែរក្រហមក៏ដោយ ក៏អ្នកស្រីគិតថា អ្នកស្រីមានកាតព្វកិច្ចជួយប្រជាពលរដ្ឋនៅសហរដ្ឋអាមេរិកចូលរួមដាក់ពាក្យបណ្តឹងទៅអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ឬហៅថា សាលាក្តីខ្មែរក្រហម។ នេះជាហេតុជំរុញឲ្យអ្នកស្រីបង្កើតនូវវិទ្យាស្ថានសិក្សាសង្គមកម្ពុជានេះឡើង។ អ្នកស្រីបានឲ្យដឹងយ៉ាងដូច្នេះថា៖ «អង្គការ ASRIC (វិទ្យាស្ថានសិក្សាសង្គមកម្ពុជា) ហ្នឹងគឺជាអង្គការស្រាវជ្រាវខាងសុខភាពសង្គម ហើយយើងខ្ញុំជាសាស្ត្រាចារ្យខាងសង្គមវិទ្យា ខ្ញុំចង់យកបច្ចេកទេសខាងសង្គមវិទ្យាហ្នឹងជួយអប់រំសង្គមហើយនឹងជួយផ្លូវចិត្តសង្គមយើង ជាពិសេស»។ អ្នកស្រីជា ឡាច ដែលធ្លាប់ដាក់ពាក្យបណ្តឹងទៅតុលាការខ្មែរក្រហម បានមកចូលរួមកម្មវិធីគូរគំនូរ ហើយបានឲ្យដឹងថា គាត់មានបញ្ហាជំងឺផ្លូវចិត្ត ដោយសារ គាត់នៅមានអារម្មណ៍ភិតភ័យ នឹកឃើញពីអតីតកាល។ ហើយសព្វថ្ងៃនេះគាត់ ត្រូវទទួលទានថ្នាំរំងាប់អារម្មណ៍ ដើម្បីកុំឲ្យគាត់គិតច្រើន។គាត់បានពណ៌នារូបគំនូររបស់គាត់យ៉ាងដូច្នេះថា៖ «អុំគូររូបអុំទៅធ្វើការ ហើយអត់បាយ យំ។ យំហើយមានកូនទៅតាមពីក្រោយ ហើយយើងពិបាកចិត្ត។ នេះឆ្អឹងយើងអត់មានអីញ៉ាំ យើងស្គម ស្បែកដណ្តប់ឆ្អឹង»។ លោក អ៊ុក ព្រំសុតន់ក៏បានបកស្រាយពីមូលហេតុដែលលោកបានបញ្ចូលសិល្បៈនៅក្នុងការជួយជនរងគ្រោះទាំងអស់នេះដែរ៖ «នេះជាកម្មវិធីបឋម ដូច្នេះយើងមិនទាន់ដឹងលទ្ធផលយ៉ាងណាទេ ប៉ុន្តែតាមប្រវត្តិជាច្រើនទសវត្សមកហើយ សិល្បៈជាវិធីស្វែងរកសេចក្តីសុខដមរមនាផ្លូវចិត្តច្រើនជំនាន់។ ខ្ញុំមិនទាន់ប្រាកដថា ខ្ញុំបានធ្វើឲ្យជនរងគ្រោះ ខិតជិតស្ថានភាពសុខដមផ្លូវចិត្ត តាមរយៈ ចម្រៀងនិងសិល្បៈនៅឡើយទេ។ ពួកគាត់មិនមានវិធីបង្ហាញអារម្មណ៍របស់គាត់ទេ»។ ទូទាំងសហរដ្ឋអាមេរិក តាមរយៈវិទ្យាស្ថានសិក្សាសង្គមកម្ពុជា អ្នកស្រីនូ លក្ខិណាបានប្រមូលផ្តុំអ្នករងគ្រោះដោយរបបខ្មែរក្រហម ហើយបង្រៀនឲ្យពួកគាត់បានដឹងនិងយល់ពីប្រព័ន្ធច្បាប់ និងជំរុញឲ្យប្រជាពលរដ្ឋបានចូលរួមចំណែកជាមួយសាលាក្តីដើម្បីផ្តន្ទាទោសដល់មេដឹកនាំរបបខ្មែរក្រហម។ រហូតដល់ពេលនេះ វិទ្យាស្ថានសិក្សាសង្គមកម្ពុជាបានជួយពលរដ្ឋខ្មែរអាមេរិកាំងដាក់ពាក្យបណ្តឹងចំនួន១៧០ច្បាប់ ដែលក្នុងនោះចំនួន៤៣ច្បាប់ត្រូវបានតុលាការទទួលជាដើមបណ្តឹងរដ្ឋប្បវេណី ក្នុងសំណុំរឿង០០២កាត់ទោសមេដឹកនាំជាន់ខ្ពស់នៃរបបខ្មែរក្រហមដែលមាននួន ជា ខៀវ សំផង អៀង សារី និងអៀង ធីរិទ្ធដែលកំពុងជាប់ឃុំឃាំងរង់ចាំការកាត់ទោស។ សូមបញ្ជាក់ថា រហូតមកដល់ពេលនេះ ជនរងគ្រោះបានគូររូបជាង១៥០ផ្ទាំង ក្នុងនោះជាង៥០ផ្ទាំងគូរនៅថ្ងៃនេះ។ អ្នកស្រីនូ លក្ខិណាឲ្យដឹងថា អ្នកស្រីនឹងរៀបចំពិព័រណ៍អំពីគំនូរ រូបថតនិងវត្ថុអនុស្សាវរីយ៍ផ្សេងទៀតរបស់ជនរងគ្រោះទាំងអស់នៅប្រទេសខ្មែរ ហើយរៀបចំវិចិត្រសាលតម្កល់ភស្តុតាងទាំងនេះផង៕ This posting includes an audio/video/photo media file: Download Now |
ឱនភាពដីជាការគំរាមកំហែងមួយនៅកម្ពុជា Posted: 05 May 2011 03:19 PM PDT ឱនភាពឬការធ្លាក់ចុះគុណភាពដី បានក្លាយជាកង្វល់ដ៏ធំមួយសម្រាប់កម្ពុជា ដោយសារប្រទេសដ៏ក្រីក្រមួយនេះពឹងអាស្រ័យជាសំខាន់ទៅលើវិស័យកសិកម្ម។ ក្រុមមន្ត្រីអង្គការកម្មវិធីអភិវឌ្ឍសហប្រជាជាតិ (UNDP) បានថ្លែងនៅថ្ងៃពុធនេះថា ដីកសិកម្មនៅកម្ពុជាភាគច្រើនមានកម្រិតជីជាតិទាប ហើយងាយរងគ្រោះដោយការរិចរិលដោយសារតែការធ្វើកសិកម្មមិនត្រឹមត្រូវ និងការបាត់បង់គម្របព្រៃឈើ។ សេចក្តីអះអាងនេះបានធ្វើឡើងនៅក្នុងសិក្ខាសាលាស្តីពីសកម្មភាពជាតិប្រយុទ្ធប្រឆាំងនឹងឱនភាពដីនៅកម្ពុជា។ លោកស្រី អេឡេណា ទីឆេនកូ (Elena Tischenko) នាយិកា UNDP ប្រចាំនៅកម្ពុជាមានប្រសាសន៍នៅក្នុងសិក្ខាសាលានេះថា ផ្ទៃដី៧០ភាគរយដោយរួមទាំងតំបន់ដាំដុះដំណាំស្រូវផងនៅខេត្តសៀមរាប កំពង់ធំ កំពង់ស្ពឺ បាត់ដំបង និងក្រចេះជាដើម ជាប្រភេទដីដែលមានកម្រិតជីជាតិទាប ហើយងាយរងគ្រោះយ៉ាងខ្លាំងដោយសារការរិចរិល។ លោកស្រីថ្លែងថា៖ «ទី១មានកង្វះខាតខាងចំណេះដឹងដែលផ្អែកលើវិទ្យាសាស្ត្រ និងឧបករណ៍ហើយនឹងបច្ចេកវិទ្យាដែលប្រាកដប្រជា ដើម្បីទប់ស្កាត់ និងកាត់បន្ថយឱនភាពដី ឬក៏ដើម្បីបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ»។ អ្នកស្រី អេឡេណា ទីឆេនកូ មានប្រសាសន៍បន្ថែមទៀតថា កង្វះការលើកទឹកចិត្តសម្រាប់អ្នកពាក់ព័ន្ធសំខាន់ៗ ក្នុងការបណ្តាក់ទុនធនធានរបស់ពួកគេផ្ទាល់ទៅក្នុងការគ្រប់គ្រងដីប្រកបដោយចីរភាព ក៏ជាបុព្វហេតុដែលចូលរួមចំណែកដល់ការធ្លាក់ចុះគុណភាពដី ជាពិសេសដីសម្រាប់ដាំដុះដំណាំកសិកម្មនៅកម្ពុជាផងដែរ។ សូមបញ្ជាក់ថា ការធ្លាក់ចុះគុណភាពដី នឹងឈានទៅដល់ការរិចរិលដីដែលនឹងធ្វើឲ្យផលិតភាពកសិកម្មធ្លាក់ចុះរហូតដល់កម្រិតទាបបំផុត។ កម្ពុជាមានផ្ទៃដីដាំដុះចំនួនជាង២.៧លានហិកតា ហើយប្រជាពលរដ្ឋកម្ពុជាភាគច្រើនពឹងអាស្រ័យលើរបរកសិកម្មសម្រាប់ទ្រទ្រង់ជីវភាពរស់នៅរបស់ពួកគេ។ វិស័យកសិកម្មគឺជាចលករជំរុញការអភិវឌ្ឍសេដ្ឋកិច្ចដ៏សំខាន់បំផុតមួយរបស់កម្ពុជា ដោយចូលរួមចំណែកជាង៣០ភាគរយនៃ GDP ឬផលទុនសរុបក្នុងស្រុកក្នុងឆ្នាំ២០១០កន្លងទៅ។ ក៏ប៉ុន្តែ ផលិតភាពកសិកម្មនៅកម្ពុជានៅមានកម្រិតទាបជាងប្រទេសជិតខាងនៅឡើយ ដោយសារតែកម្រិតនៃការប្រើប្រាស់បច្ចេកវិទ្យានៅទាប ការទទួលបានសេវាកម្មនានានៅមានកម្រិត និងប្រព័ន្ធទឹកស្រោចស្រពដំណាំកសិករនៅមិនទាន់គ្រប់គ្រាន់។ លោក អ៊ុក សុខុន រដ្ឋលេខាធិការក្រសួងកសិកម្ម និងជាប្រធានថ្នាក់ជាតិសម្រាប់គម្រោង«ការគ្រប់គ្រប់ដីប្រកបដោយនិរន្តរភាព» មានប្រសាសន៍ស្របថា ឱនភាព ឬការធ្លាក់ចុះគុណភាពដីនៅកម្ពុជានេះ គឺបណ្តាលមកពីការកាប់រានដីព្រៃច្រើនលើសលុប និងការធ្វើកសិកម្មមិនត្រឹមត្រូវតាមក្បួនខ្នាតបច្ចេកទេស។ ប៉ុន្តែ លោក អ៊ុក សុខុន កត់សម្គាល់ថា ផ្ទៃដីដែលធ្លាក់គុណភាពនៅកម្ពុជាមិនមានទំហំធំធេងពេកទេ បើទោះជាលោកពុំអាចបញ្ជាក់ចំនួនឲ្យពិតប្រាកដបានក៏ដោយ។ លោកប្រាប់វីអូអេខ្មែរថា៖ «តាមប៉ាន់ប្រមាណមិនខូចច្រើនប៉ុន្មានទេ។ យើងនៅតែបង្កបង្កើនផលបានជារៀងរហូតឲ្យតែយើងខិតខំប្រឹងប្រែងក្នុងការបង្កបង្កើនផល និងរៀបចំជាពូជឲ្យបានត្រឹមត្រូវ និងរៀបចំដីឲ្យបានត្រឹមត្រូវ រៀបចំជីឲ្យបានត្រឹមត្រូវ នោះយើងនឹងមិនមានផលប៉ះពាល់ច្រើនប៉ុន្មានទេ»។ ទោះបីជាយ៉ាងណាក៏ដោយ លោក ឡាយ ឃីម ប្រធានផ្នែកបរិស្ថាន និងថាមពលនៃអង្គការ UNDP មានប្រសាសន៍ថា ដើម្បីដោះស្រាយបញ្ហាឱនភាព ឬការរិចរិលគុណភាពដីនៅកម្ពុជានេះ ការលើកកម្ពស់គុណភាពដីឡើងវិញគឺជាការចាំបាច់ដូចជាតាមរយៈការដាំដុះដំណាំចម្រុះជាជាងដំណាំតែមួយមុខជាដើម។ លោកនិយាយថា៖ «ហើយនឹងការលើកកម្ពស់ធ្វើយ៉ាងម៉េចឲ្យមានទឹកគ្រប់គ្រាន់សម្រាប់ជួយលើកកម្ពស់សំណើមរបស់ដីនៅក្នុងប្រទេសកម្ពុជាយើង»។ លោក ឡាយ ឃីម មានប្រសាសន៍បន្តថា វិធីសាស្ត្រមួយទៀតគឺត្រូវទប់ស្កាត់ឲ្យបាននូវការបាត់បង់គម្របព្រៃឈើបន្ថែមទៀត ជាពិសេសគឺនៅតាមតំបន់ជម្រាល ដើម្បីធានាដល់គុណភាពដីប្រកបដោយជីជាតិឡើងវិញនៅកម្ពុជា៕ This posting includes an audio/video/photo media file: Download Now |
ប៉ាគីស្ថានរិះគន់សហរដ្ឋអាមេរិកពីការវាយប្រហារប៊ីនឡាដិន Posted: 05 May 2011 04:07 PM PDT កាលពីថ្ងៃអង្គារ ក្រសួងការបរទេសប៉ាគីស្ថានបានរិះគន់យ៉ាងខ្លាំងដល់កិច្ចប្រតិបត្តិការរបស់សហរដ្ឋអាមេរិកដែលបានសម្លាប់មេដឹកនាំភេរវជន អូសាម៉ា ប៊ិន ឡាដិន (Osama bin Laden) នៅក្នុងទីក្រុង អាប្បុត្តាបាដ (Abbottabad) នៃប្រទេសប៉ាគីស្ថាន។ ការរិះគន់នេះបានកើតមានឡើងនៅពេលដែលប្រធានាធិបតីប៉ាគីស្ថានបានច្រានចោលការចោទប្រកាន់ថា ប្រទេសរបស់លោកមិនបានតាមរកពួកភេរវជនឲ្យបានសកម្ម។ ក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារ ក្រសួងការបរទេសប៉ាគីស្ថានបានរិះគន់កិច្ចប្រតិបត្តិការរបស់កងកុម៉ង់ដូរសហរដ្ឋអាមេរិកដែលបានសម្លាប់ អូសាម៉ា ប៊ីន ឡាដិន។ សេចក្តីថ្លែងការណ៍នោះបានប្រាប់ឲ្យដឹងថា ប្រតិបត្តិការបានត្រូវធ្វើឡើងដោយមិនមានការយល់ព្រម ឬការអនុញ្ញាតពីរដ្ឋាភិបាលទីក្រុងអ៊ិស្លាម៉ាបាដ។ សេចក្តីថ្លែងការណ៍នោះក៏បានឲ្យដឹងទៀតថា សេវាកម្មស៊ើបការណ៍សម្ងាត់ (ISI) បានចែករំលែកព័ត៌មានអំពីបរិវេណរបស់ប៊ីនឡាដិន (bin Laden)នៅទីក្រុងអាប្បុត្តាបាដ (Abbottabad) ជាមួយទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កណ្តាលរបស់សហរដ្ឋអាមេរិក និងទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ប្រទេសជាមិត្តចាប់តាំងពីឆ្នាំ២០០៩មក។ សរសេរនៅក្នុងទំព័រកាសែតវ៉ាស៊ីនតោនប៉ុស្តិ៍ (Washington Post) កាលពីថ្ងៃអង្គារម្សិលមិញ លោក អាស៊ីហ្វ អាលីហ្សាដារី (Asif Ali Zardari) ប្រធានាធិបតីប៉ាគីស្ថានបានការពារប្រវត្តិរដ្ឋាភិបាលរបស់លោកក្នុងការប្រយុទ្ធប្រឆាំងភេរវជន ដោយនិយាយថា នៅខណៈពេលដែលការសម្លាប់មេដឹកនាំអាល់ខាដា (al-Qaida) មិនមែនជាកិច្ចប្រតិបត្តិការរួមរវាងសហរដ្ឋអាមេរិក និង ប៉ាគីស្ថាន ប៉ាគីស្ថានបានជួយរកឃើញអ្នកនាំសារអាល់កៃដា (Al-Qaida) ដែលដានរបស់ជននោះបាននាំឲ្យមន្រ្តីស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិករកឃើញកន្លែងលាក់ខ្លួនរបស់ប៊ីឡាឌីន។ មានការរឹះគន់កាន់តែខ្លាំងឡើងដល់ប៉ាគីស្ថានពីសំណាក់សភាសហរដ្ឋអាមេរិក ដែលអំពាវនាវឲ្យមានការស៊ើបអង្កេតថាតើភេរវជនដែលពិភពលោករកមុខបំផុត ស្នាក់នៅដោយគ្មានអ្នកណាដឹងនៅក្នុងទីក្រុងអាប្បុត្តាបាដ ជាទីដែលមានវត្តមានយោធាយ៉ាងច្រើន និងជាទីដែលបណ្ឌិតសភាយោធាប៉ាគីស្ថាននោះ។ សំណួរក៏ត្រូវបានបានលើកឡើងផងដែរនៅប៉ាគីស្ថានទាក់ទងនឹងអ្វីដែលរដ្ឋាភិបាលបានដឹងអំពីបេសកម្មសម្លាប់ ប៊ិន ឡាដិន។ លោក ហារ៉ូន អាខតារ (Haroon Akhtar) អ្នកនយោបាយគណបក្សប្រឆាំងនិយាយថា រដ្ឋាភិបាលរបស់លោក ហ្សារ៉ាហ៊ីរី កំពុងរក្សាការស្ងៀមស្ងាត់ពីព្រោះតែការភ័យខ្លាចពីការសងសឹករបស់ភេរវជន។ លោកថ្លែងដូច្នេះថា៖ «យើងមិនអាចជឿជាក់បានទេថា នៅក្នុងប្រទេសនេះ ឧទ្ធម្ភាគចក្របួនគ្រឿងអាចចូលមក ហើយប្រព័ន្ធរ៉ាដាយើងចាប់មិនបាន ហើយយើងមិនបានដឹងអំពីរឿងនេះរហូតដល់ប្រធានាធិបតីអូបាម៉ា បានទូរស័ព្ទទៅប្រធានាធិបតីរបស់យើង ហើយនិយាយថា «អរគុណណាស់។ យើងបានចូលក្នុងប្រទេសលោកហើយយើងបានសម្លាប់មនុស្សជាច្រើននោះ»។ ការណ៍នេះមិនអាចកើតឡើងបានទេ។ វាជាផលប៉ះពាល់ដែលយើងមានការភ័យខ្លាចនោះ ហើយយើងនៅស្ងប់ស្ងៀម។ ហេតុនេះហើយបានជាយើងមិនចង់និយាយលម្អិត»។ ជនជាតិប៉ាគីស្ថានជាច្រើនមានការខឹងសម្បា ហើយអាម៉ាសមុខដោយគេចាត់ទុកថា ជាការរំលោភអធិបតេយ្យភាពរបស់ពួកគេ ហើយការតានតឹងមានកម្រិតខ្ពស់នៅទូទាំងប្រទេសប៉ាគីស្ថានបន្ទាប់ពីការវាយឆ្មក់នោះ។ កាលពីថ្ងៃអង្គារអាមេរិកបានបើកស្ថានទូតរបស់ខ្លួនឡើងវិញនៅក្នុងរដ្ឋធានីអ៊ិស្លាម៉ាបាត និងស្ថានកុងស៊ុលរបស់ខ្លួននៅក្នុងទីក្រុងការ៉ាជី ក៏ប៉ុន្តែស្ថានកុងស៊ុលនៅក្នុងទីក្រុងផេសាវ៉ា (Peshawar) និងទីក្រុងឡាហ័រ (Lahore) នៅបិទទ្វារនៅឡើយដោយសារការព្រួយកង្វល់ខាងសន្តិសុខ៕ ប្រែសម្រួលដោយ ជឹង ប៉ូជីន This posting includes an audio/video/photo media file: Download Now |
You are subscribed to email updates from VOA News: ព័ត៌មាន To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |