VOA News: ព័ត៌មាន: “មន្ត្រី​អាមេរិក​ព្រមាន​ថា​ការ​គំរាម​ពី​ភេរវកម្ម​នឹង​នៅ​មាន​ក្រោយ​ការ​ស្លាប់​របស់​​ប៊ិន​ឡាដិន” plus 5 more

VOA News: ព័ត៌មាន: “មន្ត្រី​អាមេរិក​ព្រមាន​ថា​ការ​គំរាម​ពី​ភេរវកម្ម​នឹង​នៅ​មាន​ក្រោយ​ការ​ស្លាប់​របស់​​ប៊ិន​ឡាដិន” plus 5 more


មន្ត្រី​អាមេរិក​ព្រមាន​ថា​ការ​គំរាម​ពី​ភេរវកម្ម​នឹង​នៅ​មាន​ក្រោយ​ការ​ស្លាប់​របស់​​ប៊ិន​ឡាដិន

Posted: 03 May 2011 03:08 PM PDT

ខណៈ​ជន​ជាតិ​អាមេរិក​មាន​ប្រតិកម្ម​ចំពោះ​ព័ត៌មាន​អំពី​ការ​សម្លាប់​អូសាម៉ា​ប៊ិន​ឡាដិន​ដោយ​កង​កុំម៉ង់ដូ​សហរដ្ឋ​អាមេរិក​ ក្រុម​មន្ដ្រី​អាមេរិក​ព្រមាន​ថា​ ការ​ស្លាប់​របស់​មេដឹកនាំ​ក្រុម​អាល់កៃដា​នៅ​ក្នុង​ការ​វាយ​ឆ្មក់​មួយ​នៅ​ប៉ាគីស្ថាន​មិន​បំបាត់​ការ​គម្រាម​វាយ​ប្រហារ​របស់​ពួក​ភេរវជន​ទេ។

ការ​វាយ​ឆ្មក់​ប្រកប​ដោយ​ជោគ​ជ័យ​នៅ​ក្នុង​ទី​ក្រុង​ អាប្បូតាបាដ (Abbotabad) ប្រទេស​ប៉ាគីស្ថាន​ នា​ពេល​ព្រលឹម​ថ្ងៃ​ច័ន្ទ​ បាន​នាំ​ឲ្យ​លោក​ប្រធានាធិបតី​អូបាម៉ា​ប្រកាស​ថា «មាន​យុត្ដិធ៌ម​ហើយ»។ លោក​បាន គីមូន​អគ្គលេខាធិការអង្គការសហប្រជាជាតិ ហៅ​ការ​សម្លាប់​នេះ ថា​ជា​ «ឱកាស​ដ៏​​សំខាន់​មួយ»។ ក៏​ប៉ុន្ដែ​លោក​នីកូឡាស​ សារកូស៊ី​ ប្រធានាធិបតី​បារាំង​ ថ្លែង​ដោយ​ប្រុង​ប្រយ័ត្ន​ថា​ នេះ​មិនមែន​ជា​ទី​បញ្ចប់​នៃ​ក្រុម​អាល់កៃដា​ទេ​ ហើយ​លោកស្រី​ ហ៊ីឡារី គ្លិនតុន​ រដ្ឋមន្ដ្រី​​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​មាន​ប្រសាសន៍​ថា ការ​ប្រយុទ្ធ​នឹង​មិន​ចប់​ត្រឹម​​ការ​ស្លាប់​របស់​ប៊ិន​ឡាដិន​នេះ​ទេ។ លោក​ស្រី​ថ្លែង​ថា៖

«សហ​ប្រតិបត្ដិការ​ជា​បន្ដ​ទៅ​ទៀត​នឹង​មាន​សារ​:​សំខាន់​​នា​ពេល​ខាង​មុខ​នេះ​ ពីព្រោះ​ថា​ ទោះ​បី​យើង​មាន​ព្រិត្ដិការណ៍​ដ៏​សំខាន់​នេះ​ក៏​ដោយ​ ក៏​យើង​មិន​គួរ​ភ្លេច​ថា សង្គ្រាម​ដើម្បី​​បញ្ឈប់​ពួក​អាល់កៃដា​ និង​អង្គការ​ចាត់​តាំង​ភេរវកម្ម​របស់​ក្រុម​នេះ​នឹង​មិន​ចប់​ទៅ​ដោយ​ការ​ស្លាប់​របស់​​ប៊ិន​ឡាដិន​​នោះ​ទេ»។

លោក​ ដ្យន ប្រិន្និន (John Brennan) ជំនួយ​ការ​របស់​លោក​ប្រធានាធិបតី​អូបាម៉ា​ ទទួល​បន្ទុក​ខាង​សន្ដិសុខ​មាតុភូមិ​ និង​ការ​ប្រឆាំង​ភេរវកម្ម​ ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​ថា មេ​ដឹកនាំ​ក្រុម​អាល់កៃដា «ពួន​នៅ​កណ្ដាល​វាល​» ហើយ​ប្រាកដ​ជា​បាន​ទទួល​ជំនួយ។ ប៊ិន ឡាដិន​​ត្រូវ​បាន​តាម​ដាន​រហូត​ដល់​បរិវេណ​មួយ​ស្ថិត​នៅ​ក្នុង​ភូមិ​អ្នក​មាន​ទ្រព្យ​សម្បត្ដិ ដែល​មាន​ចម្ងាយ​ប្រមាណ​៥០​គីឡូម៉ែត្រ​ពី​រដ្ឋធានី​អ៊ីស្លាម៉ាបាត​នៅ​ក្នុង​តំបន់​មួយ​ពេញ​ដោយ​កង​កម្លាំង​ និងបុគ្គលិក​ស៊ើប​ការណ៍​សម្ងាត់​របស់​ប៉ាគីស្ថាន​យ៉ាង​ច្រើន​កុះករ។ លោក ប្រិន្និន ប្រាប់​អ្នក​យក​ព័ត៌មាន​នៅ​ថ្ងៃ​ច័ន្ទ​ថា​ ក្រុម​អាល់ខាដា​ត្រូវ​បាន​បំផ្លាញ​ហើយ​ ក៏​ប៉ុន្ដែ​នៅ​តែ​អាច​បង្ក​គ្រោះ​ថ្នាក់។

ប្រតិបត្ដិការ​ប្រកប​ដោយ​ជោគជ័យ​កើត​មាន​ឡើង​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ​មុន​ថ្ងៃ​ខួប​នៃ​ការ​វាយ​ប្រហារ​របស់​ភេរវជន​ទៅ​លើ​ទី​ក្រុង​ញូយ៉ក​ និង​ទីក្រុង​វ៉ាស៊ីនតោន​ នៅ​ថ្ងៃ​ទី​១១​ខែ​កញ្ញា​ឆ្នាំ​២០០១។ ក្នុង​រយ:​ពេល​១០​ឆ្នាំ​ចាប់​តាំង​ពី​ពេល​នោះ​មក​ អគារ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ត្រូវ​បាន​បំពាក់​ប្រព័ន្ធ​ការពារ​សន្ដិសុខ​ថ្មី។ ក្រសួង​សន្ដិសុខ​មាតុភូមិ​ចេញ​សេចក្ដី​ថ្លែង​ការណ៍​មួយ​ថា​ ខ្លួន​នឹង​មិន​ប្រកាស​ការ​ប្រុង​ជើង​ការ​ដោយសារ​តែ​ការ​ស្លាប់​របស់​ប៊ិន​ឡាដិន​ទេ​ ក៏​ប៉ុន្ដែ​ថា​​ទីភ្នាក់ងារ​​នេះ​នឹង​នៅ​តែ​ស្ថិត​នៅ​ក្នុង​ភាព​ប្រុង​ប្រយ័ត្ន​ខ្ពស់។

ក្រុម​មន្ដ្រី​ក្នុង​តំបន់​នៅ​ទូទាំង​ប្រទេស​បាន​គាំទ្រ​អត្ថាធិប្បាយ​របស់​ទី​ក្រុង​វ៉ាស៊ីនតោន។ លោក​ ឆាលី បិក (Charlie Beck) ស្នងការ​ប៉ូលីស​ទីក្រុង​ ឡស អានដ្យឺឡេស (Los Angeles) ហៅ​ថ្ងៃ​ដែល​ប៊ិន​ឡាដិន​ស្លាប់​​ថា​ ជា​ថ្ងៃ​ដ៏​ល្អ​មួយ​សម្រាប់​សហរដ្ឋ​អាមេរិក​ ក៏​ប៉ុន្ដែ​បានចេញ​ការ​ព្រមាន​មួយ។

«ខណៈ​យើង​ទទួល​ជ័យជម្នះ​នោះ​ យើង​ត្រូវ​តែ​ប្រុង​ប្រយ័ត្ន​ជានិច្ច​ថា​ ការ​កម្ចាត់​មេដឹកនាំ​ម្នាក់​មិន​អាច​បំបាត់​អង្គការ​នោះ​បាន​ទេ។​ យើង​នៅ​តែ​ប្រឈម​មុខ​នឹង​ការ​គម្រាម​យ៉ាង​ធ្ងន់ធ្ងរ។ ទោះបី​ជា​គ្មាន​ការ​គម្រាម​ជា​ក់​លាក់​ទៅ​លើ​ទី​ក្រុង​ ឡស អានដ្យឺឡេស​ ក៏​ដោយ​ ក៏ការ​គម្រាមជាទូទៅ​នៅ​តែ​មាន​ ហើយ​កាតព្វកិច្ច​របស់​ខ្ញុំ​​គឺ​ធ្វើ​ឲ្យ​ទីក្រុង​នេះ​មាន​សុវត្ថិភាព»។

អ្នកស្រី ម៉ារហ្ការ៉ិត ហ្ក្រេ (Margaret Gray) ដែល​រស់​នៅ​ក្នុង​ទីក្រុង​​ ឡស អានដ្យឺឡេស បើក​រថយន្ដ​ដឹក​កូន​ស្រី​របស់​គាត់​ទៅ​ចំណត​យន្ដ​ហោះ​ដើម្បី​ជិះ​យន្ដ​ហោះ​ទៅ​ទី​ក្រុង​ឈីខាហ្គោ (Chicago) ហើយ​ អ្នកស្រី ហ្រ្កេ រីករាយ​នឹង​បាន​ឃើញ​មាន​សន្ដិសុខ​បន្ថែម​ទៀត។ អ្នក​ស្រី​បន្ត​ថា៖

«មាន​កន្លែង​ឈប់​សម្រាប់​សន្ដិសុខ​ពេល​យើង​ចូល​ទៅ​ខាង​ក្នុង​ ហើយ​លោក​ត្រូវឆែក​កន្ទុយ​រថយន្ដ​របស់​ខ្ញុំ។ ខ្ញុំ​ចង់​និយាយ​ថា​ លោក​គ្រាន់​តែ​អើត​ក្បាល​ចូល​តាម​បង្អួច​ ក៏​ប៉ុន្ដែ​លោក​មាន​ការ​ជឿ​ជាក់​នៅ​ក្នុង​ចិត្ដ​ ហើយ​នៅ​ទី​បំផុត​លោក​និយាយ​ថា​ «អញ្ជើញ​ឲ្យ​បាន​សុខ​សប្បាយ»។​ ធ្វើ​បែប​នេះ​មិន​មែន​ជា​វិធានការ​តឹងតែង​ទេ​ ដូច្នេះ​ខ្ញុំ​មាន​អារម្មណ៍​ល្អ​ថា​ ពួក​គេ​ចង់​ឲ្យ​មាន​សន្ដិសុខ​ ហើយ​ពួក​គេ​ព្យាយាម​ប្រុង​ជើង​ការ ហើយ​ប្រុង​ប្រៀប​ខ្លួន»។

លោក រ៉ប៊ត ហ្គូត្តម៉ិន (Robert Guttman) អ្នក​វិភាគនៅ​សាកលវិទ្យាល័យ​ ដ្យនស៍ ហបឃីនស​ (Johns Hopkins) និយាយ​ថា ការ​ប្រុង​ប្រយ័ត្ន​កម្រិត​ខ្ពស់​នឹង​បន្ដ​មាន​នៅ​ក្នុង​ទីក្រុង​ធំៗ​សំខាន់ៗ​នៅ​សហរដ្ឋ​អាមេរិក និង​ទី​កន្លែង​ផ្សេងៗ​ទៀត។ លោក​ហ្គូត្តម៉ិន ថ្លែងថា៖

«នៅ​មិន​ទាន់​ចប់​ទេ។​ ខ្ញុំ​គិត​ថា​ នឹង​មាន​សន្ដិសុខ​កម្រិត​​ខ្ពស់​នៅ​ជុំ​វិញ​សហរដ្ឋ​អាមេរិក ជា​ពិសេស​នៅ​ទី​ក្រុង​ញូយ៉ក​ វ៉ាស៊ីនតោន​ហើយ​នឹង​ឡុង»។

សមាជិក​សំខាន់ៗ​នៃ​ពួក​អាល់កៃដា​មួយ​ចំនួន​ត្រូវ​បាន​សម្លាប់ ឬ​ចាប់​បាន​ ក៏​ប៉ុន្ដែ​ខ្លះ​ទៀត​នៅ​មាន​ច្រើន ​មាន​រាប់​ទាំង​ អាយមែន អា ហ្សារ៉ាហ៊ីរី (Ayman a-Zarahiri) ដែល​ជា​ភូឈួយ​របស់​អូសាម៉ា​ប៊ិន​ឡាដិន៕

ប្រែសម្រួល​ដោយ​ កង ស៊ីវន

This posting includes an audio/video/photo media file: Download Now

មន្រ្តី​​អាមេរិក​ផ្តល់​សេចក្តី​លម្អិត​អំពី​កិច្ច​ប្រតិបត្តិការ​សម្លាប់​ប៊ិន​ឡាដិន

Posted: 03 May 2011 12:06 PM PDT

បន្ទាប់​ពី​ការ​ប្រកាស​របស់​លោក​ប្រធានាធិបតី​ បារ៉ាក់ អូបាម៉ា (Barack​ Obama) ថា​ មេដឹក​នាំ​ក្រុម អាល់កៃដា (al-Qaida) អូសាម៉ា ប៊ិន​ឡាដិន (Osama ​bin​ Laden) បាន​ត្រូវ​សម្លាប់​នៅក្នុង​កិច្ច​ប្រតិ​បត្តិ​ការ​កង​កម្លាំង​ពិសេស​របស់​អាមេរិក​នៅ​ប៉ាគីស្ថាន​ មន្រ្តី​ជាន់​ខ្ពស់​របស់​រដ្ឋបាល​អូបាម៉ា​បាន​ផ្តល់​សេចក្តី​លម្អិត​អំពី​រឿង​នេះ។

ថ្លែង​ត្រួសៗ​ទៅ​កាន់​អ្នក​យកព័ត៌​មាន​នៅ​ក្នុង​សន្និសីទ​ព័ត៌មាន​តាម​ទូរស័ព្ទ​បន្ទាប់​ពី​ប្រធានា​ធិបតី​និយាយ មន្រ្តី​រដ្ឋបាល​ជាន់ខ្ពស់​បាន​ផ្តល់​សេចក្តី​លម្អិត​បន្ថែម​ពី​កិច្ចប្រតិបត្តិការ​ដែល​បាន​សម្លាប់​ ប៊ិន​ឡាដិន​ ទោះ​គេ​បាន​បញ្ជាក់​ថា គេ​មិន​អាច​​និង​មិន​ផ្តល់​សេចក្តី​លម្អិត​ជាច្រើន​អំពី​បេស​កម្ម​នេះ​ក៏ដោយ។ មន្រ្តី​បាន​ពិណ៌នា​អ្វី​ដែល​ពួកគេ​ហៅថា ការ​វាយឆ្មក់​ប្រកប​ដោយ​គ្រោះថ្នាក់​ដោយ​ក្រុម​ប្រតិបត្តិការ​ពិសេស​តាម​ឧទ្ធម្ភាគចក្រ​ធុនតូច ​ទៅ​លើ​បរិវេណ​ដ៏ធំមួយ​នៅ​ក្នុង​ទីក្រុង​ អាប្បុតាបាដ (Abbotabad) ភាគ​ខាង​ជើង ​រដ្ឋធានី​ អ៊ីស្លាម៉ាបាដ (Islamabad) នៃ​ប្រទេស​ប៉ាគីស្ថាន។

មន្រ្តី​បាន​និយាយ​ថា បរិវេណ​នោះ​​សាងសង់​ប្រហែល​ប្រាំ​ឆ្នាំ​ហើយ​ ហើយ​មាន​សន្តិសុខ​ដ៏​រឹងមាំ​ ដោយ​មាន​ជញ្ជាំង​ដ៏ក្រាស់​ និង​មាន​លួសបន្លា​ជា​រង្វង់​នៅ​ពី​លើ​ ហើយ​មាន​បង្អួច​លយ​ចេញ​ទៅ​ក្រៅ​ ហើយ​មាន​ច្រក​ទ្វារ​ពីរ​ដែល​មាន​ការ ​ការពារ​សន្តិសុខ​ ហើយ​មិន​មាន​ទូរស័ព្ទ​និង​សេវាកម្ម​អ៊ិនធឺណិត​ទេ។

មន្រ្តី​ប្រាប់​ឲ្យ​ដឹង​ថា អូសាម៉ា ប៊ិន​ឡាដិន (Osama​ bin​ Laden) បាន​តដៃ​ជាមួយ​កងទ័ព​ ហើយ​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ការ​វាយ​ប្រហារ​តបត​នោះ។ មន្រ្តី​អាមេរិក​មិន​បាន​ផ្តល់​សេចក្តី​លម្អិត​អំពី​រយៈពេល​នៃ​ការប្រយុទ្ធ​នោះ​ទេ។

<!--IMAGE-->

ក្រុម​ប្រតិបត្តិការ​ពិសេស​សហរដ្ឋ​អាមេរិក​ បាន​ស្ថិត​នៅ​ក្នុង​បរិវេណ​នោះ​មិន​ដល់​៤០​នាទី​ទេ ​ហើយ​ក៏​មិន​បាន​ប្រឈម​នឹង​អាជ្ញាធរ​មូលដ្ឋាន​ណា​មួយ​របស់​ប៉ាគីស្ថាន​ដែរ។ មន្រ្តី​និយាយ​ថា​ បេសកម្ម​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ដើម្បី​ធ្វើ​ឲ្យ​មាន​ការ​ខូចខាត និង​គ្រោះ​ថ្នាក់​តិច​តួច​បំផុត​ដល់​អ្នក​មិន​ប្រយុទ្ធ​នៅ​ក្នុង​បរិវេណ​នោះ ហើយ​នឹង​ជន​ស៊ីវិល​ប៉ាគីស្ថាន​នៅ​ក្នុង​តំបន់​នោះ។ នៅ​​ក្នុង​​ប្រយុទ្ធ​​តបត​គ្នា​មន្រ្តី​និយាយ​ថា​ក្មេង​ជំទង់​ប្រុស​ៗបី​នាក់​បាន​ត្រូវ​សម្លាប់​ រួមមាន​អ្នក​ដែល​ត្រូវ​គេ​ជឿជាក់​ថា​ ជា​អ្នកនាំសារ​របស់​ប៊ិន​ឡាដិន​ពីរ​នាក់ ហើយ​បុរស​ទី៣ ដែល​មន្រ្តី​និយាយ​ថា ​គេ​ជឿជាក់​ថា ជាកូន​ប្រុសរ​បស់​ប៊ិន​ឡាដិន។ មាន​ស្រ្តី និង​កូនក្មេង​ជាច្រើន​នៅក្នុង​បរិវេណ​នោះ។ មន្រ្តី​និយាយ​ថា ស្រ្តី​ម្នាក់​បាន​ត្រូវ​សម្លាប់​នៅ​ពេល​ដែល​ស្រ្តី​នោះ​ត្រូវ​បាន​អ្នក​ប្រយុទ្ធ​ម្នាក់​យក​ធ្វើជា​ខែល​ការពារ​ខ្លូន ។ ស្រ្តី​ពីរ​នាក់​ផ្សេង​ទៀត​បាន​រង​របួស។

សហរដ្ឋ​អាមេរិក​បាន​ខាត​បង់​ឧទ្ធភាគ​មួយគ្រឿង​ក្នុង​កិច្ចប្រតិបត្តិការ​នោះ ដោយសារ​តែ​បញ្ហា​មេកានិក ​ដែល​ពួក​មន្រ្តី​មិន​បាន​និយាយ​លម្អិត។ គេ​​និយាយ​ថា​ យន្តហោះ​មួយ​គ្រឿង​នោះ​បាន​ត្រូវ​កម្ទេច​ចោល​ដោយ​អ្នកបើកបរ​ដោយ​ហេតុផល​សន្តិសុខ។ ទ័ព​វាយ​ឆ្មក់​ត្រូវ​បាន​ដឹក​តាម​ឧទ្ធម្ភាគចក្រ​ដែល​នៅសល់​ពី​បរិវេណ​នោះ។ នៅក្នុង​ការឆ្លើយ​ទៅកាន់​សំណួរ​របស់​អ្នក​យក​ព័ត៌មាន​ មន្រ្តី​ជាន់​ខ្ពស់​រដ្ឋបាល​បាន​និយាយ​ថា គេ​បាន​ចាត់​វិធាន​ការ​ដើម្បី​ធ្វើឲ្យ​ប្រាកដ​ថា​សព​របស់​ ប៊ិន​ឡាដិន​ នឹងត្រូវ​ចាត់​ការ​ស្រប​ទៅ​តាម​ការ​ប្រតិបត្តិ ​និង​ប្រពៃណី​អ៊ិស្លាម។ គេ​និយាយ​ថា​ អាមេរិក​បាន​គិតគូរ​ដ៏​ហ្មត់ចត់​បំផុត​ពី​បញ្ហា​នេះ។

នៅពេល​ដែល​សួរ​អំពី​ការ​ពិត​ថា​ ប៊ិន​ឡាដិន​ នៅ​ទីបំផុត​ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ប៉ាគីស្ថាន ​ហើយ​ថា​តើ​ការណ៍​នេះ​បញ្ជាក់​ពី​ការ​ជាប់​ទាក់ទិន​ណាមួយ​ ដែល​ ប៊ិន​ឡាដិន​មាន​ជាមួយ​អាជ្ញាធរ​ប៉ាគីស្ថាន​ មន្រ្តី​ទាំងនោះ​និ​យាយ​ថា អាមេរិក​មាន​ការ​ព្រួយ​កង្វល់​យ៉ាង​ខ្លាំង​អំពី​ការ​ពិត​ដែល​ថា ប៊ិន​ឡាដិន​បាន​នៅ​ប៉ាគីស្ថាន ​ដោយ​មន្ត្រី​ទាំង​នោះ​និយាយ​បន្ថែម​​ទៀត​ថា​ នេះ​ជា​បញ្ហា​ដែល​យើង​កំពុង​បន្ត​ដោះស្រាយ​ជាមួយ​មន្រ្តី​ប៉ាគីស្ថាន។

មន្រ្តី​ជាន់​ខ្ពស់​រដ្ឋបាល​បាន​រំលឹក​ឡើង​វិញ​ថា​ ប្រធានាធិបតី​អូបាម៉ា ​បាន​បញ្ជាក់​យ៉ាងច្បាស់​ម្តងហើយ​ម្តងទៀត​ថា​ អាមេរិក ​នឹង​ធ្វើ​តាម​ព័ត៌មាន​សម្ងាត់​ស្តី​ពី​ទីកន្លែង​របស់​ប៊ិន​ឡាដិន។ គេ​និយាយ​ថា​ ពួក​គេ​បាន​ជម្រាប​ត្រួសៗ​ដល់​មេដឹកនាំ​ជាន់ខ្ពស់​ប៉ាគីស្ថាន​បន្ទាប់​ពី​វាយ​ឆ្មក់​ ស្តី​អំពី​គោលបំណង​ និង​លទ្ធផល​នៃ​ប្រតិបត្តិការ​នេះ។

មន្រ្តី​ជាន់​ខ្ពស់​រដ្ឋបាល​និយាយ​ថា ព័ត៌មាន​សម្ងាត់​ស្តី​ពី​បរិវេណ​ផ្ទះ​របស់​ ប៊ិន​ឡាដិន មិន​ត្រូវ​បាន​ចែក​រំលែក​ជាមួយ​ប្រទេស​ផ្សេង​ទៀត​ទេ​រួមមាន​ទាំង​ប៉ាគីស្ថាន​ផង​ដែរ​ ដោយ​និយាយ​ថា​ រឿងនេះ​មានសារៈសំខាន់​សម្រាប់​សន្តិសុខ​នៃ​កិច្ច​ប្រតិបត្តិការ​ ហើយនឹង​បុគ្គលិក​អាមេរិក។ មន្រ្តី​និយាយ​បន្ថែម​ទៀត​ថា​មាន​តែ​មនុស្ស​មួយ​ក្រុម​តូច​នៅ​ក្នុង​រដ្ឋាភិបាល​អាមេរិក​ប៉ុណ្ណោះ​បានដឹង​អំពី​ប្រតិបត្តិការ​នេះ។ មន្រ្តី​និយាយ​បន្ថែម​ទៀត​ថា​ នៅ​ដើម​ខែ​កញ្ញា​​ ឆ្នាំ​កន្លង​ទៅ​ ទីភ្នាក់ងារ​ស៊ើប​ការណ៍​សម្ងាត់​កណ្តាល​សហរដ្ឋ​អាមេរិក​បាន​ចាប់​ផ្តើម​ធ្វើ​ការងារ​ជាមួយ​ប្រធានាធិបតី​អូបាម៉ា​ ពី​ការវាយ​តម្លៃ​ជាបន្ត​បន្ទាប់​ដែល​បាន​នាំឲ្យ​ទីភ្នាក់ងារ​នោះ​ជឿជាក់​ថា​ អូសាម៉ា​ ប៊ិន​ឡាដិន​ ស្ថិត​នៅ​ឯ​បិវេណ​ក្នុងប្រទេស​​ប៉ាគីស្ថាន។ នៅពាក់​កណ្តាល​ខែកុម្ភៈ​ ពួកមន្រ្តី​និយាយ​ថា​ ជំនួប​ដ៏​លម្អិត​ជា​បន្ត​បន្ទាប់​​ផ្អែក​លើ​ព័ត៌មាន​សម្ងាត់​ជាក់លាក់​មួយ​ដើម្បី​តាម​រក​ចាប់​ខ្លួន​ប៊ិន​ឡាដិន។

ក្នុង​រវាងពាក់​កណ្តាល​ខែ​មិនា និង​ចុងខែ​មេសា មន្រ្តី​និយាយ​ថា​ ប្រធានាធិបតី​ អូបាម៉ា​ បាន​ធ្វើ​ជា​អធិបតី​នៃ​កិច្ច​ប្រជុំ​ក្រុម​ប្រឹក្សា​សន្តិសុខ​ជាតិ​ដើម្បី​អភិវឌ្ឍ​វិធានការ​មួយ​នាំយក​ប៊ិន​ឡាដិន​ទៅ​កាន់​តុលាការ ​ហើយនឹង​បញ្ជា​ចុង​ក្រោយ​ធ្វើ​ប្រតិបត្តិការ​នៅ​ព្រឹក​ ថ្ងៃ​អង្គារ​ទី២៩។ មន្រ្តី​ជាន់​ខ្ពស់​ម្នាក់​និយាយ​ថា កិច្ច​ប្រតិបត្តិការ​​ប្រកប​ដោយ​ជោគជ័យ​កើត​មាន​ឡើង​ដោយសារ​ការងារ​ការស៊ើបការ​សម្ងាត់​ដ៏​ជឿនលឿន​យ៉ាង​ប្រយ័ត្ន​ប្រយ៉ែង​ជាច្រើន​ឆ្នាំ​ ដែល​​​មាន​​ការចូលរួម​ពី​សំណាក់​​​​ទីភ្នាក់ងារ​យ៉ាងច្រើន។ មន្រ្តី​នោះ​និយាយ​ថា​ នៅ​ពេល​ដែល​ករណី​ត្រូវ​បាន​សម្រេច​ថា បរិវេណ​ក្នុង​ប្រទេស​ប៉ាគីស្ថាន​ជាទិស​ដៅ​នៃ​ការ​វាយ​ប្រហារ។ មន្រ្តី​នោះ​និយាយ​ថា មន្រ្តី​ចាប់​ផ្តើម​រៀប​ចំ​បេសកម្ម​ជាមួយ​យោធា​ដោយ​ការ​សហការ​របស់​អាមេរិក។

ចំពោះ​ឥទ្ធិពល​នៃ​ការសម្លាប់​ ប៊ិន​ឡាដិន​ នឹងមាន​លើពួក ​អាល់កៃដា​ នោះ មន្ត្រី​ជាន់​ខ្ពស់​រដ្ឋបាល​បាន​ហៅ​ការ​សម្លាប់​ ប៊ិន​ឡាដិន​ ថាជាជ័យជម្នះ​ដ៏​ធំ​បំផុត​មួយ​នៅ​ក្នុង​យុទ្ធនាការ​ដែល​ដឹកនាំ​ដោយ​អាមេរិក​ដើម្បី​បង្អាក់ រំលាយ​ និងធ្វើ​ឲ្យពួក​អាល់កៃដា បរាជ័យ​ ហើយ​នឹង​ជា​វិធានការ​សំខាន់ និង​មាន​សារៈ​សំខាន់​គឺ​ដើម្បី​កម្ទេច​ពួក​អាល់កៃដា​នៅទី​បញ្ចប់។

ទោះបី​មន្រ្តី​រដ្ឋបាល​និយាយ​ថា ការស្លាប់​របស់​ ប៊ិន​ឡាដិន​ នឹង​ធ្វើ​ឲ្យ​ពួក​អាល់កៃដា អន់ថយ និង​ពិបាក​ត្រឡប់​ទៅ​រក​ស្ថានភាព​ដូច​ដើម​វិញក៏​ដោយ​ គេ​និយាយ​ថា អង្គការ​ភេវរកម្ម ​ប្រហែល​មិន​អាច​រលំ​រលាយ​នៅ​ពេល​ឆាប់​នេះទេ។

មន្ត្រី​និយាយ​ថា វា​ជា​ការល្អណាស់​​ដែល​មរណភាព​របស់ប៊ិន​ឡាដិន ​កើត​ចំពេល​ដែល​មាន​ចលនា​ដ៏​ធំ​មួយ​ដើម្បី​សេរីភាព​ លទ្ធិ​ប្រជាធិបតេយ្យ ​ដែល​កំពុង​បោស​សម្អាត​មេដឹកនាំ​នៅ​ពិភព​អារ៉ាប់​ ដោយ​បាន​បន្ថែម​ថា​ប៊ិន​ឡាដិន គឺ​ជា​ឧបសគ្គ​រារាំង​អ្វី​ដែល​បុរស​ និង​ស្រ្តី​ដ៏​ក្លាហាន​នៅ​ពាសពេញ​តំបន់​មជ្ឈឹម​បូព៌ា​ និង​អាហ្វ្រិក​ខាងជើង​កំពុង​ប្រថុយ​ប្រថាន​ជីវិត​របស់​ពួកគេ ​គឺដើម្បី​សិទ្ធិ​បុគ្គល និង​សេចក្តី​ថ្លៃថ្នូរ​របស់​មនុស្ស​ជាតិ។

ប្រែ​សម្រួល​ដោយ​ ជឹង ​ប៉ូជីន

This posting includes an audio/video/photo media file: Download Now

បារាំង​អំពាវនាវ​ឲ្យ​កម្ពុជា​និង​ថៃ​ឈប់​បាញ់

Posted: 02 May 2011 04:29 PM PDT

ក្រសួង​ការបរទេស​បារាំង​ នៅ​ថ្ងៃ​ច័ន្ទ​នេះ​ បាន​អំពាវនាវ​ឲ្យ​កម្ពុជា​និង​ថៃ​ឈប់​បាញ់​គ្នា​ជា​បន្ទាន់​ ហើយ​ដោះស្រាយ​អរិភាព​ព្រំដែន​ជាមួយ​គ្នា​ដោយ​សន្ដិវីធី​ និង​ដោយ​គោរព​តាម​ច្បាប់​អន្ដរជាតិ។ សេចក្ដី​អំពាវនាវ​ធ្វើឡើង​ ខណៈ​ដែល​កងទព័​នៃ​ប្រទេស​ទាំងពីរ​បាន​បន្ដ​ប្រយុទ្ធ​គ្នា​នៅ​តំបន់​ប្រាសាទ​តាមាន់ ​និង​ប្រាសាទ​តាក្របី​របស់​ខ្មែរ​ក្នុង​ខេត្ត​ឧត្តរមានជ័យ​ ជាប់​ជាមួយ​ខេត្ត​សុរិន្ទ​របស់​ថៃ ​ឈាន​ចូល​ដល់ថ្ងៃទី​១១ ហើយ​នៅ​ថ្ងៃនេះ។ មន្ដ្រី​ជាន់ខ្ពស់​យោធា​នៃ​ប្រទេស​ទាំងពីរ​ បាន​ចរចា​ចំនួន​បីដង​ ហើយ​ក៏បាន​ព្រម​ព្រៀង​គ្នា​ឈប់​បាញ់​គ្នា​ចំនួន​បីដង​រួចមក​ហើយ​ដែរ​ក្នុង​ចន្លោះ​ពេល​មាន​ការ​ប្រយុទ្ធ​គ្នានេះ។ ក៏ប៉ុន្ដែ​កិច្ចព្រមព្រៀង​នេះ​មិនត្រូវ​បាន​អនុវត្ត​នោះ​ឡើយ។

អ្នកនាំពាក្យ​ក្រសួង​ការបរទេស​បារាំង​ លោក​ បេណាដ វ៉ាលឺរ៉ូ (Bernard Valero) មាន​ប្រសាសន៍​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​នេះថា៖

«នៅពេល​ដែល​កងទព័​នៃ​ប្រទេស​កម្ពុជា​​និង​កងទព័​របស់​ប្រទេស​ថៃ ទើប​តែ​ព្រម​ព្រៀង​ឈប់​បាញ់​គ្នា ​យើង​បាន​ដឹង​ថា​ការ​ប្រយុទ្ធ​គ្នា​បាន​កើត​ឡើង​សារជាថ្មី​ដោយ​បណ្ដាល​ឲ្យ​មាន​ជនរងគ្រោះ​ថ្មីៗ​ទៀត»។

មន្ដ្រី​អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​បារាំង​បញ្ជាក់​ថា​ បារាំង​ទទូច​ឲ្យ​ភាគី​មាន​ជម្លោះ​អត់​ធ្មត់​ និង​ទទួល​ខុសត្រូវ​ ហើយ​បារាំង​គាំទ្រ​ជំហរ​របស់​ឥណ្ឌូណេស៊ី​ ដែល​ជា​ប្រធាន​អាស៊ាន​បច្ចុប្បន្ន​ និង​ការដាក់​ពង្រាយ​កងទព័​សង្កេតការ​របស់​ឥណ្ឌូណេស៊ី​នៅ​តំបន់​ឈ្លោះ​ប្រកែក។

កងទព័​កម្ពុជា ​និង​កងទព័​ថៃ​បាន​ប្រយុទ្ធ​គ្នា​យ៉ាង​ប្ដូរ​ផ្ដាច់​ចាប់តាំង​ពី​ថ្ងៃទី​២២​ខែ​មេសា។ កងទព័​នៃ​ប្រទេស​ទាំង​ពី​រ​បាន​ស្លាប់​កើន​ដល់​១៧នាក់​ហើយ។ ប្រជាពល​រដ្ឋ​ជា​ច្រើន​ម៉ឺននាក់​នៃ​ភាគី​ទាំង​សង​ខាង​ត្រូវ​បាន​ជម្លៀស​ចេញ​ពី​ភូមិ​ឋាន​របស់​ពួក​គេ។

បណ្ដាញ​ផ្សព្វផ្សាយ​នៃ​ប្រទេស​ទាំង​ពីរ​បាន​ស្រង់​សម្តី​ចោទ​ប្រកាន់​គ្នា​ទៅវិញ​ទៅមក​អំពីការ​បង្ក​ជម្លោះ​របស់​ភាគី​នីមួយៗ។

អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​ លោក ​បាន​ គីមូន ​និង​រដ្ឋាភិបាល​អាមេរិក​ បាន​អំពាវនាវ​កាល​ពី​សប្ដាហ៍​មុន សុំឲ្យ​រដ្ឋាភិបាល​កម្ពុជា​ និង​ថៃ​បន្ត​ភាព​អត់ធ្មត់​របស់​ខ្លួន​ក្នុង​ការ​ដោះស្រាយជម្លោះ។

លោក​នាយករដ្ឋមន្ដ្រី​ខ្មែរ​ ហ៊ុន សែន​ បាន​ប្រកាស​ឲ្យ​ដឹងថា ​លោក​នឹង​លើក​បញ្ហា​ជម្លោះ​ប្រដាប់​អាវុធ​នៅ​តាម​តំបន់​ព្រំដែន​ជាមួយ​ប្រទេស​ថៃ​នេះ​នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​នៅ​ឥណ្ឌូនេស៊ី​នៅ​ថ្ងៃទី៧ ​និង​ទី៨ ​ឧសភា​ នេះ។

នាយកដ្ឋាន​ទំនាក់ទំនង​កិច្ចការ​សាធារណៈ​របស់​ថៃ​ក៏​បាន​ប្រកាស​ឲ្យ​ដឹង​នៅ​ថ្ងៃនេះ​ដែរ​ថា នាយក​រដ្ឋមន្ដ្រី​ថៃ លោក​ អាភីស៊ីត​ វិចាជីវ៉ា ​គ្រោង​នឹង​ធ្វើការ​បំភ្លឺ​មួយ​ជុំវិញ​ជម្លោះ​ប្រដាប់​អាវុធ​នេះ​ដល់​មេដឹកនាំ​ប្រទេស​អាស៊ាន​ក្នុង​កិច្ចប្រជុំ​នោះ​ដែរ៕

This posting includes an audio/video/photo media file: Download Now

ពលរដ្ឋ​កម្ពុជា​​អបអរ​មរណភាព​របស់​មេភេរវកម្ម

Posted: 02 May 2011 03:55 PM PDT

នៅ​ថ្ងៃ​ច័ន្ទនេះ​ ប្រជាពលរដ្ឋ​ខ្មែរ​ បាន​អបអរសាទរ​ចំពោះ​​មរណភាព​របស់​មេ​ភេរវកម្ម​អូសាម៉ា​ប៊ិន​ឡាដិន ដោយ​ពិពណ៌នា​ការសម្លាប់​ប៊ិន​ឡាដិន​ថា ជាជ័យ​ជម្នះ​ដ៏​ធំធេង​នៃយោធា​អាមេរិក​ក្នុង​ការ​ឆ្ពោះ​ទៅ​រក​ការ​ធ្វើ​ឲ្យវិនាស​សាបសូន្យ​ដល់​អំពើ​ភេរវកម្ម​អន្តរជាតិ។

ប្រជាពលរដ្ឋ​អាមេរិក​រាប់ពាន់​នាក់ ​បាន​ប្រមូលផ្តុំ​គ្នា​នៅ​ខាង​ក្រៅ​សេតវិមាន​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​ និង​នៅ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ពិភពលោក​ ដែល​ត្រូវ​បាន​រំលំ​ដោយ​អំពើ​ភេរវកម្ម​របស់​អូសាម៉ា​ ប៊ិន ឡាដិន ដើម្បី​អបអរសាទរ​ការសម្លាប់​មេ​ភេរវកម្ម អូសាម៉ា ប៊ិន ឡាឌិន​នេះ។ ​ប្រជាពលរដ្ឋ​ខ្មែរ​បាន​ចូល​រួម​ជាមួយ​ប្រជាពល​រដ្ឋអាមេរិក​ក្នុង​ព្រឹត្តិការណ៍​នេះ​ផងដែរ។

លោក​ អេស សុះ ​អាយុ ​៣៧ឆ្នាំ ​ជនជាតិខ្មែរ​​​អ៊ិស្លាម​ បាន​និយាយថា ការស្លាប់​របស់​អូសាម៉ា ប៊ិន ឡាដិន គឺជា​សញ្ញា​វិជ្ជមាន​មួយ​សម្រាប់​បញ្ចប់​ការ​ភ័យខ្លាច​អំពើ​ភេរវកម្ម​នៅ​ជុំវិញ​ពិភពលោក ហើយ​សង្គ្រាម​ភេរវកម្ម​ដែល​កំពុង​កើត​មាន​នៅ​អ៊ីរ៉ាក់​ ប៉ាគីស្ថាន​ អាហ្កានីស្ថាន​ និង​កន្លែង​ដទៃ​ទៀត​នឹង​ថយ​ចុះ។

លោក​ សុះ​ បានបញ្ជាក់​ថា​ ការ​ប៉ះបោរ​របស់​អ្នក​កាន់​សាសនា​អ៊ិស្លាម​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​មជ្ឈឹម​បូព៌ា និង​ការ​សម្លាប់ ​ប៊ិន ឡាដិន​ មិនមែន​មាន​សារៈសំខាន់​សម្រាប់​តែ​ខ្មែរ​អ៊ិស្លាម​ទេ ​ប៉ុន្តែ​ថែម​ទាំង​សម្រាប់ពិភព​អ្នក​កាន់​សាសនា​អ៊ិស្លាម​ក្នុង​ការ​បង្កើន​ជំនឿ​ជឿជាក់​ទៅវិញ​ទៅមក​ក្នុង​ចំណោម​សាសនា​ផ្សេងៗ​កាន់​ខ្លាំង​ឡើង។

លោក​ រ៉ូនី អាតាម ​អាយុ២៦ ​និស្សិត​ខ្មែរ​អ៊ិស្លាម​ នៅ​សាកល​វិទ្យាល័យ​ព្រះ​កុសមៈ ​បា​ននិយាយ​ថា លោក​ស្វាគមន៍​ដំណឹង​អំពី​មរណភាព​របស់​ ប៊ិន ឡាដិន ​ហើយ​នេះ​ជា​ដំណឹង​ល្អ​សម្រាប់​ពិភព លោក​ទាំងមូល​ដែល​នឹង​អាច​រួចផុត​ពីការ​គំរាមគំហែង​ភេរវកម្ម​អន្តរជាតិ​នេះ។ លោក​ អាតាម ​បាន​បន្តថា អាមេរិក​បា​នបង្ហាញ​កិត្យានុភាព ​និង​សមត្ថភាព​នៃ​អំណាច​យោធាក្នុងការ​សម្លាប់ ប៊ិន ឡាដិន​ និង​បង្កើន​កេរ្តិ៍ឈ្មោះ​អាមេរិក​នៅ​ក្នុង​ពិភពលោក​ទាំងមូល។ លោក​អាតាម ថ្លែង​ដូច្នេះ​ថា៖

«អំពើ​ភេរវកម្ម​ក្រោម​ការដឹកនាំ​របស់​អូសាម៉ា ប៊ិនឡាដិន ​អាច​កាត់​បន្ថយ​ ឬ​សាបសូន្យ​នៅ​ពេល​មេ​ភេរវករ​ អូសាម៉ា ប៊ិន ​ឡាដិន​ត្រូវ​បាន​សម្លាប់​ ហើយ​អង្គការ​ភេរវកម្ម​របស់​គាត់​អាច​នឹង​សាបសូន្យ​ទៅ តាម​ជីវិត​របស់​គាត់។​ ធ្វើ​អ្វីៗ​ត្រូវ​តែ​មាន​មេដឹកនាំ។ បើ​មេដឹកនាំ​ស្លាប់​ហើយ​ អំពើ​នោះ​នឹងត្រូវ​បញ្ចប់»។

លោក​ស៊ុន ដារា​ អាយុ​២៣ឆ្នាំ ​និស្សិត​ឆ្នាំ​ទី៣​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ ​និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច ​បាន​និយាយថាអាមេរិក ​និង​ប្រជាពលរដ្ឋ​អាមេរិក​ពិត​ជា​រីករាយ ​ខណៈ​ដែល​អូសាម៉ា ប៊ិន​ ឡាដិន​ ត្រូវ​បាន​សម្លាប់​ដោយ​កងទ័ព​អាមេរិក​នេះ។ លោក​បន្ត​ទៀត​ថា៖

«សហរដ្ឋអាមេរិក​ និង​ប្រជាពលរដ្ឋ​អាមេរិក​មាន​ការ​សប្បាយ​ចិត្ត​ណាស់ ​នៅ​ពេល​ដែល​គាត់​បាន​ឈ្នះ និង​បាន​ការសម្លាប់​អូសាម៉ា ប៊ិន ឡាដិន។ ពិភពលោក​មាន​សប្បាយ​ចិត្ត​ដោយសារ​តែ​មេដឹកនាំ ម្នាក់​នេះ​ត្រូវបាន​សម្លាប់។ ប៉ុន្តែ​រឿង​មួយ​ទៀត​ដែល​យើង​មាន​ការព្រួយបារម្ភ​ ហើយ​យើង​គួរ​យកចិត្ត ទុក​ដាក់​ឱ្យ​មែនទែន។ ថ្វី​ត្បិត​តែ​អូសាម៉ា ប៊ិនឡាដិន ត្រូវ​បាន​ស្លាប់​មែន​ តែ​ក្រុម​អាល់ ​កៃដា ​មួយ​ចំនួន​ទៀត ដែល​មាន​កំហឹង​នឹង​បន្ត​ធ្វើ​អំពើ​ភេរវកម្ម​កើនឡើង​ទៀត»។

លោក ឈិត តក់ ​អាយុ២៤ឆ្នាំ​ និស្សិត​នៅ​សកលវិទ្យាល័យ​មេគង្គ​កម្ពុជា​ផ្នែក​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​ បាន​និយាយ​ថា​ អាមេរិក ​និងពិភព​លោក​បាន​សាទរ​ប្រវត្តិសាស្ត្រ​ថ្មី​មួយ​នៃ​ការសម្លាប់​អូសាម៉ា ប៊ិន ឡាដិន ​ហើយ​វា​ជា​យុត្តិធម៌​ពិត​សម្រាប់អាមេរិក​ និង​ពិភពលោក​ ដែល​បាន​ទទួល​រងគ្រោះ​នៃ​អំពើ​ភេរវកម្ម​របស់​ប៊ិន ឡាដិន ។ លោក ឈិត តក់ និយាយថា៖

«ខ្ញុំ​គិតថា សង្គ្រាម​ភេរវកម្ម​បាន​កើតឡើង​ខ្លាំងក្លា​មែនទែន​នៅក្នុង​សម័យ​អូសាម៉ា​ប៊ិន​ឡាដិន​ ប៉ុន្តែ ក្រោយពី​អូសាម៉ា​ប៊ិន​ឡាដិន​ស្លាប់ សង្គ្រាម​ភេរវកម្ម​នឹង​ត្រូវ​កាត់បន្ថយ​ច្រើន»។

លោក​​បណ្ឌិត​ ឈាង វណ្ណារិទ្ធ ​នាយក​ប្រតិបត្តិ​នៃ​វិទ្យាស្ថាន​កម្ពុជា​ដើម្បី​សហប្រតិបត្តិការ ​និង​សន្តិភាព ​បាន​ថ្លែង​ថា ការ​ស្លាប់​របស់ ប៊ិន ឡាដិន អាច​ធ្វើ​ឱ្យ​ចលនា​ភេរវកម្ម​អន្តរជាតិ​អាល់ កៃដា ចុះ​ខ្សោយ។លោក វណ្ណារិទ្ធ ​បាន​បញ្ជាក់​ថា អាមេរិក​នឹង​អាច​បន្ថយ​ការ​រិះគន់ពី​ការ​រឹតត្បិត​សិទ្ធិសេរី​ភាព​របស់​ប្រជាពលរដ្ឋ ​កាលពី​១០​ឆ្នាំ​មុន ​បន្ទាប់​ពី ប៊ិន ឡាដិន ត្រូវ​បាន​សម្លាប់។ លោក វណ្ណារិទ្ធ បាន​ប្រាប់​វីអូអេ​ខ្មែរ​ថា៖

«ភេរវកម្ម​អន្តរជាតិ​ដែល​ដឹក​នាំ​ដោយ​អូសាម៉ា ប៊ិនឡាដិន ​នឹង​មិន​មែន​ជា​ការគំរាម​គំហែង​ធំ​ដល់​សហរដ្ឋ​អាមេរិក​ទៀត​ទេ។ ដូច្នេះ​ខ្ញុំ​គិត​ថា សហរដ្ឋអាមេរិក​ប្រហែល​ជា​អាច​មា​ន​ការ​បន្ធូរ​បន្ថយ​ទាក់ទង​នឹងសិទ្ធិ​ផ្នែក​អ៊ិនធើណែត និង​ផ្នែក​ទូរស័ព្ទ។​ ចំពោះ​ករណី​ Quantamo Bay​ ខ្ញុំ​នឹង​ពិបាក​យល់​ ប៉ុន្តែ​ខ្ញុំ​សង្ឃឹម​ថា​ សហរដ្ឋអាមេរិក​នឹង​មាន​ការ​គោរពសិទ្ធិ​មនុស្ស​បន្ថែម​ទៀត»។

លោក​ អំ សំអាត ​ប្រធានផ្នែក​ស៊ើបអង្កេត​នៃ​អង្គការ​សិទ្ធិមនុស្សលីកាដូ បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា៖

«ពី​មុន​សហរដ្ឋ​អាមេរិក​ បាន​រិតត្បិត​សិទ្ធិ​សេរីភាព​មួយ​ចំនួន​ដោយសារ​ភេរវកម្ម​ និង​បក្ខពួក​របស់​អូសាម៉ា ប៊ិន ឡាដិន​ ហើយ​ឥឡូវ​បន្ទាប់​ពី​អូសាម៉ា​ ប៊ិន ឡាដិន ត្រូវ​បាន​សម្លាប់​ ខ្ញុំ​គិតថា​សហរដ្ឋ​អាមេរិក​ នឹង​បើក​សិទ្ធិ​សេរីភាព​របស់​ប្រជា​ពលរដ្ឋ​ទូលំទូលាយ​ឡើង​វិញ»។

មេភេរវកម្ម​អូសាម៉ា​ ប៊ិន ឡាដិន បាន​នៅ​ពី​ក្រោយ​ការ​បំផ្លាញ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​នៅ​ក្នុង​បូរីញូវយ៉ក​ដែល​សម្លាប់​មនុស្ស​ជាង​៣.០០០នាក់​កាលពី​ថ្ងៃទី១១​ខែ​កញ្ញា​ឆ្នាំ​២០០១។ ចាប់​តាំង​ពី​ពេល​នោះ​មក សហរដ្ឋអាមេរិក​បាន​តាម​ប្រមាញ់​អូសាម៉ា ប៊ិន ឡាឌិន ជារៀង​រហូត​មក៕

This posting includes an audio/video/photo media file: Download Now

រថក្រោះ​ត្រូវ​បាន​ពង្រាយ​បន្ថែម​នៅ​តាម​ព្រំដែន​មាន​ជម្លោះ

Posted: 02 May 2011 05:12 PM PDT

រថក្រោះ​បាន​ធ្វើដំណើរ​យឺតៗ​ នៅ​លើ​កំណាត់​ផ្លូវ​ជាតិ​​​តាម​រថយន្ត​កាំម៉ីយ៉ុង​មក​ឈប់​នៅ​ទី​ប្រជុំជន​មួយ​នៃ​ស្រុក​ក្រឡាញ់​ ខេត្ត​សៀមរាប ដែល​ជា​ផ្លូវ​បំបែក​ឆ្ពោះទៅ​តំបន់​សមរភូមិ​ខេត្ត​​ឧត្តរមានជ័យ។ ប្រជាពលរដ្ឋ​បាន​ស្វាគមន៍​យ៉ាង​រាក់​ទាក់ ​និង​បាន​ផ្តល់​អំណោយ​ជា​បន្តបន្ទាប់​ដល់​កងទ័ព។

កំពុងតែ​ហុច​ទឹកសុទ្ធ​ មី ​និង​ត្រីខ​កំប៉ុង​មួយ​ចំនួន​ ដោយ​លាយឡំ​ជាមួយ​នឹង​ទឹកមុខ​សប្បាយ​រីករាយ អ្នកស្រី​ហ៊ុយ ម៉ានី​ អាយុ​៥១ឆ្នាំ ​នៅស្រុក​ក្រឡាញ់ ​ខេត្ត​សៀមរាប​ បាន​មាន​ប្រសាសន៍​ថា ​ដោយសារ​តែទឹក​​ចិត្ត​របស់​អ្នកស្រី​ស្រឡាញ់​មាតុភូមិ អ្នកស្រី​បាន​ផ្តល់​អំណោយ​បន្តិច​បន្តូច​ដល់​កងទ័ព​ ដើម្បី​ឲ្យ​ជួយ​ការពារ​​បូរណភាព​ទឹក​ដី។ អ្នក​ស្រី​មាន​ប្រសាសន៍​ថា៖

«ឡាន​ប្រាំពីរ ​ប្រាំបី​ ខ្ញុំ​ជូន​ទាំងអស់ ​ជូន​ដើម្បី​ថា ​បង​កងទ័ព​គាត់​ទៅ​ការពារ ​ជូន​គាត់​ពិសារ ឲ្យ​គាត់​ទៅ​សមរភូមិ»។

កញ្ញា​ អ៊ំ បូរមី ​អាយុ ២៤ឆ្នាំ ​បាន​យក​នុំ ដែល​កំពុង​ដាក់​លក់​នៅ​តាម​ដង​ផ្លូវ​នៅ​ក្នុង​ស្រុក​ក្រឡាញ់​ ជូន​កង​ទ័ព ​ដោយ​មិន​ស្តាយ​អំពី​ការ​ខាត​បង់។ កញ្ញា​បាននិ​យាយ​ទៀត​ថា​ យើង​ចង់​ផ្សា​ភ្ជាប់​ទឹក​ចិត្ត​រវាង​សមរភូមិ​មុខ​ និង​សមរភូមិ​ក្រោយ ​បន្ទាប់ពី​កម្ពុជា​បាន​វាយ​ប្រយុទ្ធ​គ្នា​ជាមួយនឹងទ័ព​ថៃ​នៅ​តំបន់​ព្រំដែន។ កញ្ញា​បាន​ប្រាប់​វីអូអេ​ខ្មែរ​ថា៖

«អស់​១០​កញ្ចប់​ជាង។ អត់​ស្តាយ​ទេ​ពីព្រោះ​ថា កងទ័ព​តស៊ូ​ដើម្បី​យើង​ជា​រាស្រ្ត។ ដូច្នេះ​ហើយ​យើង​ជូន​បន្តិច​បន្តូច​អត់​ស្តាយ​ទេ។ មាន​ទឹក​ចិត្ត​មុះម៉ុត​​ខ្លាំងក្លា»។

ការ​បញ្ជូន​រថក្រោះប​ន្ថែម​ទៅ​តំបន់​សមរភូមិ​ខេត្ត​ឧត្តរមានជ័យនេះ​ បាន​កើត​មានឡើង​ក្រោយ​ពី​កងទ័ព​​ថៃ​​និង​កម្ពុជា​បាន​បន្ត​វាយ​ប្រយុទ្ធ​គ្នា​ជា​បន្តបន្ទាប់​ នៅ​តំបន់​ប្រាសាទ​តាមាន់ ប្រាសាទ​តាក្របី ​និង​តំបន់​ថ្ម​ដូន។

មន្រ្តី​យោធា​មួយរូប​ ដែល​បាន​ដឹកនាំ​រថក្រោះ​ បាន​និយាយ​ថា​ រថក្រោះ​ទាំងនេះ​ត្រូវ​បាន​ដឹក​ចេញ​ពី​បន្ទាយ​កងរថក្រោះ​ក្នុង​ខេត្ត​កំពង់ស្ពឺ។ លោក​មាន​ប្រសាសន៍​ទៀតថា ​រថក្រោះ​ទាំងអស់​មាន​ចំនួន​១០គ្រឿង ​ដែល​យើង​បញ្ជូន​ទៅ​តំបន់សមរភូមិ​ខេត្ត​ឧត្តរមានជ័យ​ ដើម្បី​ជួយ​បាញ់​ផ្នែក​គាំទ្រ​ដល់​កងទ័ព​នៅ​ខ្សែ​ត្រៀម​ជួរ​មុខ។ លោក​ប្រាប់​វីអូអេ​ខ្មែរ​ថា៖

«ដោយសារ​តែ​នៅ​សមរភូមិ​មុខ​ ពួក​ខ្មាំង​សៀម​វា​ឈ្លានពាន​ទឹកដី​របស់​យើង ​បាន​យើង​សម្រេច បញ្ជូន​រថពាសដែក​ទៅ​សមរភូមិ​មុខ​ថែម​ទៀត»។

លោក​អនុសេនីយ៍​ឯក លឹម ហួត​ អ្នក​បើកបរ​រថក្រោះ​មួយ​រូប​បាន​និយាយ​ថា ​រថក្រោះ​នេះ​បំពាក់​ដោយ កាំភ្លើង​ផ្លោង​១០០មីលីម៉ែត្រ​ និង​កាំភ្លើង១២.៧។ លោក​បាន​មាន​ប្រសាសន៍​ទៀត​ថា​ លោក​បាន​ត្រៀម​ខ្លួន​រួច​រាល់​ហើយ​ដើម្បី​ការពារ​បូរណភាព​ទឹកដី។ លោក​លឹម ហួត​បន្ត​ថា៖

«យើង​ជួយ​ថ្មើរ​ជើង។ ទឹកចិត្ត​កងទ័ព​យើង​ក្លាហាន។ អ្នកមុខ​នៅ​ពីមុខ​ អ្នកក្រោយ​ជួយ​ទប់​ពីក្រោយ​ទៀត»។

ចំណែក​ប្អូនប្រុស​ គង់ សុបឿន​ មាន​តួនាទី​ជាអ្នក​បញ្ចូល​គ្រាប់​នៅក្នុង​រថក្រោះ​បាន​និយាយា​ថា​ប្អូន បាន​ត្រៀម​ខ្លួន​លក្ខណៈ​ប្រយុទ្ធ​ជានិច្ច​ដើម្បី​បូរណភាព​ទឹកដី។ លោក​ថ្លែង​យ៉ាង​ខ្លី​ថា៖

«មានតែ​សប្បាយ​ចិត្ត​វាយ​ថៃ។ ត្រៀមខ្លួន​រួច​ហើយ»។

កងទ័ព​កម្ពុជា ​និង​ថៃ​ រហូត​មក​ដល់​ថ្ងៃ​ច័ន្ទ​នេះ​ បាន​វាយ​ប្រយុទ្ឋ​គ្នា​ឈាន​ដល់​ថ្ងៃទី​១១​ហើយ នៅ​តំបន់​ប្រាសាទ​តាមាន់​ ប្រាសាទ​តាក្របី​ និង​តំបន់​ថ្មដូន ​ខេត្ត​ឧត្តរមានជ័យ​ និង​ខេត្ត​សុរិន្ទ​ប្រទេស​ថៃ។

ការ​វាយ​ប្រយុទ្ធ​គ្នា​នៅ​ថ្ងៃ​ចន្ទ័​នេះ​ កងទ័ព​ថៃ ​បាន​ប្រើប្រាស់​គ្រាប់​កំាភ្លើង​ផ្លោង​ និង​វាយ​ប្រហារ​ដោយ គ្រាប់បែក​ដៃ ក៏​ប៉ុន្តែ​កងទ័ព​កម្ពុជា​បាន​ឆ្លើយតប​តិចតូច​ប៉ុណ្ណោះ។

កងទ័ព​នៅ​ខ្សែត្រៀម​ជួរមុខ​រវាង​ប្រទេស​ទាំងពីរ​ បាន​ជួប​គ្នា​ជាញឹក​ញាប់ ​ដើម្បី​ស្វែងរក​ការឈប់​បាញ់​ ក៏ប៉ុន្តែ​ភាគី​កម្ពុជា​ បាន​អះអាថា​ កងទ័ព​ថៃ​នៅតែ​បន្ត​វាយ​បក​មកលើ​កងទ័ព​កម្ពុជា។

ការ​បញ្ជូន​រថក្រោះ​ទៅ​តំបន់​សមរភូមិ​ខេត្ត​ឧត្តមានជ័យ​នេះ​ ស្រប​ពេលនឹង​ជន​ភៀសសឹក​ពី​សង្គ្រាម​ បាន​វិល​ត្រឡប់​ទៅកាន់​លំនៅ​ដ្ឋាន​របស់​ខ្លួន​វិញ​មួយ​ចំនួនធំ។ បើតាម​ការ​បញ្ជាក់​របស់​លោក​ លួន អាន ​អភិបាលរង​ខេត្ត​ឧត្តរមានជ័យ ​និង​ជា​ប្រធាន​គណៈកម្មការ​កាកបាទ​ក្រហម​ខេត្ត​បាន​ឲ្យ​ដឹង​ថា​ ប្រជាពលរដ្ឋ​យ៉ាង​តិច​ចំនួន​៩៩​ភាគរយ​បាន​ត្រឡប់​ទៅ​កាន់​លំនៅ​ដ្ឋាន​វិញ។

លោក​បាន​មាន​ប្រសាសន៍​ទៀត​ថា ក្នុង​ចំណោម​ជន​ភៀសសឹក​ទំាងអស់​ ដែល​មាន​ចំនួន​១៥.០៦៦​ គ្រួសារ​នៅសល់​តែ​២៥០​គ្រួសារ​តែប៉ុណ្ណោះ។ ប៉ុន្តែ​ទោះ​ជា​យ៉ាងណា​ក៏ដោយ​ ក៏​ការ​ត្រឡប់​ទៅ​កាន់​លំនៅដ្ឋាន​របស់​ប្រជាពលរដ្ឋ​នោះ​មិនទាន់​ហ៊ាន​ធានា​សុវត្ថិភាព​នៅ​ឡើយ​ទេ។

លោក​ធន់ ណុល ​អភិបាល​ក្រុង​សំរោង​ បាន​និយាយថា​ ប្រជាពលរដ្ឋ​ត្រូវ​បាន​ណែនាំ​ឲ្យ​ជីក​លេនដ្ឋាន​ នៅ​ក្បែរ​ផ្ទះ ​សាលារៀន​ និង​តាម​វាលស្រែ​ និង​ហាម​ប៉ះពាល់​គ្រឿងផ្ទុះ​គ្រប់​ប្រភេទ​នៅ​តាម​ភូមិ​ឃុំ។ លោក​បាន​មាន​ប្រសាសន៍​ទៀត​ថា សន្តិសុខ​មិន​ទាន់​បាន​ធានា​ទេ​ សម្រាប់​ប្រជាពលរដ្ឋ​ដែល​វិល​ត្រឡប់​ទៅ​កាន់​លំនៅដ្ឋាន​វិញនោះ៕

This posting includes an audio/video/photo media file: Download Now

ឥទ្ធិពល​របស់​ប៊ិន​ឡាដិន​នៅ​ក្នុង​មជ្ឈឹម​បូព៌ា​​ចុះ​ថយ​នៅ​ពេល​ថ្មីៗ​នេះ

Posted: 02 May 2011 03:26 PM PDT

ព័ត៌មាន​អំពី​ការ​ស្លាប់​របស់​អូសាម៉ា​ប៊ិន​ឡាដិន​ត្រូវ​បាន​ទទួល​ស្វាគមន៍​ជា​ទូទៅ​នៅ​ទូទាំង​មជ្ឈឹម​បូព៌ា​ ក៏​ប៉ុន្ដែ​នៅ​តែ​មាន​សេចក្ដី​ព្រួយ​បារម្ភ​ថា​ ប្រព័ន្ធ​អាល់​ខៃ​ដា​របស់​គាត់​នឹង​មិនបញ្ចប់​ភ្លាមៗ​​នោះ​ទេ។

នៅ​ប្រទេស​យេមែន​ ដែល​នៅ​ក្នុង​ប្រទេស​នោះ​ក្រុម​សាខា​របស់​ពួក​អាល់​ខេដានៅ​ក្នុង​ឧបទ្វីប​អារ៉ាប់​ចាក់​ឬស​គល់​ ក្រុម​មន្ដ្រី​រដ្ឋាភិបាល​អបអរសាទរ​ចំពោះ​ព័ត៌មាន​ថា​ជា​​ជោគជ័យ​សំខាន់​មួយ​នៅ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ភេរវកម្ម។​ ជនជាតិ​យេមែន​សាមញ្ញជា​ច្រើន​នាក់​ក៏​មាន​អារម្មណ៍​ដូច​គ្នា​ដែរ។

លោក​ Mortada Abed Al Qader អ្នក​ស្រុក​រស់នៅ​ក្នុង​ទី​ក្រុង​សាណា​ និយាយ​ថា​ ប៊ិន​ឡាដិន​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​ប្រព្រឹត្ដ​​ខុស​ឆ្គង​​ជា​ច្រើន​ប្រឆាំង​នឹង​អ៊ិស្លាម​ ហើយ​ថា​ការ​ស្លាប់​របស់​គាត់​នេះ​ ជា​ការ​ត្រឹម​ត្រូវ​ហើយ។

ការ​សម្ដែង​ការ​ធូរ​ស្រាល​នៅ​ក្នុង​ចិត្ដ​ដូច​គ្នា​នេះ​ត្រូវ​បាន​ឮ​ពី​ក្រុម​មេដឹកនាំ​ហើយនឹង​ពលរដ្ឋ​នៅ​ជុំ​វិញ​តំបន់​នេះ។

លោក​ Abdullah Gul ប្រធានាធិបតី​នៃ​ប្រទេស​ទួរគី​មាន​ប្រសាសន៍​ថា​ សកម្មភាព​នេះ​បង្ហាញ​ឲ្យ​ឃើញ​ថា​ពួក​ភេរវជន​ នៅ​ទី​បញ្ចប់់​នឹង​ត្រូវ​បាន​ចាប់​​ទោះបី​ជា​ស្លាប់​ឬ​រស់។

នៅ​ក្នុង​ប្រទេស​អ៊ីស្រាអែល​ដែល​នៅ​ទី​នោះ​រដ្ឋាភិបាល​ជា​កំណត់​មុខ​សញ្ញា​​របស់​កំហឹង​របស់​​ប៊ិន​ឡាដិន​​ ក្រុម​មេដឹកនាំ​សម្ដែង​ការ​រីករាយ​ចំពោះ​ព័ត៌មាន​នេះ។​លោ​ក​នាយក​រដ្ឋមន្ដ្រី Benjamin Netanyahu ហៅ​ការ​ សម្លាប់​នេះថា​ជា​ជ័យជម្នះ​យ៉ាង​ខ្ទរ​ខ្ទារ​សម្រាប់​​យុត្ដិធ៌ម។ ក៏​ប៉ុន្ដែ​ក្រុម​ប៉ាឡេស្ទីន​អ៊ិស្លាម​ហាម៉ាស​​ថ្កោល​ទោស​ចំពោះ​ការ​សម្លាប់​នេះ​​ ដោយ​ហៅ​ ប៊ិន​ឡាដិន​​ថា​ជា​អ្នក​ចម្បាំង​អារ៉ាប់​ពិសិដ្ឋ៕

ប្រែសម្រួល​ដោយ​ កង ស៊ីវន

This posting includes an audio/video/photo media file: Download Now

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!