VOA News: ព័ត៌មាន: “អ្នករាយការណ៍អង្គការសហប្រជាជាតិនឹងធ្វើទស្សនកិច្ចនៅកម្ពុជា” plus 4 more |
- អ្នករាយការណ៍អង្គការសហប្រជាជាតិនឹងធ្វើទស្សនកិច្ចនៅកម្ពុជា
- កម្ពុជា អាមេរិក បញ្ចប់សមយុទ្ធឆ្នាំអង្គរ២០១១
- ពីក្មេងកំព្រារើសសំរាមទៅជាជនគំរូប្រកបដោយកម្លាំងចិត្ត
- សាលាក្តីខ្មែរក្រហមបដិសេធព័ត៌មានដែលថាមានការខ្វែងគំនិតផ្ទៃក្នុង
- អ្នកសង្កេតការណ៍ចង់ឱ្យតុលាការផ្តល់យុត្តិធម៌ឱ្យជនរងគ្រោះឱ្យបានពេញលេញ
អ្នករាយការណ៍អង្គការសហប្រជាជាតិនឹងធ្វើទស្សនកិច្ចនៅកម្ពុជា Posted: 27 May 2011 02:31 PM PDT អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ លោក សុរិយា ប្រាសាទ ស៊ូបេឌី នឹងចាប់ផ្ដើមដំណើរទស្សនកិច្ចជាថ្មីម្ដងទៀតនៅថ្ងៃច័ន្ទសប្ដាហ៍ក្រោយនេះក្នុងគោលបំណងពិនិត្យមើលសេរីភាពបញ្ចេញមតិនៅក្នុងប្រទេស និងពិនិត្យមើលសេចក្ដីព្រាងច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដែលសេចក្ដីព្រាងច្បាប់នោះទទួលរងការរិះគន់យ៉ាងខ្លាំងក្លា។ ក្នុងសេចក្ដីប្រកាសព័ត៌មាន ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅក្រុងភ្នំពេញកាលពីថ្ងៃព្រហស្បតិ៍ លោកស៊ូបេឌី មានប្រសាសន៍ថា លោកនឹងជួបជាមួយនឹងគូសន្ទនា មួយចំនួនធំដើម្បីបន្ដការសិក្សារបស់លោកលើការងាររបស់រដ្ឋសភា និងព្រឹទ្ធសភា ក្នុងការស្វែងរកមធ្យោបាយពង្រឹងតួនាទីស្ថាបណ្ណ័កំពូលទាំងពីរក្នុងការជួយលើកស្ទួយ និងការពារសិទ្ធិមនុស្សនៅកម្ពុជា។ ដំណើរទស្សនកិច្ចរបស់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិលើកនេះដែលមានរយៈពេលប្រាំថ្ងៃធ្វើឡើងស្របពេលដែលមានបញ្ហាជាច្រើនដូចជាបញ្ហាដីធ្លី និងការអភិរក្សព្រៃឈើ ដូចជាព្រៃឡង់ដែលជាព្រៃស្ដុកដ៏កម្រនៅខេត្តភាគឦសាននៃប្រទេសកម្ពុជា ព្រមទាំងការហាមប្រាមថ្មីៗដែលទាក់ទងទៅនឹងការផ្ដល់ព័ត៌មានដល់ប្រពន្ធ័ផ្សព្វផ្សាយជាដើម។ សេចក្ដីប្រកាសព័ត៌មានរបស់ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាដដែលបញ្ជាក់ថា លោកស៊ូបេឌី នឹងបន្ដធ្វើការជាមួយរដ្ឋាភិបាល និងអ្នកពាក់ពន្ធ័នានាលើបញ្ហាសិទ្ធិមនុស្ស រួមមានសេរីភាពបញ្ចេញមតិ និងការប្រមូលផ្ដុំសេចក្ដីព្រាងច្បាប់ស្ដីពីសមាគម និងអង្គការក្រៅរដ្ឋាភិបាល និងទំនាស់ដីធ្លី។ លោកស៊ូបេឌី គ្រោងនឹងជួបជាមួយមន្ត្រីរដ្ឋាភិបាល សមាជិកសភា អង្គការសង្គមស៊ីវិល តំណាងទីភ្នាក់ងារនានារបស់អង្គការសហប្រជាជាតិ តំណាងប្រទេសម្ចាស់ជំនួយ និងមន្ដ្រីការទូតមួយចំនួននៅរាជធានីភ្នំពេញ។ លោកជាម យៀប តំណាងរាស្ដ្ររបស់គណបក្សប្រជាជនកម្ពុជាកំពង់កាន់អំណាច មានប្រសាសន៍ថា លោកបានត្រៀមខ្លួនរួចជាស្រេចដើម្បីជួបសន្ទនាជាមួយលោកសុរិយា ប្រាសាទ ស៊ូបេឌី។ លោកបានប្រាប់វីអូអេដូច្នេះថា៖ «បញ្ហាច្រើនណាស់ដែលយើងត្រូវលើកបង្ហាញគាត់ ដើម្បីឲ្យគាត់យល់កាន់តែច្បាស់ឡើង ពីព្រោះកន្លងទៅ យើងបានទទួលស្គាល់ថា គាត់បានយកតែរបាយការណ៍តាមលាយលក្ខណ៍អក្សរមួយចំនួន ហើយមិនបានចុះជាប់។ យើងបានធ្វើសំណូមពរថា គួរលោកចុះជាប់នៅគ្រប់គណបក្សនយោបាយនៅក្នុងរដ្ឋសភា។ ទីពីរគួរតែសួរប្រជាពលរដ្ឋយើងឲ្យបានច្បាស់លាស់។ ខ្ញុំគ្រាន់តែបញ្ជាក់ថា យើងបើកទូលាយដើម្បីពិភាក្សាជាមួយលោកស៊ូបេឌី»។ លោក យឹម សុវណ្ណ តំណាងរាស្ដ្រមណ្ឌលភ្នំពេញ និងជាអ្នកនាំពាក្យរបស់គណបក្សជំទាស់ សម រង្ស៊ី មានប្រសាសន៍ថា ការរំលោភដីធ្លី អំពើពុករលួយ និងប្រពន្ធ័តុលាការបានក្លាយជាសម្ពាធលើប្រជាពលរដ្ឋខ្មែរទន់ខ្សោយ។ លោកថ្លែងថា៖ «ប្រជាពលរដ្ឋបាននិងកំពុងរងគ្រោះដោយសារតែអ្នកមានអំណាចរំលោភដីធ្លីរបស់គាត់។ តាមបណ្ដាខេត្តមួយចំនួន ក្រុមហ៊ុនឯកជនមួយចំនួនដែលរដ្ឋាភិបាលបានផ្ដល់សិទ្ធិដីសម្បទានគឺបាននិងកំពង់បំផ្លាញធនធានធម្មជាតិ ប៉ះពាល់ដល់ដីធ្លីប្រជាពលរដ្ឋ។ បញ្ហានេះបើបណ្ដែតបណ្ដោយឲ្យវែងឆ្ងាយតទៅទៀត វានឹងកើតទៅជាវិបត្តសង្គមដ៏ធ្ងន់ធ្ងរ»។ លោក ចាន់ សាវ៉េត ប្រធានផ្នែកឃ្លាំមើលការរំលោភសិទ្ធិមនុស្សរបស់អង្គការសិទ្ធិមនុស្សអាដហុក ក៏បានលើកឡើងដូចគ្នាដែរថា បញ្ហាប្រព័ន្ធយុត្តិធម៌នៅកម្ពុជាមិនទាន់ធានាយុត្តិធម៌ត្រឹមត្រូវសម្រាប់ប្រជាពលរដ្ឋក្រីក្រនៅឡើយ។ សេរីភាពក្នុងការទទួលព័ត៌មាននៅតែជាបញ្ហា រួមទាំងនៅមានផលវិបាកជាច្រើនក្នុងការធ្វើសកម្មភាពរបស់ក្រុមអង្គការសង្គមស៊ីវិល។ ជាពិសេសលោកមានប្រសាសន៍ក្រុមអង្គការសង្គមស៊ីវិលគ្រោងនឹងលើកមកបង្ហាញពីភាពចម្រូងចម្រាស់នៃសេចក្ដីព្រាងច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងជំនួបជាមួយអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ។ លោកបន្តថា៖ «សំខាន់ជាងគេគឺបញ្ហាច្បាប់ស្ដីពីសមាគម និងអង្គការក្រៅរដ្ឋាភិបាលនេះឯង ដែលយើងត្រូវលើកយកមកជជែកជាមួយឯកឧត្តមស៊ូរីយ៉ា ស៊ូបេឌី ដែរដើម្បីឲ្យលោកមានគំនិតជជែកជាមួយរដ្ឋាភិបាល»។ ដោយឡែកតំណាងសហគមន៍បឹងកក់ អ្នកស្រី ទេព វណ្ណី មានប្រសាសន៍ថា អ្នកស្រីគ្រោងនឹងរកឱកាសជួបជាមួយលោកស៊ូបេឌី ដើម្បីស្នើសុំឲ្យលោកជួយធ្វើអន្ដរាគមន៍នៅក្នុងដំណោះស្រាយជម្លោះដីធ្លីនៅក្នុងសហគមន៍របស់អ្នកស្រី។ ប្រជាសហគមន៍បឹងកក់ដែលបានទទួលរងការបណ្ដេញចេញជាបន្តបន្ទាប់ចាប់តាំងពីឆ្នាំ២០០៧មកម្លេះ បន្ទាប់ពីបឹងកក់ដែលជាអាងស្រូបទឹកជំនន់មួយយ៉ាងធំនៅកណ្ដាលក្រុងភ្នំពេញត្រូវដាក់ក្រោមការវិនិយោគសម្រាប់សំណង់ទំនើបរយៈពេល៩៩ឆ្នាំ៕ This posting includes an audio/video/photo media file: Download Now |
កម្ពុជា អាមេរិក បញ្ចប់សមយុទ្ធឆ្នាំអង្គរ២០១១ Posted: 27 May 2011 02:07 PM PDT កងយោធពលខេមរភូមិន្ទ និងកងទ័ពសហរដ្ឋអាមេរិកបានបញ្ចប់លំហាត់ហ្វឹកហ្វឺនជំនាញថែរក្សាសន្តិភាពនៅថ្ងៃសុក្រនេះ ដែលក្រុមមន្ត្រីយោធាកម្ពុជាបានហៅព្រឹត្តិការណ៍នេះថា ជាការផ្តល់ចំណេះដឹង និងបទពិសោធន៍ថ្មីៗដល់កងទ័ពកម្ពុជាពីកងទ័ពសហរដ្ឋអាមេរិក។ លំហាត់សមយុទ្ធឆ្មាំអង្គរឆ្នាំ២០១១ ដែលមានការចូលរួមពីកងទ័ពអាមេរិកប្រមាណ១៤០នាក់ និងកងទ័ពកម្ពុជាចំនួន៣៧៥នាក់ ព្រមទាំងក្រុមគាំទ្រពីប្រទេសឥណ្ឌូនេស៊ី ម៉ាឡេស៊ី ម៉ុងហ្គាលី និង អង្គការសហប្រជាជាតិ បានចាប់ផ្តើមកាលពីថ្ងៃទី១៨ដល់ថ្ងៃទី២៧ខែឧសភា។ លោកឧត្តមសេនីយ៍ផ្កាយមាសបួន ប៉ុល សារឿន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ បានថ្លែងនៅក្នុងពិធីបិទលំហាត់សមយុទ្ធឆ្មាំអង្គរឆ្នាំ២០១១នេះថា លំហាត់នេះបានឆ្លុះបញ្ចាំងពីកិច្ចសហប្រតិបត្តិការដ៏ល្អរវាងសហរដ្ឋអាមេរិក និងកម្ពុជា និងបង្ហាញពីការផ្តល់បច្ចេកវិជ្ជា និងបទពិសោធន៍ទាំងឡាយ ដល់កងទ័ពកម្ពុជាសម្រាប់រ៉ាប់រងសកម្មភាពដែលមានផលប៉ះពាល់ដល់សង្គមមនុស្ស ដូចជា សង្គ្រាម អំពើភេរវកម្ម និងគ្រោះធម្មជាតិនានា។ លោកឧត្តមសេនីយ៍ ប៉ុល សារឿន បានបញ្ជាក់ថា លំហាត់ហ្វឹកហ្វឺននេះបានបញ្ជាក់ឱ្យឃើញការរីកចម្រើនថ្មីរបស់កម្ពុជា ដែលសហគមន៍អន្តរជាតិគាំទ្រ និងមានប្រទេសជាច្រើនចូលរួមជាពិសេសសហរដ្ឋអាមេរិក។ លោកឧត្តមសេនីយ៍ ប៉ុល សារឿន បានបន្ថែមថា សកម្មភាពទាំងនេះបានបញ្ជាក់ឱ្យឃើញនូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងសហរដ្ឋអាមេរិក និងកម្ពុជាព្រមទាំងការជួយឧបត្ថម្ភរបស់កងទ័ពសហរដ្ឋអាមេរិកជូនដល់កងទ័ពកម្ពុជា។ លោកឧត្តមសេនីយ៍ផ្កាយមាសបួន ប៉ុល សារឿន បានបន្តថា សកម្មភាពទាំងអស់នេះជាសារនយោបាយមួយ ដែលផ្តល់ការលើកទឹកចិត្តយ៉ាងគ្លាវក្លាដល់កងទ័ពកម្ពុជា។ សេចក្តីថ្លែងការណ៍របស់ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជាឲ្យដឹងថា លំហាត់សមយុទ្ធឆ្មាំអង្គរឆ្នាំ២០១១ គឺជាលំហាត់ហ្វឹកហ្វឺនទ្វេភាគីគាំទ្រប្រតិបត្តិការ គាំពារសន្តិភាព ដែលឧបត្ថម្ភរួមគ្នាដោយកងកម្លាំងសហរដ្ឋអាមេរិកប្រចាំតំបន់ប៉ាស៊ីហ្វិក និងកងយោធពលខេមរភូមិន្ទ ដោយមានបំណងផ្តល់នូវបរិយាកាសមួយសម្រាប់ភាពជាដៃគូរវាងកងទ័ពកម្ពុជា និងកងទ័ពសហរដ្ឋអាមេរិក។ សេចក្តីថ្លែងការណ៍នេះបានបន្ថែមថា លំហាត់នេះរួមមានលំហាត់ស្តីពីប៉ុស្តិ៍បញ្ជាការ ដែលក្នុងនោះបុគ្គលិកយោធាក្នុងកងវរសេនាតូចកម្ពុជា និងអាមេរិកធ្វើកាហ្វឹកហ្វឺនរួមគ្នាលើការធ្វើប្រតិបត្តិការក្នុងបរិយាកាសស្មុគស្មាញក្នុងការថែរក្សាសន្តិភាព ព្រមទាំងការហ្វឹកហ្វឺនការពារកងកម្លាំងមុនពេលនៃការដាក់ពង្រាយកម្លាំង។ លោកឧត្តមសេនីយ៍ត្រី កែន សូសាវឿន នាយករងនៃនាយកដ្ឋានប្រតិបត្តិការសន្តិភាពនៅមជ្ឈមណ្ឌលជាតិសម្រាប់ថែរក្សាសន្តិភាពបានថ្លែងថា កងយោធពលខេមរភូមិន្ទ បានទទួលការចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមក និងទទួលបានបទពិសោធន៍កាន់តែល្អថែមទៀត ដើម្បីចូលរួមថែរក្សាសន្តិភាពអង្គការសហប្រជាជាតិ។ លោកថ្លែងថា៖ «នេះគឺជាប្រព័ន្ធមួយថ្មី ដែលអង្គការសហប្រជាជាតិ និងសហរដ្ឋអាមេរិកយកមកចែករំលែកដល់កងយោធពលខេមរភូមិន្ទរបស់យើង។ វាជាមោនភាពណាស់ ដែលយើងបានទទួលនូវចំណេះដឹងថ្មី ហើយចំណេះដឹងថ្មីនេះនឹងប្រែក្លាយទៅជាគ្រាប់ពូជដ៏សំខាន់សម្រាប់យើងបណ្តុះបណ្តាលនាយទាហានរបស់យើង ដើម្បីចូលរួមបេសកកម្មថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ»។ សេចក្តីថ្លែងការណ៍របស់ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា បានបញ្ជាក់ថា គម្រោងសកម្មភាពសំណង់ស៊ីវិលក្នុងអំឡុងពេលនៃលំហាត់សមយុទ្ធរួមមានការសាងសង់អាគារ សាលារៀនថ្មីមួយមានបីបន្ទប់ និងអណ្តូងទឹកថ្មីមួយនៅភូមិតាំង សៀ និងមណ្ឌលសុខភាពដំណាក់ចាន់ក្នុងភូមិត្រពាំងអន្ទង់ ត្រូវបានផ្លាស់ដំបូលថ្មី និងលាបថ្នាំថ្មី ហើយត្រូវបានផ្តល់ប្រព័ន្ធទឹកស្អាត និងថាមពលព្រះអាទិត្យ។ សេចក្តីថ្លែងការណ៍ បានបន្តថា លំហាត់សមយុទ្ធនេះរួមមានការផ្តល់ការពិនិត្យព្យាបាលជម្ងឺទូទៅពីរវគ្គដោយឥតគិតថ្លៃនៅវិទ្យាល័យបាត់ដឹង និងសាលាបឋមសិក្សាត្រែងត្រយឹងក្នុងខេត្តកំពង់ស្ពឺ។ មានអ្នក ជម្ងឺជាង៣.០០០នាក់ បានទទួលការពិនិត្យព្យាបាលជម្ងឺ។ ការធ្វើសមរយុទ្ធនេះ គឺជាការធ្វើសមយុទ្ធឆ្មាំអង្គរឆ្នាំ២០១១ លើកទី២បន្ទាប់ ដែលលើកទី១ត្រូវបានធ្វើឡើងនៅឆ្នាំ២០១០។ សមយុទ្ធនេះគឺជាផ្នែកមួយនៃការផ្តួចផ្តើមគំនិតប្រតិបត្តិការថែរក្សាសន្តិភាពពិភពលោកសំដៅអភិវឌ្ឍន៍សមត្ថភាពនានាផ្នែកថែរក្សាសន្តិភាពរបស់ប្រទេសកំពុងអភិវឌ្ឍន៍៕ This posting includes an audio/video/photo media file: Download Now |
ពីក្មេងកំព្រារើសសំរាមទៅជាជនគំរូប្រកបដោយកម្លាំងចិត្ត Posted: 27 May 2011 11:41 AM PDT ជិន សុខា ដែលជាអតីតកុមារីដើររើសសំរាមម្នាក់ ត្រូវបានជ្រើសរើសជាស្ត្រីម្នាក់ក្នុងចំណោមស្រ្តីដែលពោរពេញដោយការផ្តល់កម្លាំងចិត្តដ៏ខ្លាំងក្លាបំផុតរបស់ទស្សនាវដ្តី ញូសវីក (Newsweek) នៃសហរដ្ឋអាមេរិក។ កុមារកំព្រាវ័យ១៧ឆ្នាំរូបនេះក៏ត្រូវបានផ្តល់កិត្តយសឲ្យជួបជាមួយស្រ្តីទី១នៃសហរដ្ឋអាមេរិកផងដែរ។ នាងជីន សុខាបន្តថា៖ «នៅពេលខ្ញុំឈរនៅក្រោមដី អាត្រាក់វាចូក វាឈូសសំរាមទៅ វាបាក់កប់ជើងខ្ញុំមួយចំហៀង។ ដល់អញ្ចឹងខ្ញុំប្រឹងរត់។ ប៉ុន្តែវាបាក់មកទៀត។ វារកសង្កត់ខ្ញុំឲ្យស្លាប់តែម្តង ហើយមិត្តភក្តិខ្ញុំម្នាក់បានស្លាប់។ អាហ្នឹងថ្ងៃទី១របស់ខ្ញុំ»។ កាលពីពីរបីឆ្នាំមុន នាងជិន សុខា បានចំណាយពេលវេលារបស់នាងដើររើសសំរាមក្នុងទីលានចាក់សម្រាមស្ទឹងមានជ័យក្នុងរាជធានីភ្នំពេញ។ ឥឡូវ នាងគឺជាសិស្សម្នាក់នៅឯសាលាដ៏មានកិត្យានុភាពមួយក្នុងរាជធានីនេះ។ នាងក៏ត្រូវបានតែងតាំងជាស្ត្រីកំពូលម្នាក់ក្នុងចំណោមស្រ្តីកំពូលៗចំនួន១៥០នាក់របស់ទស្សនាវដ្តី Newsweek ផងដែរ។ សុខា ក៏ត្រូវបានពិណ៌នានៅក្នុងភាពយន្តឯកសារមួយ ហៅថា ១០X១០ ដែលនិយាយអំពីស្ត្រីដែលពោពេញដោយការផ្តល់កម្លាំងចិត្តនៅជុំវិញពិភពលោក។ នៅដើមឆ្នាំនេះ នាងបានធ្វើទស្សនកិច្ចនៅអាមេរិក ដែលនៅទីនោះ នាងបានជួបជាមួយស្ត្រីទី១របស់សហរដ្ឋអាមេរិកគឺលោកស្រី មីស្ស៊ែល្លិ៍ អូបាម៉ា (Michelle Obama) ទៀតផង។ នាងសុខាថ្លែងថា៖ «ខ្ញុំមានអារម្មណ៍រំភើបមែនទែនពេលជួបគាត់។ វាបណ្តុះអារម្មណ៍ខ្ញុំឲ្យអង់អាចចង់ធ្វើដូចគាត់ដែរ។ ខ្ញុំចង់ក្លាយជាស្ត្រីដូចគាត់ដែរ»។
វាជាផ្លូវដ៏វែងឆ្ងាយណាស់សម្រាប់ ជិន សុខា ដែលបានចាកចេញពីស្រុកកំណើតក្នុងខេត្តស្វាយរៀងបន្ទាប់ពីម្តាយរបស់នាងបានស្លាប់ទៅ។ នាងសុខា បន្តថា៖ «ពេលខ្ញុំមកដល់ទីក្រុងភ្នំពេញ ខ្ញុំចាប់ផ្តើមរស់នៅតាមដងផ្លូវចំនួន៦ខែ។ រស់នៅដោយអត់មានលុយ អត់មានអីចាយ អត់ទៅរៀន។ នៅយូរអញ្ចឹងទៅ ឪពុករបស់ខ្ញុំក៏សម្រេចចិត្តទៅរែកដីឲ្យគេ ដោយបានលុយ១.០០០រៀលក្នុងមួយថ្ងៃ រែកតាំងពីព្រឹករហូតដល់ថ្ងៃ។ វាថោកមែនទែន។ ដល់អញ្ចឹង ពួកខ្ញុំអត់មានបាយញ៉ាំ អង្គុយអត់ឃ្លាន មានជម្ងឺក៏មិនដឹងជាទៅរកពេទ្យឯណា។ ពេលភ្លៀងក៏គ្មានផ្ទះជ្រក។ នៅក្រោមផ្ទះគេ។ ពេលទឹកវាហូរមក វាគគ្រិចតែម្តង។ តែពេលហ្នឹង ខ្ញុំនៅតែតស៊ូ ខ្ញុំអត់អស់សង្ឃឹមទេ»។ ប៉ុន្តែក្តីសង្ឃឹមនោះ មិនបានស្ថិតនៅយូរទេ ដោយឪពុករបស់នាងបានស្លាប់ចោលនាងទៀត នៅពេលដែលនាងទើបមានអាយុបាន៦ឆ្នាំ។ នាងបន្តថា៖ «ពេលដែលឪពុកខ្ញុំស្លាប់ទៅ អ្វីៗទាំងអស់ក៏ខ្ញុំត្រូវបាត់បង់។ ការសិក្សាក៏ត្រូវបានបាត់បង់។ ក្តីស្រលាញ់ពីឪពុកម្តាយក៏ត្រូវបានបាត់បង់។ ក្តីស្រលាញ់ពីបងប្អូនក៏ត្រូវបាត់បង់ដោយខ្ញុំត្រូវទៅឆ្ងាយពីបងប្អូនខ្ញុំ គ្មានភាពកក់ក្តៅជារៀងរាល់ថ្ងៃ។ ព្រលឹមឡើងដឹងតែពីយំ ធ្វើការ ងើបពីព្រឹក ត្រូវគេប្រើដូចខ្ញុំគេ។ ប៉ុន្តែ ធម្មតាទេ ទៅរស់នៅផ្ទះគេ គេត្រូវប្រើអញ្ចឹងហើយ គេមិនឲ្យយើងស៊ីបាយគេអត់អំពើនោះទេ»។ សុខា បានរស់នៅក្នុងសុបិន្តអាក្រក់ដោយដើររើសសំរាមជាមួយក្មេងរាប់រយនាក់ផ្សេងទៀតរហូតដល់ខែកក្កដាឆ្នាំ២០០៧ ជាពេលដែលអង្គការថ្ងៃថ្មីនៃកម្ពុជាបានឃើញនាង។ អង្គការដែលពឹងអាស្រ័យលើការបរិច្ចាកពីសប្បុរសជននានានៅសហរដ្ឋអាមេរិក បានយកនាងចេញពីទីលានចាក់សំរាមផ្តល់សម្លៀកបំពាក់ថ្មីៗ និងគ្រែមួយដល់នាង ហើយឲ្យនាងធ្វើកិច្ចការតែមួយគត់គឺរៀន។ នៅក្នុងអង្គការ ជិន សុខាមានថ្នាក់រៀនអក្សរ មានគ្រូបង្រៀនផ្ទាល់ខ្លួន និងមានថ្នាក់ហាត់សមរបាំផងដែរ។ នាងមានការប្តាជ្ញាចិត្តថានឹងប្រើឱកាសនេះឲ្យបានល្អបំផុត។ ក៏ប៉ុន្តែ ការចងចាំគ្រាដែលនាងដើររើសសំរាមនៅតែបន្តលងនាងជាដរាប។ នាងបានប្រាប់វីអូអេខ្មែរថា៖ «ខ្ញុំតែងតែគិតរហូតថាបើថ្ងៃណាមួយ ខ្ញុំមានកំហុសអីមួយហើយគេដេញខ្ញុំចេញ ងាប់ខ្ញុំបាត់ហើយ។ មិនដឹងជាធ្វើយ៉ាងម៉ិចទេ គឺមានតែជីវិតខ្ញុំត្រឡប់ទៅរកភាពដើមវិញ។ អញ្ចឹងហើយធ្វើឲ្យខ្លាចមែនទែន ខ្លាចមានកំហុស តែអាថារឿងគិតនោះ គឺគិតរាល់ថ្ងៃថាខ្ញុំអត់ចង់ត្រឡប់ទៅវិញទេ អត់ចង់ត្រឡប់ទៅធាតុដើមវិញទេ ខ្ញុំចង់នៅហើយឈានបន្តទៅមុខទៀត។» ការឈានទៅមុខ មានន័យថា ជាការចាប់យកឱកាសដ៏ល្អដែលគេផ្តល់ឲ្យនាងនិងដើម្បីឧទ្ទិសដល់ឪពុកម្តាយរបស់នាងដែលបានលាចាកលោកនេះទៅហើយនោះ។ នាងសុខាបន្តទៀតថា៖ «ខ្ញុំចង់ប្រាប់ពិភពលោកថា មិនត្រូវអស់សង្ឃឹមទេ។ យើងត្រូវតែតស៊ូ។ តស៊ូរហូតទាល់តែថ្ងៃមួយ យើងជួបជោគជ័យហ្នឹង»៕ This posting includes an audio/video/photo media file: Download Now |
សាលាក្តីខ្មែរក្រហមបដិសេធព័ត៌មានដែលថាមានការខ្វែងគំនិតផ្ទៃក្នុង Posted: 27 May 2011 06:40 AM PDT សហចៅក្រមស៊ើបអង្កេតសាលាក្តីខ្មែរក្រហមនៅថ្ងៃព្រហស្បតិ៍នេះ បានច្រានចោលការលើកឡើងអំពីការបែកបាក់ផ្ទៃក្នុងរវាងភាគីអង្គការសហប្រជាជាតិ និងភាគីកម្ពុជា ដោយអះអាងថា ពួកខ្លួនកំពុងតែធ្វើការដោយឯករាជ្យពីការជ្រៀតជ្រែកនានា។ កាលពីថ្ងៃពុធម្សិលមិញនេះ ទស្សនាវដ្តី International Justice Tribune ចេញផ្សាយថា សាលាក្តីខ្មែរក្រហមកំពុងតែជួបប្រទះការបែកបាក់យ៉ាងខ្លាំងដែលមិនអាចជួសជុលបាន។ ទស្សនាវដ្តីដែលផ្តោតទៅលើបញ្ហាតុលាការឧក្រិដ្ឋកម្មអន្តរជាតិ និងដែលចេញផ្សាយរាល់ពីរសប្តាហ៍ម្តងបានរៀបរាប់អំពីការខ្វែងគំនិតគ្នារវាងសហព្រះរាជអាជ្ញាជាតិ និងអន្តរជាតិនៅជុំវិញសំណុំរឿង០០៣ ដ៏ចម្រូងចម្រាស់ ព្រមទាំងមានការព្រមានរបស់សហចៅក្រមស៊ើបអង្កេតបរទេសលោក ស៊ីហ្កហ្វ្រ៊ិដ ប៊្លុង្គ (Siegfrid Blunk) ដែលបានព្រមានសហព្រះរាជអាជ្ញាអន្តរជាតិលោកអ៊ែនឌ្រូ ឃែលី (Andrew Cayley) ក្នុងសំណុំរឿងដដែលនេះ។ អត្ថបទដែលសរសេរដោយ ដ្យារ ហ្វ៊រ្រី (Jare Ferrie) បានអធិប្បាយថា អនាគតរបស់សាលាក្តីខ្មែរក្រហមកំពុងឃ្លីងឃ្លោង។ នៅក្នុងសេចក្តីថ្លែងការណ៍រួមគ្នានៅថ្ងៃនេះ លោកសហចៅក្រមស៊ើបអង្កេតយូ ប៊ុនឡេង និងលោក ស៊ីហ្កហ្វ្រ៊ិដ ប៊្លុង្គ បញ្ជាក់ថា ការលើកឡើងរបស់ទស្សនាវដ្តី International Justice Tribune មិនមានមូលដ្ឋាននោះទេ។ សហចៅក្រមស៊ើបអង្កេតទាំងពីរបានទទួលស្គាល់ថា មានភាពមិនចុះសម្រុងគ្នានៅក្នុងសាលាក្តីខ្មែរក្រហម ក៏ប៉ុន្តែនៅតែបញ្ជាក់ថា ការិយាល័យសហចៅក្រមស៊ើបអង្កេត និងការិយាល័យសហព្រះរាជអាជ្ញាកំពុងតែធ្វើការជាមួយគ្នាដូចធម្មតា។ លោកយូ ប៊ុនឡេង និងលោក ស៊ីហ្កហ្វ្រ៊ិដ ប៊្លុង្គ បានបដិសេធការលើកឡើងពីការគំរាមកំហែងណាមួយទៅលើសហព្រះរាជអាជ្ញាអន្តរជាតិលោក អ៊ែនឌ្រូ ឃែលី។ សូមបញ្ជាក់ថា នៅក្នុងរយៈពេលចុងក្រោយ សហព្រះរាជអាជ្ញាជាតិ និងអន្តរជាតិ បានបង្ហាញជំហរផ្ទុយគ្នាសាជាថ្មីម្តងទៀតនៅជុំវិញសំណុំរឿង០០៣ បន្ទាប់ពីសហចៅក្រមស៊ើបអង្កេតបានប្រកាសអំពីការបិទការស៊ើបអង្កេតរបស់ខ្លួន។ រដ្ឋាភិបាលកម្ពុជាបានបង្ហាញជំហរបស់ខ្លួនជាញឹកញាប់ចំពោះមិនចង់ឲ្យមានការចាត់ការសំណុំរឿង០០៣និង០០៤នេះទេ។ ទស្សនាវដ្តី International Justice Tribune បានលើកឡើងថា សហចៅក្រមស៊ើបអង្កេតមិនបានស៊ើបអង្កេតដោយផ្ទាល់ចំពោះជនសង្ស័យនៅក្នុងសំណុំរឿង០០៣ទេ ដែលជនសង្ស័យនៅក្នុងសំណុំរឿងនេះមានពីរនាក់ គឺលោកមាស ម៉ុត និងលោកស៊ូ មេត ខណៈដែលខ្លួនបានបិទបញ្ចប់ការស៊ើបអង្កេត ដែលមានរយៈពេលម្ភៃខែនោះ។ លោកឌឹម សុវណ្ណារុំ មន្រ្តីផ្នែកកិច្ចការសាធារណៈស្តីទីរបស់សាលាក្តីខ្មែរក្រហម បានហៅសេចក្តី អះអាងរបស់ទស្សនាវដ្តីថា គឺជាការមិនអាចទទួលយកបាន។ ដោយឡែកសហចៅក្រមស៊ើបអង្កេតទាំងពីរក៏បានលើកមកបង្ហាញអំពីការវិវត្តន៍របស់សំណុំរឿង០០១និង០០២ផងដែរ។ ជាពិសេសគម្រោងការនៃសវនាការបឋមសម្រាប់សំណុំរឿង០០២នៅចុងខែក្រោយនេះ៕ This posting includes an audio/video/photo media file: Download Now |
អ្នកសង្កេតការណ៍ចង់ឱ្យតុលាការផ្តល់យុត្តិធម៌ឱ្យជនរងគ្រោះឱ្យបានពេញលេញ Posted: 27 May 2011 06:15 AM PDT ក្រុមអ្នកសង្កេតការណ៍អន្តរជាតិមួយចំនួននៅតែរំពឹងថាសំណុំរឿង០០៣និង០០៤ នឹងដំណើរការទៅមុខ ទោះបីជាមានការប្រទាញប្រទង់គ្នាខ្លះៗទាក់ទងនឹងការនាំខ្លួនជនសង្ស័យបន្ថែមក្នុងសំណុំរឿងទាំងនេះមកជំនុំជម្រះទោសពីអំពើឧក្រិដ្ឋកម្មនានាដែលបានកើតឡើង ជាងបីទសវត្សរ៍មកហើយក្តី។ សុទិដ្ឋិនិយមឬក្តីសង្ឃឹមទាំងនេះកើតចេញពីភាពចាំបាច់នៃយុត្តិធម៌សម្រាប់ជនរងគ្រោះប្រមាណ១លាន៧សែននាក់ដែលបានស្លាប់បាត់បង់ជីវិតនិងកាត្វកិច្ច របស់តុលាការកូនកាត់ដែលចូលរួមដោយអង្គការសហប្រជាជាតិ។ លោក អាឡិច ហ៊ីនតុន(Alex Hinton) ជានាយកមជ្ឈមណ្ឌលសិក្សាអំពីរបបប្រល័យពូជសាសន៍ ដំណោះស្រាយនិងជម្លោះ និងសិទ្ធិមនុស្ស។ លោកជាសាស្ត្រាចារ្យផ្នែកនរវិទ្យា និងកិច្ចការសាកលនៃសាកលវិទ្យាល័យ រ៉ាត់ហ្គឺ (Rutgers University) ក្នុងរដ្ឋញូវជឺស៊ី (New Jersey) បានប្រាប់ វីអូអេ ផ្នែកខេមរភាសាតាមសារអេឡិកត្រូនិកអ៊ីម៉េលថា៖ ជារឿងសំខាន់ដែលផ្នែកនានានៃតុលាការបន្តបំពេញកាតព្វកិច្ចរបស់ខ្លួនបើទោះបីជាអនាគតនៃសំណុំរឿងនេះមិនមានលក្ខណៈច្បាស់លាស់ក្តី។ «ពេលយុទ្ធសាស្ត្របញ្ចប់តុលាការ ហើយការសម្រេចចុងក្រោយដែលនឹងត្រូវធ្វើឡើងក្នុងពេលឆាប់ៗនោះមិនទាន់កើតឡើងទេ តុលាការត្រូវមានកាតព្វកិច្ចបន្ត ការងាររបស់ខ្លួន។ ខណៈពេលដែលមនុស្សជាច្រើនចង់ឃើញសំណុំរឿង០០៣និង០០៤ កើតឡើងនោះ ការស៊ើបអង្កេតរបស់តុលាការជារឿងសំខាន់មិនថា ឡើយការស៊ើបអង្កេតនោះ ជាយ៉ាងណាទេព្រោះវានឹងនៅតែជួយផ្តល់ការយល់ ដឹងកាន់តែច្បាស់នូវអ្វី ដែលបានកើតឡើងក្នុងអំឡុងរបបកម្ពុជាប្រជាធិបតេយ្យ ជាពិសេសពាក់ព័ន្ធនឹងជួរអ្នកដឹកនាំមានឋានៈក្រោមតែបន្តិចបន្ទួចចំពោះជនដែលស្ថិតក្នុងការកាត់ក្តីពេលនេះនៃសំណុំរឿងលេខ០០២»។ សហព្រះរាជអាជ្ញាអន្តរជាតិលោក អែនឌ្រូ ខេយលី (Andrew Cayley) ជនជាតិអង់គ្លេសបាននិយាយជាចំហរក្នុងសេចក្តីប្រកាសព័ត៌មានរបស់លោកថាសហចៅក្រមស៊ើបអង្កេតទាំងពីរ ខកខានមិនបានស៊ើបអង្កេតឲ្យបានគ្រប់គ្រាន់លើសំណុំរឿង០០៣ទាក់ទងនឹងបទឧក្រិដ្ឋ ទីតាំងឧក្រិដ្ឋកម្ម មិនបានកោះហៅជនសង្ស័យមកសាកសួរដើម្បីនាំខ្លួនជនសង្ស័យបន្ថែមទៀតមកជំនុំជម្រះទោសទេ។ ភ្លាមៗនោះសហចៅក្រមស៊ើបអង្កេតទាំងពីរ គឺ លោកយូ ប៊ុនឡេង និងលោក Siegfried Blunk ជនជាតិអាល្លឺម៉ង់បានចាត់ទុកថា សេចក្តីប្រកាសព័ត៌មានរបស់សហព្រះរាជអាជ្ញាជាការខុសច្បាប់និងរំលោភភាពសម្ងាត់ របស់តុលាការ ហើយលោកទាំងពីរបានបង្គាប់ជាផ្លូវការនិងជាសាធារណៈឲ្យលោកសហព្រះរាជអាជ្ញាលុបចោលភាគខ្លះនៃសេចក្តី ថ្លែងការណ៍នោះ។ សហព្រះរាជអាជ្ញានឹងប្តឹងឧទ្ធណ៍អំពីរឿងនេះ។ ការចម្រូងចម្រាសមួយឈុតនេះកើតឡើងបន្ទាប់ពីសហព្រះរាជអាជ្ញាអន្តរជាតិ Andrew Cayley និងសហព្រះរាជអាជ្ញាជាតិលោកស្រី ជា លាងបានខ្វែងគំនិតគ្នាទាក់ទងនឹងការចោទប្រកាន់ជនសង្ស័យបន្ថែមដែលជាអតីតកម្មាភិបាលខ្មែរក្រហម៥នាក់សម្រាប់សំណុំរឿង០០៣ និង០០៤។ ការបដិសេធរបស់លោកស្រីធ្វើឡើងមុនពេលលោក Andrew Cayley ចេញសេចក្តីប្រកាសព័ត៌មាន។ លោក Cayley ចាត់ទុកថាជនទាំង៥នាក់ថ្មីនោះស្ថិត ក្នុងយុត្តាធិការរបស់សាលាក្តី ហើយវាផ្ទុយពីលោកស្រី ជា លាង ដែលមានជំហរស្រដៀងនឹងជំហររដ្ឋាភិបាលដែលថាជនទាំងនោះមិនស្ថិតក្នុងយុត្តាធិការដែលត្រូវនាំខ្លួនមកជំនុំជម្រះទោសទេ។ លោកស្រីក្លែរ ដាហ្វហ្វី (Clair Duffy) អ្នកឃ្លាំមើលសាលាក្តីខ្មែរក្រហមនៃអង្គការច្បាប់មួយ របស់សហរដ្ឋអាមេរិកឈ្មោះ Open Society Justice Initiative (OSJI) បានថ្លែងថាទោះបី ជាមានភាពចម្រូងចម្រាសមែនក្តីតែសំណុំរឿង០០៣និង០០៤ មិនមែនដល់ទីបញ្ចប់នៅឡើយទេ។ «យើងនៅតែសង្ឃឹមថាសហចៅក្រមស៊ើបអង្កេតនឹងបំពេញកាតព្វកិច្ច ដោយត្រឹមត្រូវនិងតាមផ្លូវច្បាប់ដ៏ទូលំទូលាយ ដើម្បីស៊ើបអង្កេតលើការចោទ ប្រកាន់ដ៏ជាក់លាក់ចំពោះជនសង្ស័យគ្រប់រូបក្នុងសំណុំរឿង០០៣ និង០០៤។ រឿងនេះមិនមែនជារឿងនយោបាយទេ។ រឿងនេះជារឿងយុត្តិធម៌ ហើយយុត្តិធម៌ នេះ ពលរដ្ឋកម្ពុជាបានរង់ចាំយ៉ាងអន្ទះសាររយៈពេលជាង៣០ឆ្នាំហើយមកទល់បច្ចុប្បន្ន»។ សាលាក្តីខ្មែរក្រហមនៅថ្ងៃ២៧ ខែមិថុនា ឆ្នាំ២០១១ នឹងបើកសវនាការជំនុំជម្រះក្តីជាបឋមចំពោះសំណុំរឿង ០០២ ដែលមានអតីតមេដឹកនាំខ្មែរក្រហមជាន់ខ្ពស់ បួននាក់ ដែលកំពុងជាប់ឃុំឃាំងពីបទឧក្រិដ្ឋកម្មសង្គ្រាម ឧក្រិដ្ឋកម្ម ប្រឆាំងនឹង មនុស្សជាតិ ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍។ ប៉ុន្តែដំណាលគ្នានេះសំណុំរឿង ០០៣ និង ០០៤ ដ៏ចម្រូងចម្រាសផ្នែកនយោបាយស្ថិតនៅក្នុងការប្រទាញប្រទង់គ្នាផ្លូវច្បាប់ទាក់ទងនឹងការនាំខ្លួនជនសង្ស័យបន្ថែមមកជំនុំជម្រះទោស ។ លោក Peter Maguire ជាសាស្ត្រាចារ្យនៃសាកលវិទ្យាល័យក្នុងប្រទេសអាមេរិក និងជាអ្នកនិពន្ធសៀវភៅ «Facing Death in Cambodia» ដែលសរសេរអំពីរបប ខ្មែរក្រហម។ លោកបានអះអាងថា ការប្រទាញប្រទង់ផ្នែកច្បាប់ក្នុងសាលាក្តីខ្មែរក្រហមដែលកំពុងប្រឈមមុខពេលនេះ ផ្ទុយមកវិញវានឹងក្លាយទៅជាយុត្តិធម៌នយោបាយ។ «ប្រសិនបើតុលាការខ្មែរក្រហមមិនអាចបញ្ចប់ករណីបន្ទាប់ ក្នុងអំឡុងពេលជនជាប់ចោទនៅមានជីវិតទេ ពលរដ្ឋកម្ពុជាគួរត្រូវគេផ្តល់យុត្តិធម៌ដោយតុលាការម៉ូតូឌុបវិញប្រសើរជាង»។ លោក Maguire បានរិះគន់តុលាការខ្មែក្រហមថាខកខានក្នុងការរកយុត្តិធម៌ ជូនជនរងគ្រោះឲ្យបានទាន់ពេលវេលាក្នុងសំណុំរឿងឌុច ឬសំណុំរឿង០០១។ លោកបានចាត់ទុកសំណុំរឿង០០១ជាសំណុំរឿងសាមញ្ញបំផុតនៅក្នុងចំណោមប្រវត្តិសំណុំរឿងក្តីផ្នែកច្បាប់អន្តរជាតិ។ ក្រុមអ្នកឃ្លាំមើលបានស្តីបន្ទោសតុលាការថាពុំបានផ្តល់ព័ត៌មានគ្រប់គ្រាន់ដល់ជនរងគ្រោះទាក់ទឹននឹងករណីសំណុំរឿង០០៣។ ពួកគេបានព្រមានថាការខកខាន កាត់ក្តីសំណុំរឿង០០៣ និង ០០៤ នឹងនាំឲ្យខូចខាតដល់កេរ្តិ៍តំណែលរបស់តុលាការ។ លោក សាស្ត្រចារ្យ Hinton បានអះអាងថា៖ «វាជាការណ៍ដ៏សំខាន់ដែលតុលាការផ្តល់ព័ត៌មានគ្រប់គ្រាន់សម្រាប់អ្នកដាក់ពាក្យប្តឹង ជាដើមបណ្តឹងរដ្ឋប្បវេណី និងដើមបណ្តឹងផ្សេងទៀត ដើម្បីដាក់ពាក្យប្តឹងរបស់ពួកគេ។ ហើយនេះជាផ្នែកមួយនៃសិទ្ធិទទួលបានការកាត់ក្តីដ៏យុត្តិធម៌»។ សំណុំរឿង០០៣ និង០០៤ ដែលត្រូវបន្តដំណើរពីសំណុំរឿង០០២នោះត្រូវគេ មើលឃើញថា មិនមានការប្រុងប្រៀបឲ្យជនរងគ្រោះ ជាពិសេសដើមបណ្តឹង រដ្ឋប្បវេណីចូលរួមច្រើនដូចសំណុំរឿងមុនៗទេ មុនការប្រកាសបិទការទទួលពាក្យបណ្តឹង។ ជនរងគ្រោះដែលត្រូវដាក់ពាក្យប្តឹងធម្មតា តែមិនអាចតតាំងផ្តល់ សក្ខីកម្មផ្ទាល់ប្រឆាំងនឹងសំណុំរឿង០០៣និង០០៤នោះ នៅតែអាចបន្តដាក់ពាក្យប្តឹងបាន។ អ្នកសង្កេតការណ៍ខ្លះព្រួយបារម្ភខ្លាចថាយុត្តិធម៌ដែលអាចទទួលយកបានមួយមិនអាចកើតមានឡើយនៅពេលជនរងគ្រោះមិនបានចូលរួមក្នុងសវនាការ។ លោកស្រី Duffy បានអះអាងថា តុលាការខ្មែរក្រហមមានគោលបំណងពីរ គឺនាំយុត្តិធម៌សម្រាប់មនុស្សជាច្រើនលាននាក់ដែលរងគ្រោះឈឺចាប់ក្នុងរបបខ្មែរក្រហម និងជួយធ្វើឲ្យប្រសើរឡើងនូវប្រព័ន្ធយុត្តិធម៌ក្នុងប្រទេសកម្ពុជានិងការគោរពច្បាប់។ «ប្រសិនបើតុលាការការពារមនុស្សមិនឱ្យទទួលខុសត្រូវចំពោះមុខច្បាប់ចំពោះ ការប្រព្រឹត្តិអំពើឃោរឃៅ ហើយក្នុងពេលជាមួយគ្នាទៀតចៅក្រមតុលាការរង នូវឥទ្ធិពលនយោបាយទៀត អញ្ចឹងកេរ្តិ៍តំណែលតុលាការក្នុងទិដ្ឋភាពទាំងពីរនេះនឹងត្រូវខូចខាត»។ នៅសាលាក្តីខ្មែរក្រហម ទាំងភាគីកម្ពុជានិងអ.ស.ប. កំពុងរៀបចំយុទ្ធសាស្ត្របញ្ចប់តុលាការ។ គេពុំដឹងថាសំណុំរឿង០០៣ និង០០៤ ស្ថិតនៅក្នុងគម្រោងការឬក៏ក្រៅគម្រោងការដែលត្រូវបញ្ចប់ដែរឬយ៉ាងណាទេ។ មន្ត្រីការទូតម្នាក់ក្នុងទីក្រុងញូវយ៉ក អះអាងថារឿងរាវនេះកំពុងតែស្ថិតក្នុងការពិភាក្សាគ្នារវាងភាគីពាក់ព័ន្ធ៕ This posting includes an audio/video/photo media file: Download Now |
You are subscribed to email updates from VOA News: ព័ត៌មាន To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |