VOA News: ព័ត៌មាន: “ព្រះ​រាជអាជ្ញា​អន្តរជាតិ​ប្តឹង​ឧទ្ធរណ៍​ប្រឆាំង​នឹង​ការ​បង្គាប់​របស់​ចៅក្រម​ស៊ើបអង្កេត” plus 4 more

VOA News: ព័ត៌មាន: “ព្រះ​រាជអាជ្ញា​អន្តរជាតិ​ប្តឹង​ឧទ្ធរណ៍​ប្រឆាំង​នឹង​ការ​បង្គាប់​របស់​ចៅក្រម​ស៊ើបអង្កេត” plus 4 more


ព្រះ​រាជអាជ្ញា​អន្តរជាតិ​ប្តឹង​ឧទ្ធរណ៍​ប្រឆាំង​នឹង​ការ​បង្គាប់​របស់​ចៅក្រម​ស៊ើបអង្កេត

Posted: 23 May 2011 02:25 PM PDT

សហ​ព្រះរាជអាជ្ញា​អន្ដរជាតិ ​លោក ​អ៊ែនឌ្រូ ខេលី​ (Andrew Cayley) ​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា លោក​នឹង​ប្ដឹង​ឧទ្ធរណ៍​ប្រឆាំង​នឹង​ការ​បង្គាប់​របស់​ក្រុម​សហ​ចៅ​ក្រម​ស៊ើបអង្កេត​ ដែល​តម្រូវ​ឲ្យ​រូប​លោក​ដក​ចេញ​នូវ​ផ្នែក​សំខាន់ៗ​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​ជា​សាធារណៈ​របស់​លោក។ នៅ​ក្នុង​សេចក្ដី​បញ្ជាក់​តាម​សារ​អេឡិចត្រូនិច​នៅ​ថ្ងៃនេះ ​លោក​អាន់ឌ្រូ ខេលី ​ដែល​កំពង់​ស្ថិត​នៅ​ប្រទេស​អង់គ្លេស​មាន​ប្រសាសន៍​ថា ​សេចក្ដី​បង្គាប់​របស់​ក្រុម​សហ​ចៅក្រម​ស៊ើបអង្កេត​ «មិនអាច​ទទួល​យក​បានទេ»​ ហើយ​លោក​នឹង​ប្ដឹង​ឧទ្ធរណ៍​នៅ​ពាក់កណ្ដាល​សប្ដាហ៍​នេះ។

កាល​ពី​ថ្ងៃពុធ​សប្ដាហ៍​មុន​នេះ​សហ​ចៅក្រម​ស៊ើប​អង្កេត ​លោក​យូ ប៊ុនឡេង​ និង​លោក ​ស៊ីកហ្រ្វិក ប៊្លុង (Siegried Blunk) បាន​បញ្ជា​ឲ្យ​លោក​អាន់ឌ្រូ ខេលី ​ដក​ចេញ​នូវ​ខ្លឹមសារ​សំខាន់ៗ​មួយ​ចំនួន​ទាក់​ទងទៅ​នឹង​អំពើ​ឧក្រិដ្ឋកម្ម ​និង​ទីកន្លែង​ឧក្រិដ្ឋកម្ម​ដូចជា​ការដ្ឋាន​សាងសង់​ព្រលាន​យន្ដហោះ​នៅ​ខេត្តកំពង់ ឆ្នាំង ​មន្ទីរ​សន្ដិសុខ​ និង​ការដ្ឋាន​វាយថ្ម​នៅ​ខេត្ត​ព្រះសីហនុ​ជាដើម។ ព័ត៌មាន​ទាំងនេះ​ ត្រូវបាន​សហ​ព្រះរាជ​អាជ្ញា​សញ្ជាតិ​អង់គ្លេស​បង្ហាញ​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​ជា​ចំហ​របស់​ខ្លួន។ លោក​ចង់​ឲ្យ​សហ​ចៅក្រម​ស៊ើបអង្កេត​បន្ថែម​លើ​ឧក្រិដ្ឋកម្ម និង​ទី​កន្លែង​ទាំង​នោះ​ក្នុង​សំណុំ​រឿង​០០៣ ​ជា​ពិសេស​ លោក​ អ៊ែនឌ្រូ ខេលី​ ទាមទារ​ឲ្យ​នាំខ្លួន​ជន​សង្ស័យ​យក​មក​សាកសួរ​ចម្លើយ។

សហ​ចៅក្រម​ស៊ើបអង្កេត​ទាំងពីរ​លើក​ឡើង​ថា​ លោក​អ៊ែនឌ្រូ​ ខេលី ​ខ្វះ​មូលដ្ឋាន​ច្បាប់​ ហើយ​បាន​រំលោភ​លើ​ភាពសម្ងាត់​នៃ​ការស៊ើប​អង្កេត ហើយ​បញ្ជា​ឲ្យ​លោក​ខេលី ​ដក​ផ្នែក​ដែល​ជាប់​ពាក់ព័ន្ធ​នោះ​ចេញ​ក្នុង​រយៈពេល​បីថ្ងៃ​ចាប់ពី​ថ្ងៃ​ដាក់​បញ្ជា​នោះ។

នៅ​ក្នុង​សារ​ឆ្លើយ​អេឡិចត្រូនិក​តប​ជាមួយ​វីអូអេ​ខ្មែរ​ លោក​សហ​ព្រះរាជ​អាជ្ញា​ជាតិ​អង់គ្លេស​មាន​ប្រសាសន៍​ថា​ «យើង​ទទួល​យក​មិនបាន​ទេ​នូវការ​បកស្រាយ​ច្បាប់​របស់​ការរិយា​ល័យ​សហ​ចៅក្រម​ស៊ើប​អង្កេត​នោះ»។ ទោះជា​យ៉ាងណា ​លោក​សហ​ព្រះរាជអាជ្ញា​អន្តរជាតិ​មិន​ផ្ដល់​សេចក្ដីលម្អិត​ទាក់​ទង​នឹង​ការ​ប្ដឹង​ទាស់​របស់​លោក​នោះ​ទេ។

លោក ខេលី ​មិន​បាន​បកស្រាយ​ចំៗ​ថា​ តើ​លោក​នឹង​ដក​ន័យ​សេចក្ដី​ដែល​បង្ក​បញ្ហា​នោះ​មុន​នឹង ​អាច​ដាក់​បណ្ដឹង​សារទុក្ខ​នោះ​ទេ ក៏ប៉ុន្ដែ​លោក​លើក​ឡើងថា​ «វា​គឺជា​រឿង​គ្មានន័យ​» ប្រសិន​បើ​រូប​លោក​ដក​ន័យ​សេចក្ដី​នោះ​ចេញ​មុននឹង​អង្គ​បុរេ​ជំនុំជម្រះ​សម្រេច​សេចក្ដី​លើ​បណ្ដឹងរ​បស់​លោក​នោះ។ លោក​ ឡាស អលសិន (Lars Olsen)​ មន្រ្ដី​ផ្នែក​ទំនាក់ទំនង​កិច្ចការ​សាធារណៈ​របស់​សាលាក្ដី​ខ្មែរ​ក្រហម​បញ្ជាក់​ថា លោក​ខេលី​ មាន​ពេល​មួយខែ​សម្រា​ប់រៀបចំ​បណ្ដឹង​របស់​លោក ដោយ​គិត​ចាប់ពី​ថ្ងៃ​បង្គាប់​របស់​សហ​ចៅក្រម​ស៊ើបអង្កេត​នោះ​មក។ លោក​ឡាស អលសិន​ បន្ថែម​ថា ​អង្គ​បុរេ​ជំនុំជម្រះ​មិនមាន​ពេល​វេលា​កំណត់​ដើម្បី​ធ្វើការ​សម្រេច​ក្នុង​រឿង​នេះ​ទេ។

សំណុំ​រឿង​០០៣​ និង​០០៤ ​គឺជា​ប្រធានបទ​ដ៏​ចម្រូងចម្រាស់​រវាង​ជំហរ​របស់​អង្គការ​សហប្រជាតិ​និង​ភាគី​នៃ​រាជរដ្ឋាភិបាល​កម្ពុជា។ រដ្ឋាភិបាល​កម្ពុជា​បាន​ជំ​ទាស់​ជា​ចំហ​មិន​ចង់​ឲ្យ​មាន​សំណុំរឿង​ទាំង​ពីរ​ចុងក្រោយ​នេះទេ​ ដោយ​ខ្លាច​ក្រែង​នឹង​អាច​បង្ក​ឲ្យ​មាន​សង្គ្រាម​ស៊ីវិល​នៅ​កម្ពុជា​ជាថ្មី​ម្ដង​ទៀត។

ឯក​អគ្គរដ្ឋទូត​គោចរ​សហរដ្ឋ​អាមេរិក​ទទួល​បន្ទុក​ឧក្រិដ្ឋកម្ម​សង្រ្គាម ​លោក​ស្តេវិន រែប្ប ( Steven Rapp ) មាន​ប្រសាសន៍​កាលពី​ខែ​មករា​ឆ្នាំ ​២០១១​ ក្នុង​សម្ភាសន៍​ជាមួយ​វីអូអេ​ខ្មែរ ថា លោក​ចង់​ឲ្យ​ទាំង​ភាគី​កម្ពុជា និង​ភាគី​អង្គការ​សហប្រជាជាតិ​សហការ​គ្នា​ក្នុង​សំណុំរឿង​ដ៏​ប្រទាំង​ប្រទិស​នេះ។ លោក​ ស្តេវិន រែប ​សង្កត់​ធ្ងន់ថា​ «យើង​ចង់​ប្រាកដ​ថា ​សាលាក្ដី​មាន​លទ្ធភាព​បញ្ចប់​ការស៊ើប​អង្កេត​គ្រប់​សំណុំ​រឿង​ទាំងអស់» ហើយ​លោក​បន្ថែម​ថា ​ទស្សនៈ​របស់អាមេ​រិក​ គឺចង់​ឃើញ​រដ្ឋាភិបាល​កម្ពុជា​សហការ​ជាមួយ​តុលាការ​ដោយ​ពេញ​លេញ៕

This posting includes an audio/video/photo media file: Download Now

ការនាំ​ចេញ​សម្លៀក​បំពាក់​ទៅ​អាមេរិក​កើន​ឡើង​ក្នុង​ត្រីមាស​ទី១

Posted: 23 May 2011 02:14 PM PDT

ការ​នាំ​ចេញ​សម្លៀកបំពាក់​ទៅ​អាមេរិក​ក្នុង​ត្រីមាស​ទី១​ឆ្នាំ២០១១​នេះ​ បាន​កើន​ឡើង​ប្រមាណ​២៦% ​បើ​ធ្វើ​ការ​ប្រៀបធៀប​ទៅ​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ២០១០។ នេះ​បើ​យោង​តាម​លោក​លោក​ គង់ ពុទ្ធារ៉ា ​ប្រធាន​នាយកដ្ឋាន​ស្ថិតិ​ និង​ព័ត៌មាន​នៃ​ក្រសួង​ពាណិជ្ជកម្ម​បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ច័ន្ទ​នេះ។ លោក​បាន​មាន​ប្រសាសន៍​ទៀត​ថា​ ការ​កើន​ឡើង​នេះ​ដោយសារ​តែ​សេដ្ឋកិច្ច​អាមេរិក​ និង​សាកលលោក​បាន​ងើប​ឡើងវិញ។ លោក​បាន​ប្រាប់​វីអូអេ​ខ្មែរ​ថា៖

«បើ​សិន​ជា​លក់​អត់​ទ្រទ្រង់​ជីវភាព​សេដ្ឋកិច្ច​បាន ​ជីវភាព​ប្រជាជន​មាន​ការងារធ្វើ​បាន​ គឺ​គាត់​ម៉េច​និង​កូម្មង់​ (បញ្ជា​ទិញ) មក​យើង​កើត។ ដូច​យើង​អញ្ចឹង​ ឧបមាថា​ នៅ​ក្នុង​ទីផ្សារ​យើង​កលិយុគ​តាំងពី​នយោបាយ​ តាំង​ពី​អ្វី​ទាំងអស់ អញ្ចឹង​យើង​អត់ហ៊ាន​កុម្មង់​ទៅ​គេ​ទេ។ តែ​ឧបមា​អាមេរិក​ក៏​អញ្ចឹងដែរ។ ឧបមាថា ប្រជាជន​គេ​ត្រូវ​ការ​សម្លៀក​បំពាក់​ពី​យើង​ ទាល់តែ​គេមាន​ការងារ​ធ្វើ»។

តួលេខ​របស់​ក្រសួង​ពាណិជ្ជកម្ម​ឲ្យ​ដឹង​ថា ​នៅក្នុង​ត្រីមាស​ទី១​ឆ្នាំ​២០១១​នេះ​ ការ​នាំ​ចេញ​សម្លៀក​បំពាក់​ទៅ​កាន់​សហរដ្ឋ​អាមេរិក​មាន​ចំនួន​ប្រមាណ​ជាង​៥២១​លាន​ដុល្លារ​អាមេរិក ​ហើយ​នៅ​ក្នុង​ឆ្នាំ២០១០​ មាន​ចំនួន​ជាង​៤១១​លាន​ដុល្លារ​អាមេរិក ។

ការ​នាំ​ចេញ​សម្លៀក​បំពាក់​ពី​កម្ពុជា​ទៅ​កាន់​ទីផ្សារ​អាមេរិក​ក្នុង​ឆ្នាំ២០១០​មាន​ចំនួន​១.៨៤៣,៨៩ ​លាន​ដុល្លារ​អាមេរិក។

របាយការណ៍​អាមេរិក​មួយ​ដែល​មាន​ឈ្មោះ​ថា​ Trade and Trade Policy​ បាន​ឲ្យដឹង​ថា​ ការ​នាំចេញ​សម្លៀកបំពាក់​ពី​កម្ពុជា​ និង​បង់ក្លាដេស​ទៅ​ទីផ្សារអាមេរិក​បាន​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស។

ក្នុង​ចំណោម​ប្រទេស​ទាំងបួន​ដែល​រួមមាន​បង់ក្លាដែស ​កម្ពុជា អ៊ែល​សាលវ៉ាឌ័រ និង​ហុងឌុរ៉ាស មានតែ​ប្រទេស​បង់ក្លាដែស​មួយ​គត់​ដែល​បាន​នាំចេញ​សម្លៀកបំពាក់​ទៅអាមេរិក​ខ្ពស់​ជាងគេ ​គឺមាន​រហូត ដល់​៣៩​ភាគរយ។​ ចំណែក​​កម្ពុជា​វិញ​គឺ​ស្ថិត​ក្នុង​លំដាប់​ថ្នាក់ទី២​មាន​តែ​ប្រមាណ​៣១​ភាគរយ​ប៉ុណ្ណោះ ។

លោក​ជា មុន្នី​ ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​បាន​ទទួល​ស្គាល់​ថា ​ការ​នំាចេញ​សម្លៀកបំពាក់​ទៅ​កាន់​ទីផ្សារ​អាមេរិក​ពិតជា​មាន​ការ​កើន​ឡើង​មែន។ ក៏​ប៉ុន្តែ​ប្រាក់​ចំណេញ​ទាំងនេះ​មិន​បាន​ផ្តល់​ផលប្រយោជន៍​ដល់​ក្រុម​កម្មករ​ខ្មែរ​ទេ។ លោក​ជា មុនី ​បាន​មាន​ប្រសាសន៍​ទៀត​ថា​ ថៅកែ​រោងចក្រ​គួរ​តែ​ចែក​រំលែក​ប្រាក់​ចំណេញ​ទាំងនេះ​ដល់​ក្រុម​កម្មករ​តាមរយៈ​ការ​ដំឡើង​ប្រាក់​បៀវត្សរ៍​ដល់​ពួក​គេ។ លោក​មាន​ប្រសាសន៍​ថា៖

«ផល​ចំណេញ​នេះ​ធំណាស់ ​ច្រើន​មែនទែន​ ហើយ​កម្មករ ​កម្មការីនី​ ក្នុង​ប្រទេស​កម្ពុជា​ប្រាក់ខែ​ទាប ណាស់​ចាយ​អត់​គ្រាន់​ទេ។ ការដែល​យើង​ឲ្យ​ទៅ​កម្មករ​នេះ ​ដោយសារ​តែ​កម្មករ​ជា​អ្នក​ផលិត។ ប្រសិន​បើ ណា​ជា​យើង​មិន​ឲ្យ​ទៅ​កម្មករ​ទេ​ គឺ​កម្មករ​អត់​មាន​ទឹកចិត្ត​នៃការ​ផលិត។ អញ្ចឹង​ការ​នាំ​ចេញ​ផលិតផល​នៃ​ការ​ កើន​ឡើង​នៃ​ការ​នាំ​ចេញ ​គឺអត់​បាន​តែ​ប៉ុណ្ណឹង​ទេ។ អញ្ចឹង​យើង​គួរ​តែ​ថា ​អ្វី​ដែល​កម្មករ​បាន​ខិតខំ​ហើយ​ ផលចំណេញ​របស់​កម្មករ​គួរ​តែ​ចែក​ឲ្យ​កម្មករ»។

លោក​ជាតិ ខេមរា ​មន្រ្តី​ជាន់ខ្ពស់​នៃ​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា ​ថៅកែ រោង​ចក្រ​កាត់ដេរ​បច្ចុប្បន្ន​នេះ ​គ្រាន់តែ​ស៊ីឈ្នួល​ដេរ​ឲ្យ​អ្នក​ទិញ​តែ​ប៉ុណ្ណោះ។ លោក​បាន​មាន​ប្រសាសន៍​ទៀត​ថា​ តាម​ការសិក្សា​កន្លង​មក​នៅ​តាម​បណ្តា​រោងចក្រ​មួយ​ចំនួន​ថៅកែ​ មិន​ទទួល​បាន​ប្រាក់​ចំណេញ​ច្រើន​ទេ។ លោក​បាន​ប្រាប់​វីអូអេ​ខ្មែរ​ថា៖

«អ្វី​ដែល​អ្នក​បាន​លើក​ឡើង​ថា​ ចំណេញ​ច្រើន​ អ្នកនោះ​មិនដែល​មក​ធ្វើ​ក្នុង​វិស័យ​កាត់ដេរ​ មិន​ដែល​ ក្តោបក្តាប់​ ឬ​ក៏​វិនិយោគ​នៅក្នុង​វិស័យ​កាត់ដេរ។ ជំរាប​សួរ​ថា​ កម្ពុជា​ចំណេញ​បាន​ប៉ុន្មាន​ ខ្ញុំ​គ្រាន់តែ​ឧទារហណ៍​ សួរ​ថា​ កម្ពុជា​ចំណេញ​យ៉ាង​ម៉េច​ បើ​កម្ពុជា​រក​តែ​ខ្លួន​ឯង​អត់​មាន​បុគ្គលិក​ខ្មែរ​ជាអ្នក​ជំនាញ​ខាង​ទីផ្សារ​នៅ​ខាង​ក្រៅ​ផង ថៅកែ​លុយ​កាក់​វិល​នៅ​ខាងក្រៅ​ទាំងអស់»។

កម្ពុជា​មាន​រោងចក្រ និង​សហគ្រាស​ប្រមាណ​៥៣០​ដែល​មាន​កម្មករ​ កម្មការីនី​សរុប​ប្រមាណ​ជាង​៣៧ម៉ឺន​នាក់​ ហើយ​ប្រាក់ខែ​គោល​របស់​ក្រុម​កម្មករ​ម្នាក់ៗ​ប្រមាណ​តែ​៦១​ដុល្លារ​តែប៉ុណ្ណោះ។​ ក្រុម​កម្មករ​ធ្លាប់​បាន​និយាយ​ថា​ ប្រាក់​ខែ​ទាំងនេះ​មិន​អាច​ទ្រទ្រង់​ជីវភាព​របស់​ពួកគេ​បាន​ទេ​ បើ​ប្រៀប​ធៀប​ទៅ ​និង​ការ​ឡើង​ថ្លៃ​ទំនិញ​នៅ​ក្នុង​ទីផ្សារ​បច្ចុប្បន្ន​នេះ៕

This posting includes an audio/video/photo media file: Download Now

ពាណិជ្ជកម្ម​កម្ពុជា​ថៃ​កើន​ទោះបី​មាន​សង្គ្រាម​ព្រំដែន

Posted: 23 May 2011 01:45 PM PDT

ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​និង​ថៃ​បាន​កើន​ឡើង​ក្នុង​រយៈពេល​បីខែ​ដើមឆ្នាំ​២០១១​នេះ​ បើ​ទោះ​បី​ជា​មាន​ជម្លោះ​ព្រំដែន​ក៏​ដោយ។ ក្រុម​អ្នកវិភាគ​បាន​និយាយ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា​ កំណើន​ពាណិជ្ជកម្ម​ទ្វេភាគី​នេះ​អាច​ជា​កត្តា​ដ៏​សំខាន់​មួយ​ដើម្បី​នាំ​ទៅ​រក​ដំណោះស្រាយ​ជម្លោះ​ព្រំដែន។

ពាណិជ្ជកម្ម​ទ្វេភាគី​សរុប​ចំនួន​៧១៦​លាន​ដុល្លារ​អាមេរិក​ក្នុង​រយៈពេល​បីខែ​ដំបូង​ ដោយ​កើន​ឡើង​ ៣៥​ភាគរយ​ពី​ចំនួន​៥២៧​លាន​ដុល្លារ​អាមេរិក​ក្នុង​រយៈពេល​ដូចគ្នា​កាល​ពី​ឆ្នាំ​២០១០។ នេះ​បើតាម​ស្ថិតិ​ របស់​ស្ថានទូត​ថៃ​ប្រចាំ​នៅ​កម្ពុជា​ដែល​ត្រូវ​បាន​ចេញ​ផ្សាយ​កាលពី​ថ្ងៃអាទិត្យ។

ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​កំពុងតែ​កើនឡើង ​ខណៈ​ដែល​ការ​វាយប្រយុទ្ធ​គ្នា​រវាង​កងទ័ព​កម្ពុជា​និង​ថៃ​បាន​ផ្ទុះ​ឡើង​នៅ​ក្នុង​ខែ​កុម្ភៈ​នៅ​ព្រំដែន​ក្បែរ​ប្រាសាទ​ព្រះវិហារ​ និង​ចាប់ពី​ថ្ងៃ​ទី២២​ខែ​មេសា​ដល់​ថ្ងៃទី​៣ ខែឧសភា ​នៅ​ប្រាសាទ​តាមាន់​ និ​ងប្រាសាទ​តាក្របី​ក្នុង​ខេត្ត​ឧត្តរ​មានជ័យ។

លោក​ ធន សារ៉ាយ ​ប្រធាន​សមាគម​សិទ្ធិមនុស្ស​អាដហុក ​បាន​ថ្លែងថា កំណើន​ពាណិជ្ជកម្ម​ទ្វេភាគី​នេះ​ជា​រឿង​សំខាន់​នៃ​ទំនាក់​ទំនង​ទ្វេភាគី​រវាង​កម្ពុជា ​និង​ថៃ ​ហើយ​ទោះ​ជា​ប្រទេស​ទាំងពីរ​មាន​ជម្លោះ​ព្រំដែន ​និង​ការវាយប្រយុទ្ធ​គ្នា​រវាង​កងទ័ព​នៃ​ប្រទេស​ទាំងពីរ​ក្តី​ សកម្មភាពពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​មិន​បាន​កាត់​ផ្តាច់​ទេ។ លោក​ ធន សារ៉ាយ ​បាន​បញ្ជាក់​ថា​ បើ​ពាណិជ្ជករ​ថៃ​​មាន​ឥទ្ធិពល​ទៅ​លើ​នយោបាយ​ថៃ ​វា​អាច​ជួយ​ជំរុញ​ដល់​ដំណោះស្រាយ​ជម្លោះ​រវាង​ប្រទេស​ទាំងពីរ។ លោក​ថ្លែង​ថា៖

«ការ​កើន​ឡើង​ពាណិជ្ជកម្ម​នេះ ​អាច​បង្កលក្ខណៈ​ងាយស្រួល​ដល់​ការ​ចរចា​ក្នុង​ការ​បញ្ចប់​អរិភាព​ខាង​យោធា​និង​នយោបាយ។ រឿង​ពាណិជ្ជកម្ម​នេះ​ក៏អាច​ជួយ​បង្ក​លក្ខណៈ​ងាយស្រួល​ឱ្យ​មាន​ការ​បញ្ចប់​ជម្លោះ​នេះ​ ឱ្យ​បាន​ឆាប់​ដែរ»។

លោក​ ឈាង វណ្ណារិទ្ធ ​នាយក​ប្រតិបត្តិ​នៃ​វិទ្យាស្ថាន​កម្ពុជា​ដើម្បី​កិច្ច​សហប្រតិបត្តិការ ​និង​សន្តិភាព​ បាន​ថ្លែង​ថា កម្ពុជា​មាន​ជម្លោះ​ព្រំដែន​ជាមួយ​ថៃ​តាំងពី​ឆ្នាំ​២០០៨ ​ប៉ុន្តែ​វា​មិន​ប៉ះពាល់​ខ្លាំង​ដល់​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​ទេ​ដែល​ជា​កត្តា​វិជ្ជមាន។ លោក​បាន​ប្រាប់​វីអូអេ​ខ្មែរ​ថា៖

«ខ្ញុំ​មើល​ឃើញ​ថា វា​អាច​ជា​កត្តា​ជំរុញ​ឱ្យ​មាន​សន្តិភាព​នៃ​ប្រទេស​ទាំងពីរ។ វា​មិន​អាច​ភ្ជាប់​ជា​លក្ខណៈ​ផ្ទាល់​ដល់​ជម្លោះ​ព្រំដែន​កម្ពុជា​ថៃ​ទេ ​ប៉ុន្តែ​វា​ជា​កត្តា​មួយ​បង្ក​នូវ​បរិយាកាស​នយោបាយ​រវាង​ទីក្រុង​ភ្នំពេញ​ និង​ទីក្រុង​បាងកក​ឱ្យល្អ​ប្រសើរ។ វា​មិនបាន​ដោះស្រាយ​ផ្ទាល់​ទៅ​ដល់​ជម្លោះ​ព្រំដែន​ក៏ដោយ ​ក៏វា​ជា​កត្តា​វិជ្ជមាន​មួយ​ ដើម្បី​បង្ក​ឱ្យ​បរិយាកាស​នយោបាយ​ទំនាក់ទំនង​ទ្វេភាគី​កាន់តែ​ល្អ។ វា​មិនមែន​ជា​កត្តា​ចម្បង​ដើម្បី​ដោះស្រាយ​ជម្លោះ​ព្រំដែន​នោះទេ​ ប៉ុន្តែ​វា​ជា​កត្តា​បន្ទាប់បន្សំ​សំខាន់​មួយ​ដែរ»។

លោក​ ចាន់ សុផល​ ប្រធាន​សមាគម​សេដ្ឋកិច្ច​កម្ពុជា ​បាន​ថ្លែង​ថា​ កម្ពុជា​និង​ថៃ​កំពុង​ទទួល​បាន​ផល​ចំណេញ​នៃ​កំណើន​ពាណិជ្ជកម្ម​ទ្វេ​ភាគី​នេះ។ លោក​ ច័ន្ទ សុផល​ បាន​បន្ថែម​ថា​ អ្នក​នយោបាយ​នៃ​ប្រទេស​ទាំងពីរ​យល់ឃើញ​ពី​សារៈសំខាន់​នៃ​កិច្ច​សហប្រតិបត្តិការ​ផ្នែក​ពាណិជ្ជកម្ម​ និង​សេដ្ឋកិច្ច​ដែល​ប្រទេស​ទាំងពីរ​បាន​ទទួល​ភាព​ចំណេញ​ដូចគ្នា​ និង​នាំ​ឱ្យ​មេដឹកនាំ​ពិចារណា​លើ​ការបញ្ចប់​ជម្លោះ​ព្រំដែន​នេះ។

«បើយើង​គិត​ពី​ផលប្រយោជន៏​នៃ​សេដ្ឋកិច្ច ​និង​វប្បធម៌ ​យើង​យល់ថា វា​មិនគួរ​មាន​ជម្លោះ​ទេ។ សារៈសំខាន់​ នៃ​ផ្នែក​សេដ្ឋកិច្ច ​និង​ពាណិជ្ជកម្ម​នេះ​មកធ្វើ​ជាហេតុផល​សំខាន់​ក្នុង​ការបញ្ចប់​ជម្លោះ​ និង​លើកកម្ពស់​កិច្ច​សហប្រតិបត្តិការ​ថែមទៀត»។

លោក​ ចាន់ ណូរ៉ា ​រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម​បាន​ថ្លែងថា ការ​វាយ​ប្រយុទ្ធ​គ្នា​រវាង​កងទ័ព​កម្ពុជា ​និង​ថៃ​មាន​ផលប៉ះពាល់​តិចតួច​ណាស់​ទៅ​លើ​សកម្មភាព​ពាណិជ្ជកម្ម​ ដោយសារ​តែ​ពាណិជ្ជកម្ម​ គឺ​ស្វែងរក​ផល​ចំណេញ​នៅ​ពេល​អ្នក​ជំនួញ​យល់ថា វា​មាន​ផលចំណេញ ​ពួកគេ​នៅតែ​ធ្វើ។

លោកស្រី ជីរ៉ាណាន់ វង្សម៉ុងកុល​ នាយក​នៃ​ការិយាល័យ​ជំរុញ​ពាណិជ្ជកម្ម​បរទេស​ប្រចាំ​ស្ថាន​ទូតថៃ​ក្នុង​ទីក្រុង​ភ្នំពេញ ​បាន​បញ្ជាក់​ថា​ ការ​កើន​ឡើង​នេះ​គឺ​ដោយសារ​ការ​ជឿជាក់​គ្នា​ទៅ​វិញ​ទៅ​មក​រវាង​អ្នក​ជំនួញ​ កម្ពុជា ​និង​ថៃ ​ហើយ​ជំនឿ​របស់​ប្រជាពលរដ្ឋ​កម្ពុជា​លើផលិតផល​ថៃ ​ហើយ​យើង​សង្ឈឹមថា​និន្នាការ​កើន​ឡើង​នេះ​បន្ត​ពេញ​មួយឆ្នាំ​២០១១នេះ។

ស្ថិតិ​បាន​បង្ហាញថា ការ​នាំ​ចូល​របស់​ថៃ​មក​កម្ពុជា​មាន​ប្រេង​ ផលិតផល​ប្រើប្រាស់​ គ្រឿង​សំណង់ ផ្លែ​ឈើ​ បន្លែ​ និង​គ្រឿង​សំអិត​សំអាង​កាយ​ជាដើម ​ហើយ​ផលិតផល​កម្ពុជា​ដែល​ត្រូវ​បាន​នាំចូល​ទៅ​ថៃ​រូមមាន​​ផលិតផល​កសិកម្ម ​សម្លៀក​បំពាក់​ ដែក​អេតចាយ​ និង​ត្រី​ជាដើម៕

This posting includes an audio/video/photo media file: Download Now

ភាព​ចម្រូង​ចម្រាស​រវាង​ចៅក្រម​និង​ព្រះរាជ​អាជ្ញា​លើ​ករណី​០០៣​មិនមាន​ផ្លូវ​ចេញ

Posted: 23 May 2011 01:11 PM PDT

ក្រុម​អ្នកឃ្លាំ​មើល​សាលាក្តី​កាត់ទោស​ខ្មែរក្រហម​អះអាង​ថា​ជាការ​មិន​រំលោភ​ច្បាប់ទេ​ចំពោះ​ការ​ប្រកាស​របស់​ព្រះ​រាជអាជ្ញា​អំពី​ភាព​លម្អិត​មួយ​ចំនួន​ទាក់​ទង​ នឹង​សំណុំ​រឿង​០០៣​ដ៏​ចម្រូង​ចម្រាស​នោះ​ ទោះបី​ជា​មាន​ប្រតិកម្ម​ខ្លាំង​ពីសហ​ចៅក្រម​ស៊ើប​អង្កេត​ក្តី។

បើទោះបី​ជា​សហ​ចៅក្រម​ស៊ើបអង្កេត​បាន​បង្គាប់​ជា​កំហិត​ឲ្យ​សហ​ព្រះរាជអាជ្ញា​បរទេស​ Andrew ​Cayley​ លុបចោល​ភាគខ្លះ​នៃ​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​លោក​ដែល​ និយាយ​ពី​ការ​ខកខាន​អំពី​រឿង​មិនបាន​ស៊ើប​អង្កេត​គ្រប់គ្រាន់​លើ​សំណុំ​រឿង​ ០០៣​ ដ៏​ចម្រូង​ចម្រាស​ផ្នែក​នយោបាយ​នោះក្តី​ តែ​ក្រុម​អ្នកឃ្លាំមើល​ និង​ អង្គការ​សង្គម​ស៊ីវិលមួយ​ចំនួន​បង្ហាញ​ពី​ការ​គាំទ្រ​ចំពោះ​សេចក្តី​ថ្លែងការណ៍​ របស់​សហ​ព្រះរាជ​អាជ្ញា​បរទេស​ដោយ​និយាយ​ថា​សេចក្តី​ថ្លែង​ការណ៍​នោះ​គឺ ផ្តល់​ព័ត៌មាន​ដល់​ជន​រងគ្រោះ​និង​សាធារណជន​តែ​ប៉ុណ្ណោះ។

សហ​ចៅក្រម​ស៊ើបអង្កេត​ទាំងពីរ​គឺ​លោក​ Siegfried ​Blunk​ និង​ លោក​ យូ ប៊ុនឡេង​បាន​ចាត់​ទុក​ថា​សហ​ព្រះរាជ​អាជ្ញា​បញ្ចេញ​ព័ត៌មាន​ខុស​និង​ច្បាប់​ហើយ​រំលោភ​លើ​ច្បាប់​ស្តីពី​ភាព​សម្ងាត់​របស់​តុលាការ​ ដោយ​ទុករយៈ​ពេលបី​ថ្ងៃ​ដើម្បី​ដកយក​ផ្នែកខ្លះ​ចេញ​ពី​សេចក្តី​ប្រកាស​ព័ត៌មាន។

កញ្ញា​ សេង ធារី​ ប្រធាន​សមាគមន​ជន​រងគ្រោះ​មួយ​នឹង​ជា​ដើម​បណ្តឹង​រដ្ឋប្ប​វេណី​រិះគន់​ការបង្គាប់​របស់​សហ​ចៅក្រម​ស៊ើបអង្កេត​ទាំងពីរ​ដោយចាត់​ ទុកថា ជារឿង​មិន​សមរម្យ​ហើយ​ជារឿង​អស់​សំណើច​ដែល​កញ្ញា​អធិប្បាយ​ថា​ជា​ការអស់​ជំនឿ​លើ​សហ​ចៅក្រម​ស៊ើប​អង្កេត​ទាំងពីរ។ ​កញ្ញា​ សេង ធារី​បាន​ការពារ សេចក្តី​ប្រកាស​ព័ត៌មាន​លោក​ Andrew ​Cayley ​សហ​ព្រះរាជ​អាជ្ញា​បរទេស​ ដោយ​និយាយ​ថា​ជាការផ្តល់​ព័ត៌មាន​ជូន​សារធារណជន​ឲ្យបាន​ដឹង​មិន​មែន​រំលោភ​ច្បាប់​ទេ។

«អ្នក​រំលោភ​សិទ្ធិ​ អ្នក​រំលោភ​តួនាទី​ជា​សហ​ចៅក្រម​ស៊ើប​អង្កេត​នៅ​ក្នុងការ​អត់​បាន​ផ្តល់​ព័ត៌មាន​មក​សាធារណជន​ ពិសេស​ជន​រងគ្រោះ។​ បើ​អញ្ចឹង​មិន​មែន សហ​ព្រះរាជ​អាជ្ញា​អន្តរជាតិ​ទេ​ដែលបាន​រំលោភ​តួនាទី​ឬ​សិទ្ធិ​របស់​ខ្លួន​និង សាធារណជន​ប៉ុន្តែ​គឺ​ជា​សហ​ចៅក្រម​ស៊ើប​អង្កេត​វិញ​ សហ​ចៅក្រម​ស៊ើប អង្កេត​អន្តរជាតិ​ និង​សហចៅ​ក្រម​អន្តរជាតិ​ នៅក្នុង​ការលះបង់​តួនាទី ​ការ​ទទួល ខុសត្រូវ​នៅ​ក្នុង​ការ​ផ្តល់​ព័ត៌មាន​ជា​សាធារណៈ»។

កញ្ញា​ សេង ធារី​ថ្លែង​យ៉ាងដូច្នះ​ដោយ​យោង​ថា​សហ​ចៅក្រម​ស៊ើប​អង្កេត​ខក ខាន​រយៈ​ពេល​ជាង​១ឆ្នាំ​កន្លះ​ដើម្បី​ផ្តល់​ព័ត៌មាន​ដល់​ជន​រងគ្រោះ​និង​ជន​រងគ្រោះ ដើម​បណ្តឹង​រដ្ឋប្បវេណី​ដើម្បី​រៀបចំ​ដាក់ពាក្យ​ប្តឹង​ករណី​០០៣​ ហើយ​ការ​ស៊ើប អង្កេត​ក៏មាន​ភាព​ស្ងប់ស្ងាត់​តាមអ្វី​ដែល​គេហៅ​ថា​ភាព​សម្ងាត់​របស់​តុលាការ។

សហ​ព្រះរាជ​អាជ្ញា​បរទេស​លោក​ Andrew​ Cayley​ បាន​អះអាង​ថា​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃទី​៩ឧសភា​ថា​សហ​ចៅក្រម​ស៊ើបអង្កេត​ពុំ​បាន​ស៊ើបអង្កេត​គ្រប់គ្រាន់​ចំពោះ​ឧក្រិដ្ឋកម្ម​ដែល​បាន​កើតឡើង​ចំពោះ​ករណី​០០៣​ដែល​មាន​កម្មាភិបាល​ខ្មែរក្រហម​ជាច្រើន​ទៀត​ដែល​សហ​ព្រះរាជ​អាជ្ញា​ព្យាយាម​នាំខ្លួន​មក​ជំនុំ​ជម្រះ​ទោស។​ ការ​ថ្លែង​ពី​កង្វះ​នៃ​ការ​ស៊ើបអង្កេត​នេះ​គឺ​យោង​ទៅ​លើ​ទីតាំង​ឧក្រិដ្ឋកម្ម​ បទក្រិដ្ឋ​ជាច្រើន​និង​ជនជាប់​សង្ស័យ​មិនត្រូវ​បានធ្វើ​និង កោះ​ហៅមក​សាកសួរ​ទេ​ ទោះជា​ស្ថិតនៅ​ក្នុង​យុត្តាធិការ​នៃ​សាលាក្តី​ខ្មែរ​ក្រហម​ក្តី។

លោក​ឡាត់ គី​អ្នកសម្រម​សម្រួល​សាលាក្តី​ខ្មែរក្រហម​នៃ​អង្គការ​សិទ្ធិ​មនុស្ស អាដហុក​ បាន​អះអាង​ថា​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​លោក​ Andrew ​Cayley ​ជា​ការ​ផ្តល់​ព័ត៌មាន​ជូន​ជន​រងគ្រោះ​ តែ​លោក​អះអាង​ថា​ការខ្វែង​គំនិត​គ្នា​រវាង​អ្នកច្បាប់​ទាំងពីរ​ភាគី​មិនមែន​ជារឿង​សំខាន់​សម្រាប់​ជន​រងគ្រោះ​ទេ។

«អញ្ចឹង​ទាក់ទង​នឹង​ទំនាស់​ផ្នែក​ច្បាប់​នេះ​សម្រាប់​យើងខ្ញុំ​ជា​សង្គម​ស៊ីវិល​ យើង​ខ្ញុំ​យល់​ឃើញ​ថា​ពុំមាន​លក្ខណៈ​អ្វីគួរ​ឲ្យ​ចាប់​អារម្មណ៍​ប៉ុន្មាន​ទេ។​ ប៉ុន្តែ​អ្វី​ដែល​សំខាន់​ គឺ​យើង​យល់ឃើញ​ថា​តើ​ប្រយោជន៍​យុត្តិធម៌​មួយណា​ដែល​ភាគី​ទាំងពីរ នឹង​អាច​ផ្តល់​យុត្តិធម៌​សម្រាប់​ជា​ប្រវត្តិ​សាស្ត្រ​កម្ពុជា?​ នេះ​ទើប​ជា​ការណ៍​សំខាន់»។

ក្រុម​អ្នកវិភាគ​រឿង​សាលាក្តី​ខ្មែរក្រហម​បាន​អះអាង​ថា​បញ្ហា​មាន​ជម្រើស​ពីរ​ដែល សហ​ព្រះរាជ​អាជ្ញា​បរទេស​ត្រូវធ្វើ​គឺថា​ជ្រើស​រើស​យក​ការប្តឹង​ឧទ្ធរណ៍​ជំទាស់់​នឹង ការ​បង្គាប់​របស់​សហ​ចៅក្រម​ស៊ើប​អង្កេត​ ឬ ​ឲ្យ​ក្រឡា​បញ្ជី​ដកចេញ​ពី​ឯកសារ ដម្កល់​ហើយ​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​លុបចោល​ភាគខ្លះ​នៃ​សេចក្តី​ប្រកាស​ព័ត៌មាន​តាម​ការបង្គាប់​នោះ។​ ទោះជា​យ៉ាងណា​ក៏ដោយ​គ្មាន​ការប្រកាស​ឲ្យ​ដឹង ពី​ទោសទណ្ឌ​អ្វី​ដែល​សហ​ព្រះរាជ​អាជ្ញា​បរទេស​ Cayley ​ត្រូវ​ទទួល​នោះ​ទេ ប្រសិន​បើមិន​ធ្វើតាម​ការ​បង្គាប់​បញ្ជា​របស់​សហ​ចៅក្រម​ស៊ើប​អង្កេត​នោះ។

ក្រុម​អ្នកសង្កេត​ការណ៍​ខ្លះ​បាន​ថ្លែង​ថា ​សហ​ព្រះរាជ​អាជ្ញា​គួរ​ត្រូវ​ធ្វើការ​តវ៉ា​រឿង​នេះ​ក្នុង​ពេល​ប្តឹង​ជំទាស់​ក្នុង​អង្គបុរេ​ មិនគួរ​ធ្វើ​ជា​សាធារណៈ​ ដែល​ប៉ះពាល់​ដល់​វិធាន​ផ្ទៃក្នុង​នោះ​ទេ។​ ក៏ប៉ុន្តែ​បាន​បន្ថែម​ថា​ការ​ប្រកាស​របស់​សហ​ព្រះរាជ​អាជ្ញា​អាច​ត្រូវ​គេគិត​ថា​ដើម្បី​ឲ្យ​សាធារណជន​បាន​ដឹង​រឿង​ច្រើន​ ហើយ​ដាក់​សម្ភាធ​លើ​សហ​ចៅក្រម​ស៊ើបអង្កេត​ទទួល​យក​តាមអ្វី​ដែល​សហ​ព្រះរាជ​អាជ្ញា​ចង់បាន​ដែរ។

សហ​ចៅក្រម​ស៊ើបអង្កេត​បាន​បញ្ចប់​ការ​ស៊ើបសួរ​របស់ខ្លួន​ចំពោះ​សំណុំ​រឿង​០០៣ ​ដែលមាន​អតីត​មេដឹកនាំ​ខ្មែរក្រហម​ពីរនាក់​ តែ​ជនរងគ្រោះ​បាន​និយាយ​ថា​ ពួកគេ​បាន​ទទួល​ការ​ជូន​ដំណឹង​នៅ​នាទី​ដ៏​តក់​ក្រហល់​ចុង​ក្រោយ​ហើយ​​មិនបាន​ទទួល​ព័ត៌មាន​គ្រប់គ្រាន់​ដូច​សំណុំ​រឿង​០០១​និង​០០២​ទេ​ដើម្បី​រៀបចំ​នីតិវិធី​នានា​ក្នុងការប្តឹង​ជា​ជន​រងគ្រោះ​និង​ដើម​បណ្តឹង​រដ្ឋប្បវេណី។

សំណុំ​រឿង​បន្ថែម​លេខ​០០៣​ និង​ ០០៤​មាន​អតីត​កម្មា​ភិបាល​ជាន់ខ្ពស់​ខ្មែរ​ក្រហម​៥នាក់​ទៀត​ដែល​គេគិត​ថា​ជាជន​សង្ស័យ​ត្រូវនាំ​យក​មក​ជំនុំ​ជម្រះ​ទោស។ ទោះបី​ជា​សហ​ព្រះរាជ​អាជ្ញា​បរទេស​ចាត់ទុក​ថា​ជន​សង្ស័យ​បន្ថែម​ស្ថិតក្នុង​យុត្តាធិការ​សាលាក្តី​មែន​ តែ​សហ​ព្រះរាជ​អាជ្ញា​ជាតិ​ លោក​ស្រី​ ជា លាង​ដែល​មាន ជំហ​ស្រប​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​នោះ​ បាន​ចាត់ទុក​ថា​សំណុំ​រឿង​បន្ថែម​នេះ មិនស្ថិត​ក្នុង​យុត្តាធិការ​សាលាក្តី​ដែលត្រូវ​នាំខ្លួន​យកមក​ជំនុំជម្រះ​ទោស​ទេ។

រដ្ឋាភិបាល​កម្ពុជា​បានប្រកាស​ជាច្រើនលើក​ហើយ​ថា​មិនគាំទ្រ​ឲ្យ​មាន​ការ​នាំខ្លួន​ជនសង្ស័យ​បន្ថែម​មកកាត់​ទោស​ទេ​ដើម្បី​កុំឲ្យ​ប៉ះពាល់​ដល់​សន្តិភាព​និង ស្ថិរភាព។​ ក៏ប៉ុន្តែ​ជំហរនេះ​ផ្ទុយពី​ភាគី​បរទេស​ដែលចង់​ឃើញ​ជន៥​នាក់​បន្ថែម​ទៀត​ត្រូវ​នាំ​យក​មកកាត់​ទោស​ដើម្បី​រកយុត្តិធម៌​ជូន​ជនរង​គ្រោះ​និង​បំបាត់​វប្បធម៌​គ្មាន​ទោស​ពៃរ៍។ សាលាក្តី​ខ្មែរក្រហម​គ្រោងនឹង​បើក​សវនាការ​បឋម​ដើម្បី ជំនុំជម្រះ​ទោស​អតីត​មេដឹកនាំ​ខ្មែរក្រហម​កំពូលៗ​៤នាក់​នៅថ្ងៃ​ទី២៧ខែ​ មិថុនា ឆ្នាំ​២០១១​ ពី​បទ​ឧក្រិដ្ឋកម្ម​នានា​ដែល​ពាក់ព័ន្ធ​នឹងការ​កាប់​សម្លាប់​ពលរដ្ឋ​ខ្មែរ ស្លូតត្រង់​ប្រមាណ​១លាន​ ៧សែន​នាក់​ ក្នុង​ចន្លោះ​ឆ្នាំ​១៩៧៥​ដល់​១៩៧៩៕

This posting includes an audio/video/photo media file: Download Now

ប្រតិកម្ម​ចម្រុះ​បន្ទាប់​ពី​សាលាក្តី​កំណត់​ពេល​កាត់​ទោស​មេ​ខ្មែរ​ក្រហម

Posted: 23 May 2011 12:39 PM PDT

ក្រុម​ជន​រងគ្រោះ​ដើមបណ្តឹង​រដ្ឋប្បវេណី​បង្ហាញ​ពី​ក្តីបារម្ភ​លាយឡំ​នឹង​ភាព​រីករាយ​ក្រោយពី​សាលាក្តី​ខ្មែរក្រហម​បាន​ប្រកាស​កំណត់​ថ្ងៃ​ជំនុំ​ជម្រះ​ទោស​បឋម​លើ​សំណុំរឿងក្តី​ខ្មែរក្រហម​០០២​ ដែល​មាន​អតីត​មេដឹកនាំ​ខ្មែរក្រហម​កំពូលៗ​បួន​រូប។

កាលបរិច្ឆេទ​ដើម្បី​ជំនុំ​ជម្រះទោស​អតីត​មេដឹកនាំ​ខ្មែរ​ក្រហម​កំពូលៗ​បួន​នាក់​ដែល​ត្រូវគេ​ប្រកាស​ថា​នឹងធ្វើ​នៅ​ថ្ងៃទី​២៧​ ខែ​មិថុនា​ ឆ្នាំ​២០១១​ បាន​ក្លាយ​ជា​ដំណឹង​រីករាយ​ផងនិង​ខ្វល់ខ្វាយ​ផង​សម្រាប់​ជន​រងគ្រោះ​ដាក់​ពាក្យ​ប្តឹង​តាំងខ្លួន​ជាដើម​បណ្តឹង​រដ្ឋប្បវេណី​ក្នុង​សាលាក្តី​ខ្មែរ​ក្រហម។ ក្តីបារម្ភ​ទាំងនោះ​រាប់​បញ្ចូល​ទាំង​ការដាក់​ទោសតិច​ ដែល​ធ្វើឲ្យ​ប៉ះពាល់​ដល់​យុត្តិធម៌​និង​ភាព​ស្ងប់ចិត្ត​របស់​ជនរងគ្រោះ ​ការមិន​សហការ​ពី​ជនជាប់​ចោទ​ ការ​ដែល​អាច​មិន​បាន​កាត់ទោស​ជនជាប់​ចោទ​ពេល​ពួកគេ​នៅរស់​ជាដើម។

លោក​ ស៊ុំ រិទ្ធី​ អាយុ​៥៨​ឆ្នាំ​ជា​ជន​រងគ្រោះ​ដែល​ទទួល​រង​ទារុណកម្ម​រហូត​ដល់ ពិការ​សារពាង្គកាយ​ក្នុង​គុកខ្មែរ​ក្រហម​មួយ​ក្នុង​ខេត្ត​សៀមរាប។ លោក​បាន​ដាក់​ពាក្យប្តឹង​តាំងខ្លួន​ជាដើម​បណ្តឹង​រដ្ឋប្បវេណី​ដើម្បី​តទល់​ជាមួយ​នឹង អតីត​មេដឹកនាំ​ខ្មែរក្រហម​ទាំងបួន​ដែល​មានវ័យ​ចំណាស់ៗ​ហើយ​កំពុង​ជាប់ឃុំឃាំង។​ លោក​រិទ្ធី​ បាន​ថ្លែងថា​អ្វី​ដែល​លោក​ព្រួយបារម្ភ​មិនមែន​ការប្រុងប្រៀប​តតាំង​ជាមួយ​ខ្មែរ​ក្រហម​ទេ​ តែ​ខ្លាច​ថា​ជន​ទាំងបួន​រូប​ស្លាប់​មុន​ការកាត់ទោស​បញ្ចប់​ ប្រសិន​បើ​មិន​ប្រញាប់​ធ្វើ​ឲ្យ​បាន​ឆាប់។

«ព្រោះ​រយៈកាល​កន្លងមក​វាដូច​ជា​យូរពេក​ហើយ​សម្រាប់​ខ្ញុំ។​ ហើយ​អតីត​មេខ្មែរ ក្រហម​ទាំងបួន​នាក់​ហ្នឹង​ក៏កាន់​តែ​ជរា​ទៅ។​ ខ្ញុំ​ខ្លាច​មិនបាន​កាត់ទោស​ គាត់​ស្លាប់ មុន​ការ​កាត់ទោស។​ ខ្ញុំចេះ​តែ​មាន​ការ​ព្រួយ​បារម្ភ​ពី​បញ្ហា​ហ្នឹង​ ហើយ​បើធ្វើ​ទៅ​បាន​លឿន​ជាង​ហ្នឹង​ទៀត​ខ្ញុំ​រិតតែ​អរ​ក្នុង​ស្មារតី​ចង់ឃើញ​យុត្តិធម៌​ក្នុង​សម័យ​ខ្មែរ ក្រហម​ហ្នឹង​បាទ»។

លោក រិទ្ធី​បាន​អះអាង​ថា​លោក​និង​ប្រជា​ពលរដ្ឋ​រងគ្រោះ​ដទៃ​ទៀត​នឹង​មិន​ស្ងប់ ចិត្តទេ​ប្រសិន​បើ​ជនជាប់ចោទ​មិន​ត្រូវ​បាន​កាត់ទោស​ក្នុង​តុលាការ​កូនកាត់​ដែល ចូលរួម​ដោយ​អង្គការ​សហ​ប្រជាជាតិ។​ លោក​រិទ្ធីបាន​អះអាង​ថា​លោក​រីករាយ​ក្នុង​ការទទួល​ដំណឹង​ពី​កាល​បរិច្ឆេទ​សវនាការ​បឋម​ចំពោះ​ករណី​០០២​ដែលមាន​អតីត​មេដឹកនាំ​ខ្មែរក្រហម​បួនរូប​មាន​ នួន ជា​បងធំ​ទី២​នៃ​របប​កម្ពុជា​ប្រជា​ធិបតេយ្យ​ខ្មែរក្រហម​ អៀង សារី​ រដ្ឋមន្ត្រី​ការ​បរទេស​ ខៀវ សំផន​ប្រមុខរដ្ឋ​ និង​អៀង ធីរិទ្ធិ​រដ្ឋមន្ត្រី​សង្គមកិច្ច។​ អ្នក​ទាំង​៤ ​ជាប់​ចោទ​ពី​បទ​ឧក្រិដ្ឋកម្ម​សង្គ្រាម​ ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ​និង​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជ​សាសន៍​ជាដើម​ដែល​ធ្វើ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ប្រមាណ​១លាន​ ៧សែន​នាក់​ស្លាប់​បាត់បង់​ជីវិត​ក្នុង​ចន្លោះ​ឆ្នាំ​១៩៧៥​ ដល់​១៩៧៩។

លោក​ជុំ ម៉ី​អាយុ​៨១ឆ្នាំ​អ្នក​រួច​ជីវិត​ម្នាក់​ទៀត​ពី​គុកទួល​ស្លែង​ខ្មែរ​ក្រហម​ឬ ស ២១ ​បាន​អះអាង​ថា​លោក​រីករាយ​នឹង​កាល​បរិច្ឆេទ​ជំនុំជម្រះ​ទោស​ករណី​០០២។​តែលោក​ថ្លែងថា​លោក​មិន​ត្រឹមតែ​ព្រួយ​បារម្ភ​ពីការ​មិនអាច​នឹង​រក​យុត្តិធម៌​នោះ​ទេ​តែផ្តល់​គំរូ​អាក្រក់​សម្រាប់​ក្មេង​ជំនាន់​ក្រោយ។​ លោក​ ម៉ី​ ក៏បាន​ប្រៀប​ធៀប​ការរក​យុត្តិធម៌​សំណុំ​រឿង​លេខ​០០២ ​ទៅនឹង​សំណុំ​រឿង​០០១​ ឬ​ករណី​ ឌុច​អតីត​ប្រធាន​គុកទួល​ស្លែង​ ដែល​តុលាការ​បាន​ដាក់​ទោស​៣៥ឆ្នាំ​ ហើយ​បន្ថយ​ទោស​ខ្លះ​ដោយសារ​ជាប់​ទោស​នៅ​គុកយោធា​និង​ការ​សហការ​ជាមួយ​តុលាការ។ «យើង​បារម្ភ​ខ្លាច​ក្មេង​ជំនាន់​ក្រោយ ​វាថា​អ្ហេ៎ឌុច​សម្លាប់​គេអស់​មួយ​គំនរ​គគោក (អស់ច្រើន) ​ហើយ​កាត់​ទោស​អត់មាន​អស់​មួយ​ជីវិត​ផង​ កាត់​ទោស​តែ​១៩ឆ្នាំ អញ្ចឹង​ក្មេង​ជំនាន់​ក្រោយ​វា​រៀនសូត្រ​តាម​ឌុច​ទៀត​តាម​អាបីឆ្នាំ​ ៨​ ខែ​ ២០​ ថ្ងៃ ដែល​អត់មាន​ច្បាប់​ហ្នឹង​ទៀត​ ខ្លាច​ក្មេង​ទៅ​អញ្ចឹង​ទៀត​ណា​ក្មួយ»។

លោក​ ជុំ ម៉ី​អះអាង​ថា​ លោកនឹង​ចូលរួមជាដើម​បណ្តឹង​រដ្ឋប្បវេណី​ប្រសិន​បើ គេហៅ​លោក។​ ក៏ប៉ុន្តែ​លោក​បញ្ជាក់​ថា​សាលក្រម​សំណុំ​រឿង​០០១​គួរចេញ​មុន ដំណើរការ​នៃ​ការកាត់ទោស​សំណុំ​រឿង​០០២​ចាប់​ផ្តើម​ ដើម្បី​ឲ្យ​ជន​រងគ្រោះ​បាន​ដឹង​ពី​ទោស​ទណ្ឌ​របស់​ឌុច​ ឲ្យ​ជន​រងគ្រោះ​អស់ចិត្ត​ ហើយ​មានពេល​វេលា​គ្រប់ គ្រាន់​ដើម្បី​ចូលរួម​ក្នុង​សំណុំ​រឿង​០០២​តទៅ​ទៀត។

លោក​ ជុំ ​ស៊ីរ៉ាត់​ ដើម​បណ្តឹង​រដ្ឋប្បវេណី​មួយរូប​ផ្សេង​ទៀត​បាន​អះអាង​ថា​ការ ស្វែង​រក​យុត្តិធម៌​និង​ការណ៍​ពិត​ចំពោះ​សំណុំ​រឿង​០០២​ នេះ​ទំនង​ជា​ពិបាក​ដោយ សារ​តែ​ជនជាប់​ចោទ​មិនបាន​ទទួល​ស្គាល់​កំហុស​ផង​ ហើយ​មិនសហការ​ជាមួយ តុលាការ​ដូចឌុច​ ក្នុង​សំណុំ​រឿង​០០១។

«យើងខ្ញុំ​ដើម្បី​ឲ្យ​បាន​យុត្តិធម៌​ទី១​ គឺថា​ចង់ដឹង​ការណ៍​ពិត​សិន។​ បើសិន​ជា​ការកាត់ក្តី​ហ្នឹង​មិននាំ​ការណ៍​ពិត​មកឲ្យ​ខ្ញុំដឹង​ទេ​ អាហ្នឹង​គឺថា​យើងខ្ញុំ​មាន​មនោ​សញ្ចេតនា​ថា​អត់​មាន​យុត្តិធម៌​ទេ។​ ហើយ​តាម​របៀប​ដែលមើល​ទៅ​ខាង​ជនជាប់​ចោទ​ទាំង បួននាក់​ហ្នឹង​ ហើយ​នឹង​មេធាវី​របស់គេ​ធ្វើការ​តវ៉ា​ទាំងអស់​រហូតដល់​ពេល​ឥឡូវនេះ។ ខ្ញុំ​ឃើញ​ថា​ពួកហ្នឹង​មិនព្រម​សហការ​ មិនព្រម​ចង់​និយាយ​កិច្ចការ​ពិត​ដើម្បី​ប្រាប់​តុលាការ​ទេ»។

ទោះជា​យ៉ាងណា​ក៏ដោយ​លោក​ ឌឹម ​សុវណ្ណារុំ ​អ្នកនាំពាក្យ​សាលាក្តី​ខ្មែរ​ក្រហម​បាន​អះអាង​ថា​ទោះបី​ជា​តុលាការ​នេះ​ជួប​ឧបសគ្គ​ ប៉ះទង្គិច​ភ្លៀង​ខ្យល់​ ផ្គរ​ ឥទ្ធិពល​ យ៉ាងម៉េច​ក៏ដោយ​ ក៏តុលាការ​ដំណើរការ​ដោយ​ឈរ​នៅលើ​ច្បាប់​ឈរ​នៅ លើ​យុត្តាធិការ​ ហើយ​បាន​ឈាន​ដល់​ដំណាក់​កាល​មួយ​ជា​ដំណាក់កាល​វិជ្ជមាន​បំផុត​សម្រាប់​ជនរងគ្រោះ​ដែល​រង់ចាំ​ជាយូរ​មក​ហើយ​នោះ។​ លោក​ថ្លែង​យ៉ាង​ដូច្នេះ​ដោយ​យោងថា​យុត្តិធម៌​នឹង​កាន់តែ​កើតមាន​បន្ថែម​មួយ​កម្រិត​ទៀត​ដោយសារ​សំណុំ​រឿង០០២​ ដែល​មាន​វិសាលភាព​ដ៏​ធំធេង​នោះ​នឹង​ចាប់ផ្តើម​ជំនុំជម្រះ​បន្ទាប់​ពី​សំណុំ​រឿង​០០១។

«ខ្ញុំ​គិត​ថា​ពីរ​ជំពូក​នេះ​ ជា​សំណុំ​រឿង​ដែលអាច​បំពេញ​បន្ថែម​គ្នា។ អញ្ចឹង​វា​កាន់តែ​ឆ្លើយតប​ទៅនឹង​អ្វីមួយ​ជាការណ៍​ពិត​និង​យុត្តិធម៌​មួយ​ដែល​ជា​បេសកកម្ម​របស់ អង្គជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​ដើម្បី​ឆ្លើយតប​ទៅនឹង​ការរង់ចាំ​របស់ ជន​រងគ្រោះ​ទាំងអស់»។

ដើម​បណ្តឹង​រដ្ឋប្បវេណី​ចំនួន​ ១.០៩៤​ ក្នុង​ចំណោម​ ២.១២៤​នាក់​ដែល​ត្រូវ​ជ្រើស រើស​ឲ្យ​មាន​សិទ្ធិ​ផ្តល់​សក្ខីកម្ម​ប្រឆាំង​នឹង​ជន​ជាប់ចោទ​ទាំងបួន​នាក់​ក្នុង​សំណុំ រឿង០០២​ ក៏ប៉ុន្តែ​មិនដឹង​ថា​នឹងមាន​ប៉ុន្មាន​នាក់​ដែល​ត្រូវ​ចម្រាញ់​ឲ្យបាន​ចូល តតាំង​ផ្ទាល់​ក្នុង​សវនាការ​អំពី​បទឧក្រិដ្ឋ​ ជាសាក្សី ​បង្ហាញ​ភស្តុតាង​ទាមទារ សំណង​ជាដើម​នោះ។

លោក ​ឡាត់ គី​អ្នកសម្រប​សម្រួល​សាលាក្តី​ខ្មែរក្រហម​នៃ​អង្គការ​សិទ្ធិ​មនុស្ស អាដហុក​បាន​​ឲ្យដឹង​ថា​ជនរងគ្រោះ​បច្ចុប្បន្ន​មាន​ការ​ខកចិត្ត​ចំពោះ​ការណ៍​ដែល​ពួកគេ​ពុំបាន​ទទួល​ព័ត៌មាន​គ្រប់គ្រាន់​ដើម្បី​រៀបចំ​វិធីសាស្ត្រ​នានា​ក្នុងការ​តតាំង​ជាមួយ​នឹង​ជន​ជាប់ចោទ​ទេ​ ដោយសារ​តែ​ពាក្យមួយ​ម៉ាត់​គឺ«ភាពសម្ងាត់»​របស់​តុលាការ។

«ចំណុចនេះ​ដោយសារ​តែវា​ជា​គុណ​វិបត្តិ​មួយ​ដែរ​ជា​ការណ៍​ពិត​ទៅ​ ទាក់ទង​នឹង កិច្ចការ​ទាំងអស់​នេះ​ ដោយសារ​តែ​អង្គភាព​នីមួយៗ​ប្រកាន់​យក​ជំហ​ស្អី​ កិច្ចការ​ស្អី​ទាំងអស់​ក៏​ជាកិច្ចការ​សម្ងាត់​ កិច្ចការ​អី​ក៏​ជា​កិច្ចការ​នីតិវិធី​ទាក់ទង​នឹង​កិច្ចការ​សម្ងាត់​ទាំងអស់​គ្រប់​បែប​យ៉ាង។​ អញ្ចឹង​ធ្វើឲ្យ​សាធារណជន​រួមទាំង​ជនរងគ្រោះ​ អត់អាច​ដឹង​អំពី​ភាពរីក​ចម្រើន​ ឬ​ក៏​ភាព​រីក​ចម្រើនអ្វីខ្លះ​ដែល​អង្គភាព​ឬ​មួយ​ក៏​មេធាវី​របស់​ខ្លួន​បាន​គិតគូរ​អំពី​យុទ្ធសាស្ត្រ​ អំពី​គំនិត​ មតិ​យោបល់​នៅក្នុង​ការស្វែងរក​យុត្តិធម៌​ជូន​ពួក​គាត់​ទេ​ (ជនរងគ្រោះ)»។

ក៏ប៉ុន្តែ​លោក​ ឡាត់ គី​បាន​អះអាង​ថា​ការដាក់​កាល​បរិច្ឆេទ​ដើម្បី​បើក​សវនាការ​ជា បឋម​សម្រាប់​សំណុំ​រឿង​០០២​នេះ​ជា​ភាព​រីករាយ​ចំពោះ​ជន​រងគ្រោះ​និង​ចំពោះ សាធារណជន​ដែល​ទន្ទឹង​រង់ចាំ​បី​ទសវត្សរ៍​មក​ហើយៗ​ក៏​ជា​ការ​ចង់ដឹង​ថាតើ តុលាការ​បានរក​ឃើញ​អ្វីខ្លះ​សម្រាប់​យុត្តិធម៌​ដល់​ជន​រងគ្រោះ​នោះ។

មន្ត្រី​សង្គម​ស៊ីវិល​និង​ជន​រងគ្រោះ​ជា​អ្នកដាក់​ពាក្យ​តាំង​ខ្លួន​ជា​ដើម​បណ្តឹង រដ្ឋប្បវេណី​ដែលមាន​សិទ្ធិ​ទាមទារ​សំណង​នោះ​ បាន​អះអាង​ថា​ការរក​យុត្តិធម៌​និង​ការណ៍​ពិត​ជា​រឿងមួយ​ហើយ​ តែ​សំណង​សម្រាប់​ជន​រងគ្រោះ​ក៏​ជាការប៉ះប៉ូវ ផ្លូវចិត្ត​ផង​ដែរ៕

This posting includes an audio/video/photo media file: Download Now

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!