VOA News: ព័ត៌មាន: “ផ្សារ​ធំ​ថ្មី​ត្រូវ​បាន​បើក​ឲ្យ​ដំណើរ​ការ​ឡើង​វិញ” plus 1 more

VOA News: ព័ត៌មាន: “ផ្សារ​ធំ​ថ្មី​ត្រូវ​បាន​បើក​ឲ្យ​ដំណើរ​ការ​ឡើង​វិញ” plus 1 more


ផ្សារ​ធំ​ថ្មី​ត្រូវ​បាន​បើក​ឲ្យ​ដំណើរ​ការ​ឡើង​វិញ

Posted: 25 May 2011 02:51 PM PDT

ផ្សារ​ធំថ្មី​ដែល​ជា​កេរ​ដំណែល​មួយ​របស់​ប្រទេស​បារាំង​ ត្រូវ​បាន​បើក​សម្ពោធជាថ្មី​ឡើងវិញ​នៅ​ថ្ងៃ​ពុធ​នេះ ​ដែល​ក្រុម​ន្រ្តីផ្លូវការ​ចាត់ទុក​ថា ​ផ្សារ​នេះ​និង​ក្លាយ​ទៅជា​មណ្ឌល​ប្រវត្តិសាស្រ្ត​មួយ​សម្រាប់​ការទាក់ទាញ​ទេសចរ។

ដោយ​រក្សា​ការ​លាប​ពណ៌​លឿង​ដូច​កាល​ពី​៧៤​ឆ្នាំ​​មុន ​ផ្សារ​ធំថ្មី​ដែល​ស្ថិត​នៅ​ចំ​កណ្តាល​ទីក្រុង​ភ្នំពេញ ត្រូវ​បាន​ចាប់ផ្តើម​ជួស​ជុល​ឡើង​វិញ​កាល​ពី​ខែ​មករា ឆ្នាំ​២០០៩។ នេះ​គឺ​ជា​ផ្សារ​បុរាណ​ ក៏​ប៉ុន្តែ​សំណង់​មាន​លក្ខណៈ​ទំនើប និង​មាន​ស្តង់​សម្រាប់​លក់​ទំនិញ​សុរប​ជាង​៣.០០០តូប។

ទំនិញ​ទាំងនោះ​រួមមាន​បន្លែ ​ផ្លែឈើ​ ត្រីសាច់​ គ្រឿង​អលង្កា ​សម្លៀក​បំពាក់​ គ្រឿង​អេឡិច​ត្រូនិក សៀវភៅ​ និង​របស់​អនុវស្សាវរីយ៍​ជាដើម។

លោក​ អេរិក បឺហ្កណត (Eric Beugnot) នាយក​ទីភ្នាក់ងារ​បារំាង​សម្រាប់​ការអភិវឌ្ឍ​ AFD ​ដែលជា​ភ្នាក់ងារ​ផ្តល់​កម្ចី​សម្រាប់​ការ​ជួសជុល​ផ្សារធំ​ថ្មី​ឡើង​វិញ។ លោក អេរិក បឺហ្កណត ​មាន​ប្រសាសន៍​ថា ​គោលដៅ​នៃ​ការ​ជួស​ជុល​នេះ ​គឺ​ដើម្បី​សុខមាលភាព​នៅ​ក្នុង​ទីផ្សារ។ លោក​បាន​ថ្លែង​តាមរយៈ​អ្នក​បក​ប្រែ​ភាសា​ថា នេះ​គឺ​ជា​ផ្នែក​មួយ​នៃ​ការ​ថែ​រក្សា​កេរដំណែក​បេតិកភណ្ឌ។ លោក​បឺហ្កណត ថ្លែង​ថា៖

«ផែនការ​បច្ចេកទេស​ផង​ដែរ ​គម្រោង​គឺ​មាន​គោលដៅ​ក្នុង​ការ​ធានា​សុវត្ថិភាព​រូបវ័ន្ត​របស់​ប្រជាពល​រដ្ឋ​ និង​ការ​កែលម្អ​លក្ខខណ្ឌ​អនាម័យ។ ហើយ​ជាពិសេស​អភិរក្ស ​ឬ​រក្សា​នូវ​គុណភាព​បេតិកភណ្ឌ​នៃ​អគារ»។

ផ្សារធំ​ថ្មី​ត្រូវ​បាន​បើក​សម្ពោធ​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​កាលពី​ខែ​កញ្ញា​ឆ្នាំ១៩៣៧ ​ក្រោម​ព្រះ​រាជ​អធិបតី​ភាព របស់​ព្រះមហាក្សត្រ​ព្រះបាទ​ស៊ីសុវត្ថិ​មុន្នីវង្ស។

ទី​ភ្នាក់ងារ​បារាំង​សម្រាប់​ការអភិវឌ្ឍ ​បាន​ផ្តល់​ជំនួយ​ប្រមាណ​ជា​៦​លាន​ដុល្លារ​សម្រាប់​ការ​ជួស​ជុល​ផ្សារ​នេះ។

<!--IMAGE-->

សព្វ​ថ្ងៃ​ផ្សារ​ធំៗ​បី​គឺ​ជា​គោលដៅ​មួយ​សម្រាប់​ទេសចរ​បរទេស​មក​ទស្សនា​នៅ​ក្នុង​នាម​ជាកេរ​ដំណែល ប្រវត្តិសាស្រ្ត​ដែល​នៅ​សេស​សល់​ពី​សម័យ​អាណា​និគម​និយម​បារាំង។

លោក​កែប ជុតិមា ​អភិបាល​រាជធានី​ភ្នំពេញ​ មាន​ប្រសាសន៍​រំលឹក​អំពី​ប្រវត្តិសាស្រ្ត​ខ្លះៗ​របស់​ផ្សារ​ធំ​ថ្មី ​ដោយ​ចាត់​ទុក​ថា ផ្សារ​នេះ​គឺ​ជា​មោទនភាព​របស់កម្ពុជា។ លោក មាន​ប្រសាសន៍​ថា៖

«ផ្សារ​ធំ​ថ្មី​បាន​ក្លាយ​ទៅ​ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ដ៏​ធំ​មួយ​របស់​ប្រទេស​កម្ពុជា​ក្នុង​ទសវត្យរ៍​ទី​៣០​រហូតដល់​៧០។ ប្រវត្តិ​នៃ​ផ្សារ​ធំថ្មីនេះ យើង​ត្រូវ​តែ​ចងចាំ​ ហើយ​ត្រូវមាន​មោទនភាព​ទាំងអស់​គ្នា​ថា ​នេះ​ជា​បេតិកភណ្ឌរបស់​ប្រជាជន​កម្ពុជា»។

ទី​ក្រុង​ភ្នំពេញ​មាន​ប្រជាពលរដ្ឋ​កើន​ដល់​ជាង​ពីរលាន​នាក់​នៅ​ក្នុង​ពេល​បច្ចុប្បន្ននេះ។ នេះ​បើផ្អែក​ទៅ​តាម ការ​ប៉ាន់​ប្រមាណ​របស់​លោក​អភិបាល​ក្រុង​ភ្នំពេញ​កែប ជុតិមា។

ការ​រីក​ចម្រើន​របស់​ក្រុង​ភ្នំពេញ​ បាន​ធ្វើ​ឲ្យ​មាន​ការ​ឃ្លាត​ឆ្ងាយ​ពីការ​ថែ​រក្សា​សំណង់​ចាស់ៗ​ជា​សម្បត្តិ​បេតិកភណ្ឌ​ប្រវត្តិសាស្រ្ត។ សំណង់​ថ្មី​បែប​ទំនើប​បាន​រីក​ដុះដាល​ រីឯ​សំណង់​បុរាណ​មួយ​ចំនួន​ដូចជា​អតីត​ពន្ធនាគារ​តេបី ​(T3) ត្រូវ​បាន​រំលាយ​ចោល។

លោក​គ្រី ស្យង់កុនណាន ឯកអគ្គ​រដ្ឋ​ទូត​បារាំង​ប្រចាំ​កម្ពុជា​មាន​ប្រសាសន៍​ថា​ ការ​ជួស​ជុល​អគារផ្សារ​ធំ​ថ្មី​ឡើង​វិញ​ គឺ​ជា​សមិទ្ធិផល​មួយ​ចុង​ក្រោយ​រវាង​ប្រទេស​បារំាង​ជាមួយ​ និង​សាលាក្រុង​ភ្នំពេញ៕

This posting includes an audio/video/photo media file: Download Now

មន្ត្រី​សុខាភិបាល​ព្រមាន​អំពី​ការ​រាតត្បាត​ដោយ​ជំងឺ​គ្រុនឈាម

Posted: 25 May 2011 01:50 PM PDT

មន្រ្តី​សុខាភិបាល​កម្ពុជា​ និង​អង្គការ​សហប្រជាជាតិ​បាន​ក្រើន​រំឭក​ថា​ ជំងឺ​គ្រុន​ឈាម​នៅ​កម្ពុជា​អាច​នឹង​ផ្ទុះ​ឡើង​នៅ​ឆ្នាំ​២០១១​នេះ។ របាយការណ៍​ក្រសួង​សុខាភិបាល​កម្ពុជា​បញ្ជាក់​ថា មាន​កុមារ​កម្ពុជា​ចំនួន​ប្រាំមួយ​នាក់​បាន​ស្លាប់​ដោយសារ​ជំងឺ​គ្រុនឈាម​ក្នុង​រយៈពេល​បួន​ខែ​ដើម​ឆ្នាំ​២០១១​នេះ។

គិត​មក​ទល់​ដើម​ខែ​ឧសភា​នេះ​ មាន​កុមារ​កម្ពុជា​អាយុ​ក្រោម​១៥​ឆ្នាំ​សរុប​ចំនួន​៥៨០​នាក់ បាន​ឆ្លង​ជំងឺ​គ្រុន​ឈាម​ ដែល​ក្នុង​នោះ​កុមារ​ចំនួន​ប្រាំមួយ​នាក់​បាន​ស្លាប់។

លោក​វេជ្ជបណ្ឌិត ង៉ាន់ ច័ន្ទថា​ជា​នាយក​កម្មវិធី​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុន​ឈាម​នៃ​ក្រសួង​សុខាភិបាល​បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃព្រហស្បតិ៍​ថា ទោះ​បី​ជា​នៅ​ពេល​នេះ​មិន​ទាន់​មាន​សញ្ញា​ណា​មួយ​បង្ហាញ​ឲ្យ​ឃើញ​ថា អាច​មាន​ការ​រីករាល​ដាល​នៃ​ជំងឺ​គ្រុន​ឈាម​យ៉ាង​ណា​ក៏​ដោយ ក៏​ប្រជាពលរដ្ឋ​ទាំង​អស់​ត្រូវ​តែ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ពីព្រោះ​ឆ្នាំ​២០១១​នេះ គឺ​ជា​វដ្ត​នៃ​ជំងឺ​គ្រុន​ឈាម​​​ដែល​ជំងឺ​នេះ​អាច​នឹង​ផ្ទុះ​ឡើង​ជា​យថា​ហេតុ​ បើ​សិន​គ្មាន​ការ​ប្រុង​ប្រយ័ត្ន​ទេ​នោះ។ លោក​វេជ្ជ​បណ្ឌិត​បាន​ប្រាប់​វីអូអេ​ខ្មែរ​ថា៖

«យើង​ឃើញ​ថា សភាពការណ៍​នេះ​គួរ​តែ​យើង​ប្រយ័ត្ន​ដែរ ពីព្រោះ​សព្វ​ថ្ងៃ​នេះ​យើង​ឃើញ​ថា វា​ចូល​ដល់​រដូវ​មួយ​ដែល​ជា​រដូវ​ក្នុង​ការ​ចំលង​ខ្លាំង​នៃ​ជំងឺ​គ្រុនឈាម ហើយ​ចាប់​ពី​ខែ​៦ ខែ​៧ ខែ​៨​រហូត​ដល់​ខែ​១០។ ទាក់ទង​នឹង​សភាពការណ៍​សព្វ​ថ្ងៃ​នេះ​បើ​សិន​ជា​យើង​ទាំងអស់​គ្នា​មិន​ចូល​រួម​ទេ វា​នឹង​វិវត្តន៍​ទៅ​រក​ដូច​ឆ្នាំ២០០៧​ពីព្រោះ​ឆ្នាំ២០១១​នេះ​គឺ​ជា​ឆ្នាំមួយ​ដែល​តាម​ការ​បទពិសោធន៍​របស់​កម្មវិធី​ជាតិ​យើង​ឃើញ​ថា វា​ចូល​ដល់​វដ្ត​របស់​វា​ហើយ។​ គ្រុន​ឈាម​នេះ​វា​ត្រូវ​តែ​ផ្ទុះ​ចេញ​នៅ​ពេលណា​មួយ​ជា​មិន​ខាន​ទេ​ ដូច្នេះ​បើ​យើង​ខិត​ខំ​ប្រឹង​ទប់​ទៅ​ យើង​អាច​ទប់​វា​បាន»។

ជំងឺ​គ្រុន​ឈាម​ភាគ​ច្រើន​កើត​លើ​កុមារ​ដែល​មាន​អាយុ​តិចជាង​១៥​ឆ្នាំ។ ជំងឺ​នេះ​ចម្លង​ដោយ​មូសខ្លា។ មាន​ប្រជាពលរដ្ឋ​កម្ពុជា​ចន្លោះ​ពី​១០.០០០​នាក់​ទៅ​១២.០០០​នាក់​ក្នុង​មួយ​ឆ្នាំៗឆ្លង​ជំងឺ​នេះ​ ក៏​ប៉ុន្ដែ​អត្រា​ស្លាប់​ដោយសារ​ជំងឺ​នេះ​មាន​កម្រិត​ក្រោម​១​ភាគរយ។ ម្យ៉ាង​វិញ​ទៀត​ជំងឺ​គ្រុន​ឈាម​នៅ​កម្ពុជា​តែង​តែ​ផ្ទុះ​ឡើង​រាតត្បាត​យ៉ាង​ខ្លាំង​ក្លា​ជា​ប្រចាំ​រវាង​ពី​បី​ទៅ​ប្រាំ​ឆ្នាំ​ម្តង។

ជំងឺ​នេះ​បាន​ផ្ទុះ​ឡើង​ខ្លាំង​នា​ចុង​ក្រោយ​នេះ​នៅ​ឆ្នាំ​២០០៧​ដែល​មាន​មនុស្ស​ជិត​៤​ម៉ឺន​នាក់​បាន​កើត​ជំងឺ​នេះ​ក្នុង​នោះ​ប្រហែល​៩៥​ភាគរយ​ជា​កុមារ​ហើយ​បាន​ធ្វើ​ឲ្យ​មនុស្ស​ជាង​៤០០​នាក់​បាន​ស្លាប់​បាត់​បង់​ជីវិត​ដោយសារ​ជំងឺ​គ្រុន​ឈាម​នេះ។

លោក​វេជ្ជបណ្ឌិត​ ស្ទីវិន ប៊ីយ៉កហ្គី​ (Steven Bjorge)​ ទទួល​បន្ទុក​ផ្នែក​ជំងឺ​គ្រុន​ចាញ់​ និង​ជំងឺ​ក្រុម​ឈាម​របស់​អង្គការ​សុខភាព​ពិភពលោក​មាន​ប្រសាសន៍​ថា ករណី​កើត​ជំងឺ​គ្រុន​ឈាម​នៅ​កម្ពុជា​មាន​ការ​ថយចុះ​បើ​ប្រៀប​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​កាល​ពី​ពីរ​ឆ្នាំ​ចុង​ក្រោយ​នេះ។ ក៏​ប៉ុន្ដែ​លោក​គិត​ថា ការ​ព្រួយបារម្ភ​របស់​មន្ដ្រី​ក្រសួង​សុខាភិបាល​កម្ពុជា​ក្នុង​ពេល​នេះ​គឺ​ជា​រឿង​ត្រឹម​ត្រូវ។

«សេចក្ដី​ព្រួយ​បារម្ភ​ដែល​ពួក​គេ​មាន​នោះ​គឺ​ជា​រឿង​ត្រឹម​ត្រូវ​ខ្លាំង​ណាស់​ ពី​ព្រោះ​ថា​ ថ្វី​បើ​ឆ្នាំ​នេះ​អាច​មាន​​ករណី​កើត​ជំងឺ​គ្រុនឈាម​តិច​មែន យើង​នៅ​មាន​ចំនួន​កើត​ជំងឺ​នេះ​កើន​រហូត​ដល់ ១២.០០០​ករណី។ ផ្នែក​មួយ​នៃ​ការ​ព្រួយ​បារម្ភ​របស់​គេ​ គឺ​គេ​សម្លឹង​មើល​ទិសដៅ​រយៈ​ពេល​វែង»។

របាយការណ៍​របស់​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុន​ចាញ់​បាន​ឲ្យ​ដឹង​ថា​ ខេត្ត​ដែល​មាន​ដង់ស៊ីតេ​ប្រជាពលរដ្ឋ​​ខ្ពស់​ ច្រើន​តែ​ទទួល​រង​ការ​ឆ្លង​ជំងឺគ្រុន​ឈាម​ជាង​គេ​ក្នុង​នោះ​រូម​មាន​ខេត្ត​កណ្តាល​ ភ្នំពេញ សៀមរាប កំពង់ចាម កំពង់ស្ពឺ ព្រៃវែង តាកែវ កំពង់ឆ្នាំង កំពង់ធំ​និង​បន្ទាយមានជ័យ។

វេជ្ជបណ្ឌិត​ ង៉ាន់ ចន្ទ័ថា បាន​ឲ្យ​ដឹង​ថា ដើម្បី​ទប់​ទល់​នឹង​ជំងឺ​នេះ មជ្ឈមណ្ឌល​ជាតិ​បាន​ចុះ​ផ្សព្វផ្សាយ និង​អប់រំ​ដល់​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​ឲ្យ​យល់​ពី​ទប់​ស្កាត់​ជំងឺ​នេះ​ ដោយ​មាន​ការ​ពង្រឹង​សមត្ថិភាព​បន្ថែម​ដល់​គ្រូពេទ្យ​នៅ​តាម​មន្ទីរ​ពេទ្យ​នីមួយៗ​ឲ្យ​ធ្វើ​ការ​តាម​ដាន​តួលេខ​ជំងឺ​គ្រុន​ឈាម​ដើម្បី​គ្រប់​គ្រង​ស្ថានភាព​នៃ​ជំងឺ​នេះ និង​មាន​ការ​ចែក​ថ្នាំ​អាបេត​ដាក់​ក្នុង​ទឹក​ប្រមាណ​ពី​១៥០​តោន​ទៅ​១៨០​តោន​ក្នុង​មួយ​ឆ្នាំ។

វេជ្ជបណ្ឌិត ង៉ាន់ ចន្ទ័ថា បញ្ជាក់ថា​ សព្វ​ថ្ងៃ​នេះ​នៅ​ពុំ​ទាន់​មាន​វ៉ាក់សាំង​ចាក់​ការពារ​ជំងឺ​គ្រុន​ឈាម​នេះ​នៅ​ឡើយ។ ដូច្នេះ​វិធានការ​ការពារ​ដ៏​មាន​ប្រសិទ្ធភាព​គឺ​ការ​កម្ចាត់​មូស​ខ្លា​ដែល​ជា​ភ្នាក់​ងារ​ចម្លង​ និងជម្រក​របស់​វា៕

This posting includes an audio/video/photo media file: Download Now

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!